ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វិស័យលំនៅដ្ឋាននៅកម្ពុជានាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍន័យ៉ាងឆាប់រហ័ស ជាពិសេសនៅតាមបណ្តាតំបន់ជាយក្រុង និងផ្លូវក្រវ៉ាត់ក្រុង។ ដោយឡែកនៅឆ្នាំ២០២០នេះ អ្នកជំនាញនៅក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយមដដែល ជាមួយនឹងក្ដីរំពឹងថា នឹងបន្តភាពល្អប្រសើរ។
នៅត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ វិស័យលំនៅឋានបានបង្ហាញពីភាពលេចធ្លោ និងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសប្រភេទលំនៅឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលមានតម្រូវទីផ្សារយ៉ាងលើសលប់។
អគ្គនាយកក្រុមហ៊ុន PREMIUM Group ដែលកំពុងវិនិយោគ និងអភិវឌ្ឍគម្រោងលំនៅដ្ឋានបែបបុរី លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ថា តាមការមើលឃើញរបស់លោក វិស័យលំនៅឋាននៅតែបន្តភាពភាពល្អប្រសើរ មិនថានៅក្នុងឆ្នាំ២០២០ ឬឆ្នាំបន្ទាប់ទៀតនោះទេ។ លោកបានបញ្ជាក់ថា “មិនថានៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀតនោះទេ វិស័យលំនៅឋាន នៅតែមានតម្រូវការជានិច្ច គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ដែលអាស្រ័យទៅនឹងកំណើនសេដ្ឋកិច្ច និងចំណូលរបស់ប្រជាពលជន”។
លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងឆ្នាំ២០២០ មិនត្រឹមតែសកម្មភាពសាងសង់មានការកើនឡើងនោះទេ ចំពោះតម្រូវការ និងការទិញ-លក់ ក៏មានភាពល្អប្រសើរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍បានផ្តល់ជម្រើសដល់អតិថិជនក្នុងការទិញកាន់តែងាយស្រួលជាមួយវិធីសាស្ត្របង់រំលស់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារជាដៃគូ”។ លោកថា “ពីមុនស្ទើរតែគម្រោងទាំងអស់គឺសុទ្ធតែតម្រូវឱ្យអតិថិជនបង់មុន៣០ភាគរយ ឬទាបជាងនេះបន្តិច ប៉ុន្តែបច្ចុប្បន្នដោយសារតែការប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍ស្ទើរតែទាំងអស់មិនមានតម្រូវឱ្យអតិថិជនកក់ប្រាក់ ឬបង់មុន៣០ភាគរយទៀតនោះទេ ឬមានក្រុមហ៊ុនខ្លះមិនតម្រូវបង់មុនតែម្ដងក៏មានដែរ។ ដូច្នេះ សកម្មភាពទិញ-លក់ នឹងមានភាពល្អប្រសើរជាមុន”។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថា “ឆ្នាំ២០២០នេះ បើនិយាយពីវិស័យសំណង់រួម គឺហាក់ដូចជាពិបាកក្នុងការព្យាករណ៍បន្តិចថាតើមានភាពល្អប្រសើរ ឬថមថយនោះទេ ប៉ុន្តែបើចំពោះវិស័យលំនៅដ្ឋានក្នុងស្រុកគឺនៅតែមានតម្រូវការមិនមានអ្វីប្រែប្រួលនោះទេ”។ លោកបានបន្តទៀតថា “ជាធម្មតាលំនៅឋាន គឺជាតម្រូវការចាំរបស់មនុស្សគ្រប់រូប ដូចនេះ មិនថាឆ្នាំនេះ ឬឆ្នាំណានោះទេ ទីផ្សារគឺនៅតែល្អ ប៉ុន្តែក្នុងន័យនេះ អ្នកអភិវឌ្ឍន៍ក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ជៀសវាងការសម្រុកវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានដែលខុសពីតម្រូវការទីផ្សារ”។
គម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានដែលកំពុងតែបង្ហាញវត្តមាន និងសកម្មភាពសាងសង់បំពេញតម្រូវការទីផ្សារជាក់ស្ដែងឃើញមាននៅតំបន់ជុំវិញ តំបន់ជាយក្រុងស្ថិតនៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ២ ផ្លូវលេខ៥១ រួមជាមួយនឹងតំបន់ក្បែរភ្នំបាសិត ហើយភាគច្រើនលំនៅឋានដែលមានតម្រូវការខ្ពស់មានតម្លៃចាប់ពី៤-៧ម៉ឺនដុល្លារ (លំនៅឋានកម្រិតមធ្យម) ហើយក្រៅពីនេះប្រភេទលំនៅឋានអាជីវកម្ម (ShopHouse) ដែលមានតម្លៃត្រឹមជាង១០ម៉ឺនដុល្លារ ក៏មានតម្រូវការផងដែរ។
នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ លំហូរទុនវិនិយោគនៅក្នុងវិស័យលំនៅឋានមានទឹកប្រាក់រហូតដល់ជាង៣៦៦១លានដុល្លារអាមេរិក និងមានផ្ទៃក្រឡាសំណង់រហូតដល់ជាង៨លានម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងក្នុងសន្និបាតក្រសួង កាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន៣,៧៣២ គម្រោងមានផ្ទៃក្រឡា កម្រាលសំណង់ចំនួន៨,០២៤,២៨៦ម៉ែត្រការ៉េ មានទុនវិនិយោគ៣,៦៦១,២៧៥,៣៥០ដុល្លារ ស្មើនឹង៣៨,៤៨៨ខ្នង។
ចំណែកឯកជន/ល្វែងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី នៅទូទាំងប្រទេស ចំនួន៤០គម្រោង ស្មើនឹង១៦,៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប២,៤៩៦,៣៥៨ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ៨២១,៣០៦,៦៧៦ដុល្លារ។ របាយការណ៍បានបន្តថា ចំណែកអគារផ្ទះល្វែង និងភូមិគ្រឹះ នៅទូទាំងប្រទេសមាន២០,៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់៣,៤៩៩,២០៤ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណជាង១,២៦៩លានដុល្លារ។ អគារស្នាក់នៅរួមមាន១៥២គម្រោង ស្មើនឹង១៧,៧០៧យូនីត។ ចំណែកឯកជនមានផ្ទៃក្រឡាកម្រាលសំណង់ ៣,២០៣,០០១ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១,៩០៧,២៦៩,៥៧៨ដុល្លារ៕
ឆ្នាំ២០២០ វិស័យលំនៅដ្ឋានកាន់តែមានភាពល្អប្រសើរ
វិនិយោគិនត្អូញត្អែរពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប
ដោយវុត្ថា
សៀមរាបៈ វិនិយោគិនដែលបាននិង កំពុងធ្វើអាជីវកម្មនៅខេត្តសៀមរាបបានត្អូញត្អែរ ពីការធ្លាក់ចុះភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប ដែលធ្វើឱ្យសណ្ឋាគារមួយចំនួនត្រូវបានបិតទ្វា និងមិនទទួលបានចំណូលច្រើនដូចកាលពីពេលមុន និងបានស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងខេត្តដើម្បីបង្កើនភ្ញៀវទេសចរប្រកបដោយនិរន្តរភាពឡើងវិញ។
យោងតាមកិច្ចប្រជុំស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព រវាងរដ្ឋបាលខេត្តសៀមរាប និងវិនិយោគិនជាតិ អន្តរជាតិ កាលពីថ្ងៃទី៣ ខែមករា ម្សិលមិញនេះ វិនិយោគិនជាច្រើនបានលើកឡើង អំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃភ្ញៀវទេសចរនៅខេត្តសៀមរាប ព្រមទាំងការឈប់ធ្វើអាជីវកម្មរបស់សណ្ឋាគារមួយចំនួន នៅក្នុងខេត្តសៀមរាប ។
ក្រុមវិនិយោគិនដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងពីការត្អូញត្អែរដោយផ្តោតទៅលើបញ្ហាទេសចរណ៍វប្បធម៌ បរិស្ថាន ផ្លូវថ្នល់ អនាម័យ ឲ្យប្រកបដោយនិរន្តរភាព និង បញ្ឈប់នូវភាពប្រងើយកន្តើយរបស់មន្ត្រីបដិសណ្ឋាកិច្ច ចំពោះភ្ញៀវទេសចរណ៍នៅគ្រប់ច្រកទ្វារចេញ ចូល ព្រមទាំងយកចិត្តទុកដាក់ពីបញ្ហាសណ្ឋាប់ធ្នាប់សាធារណៈ ឲ្យបានជាប្រចាំ និងកំណត់ទីចំណតម៉ូតូរ៉ឺម៉ក់កង់បីឲ្យបានត្រឹមត្រូវ ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន សំខាន់ទីផ្លូវថ្មើរជើង សម្រាប់ភ្ញៀរដើរកម្សាន្តក្នុងក្រុង និង សុំឲ្យលុបបំបាត់ការយកចញ្ជើមផ្លូវទៅធ្វើទីកន្លែងលក់ដូរទៀតផង ។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា រាល់ចំណុចមួយចំនួនដែលបងប្អូនបានលើកមកនេះ គឺត្រូវបានគេធ្វើការវាយប្រហារដល់អាជ្ញាធរខេត្តនាពេលកន្លងមក តាមប្រព័ន្ធព័ត៌មានសង្គម តែមួយចំនួនអាជ្ញាធរខេត្ត