សម្ដេចតេជោ ចុះជួយជនរងគ្រោះដោយអគារ៧ជាន់បាក់រលំនៅក្រុងកែបដោយផ្ទាល់

ដោយ ៖ រ៉ាណេត

កែប ៖ បន្ទាប់ពីកើតមានព្រឹត្តិការណ៍ថ្មីនៃការបាក់រលំអគារកម្ពស់៧ជាន់ ដែលស្ថិតក្រុងកែប ខេត្តកែប កាលពីម៉ោង ៤៖៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយមានកម្មករប្រមាណ៣០នាក់ស្ថិតនៅក្នុងគំនរថ្មអគារ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចុះជួយសង្គ្រោះជនរងគ្រោះដោយផ្ទាល់។

រហូតមកដល់ត្រឹមម៉ោង ៨ ៖ ១០នាទី ក្នុងចំណោមកម្មករដែលត្រូវបានប៉ានស្មានស្ថិតនៅក្នុងគំនរថ្មបាក់អគាកម្ពស់៧ជាន់ប្រមាណ៣០នាក់នោះ ក្រុមសង្គ្រោះបានធ្វើការសង្គ្រោះជនរងគ្រោះបានចំនួន១៩នាក់ ដោយក្នុងនោះមានជនរងគ្រោះចំនួន៤នាក់បានស្លាប់។

សម្រាប់មូលហេតុដែលបណ្តាលឱ្យរលំបាក់អគារកម្ពស់៧ជាន់នៅក្រុងកែបនេះ ត្រូវបានប្រភពនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថា តាមពិតអគារមួយនេះជាអគារចាស់ ប៉ុន្តែមិនបានវាយកំទិចចោលដើម្បីសាងសង់សំណង់ថ្មីនោះទេ ផ្ទុយទៅវិញបែរជាសង់បន្ថែមពីលើកែច្នៃធ្វើជាអគារថ្មីទៅវិញ។
ប្រភពដដែលបានបន្តថា អគារនេះមានច្បាប់សាងសង់ត្រឹមតែ៥ជាន់តែប៉ុណ្ណោះ ប៉ុន្តែបែរជាបន្តសង់រហូតដល់៧ជាន់ និងសម្រេចបានប្រមាណ៩០ភាគរយលើការសាងសង់។
ក្រុមសង្គ្រោះដែលបានចុះទៅដល់ទីតាំងផ្ទាល់រួមមានកងកម្លាំង ៧១១ កម្លាំងកងអន្តរាគមន៍អជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយកងកម្លាំងនគរបាលក្រោមការបញ្ជារបស់លោក នេត សាវឿន ផងដែរ ៕

អ្នកជំនាញជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង

ដោយ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​ជំរុញ​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​ ខណៈ​គម្រោង​រោងចក្រ​ សហគ្រាស​ បុរី​ បណ្តុំ​លំនៅឋាន​បែប​លក្ខណៈ​បុរី​ និង​ផ្សារ​ទំនើប​ជាដើម​បាន​ និង​កំពុង​បាញ់​ឆ្ពោះទៅ​តាម​ក្រ​វ៉ាត់​ក្រុង​ និង​ ជាយក្រុង​ភ្នំពេញ​។

អ្នកស្រី​តាំង​ ហួរ​នាយិកា​រក្រុ​មហ៊ុន​ Amatak​ property​ service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី៣​ ខែធ្នូ​ឆ្នាំ​ ២០១៩​ នេះ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តោ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​ របស់​ទីក្រុង​ភ្នំពេញ​បាន​ និង​កំពុង​មានការ​រីក​ចំរើន​ តែ​កន្លែង​ខ្លះ​មានការ​រីក​ចំរើន​លឿន​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានផល​ចំណេញ​ច្រើន​ ។

