សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការនៅផ្លូវជាតិ លេខ៥៨នៅចុងខែកុម្ភៈនេះ

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាសម្ពោធផ្លូវជាតិលេខ ៥៨ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនថៃ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្តោតលើរបៀបវារៈត្រៀមរៀបចំ ពិធីសម្ពោធផ្លូវលេខ៥៨  ខណៈផ្លូវនេះ បានស្ថាបនាចប់សព្វគ្រប់១០០ភាគរយ។

ផ្លូវជាតិលេខ៥៨ នេះជាប្រភេទផ្លូវDBST ដែលមានប្រវែងសរុបចំនួន១៧៤ គីឡូ​ម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាបានអះអាងថា កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។ ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ថែមទៀតរបស់ប្រទេសជាតិ៕

ក្រសួងរៀបចំដែនដីបង្កើនការផ្សព្វផ្សាយពីច្បាប់សំណង់ដើម្បីពង្រឹងវិស័យនេះ

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំវគ្គផ្សព្វផ្សាយស្ដីពីច្បាប់សំណង់លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ  ក្រោមអធិបតីភាព លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះឱ្យដឹងថា ដើម្បីផ្តល់លទ្ធភាពជូនស្ថាបត្យករចុះបញ្ជី និវិស្វករចុះបញ្ជីឱ្យបំពេញគ្រប់លក្ខខណ្ឌ ដែលមានកំណត់ក្នុងច្បាប់ និងអាចប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ប្រកបដោយប្រសិទ្ធិភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរៀបចំវគ្គផ្សព្វផ្សាយស្ដីពី ច្បាប់សំណង់លើកទី២ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ។

សេចក្តីជូនដំណឹងដដែលបន្តថា វគ្គផ្សព្វផ្សាយស្ដីពីច្បាប់សំណង់លើកទី២ នៅសប្តាហ៍ក្រោយនេះ នឹងឧទ្ទេសនាមដោយលោកបណ្ឌិតថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងច្បាប់នៃក្រសួងរៀប​ចំដែនដីនគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់វគ្គផ្សព្វផ្សាយ។ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជាឯកសារចាចំាបាច់សម្រាប់ស្ថាបត្យករចុះបញ្ជី និងវិស្វករចុះបញ្ជីក្នុងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានអំពាវដល់ ស្ថាត្យករចុះបញ្ជី និងវិស្វករចុះបញ្ជី ដែលមានជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនីចូលរួមជាសិក្ខាកាមក្នុងវគ្គផ្សព្វផ្សាយខាងលើកុំបីខាន៕

ប្រធានCVEA: ស្ថានភាពអចលនទ្រព្យគ្មានសញ្ញាគួរឲ្យបារម្ភនោះទេ អ្នកវិនិយោគ គួរតែចាប់ផ្តើមឡើងវិញ

ដោយគង់ សូរិយា

         ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានថ្លែងថា ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ។

          លោកច្រឹក សុខនីមប្រធានសមាគមនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ កុម្ភៈនេះថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិយោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ហេតុនេះ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ។

លោកបន្តថា “ប្រសិនជាកម្ពុជាបាត់បង់ប្រព័ន្ឋអនុគ្រោះពន្ឋEBA នឹងមានអ្វីមកជំនួស តាមរយៈការកាត់បន្ថយពន្ឋ ការបើកទូលាយលើការវិនិយោគ ការកាត់បន្ថយការចំណាយក្រៅផ្លូវការ”។ លោកបន្តថា “ការងារដែលត្រូវធ្វើបន្តទៀត គឺរដ្ឋាភិបាលគួរកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនផលិតភាពតាមរយៈការបណ្តុះបណ្តាលបុគ្គលិក នៅតាមស្ថាប័ននានា ដោយសារកំលាំងផលិតភាពនៅកម្ពុជាស្ថិតនៅមានកម្រិត”។

ទុនវិនិយោគក្នុងវិស័យសំណង់់កម្ពុជា បានទទួលលំហូរទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិចំនួនជាង១១ពាន់លានដុល្លារអាមេរិក កើនឡើងជាងប្រមាណ៨០ភាគរយ ធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕

