គម្រោ​ងធំៗ​មួយចំនួន​កំពុង​ជម្រុ​ញការ​ផ្លាស់​ប្តូរ​មុខមាត់​ខេត្តកំពត​

ដោយ ​វុត្ថា​

ខេ​ត្ត​កំពតៈ​ ខេត្តកំពត​ក្នុងរយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​ មានសន្ទុះ​រីក​ចំរើន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយសារតែ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ បាន​និង​កំពុង​ស្តារ​ឡើងវិញ​ និង​កំពុង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៤​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ដឹកជញ្ជូន​ និង​ផ្តល់​សេវាកម្ម​ ដែល​នឹង​ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

១) កំពង់ផែ​ទឹកជ្រៅ​

រដ្ឋាភិបាល​បាន​ និង​កំពុង​សាងសង់​កំ​ពង​ផែ​ទឹកជ្រៅ​ ដែល​អាច​អនុញ្ញា​ឲ្យ​នាវា​សមុទ្រ​ធុន​ធំ​ផ្ទុកទំនិញ​ពី១ម៉ឺន​តោន​ ដល់៣ ម៉ឺន​តោន​ អាច​ចូល​ចត​ផ្ទេរ​និង​ផ្ទុកទំនិញ​បាន​និង​បង្ហាញ​រូបរាង​ឡើង​នៅ​ខេត្តកំពត​ ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ទ្រី​ ភាព​ គ្រុប​ និង​ក្រុមហ៊ុន​ កំពង់ផែ​អន្ដរ​ជាតិ​នៃ​ខេ​ត្ត​គ័ង​ស៊ី​។

ខេត្តកំពត​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរឲ្យ​កត់សម្គាល់​។ ជាមួយ​វត្តមាន​កំ​ពង​ផែ​ថ្មីនេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​អន្តរជាតិ​ដែល​លក្ខណៈ​ទាំងនេះ​ នឹង​ជួយ​ឲ្យ​ខេត្តកំពត​ទទួល​បាន​កំណើន​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ​កាន់តែ​ច្រើនឡើង​ថែមទៀត​។

២) គម្រោង​ទីក្រុង​បូកគោ​

រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​ ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣៥​ ដើម្បី​គ្រប់គ្រង​ក្រុង​បូកគោ​ជាទី​ក្រុង​ឆ្លាតវៃ​ ប្រវត្តិសាស្ត្រ​ បៃតង​ ធម្មជាតិ​ និង​អាកាសធាតុ​ ភ្នំ​ សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ប្រទេស​កម្ពុជា​។

យោង​តាម​អនុក្រឹត្យ​លេខ៨៨​ អន​ក្រ.បក​ ចុះហត្ថលេខា​ដោយ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ថ្ងៃទី២៨ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ អាច​ធ្វើការ​កែសម្រួល​ក្នុងរយៈពេល៥ឆ្នាំ​ម្តង​ តាម​សំ​ណើ​ចំា​បាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។

អនុក្រឹត្យ​នេះ​ឲ្យដឹង​ថា​ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​ គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​មុនពេលកំណត់​ អាច​ប្រព្រឹត្តទៅ​បាន​ក្នុងករណី​ ដែល​មាន​តម្រូវការ​ចាំបាច់​សម្រាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ ឬផលប្រយោជន៍​ជាតិ​។ ការ​កែសម្រួល​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ត្រូវ​អនុវត្ត​តាម​នីតិ​វិធិ​ និង​លិ​ខិ​បទដ្ឋាន​គតិ​យុត្ត​ជាធរមាន​។

៣) គម្រោង​ស្តារ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ៣​

រដ្ឋាភិបាល​បាន​នឹង​កំ​ពុង​រសាង​សង់​ផ្លូវជាតិ​លេខ៣​ (ភ្នំពេញ​-កំពត​) សម្រេច​បាន​ប្រមាណ៦១​%។ ដោយឡែក​កំណាត់ផ្លូវ​ជាតិ​លេខ៣នេះ​ដដែល​ ពី​រង្វង់​មូល​ជុំ​គិរី​ដល់ទី​រួម​ខេត្តកំពត​ គឺ​សម្រេច​បាន៨៥​% ហើយ​អាច​នឹង​ធ្វើរួច​នៅ​ឆ្នាំ២០២១​។

ផ្លូវជាតិ​លេខ៣ពី​រង្វង់​មូល​ចោមចៅ​ ដល់​បែកបាយ​គូស​មាន​ប្រវែង​ប្រហែល៧០គីឡូម៉ែត្រ​ ដែល​នឹង​ពង្រីក​ពី​ពីរ​គន្លង​មក​បួន​គន្លង​ និង​ពី​បែក​គូស​ទៅ​កំពត​ពង្រីក​ត្រឹម​ពីរ​គន្លង​។

៤) មជ្ឈមណ្ឌល​ ថៃ​ ប៊ុ​នរ៉ុង​ កំពត​ បៀល​ឌីង​

ក្រុមហ៊ុន​ថៃ​ប៊ុ​នរ៉ុង​ បាន​នឹង​កំពុង​សាង​បើក​ការដ្ឋាន​សាងសង់​អគារ​ថៃ​ ប៊ុ​នរ៉ុង​ កំពត​ បៀល​ឌីង​ កាលពី​ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។ អគារ​នេះ​ ស្ថិតនៅ​គល់​ស្ពាន​ចាស់​ ក្នុង​ភូមិ១ឧសភា​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ​គឺជា​គម្រោង​សាងសង់​ អគារ​ពហុមុខ​ងារ​ ដែល​មានផ្ទៃ​សំណង់​សរុប១៣៨.៤៥០​,៤៤ម៉ែត្រក្រឡា​ លើ​ដី​ឡូ​តិ៍​ទំហំ៧.១២៥​ ម៉ែត្រក្រឡា​ មាន​កម្ពស់៤២ជាន់​ ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​វិនិយោគ​សរុប​ ដោយ​ពុំ​គិត​ពី​តម្លៃ​ដី​ មាន​ចំនួន៩៥លាន​ដុល្លារ​អាមេរិក​ ប្រើ​រយៈពេល​សាងសង់៣ឆ្នាំ​កន្លះ​ គឺ​ចាប់ផ្ដើម​សាងសង់​ នា​ចុងខែ​តុលា​ ឆ្នាំ២០១៩​ ហើយ​គម្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់ខែ​មេសា​ ឆ្នាំ២០២៣​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​វត្ថុ​កម្ពុជា​ធ្លាប់​បាន​គេហទំព័រ​ propertyararea.asia​ ថា​ ប្រពល​រដ្ឋ​ខ្មែរ​ភាគច្រើន​ បាន​បង្វែរ​ទិសដៅ​ទៅលេង​ខេត្តកំពត​កាន់តែ​ច្រើន​ ព្រោះ​ខេត្ត​មួយ​នេះ​ មាន​សមុទ្រ​ស្រស​បំព្រង​និង​ជាពិសេស​មាន​កន្លែង​មើល​អំពិលអំពែក​ ។

