បច្ចេកវិទ្យាឌីជីថលកំពុងជួយការលក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញ

Skyscrapers with Digital network communication in Shanghai.

ដោយ ប៊ី

ភ្នំពេញ៖ គេហទំព័រ Propertyarea.asia ដែលគេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា បានសហការជាមួយគេហទំព័រ realestate.com.kh ក្នុងការដាក់លក់អចលនទ្រព្យតាមប្រព័ន្ឋអនឡាញ ដែលវាជាផ្នែកដ៏សំខាន់នៃការពង្រីកការធ្វើអាជីវកម្មតាមប្រព័ន្ឋឌីជីថល។

ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋបច្ចេកវិទ្យា បានក្លាយជាម៉ូដែលថ្មីមួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកំពុងពង្រីកការគ្របដណ្តប់ទូទាំងសាកលលោក។ អតិថិជនចាប់អារម្មណ៍ទិញ ជួល លក់អចលនទ្រព្យអាចចូលមើល តាមរយៈវេបសាយ Propertyarea.asia បានជារៀងរាល់ថ្ងៃ។

លោកយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងលោក Tom Osullivanអគ្គនាយកនៃគេហទំព័រ Realestate.com.kh បានសម្តែងនូវក្តីសាទរចំពោះកិច្ចសហការនេះ ដែលធ្វើឡើងក្នុងរូបភាពឈ្នះ ឈ្នះទាំងអស់គ្នា។

លោកយិន លាងគង់បានបន្តថា “បច្ចេកវិទ្យាជាផ្នែកមួយយ៉ាងសំខាន់នៅតាមបណ្តាប្រទេសរីកចម្រើននានា ក្នុងការផ្តល់សេវាកម្មទិញលក់ ជួលអចលនទ្រព្យ ពិសេសការបង្ហាញពីគម្រោងនានា”។ លោកបន្តថា “ការទាន់សម័យកាលស៊ីវិល័យនៃប្រព័ន្ឋបច្ចេកវិទ្យា នឹងជួយឲ្យក្រុមហ៊ុនឬភ្នាក់ងារអចលនទ្រព្យនានា ទទួលបានជោគជ័យលើសេវាកម្មរបស់ខ្លួន”។

លោក Tom Osullivanអគ្គនាយកនៃគេហទំព័រ Realestate.com.kh បានថ្លែងថា ក្នុងឆ្នាំ គេហទំព័រ Realestate.com.kh ត្រូវបង្កើតឡើងនៅ ២០០៩ ហើយ២០១៥ ក្រុមហ៊ន DCG Digital នៅអូស្រ្តាលីបានវិនិយោគក្នុងអាជីវកម្មនេះ។

លោកបានបន្តថា ”នាំយកបច្ចេកវិទ្យារបស់យើង និងនាំមកនូវយុទ្ធសាស្ត្ររកប្រាក់របស់យើងដែលយើងបានបង្កើនចរាចរណ៍គេហទំព័រពី ២០០ ទៅ ៣០០ ភាគរយក្នុងមួយឆ្នាំ។ យើងចាប់ផ្តើមរកប្រាក់ចាប់ផ្តើមនៅឆ្នាំ ២០១៦”។

លោកបានឱ្យដឹងទៀតថា “ស្នូលនៃអាជីវកម្ម គឺវេទិកាគេហទំព័រនេះផ្ទាល់តែម្តង។ យើងក៏ផ្តល់ជូននូវការសរសេរមាតិកា ការផ្សាយពាណិជ្ជកម្មបដា ការចូលប្រើទិន្នន័យអ្នកទិញរបស់យើង និងមគ្គុទេសក៍វិនិយោគិនកម្ពុជា”។

ស្របពេលនេះ ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជា នឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យដែលធ្វើឲ្យមានដំណើរការដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុន ដើម្បីលើកទឹកចិត្តការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

តាមរយៈការបង្កើតវេទិកាផ្ទេរកម្មសិទ្ធិតាមអនឡាញ រាជរដ្ឋាភិបាលកម្ពុជានឹងនាំមកនូវភាពច្បាស់លាស់ ដែលត្រូវការចាំបាច់ដល់ដំណើរការរដ្ឋបាល ដែលមានសារៈសំខាន់ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកទិញអចលនៈទ្រព្យនឹងមានលទ្ធភាពថវិកា និងរៀបចំផែនការរលួន។ នេះបើតាមរបាយការណ៍របស់ EuroCham ចេញផ្សាយនៅសប្តាហ៍នេះ។

ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាល ប្រមូលថ្លៃសេវា និងពន្ធពីវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព។

របាយការណ៍នេះបានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិចនឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវា ដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។

រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញ ទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។

របាយការណ៍របស់ EuroCham បានឲ្យដឹងថា “ការធ្វើទំនើបកម្មឌីជីថល នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាមInternet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជាច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕

លោក បណ្ឌិត Sang Won PARK៖ កម្ពុជាគួរយកគំរូ ឬម៉ូដែលអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង

លោក បណ្ឌិត Sang Won PARK (Chairman of KAFA)

