ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃកំពុងជំរុញក្រុមហ៊ុនខ្លួនពង្រីកវត្តមាននៅកម្ពុជា

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​វិនិយោគ​ ​(​BoI​)​ ​របស់​ប្រទេស​ថៃ​កំពុង​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​អាស៊ី​ខាងត្បូង​ ​និង​បណ្តា​ប្រទេស​អាស៊ាន​ ​រួមមាន​កម្ពុជា​ ​ខណៈ​ប្រទេស​ជាច្រើន​ត្រូវការ​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ថ្មី​ៗ​នៅក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​ ​និង​សំណង់​។​

​លោកស្រី​ ​Ratanawimon​ ​Nareesukreekhet​ ​នាយករង​នៃ​ការជំរុញ​ការ​វិនិយោគ​ក្រៅប្រទេស​របស់​ថៃ​នៃ​ក្រុមប្រឹក្សា​ ​BoI​ ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ​ប្រទេស​ខ្លួន​កំពុង​ប្ដេជ្ញា​ជំរុញ​ក្រុមហ៊ុន​ថៃ​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ ​ប្រទេស​បង់​ក្លា​ដែ​សម៉ា​ល់​ឌីវ​ ​ឥណ្ឌា​ ​ប៉ាគីស្ថាន​ ​និង​ស្រីលង្កា​គឺជា​ប្រទេស​គោលដៅ​សម្រាប់​ ​BoI​ ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​នា​ពេល​អនាគត​ពី​ក្រុមហ៊ុន​ថៃ​។​
​ក្រុមប្រឹក្សា​ ​BoI​ ​ប្តេជ្ញា​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ឱ្យ​បន្ត​វត្តមាន​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដើម្បី​ចាប់​យក​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា​នៅក្នុង​ប្រទេសជិតខាង​នេះ​។​
​លោកស្រី​ ​Ratanawimon​ ​បាន​មានប្រសាសន៍​ថា​ ​“​វា​មាន​វិ​ស័យ​សក្តា​នុ​ពល​ជាច្រើន​នៅក្នុង​ប្រទេសជិតខាង​ចំនួន​បួន​ ​ដូចជា​កសិកម្ម​វាយនភណ្ឌ​ ​និង​សម្លៀកបំពាក់​ ​ទេសចរណ៍​ ​និង​សេវាកម្ម​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ ​ការ​លក់រាយ​ ​និង​វេច​ខ្ចប់​ ​ហើយ​ក្រុមហ៊ុន​ថៃ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នកប្រើ​ប្រាស់​”​។

​លោកស្រី​មានប្រសាសន៍​ថា​ ​“​អាស៊ី​ខាងត្បូង​មានឱកាស​ ​និង​កំណើន​សេដ្ឋកិច្ច​ ​ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន​កំពុង​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ​ក្រុមប្រឹក្សា​ ​BoI​ ​ត្រូវ​បាន​ធ្វើការ​ទំនាក់ទំនង​ដោយ​រដ្ឋាភិបាល​មក​ពី​តំបន់​នោះ​ ​ហើយ​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​នាំ​ក្រុមហ៊ុន​ថៃ​មក​ធ្វើទស្សនកិច្ច​ ​និង​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងនោះ​”​។​
​លោកស្រី​ ​Ratanawimon​ ​បាន​និយាយ​ថា​ ​អាស៊ី​ខាងត្បូង​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ផ្លូវថ្នល់​ ​អគារ​ ​និង​រោងចក្រ​ថាមពល​កំពុង​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​។​
​ក្រុមប្រឹក្សា​ ​BoI​ ​មាន​គោលនយោបាយ​ជំរុញ​ ​និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ថៃ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ចាប់តាំងពី​ឆ្នាំ​ ​២០១០​៕​

ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ ១៤ បាននឹងកំពុងភ្ជាប់ការហោះហើរនៅព្រលានយន្តហោះខេត្តព្រះសីហនុ

ដោយវុត្ថា
​ភ្នំពេញ​៖​ ​បច្ចុប្បន្ន​បាន​កំពុង​ប្រតិបត្តិ​ការ​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ​១៤​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន៥​ ​និង​ ​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន៩​ ​ដោយ​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ក្រុង​ព្រះសីហនុ​ ​ទៅកាន់​ប្រទេស​វៀតណាម​ ​ប្រទេស​ម៉ាឡេស៊ី​ ​ប្រទេស​ថៃ​ ​ប្រទេស​ហ្វីលីពីន​ ​និង​ប្រទេស​ចិន​មាន​រហូត២៥ទីក្រុង​ ​។​

​នេះ​បើក​តាម​ការ​លើកឡើង​នៅក្នុង​សុន្ទរកថា​ ​របស់​ ​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅក្នុង​ពិធី​ជួបជុំ​ដៃគូ​រវិ​និ​យោគ​ចិន​ ​នៅ​សណ្ឋាគារ​ព្រីន​ថាម​ស៍​ ​។​ ​
​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​ ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រីក​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយទៅជា​ច្រកចេញ​ចូល​អន្តរជាតិ​ដ៏​ទំនើប​ ​និង​មានប្រសិទ្ធភាព​សម្រាប់​ ​ផ្សារភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​ ​ក្នុង​បរិបថ​នៃ​យុគ្​គស​ម័យ​សកល​ភាវូបនីយកម្ម​ ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​និង​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​ ​។​ ​