លោកបាន គីមូនៈកម្ពុជាអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ

ដោយប៊ី

ភ្នំពេញៈ លោកបាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងប្រាប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថា កម្ពុជាគឺជាសមាជិកមួយនៃអាស៊ាន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ ស្របពេលនៅឆ្នាំ ២០២០ ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្នជាប្រធានវិទ្យាស្ថានកំ​ណើ​នបៃតង។

លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ក្នុងជំនួបនេះ លោកបាន គីមូន  បានមានប្រសាសន៍ថា ឯកឧត្ដមពិតជារីករាយដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត។ លោកបានគូសបញ្ជាក់ផងដែរថា គាត់តែងតែគោរពការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពីគាត់ធ្វើជារដ្ឋមន្ត្រីការបរទេសរបស់កូរ៉េ រហូតដល់គាត់ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោកបន្តថា លោកក៏ដូចជា រដ្ឋាភិបាលកូរ៉េមានការរីករាយ ដែលឃើញភាពរីកចម្រើន ក៏ដូចជាការនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ។លោកបានថ្លែងថា “កម្ពុជា គឺជាសមាជិកមួយនៃអាស៊ាន ដែលអាចបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនៅឧបទ្វីបកូរ៉េនេះ ហើយដោយសារនៅឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ”។

លោកបានឱ្យដឹងថា “ដូច្នេះកម្ពុជានឹងជួយជំរុញការងារសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា លោកពិតជាចង់ឃើញកម្ពុជា បន្តជំរុញការគាំទ្រដល់ការងារបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលដោយចីរភាព ជាពិសេសក្នុងការប្រើថាមពលដែលមានលក្ខណៈបៃតង”។

ក្នុងន័យនេះលោកបាន គីមូនបានបញ្ជាក់ថា កម្ពុជា និងបណ្ដាប្រទេសអាស៊ានអាចធ្វើការងារជាច្រើនផងដែរ។

សម្ដេចតេជោក៏បានបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ពាក់ព័ន្ធការនាំចេញ ជាពិសេសពាក់ព័ន្ធទៅនឹងការនាំចេញផលិតផលកសិកម្ម ពីកម្ពុជាមកទីផ្សារកូរ៉េ។ សម្ដេចតេជោក៏បានស្នើលោកបាន គីមូន ឱ្យចាត់មន្ត្រីជំនាញពីវិទ្យាស្ថានកំណើនបៃតង ដើម្បីទៅជួយដល់ប្រទេសកម្ពុជា ជាពិសេសធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាឆាប់ទទួលបាននូវសេដ្ឋកិច្ចបៃតងនេះ៕

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងយល់ព្រមសហការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា​​​(Agence Française de Développement) បានយល់ព្រមទៅលើកិច្ចសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីបានចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកស្រី Ophelle BOURHIS នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានយល់ព្រមគាំទ្រ ទៅលើកិច្ចសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។

នៅក្នុងកិច្ចជំនួបខាងលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួនរួមមាន គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។

លើសពីនេះទៀត លោកក៏បានជម្រាបជូនផងដែរ អំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជា ដែលអាចទាក់ទាញការវិនិ​យោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពផ្តល់ ការគំាទ្រផ្នែកហិរញ្ញវត្ថុ លើយុទ្ធនាការផ្សព្វផ្សាយសាធារណៈ អំពីគ្រោះថ្នាក់ចរាចរណ៍ ផលលំបាកនិងការ ខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាការឆ្លើយតបលោកស្រីនាយិកា បានកត់សម្គាល់លើសំណើនានារបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងសន្យាសហការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់កម្ពុជា៕

បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចជំរុញឲ្យមានការគាំទ្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ត្រូវកសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ នេះបើយោងតាមលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្តរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម​និងសិប្បកម្ម។

