អ្នកជំនាញៈទីផ្សារខុនដូនឹងកាន់តែបន្តមានភាពវិជ្ជមានចាប់ពីឆ្នាំ២០២០នេះទៅមុខ

ដោយវុត្ថា

ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅតែមានសញ្ញាវិជ្ជាមានចាប់ពីឆ្នាំ២០២០នេះទៅ ដោយសារតែមានការបញ្ជាទិញពីវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទាញវិនិយោគិនបរទេស។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodiaលោក ខន គង្គារបានប្រាប់គេហទំព័រ  propertyarea.asia  នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថា  ទីផ្សារខុនដូនឹងនៅតែមានដំណើរការល្អ សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាប់ផ្តើមពង្រឹង ក្នុងការទំនាក់ទំនងជាមួយបរទេសជាច្រើនរួមមានប្រទេសចិន ជប៉ុន និងកូរ៉េជាដើម ដើម្បីឱ្យពួកគេមកវិនិយោគ និងមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថាបើការងាររបស់រដ្ឋាភិបាលនេះជោគជ័យ នឹងធ្វើឱ្យមានសញ្ញាកាន់តែល្អលើទីផ្សារខុនដូបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ វានឹងផ្តល់សេវកម្មផ្សេងទៀតដូចជាភោជនីយដ្ឋាន កន្លែងស្នាក់នៅ និង សេវាកម្មផ្សេងៗទៀតដែលជាតម្រូវការ រួមជាមួយនឹងចំណូលរបស់ពលរដ្ឋនឹងកើនឡើងផងដែរ

លោកបន្តទៀថា ទីផ្សារខុននៅក្នុងប្រទេសកម្ពុជា មានការទាក់ទាញខ្លាំងនៃវិនិយោគិនបរទេស មកពីតំបន់អាស៊ី អារ៉ាប់ និងបជ្ឈឹមប្រទេស ដោយសារតែខុនដូនៅក្នុងប្រទេសមានតម្លៃក៏ធូរថ្លៃ។ ម្យ៉ាងទៀត តម្លៃនៃការចាយវាយសម្រាប់ការរស់នៅរបស់ប្រទេសពួកគេមានតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគេបានបង្វែមកស្វែងរកលើវិស័យខុនដូនៅក្នុងប្រទេស ដែលមានតម្លៃសមរម្យដូចនៅក្នុងប្រទេសកម្ពុជាជាដើម។

លោកខន គង្គារបានបន្ថែមទៀតថា សម្រាប់តម្លៃខុនដូកម្រិតខ្ពស់ គឺមានតម្លៃមួយម៉ែត្រការ៉េប្រមាណ៣៥០០ ទៅ៥៥០០ ដុល្លារ  ហើយមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនបរទេសស្ទើតែគ្រប់ជនជាតិ ជាពិសេសជនជាតិចិន តែសម្រាប់ប្រជាពលរដ្ឋខ្មែរមិនសូវជាចាប់អារម្មណ៍ខ្លាំងនោះទេ តែសម្រាប់ខុនដូតម្លៃចន្លោះពី២០០០ក្នុងមួយម៉ែត្រការ៉េចុះក្រោម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនខ្មែរ។

លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE បានលើកឡើងស្រដផងគ្នាថា ទីផ្សារខុនដូសម្រាប់ឆ្នាំ២០២០នេះ នៅតែមានដំណើរការល្អ ដោយសារមានការផ្គត់ផ្គង់កាលពីចុងឆ្នាំ២០១៩ នេះ កើនដល់ជិត២០,០០០យូនីត 

លោកស្រីបន្តថា ចំពោះខុនដូប្រភេទកម្រិនសមរម្យ មានតម្លៃចន្លោះពី១២០០ ដុល្លារឡើង ក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតធម្យម មានតម្លៃចាប់ពី ១៥០០ ទៅ ២៥ ០០ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ បានដាក់លក់កាលពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ ២០២០នេះច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្រុក ព្រោះពលរដ្ឋខ្មែរភាគច្រើនចាប់អារម្មណ៍ខ្លាំងលើវិស័យខុនដូ។ អ្នកស្រីបន្ថែមថា សម្រាប់ខុនដូកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៣០០០ ដុល្លារឡើងក្នុងម៉ែត្រការ៉េ  គឺជនបរទេសចាប់អារម្មណ៍វិនិយោគច្រើន ហើយភាគច្រើន គឺជាជនជាតិចិន។ និយាយជារួមទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នៅតែមានទីផ្សារល្អប្រសើរ តាមរយៈកិច្ចសហការជាមួយធនាគារក្នុងផ្តល់ប្រាក់កម្ចី ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញនឹងកើនឡើងដល់៤លាននាក់ ដែលកំនើនប្រជាសាស្រ្តនេះនឹងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅតាមខុនដូកាន់តែច្រើន ដោយសារ ទី១ ការកកស្ទះចរាចរណ៍កាន់តែខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ទី២ តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋានក្នុងទីក្រុងឡើងថ្លៃខ្ពស់ ដែលប្រជាជនមានជីវភាពមធ្យមមិនអាចទិញបាន ប៉ុន្តែពួកគេអាចទិញខុនដូរស់នៅបាន និងមានទីតាំងនៅកណ្តាលក្រុង ជិតកន្លែងធ្វើការរបស់ពួកគេ និងទី៣ ការរីកចម្រើនបច្ចេកវិទ្យានឹងផ្តល់ឲ្យគុណភាពជីវិតកាន់តែប្រសើរជាងមុន៕