​លោក​ ​តាំង​ ​សុចិត្រ​ក្រឹស្នា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​បាន​ប្រាប់​គេហទំព័រ​ ​propertyarea.asia​ ​កាលពី​កន្លង​មនេះ​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងង​ក្រោយនេះ​ ​កំណើន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មកកាន់​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​គួរ​ ​ឱ្យ​កត់សម្គាល់​ ​ដោយសារតែ​ខេត្ត​មួយ​នេះ​ ​បាន​ទាក់ទាញ​ការ​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ជាពិសេស​វិនិយោគិន​ចិន​។​
​​លោក​បន្ត​ថា​ ​ចាប់តាំងពី​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដឹងពី​ការ​បិត​ល្បែង​អន​ឡាញ​ ​ជំ​នួន​ភ្ញៀវ​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ហាក់​មានការ​ថយ​ចុះ​ ​ដែល​កាលពីមុន​មាន​ចំនួន​ពី​ ​៥ពាន់​ ​ទៅ​ ​៧ពាន់​នាក់​ក្នុង​មួយថ្ងៃ​ ​តែ​បច្ចុប្បន្ន​នេះ​មាន​ប្រហែល​ ​១​ ​ទៅ​ ​៣​ ​ពាន់​ក្នុង​មួយថ្ងៃ​ ​ហើយ​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​គឺជា​ជនជាតិ​ចិន​ ​។​ ​
​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ ​តារា​រៈ​នា​ទិសនិរតី​ ​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ ​និង​ប្រកបដោយ​ចីរភាព​ ​ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អគារ​ស្នាក់នៅ​រួម​ ​សណ្ឋាគារ​ ​មណ្ឌល​កំសាន្ត​ ​។​ ​ល​។​ ​ជាមួយគ្នា​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​អភិវឌ្ឍ​ ​ជាតិ​ប្រកបដោយ​ ​ចីរភាព​ ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​តាមរយៈ​ ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ ​និង​ជា​ ​តំបន់​ ​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ខេត្ត​ព្រះសីហនុ​ ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ ​និង​ការ​បណ្តាក់​ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ពី​អ្នក​វិនិយោគ​បរទេស​ ​ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​លេខ១​ ​ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ​មានសន្ទុះ​អភិវឌ្ឍ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗ​ដូចជា​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ដឹកជញ្ជូន​ ​សំណង់​ ​ទេសចរណ៍​ ​និង​កាស៊ីណូ​ ​ក្នុងចំណោម​នេះ​វិស័យ​សំណង់​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​ ​គិត​ចាប់ពី​ឆ្នាំ២០១៧ដល់​ខែធ្នូ​ឆ្នាំ២០១៩​ ​មាន​ចំនួន១,១៣៧គម្រោង​ ​មានផ្ទៃ​ក្រឡា​សរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡា​ស្មើ​និង​ទុន​វិនិយោគ​សរុប​ ​៥,៨៧១,៩៧៦,៩៨៥.៥០​ ​ដុល្លា​ ​៕​

មន្រ្តីជាន់ខ្ពស់ចិននឹងធ្វើដំណើរទៅអាមេរិកដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ

ដោយ​ ​Donald​ ​Lee​
​ភ្នំពេញ​៖​ ​អនុ​ប្រធានាធិបតី​ចិន​លោក​ ​Liu​ ​He​ ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald​ ​Trump​ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ ​ច័ន្ទ​ ​សប្តាហ៍​ក្រោយ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី​ ​១​។​

​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដំណាក់កាល​ទី​ ​១​ ​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​ថ្លៃ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្សជាតិ​ ​និង​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ​១៧​ ​ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។​
​លោក​ ​Trump​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​នៅមុន​ឆ្នាំ​ថ្មី​ថា​ ​“​ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ​១​ ​ដ៏​ធំ​ ​និង​ទូលំទូលាយ​របស់​យើង​ជាមួយ​ប្រទេស​ចិន​នៅ​ថ្ងៃទី​ ​១៥​ ​ខែ​ ​មករា​”​។​
​លោក​បាន​បន្ថែម​ថា​ ​“​ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​សេតវិមាន​។​ ​តំណាង​ជាន់ខ្ពស់​របស់​ចិន​នឹង​មាន​វត្តមាន​”​។​

​អង្គការ​សហប្រតិបត្តិ​ការ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​(​OECD​)​ ​បាន​បញ្ជាក់​ថា​ ​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ​១០​ ​ឆ្នាំមុន​។​
​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការ​តម្រៀប​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ដោយខ្លួនឯង​ដើម្បី​ចរចា​ដំណាក់កាល​ទី​ ​២​ ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។​
​លោក​ ​Trump​ ​បាន​ថ្លែង​ថា​ ​“​នៅ​កាល​បរិចេ្ឆទ​ក្រោយ​ ​ខ្ញុំ​នឹង​ទៅ​ទីក្រុង​ប៉េកាំង​ដែល​កិច្ចពិភាក្សា​នឹង​ចាប់ផ្តើម​នៅ​ដំណាក់កាល​ទី​ ​២​!​”​៕​

NBC៖ វិស័យធនាគារបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច

ដោយ​ ​ប៊ី​
​ភ្នំពេញ​៖​ ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ដំរឹង​មាំ​ធ្វើ​ឱ្យ​វិស័យ​ធនាគារ​មាន​សុខភាព​ល្អ​ ​និង​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ជំ​រុ​ញប​រិយា​បន្ន​ហិរញ្ញវត្ថុ​ ​គាំទ្រ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​។​ ​

