រដ្ឋាភិបាលអនុម័តគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ និងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពបង្កើតកម្លាំងបាន៦០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋាភិបាលគាំទ្រ និងជំរុញឱ្យដំណើរការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុននេះ ដើម្បីចូលរួមបំពេញតម្រូវការជាក់ស្ដែង។

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃ៤ខែមករា ឆ្នាំ២០២០ នេះ ក្រោមការដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ ស្ថិតលើផ្ទៃដីទំហំ៨០ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យមួយនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd ដោយមានការសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា Creative Green Design Co., Ltd.

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រោមការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអន្តរក្រសួង ស្ថាប័ននានាដែលពាក់ព័ន្ធ ជារួម អង្គប្រជុំបានសម្រេចគាំទ្រ លើគម្រោងឱ្យបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដោយកំណត់ឱ្យក្រុមហ៊ុនសិក្សាលម្អិត ពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ក្រៅពីនេះក្រុមហ៊ុនក៏ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលទៅលើគម្រោង និងឥទ្ធិពលនៃការបំលែងពីដីកសិកម្ម ទៅជាស្ថានីយផលិតថាមពលដើរ ដោយថាមពលព្រះអាទិត្យ។ បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព ជាពិសេសត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡា ឱ្យបានច្បាស់លាស់៕

តើដីនៅតាមបណ្តោយផ្លូវណាខ្លះមានតម្លៃដីខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ?

ដោយ ប៊ី

ភ្នំពេញៈ តម្រូវការការសាងសង់អាគារខ្ពស់ៗ និងចលនាចរន្តសេដ្ឋកិច្ចខ្លាំង ធ្វើឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវមហាមន្នីវង្ស និងនរោត្តមមានតម្លៃជាងគេនៅទីក្រុងទីភ្នំពេញ។


លោកស្រី អាន សុធីតា អគ្គនាយិកាប្រចាំCBRE Cambodia បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃអង្គារទី៤ ឆ្នាំ ២០២០ នេះថា  បើទោះបីជាចលនាទិញលក់អចលនទ្រព្យនៅឆ្នាំ២០១៩ និង២០២០ មានថមថយបន្តិច ក៏តម្លៃដីនៅតាមបណ្តោយផ្លូវមហាមន្នីវង្ស និងនរោត្តមមានតម្លៃជាងគេនៅទីក្រុងទីភ្នំពេញ។

លោកស្រីបានថ្លែងថា រហូតមកពេលនេះ ដីដែលថ្លៃជាងគេបំផុតនៅតាមបណ្ដោយផ្លូវមន្នីវង្ស និងផ្លូវនរោត្តម ហើយតម្លៃដីអាចឡើង ទៅដល់៨,០០០ ដុល្លារក្នុងម៉ែត្រការ៉េសម្រាប់ផ្លូវទាំងពីរនេះ

ផ្លូវមុនីវង្សជាផ្លូវដែលបន្តុំដោយអគារខ្ពស់ៗ និងហាងទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារ និងមានចរន្តសេដ្ឋកិច្ចខ្លាំង និងផ្លូវនរោត្តមជាផ្លូវគណៈប្រតិភូ និងតំបន់ពាណិជ្ជកម្មផងដែរ ហើយសម្រាប់ចរន្តសេដ្ឋកិច្ចសម្រាប់ផ្លូវនេះវិញ មានភាពខ្លាំងមិនខុសពីផ្លូវមុនីវង្សទេ។


លោកស្រីអាន សុធីតាបានបន្តថា ចំនួនការទិញលក់អចលនទ្រព្យនៅឆ្នាំ ២០១៩ ធ្លាក់ចុះនៅក្នុងទីផ្សារទាំងមូល បើធៀបនឹងឆ្នាំ ២០១៨។ ការធ្លាក់ចុះនេះគឺដោយសារ ឆ្នាំ ២០១៨ មានតម្រូវការ ហើយការទិញលក់ច្រើននៅក្នុងទីក្រុង ហើយវាចាប់ផ្តើមធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ ដោយសារដីនៅក្នុងទីក្រុងមានតម្លៃពេក ប៉ុន្តែចលនាទិញលក់បែរជាកើនឡើងនៅជាយក្រុង ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវ និង៦០ ម៉ែត្រជាដើម