សមាគមពាណិជ្ជកម្មកម្ពុជា-ចិនខេត្តព្រះសីហនុកំពុងដោះស្រាយបញ្ហាការងារដល់ពលរដ្ឋខ្មែរបន្ទាប់ពីបិទហ្គេមអនឡាញ

ដោយហ្សូលី

ភ្នំពេញៈ សមាគមពាណិជ្ជកម្មកម្ពុជា ចិនខេត្តព្រះសីហនុបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយការងារដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅខេត្តព្រះសីហនុ ដោយសារការបិទហ្គេមអនឡាញ។

ដោយសារតែការបិទល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ដែលកម្មករកម្ពុជាជាង ,០០០នាក់ បានបាត់បង់ការងារ ហើយដើម្បីជួយឱ្យមានការងារធ្វើឡើងវិញ  សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពីការឆ្លើយតប ទៅនឹងសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាការងាររបស់ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ លោ JIANG KEXING បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ ថា  ក្រុមហ៊ុនមកពីប្រទេសចិន បានសាងសង់រោងចក្រនិងរកស៊ីនៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្មនិងជួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមសមត្ថភាពនាពេលដែលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។លោកបានបន្តថា នេះមិនគ្រាន់តែអាចបំពេញ តម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ  ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាពសង្គមនិងសុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិនចិនទៀតផងដែរ

លោកក៏បានជំរុញឱ្យរោងចក្រចិនទាំងអស់ គួរតែបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ​​ ប្រើប្រាស់កម្មករដែលលាឈប់ពីរោងចក្រនៅពេលមុនឡើងវិញ  និងទទួលយកបុគ្គលិកថ្មី ដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជាពល​​រដ្ឋ​​ក្នុងតំបន់ ព្រមទាំងធានាភាពសុខដុមរមនាក្នុងសង្គមតាមរយៈការផ្ដល់ឱកាសការងារជាក់ស្តែង។

លោកបានអះអាងថា ចំពោះសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំនេះបានឆ្លើយតបដោយសកម្ម ហើយក៏បានស្វាគមន៍និយោជិតកម្ពុជាទាំងអស់ មកធ្វើការនៅក្នុងរោងចក្រផងដែរ

តែទោះបីយ៉ាងណាក៏ដោយ ចាប់តាំងពីរាជ​​​រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យបិទល្បែងភ្នាល់តាម​​ប្រព័ន្ធអ៊ីនធឺណិតកន្លងមកនេះ  នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិនដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ ត្រូវចាកចេញទាំងក្រុមៗត្រឡប់ទៅប្រទេសចិនវិញ​​ជាបន្តបន្ទាប់​   ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ជាមួយគ្នានេះ សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហគ្រាសចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកជួបគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្តែងនូវការដើរតួនាទីជាស្ពានរវាងសហគ្រាស និងប្រជាជនរបស់សមាគម។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចម្ងាយ១៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ​  ដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់ពេលនេះ គឺមានក្រុមហ៊ុនចំនួន១៧៤ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍និងបណ្តាប្រទេសដទៃទៀត បានមកធ្វើការវិនិយោគនៅទីនេះ   ហើយបានស្រូបយកកម្លាំងពលកម្មជិត៣០,០០០នាក់ ​​ ​ក្នុងចំណោមនេះ គ្រួសារ៧០ភាគរយ នៃស្រុកព្រៃនប់ក្នុងខេត្ដព្រះសីហនុ គឺមានសមាជិកធ្វើការនៅរោងចក្រក្នុងតំបន់នេះ៕

អត្ថបទពាណិជ្ជកម្មៈ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមម៉ាកាវMUST CPK ដោយលទ្ធផល៥-២ក្នុងការប្រកួតមិត្តភាព

ដោយរតនៈ

ភ្នំពេញៈ ការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមបាល់ទាត់២ក្រុម ដែលជាជើងឯកនោះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកក្នុងលីគកម្ពុជានិងក្រុមMUST CPK ដែលជាជើងឯកក្នុងលីគLige de Elite បានប្រព្រឹត្តទៅនៅទីលានបាល់ទាត់Urban Village កាលពីថ្ងៃទី ២៨ និង២៩ខែធ្នូ ឆ្នាំ២០១៩

ការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ គឺបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររាប់ពាន់អ្នកដែលបានមកទស្សនាផ្ទាល់ ពិតជាមានអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍មួយនេះ។ មុនពេលការប្រកួតចាប់ផ្តើម យើងក៏មានសកម្មភាពសប្បាយៗជាច្រើន និងការសម្តែងផ្ទាល់ផងដែរ ដែលមានការចូលរួមពីវត្តមានរបស់តារាចម្រៀង ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា មានដូចជាកញ្ញាសន្យា លោកនីកូ (Nico) និង លោក ជី ដេវីត (G Devith) នៅក្នុងការប្រគំតន្រ្តីផ្ទាល់នេះដែរ គឺពិតជាបានធ្វើឲ្យឆាកតន្រ្តីពិតជាកក្រើកតែម្តង ជាមួយនឹងសម្លេងហោរកញ្ជ្រោពីអ្នកគាំទ្រ និងអ្នកទស្សនាជាច្រើនរយនាក់។

ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានការធ្វើសន្និសីទកាសែតមុនការប្រកួតបាល់ទាត់រវាងក្រុមទាំងពីរ គឺបានបង្ហាញ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរយ៉ាងខ្លាំងផងដែរ។ គួរឲ្យកត់សម្គាល់ផងដែរ នៅពេលដែលមានការសួរសំនួរ និងចម្លើយទៅកាន់ក្រុមទាំងពីរ គឺសំនួរភាគច្រើនចេញពីអ្នករៀបចំការព្រឹតិ្តការណ៍ លោកBen Li និង អ្នកស្រី Catherine Chan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនUrban Village និងលោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia និង គណៈគ្រប់គ្រងថ្នាក់ដឹកនាំដទៃទៀត ដែលបានធ្វើឲ្យសន្និសីទកាសែត មុនការប្រកួតនេះកាន់តែមានភាពរំភើបខ្លាំងថែមទៀត។

ក្នុងអំឡុងពេលប្រកួតបាល់ទាត់ ពិតជារំភើប និងអស្ចារ្យយ៉ាងខ្លាំងនៅពេលដែលកីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម បានប្រើបច្ចេកទេសដ៏ពិសេសរបស់គាត់បានស៊ុតបាល់ទំលុះខ្សែការពាររបស់ក្រុមម៉ាកាវ MUST CPK និងបានរកគ្រាប់បាល់ជូនក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតដំបូងនាយប់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៩ ដែលក្រុមបាល់ទាត់ MUST CPK បានអះអាងថា ពួកគេមិនងាយនឹងចាញ់ក្នុងប្រកួត ដោយសារតែការស៊ុតទំលុះអ្នកចាំទីរបស់គេនោះទេ។

សម្រាប់ការប្រកួតលើកទី២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩វិញ កីឡាករបាល់ទាត់ដែលពាក់អាវលេខ៩ ឈ្មោះថា ណុប តុលា បានស៊ុតបាល់ប៉េណង់ទីចម្ងាយ១១ម៉ែត្របានយ៉ាងល្អ ទៅលើក្រុមMUST CPK ដែលធ្វើឲ្យក្រុមកម្ពុជាអាចតាមស្មើបាន ដោយលទ្ធផល១១។ ពេលនោះទស្សនិកជន និងភ្ញៀវកិត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអ្នកខ្លះបានស្រែកលោត អបអរសារទរនឹងលទ្ធផលដ៏ល្អមួយនេះ។

នៅថ្ងៃបញ្ចប់នៃការប្រកួតដែលមានរយៈពេល២ថ្ងៃនេះ  គឺក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ក្រុម MUST CPK ដោយលទ្ធផលសរុប៥ អ្នកគាំទ្រជាច្រើន បានសម្តែងការអបអរសាទរ និងទះដៃអបអរសាទរយ៉ាងខ្លាំង ចំពោះការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរនេះ។

សម្រាប់ការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងគ្រូបង្វឹក  លោកConor Nestor បានមានប្រសាសន៍ថា ដោយសារតែភាពជឿជាក់ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់បំផុតនៅក្នុងការប្រកួតនេះ យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតមិត្តភាពនេះ។ មិនត្រឹមតែប៉ុណ្ណោះយើងមានអ្នកគាំទ្រ និងអ្នកគាំទ្រដ៏ស្មោះត្រង់ជាច្រើន ដែលបានលើកទឹកចិត្តយើងឈានដល់គោលដៅដែលរីកចំរើននេះ។

លោក Deigo Patriota បានបន្ថែមទៀតថា ទោះបីជាយើងចាញ់នៅក្នុងហ្គេមនេះក៏ដោយ ក៏វាមិនមានន័យថាយើងបានបាត់បង់អ្វីៗទាំងអស់ដែរ។ ការប្រកួតនេះ គឺពិតជាបានផ្តល់នូវការប្រកួតដ៏អស្ចារ្យ និងលើកទឹកចិត្តឱ្យយើងខិតខំ ក្នុងការប្រកួតឲ្យកាន់តែប្រសើរឡើងថែមទៀតក៏ដូចជា បច្ចេកទេសក្នុងការប្រកួត ដើម្បីឱ្យយើងត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃខាងមុខទៀត។

លោក Ben Li និងលោកបណ្ឌិត Raymond Choi ក៏បានធ្វើការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុម MUST CPK ផងដែរ។ទោះបីនេះជាលើកទី របស់អ្នកក្នុងការប្រកួតនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមរបស់អ្នកបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងការទាត់បាល់បានយ៉ាងល្អ។បើតាមសម្តីរបស់លោក​ Ben Li បានលើកឡើង។

ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺអាចប្រព្រឹតិ្តទៅបាន ក៏ដោយសារមានការខិតខំប្រឹងប្រែងពីអ្នករៀបចំកម្មវិធីទាំងមូលគឺ ក្រុមហ៊ុន Urban Village និង ក្រុមហ៊ុន Prestige Homes Cambodia និងមានការគាំទ្រពីម្ចាស់ឧបត្ថម្ភធំពីក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Cambodian Derivatives Exchage (CDX), Goldwell Capital និង Golden FX Link Capitalព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានគេចាត់ទុកវាជាព្រឹត្តិការណ៍ដ៏ល្អមួយ និងជាការចាប់ផ្តើមសកម្មភាពជាច្រើន ដែលទាក់ទងនឹងវិធីធ្វើឲ្យមនុស្សមានសុខភាពល្អ និងសប្បាយរីករាយ ដូចជាការប្រកួតកីឡា ការប្រគុំតន្រ្តី ការសម្តែង កំប្លែងជាដើម ក៏ដូចជាការបង្កើតបរិយាកាសដ៏ល្អមួយ និងរបៀបរស់នៅបែបទំនើបនៅក្នុងប្រទេសកម្ពុជា៕