​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិនៃកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ប្រជាជន​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​មាន​ ​៧១​%​ ​នៃ​ប្រជាជន​ពេញវ័យ​សរុប​ ​ជាមួយនឹង​កំណើន​ប្រាក់បញ្ញើ​ ​២៥​ ​%​ ​និង​ប្រាក់កម្ចី​ ​២៦​%​។​ ​
​កំណើន​ប្រាក់កម្ចី​បាន​កើនឡើង​មកវិញ​ ​បន្ទាប់ពី​បាន​ថយ​ចុះ​នា​រយៈពេល​បី​ឆ្នាំ​កន្លងទៅ​ ​ប៉ុន្តែ​មិនទាន់​ដល់កម្រិត​ក្នុងអំឡុងឆ្នាំ២០១០​-​២០១៥​ ​(​៣០​%​)​ ​ទេ​។​ ​
​របាយការណ៍​បាន​បន្ថែម​ថា​ ​“​កំណើន​ឡើងវិញ​នេះ​ជំរុញ​ជាចម្បង​ដោយ​កំណើន​ឥណទាន​ទៅកាន់​វិស័យ​សំណង់​និង​អចលនទ្រព្យ​ ​ការប្រើ​ប្រាស់​ ​និង​ពាណិជ្ជកម្ម​”​។​ ​
​ដោយសារ​ ​ការ​កើនឡើង​នៃ​ចំណូល​ ​តម្រូវការ​ ​និង​ភាព​សម្បូរ​បែប​នៃ​សេវា​ហិរញ្ញវត្ថុ​ ​ឥណទាន​សម្រាប់​ការប្រើ​ប្រាស់​បាន​កើនឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដូចជា​ ​ឥណទាន​សម្រាប់​ទិញទំនិញ​ប្រើប្រាស់​ ​និង​លំនៅឋាន​សម្រាប់​ស្នាក់នៅ​។​ ​
​ឥណទាន​ទាំងនេះ​បាន​ជំរុញ​ការប្រើ​ប្រាស់​ ​ដែល​មាន​បច្ច័យ​វិជ្ជមាន​រួមចំណែក​គាំទ្រ​កំណើន​សកម្មភាព​សេដ្ឋកិច្ច​។​

​ទោះ​យ៉ាងណា​ ​ប្រសិនបើ​អ្នកប្រើ​ប្រាស់​មិនបាន​ចំណាយ​ឱ្យ​ចំ​គោលដៅ​ទេ​ ​នោះ​ការ​កើនឡើង​នៃ​ឥណទាន​ក៏អាច​បង្ក​ជា​ហានិភ័យ​ផង​ដែរ​។​ ​
​ម្យ៉ាងទៀត​ ​ប្រព័ន្ធ​ធនាគារ​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​ ​ដើម្បី​គាំទ្រ​ការ​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​សេដ្ឋកិច្ច​ ​និង​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​។​ ​
​បច្ចុប្បន្ន​ ​ប្រជាជន​ប្រមាណ​ ​៥​ ​លាន​នាក់​ ​កំពុង​ប្រើប្រាស់​ ​សេវា​ទូទាត់​សង​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល​ ​ឆាប់រហ័ស​ ​សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​។​ ​
​ធនាគារជាតិនៃកម្ពុជា​កំពុង​អភិវឌ្ឍ​ស្តង់ដារ​ ​QR​ ​Code​ ​និង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​បាគង​ផ្អែកលើ​បច្ចេកវិទ្យា​ ​Blockchain​ ​សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​និង​ប្រតិបត្តិ​ការ​ទូទាត់​ឆ្លងដែន​៕

កម្ពុជាគឺជាប្រទេសដែលល្អបំផុតក្នុងការវិយោគលើវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២០នេះ

ដោយវុត្ថា
​ភ្នំ​ពេញៈ​ ​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ចំនួន៣​ ​ផ្សេងទៀត​រួមមាន​ប្រទេស​ហ្វីលីពីន​ ​វៀតណាម​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​គឺជា​ប្រទេស​ដែល​ល្អ​បំផុត​ ​សម្រាប់​វិនិយោគិន​ក្នុង​ចាប់​យក​ឪ​កាស​វិនិយោគ​ ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២០នេះ​។​ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ ​inviestasian.com​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​

​គេហទំព័រ​នេះ​បាន​អះអាង​ថា​ ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០​ ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ ​លឿន​បំផុត​នៅ​តំបន់​អាស៊ី​ ​និង​ជាទី​ផ្សារ​មួយ​ដែល​មាន​ភាព​ងាយស្រួល​ ​សម្រាប់​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ​ ​ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។​
​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ​បាន​ផ្តល់​ឱ្យ​ជនបរទេស​ធ្វើអាជីវកម្ម​ ​ដោយ​កាន់កាប់​ភាគហ៊ុន១០០​%​។​ ​ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ​គឺជា​ជំរើស​វិនិយោគ​ដ៏​រឹងមាំ​មួយ​ផង​ដែរ​ ​ជាពិសេស​ជាមួយនឹង​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ ​ដែល​ទិញ​អាច​ទិញ​អចលនទ្រព្យ​បាន​ ​ក្នុង​តម្លៃ​ប្រហែល១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​នោះ​ជា​ការអនុវត្ត​ជាក់ស្តែង​ដែល​មិនធ្លាប់​ ​មាននៅ​ក្នុង​ទីក្រុង​ ​ដែល​មាន​អត្រា​នគរូបនីយកម្ម​ ​ខ្ពស់​ដូច​ប្រទេស​កម្ពុជា​។​