លោកស្រី​បន្ត​ថា​ “មិន​តែប៉ុណ្ណោះ​នៅ​តាម​បណ្តោយ​ក្រ​វ៉ាត់​ក្រុង​ នៅក្នុង​តំបន់​ខ្លះ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ ទាំង​រោងចក្រ​ សហគ្រាស​ និង​ផ្សា​រំនើប​ ដូចជា​ អេ​អន​ជាដើម​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នោះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ចាប់ពី​ឆ្នាំ​ ២០២០នេះ​តទៅ​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ថា​ បើ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឆាប់​បាន​ចំណេញ​ខ្ពស់​គួរ​វិនិយោគ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​នៅ​គៀក​នឹង​រាជ​ភ្នំពេញ​ដូចជា​ផ្លូវ​ទំនប់​កប់​ស្រូវ​ ជាដើម​ដែល​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​ នឹង​កំពុង​មានសន្ទុះ​នៃ​ការ​រីក​ចំរើន​ខ្លាំង​ បើ​ទៅ​ទិញ​វិយោគ​នៅ​តាម​នៅ​កន្លែង​ឆ្ងាយ​ៗនឹង​ត្រូវ​ប្រើ​ពេល​យូរ​ ​បើ​ទិញ​ត្រូវ​ទិញ​កន្លែង​ដែល​មានការ​អភិវឌ្ឍន៍​ខ្លាំង​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ បើ​និយាយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​គឺ​មាន​លក្ខណៈ​ធំ​ទូលាយ​ណាស់​ មាន​ទី១ទី​ ២ ទី​ ៣ និង​ទី៤ជាដើម​ តែ​សម្រាប់​តំបន់​ខ្លះ​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ដោយសារ​មាន​គម្រោង​វិនិយោគ​ធំ​ និង​តំបន់​ខ្លះទៀត​ បាន​នឹង​កំពុង​មាន​សន្ទុះ​បណ្តើរ​ៗ។

លោក​បន្ត​ថា​ សម្រាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ចាប់ពី​ផ្លូវជាតិ​លេខ៤​ ទៅកាន់​ផ្លូវជាតិ​លេខ​ ៣ មិនទាន់​ពុះ​កញ្ជ្រោ​លនោះទេ​ ព្រោះ​ការអភិវឌ្ឍន៍​នៅ​មានកម្រិត​នៅឡើយ​ តែ​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ចាប់ពី​ផ្លូវជាតិ​លេខ៦​គឺ​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ ព្រោះ​មាន​គម្រោង​ជាច្រើន​បាន​រីក​ដុះដាល​ច្រើន​។ សម្រាប់​អ្នក​ដែល​មាន​ដើមទុន​អាច​ទិញ​ដី​ សម្រាប់​ធ្វើការ​វិនិយោគ​ ក្នុង​ម៉ែត្រការ៉េ​ តម្លៃ២០០​ ទៅ៣០០ដុល្លារ​ ឬច្រើនជាង​នេះ​ គួរតែ​វិនិយោគ​នៅ​តាម​ជាយក្រុង​ដែល​មានការ​អភិវឌ្ឍន៍​។

លោក​ហ៊ឹម​ សីហា​ នាយក​ស្រាវជ្រាវ​ក្រុមហ៊ុន​ VTrust​ Appraisal​ បានឱ្យ​ដឹង​ថា​ មាន​គម្រោង​លំនៅឋាន​ជាច្រើន​ បាន​និង​កំពុង​រីក​ចំរើន​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​មាន​ទាំង​បុរី​ ​និង​សំណង់​បែប​លំនៅឋាន​បែប​បុរី​ ព្រមទាំង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “នេះ​ជា​សញ្ញា​ល្អ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​ក្រ​វ៉ាត់​ក្រុង​ និង​ ធ្វើ​ឱ្យ​អោយ​មានការ​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​”។ លោក​បញ្ជាក់​ថា​ “ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​ត្រូវការ​លំនៅឋាន​ប្រមាណ​ជិត​រាប់​ម៉ឺន​ខ្នង​”។

ជាមួយគ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លង​កនេះ​ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ ផែនការ​រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ​ និង​យានដ្ឋាន​ជួសជុល​ រថ​យន្ត​ធំៗ​ ពី​តំបន់​ទីប្រជុំជន​ទៅ​តំបន់​ជាយក្រុង​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​។

ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជ​ធា​នី​ភ្នំ​ពេ​ញ និង​ខេត្តកណ្តាល​ ចាប់ពី​ស្ពាន​ព្រែកព្នៅ​ មហា​វិ​ថី​ឈ្នះ​ៗ (ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ៤​ ត្រង់​គីឡូម៉ែត្រ​លេខ១៤​+១០៥​ ទៅ​ភ្ជាប់នឹង​ផ្លូវជាតិ​លេខ១​ ត្រង់​គីឡូម៉ែត្រ​លេខ២៤​+៨៤០​ ដោយ​កាត់​ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ២​ និង​ផ្លូវជាតិ​លេខ២១​ ដែល​គម្រោង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​៕

អគារកម្ពស់៧ជាន់នៅខេត្តកែបបានបាក់ស្រុត ដោយមានមនុស្សមួយចំនួនកំពុងជាប់នៅខាងក្នុង

ដោយ ៖ រ៉ាណេត

កែប ៖ តាមប្រភពព័ត៌មានបឋមដែលទើបតែទទួលបានមុននេះបន្តិចឱ្យដឹងថា នៅក្នុងខេត្តកែប មានករណីបាក់អគារកម្ពស់៧ជាន់មួយកន្លែង សង្កត់មនុស្សមួយចំនួននៅខាងក្រោមដោយមិនទាន់ដឹងពីសុវត្ថិភាពនៅឡើយ។

អភិបាលរងខេត្តកែប លោក អ៊ុង ឆាយ បានប្រាប់ឱ្យដឹងថា ករណីនៃការបាក់អគារនេះនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយនោះទេ ហើយចំនួនមនុស្សដែលជាកម្មករ ស្ថិតនៅខាងក្រោមគំនរអគារមួយនេះមានប៉ុន្មាននាក់នោះដែរ។

អគារមានកម្ពស់៧ជាន់ ដែលបាក់រលំមួយនេះមានទីតាំងស្ថិតក្បែរវត្តសុមាធិ។
សម្រាប់ព័ត៌មានលម្អិត គេហទំព័រ propertyarea.asia នឹងធ្វើការផ្សាយបន្ថែមទៀតនៅពេលក្រោយ។

ពាក់ព័ន្ធទៅនឹងករណីបាក់អគារកាលពីពេលកន្លងទៅនេះ នៅក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ បានកើតមានម្ដងរួចមកហើយ ដោយបានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន២៨នាក់ និងរបួសចំនួន២៦នាក់។ ជាមួយនឹងព្រឹត្តិការណ៍ការបាក់អគារកម្ពស់៧ជាន់នេះ រដ្ឋាភិបាលបានជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យគុណភាពសំណង់គ្រប់ប្រភេទនៅទូទាំងប្រទេសក្រោមការគ្រប់គ្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ៕

ការសិក្សា៖ កំណើនសេដ្ឋកិច្ចថៃនឹងដាំក្បាលចុះនៅឆ្នាំ ២០២០ នេះ

ដោយ​ Donald​ Lee
​ភ្នំពេញ​៖ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នៅតែ​បន្ត​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ និង​អ្នកវិភាគ​ព្រួយបារម្ភ​ ខណៈ​សេដ្ឋកិច្ច​ថៃ​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០១៩​ ជាមួយនឹង​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​យឺត​បំផុត​ក្នុងរយៈពេល​ ៥ ឆ្នាំ​ ហើយ​រំពឹង​ថា​នឹង​មិន​ឆ្លើយតប​នឹង​ការព្យាករណ៍​ឆ្នាំ​ ២០២០​ ទេ​។

