សាធារណៈ រដ្ឋកូរ៉េ បង្កើន កញ្ចប់ឥណទានដល់កម្ពុជា រហូតដល់ ៧០០លានដុល្លារ

ដោយ ៖រ៉ាណេត

ភ្នំពេញ
រដ្ឋាភិបាល កូរ៉េ ខាងត្បូង បានសម្រេច បង្កើន កញ្ចប់ ថវិកាឥណទានដល់កម្ពុជារហូតដល់៧០០លានដុល្លា សម្រាប់ ទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិឆ្នាំ២០១៩_២០២៣។

យោងតាម សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាល ប្រទេសកូរ៉េ ខាងត្បូង បានគាំទ្រដល់ភាពរីកចម្រើនរបស់ប្រទសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានបង្កើនទំហំឥណទានដល់កម្ពុជាពី៣៥០លានដុល្លារ រហូតដល់៧០០លានដុល្លារ។

នៅក្នុងឱកាសនៃកិច្ចជំនួបពិភាក្សាការងារកាលពីកាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានបណ្ឌិត Park Heung-Kyeong ដែលទើបទទួលបានភារកិច្ចបំពេញបេសកកម្មការទូតនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើននេះ ដោយកម្ពុជាមាន សុខសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តដ៏ម៉ឹងម៉ាត់នូវ គោលនយោបាយកំណែទម្រង់នានានៃកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណ ចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជន ពីប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនកើតឡើងជាបន្តបន្ទាប់ ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ អគ្គបណ្ឌិតសភាចារ្យ ក៏ស្នើលោកឯកអគ្គរដ្ឋទូត បន្តជួយសម្របសម្រួល ដើម្បីទាក់ទាញអ្នកវិនិយោគទុនឲ្យបានច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ, លោកបណ្ឌិតឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលកន្លងមក។

បណ្ឌិត Park Heung-Kyeong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

បណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈកិច្ចសហប្រតិបត្តិការនានាកន្លងមក, កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្រេចនូវសមិទ្ធិផលផ្លែផ្កាជាច្រើន ដូចជាកិច្ចព្រម ព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ ដែលទើបបានចុះហត្ថលេខាថ្មីៗ នៅអំឡុងពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ នៅសាធារណរដ្ឋកូរ៉េកាលពីចុងខែ វិច្ឆិកា ឆ្នាំ២០១៩កន្លងមកជាដើម។

បណ្ឌិត Park Heung-Kyeong ក៏បានគូសបញ្ជាក់ជូនថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន, ជំនួយបច្ចេកទេស, និងកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕

ក្រុមមន្ត្រីចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ១០នាពេលខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមមន្ត្រីនៃរារដ្ឋាភិបាលកម្ពុជា បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ ១៥៥១) និងផ្លូវជាតិលេខ៥៥ (កោះកុង បាត់ដំបង និងពោធិ៍សាត់)នាពេលដ៏ខ្លីខាងមុខនេះ។

លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនំាមន្ត្រីខេត្តកោះកុង បាត់ដំបង និងពោធិ៍សាត់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នេះ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ដើម្បីបើកការដ្ឋានសាងសង់។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងកន្លងមកនេះថា គម្រោងសាងសង់ថ្មីនូវផ្លូវជាតិលេខ១០ ចាប់ពីចំណុចវាលវែងខេត្តបាត់ដំបង់ ដល់ខេត្តកោះកុង នឹងចំណាយថវិកាជាង១៨៣លានដុល្លារ ដែលជាប្រាក់កម្ចីហិរញ្ញប្បទានពីចិន។

លោកបន្ដថា “គម្រោងសាងសង់ផ្លូវជាតិលេខ១០ ចំណាយថវិកា១៨៣លានដុល្លារ និងមានប្រវែង១៩៣គីឡូម៉ែត្រ ជាផ្លូវប្រភេទ DBST ។ ផ្លូវលេខ១០ ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ អាចដឹកទំនិញឆ្លងកាត់បាន” ។

