ឥណ្ឌូ​នេ​ស៊ី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រោងចក្រ​ផលិត​រថយន្ត​តម្លៃ​ជាង១៥០០លាន​ដុល្លារ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រោងចក្រ​ផលិត​រថយន្ត​ដំបូងបង្អស់​របស់​កូរ៉េ​ខាងត្បូង​ នឹង​ដាក់​ទីតាំងនៅ​តំបន់​ Bekasi​ ឥណ្ឌូ​នេ​ស៊ី​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Hyundai​ Motor​។

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​ នឹង​វិនិយោគ​ទឹកប្រាក់​ជាង១​,៥០០លាន​ដុល្លារ​នៅក្នុង​រោងចក្រ​នេះ​ និង​សម្រាប់​ថ្លៃដើម​ប្រតិបត្តិ​ការ​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ Hyundai​ បានឱ្យ​ដឹង​ថា​ “រោងចក្រ​នៅ​ឥណ្ឌូ​នេ​ស៊ី​នឹង​តំណាង​ឱ្យ​ការ​វិនិយោគ​ លើទឹក​ប្រាក់​ប្រមាណ១​,៥៥ពាន់​លាន​ដុល្លារ​ រហូតដល់​ឆ្នាំ២០៣០​ រួម​ទាំង​ការ​អភិវឌ្ឍ​ផលិតផល​ និង​ថ្លៃដើម​ប្រតិបត្តិ​ការ​”។

រោងចក្រ​នេះ​នឹង​បើក​ការដ្ឋាន​នៅ​ខែក្រោយ​ ហើយ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ផលិតកម្ម​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០២១​។ ក្រុមហ៊ុន​Hyundai​ស្មានថា​ រថយន្ត​ចំនួន១៥០​,០០០គ្រឿង​នឹងអាច​ផលិត​ជា​រៀងរាល់​ឆ្នាំ​ នៅ​រោងចក្រ​ផលិត​រថយន្ត​នេះ​។

សេចក្តី​ប្រកាស​បាន​បន្ថែម​ទៀត​ថា​ “ក្រុមហ៊ុន​ Hyundai​ មាន​ផែនការ​ផលិត​រថយន្ត​ប្រភេទ​ SUV​ ខ្នាត​តូច​ប្រភេទ​ MPV​ និង​រថយន្ត​ម៉ូដែល​ Sedan​ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ នៅក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ នៅ​ឯរោង​ចក្រ​ឥណ្ឌូ​នេ​ស៊ី​ថ្មី​ដែល​នឹង​រួមបញ្ចូល​នូវ​សម្ភារៈ​សម្រាប់​បោះត្រា​ ការ​ផ្សារ​ ការ​គូរ​ និង​ការដំឡើង​”។

រោងចក្រ​ផលិត​រថយន្ត​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បង្កើត​ការងារ​ជាង២ម៉ឺន​កន្លែង​ និង​ផ្តល់​ចំណូល២០ពាន់​លាន​ដុល្លារ​ ដល់​សេដ្ឋ​កិ​ច្ច​ឥណ្ឌូ​នេ​ស៊ី​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​ធ្វើ​ឱ្យ​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​និង​ទីផ្សារ​សំ​ខាន់​ៗ ហើយ​បាន​បង្ខំ​ប្រទេស​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​ កូរ៉េ​ខាងត្បូង​ប្តូរ​ផលិតកម្ម​ និង​ការ​លក់​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុមហ៊ុន​ Hyundai​ បានឱ្យ​ដឹង​ថា​ “ដោយមាន​គោលបំណង​បង្កើន​ល្បឿន​បង្កើត​វេទិកា​ សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​មាន​ស្ថេរ​ភាព​ ផលិតកម្ម​ និង​ការ​លក់​នៅ​ឥណ្ឌូ​នេ​ស៊ី​ និង​ទីផ្សារ​អាស៊ាន​ធំ​ទូលាយ​។ ក្រុមហ៊ុន​ Hyundai​ នឹង​បន្ត​យុទ្ធ​សាស្រ្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ដើម្បី​ទទួល​បាន​នូវ​ការប្រកួត​ប្រជែង​លើ​ដៃគូ​ប្រកួតប្រជែង​”។

ឥណ្ឌូ​នេ​ស៊ី​គឺជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ ក្នុងចំណោម​បណ្តា​អាស៊ាន​ទាំងអស់​ ដែល​មាន​ចំនួន​រថយន្ត​ជាង១លាន​គ្រឿង​ត្រូវ​បាន​លក់​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ Hyundai​ បាន​បញ្ជាក់​ថា​ “បណ្តា​ប្រទេស​អាស៊ាន​សំ​ខាន់​ៗ រួមមាន​ ឥណ្ឌូណេស៊ី​ ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ និង​សឹង្ហ​បូរី​ត្រូវ​បាន​រំពឹង​ថា​ នឹង​បង្កើត​ទីផ្សារ​រថយន្ត​ប្រមាណ​ ៤,៤៩លាន​គ្រឿង​នៅ​ឆ្នាំ២០២៦​ ដែល​កើនឡើង​ពី៣​,១៦លាន​គ្រឿង​ នៅ​ឆ្នាំ​ ២០១៧​”។

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុង​បន្ត​បាន​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​ដោយ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​ ហើយ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​អន្តរជាតិ​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញពី​ចិន​។

លោក​ Ko​ Hyoung​-kwon​ ឯកអគ្គ​រដ្ឋទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ OECD​ បាន​មានប្រសាសន៍​ថា​ “អាស៊ាន​គឺជា​ដៃគូ​ធំ​ទី​ ២ របស់​កូរ៉េ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​”។

លោក​បាន​បន្ថែម​ថា​ “តំបន់​នេះ​ គឺជា​ដៃគូ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ដ៏​សំខាន់​ របស់​កូរ៉េ​។ រដ្ឋាភិបាល​កូរ៉េ​បាន​ចែករំលែក​បទពិសោធន៍​ អភិវឌ្ឍន៍​របស់​ខ្លួន​យ៉ាងសកម្ម​ជាមួយ​អាស៊ាន​ដោយ​លើកឡើង​ថា​ “បង្រៀន​ចាប់ត្រី​គឺ​ប្រសើរ​ជាង​ការ​ឱ្យ​ត្រី​”៕

ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​-កូរ៉េ​បង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​-កូរ៉េ​ដើម្បី​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ និង​វិនិយោគ​

ដោយ ​វុត្ថា​

កូ​រ៉េៈ​ ទេស​ក្នុង​តំបន់​ទន្លេមេគង្គ​- កូរ៉េ​បង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​-កូរ៉េ​ បាន​ឯកភាព​រួមគ្នា​ ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ស្តី​ពី​ ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​-កូរ៉េ​ដើម្បី​បង្កើត​ឱកាស​ពាណិជ្ជកម្ម​ និង​វិនិយោគ​បន្ថែម​ទៀត​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ ​ក្នុង​គោល បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ទំនាក់ទំនង​រវាង​សារ​ធារ​ណរដ្ឋ​កូរ៉េ​ និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ទាំង​ប្រាំ​ បង្កើត​ឱកាស​ពាណិជ្ជកម្ម​ និង​វិនិយោគ​បន្ថែម​សម្រាប់​សហគមន៍​ធុរកិច្ច​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សុខុមាលភាព​ប្រជាជន​។

ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ ដូចជា​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​។ តំបន់​មេគង្គ​នេះ​ គឺជា​តំបន់​សេដ្ឋកិច្ច​ធម្មជាតិ​មួយ​ ដែល​ចងភ្ជាប់​ដោយ​ទន្លេមេគង្គ​ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី ២​,៦លាន​គីឡូម៉ែត្រ​ការ៉េ​ និង​មាន​ប្រជាជន​ប្រមាណ ៣២២៦លាន​នាក់​។

នៅ​ឆ្នាំ១៩៩២​ ដោយមាន​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ប្រទេស​ទាំង៥បាន​បញ្ចូល​កម្មវិធី​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ជា​អនុ​តំបន់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុងចំណោម​ប្រទេស​។

ដោយមាន​ការ​គាំទ្រ​ពី​ ADB​ និង​ម្ចាស់​ជំនួយ​ដទៃទៀត​កម្មវិធី​ GMS​ ជួយ​ដល់​ការ​អនុវត្ដ​គំរោង​អនុ​តំបន់​ ដែល​មាន​អាទិភាព​ខ្ពស់​ ក្នុង​វិស័យ​ដឹកជញ្ជូន​ថាមពល​ទូរគមនាគមន៍​ បរិស្ថាន​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​ ការ​វិនិយោគ​វិស័យ​ឯកជន​និង​កសិកម្ម​។

គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​ ដែល​មានតម្លៃ​ប្រហែល១១ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បញ្ចប់​ឬកំពុងតែ​ត្រូវ​បាន​អនុវត្តន៍​ រួមមាន​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ហាយ​វេ​ ពី​រាជធានី​ភ្នំពេញ​ (កម្ពុជា​) ហូ​ជី​មីញ​ (វៀតណាម​) និង​ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា​បស្ចិម​ ដែល​នឹង​ពង្រីក​ពី​សមុទ្រ​អាល់​ម៉ាន​ទៅ​ដា​ណាង​ ប្រទេស​វៀតណាម​។

អនុ​តំបន់​នេះ​ គ្រប​ដណ្តប់​លើ​រុក្ខជាតិ​ និង​សត្វ​ ដែល​បាន​ពង្រីក​ទៅ​ភាគ​ខាងជើង​ តាម​បណ្តោយ​ឧបទ្វីប​ម៉ាឡេស៊ី​ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ បាន​ហ៊ុមព័ទ្ធ​លើ​ភ្នំ​ខ្ពស់​ៗពី​ភ្នំ​ហិ​ម៉ាឡៃ​ និង​បាន​រីកចម្រើន​តាម​បណ្តោយ​ជ្រលង​ទន្លេ​ដ៏​ទូលំទូលាយ​ ជា​ព្រៃ​ស្ងួត​ស្ងួត​ស្រដៀងគ្នា​នឹង​ប្រទេស​ឥណ្ឌា​។

ទន្ទឹម​នឹង​នេះ​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ ដែល​កំពុង​រីកចម្រើន​ ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​តាម​ទន្លេមេគង្គ​ បាន​ផ្តល់​ជា​ប្រយោជន៍​ ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ការ​វិនិយោគ​ និង​ការ​ចល័ត​ពលកម្ម​។ លើស​ពីនេះ​ទៀត​ធនធាន​ធម្មជាតិ​ជាពិសេស​ គឺ​វារី​អគ្គីស​នី​កំពុង​ចាប់ផ្តើម​បង្កើត​ និង​ប្រើប្រាស់​នៅ​តាម​មូលដ្ឋាន​។

ធនធានមនុស្ស​ និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៃ​តំបន់​មេគង្គ​ បាន​ធ្វើ​ឱ្យ​វា​ក្លាយជា​ព្រំដែន​ថ្មី​ នៃ​កំណើន​សេដ្ឋកិច្ច​អាស៊ី​។ ជា​ការពិត​ណាស់​តំបន់​មេគង្គ​មាន​សក្តា​នុ​ពល​ ក្នុង​ការ​ក្លាយជា​តំបន់​រីក​លូតលាស់​លឿន​ បំផុត​របស់​ពិភពលោក​៕

