អ្នកជំនាញ​៖ បើ​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​ និង​ភាព​អំណត់​ជីវភាព​នឹង​មិន​លំបាក​នោះ​ទេ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​ក្ដី​ប្រាថ្នា​ ចង់​រស់នៅ​ប្រកបដោយ​ភាព​សុខ​ស្រួល​ មាន​ភាព​កក់ក្ដៅ​ ព្រមគ្នា​មួយ​នឹង​សុ​វត្តិភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​ ប៉ុន្តែ​ក្ដី​ប្រាថ្នា​មួយ​នេះ​ហាក់​ពិបាក​ក្នុង​ការសម្រេច​បាន​ណាស់​។

លោក​ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ជា​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​នោះ​បាន​លើកឡើង​ថា​ សុវត្ថិភាព​ហិរញ្ញវត្ថុ​ អាច​កើតមាន​បាន​ដរាបណា​អ្នកចេះ​អាច​មានលទ្ធភាព​ក្នុង​ការគ្រប់គ្រង​ឱកាស​ ជាពិសេស​មាន​ភាព​អំណត់​ និង​ចំណេះដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ​ជាមុន​សិន​។

លោក​បាន​បញ្ជាក់​ថា​ “សំរាប់​អ្នកមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ គ្រាន់តែ​អត់ញុំា​កាហ្វេ១ថ្ងៃ១កែវ​ ហើយ​សន្សំប្រាក់​ ដើម្បី​វិនិយោគ​ក៏អាច​មាន​ភាព​ជោគជ័យ​ ផ្នែក​ហិរញ្ញវត្ថុ​បាន​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​អ្នក​សន្សំប្រាក់២ដុល្លារ​កន្លះ​ សំរាប់​កាហ្វេ១កែវ​ជា​រៀងរាល់ថ្ងៃ​ ក្នុង១ឆ្នាំ​អ្នក​អាច​សន្សំ​បាន៩១២​,៥ដុល្លារ​ ហើយ​បើ​អ្នក​សន្សំ​បែបនេះ​ជា​រៀងរាល់ថ្ងៃ​ និង​យក​ប្រាក់​ទៅ​វិនិយោគ​ជា​រៀងរាល់​ឆ្នាំ​ម្តង​ ជាមួយនឹង​ផល​ចំ​ណេញ​ផ្គូ​បប្រចាំឆ្នាំ១៥​ ភាគរយ​ នោះ​អ្នក​នឹង​ទទួល​បាន​”។

លោក​បាន​លើក​ជា​អនុសាសន៍​មួយចំនួន​មក​បញ្ជាក់​ដូចជា​ ទី១​ សំរាប់​អ្នកមាន​អាយុ២០ឆ្នាំ​ ដល់ពេល​អ្នកមាន​អាយុ៥០ឆ្នាំ​ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង៤០ម៉ឺន​ដុល្លា​អាមេរិក​។ ទី២​ សំរាប់​អ្នកមាន​អាយុ២៥ឆ្នាំ​ ដល់ពេល​អ្នកមាន​អាយុ៥០ឆ្នាំ​ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង១៩ម៉ឺន​ដុល្លា​អាមេរិក​។ ទី៣​ សំរាប់​អ្នកមាន​អាយុ៣០ឆ្នាំ​ ដល់ពេល​អ្នកមាន​អាយុ៥០ឆ្នាំ​ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង៩ម៉ឺន​ដុល្លា​អាមេរិក​។

ប្រសិនបើ​អ្នកជា​អ្នក​វិនិយោគ​ពិតប្រាកដ​ ឱកាស​នៃ​ការ​វិនិយោគ​ដែល​ទទួល​បានផល​ចំណេញ​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ មិន​លំបាក​រក​នោះ​ទេ​៕

ជប៉ុន​ឈរ​នៅ​លំដាប់​ទី២ក្នុង​ការ​វិនិយោគ​ពី​បរទេស​បន្ទាប់​ចិន​នៅ​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ជប៉ុន​ស្ថិត​ក្នុងចំណោម​វិ​និ​យោ​គិន​ធំៗ​លំដាប់​ទី២​ នៅក្នុង​ប្រទេស​ ខណៈ​ចិន​ឈរ​នៅ​លំដាប់​ទី១នៅ​កម្ពុជា​ ស្រប​ពេល​អ្នកជំនាញ​អះអាង​ថា​ ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចំនួន២២២គម្រោង​ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​កើនឡើង​ចំនួន៨១គម្រោង​ ស្មើនឹង៤​,១២ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជប៉ុន​គឺជា​វិនិយោគិន​បរទេស​ធំជាង​គេ​ទី២​ ដែល​មាន៧.៨​ ភាគរយ​ នៃ​ការ​វិនិយោគ​ FDI​សរុប​នៅ​កម្ពុជា​ ខណៈ​វៀតណាម​មាន២​,៩ភាគរយ​ សឹង្ហ​បូរី​មាន១​,៨ ភាគរយ​ សាធារណរដ្ឋ​កូរ៉េ​មាន១​,៧ ភាគរយ​ ម៉ាឡេស៊ី​មាន​ ១,៣៦​ ភាគរយ​ និង​ថៃ​មាន០​,៩ ភាគរយ​។

