ដោយ Donald Lee
ភ្នំពេញៈ តម្លៃមាសបានឡើងថ្លៃបំផុតនៅឆ្នាំនេះ គិតត្រឹមរយៈពេល៧ឆ្នាំកន្លងមក ខណៈប្រធានាធិបតីអាមេរិក Donald Trump បានគំរាមក្នុងធ្វើឱ្យមានជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ បន្ទាប់ពីលោកបានបញ្ជាឱ្យធ្វើឃាត មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់នៅទីក្រុងបាកដាតកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃមាសបានឡើងថ្លៃនៅទូទាំងពិភពលោក ដល់១,៥៧៩.៥៥ដុល្លារក្នុងមួយអោន (ឬប្រហែល៣១ក្រាម) ដែលជាតម្លៃមិនធ្លាប់ឃើញចាប់តាំងពីខែ មេសា ឆ្នាំ ២០១៣។
មាសត្រូវបានចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាពបំផុត និងរក្សានូវតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។
លើសពីនេះធនាគារកណ្តាលនៅជុំវិញពិភពលោក បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើពិពិធកម្មប្រាក់បម្រុងប្តូរប្រាក់បរទេស ដើម្បីធានាដល់សេដ្ឋកិច្ចរបស់ពួកគេ។
ធនាគារកណ្តាលនៅជុំវិញពិភពលោក បានទិញមាសចំនួន៣៧៤,១តោនក្នុងរយៈពេល៦ខែដំបូងកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ នេះកើតឡើង នៅពេលដែលធនាគារកណ្តាលបានទិញចំនួន៦៥១.៥តោនកាលពីឆ្នាំមុន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់៧៤ភាគរយធៀបនឹងឆ្នាំ២០១៨។
ធនាគារប្រជាជនចិន (PBOC)បានប្រកាសថា ខ្លួនបានទិញមាសចំនួន៥,៩ តោននៅក្នុងខែកញ្ញា កាលពីឆ្នាំមុន ដើម្បីធ្វើពិពិធកម្មប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន និងបានពឹងផ្អែកតិចតួចលើប្រាក់ដុល្លារអាមេរិក ដោយសារសង្គ្រាមពាណិជ្ជកម្មបានកើនឡើងកាលពីដើមឆ្នាំមុននេះ។ មុនខែកញ្ញា ឆ្នាំមុន ធនាគារកណ្តាលចិនបានបន្តការទិញមាស៩៩តោនគិតចាប់តាំងពីខែ មករា ឆ្នាំនេះ។

