ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឈរក្នុងលំដាប់ទី១

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសចិនឈរក្នុងលំដាប់ទី១ ដែលបានចាក់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទុនវិនិយោគរបស់ចិនមានប្រមាណជាង ១ ពាន់ប៊ីលានរៀល នៅក្នុងចំណោមប្រទេសធំៗចំនួន៤ផ្សេងទៀត ដែលកំពុងវិនិយោគលើវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីដើមខែនេះ។

របាយការណ៍ បានឱ្យដឹងថា “ពាក់ព័ន្ធលំហូរចូលទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនោះ ចិនមានទុនវិនិយោគជាង ១ ពាន់ប៊ីលានរៀល ដោយឈរក្នុងលំដាប់ទី១,សិង្ហបុរី ចំនួន ២៧១ប៊ីលានរៀល ឈរក្នុងលំដាប់ទី២, អាមេរិកជាង ២១៤ ប៊ីលានរៀល ឈរក្នុងលំដាប់ទី៣, កូរ៉េខាងត្បូងចំនួន ១០៩ ប៊ីលានរៀល, ជប៉ុន ៦២ ប៊ីលានរៀល និងប្រទេសផ្សេងៗទៀតប្រមាណជាង ៧៨ ប៊ីលានរៀល”។

លោកលោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ជារួម ចិនបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះពួកគេដឹងពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបានថ្លែងថា “បញ្ហាប្រឈមបច្ចុប្បន្នគឺជាបញ្ហារយៈពេលខ្លី ហើយនៅពេល អ្វីៗត្រឡប់មករកសភាពធម្មតាឡើងវិញ វិស័យអចលនទ្រព្យនៅកម្ពុជានឹងកំណើនកាន់តែខ្លាំងជាងមុនទៅទៀត។

លោកបានបន្តថា “ការងើបឡើងវិញសេដ្ឋកិច្ចចិន គឺជារឿងល្អមួយសម្រាប់អចលនទ្រព្យនៅកម្ពុជា ព្រោះគាត់នឹងមកបន្តការវិនិយោគនៅកម្ពុជា” ។

ធនាគារជាតិ នៃកម្ពុជា បានបង្ហាញអំពីទូរលេខ នៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បើតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ឆ្នាំ២០១៩ ក្នុងនោះ តាមការប៉ាន់ស្មានតាមប្រព័ន្ធរាយការណ៍អំពីប្រតិបត្តិការអន្តរជាតិ របស់ធនាគារជាតិ នៃកម្ពុជា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យ (រួមបញ្ចូលនៅគ្រប់អចលទ្រព្យនិងខុនដូរ) នៅក្នុងឆ្នាំ២០១៩ មានទុនវិនិយោគ ១៧៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៣៧ លានដុល្លារអាមេរិក និងការវិនិយោគជាដើមទុននៅកម្ពុជា មានចំនួនជាង ១៤ ពាន់ប៊ីលានរៀល ពោល គឺបានកើនឡើងខ្ពស់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ជុំវិញបញ្ហាអភិវឌ្ឍន៍វិស័យអចលនទ្រព្យនេះ គឺស្ថិតនៅក្រោមជំនួយបច្ចេកទេសមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយធនាគារជាតិ នៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មលើទម្រង់របាយការណ៍ ប្រមូលព័ត៌មាន ស្តីពីវឌ្ឍនភាពវិស័យអចលនទ្រព្យ ក្នុងគោលដៅលើកប្រសិទ្ធភាពរបាយការណ៍ គុណភាពទិន្នន័យ និងសូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ។
សូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ នឹងផ្តល់ព័ត៌មានសំខាន់ៗស្តីពីវឌ្ឍនភាព និងទិដ្ឋភាពនៃទីផ្សារអចលនវត្ថុ ដែលនឹងជួយដល់ធនាគារជាតិនៃកម្ពុជា ដូចជា គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនិងអចលនទ្រព្យនៅកម្ពុជា៕

