ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ ៧ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩នេះ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ កម្ពុជា​បាន​ទទួលជោគជ័យ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដឹកនាំ​ដោយ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​សម្រេច​បាន​ ៧ ភាគរយ​នៃ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​អម​ដោយ​អត្រា​ភាព​ក្រីក្រ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក​។

ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ធនាគា​ពិភពលោក​ក្រោម​ចំណងជើង​ថា​ អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា​៖ តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ​ ធនាគារ​ក៏បាន​ព្រមាន​ប្រទេស​អំពី​បញ្ហា​ដែល​មានស្រាប់​។

របាយការណ៍​នេះ​ ឱ្យ​ដឹង​ថា​ ទោះបីជា​គំរូ​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​កម្ពុជា​នៅតែ​ផ្តល់​ការងារ​ថ្មី​ល្អ​ក៏ដោយ​ ជោគជ័យ​របស់​វា​អាច​នឹង​ថយ​ចុះ​។ ប្រហែលជា​ ៨០​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់ពី​ ១៥​ ឆ្នាំ​ឡើង​ទៅ​កំពុងធ្វើការ​។

ទោះ​យ៉ាងណា​ ៩៤​ ភាគរយ​នៃ​ការងារ​ដែល​មាន​គឺ​ស្ថិតនៅ​ក្នុង​មុខរបរ​ដែល​មាន​ជំនាញ​ទាប​ ខណៈ​អ្នកគ្រប់គ្រង​ និង​អ្នកជំនាញ​មាន​ចំនួន​តិច​ជាង​ ៥ ភាគរយ​នៃ​ការងារ​ទាំងអស់​។

លោកស្រី​ អ៊ិ​នហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ ចំនួន​ការងារ​នៅ​កម្ពុជា​បាន​កើនឡើង​ជាមធ្យម​ ១២​ ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ក្នុងអំឡុងឆ្នាំ​ ២០១០​-២០១៥​ ដែល​មួយភាគបី​ត្រូវ​បាន​បង្កើត​ដោយក្រុម​ហ៊ុន​បរទេស​។

របាយការណ៍​បាន​ផ្តល់​អនុសាសន៍​នូវ​យុទ្ធ​សាស្រ្ត​បួន​ដែល​មាន​គោលបំណង​ដើម្បី​ធានា​បាន​នូវ​ការងារ​កាន់តែ​ច្រើន​ និង​ល្អ​ប្រសើរ​នា​ពេល​អនាគត​រួមមាន​ការ​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅ​ក្នុង​ផលិតកម្ម​បន្ថែម​តម្លៃ​ខ្ពស់​ បង្កើត​បរិយាកាស​អាជីវកម្ម​ក្នុង​ស្រុក​ដែល​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ពង្រឹង​ទំនាក់ទំនង​រវាង​វិស័យ​ក្នុង​ស្រុក​ និង​ការនាំចេញ​ និង​វិនិយោគ​លើ​ជំនាញ​ និង​ការអប់រំ​របស់​កម្មករ​។

ក្រៅពី​នេះ​ របាយការណ៍​បានឱ្យ​ដឹង​ថា​ កម្ពុជា​គួរតែ​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​ធានា​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​មាន​វិធានការណ៍​សម​ហេតុផល​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ដុល្លារ​អាមេរិក​ទៅលើ​សេដ្ឋកិច្ច​ក្នុង​ស្រុក​៕

សេដ្ឋកិច្ច​សឹង្ហ​បូរី​អាច​នឹង​ប្រឈម​ការ​ដាំ​ក្បាល​ចុះ​នៅ​ឆ្នាំ​ ២០២០​ ខាងមុខ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សឹង្ហ​បូរី​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ខ្លួន​នឹង​កើនឡើង​ក្នុង​អត្រា​ទាប​ត្រឹម​ ០,៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​សឹង្ហ​បូរី​។

របាយការណ៍​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​សឹង្ហ​បូរី​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ជាមួយនឹង​អត្រាកំណើន​ ០,៥​ ទៅ​ ១ ភាគរយ​ ហើយ​នៅ​ឆ្នាំក្រោយ​នឹង​មានការ​ព្យាករ​ពី​ ០,៥​ ភាគរយ​ដល់​ ២,៥​ ភាគរយ​។

សេដ្ឋកិច្ច​សឹង្ហ​បូរី​បាន​ធ្លាក់ចុះ​យ៉ាង​រហ័ស​នៅ​ត្រីមាស​ទី​ ២ ដោយមាន​ការ​ធ្លាក់ចុះ​ ២,៧​ ហើយ​អ្នកវិភាគ​ជាច្រើន​រំពឹង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ការ​រំខាន​នៅក្នុង​សង្វាក់​ផលិតកម្ម​ពិភពលោក​នឹង​ធ្វើ​ឱ្យ​សឹង្ហ​បូរី​ធ្លាក់​ចូលក្នុង​វិបត្តិ​នៅ​ឆ្នាំនេះ​។

ខណៈ​ពេល​មិន​ស្ថិតនៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច​ សេដ្ឋកិច្ច​នៅតែ​ប្រឈមមុខនឹង​ការ​ផ្លាស់​ប្តូរ​ដែល​បណ្តាល​មក​ពី​ការរៀបចំ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ ដោយសារតែ​សង្គ្រាម​ពន្ធគយ​ពិភពលោក​។ ផ្នែក​អេ​ឡិច​ត្រូ​និច​ជា​ធម្មតា​នៃ​វិស័យ​ផលិតកម្ម​បាន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​។

នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​។របាយការណ៍​បានឱ្យ​ដឹង​ថា​ “វិស័យ​ផលិតកម្ម​បាន​ធ្លាក់ចុះ​ ១,៧​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​គឺ​ធ្លាក់ចុះ​ពី​ ៣,៣​ ភាគរយ​ក្នុង​ត្រីមាស​មុន​។

ទោះបីជា​លទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) បាន​ចាត់​ថ្នាក់​ប្រទេស​សឹង្ហ​បូរី​ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​នៅក្នុង​ពិភពលោក​។របាយការណ៍​របស់​ WEF​ បាន​បញ្ជាក់​ថា​ “ប្រទេស​នេះ​ស្ថិត​ក្នុង​លំដាប់​ទី​ ១ ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​មុខងារ​ទីផ្សារ​ការងារ​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​”៕

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-សាធារណរដ្ឋ​កូរ៉េ​លើក​ទី១​ នៅ​ប្រទេស​កូរ៉េ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ តប​តាម​ការ​អញ្ជើញ​របស់​លោក​ មូន​ ចែ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-សាធារណរដ្ឋ​កូរ៉េ​លើក​ទី១​ នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​ ចាប់ពី​ថ្ងៃទី២៤​ ដល់​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

មុន​ពេល​ចេញ​ដំ​ណើរទៅ​ចូលរួម​កិច្ចប្រជុំ​នា​ប្រទេស​កូរ៉េ​ខាងមុខនេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី​ មូន​ ចែ​អ៊ី​ន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ រួម​ទាំង​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​ជា​ការ​យកចិត្ត​ទុកដាក់​ និង​បារម្ភ​។

ក្រៅពី​នេះ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២​ ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំ​ខាន់​ៗមួយចំនួន​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ​។

ដោយឡែក​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ឡើង​ថ្លែង​សន្ទរកថា​ចំនួន ២​ដង​ ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ច​ទំនាក់ទំនង​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​រយៈពេល៣០ឆ្នាំ​ និង​ទិសដៅ​អនាគត​ក្នុង​កិច្ច​ខិតខំ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមាហរណកម្ម​តំបន់​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​នៅក្នុង​វិស័យ​នយោបាយ​ សន្តិសុខ​ សេដ្ឋកិច្ច​ និង​វប្បធម៌​ រួម​ជាមួយនឹង​កិច្ចការ​សំ​ខាន់​ៗមួយចំនួន​ទៀត​។

សម្រាប់​ខ្លឹមសារ​លម្អិត​សូម​បន្ត​អាន​នៅក្នុង​សេចក្ដីប្រកាស​របស់​រាជរដ្ឋាភិបាល​ដូច​ខាងក្រោម​នេះ​ ៖

ក្រសួង​រៀបចំ​ដែនដី​ សម្រេច​ផ្អាក​ការដ្ឋាន​សំណង់​អគារ​ Gold​ Tower​ 42

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី​ និង​នគរូបនីយកម្ម​ និង​សំណង់​ សម្រេច​ផ្អាក​ការដ្ឋាន​សំណង់​អគារ​ Gold​ Tower​ 42​ បន្ទាប់ពី​មាន​ករណី​ធ្លាក់​ដែក​ដ៏​ធំ​មួយ​ពីលើ​អគារ​ចំ​រថយន្ត​ទំនើប​មួយ​គ្រឿង​ថ្មីសន្លាង​ ឡើង​ខ្ទេច​ផ្នែក​ខាងក្រោយ​។

យោង​តាម​សេចក្តី​សម្រេច​របស់ក្រ​សួង​រៀបចំ​ដែនដី​គន​រូប​ណី​យក​ម្ម​ និង​សំណង់​ ផ្ញើ​ទៅកាន់​ លោក​ លី​ សាន់​ហ៊ី​ម តំណា​ក្រុមហ៊ុន​ យ៉ុន​ វូ​ (ខេម​បូ​ឌា​) ដែល​ជា​ម្ចាស់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Gold​ Tower​ 42​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​ក្បាលដី​លេខ​ ៦០​ និង​ដី​ឡូត៍​ ១៤៥​ ​មហាវិថី​ព្រះសីហនុ​ កែង​មហាវិថី​ព្រះមុនីវង្ស​ ភូមិ៤​ សង្កាត់​បឹងកេងកង​ទី១​ ខណ្ឌ​បឹងកេងកង​ រា​ធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ការដ្ឋាន​សំណង់​របស់​នេះ​ ត្រូវ​បាន​ផ្អាក់​ការងារ​សាងសង់​ជា​បណ្តោះអាសន្ន​ ចាប់ពី​ថ្ងៃ​ចេញ​លិខិត​នេះ​តទៅ​ និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ដូច​ខាងក្រោម​៖

១) ត្រូវ​រុះរើ​ចេញ​កន្ត្រក​យោង​សម្ភារៈ​ ដែ​លន​ជាប់​តាម​បណ្តោយ​ផ្លូវ​សាធារណៈ

​២) ត្រូវ​ក្រុមហ៊ុន​ឯកទេស​ផ្នែក​សុវត្ថិភាព​ការដ្ឋាន​ មក​ធ្វើការ​វាយតម្លៃ​ និង​បញ្ជាក់​អំពី​សុវត្ថិភាព​ការដ្ឋាន​របស់​លោក​ ដែល​បាន​ចុះបញ្ជី​ពី​ក្រសួង​រៀបចំ​ដែន​ដី​នគរូ​នី​យក​ម្ម​ និង​សំណង់​