លោករដ្ឋមន្ដ្រីបន្តទៀតថា នាពេលថ្មីៗនេះ មានអ្នកវិនិយោគស្នើសុំបង្កើតកំពង់ផែថ្មីនៅកោះកុងបន្ថែមទៀត ដូច្នេះផ្លូវជាតិលេខ១០ នឹងមានសកម្មភាពដឹកជញ្ជូនយ៉ាងច្រើន។

លោករដ្ឋមន្ដ្រីបន្ថែមថា ផ្លូវគឺជាសរសៃឈាម ដូច្នេះផ្លូវទាំងអស់នៅកម្ពុជានឹងបានចូលរួមកសាងប្រទេសជាតិ ជាពិសេសការដឹកទំនិញមានតម្លៃថោក និងចំណេញពេលវេលា។ លោកថា បើគ្មានហេដ្ឋារចនាសម្ព័ន្ធល្អនោះទេ គឺគ្មានអ្នកវិនិយោគមកកម្ពុជាឡើយ ៕

ខេត្តសៀមរាបមានគម្រោងបង្កើតទេសចរណ៍សត្វព្រៃកម្រ៥ប្រភេទក្នុងតំបន់អង្គរ

ដោយហ្សូលី

សៀមរាប៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបង្កើតកន្លែងទេសចរណ៍សត្វព្រៃក្នុងតំបន់អង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតំបន់អង្គរឱ្យកាន់តែច្រើនក្រៅពីប្រាង្គប្រាសាទ។

លោក យិន ចាន់ដារដ្ឋា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងថា រមណីយដ្ឋានអង្គរ មិនមែនមានតែប្រាង្គប្រាសាទដ៏អស្ចា្យតែមួយមុខឡើយ តែក៏មានជម្រកសត្វព្រៃដ៏មានសក្តានុពល អមជាមួយព្រៃឈើដ៏ច្រើន ដែលជាទីកន្លែងសម្រាប់សត្វព្រៃរស់នៅប្រកបដោយសុវត្ថិភាព។

អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើសរើសទីតាំងមួយចំនួនក្នុងការព្រលែងសត្វព្រៃកម្រ និងជិតផុតពូជ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់តំបន់។

លោកបន្តថា គម្រោងទេសចរណ៍សត្វព្រៃក្នុងតំបន់អង្គរនេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ និងធនធានធម្មជាតិ ព្រោះអាចជួយរកចំណូលបន្ថែមជូនជាតិ ដែលជាផ្នែកមួយក្នុងការជួយដល់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់។

គួរបញ្ជាក់ផងដែរថា សត្វព្រៃកម្រនិងជិតផុតពូជដែលនឹងត្រូវដាក់ក្នុងទេសចរណ៍សត្វព្រៃមានដូចជា សត្វទោចម្កុដ ៨ក្បាល ឈ្លូស ៤ក្បាល សំពោចក្រអូប ៥ក្បាល ភេ៥ក្បាល ស្វាព្រាហ្មណ៍ ១២ក្បាល ស្ទាំង ពស់ កាំប្រមា និងសត្វមាន់ព្រៃជាដើម ដែលនឹងត្រូវការពារថែរក្សាពីមន្ត្រីនិងបុគ្គលិកបម្រើការនៅទីនោះ។

ទន្ទឹមនេះ លោក យិន ចាន់រដ្ឋាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ទេសចរណ៍សត្វព្រៃនេះ ឱ្យចូលរួមថែរក្សាសត្វព្រៃឱ្យបានគង់វង្ស កុំប្រមាញ់សម្លាប់ពួកវា ដើម្បីថែរក្សាទុកជាប្រយោជន៍ជាតិ៕

បច្ចេកវិទ្យាឌីជីថលនឹងជំរុញឲ្យមានផ្លាស់ប្តូរថ្មីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជា នឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យដែលធ្វើឲ្យមានដំណើរការដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុន ដើម្បីលើកទឹកចិត្តការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នកម្មសិទ្ធិករអាចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន តាមពីររបៀបដែលរដ្ឋាភិបាលទទួលស្គាល់។