រដ្ឋាភិបាលមិនទាន់មានផែនការឱ្យបើកសេវាកម្មកម្សាន្តនៅឡើយទេ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសុខាភិបាលមិនទាន់មានផែនការដាក់ឱ្យដំណើរការអាជីវកម្ម KTV និងអាជីវកម្មមួយចំនួនទៀត ដែលត្រូវបានរដ្ឋាភិបាលបានប្រកាសបិទកាលពីកន្លងមកនេះនៅឡើយទេ ខណៈ អត្រានៃការឆ្លងនូវជំងឺកូវីដ ១៩ ថ្មី នៅកម្ពុជាមិនមានយ៉ាងណាក្តី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជានាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះ ឱ្យដឹង ថា ទោះបីកម្ពុជាបានត្រួតត្រា និងគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងមកនេះ បានយ៉ាងណាក្តី តែអត្រានៃការឆ្លងគឺនៅតែមាន ខណៈនៅលើពិភបលោកនៅតែមាន ដូច្នេះ កម្ពុជាមិនទាន់អនុញ្ញាតឱ្យកន្លែងកម្សាន្ត KTV បើកដំណើរការវិញនោះទេ។

ជាមួយគ្នានេះ លោក ម៉ម ប៊ុន ហេង ស្នើឱ្យពលរដ្ឋរៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ លោករដ្ឋមន្ត្រីរូបនេះថ្លែងថា “វាមិនបញ្ហាចោទប៉ុន្មានទេ ចាំបន្តិចទៅ ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ”។

លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងដែរថា ការដែលបិទអាជីវកម្មនីមួយៗ គឺជាការសម្រេចចិត្តដ៏លំបាក មិនមែនជាការងាយស្រួលនោះទេ ទាំងម្ចាស់អាជីវកម្ម ទាំងរដ្ឋាភិបាល និងបុគ្គលផ្សេងៗទៀត។

លោកស្រីបន្តថា ជំងឺកូវីដ ១៩ នេះ គឺជាជំងឺប្រភេទថ្មី ដែលអាចងាយនឹងឆ្លង ព្រោះមេរោគនៃជំងឺកូវីដ១៩នេះ វាអាចទំលើវត្ថុ និងទីតាំងដែលគ្មានខ្យល់ចេញចូល ជាពិសេសកន្លែងប្រមូលផ្តុំ ដូចជាKTV ជាដើម។ លោកស្រី Li Ailan បន្ថែមថា ក្នុងករណីរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការវិញនោះ គឺត្រូវធ្វើឡើងមួយជំហានម្ដងៗ ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕

គម្រោងផ្លូវដែកតម្លៃជិត ៦ពាន់លានដុល្លារ តភ្ជាប់ពីឡាវទៅចិន គ្រោងដាក់ដំណើរការនៅចុងឆ្នាំ ២០២១

ដោយ ហ្សូលី

វៀងចន្ទ៖ គម្រោងផ្លូវដែកប្រវែង ៤១៤ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងប្រទេសឡាវ និងជាគម្រោងមួួយក្នុងចំនោមគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការស្ថាបនាឡើងវិញម្តងទៀត បន្ទាប់ពីផ្អាកមួយរយៈដោយសារការវាយលុកនៃជំងឺ Covid-19។

គំនិតផ្តួចផ្តើមនៃគម្រោងផ្លូវដែកនេះមិនមែនមានត្រឹមតែផ្លូវដែកមួយមុខនោះទេ ប៉ុន្តែមានរូងផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានប្រវែង ៦២ គីឡូម៉ែត្រ ដែលធ្វើដំណើរចាប់ពីភាគខាងជើងប្រទេសឡាវទៅដល់ព្រំដែនប្រទេសចិន។ ប្រតិបត្តិការល្បឿននៃគម្រោងទាំងនោះមានចំនួន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវដែកឡាវ-ចិន គ្រោងចំណាយថវិកាប្រមាណជិត ៦ពាន់លានដុល្លារ ក្នុងនោះថវិកា ១២ភាគរយ ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលឡាវ ២៨ភាគរយ គឺជាជំនួយរបស់រដ្ឋាភិបាលចិន សល់ ៦០ ភាគរយទៀត គឺជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។ ទន្ទឹមនេះ គម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលើគ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១ ប៉ុន្តែដោយសារការរអាក់រអួលសាងសង់ ដូច្នេះមិនទាន់មានការបញ្ជាក់ឬផ្លាស់ប្តូរពេលវេលាជាក់លាក់នៅឡើយ។

លោក Huang Hong ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន China Railway Group Limited បានថ្លែងប្រាប់សារព័ត៌មាន Xinhua ថា កម្លាំងស្នូលនៃគម្រោងសាងសង់ផ្លូវដែកនេះបានចាប់ផ្តើមការងារនៅភ្នំភាគខាងជើងប្រទេសឡាវ ១០០ ភាគរយហើយ។

