គេហទំព័រ​ Propertyarea.asia​ ចាប់ផ្តើម​ផ្សព្វផ្សាយ​ឯកសារ​ច្បាប់​ គោលនយោបាយ​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ររបស់​ក្រសួង​រៀបចំ​ដែនដី​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ដោយ​ទទួល​បានការ​គាំទ្រ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គេហទំព័រ​ Propertyarea.asia​ បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​ច្បាប់​ គោលនយោបាយ​នានា​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សាធារណៈ​ជន​ ក៏ដូចជា​អ្នក​វិនិយោគ​នានា​បាន​សិក្សា​ស្វែងយល់​។

តាមរយៈ​ការ​គាំទ្រ​នេះ​ គេហទំព័រ​ Propertyarea.asia​ បាន​បង្កើត​មាតិកា​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះ​ថា​ “ច្បាប់​” នៅ​លើ​បញ្ជី​រនៃ​ព័ត៌មាន​របស់​យើង​ ដែល​អ្នកអាន​ អាច​អាន​ និង​ទាញ​យក​ទៅ​ប្រើប្រាស់​សំរាប់​ធ្វើជា​ឯកសារ​ ឬប្រើប្រាស់​ដើម្បី​ពង្រីក​ការយល់​ដឹង​របស់​ខ្លួន​។

​យោង​តាម​ជំនួប​រវាង​លោក​លាង​ មុ​នី​រិទ្ឋ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​លោ​កយិន​ លាង​គង់​ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ កាលពី​ថ្ងៃទី១២​ កញ្ញា​កន្លងមក​ លោក​លាង​ មុ​នី​រិទ្ឋ​បាន​មាន​ប្រសា​ សន៍​កោតសរសើរ​ពី​ដំណើរការ​របស់​គេហទំព័រ​នេះ​ ដែល​ផ្តល់​ព័ត៌មាន​ប្រកបដោយ​ វិជ្ជាជីវៈ​ ពិត​ ឥត​លំអៀង​ និង​ប្រកបដោយ​ក្រមសីលធម៌​។

លោក​លាង​ មុ​នី​រិទ្ឋ​បាន​មានប្រសាសន៍​ថា​ ក្រសួង​មាន​គោលដៅ​ផ្សព្វផ្សាយ​ឲ្យ​សាធារណៈ​ជន​បាន​យល់​ពី​គោល​នយោបាយ​ និង​ច្បាប់​ បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បីឲ្យ​សាធារណៈ​ជន​បាន​យល់​ និង​បាន​ឯកភាព​តាម​ការ​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រុមការងារ​គេហទំព័រ​ Propertyarea.asia​ ដែល​ចង់​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​នានា​ របស់ក្រ​សួង​ ដើម្បី​ពង្រីក​ការយល់​ដឹង​ដល់​សាធារណៈ​ជន​ ឲ្យបាន​យល់​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាមរយៈ​ការ​គាំទ្រ​នេះ​ Propertyarea.asia​ នឹង​ផ្សព្វ​ផ្សាយ​ព៌​តមាន​ គោលនយោបាយ​របស់ក្រ​សួង​ និង​ច្បាប់​ពាក់​ព័ន្ឋនានា​ តាម​ការណែនាំ​ និង​ចង្អុលបង្ហាញ​ពី​មន្រ្តី​ជាន់ខ្ពស់​ និង​មន្រ្តី​ជំនាញ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

លោ​កយិន​ លាង​គង់​ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​លោក​លាង​ មុ​នី​រិទ្ឋ​ដែល​បានផ្តល់​ការ​អនុញ្ញាត្ត​ និង​គាំទ្រ​ដល់​គេហទំព័រ​នេះ​ ដែល​កន្លងមក​បាន​ចូលរួម​ផ្សព្វ​ផ្សាយ​ព៌​តមាន​នានា​ទាក់​ ទង​នឹង​ក្រសួង​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​ការយល់​ដឹង​ដល់​សាធារណៈ​ជន​បាន​ដឹង​ពីព៌​តមាន​នានា​ ដែល​ជាព៌​តមាន​ដ៏​មាន​សារៈ​សំ​ ខា​ ន់​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​ ក៏ដូចជា​ ការងារ​ពាក់​ព័ន្ឋនឹង​លិខិតស្នាម​នានា​។

លោក​បន្ត​ថា​ “ដោយសារ​ការ​ផ្សព្វ​ផ្សាយ​ព៌​តមាន​ប្រកបដោយ​វិជ្ជាជីវៈ​ និង​គោរព​នូវ​ក្រម​សីល​ធ៌ម​ជា​ស្នូល​ គេហទំព័រ​Propertyarea.asia​ បាន​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នកអាន​ ដោយ​មួយថ្ងៃ​ចំនួន​អ្នកអាន​គេហទំព័រ​របស់​យើងខ្ញុំ​ មាន​ចំនួន​អ្នក​អាច​ចន្លោះ ១៥​,០០០​ ទៅ ២៨​,០០០នាក់​ជាប្រចាំ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រុមការងារ​គេហទំព័រ​បាន​និង​កំពុង​ពង្រីក​ការ​ផ្សព្វផ្សាយ​ ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ចំនួន៧ទៀត​ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ផ្សព្វផ្សាយ​របស់​យើង​”។

បណ្តាញ​ទំនាក់ទំនង​សង្គម​ចំនួន៦ដែល​បាន​ និង​កំពុង​ពង្រីក​ការ​ផ្សព្វផ្សាយ​រួមមាន ​Line​, Telegram​, Twitter​, Instagram​, Linkedin​, youtube​, ពិសេស​facebook​ Page​៕

សម្តេច​តេជោ​ជំរុញ​ឱ្យ​ប៉ាគីស្ថាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​

ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ បង្កើន​ និង​ពង្រឹង​កិ​ច្ច​សប្រ​តិប​ត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​អោយ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Qasim​ Khan​ Suri​ អនុប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​នា​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ កម្ពុជា​និង​ប៉ាគីស្ថាន​ មាន​ទំនាក់ទំនង​នឹងគ្នា​ជាយូរមកហើយ​ ពិសេស​ប៉ាគីស្ថាន​បាន​ទទួលស្គាល់​ឯករាជ្យ​កម្ពុជា​តាំងពី​ឆ្នាំ១៩៥២​ ពោល​គឺ​មុន​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ទៅទៀត​។

សម្តេច​តេជោ​ ចង់​ឲ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ពិសេស​គឺ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​វិស័យ​សេដ្ឋកិច្ច​ វិនិយោគ​ជាដើម​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ដូច្នេះ​សម្តេច​តេជោ​ ចង់​ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​អោយ​មានការ​កើនឡើង​ថែមទៀត​។