ការលើកឡើងបែបនេះដោយ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រី្តរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលបានដឹកនាំគណ:ប្រតិភូ ក្រសួងចូលរួ​មកិច្ចប្រជុំពិភាក្សាកំរិតអនុតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពីបណ្ឌិតសភាជាតិវិស័យវិទ្យាសាស្ត្រ ក្នុងប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ដើម្បីគាំទ្ររបៀបវារៈឆ្នាំ២០៣០។ កិច្ចប្រជុំនេះបានប្រារព្វធ្វើនៅមជ្ឈ​មណ្ឌលសន្និសីទនៃអង្គការសហប្រជាជាតិ (UNCC )នៅទីក្រុងបាងកកប្រទេសថៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែ កុម្ភៈ ឆ្នាំ២០២០ ។

លោកបន្តថា “ប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច បច្ចុប្បន្នត្រូវគេប៉ាន់ស្មានថា នឹងកើនឡើងទ្វេដងដល់១.៩ពាន់លាននាក់ នៅឆ្នាំ២០៥០”។ លោកបន្តថា “ជាមួយនិងចំនួនយុវជនកើនឡើងបន្ថែមប្រមាណ ៦៣០ លាននាក់ (ស្មើនឹងប្រហែល១ភាគ៣នៃចំនួនប្រជាជនLDCs ដែលបានប៉ាន់ប្រមាណនៅឆ្នាំ ២០៥០)នឹងបានចូលទីផ្សារការងារ ដោយមិនបានបង្កើនសមត្ថភាព ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)”។

លោកចម ប្រសិទ្ធ បានឱ្យដឹងថា “ប្រសិនបើមិនប្រញ៉ាប់ប្រញ៉ាល់ កសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានទាន់ពេលវេលានោះទេ គោលដៅនៃការលប់បំបាត់ភាពក្រីក្រ ដែលកំពុងរីករាលដាល ការបំបាត់ឧបសគ្គរចនាសម្ព័ន្ធអន់ថយ និងការធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងរបៀបវារ:សម្រាប់ឆ្នាំ ២០៣០ នៅតែជាសុបិន្ត ដ៏វែងឆ្ងាយសម្រាប់ប្រជាជនក្រីក្ររាប់លាននាក់”។

យោងតាមតួរលេខនាពេលថ្មីៗនេះ យើងទទួលស្គាល់ថា ចំណែកទីផ្សារនាំចេញពិភពលោកនៃប្រទេសក្រីក្រ នៅមានកំរិតទាបនៅឡើយគឺក្រោម២%។ ដូច្នេះពិភពលោ​កត្រូវបន្ថែមសកម្មភាព ដើម្បីជម្រុញចំណែកទីផ្សារ នៃប្រទេសក្រីក្រអាចនាំចេញក្នុងករិត២ដងបន្ថែម ទៀតជាមួយដៃគូរបស់ខ្លួន”។

ការចូលក្នុងទីផ្សារ និងការបង្កើត ថ្មីក៏ដូចជាការកិច្ចសម្រួលរបាំងពាណិជ្ជកម្ម ពិតជានឹងជួយLDCs ឱ្យចូលរួមក្នុងសេដ្ឋកិច្ចកាន់តែរស់រវើកថែមទៀត តាមរយ:ការទាក់ទាញការវិនិយោគ និងលើកកំពស់អាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ តាមរយ:ឧស្សាហូបនីយកម្មប្រកបដោយចិរភាពសម្រាប់វឌ្ឍនភាពរួមគ្នា។

ចំពេលកំណើនសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស វាត្រូវបានគេយល់ច្បាស់ថាបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅតែត្រូវការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងខ្លាំង ឆ្ពោះទៅការសម្រេចរបៀបវារៈឆ្នាំ២០៣០របស់ពួកគេ។ ម៉្យាងទៀតក្រុមប្រទេ​សLDCs នឹងត្រូវត្រៀមខ្លួនជាស្រេចធន់ និងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកា​សធាតុ ខណ:ដែលទទួលបានមូលដ្ឋានគ្រឹះនៃជីវិត តាមរយ:កំណើនប្រកបដោយចិរភាពនិងបរិយាប័ន្ន នៅក្នុងនោះ។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា “ការកសាងសមត្ថភាពផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រទេសក្រីក្រ ដើម្បីសម្រេចបានរបៀបវីរ:ឆ្នាំ២០៣០”។