លោកTrump បានបង្កើនភាពតានតឹង ដោយព្រមានអ៊ីរ៉ង់អំពីការសងសឹក ប្រសិនបើវាបង្កអន្តរាយដល់ទ្រព្យសម្បត្តិណាមួយរបស់អាមេរិក។
លោកTrump បានសរសេរលើបណ្តាញសង្គម Twitter ថា “សូមឱ្យរឿងនេះធ្វើជាការព្រមានថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារជនជាតិអាមេរិក ឬទ្រព្យសម្បត្តិអាមេរិកណាមួយ យើងបានកំណត់ទីតាំងអ៊ីរ៉ង់ចំនួន៥២កន្លែង សម្រាប់ការវាយប្រហារ (តំណាងឱ្យចំណាប់ខ្មាំងអាមេរិក៥២នាក់ ដែលត្រូវបានអ៊ីរ៉ង់ចាប់យកជាច្រើនឆ្នាំកន្លងមក)។ វប្បធម៌អ៊ីរ៉ង់ និងគោលដៅទាំងនោះ ហើយអ៊ីរ៉ង់ផ្ទាល់ នឹងត្រូវបានវាយប្រហារខ្លាំងបំផុត។ អាមេរិកមិនចង់មានការគំរាមកំហែងទៀតទេ!”៕
តម្លៃមាសឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្សរ៍កន្លងមកនេះ
សភាពាណិជ្ជកម្មៈឆ្នាំ២០២០វិស័យឧស្សាហកម្មនៅតែបន្តឈានមុខគេលើការវិនិយោគ
ដោយៈ រ៉ាណេត
ភ្នំពេញៈ កាលពីឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានទំហំទឹកប្រាក់យ៉ាងលើសលប់រហូតជិតដល់ ៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងចំណោមទុនវិនិយោគទាំងអស់ វិស័យឧស្សាហកម្មបានឈានមុខគេ ហើយនឹងនៅតែបន្តអូសទាញការវិនិយោគបន្ថែមទៀតសម្រាប់ឆ្នាំ២០២០នេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះថា គ្រប់វិស័យទាំងអស់សុទ្ធតែមានភាពសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយឡែកវិស័យដែលឈានមុខគេគឺវិស័យឧស្សាហកម្ម។
លោកឧកញ៉ាបានបន្តទៀតថា “បច្ចុប្បន្ននេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើនបានចាប់ផ្ដើមអនុវត្តន៍ លើគម្រោងវិនិយោគរបស់ខ្លួន ដែលបានរៀបចំកាលពីឆ្នាំចាស់និងបានដាក់់ស្នើមកកាន់រដ្ឋាភិបាលសុំការអនុម័ត”។ លោកឧកញ៉ាបន្តថា “ភាគច្រើនគម្រោងវិនិយោគទាំងអស់នោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម រួមមានដូចជាគម្រោងរោងចក្រកាត់ដេរ រោងចក្រស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី ជាដើម ហើយក្រៅពីនេះក៏មានគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងវិស័យអប់រំផងដែរ”។
វិស័យធំៗដែលជាសរសរស្តម្ភ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចកម្ពុជារួមមាន វិស័យទេសចរណ៍ វិស័យសំណង់ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលមានសមត្ថិភាពក្នុងការអូសទាញទុនវិនិយោគយ៉ាងលើសលប់។

ជាមួយនឹងការបង្ហើបប្រាប់ពីលំហូរ នៃការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនអន្តរជាតិមកកាន់កម្ពុជាក្នុងឆ្នាំ២០២០នេះ លោកឧកញ៉ា ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ គ្រប់បណ្តាពាណិជ្ជករ ដែលជាអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួល និងកក់ក្ដៅជាងមុន ដោយសារតែរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងឧបសគ្គនានា ដើម្បីជំរុញការវិនិយោគប្រកបដោយភាពរលូន។
កិច្ចការដែលរដ្ឋាភិបាលព្យាយាមដោះស្រាយជូនជាចម្បង គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ជាពិសេសទៅលើបញ្ហានីតិវិធីពន្ធគយ និងពន្ធដា មួយចំនួន ក្នុងការរៀបចំរត់ការឯកសារជាដើម ៕

កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជានិងហ្វីលីពីននឹងជំរុញការវិនិយោគនិងការងាររវាងប្រទេសទាំងពីរ
ដោយ ប៊ី
ភ្នំពេញៈ ការវិនិយោគ និងការងារទ្វេភាគីរវាងហ្វីលីពីន និងកម្ពុជាត្រូវបានមើលឃើញថា កំពុងទទួលបានការជម្រុញពីកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នា(DTA) ដែលប្រទេសទាំងពីរនឹងចុះហត្ថលេខាឆាប់ៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទនេះ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន(DOF) បានឱ្យដឹងថា ក្នុងអំឡុងពេលចរចាដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីចុងឆ្នាំមុន ប្រទេសកម្ពុជា“ បានយល់ព្រមលើសំណើភាគច្រើនរបស់ហ្វីលីពីន” ទាក់ទងនឹងបទប្បញ្ញត្តិកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នាដែលបានស្នើឡើង។
លោក Antonette Tionko អនុរដ្ឋលេខាធិការហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូហ្វីលីពីន ខណៈលោកជំទាវប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងឱ្យប្រទេសកម្ពុជា។ ការចរចាកាលពីចុងឆ្នាំមុនគឺធ្វើឡើង បន្ទាប់ពិភាក្សាដំបូងនៅខែមិថុនាឆ្នាំ ២០១៨។
កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជា និងហ្វីលីពីននេះនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងធ្វើការនៅប្រទេសផ្សេងទៀតបង់ពន្ធ តែនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ការិយាល័យចំណូលផ្ទៃក្នុង(BIR)របស់ហ្វីលីពីន បានពន្យល់នៅលើគេហទំព័ររបស់ខ្លួន “ប្រសិនបើអ្នកមិនមែនជាប្រជាជនក្នុងស្រុក មានប្រភពចំណូលនៅក្នុងប្រទេសហ្វីលីពីន និងជាប្រជាជនក្នុងស្រុកនៅក្នុងប្រទេសមួយផ្សេងទៀត គាត់នឹងត្រូវទទួលខុសត្រូវក្នុងការបង់ពន្ធ នៅក្នុងប្រទេសទាំងពីរក្រោមច្បាប់ពន្ធរបស់ពួកគេ”។
ការិយាល័យចំណូលផ្ទៃក្នុងនេះបានបន្ថែមថា “ដើម្បីចៀសវាងការយកពន្ធទ្វេដង នៅក្នុងស្ថានភាពនេះ ប្រទេសហ្វីលីពីនបានចរចាលើកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នា ជាមួយប្រទេសផ្សេងៗទៀត។ អ្នកមិនមែនជាប្រជាជនក្នុងស្រុក នៅក្នុងប្រទេសមួយផ្សេងទៀតដែលហ្វីលីពីន មានកិច្ចព្រមព្រៀងពន្ធនេះ អាចទាមទារការលើកលែង ឬការបន្ធូរបន្ថយដោយផ្នែកខ្លះពីពន្ធរបស់ហ្វីលីពីន ទៅលើប្រភេទប្រាក់ចំណូលជាក់លាក់ ពីប្រភពរបស់ហ្វីលីពីន”។

ការិយាល័យចំណូលផ្ទៃក្នុងខាងលើបានឱ្យដឹងថា កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងជំរុញការវិនិយោគឆ្លងកាត់ព្រំដែន រវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា និងការចូលរួមរបស់អ្នកជំនាញហ្វីលីពីនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
ក្នុងឆ្នាំ២០១៨ មានប្រជាជនហ្វីលីពីនប្រហែល៥០នាក់ ដែលបានចុះឈ្មោះជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនកម្ពុជា។ ក្រុមហ៊ុនទាំងនេះ ត្រូវបានចូលរួមនៅក្នុងការដូចខាងក្រោម: ការដឹកជញ្ជូនទំនិញ និងសេវាកម្មពាក់ព័ន្ធ កុំព្យូទ័រ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត កន្លែងឆ្លើយតបអតិថិជន ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ នាំចូល និងនាំចេញទំនិញ និងគណនេយ្យគណនេយ្យ និងប្រឹក្សាយោបល់ពន្ធ ការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍ផ្នែកទន់ ផលិតកម្មសម្លៀកបំពាក់ និងសេវាកម្មអប់រំ។
ការិយាល័យចំណូលផ្ទៃក្នុងខាងលើឱ្យដឹងថា មានប្រជាជនហ្វីលីពីនជាង២,៥០០ នាក់កំពុងធ្វើការ នៅក្នុងប្រទេសកម្ពុជាក្នុងនាមជាកម្មករ រោងចក្រ គ្រូបង្រៀន កម្មករបច្ចេកទេស និងជំនាញ អ្នកគ្រប់គ្រង អ្នកសិល្បៈវិស្វករ និងស្មៀន និងបុគ្គលិកសេវាកម្មផ្សេងទៀតកាលពី២ឆ្នាំមុន៕
ក្រសួងកំពុងពិនិត្យគម្រោងស្នើសុំអភិវឌ្ឍន៍និងដាក់ឱ្យដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធនានានៅឆ្នាំ២០២០
ដោយវុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន និងកំពុងពិនិត្យលើផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ និងផែនការថ្នាក់ជាតិដែលបានស្នើឡើងពីមន្ទីរសាធារណៈការគ្រប់ខេត្ត និងពីអគ្គនាយកដ្ឋាននីមួយៗ និងសម្ពោធដាក់ឱ្យដំណើរការដើម្បីដាក់ជូនថ្នាក់ដឹកនាំឯកភាព និងសម្រេចទៅលើគម្រោងអទិភាពនៅក្នុងឆ្នាំ២០២០នេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកគង់ វិមានបានឱ្យដឹងថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៩នេះថា ជារៀងរាល់ឆ្នាំក្រសួងសាធារណការ និងដឹកជញ្ជូនតែងតែរៀបចំធ្វើផែនការលើកគម្រោង និងថវិកា ដើម្បីអភិវឌ្ឍន៍ និងថែមទាំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។ សម្រាប់គម្រោងសម្ពោធបើកការដ្ឋានស្ថាបនា និងសម្ពោធដាក់ឱ្យប្រើប្រាស់ ដែលបានសាងសង់រួចហើយ នូវហេដ្ឋារចនាសម្ព័ន្ធមានច្រើននៅក្នុងឆ្នាំ ២០២០នេះ។ លោកថា “តាមផែនការសម្រាប់ឆ្នាំ២០២០នេះ យើងមានគម្រោងសាងសង់ផ្លូវថ្មីមួយចំនួនទៀត នឹងដាក់សម្ពោធឱ្យប្រើប្រាស់នូវផ្លូវជាតិមួយចំនួនទៀត ដែលបានសាងសង់រួចរាល់ជាស្ថាពរ”។ លោកបន្តថា “ ក្រសួងកំពុងពិនិត្យមើលលទ្ធភាពជាក់ស្តែងទៅលើផ្លូវដែលបានរៀបចំរួចហើយ ដើម្បីអញ្ជើញថ្នាក់ដឹកចូលរួមសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ”។