លោក​ Qasim​ Khan​ Suri​ អនុប្រធាន​ប៉ាគីស្ថាន​ បានឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​ទាំងពីរ​ គឺ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យូរលង់​មក​ហើយ​ ដែល​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត​។ ក្រៅពី​នេះ​ក៏​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ក្របខណ្ឌ​តំបន់​ ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​។

លោក​ក៏បាន​កោតសរសើរ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ការ​រីក​ចំរើន​ដ៏​ធំធេង​នៅ​កម្ពុជា​ ជាមួយ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​។ ហើយ​អ្វី​ដែល​ លោក​ ចង់បាន​គឺ​បង្កើន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក​ នៅក្នុង​ក្របខណ្ឌ​សភា​ និង​សភា​ និង​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ទៅវិញទៅមក​ផង​ដែរ​៕

សមាគម​ចុងភៅ​ពិភពលោក​ ចង់​ធ្វើ​កម្មវិធី​ទេសចរណ៍​ម្ហូបអាហារ​នៅមុខ​ប្រាសាទ​អង្គរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​មក​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ សមាគម​ចុងភៅ​ពិភពលោក​ និង​សមាគម​ចុងភៅ​កម្ពុជា​ បាន​បង្ហាញ​គម្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​ដ៏​ធំ​មួយ​នៅមុខ​ប្រាសាទអង្គរវត្ត​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​នាក់​ ឱ្យមក​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​។

សមាគម​ចុងភៅ​កម្ពុជា​ និង​សមាគម​ចុងភៅ​ពិភពលោក​ បាន​បង្ហាញ​ពី​បំណង​ចង់​រៀ​ចំ​ព្រឹត្តិ​កា​រណ៍ម្ហូវ​អាហារ​ប្រចាំឆ្នាំ​ នៅមុខ​ប្រាសាទអង្គរវត្ត​ នៅ​កំឡុង​ខែមេសា​ ឆ្នាំ២០២០​ ខាងមុខ​ ដោយ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ក៏​មាន​រៀបចំ​ជាសកម្ម​ភាព​សប្បុរសធម៌​ភ្ជាប់​ជាមួយ​សកម្មភាព​ទេសចរណ៍​ ពោល​គឺ​ដើម្បី​រៃអង្គាស​ថវិកា​យក​ទៅ​ជួយ​កុមារ​កំព្រា​ ជនរងគ្រោះ​ និង​ការងារ​មនុស្សធម៌​នានា​ ដែល​បាន​ពី​ការចូលរួម​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ជាច្រើន​នាក់​។

នៅក្នុង​កិច្ច​ជំនួប​សុំ​យោបល់​ និង​ពិភាក្សា​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ជាលើកដំបូង​កាលពី​ព្រឹក​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ តំណាង​សមាគម​ចុងភៅ​ពិភពលោក​បាន​បញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ថា​ ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ គឺ​ធ្លាប់​ត្រូវ​បាន​រៀបចំ​ប្រកបដោយ​ជោគជ័យ​ជាច្រើន​ដង​រួចមក​ហើយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​វៀតណាម​ ហើយ​ឆ្នាំក្រោយ​នេះ​ សមាគម​ ពិតជា​ពេញចិត្ត​ចំពោះ​គោលដៅ​ទេសចរ​អង្គរ​-សៀមរាប​ជា​ខ្លាំង​។

ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​ខាងលើ​នេះ​ គឺជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ទូទាំង​ពិភពលោក​ ហើយ​តាមរយៈ​ការចូលរួម​ជាមួយ​ព្រឹត្តិ​ការណ៍​នេះ​ ភ្ញៀវ​ទេសចរ​ក៏​នឹង​ចេញទៅ​ទស្សនា​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​របស់​កម្ពុជា​ផង​ដែរ​ ពិសេស​រមណីយដ្ឋាន​អង្គរ​ ក្រុង​សៀមរាប​ ក៏ដូចជា​តំបន់​ជុំវិញ​។

ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​សមាគម​ចុងភៅ​កម្ពុជា​ និង​សមាគម​ចុងភៅ​ពិភពលោក​ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោង​ ខុន​ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលបំណង​ និង​សំណើសុំ​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​នេះ​ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ការ​រៀ​ចំ​ព្រឹត្តិ​ការណ៍​នេះ​ទៅ​បាន​ គឺ​ត្រូវ​បាន​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​សុំ​ការ​ឯកភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ និង​រដ្ឋបាល​ខេត្តសៀមរាប​ជាមុន​សិន​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ទំនុក​ថា​ “ក្រសួងទេសចរណ៍​ នឹង​ដាក់​សំណើ​ជូន​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​ការអនុញ្ញាត​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ឡើង​ ព្រមទាំង​នឹង​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ រដ្ឋបាល​ខេត្តសៀមរាប​ និង​សមាគម​ទាំងពីរ​ជាបន្តបន្ទាប់​ទៀត​”។

ដើម្បី​ជំរុញ​ការងារ​នេះ​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ទេសចរណ៍​ ត្រូវ​ធ្វើការងារ​ពាក់ព័ន្ធ​ជាមួយ​សមាគម​ទាំងពីរ​ខាងលើ​ឱ្យ​បាន​ជិតស្និទ្ធ​ ដើម្បី​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ដ៏​ពិសេស​មួយ​ជូន​ភ្ញៀវ​ទេសចរ​ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ ទៅកាន់​ទេសចរ​អន្តរ​ជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ តាមរយៈ​ព្រឹត្តិ​ការណ៍​នេះ​៕

រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ជំរុញ​ឲ្យ​ចិន​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន​ទាំងអស់​ ជាពិសេស​ អ្នក​វិនិយោគ​មក​ពី​ខេត្ត​ហ៊ូ​ណាន​ ឱ្យ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា​ ជាពិសេស​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ ក្រុមហ៊ុន​ចិន​ មក​ពី​ខេត្ត​ហ៊ូ​ណាន​ កាលពី​ថ្ងៃទី​ ១៩​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​គម្រោង​ជាច្រើន​ដែល​ត្រូវ​វិនិយោគ​ដូចជា​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​កំពង់ផែ​ ផ្លូវ​តាម​តំបន់​ព្រំដែន​ គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ភ្នំពេញ​-បាវិត​ ភ្នំពេញ​-សៀមរាប​ និង​សិរីសោភ័ណ​-សៀមរាប​ គម្រោង​តភ្ជាប់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញថ្មី​ គម្រោង​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​(MRT​) ក្នុង​រាជធានី​ភ្នំពេញ​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ ឃ្លាំង​ ចំណត​កុងតឺន័រ​ និង​ផែស្ងួត​ គម្រោង​សាងសង់​កំពង់ផែ​ទឹកសាប​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ និង​ទន្លេសាប​ គម្រោង​សាងសង់​ប្រព័ន្ធ​ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ក្រុង​ធំៗ​ និង​ខេត្ត​ជាប់​សមុទ្រ​ផង​ដែរ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ កម្ពុជា​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែល​ជាទី​តាំង​យុទ្ធ​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ធ្វើជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ និង​ការ​តភ្ជាប់​តំបន់​ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ រួម​ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​ជាច្រើន​ប្រកបដោយ​ភាព​ឧស្សាហ៍​ព្យាយាម​ និង​ស្វាហាប់​ រួម​ទាំង​មានច្បាប់​វិនិយោគ​មួយ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) ជា​ភ្នាក់ងារ​វិនិយោគ​នៃ​ច្រកចេញ​-ចូល​តែមួយ​សម្រាប់​ការ​វិនិយោគ​ រួម​ទាំង​មានការ​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត​។លោក​រដ្ឋមន្ត្រី​ សង្ឃឹម​ជឿជាក់​ថា​ ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ រវាង​កម្ពុជា​ និង​ចិន​ នឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន​ ពិចារណា​នូវ​កាលានុវត្ត​ភាពជា​ច្រើន​សម្រាប់​ការ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ហើយ​តាមរយៈ​ព្រឹត្តិ​ការណ៍​នា​ថ្ងៃនេះ​ ទំនាក់ទំនង​រវាង​ខេត្ត​ហ៊ូ​ណាន​ និង​កម្ពុជា​ នឹង​កាន់តែ​ភាពល្អ​ប្រសើរ​ឡើង​ថែមទៀត​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នកសម្របសម្រួល​ ដល់​វិស័យ​ ឯកជន​ ជាពិសេស​ អ្នក​វិនិយោគ​ដែល​មក​ពី​ខេត្ត​ហ៊ូ​ណាន​ ដើម្បី​ចាប់ផ្តើម​ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ​ ២០១៥​-២០២៥​ ដែល​ត្រូវការ​ទុន​វិនិយោគ​ជាច្រើន​សម្រាប់​ អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​ ដែល​ត្រូវការ​ជាចាំបាច់​នូវ​ការចូលរួម​ពី​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ វិស័យ​ឧស្សាហកម្ម​កែច្នៃ​ វិស័យ​ផលិតកម្ម​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ និង​ការកែច្នៃ​ម្ហូបអាហារ​ វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​៕

គម្រោង​ Crystalville​ Ream​ Beach​ តម្លៃ​ប្រមាណ​ ១០០០លាន​ដុល្លារ​ត្រៀម​បង្ហាញខ្លួន​ក្នុង​ពេល​ខាងមុខនេះ​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ តំបន់ឆ្នេរ​រាម​ នៃ​ខេត្ត​ព្រះសីហនុ​កំពុង​បង្ហាញ​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ ដោយ​គំរោង​វិនិយោគ​ថ្មី​មួយ​ Crystalville​ Ream​ Beach​ ដែល​មាន​ទុន​វិនិយោគ១០០០លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​នា​ពេល​ខាងមុខនេះ​។

គំរោង​ដ៏​ធំ​នេះ​ ជា​ទស្សនទាន​នៃ​ការអភិវឌ្ឍន៍​ចម្រុះ​ ដែល​រួមមាន​សំណង់​លំនៅ​ដ្ឋាន​ប្រភេទ​វីឡា​កម្រិត​អភិជន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ និង​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ នឹង​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ ក្រោម​ការ​វិនិយោគ​រួមគ្នា​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​យក្ស​ដ៏​ធំ​មក​ពី​សឹង្ហ​បូរី​។

នាយិកា​គ្រប់គ្រង​ផ្នែក​លក់​គម្រោង​វីឡា​បែប​លំ​ហែរ​កាយ​ និង​ប្រណីតភាព​លើកដំបូង​នៅ​តំបន់ឆ្នេរ​សមុទ្រ​រាម​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ Crystalville​ Ream​ Beach​ កញ្ញា​ លីម​ សុខា​ដា​វី​នបា​នប​ង្ហើប​ប្រាប់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២០​ វិច្ឆិកា​នេះ​ថា​ គម្រោង​សាងសង់​លំនៅ​ដ្ឋាន​ប្រភេទ​ជា​វីឡា​បែប​លំ​ហែរ​ និង​កម្សាន្ត​កម្រិត​អភិជន​នេះ​ គឺជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​FURI​ Corporation​ និង​ក្រុមហ៊ុន​វិនិយោគ​អចន​ទ្រព្យ​ដ៏​ធំ​មក​ពី​សាំងហ្គាពួរ​ គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​Crystalville​ Ream​ Beach​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “គម្រោង​លំនៅ​ដ្ឋាន​ប្រភេទ​វីឡា​លំ​ហែរ​កាយ​នេះ​ នឹង​ចាប់​ ផ្តើម​បើក​លក់​នៅ​ត្រឹម​ខែមករា​ ឆ្នាំ២០២០ឆាប់​ៗខាង​មុន​នេះ​ ដែល​មានត្រឹមតែ១០០ខ្នង​តែប៉ុណ្ណោះ​”។កញ្ញា​បន្ត​ថា​ “គំរោង​ដ៏​ប្រណីត​នេះ​មាន​អាង​ហែល​ទឹ​កគ្រី​ស្តា​ល (Crystal​ Swimming​ Pool​) ដែល​មាន​ទំហំ​រហូតដល់៦ហិ​កតា​នៅ​ចំ​កណ្តាល​ ដែល​ជា​ភាព​ទាក់ទាញ​ពី​បណ្តា​មនុស្ស​នានា​ចម្រុះ​ជាតិសាសន៍​ជាច្រើន​”។

កញ្ញា​បន្ត​ទៀត​ថា​ វីឡា​ទាំងអស់​នេះ​ មាន​លក្ខណៈ​ខុសប្លែក​ពី​គម្រោង​ទូទៅ​ ដោយសារតែ​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត​ បង្កើត​សោភ័ណភាព​ស្រស់​ស្អាត​ និង​ប្រណីតភាព​ ស័ក្ដិសម​ទៅ​នឹង​ប្រភេទ​វីឡា​ស្នាក់នៅ​បែប​លំ​ហែរ​កាយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ជិត​ឧទ្យានជាតិ​រាម​ ខេត្ត​ព្រះសីហនុ​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​រឹតតែ​អស្ចារ្យ​ និង​ជា​ភាព​ទាក់ទាញ​នៅក្នុង​គម្រោង​មួយ​នេះ​ ក្រៅតែ​ពី​ជា​វីឡា​សម្រាប់​ស្នាក់នៅ​លំ​ហែរ​កាយ​ គឺ​នៅ​មាន​ភាព​អស្ចារ្យ​ជាច្រើន​ទៀត​ ក្រោម​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​មក​ពី​សាំងហ្គាពួរ​ ដោយ​គ្រប់​វីឡា​ទាំងអស់​សុទ្ធតែ​មាន​អាង​ហែក​ទឹក​នៅ​ពីមុខ​ ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជនជាតិ​ចិន​ មាន​កន្លែង​អង្គុយ​សម្រាក​លេង​ ឬដេក​ហាល​កំ​ដៅ​ថ្ងៃ​នា​តំបន់​សមុទ្រ​ មាន​តំបន់​ម្លប់ឈើ​បៃតង​នៅ​ព័ទ្ធជុំវិញ​ ហើយ​នៅ​លើដំបូល​ក៏​មាន​កន្លែង​អង្គុយលេង​ ឬទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ផង​ដែរ​។