លោកស្រីបន្តថា វិស័យសំណង់គឺប្រភពមួយ និងកត្តាចំណងមួយដែលនាំឱ្យវិស័យអចលនទ្រព្យរីកដុះដាល ពិសេសវិស័យដីធ្លី ហើយតាមព័ត៌មានដែលចេញក្រសួងដែនដី នៅក្នុងឆ្នាំ ២០១៩ ជាដែលវិស័យសំណង់រីកដុះដាលខ្លាំងគេ បើធៀបនឹងឆ្នាំផ្សេងៗ៕

ក្រុមហ៊ុនOCIC និងSCA នឹងចុះMOUដើម្បីឈានទៅគូប្លង់រចនាបទអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនOCIC និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជាSCA  នឹងចុះកិច្ចអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីសហការគ្នាចូលរួមគូរប្លង់រចនាបទ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដែលស្ថិតខេត្ដកណ្ដាល និងតាកែវ។


នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន Vinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន នៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្រោមកិច្ចសម្របសម្រួល ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ជូនអង្គប្រជុំដោយផ្អែកតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុញ្ញាត្ដជូនដល់លោកបណ្ឌិតរដ្ឋមន្ដ្រី ជាអ្នកសម្របសម្រួលដឹកនាំប្រជុំលើកិច្ចសហការ រវាងក្រុមហ៊ុនOCIC និងក្រុមហ៊ុន SCA ជាពិសេស ការចូលរួមជាប្លង់រចនាបទនៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

លោកបន្តថា ដូច្នេះដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានស្នើសុំឱ្យភាគីនីមួយៗ បញ្ជាក់អំពីជំហររៀងៗខ្លួនឱ្យបានច្បាស់លាស់អំពីកិច្ចសហប្រតិបត្ដិការនេះ។

ជាការឆ្លើយតបភាគីទាំងពីរបានបញ្ជាក់លើដំណើរការ និងនិតិវិធីការងារនេះដូចជា ទី១ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA មានសេចក្ដីរីករាយក្នុងកិច្ចសហការឈរលើមិត្ដភាពជាមួយនឹងក្រុមហ៊ុនOCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភហិរញ្ញប្បទាន ការសាងសង់រចនាសម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម ជាពិសេសបើអាច យើងពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនរួមគ្នារវាង OCIC និងSCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយ ក្រុមហ៊ុនMohiba ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។


ទី២  ក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនក៏មានការរីករាយក្នុងការសហការជាមួយក្រុមហ៊ុន SCA ដែរ។ ប៉ុន្ដែបានស្នើសុំឱ្យភាគីក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង អនុស្សរណៈ យោគយល់គ្នាពិសេសមួយ ក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការ ដែលអាចទទួលយកបានក្នុង គម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ហើយនឹងទទួលយកការណែនាំលោកនាយកឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់។

ជាលទ្ធផលអង្គប្រជុំបានសម្រេចលើការងារសំខាន់ៗ ដែលត្រូវធ្វើចំពោះមុខដូចជាឱ្យក្រុមហ៊ុនSCAរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាពិសេសមួយស្ដីពី កិច្ចសហប្រតិបត្ដិការ រវាងOCIC និងSCAស្ដីពី គម្រោងអភិវឌ្ឍន៍សាងសង់អាកាស យានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ផ្ញើមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងករណីចាំបាច់ ពាក់ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពី រត្រូវផ្ដល់ជំនាញការ ពិភាក្សាជា លក្ខណៈទ្វេភាគីក្រោមការសម្របសម្រួលពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕


អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តនៅខែកុម្ភៈនេះ

ដោយវុត្ថា

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដី ក្រហមចាស់ៗ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណ ប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ ប្រាសាទដោយសារការបើកបរយានយន្តកៀកខ្លាំងនឹងប្រាសាទ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គម្រោងស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០នេះ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខ។ ក្រោយពីសាងសង់ផ្លូវនេះរួច យើងនឹងរៀបចំកែ លម្អផ្លូវកៅស៊ូសព្វថ្ងៃដែលជាប់មុខព្រះលានជល់ដំរីឱ្យមានភាពបៃតង ដោយកាយកៅ ស៊ូចេញ ហើយដាំស្មៅ និងដើមឈើ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ។

