អ្នកជំនាញព្យាករណ៍ថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១នឹងបន្តកើនឡើង

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានបានព្យាករណ៍ថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ នឹងបន្តកើនឡើង ដោយសារតែផ្លូវនេះ មានតម្រូវការខ្ពស់លើវិស័យលំនៅឋាន និងអាគារពាណិជ្ជកម្មជាដើម។


លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Group បានឱ្យដឹងនៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តម្លៃដីធ្លីតាមផ្លូវជាតិលេខ១ នេះចាប់ពីតំបន់ច្បារអំពៅ រហូតដល់គៀនស្វាយ គឺមានការកើនឡើងខ្ពស់ ដោយសារមានតម្រូវការខ្លំាង ពោលគឺនឹងកើនឡើងចាប់ពីចន្លោះពី១០ ទៅ១៥ភាគរយប្រចាំឆ្នាំ។

លោកថា អ្នកខ្លះថាតំបន់នេះ គឺមានភាពស្ងាត់សកម្មភាពវិនិយោគ លើវិស័យដីធ្លី តែខ្ញុំមើលទៅគឺមិនមិនដូច្នោះឡើយ ព្រោះផ្លូវនេះមានសក្តានុពលខ្ពស់ ហើយតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងខ្ពស់ដដែល

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate  បានឱ្យដឹងដឹងដែរថា តំលៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៩ កន្លងមកនេះ ព្រោះនៅតាមបណ្តោយផ្លូវនេះ មានការកើនឡើងនូវតម្រូវការខ្ពស់លើវិស័យលំនៅឋាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច

លោកបន្តថា តម្លៃលដីធ្លីនៅតាមតំបន់ផ្លូវនេះ គឺមានតម្លៃខុសគ្នាទៅតាមទីកន្លែងនឹងតំបន់ និងតម្រូវការជារួមគឺថា ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើង១០ ទៅ១១ ភាគរយ  ព្រោះផ្លូវជាតិលេខ១ នេះ គឺមានប្រវែងវែង គិតចាប់ពីភ្នំពេញរហូតល់ក្រុងបាវិត

លោកបន្ថែមថា បើតម្លៃដីចាប់ពីច្បារអំពៅ ម្តុំបុរីប៉េហួតទៅដល់គៀនស្វាយ គឺមាន១ពាន់ដុល្លារទៅ២ពាន់ដុល្លារក្នុងម៉ែត្រការ៉េ និងចាប់ពីកៀនស្វាយ  មានតម្លៃចាប់ពី៥០០ទៅ ៦០០ ដុល្លារអមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចាប់ពី១០០ ទៅ២០០ដុល្លារឡើងទៅតាមតំបន់ និងទីកន្លែង ព្រមទាំងប្រភេទដីតូចឬធំ។

លោក សន សៀប ដែលជាអ្នកជំនាញផ្នែក អចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានលើកឡើងស្រដៀងគ្នាផងដែរថា  នៅតាមបណ្តោយផ្លូវជាតិលេខ ជាមានសក្តានុពលខ្ពស់លើវិស័យអចនទ្រព្យ ដោយមានគម្រោងធំជាច្រើនបាច់ឆ្ពោះទៅកាន់ទីនេះ មានទាំងបុរី  លំនៅឋាន និងពាណិជ្ជកម្ម


ទោះជាយ៉ាងណាលោកមិនព្យាករណ៍ពីកំនើនតម្លៃដីធ្លីនោះទេ ដោយលោកបានមានប្រសាសន៍ថា តម្លៃដីធ្លីនៅតាមផ្លូវនេះ គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការកើនឡើងនូវតម្រូវការខ្លាំង និងគម្រោងវិយោគ ហើយលោករំពឹងថា នឹងបន្តកើនឡើងថែមទៀត។

អ្នកស្រី តាំង ហួរ នាយិការក្រុមហ៊ុនAmatak property service បានឱ្យដឹងដែរថា តម្លៃដីធ្លីគិតពីចំណុចច្បារអំពៅ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រហូតក្រុងបាវិត គឺមានសន្ទុះកើនឡើង នូវតម្លៃតាំងពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងក្រោយការបង្កើតផែស្ងួតមកម៉្លេះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំងបំផុតនាពេលនេះ គឺសកម្មភាពរបស់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍជាច្រើនកំពុងតែ សម្លឹងមើលតំបន់កៀនស្វាយ ជាពិសេសតំបន់ដែលស្ថិតនៅក្នុងឃុំដីឥដ្ឋតែម្ដង។

អ្នកស្រីបន្តថា តម្លៃដីធ្លី នៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងកើនឡើងគ្រប់តំបន់ និងគ្រប់ទីតាំង គ្រាន់តែថាតំបន់ខ្លះឡើងខ្លាំង ហើយតំបន់ខ្លះឡើងតិចតែប៉ុណ្ណោះ