ភ្នំពេញ៖ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួនាទីសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ខ្លាំងណាស់ ខណៈសេដ្ឋកិច្ចជាតិមានការរីកចម្រើន សមាមាត្រ និងតួនាទីសហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ចជាតិក៏អាចផ្លាស់ប្តូរបានដែរ។

ជាពិសេស តួនាទីរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការប្រមូលដើមទុនជាធម្មតាចូលរួមដល់ផលិតកម្មឧស្សាហកម្មភាគច្រើន និងជាវិស័យចម្បងសម្រាប់ការងារនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះសហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកតួនាទីរបស់ខ្លួន ហើយអាចរួចផុតពីបញ្ហាចំពោះមុខនៃការប្រកួតប្រជែង ឬអាចប្រជែងមួយគ្នាជាមួយដៃគូប្រកួតប្រជែងមូលធនធំៗ នៅក្នុងប្រទេសមួយដែលសេដ្ឋកិច្ចជាតិកំពុងអភិវឌ្ឍរួមជាមួយនឹងការប្រមូលដើមទុន។

ក្នុងករណីប្រទេសកូរ៉េ គំរូនៃកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនកត្តាបញ្ចូលសម្រាប់ផលិតកម្មត្រូវបានបញ្ចប់ចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៨០ ដែលជារយៈពេលក្នុងការប្រមូលដើមទុនយ៉ាងឆាប់រហ័ស។ ខណៈពេលដែលប្រទេសកូរ៉េបានចូលទៅក្នុងការបង្កើតថ្មីប្រកបដោយប្រសិទ្ធភាពជាមួយនឹងសាជីវកម្មសេដ្ឋកិច្ចដ៏ធំមួយ ហើយបានលើកកម្ពស់ការប្រកួតប្រជែងប្រព័ន្ធអន្តរជាតិដោយការប្រើប្រាស់ប្រព័ន្ធតាំងពីឆ្នាំ ១៩៩០ ។ ម៉្យាងវិញទៀតក្នុងអំឡុងពេលនេះគំលាតត្រូវបាននៅក្រោមការអភិវឌ្ឍន៍ ហើយត្រូវប្រកួតប្រជែងជាមួយសាជីវកម្មធំៗក្នុងស្រុក និងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដូចជាចិនជាលក្ខណៈអន្តរជាតិ។

ជាលទ្ធផល គំលាតរវាងក្រុមហ៊ុនដើមទុនធំ និងសហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ចកូរ៉េបានពង្រីក។ លើសពីនេះ គម្លាតនៃផលិតភាពការងារកាន់តែរីកធំបន្ថែមទៀតដល់ប៉ូលនីយកម្ម។ ប៉ុន្តែបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស នៅចុងទសវត្សឆ្នាំ ១៩៩០ ដល់ដើមទសវត្សឆ្នាំ ២០០០ សហគ្រាសធុនតូច និងមធ្យមចាប់ផ្តើមលេចចេញជាក្បាលម៉ាស៊ីនកំណើនថ្មីមួយដែលឱ្យមានការរីកចម្រើនប្រកបដោយភាពច្នៃប្រឌិតនៃសេដ្ឋកិច្ចកូរ៉េក្នុងទម្រង់ជាក្រុមហ៊ុនបណ្តាក់ទុន។

ដំបូង នៅពេលផ្តោតលើសហគ្រាសធុនតូច និងមធ្យម សមាមាត្រនៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េជាមួយនឹងចំនួននិយោជិកបានកើនឡើងពី ៨៧.៥ ភាគរយក្នុងឆ្នាំ ២០១១ ដល់ ៨៩,៨ ភាគរយ ក្នុងឆ្នាំ ២០១៧។ ក្នុងចំណោមនោះ ចំនួនសហគ្រាសខ្នាតតូច និងមធ្យមដែលជំរុញដោយការច្នៃប្រឌិតបានកើនឡើង ១៨,១ ភាគរយ ពី ៦០.៦៥០ ក្នុងឆ្នាំ ២០១១ ដល់ ៧១.៦៤៦ ក្នុងឆ្នាំ ២០១៨។ យោងតាមការ ស្ទាបស្ទង់នៃសហគ្រាសធុនតូច និងមធ្យម ការបង្កើតថ្មីដែលត្រូវបានចាត់ថ្នាក់ទៅជាក្រុមហ៊ុនបណ្តាក់ទុន (ការច្នៃប្រឌិតបច្ចេកវិទ្យា) និងការច្នៃប្រឌិតគ្រប់គ្រង”។ ចំនួនក្រុមហ៊ុនបណ្តាក់ទុនរួមបានកើនឡើងយ៉ាងខ្លាំងពី ២៦ ១៤៨ ក្នុងឆ្នាំ ២០១១ និង៣១ ២៦០ ក្នុងឆ្នាំ ២០១៥ ដល់ ៣៦.៨២០ ឆ្នាំ ២០១៨ ។