លោកបន្តថា ផ្លូវថ្មីនេះគឺសង់លើផ្លូវដីក្រហមដែលកំពុងចរាចរសព្វថ្ងៃ ចាប់ពីប្រាសាទបាយ័ន កាត់តាមបរិវេណប្រាសាទសួរព្រ័ត មុនដល់ប្រាសាទ ព្រះពិធូរបត់ឆ្វេងឆ្ពោះទៅភ្ជាប់ទៅផ្លូវកៅស៊ូឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដែលមានចម្ងាយ១.៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ។

យោងតាមការស្រាវជ្រាវលើឯកសារប្រវត្តិសាស្រ្តបានបង្ហាញថា នាឆ្នាំ១៩០៩ បរិវេណព្រះលានជល់ដំរីមិនទាន់មានការស្ថាបនាផ្លូវទេ ទើបតែនៅឆ្នាំ១៩១១ មានការគិតគូរដល់ការសាងសង់ផ្លូវក្នុងតំបន់អង្គរធំ រីឯផ្លូវដីក្រហមនៅមុខប្រាសាទ សួរព្រ័តនេះ កសាងក្នុងឆ្នាំ១៩១២ មុនផ្លូវកៅស៊ូដែលយើងកំពុងប្រើប្រាស់មុខព្រះលាន ជល់ដំរីដែលឃើញមាននៅពេលក្រោយក្នុងឆ្នាំ១៩២៨៕

សម្តេចតេជោនឹងធ្វើដំណើរទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតកម្ពុជា

ដោយវុត្ថា

សេអ៊ូលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា នៅថ្ងៃស្អែកទី៥កុម្ភៈនឹង ទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរ នៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។


សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី Hak Ja Han Moon ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកលនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ថា នៅពេលនេះសម្តេចតេជោ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថា តើអនុញ្ញាត្តិអោយទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តិអោយទៅក្នុងពេល ដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្ន មិនអោយមានចរាចរចេញចូលទាំងនៅក្នុងប្រទេសចិន និងពីក្រៅប្រទេសចូលមក។

សម្តេចតេជោបន្តថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ។សម្តេចបន្តថា វាជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ

សម្តេចតេជោបន្ថែមថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហា ដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ។

សម្តេចបន្ថែមថា កាលពីឆ្នាំ២០១៣២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរាគមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន៕


សម្តេចតេជោៈកម្ពុជានឹងបន្តពង្រឹងវិស័យអប់រំ និងសហគ្រិនភាពក្នុងការរៀបចំ ម៉ូដែលធុរកិច្ចថ្មីៗ

ដោយវុត្ថា

ទីក្រុងសេអ៊ូលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជា ឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាព ក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឪកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះបញ្ជាក់ថា ចាប់តាំងពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។

សម្តេចបន្តថា ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្ត នៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

សម្តេចជោបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់ រំជាវិស័យដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះ បន្ថែមទៀតជាបន្តបន្ទាប់។ ថវិការចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេស នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវ លើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។

សម្តេចបញ្ជាក់ទៀតថា ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ និងក្នុងនាមថ្នាក់ដឹកនាំកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ ការកសាង និងថែរក្សាសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសន្តិសុខ និង អភិវឌ្ឍន៍មនុស្សជាតិ


រដ្ឋាភិបាលវិនិយោគ១២៤លានដុល្លារបង្កើតហេដ្ឋារចនាសម្ព័ន្ឋដើម្បីលើកកំពស់
ជីវភាពជនបទ

ដោយៈ រ៉ាណេត

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដែលមានទំហំទឹកប្រាក់សរុប១២៤លានដុល្លារ។


ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម នេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមវត្តមានរបស់លោក សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ

លោក សួស គង់ បានលើកឡើងថា ទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) នេះ ធ្វើឡើងក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និង សហគមន៍អឺរ៉ុប (EU) សរុបចំនួនជាង១២៤លានដុល្លារ ដែលចាប់ផ្ដើមអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពី២០១៩ ដល់២០២៥។