លោកបន្ថែមថា ដូច្នេះកិច្ចពិភាក្សាថ្នាក់អនុតំបន់នាថ្ងៃនេះ ជាឱកាសដ៏ធំសម្រាប់យើងទាំងអស់គ្នា ដើម្បីផ្លាស់ប្ដូរយោបល់ពីតួនាទី នៃវិស័យវិទ្យាសាស្ត្រក្នុងរបៀបវីរ:អភិ​    វឌ្ឍន៍ប្រកបដោយចិរភាព ក្នុងតំបន់និងពិភពលោក ការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់ និងជាតិ នៃការចូលរួមរបស់បណ្ឌិតសភា ក្នុងរបៀបវីរ:អភិវឌ្ឍន៍ប្រកបដោយចិរភាពជាតិនិងកំណត់ប្រទេសសាកល្បង សម្រាប់គាំទ្រក្នុងការបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រ និងពង្រឹងបណ្ឌិត សភាវិទ្យាសាស្ត្រដែលមានស្រាប់៕

រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំតំបន់អភិវឌ្ឍមណ្ឌលកម្សាន្តមនុស្សពេញវ័យ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្តមនុស្សពេញវ័យ ខណៈក្នុងរយ:ពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការរីកចម្រើន ប្រកបដោយស្តង់ដារខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសំរាប់ភ្ញៀវទេសចរណ៍ ។

លោម តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្តមនុស្សពេញវ័យ នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០នេះឱ្យដឹងថា ការរៀបចំការកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍សំរាប់មនុស្សពេញវ័យតបតាមការណែនាំអនុក្រឹត និងការប្រកាស វាមានសារ:ប្រយោជន៍ដល់វិស័យឯកជន និងចូលរួមការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផងដែរ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត រកទីតាំងឬហ្សូនដើម្បីរៀបចំមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ពិសេសត្រូវស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ឈានទៅចេញជាគោលការណ៍ ប្រមូលផ្តុំដើម្បីកាត់បន្ថយផលប៉ះពាល់ ធានាបានសន្តិសុខ សុវត្ថិភាពសាធារណជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ។

ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍ ជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជា តំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕

មន្ត្រីជំនាញរបស់កូរ៉េ នឹងមកជួយរដ្ឋាភិបាលលើផ្នែក E-Government នៅកម្ពុជា

ដោយ ៖ រ៉ាណេត
កូរ៉េ ៖ តបតាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីជំនាញរបស់រដ្ឋាភិបាលកូរ៉េ នឹងមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ និងការរៀបចំផែនការមេលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ E-Government ។

មុនពេលចាកចេញពីប្រទេសកូរ៉េ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេច តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ ដោយបានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ E-Government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត ។

លោកសាស្រ្តាចារ្យ បានលើកឡើងពីបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេស គឺខាងការិយាល័យ E-Government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ E-Government ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ E-Government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកសាស្ត្រចារ្យ បានមានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េបានអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ។ លោកសាស្ត្រាចារ្យបន្ថែមទៀតដែលថា នៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT នេះ ហើយក្រោយពីការសិក្សានិងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាពាក់ព័ន្ធនឹង E-Government នេះក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ E-Government ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យភាគីកូរ៉េ ចែករំលែកបទពិសោធន៍ជាក់លាក់ពាក់ព័ន្ធនឹង E-Government នេះជាមួយកម្ពុជា ដោយស្នើឱ្យលោក Anh Moon Suk មកកម្ពុជាផ្ទាល់ ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ E-Government ផងដែរ។