កាន់តែក្រៀមក្រំៈ ការភ័យខ្លាចឆ្លងធ្វើឱ្យម្ចាស់ផ្ទះមិនអនុញ្ញាតអ្នកជួលដែលត្រឡប់មកពីចិនចូលស្នាក់នៅវិញ

ដោយ ប៊ី

សឹង្ហបូរីៈ សភាពក្រៀមក្រំ និងការរើសអើងកាន់់តែកើនឡើង ទាក់ទងនឹងមេរោគកូរ៉ូណា ដោយភ្នាក់ងារ និងនិយោជក កំពុងចាប់ផ្តើមមើលឃើញ ករណីម្ចាស់ដីដែលកំពុងបិទទ្វារ ចំពោះអ្នកជួលត្រឡប់មកពីប្រទេសចិនវិញ។ នេះបើតាមការរាយការណ៍របស់កាសែត The Straits Times។

ឧទាហរណ៍ អ្នកលក់កុំព្យូទ័រឈ្មោះThomas Chua អាយុ៦៧ឆ្នាំ ដែលមានអ្នកជួលមកពីប្រទេសចិន ដែលគ្រោងនឹងវិលត្រឡប់ទៅប្រទេសសឹង្ហបូរីវិញ នៅសប្តាហ៍នេះ បានប្រាប់អ្នកជួលបែបនេះថា “គាត់មិនអាចចូលទៅកាន់ផ្ទះជួលរបស់គាត់ នៅតំបន់ Sembawang បានទេ នៅពេលមកដល់”។

ខណៈពេលដែលអ្នកជួល បាននិយាយថា លោកមិនបានធ្វើដំណើរទៅខេត្តហ៊ូពេដែលមានទីក្រុង(វូហាន) និងស្ថិតនៅចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសទេស ប៉ុន្តែលោកChua នៅតែជឿជាក់ថា នៅតែមានហានិភ័យនៃការឆ្លង។

លោក Chua និយាយថា “ខ្ញុំបានអាននៅក្នុងព័ត៌មានថា អ្នកធ្វើការដែលវិលត្រឡប់មកពីប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ ទៅធ្វើការវិញរយៈពេល១៤ ថ្ងៃក្នុងករណីដែលមានហានិភ័យ នៃពួកគេដែលឆ្លងវីរុសនេះ”។ លោកបន្តថា “ប្រសិនបើខ្ញុំឱ្យគាត់ស្នាក់នៅក្នុងផ្ទះ តើមានអ្វីកើតឡើងប្រសិនបើគាត់ឆ្លង ហើយខ្ញុំនឹងឆ្លងវីរុស​នេះ?”។

កាលៈទេសៈនេះទុកឱ្យនិយោជក និងភ្នាក់ងារការងារ ព្យាយាមស្វែងរកកន្លែងស្នាក់នៅជំនួសសម្រាប់និយោជិករបស់ពួកគេ។

ភ្នាក់ងារការងារ ដូចជាលោក Vincent Tan ធ្វើការឱ្យក្រុមហ៊ុន Trust Vision Employment Agency រំពឹងថានឹងជួបប្រទះករណីបែបនេះបន្ថែមទៀត។

ប្រហែលមួយភាគបី នៃកម្មករជនជាតិចិនពី៨០ ទៅ១០០នាក់ ដែលបានដាក់កន្លែ​ងស្នាក់នៅ ដោយភ្នាក់ងារTan និងកំពុងត្រឡប់មកប្រទេសសឹង្ហបួរីវិញ បានជួបប្រទះបញ្ហាជាមួយម្ចាស់ដី ឬមិត្តរួមបន្ទប់របស់ពួកគេ ដែលបានបដិសេធមិនរស់នៅជាមួយពួកគេក្នុងអំឡុងពេល១៤ថ្ងៃ។

ថៅកែម្នាក់ទៀត ដែលជាម្ចាស់រោងចក្រផលិតអាហារ ដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ជំនួយការអ្នកគ្រប់គ្រងផលិតកម្ម នៃរោងចក្ររបស់គាត់មកពីខេត្តស៊ីឈួន មិនមានកន្លែងណាទៅទេ បន្ទាប់ពីនាងបានចុះចតនៅប្រទេសសឹង្ហបូរី នៅកណ្តាលអធ្រាត្រថ្ងៃទី២ ខែ កុម្ភៈ។

លោកTan បាននិយាយថា “ម្ចាស់ផ្ទះបានប្រាប់នាងថា គាត់នឹងយកនាងមកវិញ ប្រសិនបើនាងមិនមានរោគសញ្ញាអ្វី បន្ទាប់ពីការឈប់សម្រាករយៈពេល ១៤ ថ្ងៃ។ ទោះបីយើងគ្រប់គ្រងសណ្ឋាគារសម្រាប់នាងក៏ដោយ ពួកគេបានបដិសេធនាង នៅពេលនាងមកដល់។