​គេហទំព័រ​នេះ​ ​បាន​ស្រាវជ្រាវ​រក​ឃើញថា​ ​មានតែ​ទី​ក្រុង​ធំៗ​ចំនួន​ប្រាំបី​នៅក្នុង​ពិភពលោក​ទាំងមូល​ប៉ុណ្ណោះ​ ​ដែល​អ្នក​អាច​ទិញ​អចលនទ្រព្យ​ ​តម្លៃ​នៅ​ក្រោម១០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដោយ​ ​ក្នុង​នោះ​ក៏​មាន​ទីក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​
​គេហទំព័រ​នេះ​បន្ត​ថា​ ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​កម្ពុជា​ ​បាន​នឹង​កំពុង​ដំណើរការ​ដែល​មាន​ក្រុមហ៊ុន​ចូលរួម​ជាបន្តបន្ទាប់​ ​ដែល​អាច​ជា​ឱកាស​ធ្វើអាជីវកម្ម​ ​និង​អចលនទ្រព្យ​ជាច្រើន​នៅ​ទីនេះ​ ​ប៉ុន្តែ​មិន​មាន​ច្រើន​ទេ​។​
​ជាពិសេស​ ​ប្រទេស​កម្ពុជា​មាន​ដុល្លា​រូប​នី​យក​ម្ម​ខ្ពស់​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ស្ទើរតែ​រាល់​ប្រតិបត្តិ​ការ​ធំៗ​។​ ​នេះ​ជាផ្នែក​វិជ្ជមាន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​។​ ​ជាពិសេស​ប្រសិនបើ​អ្នក​កាន់​ប្រាក់​ដុល្លារ​រួចហើយ​ ​ព្រោះ​វា​ដក​ថ្លៃ​ប្តូរ​រូបិយប័ណ្ណ​ណាមួយ​ ​ដែល​ជា​ធម្មតា​ ​នឹង​មក​ជាមួយ​ការទិញ​ទ្រព្យសម្បត្តិ​នៅ​អាស៊ី​៕​

ចំណេះដឹងច្បាប់! តើអ្វីខ្លះទៅជាសម្បត្តិសាធារណៈរបស់រដ្ឋ?

ភ្នំ​ពេញៈ​ ​បើ​យើង​និយាយ​អំពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​យើង​តែងតែ​និយាយ​ផ្តោត​លើ​បឹង​ ​ទន្លេ​ ​អាគារ​ ​របស់សាធារណៈ​របស់​ ​រដ្ឋ​ជាដើម​ ​និង​អាគារ​របស់​រដ្ឋាភិបាល​ ​ដូច​-​ជា​ ​មន្ទី​ពេទ្យ​បង្អែក​ ​គ្រឹះ​ស្ថាន​មូយ​ចំ​នូន​ ​ដូចជា​ ​អាគារ​ក្រសួង​របស់​រដ្ឋាភិបាល​ជាដើម​។​ ​
​បើ​យោង​តាម​មាត្រា​ទី១៤​ ​នៃ​ច្បាប់​ភូមិបាល​ ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ចែងថា​ ​សម្បត្តិ​ដែល​ត្រូវ​បាន​រាប់​ចូល​ទៅ​ ​ក្នុង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​និង​របស់​នីតិបុគ្គល​សាធារណៈ​មាន​ដូចតទៅ​៖​
​•​ ​ទ្រព្យ​ទាំងឡាយ​ ​ដែល​បង្ហាញ​នូវ​ការ​ការ​កើតឡើង​ពី​ធម្មជាតិ​ដូចជា​ ​ព្រៃឈើ​ ​ផ្លូវទឹក​ដែល​នាវា​ ​ឬ​ក្បូន​ចេញចូល​បាន​ ​បណ្តែត​បាន​ ​បឹង​ធម្មជាតិ​ ​ច្រាំងទន្លេ​ ​ដែល​នាវា​ ​ឬ​ក្បូន​ចេញចូល​បាន​ ​បណ្តែត​បាន​និង​ត្រើយ​សមុទ្រ​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ជា​កម្មវត្ថុ​ ​នៃ​ការរៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍​ទូទៅ​ដូចជា​ ​តីរ​ឋាន​ ​កំពង់ផែ​ ​ផ្លូវដែក​ ​ស្ថានីយ​រថភ្លើង​ ​និង​ព្រលា​នយន្​ត​ហោះ​។​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ ​ជា​សាធារណៈ​តាម​ស្ថានភាព​ពី​កំណើត​ ​ឬ​ក្រោយពី​បាន​រៀបចំ​ដូចជា​ ​ផ្លូវថ្នល់​ ​ផ្លូវលំ​ ​ផ្លូវ​រទេះ​ ​ផ្លូវ​ដើរ​ ​សួនច្បារ​ ​និង​ ​ឧទ្យាន​សាធារណៈ​ ​និង​ដី​ចំណី​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​ ​សម្រាប់​សេវា​សាធារណៈ​ដូចជា​ ​សាលារៀន​ ​ឬ​អាគារ​រដ្ឋបាល​ ​មន្ទីរពេទ្យ​សាធារណៈ​ទាំងឡាយ​។​
​•​ ​ទ្រព្យ​ទាំងឡាយ​ដែល​បង្កើត​ជា​ដែន​បំរុង​ធម្មជាតិ​ការពារ​ដោយ​ច្បាប់​
​•​ ​បេតិកភណ្ឌ​បុរាណវិទ្យា​ ​វប្បធម៌​និង​ប្រវត្តិ​សាស្រ្ត​
​•​ ​អចលនវត្ថុ​ជា​ព្រះរាជទ្រព្យ​ ​ដែល​មិនមែន​ជា​ទ្រព្យសម្បត្តិ​ឯកជន​ ​របស់​ព្រះរាជវង្សានុវង្ស​។​ ​អចលនវត្ថុ​ជា​ព្រះរាជទ្រព្យ​ត្រូវ​បាន​ចាត់ចែង​ដោយ​ព្រះមហាក្សត្រ​ ​កំពុង​គ្រងរាជ្យ​។​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​មិន​អាច​លក់ដូរ​បាន​ឡើយ​ហើយ​ ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ​មិន​អាច​កំណត់​អាជ្ញាយុកាល​បានទេ​។​ ​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​មិន​អាច​ស្ថិតនៅ​ក្រោម​ការ​កាន់កាប់​ ​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​ទី៤​ ​នៃ​ច្បាប់​នេះ​បានទេ​។​ ​ប៉ុន្តែ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​ ​នៃ​ការអនុញ្ញាត​ឲ្យ​កាន់កាប់​ ​ឬ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ ​មិន​ទៀង​ ​ហើយ​អាច​ដកហូត​វិញ​បាន​ ​បើ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្សេង​ៗ​ ​លើកលែងតែ​បាន​អនុញ្ញាត​តាម​ជំពូក​ទី៣​ ​នៃ​ច្បាប់​នេះ​។​ ​ការអនុញ្ញាត​ទាំងនេះ​ ​មិន​អាច​ប្រែក្លាយ​ទៅជា​កម្មសិទ្ធិ​ ​ឬ​ជា​សិទ្ធិ​ភណ្ឌិ​កជា​ប្រយោជន៍​ ​ដល់​អ្នកកាន់កាប់​ទ្រព្យ​ទាំងនោះ​បាន​ឡើយ​។​
​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ ​អាច​ត្រូវ​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​ ​របស់​រដ្ឋ​តាមរយៈ​ច្បាប់​អនុប្បយោគ​៕​