សម្រាប់​វិនិយោគិន​ធំ​គេ​ទី១គឺ​ចិន​ ជាមួយនឹង​ការ​វិនិយោគ​សរុប៧​,៨ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដែល​ស្មើនឹង៣៥ភាគរយ​នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) សរុប​នៅ​កម្ពុជា​។

លោក​ ជា​ វុទ្ធី​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​មានប្រសាសន៍​ថា​ លំហូរ​ចូល​នៃ​ការ​វិនិយោគ​មាន​និ​ន្នា​ ការ​កើនឡើង​យ៉ាង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​ ផលិតកម្ម​ និង​ទេសចរណ៍​ដែល​បាន​កើនឡើង​ ៩៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ បន្ថែម​លើ​ការជំរុញ​ការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ចំនួន៨៣១​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដោយមាន​ទុន​វិនិយោគ​សរុប
២២​,៥ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន៤៧ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ខណៈ​ការ​វិនិយោគ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ចំនួន២៤ភាគរយ​ ឧស្សាហកម្ម​មាន២៣​ ភាគរយ​ និង​កសិកម្ម​មាន៦ភាគរយ​ នៃ​ដើមទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

លោក​ជា​ វុទ្ធី​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​កម្ពុជា​ ក្នុង​ការ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន៧ភាគរយ​ និង​បង្កើត​ការងារ​ប្រមាណ១៥​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ គំ​រោង​ធំៗ​ចំនួន៤​ នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​ ប្រសិនជា​គំរោង​នេះ​អនុវត្តន៍​តាម​ផែនការ​ ដែល​បាន​ស្នើសុំ​ដោយក្រុម​ហ៊ុន​ទាំងនោះ​ ហើយ​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក​ វ៉ី​ សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៧​ តុលា​កន្លងមក​ថា​ គំរោង​សាង​សង់់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំនៅ​ដ្ឋាន​ប្រណីត​ចំនួន៤​ និង​គំរោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្ត​លើ​ផ្ទៃដី៤ហិ​កតា​ នឹង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​លើក​កំពស់​ជីវភាពរស់នៅ​របស់់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ គំរោង​ដែល​បាន​និង​កំពុង​ដំណើរការ​នីតិវិធី​ ដូចជា​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៣៤ជាន់​ និង​គម្រោង៦៤ជាន់​ ដែល​ស្ថិត​សង់​ខាង​ផ្លូវ​ កណ្តាល​ក្រុង​ច្បារមន​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ក៏​មាន​គម្រោង​បង្កើត​ទីក្រុង​វៃឆ្លាត​លើ​ដី​ទំហំ១០០ហិ​កតា​ រួម​ជាមួយ​ការសាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​ លើ​ដី​ទំហំ១២៦ហិ​កតា​ ក្នុងទឹក​ប្រាក់​វិនិយោគ​ប្រមាណ១០លាន​ដុល្លារ​ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច​ ដែល​រហូតមកដល់​ពេលនេះ​សាងសង់​ បាន​ប្រមាណ២០ភាគរយ​”។

បច្ចុប្បន្ន​នេះ​ រដ្ឋបាល​សាលាខេត្ត​ បាន​កំណត់​ទីតាំង​រួចរាល់​សម្រាប់​សាងសង់​កីឡាដ្ឋាន​ថ្នាក់​ខេត្ត​ នៅ​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា​។ ស្ថិតនៅ​គីឡូ​លេខ៤​ ចេញពី​ក្រុង​ច្បារមន​ ឆ្ពោះទៅ​ភ្នំ​ឱរ៉ាល់​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ SEA​ Games​ លើក​ទី៣២​ ខាងមុខនេះ​ ក្រោម​ជំនួយ​របស់​សប្បុរសជន​ ដែល​មាន​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជា​អ្នកទទួល​ខុសត្រូវ​ថវិកា​សាងសង់​ទាំងស្រុង​។

ពី​ខេត្ត​ដែល​ធ្លាប់តែ​ក្រីក្រ​ជាងគេ​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​បច្ចុប្បន្ន​កំពង់ស្ពឺ​ បាន​កែប្រែ​មុខមាត់​យ៉ាង​ប្រសើរ​ ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ឧស្សាហកម្ម​ចំរុះ​យ៉ាង​សម្បូរ​បែប​ ជាពិសេស​ គម្រោង​សាងសង់​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​កប​ពពក​ រួម​ជាមួយនឹង​គម្រោង​សាងសង់​កីឡាដ្ឋាន​នៅ​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា​ ដែល​កំពុងតែ​មាន​សកម្មភាព​។