Forbes អះអាងថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុង តំបន់អាស៊ីនៅឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលនឹងមានកំណើនសេដ្ឋកិច្ចកើនឡើងលឿនជាងគេ នៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនធ្លាក់ចុះ។ នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយកាលពីពេលថ្មីៗនេះ។

សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន និងការធ្លាក់ចុះនៃចរាចរណ៍នាំចេញ និងនាំចូលសាកល កំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅអាស៊ី ដែលកំពុងជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ីកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់តំបន់។ អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលរំពឹងថា នឹងមានការកើនឡើង៥,៥ភាគរយនៅឆ្នាំ២០២០ ក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីចំនួន៤៥ប្រទេស ដែលរួមមានប្រទេសចិននិង ឥណ្ឌា ប៉ុន្តែមិនមែនជប៉ុនទេ។

ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ភាពតានតឹងពាណិជ្ជកម្ម ដែលអូសបន្លាយនៅតែជាហានិភ័យចម្បងចំពោះទស្សនវិស័យរបស់តំបន់ ប៉ុន្តែប្រទេសមួយចំនួនតូចត្រូវបានរំពឹងថានឹងមានភាពប្រសើរនៅឆ្នាំក្រោយ។ ទាំងនេះគឺជាប្រទេសមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅឆ្នាំ២០២០។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើង៦,៨ភាគរយ។ ការវិនិយោគរបស់ចិននៅកម្ពុជា បានពន្លឿនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានប្រជាជនចំនួន១៦,៥លាននាក់ ដោយជំរុញឱ្យមានការកើនឡើងនៃការផលិតសម្លៀកបំពាក់ ដូចដែលបានឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។

 វិនិយោគិនចិនកំពុងបន្ថែមទុនលើអចលនទ្រព្យ រមណីយដ្ឋានឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងអាកាសយានដ្ឋានពីរ។ ចិនបានវិនិយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០១៨។ ក្រៅកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេសចំនួន៥ទៀតនៅអាស៊ី មានដូចជា ប្រទេសបង់ក្លាដែសរំពឹងមានកំណើនសេដ្ឋកិច្ច៨ភាគរយ ឥណ្ឌាមានកំណើន៧, ភាគរយ តាហ្សាគីស្ថានមានកំណើន៧ភាគរយ មីយ៉ាន់ម៉ាមានកំណើន៦, ភាគរយ និងវៀតណាមមានកំណើន៦, ភាគរយ៕

អ្នកជំនាញអះអាងថា អំណាចនៃការទិញនៅតាមផ្សារទំនើបនានាក្នុងទីក្រុងភ្នំពេញស្ថិតនៅមានកម្រិត

ដោយវុត្ថា

ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា វត្តមានផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា មិនទាន់សូវមានការទាញលើអំណាចនៃការទិញខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅឡើយទេ តែផ្សារទំនើបទាំងនោះអាចឈរជើងនឹងបាន។

លោកង៉ែត ជូ  អ្នកវិភាគសេដ្ឋកិច្ចឯករាជបានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកថ្មីៗនេះ ឱ្យដឹងថា កម្លាំងនៃការទិញ (Purchasing Power) របស់ប្រជាពលរដ្ឋខ្មែរមិនទាន់មានសកម្មភាពខ្លំាងក្លានោះទេ តែអាចទទួលយកបាន និងធ្វើឱ្យផ្សារទំនើបទាំងនោះអាចឈរជើងនឹងបានលោកបន្តថា សម្រាប់ចក្ខុវិស័យរបស់អ្នកវិនិយោគលើផ្សារទំនើបនេះ គេមិនផ្តោតបច្ចុប្បន្ននោះទេ គឺគេសំដៅដល់ការវិនិយោគក្នុងរយៈពេលវែង ហើយម្យ៉ាងទៀតទីតាំងនៃការវិនិយោគទៀតសោត គឺស្ទើរតែគ្រប់ជ្រុងនៃទីក្រុងភ្នំពេញ ដោយមិនប្រមូលផ្តុំជិតគ្នាទេលោកង៉ែត ជូបានបន្ថែមថា ការវិនិយោគលើផ្សារទំនើបរបស់វិនិយោគិន គឺផ្តោតលើយុទ្ធសាស្ត្រក្នុងរយៈពេលវែង ហើយបច្ចុប្បន្ននេះមិនទាន់បានផលចំណេញខ្លាំងទេ បានត្រឹមតែមួយរស់ប៉ុណ្ណោះ