លោក​បន្ត​ថា​ ហើយ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​ ខេត្តកំពត​បាន​នឹង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​ ដែល​ចូល​ទៅ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ ។ ប្រការ​នេះ​ បាន​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​ ទាក់ទាញ​លើ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​ទាម​ទា​ឱ្យ​ភ្នាក់ងារ​ទាំងអស់​ជួយ​ណែនាំ​ ឱ្យ​អ្នក​វិនិយោគ​ទៅ​វិយោគ​នៅក្នុង​ខេត្ត​នេះ​៕

តើ​ទិស​ទាំង៤ជុំវិញ​ក្រុងភ្នំពេញ​មាន​សក្ដានុពល​ និង​ទាក់ទាញ​ខុសគ្នា​ដូចម្ដេច​លើ​វិស័យ​អចលនទ្រព្យ​?

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បណ្តា​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ សុទ្ធតែ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ទៅលើ​តំបន់​ជាយក្រុង​នានា​ ជាពិសេស​តំបន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៣០​-៤០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗចំនួន៤​ រួមមាន​ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ ៦​A។

តំបន់​ដែល​ស្ថិតនៅ​ជាប់​រាជធានី​ភ្នំពេញ​ ឬតំបន់​ជាយក្រុង​ស្ទើរគ្រប់​ទីកន្លែង​ គឺ​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ដីធ្លី​យ៉ាង​ផុសផុល​ សម្រាប់​អភិវឌ្ឍ​ជា​វិស័យ​លំនៅ​ដ្ឋាន​ វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំ​ពន់​ទាំងអស់​នេះ​មានការ​កើនឡើង​ជាប់​ជាប្រចាំ​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​នេះ​ ប៉ុន្តែ​លោកស្រី​បាន​អះអាង​ថា​ សក្ដានុពល​ និង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក៏ដូចជា​តម្លៃនៅលើទីផ្សារ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​តំបន់​អភិវឌ្ឍន៍​នៃ​វិស័យ​នី​មួយ​ៗផ្សេងគ្នា​។

លោកស្រី​បាន​មានប្រសាសន៍​ប្រាប់​ តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២០កន្លងមក​ថា​ “តាម​បទពិសោធន៍​ និង​ការយល់ឃើញ​របស់ខ្ញុំ​ គឺ​ឱ្យ​តែ​នៅ​តំបន់​ជាយក្រុង​ក្រុង​ ជាពិសេស​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ តែងតែ​ជា​តំបន់​មាន​សក្ដានុពល​ទាំងអស់​នៅ​ឆ្នាំ២០២០នេះ​ ហើយនឹង​នៅតែ​បន្ត​ទៅ​ឆ្នាំ​បន្ទាប់​ទៀត​ក្នុងរយៈពេល​យូរ​ មិនថា​ស្ថិតនៅ​ក្នុង​កាល​ទេស​ណា​នោះ​ទេ​” ។

ទោះជា​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដីធ្លី​ ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ក៏ដូចជា​តំបន់​ជាយក្រុង​មានកម្រិត​ខ្ពស់​ពិតមែន​ ប៉ុន្តែ​ចំពោះ​តម្លៃ​ដីធ្លី​វិញ​ គឺ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​ ដែល​វា​អាស្រ័យ​ទៅលើ​ការប្រើ​ប្រាស់​ដី​ បម្រើ​ឱ្យ​វិស័យ​នី​មួយ​ៗ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​លំនៅ​ដ្ឋាន​ វិស័យ​ឧស្សាហកម្ម​ និង​រោងចក្រ​ ក៏ដូចជា​វិស័យ​ឃ្លាំង​ជាដើម​។

លោកស្រី​ តាំង​ ហួរ​ បាន​លើកឡើង​ថា​ សម្រាប់​តំបន់​ដែល​មាន​សក្ដានុពល​ និង​សមស្រប​ទៅ​នឹង​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ ជាពិសេស​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​ថ្មី​ស្ថិត​ក្នុង​ខណ្ឌដង្កោ​ ដោយសារតែ​តំបន់​ទាំងនេះ​មាន​អំណោយផល​ទៅ​ទីតាំង​ភូមិសាស្ត្រ​ កៀក​នឹង​ទីប្រជុំជន​ក្រុង​ មាន​គម្រោង​មណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ រួម​ជាមួយនឹង​ហេ​ដ្ឋា​រចនា​សម្ព័ន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ តំបន់​បន្ទាប់​ដែល​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ស្ថិតនៅ​តាមផ្លូវ​ជាតិ១​ និង​ផ្លូវជាតិ​លេខ៦​ ។ ដោយឡែក​ សម្រាប់​តំបន់​ក្បែរផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ តំបន់​ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥១​ ភាគច្រើន​គឺ​ស័ក្ដិសម​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ និង​ឃ្លាំង​ ដោយសារតែ​តំបន់​ទាំងនេះ​ មាន​ភាព​អំណោយផល​ និង​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ ឆ្ពោះទៅ​កាន់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​។

លោក​កាង​ សុធី​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Land​ Station ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តម្លៃ​ដី​នៅ​ជាយក្រុង​នៅតែ​មាន​ឳកាស​កើនឡើង​បន្ត​ទៀត​ ហើយ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗ ពិសេស​ផ្លូវជាតិ​លេខ៦អា​ តំបន់​ស្រុក​មុខកំពូល​នឹង​មានការ​អភិវឌ្ឍ​លឿន​ ហើយ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ លេខ៣​ ក៏​នឹង​មាន​ចរន្ត​នៃ​ការ​វិនិយោគ​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “ជា​ស្វ័យប្រវត្តិ​ ពេលណា​មាន​គំរោង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ទៅដល់​ មាន​មនុស្ស​រស់នៅ​ច្រើន​នឹង​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ នឹង​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​”៕