លោក​វ៉ី​ សំណាង​បាន​បន្ត​ថា​ គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ផ្នែក​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ ជាពិសេស​ក្រោយពេល​ដែល​រដ្ឋាភិបាល​ បាន​ដាក់ចេញ​ផែនការ​បង្កើត​តំបន់ឧស្សាហកម្ម​ នៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅ​ក្រុង​ព្រះសីហនុ​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ខេត្ត​កំពង់ស្ពឺ​ បាន​និង​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ ក៏ដូចជា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​”។

បច្ចុប្បន្ន​នេះ​វិស័យ​ឧស្សាហកម្ម​ បាន​និង​កំពុងតែ​ដើរ​ឈានមុខ​គេ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ដោយមាន​រោងចក្រ​ សហគ្រាស​សរុប​ចំនួន២៦១គម្រោង​ ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ​ជាង១២ម៉ឺន​នាក់​ ខណៈ​ខេត្ត​នេះ​មាន​ប្រជាជន​សរុប​ មាន​ចំនួន​ជាង៨៧ម៉ឺន​នាក់​ ហើយ​គម្រោង​ប្រមាណ១០០ទៀត​ កំពុងតែ​ដើរ​រៀបចំ​តាម​នីតិវិធី​ និង​ត្រៀម​ដំណើរការ​ក្នុង​ពេល​ខាងមុខនេះ​៕

ចំណេះដឹង​! តើ​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​មាន​ភាព​ខុសគ្នា​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅពេល​យើង​និយាយ​ពី​សេដ្ឋកិច្ច​ មាន​ច្រើន​របៀប​ និង​ច្រើន​ទម្រង់​សម្រាប់​ការអនុវត្ត​ ទៅតាម​ប្រភេទ​នី​មួយ​ៗ ដែល​ត្រូវ​បាន​ដាក់ចេញ​សេដ្ឋវិទូ​ ឬរដ្ឋាភិបាល​ សម្រាប់​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នៅក្នុង​តំបន់​ និង​អន្តរជាតិ​។

គេហទំព័រ​ Propertyarea.asia​ នឹង​លើកយក​ភាព​ខុសគ្នា​ រវាង​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ ​និង​តើ​តំបន់​ទាំងពីរ​នេះ​មានន័យ​យ៉ាងដូច​ម្តេច​?។

យោង​តាម​ឯកសារ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​ពន្យល់​ថា​ ភាព​ខុសគ្នា​រវាង​តំបន់​ពាណិជ្ជកម្ម​សេរី​ និង​សហភាព​សេដ្ឋកិច្ច​ គឺ​ស្ថិតនៅ​ត្រង់ថា​ តំបន់​ពាណិជ្ជកម្ម​សេរី​គឺជា​ប្រភេទ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្រិត​ស្រាល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​កាត់បន្ថយ​ឬលុបចោល​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធគយ​សំដៅ​ជំរុញ​ពាណិជ្ជកម្ម​។

រី​ឯសហភាព​សេដ្ឋកិច្ច​វិញ​ គឺជា​ប្រភេទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ ដែល​ជ្រាលជ្រៅ​ មាន​លក្ខណៈ​ផ្សេងទៀត​បន្ថែម​ពីលើ​ការកាត់បន្ថយ​ ឬលុបចោល​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធគយ​ ដូចជា​ការ​ដាក់​ពន្ធ​នាំចូល​តាម​អត្រា​ដូចគ្នា​ ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ទីបី​ទៅ​ក្នុង​តំបន់​។ ការ​ចល័ត​ដោយសេរី​នូវ​ផលិតកម្ម​ រួមមាន​ ទំនិញ​ សេវាកម្ម​ កំលាំង​ពលកម្ម​ មូលធន​ និង​ការ​ធ្វើ​សុខដុម​កម្ម​នៃ​ស្តង់ដារ​ និង​ការ​ចេញ​នូវ​វិញ្ញា​បន​ប័ត្រ​ គោលនយោបាយ​រូបិយវត្ថុ​ សារពើពន្ធ​ សង្គម​ និង​ច្បាប់​។

ជាឧទាហរណ៍​ខ្លី​ បន្ទាប់ពី​ការបង្កើត​កិច្ច​ព្រមព្រៀង​ អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៧៧​ ដែល​ផ្តល់​ការ​អនុគ្រោះ​តាម​ការ​ស្ម័គ្រចិត្ត​ ចំពោះ​ផលិតផល៧១មុខ​ និង​បាន​បង្កើន​ដល់១២​,៦៤៧មុខ​ នៅ​ឆ្នាំ១៩៨៦​ អាស៊ាន​បាន​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​កាន់​ តែ​ជ្រាលជ្រៅ​ជាង​មុន​ ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ១៩៩២​ ដែល​លុប​ពន្ធ​នាំចូល​ស្ទើរតែ​គ្រប់​ផលិតផល​ទាំងអស់​ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ទៀត​ និង​មាន​គោលដៅ​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ២០១៥​។