លោកបានបញ្ជាក់ថា ខេត្តគោលដៅទាំង១២ ដែលត្រូវអនុវត្តរួមមាន ខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង តាកែវ និងខេត្តកំពត នឹងទទួលបានការកែលម្អផ្លូវជនបទ ប្រវែងសរុប៤៥០គីឡូម៉ែត្រ ផ្សារជនបទ៥០កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសម្រួល ដល់ច្រវាក់ផលិតកម្ម កសិកម្មផ្សេងៗទៀតពីគម្រោងនេះ។

គម្រោង SAAMBATនេះ ជាគម្រោងថ្មីមួយ ដែលទទួលការគាំទ្រហិរញ្ញវត្ថុពហុភាគី រួមមាន បដិភាគពីរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប ដែលត្រូវបានរៀបចំឡើង ក្រោមកម្មវិធីសហប្រតិបត្តិការបំពេញបន្ថែម ទៅលើគម្រោងកំពុងដំណើរការ ក្រោមហិរញ្ញប្បទានរបស់ IFAD ដូចជាគម្រោង ASPIRE អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោង AIMS ដែលអនុវត្តដោយក្រសួងពាណិកម្ម ដើម្បីបង្កើតឲ្យមានការគាំទ្ររួមគ្នា ដល់ការអភិវឌ្ឍកសិកម្មខ្នាតតូច នៅកម្ពុជា។


លោក សួស គង់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម

សមាសភាគសំខាន់ៗដែលត្រូវធ្វើ រួមមានទី១   អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រច្រវាក់ផលិតកម្ម ដែលគ្រោងនឹងកែលម្អផ្លូវជនបទប្រវែង ៤៥០គីឡូម៉ែត្រ ផ្សារជនបទចំនួន៥០ និងហេដ្ឋារចនាសម្ព័ន្ធ សម្រួលដល់ច្រវាក់ផលិតកម្មកសិកម្មផ្សេងៗទៀត នៅក្នុងខេត្តគោលដៅ។ ទី២អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែក ជំនាញបច្ចេកវិទ្យា និងសហគ្រិនភាពដែលគ្រោងបណ្តុះបណ្តាលជំនាញ ដល់សហគ្រិនជនបទ និងការរៀបចំបង្កើតឱ្យមានប្រព័ន្ធឌីជីថល ដើម្បីសេដ្ឋកិច្ចជនបទ។

ជាមួយគ្នានេះ យុវជននៅជនបទជិត៧ ០០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញ និង៥០០សហគ្រាស អាជីវកម្មធុនតូច និងមធ្យម នឹងបានភ្ជាប់ទៅនឹងកម្មវិធីបណ្តុះបណ្តាលផងដែរ៕

បុរីមានទីតាំងល្អក្បែរផ្សារព្រែកព្នៅលក់ក្នុងតម្លៃសមរម្យបន្តផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេស

ដោយ គង់ សូរិយា

ភ្នំពេញៈ មានទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទបុរីខេស៊ី កំពុងផ្តល់ជូនអតិថិជននូវជម្រើសកាន់តែល្អប្រសើរ តាមរយៈការបង់រំលស់រយៈពេលវែង។


ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ ទីតាំងរបស់បុរី ខេ ស៊ី ហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍន៍បឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួន ជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោក អ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារ តែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។


បច្ចុប្បន្ននេះ គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែកំពុងតែមានភាពទាក់ទាញមួយនេះ បាននិងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ រាល់បច្ចេកទេសសាងសង់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ទៅគុណភាព ការរចនាម៉ូដបែបទាន់សម័យ និងស៊ីវិល័យនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។

នៅក្នុងគម្រោងបុរីKC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំ​​ង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED  យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។


លំនៅដ្ឋាននៅក្នុង ខេស៊ី  ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ ប្រភេទលំនៅដ្ឋាន Link House មានទំហំ X ,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ប្រភេទលំនៅដ្ឋាន Shop House មានទំហំ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ

ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ០៩៣ ៣៥៣ ៧៧៧, 078959567,  089 787 721


ទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលកាន់តែមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២០

ដោយៈ រ៉ាណេត

កណ្តាលៈ ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួនដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងវិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម និងតំបន់កម្សាន្តផងដែរ។

