នៅសល់​តែ​ជាង​មួយ​សប្ដាហ៍​ទៀត​ ផ្សារ​ទំនើប​ដ៏​ធំ​នៅ​ក្រុង​ព្រះសីហនុ​ FURI​ TIMES​ SQUARE​ ចាប់​បើក​ដំណើរការ​ហើយ​

ដោយ ​រ៉ា​ណេត​

ក្រុង​ព្រះ​សី​ហនុ៖ គិត​ត្រឹម​ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៩នេះ​ នៅសល់​ត្រឹមតែ​ជាង​មួយ​សប្ដាហ៍​ទៀត​តែប៉ុណ្ណោះ​ ផ្សារ​ទំនើប​ដ៏​ធំ​ និង​ទាន់សម័យ​លើកដំបូង​គេ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI​ TIMES​ SQUARE​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ទទួលស្វាគមន៍​វត្តមាន​អតិថិជន​របស់​ខ្លួន​ហើយ​។

ជាមួយនឹង​ការ​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ថ្មី​ នៃ​ការ​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​គេ​បង្អស់​ ប្រចាំ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ប្រចាំ​ប្រទេស​កម្ពុជា​ FURI​ TIMES​ SQUARE​ នឹង​ធ្វើ​ឱ្យ​មហាជន​ ក៏ដូចជា​អតិថិជន​ទូទៅ​មាន​ភាព​ភ្ញាក់ផ្អើល​ និង​រំភើប​យ៉ាង​ខ្លាំង​ទៅ​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ នៃ​ការរចនា​ម៉ូដ​ផ្សារ​ទំនើប​ទាំងមូល​ រាប់ទាំង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ផង​ដែរ​។

នាយិកា​គ្រប់គ្រង​ទីផ្សារ​ និង​ការ​លក់​ ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ អ្នក​នាង​លីម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ម្សិល​ម៉ិញ​នេះ​ថា​ នៅ​ដំណាច់​ចុងខែ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​បើក​ជំហាន​ដំបូង​ ដែល​ស្រប​ទៅ​នឹង​ឱកាស​នៃ​ថ្ងៃឈប់​សម្រាក​ របស់​មន្ត្រី​រាជការ​ និង​សាធារណៈ​ជន​ទូទាំង​ប្រទេស​នៃ​ពិធី​បុ​ណ្យ​អ៊ុ​ទូក​ បណ្តែត​ប្រទីប​ អកអំបុក​ និង​សំពះព្រះខែ​ ដោយឡែក​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការណ៍​តែម្ដង​ គឺ​នៅ​ដំណាច់ឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ FURI​ TIMES​ SQUARE​ នឹង​ក្លាយទៅជា​ទីតាំង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផលិតផល​ និង​សម្ភារៈ​ប្រើប្រាស់​ចំរុះ​ ដែល​សុទ្ធតែ​មានគុណ​ភាព​ខ្ពស់​ មាន​ម៉ា​កល្បី​ៗនៅ​លើ​សាកល​ ក៏ដូចជា​ចំណីអាហារ​ចំរុះ​ជាតិសាសន៍​ផង​ដែរ​ ចូល​មក​បម្រើ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​តែម្ដង​”។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “ក្នុង​កិច្ច​ដំណើរការ​ជា​ជំហាន​ដំបូង​នៅ​អំឡុង​ចុងខែ​នេះ​ យើង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​នានា​ជាច្រើន​ ដែល​សហការ​ជួល​ទីតាំង​លក់​ផលិតផល​របស់​ខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​អស្ចារ្យ​មួយ​នេះ​ ដែល​គិត​ត្រឹម​ថ្ងៃទី១៩​ នេះ​យើង​សម្រេច​បាន​ជាង ៩០ភាគរយ​រួច​ទៅ​ហើយ​”។

ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​គម្រោង​ នៃ​ការ​ចាប់​បើក​ដំណើរការ​ជា​ជំហាន​ដំបូង​នៅពេល​នេះ​ កញ្ញា​ លីម​ សុខា​ដា​វីន​ ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ចាប់តាំងពី​ម៉ោង៩ព្រឹក​ រហូតដល់​ម៉ោង១១យប់​នៅ​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក្រៅតែ​ពី​ជាទី​កន្លែង​លក់ទំនិញ​ សម្ភារៈ​ប្រើប្រាស់​ គ្រឿង​បរិ​ក្ខា​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងសម្អាង​ ចំណីអាហារ​ ភេសជ្ជៈ​ និង​ម៉ូត​សម្លៀកបំពាក់​យ៉ាង​សប្បូ​របែ​បរា​ប់​រយ​ប្រភេទ​នោះ​ ថែមទាំង​មាន​រោងភាពយន្ត​នៅ​ជាន់​ខាងលើ​ ព្រមគ្នា​ជាមួយនឹង​ទីកន្លែង​ទទួលទាន​ភេសជ្ជៈ​កម្សាន្ត​ នា​ពេល​រាត្រី​ (Sky​ Bar​) ផង​ដែរ​ ដែល​វា​នឹង​ក្លាយជា​បទពិសោធន៍​ សម្រាប់​អ្នក​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ក៏ដូចជា​បណ្តា​អ្នកទេសចរ​ និង​អ្នកជំនួញ​ក្នុង​តំបន់​ផង​ដែរ​។

ផ្សារ​ទំនើប​ Furi​ Times​ Square​ ដែល​មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កម្សាន្ត​ចំនួន​សរុប៦​,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​ នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។ ផ្សារ​ទំនើប​ FURI​ TIMES​ SQUAREMall​ មាន​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