ធនាគារ​ថៃ​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​បាន​កើនឡើង​ត្រឹមតែ​ ២,៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៩​ និង​បាន​បន្ទាប​ការព្យាករណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​ ២០២០​ ដល់​ ២,៨​ ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​។ ប្រទេស​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​នេះ​ ដូចជា​ភាគច្រើន​នៅ​អាស៊ី​ បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ខ្លួន​រំពឹង​ថា​ការនាំចេញ​នឹង​ធ្លាក់ចុះ​ ៣,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​។
របាយការណ៍​ធនាគារ​កណ្តាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ថា​ “ការនាំចេញ​ទំនិញ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ងើបឡើង​វិញ​យឺត​ជាង​ការ​រំពឹង​ទុក​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៅក្នុង​សេដ្ឋកិច្ច​ថៃ​លើ​វិស័យ​នាំចេញ​”។ រូបិយប័ណ្ណ​របស់​សេដ្ឋកិច្ច​អាស៊ាន​ធំជាង​គេ​ទី​ ២ បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​កើនឡើង​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​។


ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗទៀត​នៅ​អាស៊ី​។ វិនិយោគិន​បរទេស​ក៏បាន​សម្លឹង​មើល​កន្លែង​ផ្សេងទៀត​ នៅពេល​ប្រាក់​បាត​ឡើងថ្លៃ​ពេញ​មួយឆ្នាំ​ ២០១៩​ ដែល​បាន​ក្លាយជា​រូបិយប័ណ្ណ​មួយ​ក្នុងចំណោម​រូបិយប័ណ្ណ​ដែល​បាន​ឡើងថ្លៃ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​។ តម្លៃ​ប្រាក់​បាត​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​មានតម្លៃ​ខ្ពស់​ធ្លាក់ចុះ​ ដូចជា​វិស័យ​អចលនទ្រព្យ​ រហូតដល់​វិស័យ​ទេសចរណ៍​ជាដើម​៕

មន្ទីរទេសចរណ៍ខេត្តក្រចេះគ្រោងរៀបចំទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០ ជាកន្លែងរមណីយដ្ឋានថ្មីលើទំហំដី២ ហិកតា

ដោយវុត្ថា

ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គ្រោងរៀបចំទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០ ជាកន្លែងរមណីយដ្ឋានថ្មីលើទំហំដី២ ហិកតា ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានទៀងទាត់។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កន្លងមក មានភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិទៅលេងនៅទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០នេះ នៅក្នុងរដូវបុណ្យទានធំៗតែប៉ុណ្ណោះ ហើយក្រោយពីរៀបចំហើយ រំពឹងថា នឹងមានប្រជពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តរៀងរាល់សប្តាហ៍បានកាន់តែច្រើនថែមទៀត។

លោកបន្តថា ទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០ គឺមានទីតាំងស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ដែលនៅមិនឆ្ងាយពីវត្តសសរ ១០០នោះទេ ដោយគ្រោងរៀបចំឲ្យមានស្ពានបណ្តែតទឹក រោងទឹក សេវាកម្មម្ហូបអាហារ និងសេវាកម្មកម្សាន្ដនានានៅលើឆ្នេរខ្សាច់ទំហំប្រមាណ ២ហិកតា។ ហើយជាគោលការណ៍ គ្រោងចំណាយ ថវិកាប្រមាណ ៣ ទៅ ៤ពាន់ដុល្លារក្នុងការសាងសង់ស្ពានឆ្លងកាត់ ដោយមិនទាន់រាប់បញ្ចូលការសាងសង់រោងបណ្តែតទឹកនោះទេ។

លោកបន្តទៀតថា គោលបំណងសំខាន់ក្នុងការរៀបចំទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០នេះ គឺដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួលក្នុងការមកលេងកម្សាន្ត ដោយក្នុងនោះយើងនឹងរៀបចំសាងសង់ស្ពានប្រមាណ ២១០ ម៉ែត្រ សម្រាប់ឆ្លង រៀបចំទីកន្លែងលេងទឹក លេងកីឡា និងមានប្រជាការពារមើលថែរក្សាឱ្យបានត្រឹមត្រូវ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តក្រចេះ។