ដូច្នេះសហគ្រាសធុនតូច និងមធ្យមនៅកូរ៉េបានបង្កើតគំរូអាជីវកម្ម និងធានានូវភាពប្រកួតប្រជែងតាមវិធីផ្សេងៗដើម្បីសម្របខ្លួនបានក្នុងបរិដ្ឋានអេកូឡូស៊ីថ្មីចាប់តាំងពីឆ្នាំ ២០០០។ ទន្ទឹមនឹងនេះវិស័យសហគ្រាសធុនតូច និងមធ្យមបានធានាតួនាទីរបស់ខ្លួនដោយផ្អែកលើការប្រកួតប្រជែងជាសកលក្រោមការផ្តួចផ្តើមគំនិតសហគ្រាសដែលមានស្រាប់ជាមួយរចនាសម្ពន្ធ័សេដ្ឋកិច្ចដោយធានាបាននូវទំនាក់ទំនងប្រកបដោយចីរភាពជាមួយសាជីវកម្មធំៗ ហើយរដ្ឋាភិបាលកំពុងគាំទ្រយ៉ាងសកម្មចំពោះបញ្ហានេះ។

នៅក្នុងសេដ្ឋកិច្ចកូរ៉េ សហគ្រាសធុនតូច និងមធ្យមត្រូវតែខ្លាំងក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀត និងការប្រកួតប្រជែងរវាងសាជីវកម្មធំៗដែលមានស្រាប់។ ហើយកត្ត ក្រៅ ពួកគេត្រូវរួចផុ ពីការប្រកួតប្រជែងពីក្រុមហ៊ុននាំចេញធំៗ នៅអាស៊ីអាគ្នេយ៍ ចិន អាមេរិកខាងជើង និងអឺរ៉ុប។ យោងតាមលទ្ធផលនៃសូចនាករស្ថិតិទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម រហូតមកដល់ពេលថ្មីៗនេះ អត្ថប្រយោជន៍ត្រូវបានយកមកធ្វើការប្រៀបធៀបត្រូវបានបែងចែកតាមវិស័យក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យម នៅចិន ជប៉ុន និងអាស៊ីអាគ្នេយ៍ដូចដែលបានឃើញពីមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលកូរ៉េបាននិងកំពុងខិតខំធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងផ្នែកនាំចេញដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសហគ្រាសធុនតូច និងមធ្យមក្នុងការនាំចេញ។ នេះគឺជាការប្រកួតប្រជែងតាមរយៈការច្នៃប្រឌិតផលិតកម្មឆ្លាតវៃដោយប្រើបច្ចេកវិទ្យាអាយស៊ីធី។ ការផ្តោតអារម្មណ៍លើការលើកកម្ពស់ភាពប្រកួតប្រជែងតាមរយៈការពន្លឿនការច្នៃប្រឌិតថ្មីនៃវិស័យផលិតកម្មតាមរយៈការលើកកម្ពស់រោងចក្រតាមតំបន់។ លើសពីនេះការពង្រីកក្រុមហ៊ុនសាមសុងអេឡិចត្រូនិកឆ្លាតវៃ ក្រុមហ៊ុន POSCO សភាពាណិជ្ជកម្មកូរ៉េ និងក្រុមហ៊ុន Hyundai បាននិងកំពុងជំរុញគោលនយោបាយដែលនាំទៅដល់ការបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាមួយសហគ្រាសធុនតូច និងមធ្យម។

លើសពីនេះ រដ្ឋាភិបាលគាំទ្រដល់ដើមទុនវិនិយោគ និងការវិនិយោគដទៃទៀតដើម្បីជួយសម្រួលដល់ការវិនិយោគនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួម។ ជាពិសេសក្នុងករណី ក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យា រដ្ឋាភិបាលកំពុងបង្កើតមូលនិធិច្នៃប្រឌិតដើម្បីរីកចម្រើនជាក្រុមហ៊ុនទាំងនេះ។ ទន្ទឹមនឹងនេះវាក៏កំពុងលើកកម្ពស់គោលនយោបាយដើម្បីជំរុញការបណ្តាក់ទុនរួម ដូចជាការបង្កើតមូលនិធិសកលដើម្បីឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមនៅក្រៅប្រទេសអាចវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកូរ៉េ។

អ្វីដែលសំខាន់បំផុត ដើម្បីប្រកួតប្រជែង ប្រៀបធៀបនឹងអ្នកដទៃទៀតនៅក្នុងបរិដ្ឋានអេកូឡូស៊ីថ្មី យើងកំពុងជំរុញការគាំទ្រពន្ធ និងជំរុញកម្លាំងបច្ចេកទេសច្នៃប្រឌិតតាមរយៈការលើកកម្ពស់កម្លាំងពលកម្មបច្ចេកទេសជឿនលឿន។