ប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៣នៅអាស៊ីពង្រីកកិច្ចសហប្រតិបត្តិការវិស័យធនាគារជាមួយអាស៊ាន

ដោយ​ ​ប៊ី​
​ភ្នំ​ពេញៈ​ ​ធនាគារ​អភិវឌ្ឍន៍​ ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​ចិន​ ​និង​សាធារណរដ្ឋ​កូរ៉េ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ឯកជន​នៅ​អាស៊ី​អាគ្នេយ៍​ ​ដើម្បី​ឆ្លើយតប​តម្រូវការ​ដែល​កំពុង​កើនឡើង​ ​សម្រាប់​គម្រោង​ហេ​ ​ដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ ​ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​សារព័ត៌មាន​ ​Kyodo​ ​News​ ​បាន​ដកស្រង់​សម្តី​របស់​ធនាគារ​ជប៉ុន​សម្រាប់​សហប្រតិបត្តិ​ការអន្តរជាតិ​ ​(​JBIC​)​ ​ដែល​និយាយ​ថា​ ​ធនាគារJBIC​ ​ធនាគារ​អភិវឌ្ឍន៍​ចិន​ ​និង​ធនាគារ​អភិវឌ្ឍន៍​កូរ៉េ​ ​បាន​បង្កើត​យន្តការ​សហប្រតិបត្តិ​ការ​ ​អន្តរ​ធនាគារ​អាស៊ាន​បូក​បី​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ាន​។​
​ធនាគារ​ផ្តល់​ប្រាក់កម្ចី​ជប៉ុន​បានឱ្យ​ដឹង​ថា​ ​គម្រោង​នេះ​មាន​គោលបំណង​ ​“​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​ផ្អែកលើ​ស្តង់ដារ​ពិភពលោក​ ​ដូចជា​ការ​បើកចំហ​ ​តម្លាភាព​ ​លទ្ធភាព​សេដ្ឋកិច្ច​ ​និរន្តរភាព​បំណុល​ ​និង​ការ​អនុលោម​តាមច្បាប់​ ​និង​បទប្បញ្ញត្តិ​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​”​។​
​ធនាគារ​បាន​បន្ត​ថា​ ​“​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បែបនេះ​ ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​ដែល​គម្រោង​បាន​បោះទីតាំង​ ​និង​ប្រភព​ដើម​នៃ​គម្រោង​ ​ដែល​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​ ​ហើយ​ដូច្នេះ​នឹង​នាំទៅរក​ការ​អភិវឌ្ឍ​តំបន់​ទាំងមូល​”​។​

​អ្នកចូលរួម​អាស៊ាន​នៅក្នុង​គម្រោង​នេះ​ ​គឺ​ធនាគារ​ ​PT​ ​Bank​ ​Mandiri​ ​(​Persero​)​ ​Tbk​ ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ធនាគារ​កា​ ​Canadia​ ​Bank​ ​PLC​ ​នៃ​ប្រទេស​កម្ពុជា​ ​ធនាគារ​ ​DBS​ ​Bank​ ​Ltd​ ​នៃ​ប្រទេស​សឹង្ហ​បូរី​ ​ធនាគារ​ ​Kasikornbank​ ​Public​ ​Co.របស់​ប្រទេស​ថៃ​ ​ធនាគារCIMB​ ​Group​ ​Sdn​ ​Bhd​ ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​ធនាគារ​ ​Myanma​ ​Foreign​ ​Trade​ ​Bank​ ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ​ធនាគារ​ណBDO​ ​Unibank​ ​Inc​ ​របស់​ប្រទេស​ ​ហ្វីលីពីន​ ​ធនាគារ​ ​Bank​ ​Islam​ ​Brunei​ ​Darussalam​ ​Berhad​ ​នៃ​ប្រទេស​ប៊្រុយ​ណេ​ ​ធ​នាគា​ ​Joint​ ​Stock​ ​Commercial​ ​Bank​ ​នៃ​ប្រទេស​វៀតណាម​ ​និង​ធនាគារ​ ​Lao​ ​Development​ ​Bank​ ​នៃ​ប្រទេស​ឡាវ​។​
​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ខាងក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​ ​ដែល​មានការ​ចូលរួម​ពី​មេដឹកនាំ​ជប៉ុន​ ​ចិន​ ​កូរ៉េ​ខាងត្បូង​ ​និង​អាស៊ាន​នៅ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​នៅ​ជាយក្រុង​បាងកក​ប្រទេស​ថៃ​៕​

អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមលើកំនើនតម្លៃដីធ្លីនៅក្នុងក្រុងនិងជាយក្រុងភ្នំពេញ