លោកបន្ថែមថា ម្យ៉ាងទៀត ជាយុទ្ធសាស្ត្រការរៀបចំអភិវឌ្ឍរមណីយដ្ឋាននេះនឹងអាចជួយកាត់បន្ថយការកកស្ទះភ្ញៀវទេសចរនៅរមណីយដ្ឋានកាំពី ភ្ចាប់ការទស្សនាពីវត្តសរសរ១០០ ទៅសហគមន៍អេកូទេសចរណ៍ និងអន្លង់ផ្សោតកោះផ្តៅ ទាក់ទាញភ្ញៀវមកទស្សនាខេត្តក្រចេះឲ្យកុះករបន្ថែមទៀត និងជាទម្រង់ភាពជាដៃគូររដ្ឋឯកជនផងដែរ (PPP)។

បើតាម លោកជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តក្រចេះ មានតំបន់ទេសចរណ៍ប្រមាណ ១៨ កន្លែងនៅទូទាំងខេត្ត សម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបង្ហាញថា ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តក្រចេះនាឱកាសថ្ងៃចូលឆ្នាំសកល ឆ្នាំ២០២០ មានភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចំនួន ២.៦០០នាក់ធៀបឆ្នាំ២០១៩ ចំននួន២.៣០០នាក់ កើន៣០០នាក់ ស្មើ ១៣,០៤ % ក្នុងនោះទេសចរអន្តរជាតិ ចំនួន១៨០នាក់ ធៀបឆ្នាំ២០១៩ ចំនួន១៧០នាក់ កើន១០នាក់ ស្មើ ០៥,៨៨% ៕

ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ចអាចសម្រេចបានក្នុងរង្វង់ ៧% នៅឆ្នាំ ២០២០ ទោះបីជាអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា

ដោយ ប៊ី
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣% ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA (ប្រព័ន្ធអនុគ្រោះពន្ធ) ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ។ នេះយោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ រៀបចំដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០។

ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផលដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់គាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការនាំចេញរំពឹងថានឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញ សម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។
របាយការណ៍បានបញ្ជាក់ថា ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាបន្តមានកំណើន ដោយសារ ៖ យន្តការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ ៦ខែ ក្រោយពីការសម្រេច។
កម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដក ក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែ អាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១% ទៅ ១២,៥% ទៅតាមប្រភេទទំនិញ ប៉ុន្តែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុបមកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើន ផងដែរ ជាពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន ២០% នៃការនាំចេញទៅសហភាពអឺរ៉ុប។ កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ និងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។

កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគ នៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជា ផងដែរ។
វិស័យសំណង់និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ជាពិសេសមកកាន់តំបន់ឆ្នេរនិងក្នុងគោលបំណងធុរកិច្ច។
ទន្ទឹមនេះ តម្រូវការនិងការវិនិយោគក្នុងស្រុកបន្តកើនឡើងយ៉ាងរឹងមាំ ដែលរួមចំណែកជំរុញដោយកំណើនចំណូលរបស់ប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយវិត្ថារកម្មថវិកា និងកំណើនឥណទាននៃវិស័យធនាគារនិងហិរញ្ញវត្ថុ។
ថ្មីៗនេះគម្រោងសាងសង់ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក៏បានអនុម័ត ហើយកំពុងអនុវត្ត ដែលបង្ហាញពីទស្សនទានវិជ្ជមានលើការប្រើប្រាស់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនមានចំណូលមធ្យម ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

ការសិក្សាៈ ថ្លៃសិក្សានៅសាលាអន្តរជាតិក្នុងភ្នំពេញជម្រើសដ៏ល្អបំផុតសម្រាប់ គ្រួសារបរទេសរស់នៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាជម្រើសដ៏ល្អបំផុមួយ សម្រាប់គ្រួសារលោកខាងលិច ដែលកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់ទ្វីបអាស៊ីជាមួយនឹងសាលារៀនល្អ និងមានតម្លៃទាបសមរម្យ។