៣) ការដ្ឋាន​អាច​បន្ត​ការដ្ឋាន​បាន​លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​។

យោង​តាម​លិខិត​ដែល​គេហទំព័រ​ propertyarea​. asia​ ទទួល​បាន​នៅ​ថ្ងៃទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ក្នុងករណី​លោក​មិនបាន​អនុវត្ត​តាម​លិខិត​នេះ​ទេ​ នោះ​លោក​នឹង​ត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ជាធរមាន​។

ការ​ធ្លាក់​ដុំ​ដែ​មួយ​ពីលើ​អគារ​នេះ​ ជា​លើក​ទី២​ ហើយ​ ដែល​មានការ​ធ្លាក់​ដែក​ចំ​រថយន្ត​ប្រជាពលរដ្ឋ​ នៅ​តាម​ដងផ្លូវ​ ខណៈ​ដែល​កាលពី​ពេល​កន្លងទៅ​ក៏​មានហេតុ​ការណ៍​ធ្លាក់​ដែក​ពីលើ​អគារ​មួយ​នេះ​ត្រូវ​ចំ​រថយន្ត​ទំនើប​ លុច្ស​ស៊ី​ស មួយ​គ្រឿង​ ដែល​ចត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ ក្បែរ​គម្រោង​សំណង់​មួយ​នេះ​៕

ក្រសួងទេសចរណ៍​រៀបចំ​វេទិកា​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លើក​ទី២

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​ចាប់ផ្តើម​រៀបចំ​វេទិកា​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​លើក​ទី២​ ក្រោម​ប្រធានបទ​ «ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​» ដែល​មាន​រយៈពេល​ ០២ថ្ងៃ​ (២១​-២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​) នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ ភ្នំពេញ​ ភូ​គី​ត្រា​។

យោង​តាម​សេចក្តី​ជូនដំណឹង​រស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ វេទិកា​នេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាន​ប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ដៃគូ​អភិវឌ្ឍន៍​ ស្ថាប័ន​ហិរញ្ញវត្ថុ​ ផ្នែកឯកជន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ និង​វាគ្មិន​ជាតិ​ អន្តរជាតិ​ សរុប​ប្រមាណ​ជាង​ ២០០នាក់​។ អង្គ​វេទិកា​នឹង​ផ្តោត​លើ​ប្រធានបទ​សំខាន់​ ៗដូចជា​ ៖

១). ស្ថានភាព​ទីផ្សារ​ និង​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា​

២). ការ​វិនិយោគ​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​

៣). ការចែក​ជា​ក្រុម​ ផ្តោត​លើ​ផលិតផល​ប្រកប​ ដោយសក្តានុពល​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​

៤). ការពិភាក្សា​តុមូល​៖ ការ​អភិវឌ្ឍ​ សហគ្រិនភាព​ទេសចរណ៍​ និង​ការ​វិនិយោគ​ Incubator​

៥). ការ​ធ្វើឲ្យ​ប្រសើរ​ ឡើង​វិស័យ​ទេសចរណ៍​

៦). ការ​ខិតខំ​ជំរុញ​ពី​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​

៧). ការ​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

៨​). កិច្ចការ​ផ្នែក​ច្បាប់​ និង​ការ​បង់ពន្ធ​៕

ថៃ​យក​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាអាទិភាព​ជាមួយ​កម្ពុជា​ និង​ប្រទេស​ចំនួន៤ទៀត​នៅ​ឆ្នាំ២០២០​

ដោយ​ ប៊ី​

បាង​កកៈ​ ប្រទេស​ថៃ​បាន​ដាក់ចេញ​ទិសដៅ​អាទិភាព​លើ​ការ​ទូទាត់​ និង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមួយ​កម្ពុជា​ និង​ប្រទេស​អាស៊ាន​មួយចំនួន​ទៀត​នៅ​ឆ្នាំ២០២០​។

ថៃ​មាន​គោលដៅ​លើកកម្ពស់​ការ​ទូទាត់​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ២០២០​ ដែល​ផ្តល់​អាទិភាព​ដល់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​ ក្នុង​គោលបំណង​ជំរុញ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ តាមរយៈ​វេទិកា​ឌីជីថល​នៅ​ទូទាំង​អាស៊ាន​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ប្លុក​ក្នុង​តំបន់​។

ជាមួយនឹង​គោលដៅ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងរយៈពេល៣ឆ្នាំ​ រហូតដល់​ឆ្នាំ២០២២​ ប្រតិបត្តិ​ការ​ឆ្លងដែន​គឺជា​ការ​ផ្តោត​សំខាន់​នៅ​ឆ្នាំក្រោយ​។

លោក​ Yos​ Kimsawas​ ប្រធាន​ផ្នែក​ប្រព័ន្ធ​ទូទាត់ប្រាក់​នៅ​សមាគម​ធនាគារ​ថៃ​ បាន​ថ្លែង​ថា​ សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​លើ​វេទិកា​ឌីជីថល​ នឹង​មាននៅ​ទូទាំង​តំបន់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​។