នៅក្នុង​គម្រោង​ Crystalville​ Ream​ Beach​ ត្រូវ​បាន​រៀបចំ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​តំបន់ឆ្នេរ​សមុទ្រ​រាម​ ខេត្ត​ព្រះសីហនុ​ ទំហំ​សរុប​ប្រមាណ៤៣​ ហិ​កតា​ ដោយ​ត្រូវ​បាន​ចែកចេញជា​ ៣ដំណាក់កាល​ក្នុង​ការសាងសង់​។ ដំណាក់កាល​ទី១​ ក្រុមហ៊ុន​នឹង​សាងសង់​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ចំនួន១០០ខ្នង​ (មាន៣ប្រភេទ​ វីឡា​លំ​ហែរ​កាយ​, វីឡា​ឆ្នេរខ្សាច់​ និង​វីឡា​កោងកាង​) ចំណាយពេល​ត្រឹម២ឆ្នាំ​ ហើយ​ដំណាក់​ទី២​ នឹង​ចាប់​ដំណើរការ​សាងសង់​អាង​ហែល​ទឹ​កគ្រី​ស្ទាល់​ (Crystal​ Swimming​ Pool​) ដែល​មាន​ទំហំ​រហូតដល់៦ហិ​កតា​ ក្រោម​ជំនាញ​របស់​ក្រុមហ៊ុន​មក​ពី​សាំងហ្គាពួរ​ ហើយក៏​ជា​លក្ខណៈ​ពិសេស​ដែល​ស្ថិតនៅ​ចំ​កណ្តាល​គម្រោង​ Crystalville​ Ream​ Beach​ ផង​ដែរ​។

ដោយឡែក​ដំណាក់​ទី៣​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​សំណង់​អគា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​រួមមាន​ ខុន​ដូ​ អា​ផា​តមិន​ សណ្ឋាគារ​កម្រិត​ផ្កាយ៥​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​ ដែល​ផ្តោត​សំខាន់​ទៅ​សេវា​ចំណីអាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​គម្រោង​ផង​ដែរ​៕

ប្រទេស​បា​បា​ដុស​-កម្ពុជា​បង្កើត​ទំនាក់ទំនង​ការទូត​ ដើម្បី​ពង្រីក​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​បា​បា​ដុស​ និង​រាជ​រដ្ឋា​បាល​ភិបាល​កម្ពុជា​ បាន​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ការទូត​ ក្នុង​គោលបំណង​ជំរុញ​ការយោគយល់​គ្នា​ទៅវិញទៅមក​ និង​ពង្រីក​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រជាជន​ទាំងពីរ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ ការបង្កើត​ទំនាក់ទំនង​ការទូត​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​ នៃ​ប្រទេស​ទាំងពីរ​កាលពី​ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ដោយ​ឈរ​លើ​គោលការណ៍​ និង​គោលបំណង​នៃ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​និង​ច្បាប់អន្តរជាតិ​ ជាពិសេស​ក្នុង​គោលបំណង​គោរព​ និង​ពង្រឹង​សន្តិសុខ​ និង​សន្តិភាព​អន្តរជាតិ​ សមភាព​រវាង​រដ្ឋ​ និង​រដ្ឋ​អធិបតេយ្យ​ភាពជា​តិ​ ឯករាជ្យ​ភាព​ សន្ធិសញ្ញា​អន្តរជាតិ​ បូរណភាពទឹកដី​ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទះ​ក្នុង​រវាង​រដ្ឋ​ និង​រដ្ឋ​។

បានសម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ថ្នាក់​ឯកអគ្គ​រាជទូត​ និង​រដ្ឋទូត​ ដោយ​អនុលោម​តាម​បទបញ្ញត្តិ​នៃ​អនុសញ្ញា​ទីក្រុង​វី​យ៉ែន​ស្តី​ពី​ ទំនាក់ទំនង​ការទូត​ចុះ​ថ្ងៃទី១៨​ ខែមេសា​ឆ្នាំ១៩៦១​ ដោយមាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​តទៅ​។

ជា​សក្ខីភាព​ តំណាង​ហត្ថលេខី​ទាំងពីរ​ ដោយមាន​ការអនុញ្ញាត​ពី​រាជ​/រដ្ឋ​បា​ភិ​បាល​រៀង​ៗខ្លួន​ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ ជា​ពីរ​ច្បាប់ដើម​ ជា​ភាសាអង់គ្លេស​ និង​ភាសាខ្មែរ​ ដែល​អត្ថ​បទាំង​ពីរ​នេះ​មានតម្លៃ​ស្មើគ្នា​។

ប្រទេស​ Barbados​ គឺជា​កោះ​អធិបតេយ្យ​មួយ​នៅក្នុង​តំបន់​ Lesser​ Antilles​ ដែល​មានផ្ទៃ​ដី​ត្រឹមតែ៤៣១គីឡូម៉ែត្រ​ក្រឡា​ (១៦៦​ ម៉ែត្រការ៉េ​) ។ ប្រទេស​នេះ​ត្រូវ​បាន​អះអាង​ជា​ប្រទេស​អេស្ប៉ាញ​នៅ​ចុង​សតវត្សរ៍​ទី១៥​ មុន​ពេល​ត្រូវ​បាន​កាន់កាប់​ដោយ​អង់គ្លេ​សនៅ​ដើម​សតវត្សរ៍​ទី១៧​ ។ ប្រទេស​ Barbados​ គឺជា​អាណានិគម​អង់គ្លេស​រហូតដល់​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ១៩៦៦​។

នៅ​ឆ្នាំ២០១៩​ ប្រជាជន​នៅក្នុង​ប្រទេស​ Barbados​ នេះ​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន២៨៧.០២៥នាក់​ ដែល​មាន​ដង់ស៊ីតេ៦៦០នាក់​ ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​ (១.៧០៤​/ ម៉ែត្រការ៉េ​)នៅក្នុង​ជំរឿន​ឆ្នាំ​ ២០១០​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​លំដាប់​ទី១៨៣​ នៅ​លើ​ពិភពលោក​ និង​មាន​ផលិត​ផក្នុង​ស្រុក​សរុប​ (GDP​) ៤.៧៩៧​ ពាន់​លាន​ដុល្លារ​អាមេរិក​។