ចាប់តាំងពីឆ្នាំ២០០១ ម្ចាស់អចលនទ្រព្យអាចទទួលបាននូវប័ណ្ណកម្មសិទិ្ធជាម្ចាស់កម្មសិទិ្ធដីធ្លីដែលហៅថា “ប្លង់រឹង” តាមរយៈការិយាល័យសុរិយោដី នៅក្រសួងគ្រប់គ្រងដែនដី។ ប្លង់រឹងត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ និងជាទម្រង់កម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត។

វិធីទីពីរដែលមិនសូវមានសុវត្ថិភាពគឺដោយទទួលបាន “ប្លង់ទន់” ដែលជាកម្មសិទិ្ធអចលនទ្រព្យទ្រព្យ ត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន ប៉ុន្តែអាចត្រូវបានជំទាស់ដោយភាគីផ្សេងទៀត។ ទោះបីជាប្លង់នេះមិនសូវមានសុវត្ថិភាពក៏ដោយ ក៏វានៅតែជាទម្រង់នៃការកាន់កាប់យ៉ាងទូលំទូលាយនៅកម្ពុជាដដែល។

កម្មសិទ្ធិប្លង់ទន់មិនមានការការពារច្បាប់ពេញលេញទេ ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាងាយស្រួលក្នុងការផ្ទេរអចលនទ្រព្យ នៅពេលដែលម្ចាស់លក់អចលនទ្រព្យរបស់ខ្លួនដោយមាននីតិវិធីរដ្ឋបាលតិចតួចដែលទាមទារ។

តាមរយៈការបង្កើតវេទិកាអនឡាញ អចលនទ្រព្យអាចត្រូវបានផ្ទេរក្នុងដំណើរការប្រកបដោយសុវត្ថិភាព និងផ្លូវការ ហើយមានតម្លាភាពដោយមិនចាំបាច់មានភ្នាក់ងារ និងឈ្មួញកណ្តាល ដែលបន្ថែមការចំណាយមិនចាំបាច់ ហានិភ័យ និងពេលវេលាទៅក្នុងដំណើរការទាំងមូល។ ឈ្មួញកណ្តាលទាំងនេះមិនមានអាជ្ញាប័ណ្ណ ហើយមិនត្រូវបានទទួលស្គាល់ដោយក្រសួងរដ្ឋាភិបាល ហើយផ្តល់ឯកសារតិចតួច ឬគ្មានឯកសារសម្រាប់សេវាកម្មរបស់ពួកគេ។ ឥលូវនេះការផ្ទេរអចលនទ្រព្យ តាមរយៈភ្នាក់ងារអាចចំណាយពេលដល់ទៅ៣ខែ ដើម្បីឲ្យដំណើរការដោយក្រសួងរៀបចំដែនដី។

តាមរយៈការបង្កើតវេទិកាផ្ទេរកម្មសិទ្ធិតាមអនឡាញ រាជរដ្ឋាភិបាលកម្ពុជានឹងនាំមកនូវភាពច្បាស់លាស់ ដែលត្រូវការចាំបាច់ដល់ដំណើរការរដ្ឋបាល ដែលមានសារៈសំខាន់ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកទិញអចលនៈទ្រព្យនឹងមានលទ្ធភាពថវិកា និងរៀបចំផែនការរលួន។ នេះបើតាមរបាយការណ៍របស់ EuroCham ចេញផ្សាយនៅសប្តាហ៍នេះ។

ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាល ប្រមូលថ្លៃសេវា និងពន្ធពីវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព។

របាយការណ៍នេះបានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិចនឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវា ដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។

ក្រសួងរៀបចំដែនដី នគរូបនីយក​ម្ម និងសំណង់បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញ ទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។

របាយការណ៍របស់ EuroCham បានឲ្យដឹងថា “ការធ្វើទំនើបកម្មឌីជីថល នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាមInternet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជាច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ប្រកាសពន្លឿនកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា លោកនឹងពន្លឿនកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា ខណៈរាជរដ្ឋាភិបាលចិនក៏នឹងបញ្ជូនអ្នកវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាតាមតម្រូវការ ពិសេសសម្រាប់ខេត្តព្រះសីហនុ ក្រោយពេលមានការបិទល្បែងភ្នាល់អនឡាញ។