វាជាការរើសអើងដ៏អាកក្រក់ និងគួរឲ្យស្អប់ខ្ពើម។ នាងបាននៅខាងក្រៅ២៤ម៉ោងពេញមួយយប់។ វាជាស្ថានភាពអាក្រក់ណាស់”៕

រោងចក្រផលិតថង់យួរប្លាស្ទិកថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខណ្ឌពោធិ៍សែនជ័យ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រោងចក្រផលិតថង់យួរប្លាស្ទិកថ្មីមួយទៀត ត្រូវបានរដ្ឋាភិបាលគាំទ្រទៅលើគម្រោង និងជំរុញឱ្យចាប់ផ្តើមដំណើរការសកម្មភាពប្រតិបត្តិការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រផលិតថង់យួរប្លាស្ទិកគ្រប់ប្រភេទ របស់ក្រុមហ៊ុន ហ័រប៉ាវស៊ូយេ ប្លាស្ទីក ប្រដាក់ (ខេមបូឌា) ឯ.ក លើផ្ទៃដីទំហំ ៣.៩៣៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្គ្រីន ខនសាន់ធេនស៊ី ឯ.ក ។

ជាលទ្ធផលនៃកិច្ចប្រជុំ អន្តរក្រសួងពាក់ព័ន្ធរួមជាមួយ នឹងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរនោះ បានសម្រេចគាំទ្រទៅលើគម្រោងវិនិយោគនេះ។

ដោយតម្រូវឱ្យក្រុមហ៊ុន សិក្សាអំពីសកម្មភាពផែនការផលិតកម្ម របស់គម្រោងឱ្យបានច្បាស់បន្ថែមទៀត  ដូចជា ការនាំចូលវត្ថុធាតុដើមពីបរទេស ត្រូវបញ្ជាក់អំពីសារធាតុគីមី ការគ្រប់គ្រង និងផលប៉ះពាល់របស់វាឱ្យបានច្បាស់ ។ រាល់ផលិតផលសម្រេចដែលបញ្ជាក់ថានាំចេញទៅបរទេស១០០ភាគរយ ត្រូវភ្ជាប់លិខិតបញ្ជាក់ ឬកិច្ចសន្យានាំចេញ ចៀសវាងការចែកចាយក្នុងស្រុក។

ក្រៅពីនេះ ក្រុមហ៊ុន ត្រូវរៀបចំផែនការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាសការពារសម្រាប់បុគ្គលិក-កម្មការនិងរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស សំណល់បាវប្លាស្ទិក ដប-កំប៉ុងសារធាតុគីមី និងសំណល់កម្ទេចកំទីប្លាស្ទិក ជាដើម។

បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវបញ្ជាក់បន្ថែម អំពីប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវ និងអាងសិបទិក ដើម្បីធានាសំណល់រាវ ដែលបង្ហូរចេញគោរពតាមស្តង់ដារ ដែលបានកំណត់ ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ ជាពិសេស ត្រូវមានផែនការការពារសុខុមាលភាពបុគ្គលិកកម្មករដោយត្រូវធ្វើការ ត្រួតពិនិត្យសុខភាពកម្មកររៀងរាល់៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា និងត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍៕

ក្រុមហ៊ុនអចលនទ្រព្យ U.T.G UTRUST INVESTMENT Co.,Ltd នឹងចែករំលែកក្ដីស្រឡាញ់សិស្សានុសិស្សចំនួន៥០០នាក់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យយូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd )ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើលគម្រោងដីឡូតិ៍ដ៏ធំ នឹងធ្វើការចែករំលែកក្ដីស្រឡាញ់ ទៅដល់សិស្សានុសិស្សចំនួន៥០០នាក់ តាមរយៈការផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា អាហារ និងមធ្យោបាយ សម្រាប់ធ្វើដំណើរទៅសិស្សពូកែមួយចំនួនផងដែរ។

នៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ីនវេសម៉ិន នឹងរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ដល់ប្អូនៗ សិស្សានុសិស្សចំនួន៥០០នាក់ ដោយការចែកជូននូវសម្ភារៈសិក្សា រួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ កាតាប ព្រមទាំងចែករំលែកនូវថវិការទៅដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ស្តុកតោល ស្ថិតនៅភូមិ ស្តុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd) លោកម៉ន សុខា បានមានប្រសាសន៍ប្រាប់ថា ការចែករំលែកនូវសម្ភារៈសិក្សា ថវិកា និងចំណីអាហារទៅដល់បណ្តាសិស្សានុសិស្សខាងលើនេះ គឺគ្រាន់តែជាការចូលរួមចំណែកនៅក្នុងការងារសង្គម និងជួយសម្រាលនូវក្ដីលំបាករបស់សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាត។