ក៏បានកំពុងធ្វើការអនុវត្តទៅតាមគម្រោងប្រចាំឆ្នាំរបស់ខេត្តផងដែរ។ លោកបន្តថា “ការជួបជុំរវាងរដ្ឋបាលខេត្ត និងវិនិយោគិនជាតិ អន្តរជាតិនាពេលនេះ គឺដើមី្បស្វែងរកនូវដំណោះស្រាយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព ដោយមិនចាំតែមើលបណ្តាំគ្នា រឹះគុណគ្នាទៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ”។ លោកបន្តថា “បញ្ហានេះបានធ្វើ ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង ក្រុមគ្រួសារ ដូចជាការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នាពេលនេះ គឺដោយបងប្អូនមួយចំនួនមិនបានគិតបានវែងឆ្ងាយ អំពីផលប្រយោជន៍ជាតិ និង សង្គមជាតិ”។
លោកក៏បានបញ្ជាក់ពីផែនការមេ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និង ជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP)របស់អាជ្ញាធរជាតិអប្សរាផងដែរ ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានឱ្យដឹងដែរថា តាមពិតរឿងនេះកើតឡើងជាដដែល ៗ ហើយទាំងអាជ្ញាធរ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ត្រូវតែស្វែងរកចំណុចខ្វះខាតនៅក្នុងខេត្ត។ បើតាមពិនិត្យមើលជាក់ស្តែង គឺទាំងអាជ្ញាធរខេត្តក៏មានកំហុស និងវិស័យឯកជនក៏មានកំហុស ដែលការនេះ បានធ្វើឱ្យមានការចោទដាក់គ្នាទៅវិញទៅមក ដោយមិនព្រមស្វែងរកដំណោះស្រាយ។
លោកបន្តថា “នៅពេលស្ថានភាពភ្ញៀវធ្លាក់បែបនេះ ម្នាក់ៗកាន់តែរួញរា និងខ្លាចក្នុងការចំណាយលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តនៅក្នុងខេត្ត តើយើងបានចំណូលមកពីណា”។ លោកថា “កាលណាភ្ញៀវទេសចរណ៍ធ្លាក់ យើងកាន់តែជំរុញការផ្សព្វផ្សាយឱ្យបានច្រើន យើងមិនត្រូវរួញរានោះទេ”។
លោកបន្ថែមថា ក្រៅពីរដ្ឋាភិបាលត្រូវតែមានគោលនយោបាយ ពង្រីកបន្ថែមនៅចំណុចខ្វះខាតរបស់ខ្លួន ហើយវិស័យឯកជនក៏គួរតែភ្ញាក់រលឹក ក្នុងការចំណាយលើការផ្សព្វផ្សាយឱ្យបានកាន់តែច្រើន។ ជាមួយគ្នា អាជ្ញាធរខេត្តត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យឱ្យបានស្អាត និងបង្កើតផលិតទេសចរណ៍ថ្មីៗ រួមជាមួយនឹងការបង្កើតឱ្យមានការផ្សព្វផ្សាយឯករាជ្យរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដោយមិនត្រូវពឹងផ្អែកខ្លាំងចំពោះការផ្សព្វផ្សាយរបស់ក្រសួងនោះទេ។
បើតាមអភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានកំណត់គោលដៅជាយុទ្ធសាស្រ្តសម្រាប់ការជម្រុញ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប -អង្គរ ដោយគិតគូរទៅលើការពង្រឹង គុណភាពសេវាទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាអោយគ្រប់ផលិត ផលទេសចរណ៍ និងសេវាកម្ម ទេសចរណ៍ ឲ្យមានគុណភាពស្របតាមទស្សនទានសេវាមួយ ស្តង់ដាមួយ និងការអភិវឌ្ឍធនធានមនុស្សបម្រើឲ្យវិស័យទេសចរណ៍ បុគ្គលម្នាក់ជំនាញមួយ ក្នុងនោះផងដែរ អាជ្ញាធរខេត្ត ក៏បានពង្រឹង និងយកចិត្តទុកដាក់ដល់ការគ្រប់គ្រង រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឲ្យមានការប្រែប្រួល និងអភិវឌ្ឍន៍បានកាន់តែល្អប្រសើឡើង ។
តាមរបាយការណ៍របស់មន្ទីរទេសចណ៍ខេត្តសៀមរាប បានបង្ហាញថា ស្ថានភាពភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកមានចំនួន ៤,២៦២,៣០៦នាក់ ភ្ញៀវទេសចរណ៍ជាតិ មាន ចំនួន២៥៦, ៦០៩នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិ ២,២០៥,៦៧៩នាក់ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ថយចុះ២០% ៕