សូម​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ រសជាតិ​ជីវិត​ថ្មី​នៃ​ការរស់នៅ​តាម​បែប​ទាន់សម័យ​ ជាមួយនឹង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​៕

កម្ពុជា​ស្ថិត​លើ​លំដាប់​កំពូល​តារាង​ក្នុងចំណោម​ ២០​ ប្រទេស​នៃ​ទិសដៅ​ទេសចរណ៍​ឆ្នាំ​ ២០២០

​ដោយ​ ប៊ី​

ភ្នំពេញ​៖ វា​ជា​ឆ្នាំ​ (២០២០​) ល្អ​សម្រាប់​កម្ពុជា​ និង​ឧស្សាហកម្ម​ទេសចរណ៍​។ មិនដល់​មួយ​ខែ​ផង​បន្ទាប់ពី​កម្ពុជា​ឃើញថា​ការប្រកួត​ប្រជែង​ផ្នែក​ទេសចរណ៍​របស់​ខ្លួន​បាន​កើនឡើង​ ការ​អបអរសាទរ​ដ៏​ធំ​មួយទៀត​បាន​កើតឡើង​។

សន្ទស្សន៍​ភាព​ប្រកួតប្រជែង​ទេសចរណ៍​ និង​ការ​ធ្វើដំណើរ​ (TTCI​) បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​មកដល់​ចំណាត់ថ្នាក់​ ៩៨​ បន្ទាប់ពី​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១០១​ នៅ​លើ​ពិភពលោក​កាលពី​ឆ្នាំមុន​។ កាលពី​សប្តាហ៍​មុន​ កម្ពុជា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ចំនួន​ ២០​ ដែល​នឹង​ត្រូវ​ទៅ​ទស្សនា​នៅ​ឆ្នាំ​ ២០២០​ ដោយ​ទស្សនាវដ្តី​ Conde​ Nast​ Traveler​ ដែល​ជា​ទស្សនាវដ្តី​ឈានមុខ​គេ​មួយ​នៅ​លើ​ពិភពលោក​។

ប៉ុន្តែ​កម្ពុជា​មិនបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​កំពូល​ទាំង​ ២០​ ដែល​ត្រូវ​ទៅ​ទស្សនា​នៅ​ឆ្នាំ​ ២០១៩​ នោះ​ទេ​។ បញ្ជី​ឆ្នាំ​ ២០២០​ ត្រូវ​បាន​បញ្ចូល​បណ្តា​ប្រទេស​មក​ពី​អាស៊ី​អាគ្នេយ៍​រួមមាន​ឥណ្ឌូណេស៊ី​ (លេខ​ ១) ថៃ​ (លេខ​ ២) ហ្វីលីពីន​ (ទី​ ៨) និង​វៀតណាម​ (ទី​ ១០​) ។

នៅ​ក្រៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រទេស​ដទៃទៀត​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ២០​ គឺ​ព័រ​ទុយ​ហ្កាល់​ (ទី​ ៣) ស្រីលង្កា​ (ទី​ ៤) អាហ្វ្រិក​ខាងត្បូង​ (ទី​ ៥) ប៉េរូ​ (ទី​ ៦) ក្រិក​ (ទី​ ៧) អ៊ីតាលី​ (ទី​ ៩) តួ​កគី​ (ទី​ ១១​) ) ជប៉ុន​ (ទី​ ១២​) ម៉ិកស៊ិក​ (ទី​ ១៣​) តង់ហ្សានី​ (ទី​ ១៤​) អ៊ីស្រាអែល​ (ទី​ ១៥​) កូឡុំប៊ី​ (ទី​ ១៦​) នូវែ​លសេ​ឡង់​ (ទី​ ១៧​) អៀរឡង់​ (ទី​ ១៨​) និង​ក្រូ​អាស៊ី​ (ទី​ ២០​)៕

ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ទទួល​បាន​ពានរង្វាន់​ Best​ Property​ Agent​ ប្រចាំឆ្នាំ២០១៩​

ដោ​យ ម៉ូ​នី​កា​

​ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ ដែល​មាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ដែល​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ ផ្តល់​សេវាកម្ម​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​ជូន​អតិថិជន​ ដោយ​ក្នុង​កិ​ត្ត​នាម​ជា​ Best​ Property​ Agent​ (Cambodia​) នៅក្នុង​កម្មវិធី​ Squarefoot​ Best​ of​ the​ Best​ Awards​ 2019​។

កម្មវិធី​នេះ​ បាន​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី១៨​ ខែតុលា​ឆ្នាំ​ ២០១៩​ នៅ​សណ្ឋាគារ​ Rosewood ​ទីក្រុង​ហុងកុង​។

“Squarefoot​ Best​ of​ the​ Best​ Awards​” ជា​កម្មវិធី​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​លើក​ទី១០នេះ​ បាន​រៀបចំឡើង​ដោយ​REA​ Group​ ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឌីជីថល​អន្តរជាតិ​ផ្តោត​ទៅលើ​វិស័យ​អចល​ទ្រព្យ​ ។ ពានរង្វាន់​នេះ​ ផ្តល់​ជូន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាង​ ១៦០ក្រុមហ៊ុន​ រួមមាន​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ ភ្នាក់ងារ​អចលនទ្រព្យ​ និង​ក្រុមហ៊ុន​រចនា​គេហដ្ឋាន​នៅ​ទីក្រុង​ហុងកុង​និង​ប្រទេស​មហាអំណាច​ចិន​។