ចំណេះដឹង​! តើ​វិសាលភាព​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ និង​ច្បាប់ព្រៃ​ឈើ​ពាក់ព័ន្ធ​គ្នា​ដូចម្តេច​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ សម្បទា​ដី​សេដ្ឋកិច្ច​មិន​អាច​ធ្វើ​នៅ​លើ​ដី​ ដែល​បាន​ធ្វើ​ចំ​ណាច់​ថ្នាក់​ថា​ជា​ចំណែក​ដី​សាធារណៈ​របស់​រដ្ឋ​ ឬជា​ចំណែក​នៃ​ដី​ព្រៃ​បំរុង​ទុកជា​អចិន្ត្រៃយ៍​ឡើយ​។ ព្រៃ​សម្បទាន​ដែល​បាន​លុបចោល​ ឬបាន​បោះបង់​ដោយ​សម្បទានិក​ មិន​អាច​ប្តូរ​ឱ្យទៅ​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​បានទេ​ លុះត្រាតែ​ដី​នោះ​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​ថា​ ជា​ដី​ឯកជន​របស់​រដ្ឋ​ ហើយ​ការ​ផ្តល់​សម្បទាន​ជាថ្មី​ ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា​ ជាទូទៅ​ សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ការ​ផ្តល់​សម្បទាន​ដី​ឯកជន​របស់​រដ្ឋ​ សំរាប់​ការ​ធ្វើ​អាជីវ​កម្ម​កសិ​ឧស្សាហកម្ម​ មាន​ដំណាំ​ស្បៀង​ ឬដំ​ណំា​ក្រៅពី​ស្បៀង​ ដូចជា​ដំណាំ​ផ្តល់​ផ្លែ​ ឬផ្តល់​មើម​សម្រាប់​សិប្បកម្ម​ ឬឧស្សាហកម្ម​កែច្នៃ​ក្នុង​ស្រុក​ និង​សំរាប់​ការនាំចេញ​ និង​ការ​ចិញ្ចឹមសត្វ​ផ្សារភ្ជាប់​នឹង​ការកែច្នៃ​ ឬការនាំចេញ​។

ប៉ុន្តែ​ការ​ដាំ​ដើមឈើ​ឡើងវិញ​ បង្កើត​ជា​ព្រៃ​ មិន​ស្ថិតនៅ​ក្រោម​វិសាលភាព​នៃ​អនុក្រឹត្យ​ស្តី​ពី​សម្បទាំ​នដី​សេដ្ឋកិច្ច​ទេ​។ ការ​ដាំ​ដើមឈើ​សំរាប់​ឧស្សាហកម្ម​ផលិត​ឈើ​ហ៊ុប​ ឬផលិត​សរសៃ​អំពី​ឈើ​ ឬផលិ​ក្រដាស​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្នុង​ការ​ដែន​សមត្ថកិច្ច​ នៃ​រដ្ឋបាល​ព្រៃឈើ​។

ម្យ៉ាងទៀត​វិសាលភាព​នៃ​អនុក្រឹត្យ​ស្តី​ពី​ សម្បទាន​ដី​សេដ្ឋកិច្ច​ ក៏​មិន​គ្រប​ដណ្តប់​លើ​ផ្នែក​វារីវប្បកម្ម​ ដែល​ជាទូទៅ​ធ្វើឡើង​នៅក្នុង​ដែនទឹក​ ជា​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ លើកលែងតែ​វារីវប្បកម្ម​ ដែល​ធ្វើ​នៅក្នុង​ស្រះទឹក​ ឬអាងទឹក​ជា​ដី​ឯក​ជនរ​បបស់​រដ្ឋ​។

ការ​កាប់​រាន​ព្រៃឈើ​ ក្នុង​ដែនដី​សម្បទាន​ដី​សេដ្ឋកិច្ច​ ត្រូវ​ផ្អែកលើ​ផែនការ​គ្រប់គ្រង​ព្រៃ​ឆើ​ដែល​ត្រូវ​កាប់​ និង​ព្រៃឈើ​ដែល​ត្រូវ​រក្សា​។ ការ​កាប់​រាន​ព្រៃ​នេះ​អាច​ធ្វើ​បាន​ បន្ទាប់ពី​បាន​ធ្វើ​ផែនការ​ និង​បាន​ពិគ្រោះ​យោបល់​ សម្រាប់​នីតិ​វិ​ធី​ក្ន​ងុ​ការ​ផ្តល់​សម្បទាន​ថ្មី​។

រាល់​កិច្ចសន្យា​សម្បទាន​ដី​ ក្នុង​ទីតាំង​ដែល​មានផ្ទៃ​ដី​គ្រប់​ដណ្តប់​ជា​អន្លើ​ ដោយ​ព្រះ​ឈើ​ ត្រូវ​បង្កើត​លក្ខខណ្ឌ​ សំរាប់​ការ​ធ្វើអាជីវកម្ម​ផលិតផល​ព្រៃឈើ​ ក្នុង​តំបន់​សម្បទាន​ ដោយ​រាប់បញ្ចូល​នូវ​លក្ខខណ្ឌ​ចាំបាច់​ សំរាប់​បង់ថ្លៃ​សួយសារ​ និង​លក្ខខណ្ឌ​សំរាប់​ប្រមូល​ផល​ផ្សេង​ៗពី​ព្រៃឈើ​ ក្រៅពី​អាជីវកម្ម​ឈើ​ហ៊ុប​។

រដ្ឋបាល​ព្រៃឈើ​គឺជា​ដៃគូ​គន្លឹះ​ ក្នុង​ការ​ការបង្កើត​សម្បទាន​ដី​សេដ្ឋកិច្ច​ និង​ត្រូវ​មាន​ជា​តំណាងក្នុង​ការ​ជ្រើស​រើ​ទីតាំង​នី​មួយ​ៗ និង​ក្នុង​ដំណើរការ​ធ្វើ​ផែនការ​ ជាមួយនឹង​អាជ្ញា​ធរ​ផ្សេង​ៗទៀត​ ដែល​ទទួលខុសត្រូវ​លើ​ប្រភេទ​នានា​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​៕

តំបន់​ព្រែកព្នៅ​កំពុង​មា​នកំនើន​ និង​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ដូចគ្នា​ទៅ​នឹង​តំបន់​ជាយក្រុង​ដទៃទៀត​ ដែល​កំពុងតែ​មាន​កំសួល​លើ​តម្រូវការ​ផ្នែក​លំនៅ​ដ្ឋាន​នោះ​ សម្រាប់​តំបន់​ព្រែកព្នៅ​ ដែល​ស្ថិតនៅ​ទិសខាងជើង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​មើលឃើញ​ថា​ មាន​សកម្មភាព​ទិញ​ -លក់​យ៉ាងសកម្ម​ រួម​ជាមួយនឹង​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​។

ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ដែល​ស្ថិតនៅ​ក្នុង​ប្លង​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ខណ្ឌ​ព្រែកព្នៅ​ បាន​ក្លាយជា​តំបន់​ដ៏​ទាក់ទាញ​មួយ​ក្នុង​ក្រសែភ្នែក​អ្នក​វិ​និយ​គ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​21​ Fortuna​ Investment​ លោក​វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​នូវ​សក្ដានុពល​ នៃ​វិស័យ​ដីធ្លី​នៅ​តំបន់​ផ្លូវជាតិ​លេខ៥​ ជាពិសេស​តំបន់​ព្រែកព្នៅ​ ដែល​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​លោក​បាន​មាន​ប្រសាសន​ថា​ “តម្រូវការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ​ គឺ​បន្ត​មាន​កំណើន​ ស្រប​ពេល​ដែល​តម្លៃ​ដីធ្លី​ក៏​មានការ​កើនឡើង​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជាទូទៅ​នៅពេល​ដែល​មានការ​អភិវឌ្ឍ​ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ គឺ​តែង​មាន​តម្រូវការ​ប្រើប្រាស់​ដី​ ដែល​ជម្រុ​ញឱ្យ​តម្លៃ​ឡើងថ្លៃ​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ខ្នាត​មធ្យម​ និង​ក្រោម​មធ្យម​ជាច្រើន​កំពុងតែ​បង្ហាញខ្លួន​នៅក្នុង​តំបន់​ខាងលើ​នេះ​ ដែល​ការ​ចូលខ្លួន​ទៅ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​ទាំងនេះ​ ដោយសារតែ​គេស​ម្លឹង​ឃើញថា​ តំបន់​មាន​សក្ដានុពល​ ទាំង​ការរស់នៅ​ និង​ការ​ប្រកប​អាជីវកម្ម​លក្ខណៈ​គ្រួសារ​បាន​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោកស្រី​តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃជា​មួយ​គ្នា​ផង​ដែរ​ថា​ “តំបន់​ដី​ដែល​មាន​ចម្ងាយ​ត្រឹម២០​-៣០​ គីឡូម៉ែត្រ​ ពី​កណ្តាល​រាជធានី​ភ្នំពេញ​ គឺ​សុទ្ធតែ​មាន​សក្ដានុពល​ និង​មាន​តម្រូវការ​លើ​វិស័យ​លំនៅដ្ឋាន​ទាំងអស់​ ដោយសារតែ​ស្ថិត​មិន​ឆ្ងាយ​ពី​ក្រុង​ ហើយ​តម្លៃ​នៅ​ទាប​នៅឡើយ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ គ្រប់តំបន់​ជាយក្រុង​ គឺ​សុទ្ធតែ​មាន​តម្រូវការ​លើ​វិស័យ​លំនៅ​ដ្ឋាន​ទាំងអស់​។ ដោយឡែក​នៅ​តំបន់​ព្រែកព្នៅ​ក៏​មាន​សក្ដានុពល​ល្អ​ដែរ​ ជាពិសេស​នៅ​តាម​ផ្លូ​វធំៗ​មួយចំនួន​។ នៅ​តំបន់​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ ដែល​ក្រៅពី​នៅ​ជិត​ក្រុង​ នៅ​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ដែល​បន្តម​កពី​ផ្លូវ៥១​ និង​តំបន់​បឹង​តា​ម៉ោក​។

​លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​តម្លៃ​ដី​នៅ​ជាយក្រុង​ បាន​ឡើង​រួច​ទៅ​ហើយ​ ហើយនឹង​បន្ត​ឡើង​ទៀត​នៅ​ថ្ងៃខាងមុខ​នេះ​”។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ចក់​ ស៊ី​ណាត​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ព្រែកព្នៅ​ ជា​ខណ្ឌ​ដែល​ទើប​បង្កើត​ថ្មី​ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​ខណ្ឌ​ដទៃទៀត​ ដូចជា​ខណ្ឌ​កំបូល​ សក្ដានុពល​ និង​តម្លៃ​ដីធ្លី​គឺ​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​។ លោក​បន្ត​ទៀត​ថា​ ដោយសារតែ​ជា​ខណ្ឌ​ដែល​ទើបតែ​បង្កើត​ថ្មី​ ដូច្នេះ​តម្លៃ​នៅ​មាន​ភាពល្អ​ប្រសើរ​ សម្រាប់​បណ្តា​អ្នក​វិនិយោគ​ក្នុង​ការទិញ​អភិវឌ្ឍ​ ឬទិញទុក​លក់​បន្ត​នៅ​ត្រឹម​ ២-៣ឆ្នាំខាងមុខ​ទៀត​ អាច​នឹង​មាន​ភាព​ល្អ​ប្រសើ​ច្រើន​។

ស្រប​ទៅ​នឹង​សក្ដានុពល​នៅក្នុង​តំបន់​នេះ​ បច្ចុប្បន្ន​មាន​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ជាច្រើន​ បាន​ និង​កំពុងតែ​ធ្វើសកម្មភាព​អភិវឌ្ឍ​ ជាក់ស្ដែង​ដូចជា​គម្រោង​បុរី​ លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ KC​ ​ដែល​មាន​ទីតាំងនៅ​ជិត​ផ្សារ​ព្រែកព្នៅ​ ក៏​កំពុងតែ​សម្រុក​កម្ម​ភាព​អភិវឌ្ឍ​របស់​ខ្លួន​ ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ទីផ្សារ​។

ជាមួយនឹង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​យ៉ាង​ប្រណីតភាព​នេះ​ ក៏​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​អ្នក​ ដែល​មានបំណង​ចង់បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​ ជាពិសេស​អ្នក​ដែល​មានបំណង​ចង់​វិនិយោគ​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​៕

ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​កំពុង​ស្នើសុំ​រដ្ឋាភិបាល​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​នៅ​ស្រុក​ទឹកឈូ​ខេត្តកំពត​

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ ដែល​កំពុងតែ​មានដំណើរ​ការ​នៅ​លើ​ទីផ្សារ​កម្ពុជា​ បាន​និង​កំពុង​ស្នើសុំ​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ នៅ​ទីតាំង​ចំនួន៦​ ស្ថិតនៅ​ក្នុង​ស្រុក​ទឹកឈូ​ ខេត្តកំពត​។