លោកបន្តថា ដោយសារតែការរាតត្បាតនៃមេរោគ Covid-19 បានបណ្តាលឱ្យមានផលប៉ះពាល់ទៅដំណើរការសាងសង់ ប៉ុន្តែយ៉ាងណាក៏ក្រុមការងារព្យាយាមថែរក្សាសុខភាព ការពារការឆ្លងឱ្យបានល្អបំផុត និងកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាព។

គម្រោងផ្លូវដែកចិន-ឡាវនេះ គឺជាយុទ្ធសាស្រ្តក្នុងការចងសម្ព័ន្ធភាពរវាងប្រទេសក្នុងតំបន់អាស៊ី និងជាយុទ្ធសាស្រ្តរបស់ប្រទេសឡាវដែលប្តូរពីប្រទេសដាច់ដោយឡែកទៅជាប្រទេសភ្ជាប់បណ្តាញ។ ក្រុមហ៊ុន Lao-China Railway Co,.Ltd គឺជាក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ហើយសព្វថ្ងៃនេះបានកំពុងប្រតិបត្តិការការងារលើគម្រោងនេះដោយមានការគាំទ្រពីក្រុមហ៊ុន China Railway Group Limited៕ Xinhua

រាជរដ្ឋាភិបាលបន្តជួយសម្របសម្រួលបញ្ចុះតម្លៃប្រេងនៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
បានបន្តសម្របសម្រួលក្នុងការជួយបញ្ចុះតម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសក្នុងរយៈពេល១៥ថ្ងៃបន្តទៀត ដោយរាប់ចាប់គិតពីថ្ងៃទី១-១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្មស្ដីពីការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយនៅតាមបណ្តាស្ថានីយ៍ចែកចាយនៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះបានបញ្ជាក់ថារដ្ឋាភិបាលបានជួយសម្រួលទម្លាក់តម្លៃប្រេងប្រមាណ៤សេនដុល្លារក្នុងមួយលីត្រ ស្មើនឹងប្រមាណ១៦០រៀល។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា សម្រាប់ការចែកចាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានាទូទាំងប្រទេសត្រូវបានកំណត់ចាប់ពីថ្ងៃទី១-១៥ ខែឧសភា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,១៥០រៀលក្នុង១លីត្រ៕

អង្គការសុខភាពពិភពលោក ៖ ការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ Covid-19 នៅត្រូវការរយៈពេលយូរទៀត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោកបានអះអាងថា ការបង្កើតវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលកំពុងតែរាតត្បាតនៅលើសាកលលោកនៅពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលសិក្សា និងពិសោធន៍ជាជំហាននៅឡើយ ដោយវាត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីអាចសម្រេចបានភាពជោគជ័យក្នុងការបង្កើត និងផលិតជាផ្លូវការ។

មន្ត្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Li Ailan បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាលថា រហូតមកដល់ពេលនេះ ការធ្វើពិសោធន៍ទៅលើការផលិតវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺឆ្លង Covid-19 នៅឡើយនោះទេ ដែលវាត្រូវការពេលវេលាជាច្រើនខែទៀត។

លោកស្រីបានមានប្រសាសន៍ថា “រហូតមកដល់ថ្ងៃនេះ អង្គការសុខភាពពិភពលោកកំពុងតែធ្វើការសម្របសម្រួលជាមួយបណ្តាប្រទេសផ្សេងៗដែលជាសមាជិកក្នុងកិច្ចការងារសាកល្បងបែបសាមគ្គីរួមគ្នាដែលធ្វើការពិសោធន៍ទៅលើការបង្កើតថ្នាំវ៉ាក់សាំង និងថ្នាំព្យាបាល ដែលមានលក្ខណៈស្ដងដារជាសាកលសម្រាប់ពិភពលោក ដោយក្នុងនោះមានបណ្តាប្រទេសមួយចំនួនធំៗក៏មានការចូលរួមសាកល្បង”។