ការសិក្សាចុងក្រោយដែលចេញផ្សាយ ដោយប្រព័ន្ធទិន្នន័យសាលារៀនអន្តរជាតិ (ISB) បានរកឃើញថា ថ្លៃសាលាអន្តរជាតិគឺទាបបំផុត នៅក្នុងទីក្រុងរបស់ប្រទេសកម្ពុជាក្នុងចំណោមទីក្រុងធំៗនៅអាស៊ី។

នៅទីក្រុងភ្នំពេញការបង់ថ្លៃសិក្សានៅសាលាអន្តរជាតិ គឺស្ថិតនៅចន្លោះពី១,៨៤០ ទៅ១៩,៩៤១ ដុល្លារក្នុងមួយឆ្នាំដែលជាអត្រាទាបបំផុត ក្នុងចំណោមទីក្រុងធំៗចំនួន ១៩ នៅក្នុងប្រទេសចំនួន១៣នៅអាស៊ី រួមមានទីក្រុងប៉េកាំង សិនជិន និងសៀងហៃនៃប្រទេសចិន ទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ សឹង្ហបូរី ទីក្រុងតូក្យូក្យូតូ អូសាកាកូកូនៃប្រទេសជប៉ុន ហុងកុង (ចិន) ហាណូយ និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម ទីក្រុងយ៉ាំងហ្គោននៃប្រទេសមីយ៉ាន់ម៉ា ទីក្រុងបាងកក និងភូកេតនៃប្រទេសថៃ តៃប៉ិ តៃវ៉ាន់ (ចិន); ចាកាតានៃប្រទេសឥណ្ឌូនេស៊ី ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន និងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី។

ការសិក្សានៅទីក្រុងប៉េកាំង មានតម្លៃថ្លៃជាងគេបំផុត ដោយគិតថ្លៃចន្លោះពី ,០៩៧ ដល់៤១,៣៨៩ ដុល្លារក្នុងមួយឆ្នាំ បន្ទាប់មកសៀងហៃ សិនជិន សេអ៊ូល និងសឹង្ហបូរី។

ឥឡូវនេះទីក្រុងភ្នំពេញជាកន្លែង ដែលមានសាលារៀនអន្តរជាតិជាង៥០។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ជនបរទេសជាង១៥ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា៕

ផ្សារហ៊ុនអាស៊ីធ្លាក់ចុះខណៈតម្លៃប្រេងហក់ឡើង បន្ទាប់ពីមានការវាយប្រហារនៅអ៉ីរ៉ង់

ដោយ Donald Lee

ភ្នំពេញៈ ទីផ្សារអាស៊ីបានដាំក្បាលចុះ ហើយតម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក នាពេលរសៀលនេះ ដោយសារព័ត៌មាននៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលបានសម្លាប់មន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានចេញផ្សាយ និងគំរាមធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូល ធ្លាក់ចូលភាពវឹកវរ។

ទីផ្សារហ៊ុនចិនដីគោកនៅសៀងហៃ និងហ្សិនជិនបានធ្លាក់ចុះប្រហែល០,៣ភាគរយនៅរសៀលនេះ បន្ទាប់ពីមានព័ត៌មានអំពីការធ្វើឃាតរបស់ មេបញ្ជាការយោធាអ៊ីរ៉ង់លោកQasem Soleimaniនៅព្រឹកនេះ ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក។ ក្រុមហ៊ុនHang Seng ហុងហុងក៏នឹងធ្លាក់ចុះ០,១៧ ភាគរយផងដែរ។

លោកSoleimani គឺជាបុរសម្នាក់ដែលមានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយអ្នកវិភាគជឿជាក់ថា ការសម្លាប់លោកនឹងនាំឱ្យមានអ៊ីរ៉ង់ធ្វើការសងសឹក ដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុធជាមួយអាមេរិក

ការប្រកាសរបស់អាមេរិកបានឱ្យដឹងកាលពីថ្ងៃសុក្រថា តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតីយោធាអាមេរិក បានចាត់វិធានការណ៍ ដើម្បីការពារបុគ្គលិកអាមេរិកនៅក្រៅប្រទេស ដោយសម្លាប់លោក Qasem Soleimani ប្រធានអង្គភាពឆ្មាំបដិវត្តអ៊ីស្លាម ដែលជាអង្គការភេរវកម្មបរទេសដែលកំណត់ដោយអាមេរិក