លោក​ Don​ Ou ជា​ប្រធាន​អភិវឌ្ឍ​ធុរកិច្ច​នៃ​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ មានប្រសាសន៍​ថា​“ ពួក​យើង​មាន​កិត្តិយស​ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ត្រូវ​បាន​ជ្រើសរើស​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ២០១៩​ ជាមូ​យនឹង​ការ​ផ្សារភ្ជាប់​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ដែល​គ្មាន​គូ​ប្រៀប​ ដល់​អតិថិជន​ទាំង​នៅក្នុង​ទីផ្សារ​កម្ពុជា​ និង​អន្តរជាតិ​។

កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៩​ កន្លងទៅ​ ក្រុមហ៊ុន ​Prestige​ Homes​ Cambodia​ និង​ Urban​ Village​ ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​ហុងកុង​ ធំជាង​គេ​នៅ​កម្ពុជា​ បាន​ចូលរួម​ឧប​ត្ថ​មធំ​ក្នុង​ ពិព័រណ៍​ Smart​ Investment​ and​ International​ Property​ នៅ​ទីក្រុង​ហុងកុង​ដែល​រៀបចំឡើង​ដោយ​ REA​ Group​។

លោក​ Andrew​ Chong​ នាយក​ប្រតិ​បតិ្តក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ មានប្រសាសន៍​ថា​ “កន្លងមក​នេះ​ យើង​បាន​ពង្រីក​ទីផ្សារ​របស់​យើង​ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​នៅ​តាម​តំបន់​ផ្សេង​ៗគ្នា​ ក្នុង​អាស៊ី​ទៀតផង​។ កាលពី​ខែកញ្ញា​ឆ្នាំ២០១៩​ កន្លងទៅ​ យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ Urban​ Village​ ជា​ភ្នាក់ងារ​លក់​ផ្តាច់​មុខ​លើ​ទីផ្សារ​តៃវ៉ាន់​ ហើយ​បាន​ចូលរួម​ពិព័រណ៍​ និង​ ព្រិ​ត្តិ​កា​រណ៍​ផ្សេង​ៗនៅ​ទីក្រុង​ ហុងកុង​ ព្រមទាំង​ប្រទេស​ចិន​ផង​ដែរ​”។ លោក​បន្ត​ថា​ “ការ​ទទួល​បាន​ពានរង្វាន់​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​”។

ប្រសិនបើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ​សូម​ទំនាក់ទំនង​មក​តាម​រយៈ​វេ​ប​សាយ​ www.prestigehomeskh.com​៕

មិន​គួរ​ឱ្យ​ជឿ​សោះ​ថា​ មាន​ត្រឹម​ ១០០០ដុល្លារ​ ក៏អាច​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ក្នុង​បុរី​បាន​ដែរ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា​ លោកអ្នក​មាន​ប្រាក់​ត្រឹម​ ១០០០ដុល្លារ​តែប៉ុណ្ណោះ​ ក៏អាច​ក្លាយជា​ម្ចាស់ផ្ទះ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​ប្រណីតភាព​បាន​ដែរ​ ដែល​ជា​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ពី​ បុរី​ ខេ​ ស៊ី​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ដែល​កំពុង​មាន​សក្ដានុពល​ និង​ការអភិវឌ្ឍន៍​ជាងគេ​ក្នុងចំណោម​បណ្តា​ខណ្ឌ​នានា​នៃ​តំបន់​ជាយក្រុង​។

ស្ថិតនៅ​ក្នុង​តំបន់​ដែល​កំពុងតែ​មាន​សក្ដានុពល​ក្រោម​គម្រោង​អភិវឌ្ឍ​ធំ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ឱ្យទៅ​ជា​តំបន់​លំនៅ​ដ្ឋាន​ប្រកបដោយ​ផាសុកភាព​ រួម​ជាមួយ​នឹង​បណ្តុំ​ឧស្សាហកម្ម​ផង​ដែរ​នោះ​ បុរី​ ខេ​ ស៊ី​ បច្ចុប្បន្ន​នេះ​ បាន​ និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទាន់សម័យ​ ស៊ីវិល័យ​ និង​ប្រណីតភាព​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ឆាប់​ៗខាងមុខនេះ​ ។

បុរី​ ខេ​ ស៊ី​ មាន​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ​ ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។ បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ត្រឹមតែ​ ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​ ។

តំណាង​ផ្នែក​លក់​របស់​បុរី​ ខេ​ ស៊ី​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ គម្រោង​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​នៅក្នុង​បុរី​ដែល​កំពុងតែ​មាន​ភាព​ទាក់ទាញ​មួយ​នេះ​ បាន​ និង​កំពុងតែ​សម្រុក​សាងសង់​ ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ២០២១​ ខាងមុខនេះ​ ។

ដោយឡែក​សម្រាប់​បច្ចេកទេស​សាងសង់​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​គុណភាព​ជាចម្បង​ ការរចនា​ម៉ូដ​បែប​ទាន់សម័យ​ និង​ស៊ីវិល័យ​នៅក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​អនាគត​។ មាន​ពន្លឺ​ និង​ខ្យល់​ធម្មជាតិ​ចេញចូល​គ្រប់គ្រាន់​ ដែល​ជួយ​សន្សំ​ថវិកា​ក្នុង​ការប្រើ​ថាមពល​អគ្គិសនី​បាន​យ៉ាង​ប្រសើរ​ រួម​ជាមួយនឹង​ការ​ដាំ​ដើមឈើ​បៃតង​លម្អ​នៅ​ពីមុខ​ផ្ទះ​ដែល​កាន់តែ​ជួយ​បន្ថែម​ភាពត្រជាក់​ដល់​លំនៅ​ដ្ឋាន​។