ខេត្តកណ្តាល ដែលទើបតែទទួលបានពានរង្វាន់ជាទីក្រុងច្នៃប្រឌិត និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យជាច្រើន បង្ហា​ញពីភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ជាមួយនឹងការអះអាងថា នៅក្នុងឆ្នាំ២០២០នេះ វិសាលភាពដីធ្លីស្ទើរទូទាំងខេត្តសុទ្ធតែមានតម្រូវការខ្ពស់ ជាពិសេសតំបន់ទាំង៣ដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញតែម្ដង។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល សុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើនត្រូវបានចាប់អនុវត្ត។

លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិ​វឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានគម្រោ​ងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ”។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តទៀតថា ងាកចេញពីតំបន់ក្រុងបន្តិច ជាពិសេសទីតាំងដែលស្ថិតនៅជាយក្រុង ក៏កំពុងតែមានសកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាន យ៉ាងសកម្មផងដែរ ដូចជានៅតំបន់ព្រែកហូរ ព្រែកកំពឺស តំបន់ជាប់ផ្លូវជាតិលេខ ២១A ផ្លូវលេខ២១B និងតំបន់ផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលគួរស្រូវ គឺសុទ្ធតែជាគម្រោងបុរីលំនៅដ្ឋានធំៗ។ លោកបានបន្តទៀតថា មិនមែនមានតែតំបន់ខាងលើនេះនោះទេ ដែលមានការអភិវឌ្ឍលំនៅដ្ឋាន ក្នុងនោះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងកៀនស្វាយ ផ្លូជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៥១ និងផ្លូវជាតិលេខ៤១ ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន និងសហគ្រាសជាច្រើនគម្រោងផងដែរ។

លោកឧកញ៉ាឡាយ លន់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Black Eagle International Co.,Ltd ក៏បានទទួលស្គាល់នូវសក្ដានុពល និងការអភិវឌ្ឍយ៉ាងលឿននៅទូទាំងខេត្តកណ្តាលផងដែរថា “ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេស បណ្តាស្រុកមួយចំនួនរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ ហើយសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។

លោកឧកញ៉ាបានបន្តថា “ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់”។លោកបន្តថា “តម្លៃដីធ្លីដែលស្ថិតនៅក្នុងតំបន់មិនទាន់មានការអភិវឌ្ឍ គិតជាមធ្យមអាចឡើងក្នុងអត្រា១០ ទៅ២៥ភាគរយ ដោយឡែកតម្លៃដី ដែលស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ គិតជាមធ្យមមានកំណើនក្នុងចន្លោះចាប់ពី៥០-១២០ភាគរយក្នុងមួយឆ្នាំ”។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា “វិសាលភាពខេត្តកណ្តាលគឺលាតសន្ធឹងធំធេង គ្របដណ្ដប់ជុំវិញរាជធានីភ្នំពេញ ហើយតំបន់ដែលមានសក្ដានុពលខ្លាំង គឺស្ថិតនៅប៉ែកខាងជើង ខាងលិច និងខាងត្បូង រាជធានីភ្នំពេញ លើកលែងតែតំបន់ប៉ែកខាងកើត ហាក់មានកម្រិតទាបជាងគេបន្តិច ដោយសារតែតំបន់ប៉ែកខាងកើត ភាគច្រើនជាតំបន់លិចទឹក។

លោកបានបញ្ជាក់ថា “បើធ្វើការប្រៀបធៀបជាមួយខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទ​ល់ជាប់គ្នា និងកំពុងតែមានតម្រូវការប្រើប្រាស់ដី ក្នុងវិស័យឧស្សាហកម្មនោះខេត្តទាំងពីរនេះមានសក្ដានុពលម៉្យាងម្នាក់”។ លោកបញ្ជាក់ថា “សក្ដានុពលរបស់ខេត្តកណ្តាល អាចនឹងកាន់តែមានភាពលេចធ្លោ ក្នុងចន្លោះប្រមាន៣ឆ្នាំខាងមុខ ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បញ្ចប់ការសាងសង់ ជាពិសេសគម្រោងព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មីត្រូវបានលេចចេញជារូបរាង”៕