លោកម៉ន សុខា បានមានប្រសាសន៍បន្តទៀតថា “សកម្មភាពមនុស្សធម៌ក្នុងរូបភាពចែករំលែកធនធានផ្ទាល់ខ្លួននេះ ក្រុមហ៊ុនយូ ធី ជី យូត្រាស់ ក៏ដូចជា ក្រុមការងារ តែងធ្វើជារៀងរាល់ឆ្នាំ និងស្ថិតនៅតាមបណ្តាខេត្តផ្សេងៗ ដែលជួបភាពខ្វះខាត”។

ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ ឆ្លៀតនៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ខាងមុខនេះ ក្រុមការងាររបស់ក្រុមហ៊ុន នឹងចុះចែកសម្ភារៈសិក្សា ថវិកា និងចំណីអាហារទៅដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សា ស្តុកតោល ដែលមានទីតាំងដូចបានជម្រាប់ជូនខាងលើនេះ”។ លោកបានបញ្ជាក់ថា “គោលដៅនៃការចែករំលែកទាំងនេះ គឺចង់ឃើញស្នាមញញឹមរបស់កុមារ និងរីករាយជាមួយការសិក្សារបស់ពួកគេ ដែលជាធនធានយ៉ាងសំខាន់សម្រាប់សង្គមជាតិនៅថ្ងៃអនាគត”។

សម្រាប់សម្ភារៈសិក្សា ដែលនឹងត្រូវចែករំលែកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ រួមមាន ដូចជា កង់ចំនួន៥គ្រឿង (សម្រាប់លើកទឹកចិត្តដល់សិស្សពូកែ) សៀវភៅចំនួន ២០០០ក្បាល ប៊ិចចំនួន១៥០០ដើម ខ្មៅដៃចំនួន១៥០០ដើម បន្ទាត់ចំនួន១.០០០ដើម កាតាបដាក់សំសម្ភារៈសិក្សាចំនួន ៥០០ថវិកា និងចំណីអាហារមួយចំនួនទៀតផងដែរ៕

ក្រុមហ៊ុនអង់គ្លេសគ្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេសវិនិយោគលើវិស័យកសិកម្ម ជាពិសេសគឺការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា ខណៈកម្ពុជាមានសក្តានុពលខ្ពស់។

លោក Rod Bassett នាយកក្រុមហ៊ុន Unitedgreen នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមញ្ញ និងនេសាទ កាលពីថ្ងៃទី ៥ ខែកុម្ភៈម្សិលមិញនេះឱ្យដឹងថា គោលបំណងនៃជំនួបនាពេល នេះគឺទី១- ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋា ភិបាល ក៏ដូចជារបស់ក្រសួង ទី២- ពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្ថែមទៀតថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។

លោកបន្តថា ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមញ្ញ និងនេសាទបានសម្តែងនូវឆន្ទ:គាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន ព្រោះថាបច្ចុប្បន្នកម្ពុជាបាននិងកំពុងបោះជំហានជាវិជ្ជមានទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម ដែលបង្កលក្ខណ:អំណោយផលយ៉ាងល្អប្រសើរសម្រាប់វិនិយោគិនក្នុង និងក្រៅស្រុក។

លោករដ្ឋមន្ត្រីថា ក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជាលក្ខណ:បង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។ មួយវិញទៀត លោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

សេដ្ឋវិទូៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនទៅប្រទេសចិននឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃ ពុធទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ នឹងផ្តល់ផលវិជ្ជមានច្រើនដល់កម្ពុជា ដោយនឹងនាំមកវិនិយោគចិនចូលកម្ពុជាបន្ថែម ខណៈវិនិយោគចិនបាននិងកំពុងឈរលើលំដាប់កំពូលនៃវិនិយោគិនបរទេសនៅកម្ពុជា។

លោកបណ្ឌិតហុង វណ្ណៈ  អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមាន​ប្រសាសន៍ឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែកុម្ភៈនេះថា ដំណើរទស្សនកិច្ចរបស់ស   ម្តេចទៅជួបជាមួយ ឯកឧត្តមស៊ី ជីនពីង កាលពីម្សិលមិញនេះ មានសញ្ញាល្អច្រើន ហើយនឹងមានវិនិយោគត្រឡប់វិញ ព្រោះក្រុមហ៊ុនធំៗនៅប្រទេសចិន ជាទូទៅមានការជាប់ពាក់ព័ន្ធ និងការគាំទ្ររដ្ឋាភិបាលចិន។

លោកមានប្រសាសន៍ថា “កត្តានេះហើយដែលប្រធានាធិបតីមានប្រសាសន៍ហើយគឺមានន័យថា គាត់មានគម្រោងរួចហើយ គិតគូររួចហើយ ដូច្នេះអ្នកវិនិយោគចិនប្រាកដជាត្រឡប់មកវិញ”។