បារាំង​ផ្តល់​ឥណទាន​ជិត​ ៩០០លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុងរយៈពេល ២៦ឆ្នាំ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​រយៈពេល​ ២៦ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣​ ដល់​ខែ​ ធ្នូ​ ឆ្នាំ២០១៩​កន្លងទៅ​នេះ​ រដ្ឋាភិបាល​បារាំង​បាន​ផ្ដល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន​ប្រមាណ​ ៨០២លាន​អឺ​រ៉ូ​ ស្មើនឹង​ប្រមាណ​ជិត៩០០លាន​ដុល្លារ​ ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន២០១លាន​អឺ​រ៉ូ​ ឥណទាន​សម្បទាន​ចំនួន៤៣៤លាន​អឺ​រ៉ូ​ និង​ឥណទាន​គ្មាន​ការធានា​ពីរ​ដ្ឋ​ចំនួន១៦៧លាន​អឺ​រ៉ូ​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ចុះហត្ថលេខា​ ជាមួយ​លោកស្រី​ Oph​élie​ BOURHIS​ នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ប្រចាំ​កម្ពុជា​កាលពី​ចុងខែ​ធ្នូ​ កន្លងទៅ​ លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ចំនួន២បន្ថែម​ទៀត​ ដែល​មាន​ទឹកប្រាក់​ឥណទាន​សម្បទាន​សរុប​ចំនួន ១១៨លាន​អឺ​រ៉ូ​ (ប្រមាណ​ជា១២១​,៣២​ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​លើ​គំរោង​មួយចំនួន​ដូចជា​ ទី១​. ឥណទាន​សម្បទាន​ចំនួន​ ១០០​ លាន​អឺ​រ៉ូ​ (ប្រមាណ​ជា​ ១០១​,៤ លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​ ដំណាល់​កាល​ទី២​។

តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​បារាំង​សំរាប់​អភិវឌ្ឍន៍​ (AFD​) នឹង​ផ្តល់​ឥណទាន​សម្បទាន​បន្ថែមចំនួន១០០លាន​អឺ​រ៉ូ​ សម្រាប់​អនុវត្ត​គម្រោង​នេះ​បន្ត​ពី​គម្រោង​ជំហាន​ទី១​។ គម្រោង​នេះ​ មាន​ទិសដៅ​ ទី១​. សាងសង់​ស្ថានីយ៍​បូមទឹក​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩៥​ ០០០​ ម៣​/ថ្ងៃ​ ទី២​ បំពាក់​បំពង់​មេ​នាំ​ទឹក​ស្អាត​ បំពង់​ចែកចាយ​ និង​សម្ភារៈ​តភ្ជាប់​បំពង់​ ​និង​ទី៣​ ត្រួតពិនិត្យ​ការងារ​សាងសង់​ និង​គាំទ្រ​ដល់​ការ​ពង្រឹង​សមត្ថភាព​មន្រ្តី​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ លើ​ការងារ​លទ្ធកម្ម​ និង​តម្លើង​បណ្តាញ​ចែកចាយ​ទឹក​ ។

​២.ឥណទាន​សម្បទាន​ចំនួន១៨លាន​អឺ​រ៉ូ​ (ប្រមាណ​ជា​ ១៩​,៩២លាន​ដុល្លារ​អាមេរិក​) ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការប្រកួត​ប្រជែង​ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​បារាំង​សំរាប់​អភិវឌ្ឍន៍​ (AFD​) នឹង​ផ្តល់​ឥណទាន​ចំនួន១៨លាន​អឺ​រ៉ូ​ សម្រាប់​ធ្វើ​សហ​ហិរញ្ញប្បទាន​ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ សម្រាប់​ការប្រកួត​ប្រជែង​ ដែល​មាន​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង​ ហើយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​។

គម្រោង​នេះ​ មាន​ទិសដៅ​ចំនួន​បី​រួមមាន​ ទី១កែ​លម្អ​ និង​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្រិត​ក្រោយ​មធ្យមសិក្សា​ ទី២​ លើកកម្ពស់​ការសិក្សា​ផង​ និង​ធ្វើការ​ផង​ តាម​បណ្តា​ឧស្សាហកម្ម​នានា​ និង៣ពង្រឹង​យន្តការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ឲ្យ​ប្រកបដោយ​នវានុវត្តន៍​៕

ប្រទេស​ថៃ​នឹង​ដាក់ចេញ​ទិសដៅ​អាទិភាព​លើ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ២០២០​

ដោយ​ ប៊ី​

បាង​កកៈ​ ប្រទេស​ថៃ​ដាក់ចេញ​ទិសដៅ​អាទិភាព​លើ​ការ​ទូទាត់​ និង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមួយ​កម្ពុជា​ និង​ប្រទេស​អាស៊ាន​មួយចំនួន៤ទៀត​នៅ​ឆ្នាំ​ ២០២០​។

ថៃ​មាន​គោលដៅ​លើកកម្ពស់​ការ​ទូទាត់​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ឆ្នាំ២០២០​ ដែល​ផ្តល់​អាទិភាព​ដល់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​ ក្នុង​គោលបំណង​ជំរុញ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ តាមរយៈ​វេទិកា​ឌីជីថល​នៅ​ទូទាំង​អាស៊ាន​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ប្លុក​ក្នុង​តំបន់​។

ជាមួយនឹង​គោលដៅ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បង់​រយៈពេល៣ឆ្នាំ​រហូតដល់​ឆ្នាំ២០២២​ ប្រតិបត្តិ​ការ​ឆ្លងដែន​គឺជា​ការ​ផ្តោត​សំខាន់​នៅ​ឆ្នាំក្រោយ​។

លោក​ Yos​ Kimsawas​ ប្រធាន​ផ្នែក​ប្រព័ន្ធ​ទូទាត់ប្រាក់​នៅ​សមាគម​ធនាគារ​ថៃ​បាន​ថ្លែង​ថា​ សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​លើ​វេទិកា​ឌីជីថល​ នឹង​មាននៅ​ទូទាំង​តំបន់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​ ។

ធនាគារ​ក្នុង​ស្រុក​ជាច្រើន​ បាន​បង្កើត​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ក្នុង​ការរៀបចំ​សម្រាប់​ការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​ និង​ការផ្ទេរ​ប្រាក់​។