ទីក្រុង​ធំ​បំផុត​នៃ​ប្រទេស ​Barbados​ គឺ​ Bridgetown​ ដែល​មាន​ប្រជាជន​ ១១០​,០០០​ នាក់​ និង​ដង់ស៊ីតេ៧​,៣០០​ នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​៕

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជំរុញ​ក្រុមហ៊ុន​អាស៊ី​ និង​អ្នក​វិនិយោគ​នានា​ឱ្យ​ងាក​ទៅ​រក​ចិន​

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជំរុញ​ក្រុមហ៊ុន​អាស៊ី​ និង​អ្នក​វិនិយោគ​នានា​ឱ្យ​ងាក​ទៅ​រក​ចិន​
សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជំរុញ​ក្រុមហ៊ុន​អាស៊ី​ និង​អ្នក​វិនិយោគ​នានា​ឱ្យ​ងាក​ទៅ​រក​ចិន​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ជំរុញ​ក្រុម​ហ៊ុន​ធំៗ​នៅ​អាស៊ី​ឱ្យធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​វិនិយោគ​របស់​ពួកគេ​ឱ្យ​ឆ្ងាយ​ពី​ការពឹងផ្អែក​តែ​លើ​ការ​ផ្លាស់​ប្តូរ​អាមេរិក​ ខណៈ​រដ្ឋាភិបាល​អាមេរិក​គំរាម​ដំឡើង​ពន្ធ​លើ​ការនាំចូល​របស់​ចិន​ម្តង​ទៀត​។

ក្រុមហ៊ុន​ធំជាង​គេ​នៅ​អាស៊ី​គឺ​ក្រុមហ៊ុន​ Alibaba​ Group​ បាន​រៃអង្គាស​ប្រាក់​បាន​ជិត​ ១៣​ពាន់​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ​នៅ​លើ​ផ្សារហ៊ុន​ហុងកុង​។ ការ​លក់​ភាគហ៊ុន​ហុងកុង​ដែល​កើតឡើង​គឺជា​ការចុះបញ្ជី​ទីពីរ​ បន្ទាប់​ការចុះបញ្ជី​ផ្សារហ៊ុន​នៅ​ទីក្រុង​ញូ​វយ៉​ក។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ក្រុម​ហ៊ុន​ធំៗ​ កំពុង​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ធនធាន​ និង​ការ​វិនិយោគ​ ក្រៅពី​អាមេរិក​ ខណៈ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ប្រធានាធិបតី​ Donald​ Trump​ នៅតែ​បន្ត​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​តំបន់​អាស៊ី​ និង​ការរៀបចំ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ពិភពលោក​ឡើងវិញ​។

ការ​អត្ថា​ធិប្បាយ​មួយ​ពី​កាសែត​ Global​ Times​ ដែល​គ្រប់គ្រង​ចិន​ បាន​បញ្ជាក់​ថា​ “ដូច្នេះតើ​ក្រុមហ៊ុន​ Alibaba​ នឹង​ចាកចេញ​ពី​សហរដ្ឋអាមេរិក​ឬ? ចម្លើយ​គឺ​ទេ​។ អាមេរិក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​លើ​ពិភពលោក​ ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​”។

ការ​អត្ថា​ធិប្បាយ​នេះ​ បាន​បន្ថែម​ថា​ “ប៉ុន្តែ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​នេះ​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន​របស់​ខ្លួន​ ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​អាមេរិក​។ គេ​រំពឹង​ថា​ ក្រុមហ៊ុន​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ហិរញ្ញវត្ថុ​ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត​”។

លើស​ពីនេះ​ ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​បង្ហាញ​ទិន្នន័យ​បង្ហាញថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) បាន​កើនឡើង​ ៦,៦​ ភាគរយ​ដល់​ ១០៧​ពាន់​លាន​ដុល្លារ​គិត​មកទល់​ពេលនេះ​នៅ​ឆ្នាំនេះ​ ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កើនឡើង​យ៉ាង​ខ្លាំង​។ ក្រុមហ៊ុន​បរទេស​បាន​ចាប់ដៃ​គូ​ជាមួយ​ចិន​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ​។

ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បរទេស​បាន​ចូលរួម​ចំណែក​ជិត​ ២៥​ភាគរយ​នៃ​ទិន្នផល​ឧស្សាហកម្ម​ និង​មាន​ចំនួន​ ៥០​ភាគរយ​នៃ​ពាណិជ្ជកម្ម​បរទេស​ទាំងអស់​។

ចាប់ពី​ខែ​ មករា​ ដល់​ខែ​ តុលា​ ឆ្នាំនេះ​ ប្រទេស​ និង​តំបន់​កំពូល​ទាំង​ ១០​ ដែល​មានការ​វិនិយោគ​នៅ​ចិន​មាន​ដូចជា​ហុងកុង​ សឹង្ហ​បូរី​ តៃវ៉ាន់​ កូរ៉េ​ខាងត្បូង​ អង់គ្លេស​ ជប៉ុន​ អា​ឡឺម៉​ង់​ ហូល្លង់​ និង​ម៉ាកាវ​ដែល​ស្មើនឹង​ ៩៥​ភាគរយ​នៃ​ការប្រើ​ប្រាស់​ជាក់ស្តែង​នៃ​ការ​វិនិយោគ​បរទេស​សរុប​នៅក្នុង​ប្រទេស​។

អ្នកវិភាគ​ទីផ្សារ​ជឿជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដំណាក់កាល​ទី​ ១ ប៉ុន្តែ​លោក​ Trump​ នៅតែ​បន្ត​គំរាមកំហែង​ដល់​ចិន​ជាមួយនឹង​ការដំឡើង​ពន្ធគយ​ខ្ពស់​។

លោក​ Trump​ បាន​និយាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ អង្គារ​ ថា​ “ប្រសិនបើ​យើង​មិន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ទេ​ ខ្ញុំ​នឹង​ដំឡើង​ពន្ធ​ខ្ពស់​ជាង​នេះ​”៕

ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​

ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​
ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​

ដោយ​ ប៊ី​

ភ្នំពេញ​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ឱកាស​នានា​ដែល​អាច​រកបាន​នៅ​លើ​ទីផ្សារ​ពិភពលោក​ នា​ពេល​អនាគត​ភាព​។ របាយការណ៍​របស់​ធនាគា​ពិភពលោក​ក្រោម​ចំណងជើង​ថា​ អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា​៖ តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ​។

លោកស្រី​ អ៊ិ​នហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ មានប្រសាសន៍​ថា​ “ភាព​ចម្រុះ​ និង​គុណភាព​នៃ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង​ជា​បណ្តើរ​ៗហើយ​”។