លោកបានថ្លែងថា “វាជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគោលនយោបាយជោគវាសនាតែមួយ របស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងនៅតែមានជាធរមាននៅឡើយ”។ លោកបន្តថា “ក្នុងករណីដែលមានវិនិយោគិនមួយចំនួនមកប្រទេសកម្ពុជា ហើយត្រឡប់នៅវិញ គឺមានតែមួយចំនួនតូចទេ ដោយសារការរកស៊ីរបស់គាត់មិនចំណេញ កត្តាខ្លះទៀតមកពី EBA ដូរទៅរកស៊ីនៅប្រទេសផ្សេង កត្តាខ្លះទៀតដូរឈ្មោះក្រុមហ៊ុនរកស៊ី”។

វិស័យជាទូទៅដែលភាគីចិននឹងមកវិនិយោគវិស័យច្រើន ក្នុងនោះវិស័យកាត់ដេរ វិស័យថាមពល វិស័យរ៉ែ វិស័យទេសចរណ៍ អចលនទ្រព្យ លើកសិកម្ម វិស័យអេឡិចត្រូនិច និងធានាគារផងដែរ។

លោកបណ្ឌិតហុង វណ្ណៈបាននិយាយថា “ការត្រឡប់មកវិញរបស់អ្នកវិនិយោគចិននឹងផ្តោតទៅវិស័យចំរុះ ប៉ុន្តែយើងមិនមានហេតុផលណាដើម្បីពន្យល់ថា តើវិស័យមួយណាលេចធ្លោជាងវិស័យណាទេ។ វាទៅតាមការចាប់អារម្មណ៍របស់វិនិយោគិនចិន”។

លោកឱ្យដឹងទៀតថា “ការវិលត្រឡប់មកវិញលើកនេះមានរយៈវែង ឬខ្លីអាស្រ័យទៅលើវិស័យដែលគាត់វិនិយោគ។ វិស័យឧស្សហកម្មធនមធ្យម និងធ្ងន់ វិស័យកសិកម្ម និងវិស័យអចលនទ្រព្យធំៗគឺវិស័យដែលមានវិនិយោគរយៈពេលវែង”។

ទោះបីជាយ៉ាងក៏ដោយ លោក ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងនៅថ្ងៃដដែលថា ធម្មតាទស្សនកិច្ចផ្លូវការតែងតែមានការលើកឡើង និងការសន្យាធ្វើអ្វីមួយ ខណៈការលើកឡើងទាក់ការជំរុញការវិនិយោគ អំឡុងពេលទស្សនកិច្ចរបស់សម្តេចទៅប្រទេសចិនត្រូវរង់ចាំ និងតាមដាន។

លោកបានថ្លែងថា “យើងត្រូវរងចាំមើលថា តើនឹងមានអ្វីកើតឡើងបន្ទាប់ ហើយការលើឡើងទាក់ទងនឹង ការជំរុញការវិនិយោគមកកម្ពុជា គឺភាសាការទូត”៕

ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងអូសទាញការវិនិយោគវិស័យសំណង់

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បានកែប្រែមុខមាត់យ៉ាងប្រសើរជាមួយនឹងសន្ទុះនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មចំរុះយ៉ាងសម្បូរបែប ជាពិសេស គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់កបពពក រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងតែមានសកម្មភាព។

ជាមួយនឹងគម្រោងអភិវឌ្ឍធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យបណ្តាអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមសកម្មភាពបោះទុនវិនិយោគទៅលើវិស័យសំណង់ ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាន និងកំពុងតែមានសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់មានភាពល្អប្រសើរជាងមុន។

លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល បច្ចុប្បន្ននេះវិស័យឧស្សាហកម្ម បាន និងកំពុងតែដើរឈានមុខគេនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានរោងចក្រ សហគ្រាសសរុបច្រើនជាង ២៧០គម្រោង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារ ស្នើសុំដំណើរការក្នុងពេលខាងមុខនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រៅពីគម្រោងទាំងនេះ នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ ៣៤ជាន់ និងគម្រោង ៦៤ជាន់ ដែលស្ថិតសង់ខាងផ្លូវ កណ្តាលក្រុងច្បារមន”។ លោកបន្តទៀតថា “នៅក្នុងខេត្តកំពង់ស្ពឺ ក៏មានគម្រោងបង្កើតទីក្រុងវៃឆ្លាតលើដីទំហំ ១០០ហិកតា រួមជាមួយការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា លើដីទំហំ១២៦ហិកតា ក្នុងទឹកប្រាក់វិនិយោគប្រមាណ១០លានដុល្លារ ស្ថិតក្នុងស្រុកភ្នំស្រួច ដែលរហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០ភាគរយ”។