លោកស្រីបានបញ្ជាក់ថា “ពេលនេះយើងមានបេក្ខភាពវ៉ាក់សាំងមួយចំនួនផងដែរ ដែលមានការវិវឌ្ឍន៍ល្អដូចដែលនាងខ្ញុំបានជម្រាបជូនកាលពីពេលកន្លងទៅជាបន្តបន្ទាប់ដែលការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលដែលមានប្រសិទ្ធភាព គឺផ្តោតសំខាន់ទៅគុណភាព និងសុវត្ថិភាព ដែលចាំបាច់ត្រូវការពេលវេលាគ្រប់គ្រាន់។ នៅពេលនេះបើទោះជាយើងនៅមិនទាន់ទទួលបានលទ្ធផលជាក់លាក់នៅឡើយក៏ពិតមែន ប៉ុន្តែយើងមានការវិវឌ្ឍទៅមុខបានល្អ។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជាអាចចូលរួមនៅក្នុងការសាកល្បងណាមួយនៅពេលខាងមុខនេះផងដែរ ខណៈដែលអង្គការសុខភាពពិភពលោកបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានអាទិភាព នៅពេលដែលមានវ៉ាក់សាំង ឬថ្នាំព្យាបាល អង្គការសុខភាពពិភពលោកនឹងធ្វើការសម្របសម្រួលឱ្យមានសិទ្ធិទទួលបាននូវថ្នាំ និងវ៉ាក់សាំងមានភាពស្មើៗគ្នាដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ”។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគ្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំមានការធ្វេសប្រហែសទៅនឹងការរក្សាអនាម័យ និងបង្ការខ្លួនពីការចម្លងនៃជំងឺ Covid-19 ឱ្យសោះ បើទោះជាក្នុងខាងរយៈចុងក្រោយនេះ កម្ពុជាមិនមានការកើនឡើងនូវចំនួនអ្នកឆ្លងក៏ដោយ។ សូមកុំឱ្យមានការរីករាលដាលសាជាថ្មីដូចប្រទេសដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានសុវត្ថិភាព ដែលអាចជួយគាំទ្រ និងជួយសម្រួលដល់កិច្ចព្យាយាមរបស់រាជរដ្ឋាភិបាលផងដែរ៕

លោក ឡុង គឹមសួគ៌៖ ចង់​ទិញ​ដី​នៅ​ជាយក្រុង ឬ​តាម​ខេត្ត សុទ្ធតែ​មានឱកាស​ចំណេញ​ឱ្យតែ​ចេះ​ពិចារណា​ទៅលើ​សក្តានុពល​តំបន់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជម្រើស​នៃ​ការទិញ​អចលនទ្រព្យ ក៏ដូចជា​ដីធ្លី​នៅតាម​បន់​ណា ដែល​អាច​ទទួលបាន​ចំណេញ​ខ្ពស់ នៅតែ​ជា​ប្រធានបទ​មួយ ដែលមាន​ប្រជាប្រិយភាព និង​ជាការ​ចង់ដឹង​ពី​សំណាក់ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅក្នុង​សប្ដាហ៍​នេះ​ថា មិន​ថា​ទោះជា​ទិញ​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នោះទេ អត្រា​ទទួលបាន​ចំណេញ​នៅតែមាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ និង​បាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ។

លោក​បញ្ជាក់ថា “ខ្ញុំ​និយាយ​តែ​ផ្នែក​ដីធ្លី មាន​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ បាន​ជ្រើស​ទីតាំងផ្សេងៗគ្នា​ជាមួយនឹង​ក្ដី​រំពឹងថា អាច​ទទួលបាន​ចំណេញ​នៅពេល​លក់​ចេញ​វិញ” ។ លោក​បន្តថា “មិន​ថា​ពួកគាត់​ទិញ​ទៅ​ទីណា​នោះទេ អត្រា​ដែល​ទទួលបាន​ចំណេញ​គឺ​សុទ្ធ​តែមាន ឱ្យតែ​ពួកគាត់​ទិញ​ដោយ​ការពិចារណា និង​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ” ។

លោក​បន្តថា អ្នកខ្លះ​គាត់​មិន​បានដឹង​លម្អិត​ពី​ព័ត៌មាន និង​គម្រោង​អភិវឌ្ឍន៍​ដែល​ជម្រុញឱ្យមាន​តម្រូវការ​ទីផ្សារ​នោះទេ ហើយ​ទិញ​តាម​គេ​ផ្អើល តែ​ក៏​អាច​ទទួលបាន​ចំណេញ​ដូច​គេ ដែល​ការ​ចំណេញ​នេះ​វា​គឺជា​រឿង​ចៃដន្យ​សម្រាប់​គាត់។ ចំពោះ​ករណីបែបនេះ​មិនមែន​ចេះតែ​ទទួលបាន​រហូត​នោះទេ” ។

លោក​ឡុង គឹមសួគ៌​បាន​បន្តថា មាន​អ្នកខ្លះ គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួកគាត់​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។ ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍។