លោក​ Srihanath​ Lamsam​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ធនាគារ​ Siam​ Commercial​ Bank​ (SCB​) បានឱ្យ​ដឹង​ថា​ ធនាគារ ​SCB​ គ្រោង​នឹង​ដាក់ចេញ​ការ​ទូទាត់​ឆ្លង​ព្រំដែន​ តាមរយៈ​បច្ចេកវិទ្យា​QR​ ក្រោម​ស្តង់ដារ​អន្តរ​ប្រតិបត្តិ​ការ​អាស៊ាន​ និង​ការផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​។

នៅក្នុង​ដំណាក់កាល​ដំបូង​ ធនាគារ​នឹង​ផ្តោត​លើ​ប្រទេស​សឹង្ហ​បូរី​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​។

ជន​ចំណាកស្រុក​មក​ពី​ប្រទេសជិតខាង​ និង​ជនបរទេស​ ដែល​ធ្វើការ​នៅ​ថៃ​គឺជា​គោលដៅ​សំខាន់​ សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លងដែន​ ខណៈ​អ្នកដំណើរ​និង​ឈ្មួញ​ក្នុង​តំបន់​គឺជា​អតិថិជន​សំខាន់​ សម្រាប់​សេវាកម្ម​ទូទាត់​ QR​ Code​ ឆ្លងកាត់​ព្រំដែន​។

ធនាគារ​ SCB​ ដែល​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ ធំជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ចូលរួម​ជាមួយ​ដៃគូ​នៅ​ប្រទេស​សឹង្ហ​បូរី​ គឺ​ក្រុមហ៊ុន​ Liquid​ Group​ ក្នុង​ការ​ផ្តល់​ការ​ទូទាត់​តាមរយៈ​ QR​ Code​ ឆ្លងកាត់​ព្រំដែន​នៅ​ថៃ​ និង​សឹង្ហ​បូរី​ ដោយមាន​គោលដៅ​ធ្វើ​ប្រតិបត្តិ​ការ​ចំនួន២០ម៉ឺន​ប្រតិបត្តិ​ការ​នៅក្នុង​ឆ្នាំ​ដំបូង​។

លោក​ Srihanath​ Lamsam ​បានឱ្យ​ដឹង​ទៀត​ថា​ ធនាគារ​គ្រោង​នឹង​ផ្តល់​ការ​ទូទាត់ ​QR​ Code​ ឆ្លង​ព្រំដែន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ហើយ​មានបំណង​ធ្វើ​ប្រតិបត្តិ​ការ​ចំនួន១លាន​ប្រតិបត្តិ​ការ​នៅ​ឆ្នាំ​ដំបូង​។

លោក​បាន​បន្ត​ថា​ សេវាកម្ម​នេះ​នឹង​ត្រូវ​បាន​ពង្រីក​ដល់​ឡាវ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំក្រោយ​។

ធនាគារ​ SCB​ ក៏​ទទួល​បានការ​យល់ព្រម​ពី​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​ ដើម្បី​ក្លាយជា​ធនាគារ​ទូទាត់ប្រាក់​ និង​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ឆ្លងដែន​ឌីជីថល​ នៅពេល​ក្រោយ​។

ហ្វីលីពីន​គឺជា​ទីផ្សារ​មួយផ្សេងទៀត​ នៅក្នុង​គម្រោង​ដែល​មាន​ប្រជាជន​ចំណាកស្រុក​ និង​ជនបរទេស​ជាច្រើន​កំពុងធ្វើការ​នៅ​ថៃ​៕ (ប្រភព​ បាងកក​ប៉ុស្តិ៍​)៕

ស្ថាបត្យករបានជ្រើសរើសកន្រ្តកសំរាប់វិចិត្រកម្មសាងសង់អាគារដ៏ទាក់ទាញ

ដោយវុត្ថា
ពិភពលោក៖ គំនិតរបស់មនុស្សពិតជាអស្ចារ្យក្នុងការប្រែក្លាយពីអ្វីមួយទៅអ្វីមួយដោយមិននឹកស្មានដល់ ។ ជាក់ស្តែងក្រុមហ៊ុនផលិតកន្ត្រក់សម្រាប់ប្រើប្រាស់ក្នុផ្ទះ និងយួរទៅផ្សារនៅក្នុងរដ្ឋ Ohio របស់សហរដ្ឋអាមេរិក បានកែឆ្នៃកន្ត្រក់ទៅជាការសាងសង់អគារដ៏ពេញនិយម និងទាក់ទាញបំផុតដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន។
ក្រុមហ៊ុន Longaberger  គឺជាក្រុមហ៊ុនអាមេរិកដែលចែកចាយ និងផលិតកន្ត្រក់ធ្វើពីឈើសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះនិងយួទៅផ្សារដើម្បីដាក់ឥវាន់ ហើយលក់ផលិតកន្ត្រក់ធំនៅក្នុងរដ្ឋអ Ohio របស់សហរដ្ឋអាមេរិក ។
ក្រុមហ៊ុននេះ មានអ្នកលក់ និង ប្រឹក្សាយោបល់ ៨២០០ នាក់  ហើយទទួលផលចំណេញប្រមាណ ១លានដុល្លារអាមេរិក ហើយក៏បានចាប់ផ្តើមសាងសង់អគារដែលមានរាងដូចកន្ត្រក់ ដោយអោយឈ្មោះជាភាសាអង់គ្លេសថា Longaberger Medium Market Basket ជាទីស្នាក់ការធំរបស់ក្រុមហ៊ុន។
អាជីវកម្មដែលគ្រប់គ្រងដោយក្រុមហ៊ុន Longaberger ត្រូវបានចាប់ផ្តើមដោយលោក Dave Longaberger ក្នុងឆ្នាំ ១៩៧៣។លោក Longaberger បានប្រើទីផ្សារពហុកម្រិតដើម្បីលក់ផលិតផល។ ក្រុមហ៊ុនមានអ្នកចែកចាយឯករាជ្យប្រហែល ៤៥.០០០ នាក់ (ហៅថាអ្នកប្រឹក្សាយោបល់តាមផ្ទះ) នៅសហរដ្ឋអាមេរិកដែលបានលក់ផលិតផលរបស់ក្រុមហ៊ុន Longabergerដោយផ្ទាល់ដល់អតិថិជន។
អគារនេះគឺជាការសាងសង់ឡើងជារូបរាង្គកន្ត្រកផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដែលត្រូវបានរកឃើញថាជាវិធីផ្សព្វផ្សាយដ៏ចម្លែកមួយ។ ការសាងសង់អគារនេះសាងសង់នៅលើដី ១.៨០០០០  ហ្វីតការ៉េ ហើយចំណាយពេល ២ ឆ្នាំទើបបានបញ្ចប់ ។
ការកសាងអគារកន្ត្រកនេះ គឺជាស្ថាបត្យកម្មត្រាប់តាមរូបភាពផលិតផលជាក់លាក់សម្រាប់ការផ្សព្វផ្សាយ។ ផ្នែកខាងក្នុងនៃអាគារកន្ត្រកត្រូវបានតុបតែងដោយពិដាន  កញ្ចក់ជញ្ជាំងក៏កាន់តែទាក់ទាញតាមរយៈផ្ទាំងគំនូររបស់ស្ថាបនិកនៃអាគារ។ ទាំងបុគ្គលិក និងភ្ញៀវអាចរីករាយនឹងពន្លឺថ្ងៃធម្មជាតិនៅខាងក្នុងអាគារ៕