ដោយៈ​ ​រ៉ា​ណេត​ ​
​ភ្នំ​ពេញៈ​ ​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​សម្រាប់​ឆ្នាំ២០២០នេះ​ ​តម្លៃ​ដីធ្លី​ទាំង​នៅក្នុង​ក្រុង​ ​និង​តំបន់​ក្រ​វ៉ាត់​ក្រុង​ ​នៅតែ​មានការ​កើនឡើង​មិន​ខុសពី​ឆ្នាំ​ចាស់២០១៩ប៉ុន្មាន​នោះ​ទេ​ ​ដែល​អ​ត្រា​កំនើ​ននេះ​នឹង​កើន​ចន្លោះ​ពី១៥​-​៣០ភាគរយ​ ​ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​ ​និង​ស្ថានភាព​ដី​ដែល​មាន​តម្រូវការ​។​ ​

​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ដែល​កំពុងតែ​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​នៅក្នុង​វិស័យ​មួយ​នេះ​ ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ​ចំពោះ​វិស័យ​ដីធ្លី​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ ​ដែល​ក្នុង​នោះ​រាប់ទាំង​តំបន់​កណ្តាល​ក្រុង​ ​តំបន់​ជាយក្រុង​ផង​ដែរ​។​ ​
​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៥​ ​ខែមករា​ ​ឆ្នាំ២០២០កន្លងមក​ថា​ ​តម្លៃ​ដីធ្លី​នៅក្នុង​ឆ្នាំ២០២០នេះ​ ​គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​និង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ ​ជាពិសេស​នៅ​តាម​តំបន់​ជាយក្រុង​ដែល​មាន​ចម្ងាយ២០​-​៣០​ ​គីឡូម៉ែត្រ​ ​ស្ថិតនៅ​តាមផ្លូវ​ជាតិ​សំ​ខាន់​ៗ​ ​ដូចជា​ ​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ដែល​មាន​អំណោយផល​ទៅដល់​វិស័យ​ឧស្សាហកម្ម​ ​រោងចក្រ​ ​និង​ឃ្លាំង​។​ ​
​លោកស្រី​បន្ត​ទៀត​ថា​ ​“​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗ​ ​ខាងលើ​នេះ​មាន​ភាព​ខុសគ្នា​ ​ដូចជា​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ​និង​លេខ៤​ ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ជាង២០គីឡូម៉ែត្រ​ ​គឺ​មានតម្លៃ​ចាប់ពី១៣០​-​២៥០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ប្រភេទ​ដី​ទំហំ​ធំ​ ​និង​ស្ថិតនៅ​ជាប់​ផ្លូវ​)​ ​ដែល​តម្លៃ​របស់​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​”​។​ ​

​សម្រាប់​ដី​ស្ថិតនៅ​ក្បែរ​ទីប្រជុំ​ ​ឬ​មាន​ប្រជាជន​រស់នៅ​ស្រាប់​អាច​មានតម្លៃ​ចាប់ពី​ ​៣០០​-​៥០០​ ​ដុល្លារ​ ​ឬ​អាច​ថ្លៃជាង​នេះ​ ​អាស្រ័យ​លើ​ទីតាំង​ ​និង​ស្ថានភាព​ដី​ផង​ដែរ​។​ ​
​លោកស្រី​តាំង​ ​ហួរ​បាន​បន្ត​ទៀត​ថា​ ​“​សម្រាប់​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ជាតិ​លេខ១​ ​ចម្ងាយ​ប្រមាណ​ជាង២០គីឡូម៉ែត្រ​ក្រុង​ ​អាច​មានតម្លៃ​ខ្ពស់​ជាង​តំបន់​ផ្លូវជាតិ​លេខ៣​ ​និង​លេខ៤​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ភាគច្រើន​ស័ក្ដិសម​ ​ទៅ​នឹង​ដី​លំនៅ​ដ្ឋាន​ច្រើនជាង​ឧស្សាហកម្ម​ ​ដែល​មានតម្លៃ​ក្នុងរង្វង់៣០០​-​៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​នៅ​ទីតាំង​ខ្លះ​មានតម្លៃ​ថ្លៃជាង​នេះ​ក៏​មាន​ ​ដែល​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​ ​និង​តម្រូវការ​ប្រើប្រាស់​។​ ​
​ដោយឡែក​សម្រាប់​ដី​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ជាតិ​លេខ៦A​ ​ហាក់​មិនសូវ​មាន​ដី​ទំនេរ​ទូលំទូលាយ​នោះ​ទេ​ ​ហើយ​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​ជា​ប្រភេទ​បុរី​ ​និង​បណ្តុំ​លំនៅ​ដ្ឋាន​ដែល​មាន​លក្ខណៈ​ជា​បុស​រី​ ​ដែល​ជំរុញ​ឱ្យ​ដី​តំបន់​នេះ​មានតម្លៃ​កាន់តែ​ខ្ពស់​។​ ​គិត​ត្រឹម​តំបន់​កៀន​ឃ្លាំង​ ​បាក់ខែង​ ​មានតម្លៃ​ក្នុង​ចន្លោះ​ពី​ ​៤០០​-​៦០០ដុល្លារ​ ​(​ប្រភេទ​ដែល​ស្ថិតនៅ​ជាប់​ទន្លេ​)​ ​ប៉ុន្តែ​បើ​ដី​ដែល​ខិតមក​ជិត​ស្ពាន​ជ្រោយ​ចង្វា​រ​ ​កាន់តែ​មានតម្លៃ​ខ្ពស់​ ​ក្នុង​ចន្លោះ​ចាប់ពី១​ ​៨០០​-​ ​២០០០​ ​ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ទៅតាម​ប្រភេទ​ដី​ធំ​ ​ឬ​ដី​តូច​ ​និង​ស្ថានភាព​ដី​ផង​ដែរ​។​ ​នេះ​បើ​តាម​លោកស្រី​តាំង​ ​ហួរ​បញ្ជាក់ឲ្យដឹង​។​
​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​តម្លៃ​ដី​ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​វិញ​ ​តំបន់​ដែល​មានតម្លៃ​ខ្ពស់​ជាងគេ​ ​គឺ​នៅតែ​ស្ថិត​ក្នុងទឹក​ដី​នៃ​ខណ្ឌ​បឹងកេងកង​ដដែល​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ​មិនថា​ទោះ​ស្ថិតនៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​បែប​ណា​នោះ​ទេ​ ​តម្លៃ​ដី​កណ្តាល​រាជធានី​ភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិសេស​ប្រចាំ​ប្រទេស​ ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​និង​មាន​តម្រូវការ​ប្រើប្រាស់​ជានិច្ច​។​
​ ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ​“​ ​ជាទូទៅ​តម្លៃ​ដី​ក្នុង​រាជធានី​ភ្នំពេញ​ ​តែងតែមាន​ការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុងរង្វង់១៥​-​ ​២០ភាគរយ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​ដី​នៅក្នុង​ខណ្ឌ​បឹងកេងកង​ ​តំបន់​ផ្លូវ​ខាងក្នុង​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ​៥​ ​៥០០​-​៦៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​ ​
​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ខាងក្រៅ​ ​ដូចជា​ផ្លូវ​សម្ដេចព្រះ​នរោត្តម​ ​ផ្លូវ​ព្រះសីហនុ​ ​ផ្លូវ​មុនីវង្ស​ ​មានតម្លៃ​ចាប់ពី៨,០០០ដុល្លារ​ ​រហូតដល់១២,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយនឹង​បន្ត​កើនឡើង​ទៀត​”​។​ ​
​ចំពោះ​សន្ទស្សន៍​នៃ​តម្លៃ​ដី​ខាងលើ​នេះ​ ​ក្រុម​អ្នកជំនាញ​បាន​កំណត់​សម្គាល់​សម្រា​ ​ប់​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ​ ​និង​តំបន់​ជាយក្រុង​ដែល​ព័ទ្ធជុំវិញ​តែប៉ុណ្ណោះ​ ​ដោយ​មិន​សំដៅ​ទៅ​គ្រប់តំបន់​ទូទៅ​នោះ​ទេ​៕​