ផ្ទះអាជីវកម្មស្ថិតនៅតំបន់រកស៊ីបានរបស់បុរីKC បានកំពុងសាងសង់យ៉ាងសកម្មខណៈលក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពងាយស្រួល
ដោយ គង់ សូរិយា
ភ្នំពេញៈ ជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាជួយសម្រួលដល់អតិថិជន បុរី ខេ ស៊ី មានទីតាំងស្ថិតក្បែរផ្សារព្រែកព្នៅបាននិងកំពុងសាងសង់យ៉ាងសកម្ម និងផ្តល់នូវ លក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពងាយស្រួល។
បុរីនេះមានទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។
ទីតាំងរបស់បុរី ខេ ស៊ី ហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួន ជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោក អ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារ តែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។


បច្ចុប្បន្ននេះ គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមានភាពទាក់ទាញមួយនេះ បាននិងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ។ រាល់បច្ចេកទេសសាងសង់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ទៅគុណភាព ការរចនាម៉ូដបែបទាន់សម័យ និងស៊ីវិល័យនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។
ជាមួយនឹងការគិតពីផាសុខភាពដល់អ្នករស់នៅ ម្ចាស់បុរីនេះបានផ្តោតលើសំណង់បែបបៃតង ដែលជាសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឲ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។
នៅក្នុងគម្រោងបុរីKC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Shop House មានទំហំ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ ។
ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ 089 787 721, 093 353 777, 086 48 5566៕

តើពាក្យ “ជវភាព” មានន័យដូចម្តេច?
ដោយម៉ាណេត
ភ្នំពេញៈ អត្ថន័យនៃពាក្យមួយចំនួននៅទិដ្ឋភាពសេដ្ឋកិច្ច ពិតជាមានការលំបាកហេតុនេះ ទើបគេហទំព័រPropertyarea.asiaនឹងលើកយកពាក្យពេជន៍មួយចំនួន ដើម្បីពន្យល់ឲ្យសាធារណៈជនបានសិក្សាស្វែងយល់។
នៅថ្ងៃចុងសប្តាហ៍នេះ យើងសូមលើកយកពាក្យថ្មីមួយ នៅក្នុងន័យសេដ្ឋកិច្ចយកមកពន្យល់ដល់សាធារណៈជន និងមិត្តអ្នកអាន នោះគឺពាក្យថា “ជវភាព” ពាក្យនេះមានន័យថា ភាពនៃសន្ទុះ ល្បឿន ដំណើរដែលលឿនរហ័ស របត់ល្បឿន រយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ សេដ្ឋកិច្ចប្រទេសនេះមានជវភាព គ្រាន់បើជាងប្រទេសនោះ។
ឧទាហរណ៍ សេះនេះមានជវភាពគ្រាន់បើជាងសេះនោះ ។ និយាយជាពាក្យប្រៀបចំពោះល្បឿនរបស់ចិត្តជាដើមក៏បាន។ ជវភាពរបស់ចិត្ត អាចប្រព្រឹត្តទៅបានសព្វទិសទី។ ជវភាពនៃសេដ្ឋកិច្ចជាតិក្នុងសម័យនេះឃើញថា បានចម្រើនកើនប្លែកជាងសម័យមុនៗ៕
មនុស្ស៧នាក់បានស្លាប់ និង២៥នាក់របួស ដោយការបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប
ដោយ ៖ រ៉ាណេត