យ៉ាងណាក៏ដោយ លោកគង់ វិមាន មិនបានបង្ហាតួលេខនៃគម្រោង ដែលគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការ និងសម្ពោធបើករដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធនោះទេ ដោយឱ្យរងចំាទទួលព័ត៌មានពិស្តារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងកាលពីកន្លងមកនេះថា នៅដើមឆ្នាំ២០២០មានគម្រោងសម្ពោធដាក់ឱ្យដំណើរការផ្លូវជាតិលេខ២១A និងបើករដ្ឋាស្ថាបនាធ្វើឱ្យប្រសើរឡើងវិញ នូវផ្លូវជាតិលេខ២ព្រមទាំងមានគម្រោងធំៗជាច្រើនផ្សេងទៀត៕
តើ “ឯករាជ្យភាពនីត្យានុកូល” មានន័យដូចម្តេច?
ដោយ Propertyarea.asia
ភ្នំពេញៈ នីត្យានុកូលមានន័យថា តាមច្បាប់តម្រូវ ឬអនុញ្ញាតដោយច្បាប់ ទាក់ទងនឹងឬអំពីច្បាប់។
ឧទាហរណ៍៖ ឯករាជ្យភាពធនាគារកណ្តាល ដាច់ខាតត្រូវមានចែងនៅក្នុងច្បាប់។ ប្រភេទឯករាជ្យភាពនេះ ត្រូវបានកំណត់នៅក្នុងរដ្ឋ ដែលកាន់របបប្រជាធិបតេយ្យ ហើយនៅក្នុងករណីភាគច្រើនបំផុត ធនាគារកណ្តាលមានទំនួលខុសត្រូវត្រង់កម្រិតណាមួយចំពោះមន្ត្រីរដ្ឋាភិបាល ដែលអាចទាំងតាមរយៈគណៈរដ្ឋមន្ត្រី ឬក៏ដោយផ្ទាល់ចំពោះសភាជាតិ។
សូម្បីតែមានការកំណត់ដោយច្បាប់ អំពីឯករាជ្យភាពរបស់ធនាគារកណ្តាលក្តី វានៅតែមានបញ្ហាប្រឈមមួយចំនួនកើតឡើងដដែរ ជាតួយ៉ាង ដូចជានៅពេលរដ្ឋសភាអនុម័តក្របខណ្ឌការងាររបស់ធនាគារកណ្តាល ដែលមានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ដូច្នេះ វាទាមទារឲរដ្ឋាភិបាល និងធនាគារកណ្តាល ត្រូវដោះស្រាយអំពីទំនាក់ទំនងរបស់ខ្លួនថា តើវាកំពុងមានលក្ខណៈរបៀបម៉េច និងត្រឹមត្រូវទៅតាមក្រឹត្យក្រម ព្រមទាំងគោលការណ៍ទូទៅដែរឬទេ?។
(ដកស្រង់ចេញពីសៀវភៅ រូបិយវត្ថុ និងធនាគារ)៕
ខេត្តកំពង់ស្ពឺនឹងមានស្ពានអាកាសចំនួន២បន្ថែមទៀត
ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ បន្ទាប់ពីបានសម្ពោធបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសលើកដំបូងក្រោមថវិកាជំនួយពីសប្បុរសជនកាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្ហើបពីនៃការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។

ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងតំបន់យ៉ាងលឿនលើសពីការរំពឹងទុកក្រោមលំហូរនៃចំនួនអ្នកវិនិយោគជាច្រើន ជាពិសេសក្រុមហ៊ុនចិនទៅលើវិស័យឧស្សាហកម្ម និងសិប្បកម្ម រោងចក្រ ដែលកាន់តែធ្វើឱ្យកំណើនប្រជាសាស្ត្រចូលទៅរស់នៅក្នុងខេត្តមួយនេះយ៉ាងកុះករ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានកំណើនប្រជាសាស្ត្រជាច្រើនដែលគ្រាន់អ្នកចំណូលថ្មីដែលជាកម្មករ កម្មការិនីមានរាប់ម៉ឺននាក់។
លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា “នៅទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសតូចធំប្រមាណ២៧០ ទីតាំង ដែលផ្ដល់ការងារជាង១៣ម៉ឺននាក់ សម្រាប់តែឈ្មោះដែលស្ថិតនៅក្នុងបញ្ជី ដោយមិនបញ្ចូលចំនួនអ្នកធ្វើការនៅតាមសិប្បកម្មខ្នាតតូចមួយចំនួនដែលផ្ដល់កន្លងការងារមិនក្រោម២ម៉ឺននាក់ដែលមិនទាន់ចុះបញ្ជីនោះទេ”។ លោកបន្តថា “តាមរយៈវត្តមានរោងចក្រ សហគ្រាសទាំងអស់នេះ គិតជាមធ្យមទឹកប្រាក់ប្រមាណជិត៣៣លានដុល្លារ ត្រូវបានចរាចរណ៍ក្នុងរូបភាពជាប្រាក់បៀវត្សប្រចាំខែរបស់កម្មករ កម្មការិនី”។

អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍បន្តទៀតថា “ដោយសារតែកំណើនវិនិយោគកើនយ៉ាងគំហុក បានជំរុញឱ្យកំណើនប្រជាសាស្ត្រកើនឡើងច្រើនដូចគ្នា។ នៅពេលមានកំណើនប្រជាសាស្ត្រ ជាពិសេសដោយសារតែផ្លូវជាតិលេខ៤ជាផ្លូវសេដ្ឋកិច្ចយ៉ាងសកម្ម ការធ្វើចរាចរណ៍កាន់តែប្រឈមនឹងគ្រោះថ្នាក់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងជួយសម្រួលជាចាំបាច់”។
នៅក្នុងគម្រោងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងខេត្ត ជាពិសេសបញ្ចៀសបញ្ហាចរាចរណ៍ នៅខាងមុខនេះ នឹងមានការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀត ដែលមានទីតាំងនៅក្នុងក្រុងច្បារមនចំនួន១ និងស្ថិតនីក្នុងស្រុងសំរោងទងចំនួន១កន្លែងផងដែរ។
លោក វ៉ី សំណាង បានបញ្ជាក់ថា ចំពោះការសាងសង់សំណង់ស្ពានអាកាសទាំង២បន្ថែមទៀតនេះ គឺមិនជាការចំណាយរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែរដ្ឋបាលខេត្តនឹងខិតខំព្យាយាមស្វែងថវិកាដែលជាជំនួយរបស់សប្បុរសជនដូចគ្នាទៅនឹងការសាងសង់ស្ពានអាកាសទីមួយដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ៕

កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមានតម្លៃជិត ៣,៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៩
ដោយ ប៊ី
ភ្នំពេញ៖ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) មានតម្លៃជិត ៣,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងជិត ១២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ។ នេះរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសសរុបមានចំនួន ៣,៥៨ ពាន់លានដុល្លារកើនឡើង ១១,៧ ភាគរយ ពី ៣,២១ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្នុងនោះ វិស័យហិរញ្ញវត្ថុទទួលបានពីការវិនិយោគផ្ទាល់ពីបរទេសមានតម្លៃ ២,៣៨ ពាន់លានដុល្លារ ខណៈវិស័យមិនមែនហិរញ្ញវត្ថុទទួលបាន ១,២០ ពាន់លានដុល្លារ។
ប្រទេសកម្ពុជាកំពុងទទួលការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់នៅពេលនេះ ដោយសារតែស្ថានច្បាប់ និងច្បាប់វិនិយោគមានភាពអំណោយផល។
របាយការណ៍អាស៊ានថ្មីមួយសិក្សាដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍកាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាស្ថិតក្នុងបណ្តាប្រទេសអាស៊ានចំនួន៤ ទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានកម្រិតខ្ពស់ជាងគេ។
លំហូរវិនិយោគផ្ទាល់ពីបរទេស ក៏មានការកើនឡើងផងដែរ ក្នុងប្រទេសអាស៊ានចំនួន៦ទៀត ប៉ុន្តែកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបូរី និងវៀតណាមមានកំណើនខ្លាំងគួរឱ្យកត់សម្គាល់។

លំហូរវិនិយោគផ្ទាល់ពីបរទេសចូលអាស៊ាន បានកើនឡើងក្នុងរយៈពេល៣ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០១៨ ដែលឈានដល់កម្រិតខ្ពស់គ្រប់ពេល ដោយកើនដល់១៥៥ពាន់លានដុល្លារអាមេរិក។ អាស៊ានបានចូលរួមចំណែក នៃលំហូរវិនិយោគផ្ទាល់ពីបរទេសលើពិភពលោកកើនឡើងដល់១១.៥ ភាគរយក្នុងឆ្នាំ២០១៨ ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តឆ្ពោះទៅមុខទៀត។
ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនដល់៣ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ ដែលភាគច្រើនបានមកពីការវិនិយោគ ពីវិស័យសេវាកម្មដែលមានចំនួន ៧៩ភាគរយ នៃលំហូរចូលការវិនិយោគផ្ទាល់ពីបរទេសទាំងអស់។
របាយការណ៍បានបញ្ចាក់ថា “វិស័យសេវាកម្មមានចំនួន៧៩ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់នៅកម្ពុជា ខណៈវិស័យផលិតកម្មមានចំនួន១២ភាគរយ”។
វិនិយោគិនកំពូលៗនៅកម្ពុជា សុទ្ធសឹងតែមានប្រភពមកពីបណ្តាប្រទេសអាស៊ី ដូចជាចិន អាស៊ាន ហុងកុង កូរ៉េខាងត្បូង និងជប៉ុន។
របាយការណ៍បានបញ្ជាក់ថា វិស័យសេវាកម្ម ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសត្រូវបានជំរុញដោយវិស័យធនាគារ និងធានារ៉ាប់រង។ នៅក្នុងវិស័យធនាគារ ធនាគារពាណិជ្ជកម្មបរទេសមួយចំនួន បានពង្រីកប្រតិបត្តិការរបស់ខ្លួន៕

គំរោងធំៗចំនួន ៥ នៅខេត្តកោះកុង កំពុងអង្រួនចិត្តពីវិនិយោគិន
ដោយវុត្ថា
ភ្នំពេញ៖ គម្រោងធំៗចំនួន ៥ ដែលបាននឹងកំពុងដំណើរការបណ្តើរៗ នឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានភាពទាក់ទាញពីវិនិយោគិនជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានការរីកចំរើននាពេលអនាគត។

ខេត្តកោះកុងគឺជាខេត្តដែលមានតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលមួយក្នុងចំណោមខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី និងមានសក្តានុពលខ្ពស់លើការវិនិយោគទាំងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ខាងក្រោមនេះ គឺជាគម្រោងធំៗ៥ដែលនឹងកើតឡើងនៅលើទឹកដីខេត្តកោះកុង និងអង្រួនចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិ៖

១) ការពង្រីកផ្លូវជាតិ ៤៨
រដ្ឋាភិបាលបានដាក់ចេញផែនការពង្រីកផ្លូវជាតិលេខ៤៨ ចេញពីផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកោះកុង ដែលធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍបន្ថែមនាពេលអនាគត។

២) ការសាងសង់ព្រលានយន្តហោះអន្តរជាតិ៣៥០ លានដុល្លារ
ក្រុមហ៊ុន Union Development Group បាននឹងកំពុង សាងសង់ព្រលានយន្តហោះអន្តរជាតិតម្លៃ ៣៥០ លានដុល្លារលើទំហំដីរហូតដល់៧៥០ ហិកតានៅខេត្តកោះកុង និងទីក្រុងវិស្សមកាលតារាសាគរ។ ព្រលានយន្តហោះនេះ ជាលក្ខណៈខ្នាតអន្តរជាតិតែម្ដង ហើយអាចទទួលការចុះចតយន្តហោះមកពីគ្រប់ទិសទី។

៣) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ១០
រដ្ឋាភិបាលគ្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងស្រុកសំឡូតទៅកាន់ខេត្តកោះកុង ដែលសាងសង់ផ្លូវចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ទៅកាន់ខេត្តកោះកុង មានប្រវែងជា១៩៣គីឡូម៉ែត្រ ។
បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងផ្លូវមួយខ្សែនេះ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ ១៨៣ លានដុល្លារអាមេរិកសម្រាប់ការសាងសង់។ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានមើលឃើញថា ផ្លូវជាតិលេខ១០នេះ មានសក្ដានុពលសម្រាប់ការដឹកជញ្ជូន។

៤) គម្រោងកំពង់ផែទឹកជ្រៅខេត្តកោះកុង
ខេត្តកោះកុងនឹងកំពុងសាងសង់ក្នុងកម្រិតជម្រៅទឹក១២ម៉ែត្រ អាចនាំចេញនូផលិតផលបានចំនួន៥ម៉ឺនតោន និងមានគម្រោងសាងសង់រហូតដល់ ១៤ម៉ែត្របន្ថែមទៀត១០ ម៉ឺនតោននាពេលខាងមុខនេះ។ ក្រៅពីនេះ ខេត្តកោះកុងក៏មានកំពង់ផែរបស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) ក៏បាននឹងកំពុងសាងសង់នៅក្បែរនោះដែរដែលមានជម្រៅ១២ ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្តានុពលកាន់តែខ្ពស់ក្នុងការនាំទំនិញទៅកាន់ទីផ្សារបរទេស។
![]()
៥) គម្រោងសាងសងឡើងវិញអតីតព្រលានយន្តហោះកោះកុង
ក្រុមហ៊ុនលី យ៉ុងផាត់ គ្រប់ សហការជាមួយនិងក្រុមហ៊ុន Bangkok Airway របស់ថៃគ្រោងបោះទុនប្រមាណ៤០លានដុល្លារអាមេរិកកំពុងសិក្សាសាងសង់ឡើងវិញនូវអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ដោយររំពឹងថា អាចដំណើរការសាងសង់នៅឆ្នាំ២០២០នេះ ។
សម្រាប់គម្រោងសាងសង់ ព្រលានយន្តហោះកោះកុង ក្នុងក្រុងខេមរភូមិន្ទឡើងវិញនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាន សង្គម និងបច្ចេកទេស ហើយគោលបំណងរបស់ក្រុមហ៊ុនវិនិយោគ គឺចង់ទាក់ទាញការវិនិយោគ នៅខេត្តកោះកុងឲ្យកាន់តែខ្លាំងក្លាឡើង ដែលផ្ទុយពីអតីតកាលដែលជាខេត្តគេបំភ្លេចចោល និងសម្រាប់ដាក់អ្នកទោស។
កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តព្រះសីហនុ ខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ ។
ខេត្តកោះកុង មានចម្ងាយ ២៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ៤៨ កាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ។ ខេត្តកោះកុង មានផ្ទៃដីទំហំ ១១ ១៦០ គីឡូម៉ែត្រការ៉េ ជាប់លំដាប់ទី ៦ បណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង ២៥ ។ កោះកុង មានក្រុងខេមរភូមិន្ទ និង ឆ្នេរសមុទ្រប្រវែង ៣៣៤ គីឡូម៉ែត្រ ៕

រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន៤ ដែលមានទំហំទុនសរុបជាង១៧លានដុល្លារ
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តបតាមសំណើរដែលស្នើសុំដោយក្រុមហ៊ុនវិនិយោគចំនួន៤ កាលពីពេលកន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ដែលមានទំហំវិនិយោគសរុបចំនួន១៧,២លានដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅខេត្ត / ក្រុងផ្សេងគ្នា។

ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលរួមមានដូចខាងក្រោម៖
១. “SUN AWESOME GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។

២. “FAMOUS LEATHERWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។

៣. “XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD.” គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។

៤. “KIMBAO BAG INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់៕
កម្ពុជាជំរុញឱ្យបង់ក្លាដេសជំរុញវិនិយោគិនមកវិនិយោគនៅកម្ពុជា
ដោយវុត្ថា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជំរុញ និងស្នើដល់សភាបង់ក្លាដេស ជំរុញវិនិយោគគិនរបសស់ខ្លួនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារួមវិនិយោគលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំងពីរ ទទួលបានលទ្ធផលកាន់តែប្រសើរ ឡើង។

លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាពកម្ពុជា បានជំរុញបែបនេះ នៅក្នុងជំនួបជាមួយលោក មូហាម៉ាត ហ្វារុខាន់ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភា ប្រទេសបង់ក្លាដេស ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី៨ ខែមករា ឆ្នាំ ២០២០នេះ ។
លោកបន្តថា ក្នុងក្របខ័ណ្ឌ ទ្វេភាគី រដ្ឋសភាទាំងពីរ នៅមិនទាន់ចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវិស័យ ទេសចរណ៍នៅឡើយទេ ខណៈនៅឆ្នាំ២០១៨ មានអ្នកទេសចរបង់ក្លាដេស ចំនួនជិតបីពាន់នាក់ មក ទស្សនាកម្ពុជា ដែលជាតួលេខទាបនៅឡើយ។
លោកបានស្នើដល់ភាគីបង់ក្លាដេស ជួយជំរុញអ្នកវិនិយោគ មកបណ្ដាក់ទុននៅ កម្ពុជា ឱ្យច្រើនថែមទៀត ព្រោះថា កម្ពុជា មានលក្ខខណ្ឌអំណោយផលជាច្រើន ដូចជា កម្ពុជា ស្ថិតនៅលើ ទីតាំងយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន កម្ពុជា មានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា មានកម្លាំងពលកម្មសម្បូរបែប និងវ័យក្មេង ក្នុងនោះអ្នកមានអាយុ៣៥ឆ្នាំចុះ មាន៧២ភាគរយ នៃប្រជាជនសរុប គួបផ្សំប្រាក់ឈ្នួលមានការប្រកួតប្រជែង។

លោក មូហាម៉ាត ហ្វារុខាន់ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភា ប្រទេសបង់ក្លាដេស បានសន្យាថានឹងជំរុញវិស័យទាំងពីរនេះ ដើម្បីជាផ្លែផ្កាសក្ដិសម នឹងកិច្ច សហប្រតិបត្តិការរបស់ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាម លោក ងួន ញ៉ិល ឱ្យដឹងថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស បានផ្តើមតាំងពី ឆ្នាំ១៩៩៣ ហើយទំនាក់ទំនងនេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែមានភាពល្អ ប្រសើរឡើងជាលំដាប់៕