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​កម្សាន្ត​ លំ​ហែរ​កាយ​ និង​ទេសចរណ៍​ខាងលើ​នេះ​ ត្រូវ​បាន​លើក​គម្រោង​ស្នើសុំ​អភិវឌ្ឍន៍​ ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​ និង​អភិវឌ្ឍន៍​ ​TARGET​ ESTATE​ and​ ASSET​ MANAGEMENT​ ដោយមាន​ទីតាំង​ស្ថិតនៅ​តំបន់​ពយ​ក្បាលរមាស​ ឃុំ​ត្រពាំងសង្កែ​ និង​កោះតូច​ទាំងពីរ​ ឃុំ​កំពង់សំរោង​ និង​ឃុំ​ជុំគ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។

យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្តកំពត​ ដែល​គេហទំព័រ​ Propertyarea.asia​ ទើប​ទទួល​បាន​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​បាន​បង្ហាញថា​ បន្ទាប់ពី​ទទួល​បានការ​ស្នើសុំ​ធ្វើការ​អភិវឌ្ឍ​ទៅលើ​គម្រោង​ខាងលើ​នេះ​ រដ្ឋបាល​ខេត្ត​ ក្រោម​វត្តមាន​របស់​លោក​ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ បាន​កោះ​ប្រជុំ​ក្រុមការងារ​ ដែល​ជាម​ន្ត្រី​ជំនាញ​ និង​ពាក់ព័ន្ធ​ រួម​មា​បដូចជា​អភិបាលស្រុក​ទឹកឈូ​ នាយក​ទីចាត់ការ​អន្តរ​វិស័យ​ ក៏ដូចជា​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ ធ្វើការ​ពិគ្រោះ​យោបល់​ ដើម្បី​ពិចារណា​ទៅលើ​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពត​ លោ​កដាញ់​ សារី​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ TARGET​ ESTATE​ and​ ASSET​ MANAGEMENT​បាន​ស្នើសុំ៦ទីតាំង​ ស្ថិតនៅ​ឃុំ​ចំនួន៣​ ដោយក្រុម​ហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ ហើយ​មានតែ១​ ទីតាំង​តែប៉ុណ្ណោះ​ដែល​កំពុង​ដំណើរការ​។

ជាមួយគ្នា​នេះ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ជាវ​ តាយ​ បាន​តម្រូវ​ឱ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត​ សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកឈូ​ បន្ត​ដោះស្រាយ​ធ្វើ​យ៉ាងណា​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​ ជាពិសេស​បន្ត​ដោះស្រាយ​វិវាទ​នានា​ រវាង​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ​៕

រដ្ឋាភិបាល​កូរ៉េ​បង្កើន​លទ្ធភាព​ផ្តល់​កម្ចី​ដល់​កម្ពុជា​រហូតដល់​ ៧០០លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​របស់​កូរ៉េ​បានសម្រេច​បន្ត​ និង​បង្កើន​លទ្ធភាព​កម្ចី​ដល់​កម្ពុជា​រហូត ៧០០លាន​ដុល្លារ​ ខណៈ​ដែល​ការសម្រេច​នេះ​ ត្រូវ​បាន​ធ្វើឡើង​រវាង​ប្រមុខ​ការទូត​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។

ប្រមុខ​ការទូត​របស់​ប្រទេស​ទាំង២​ បាន​គូសបញ្ជាក់​ពី​ការជំរុញ​កិច្ច​សហប្រតិបត្តិ​កា​ឱ្យ​កាន់តែ​ប្រសើរ​ ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ​ ដែល​ជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ តាមរយៈ​ការ​បង្កើន​កម្ចីសម្បទាន​ពី៣៥០លាន​ដុល្លារ​អាមេរិក​ ដល់៧០០លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ឆ្នាំ២០១៩​-២០២៣​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​ជំនួប​រវាង​ លោក​ ប្រាក់​ សុ​ខុន​ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី​ កាង​ ឃ្យុង​-វ៉ា​ (Kang​ Kyung​-wha​) រដ្ឋមន្រ្តី​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​ កាលពី​ល្ងាច​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប​នេះ​ រដ្ឋមន្រ្តី​ការបរទេស​ទាំងពីរ​បាន​ ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៥ផង​ដែរ​។

ឯកសារ​សំ​ខាន់​ៗទាំង៥​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទៅវិញទៅមក​នោះ​ រួមមាន​ ទី​ ១. កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​លុបបំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ការ​បង្ការ​ការ​គេច​ វេស​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​ ទី២​ សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយគ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។ ទី៣​ អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​។

ទី៤​. អនុស្សរណៈ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​ទី៥​. សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​ ចាប់ផ្តើម​ការសិក្សា​រួមគ្នា​លើ​ លទ្ធភាព​ បង្កើត​ កិច្ច​ ព្រម​ ពាណិជ្ជកម្ម​សេរី​ កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​។

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-សា​ធារ​ណរដ្ឋ​ កូរ៉េ​លើក​ទី១​ ដែល​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​ ២៤​-២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​៕

តើ​កម្ពុជា​មាន​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​ប៉ុន្មាន​ប្រភេទ​ និង​មាន​សុពលភាព​ផ្លូវច្បាប់​ដូចម្តេច​?