សមាហរណកម្ម​សេដ្ឋកិច្ច​ តាម​បែប​សហភាព​អឺរ៉ុប​ គឺ​មាន​លក្ខណៈ​ជ្រាលជ្រៅ​ខ្លាំង​ ពីព្រោះ​ថា​ក្រៅពី​លុប​ពន្ធ​នាំចូល​ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ សហភាព​អឺរ៉ុប​បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ដាក់​អត្រាពន្ធ​នាំចូល​ដូចគ្នា​ ចំពោះ​ផលិតផល​នាំចូល​ពីក្រៅ​តំបន់​ គោលនយោបាយ​រូបិយវត្ថុ​ និង​សារពើពន្ធ​រួម​ ដូចជា​មាន​រូបិយប័ណ្ណ​រួម ​(អឺ​រ៉ូ​) អនុញ្ញាត​ឱ្យ​ចល័ត​ដោយសេរី​នូវ​ទំនិញ​ សេវាកម្ម​ កំ​លាង​ពលកម្ម​ និង​មូលធន​ ព្រមទាំង​ធ្វើ​សុខដុម​កម្ម​នូវ​ស្តង់​ដា​ នីតិវិធី​ បែបបទ​ និង​ការ​អនុ​វត្ត​ផ្សេង​ៗ៕

ក្រុមហ៊ុន​យក្សបារាំង​បង្ហាញ​ការ​សោក​ស្តាយ​ដែល​មិន​រួមបញ្ចូល​តៃវ៉ាន់​ដែល​ជាផ្នែក​មួយ​នៃ​ប្រទេស​ចិន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​របស់​បារាំង​ LVMH​ បង្ហាញ​សោក​ស្តាយ​ជាមួយ​អតិថិជន​ចិន​ ព្រោះ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​មិនរាប់​បញ្ចូល​តៃវ៉ាន់​ ជាផ្នែក​មួយ​នៃ​ប្រទេស​ចិន​។

ក្នុងអំឡុងពេល​នៃ​ការ​បង្រៀន​ កម្មវិធី​ហាត់​ការ​ក្រុមហ៊ុន ​Dior​ បាន​ធ្វើឡើង​នៅ​សាកល​វិទ្យាល័យ​ Zhejiang​ Gongshang​ University​ ក្នុង​ទី​ក្រុង​ហាំង​ចូវ​ បទ​បង្ហាញ​ត្រូវ​បាន​បង្ហាញ​ និង​បង្ហោះ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​ Weibo​ ដែល​បង្ហាញ​ពី​ចំនួន​ហាង​ដែល​ក្រុមហ៊ុន​មាននៅ​ក្នុង​ប្រទេស​ចិន​។

នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ អ្នកតំណាង​យីហោ​នេះ​ បាន​ឆ្លើយ​ដែល​អ្នក​ហាត់​ការ​ម្នាក់​ដែល​សួរ​ថា​ ហេតុអ្វីបានជា​ហាង​តៃវ៉ាន់​ មិន​ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​បទ​បង្ហាញ​។

បុគ្គលិក​ Dior​ បាន​ឆ្លើយ​ថា​ “ដោយសារតែ​យើង​នៅក្នុង​ប្រទេស​ចិន​ យើង​មើលថែ​រក្សា​ប្រទេស​ចិនដីគោក​”។

បុគ្គលិក​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ “តៃវ៉ាន់​ និង​ហុងកុង​ ត្រូវ​បាន​ចាត់​ថ្នាក់​ជាផ្នែក​មួយ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”។

អ្នកចូលរួម​ធ្វើ​បទ​បង្ហាញ​ បាន​រុញច្រាន​យ៉ាង​លឿន​ ទៅកាន់​អ្នកធ្វើ​បទ​បង្ហាញ​ Dior​ ហើយ​បាន​និយាយ​ថា​ តៃវ៉ាន់​គួរតែ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ផែនទី​ប្រទេស​ចិន​។

សំលេង​របស់​សិស្ស​នៅក្នុង​បន្ទប់​ ដែល​មាន​អ្នកគាំទ្រ​ជាច្រើន​ បាន​និយាយ​ថា​ “ត្រូវហើយ​ ខ្ញុំ​ដឹង​ថា​អ្នកគ្រប់គ្រង​ប្រទេស​ចិន​ ប៉ុន្តែ​ផែនទី​របស់​អ្នក​និយាយ​ថា​ ចិន​។ ខ្ញុំ​នៅតែ​ជឿជាក់​ថា​ អ្នក​ត្រូវការ​បញ្ចូល​តៃវ៉ាន់​នៅក្នុង​ផែនទី​របស់​អ្នក​”។

ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​នៃ​“ ប្រទេស​ចិន​តែមួយ​” ហើយ​បាន​ព្រមាន​ក្រុមហ៊ុន​លោកខាងលិច​ជាច្រើន​ ចំពោះ​ការ​មិន​ធ្វើតាម​ការដឹកនាំ​របស់​មជ្ឈឹ​មបូព៌ា​ លើ​បញ្ហា​ទឹកដី​នេះ​។