សម្ដេចតេជោៈ ច្បាប់ស្ដីពីសំណង់នឹងឈានដល់ការលុបបំបាត់ឧបទ្ទវហេតុការណ៍បាក់រលំអគារ

ដោយ​ ​ប៊ី​
​ភ្នំ​ពេញៈ​ ​សម្ដេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា​ ​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ការ​បាក់​រលំ​អគារ​ ​នឹង​ឈាន​ដល់​ការ​លុបបំបាត់​ ​បន្ទាប់​ច្បាប់​ស្ដីពី​សំណង់​ត្រូវ​បាន​អនុវត្តន៍​ពេញលេញ​។​

​សម្ដេច​តេជោ​ ​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​នៅ​ថ្ងៃទី​ ​៥​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២០២០​ ​បន្ទាប់ពី​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ ​នៅ​ឯ​ខេត្ត​កែប​ ​បាន​លេប​ត្របាក់​ជីវិត​ចំនួន៣៦នាក់​ ​(​ស្រី១៤នាក់​)​ ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ​ ​មាន​ក្មេង​ចំនួន០៦នាក់​ ​(​ក្មេងស្រី២នាក់​)​ ​និង​មាន​អ្នក​រង​របួស​ចំនួន២៣នាក់​ ​(​ស្រី០៨នាក់​)​។​
​សម្ដេច​តេជោ​ ​បាន​មានប្រសាសន៍​ថា​“​សង្ឃឹម​នៅពេល​ខាងមុខ​ ​បន្ទាប់ពី​ច្បាប់​សំណង់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​។​ ​ខ្ញុំ​គិតថា​ឧបទ្ទវហេតុ​បែបនេះ​ ​នឹង​ត្រូវ​បាន​កាត់បន្ថយ​ឬ​ឈាន​ទៅដល់​លុបបំបាត់​ ​ដោយ​តែ​មុន​នេះ​យើង​មិនទាន់​មានច្បាប់​សំណង់​ទេ​”​។​ ​
​សម្ដេច​តេជោ​បាន​បន្ត​ថា​ ​“​ច្បាប់​សំណង់​ទើបតែ​អនុម័ត​មួយ​ខែ​ ​ឬ​ពីរ​ខែ​ ​(​ច្បាប់​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ ​៧​ ​ខែ​វិ​ច្ឆ​កា​ ​ឆ្នាំ​ ​២០១៩​)​ ​ដូច្នេះ​ទើបតែ​បាន​ពីរ​ខែ​។​ ​ច្បាប់​សំណង់​របស់​យើង​មិនទាន់​បាន​អនុវត្ត​បាន​ពេញលេញ​ទេ​”​។​ ​

​លោក​បាន​ថ្លែង​ទៀត​ថា​ ​“​ឧទាហរណ៍​ដែល​តម្រូវ​ឱ្យ​សំណង់​មួយ​ ​តម្រូវ​ឱ្យ​ជួល​ក្រុមហ៊ុន​មួយផ្សេងទៀត​ ​ដើម្បី​មក​ត្រួតពិនិត្យ​នូវ​គុណភាព​សំណង់​។​ ​អ្នកធ្វើ​ទៅ​វា​ដាក់​ដែក​ស្រប​ទៅតាម​តាម​ប្លង់​ដែលគេ​គូស​ឬក៏​អត់​។​ ​នេះ​ចំណុច​ខ្វះ​វា​នៅកន្លែង​ហ្នឹង​”​។​
​កាល​ដើមខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ច្បាប់​សំណង់​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ​៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់​ ​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ​១៨​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​។​
​ច្បាប់​ស្តី​ពី​សំណង់​នេះ​មាន២២​ ​ជំពូក​ ​និង១១៣មាត្រា​ ​ហើយ​ច្បាប់​ស្តី​ពី​សំណង់​នេះ​ ​មាន​គោលដៅ​កំណត់​គោលការណ៍​ ​បទបញ្ញត្តិ​បច្ចេកទេស​សំណង់​ ​វិធាន​ ​និង​នីតិវិធី​ក្នុង​ការគ្រប់គ្រង​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។​