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ដោយសារ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ញឹកញាប់​ បាន​ធ្វើឲ្យ​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ឋ​គ្រប់គ្រង​អចលនទ្រព្យ​ ឬវិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​មាន​ច្រើន​ប្រភេទ​ ទៅតាម​របប​នី​មួយ​ៗ ប៉ុន្តែ​តើ​ប័ណ្ណ​ទាំងនោះ​មាន​សុពលភាព​ផ្លូវច្បាប់​បែប​ណា​? គេហទំព័រ ​Propertyarea.asia​ បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកជំនាញ​ និង​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ជាច្រើន​ឆ្នាំ​។

លោក​ច្រឹក​ សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការគ្រប់គ្រង​តាមរយៈ​ប័ណ្ណ​សម្គាល់​ ឬវិញ្ញាបនបត្រ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​កម្ពុជា​ ពិតជា​មាន​ច្រើន​ប្រភេទ​នៅ​កម្ពុជា​ ដែល​ប័ណ្ណ​ឬវិញ្ញាបនបត្រ​ទាំងនោះ​មាន​ ដូចជា​ ទី១​ ចន្លោះ​ឆ្នាំ១៩៧៩​ ដល់​ឆ្នាំ១៩៨៥​ កម្ពុជា​មាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ ដែលគេ​ហៅថា​ “ប័ណ្ណ​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​”។ ប័ណ្ណ​ប្រភេទ​នេះ​នៅ​បន្សល់ទុក​តិ​តច​តួច​ប៉ុណ្ណោះ​ ក្នុងករណី​ម្ចាស់ដី​មិន​ផ្លាស់​ប្តូរ​ប័ណ្ណ​ និង​ភាគច្រើន​ស្ថិតនៅ​តំបន់ជនបទ​ដាច់ស្រយាល​។

ទី២​ គិត​ចាប់ពី​កំឡុង​ឆ្នាំ១៩៨៥​ ដល់​ដើម​ទសវត្សរ៍១៩៩០​ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ឋ​អចលនទ្រព្យ​ថ្មី​មួយទៀត​ ដែលគេ​និយម​ហៅថា​ “ប័ណ្ណ​ស្លាបមាន់​” ដែល​ប័ណ្ណ​ប្រភេទ​នេះ​ នៅតែ​មានការ​ប្រើប្រាស់​រហូតដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ​។ ទី៣​ ប្លង់​កាន់កាប់​ឬគ្រប់គ្រង​អចលនទ្រព្យ​ ដែល​មានការ​ចេញ​ឲ្យ​ប្រើប្រាស់​កំឡុង​ឆ្នាំ១៩៩៣​ មកដល់​បច្ចុប្បន្ន​ (ហៅថា​ប្លង់​ទន់​) ដែល​ប័ណ្ណ​ប្រភេទ​នេះ​មានការ​ពេញនិយម​ ប្រើប្រាស់​ច្រើនជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ប័ណ្ណ​ប្រភេទ​នេះ​ មានការ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ សង្កាត់​ និង​តាម​បណ្តា​ស្រុក​នានា​។

ទី៤​ បច្ចុប្បន្ន​មាន​ប័ណ្ណ​មួយទៀត​ ដែល​ហៅថា​ប្លង់​រ៉ឹង​ ឬវិញ្ញាបនបត្រ​ដែល​មានការ​ទទួលស្គាល់​ពី​មន្រ្តី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​រាជធានី​ ខេត្ត​។ប័ណ្ណ​នេះ​មាន​ពីរ​យ៉ាង​ ដែល​ខ្លះ​គេ​ហៅថា​ L MAP ​និង​ខ្លះទៀត​ហៅ​ប័ណ្ណ​បំបែក​ក្បាលដី​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ថា​ រហូត​មកទល់​ពេលនេះ​ ដើម្បី​ទប់ស្កាត់​ទំនាស់​ដីធ្លី​ និង​ប័ណ្ណ​និ​មួយ​ៗមាន​សុពលភាព​ផ្លូវច្បាប់​ គឺ​ពេល​ចុះ​វាស់វែង​ដីធ្លី​ តែងតែមាន​មន្រ្តី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ចូលរួម​ ទោះជា​ធ្វើ​ប្លង់​ឬប្លង់​រ៉ឹង​ក៏ដោយ​។

លោក​បន្ត​ថា​ “ប័ណ្ណ​ទាំង៥ប្រភេទ​ខាងលើ​នេះ​ សុទ្ឋ​តែ​មាន​សុពលភាព​ផ្លូវច្បាប់​ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហានិភ័យ​ពី​ការរំលោភ​បំពាន​ដីធ្លី​ អ្នកកាន់កាប់​អចលនទ្រព្យ​ដែល​មាន​ប្លង់​របប​សាធារណៈ​រដ្ឋ​ ប័ណ្ណ​ស្លាបមាន់​ និង​ប្លង់​ទន់​គួរតែ​រៀបចំ​ឯកសារ​របស់​ខ្លួន​ ដើម្បី​ស្នើសុំ​ធ្វើ​ប្លង់​រ៉ឹង​ ដែល​មានការ​ទទួលស្គាល់​ពី​មន្ទីរ​ និង​ក្រសួង​ជំនាញ​ជាក់លាក់​”។លោក​បន្ត​ថា​ ការ​កាន់កាប់​អចលនវត្ថុ​អ្វីមួយ​ ដែល​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ច្បាស់លាស់​ពីសំណាក់​អាជ្ញាធរ​ជំនាញ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ហានិភ័យ​នា​ពេល​អនាគត​”។

ទោះជាយ៉ាងណា​បច្ចុប្បន្ន​នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​និង​កំពុង​បញ្ជូន​មន្រ្តី​ជំនាញ​របស់​ខ្លួន​ ចុះ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ឋ​ដីធ្លី​ថ្មី​ ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ ឃុំ​នៃ​បណ្តា​រាជធានី​ ខេត្ត​ទាំង២៥បណ្តើរ​ៗហើយ​៕

កូរ៉េ​សន្យា​បង្កើន​ការ​បើក​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ដល់​កម្ពុជា​ និង​ប្រទេស៤ ផ្សេងទៀត​ក្នុង​តំបន់​

ដោយ ​វុត្ថា

ទី​ក្រុង​ប៊ូ​សា​នៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន៥​ រួមមាន​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ និង​ហ្វីលីពីន​។

លោ​កឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ នា​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩កន្លងមក​បានឱ្យ​ដឹង​ថា​ ផ្អែកលើ​ក្របខណ្ឌ​អនុស្សារ​ណៈ​នេះ​ រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ បាន​សន្យា​បង្កើន​ការ​បើក​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ឱ្យ​បាន​ទ្វេរ​ដង​ដល់​បណ្តា​ប្រ​ទេ​អាស៊ាន​ទាំង៥​ ដើម្បី​អនុវត្ត​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​ ។