ការប្រកាសពន្លឿនកិច្ចចរចាពាណិជ្ជកម្មសេរីរបស់ចិនជាមួយកម្ពុជាត្រូវបានធ្វើឡើងនៅជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត និងបានស្នើលោកប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា នៅក្នុងប្រទេសចិន។ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចា ទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនតែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។

ជាការឆ្លើយតប លោកប្រធានាធិបតីបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។
លោកប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។

លោកប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។
លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ៕

អភិវឌ្ឍគម្រោងលំនៅដ្ឋានធំៗនៅតែសម្រុកបាញ់ឆ្ពោះទៅកាន់តំបន់ផ្លូវជាតិលេខ៣

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របពេលដែលគម្រោងនៃការស្ថាបនាផ្លូវជាតិលេខ៣ និងពង្រីករហូតដល់៤គន្លង ដែលកំពុងតែសម្រុកដើម្បីបញ្ចប់ ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះមានក្រុមហ៊ុនធំៗ ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោ​មមធ្យម បាននិងកំពុងចាប់អារម្មណ៍បាញ់ឆ្ពោះទៅកាន់តំបន់នេះ ស្របពេលដែលរដ្ឋា​ភិបាលបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែមានភាពល្អប្រសើរ។

ក្រៅពីគម្រោងអភិវឌ្ឍវិស័យលំនៅដ្ឋានធំរបស់ក្រុមហ៊ុនក្នុងស្រុក ដូចជាគម្រោងបុរីពិភពថ្មី គម្រោងបុរី លឹម ឈាងហាក់ គម្រោងបុរី ឡេង ណាវ៉ាត់ត្រា ដែលមានតម្លៃវិនិយោគរាប់សិបលានដុល្លារនោះ ក៏មានគម្រោងវិនិយោគ និងអភិវឌ្ឍជាមណ្ឌលទេស​ចរណ៍ និងលំនៅដ្ឋានពីសំណាក់ក្រុមហ៊ុនថៃផងដែរ បន្ទាប់ពីមើលឃើញថា នៅតាមតំបន់ផ្លូវជាតិលេខ៣មានសក្ដានុពលខ្លាំង និងអាចមានឱកាសទទួលបានប្រាក់ចំណេញច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលកន្លងមកនេះថា ការចូលខ្លួនទៅវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានផ្លូវជាតិលេខ៣នាពេលនេះ គឺមានឱកាសល្អច្រើន។

លោកបានបន្តទៀតថា “ជាធម្មតាទាល់តែគេសម្លឹងឃើញ ពីឱកាសទទួលបានប្រយោជន៍ និងចំណេញ ទើបគេបណ្តាក់ទុនវិនិយោគ”។ លោកបានបន្តទៀតថា “ផ្លូវជាតិលេខ៣ពេលនេះ កាន់តែមានភាពល្អប្រសើរជាងពេលមុន ជាពិសេសក្រោយពេលរដ្ឋាភិបាលបានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន”។

លោកច្រឹក សុខនីមបានបន្តទៀតថា “តំបន់ដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតែមានភាពល្អប្រសើរលើការវិនិយោគទាំងអស់”។ លោកបានបញ្ជាក់ទៀតថា “ហេតុផលដែលអ្នកវិនិយោគ សម្រុកទៅធ្វើការអភិវឌ្ឍនៅតំបន់ខាងលើនេះ ដោយសារតែកត្តាភូមិសាស្ត្រល្អ វិសាលភាពដីនៅទូលាយច្រើន ហើយតម្លៃដីនៅមានកម្រិតទាប ដែលអំណោយផលដល់គម្រោងអភិវឌ្ឍរបស់ពួកគេ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធីក៏បានមានប្រសាសន៍ផងដែរថា “តំបន់ផ្លូវជាតិលេខ៣ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះតំបន់នេះភាគច្រើនមានសណ្ឋា​នដីល្អអំណោយផលដល់ការអភិវឌ្ឍ”។