តម្លៃប្រេងបានឡើងថ្លៃយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានអំពីការធ្វើឃាតនេះ។ ប្រេងឆៅប្រភេទបានកើនឡើងជិត៣ភាគរយ ដល់ជាង៦៨ដុល្លារក្នុងមួយបារ៉ែល។

ការឡើងថ្លៃប្រេង គឺស្រដៀងនឹងបញ្ហាមួយ ដែលបានកើតឡើងកាលពីខែកញ្ញា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហាររោងចក្រកែច្នៃមួយនៅតំបន់Abqaiq ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលបង្កើតការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដោយរំខានដល់ការផលិតប្រេងជិត៦លានបារ៉ែលពីទីផ្សារ ស្មើនឹងជិតពាក់កណ្តាលនៃផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត៕

គំរូប្លង់ស្ថាបត្យកម្មនៃសំណង់ស្ពានថ្មថ្មីបាត់ដំបងត្រូវបានបង្ហាញជាសាធារណៈ

ដោយ ហ្សូលី

បាត់ដំបងៈ គំរូប្លង់ស្ថាបត្យកម្មនៃសំណង់ស្ពានថ្មឆ្លងកាត់ថ្មី នៅតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មថ្មី ដោយយកលំនាំដើមតាមស្ពានចាស់។

កិច្ចប្រជុំរវាងអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំនេះ នៅសាលាខេត្តបាត់ដំបងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។ ក្នុងនោះក៏មានការបញ្ចេញមតិ ចូលរួមពីបញ្ហាបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធការសាងសង់ស្ពានថ្មថ្មីពីខាងនាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងក្រសួង រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។ ស្ពានថ្មថ្មីនេះ នឹងត្រូវសាងសង់តាមលំនាំស្ពានចាស់ដែលមានអាយុកាលប្រមាណ១០៣ឆ្នាំមកហើយ។

យោងតាមគំរូប្លង់ស្ថាបត្យកម្មបានបង្ហាញថា ស្ពានឆ្លងកាត់ថ្មីនេះបានឱ្យដឹងថា ស្ពាននេះជាគម្រោងស្ពានបេតុង មានចម្ងាយចន្លោះពីស្ពានចាស់ប្រមាណ៦ម៉ែត្រ ស្ថិតនៅខាងត្បូងស្ពានចាស់ មានទទឹងចំនួន៨ម៉ែត្រ និងបណ្តោយប្រវែង១០០ម៉ែត្រ។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំនេះ ខេត្តនឹងរង់ចាំការសម្រេចកញ្ចប់ថវិកា ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួសជុលស្ពានចាស់ដោយស្ពានថ្មី ដោយភាគីកងវិស្វកម្មជាអ្នកកសាង។ មិនតែប៉ុណ្ណោះ អភិបាលខេត្តបាត់ដំបងរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង កុំមានការបារម្ភទៀត ព្រោះស្ពានចាស់នៅតែបន្តជួសជុលអភិរក្ស រីឯស្ពានថ្មីក៏ធ្វើបន្ថែម បង្កភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ព្រមទាំងបានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕

រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាត្តឲ្យក្រុមការងារគេហទំព័រPropertyarea.asiaជូនពរក្នុងឱកាសឆ្នាំថ្មី និងសុំអនុសាសន៍

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព៌តមាន លោកខៀវ កាញារីទ្ឋបានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia ដែលជាគេហទំព័រផ្តល់ព័ត៌មានឈានមុខ លើវិស័យអចនទ្រព្យ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឳកាសឆ្នាំថ្មី ឆ្នាំសាកល២០២០។