លោកស្រី​ បាន​បន្ថែម​ថា​ “ប៉ុន្តែ​និន្នាការ​សកល​ មាន​ដូចជា​ការ​កើនឡើង​នូវ​ចំនួន​របស់​វណ្ណៈ​កណ្តាល​ក្នុង​តំបន់​អាស៊ី​ បម្រែបម្រួល​លំនាំ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ តម្រូវ​ឱ្យ​កម្ពុជា​គិតគូរ​ឡើងវិញ​អំពី​យុទ្ធសាស្ត្រ​ការងារ​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ឈាន​ឆ្ពោះទៅ​កាន់​ដំណាក់កាល​មួយទៀត​នៃ​ការ​អភិវឌ្ឍ​ផ្អែកលើ​ការនាំចេញ​”។

របាយការណ៍​នេះ​ស្នើ​ជូន​អនុសាសន៍​បែប​យុទ្ធ​សាស្រ្ត៤ ដើម្បី​ធានា​សម្រាប់​ឲ្យ​មានការ​ងារ​ច្រើន​និង​ប្រសើរ​នា​ពេល​អនាគត​៖ ធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​ឲ្យ​ចូលក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​ បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុង​ស្រុក​ដែល​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ពង្រឹង​ការ​តភ្ជាប់​រវាង​វិស័យ​ការងារ​ក្នុង​ស្រុក​និង​ការនាំចេញ​នៃ​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​លើ​ជំនាញ​និង​ការអប់រំ​នៃ​កម្មករ​។

របាយការណ៍​បាន​លើកឡើង​ជាគោល​នយោបាយ​ជាក់លាក់​ពាក់ព័ន្ធ​ការងារ​ចំនួន​ ៧ ដែល​អាច​ជួយ​សម្រេច​បាន​យុទ្ធ​សាស្រ្ត​នេះ​៖ ទី១​ ធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។ បច្ចុប្បន្ន​នេះ​ ការងារ​ភា​គច្រើន​ៗតែ​ស្ថិតនៅ​ក្នុង​ផ្នែក​ណា​ដែល​មានតម្លៃ​ទាប​នៃ​ខ្សែ​ចង្វាក់​តម្លៃ​សកល​ (global​ value​ chains​)។

ការ​កែសម្រួល​ដំណើរការ​ឱ្យ​សាមញ្ញ​ ការ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ប្រទេស​ និង​ការបង្កើត​សេវា​ត្រួតពិនិត្យ​ធានា​គុណភាព​ នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​នាំចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​ ឬទៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។

ទី២​ សម្រួល​ដំណើរការ​នីតិវិធី​ឱ្យ​រលូន​ ​និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ការបង្កើត​និង​ការពង្រីក​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ដែល​មាន​សក្តា​នុ​ពល​ច្រើន​គួរសម​នៅក្នុង​ការបង្កើត​ការងារ​។ គោលនយោបាយ​ទាំងនេះ​ រួម​ទាំង​ការកាត់បន្ថយ​ការ​ចំណាយ​លើ​ធុរកិច្ច​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ការ​បង្កើន​ការចូលរួម​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​កម្មករ​ ការ​បង្កើន​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ជំនួយ​និង​ការ​លើកទឹកចិត្ត​សារពើពន្ធ​ និង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​កម្មករ​។

ទី​ ៣. ជួយ​ដល់​អាជីវកម្ម​តាម​គ្រួសារ​ឱ្យ​ពង្រីក​ផលិតភាព​របស់​ខ្លួន​ និង​បង្កើត​ការងារ​កាន់តែ​ល្អ​ឡើង​។ អាជីវកម្ម​តាម​គ្រួសារ​ ផ្តល់​ការងារ​មួយ​ក្នុងចំណោម​ការងារ​ប្រាំ​ ហើយ​គេ​រំពឹង​ថា​ចំណែក​ការងារ​ក្នុង​អាជីវកម្ម​តាម​គ្រួសារ​នេះ​នឹង​កើនឡើង​ថែមទៀត​ ជាមួយនឹង​ការ​រីកចម្រើន​របស់​ទីក្រុង​។

បច្ចេកវិទ្យា​ព័ត៌មាន​ ឧទាហរណ៍​ អាច​ជួយ​អាជីវកម្ម​តាម​ផ្ទះ​ឱ្យ​បង្កើន​គុណភាព​នៃ​ទម្លាប់​អនុវត្ត​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ធុរកិច្ច​របស់​ខ្លួន​ និង​សមត្ថភាព​រកបាន​ទីផ្សារ​កាន់តែ​ធំ​។ទី​ ៤. គាំទ្រ​ការ​អភិវឌ្ឍ​បណ្តាញ​តភ្ជាប់​រវាង​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ការនាំចេញ​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូលក្នុង​ស្រុក​ ឧទាហរណ៍​ ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ជនបរទេស​ណា​ដែល​ជាវ​ធាតុ​ចូល​ពី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្នុង​ស្រុក​យក​ទៅ​ប្រើប្រាស់​ ការបង្កើត​ជា​បញ្ជី​មួយ​ដែល​ភ្ជាប់​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​ជាមួយនឹង​សមត្ថភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បរទេស​ និង​ការបង្កើត​កម្មវិធី​អភិវឌ្ឍ​អ្នក​ផ្គត់ផ្គង​ក្នុង​ស្រុក​។

ទី​ ៥. កសាង​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ​មួយ​ដែល​នឹងអាច​ទាក់ទាញ​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មានតម្លៃ​កាន់តែ​ខ្ពស់​ និង​បង្កើន​ផលិតភាព​នៅ​តាម​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​។ កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ទទួល​បាន​កម្រិត​អប់រំ​ជាមធ្យម​បាន​ត្រឹមតែ ៦,៣ឆ្នាំ​ទេ​។

អ្នកធ្វើ​គោលនយោបាយ​គួរតែ​ផ្តោត​លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​សព្វថ្ងៃ​នេះ​ ដើម្បី​ជួយ​ពលករ​នៅ​ថ្ងៃស្អែក​(ថ្ងៃខាងមុខ​) ឱ្យ​ទទួល​បាន​ជំនាញ​ច្រើនមុខ​ ដែល​ចាំបាច់​សម្រាប់​ធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ចំណេះដឹង​ខ្លាំង​ ហើយ​ធ្វើការ​ពាក់ព័ន្ធ​សហគ្រាស​នានា​ឱ្យ​ចូលរួម​ក្នុង​ការរចនា​រៀបចំ​ ផ្តល់​ហិរញ្ញប្បទាន​ និង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​បណ្តុះបណ្តាល​ ​បច្ចេកទេស​និង​វិជ្ជាជីវៈ​មួយ​ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​នា​បច្ចុប្បន្ន​នេះ​។