ធនាគារ​ក្នុង​ស្រុក​ជាច្រើន​ បាន​បង្កើត​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ក្នុង​ការរៀបចំ​សម្រាប់​ការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​ និង​ការផ្ទេរ​ប្រាក់​។

លោក​ Srihanath​ Lamsam​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ធនាគារ​ Siam​ Commercial​ Bank​ (SCB​) បានឱ្យ​ដឹង​ថា​ធនាគារ​ SCB​ គ្រោង​នឹង​ដាក់ចេញ​ការ​ទូទាត់​ឆ្លង​ព្រំដែន​ តាមរយៈ​បច្ចេកវិទ្យា​ QR​ ក្រោម​ស្តង់ដារ​អន្តរ​ប្រតិបត្តិ​ការ​អាស៊ាន​ និង​ការផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​។

នៅក្នុង​ដំណាក់កាល​ដំបូង​ ធនាគារ​នឹង​ផ្តោត​លើ​ប្រទេស​សឹង្ហ​បូរី​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​។

ជន​ចំណាកស្រុក​មក​ពី​ប្រទេសជិតខាង​ និង​ជនបរទេស​ ដែល​ធ្វើការ​នៅ​ថៃ​គឺជា​គោលដៅ​សំខាន់​ សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លងដែន​ ខណៈ​អ្នកដំណើរ​ និង​ឈ្មួញ​ក្នុង​តំបន់​គឺជា​អតិថិជន​សំខាន់​ សម្រាប់​សេវាកម្ម​ទូទាត់​ QR​ Code​ ឆ្លងកាត់​ព្រំដែន​។

ធនាគារ​ SCB​ ដែល​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ធំជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ចូលរួម​ជាមួយ​ដៃគូ​នៅ​ប្រទេស​សឹង្ហ​បូរី​គឺ​ក្រុមហ៊ុន​ Liquid​ Group​ ក្នុង​ការ​ផ្តល់​ការ​ទូទាត់​តាមរយៈ​ QR​ Code ​ឆ្លងកាត់​ព្រំដែន​នៅ​ថៃ​ និង​សឹង្ហ​បូរី​ ដោយមាន​គោលដៅ​ធ្វើ​ប្រតិបត្តិ​ការ​ចំនួន២០ម៉ឺន​ប្រតិបត្តិ​ការ​នៅក្នុង​ឆ្នាំ​ដំបូង​។

លោក​ឱ្យ​ដឹង​ថា​ ធនាគារ​គ្រោង​នឹង​ផ្តល់​ការ​ទូទាត់​ QR​ Code​ ឆ្លង​ព្រំដែន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ហើយ​មានបំណង​ធ្វើ​ប្រតិបត្តិ​ការ​ ចំនួន១លាន​ប្រតិបត្តិ​ការ​នៅ​ឆ្នាំ​ដំបូង​។

លោក​បាន​បន្ត​ថា​ សេវាកម្ម​នេះ​ នឹង​ត្រូវ​បាន​ពង្រីក​ដល់​ឡាវ​ នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំក្រោយ​។

ធនាគារ​SCB​ ក៏​ទទួល​បានការ​យល់ព្រម​ពី​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​ ដើម្បី​ក្លាយជា​ធនាគារ​ទូទាត់ប្រាក់​ និង​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ឆ្លងដែន​ឌីជីថល​ នៅពេល​ក្រោយ​។

ហ្វីលីពីន​គឺជា​ទីផ្សារ​មួយផ្សេងទៀត​ នៅក្នុង​គម្រោង​ដែល​មាន​ប្រជាជន​ចំណាកស្រុក​ និង​ជនបរទេស​ជាច្រើន​កំពុងធ្វើការ​នៅ​ថៃ​៕ (ប្រភព​ បាងកក​ប៉ុស្តិ៍​)៕

ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​បញ្ឈប់​បុគ្គលិក​រាប់ពាន់​នាក់​ បន្ទាប់​ខាតបង់​ ១,២៥ពាន់​លាន​ដុល្លារ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​ពាណិជ្ជកម្ម​អាមេរិក​ WeWork​ ដែល​មានតម្លៃ​ទ្រព្យសកម្ម​រហូតដល់៤៧ពាន់​លាន​ដុល្លារ​ បាន​ប្រកាស​នៅក្នុង​កំណត់ហេតុ​ផ្ទៃក្នុង​ថា​ ក្រុមហ៊ុន​នឹង​កាត់បន្ថយ​ការងារ​ចំនួន ៤០០០កន្លែងនៅ​សប្តាហ៍​នេះ​។

ក្រុមហ៊ុន​នេះ​បាន​ខាតបង់ ១​,២៥ពាន់​លាន​ដុល្លារ​ នៅ​ត្រីមាស​ទី៣ស្តី​ពី​ការពង្រីក​ និង​ការ​ធ្លាក់ចុះ​អត្រា​ការជួល​អចលនទ្រព្យ​។

ខណៈ​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ ក្រុមហ៊ុន​បានសម្រេច​ចិត្ត​បណ្តេញ​សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ដ៏​វាងវៃ​លោក​ Adam​ Neumann​ និង​ដកខ្លួន​ចេញពី​ផ្សា​ហ៊ុន​នៅក្នុង​ខែ​ កញ្ញា​។