កែប ៖ គិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ លទ្ធផលនៃការរុករកជនរងគ្រោះដោយការបាក់រលំសំណង់អគារកម្ពស់៧ជាន់នៅក្រុងកែបត្រូវបានរកឃើញមានអ្នករងរបួសចំនួន២៥នាក់ និងស្លាប់ចំនួន៧នាក់ ក្រោមការចុះបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ករណីនៃការបាក់រលំសំណង់អគារកម្ពស់៧ជាន់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤៖៤០នាទី ខណៈពេលដែលចាក់បេតុងប្លង់សេជាន់លើបង្អស់ ស្មើនឹងប្រមាណ៩០ភាគរយនៃគម្រោងសាងសង់សរុប។ បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដកម្មខាងលើនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច័យទៅលើគម្រោងសំណង់ដែលបានបាក់រលំរបស់បុគ្គលឈ្មោះ ឯក សារុន មានអាស័យដ្ឋាននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមការឱ្យដឹងពីមន្ត្រីមន្ទីរដែនដី ខេត្តកែប បានឱ្យដឹងថា សំណង់នេះត្រូវបានមន្ត្រីជំនាញចុះពិនិត្យ និងសន្និដ្ឋានថា ជាសំណង់ខុសពីលិខិតអនុញ្ញាតកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ៕





លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បង្កើតគណៈកម្មការធ្វើកោសល្យវិច័យលើអគារបាក់នៅខេត្តកែប
ដោយវុត្ថា
កែប៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះ បញ្ជាក់ថា គណៈកម្មការធ្វើកោសល្យវិច័យអគាររលំនៅខេត្តកែប ដែលមានលោកទេព ធន រដ្ឋលេខាធិការ ជាប្រធាន និងលោកប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹងសមាជិកចំនួន១១រូបទៀត ។

គណៈកម្មការធ្វើកោសល្យវិច័យអគារនេះ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវសុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ត្រួតពិនិត្យគុណសម្បត្តិរបស់អ្នកសាងសង់ ធ្វើរបាយការណ៍លទ្ធផលជូនក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
គិតត្រឹមម៉ោង៤ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជនរងគ្រោះ២៥នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ នៅមានជីវិត១៨នាក់។

អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០-៤០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគាររលំបាក់នេះស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែបផងដែរ៕
អ្នកវិភាគថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពធូរស្រាលឡើងវិញនៅឆ្នាំ២០២០
ដោយ ប៊ី
ភ្នំពេញៈ អ្នកវិភាគផ្នែកសេដ្ឋកិច្ច និងទីផ្សារសំខាន់ៗមួយចំនួនបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ពិភពលោក គួរតែមានពេលវេលាល្អប្រសើរនៅឆ្នាំ២០២០ ជាងឆ្នាំ២០១៩ដែលទើបបញ្ចប់នាពេលថ្មីៗនេះ។
ពួកគេគិតថា វាមិនមែនជាការរីកចម្រើននោះទេ ប៉ុន្តែការធូរស្បើយពីការព្រួយបារម្ភនាពេលថ្មីៗនេះ គួរតែធ្វើឱ្យសេដ្ឋកិច្ចពិភពលោករីកលូតលាស់ទៅមុខបន្ត។
ធនាគារវិនិយោគ Morgan Stanley ដែលមូលដ្ឋាននៅអាមេរិក បានបង្ហាញនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ២០២០របស់ខ្លួនថា “ឥឡូវនេះជាមួយនឹងភាពធូរស្រាលពីភាពតានតឹងពាណិជ្ជកម្ម និងគោលនយោបាយរូបិយវត្ថុក្នុងពេលដំណាលគ្នា យើងគិតថាម៉ាក្រូសេដ្ឋកិច្ចអាចបន្តជឿនលឿនទៅមុខបាន”។
ធនាគារខ្នាតយក្សដែលឈ្មោះថាGoldman Sachs ក៏បានពិពណ៌នាដូចគ្នាផងដែរថាជា “ទស្សនៈសុទិដ្ឋិនិយម” ទាក់ទងនឹងសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២០។ កំនើនសេដ្ឋកិច្ចនេះ គួរតែត្រូវបានកំណត់ដោយកត្តាជាច្រើន ប៉ុន្តែការថយចុះនៃការភ័យខ្លាចដែលធ្វើឱ្យទីផ្សារគួរឱ្យភ័យខ្លាច ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ គួរតែអនុញ្ញាតឱ្យមានការរីកចម្រើនសម្រាប់ពេលវេលាល្អប្រសើរនៅឆ្នាំ២០២០។
ធនាគារ Goldman Sachs បានឱ្យដឹងថា “រួមជាមួយ ភាពធូរស្រាលរវាងអាមេរិក និងចិន និងការកាត់បន្ថយភាពមិនប្រាកដប្រជា នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ទំនងជាអាចជួយដល់ពាណិជ្ជកម្មសកលលោកងើបឡើងវិញ”។