ងាកមកចាប់អារម្មណ៍ជាមួយនឹងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានវិញត្រូវបានគេកត់សម្គាល់ឃើញថា មានសកម្មភាពគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងក្រុងច្បារមន ដែលជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ។ ដោយឡែកនៅតំបន់ភ្នំស្ថិតក្នុងស្រុកសំរោង និងស្រុកភ្នំស្រួច ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានបែបលំហែរផងដែរ ដោយមានតម្លៃចាប់ពី១៦ម៉ឺនដុល្លារឡើងទៅដល់៣៥ម៉ឺនដុល្លារ ជាក់ស្ដែងដូចជាគម្រោងលំនៅដ្ឋានបែបលំហែរដែលវិនិយោគដោយលោកឧកញ៉ា ម៉ុង ឫទ្ធី ជាដើម៕

កម្ពុជាទទួលបានចំណូលជិត ៤០០លានដុល្លារពីការនាំចេញកៅស៊ូធម្មជាតិក្នុងឆ្នាំ ២០១៩

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជារកបានចំណូលប្រមាណជាជិត ៤០០លានដុល្លារអាមេរិកពីការនាំចេញកៅស៊ូធម្មជាតិជិត ៣០ម៉ឺនតោន កាលពីឆ្នាំ ២០១៩។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅព្រឹកថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០២០នេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឧស្សាហកម្មកៅស៊ូធម្មជាតិគឺជាវិស័យកសិកម្មមួយដែលដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ កៅស៊ូធម្មជាតិផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ជួយកាត់បន្ថយនៅភាពក្រីក្រក្នុងប្រទេស កាត់បន្ថយអត្រាធ្វើចំណាកស្រុក ជាដើម។

មិនតែប៉ុណ្ណោះ ក៏បានជម្រុញដល់ការអភិវឌ្ឍន៍កៅស៊ូឱ្យមានភាពជោគជ័យតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ ២០១១-២០២០ផងដែរ។

ទន្ទឹមនេះ កៅស៊ូធម្មជាតិមានមុខងារពិសេសដទៃទៀតដូចជា ការផ្តល់ឈើសម្រាប់ប្រើប្រាស់ជាឈើឥន្ធនៈ ចូលរួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារហូរច្រោះដី និងជាគម្របព្រៃឈើយ៉ាងសំខាន់។

រដ្ឋមន្ត្រីរូបនេះបានសង្កត់ថា ដើម្បីបញ្ជូនបច្ចេកវិទ្យាថ្មីក្នុងខ្សែសង្វាក់ផលិតកម្ម និងទាក់ទាញការវិនិយោគកៅស៊ូធម្មជាតិនេះបន្ថែមទៀត អគ្គនាយកដ្ឋានកៅស៊ូ ត្រូវខិតខំបំពេញតួនាទី ស្វែងរកដំណោះស្រាយបែបណាសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍កៅស៊ូ ប្រតិបត្តិករកៅស៊ូ សមាគមដាំដុះកៅស៊ូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ប្រកបដោយចីរភាព ប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបញ្ចេញមតិណែនាំមួយចំនួនក្នុងគោលបំណងដើម្បីឱ្យអភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីកចម្រើន សមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច សាកលភាវូបនីយកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ដែលក្នុងនោះមានដូចជា៖

-ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនប្រតិបត្តិករ ដៃគូអភិវឌ្ឍន៍ ធនាគារ និងសមាគមកៅស៊ូ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ ជាពិសេសជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងការអនុវត្តច្បាប់។

-រៀបចំបច្ចេកទេសឱ្យបានសមស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន ពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមកៅស៊ូគ្រួសារ បន្តកៀរគរប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍។

គួរបញ្ជាក់ថា តម្លៃកៅស៊ូជាមធ្យមគឺ ១,៣៣៦ ដុល្លារក្នុង១តោន ដែលបច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៦,១៤២ ហិកតា៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគ្របដណ្តប់ប្រមាណ៣០ភាគរយនៃGDPពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅមុខ

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំស្មើនឹងប្រមាណ៣០ភាគរយនៃសេដ្ឋកិច្ច និង៥០ភាគរយនៃប្រជាជនសរុបលើពិភពលោក បាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខ ទោះបីគ្មានវត្តមានប្រទេសឥណ្ឌា។

មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីបាននិយាយថា ប្រទេសឥណ្ឌាបានអវត្តមានពីកិច្ចពិភា​   ក្សារយៈពេល២ថ្ងៃស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក នៅឥណ្ឌូនេស៊ីដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ដោយជំរុញឱ្យមានការរំពឹងទុកថា ឥណ្ឌានឹងដកខ្លួនចេញពីការចរចានេះ។