ក្រុមហ៊ុន​ត្រូវការ​សាច់ប្រាក់​ពី​ការ​វិនិយោគ​ធំ​បំផុត​របស់​ខ្លួន​ គឺ​ក្រុមហ៊ុន​ Softbank​ ឬប្រថុយ​នឹង​អស់​ដើមទុន​ក្នុង​ខែ​ តុលា​។

ប្រធាន​ក្រុមហ៊ុន​លោក​ Chairman​ Marcelo​ Claure​ បាន​បញ្ជាក់​ថា​ “ដូចដែល​ខ្ញុំ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ ក្រុមហ៊ុន​​ចុងក្រោយ​របស់​យើង​ នៅក្នុង​វិស័យ​ដែល​មិន​គាំទ្រ​ដោយ​ផ្ទាល់​ដល់​គោលដៅ​អាជីវកម្ម​ស្នូល​របស់​យើង​។ យើង​ត្រូវ​ធ្វើការ​លុបបំបាត់​ការងារ​ចាំបាច់​មួយចំនួន​”។លោក​បន្ថែម​ថា​ “នេះ​គឺជា​ការ​លំបាក​ ជាពិសេស​ដោយសារ​ថាមពល​ និង​ការ​ប្តេជ្ញា​ចិត្តជា​ច្រើន​ដែល​បាន​ចូលរួម​ចំណែក​”។

ក្រុមហ៊ុន ​CBRE​ បានឱ្យ​ដឹង​ថា​ នៅ​ចំណុចកំពូល​របស់​ក្រុមហ៊ុន​ WeWork​ បាន​កាន់កាប់​ និង​ដំណើរការ​ជិត៧០ភាគរយ​នៃ​ការិយាល័យ​ធ្វើការ​រួម​នៅ​អាមេរិក​។

របាយការណ៍​ថ្មី​របស់​ CBRE​ បាន​លើកឡើង​ថា​ “ជាង៩៨ភាគរយ​នៃ​សកម្មភាព​ភតិសន្យា​ ដែល​អាច​បត់បែន​បាន​នៅក្នុង​ត្រីមាស​ទី៣​ គឺ​នៅក្នុង​ការជួល​ឬការពង្រីក​ថ្មី​។ ប្រតិបត្តិ​ករ​តែមួយ​គឺ​ WeWork​ មាន​ចំនួន៦៩ភាគរយ​ នៃ​សកម្មភាព​ភតិសន្យា​ភាព​បត់បែន​ទាំងអស់​នៅក្នុង​ត្រីមាស​ទី៣​”។

ក្រុមហ៊ុន​ដែល​មាននៅ​អាមេរិក​នេះ​ បាន​ប្រកាស​កាលពី​ខែមុន​ថា​ ខ្លួន​នឹង​បើក​ការិយាល័យ​ថ្មី​នៅ​សឹង្ហ​បូរី​ និង​ហ្វីលីពីន​។

ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​ ផ្តល់​ជូន​នូវ​ការិយាល័យ​ជួល​ និង​សេវាកម្ម​ការិយាល័យ​សម្រាប់​សហគ្រិន​ អ្នកចាប់​ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ និង​សហ​គ្រាស​ធំៗ​៕

កម្ពុជា​ និង​មីយ៉ាន់ម៉ា​គ្រោង​តភ្ជាប់​ជើងហោះហើរ​ត្រង់​ឡើងវិញ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទេសចរណ៍​

កម្ពុជា​ និង​មីយ៉ាន់ម៉ា​គ្រោង​តភ្ជាប់​ជើងហោះហើរ​ត្រង់​ឡើងវិញ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទេសចរណ៍​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​ គ្រោង​តភ្ជាប់​ជើងហោះហើរ​ត្រង់​ឡើងវិញ​ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​ខាង​វិស័យ​វប្បធម៌​ និង​ទេសចរណ៍​ ស្រប​ពេល​ខួប​នៃ​ទំនាក់ទំនង​ការទូត ៦៥ឆ្នាំ​ នឹង​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំក្រោយ​។

លោក​ ​ស្រ៊ី​ ថា​មរ៉ុង្គ​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ឱ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ថា​ នៅ​ឆ្នាំក្រោយ​ជា​ខួប​ទី៦៥​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ បាន​ពិភាក្សា​គ្នា​ធ្វើ​យ៉ាងណា​ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ខាង​វិស័យ​វប្បធម៌​ និង​វិស័យ​ទេសចរណ៍​។

លោក​បន្ត​ថា​ ភាគី​ទាំងពីរ​ ក៏​ធ្លាប់​មាន​កិច្ច​ព្រមព្រៀង​មួយចំនួន​ ហើយ​ខិតខំ​អនុវត្តន៍​ ជាពិសេស​ជំរុញ​ការហោះហើរ​ត្រង់​ បើ​ទោះបីជា​កន្លងមក​ កម្ពុជា​-មីយ៉ាន់ម៉ា​ ធ្លាប់​មានការ​ ហោះហើរ​ត្រង់​ក៏ដោយ​ តែ​ដោយសារ​មិន​មាន​ភ្ញៀវ​គ្រប់គ្រាន់​ ក៏​ត្រូវ​បាន​ផ្អាក​ទៅវិញ​។