លោកឧកញ៉ាបន្តទៀតថា “ក្រៅពីនេះ វាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរចេញចូលក្រុង តាមរយៈបណ្តាញផ្លូវធំៗជាច្រើនដែលស្ថិតនៅជុំវិញតំបន់នេះ”។ លោកឧកញ៉ាបន្តទៀតថា “អ្វីដែលសំខាន់ និងជម្រុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ចាប់អារម្មណ៍ចូលទៅកាន់តំបន់នេះ មូលហេតុចម្បងបំផុត គឺតម្លៃដីទាប។ ស័ក្ដិសមទៅនឹងគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលកំពុងតែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ”៕

ជញ្ជាំងព្រំដែនខ័ណ្ឌចែករវាងអាមេរិក និងប្រទេសម៉ិកស៊ីកូនឹងសាងសង់រួចរាល់ ជាស្ថាពរនៅដើមឆ្នាំ២០២១

ដោយហ្សូលី

អាមេរិកៈ ជញ្ជាំងព្រំដែនរបស់សហរដ្ឋអាមេរិក នឹងត្រូវសាងសង់រួចរាល់ជាសា្ថពរនៅដើមឆ្នាំ ២០២១។ នេះបើតាមការថ្លែងសន្ទរកថារបស់ប្រធានាធិបតីអាមេរិកលោកDonald J. Trump ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Washington Post នៅរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ ២០២០កន្លងមកនេះ។

ជញ្ជាំងព្រំដែននេះ ស្ថិតនៅចន្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ ដែលមានប្រវែងប្រមាណ៨០០គីឡូម៉ែត្រ។ លោកត្រាំបានមានប្រសាសន៍ថា ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក នឹងកាន់តែមានភាពរឹងមាំ កាន់តែខ្លាំងបន្ថែមទៀត នៅពេលដែលជញ្ជាំងដែលមានប្រវែងវែង និងមានកម្ពស់ខ្ពស់មួយនេះកំពុងស្ថិតក្នុងដំណើរការសាងសង់។

លោកTrump បន្តថា លោកនឹងសាងសង់“ ជញ្ជាំង” គឺត្រូវចំណាយថវិកាសរុប៤ ពាន់លានដុល្លារ”។លោកបន្តថា“ជញ្ជាំងនេះនឹងមិនអាចសម្រចបាននៅខែធ្នូ ឆ្នាំ ២០២០ បានឡើយ ហើយឥឡូវនេះ បានចំណាយថវិកាអស់១៨ពាន់លានដុល្លាររួចទៅហើយ”។

ទោះបីជាមិនបានបំពេញតាមគោលដៅរបស់លោកក៏ដោយ ក៏លោកTrump បានសាទរ ចំពោះរដ្ឋបាលរបស់លោកសម្រាប់ការកសាងជញ្ជាំងព្រំដែនបន្ថែមទៀត។

គិតមកទល់ពេលនេះ ការសាងសង់ជញ្ជាំងព្រំដែន សម្រេចបានប្រមាណ១៦០ គីឡូម៉ែត្រហើយ ដែលគ្រោងនឹងសាងសង់រួចជាស្ថាពរនៅដើមឆ្នាំក្រោយ ឆ្នាំ ២០២១។

ការសាង់សង់ជញ្ជាំងព្រំដែន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍រវាងព្រំប្រទល់អាមេរិក-ម៉ិចស៊ិចកូ គឺជាការសន្យាមួយរបស់លោក ដូណាល់ ត្រាំ តាំងពីពេលឃោសនាបោះឆ្នោតក្លាយជាប្រធានាធិបតី ក្នុងឆ្នាំ ២០១៦។

ចំណែកឯយុទ្ធនាការឆ្នាំ២០២០ របស់លោកTrumpវិញ គឺលោកបានបង្ហាញនូវពាក្យស្លោកដែលមានចំណងជើងថា“ បញ្ចប់ជញ្ជាំង” នៅឯការជួបជុំលើកដំបូងរបស់គាត់​នៅឆ្នាំ ២០១៩ នៅទីក្រុង El Paso រដ្ឋ Texas ៕