ក្រៅពីនេះ អាជីវកម្មខ្នាតតូច រួមទាំងអាជីវកម្មខ្នាតតូចចំនួន ៣,១៤ លាន និងអ្នកអាជីវកម្មចំនួន ៥,៥៦ លានកំពុងធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ នាពេលថ្មីៗនេះរដ្ឋាភិបាលកំពុងលើកកម្ពស់គោលនយោបាយគាំទ្រការច្នៃប្រឌិតប្រកបដោយភាពសកម្មដោយដាក់បញ្ចូលសហគ្រាសខ្នាតតូចដែលប្រកបរបរចិញ្ចឹមជីវិតជាគោលដៅសម្រាប់គាំទ្រគោលនយោបាយ។ នេះក៏ព្រោះតែវិស័យអាជីវកម្មខ្នាតតូចទាំងនេះមានតួនាទីបង្កើតការងារយ៉ាងសំខាន់នៅកូរ៉េ។

នៅពេលការប្រមូលដើមទុនកំពុងតែដំណើរការដូចគ្នាករណីនឹងប្រទេសកម្ពុជាដែរ ហើយគំរូកំណើននៃការពង្រីកកត្តាបញ្ចូលសម្រាប់ផលិតកម្មមានប្រសិទ្ធភាព តួនាទីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយក្នុងការកែលំអភាពប្រកួតប្រជែងនឹងកាន់តែបន្ទាន់។ បទពិសោធន៍របស់ប្រទេសកូរ៉េនឹងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសកម្ពុជា៕

សហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់៖ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ ៣ ភាគរយក្នុងឆ្នាំ ២០២០

ដោយ ប៊ី

ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម ៣ ភាគរយនៅក្នុងឆ្នាំ ២០២០ ជាមួយនឹងពាណិជ្ជកម្មពិភពលោកកើនឡើង ១,៥ ភាគរយ។

កាលពីឆ្នាំមុន ពាណិជ្ជកម្មពិភពលោកបានកើនឡើងត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ហើយលោក Joachim Lang ប្រធាន BDI បាននិយាយថា “នឹងមិនមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ទេ”។

ហានិភ័យខ្ពស់ក៏នឹងនៅតែមានសម្រាប់ពាណិជ្ជកម្មបរទេសរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលត្រូវបានជំរុញដោយ ភាពមិនប្រាកដប្រជា” នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបជាមួយចក្រភពអង់គ្លេស បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប និងភាពមិនច្បាស់លាស់ដែលកើនឡើង ដោយសារតែការរីករាលដាលនៃមេរោគថ្មី (កូរ៉ណាវីរុស)។

ពាណិជ្ជកម្មអន្តរជាតិនឹងមិនមានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចអាល្លឺម៉ង់ក្នុងឆ្នាំ ២០២០ ឡើយ។ កំណើនផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់នឹងត្រូវបានថយចុះ ដោយពាណិជ្ជកម្មបរទេស ហើយអាល្លឺម៉ង់នឹងជៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការកើនឡើងតម្រូវការក្នុងស្រុកពីវិស័យសំណង់ ក៏ដូចជាការប្រើប្រាស់ឯកជន។

លោក Lang បានមានប្រសាសន៍ថា “មានការខ្វះគំនិតនយោបាយនៅទូទាំងពិភពលោកដើម្បីធ្វើឱ្យមានកំណើនឡើងវិញជាអចិន្ត្រៃយ៍ តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ និងបន្ទុកសារពើពន្ធ”។

ការប៉ាន់ស្មានដំបូងរបស់ការិយាល័យស្ថិតិសហព័ន្ធឧស្សាហកម្មផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មបរទេសនោះ បានបញ្ជាក់ពីការខាតបង់ផលិតកម្ម ៣,៦ ភាគរយក្នុងឆ្នាំ ២០១៩ ។

សហព័ន្ធ BDI បានព្រមានថាវានឹងមិនមានសញ្ញាណាមួយនៃនិន្នាការផ្ទុយស្រឡះសម្រាប់ឆ្នាំបច្ចុប្បន្ននេះទេ។

សហព័ន្ធនេះបានទាមទារឱ្យមានការវិនិយោគសាធារណៈកាន់តែខ្លាំង លក្ខខណ្ឌល្អប្រសើរសម្រាប់ការវិនិយោគឯកជន ពន្ធសាជីវកម្មទាប ការធ្វើឌីជីថលរដ្ឋបាល និងបន្ទុកការិយាធិបតេយ្យតិចចំពោះក្រុមហ៊ុន៕

អាជ្ញាធរខេត្តកោះកុងនឹងចាត់វិធានការចំពោះបុគ្គលណាដែលទន្ទ្រានយកដីរបស់ក្រុមហ៊ុន UNION Development Co.,Ltd

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមិនព្រមបញ្ឈប់ ហើយនៅតែបន្តចូលទៅទន្រ្ទានយកដីរបស់ក្រុមហ៊ុន UNION Development Co.,Ltd ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងដែលចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា រដ្ឋបានខេត្តពិនិត្យឃើញថា មានប្រជាលរដ្ឋមួយចំនួនបានចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងទីតាំងដីទំហំ ៩៣០៦ ហិកតា ធ្វើជាកម្មសិទ្ធិលក់ ទិញ និងផ្ទេរសិទ្ធិកាន់កាប់ខុសច្បាប់នៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន UNION Development Co.,Ltd។
បើតាមសេចក្តីជូនដំណឹងដដែលបន្តថា ទីតំាងដីទំហំ ៩៣០៦ ហិកតាដែលបានកាត់ចេញពីឧទ្យានជាតិបទុមសាគរ តាមព្រះរាជក្រឹត្យលេខ នស/០៧១៦ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦ សម្រាប់ផ្តល់ជាគោលនយោបាយបែងចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរលំនៅឋានចេញពីទីតាំងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd តែប៉ុណ្ណោះ។