លោក​បាន​បញ្ជាក់ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅក្នុង​ខេត្ត​ណាមួយ​នោះទេ ភាគរយ​ចំណេញ​នៅតែមាន​ដូចគ្នា សំខាន់​ត្រង់​ថា​មុនពេល​ទិញ​សម្រាប់​ទុក​វិនិយោគ ត្រូវតែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជុង​ជ្រោយ​យ៉ាង​លម្អិត ទើប​ការវិនិយោគ​មិន​ជួប​ភាពបរាជ័យ៕

សប្បាយ​ទិញ សប្បាយ​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទំនើប FURI Times Square ក្នុង​ទិវាមាតា​ពិភពលោក

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ជា​រៀងរាល់​សប្ដាហ៍ ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ នៅក្នុង​ក្រុងព្រះសីហនុ FURI Times Square តែង​បង្កើត​កម្មវិធីសប្បាយៗ ព្រឹត្តិការណ៍ប្លែកៗ ជាមួយនឹង​ការលក់ទំនិញល្បីៗបញ្ចុះតម្លៃ​ជាច្រើន ជាពិសេស​នៅក្នុង​ឱកាស​នៃ​ទិវា​មាតា​ពិភពលោក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ចុង​សប្ដាហ៍​នេះ។

កញ្ញា​ប៉ែន ម៉ា​រ៉ា បុគ្គលិក​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​ផ្សារ​ទំនើប FURI Times Square បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០កន្លងមក​ថា ក្រោម​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​តុបតែង​លម្អ ទូទាំង​ក្នុង​បរិ​វេញ​នៃ​ផ្សារ​ទំនើប​ដ៏​ធំ និង​លើកដំបូង​នៅ​ក្រុងព្រះសីហនុ​ FURI Times Square គ្រប់​អតិថិជន​ទាំងអស់​កាន់តែ​រីករាយ និង​សប្បាយ​ដើរ ​Shopping ជាមួយនឹង​ការដាក់​តាំង​លក់​ផលិតផល​ម៉ាកល្បីៗ ចំរុះ​យ៉ាង​សម្បូរបែប ប្រកបដោយ​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេសពិត។

កញ្ញា​បាន​បញ្ជាក់ថា “សម្រាប់​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០) ជាការ​អបអរសាទរ​នៅក្នុង​ទិវា​មាតា​ពិភពលោក គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ​ទំនើប FURI Times Square បានរៀបចំ និង​តុបតែង​លម្អ​យ៉ាង​ស្រស់ស្អាត​ពិសេស សម្រាប់​អតិថិជន​ទាំងអស់​ដើរ​កម្សាន្ត ថតរូប​អនុស្សាវរីយ៍ និង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​ផងដែរ។

កញ្ញា​បាន​បន្តថា “នៅក្នុង​ឱកាស​នៃ​ថ្ងៃ​ដ៏​ពិសេស​នេះ ស្ទើរតែ​គ្រប់​ស្ដង់ និង​ហាង​លក់ទំនិញ​ទាំងអស់ សុទ្ធតែ​មានការ​ផ្តល់ជូន​នូវ​កម្មវិធី​សប្បាយ ជាពិសេស​ការផ្តល់ជូន​នូវ​សន្លឹក​ប័ណ្ណ​ផ្សងសំណាង​ជាដើម។ សូម​មក​ចូលរួម​រីករាយ សប្បាយៗជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​ទាំងអស់គ្នា​នៅក្នុង​ទិវា​មាតា​ពិភពលោក”។

បច្ចុប្បន្ន FURI Times Square បានរៀបចំ​តុបតែង​លម្អ​កាន់តែ​ស្រស់ស្អាត​ជាង​មុន ជាមួយនឹង​ការនាំ​យកមក​នូវ​ផលិតផល សម្ភារៈប្រើប្រាស់ ក៏ដូចជា​ចំណីអាហារ​និង​ភេសជ្ជៈ កាន់តែ​សម្បូរបែប ដែល​សុទ្ធតែ​មានកេរ្តិ៍ឈ្មោះល្បីៗកម្រិត​អន្តរជាតិ។

កញ្ញា​បាន​បន្តទៀតថា “អតិថិជន​ដែល​មកកាន់​ផ្សារ​ទំនើប FURI Times Square ភាគច្រើន ពួកគាត់​មកជា​លក្ខណៈ​គ្រួសារ និង​មកជា​ក្រុម ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​ក៏​មក​ដើរ​កម្សាន្ត ទទួលទាន​អាហារ ហើយ​អ្នក​ខ្លះមក​ក្នុង​បំណង​ទិញ​សម្ភារ​ប្រើប្រាស់ និង​ផលិតផល​ដែលមាន​គុណភាព” ។