សេដ្ឋកិច្ចសឹង្ហបូរីនឹងបន្តដាំក្បាលចុះរហូតដល់ឆ្នាំ ២០២០

ដោយ Donald Lee

ភ្នំពេញ៖ សេដ្ឋកិច្ចសឹង្ហបូរីឈានទៅរកអត្រាកំណើនមួយទាបជាមួយនឹងកំណើន ០,៨ ភាគរយក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរី។

ផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើង ០,៨ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

របាយការណ៍ប្រចាំត្រីមាសរបស់ក្រសួងបានបញ្ជាក់ថា “នៅក្នុងត្រីមាសទី ៤ វិស័យផលិតកម្មបានធ្លាក់ចុះ ២,១ ភាគរយ បើធៀបនឹងឆ្នាំមុន និងបន្តធ្លាក់ចុះ ០,៩ ភាគរយនៅក្នុងត្រីមាសមុន”។

របាយការណ៍បានបន្ថែមថា “ការធ្លាក់ចុះគឺដោយសារតែទិន្នផលធ្លាក់ចុះនៅក្នុងផ្នែកអេឡិចត្រូនិក គីមី និងដឹកជញ្ជូនវិស្វកម្មដែលច្រើនជាងផលប៉ះពាល់នៃការពង្រីកផលិតកម្មនៅក្នុងវិស្វកម្មភាពជាក់លាក់ ការផលិតជីវសាស្ត្រ និងចង្កោមផលិតកម្មទូទៅ”។

អត្រាកំណើនរបស់ប្រទេសសឹង្ហបូរីក្នុងឆ្នាំ ២០១៩ គឺទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំដែលបានធ្វើឱ្យរង្គោះរង្គើសេដ្ឋកិច្ចពិភពលោក។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីបានព្យាករណ៍ថា សេដ្ឋកិច្ចខ្លួននឹងកើនឡើងក្នុងអត្រាទាបត្រឹម ០,៥ ភាគរយដល់ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។

របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបញ្ចប់ជាមួយនឹងអត្រាកំណើន ០,៥ ទៅ ១ ភាគរយហើយចូលឆ្នាំក្រោយដោយមានការព្យាករពី ០,៥ ភាគរយដល់ ២,៥ ភាគរយ។

សេដ្ឋកិច្ចសឹង្ហបូរីបានធ្លាក់ចុះយ៉ាងរហ័សនៅត្រីមាសទី ២ ដោយមានការធ្លាក់ចុះ ២,៧ ហើយអ្នកវិភាគជាច្រើនរំពឹងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការរំខាននៅក្នុងសង្វាក់ផលិតកម្មពិភពលោកនឹងធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះ។

ទោះបីជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចាត់ថ្នាក់ប្រទេសសឹង្ហបូរីថាជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក។

សន្ទស្សន៍ប្រកួតប្រជែងត្រូវបានបង្កើតឡើងដើម្បីពិចារណាពីកត្តាជំរុញនៃកំណើនសេដ្ឋកិច្ច និងថាតើកម្លាំងពលកម្ម និងមូលធនវិនិយោគមានប្រសិទ្ធិភាពយ៉ាងដូចម្តេចដើម្បីរួមបញ្ចូលគ្នាក្នុងការបង្កើតលទ្ធផល។

របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបញ្ចប់ថា “ប្រទេសនេះស្ថិតក្នុងលំដាប់ទី ១ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល មុខងារទីផ្សារ ការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ”៕

ប្រទេសចិននឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចដ៏ធំមួយនៅតាមបណ្តោយព្រំដែនវៀតណាម

ដោយ Donald Lee

ភ្នំពេញៈ ខណៈសេដ្ឋកិច្ចវៀតណាម កំពុងទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន ប្រទេសចិនកំពុងប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ នៅតាមបណ្តោយព្រំដែនភាគខាងជើង នៃប្រទេសវៀតណាម និងតំបន់ឈូងសមុទ្រ Beibu របស់ប្រទេសចិន។

ទោះបីចិនបាត់បង់អាជីវកម្ម ក្នុងវិស័យផលិតកម្មសំខាន់ៗទៅវៀតណាម ដោយសារភាពតានតឹងពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់អាមេរិកក៏ដោយ ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តបង្កើតធនធាន ដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់តាមបណ្តោយ ព្រំដែនវៀតណាម ដើម្បីលើកទីក្រុងចេញឆ្ងាយពីមូលដ្ឋានសេដ្ឋកិច្ច។

រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតំបន់ឆ្នេរ និងព្រំដែននៃខេត្តក្វាងស៊ី ដោយការអនុម័តតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu ដែលមានទីក្រុងដូចជា Beihai Qinzhou និងFangchenggang ដែលជាព្រំដែននៃការបើកសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ នេះបើតាមការអត្ថាធិប្បាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃ ពុធ។

អត្ថាធិប្បាយបានបន្ថែមថា យោងតាមផែនការរបស់រដ្ឋាភិបាល តំបន់ឈូងសមុទ្រBeibu នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ស្រដៀងនឹងតំបន់ឈូងសមុទ្រក្វាងទុង ហុងកុង និងម៉ាកាវ

កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជំរុញឱ្យក្រុមហ៊ុនផលិតកម្ម ចាកចេញទៅទីតាំងដែលនឹងមិនរងផលប៉ះពាល់ពីពន្ធគយរបស់អាមេរិក។