ខ្សែវីដេអូ​នេះ​បាន​ក្លាយទៅជា​រឿង​អាក្រក់​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន​ ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ Dior​ ចេញ​មក​ធើ្វ​ការ​សុំទោស​។ ភាព​ចម្រូងចម្រាស​បាន​កើតឡើង​ ខណៈ​ “សេចក្តី​ថ្លែងការណ៍​ក្រុមហ៊ុន​ Dior​” មាន​ទស្សនៈ​ចំនួន១០០លាន​ដង​ គិត​ត្រឹម​ថ្ងៃ​ ព្រហស្បតិ៍​។

សេចក្តី​ថ្លែងការណ៍​របស់​ Dior​ បាន​សរសេរ​ថា​ “ក្រុមហ៊ុន​ Dior​ សូម​លើកយក​ការ​សុំទោស​ដ៏​ជ្រាលជ្រៅ​របស់​យើង​ ចំពោះ​សេចក្តី​ថ្លែង​មិន​ត្រឹមត្រូវ​ និង​ការ​បង្ហាញ​ខុស​ដែល​ធ្វើឡើង​ដោយ​បុគ្គលិក​ Dior​ នៅ​ឯបទ​បង្ហាញ​នៅ​បរិវេណ​សាលា​”។

សេចក្តី​ប្រកាស​នោះ​បាន​បន្ថែម​ទៀត​ថា​ “ក្រុមហ៊ុន​ Dior​ តែងតែ​គោរព​ និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ចិន​តែមួយ​ ការពារ​ដាច់ខាត​នូវ​អធិបតេយ្យ​ភាព​ និង​បូរណភាពទឹកដី​របស់​ចិន​ និង​គោរព​អារម្មណ៍​របស់​ប្រជាជន​ចិន​”៕

គេហទំព័រ​ Propertyarea.asia​ សហការ​ជាមួយ​ Realestate.com.kh​ លក់់​អចលនទ្រព្យ​តាម​អន​ឡាញ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គេហទំព័រ ​Propertyarea.asia ​បាន​សហការ​ជាមួយ​គេហទំព័រ​ realestate.com.kh​ ក្នុង​ការ​ដាក់​លក់​អចលនទ្រព្យ​តាម​ប្រព័​ន្ឋ​អន​ឡាញ​ ដែល​វា​ជាផ្នែក​ដ៏​សំខាន់​នៃ​ការពង្រីក​ការ​ធ្វើអាជីវកម្ម​តាម​ប្រព័​ន្ឋ​ឌីជីថល​។

ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័​ន្ឋ​បច្ចេកវិទ្យា​ បាន​ក្លាយជា​ម៉ូដែល​ថ្មី​មួយ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ដែល​កំពុង​ពង្រីក​ការ​គ្រប​ដណ្តប់​ទូទាំង​សាកលលោក​។

​អតិថិជន​ចាប់អារម្មណ៍​ទិញ​ ជួល​ លក់​អចលនទ្រព្យ​អាច​ចូល​មើល​ តាម​រយៈ​វេ​បសាយ​ Propertyarea.asia​ បាន​ជា​រៀងរាល់ថ្ងៃ​។

លោ​កយិន​ លាង​គង់​ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ ​Propertyarea.asia​ និង​លោក​ Tom​ Osullivan​អគ្គនាយក​នៃ​គេហទំព័រ​ Realestate.com.kh ​បាន​សម្តែង​នូវ​ក្តី​សាទរ​ចំពោះ​កិច្ចសហការ​នេះ​ ដែល​ធ្វើឡើង​ក្នុង​រូបភាព​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​។

លោ​កយិន​ លាង​គង់​បាន​បន្ត​ថា​ “បច្ចេកវិទ្យា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​តាម​បណ្តា​ប្រទេស​រីកចម្រើន​នានា​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ទិញ​លក់​ ជួល​អចលនទ្រព្យ​ ពិសេស​ការ​បង្ហាញ​ពី​គម្រោង​នានា​”។ លោក​បន្ត​ថា​ “ការ​ទាន់សម័យ​កាល​ស៊ីវិល័យ​នៃ​ប្រព័​ន្ឋប​ច្ចេ​កវិទ្យា​ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ឬភ្នាក់ងារ​អចលនទ្រព្យ​នានា​ ទទួល​បាន​ជោគជ័យ​លើ​សេវាកម្ម​របស់​ខ្លួន​”៕