កន្លងមកសាលាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងលេខ ០៥២ សជណ ចុះថ្ងៃទី ៦ ខែសីហាឆ្នាំ ២០០៧ ស្តីពីការបញ្ឈប់បន្ទាន់នូវការចេញលិខិតផ្ទេរសិទ្ធិ ទិញ លក់ និងបែងចែកដីធ្លីនៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ និងសេចក្តីសម្រេចលេខ ១១៥ សសរ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១០ ស្តីពីការទុកជាមោឃភាពនូវរាល់លិខិតផ្ទេរ លក់ ទិញដី នៅឧទ្យានជាតិបុទុមសាគរដែលចុះហត្ថលេខាដោយមេឃុំកោះស្តេច ភ្ញីមាស ព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ និងមេឃុំតានូន មេឃុំថ្មស ក្នុងស្រុកបូទុមសាគរដែលស្ថិនៅលើទីតាំងដីវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd ។

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៤ អនក្រ.បក ស្តីពីការធ្វើមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុ និងឯកសារោផ្សេងៗទៀតដែលបញ្ជាក់ពីពីសិទ្ធិកាន់កាប់ដីធ្លីមិនស្របច្បាប់ នៅក្នុងស្រុកគិរីសាគរនិងស្រុកបូទុមសាគរក្នុងតំបន់វិនិយោគរប់សក្រុមហ៊ុន UNION Development Group., Ltd ខេត្តកោះកុង។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. កាលពីកកន្លងមកនេះបានប្រកាសបោះទុនវិនិយោគទឹកប្រាក់១,២០០លានដុល្លារ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង ១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជា៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

គម្រោងបុរីទំនើបដំបូងគេនៅលើផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុន ភ័ញធើប្រផឹធី (Pointer Property) ដែលជាក្រុមហ៊ុនរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’ ដែលជាផ្នែកមួយស្ថិតនៅក្នុងទីក្រុងរណប សៀមរាបខាងកើត របស់ខ្លួនជាផ្លូវការ ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ និងភ្ញៀវកិត្តិយសជាង២០០នាក់ រួមជាមួយនឹងវត្តមានរបស់ម្ចាស់គម្រោងផ្ទាល់។

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច គម្រោងបុរីទំនើប “ភូមិបាគង” នឹងបើកជូនជាសារធារណៈក្នុងការចូលទស្សនាផ្ទះគំរូដោយសេរី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប ចម្ងាយប្រមាណ ១០នាទីពីផ្សារម៉ាក្រូ។ ពិធីបើកសម្ពោធផ្ទះគំរូជាផ្លូវការនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដោយក្នុងនោះ ក៏មានវត្តមានរបស់ លោក ហ៊ុន មុនីវណ្ណ ដែលជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ រួមទាំងម្ចាស់ក្រុមហ៊ុន ម្ចាស់សណ្ឋាគារ សភាពាណិជ្ជកម្ម សមាជិកនៃសមាគមន៍កម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជាបណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Condominium) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរ និងអន្តរជាតិ។ គម្រោងបុរី ភូមិបាគង គឺជាជំហានទីមួយរបស់គម្រោង សៀមរាបខាងកើត នៅលើផ្ទៃដីសរុប ២១៥ហិកតា ដែលរួមមានតំបន់អាជីវកម្ម តំបន់លំហែរកម្សាន្ត មហាវិទ្យាល័យ និងតំបន់រស់នៅបែបធម្មជាតិ។ ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺចង់អភិវឌ្ឍខេត្តសៀមរាបនេះ គឺជាការអភិវឌ្ឍប្រែក្លាយជាតំបន់ឱ្យមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ដែលគួរឱ្យចាប់អារម្មណ៍ និងចង់រស់នៅប្រចាំនៅក្នុងតំបន់។

ជាមួយនឹងការអភិវឌ្ឍសាងសង់បុរីភូមិបាគង ក្រុមហ៊ុនបានសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ BRCM ក្នុងទំហំទុនវិនិយោគជាង ៣៥លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីសរុបប្រមាណជាង ៤.៧ ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីរបស់ខេត្តសៀមរាប។ លក្ខណៈពិសេសនៃគម្រោងបុរីភូមិបាគង គឺមានបណ្តុំនៃសួនច្បារចំនួន ២២កន្លែង និង៥០ភាគនៃបរិវេណសរុបហ៊ុព័ទ្ធទៅដោយធម្មជាតិដែលជាពិភពបៃតង។ នៅក្នុងបុរីរួមមាន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។ បុរីភូមិបាគង ផ្តោតសំខាន់លើការរៀបចំគម្រោងដែលគាំទ្រឱ្យមានវប្បធម៌ប្រាស្រ័យទាក់ទង ស្និទ្ធស្នាលរវាងអ្នកជិតខាង បរិយាកាសស្រស់ស្រាយដែលមានដើមឈើសួនច្បារបៃតងជុំវិញ។