លោក​បន្ថែម​ថា​ ​ភាគី​កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​ជំរុញ​ការ​ផ្លាស់​ប្តូរ​និស្សិត​ តាមរយៈ​ការ​ផ្ដល់​អាហារូបករណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​។ កន្លងមក​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​របស់​លោកជំទាវ​ អុង​សាន​ ស៊ូ​ជី​នៅ​កម្ពុជា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាហារូបករណ៍​ ដល់​មីយ៉ាន់ម៉ា​ចំនួន១០​ ហើយ​សូម​ឱ្យ​ភាគី​មីយ៉ាន់ម៉ា​បាន​ពិនិត្យ​ឆ្លើយតប​ ដើម្បី​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​លើ​បញ្ហា​នេះ​។

លោក​ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ (PATA​) បាន​មានប្រសាសន៍​ឱ្យ​ថា​ ការ​តភ្ជាប់​ឡើងវិញ​នូវ​ជើង​ហើយ​ត្រង់​រវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ពិតជា​ល្អ​ណាស់​សម្រាប់​ភាគី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ​ ត្រូវតែ​មាន​ជើងហោះហើរ​ត្រង់​ជាចាំបាច់​ ដើម្បី​ផល​យោជន៍​ទៅវិញទៅមក​លើ​វិស័យ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ទេសចរណ៍​ និង​វិនិយោគ​។

លោក​ថា​ “ខ្ញុំ​សូម​ស្វា​មគមន៍​នូវ​គំនិត​ផ្តួចផ្តើម​ ឱ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​ថ្នាក់​ដឹក​នំា​នៃ​ប្រទេស​ទាំងពីរ​នេះ​ ព្រោះ​កន្លងមក​នៅពេល​ដែល​យើង​ចង់​ធ្វើដំណើរ​ត្រូវ​ជិះ​តាមយន្តហោះ ​Emirate​ ឆ្លងកាត់​ពីរ​ទៅ​បី​ដំណាក់កាល​ តែបើ​មាន​ជើងហោះហើរ​ត្រង់​ហើយ​សូម​ស្នើ​ដល់​ក្រុមហ៊ុន​កំ​ដាក់​តម្លៃ​ខ្ពស់​ពេក​”។

យោង​តាម​របាយការណ៍​ផ្លូវការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​មានកម្រិត​តិចតួច​នៅឡើយ​ ដោយរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២មាន​ជិត២០លាន​ដុល្លារ​ ហើយ​ឆមាស​ទី១​ ឆ្នាំ២០១៨កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-មីយ៉ាន់ម៉ា​មាន៤.៥៣លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​មីយ៉ាន់ម៉ា​មាន​ចំនួន៨៦ម៉ឺន​ដុល្លារ​ ខណៈ​មីយ៉ាន់ម៉ា​នាំចូល​មក​កម្ពុជា​មាន ៣.៦៧លាន​ដុល្លារ​។

ភាគី​ទាំងពីរ​កាលពី​ពេល​ថ្មី​ៗនេះ​ ក៏បាន​បង្ហាញ​ជំហរ​រួមគ្នា​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ នូវ​ទំនាក់ទំនង​ បន្ថែម​ទៀត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេរ​ភាគី​ ពិសេស​ក្នុង​ការ​ អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ឱ្យ​កើនឡើង​កាន់តែ​ច្រើន​បន្ថែម​ទៀត​៕

ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ទទួលការ​ចាប់អារម្មណ៍​ពី​ប្រជាជន​ក្នុង​ស្រុក​កាន់តែ​ច្រើន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ទៅ​នឹង​កំណើន​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ជា​ពិ​សេសំ​ណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ ដែល​មានតម្លៃ​រាប់​រយ​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ងាក​ទៅ​ចាប់អារម្មណ៍​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ហាក់​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ ខណៈ​ដែល​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ដែល​កំពុង​ចាប់អារម្មណ៍​ទៅ​នឹង​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​។

តាម​ការ​អះអាង​បញ្ជាក់​ពី​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​ជា​អ្នក​ប្រឡូក​ផ្ទាល់​ នៅក្នុង​ទីផ្សារ​លក់​ខុន​ដូ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេលនេះ​ ការ​លក់​ខុន​ដូ​តម្លៃ​មធ្យម​គឺ​មាន​ទីផ្សារ​ល្អ​ជាង​ខុន​ដូ​ ដែល​មានតម្លៃ​ខ្ពស់​ ហើយ​អតិថិជន​ភាគច្រើន​គឺជា​ជនជាតិ​ខ្មែរ​ ច្រើនជាង​ជនបរទេស​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ TOWN​ CITY​ Real​ Estate​ Co​,.Ltd​ លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ថា​ ផ្អែក​តាម​ភាព​ជាក់ស្ដែង​ ទីផ្សារ​ខុន​ដូ​នៅ​ចុងឆ្នាំ​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជា​ឆ្នាំ​កន្លងទៅ​ដែល​មាន​សភាព​ស្ងប់ស្ងាត់​។ លោក​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូតមកដល់​ចុងឆ្នាំ​នេះ​ ការ​លក់​ខុន​ដូ​គឺ​មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​ភាគច្រើន​ខុន​ដូ​ដែល​មាន​តម្រូវការ​ខ្ពស់​ ជា​ប្រភេទ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ ហើយ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ ច្រើនជាង​បរទេស​។

លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “តាម​ការ​កត់សម្គាល់​របស់ខ្ញុំ​ ខុន​ដូ​ដែល​មាន​តម្រូវការ​និង​ងាយស្រួល​លក់​ គឺ​មាន​ទីតាំងនៅ​ប៉ែក​ខាងត្បូង​ក្រុង​ ដោយសារតែ​តំបន់​នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ជាពិសេស​មាន​មហា​វិថិ៦០ម៉ែត្រ​ ៥០ម៉ែត្រ​ និង៣០ម៉ែត្រ​ ជាពិសេស​នៅ​ជិត​ក្រុង​ ដែល​ជា​តំបន់​ពួកគាត់​បម្រើការ​ងារ​ ក៏ដូចជា​សាលារៀន​របស់​កូន​ៗរបស់​គាត់​”។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​ការទិញ​សម្រាប់​ស្នាក់នៅ​ ក៏​មាន​អតិថិជន​មួយចំនួន​ទិញទុក​ដើម្បី​វិនិយោគ​បន្ត​ ឬជួល​យក​ចំណូល​ប្រចាំខែ​ផង​ដែរ​ ហើយ​ភាគច្រើន​ពួកគាត់​មាន​តម្រូវការ​ទៅលើ​ខុន​ដូ​ដែល​មានតម្លៃ​ចាប់៧​ ទៅ១២ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូនី​ត ហើយ​តម្រូវការ​នេះ​ នឹង​នៅ​បន្ត​រហូតដល់​ឆ្នាំ២០២០ខាងមុខនេះ​។ ដោយឡែក​សម្រាប់​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​ចាប់ពី១២ដុល្លារ​ឡើង​ទៅ​ ភាគច្រើន​មាន​តម្រូវការ​ទៅលើ​អតិថិជន​បរទេស​ ប៉ុន្តែ​ខុន​ដូ​ដែល​មានតម្លៃ​ថ្លៃ​បែបនេះ​មិនសូវ​មាន​តម្រូវការ​ខ្ពស់​នោះ​ទេ​”។

អ្នកជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ​អចលនទ្រព្យ​ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ ​CBRE​ Cambodia​ កញ្ញា​គឹម​ គិ​នកេ​សាបាន​ឱ្យ​ដឹង​ថា​ នៅក្នុងចំណោម​គម្រោង​ខុន​ដូ​ទាំង១៤៥​ ខាងលើ​នេះ​ មាន​គម្រោង​ចំនួន៧០បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ ហើយ៧៥គម្រោង​កំពុងតែ​បន្តដំណើរ​ការ​សា​សង់​ យ៉ាងសកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ នៅក្នុង​ចំណោម​ទាំង​ ៧៥គម្រោង​ មាន​ខុន​ដូ​ចំនួន៦២គម្រោង​ ជា​គំរោង​សាងសង់​បន្ត​ដែល​នៅសល់​តាំងពី​ឆ្នាំ​ចាស់​ ហើយ​គម្រោង​ខុន​ដូច​ចំនួន១៣ថ្មី​បន្ថែម​ទៀត​ ទើបតែ​បាន​ដាក់​ចូល​កាលពី​ចុង​ឆមាស​ទី១​ នៃ​ឆ្នាំ២០១៩​។

នៅក្នុងចំណោម​គម្រោង​ខុន​ដូ​ ដែល​កំពុងតែ​បន្តដំណើរ​ការសាងសង់​ទាំងអស់​ គម្រោង​ធំ​ ដែល​ត្រូវ​បាន​ធ្វើការ​ចាប់​អារម្មណ៍​ និង​នៅ​លំដាប់​កំពូល​រួមមាន​ចំនួន៧គម្រោង​ រួមមាន​គម្រោង​ R&​F City​, គម្រោង​ Arakawa​ Residence​, គម្រោង​ Urban​ Village​, គម្រោង​ Booyoung​ Town​, គម្រោង​ La​ Vista​ One​, គម្រោង​ Park​ Land​ Condo​ និង​ គម្រោង​ The​ Peak​ ដោយ​គម្រោង​នី​មួយ​ៗ ភាគច្រើន​ត្រូវ​បាន​បែងចែក​ចេញ​ជាច្រើន​ដំណាក់កាល​ក្នុង​ការសាងសង់​។

ដោយឡែក​សម្រាប់​គម្រោង​សាងសង់​ សំណង់​អគារ​ភ្លោះ​ដ៏​មហិមា​ររបស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ មាន​កម្ពស់​រហូតដល់​ ៥៨៦​ម៉ែត្រ​ ដែល​កំពុងតែ​បន្ត​ភាព​សកម្ម​ក្នុង​ការសាងសង់​ជញ្ជាំង​ទប់​ដី​នៅ​ដំណាក់​ដំបូង​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​គម្រោង​នា​ពេល​អនាគត​ ដោយសារតែ​ម្ចាស់​គម្រោង​មិនទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​នឹង​មាន​ Component​ អ្វីខ្លះ​ ហើយ​ផ្នែក​នី​មួយ​ៗមាន​ចំនួន​ប៉ុន្មាន​ឡើយ​៕

ចំណេះដឹង​! ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ការ​ធ្វើ​ផែនទីដី​រដ្ឋ​ត្រូវ​រៀប​ចំ​យ៉ាង​ងដូចម្តេច​?

ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋត្រូវរៀបចំយ៉ាងងដូចម្តេច

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដី​រដ្ឋ​ត្រូវ​បាន​បែងចែក​នៅក្នុង​ជំពូក២​ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ២០០១​ ដោយ​បាន​បែងចែក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​។ ដី​រដ្ឋ​ត្រូវ​បាន​បែងចែក​ជាច្រើន​ប្រភេទ​ សំរាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​។

យោង​តាម​ឯក​សា​រេ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​គោលនយោបាយ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ ដើម្បី​គ្រប់គ្រង​ទ្រព្យ​ទាំងនេះ​ បាន​រដ្ឋ​ត្រូវ​មាន​ផែនទី​/ប្រព័ន្ធ​ទិ​ន្ន័​យក្នុង​ការកំណត់​ទីតាំង​ ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​ទាំងនោះ​ ​ជា​ដី​ធា​រណៈ​របស់​រដ្ឋ​ឬជា​ដី​ឯកជន​របស់​រដ្ឋ​។ មានតែ​មធ្យោបាយ​នេះ​ ទើប​រដ្ឋ​អាច​ដឹង​ច្បាស់​ពីទី​កន្លែង​ ដែល​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំង​នោះ​តំា​ងនៅ​ អាច​ធ្វើ​ផែនការ​ប្រើប្រាស់​ និង​គ្រប់គ្រង​ទ្រព្យ​ទាំងនោះ​ដោយ​តម្លាភាព​ និង​អាច​កំណត់​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​បាន​ត្រឹមត្រូវ​។

អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​ និង​ចែង​អំពី​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ ការ​កសាង​ផែនទី​ និង​ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​រដ្ឋ​។ ការចុះបញ្ជី​ដី​រដ្ឋ​នឹង​ត្រូវ​អនុលោម​តាម​អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​កសាង​ប្លង​សុរិយោដី​ និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​លេខ៤៦​ អនក.បក​ ចុះ​ថ្ងៃទី​ ៣១​ ខែឧសភា​ ឆ្នាំ​ ២០០១​។

ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ការ​កសាង​ផែនទីដី​រដ្ឋ​ គឺជា​ដំណើ​ការ​សំ​រប​សំរួល​មួយ​ដែល​ទីតាំង​ និង​ព្រំប្រទល់​ប្រហាក់​ប្រហែល​នៃ​ដី​រដ្ឋ​ ត្រូវ​បាន​កំណត់​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ការរៀបចំ​ឯកសារ​ទៅតាម​ការ​តវ៉ា​ ទាម​ទា​របស់​អាជ្ញាធរ​ទទួល ខុសត្រូវ​។

ក្នុងករណី​នេះ​ ចំណាត់ថ្នាក់​ដំបូង​នៃ​ដី​រដ្ឋ​ជាច្រើន​ និង​ត្រូវ​បាន​បញ្ជាក់​ទៅតាម​ការប្រើ​ប្រាស់​ជាក់ស្តែង​។ នីតិវិធី​នេះ​ នឹង​ត្រូវ​បញ្ចប់​ដោយមាន​ភ្ជាប់​នូវ​ផែនទី​បង្ហាញ​ ពី​ការ​តវ៉ា​របស់​អាជ្ញា​ធរ​ផ្សេង​ៗ ។ លទ្ធផល​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ការ​កសាង​ផែនទី​ និង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ផែនទី​ ឬប្រព័ន្ធ​ទិ​ន្ន័​យដី​រដ្ឋ​ ដែល​នឹង​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​។

ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ការ​ធ្វើ​ផែនទីដី​រដ្ឋ​ ត្រូវ​ស្ថិត​ក្រោម​ការណែនាំ​បច្ចេកទេស​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ហើយ​ការអនុវត្ត​ការងារ​ ត្រូវ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ ក្រុង​ ។

ក្នុង​គោលដៅ​នេះ​ ក្រុមការងារ​ដី​រដ្ឋ​ នឹង​ត្រូវ​បង្កើត​នៅ​តាម​ស្រុក​ ខណ្ឌ​ជាក់លាក់​នី​មួយ​ៗ ដើម្បី​អនុវត្ត​ការងារ​ជាក់ស្តែង​។ ក្រុមការងារ​នេះ​ នឹង​ត្រូវ​ដឹកនាំ​ដោយ​អភិបាលស្រុក​ ខណ្ឌ​ ហើយ​ស្ថាប័ន​នានា​ ដែល​មានការ​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​នៅក្នុង​ស្រុក​ ខណ្ឌ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​រដ្ឋបាល​សុរិយោដី​ថ្នាក់​ស្រុក​ ខណ្ឌ​ ត្រូវ​ចូលរួម​ក្នុង​ក្រុមការងារ​នេះ​។

យ៉ាងណាក៏ដោយ​ ដំណើរការ​នេះ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ឯកជន​ឡើយ​។ ព័ត៌មាន​អំពី​ឯកជន​កាន់កាប់​ដី​ដែល​សន្មត់​ថា​ជា​ដី​រដ្ឋ​ នឹង​ត្រូវា​នប្រ​មូល​ទុក​។ ប៉ុន្តែ​ក្នុងរយៈពេល​ដំណើរការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ និង​ធ្វើ​ផែនទីដី​រដ្ឋ​ សិទ្ធិ​កាន់កាប់​នេះ​មិន​ត្រូវ​បានសម្រេច​ថា​ស្របច្បាប់​ ឬមិន​ស្របច្បាប់​ ឬមិន​ស្របច្បាប់​ឡើយ​។ ការសម្រេច​នឹង​ត្រូវ​បាន​ធ្វើ​នៅពេល​ធ្វើការ​ចុះបញ្ជី​៕