នៅក្នុង​គម្រោង​បុរី​ KC​ ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២​ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។ ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ​ ៥ X ៩,៥០​ ម៉ែត្រ​ (Eo​, E1​) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។

ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ​ ៥ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ​ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ៣ម៉ែត្រ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦ ៦៨៥ ៨៥៨៕

រដ្ឋបាល​ធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​ថ្មី​ចំនួន​ ២ ទីតាំង​ផ្សេងទៀត

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ បាន​នឹង​កំពុង​ចាប់ផ្តើម​សិក្សា​ផែ​កការស្ថាបនា​ផ្លូវ​ក្រោម​ដី​ថ្មី​ចំនួន​ ២ ទីតាំង​ផ្សេងគ្នា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ សិស្ស​និស្សិត​ និង​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ថ្មី​ទំាង២នេះ​ គឺ​ស្ថិត​ក្រោម​ចំណុច​ផ្លូវ​សហព័ន្ធ​រុស្សី​ នៅ​ខាងមុខ​វិទ្យាស្ថាន​ភាសាបរទេស​ និង​មួយទៀត​ នៅ​ខាងមុខ​ចំណុច​សួន​ក្តាន់២​ ខណៈ​តំបន់​ទាំង២​ នេះ​ បាន​នឹង​កំពុង​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​។

លោក​ ឃួង​ ស្រេង​បន្ត​ថា​ ការស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ​ គឺជា​យន្តការ​ដោះ​ស្រ​យបញ្ហា​កកស្ទះ​ចរាចរណ៍​ជា​លក្ខណៈ​យូ​អង្វែង​ដែល​ជួយ​សម្រួល​ដល់​ការ​ចេញចូល​របស់​សិស្ស​និស្សិត​សាកល​វិទ្យាល័យ​ភូ​មិន្ទះ​ភ្នំពេញ​ ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​ ផង​ដែរ​ ខណៈ​ដែល​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​នេះ​មាន​ស្ថានភាព​មមាញឹក​ និង​កកស្ទះ​ខ្លាំង​។

លោក​បន្ត​ថា​ “ក្នុង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ យើង​ដឹង​ហើយ​ថា​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​តាមផ្លូវ​របស់​យើង​ គឺ​បាត់បង់​ចិញ្ចើម​ផ្លូវ​ដោយ​រៀបចំ​ចញ្ចើម​ផ្លូវ​ឡើងវិញ​ ដើម្បី​ឱ្យ​មានការ​ធ្វើដំណើរ​តាម​ចិញ្ចើម​ផ្លូវ​នេះ​ បាន​ល្អ​ប្រសើរ​ ហើយ​ការ​ចត​យានយន្ត​នៅ​តាម​ដងផ្លូវ​ត្រូវតែ​មាន​របៀបរៀបរយ​ នេះ​ជា​កិច្ចការ​ងារ​មួយ​ដែល​ត្រូវ​ប្រឹងប្រែង​ ចឹង​ហើយ​បាន​ជា​យើង​ត្រូវ​សិក្សា​បញ្ហា​នេះ​មួយ​ដូចជា​ សិក្សា​ផ្លូវ​ក្រោម​ដី​នៅ​ផ្លូវ​សហព័ន្ធ​រុស្សី​ និង​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ក្តាន់២ចេញពី​តំបន់​បឹង​កក​ និង​កែ​លម្អ​ផ្លូវ​ថ្មើរជើង​នៅ​មហាសេដ្ឋី​ម៉ៅសេទុង​”។

ចំណែក​លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​ដែរ​ថា​ចំពោះ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​វិទ្យាស្ថាន​ភាសាបរទេស​គឺ​រត់​ពីក្រោម​ផ្លូវ​សហព័ន្ធ​រុស្សី​ ដោយ​តភ្ជាប់​ផ្លូវ​លេខ​ ២៦១​ ឆ្ពោះ​ចូល​ទៅ​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស​ ដែល​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​និស្សិត​ បាន​ចេញចូល​មិន​ប្រឈម​នឹង​ការ​កកស្ទះ​ឬ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

លោក​បន្ថែម​ថា​ ចំណែក​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ក្តាន់​ ២ វិញ​ ក៏​ត្រូវ​រត់​ក្រោម​ផ្លូវ​សហព័ន្ធ​រុស្សី​ផង​ដែរ​ដោយ​ភ្ជាប់​ពី​ផ្លូវ​ ១៦៩​ ឆ្ពោះទៅ​ផ្លូវ​បឹងកក់​ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ​ ឱ្យ​មាន​លក្ខណៈ​លម្អិត​បន្ថែម​ទៀត​ ដើម្បី​ឈាន​ទៅ​ស្ថាបនា​ជា​ផ្លូវការ​នា​ពេល​ខាង​មុ​ខឆាប់​ៗនេះ​ ដើម្បី​ប្រយោជន៍​ដល់​សង្គមជាតិ​៕