តាមការព្យាករណ៍របស់អ្នកជំនាញបានឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើនផ្សារទំនើបខ្នាតអន្តរជាតិនានានៅកម្ពុជា នឹងកើនឡើងរហូតដល់ជាងជិត៤០ទីតាំង ខណៈដែលបច្ចុប្បន្ននេះគេសង្កេតឃើញ បណ្តាផ្សារទំនើបមួយចំនួនកំពុងតែបង្ហាះវត្តមានជាបន្តបន្ទាប់។ នៅក្នុងរបាយការណ៍ដែលសិក្សាឡើង ដោយអ្នកជំនាញផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនអន្តរជាតិ CBREបានបង្ហាញថា ការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ទ្រង់ទ្រាយធំនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដើម្បីបំពេញទៅតាមតម្រូវការកម្លាំងបញ្ជាទិញ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ផ្សារទំនើបដែលកំពុងតែដំណើរនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះត្រូវបានបែងចែកជាចំណាត់ថ្នាក់ផ្សេងគ្នា រួមមាន ប្រភេទ Shopping Mall, Retail Podium, Shopping Mall, និងប្រភេទ Community Mall

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា បច្ចុប្បន្នបើនិយាយពីផ្សារទំនើប ពិតជាមានភាពរីកចម្រើនខ្លាំង ប៉ុន្តែក្នុងនោះក៏មានផ្សារទំនើបមួយចំនួនតូចបានជួបបញ្ហាប្រឈម ដោយសារតែការប្រែប្រួលនៃភាពទំនើបកម្ម កិច្ចរៀបចំ និងតុបតែងលម្អ។

ផ្អែកតាមគំនូសតាង ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅត្រឹមឆ្នាំ២០១៣ប្រភេទផ្សារ Shopping Center មានចំនួន៧កន្លែង។ នៅត្រឹមចុងឆ្នាំ២០១៨ ប្រភេទផ្សារRetail Podiumមានចំនួន៣ ហើយរហូតដល់ឆ្នាំ២០២២ នឹងកើនឡើងដល់១០កន្លែង។ ប្រភេទផ្សារShopping Mall នៅដើមឆ្នាំ២០១៩ មានចំនួន៣ ហើយនឹងបន្តកើនដល់ចំនួន១២កន្លែង នៅត្រឹមឆ្នាំ២០២៤។

ដោយឡែកចំពោះប្រភេទផ្សារបែប Community Mall កាលពីដើមឆ្នាំ២០១៩ មានចំនួនត្រឹម៦កន្លែង ហើយនឹងបន្តកើនឡើងរហូតដល់ចំនួន១៦កន្លែង នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ។

យ៉ាងណាក៏ដោយ ស្របដែលកំណើនផ្សារទំនើបគ្រប់ប្រភេទ បានបន្តកើនឡើង ក្នុងនោះក៏មានផ្សារទំនើបមួយចំនួន ដែលធ្លាប់ដំណើរការកាលពីប្រមាណ៥១០ឆ្នាំមុនប្រឈមនឹងហានិភ័យខ្ពស់ រហូតឈានដល់បិទ និងផ្អាកដំណើរមួយរយៈ ដើម្បីធ្វើការកែលម្អសាជាថ្មី ជាក់ស្ដែងដូចជាផ្សារទំនើបសូរិយា (ត្រូវបានកែលម្អថ្មី) ផ្សារទំនើបសុវណ្ណា(កំពុងបិទទ្វារ ដើម្បីកែលម្អ) ក៏ដូចជាផ្សារទំនើប ផារ៉ាហ្គន ដែលសុទ្ធតែជាផ្សារធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន។ ភាពប្រឈម និងការបិទទ្វារផ្អាកដំណើរការលក់ ដើម្បីធ្វើការកែលម្អថ្មីនេះ ត្រូវបានលោកស្រី អាន សុធីតា ទទួលស្គាល់ ដោយលោកស្រីបានបញ្ជាក់ថា ធម្មតា អ្វីដែលថ្មី អ្វីដែលប្លែក និងទាន់សម័យ គឺតែងមានភាពទាក់ទាញ៕

កំណើននៃវិស័យសំណង់ និងការនាំចេញបាននិងកំពុងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាឱ្យមានភាពរឹងមាំ

ដោយ ប៊ី
ភ្នំពេញ៖ កំណើននៃការនាំចេញ និងសកម្មភាពសំណង់រឹងមាំបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំនៅឆ្នាំ ២០១៩ កន្លងមកនេះ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលរំពឹងថានឹងមានជុំវិញ ៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិចុះកាលពេលថ្មីៗនេះ។

កម្ពុជាមានអតិផរណានៅតែមានស្ថេរភាពប្រហែល ២,៥ ភាគរយ។
ឱនភាពគណនីចរន្តបានកើនឡើងដល់ប្រហែល ១២ ភាគរយនៃផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ ២០១៨ ហើយត្រូវបានរំពឹងថានឹងពង្រីកបន្ថែមទៀតនៅឆ្នាំនេះ។ លំហូរវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ ក៏ដូចជាការកើនឡើងនៃលំហូរចូលក្នុងរយៈពេលខ្លីដទៃទៀត បានរួមចំណែកដល់ការប្រមូលផ្តុំទុនបម្រុងអន្តរជាតិសរុបប្រមាណ ៧ ខែនៃការនាំចូលនាពេលអនាគតក្នុងខែ សីហា ឆ្នាំ ២០១៩ ។
ស្ថានភាពហិរញ្ញវត្ថុមានភាពងាយស្រួល។ ឥណទានវិស័យឯកជនដែលប្រមូលផ្តុំកាន់តែខ្លាំងឡើងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់បានពន្លឿន ហើយត្រូវបានរំពឹងថានឹងកើនឡើងប្រហែល ២៨ ភាគរយនៅឆ្នាំ ២០១៩ ។
លទ្ធផលនៃប្រាក់ចំណូលនៅតែបន្តរឹងមាំ ហើយដោយសារការខិតខំប្រឹងប្រែងផ្នែករដ្ឋបាលមាន តុល្យភាពសារពើពន្ធឆ្នាំ ២០១៨ (យោងតាមទម្រង់ស្ថិតិហិរញ្ញវត្ថុរបស់រដ្ឋាភិបាលឆ្នាំ ២០១៤) បង្ហាញពីអតិរេកជិត ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៨ ។ ជំហរសារពើពន្ធត្រូវបានព្យាករថានឹងនៅតែមានអតិរេកនៅឆ្នាំនេះ។