តាម​ការ​កំណត់ចំណាំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​អតិថិជន​គឺមាន​ការកើនឡើង​ជាប់​ជាប្រចាំ ជាពិសេស​នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​ចុង​សប្ដាហ៍​ស្រប​ពេលដែល​ក្រុមហ៊ុនថ្មីៗ និង​ល្បីឈ្មោះ​ជាច្រើន​បានមក​បង្ហាញ​វត្តមាន របស់ខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ម​យ​នេះ​ច្រើនជាង៣០ក្រុមហ៊ុន រួមជាមួយ​នឹង​ការលក់​បញ្ចុះតម្លៃ​ផងដែរ។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឯករាជ្យ ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខាងត្បូង​វិមានឯករាជ្យ។ ផ្សារ​ទំនើប ដ៏​ធំ និង​ទាន់សម័យ ទើបតែ​មាន​ជា​លើកដំបូង​ប្រចាំ នៅក្នុង​ក្រុងព្រះសីហនុ​មួយ​នេះ បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ច្រើនជាង៣០ក្រុម​ហ៊​ន ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Smart ក្រុមហ៊ុន Park Café  ក្រុមហ៊ុន​ដ៏​ល្បី​របស់​ចិន Hauwei ក្រុមហ៊ុន BURGER KING  ក្រុមហ៊ុន ARROW  រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ៕

រដ្ឋាភិបាល​សិង្ហ​បុរី​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម ទោះ​អ្នក​ឆ្លង Covid-19 កើនឡើង

ដោយ ហ្សូ​លី

សិង្ហ​បុរីៈ រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី នឹង​អនុញ្ញាតឱ្យ​អាជីវកម្ម ដែល​បានជ្រើសរើស​ជា​ចាំបាច់​បើក​ដំណើរការ​វិញ នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ខាងមុខ យ៉ាង​ប្រុងប្រយ័ត្ន បន្ទាប់ពី​ប្រទេស​បាន​បិទទ្វារ​អស់​រយៈពេល​ពីរ​ខែ ហើយ​បើទោះបីជា​មានការ​កើនឡើង​នៃ​ការឆ្លង​មេរោគ​ក្នុងចំនោម​ពលករ​បរទេស​ក៏ដោយ។

អាជីវកម្ម​រួមមាន ផលិតកម្ម​អាហារ ហាង​លក់រាយ​ទំនិញ ហាង​លក់​អាហារ សេវាកម្ម​បោកគក់ ជាងកាត់សក់ និង​ការផ្គត់ផ្គង់​សត្វ​ចិញ្ចឹម នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ។ ចំណែកឯ​អាជីវកម្ម នៅតាម​ផ្ទះ​ក៏​អាច​បើក​ដំណើរការ​ឡើងវិញ​បានដែរ។  ក្រុមសិស្ស និស្សិត នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​សាលារៀន​វិញ​នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ។

ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​និយាយថា ការបើក​ឡើងវិញ​ជាបណ្តើរៗនៃ​សេដ្ឋកិច្ច និង​កន្លែងធ្វើការ នឹងត្រូវ​បញ្ឈប់​ជាបណ្តើរៗ ដោយមាន​ច្បាប់​សុខភាព​តឹងរឹង រួមទាំង​ពង្រឹង​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌីជីថល ដើម្បី​បង្កើនល្បឿន​ទំនាក់ទំនង កាន់តែ​ងាយស្រួល​និង​ទូលំទូលាយ។

វិធានការណ៍​នៃ​ការចាក់​សោរ​រឹតបន្តឹង​ផ្សេងទៀត នៅតែមាន​រួមទាំង​ការដាក់​ពង្រាយ​ពលករ​ចំណាកស្រុក​ជាង៣០ម៉ឺន​នាក់ សម្រាប់​ការ​ស្នាក់នៅ​របស់​ពួកគេ​រហូតដល់​ថ្ងៃ​បញ្ចប់​គឺ​នៅ​ថ្ងៃទី១ ខែមិថុនា។

លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong មានប្រសាសន៍ថា សេដ្ឋកិច្ច​របស់​ប្រទេស​សឹង្ហ​បូរី នឹងមិន​ចាប់ផ្តើម​ម្តងទៀត​ក្នុងពេល​តែមួយ​នោះទេ ប៉ុន្តែ​នឹងត្រូវ​បើក​ជា​ដំណាក់កាល។

លោក​បាន​មានប្រសាសន៍ថា“ ឧស្សាហកម្ម​ខ្លះ នឹង​បើក​លឿន​ជាង​ឧស្សាហកម្ម​ដទៃ​ហើយនឹង​ងើបឡើង​វិញឆាប់។

វិស័យ​ទាំងនេះ រួមមាន​វិស័យ ដែលមាន​សារៈសំខាន់ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​មានដំណើរ​ទៅមុខ និង​វិស័យ​ដែល​រក្សា​សិង្ហ​បុរី ភ្ជាប់​ទៅនឹង​ពិភពលោក និង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក។

លោក​លី​ថា វិស័យ​ផ្សេងទៀត នឹងត្រូវ​រង់ចាំ​នោះ​មាន​វិស័យ​ទេសចរណ៍ និង​កម្សាន្ត​ដែល​ទាក់ទាញ​ហ្វូងមនុស្ស​ដូចជា កន្លែង​កម្សាន្ត និង​ព្រឹត្តិការណ៍​កីឡា​ខ្នាត​ធំ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន៤៤៧ករណី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ឡើង​ចំនួន​អ្នក​ឆ្លង​Covid-19 នៅ​ប្រទេស​នេះ​កើន​សរុប១៧.៥៤៨ករណី។

ចំនួន​អ្នក​ឆ្លង​ប្រហែល៨៥ភាគរយ ត្រូវបាន​បញ្ជាក់ថា ពួកគេ​បាន​ផ្សារភ្ជាប់​ទៅនឹង​កម្មករ​បរទេស ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​ដែលមាន​មនុស្ស​ច្រើន៕

ឥណទាន​សំរាប់​វិស័យ​អ​ល​ច​ទ្រព្យ​នៅក្នុង​ប្រទេស​ចិន​មាន​កំណើន​យឺត

ដោយ ​វុត្ថា

ប៉េកាំងៈ ទិន្នន័យ​របស់​ធនាគា​រ​កណ្តាល​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ប្រាក់កម្ចី​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​យឺត​នៅក្នុង​ត្រីមាស​ទីមួយ ដោយសារតែ​ប្រទេស​នេះ រក្សា​នូវ​ការអនុវត្ត​ច្បាប់​លើ​ការទិញ​ផ្ទះ​នៅតែមាន​ភាព​តឹងរ៉ឹង។

យោងតាម​របាយការណ៍​ពី​ធនាគារ​ប្រជាជន​ចិន (PBOC) ដែល​សារព័ត៌មាន Xinhua បាន​ចុះផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ​ឱ្យដឹងថា ប្រាក់កម្ចី​លើ​អចលវត្ថុ​របស់​ចិន​បាន​កើនឡើង១៣,៩ភាគរយ ស្មើនឹង​ទំហំ​ទឹកប្រាក់៤៦,១៦ពាន់​ពាន់​លាន​យន់ (ប្រហែល ៦,៥៩ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក) គិត​ត្រឹម​ចុងខែ​មីនា ពោល​អត្រាកំនើន​នេះ​កើន​ប្រមាណ០,ពិន្ទុ​ភាគរយ​ទាប​ជាង​កាលពី​ចុង​ឆ្នាំមុន។

របាយការណ៍​ដដែល​ប​ន្ត​ថា ការផ្តល់​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ បុគ្គល​កើនឡើង ១៥,៩ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដល់៣ ១,១៥ពាន់​ពាន់​លាន​យន់ នៅ​ចុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ ពោលគឺ​ធ្លាក់ចុះ ០,៨ ភាគរយ​នឹង​ចុងខែ​ធ្នូ​ឆ្នាំមុន។

លោក ​Zou Lan មន្ត្រី​ធនាគារ​ប្រជាជន​ចិន (PBOC) បានឱ្យដឹងថា សមាមាត្រ​នៃ​ប្រាក់កម្ចី​អចលនទ្រព្យ​បាន​បន្ត​ធ្លាក់ចុះ ខណៈពេលដែល​ការផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​ធ​ម្យ​ម និង​ចង្វាក់​ផលិតកម្ម​បាន​រក្សា​នូវ​កំណើនថេរ។