លោក​បន្ត​ថា​ អនុស្សារ​ណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន​ ៥រួមមាន​ ទី១​ ភាពជា​ដៃគូ​លើ​វិស័យ​ឌីជីថល​ សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទី២​ ការ​លើ​កម្ពស់​គុណភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ ដើម្បី​អនាគត​ប្រក​ដោយ​វិបុលភាព​ ទី៣​ អនាគត​សហ​គម​សន្តិភាព​ មេគង្គ​-សាធារណៈ​រដ្ឋ​កូរ៉េ​ ទី៤​ ការ​កសាង​ទីក្រុង​វៃឆ្លាត​ ដើម្បី​ប្រជាជន​ និង​ភពផែន​ដី​ និង​ទី៥​ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​បរិ​យា​ប័ន្ន ដើម្បី​ធានា​កំណើន​ប្រកបដោយ​តុល្យភាព​។

លោ​កឈៀង​ យ៉ា​ណា​រ៉ា​បាន​បន្ត​ថា​ ក្នុង​ន័យ​នេះ​ គណៈកម្មាធិការ​នីតិកម្ម​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ភាគី​មិត្ត​ ដើម្បី​ធានា​ឱ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ជា​អតិ​ប្ប​រមា​ ពី​ការអនុវត្ត​អនុស្សារ​ណៈ​យោគយល់​នេះ​៕

ប្រទេស​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ប្តេជ្ញា​នឹង​បន្ថយ​របាំង​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ និង​បណ្តា​ប្រទេស​អាស៊ាន​ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ទម្លាក់​របាំង​ពាណិជ្ជកម្ម​ ដើម្បី​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​។

លោក​ប្រធានាធិបតី​ Moon​ Jae​-in​ បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​នៅ​សប្តាហ៍​នេះ​ និង​បាន​ធ្វើការ​លើ​ការកាត់បន្ថយ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​ និង​បង្កើន​ចំណងមិត្តភាព​នៅ​ទូទាំង​តំបន់​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​សាធារណរដ្ឋ​កូរ៉េ​ដែល​ធ្វើឡើង​ នៅ​ទី​ក្រុង​ប៊ូ​សាន​ នៅ​សប្តាហ៍​​នេះ​បានឱ្យ​ដឹង​ថា​ “យើង​សូម​បញ្ជាក់​ម្តង​ទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ និង​ការ​តស៊ូ​ចំពោះ​គ្រប់​ទម្រង់​នៃ​ការ​គាំពារ​និយម​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ និង​វិបុលភាព​ក្នុង​តំបន់​ ខណៈ​ពេល​ដែល​បន្ត​សហប្រតិបត្តិ​ការ​ ដើម្បី​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​តំបន់​”។

កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ បាន​អបអរសាទរ​ទំនាក់ទំនង​រយៈពេល ៣០ឆ្នាំ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ​។

យោង​តាម​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ ប្រចាំ​នៅ​អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវ​ ឌ្ឍ​ន៍​សេដ្ឋកិច្ច​ (OECD​) បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ផ្តោត​លើ​ការបង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​។

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ ដែល​កំពុង​បន្ត​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​ ដោយ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ ដែល​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​ ហើយ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​អន្តរជាតិ​ ផ្លាស់​ប្តូរ​ទីលំនៅ​ចេញពី​ចិន​ដើម្បី​ចៀសវាង​ពន្ធគយ​របស់​អាមេរិក​។

លោក​ Ko​ Hyoung​-kwon​ ឯកអគ្គ​រដ្ឋទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ OECD​ បាន​និយាយ​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ឡើងវិញ​ ហើយ​ជា​លទ្ធផល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​មូលដ្ឋាន​ផលិតកម្ម​”។

ផល​ប៉ះពាល់​នៃ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទៅកាន់​តំបន់​អាស៊ាន​ ក្នុងរយៈពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម១៦ខែ​។

ពាណិជ្ជកម្ម​ទ្វេភាគី​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់២០០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។ គោលដៅ​ដើម​នៃ​ការ​ឈាន​ដល់២០០ពាន់​លាន​ដុល្លារ​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ២០១៤​។ ការនាំចេញ​ភាគច្រើន​ទៅកាន់​អាស៊ី​អាគ្នេយ៍​រួមមាន​គ្រឿង​កុំព្យូទ័រ​ និង​វាយនភ័ណ្ឌ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ និង​តំបន់​អាស៊ាន​ បាន​កើនឡើង​ដល់១៦០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ហើយ​គ្រោង​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​ ២០២០​។

លើស​ពីនេះ​ រដ្ឋមន្រ្តី​រដ្ឋ​សមាជិក​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​រួម​ទាំង​កម្ពុជា​ផង​ដែរ​បាន​ចាប់ផ្តើម​ពិភាក្សា​យ៉ាង​ខ្លាំង​កាលពី​ខែមុន​ស្តី​ពី​ របៀប​ជំ​រុញ​សក្តា​នុ​ពល​ទេសចរណ៍​រវាង​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​អាស៊ី​ និង​តំបន់​ដែល​មាន​ប្រជាជន​ជិត៧០០លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​ កើនឡើង​ដល់៣ទ្រី​លាន​ដុល្លារ​។

ក្រសួងវប្បធម៌​កីឡា​និង​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ “តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​នេះ​ យើង​រំពឹង​ថា​នឹង​បង្កើត​សន្ទុះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​និង​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ និង​អាស៊ាន​”។

គោលនយោបាយ​ថ្មី​ខាងត្បូង​ របស់​លោក​ប្រធានាធិបតី​Moon​ មាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ និង​បណ្តា​ប្រទេស​អាស៊ាន​ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​។

កូរ៉េ​ខាងត្បូង​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ភាគច្រើន​ នៃ​គំនិត​ផ្តួចផ្តើម​របស់​ខ្លួន​នៅ​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៨៥លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​ នៃ​ឆ្នាំ២០១៩តែមួយ​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ២១​,៦ លាន​ដុល្លារ​ កើន៤​,៣៨ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទី២​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ គម្រោង​វិនិយោគ​របស់​កូរ៉េ​ចំនួន២១២​ គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន ៤​,៥៦ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជិត ៣០០​ បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​៕