ការធ្លាក់ចុះនៃស្ថានភាពខាងក្រៅត្រូវបានរំពឹងថានឹងនាំឱ្យមានកំណើនយឺតយ៉ាវក្រោម ៧ ភាគរយនៅឆ្នាំ ២០២០។ ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺប្រឈមនឹងហានិភ័យធ្លាក់ចុះ។ ការពិនិត្យឡើងវិញនូវប្រពន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហគមន៍អឺរ៉ុបដែលជាដៃគូនាំចេញចម្បងរបស់កម្ពុជាអាចនាំឱ្យមានការផ្អាកការធ្វើពាណិជ្ជកម្មអនុគ្រោះនៅឆ្នាំក្រោយដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច៕

ប្រតិទិន ៖ ឆ្នាំ២០២០ មានថ្ងៃឈប់សម្រាកចំនួន២២ថ្ងៃ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់កាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ-កម្មការិនី មកត្រឹមរយៈពេលសរុប២២ថ្ងៃ ដោយបានកាត់ចោលរយៈពេល៦ថ្ងៃដែលមិនចាំបាច់ ប៉ុន្តែបានបន្ថែមថ្ងៃឈប់សម្រាប់បន្ថែមនៅក្នុងឱកាសពិធីបុណ្យជាតិ និងប្រពៃណីធំៗមួយចំនួន។

កាលពីឆ្នាំកន្លងទៅមុនៗ ថ្ងៃឈប់សម្រាកមានរហូតដល់ទៅ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាកមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃនេះ ត្រូវបានមើលឃើញថា បណ្តាលឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ហើយមានការទទូចជាច្រើនពីភាគីនិយោជកចង់ឱ្យមានការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ។ រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃ នៅឆ្នាំ២០២០នេះ ហើយក៏អាចនឹងអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ផងដែរ។

យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។

ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។

ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ នេះរួមមាន ៖
១៖ ថ្ងៃចូលឆ្នាំសកល ១មករា សម្រាក ១ថ្ងៃ
២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា សម្រាក ១ថ្ងៃ
៣៖ ទិវានារីអន្តរជាតិ ៨ មីនា សម្រាក ១ថ្ងៃ
៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៤ថ្ងៃ (១៣-១៤-១៥-១៦ មេសា)
៥៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ
៦៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ៦ ឧសភា សម្រាក ១ថ្ងៃ
៧៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១០ ឧសភា សម្រាក ១ថ្ងៃ
៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ
៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ
១០៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (១៦-១៧-១៨ កញ្ញា)
១១៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ២៤ កញ្ញា សម្រាក ១ថ្ងៃ
១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ
១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ
១៤៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ (៣០-៣១ តុលា និង ០១ វិច្ឆិកា)
១៥៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ។

រមណីយដ្ឋាន​អង្គរ​ទាក់ទាញ​ចំណូល​បាន​ជិត​ ១០០លាន​ដុល្លារ​សំរាប់​ឆ្នាំ២០១៩​ កន្លងមក​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រមណីយដ្ឋាន​អង្គរ​ រយៈពេល​ពេញ​មួយឆ្នាំ​កន្លងមក​ បាន​រកចំណូល​ជិត ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ជាមួយនឹង​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​ចំរុះ​ជាតិសាសន៍​សរុប​ជាង២លាន​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញផ្សាយ​នៅ​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០ កន្លងមក​បានឱ្យ​ដឹង​ថា​ ចំនួន​អ្នកទិញ​បណ្ណ​ចូល​ទស្សនា​ រមណីយដ្ឋាន​អង្គរ​នេះ​ មានការ​ថយ​ជិត១៥ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៨កន្លងទៅ​។

នៅក្នុង​ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំរុះ​ជាតិសាសន៍​ចំនួន​ ២,២០៥​,៦៩៧នាក់​ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ និង​មាន​ចំណូល​សរុប​ប្រមាណ៩៩​, ០៨៨​,៨៩៤​ ដុល្លារ​អាមេរិក​។ ដោយឡែក​នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ មាន​អ្នកទិញ​បណ្ណ​ចូល​ទស្សនា​ប្រមាណ២០៨​,៤៣០នាក់​ រកចំណូល​បាន​ ៩,៥៣៣​,៤២០​ដុល្លារ​​អាមេរិក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។

គ្រឹះស្ថាន​អង្គរ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ក្នុងរយៈពេល​ពេញ​មួយឆ្នាំ២០១៩​ ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គ​ បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា​ បាន​ចំនួន​សរុប ៤​,៤១១​,៣៩៤ដុល្លារ​អាមេរិក​។