អ្នកជំនាញ៖ ពន្ធប្រថាប់ត្រា និងបញ្ហាផ្លូវពាក់ព័ន្ធនឹងប្លង់គោលប្រើប្រាស់ដី

ដោយ​ ៖ វុត្ថា​

ភ្នំពេញ​ ៖ ​អ្នកជំនាញ​បាន​អះអាង​ថា​ ពន្ឋ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​កើត​ចេញពី​ការ​គិតគូរ​ និង​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​ការអនុវត្ត​កន្លងមក​ នៅមិនទាន់មានភាព​ច្បាស់លាស់​ និង​ឯកភាព​គ្នា​ទាំងស្រុង​នៅឡើយ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាប់​ផ្លូវ​ ឬមិន​ជាប់​ផ្លូវ​នៃ​អចលនទ្រព្យ​ (ដីធ្លី​) ពេលកំណត់​ពន្ធ​ប្រថាប់ត្រា​។

យោង​តាម​ខ្លឹមសារ​លិខិត​លេខ​ ២២០៤៤​ អពដ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ចុះ​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ​ ២០១៩​ ស្តីអំពី​ពន្ធ​ប្រថាប់ត្រា​នៃ​ការអនុវត្ត​ និង​ចរន្ត​ការ​អចលនទ្រព្យ​ (ដីធ្លី​) ពាក់ព័ន្ធ​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​អនាគត​ និង​ផ្លូវ​នេះ​ កើត​ចេញពី​ការ​គិតគូរ​ និង​ទទួលខុសត្រូវ​របស់​រដ្ឋ​ ដោយមាន​ការ​ពាក់ព័ន្ធ​សា​ម៉ី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (ដ.ន.ស​) និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​ជំនាញ​ផ្ទាល់​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិ​យោ​ដី​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ខ្លឹមសារ​លិខិត​បាន​ឆ្លើយតបទៅនឹង​ចម្ងល់​ជាច្រើន​ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្តី​កង្វល់​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ជុំវិញ​ការរៀបចំ​ដែនដី​ (ប្លង់​គោល​) ការគ្រប់គ្រង​ដីធ្លី​ និង​ការអនុវត្ត​ប្រព័ន្ធ​ពន្ធដារ​នា​ពេល​កន្លងមក​ ឱ្យ​បាន​ធូរស្រាល​ និង​បាន​យល់ដឹង​បន្ថែម​កាន់តែ​ច្បាស់លាស់​ ដើម្បី​រួមចំណែក​ការ​អភិវ​ ឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ ជាពិសេស​ការរៀបចំ​ និង​អនុវត្ត​គម្រោង​នានា​របស់​រដ្ឋ​ និង​ឯកជន​ ដែល​មាននៅ​ក្នុង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ (ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​អនាគត​) និង​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​គ្រប់តំបន់​ គ្រប់​កម្រិត​ថ្នាក់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។

លោក​បន្ថែម​ទៀត​ថា​ “លិខិត​នេះ​ គឺជា​រូបភាព​ ជា​តឹកតាង​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ និង​យកចិត្ត​ទុកដាក់​របស់​ប្រមុខ​ដឹកនាំ​ជាតិ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ការដឹកនាំ​នៅ​គ្រប់​លំដាប់ថ្នាក់​ និង​កម្រិត​ជំនាញ​ដែល​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ (ដីធ្លី​) ផ្អែក​តាម​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ សំដៅ​ធានា​បាន​នូវ​ការ​កាន់កាប់​ ការប្រើ​ប្រាស់​និង​គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​សុវត្ថិភាព​ តម្លាភាព​ និង​ប្រសិទ្ធភាព​ ដោយ​ផ្សា​ភ្ជាប់​ជាមួយ​គម្រោង​ដីធ្លី​ទាំងអស់​ ដែល​មាន​ផែនការ​អភិវឌ្ឍ​ច្បាស់លាស់​ (ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្លង់​គោល​) សម្រាប់​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

លោក​បន្ថែម​ថា​ រួម​សេចក្តី​មក​ អត្ថន័យ​លិខិត​របស់​អគ្គនាយក​ពន្ធដារ​ចង់​បញ្ជាក់​ឱ្យ​មាន​ភាព​ច្បាស់លាស់​នៅពេល​អនុវត្តន៍​ និង​ចរន្ត​ការ​ឯកសារ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាស្រ័យផល​ (ភោគៈ​) ឬមានកម្ម​សិទ្ធិ​ស្របច្បាប់​រួចរាល់​ ព្រមទាំង​ដី​នោះ​ស្ថិតនៅ​ជាប់​ ៖ ប្រឡាយ​ទឹក​ ទំនប់​ ភ្លឺស្រែ​ ផ្លូវ​រទេះ​ ផ្លូវ​រថភ្លើង​ និង​ផ្លូវ​ក្នុង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្លង់​គោល​អនាគត​ដែល​មិនទាន់​ត្រូវ​បាន​កសាង​ឡើង​ និង​មាន​រូបរាង​ជា​ផ្លូវ​ច្បាស់លាស់​សមស្រប​ គឺ​ត្រូវ​បាន​ចាត់ទុកថា​ជា​ដី​គ្មាន​ផ្លូវ​ នៅពេល​អង្គភាព​ពន្ធដារ​កំណត់​ពន្ធ​ប្រថាប់ត្រា​។

ការ​បញ្ជាក់​ក្តី​មន្ទិល​ត្រង់​ចំនុច​នេះ​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មានទំនុក​ចិត្ត​ និង​មិន​មានការ​ខាតបង់​នូវ​ផលប្រយោជន៍​របស់​ខ្លួន​ ដូច​ការកំណត់​ពន្ធ​ប្រថាប់ត្រា​ ដែល​មានការ​មិន​ឯកភាព​គ្នា​ជាក់លាក់​ក្នុងរយៈពេល​កន្លងមក​។