កូរ៉េ​ខាងត្បូង​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ ខណៈ​កិច្ចប្រជុំ​កំពូល​ចាប់ផ្តើម​នៅ​ខែក្រោយ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ កូរ៉េ​ខាងត្បូង​កំពុង​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ ក្នុង​ការ​ពង្រឹង​ចំណងទាក់ទង​ជាមួយ​បណ្តា​ប្រទេស​ ជាស​មា​ជិ​កអាស៊ាន​ក្រោម​គោលនយោបាយ​ថ្មី​ ឆ្ពោះ​មក​ភាគ​ខាងត្បូង​របស់​ខ្លួន​ ខណៈ​ប្រទេស​នេះ​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ចំនួន​ពីរ​ ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​ខែក្រោយ​។ នេះ​បើ​យោង​តាម​ការសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នេះ​ថ្ងៃនេះ​។

លោក​ Koo​ Hong​-seok​ អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ាន​ និង​កិច្ចការ​អាស៊ី​អាគ្នេយ៍​ ភ្ជាប់​ជាមួយ​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ កូរ៉េ​ខាងត្បូង​មាន​គោលនយោបាយ​ ស្វែងរក​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​ ជាមួយ​អាស៊ាន​ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​ និង​ជំនួយ​មនុស្សធម៌​ និង​ប្រតិបត្តិ​ការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​។

លោក​បន្ត​ថា​ “ទោះ​យ៉ាងណា​ កូរ៉េ​ខាងត្បូង​មិនទាន់​មាន​ផែនការ​ណាមួយ​ សម្រាប់​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្លុក​អាស៊ាន​នៅឡើយ​ទេ​”។

លោក​បាន​បន្ថែម​ថា​ កូរ៉េ​ខាងត្បូង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ នៅ​ទី​ក្រុង​ប៊ូ​សាន​នៅ​ថ្ងៃទី២៥​ និង២៦​ ខែ​ វិច្ឆិកា​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៣០​ នៃ​ការបង្កើត​ទំនាក់ទំនង​សន្ទនា​រវាង​ប្រទេស​ និង​តំបន់​។ នៅ​ថ្ងៃទី​ ២៧​ ខែ​ វិច្ឆិកា​ ទី​ក្រុង​ប៊ូ​សាន​ ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​- សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ចូល​រួម​សម្ភោ​ធដោយមាន​ការចូលរួម​ ពី​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ​ ឡាវ​ កម្ពុជា​ មីយ៉ាន់ម៉ា​ វៀតណាម​ និង​ថៃ​ផង​ដែរ​។

លោក​ Koo​ Hong​-seok​ បាន​និយាយ​ថា​ លោកនាយក​រដ្ឋមន្រ្តី​ប្រា​យុធ​ ចាន​អូ​ចា​ ក្នុងឋានៈជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ នៅ​ថ្ងៃទី​ ២ ដល់​ថ្ងៃទី៤​ ខែវិច្ឆិកា​។

លោក​ Park​ So​-Yeon​ អគ្គនាយក​ផ្នែក​ការិយាល័យ​រៀបចំ​ពិធី​ និង​ការិយាល័យ​រៀបចំ​ពិធីការ​បាន​និយាយ​ថា​ អ្នកចូលរួម​ជាង១ម៉ឺន​នាក់​ រួម​ទាំង​មេដឹកនាំ​ និង​គណៈប្រតិភូ​អាស៊ាន​ សាធារណៈ​ និង​ធុរកិច្ច​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ និង​ព្រឹត្តិ​ការណ៍​ពាក់ព័ន្ធ​ដទៃទៀត​។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​គីម​ ជុង​អ៊ុន​ ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ប៉ុន្តែ​ការចូលរួម​របស់​លោក​មិន​ត្រូវ​បាន​បញ្ជាក់​ទេ​៕

ក្រុមហ៊ុន​លំដាប់​យក្ស​ក្នុង​ស្រុក​បាន​ទិញ​យក​អាជីវកម្ម​និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុ​មហ៊ុនហ្គ្រែ​នភ្នំ​ពេញ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​លំដាប់​យក្ស​ក្នុង​ស្រុក​គឺ​ CHIP​ MONG​ Land​ ដែល​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ CHIP​ MONG​ GROUP​ បានសម្រេច​ចិត្ត​ទិញ​យក​អាជីវកម្ម​ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុ​មហ៊ុនហ្រ្គែ​នភ្នំ​ពេញ​។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រុមហ៊ុន​ Grand​ Phnom​ Penh​ International​ City​។

ក្រុមហ៊ុន​ Grand​ Phnom​ Penh​ international​ City​ កាលពី​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​មួយ​នេះ​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​នូវ​រាល់​អាជីវកម្ម​ និង​ទ្រព្យសម្បត្តិ​សកម្ម​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ជីព​ ម៉ុង​ លែន​ (Chip​ Mong​ Co​., Ltd​) ដោយមាន​សុពលភាព​ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ​ ។