ស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់  នៅក្នុងជំនួបសម្តែងការគួរសម និងជូនពរ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ នេះ បានជូនពរ និងជំរាបជូនលោកខៀវ កាញារីទ្ធអំពីវឌ្ឍនភាព និងការរីកចំរើននៃគេហទំព័រ Propertyarea.area ដែលបានបើកដំណើរការអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះ លោក យិន លាងគង់បានជំរាបជូនលោករដ្ឋមន្រ្តីក្រសួងព៌តមានថា គេហទំព័រProertyarea.asia បានទទួលការគាំទ្រច្រើនពីអ្នកអានទំាងក្នុងស្រុក និងក្រៅស្រុក ជាពិសេសអ្នកវិនិយោគ និងរកស៊ីក្នុងវិស័យអចលនទ្រព្យ ដោយពេលខ្លះមានអ្នកចូលអានគេហទំព័រ ប្រមាណជិត៣ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយបើគិតជាមធ្យមមានអ្នកចូលអានប្រមាណជាង១៥,០០០នាក់ក្នុងមួយថ្ងៃ។

លោកបន្តថា នេះគឺជាជោគជ័យរបស់គេហទំព័រ ដែលទើបតែដំណើរការបានប្រមាណតែជាង២ឆ្នាំ ដោយសារគេហទំព័រនេះ មានក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងមានបទពិសោធន៍លើវិស័យសារព៌ត័មានជាច្រើនឆ្នាំ លោកបន្តថា ទិសដៅសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត ក្រុមការងារគេហទំព័រនឹងបន្តផ្សព្វផ្សាយ តាមរយៈការបង្កើតជាវីដេអូទាក់ទងចំណេះដឹង និងបច្ចុប្បន្នភាពព៌ត័មាន ដើម្បីផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានា ក្នុងគោលដៅផ្តល់ជូនអ្នកអានកាន់តែសម្បូរបែប ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា

លោកអគ្គនាយករូបនេះជំរាបជូន លោកខៀវ កាញារីទ្ធបន្ថែមទៀតថា គេហទំព័រ Propertyearea.asia ផ្សព្វផ្សាយព័ត៌មានឈរលើវិជ្ជាជីវៈ ផុ្តល់ព័ត៌មានពិត ឥតលម្អៀង និង ប្រកបដោយស្មារតីទទួលខុសត្រូវ  មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រនេះ ទទួលបានការគាំទ្រយ៉ាងខ្ពង់ខ្ពស់ ពីលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្សព្វផ្សាយ ពីការរីកចំរើនលើវិស័យអចលនទ្រព្យ សំណង់ ច្បាប់ បទដ្ឋានគតិយុត្តិ និង ឯកសារពាក់ព័ន្ធនិងវិស័យសំណង់ និងដីធ្លីជាដើម។

លោកបន្តថា គេហទំព័រPropertyearea.asia ដែលអាចដំណើរការទៅបានរហូតមកដល់បច្ចុប្បន្ននេះ ដោយសារមានការគាំទ្រពីអ្នកអាន ដៃគូសហការឧបត្ថម្ភពីក្រុមហ៊ុននានា និងដៃគូវិយោគ ដែលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការចូលរួមផ្សព្វផ្សាយពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងការសាទរ និងគាំទ្រដល់ក្រុមងារ និងថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia  ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពីការរីកចំរើនលើវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា ខ្ញុំបានចូលអានគេហទំព័រនេះ ជាប្រចាំផងដែរ ដោយសារការផ្សព្វផ្សាយព៌តមានល្អ និងឈរលើមូលដ្ឋានវិជ្ជាជីវៈ។ លោកបន្តថា ការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន មានការរីកចំរើនខ្លាំង ហើយបានជំរុញឱ្យក្រុមការងារ និងថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia  ផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានារួមមាន ហ្វេសបុក និងយូធូបជាដើម ព្រោះបណ្តាញសង្គមមានឥទ្ធិពលខ្លាំង ហើយអាចផ្តល់ព៌ត័មានបានរហ័សដល់អ្នកអាន៕