លោក​ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ខាង​កសាង​ គ្រប់គ្រង​ឯកសារ​ដីធ្លី​ និង​ផ្នែក​ពន្ធដារ​ ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តាម​នីតិវិធី​ និង​គោលការណ៍​ច្បាប់​ពាក់ព័ន្ធ​ជាធរមាន​ ដើម្បី​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ត្រឹមត្រូវ​ កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ និង​វិ​វាទ​ផ្សេង​ៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

ក្រៅពី​នេះ​ ខាង​ជំនាញ​ដីធ្លី​ និង​អង្គភាព​ពន្ធដារ​ ចាំបាច់​រួមគ្នា​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មហាជន​ឱ្យ​បាន​ទូលំទូលាយ​ និង​រៀបចំ​ឯកសារ​បច្ចេកទេស​ណែនាំ​គំរូ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​យល់​ និង​មន្ត្រី​ជំនាញ​ងាយ​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ​ ជួយ​ពន្លឿន​ការបម្រើ​សេវា​សាធារណៈ​បាន​រលូន​ និង​ទាន់ពេល​វេលា​៕

រដ្ឋាភិបាល​ចិន​អះអាង​ថា​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ទេរ​ហូត​ទាល់តែ​ពន្ធ​ទាំងអស់​ត្រូវ​បាន​លុបចោល​

China's President Xi Jinping attends a summit at the Belt and Road Forum in Beijing on May 15, 2017. Chinese President Xi Jinping urged world leaders to reject protectionism on May 15 at a summit positioning Beijing as a champion of globalisation, as some countries raised concerns over his trade ambitions. / AFP PHOTO / POOL / THOMAS PETER (Photo credit should read THOMAS PETER/AFP/Getty Images)

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទោះបីជា​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ អះអាង​ថា​ ភាគី​ទាំងពីរ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដំណាក់កាល​មួយ​ក៏ដោយ​ ក៏​ទីក្រុង​ប៉េកាំង​បាន​សង្កត់ធ្ងន់​ថា​ ជំហរ​របស់​ខ្លួន​នៅតែ​រក្សា​ដដែល​ថា​ គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ នឹង​ត្រូវ​ឈាន​ដល់​ ទាល់តែ​ពន្ធ​ទាំងអស់​របស់​អាមេរិក​លើ​ការនាំចូល​ត្រូវ​បាន​លុបចោល​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក ​Gao​ Feng​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ជំហរគោលការណ៍​ និង​គោលដៅ​របស់​ចិន​ សម្រាប់​ចិន​ – សហរដ្ឋអាមេរិក​ និង​ការចរចា​ពាណិជ្ជកម្ម​មិនដែល​ផ្លាស់​ប្តូរ​ទេ​”។

លោក​បាន​បន្ថែម​ថា​ “គោលដៅ​ចុងក្រោយ​របស់​ភាគី​ទាំងពីរ​ សម្រាប់​ការចរចា​គឺ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ លុបចោល​ពន្ធគយ​បន្ថែម​ទាំងអស់​”។

លោក​ Trump​ បាន​ប្រកាស​យ៉ាង​ឆាប់រហ័ស​ថា​ “កិច្ច​ព្រមព្រៀង​មួយ​ដំណាក់កាល​ដ៏​សំខាន់​បំផុត​” ត្រូវ​បាន​រៀបចំឡើង​ បន្ទាប់ពី​អនុរដ្ឋ​មន្រ្តី​ចិន​លោក​ Liu​ He​ បាន​ជួប​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ និង​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​លោក​ Steven​ Mnuchin​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​”។

លោក​ Trump​ បាន​និយាយ​ថា​កិច្ច​ព្រមព្រៀង​ “ដំណាក់កាល​មួយ​” នឹង​រួមបញ្ចូល​ការនាំចេញ​កសិផល​ ដែល​មានតម្លៃ​ដល់ទៅ៥០ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​ចិន​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ មិនទាន់​បាន​ទទួលស្គាល់​ ការទិញ​ដែល​បាន​គ្រោងទុក​ ឬចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ចិន​នឹង​នាំចូល​នៅឡើយ​ទេ​។

ក្រុមហ៊ុន​ឧស្សាហកម្ម​កសិកម្ម​អាមេរិក​ មានការ​ងឿងឆ្ងល់​ចំពោះ​ការ​អះអាង​របស់​លោក​ Trump​ លើ​ការទិញ​កសិកម្ម​ដែល​បាន​គ្រោងទុក​របស់​ចិន​។

ក្រុម​កសិករ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​“ពិតជា​ភ្ញាក់ផ្អើល​! អ្នកមាន​ន័យ​ថា​ ចិន​នឹង​មិន​ទិញ​ផលិតផល​កសិកម្ម​ចំនួន៤០​ ទៅ៥០ពាន់​លាន​ដុល្លារ​ទេរ​ហូត​ទាល់តែ​ពន្ធ​របស់​យើង​ត្រូវ​បាន​ដក​? វា​នឹង​មិនកើត​ឡើង​ទេ​!”៕