សេចក្តីប្រកាសស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានសម្រាលដល់ការភ័យខ្លាចជាច្រើន ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលកាន់តែអាក្រក់ទៅៗ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចបន្ទាប់បន្សំ ដូចជា កាណាដា និងទីផ្សារកំពុងរីកចម្រើននៅទូទាំងពិភព ដែលផ្គត់ផ្គង់ដល់សេដ្ឋកិច្ចយក្សទាំងពីរ៕ (the western producer)៕
កន្ត្រកវិលកម្ពស់៨៥ម៉ែត្រលំដាប់ទី៤នៅក្នុងតំបន់អាស៊ីនឹងដាក់ឱ្យដំណើរការនៅ ខែ មីនា ឆ្នាំ២០២០ខាងមុខនេះ
ដោយវុត្ថា
សៀមរាបៈ កន្ត្រកវិលកម្ពស់៨៥ម៉ែត្រ ដែលជាកន្ត្រកទី៤នៅក្នុងតំបន់អាស៊ី ដែលវិនិយោគដោយក្រុមហ៊ុនAngkor Eye Company Limited ដែលមានទុនជាង៧លានដុល្លារអាមេរិក នឹងចាប់បើកដំណើរការនៅខែ មីនា ឆ្នាំ២០២០នេះ។
នេះបើតាមការគូសបញ្ជាក់ពី លោកជឿន វិចិត្រ នាយកប្រតិបត្តិផ្សារ និងសួនកម្សាន្តBox Ville នៅក្នុងកិច្ចប្រជុំស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាបរវាងរដ្ឋបាលខេត្តសៀមរាប និង វិនិយោគិនជាតិ អន្តរជាតិនាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ នេះ ។
កន្ត្រកវិលដ៏ធំខ្ពស់នេះមានកម្ពស់៨៥ម៉ែត្រ អាចផ្ទុកមនុស្សបាន១៩២នាក់ក្នុងពេលតែមួយ ដែលបានប្រើប្រាស់ថវិកាសរុបចំនួន៧.២លានដុល្លារអាមេរិក ហើយកម្ពុជា គឺជាប្រទេសទី១ហើយ ដែលបាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុន និងមានកម្ពស់ខ្ពស់ជាងគេក្នុងទីផ្សារធំទី៣នៅអាស៊ីអាគ្នេយ៍នេះផងដែរ។
កងបង្វិល/កន្ត្រកវិលដ៏ធំជាងគេ និងមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលពីប្រទេសជប៉ុននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅលើទីតាំង BOXVILLE ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប។
នៅក្នុងកន្ត្រកសណ្តោងទាំងនោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរមណីយដ្ឋានអង្គរ ពីលើអាកាសផងដែរ។
លោកទៀ សីហា អភិបាលខេត្តសៀមរាបធ្លាប់បានឱ្យដឹងថា កន្ត្រកវិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយ ក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញ បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស។
លោកបន្តថា “គម្រោងនេះជាបទពិសោធន៍ដ៏ល្អមួយ នៃការវិនិយោគ និងសហការធ្វើអាជីវកម្មរបស់ជប៉ុននៅកម្ពុជា។ ហើយលោក ក៏សុំឲ្យមានការបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺជាឧស្សហកម្មគ្មានផ្សែងដ៏សំខាន់មួយ”។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនAngkor Eye Co.,Ltd. បានឲ្យដឹងថា គ្រោងសំណង់កន្ត្រកវិលដ៏ធំនេះ មានទម្ងន់សរុបប្រមាណជា៧០០តោន ក្នុងនេះដុំអក្សវិលនៅចំកណ្តាលមានទម្ងន់៦១តោន។ ក្រុមវិស្វករជប៉ុន កំពុងដំឡើងតាមស្តង់ដារបច្ចេកទេស និងដើម្បីធានាសុវត្ថិភាពខ្ពស់។
លោកបន្ដថា “កន្រ្តកវិលនេះ មានលក្ខណៈពិសេសប្លែកដែលត្រូវបានផលិត និងបង្កើតឡើង ជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង១៤០ ក្នុងប្រទេសជប៉ុន”។ លោកបន្តថា “កន្ត្រកវិលនេះត្រូវបានផលិតឡើង ដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និងស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈមការរញ្ជួយផែនដីជាដើម”៕