សម្រាប់​ឆ្នាំ២០២០នេះ​ ដើម្បី​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ លោកស្រី​ ហ៊ុន​ ដា​នី​ រដ្ឋ​លេខាធិ​កា​ក្រសួងទេសចរណ៍​ បាន​ទទួល​ជួន​ពិភាក្សា​ការងារ​វិនិយោគ​សំ​ខាន់​ៗ មួយចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ទេសចរណ៍​ ជាមួយ​វិនិយោគ​ចិន​ធំៗ​នៅក្នុង​ទីក្រុង​ SANYA​ ខេត្ត​ហៃ​ណាន​ ប្រទេស​ចិន​។

នៅក្នុង​កិច្ច​ជំនួប​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ លោកស្រី​ ហ៊ុន​ ដា​នី​ បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​សំ​ខាន់​ៗនៅ​កម្ពុជា​ ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នៅ​កម្ពុជា​ នៅតែ​បន្ត​មាន​កំណើន​។ ជាក់ស្តែង​នៅក្នុង​រយៈពេល១០ខែ​ ដើមឆ្នាំ២០១៩​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ ៥,២៩៦​,០៨៨នាក់​ កើនឡើង៩.៧​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។

លោកស្រី​បាន​ស្នើ​បន្ថែម​ទៅ​ក្រុម​វិនិយោគិន​ចិន​ ឱ្យ​សម្លឹង​ឱកាស​វិនិយោគ​ និង​ចាប់អារម្មណ៍​ចំពោះ​គោលដៅ​ទេស​ចរ​ណ៍​ថ្មី​ៗរបស់​កម្ពុជា​ដូចជា​៖ ខេត្តកំពត​ ខេត្ត​តំបន់ភូមិភាគ​ឦសាន​ និង​ខេត្តកំពង់ធំ​ ដែល​នៅ​ទីនោះ​មាន​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេតិក​ ភណ្ឌ​ពិភពលោក​ ដូច​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

លោកស្រី​ក៏បាន​ចាប់អារម្មណ៍​ ចំពោះ​ឱកាស​វិនិយោគ​មួយទៀត​ គឺ​ការ​បង្កើត​កញ្ច​ ប់​ទស្សនកិច្ច​តាម​នាវា​ (Cruise​ Tourism​) រវាង​ខេត្ត​ហៃ​ណាន​ និង​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ ដែល​នឹង​មានការ​តភ្ជាប់​ទៅ​កំពង់ផែ​ទឹកជ្រៅ​ នៅ​ខេត្តកំពត​មួយទៀត​ដែល​កំពុង​សាងសង់​៕

តើ​សុខភាព​សេដ្ឋកិច្ច​មួយ​ទសវត្សរ៍​កន្លងមក​ និង​បច្ចុប្បន្ន​មាន​ភាព​ខុសគ្នា​បែប​ណា​?

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទស្សនទាន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ទោះបីជា​កម្ពុជា​ប្រឈមមុខនឹង​ការ​បាត់​បង​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ក៏ដោយ​ ដោយ​ការ​សិក្សា​ថ្មី​ៗនេះ​របស់​ធនាគារ​ដ៏​ធំ​មួយ​របស់​ថៃ​បាន​លើកឡើង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​រីកចម្រើន​លឿន​ជាង​ប ណ្តា​ប្រទេស​ក្នុង​តំបន់​សំរាប់​ឆ្នាំ២០២០ខាងមុខ​។

តើ​សុខភាព​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រ៉ឹង​មាំ​ឬទេ​? បើស​ម្លឹង​ងាក​ក្រោយ​កាលពី​មួយ​ទសវត្សរ៍​មុន​ និង​បច្ចុប្បន្ន​? អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ឯករាជ្យ​ លោក​ង៉ែត​ ជូ​បាន​លើកឡើង​ថា​ កាលពី​ឆ្នាំ២០០៩​ សេដ្ឋកិច្ច​របស់​កម្ពុជា​ស្មើ​សូន្យ​។

ពេលនោះ​ជា​ពេល​ដ៏​អាក្រក់​បំផុត​ ជាពិសេស​ជីវភាព​របស់​ប្រជាជន​ក្រីក្រ​។ ប៉ុន្តែ​ស្ថានភាព​ពេលនោះ​ ហា​ក់​ប្រសើ​ជាង​ពេល​បច្ចុប្បន្ន​ ឆ្ងាយណាស់​ដោយហេតុថា​ ទី១​ ក្នុង​ឆ្នាំ២០០៩​ មិន​ប្រឈម​នឹង​ការ​បាត់​បង់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ EBA​ ដូច​បច្ចុប្បន្ន​នោះ​ទេ​។

ទី២​ ក្នុង​ឆ្នាំ២០០៩​ កម្ចី​ក្នុង​វិស័យ​ធនាគារ​ (រួម​ទាំង​មីក្រូហិរញ្ញវត្ថុ​) មាន​ទំហំ​ត្រឹម​ប្រមាណ៣០ភាគរយ​ នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ ដោយឡែក​ពេល​បច្ចុប្បន្ន​ឡើង​ដល់​ប្រមាណ១០០ភាគរយ​ ។

ទី៣​ ក្នុង​ឆ្នាំ២០០៩​ ទំហំ​ឥណទាន​ ដែល​ចាក់​ចូលក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មាន​តិច​ជាង​បច្ចុប្បន្ន​ឆ្ងាយណាស់​ និង​ទី៤​ មុន​ឆ្នាំ២០០៩​ (២០០៨​) តម្លៃ​អចលនទ្រព្យ​ក៏​ឡើង​ដល់​កំពូល​ដូច​ពេល​បច្ចុប្បន្ន​ដែរ​។