សម្តេច បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹង E-Government នេះ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំហើយ ហើយអ្វីដែលសម្ដេចចង់បាននោះគឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង E-Government ពីកូរ៉េដល់ប្រទេសកម្ពុជា ហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេ ឬផែនទីចង្អុលផ្លូវពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកនេះ៕

អ្នកជំនាញ ៖ ការផ្គត់ផ្គង់ផ្សារទំនើបកើនឡើងខ្ពស់ធៀបនឹងតម្រូវការនៅមានកម្រិត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងកំណើននៃការផ្គត់ផ្គង់លើវិស័យផ្សារទំនើបគ្រប់ប្រភេទកាន់តែមានការកើនឡើងច្រើន ជាពិសេសនៅក្នុងតំបន់រាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញអះអាងថា ក្នុងឆ្នាំ២០២០ អត្រាកើនឡើងនៃវិស័យមួយនេះមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្ដែង។

តាមការព្យាករណ៍ ដែលសិក្សាដោយក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០២០នេះ កំណើនផ្សារទំនើបគ្រប់ប្រភេទនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់រាជធានីភ្នំពេញ នឹងមានកំណើនកាន់តែច្រើនខណៈដែលគម្រោងចំនួន២០ផ្សេងទៀត ស្មើប្រមាណ ២៦១ ៧៤៦ ម៉ែត្រការ៉េ នឹងត្រូវបានបញ្ចប់ការសាងសង់ ដើម្បីដាក់បញ្ចូលនៅក្នុងទីផ្សារ។

នៅក្នុងចំណោមផ្សារទំនើបទាំង២០ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០នេះ ភាគច្រើនផ្គត់ផ្គង់ទៅលើប្រភេទផ្សារសហគមន៍ និងកន្លែងលក់រាយ ដែលគ្រោងនឹងចែកចាយក្នុងទំហំ ១៤៤ ៧៤៦ ម៉ែត្រការ៉េ តាមរយៈសហគមន៍ផ្សារចំនួន១១ និងគម្រោងលក់រាយចំនួន៥។ ដោយឡែកប្រភេទផ្សារទំនើបធំៗចំនួន៤គម្រោង មានទំហំជាង១១៧,០០០ ម៉ែត្រការ៉េ គ្រោងនឹងបញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំក្រោយ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់កាល់ពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា សម្រាប់ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ផ្សារទំនើបនឹងកើនឡើង ខណៈដែលតម្រូវការហាក់មានកម្រិត។ លោកស្រីបានបន្តថា “ដោយសារតែមានការបន្សល់ទុកគម្រោងកាលពីឆ្នាំចាស់ ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ នឹងមានកំណើននៃការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ប្រភេទនឹងមានការកើនឡើង ប៉ុន្តែមិនមែនកម្រិតអន្តរជាតិនោះទេ ពោលគឺភាគច្រើនជាប្រភេទផ្សារទំនើបបែបសហគមន៍ ។

លោកស្រី អាន សុធីតា បានបន្តទៀតថា “ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ក្នុងពេលរួមគ្នានេះ ភាពប្រឈមនឹងកើតមាន ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង តម្រូវឱ្យអ្នកអភិវឌ្ឍន៍រៀបចំផែនការយុទ្ធសាស្ត្រនៃគ្រប់គ្រងតម្លៃលក់-ជួល រៀបចំប្រព័ន្ធគ្រប់គ្រងទូទៅ ក៏ដូចជាការរៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធផ្សារទំនើបរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីស្រូបយកអតថិជន ស្របពេលដែលសម្ពាធនៃទីផ្សារ Online ក៏ជាបញ្ហាមួយដែលកំពុងតែបោកផ្ទប់ផងដែរ”។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ បានបង្ហាញពីក្ដីសាទរចំពោះភាពរីកចម្រើននៃវិស័យផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា “ជាក់ស្ដែងកំណើនផ្សារទំនើបគឺមានការកើនឡើងច្រើន ប៉ុន្តែកម្លាំងនៃការបញ្ជារទិញគឺនៅមានកម្រិត ដែលភាគច្រើនអ្នកដែលទៅកាន់ផ្សារទំនើបគឺក្នុងគោលបំណងកម្សាន្តច្រើនជាងការទិញសម្ភារៈ និងទំនិញប្រើប្រាស់ផ្សេងៗ”។