ខេត្តកំពតកំពុងមានសក្ដានុពលខ្លាំងលើវិស័យលំនៅដ្ឋានបែបទេសចរណ៍ និងកម្សាន្ត
ដោយៈ រ៉ាណេត
កំពតៈ ខេត្តកំពតមួយរយៈពេលចុងក្រោយ គឺកំពុងតែព្យាយាមបង្ហាញពីសក្ដានុពល រួមជាមួយគម្រោងអភិវឌ្ឍនានាជាច្រើន ជាពិសេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍កម្សាន្តបែបធម្មជាតិ និងតំបន់សមុទ្រ ខណៈដែលគម្រោងកំពង់ផែទេសចរណ៍របស់រដ្ឋាភិបាល កំពុងតែស្ថិតនៅក្នុងដំណាក់ដំបូង នៃការសាងសង់នៅឡើយ។
ទឹកដីខេត្តកំពត ដែលកំពុងតែមានភាពទាក់ទាញខ្លាំង លើការវិនិយោគក្នុងវិស័យទេសចរណ៍យ៉ាងគំហុក និងច្រើនគម្រោងនៅពេលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា ខេត្តដែលស្ថិតនៅជាប់តំបន់សមុទ្រ និងព្រៃភ្នំមួយនេះ មានសក្ដានុពលខ្លាំងទៅលើវិស័យទេសចរណ៍ច្រើនជាង ការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ។
នាយកក្រុមហ៊ុនអចលទ្រព្យ KEY Real Estate លោកសន សៀប បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។
លោកបានបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ រួមជាមួយនឹងគម្រោងថ្មីបន្តបន្ទាប់ទៀត មិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាក់មិនខាន”។
លោកសន សៀបបានបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ កំណើននៃចំនួនទេសចរនៅខេត្តកំពត និងកែប គឺកើនជាប្រចាំ ព្រោះជះឥទ្ធិពលមកពីក្រុងព្រះសីហនុ ដែលកំពុងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអគារនានាផងដែរនោះខេត្តកំពត ងាយស្រួលក្នុងការធ្វើដំណើរ និងមានភាពអំណោយផលពីធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ទេសចរកម្សាន្ត។
លោកបន្តថា “ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំង ទៅលើការអភិវ ឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍ វិស័យលំនៅដ្ឋានបែបលមហែរកាយផងដែរ”។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន នៅក្នុងខេត្តកំពត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន លោកឧកញ៉ានួន រិទ្ធី បានលើកឡើងថា កំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា។
លោកឧកញ៉ាបានបន្តទៀតថា “វិស័យលំនៅដ្ឋានទូទៅនៅក្នុងខេត្តមួយនេះ ហាក់មិនសូវមានតម្រូវការខ្ពស់នោះទេ ប៉ុន្តែបើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយ កម្សាន្តនៅតំបន់កម្សាន្តមួយចំនួនអាចមានតម្រូវការ ដែលនឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់”។ លោកបានបញ្ជាក់ថា “បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ហាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះលឿនឬឆាប់ គឺអាស្រ័យទៅលើសន្ទុះ នៃកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង”។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា កំពត ជាខេត្តដែលមានភាពទាក់ទាញលើការវិនិយោគនិងអភិវឌ្ឍលើវិស័យទេសចរណ៍ និងលំហែរកាយ។ លោកបានបន្តទៀតថា ដោយសារតែសម្លឹងឃើញពីសក្ដានុពលទាំងនេះ គម្រោង FOREST HAMONY បានបង្ហាញវត្តមាននៅក្នុងខេត្តនេះ ហើយក៏ជាការចូលរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តកំពតឱ្យកាន់់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា “នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឱ្យខេត្តកាន់តែមានភាពទាក់ទាញ ដោយសារគំរោងFOREST HAMONY សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅប្រកបដោយភាពបៃតង និងការលំហែរប្រកបដោយស្តង់ដាអន្តរជាតិ”។