ក្រុមហ៊ុន​ CHIP​ MONG​ GROUP​ អាច​ចាត់ទុកជា​ក្រុមហ៊ុន​យក្ស​មួយ​ ដោយសារ​ក្រុមហ៊ុន​នេះ​ បាន​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ជាច្រើន​រួមមាន​ផ្សារ​ទំនើប​ បុរី​ ខុន​ដូ​ រោងចក្រ​ស៊ីម៉ងត៍​ រោងចក្រ​ផលិត​សម្ភារៈសំណង់​ រោងចក្រ​ផលិត​ស្រា​បៀរ​ជាដើម​។

CHIP​ MONG​ ត្រួ​វបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ធំ​ និង​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​ បាន​ទទួល​ទិញ​យក​ទ្រព្យសម្បត្តិ​ ព្រមទាំង​អាជីវកម្ម​នានា​របស់​ក្រុមហ៊ុន​ ហ្គ្រែន​ ភ្នំពេញ​ ដែល​កំពុង​មានដំណើរ​ការ​នៅ​លើ​ផ្ទៃដី​ទំហំ២៦០ហិ​កតា​ ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

នៅក្នុង​សេចក្ដីជូនដំណឹង​ខាងលើ​នេះ​ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ​Grand​ Phnom​ Penh​ International​ Co​, Ltd​ មាន​កិត្តិយស​សូម​ជូនដំណឹង​ជា​ផ្លូវការ​ ដល់​ម្ចាស់​លំនៅដ្ឋាន​ ដែល​ជា​អតិថិជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ថ្មី​ៗនេះ​ក្រុមហ៊ុន​បាន​លក់​ទ្រព្យសកម្ម​ និង​អាជីវកម្ម​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ជីប​ ម៉ុង​លែន​ ខូ​អិល​ធី​ឌី​ ហើយ​យើងខ្ញុំ​បាន​រៀបចំ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់​ទៅ​ឱ្យ​ក្រុមហ៊ុន​ថ្មី​ គឺ​ក្រុមហ៊ុន​ ជីប​ ម៉ុង​លែន​ ខូ​អិល​ធី​ឌី​ ដែល​តំណាងដោយ​ លោក​ឧកញ៉ា​ លាង​ ឃុន​ និង​លោក​ ឧកញ៉ា​ លាង​ ម៉េ​ង ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​លិខិត​ជូនដំណឹង​នេះ​តទៅ​៕

ក្រុមហ៊ុន​កូរ៉េ​បោះទុន​ ១០លាន​ដុល្លារ​រវិ​និ​យោគ​លើ​ពាណិជ្ជកម្ម​ឌីជីថល​នៅ​ខេត្តសៀមរាប​

ដោយ ​វុត្ថា​

សៀម​រា​បៈ​ ក្រុមហ៊ុន​ទាំងពីរ​ គឺ​ក្រុមហ៊ុន​ SOL​ Media​ Company​ និង​ក្រុមហ៊ុន​ SEo​ Dansan​ Digital​ Company​ នៃ​សាធារណ​កូរ៉េ​ បាន​ប្រកាស​បោះទុន​ប្រមាណ១០លាន​ដុល្លារ​អាមេរិក​ គ្រោង​វិនិយោគ​លើ​អាជីវកម្ម​ ឌីជីថល​ ដែល​មានឈ្មោះ​ថា​ Angkor​ Digital​ Theme​ Park​ នៅក្នុង​ខេត្តសៀមរាប​។

យោង​តាម​កិច្ច​ប្រជុំ​រវាតំ​ណា​ក្រុមហ៊ុន​ទាំងពីរ​ និង​មន្ត្រី​រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី១៧​ ខែតុលា​ឆ្នាំ​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ គម្រោង​ Angkor​ Digital​ Theme​ Park​ នៅក្នុង​ខេត្តសៀមរាប​នេះ​ជាផ្នែក​មួយ​ នៃ​ការ​បន្ថែម​លើ​ការបម្រើ​សេវាកម្ម​ ផ្នែក​ទេសចរណ៍​ បន្ទាប់ពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ និង​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​។

កិច្ចប្រជុំ​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា​ ការរៀបចំ​គម្រោង​នេះ​ ជា​ការ​បង្ហាញ​អំពី​រមណីយដ្ឋាន​អង្គរ​ និង​ទេសភាព​នានា​ ព្រម​ទាំង​ប្រ​វិត្ត​សាស្រ្ត​ តាមរយៈ​ទស្សនីយភាព​ឌីជីថល​ ដោយ​ការសាងសង់​របស់​គម្រោង​ នឹង​បំពាក់​ប្រព័ន្ធ​ឌីជីថល​ទំនើប​ 3D និង4​D ដែល​គម្រោង​អាជីវកម្ម​នេះ​ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ១០លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ក្នុង​ការសាងសង់​អគារ​ និង​បំពាក់​សម្ភារៈ​បច្ចេកទេស​ និង​គ្រោង​ចំណាយ​រយៈពេល​សាងសង់​ប្រហែល២០ខែ​។