លោកបានបន្តទៀតថា “ធាតុពិតនៃការវិនិយោគទៅលើផ្សារទំនើប អ្នកអភិវឌ្ឍន៍គេមិនរំពឹងទទួលបានផលប្រយោជន៍ក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគេមានចក្ខុវិស័យច្បាស់លាស់ក្នុងរយៈពេលយូរជាមួយនឹងការរៀបចំយុទ្ធសាស្ត្រវែងឆ្ងាយ”។ លោកបានបន្តថា “កំណើននៃផ្សារទំនើបនៅពេលបច្ចុប្បន្ននេះ គឺជារឿងល្អនៅពេលអនាគត ដោយសារការរស់នៅរបស់មនុស្សតែងមានការអភិវឌ្ឍទៅរកភាពទំនើប ល្អ ស្អាត និងទាន់សម័យ។ នៅពេលមានផ្សារទំនើបកាន់តែច្រើន វានឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាអតិថិជន ក្នុងសម្រេចចិត្តទទួលយកសេវាកម្ម ហើយអ្នកអភិវឌ្ឍន៍ក៏កាន់តែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើដំណើរការពាណិជ្ជកម្មរបស់ខ្លួនផងដែរ”៕

លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា សម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាកាលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ដោយលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កន្លងមកនេះឱ្យដឹងថា សមាសភាពគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុមាន ៣៦រូប ដោយក្នុងនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើជាប្រធាន។

សេចក្តីសម្រេចដដែលបន្តថា គណៈកម្មកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេសមុទ្រកម្ពុជា ខេត្តព្រះសីហនុ មានតួនាទី និងភាកិច្ច ដូចខាងក្រោម៖

១) រៀបចំផែនការសកម្មភាព កម្មវិធីការងារ និងគម្រោងផ្សេងៗ ដែលទាក់ទងនឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ និងបញ្ជូនមក គ.អ.ឆ.ក ដើម្បីធ្វើសមាហរណកម្មជាមួយខេត្តផ្សេងទៀតនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

២) គ្រប់គ្រង អភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុឱ្យចីរភាព និងសមធម៌ សក្តិសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

២)ពិនិត្យតាមដានសកម្មភាពនានាដែលកើតមាននៅតំបន់ឆ្នេរ និងចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់រាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។

៣) ចូលរួមពិនិត្យ និងផ្តល់យោបល់ជូន មក គ.អ.ឆ.ក នៅពេលមានសំណូមពរពី គ.អ.ឆ.កចំពោះសំណើសុំវិនិយោគពាក់ព័ន្ធលើឆ្នេសមុទ្រ និងចំណីឆ្នេរសមុទ្រ តំបន់រណប កោះ ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលភ្ជាប់ទៅនឹងសមុទ្រ និងផ្ទៃទឹកដែលនៅជាប់នឹងឆ្នេរសមុទ្រខេត្តព្រះសីហនុ។

៤) ធ្វើជាសេនាធិការឱ្យ គ.អ.ឆ.ក ក្នុងការពិនិត្យ តាមដាន និងសម្របសម្រួលរាល់សកម្មភាពដែលកំពុងអនុវត្ត គ្រោងនឹងអភិវឌ្ឍរបស់ក្រសួង សា្ថប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលនានា និងផ្នែកឯកជនដែលមាននៅតាមតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដើម្បីឱ្យការងារមានភាពរលូន ប្រកបដោយប្រសិទ្ធិភាព និងធានបាននូវនិរន្តរភាព ។

និងធ្វើជាសេនាធិការឱ្យ គ.អ.ឆ.ក ក្នុងការបញ្រ្ជាបការយល់ដឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យយល់ដឹងពីការអភិវឌ្ឍតំបន់ឆ្នេរខេត្តព្រះសីហនុ ជាដើម។ល៕