សម្តេច​តេជោ​នឹង​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ របស់​លោក​ Joko​ Widodo​ ជា​ប្រធានាធិបតី​ និង​លោក​ Ma​ ruf​ Amin​ ជា​អនុ​ប្រធានាធិបតី​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ នៅ​ថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​ហ្សាការតា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​អោយ​ដឹង​នៅ​ថ្ងៃទី១៨​ ខែតុលា​ នេះ​ថា​ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​ នឹង​មានការ​អញ្ជើញ​ចូល​ពីសំណាក់​ ប្រមុខរដ្ឋ​/រដ្ឋាភិបាល​ និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត​ផង​ដែរ​។

ក្រសួង​ការបរទេស​បន្ត​ថា​ គណៈប្រតិភូ​ ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេជោ​ ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រួមមាន​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ លោក​ អូ​ស្មាន​ ហាស្សាន់​ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ព្រមទាំង​ឥស្សរៈ​ជន​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។

ក្រសួង​ការបរទេស​បន្ថែម​ថា​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នឹង​ជួប​ដោយឡែក​ជាមួយ​លោក​ ចូ​កូ​ វី​ដូ​ដូ​ ដើម្បី​ជូនពរ​ជ័យ​ដល់​លោក​ ដែល​បាន​បន្តជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ នៅ​អាណត្តិ​ទី២​ ហើយនិង​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ និង​ពហុភាគី​ និង​បញ្ហា​នានា​ដែល​មាន​ ការចាប់អារម្មណ៍​ដូចគ្នា​។

ក្រសួង​បញ្ជាក់​ថា​ ការបោះឆ្នោត​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០១៩​ បង្ហាញថា​ លោក​ចូ​កូ​ វី​ដូ​ដូ​ បាន​ជាប់ឆ្នោត​ ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី២​ ចាប់ពី​ឆ្នាំ២០១៩​-២០២៤​៕

ក្រុមហ៊ុន​ដឹក​ជញ្ជួន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដឹក​ជញ្ជួន​ GDEx​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​គ្រោង​នឹង​មើល​លទ្ធភាព​វិនិយោគ​ក្នុង​វិស័យ​ដឹក​ជញ្ជួន​នៅ​កម្ពុជា​ និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ ខណៈ​ក្រុមហ៊ុន​មើលឃើញ​ពី​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​ទាំងនេះ​។

ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹង​ថា​ “ក្រុមហ៊ុន​ GDEx​ នឹង​មើល​ពី​លល​ទ្ធ​ភាព​ក្នុង​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដូចជា​ វៀតណាម​ និង​កម្ពុជា​ ដែល​មាន​បណ្តាញ​ចែកចាយ​ និង​សេវាកម្ម​លក់រាយ​ខ្លាំង​ និង​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​សេរី​ឌីជីថល​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ និក​ទំនងជា​នឹង​ជំរុញ​កំណើន​តម្រូវការ​សម្រាប់​ទំនិញ​ដឹកទំនិញ​តាមផ្លូវអាកាស​ និង​ភស្ដុ​ភារ​ដឹកជញ្ជូន​តាមផ្លូវគោក​ ជាពិសេស​សេវាកម្ម​ដឹកជញ្ជូន​ចុងក្រោយ​។

ថ្មី​ៗនេះ​ ក្រុមហ៊ុន​ GDEx​ បាន​ជាវ​ភាគហ៊ុន​ចំនួន៤៤.៥៦ភាគរយ​ នៃ​ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ SAP​ Express​ ដែល​ផ្តល់​ជូន​ជា​សាធារណៈ​ក្នុង​តម្លៃ​ ២៥​,៨ លា​នរីងហ្គី​ត។

ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​ “យើង​ជឿជាក់​ថា​ ឥណ្ឌូ​នេ​ស៊ី​ផ្តល់​នូវ​ឱកាស​រីកចម្រើន​យ៉ាង​ធំធេង​សម្រាប់​អាជីវកម្ម​ ដោយមាន​ការ​គាំទ្រ​ពី​កំណើន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ក៏ដូចជា​អាជីវកម្ម​ធម្មតា​”។

ក្រុមហ៊ុន​ បាន​បន្ត​ថា​ “ការ​បន្ត​ភាពជា​ដៃគូ​របស់​ក្រុមហ៊ុន​ ជាមួយ​ក្រុមហ៊ុន​ SAP​ Express​ នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ដំបូន្មាន​ និង​ការ​គាំទ្រ​ក៏ដូចជា​ការផ្ទេរ​ចំណេះដឹង​រវាង​ក្រុមហ៊ុន​ទាំងពីរ​”។

ក្រុមហ៊ុន​ SAP​ Express​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហ្សាកាតា​ ផ្តល់​ជូន​សេវាកម្ម​យ៉ាង​សំខាន់​ នៅក្នុង​ផ្នែក​ដឹកជញ្ជូន​រហ័ស​ ក៏ដូចជា​ការ​ដឹកជញ្ជូន​ការចែកចាយ​ និង​ឃ្លាំង​៕

រដ្ឋាភិបាល​បាន​អនុម័ត​គំរោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C ជា​ផ្លូវការ​ហើយ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រោយពី​បាន​បញ្ចប់​ការសិក្សា​ និង​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​របស់​អន្តរក្រសួង​ស្ដីពី​ ផល​ប៉ះពាល់​នៃ​ការសាងសង់​ផ្លូវជាតិ​ថ្មី​មួយ​ខ្សែ​ទៀត​លេខ៧១​C តភ្ជាប់​ពី​ខេត្ត​កំពង់ចាម​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ​ ពេលនេះ​ត្រូវ​បានសម្រេច​ និង​អនុញ្ញាត​ឱ្យ​ដំណើរការ​សាងសង់​ហើយ​ ក្រោម​ការរៀបចំ​របាយការណ៍​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ PPIC​ Co​,.Ltd​ ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C ត្រូវ​បាន​កិច្ចប្រជុំ​អន្តរក្រសួង​ ដែល​ដឹកនាំ​ដោយ​លោក​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) រួចរាល់​ហើយ​កាលពី​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​។