ខេត្តសៀមរាប​ គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ទេសចរណ៍​ រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ ដ៏​សម្បូរ​បែប​ តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ ដែល​មាន​ប្រាសាទបុរាណ​រាប់​រយ​គ្រប​ដណ្តប់​ លើ​ផ្ទៃដី​ទំហំ​ ៤០១គីឡូម៉ែត្រ​ការ៉េ​ ជាពិសេស​ប្រាសាទអង្គរវត្ត​ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ លើស​ពីនេះ​ទៀត​ខេត្ត​ សៀមរាប​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​មួយ​។

ខេត្តសៀមរាប​ជាទី​រមណីដ្ឋាន​ ដែល​សំបូរ​ទៅ​ដោយមាន​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន​ ​ហើយ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ចាត់ទុកថា​ គឺ​កន្លែង​មាន​ភាព​ទាក់ទាញ​មួយ​យ៉ាង​សំខាន់​ សំរាប់​ភ្ញៀវ​ទេសចរ​ទូទៅ​ឲ្យ​មក​កម្សាន្ត​ ហើយក៏​មិន​អាច​បំភ្លេច​ពី​វប្បធម៌​ដ៏​ផូ​ផង់​មួយ​នេះ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ខេត្តសៀមរាប​ ជា​ប៉ូល​ទេសចរណ៍​ទី១ នៅក្នុង​ប្រទេស​ និង​ជា​ចំ​ណុច​ទាញ់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​សំខាន់​បំផុត​៕

ធនាគារ​ចំនួន៩​ នឹង​ដៃគូ​ជាមួយ​ក្រសួង​សាធារណៈ​ការ​ ក្នុង​ការ​ទូទាត់​និង​ប្រមូល​ចំណូល​សេវា​សាធារណៈ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ចំនួន៩​ បាន​ក្លាយ​ដៃគូ​ជាមួយ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក្នុង​ការ​ទូទាត់​ និង​ប្រមូល​ចំណូល​សម្រាប់​សេវា​សាធារណៈ​របស់ក្រ​សួង​ ជាពិសេស​សេវា​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​មក​ទទួល​សេវា​នេះ​។

យោង​តាម​របា​រណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គ្រឹះស្ថាន​ទាំង៩នោះ​ រួមមាន​៖1. ធនាគារ​ ABA​ ​2. ធនាគារ​ វឌ្ឍនៈ​ ​3. ធនាគារ​ កា​ណា​ឌី​យ៉ា​ ក.អ​ ​4. ធនាគារ​ ព្រីនស៍​ ​5. ធនាគារ​ ហុង​ លី​អុង​ 6. ធនាគារ​ កម្ពុជា​អាស៊ី​ ​7. ធនាគារ​ ស្ថាបនា​ ​8. ធនាគារ​ អាយ​ស៊ី​ប៊ី​ស៊ី​ និង​ 9. ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភី​អិ​លស៊ី​។

ក្រសួង​សាធារណៈ​ការបាន​ស្វាគមន៍​ ចំពោះ​វត្ត​របស់​គ្រឹះស្ថាន​ទាំង៩នេះ​ ដែល​មានបំណង​ចង់​ចូលរួម​ ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ឱ្យ​កាន់តែ​មាន​ជម្រើស​សំបូរ​បែប​បន្ថែម​ទៀត​។

ក្រសួង​ពន្យល់​ថា​ ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​លបា​នប​ង្កើត​ប្រព័ន្ធ​បច្ចេ​កវិទ្យា​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ពេលវេលា​ផ្តល់​សេវា​ កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​ ក៏ដូចជា​បង្ខិត​សេវា​កាន់តែ​ជិត​ប្រជាពលរដ្ឋ​។

ក្រសួង​បញ្ជាក់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ អំពី​គំនិត​ផ្តួចផ្តើម​ថ្មី​របស់ក្រ​សួង​ក្នុង​ការ​ផ្តល់​សេវា​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដែល​ជា​បង្គំ​ អក្សរ​ និង​លេខ​ឡាតាំង​មិន​លើស​ពី៨ខ្ទង់​ ដើម្បី​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ ក្នុង​នោះ​ផង​ដែល​ក្រសួង​ ក៏​មានបំណង​ផ្ដល់​ជម្រើស​ក្នុង​ការ​បង់ប្រាក់​បញ្ជាទិញ​ និង​ការចូលរួម​ដេញថ្លៃ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ​អាច​ដំណើរការ​ទៅ​បាន​ លុះត្រាតែ​មានការ​សហការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ ក្នុង​ការ​ចរាចរណ៍​សាច់ប្រាក់​នៅ​កម្ពុជា​។

ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០១៩នេះ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​សហ​រកា​រជាមួយ​គ្រឹះស្ថាន​ដៃ​គូរ​ចំនួន៦​ បាន​ប្រមូល​ចំណូល​ដុល​បាន​សរុប​ ប្រមាណ​ជាង​ ១១៤​ ពាន់​លាន​រៀល​ និង​មាន​ប្រមាណ១លាន​ប្រតិ​បត្ត​ការ​៕