កំណើនសេដ្ឋកិច្ចវៀតណាម បានលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ី ខណៈប្រទេសអាស៊ី ដែលពឹងផ្អែកលើពាណិជ្ជកម្មដទៃទៀត កំពុងរងផលប៉ះពាល់នូវសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងទាញទម្លាក់សេដ្ឋកិច្ចរបស់ពួកគេឱ្យធ្លាក់ចុះ ដូចវិបត្តិហិរញ្ញវត្ថុដ៏ធំមួយនៅឆ្នាំ ២០០៩។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានកើនឡើងនៅឆ្នាំ២០១៩  ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមានកម្ដៅខ្លាំង។

ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានកើនឡើងជិត៣០ភាគរយ ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីដំណាច់ឆ្នាំ២០១៨ ដែលការនាំចេញក៏កើនឡើងដែរ។

ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិក បានបន្តបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ដែលកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយការនាំចេញកើនឡើងយ៉ាងលឿន២៨ ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០១៩

កំណើនដ៏ឆាប់រហ័សនៃកំណើននាំចេញទៅកាន់អាមេរិក ជាមួយផ្នែកឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើឱ្យក្រុមហ៊ុនផលិតកម្មចាកចេញពីចិន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន

សេដ្ឋកិច្ចវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយកើនឡើងជិត៧ភាគរយ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ៕

ដំណឹងល្អ! លោកអ្នកបង់ត្រឹម១០ភាគរយដំបូងនឹងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរីកៀនស្វាយផាក

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាល់អតិថិទាំងអស់នឹងទទួលបានជម្រើសកាន់តែច្រើន ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានKFA Property ដោយក្រៅពីទទួលបានការបញ្ចុះតម្លៃពិសេសហើយនោះ ថែមទាំងមានភាពងាយស្រួល ក្នុងការក្លាយជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរីដ៏ទាន់សម័យលើកដំបូងបង្អស់ នៅក្នុងស្រុកកៀនស្វាយ ដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូងតែប៉ុណ្ណោះ។

បុរីកៀនស្វាយផាក គឺជាគម្រោងលំនៅដ្ឋានបែបទំនើបពោរពេញទៅដោយប្រណីតភាពគួរជាទីទាក់ទាញលើកដំបូងគេបង្អស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាតំបន់ជាយក្រុង និងកំពុងបង្ហាញពីសក្ដានុពល ជាមួយនឹងកិច្ចអភិវឌ្ឍន៍យ៉ាងសកម្ម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

អគ្គនាយកក្រុមហ៊ុន KFA Property Co,. Ltd ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងនេះដោយផ្ទាល់ លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថា លំនៅដ្ឋាននេះ មានលក្ខណៈល្អប្រសើរក្នុងការរស់នៅ ដោយសារតែវាជាតំបន់ ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ហើយដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើងគោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវ ខាងក្នុងមានទំហំ៨ម៉ែត្រ នៅសល់ខាងមុខផ្ទះទំហំ៤ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពក្នុងការទុកដាក់យាន្តជំនិះ

លោកបានបន្តទៀតថា នៅក្នុងជំហ៊ានដំបូងរបស់បុរី កៀនស្វាយ ផាក ត្រូវសាងសង់នៅលើផ្ទៃដី៣៣,០០០ម៉ែត្រការ៉េ និងដាក់លក់ចំនួន១៦៨ល្វែង ដោយបញ្ជប់ការសាងសង់ទាំងស្រុងត្រឹមរយៈពេល២៤ខែតែប៉ុណ្ណោះ។ គំរោងនេះបែងចែកចេញជា២វគ្គ (១វគ្គ រយៈពេល១២ខែ) ហើយអតិថិជនអាចទទួលបានលំនៅដ្ឋាន ត្រឹមរយៈ១២ខែតែប៉ុណ្ណោះបន្ទាប់ពីបង់ប្រាក់ ដែលទាំងអស់នេះ ក៏ជាការផ្តល់ឱកាសចំណេញដល់អតិថិជនរបស់ខ្លួនចាប់ពី១០,០០០២០,០០០ដុល្លារក្នុងមួយឆ្នាំ

នៅក្នុងគម្រោងបុរី លំនៅដ្ឋានទាន់សម័យ និងស៊ីវិល័យលើកដំបូងគេនៅក្នុងស្រុកកៀនស្វាយ បានផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើន ចំពោះអតិថិជនដែលចង់ក្លាយម្ចាស់លំនៅដ្ឋានជាមួយនឹវិធីសាស្ត្រ នៃការទិញដោយបង់រំលស់ផងដែរ ដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូង ហើយនៅសល់៩០ភាគរយទៀត អតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនទៅតាមដំណាក់កាល ឬជាមួយធនាគារដៃគូរហូតដល់២០ឆ្នាំនៅក្នុងអត្រាការប្រាក់ដ៏សមរម្យ ដោយការផ្តល់ជូនប្លងរឹងស្របច្បាប់យ៉ាងត្រឹមត្រូវ។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះគម្រោងបុរីលំនៅដ្ឋានទាន់សម័យ និងទំនើប តម្លៃសមរម្យ កៀនស្វាយ ផាក បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការសាងសង់គ្រឹះលំនៅដ្ឋាន ជាមួយនឹងការរៀបចំបណ្តាញហេដ្ឋារចនាស  ម្ព័ន្ធ ដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញបង្ហូរទឹកស្របតាមបទដ្ឋានដែលក្រសួងបានកំណត់

សម្រាប់អតិថិជនដែលទិញ ដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុន នឹងទទួលបានការបញ្ចុះតម្លៃកាន់តែច្រើនពីក្រុមហ៊ុនភ្លាមៗ រួមជាមួយនឹងការទទួលបានកាដូពិសេសផងដែរដូចជា ទូរតាំងទូរសទស្សន៍ដ៏ស្រស់ស្អាត១ឈុត ទូចង្ក្រានបាយ១ឈុត ពីរោងចក្រ រួមជាមួយនឹងឡាបូ១ឈុត ព្រមទាំងទូរសម្លៀកបំពាក់ចំនួន១ឈុត ដែលមានតម្លៃសរុបជាង៦០០០ដុល្លារផងដែរ។

ផ្អែកតាមការអះអាងរបស់អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ បានលើកឡើងថា តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុង ដែលមានចម្ងាយប្រមាណ២០៣០ គីឡូម៉ែត្រ គឺសុទ្ធតែមានសក្ដានុពល ជាពិសេសស្ថិតនៅតំបន់ផ្លូវជាតិលេខ១ ដែលនឹងមានភាពលេចធ្លោក្នុងពេលដ៏ខ្លី ដោយសារតែវាមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ហើយជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច។