លោក ហ៊ុន មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ ដោយសារតែម្ចាស់គម្រោងបានគិតគូរពីប្រយោជន៍របស់សហគមន៍ទាំងមូល ក៏ដូចជាមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ដ៏មានសក្ដានុពលខ្ពស់ផ្នែកអាជីវកម្ម ទេសចរណ៍ និងសហគមន៍រស់នៅដ៏ទំនើបដំបូងគេនៅក្នុងខេត្តសៀមរាប ។
សម្រាប់ព័ត៌ពីកម្មវិធីលម្អិតអាចចូលទៅកាន់ ៖ https://www.facebook.com/BakongVillage/
ទីតាំង៖ https://goo.gl/maps/RwHV8DwsWp3Z1atVA

រដ្ឋាភិបាលប្រទេសអូស្ត្រាលីសហការជាមួយក្រសួងដែនដី ដើម្បីលើកកម្ពស់វិស័យសំណង់នៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញពីការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់ និងពង្រឹងវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

នៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

នៅក្នុងកិច្ចជំនួបខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះវត្តមានលោក Pablo kang ដែលត្រូវបានមកបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបេសកកម្មនេះគឺស្របពេលដែលប្រជាជនកម្ពុជាកំពុងតែសប្បាយរីករាយនិងសាទរចំពោះការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ ការលើកកំពស់សិទ្ធមនុស្សព្រមទាំងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគអាចស្វែងរកដៃគូសំរាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ៧០ភាគរយ ហើយនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបានសំរេច១០០ភាគរយ នៅឆ្នាំ២០២៣ ខាងមុខនៅទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រសួងនឹងមានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សំណង់ជូនដល់អ្នកប្រកបអាជីវកម្មសាងសង់ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់ពួកគាត់ឱ្យបានយលដឹងស៊ីជម្រៅលើច្បាប់ស្តីពីសំណង់ ហើយលោកក៏បានអញ្ជើញតំណាងស្ថានទូតអូស្រ្តាលីឱ្យចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ។

ជាការឆ្លើយតប លោក Pablo kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលីថ្មីប្រចាំកម្ពុជាបានបញ្ជាក់ថា ចំណងកិច្ចសហប្រតិបត្តិការការទូតរវាងអូស្រ្តាលី និងកម្ពុជាគឺមានតាំងពីឆ្នាំ១៩៥២ មកម្ល៉េះ ដែលរហូតមកទល់បច្ចុប្បន្ននេះគឺមានរយៈពេល៦៨ឆ្នាំ ហើយអូស្រ្តាលីនឹងបន្តរក្សាចំណងមិត្តភាពកិច្ចសហប្រតិបត្តិការការទូតនេះអោយបានរឹងមាំថែមទៀតស្របតាមគោលនយោបាយរបស់ឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិការទូតនៅកម្ពុជាកន្លងមក និងស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីរូបនេះក៏បានលើកឡើងផងដែរថា ទាក់ទិននឹងវិស័យសំណង់ ដែលរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ការជួយគាំទ្រកន្លងមកនោះ បច្ចុប្បន្នមានសិក្ខាកាមជាមន្រ្តីរាជការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងតែទទួលការបណ្តុះបណ្តាលនៅប្រទេសអូស្រ្តាលី ដើម្បីទទួលបានការយល់ដឹងបន្ថែមឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងវិស័យសំណង់នេះផងដែរ។

ជាមួយនេះ លោកក៏បានប្តេជ្ញាចិត្តក្នុងការរក្សាចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតជាមួយកម្ពុជាលើគ្រប់វិស័យដែលជាតំរូវការចាំបាច់ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនឹងបន្តរក្សាកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្របតាមគម្រោងផែនការនានារបស់អតីតឯកអគ្គរដ្ឋទូតអូស្រ្តាលីទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានោះ អោយទទួលបានជោគជ័យតាមការគ្រោងទុកជាបន្តទៀតផងដែរ៕

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការស្ថាបនាផ្លូវវាងមុខព្រះលានជល់ដំរី នៅដើមខែកុម្ភៈនេះ

ដោយម៉ាណេត

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មី នៅលើគន្លងផ្លូវដីក្រហមចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្ន មុខព្រះលានជល់ដំរី  នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយប្រើរយៈពេល៥ខែ។

លោកយិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការធ្វើផ្លូវវាងនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់ ទៅលើរចនាសម្ពន្ធនៃព្រះលានជល់ដំរីដោយសាររំញ័រពីការបើកបររថយន្ត និងផ្សែងពុលពីយានយន្តគ្រប់ប្រភេទ ពិសេសដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ពេលដើរឆ្លងកាត់ទៅទស្សនាប្រាសាទ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ព្រោះផ្លូវកៅស៊ូចាស់នេះនៅជាប់នឹងព្រះលានជល់ដំរីខ្លាំងពេក។