ទី៦​. លើកកម្ពស់​ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​និង​ការផ្គូផ្គង​ជំនាញ​ជាមួយ​ការងារ​ ​ឱ្យ​មាន​ប្រសិទ្ធ​ផល​ខ្ពស់​ ដោយ​បើក​ឱ្យ​មាន​បណ្តាញ​ផ្លូវការ​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ជា​អន្តរជាតិ​ និង​រៀបចំ​កម្មវិធី​គាំទ្រ​នានា​ដែល​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ចំណាកស្រុក​ជា​លក្ខណៈ​វិល​ជុំ​ និង​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដល់​និស្សិត​ អ្នក​ស្វែងរក​ការងារ​ វិទ្យាស្ថាន​អប់រំ​និង​បណ្តុះបណ្តាល​ និង​និយោជក​ ដើម្បី​ឱ្យ​ជម្រើស​ក្នុង​ការ​ភិ​វឌ្ឍ​ជំនាញ​អាច​សម្រប​ខ្លួន​ស៊ីគ្នា​ជាមួយនឹង​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​មានការ​វិវត្ត​ប្រែប្រួល​។

ទី៧​. យក​មកវិញ​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​អត្រា​ប្តូរ​ប្រាក់​មួយ​ដែល​មាន​ភាព​បត់បែន​។ ដំណើរ​ឡើងចុះ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម​និង​ទំនិញ​របស់​កម្ពុជា​ ដែល​ទទួលខុសត្រូវ​លើ​ការបង្កើត​ការងារ​ភាគច្រើន​របស់​ប្រទេស​។

នៅពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​នាំចេញ​ទៅកាន់​ប្រទេស​នានា​កាន់តែ​ច្រើន​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​សារពើពន្ធ​ នឹង​ជួយការ​ពារ​ការងារ​ដែល​មានស្រាប់​ពីក​ត្តា​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិក​៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​កែ​លម្អ​មហាវិថី​ម៉ៅសេទុង​ឱ្យ​មានផ្លូវ​ថ្មើរជើង​ឆាប់ៗខាងមុខនេះ

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ អភិបាល​រាជធានី​ភ្នំពេញ​ នឹង​រៀប​ចចំ​គម្រោង​កែ​លម្អ​មហាវិថី​ម៉ៅសេទុង​ ឱ្យ​មានផ្លូវ​ថ្មើរជើង​តាម​បណ្ដោយ​មហាវិថី​ នា​ថ្ងៃ​អនាគត​ ខណៈ​ពេលនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​សិក្សា​លំអិត​។

លោក​ ម៉េ​ត មាស​ភក្តី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​សិក្សា​លើ​គម្រោង​កែ​លម្អ​ផ្លូវ​មួយ​នេះ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​ថ្មើ​ជើង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​បន្ត​ថា​ “នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​មាន​ផ្លូវ​ថ្មើ​ជើង​ច្រើនជាង​បច្ចុប្បន្ន​នេះ​ ​និង​ច្រើន​កន្លែង​ ហើយ​កន្លែង​នី​មួយ​ៗមាន​សោភណភាព​ស្អាត​ដូច​នៅក្នុង​គម្រោង​រចនា​ដែល​ជា​គំរូ​របស់​យើង​អញ្ចឹង​”។លោក​បន្ថែម​ទៀត​ថា​ “យើង​មិនទាន់​កំណត់ពេល​ណា​ថា​នឹង​ត្រូវ​ធ្វើ​នៅពេល​នោះ​ទេ​ ព្រោះ​យើង​ទើបនឹង​ចាប់ផ្តើម​សិក្សា​ បន្ទាប់ពី​សិក្សា​បញ្ចប់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជូនដំណឹង​បន្ត​ទៀត​”។

លោក​បន្ថែ​ទៀ​ថា​ ជា​ធម្មតា​ ក្រោយ​កិច្ច​ប្រជុំ​ម្តង​ៗ យើង​តែងតែ​ដកស្រង់​ខ្លឹម​សារ​ខាន់​ៗ ឬ សម្រង់​ដី​នានា​ យក​មក​ចុះផ្សាយ​​នៅក្នុង​ហ្វេ​សបុ​កផេ​ក ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​យក​ទៅចុះ​ផ្សាយ​បន្ត​ និង​ឱ្យ​ពលរដ្ឋ​បាន​ជ្រាប​ពី​គម្រោង​របស់​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ តែ​យើង​មិនបាន​កំណត់ពេលវេលា​ជាក់លាក់​ថា​ធ្វើ​នៅពេល​ណា​នោះ​ទេ​។

អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ គម្រោង​នេះ​ មិនមែន​ជា​គម្រោង​ទី​ ១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ទេ​ ព្រោះ​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ និង​ផ្លូវ​ព្រះ​នរោត្តម​ជាដើម​។

លោក​ម៉េ​ត មាស​ភក្តី​បញ្ជាក់​ទៀត​ថា​ បន្ថែម​ពីនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​សំ​ខាន់​ៗនានា​នៅក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​មាន​ផ្លូ​ថ្មើ​ជើង​ជាអាទិភាព​មុនគេ​ ហើយ​នៅពេល​បញ្ចប់​នូវ​ផ្លូវ​សំ​ខាន់​ៗ ទាំងនោះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ទៅ​រៀបចំ​គម្រោង​នៅ​តាម​បណ្តោយ​ផ្លូ​វតូចៗ​បន្ត​ទៀត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ២០១៩​ម្សិលមិញ​នេះ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​គម្រោង​សិក្សា​រៀបចំ​ និង​កែ​លម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​បងប្អូន​ជន​ពិការ​ មានផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​៕

Wikipedia​ បើក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រឆាំង​នឹង​ហ្វេ​សប៊ុ​កដោយ​គ្មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

Wikipedia​ បើក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រឆាំង​នឹង​ហ្វេ​សប៊ុ​កដោយ​គ្មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​
Wikipedia​ បើក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រឆាំង​នឹង​ហ្វេ​សប៊ុ​កដោយ​គ្មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ស្ថាបនិក​ Wikipedia​ លោក ​Jimmy​ Wales​ បាន​បង្កើត​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ប្រឆាំង​នឹង​ហ្វេ​សប៊ុ​ក ដែល​មានឈ្មោះ​ថា​ WT​: Social​ ដើម្បី​ប្រឆាំង​នឹង​មាតិកា​ ដែល​មានគុណ​ភាព​ទាប​ ដោយ​រុញច្រាន​ចេញ​ដោយ​Facebook​ និង​ Twitter​។

Wikipedia​ បើក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប្រឆាំង​នឹង​ហ្វេ​សប៊ុ​កដោយ​គ្មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ស្ថាបនិក​វិ​គី​ភី​ឌា​ បាន​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​ លើ​បណ្តាញ​សង្គម​យក្ស​ Facebook​ និង​ Twitter​ កំពុង​ធ្វើ​ចំពោះ​សង្គម​ ហើយ​ហេតុអ្វីបានជា​វា​ចាំបាច់​ ក្នុង​ការបង្កើត​វេទិកា​ជំនួស​ ដូចជា​ WT​: Social​ ដែល​លើកកម្ពស់​ការពិភាក្សា​ដោយ​ស្មោះត្រង់​ និង​ផ្តល់​នូវ​មាតិកា​ដែល​មានគុណ​ភាព​។