នៅតំបន់នេះ មានហ៊ុព័ទ្ធទៅដោយមណ្ឌលពាណិជ្ជកម្មជាច្រើន ដូចជា កំពង់ផែភ្នំពេញ តំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្តលំដាប់អភិជន The Prince Manner Resort (N.R 1)  តំបន់ឧស្សាហកម្មក្រុមហ៊ុនវឌ្ឍនៈ កន្លែងវាយហ្គោល (Vattanac Golf Course) ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាដែលតភា្ជប់ទៅនឹងព្រលានយន្ដហោះភ្នំពេញទៀតផង។

សម្រាប់ព័ត៌មានលម្អិតលោក អ្នកអាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ ០៧៧ ៩៩ ៧៨ ៨៨ / ០១៧ ៧៩ ៦៦ ៣៣៕

រដ្ឋាភិបាលពង្រីកផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅរាជធានីខេត្តចំនួន៤ឱ្យមានគុណភាព

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អគុណភាព នៃការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ ដោយបានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាបដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយ ស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍នៅក្នុងជំនួពិភាក្សាការងារ ជាមួយអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង នៅព្រឹកថ្ងៃទី២ខែមករានេះឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។

លោកបន្តថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លី នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លី នៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញ ដែលជាហេតុផ្តល់សេវាពុំសូវបានល្អ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រ ចំពោះការកែទម្រង់ លើការផ្តល់សេវាផ្នែកដែនដី នគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាងមុន ពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព។

លោកបន្តថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាង លើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។

អ្នកអភិវឌ្ឍន៍ជាច្រើន បានបង្ហាញពីការរិះគន់ទៅលើស្ថាប័នពាក់ព័ន្ធនានា ដែលធ្វើឲ្យមានការិយាធិបតេយ្យ នៅក្នុងការផ្តល់និតិវិធីច្បាប់ស្នើសុំការគ្រប់គ្រងកម្មសិទ្ឋដី និងគម្រោងការសាងសង់នានា មានភាពយឺតយ៉ាវ ដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះ។

ភាពយឺតយ៉ាវ នៃការផ្តល់សេវាច្បាប់គ្រប់គ្រងកម្មសិទ្ឋដី ច្បាប់អភិវឌ្ឍន៏ដី និងច្បាប់សាងសង់ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ ពីសំណាក់អជ្ញាធរមូលដ្ឋាន ដែលបម្រើសេវាសាធារណៈ នៅតែជាចំណុចមួយដ៏រសើបដដែល ខណៈដែលភាពយឺតយ៉ាវមួយចំនួន អាចជាប់ពាក់ព័ន្ធទៅនឹងអសមត្ថភាព និងអំពើពុករលួយដល់ឆ្អឹងរបស់មន្ត្រីផ្តល់សេវាកម្ម។

ម្ចាស់គម្រោងអភិវឌ្ឍន៍នានាបានលើកឡើងថា ករណីគម្រោងពុះដីឡូត៍ និងគម្រោងសំណង់ខុសច្បាប់នៅកម្ពុជាមួយចំនួន អាចជាប់ពាក់ព័ន្ធអសម្ថភាព នៃបុគ្គលមិនយល់ពីការងារ និងអំពើពុករលួយរបស់មន្ត្រីផ្តល់សេវាកម្ម ដែលមិនព្រមចេញច្បាប់សាងសង់ ឬរកហេតុផលផ្សេងៗ បង្កជាឧបសគ្គក្នុងការសុំច្បាប់សាងសង់ ជាហេតុនាំឱ្យម្ចាស់គម្រោងបង្ខំចិត្តសាងសង់ទាំងមិនមានច្បាប់អនុញ្ញាត។

លោកទួស សាភឿន សាស្ត្រាចារ្យ និងជាស្ថាបត្យករអាស៊ាន ផ្នែកផ្នែកស្ថាបត្យកម្ម និងសំណង់ដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia កន្លងមកនេះថា របៀបធ្វើការរបស់អជ្ញាធរមូលដ្ឋានមួយចំនួន អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់សង្គម និងសេដ្ឋកិច្ចជាតិ។

លោកបានលើកជាសំណួរថា តើក្រុមហ៊ុនរកស៊ីគម្រោងដីឡូតិ៍ ក៏ដូចជាក្រុមហ៊ុនសាងសង់សំណង់មួយចំនួន ដែលអាជ្ញាធរបានប្រកាសថា មិនមានច្បាប់ត្រឹមត្រូវ តើវាជាកំហុសរបស់ក្រុមហ៊ុន ឬជាកំហុសរបស់អជ្ញាធរមូលដ្ឋាន? លោកបន្តទៀតថា អាជ្ញាធរ ត្រូវឈរក្នុងនាមជាអ្នកផ្តល់សេវាកម្មផ្លូវច្បាប់ និងសម្របសម្រួលគ្រប់បែបយ៉ាងដែលស្ថិតនៅក្នុងផ្លូវច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ មិនមែនយកតួនាទីរបស់ខ្លួនធ្វើជាឧបគ្គក្នុងការអភិវឌ្ឍ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ

លោកសាស្រ្តាចារ្យទួស សាភឿនបានបញ្ជាក់ថា គ្រប់ក្រុមហ៊ុនវិនិយោគវិស័យអចលនទ្រព្យ និងសំណង់ទាំងអស់ គឺសុទ្ធតែធ្វើឡើងក្នុងគោលបំណង ទទួលបាននូវទុនបង្វិលត្រឡប់មកវិញលឿន ដែលឆ្លើយតបទៅនឹងការវិនិយោគ នៅក្នុងរយៈពេលណាមួយ ប៉ុន្តែនៅពេលរង់ចាំច្បាប់អនុញ្ញាតពីអជ្ញាធររាប់ខែ រាប់ឆ្នាំ មិនទាន់បាននោះ វានឹងក្លាយទៅជាឧបសគ្គដល់ការវិនិយោគ ហើយក៏ជាការរាំងស្ទះ ក្នុងកិច្ចអភិវឌ្ឍរបស់សង្គមជាតិផងដែរ៕

IMF៖ គោលនយោបាយសារពើពន្ធនឹងអាចជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