ផ្លូវជាតិ​មួយ​ខ្សែ​នេះ​មាន​ប្រវែង១១៤​,៦២គីឡូម៉ែត្រ​ ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ក្រុង​សួង​ ស្រុក​ត្បូងឃ្មុំ​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ និង​ស្រុក​ស្ទឹងត្រង់​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ ។ កិច្ចប្រជុំ​នេះ​ ​មានការ​ចូលរួម​ពី​តំណាង​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ អន្តរក្រសួង​ពាក់ព័ន្ធ​ ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ (ម្ចាស់​គម្រោង​) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម​ នាយកដ្ឋាន​វាយតម្លៃ​ ហេតុ​ប៉ះពាល់​ បរិស្ថាន​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ​។

ក្រោយពី​បាន​ធ្វើការ​ពិនិត្យ​រួចមក​កិច្ចប្រជុំ​ បានសម្រេច​លទ្ធផល​ ​ដូច​ខាងក្រោម​ ៖

១-អង្គប្រជុំ​គាំទ្រ​គម្រោង​ផ្លូវជាតិ​លេខ​ ៧១​C ។

២-ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ដើម្បី​សិក្សា​ និង​រចនា​ផ្លូវ​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ការ​ប៉ះពាល់​លើ​ទីតាំង​កប់​សព​របស់​ប្រជាពលរដ្ឋ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

៣-ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ក្នុង​ការរចនា​ផ្លូវ​ឱ្យទៅ​តាម​លក្ខណៈ​បច្ចេកទេស​ ដើម្បី​ឱ្យ​មាន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

៤-ម្ចាស់​គម្រោង​ត្រូវ​រចនា​ប្រព័ន្ធ​ដោះ​ទឹកភ្លៀង​នៅ​តាមផ្លូវ​មេ​ និង​ផ្លូវ​រង​នី​មួយ​ៗឱ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ការ​ហូរច្រោះ​ ការ​ជន់​លិច​ដីស្រែ​-ចម្ការ​ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ ។

៥-ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ សារ​សកម្មភាព​គម្រោង​ឱ្យ​បាន​រួចរាល់​ មុននឹង​អនុវត្តន៍​គម្រោង​។

៦-ម្ចាស់​គម្រោង​ត្រូវ​ស្រោចទឹក​ជាប្រចាំ​ ដើម្បី​កាត់បន្ថយ​ការ​ហុយធូលី​ ព្រមទាំង​កាត់បន្ថយ​សំឡេង​ និង​រំ​ញ័រ​នៅ​តាម​ទីប្រជុំជន​សាលារៀន​ មណ្ឌលសុខភាព​ វត្តអារាម​ជាដើម​។

៧-ត្រូវ​រៀបចំ​ស្លាក​សញ្ញា​ចរាចរណ៍​ និង​ភ្លើងបំភ្លឺ​នៅ​តាម​ដងផ្លូវ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​។

៨-ម្ចាស់​គម្រោង​ត្រូវ​មាន​ផែនការ​ដាំ​ឈើ​ និង​ដាំ​ស្មៅ​តាម​ជើងទេរ​ ដើម្បី​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

៩-ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​សហការ​ជាមួយ​ម្ចាស់​គម្រោង​ ដើម្បី​បញ្ចូល​នូវ​អនុសាសន៍​ ដែល​អង្គប្រជុំ​បាន​លើកឡើង​នូវ​ចំណុច​វិជ្ជមាន​ ទៅ​ក្នុង​របាយការណ៍​ ESIA​ ឱ្យ​បាន​ត្រឹមត្រូវ​។

១០​-ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​អនុវត្តន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ដូច​បាន​រៀបរាប់​នៅក្នុង​របាយការណ៍​ ESIA​ នេះ​។

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ទី​ សេង​ដឿន​ មន្ត្រី​សាលាស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ នៅក្នុង​គម្រោង​នៃ​ការសាងសង់​ផ្លូវជាតិ​មួយ​ខ្សែ​ ខាងលើ​នេះ​ នឹង​ត្រូវ​ស្ថាបនា​ទ្រូងផ្លូវ​ទំហំ១២ម៉ែត្រ​ ខណៈ​ដែល​ផ្លូវ​រង​ឬផ្លូវបំបែក​ចូល​ភូមិ​ ឃុំ​នឹង​ត្រូវ​ស្ថាបនា​ទំហំ៩ម៉ែត្រ​។ លោក​បាន​បន្ត​ទៀត​ថា​ តាម​ការសិក្សា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៧១​C នឹង​ត្រូវ​ចំណាយពេល​ប្រមាណ៣៦ខែ​ នៅក្នុង​ខ្ទង់​ថវិកា​ចំណាយ​សរុប​ប្រមាណ១០០លាន​ដុល្លារ​ ។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ នឹង​ត្រូវ​ធ្វើឡើង​តំណាលគ្នា​ នឹង​ការ​តភ្ជាប់​ស្ពាន​ឆ្លងទន្លេ​រវាង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​កំពង់ចាម​ និង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​៕