តំប​ន់​ផ្សារ​បែកចាន​ ស្រុក​អង្គស្នួល​ កំពុង​ទា​ក់​ទាញ​គម្រោង​វិនិយោគ​លំនៅឋាន​​ និង​ដី​ឡូត៍​ជាច្រើន​

តំប​ន់​ផ្សារ​បែកចាន​ ស្រុក​អង្គស្នួល​ កំពុង​ទា​ក់​ទាញ​គម្រោង​វិនិយោគ​លំនៅឋាន​​ និង​ដី​ឡូត៍​ជាច្រើន​
តំប​ន់​ផ្សារ​បែកចាន​ ស្រុក​អង្គស្នួល​ កំពុង​ទា​ក់​ទាញ​គម្រោង​វិនិយោគ​លំនៅឋាន​​ និង​ដី​ឡូត៍​ជាច្រើន​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ តំបន់​ជុំវិញ​បែកចាន​នៃ​ខាងលិច​ និង​នៅ​មិន​ឆ្ងាយ​ពីទី​ក្រុងភ្នំពេញ​បាន​ និង​កំពុង​ទាក់ទាញ​លើ​គម្រោង​វិនិយោគ​លំនៅឋាន​ និង​ដី​ឡូត៍​ជាច្រើន​ ដើម្បី​ឆ្លើយតបទៅនឹង​ការពង្រីក​ក្រុង​ និង​ការ​កើនឡើង​មនុស្ស​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។

អគ្គនាយក​ក្រុមហ៊ុន​ គន្ធា​មអចលនទ្រព្យ​ លោក​ហែម​ គន្ធា​ម ដែល​បាន​នឹង​កំពុង​វិនិយោគ​លើ​លើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ នៅក្នុង​តំបន់​នេះ​ បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ​ properyarea.asia​ នៅ​ថ្ងៃទី២៦​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩នេះ​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​របស់​លោក​ បាន​និង​កំពុង​វិនិយោគ​ លើ​គម្រោង​ពុះ​ដី​ឡូត៍​សម្រាប់​គម្រោង​ទី៤​ នៅក្នុង​តំបន់​នេះ​ ដោយសារតែ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ និង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សាងសង់​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ ជាពិសេស​ផ្តល់​ឱកាស​សម្រាប់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​”។

លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​ទី៤នេះ​ ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ បណ្តុំ​លំនៅ​ដ្ឋាន​ និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​”។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការទិញ​-លក់​ដី​ឡូ​តិ៍​ គម្រោង​ទី៤ខាងលើ​នេះ​ អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១២​ ៤០៧​ ៤០៣​ / ០៦៩​ ៤៨០​ ០០៩​ / ០១៦​ ៩៩២​ ០០៨​ / ០៩៦​ ៤២២​ ២២២២​/ ០៨៦​ ៥០០០​ ៩៦​ /០៧៨​ ៨៨៨​ ៥០៥​។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ក៏បាន​និង​កំពុង​មាន​សុទិដ្ឋិនិយម​ពី​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ផង​ដែរ​។

លោកស្រី​អាន​ សុធី​តា​នាយិកា​ប្រចាំ​ទេស​នៃ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ បានឱ្យ​ដឹង​ដែរ​ថា​ តំបន់​បែកចាន​ គឺជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ លើ​វិស័​លំនៅឋាន​ ដោយសារ​តំបន់​នេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រកបដោយ​គុណភាព​ និង​សក្តា​ពល​ខ្ពស់​ចំពោះ​ការ​វិនិយោគ​។

លោកស្រី​បន្ត​ថា​ ​ដោយឡែក​ សម្រាប់​វិស័យ​ឧស្សាហកម្ម​ និង​រោច​ក្រ​ ហាក់​មិន​មាន​ភាព​ទាក់ទាញ​នោះ​ទេ​ ដោយសារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ឡើងថ្លៃ​រួច​ទៅ​ហើយ​ ដែល​ពិបាក​ក្នុង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ​។

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​ភូមិបាល​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ លោក​លី​ វឌ្ឍនា បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ថា​ ​ពេលនេះ​ក្រុម​មន្ត្រី​ ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ ស្រុក​ និង​ មូលដ្ឋាន​ កំពុងតែ​ ធ្វើការ​ ផ្ទៀងផ្ទាត់​ លម្អិត​ ​ដើម្បី​ កែសម្រួល​ ផែនទី​ ហេដ្ឋារចនាសម្ព័ន្ធ​ សាធារណៈ​សម្រាប់​អនុវត្ត​ពេល​អនាគត​ភ្ជាប់​ទៅ​នឹង​ការចុះបញ្ជី​មុន​ពេល​ដាក់​សំ​ណើរ​ទៅ​ថ្នាក់​ខេត្ត​។

លោក​បន្ត​ថា​ “នៅក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ស្រុក​អង្គស្នួល​ រួមមាន​ដូចជា​ការ​ជួសជុល​ និង​កែ​លម្អ​ផ្លូវជាតិ​ការស្ថាបនា​ផ្លូវ​នៅក្នុង​ឃុំ​និ​មួយ​ៗឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដូចជា​ផ្លូវលំ​ឃុំ​ ផ្លូវលំ​ភូមិ​ជាដើម​ និង​មានការ​រំដោះ​ប្រឡាយ​ជាដើម​”។ លោក​បន្ត​ថា​ មុន​ពេល​អនុវត្ត​ផែនការ​តាម​ប្លង់​មេនេះ​បាន​ក៏​ត្រូវ​មានការ​បង្ហាញ​ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់ដឹង​ពី​ច្បាប់​ភូមិបាល​ជាមុន​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​នៅក្នុង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​មាន​ឃុំ​ចំនួន១០​ និង២០០ភូមិ​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៨ម៉ឺន​នាក់​។ នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​សហគ្រាស​ខ្នាត​មធ្យម​ និង​ខ្នាត​ធំ​ ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