ដើម្បីទ្រទ្រង់វឌ្ឍនភាពបន្ថែមទៀត ប្រទេសនេះចាំបាច់ត្រូវវិភាជន៍ចំណាយបន្ថែមទៅក្នុងវិស័យអាទិភាព ដូចជាការអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងបរិបទនៃផែនការហិរញ្ញប្បទានប្រកបដោយចីរភាព។

កិច្ចខិតខំប្រឹងប្រែងនានាចាំបាច់ ត្រូវបន្តបង្កើនប្រសិទ្ធភាពចំណាយ ការអនុវត្តន៍ការគ្រប់គ្រងការវិនិយោគសាធារណៈ និងការសម្របសម្រួលគ្នានៅតាមអង្គភាពនានារបស់រដ្ឋាភិបាល។ ការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជនក៏ចាំបាច់ផងដែរ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែរឹងមាំជាមួយកំណើន៧ភាគរយ ក្នុងឆ្នាំ២០១៩ ហើយប្រទេសនេះ នៅតែបន្តជំរុញរបៀបវារៈអភិវឌ្ឍន៍របស់ខ្លួន។ នេះបើយោងតាមការវាយតម្លៃសេដ្ឋកិច្ចចុងក្រោយរបស់IMF

ការចូលរួមរបស់វិស័យសាធារណៈ និងវិស័យឯកជនបានធ្វើឱ្យប្រសើរឡើងនូវការទទួលបាន និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាអគ្គិសនី និងផ្លូវថ្នល់។ ការចំណាយសាធារណៈលើសុខភាព និងការអប់រំក៏កើនឡើងដែលនាំឱ្យមានគុណភាព និងលទ្ធភាពប្រសើរឡើង។ ឧទាហរណ៍ ជាលទ្ធផល អត្រាចុះឈ្មោះចូលរៀននៅបឋមសិក្សាបានឈានដល់ជិត១០០ភាគរយហើយ។

កម្ពុជានៅតែបន្តផ្តល់អាទិភាព ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយដាក់បញ្ចូល (រួមជាមួយគោលដៅបន្ថែមមួយទៀត) ទៅក្នុងអាទិភាពគោលនយោបាយជាតិរបស់ប្រទេស។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថ្មី ឆ្លុះបញ្ចាំងពីក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងជាមូលដ្ឋានសម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩២៣។

ទោះយ៉ាងណា ផែនការអភិវឌ្ឍប្រកបដោយមហិច្ឆតា របស់ប្រទេសនេះនឹងទាមទារឱ្យមានការខិតខំប្រឹងប្រែង ផ្នែកគោលនយោបាយបន្ថែមទៀត នៅតាមផ្នែកជាច្រើន។ ទោះបីមានការរីកចម្រើននាពេលថ្មីៗនេះក៏ដោយ កម្ពុជានៅមានភាពយឺតយ៉ាវជាងដៃគូ ក្នុងតំបន់ទាក់ទងនឹងលទ្ធភាពទទួលបាន និងគុណភាពសេវាកម្មសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

ការប៉ាន់ប្រមាណបានបង្ហាញថា ការចំណាយកាន់តែច្រើន គឺចាំបាច់ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលត្រូវបានជ្រើសរើស និងកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប។ បរិមាណ និងគុណភាពនៃសេវាសុខភាព និងការអប់រំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ត្រូវកែលំអ។

បុគ្គលិករបស់ IMF ប៉ាន់ប្រមាណថា ការចំណាយបន្ថែមប្រហែល៧½ ភាគរយនៃផលិតផលសុរបក្នុងស្រុកឆ្នាំ២០៣០របស់កម្ពុជា គឺត្រូវការជាចាំបាច់ដើម្បីជួយជាថវិកាដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អាទិភាពដោយមានការអប់រំ និងសុខាភិបាលដែលមានប្រហែល២ ភាគ៣នៃតម្រូវការសរុប។ ខណៈពេលដែលតម្រូវការចំណាយសម្រាប់ការឈានដល់គោលដៅទឹកស្អាត និងអនាម័យគឺតិចតូច ហើយការសម្រេចបាននូវការប្រើប្រាស់អគ្គិសនី និងផ្លូវថ្នល់នឹងត្រូវការចំណាយប្រចាំឆ្នាំបន្ថែម យ៉ាងហោចណាស់២ភាគរយនៃ GDP ដែលបានគ្រោងទុកនៅឆ្នាំ២០៣០។

ការប៉ាន់ស្មានទាំងនេះ មានចំណែកខ្លះសម្រាប់គោលនយោបាយកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ដូចជាការកើនឡើង នៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីបង្កើតអគ្គិសនី) និងថ្លៃដើមថែទាំ។

សកម្មភាពគោលនយោបាយ

គោលនយោបាយសារពើពន្ធ ដែលបានរៀបចំយ៉ាងល្អអាចជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ការចំណាយបន្ថែមលើការអប់រំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអាទិភាពជាយុទ្ធសាស្ត្រថ្នាក់ជាតិ នឹងគាំទ្រវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ ការកែលំអប្រសិទ្ធភាពនៃចំណាយ និងការអនុវត្តការគ្រប់គ្រងការវិនិយោគសាធារណៈ រួមទាំងតាមរយៈការសម្របសម្រួលឱ្យបានល្អប្រសើរ នៅតាមអង្គភាពនានារបស់រដ្ឋាភិបាលគឺចាំបាច់។

ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់តម្រូវការចំណាយ ដោយមិនចាំបាច់យកបំណុលសាធារណៈកម្រិតខ្ពស់ កិច្ចខិតខំប្រឹងប្រែងនានា ចាំបាច់ត្រូវបន្តប្រមូលចំណូលក្នុងស្រុកបន្ថែមទៀត។ រដ្ឋាភិបាលក៏អាចទាញប្រាក់បញ្ញើរបស់ខ្លួនមួយផ្នែកខ្លី នៅលក្ខខណ្ឌសម្បទាន និងនាំដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមដែលអាចធ្វើទៅបាន។

បន្ថែមលើការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ឈានមុខគេក្នុងបញ្ជីអាទិភាព គឺបន្តកែលម្អនិរន្តរភាពបរិស្ថាន។ នេះរួមបញ្ចូលទាំងគោលនយោបាយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយឧទាហរណ៍ ការផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពលដែលអាចកកើតឡើងវិញបាន និងគ្រោះមហន្តរាយធម្មជាតិ និងការត្រៀមលក្ខណៈប្រែប្រួលអាកាសធាតុ៕