យោង​តាម​ស្ថានភាព​ខាងលើ​នេះ​ លោក​សង្ឃឹមថា​ រដ្ឋាភិបាល​ និង​ភាគី​សហភាព​អឺរ៉ុប​ (EU​) នឹង​ព្យាយាម​រក​ច្រកចេញ​ផ្លូវ​កណ្តាល​ណាមួយ​ ដែល​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​ធ្ង​ដល់​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​មិន​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ និង​កម្មករ​។ ទោះ​យ៉ាងណា​ យើង​នៅតែ​មានទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ សម្រាប់​ចក្ខុវិស័យ​វិនិយោគ​រយៈពេល​វែង​ (៥-១០ឆ្នាំខាងមុខ​)៕

កម្ពុជា​ស្នើ​ឲ្យ​អ្នក​ធុរកិច្ច​ចិន​សម្លឹង​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​ ស្នើ​វិនិយោគិន​ចិន​ឲ្យ​សម្លឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​សំ​ខាន់​ៗរបស់​កម្ពុជា​។

លោកស្រី​ហ៊ុន​ ដា​នី​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ជំរុញ​បែបនេះ​នៅក្នុង​ពិ​ភា​ក្សា​ការងារ​ជាមួយ​វិនិយោគិន​ចិន​សំ​ខាន់​ៗ និង​ភ្នាក់ងារ​ទេសចរណ៍​ចិន​ជាច្រើន​រូប​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កំណើន​វិនិយោគ​ចិន​ ចូល​មក​កម្ពុជា​បន្ថែម​ទៀត​ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ខណ:លោកស្រី​បាន​បំពេញបេសកកម្ម​នៅ​ទីក្រុង​ SANYA​ ខេត្ត​ហៃ​ណាន​ ប្រទេស​ចិន​ ពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៩​ ដល់​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​។

លោកស្រី​បាន​លើក​បង្ហាញ​ ពី​ឱកាស​វិនិយោគ​សំ​ខាន់​ៗនៅ​កម្ពុជា​ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កម្ពុជា​ នៅតែ​បន្ត​មាន​កំណើន​។

លោកស្រី​បាន​ស្នើ​បន្ថែម​ទៅ​ក្រុម​វិនិយោគិន​ចិន​ ឲ្យ​សម្លឹង​ឱកាស​វិនិយោគ​និង​ចាប់អារម្មណ៍​ចំពោះ​គោលដៅ​ទេស​ចរ​ណ៍​ថ្មី​ៗរបស់​កម្ពុជា​ ដូចជា​ ខេត្តកំពត​ ខេត្ត​តំបន់ភូមិភាគ​ឦសាន​ និង​ខេត្តកំពង់ធំ​ ដែល​នៅ​ទីនោះ​មាន​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដូច​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

លោកស្រី​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​ឱកាស​វិនិយោគ​មួយទៀត​ គឺ​ការបង្កើត​កញ្ចប់​ទស្សនកិច្ច​តាម​នាវា​ (Cruise​ Tourism​) រវាង​ខេត្ត​ហៃ​ណាន​ និង​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ ដែល​នឹង​មានការ​តភ្ជាប់​ទៅ​កំពង់ផែ​ទឹកជ្រៅ​ នៅ​ខេត្តកំពត​មួយទៀត​ដែល​កំពុង​សាងសង់​។

ក្រុម​អ្នក​វិនិយោគ​ចិន​ បាន​សាទរ​ចំពោះ​ការ​លើកឡើង​របស់​លោកស្រី​ ហើយ​ពួកគាត់​បាន​បញ្ជាក់​បន្ថែម​ថា​ អ្នក​វិនិយោគ​ចិន​ទាំងអស់​ មិន​ខ្លាច​រអា​រនឹង​ចាប់​យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ឡើយ​ ដោយសារ​ពួកគេ​សុទ្ធតែ​បាន​សម្លឹងឃើញ​នូវ​ ៣ចំនុច​សំខាន់​ដែល​កម្ពុជា​ រួមមាន​ ទី១​៖ កម្ពុជា​ជា​ប្រទេស​ កំពុង​អភិវឌ្ឍ​ដែល​ជា​លក្ខខណ្ឌ​ បង្ក​បរិយាកាស​យ៉ាង​ប្រសើរ​ដល់​ការ​វិនិយោគ​ពី​បរទេស​។ ទី២​ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ​ និង​ទី៣​ កម្ពុជា​មាន​សុខ​សន្តិភាព​ និង​សេ្ថរ​ភាព​នយោបាយ​ល្អ​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់​ ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃទៀត​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ក្នុងរយៈពេល១០ខែ​ ដើមឆ្នាំ២០១៩​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចំនួន​ប្រមាណ៥​,២៩៦​,០៨៨នាក់​ កើនឡើង៩.៧​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ឈរ​នៅ​លេខរៀង​ទី១​ (ស្មើនឹង២​,០២៦​,៥០២នាក់​ កើនឡើង​ប្រមាណ២៤.៤​% និង​ស្មើនឹង៣៨.៣​% នៃ​ចំណែក​ទីផ្សារ​សរុប​) ក្នុងចំណោម​ចំណែក​ទីផ្សារ​ទេសចរ​នាំមុខ​គេ​ទាំង១០​៕