លោក​ Wales​ បាន​និយាយ​ថា​“ខ្ញុំ​បាន​សន្និដ្ឋាន​ថា​ បញ្ហា​ធំ​បំផុត​ដែល​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មានគុណ​ភាព​ទាប​ គឺ​វា​ត្រូវ​បាន​គេ​គាំទ្រ​ការផ្សាយ​ពាណិជ្ជកម្ម​សុទ្ធសាធ​ ហើយ​បណ្តាញ​សង្គម​ ដែល​ផ្តល់​ការចែកចាយ​ច្រើន​ ក៏​ត្រូវ​បាន​គាំទ្រ​ការផ្សាយ​ពាណិជ្ជកម្ម​សុទ្ធសាធ​ដែរ​”។ លោក​បន្ត​ថា​ Facebook​, Twitter​ និង​បណ្តាញ​សង្គម​ដទៃទៀត​រក​ប្រាក់ ចំណូល​បាន​ផ្អែកលើ​រយៈពេល​ ដែល​អ្នក​នៅ​លើ​គេហទំព័រ​របស់​ពួកគេ​មើ​ ល និង​ចុច​លើ​ការផ្សាយ​ពាណិជ្ជកម្ម​។ ការចូលរួម​ត្រូវ​បាន​ផ្តល់​អាទិភាព​លើ​គុណភាព​”។

លោក​ Wales​ បាន​បញ្ជាក់​ថា​ WT:Social​ នឹង​មាន​ភាព​ខុសគ្នា​ ព្រោះ​វា​នឹង​មិន​ត្រូវ​បាន​គាំទ្រ​ ដោយ​ប្រាក់ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម​ ហើយនឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​បរិច្ចាគ​ស្រដៀងនឹង​វិ​គី​ភី​ឌា​។

លោក​ Wales​ បាន​សរសេរ​ថា​ “ជំនួស​ឱ្យ​ការ​ដោះស្រាយ​របស់​យើង​ប្រសើរ​ ចំពោះ​អ្នក​ដែល​ញៀន​ និង​ធ្វើ​ឱ្យ​អ្នក​ចុច​ យើង​នឹង​រកលុយ​បាន​ ប្រសិនបើ​អ្នក​ជ្រើសរើស​គាំទ្រ​យើង​ដោយស្ម័គ្រចិត្ត​ ដែល​មានន័យថា​គោលដៅ​របស់​យើង​ មិនមែន​ជា​ការ​ចុច​ទេ​ ប៉ុន្តែ​ពិតជា​មាន​អត្ថន័យ​ចំពោះ​ជីវិត​របស់​អ្នក​”។

លោក​Wales​ បាន​និយាយ​ថា​ វេទិកា​នេះ​មាន​គោលបំណង​ឱ្យ​មាន​អ្នកប្រើ​ប្រាស់​ពី​ ៥០​ ទៅ៥០០លាន​នាក់​ចូលរួម​ក្នុង​បណ្តាញ​សង្គម​ ហើយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើ​ប្រាស់​ទាំងអស់​នឹង​ត្រូវ​បានការ​ពារ​។

គេហទំព័រ​នេះ​បាន​និយាយ​ថា​ “យើង​នឹង​មិន​លក់​ទិន្នន័យ​របស់​អ្នក​ឡើយ​។ វេទិកា​របស់​យើង​នៅ​រស់រាន​មានជីវិត​ ដោយ​សប្បុរសធម៌​របស់​អ្នកបរិច្ចាគ​ម្នា​ក់ៗ​ ដើម្បី​ធានា​ថា​ ភាព​ឯកជន​ត្រូវ​បានការ​ពារ​ ហើយ​ចន្លោះ​សង្គម​របស់​អ្នក​គ្មាន​ការផ្សាយ​ពាណិជ្ជកម្ម​”។

បណ្តាញ​សង្គម​ Twitter​ បានសម្រេច​ចិត្ត​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​ នយោ​ បាយ​នៅ​លើ​វេទិកា​របស់​ខ្លួន​នៅ​ឆ្នាំនេះ​ ដោយសារតែ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម​ខ្លួន​។

ការសម្រេច​របស់​វេទិកា​នេះ​ គឺ​ផ្ទុយ​ស្រឡះ​ពី​ការសម្រេច​ចិត្ត​របស់​ហ្វេ​សប៊ុ​ក ក្នុង​ការ​រក្សា​នូវ​សមត្ថភាព​សម្រាប់​អង្គការ​ ឬប្រជាជន​ ក្នុង​ការ​បង់ប្រាក់​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​ និង​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​។

ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា​ ប្រតិ​បតិ្តការ​របស់​រុស្ស៊ី​បាន​ប្រើប្រាស់​វេទិកា​នេះ​យ៉ាង​ទូលំទូលាយ​ នៅក្នុង​យុទ្ធនាការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​ពួកគេ​ ក្នុង​អំឡុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦​ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​។

លោក​ Mark​ Zuckerberg​ បាន​ចង្អុលបង្ហាញ​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ថា​ ការទប់ស្កាត់​ការ​ផ្សព្វផ្សាយ​នយោបាយ​ នឹង​រំលោភ​លើ​ការ​បញ្ចេញមតិ​ដោយសេរី​។

ផ្ទុយទៅវិញ​ លោក​ Wales​ បាន​និយាយ​ថា​ អ្នកប្រើ​ប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមថ្មី​របស់​លោក​ នឹង​លុបបំបាត់​តួអង្គ​អាក្រក់​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

វេទិកា​នេះ​បញ្ជាក់​ថា​ថា​ “WikiTribune​ ក្លាយជា​បណ្តាញ​សង្គម​សម្រាប់​មនុស្ស​ដូច​អ្នក​ដែល​នៅតែ​មាន​ជំនឿ​លើ​សេចក្តី​ពិត​។

យើង​នៅ​ទីនេះ​ ដើម្បី​បង្កើត​ការ​តភ្ជាប់​ល្អ​ប្រសើរ​ និង​អភិវឌ្ឍ​ការពិភាក្សា​ប្រកបដោយ​ផលិតភាព​ជុំ​វិញ​អ្វី​ៗ ដែល​កំពុង​កើតឡើង​នៅ​លើ​ពិភពលោក​ និង​មាន​សារៈសំខាន់​សម្រាប់​យើង​។ នៅពេល​បណ្តាញ​សង្គម​មានការ​រីកចម្រើន​ ពួកគេ​ក៏បាន​ពង្រីក​សំលេង​របស់​តួអង្គ​អាក្រក់​នៅ​ទូទាំង​ពិភពលោក​”៕