រដ្ឋាភិបាលគ្រោងសាងសង់កំពង់ផែរណបទឹកសាបនៅខេត្តកំពង់ចាម

ដោយៈ រ៉ាណេត

កំពង់ចាមៈ រដ្ឋាភិបាលបានបង្ហាញពីគម្រោង នៃការសាងសង់កំពង់ផែតូចដែលជាផែរណបសម្រាប់បម្រើ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាការជួយសម្រួល និងបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលបានបង្ហាញពីគម្រោង នៃការបង្កើតកំពង់ផែខ្នាតតូចក្នុងនាមជាកំពង់ផែរណប ស្ថិតនៅច្រាំងទន្លេមេគង្គក្នុងទឹកដីខេត្តកំពង់ចាម។ នៅក្នុងជំនួបពិភាក្សាការងារលើគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាមួយនាយិកាទីភ្នាក់​ងារអភិវឌ្ឍន៍បារាំងប្រចាំនៅកម្ពុជាកាលពីពេលកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកមកថា រដ្ឋាភិបាលពិតជាមានគម្រោងសាងសង់កំពង់ផែ នៅខេត្តកំពង់ចាមប្រាកដមែន ហើយក៏ធ្លាប់បានបង្កើត គម្រោងសិក្សាទៅការសាងសង់ផងដែរ។

លោកបានបន្តទៀតថា “កាលពីពេលកន្លងទៅ តបទៅនឹងគោលបំណងនៃការសាងសង់កំពង់ផែរណបមួយនេះ ធ្លាប់មានអង្គការរបស់ប្រទេសកូរ៉េ KOICA ធ្វើការសិក្សា ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញ ដោយមិនទាន់មានលទ្ធផលនោះទេ”។ លោកបានបន្តថា “គ្រប់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលទាំងអស់ រាប់ទាំងផ្លូវថ្នល់ ស្ពាន និងកំពង់ផែនានានៅទូទាំងប្រទេស គឺសុទ្ធតែជួយជំរុញ និងសម្រួលដល់វិស័យដឹកជញ្ជូន ដែលជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ្នកជំនួញក៏ដូចជារដ្ឋាភិបាលផងដែរ”។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តកំពង់ចាម។ លោកបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ដែលជាការលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត។

លោកបន្តទៀតថា “បច្ចុប្បន្ននេះក៏ដូចជាកាលពីពេលកន្លងទៅ កប៉ាល់ទេសច​រណ៍ធំៗដែលមកពីប្រទេសវៀតណាម តែងតែមកចូលចត និងដឹកនាំភ្ញៀវទេសចរមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានានៅក្នុងខេត្តជាបន្តបន្ទាប់”។លោកបន្តថា “ប្រសិនបើគម្រោ​ងស្ថាបនាកំពង់ផែថ្មី ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង នឹងកាន់តែជួយសម្រួល និងផ្តល់ភាពល្អប្រសើរដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត”៕

ចំណេះដឹង! តើក្រសួងរអាចដកហូតព្យួរអាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្ម អចលនវត្ថុក្នុងករណីណាខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុទាំងអស់ ក្នុងគោលបំណងសម្រា​ប់លក់ឬជួលរយៈពេលវែងពី អ្នកអភិវឌ្ឍទត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួង ឬលិខិ​តអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។

នៅពេលធ្វើអាជីវកម្មអចលនវត្ថុមិនស្របតាមតាមច្បាប់ ឬលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ ក្រសួងឬមន្ទីរស្ថានប័ន មានសិទ្ធិអាចដកហូតឬព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

យោងតាមសេចក្តីប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួង ឬមន្ទីរ អាចដកហូត ឬព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ក្នុងករណីណាមួយដូចជា ទី១- ពុំបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារត្រឹមត្រូវ  និងលិខិតបទដ្ឋានផ្សេងៗទៀត  ដែលចេញដោយក្រសួង។ ទី២-អ្នកអភិវឌ្ឍអចលនវត្ថុខកខានមិនបានកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ។