ទាក់ទងនឹងគម្រោង FOREST HAMONY ត្រូវបានផ្តោតទៅលើប្រភេទវីឡាលំហែរកាយ មានចំនួន៩០ខ្នង សាងសង់នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ឋ ។
ផ្ទះនិមួយៗ មានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួនជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។ ដោយផ្តោតលើការសម្របខ្លួន ជាមួយនឹងលក្ខខ័ណ្ឌប្រែប្រួលអាកាសធាតុ គំរោងនេះត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើងដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅមានផាសុខភាព។
វីឡានិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី៣៦០ ទៅ៧២០ម៉ែត្រការ៉េកំពស់២ជាន់ និងមានការរៀបចំសួនច្បារយ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡាលំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិកដល់ជាង២២ម៉ឺនដុល្លារ ហើយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ។បច្ចុប្បន្នក្រុមហ៊ុន Forest Hamony បាននិងកំពុងទទួលការកក់ប្រាក់ពីអតិថិជនបណ្តើរៗហើយ៕
វិស័យសំណង់ និងអចលនទ្រព្យបានចូលរួមចំណែកដល់កំណើនប្រាក់កម្ចី
ដោយ ប៊ី
ភ្នំពេញៈ វិស័យធនាគារមានសុខភាពល្អ និងបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ គាំទ្រការរីកចម្រើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្រោមសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ខណៈកំណើនប្រាក់កម្ចីបានកើនឡើងមកវិញដែលមានការជំរុញជាចម្បង ដោយកំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ការប្រើប្រាស់ និងពាណិជ្ជកម្ម។
ប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការមាន៧១%នៃប្រជាជនពេញវ័យសរុប ជាមួយនឹងកំណើនប្រាក់បញ្ញើ២៥% និងប្រាក់កម្ចី២៦%។ នេះបើយោងតាមរបាយការណ៍ចុងក្រោយស្ដីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ រៀបចំដោយធនាគារជាតិនៃកម្ពុជា។
របាយការណ៍បានឱ្យដឹងថា “កំណើនប្រាក់កម្ចីបានកើនឡើងមកវិញ បន្ទាប់ពីបានថយចុះនារយៈពេលបីឆ្នាំកន្លងទៅ ប៉ុន្តែមិនទាន់ដល់កម្រិតក្នុងអំឡុងឆ្នាំ២០១០-២០១៥ (៣០%) ទេ។ កំណើនឡើងវិញនេះជំរុញជាចម្បង ដោយកំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ការប្រើប្រាស់ និងពាណិជ្ជកម្ម”។
ដោយសារការកើនឡើងនៃចំណូល តម្រូវការ និងភាពសម្បូរបែបនៃសេវាហិរញ្ញវត្ថុ ឥណទានសម្រាប់ការប្រើប្រាស់បានកើនឡើង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ឥណទានសម្រាប់ទិញទំនិញប្រើប្រាស់ និងលំនៅឋានសម្រាប់ស្នាក់នៅ។
ឥណទានទាំងនេះបានជំរុញការប្រើប្រាស់ ដែលមានបច្ច័យវិជ្ជមានរួមចំណែកគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច។ ទោះយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់មិនបានចំណាយឱ្យចំគោលដៅទេ នោះការកើនឡើងនៃឥណទានក៏អាចបង្កជាហានិភ័យផងដែរ។ ម្យ៉ាងទៀត ប្រព័ន្ធធនាគារបានធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីគាំទ្រការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងតំបន់។
បច្ចុប្បន្ននេះប្រជាជនប្រមាណ៥លាននាក់ កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធបាគងផ្អែកលើបច្ចេកវិទ្យាBlockchain សម្រាប់សម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន៕