​ច្បាប់​ស្ដីពី​សំណង់​ត្រូវ​បាន​រៀបចំឡើង​ ​ក្នុង​គោលបំណង​ ​និង​សារប្រយោជន៍​ដូច​ខាងក្រោម​៖​*​ ​ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ ​ក្នុង​វិស័យ​សំណង់​ ​ដើម្បី​ធានា​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ ​អ្នកប្រើ​ប្រាស់​ ​និង​សាធារណជន​។​
​*​ ​ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ​ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ ​និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ ​សំដៅលើ​ក​កម្ពស់​សុខុមាលភាព​សាធារណៈ​។​
​*​ ​បង្កើន​គណនេយ្យ​ភាព​ ​និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។​
​*​ ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​។​

​*​ ​គុណភាព​ ​សន្ដិ​សុខ​ ​សុវត្ថិភាព​សំណង់​ ​ការងារ​ទ្រព្យសម្បត្តិ​និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើ​ប្រាស់​សំណង់​ ​និង​សាធារណជន​។​
​*​ ​សោភណភាព​ ​និង​បរិស្ថាន​ល្អ​ ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ ​សំដៅលើ​ក​កម្ពស់​សុខុមាលភាព​សាធារណៈ​។​
​*​ ​គណនេយ្យ​ភាព​និង​ប្រសិទ្ធភាព​ ​ក្នុង​ការ​ប្រកបការងារ​និង​ការ​ប្រកប​វិជ្ជាជីវៈ​ ​ក្នុង​វិស័យ​សំណង់​។​
​*​ ​ការ​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគ​ ​នៅក្នុង​វិស័យ​សំណង់​ ​និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​៕​

ចំណេះដឹង! ហេតុអ្វីរដ្ឋាភិបាលយកពន្ធលើដីធ្លីមិនបានប្រើប្រាស់?

ដោយ​ វុត្ថា
​ភ្នំ​ពេញៈ​ ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥​ ​ជំពូក៣​ ​ផ្នែក​ទី១​ ​បាន​ចែង​អំពី​ពន្ធ​លើ​ដី​មិនបាន​ប្រើប្រាស់​ ​ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ​នៅ​ថ្ងៃទី៣០​ ​ខែធ្នូ​ ​ឆ្នាំ​ ​១៩៩៤​ ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ១១​/​នស​/​ ​៩៤​ ​ចុះ​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​ឆ្នាំ​ ​១៩៩៤​ ​ហើយ​បាន​ចូលជាធរមាន​នៅក្នុង​ឆ្នាំ១៩៩៦​។​

​យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ស្តី​ពី​ ​ក្រម​ខណ្ឌ​យុទ្ធសាស្ត្រ​ ​នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យ​ដឹង​ថា​ ​ប្រភេទ​ពន្ធ​នេះ​មាន​គោលបំណង​ ​ទប់ស្កាត់​គ្រប់រូប​ភាព​នៃ​ការទិញ​ដី​ទុក​មិន​ប្រើប្រាស់​ ​រង់ចាំ​ពេល​ឡើងថ្លៃ​លក់​កេងយក​តម្លៃលើស​។​ ​ជំរុញ​ការប្រើ​ប្រាស់​ដី​ឱ្យ​បាន​សមស្រប​ ​និង​រកចំណូល​ដើម្បី​រួមចំណែក​ដល់​ផលប្រយោជន៍​ថវិកាជាតិ​។​
​ឯកសារ​ដដែល​បន្ត​ថា​ ​ចំពោះ​ដី​មិនបាន​ប្រើប្រាស់​ ​ត្រូវ​បន្ត​ធ្វើ​ឱ្យ​ច្បាស់​ថែមទៀត​នូវ​និយមន័យ​ ​និង​លក្ខណៈ​វិនិច្ឆ័យ​ផ្អែកលើ​ការកំណត់​ជាធរមាន​ ​ធ្វើជា​មូលដ្ឋាន​នៃ​ការពិចារណា​។​

​កម្មសិទ្ធិករ​នៃ​ដី​មិនបាន​ប្រើប្រាស់​ ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​បង់ពន្ធ​ដី​ប្រភេទ​នេះ​ ​។​ ​ពន្ធ​លើ​ដី​មិនបាន​ប្រើប្រាស់​ត្រូវ​គណនា​តាម​អត្រា២​%​ ​នៃ​តម្លៃ​ដី​តាម​ទីផ្សារ​ដី​ ​ដោយ​ប៉ាន់តម្លៃ​ទៅតាម​ថ្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​និង​គិត​តាម​ខេត្ត​ ​ក្រុង​ ​និង​តំបន់​នី​មួយ​ៗ​ ​ដែល​កំណត់​ជា​រាល់​ឆ្នាំ​ ​ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​មិនបាន​ប្រាស់​ប្រាស់​។​
​បច្ចុប្បន្ន​ចំណូល​ពន្ធ​មានការ​កើនឡើង​ ​ដោយសារ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ពន្ធដី​មិន​ប្រើប្រាស់​។​ ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ ​មានការ​លំបាក​ដោយហេតុថា​ ​សមត្ថភាព​ត្រួតពិនិត្យ​ការប្រើ​ប្រាស់​ដីធ្លី​ ​នៅ​មានកម្រិត​និង​ពុំ​មានការ​បញ្ជាក់​ម្ចាស់ដី​ច្បាស់លាស់​៕​