ទី៣ អ្នកអភិវឌ្ឍអចលនវត្ថុខកខានមិនបានបង់ពន្ធប៉ាតង់ អាជីវកម្មអភិវឌ្ឍន៍អចល​នវត្ថុ និងមិនបានបំពេញកាតព្វកិច្ចពន្ធដារ ត្រឹមត្រូវតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញ​ត្តិពាក់ព័ន្ធ។ ទី៤អ្នកអភិវឌ្ឍអចលនវត្ថុអសាធនភាព ឬក្ស័យធន ឬប្រព្រឹត្តល្មើសក្នុងការធ្វើអាជីវកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ទី៥ លទ្ធផលសវនកម្មបង្ហាញឱ្យឃើញថា មានភាពខុសគ្នាពាក់ព័ន្ធ និងរបាយការណ៍ប្រចាំខែ និងរបាយការណ៍ប្រចាំត្រីមាស។

ទី៦ ពុំបានអនុវត្តគម្រោងក្នុងរយៈពេល ៣ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។ ទី៧ ពុំបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យាលក់-ទិញឱ្យបានចប់សព្វគ្រប់។ ទី៨ ខកខានមិនបានផ្តល់របាយការណ៍ឱ្យបានទៀងទាត់តាមការកំណត់។ និងទី៩ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬប្រព្រឹត្តបទល្មើសហិរញ្ញប្បទានភេរកម្ម និងការលាងសម្អាតប្រាក់ ឬអំពើមិនស្របច្បាប់ណាមួយ ដែលមានភស្តុតាងច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច៕

CREAនឹងពង្រឹងធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ

ដោយគង់ សូរិយា

         ភ្នំពេញៈ លោកស្រីចេវ សុឃុនប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានអះអាងថា សមាគមនឹងបន្តចែករំលែកចំណេះដឹង ដើម្បីពង្រឹងនិងពង្រីកវិស័យអចលនទ្រព្យកាន់តែល្អប្រសើរ។

          លោកស្រីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា ដើម្បីពង្រឹ​ងនិងពង្រីកវិស័យអចលវទ្រព្យឲ្យកាន់តែល្អប្រសើរ ​និងមានតម្លាភាពសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាដើរតួនាទីសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យ លើកស្ទួយការងារវិជ្ជាជីវៈបណ្ដុះបណ្ដាល អ្នកអចលនទ្រព្យនៅកម្ពុជាអោយកាន់តែប្រសើរឡើង។

លោកស្រីបន្តថា ជាមួយគ្នានេះ សមាគមនឹងធ្វើការអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុតាម(សេចក្តីប្រកាស​របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតំលៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ លេខ៧៦០ សហវ ប្រក) ។

លោកស្រីក៏បានចែករំលែកពី អត្ថប្រយោជន៍ក្នុងការចូលជាសមាជិកសមាគមជាច្រើនផងដែរដូចជា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈអចលវត្ថុ។ ការពង្រឹងក្រមសីលធ៌មអាជីវកម្ម។ ការចែករំលែកចំណេះដឹង និងព័ត៌មាន។ កិច្ចសហប្រតិបត្តិការអាជីវកម្ម/ ជំនួញ តាមរយៈកិច្ចសន្យានៃការលក់គម្រោងនានា។ ការបញ្ជូនអតិថិជន ការផ្សព្វផ្សាយ​ពាណិជ្ជកម្មរួមគ្នា។ ការតស៊ូមតិដើម្បីការពារផលប្រយោជន៍សមាជិក។

លោកស្រីបន្តថា លើសពីនេះសមាជិក នឹងទទួលបានការសម្របសម្រួ​លស៊ើបអង្កេតវិវាទកម្មរបស់សមាជិក ស.ជ.អ.ក CREA ជាមួយភាគីទី៣តាមការស្នើសុំនិងការចូលរួមសកម្មភាពសង្គម និងសេវាកម្មផ្សេងៗដែលសមាគមផ្តល់ជូន៕