អ្នកធ្វើ​គោលនយោបាយ​របស់​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា នឹង​ធានាឱ្យមាន​ស្ថេរភាព និង​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ ដោយបាន​បញ្ជាក់​ម​ម្តង​ហើយ​ម្តង​ទៀតថា ផ្ទះ​គឺ​សម្រាប់​ការរស់នៅ​មិនមែន​សម្រាប់​ការវិនិយោគ​នោះទេ៕

ក្រុមហ៊ុន KrisEnergy ទទួលបាន​កិច្ចព្រមព្រៀង​ឥណទាន៨៧លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ការរុករក​ប្រេង​ដំណាក់​កាលទី១នៅ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy ដែលជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ស​ម្រាប់​អណ្តូងប្រេង​នៅ​ប្លុក ​A ក្នុងប្រទេស​កម្ពុជាទទួលបាន​កិច្ចព្រមព្រៀង​ឥណទាន​តម្លៃ៨៧លាន​ដុល្លារ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ របស់​ក្រុមហ៊ុន​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

កិច្ចព្រមព្រៀង​ទីតាំង​ឥណទាន ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Kepinvest Singapore Pte និង​បង្កើត​ហិរញ្ញប្បទាន គម្រោង​សម្រាប់​ការផ្តល់​មូលនិធិ នៃ​ការអភិវឌ្ឍ​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខាងមុខ របស់​ក្រុមហ៊ុន​នៅឯ​ប្លុក​Aរបស់​កម្ពុជា ដែលជា​ធន ធាន​ប្រេង និង​ឧស្ម័ន​អភិវឌ្ឍន៍​នៅ​ឯនាយសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​ខ្មែរ លើ​ផ្ទៃក្រឡា​សរុប៣០៨៣ គីឡូម៉ែត្រ​ក្រឡា។

យោងតាម​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ដូចដែល​បានប្រកាស​នៅ​ថ្ងៃទី៩ ខែធ្នូ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​វេទិកា ដែល​ត្រូវបាន​ហៅថា Mini-Platform សម្រាប់​អណ្តូងប្រេង​អប្សរា​ក្នុង​ឯ​ប្លុក​ A របស់​កម្ពុជា។

សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា “ដោយសារតែ​ដំណើរការ​ផលិតកម្ម​ជាច្រើន​នៅលើ​ដែនទឹក​សមុទ្រ​ខ្មែរ ការអភិវឌ្ឍ​អណ្តូងប្រេង​អប្សរា នឹង​ស្ថិតក្នុង​ដំណាក់កាល​ជាច្រើន​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ផ្តល់​ពេលវេលា​សម្រាប់​ការប្រមូល និង​វិភាគ​ទិន្នន័យសំខាន់ៗដែល​ត្រូវអនុវត្ត​នៅក្នុង​ដំណាក់កាល​នាពេល​អនាគត។

សេចក្តីថ្លែងការណ៍​បានឱ្យដឹង​ទៀតថា “ប្រសិនបើ​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​ប្លុក ​A របស់​កម្ពុជា ត្រូវបាន​ដំណើរការ​តាម​ការគ្រោងទុក ផលិតកម្ម​កម្រិត​ខ្ពស់​ត្រូវបាន​រំពឹងថា​នឹង​មាននៅ​ចន្លោះ​ឆ្នាំ២០២៤ និង ២០២៦” ។

យ៉ាងហោចណាស់​អណ្តូង​ពីរ ក្នុងចំណោម​អណ្តូង​ទាំង៥ នឹង​កំណត់​ទិសដៅ ដែលមាន​អណ្តូង​រុករក​ប្រេង ដែល​ទទួលបាន​ជោគជ័យ​ពីមុន។ មី​នី​ដំណាក់កាល​ទី១ អា​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​នៅ​ឆ្នាំ២០២០ និង​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៃ​ការផលិត​ប្រេង៧.៥០០ បារ៉ែល​ក្នុង​មួយថ្ងៃ។

ក្រុមហ៊ុន​ប៉ាន់ប្រមាណ​ថា ថវិកា​ប្រមាណ៨៧លាន​ដុល្លារ​នេះ នឹងត្រូវ​បានផ្តល់​សម្រាប់​ការអភិវឌ្ឍ​ដំណាក់កាល​ទី១ រហូត​ទាល់តែ​ប្រេង​ដំបូង ត្រូវបាន​ផលិត​ដែល​បច្ចុប្បន្ន​ត្រូវបាន​កំណត់​សម្រាប់​ឆ្នាំ២០២០ ៕