មន្ត្រីជាន់ខ្ពស់របស់ឥណ្ឌា ដែលជាធម្មតានឹងចូលរួមនៅក្នុងកិច្ចប្រជុំ នៅកោះបាលី បានអះអាងថា “មិនមានបញ្ជាណាមួយពីរដ្ឋមន្ត្រីរបស់ខ្លួន (ដើម្បីចូលរួម) ទេ ពីព្រោះរដ្ឋមន្រ្តីរបស់លោក មិនទទួលបញ្ជាណាមួយពីនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ទេ។ លោកស្រី Donna Gultom ប្រធានអ្នកចរចារបស់ឥណ្ឌូនេស៊ី និងប្រធានក្រសួងចរចាអាស៊ាន នៅក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានក្យូដូដូច្នេះ។

ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ឲ្យបានលម្អិតពីបញ្ហានេះទេ។

ប្រទេសចំនួន១៦ ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សា សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ក្នុងតំបន់ ដែលបានចាប់ផ្តើមការចរចាក្នុងឆ្នាំ២០១៣ ដោយមានគោលដៅដំបូង នៃការបញ្ចប់ពួកគេនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែពួកគេបានបន្តខកខានពេលវេលាកំណត់ ដោយមានមហិច្ឆិតាខុសគ្នាពីសមាជិករបស់ខ្លួន។

ក្រៅពីសមាគមអាស៊ានដែលមានសមាជិក១០ប្រទេស ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម កិច្ចព្រមព្រៀង RCEP រួមមានអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។

ប្រសិនបើតំបន់ពាណិជ្ជកម្មសេរី ដែលមានចំនួនប្រជាជនពាក់កណ្តាលពិភពលោ​កបានអនុវត្តន៍សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេសRCEP នឹងធ្វើឱ្យកាន់តែមានភាពខ្លាំងខ្លាឡើង ដោយមានការគាំទ្រពីវិធានការណ៍ ដូចជាការលុបបំបាត់ និងការកាត់បន្ថយពន្ធ។

ប៉ុន្តែកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងបាងកក ក្នុងខែវិច្ឆិកា បានបែកបាក់ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានការព្រួយបារម្ភថា ការបើកទីផ្សាររបស់ខ្លួននឹងមើលឃើញឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសចិនមានការកើនឡើងដោយបាននិយាយថា ខ្លួនមិនចង់ចូលរួមទៀតទេ។

ប្រទេសចំនួន១៥ទៀត ដែលនៅសេសសល់បានសន្យាថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២០ ប៉ុន្តែប្រទេសជប៉ុនចង់ឱ្យប្រទេសឥណ្ឌា ស្ថិតនៅក្នុងការចរចានេះមួយផ្នែក ដោយសារតែការព្រួយបារម្ភរបស់ខ្លួនដែលថា ឥទ្ធិពលរបស់ចិននៅក្នុងតំបន់នឹងកាន់តែធំជាងនេះទៅទៀត។

ប្រទេសជប៉ុនបានផ្តល់ការជួយឥណ្ឌាដោះស្រាយ បញ្ហាចំពោះមុខ។

មន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រាប់សារព័ត៌មានក្យូដូថា ប្រទេសឥណ្ឌា បានទទួលការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំបាលី “ប៉ុន្តែឥណ្ឌាមិនបានចូលរួម” ដោយមិនផ្តល់ហេតុផលអ្វីឡើយ។

លោក Iman Pambagyo អគ្គនាយកនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៅក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានឱ្យដឹងថា កិច្ចពិភាក្សានៅកោះបាលី បានផ្តោតលើបញ្ហាយុទ្ធសាស្ត្រ និងបញ្ហាចំពោះមុខ ដូចជាការស្វែងរកដំណោះស្រាយលើ បញ្ហាឥណ្ឌា និង ការចូលទៅកាន់ទីផ្សារក្នុងពាណិជ្ជកម្ម និងសេវាកម្មពាណិជ្ជកម្ម និងសេវាកម្មល្អ ។

លោក Iman បាននិយាយថា ការចរចាត្រូវបានបញ្ចប់ដោយជោគជ័យ ហើយដូច្នេះឆន្ទៈរបស់ប្រទេសនីមួយៗ ដើម្បីបញ្ចប់ការចរចាពេញលេញ ដែលកិច្ចព្រមព្រៀងមួយនេះអាចត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ។

លោកបានបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំកោះបាលី នឹងត្រូវរាយការណ៍ទៅកិច្ចប្រជុំរដ្ឋមន្រ្តីអន្តរក្រសួងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចRCEP នៅទីក្រុងដាណាងប្រទេសវៀតណាមនៅថ្ងៃទី១០ និង ១១ ខែ មីនាខាងមុខ។

មន្ត្រីនៃក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុនបានចែករំលែកទស្សនៈស្រដៀងគ្នាដោយនិយាយថា “មិនមានការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយរបស់ជប៉ុន ក្នុងការចុះហត្ថលេខា RCEP នៅឆ្នាំ២០២០នោះទេ”៕

តើកំពូលមហាសេដ្ឋី Bill Gates បរិច្ចាគថវិកាប៉ុន្មានលានដុល្លារ ក្នុងការចូលរួមប្រយុទ្ធនឹងវិបត្តិសុខភាពសកលលោក វីរុសកូរ៉ូណា?