ក្រសួងទេសចរណ៍ថៃៈ ប្រាក់ចំណូលពីវិស័យទេសចរណ៍នឹងធ្លាក់ចុះ ៩,៦៩ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយ ប៊ី

បាងកកៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានព្យាករណ៍ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នឹងធ្លាក់ចុះ៣០០ពាន់លានបាត (,៦៩ ពាន់លានដុល្លារ) នៅឆ្នាំ២០២០នេះ ហើយស្ថានភាពអាចកាន់តែអាក្រក់ ប្រសិនបើអាជ្ញាធរមិនបានគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណាវីរុសនេះនៅត្រឹមខែ មីនាខាងមុខនេះ។


នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ ក្រសួងនឹងស្នើសុំប្រាក់ចំនួន៥០០លានបាតពីថវិកាជាតិរបស់ខ្លួន ដើម្បីប្រើប្រាស់សម្រាប់ការជម្រុញវិស័យទេសចរណ៍ ដែលរួមមានយុទ្ធនាការទីផ្សារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ដែលនៅតែមានតម្រូវការនៃធ្វើដំណើរទេសចរណ៍។ នេះយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានថ្លែងថា ផែនការជំរុញជាបន្ទាន់នេះ គួរតែត្រូវអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងសេណារីយ៉ូអាក្រក់បំផុតសម្រាប់ឧស្សាហកម្មទេសចរណ៍

អ្នកទេសចរក្នុងស្រុក ឥណ្ឌា និង CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ស្ថិតក្នុងចំណោមគោលដៅសំខាន់ៗ ដែលប្រទេសថៃដែលត្រូវបន្តចាប់យក ក្នុងរយៈពេល៣ខែទៀត ខណៈក្រសួងបានរកឃើញទីផ្សារមួយចំនួនបានធ្លាក់ចុះ ហើយក្រសួងនឹងបង្វែរទីផ្សាររកប្រទេសផ្សេងវិញ។ នេះបើតាមប្រសាសន៍របស់លោក Phipat

មុនពេលផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុស ក្រសួងបានកំណត់ទិសដៅប្រាក់ចំណូលសម្រាប់ឆ្នាំនេះចំនួន៣,១៦ ពាន់ពាន់លានបាត។

គោលដៅគឺនៅឆ្ងាយ ពីព្រោះតួលេខពីថ្ងៃទី២៤ ខែ មករា ដល់ថ្ងៃទី១ ខែកុម្ភៈបានបង្ហាញថា អ្នកធ្វើដំណើរជនជាតិចិន បានថយចុះ៦០,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹង២៣២,០០០នាក់។

លោកបាននិយាយថា ទេសចរណ៍ថៃមិនទាន់ឈានដល់បាតនៅឡើយទេ ប៉ុន្តែនៅតែបន្តធ្លាក់ចុះ។ យើងរំពឹងថានឹងមានការងើបឡើងវិញ ពេញលេញនៅដើមខែ កក្កដា ប្រសិនបើរដ្ឋាភិបាលចិន អាចគ្រប់គ្រងការផ្ទុះជំងឺនេះនៅខែមីនា និងដកបម្រាមធ្វើលើការធ្វើដំណើរ

 

លោក Phiphat បាននិយាយថា ដោយសារតែប្រទេសថៃ មានការឆ្លងច្រើនជាងគេទី២ នៅខាងក្រៅប្រទេសចិន ហេតុនេះប្រសិនបើរដ្ឋាភិបាលមិនមានផែនការទេ នោះប្រទេសនេះអាចនឹងបាត់បង់ទីផ្សារផ្សេងទៀត។

លោកមានប្រសាសន៍ថា ទីផ្សាររបស់យើងនឹងយឺតជាងនេះ ក្នុងរយៈពេល៥ខែយ៉ាងតិច

លោក Supawan Tanomkieatipume ប្រធានសមាគមសណ្ឋាគារថៃបានថ្លែងថា សណ្ឋាគារកំពុងត្រៀមសហការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ជូនការផ្សព្វផ្សាយបន្ទប់ពិសេសដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុង កំឡុងពេលជំរុញវិស័យទេសចរណ៍នេះ៕