លោកបន្ថែមថា ការស្ថាបនាផ្លូវថ្មីនេះមានប្រវែងសរុប១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពណ៌ក្រហមចាស់ ដែលផ្តើមចេញពីផ្លូវកែងជ្រុងខាងកើត ឈៀងខាងជើងនៃប្រាសាទបាយ័ន្ត ឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដោយបត់ឆ្វេងមុនទៅដល់ប្រាសាទព្រះពិធូរ ភ្ជាប់ទៅនឹងផ្លូវកៅស៊ូចាស់ មុខវត្តទេពប្រណម្យ។

ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុង ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើដើម្បីឱ្យមានទេស​ភាព និងបរិស្ថានល្អស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕ (ប្រភព អាជ្ញាធរជាតិអប្សរា)៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើក្រុមហ៊ុនសាងសង់ផ្លូវខេត្តព្រះសីហុនុធើ្វទាំងថៃ្ង ទាំងយប់ឱ្យចប់តាមផែនការដើម្បីត្រៀមទទួលអ្នកវិនិយោគ និងទេសចរណ៍

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុទាំងថៃ្ង ទាំងយប់កុំសម្រាកឱ្យសម្រេចផែនការដើម្បីទទួលអ្នកវិនិយោគនិងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរនៅក្នុងគេហទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ថា “ខ្ញុំសូមបង្ហាញពីការធើ្វប្រពន្ធ័លូនៅខេត្តព្រះសីហនុ រយៈពេលខ្លី លូវែង (HDPE) ប្រព័ន្ធកប់ក្រោមដីច្រើនមុខ ជីកកប់ដាក់លើចំណីផ្លូវ មួយកប់មួយកាយ ខិតខំសហការដ៏ល្អដែរ ដោយដឹងខ្លួនថាកាលនោះមិនបានអនុលោមតាមប្លង់សុរិយោដី ដែលបានកំណត់រួច សម្រាប់ដីចំណីផ្លូវនិងត្រូវផ្តល់បណ្ណសំគាល់សិទ្ធិជូនប្រជាជន”។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរបន្តថា “សូមក្រុមកាងារ ក្រុមហ៊ុន ធើ្វទាំងថៃ្ង ទាំងយប់កុំសម្រាកយូរ សម្រេចផែនការមុនរដូវភ្លៀងមកដល់អោយបានជាមូលដ្ឋាន ត្រៀមខ្លួនទទួលអ្នកវិនិយោគនិងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ ខ្ញុំលួចសា្តប់សម្តេចតេជោមានប្រសាសន៍ហើយ!”។

ផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ បានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ធ្លាប់បានមានប្រសាសន៍“ការសាងសង់ផ្លូវនេះជាទូទៅមានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃ និងយឺតនៅកន្លែងខ្លះដោយសារ បច្ចេកទេសដាក់លូ ប៉ុន្តែត្រូវបានដោះស្រាយហើយ។ ផ្លូវអូរត្រេះ បានចាប់ផ្តើមចាក់បេតុងហើយ ចំណែកចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។

លោកបន្តទៀតថា “រាល់ថ្ងៃនេះមិនមែនមានតែផ្លូវក្នុងក្រុងនោះទេដែលសម្រុកសាងសង់ ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ដូចគ្នាដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុក និងទាន់ពេលវេលាដែលបានកំណត់”៕

ទីផ្សារខុនដូនៅថៃធ្លាក់ចុះហួសការរំពឹងទុក ខណៈវីរុសកូរ៉ូណាកំពុងវាយលុក

ដោយ ហ្សូលី

បាងកកៈ ទីផ្សារខុនដូក្នុងទីក្រុងបាងកកមានការធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តទាប ក្នុងចំណោមអ្នកអភិវឌ្ឍន៍ និងអ្នកទិញនៅក្នុងទីផ្សារខុនដូថៃ ខណៈប្រទេសនេះកំពុងមានការវាយលុកពីវីរុសកូរ៉ូណា។

ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានកាត់បន្ថយការចាប់ផ្តើមគម្រោងថ្មី និងផ្លាស់ប្តូរការដាក់តម្លៃ ដែលមានតម្លៃក្រោម១០ម៉ឺនបាតក្នុងមួយម៉ែត្រការ៉េ។ នេះជាភស្តុតាងដែលបង្ហាញថា អត្រាទិញមានកម្រិតទាប ទោះបីជាមានការទាក់ទាញអតិថិជនបែបណាក៏ដោយ។

ខុនដូសរុបចំនួន១១.៣៦២យូនីត ត្រូវបានដាក់ឲ្យដំណើរការនៅត្រីមាសចុងក្រោ​យនៃឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះ២០ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ចំនួនសរុបពេញមួយឆ្នាំចំនួន ៤១.៥៦៨ យូនីតបានធ្លាក់ចុះ ៣៧% ពីឆ្នាំ ២០១៨ ។ តម្លៃគម្រោងសរុបមានចំនួន២០០ពាន់លានបាត។

អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនវិនិយោគមួយចំនួន បានពន្យារពេលការបើកដំណើរការគម្រោង ដោយសារតែភាពជឿជាក់ទាបនៅក្នុងទីផ្សារ និងអត្រាទិញធ្លាក់ចុះ ដោយសារប្រទេសថៃកំពុងប្រឈមនឹងបញ្ហាសុខភាពសកលលោក វីរុសកូរ៉ូណា។

លើសពីនេះ ការចាប់អារម្មណ៍របស់អ្នកទិញជនជាតិចិន បានធ្លាក់ចុះគួរឱ្យកត់ស ម្គា​ល់ដោយសារតែការធ្លាក់ចុះនៃប្រាក់យន់ ធៀបនឹងប្រាក់បាតរួមទាំងកំណើនសេដ្ឋកិច្ចរបស់ចិនយឺត ព្រោះតែកត្តាជម្ងឺវាយលុក រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។

លក្ខខណ្ឌនៅក្នុងទីផ្សារខុនដូ ទីក្រុងបាងកកនៅឆ្នាំ២០២០ នៅតែមានលក្ខណៈស្រដៀងគ្នាទៅនឹងលក្ខខណ្ឌនៅឆ្នាំ២០១៩ ។ អ្នកអភិវឌ្ឍន៍នឹងឃ្លាំមើលទីផ្សារដោយយកចិត្តទុកដាក់ ហើយនឹងព្យាយាមពន្លឿនការស្ថាបនាគម្រោង ដែលអាចទទួលបានអត្ថប្រយោជន៍ពីវិធានការណ៍របស់រដ្ឋាភិបាល ក្នុងការជំរុញវិស័យអចលនទ្រព្យ។

ទីផ្សារមានការធ្លាក់ចុះជាបណ្តើរៗ ពីកម្រិតមុនប្រហែល១២០,០០០ បាតក្នុងមួយម៉ែត្រការ៉េ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែច្រើនវ ផ្តល់ជូននូវតម្លៃទាបជាង ១០០.០០០បាត ក្នុងមួយម៉ែតការ៉េឬ៣លានបាតសរុប ដែលជាតម្លៃដែលទាក់ទាញអតិថិជនថៃភាគច្រើន៕

ចំណេះដឹង!តើអ្វីជាការអនុញ្ញាតអោយបង់ពន្ធប្រថាប់ត្រាតែមួយដង?

ដោយវុត្ថា

ភ្នំពេញៈ ការអនុញ្ញាតអោយបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរលើកចុងក្រោយនៃអចលនវត្ថុ ដែលមិនទាន់បានចុះបញ្ជី គឺជាគោលនយោបាយអនុគ្រោះដល់អ្នកទទួលសិទ្ធិចុងក្រោយលើអចលនវត្ថុ ដែលត្រូវបានផ្ទេរច្រើនដំណរប៉ុន្តែពុំបានបង់ពន្ធប្រថាប់ត្រាចំពោះដំណាក់កាលផ្ទេរនីមួយៗនោះទេ។

គោលនយោបាយនេះ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ១៣៤ សជណ ចុះថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយពិនិត្យឃើញការលំបាក និងហានិភ័យខ្ពស់ចំពោះអ្នកទទួលសិទ្ធិចុងក្រោយ លើអចលនវត្ថុដែលមិនទាន់បានចុះបញ្ជី ដោយហេតុថា ពួកគេត្រូវរ៉ាប់រងបំណុលពន្ធប្រថាប់ត្រាច្រើនដង ព្រមទាំងពិន័យស្មើប្រាក់ពន្ធដែលត្រូវបង់។

ខ្លឹមសារនៃសជណនេះមានដូចខាងក្រោម ៖

– អចលនវត្ថុដែលមិនទាន់បានចុះបញ្ជី ហើយមានសាវតាផ្ទេរសិទ្ធិកាន់កាប់ច្រើនដង មុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ត្រូវអនុគ្រោះអោយបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ។ ព្រមទាំងអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធចំនួន ៦០០,០០០,០០០ រៀល សម្រាប់តែអចលនវត្ថុដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី។

– អចលនវត្ថុដែលមិនទាន់បានចុះបញ្ជី ហើយដែលមានសាវតាផ្ទេរការកាន់កាប់ច្រើនលើកមុនថ្ងៃទី១ ខែ មករា ឆ្នាំ២០១៧ ត្រូវបានអនុញ្ញាតអោយបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ។

ឧទាហរណ៍ ៖ អចលនវត្ថុមិនទាន់បានចុះបញ្ជីមួយកន្លែង មានតម្លៃ៣០ម៉ឺនដុល្លារ ធ្លាប់បានផ្ទេរសិទ្ធិកាន់កាប់៣លើក ដោយមិនបានបង់ពន្ធប្រថាប់ត្រា។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកកាន់កាប់អចលនវត្ថុចុងក្រោយ បានដាក់ពាក្យសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី។ ហេតុនេះអ្នកដាក់ពាក្យសុំត្រូវបង់ពន្ធដូចខាងក្រោម។

(៣០០,០០០ដុល្លា x ៤០០០រៀល) – ៦០០,០០០,០០០រៀល X 0.04 = ២៤,០០០,០០០ រៀល៕