ដោយ ហ្សូលី

អាមេរិក៖ មូលនិធិរបស់កំពូលមហាសេដ្ឋីលើពិភពលោក Bill Gates បានប្រកាសថា នឹងបរិច្ចាគថវិការាប់លានដុល្លារ ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា។
នេះបើតាមការផ្សាយរបស់ទស្សនាវដ្តីអាមេរិក Forbes កាលពីថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ ២០២០ ថ្មីៗនេះ។

ទឹកប្រាក់ដែលមូលនិធិរបស់កំពូលមហាសេដ្ឋីនេះបានប្រកាសបរិច្ចាគនោះ គឺមានចំនួនប្រមាណ ១០០លានដុល្លារ។ នេះមិនមែនជាលើកទី មួយនោះទេដែលលោក Bill gates បានបរិច្ចាគ ដែលកាលពីចុងខែមករាកន្លងទៅ នៅពេលមានការផ្ទុះពីវីរុសកូរ៉ូណានេះ លោកក៏បានបរិច្ចាគទឹកប្រាក់ ១០លានដុល្លារ។

លោក Bill Gates គឺជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីដទៃទៀតដូចជា ស្ថាបនិកក្រុមហ៊ុន Alibaba Jack Ma និងប្រធានក្រុមហ៊ុន Louis Vuitton លោក Bernard Arnault ជាដើម តាំងតែពីមានមនុស្សប្រមាណ ៥០០នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានេះ ហើយបច្ចុប្បន្នមានអ្នកស្លាប់ដល់ទៅរាប់ពាន់នាក់។

ក្នុងចំនោមថវិកាសរុប ១០០លានដុល្លារ ទឹកប្រាក់ប្រមាណ ២០លានដុល្លារនឹងត្រូវជំនួយទៅកាន់ភ្នាក់ងារធំៗដូចជា អង្គការសុខភាពពិភពលោក World Health Organization (WHO) និង មជ្ឈមណ្ឌលអាមេរិកដើម្បីគ្រប់គ្រងជម្ងឺ U.S Center for Disease Control (CDC) ដើម្បីជួយដល់ការរុករកស្រាវជ្រាវ ការទប់ស្កាត់ និងការព្យាបាល។

ថវិកាចំនួន ២០ លានដុល្លារផ្សេងទៀតនឹងជួយបង្កើនការការពារសម្រាប់ប្រជាជនដែលប្រឈមនឹងហានិភ័យនៅទ្វីបអាហ្វ្រិកនិងអាស៊ីខាងត្បូង។ ថវិកាទាំងអស់នេះ នឹងជួយដល់អាជ្ញាធរសុខាភិបាលសាធារណៈពង្រឹងមណ្ឌលសង្គ្រោះបន្ទាន់អនុវត្តកិច្ចប្រឹងប្រែងតាមដានជំងឺប្រកបដោយប្រសិទ្ធភាពនិងបង្កើនសមត្ថភាពព្យាបាល។

រីឯថវិកា ៦០ លានដុល្លារដែលនៅសល់នឹងឆ្ពោះទៅរកការអភិវឌ្ឍវ៉ាក់សាំងការព្យាបាលនិងការធ្វើរោគវិនិច្ឆ័យរយៈពេលយូរអង្វែងសម្រាប់ការត្រួតពិនិត្យនិងការការពារប្រកបដោយចីរភាពដើម្បីការពារមេរោគមិនឱ្យរីករាលដាល។

នាយកប្រតិបត្តិនៃមូលនិធិហ្គេត លោក Mark Suzman បានមានប្រសាសន៍ថា អង្គការពហុភាគីរដ្ឋាភិបាលជាតិវិស័យឯកជននិងសប្បុរសជនត្រូវតែធ្វើការរួមគ្នាដើម្បីបន្ថយល្បឿននៃការផ្ទុះឡើងក្នុងការជួយប្រទេសនានាការពារពលរដ្ឋដែលងាយរងគ្រោះបំផុត និងពន្លឿនការអភិវឌ្ឍឧបករណ៍ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ក្តីសង្ឃឹមរបស់យើងគឺថា ធនធានទាំងនេះនឹងជួយជំរុញការឆ្លើយតបជាអន្តរជាតិយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព៕