ក្រុមហ៊ុនTOYOTAនឹងបើកAcademy នៅដើមឆ្នាំ២០២៦ នៅកម្ពុជានិងគ្រោងពង្រីកសង្វាក់ផលិតកម្មបន្ថែម

ដោយៈ ម៉ាណា

    ប្រទេសជប៉ុនៈ ក្រុមហ៊ុន Toyota Tsusho Corporation ដែលនឹងបើកដំណើរកToyota Academyនៅដើមឆ្នាំ២០២៦ខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជំទាវចម និម្មលរដ្ឋមន្រ្តីពាណិជ្ជកម្មបានអនុញ្ញាត្តឲ្យលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia)។

ក្នុងជំនួបនោះលោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគ ដំណើរការរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា “រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ”។

ជាការឆ្លើយតប លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។

លោកបានជម្រាបជូនផងដែរថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្ម របស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ៕

មហាសេដ្ឋីសិង្ហបុរីបោះទុនជាង៤ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់គម្រោងអចលនទ្រព្យយក្សនៅម៉ាឡេសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្ស Thomson Medical Group របស់លោកមហាសេដ្ឋីសិង្ហបុរី Peter Lim បានចាប់ផ្តើមគម្រោងសាងសង់គម្រោងលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ក្រោមទុនវិនិយោគប្រមាណ៤,៣ពាន់លានដុល្លារអាមេរិកក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងឈ្មោះ“Johor Bay”នេះ លាតសន្ធឹងលើដីទំហំ១០,៥២ហិកតាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។

គម្រោង“Johor Bay”ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយនៅតំបន់អាស៊ាន ដោយរួមបញ្ចូលលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយ៥ និងតំបន់ពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះ គម្រោងខាងលើក៏នឹងរួមបញ្ចូលផងដែរនូវមន្ទីរពេទ្យ “Thomson Iskandariah” បន្ទប់ឯកទេស មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងរដ្ឋ Johor កាលពីខែមករា ឆ្នាំនេះ ក្នុងគោលបំណងទាក់ទាញការវិនិយោគ និងសម្រួលលំហូរចរាចរណ៍ទំនិញ និងប្រជាជនរវាងប្រទេសទាំង២។

លើសពីនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មីមួយខ្សែ ដែលលាតសន្ធឹងកាត់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អាចនឹងបញ្ចប់ការសាងសង់ក្នុងដំណាច់ឆ្នាំ២០២៦ខាងមុខ៕ប្រភព: Vnexpress៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំមើលរបាយការណ៍ទីផ្សារការងារនៅសហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើការសម្រេចចិត្តលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៣ភាគរយមកនៅត្រឹម៣៥៤៣,៤១ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៥៥៨,៧២ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១ភាគរយមកនៅត្រឹម៣.៥៩៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣០នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,២ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,១៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

ការសិក្សា: តំបន់អាស៊ាននឹងនាំមុខគេក្នុងការជំរុញកំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បីទូទាំងតំបន់អាសុីប៉ាសុីហ្វិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ន Savills បង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) នឹងសម្រេចបានអត្រាកំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បី(Branded residence)ក្នុងអត្រា១៨០ភាគរយនៅឆ្នាំ២០៣១ខាងមុខ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានកត់​សម្គាល់​ថា តំបន់អាស៊ាននឹង​ក្លាយ​ជា​ក្បាលម៉ាស៊ីន​កំណើន​ដ៏​សំខាន់​មួយ​ ដោយ​មាន​ប្រទេសវៀតណាម និង​ប្រទេសឥណ្ឌូនេស៊ី​ ជា​ប្រទេសនាំ​មុខ​គេ​នៅក្នុង​ការ​អភិវឌ្ឍ​ន៍។

លោក Otto Twist នាយកទទួលបន្ទុកផ្នែកលក់លំនៅដ្ឋានអន្តរជាតិប្រចាំតំបន់អាស៊ាននៅក្រុមហ៊ុន Savills Singapore បានអះអាងថា “តំបន់អាស៊ាននៅតែបន្តជាគោលដៅសំខាន់សម្រាប់ការវិនិយោគលើលំនៅដ្ឋានម៉ាកល្បី និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជនមកពីចិនដីគោក និងកោះហុងកុង”។

ទីក្រុងហុងកុងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់បញ្ចូលដើមទុនវិនិយោគពីក្រៅប្រទេសទៅកាន់តំបន់អាស៊ាន ដោយសារការកើនឡើងនៃតម្រូវការពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងការិយាល័យគ្រួសារ(Family office)។

លោកស្រី Louis Keighley ប្រធានផ្នែកប្រឹក្សាយោបល់លើការអភិវឌ្ឍន៍លំនៅដ្ឋានសកលនៅក្រុមហ៊ុន Savills បានលើកឡើងថា “កំណើននៃការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បីៗនៅក្នុងតំបន់អាសុីប៉ាសុីហ្វិក អាចនឹងវ៉ាដាច់តំបន់អាមេរិកខាងជើង”។

លំនៅដ្ឋានម៉ាកល្បី(Branded Residence) ជាប្រភេទអចលនទ្រព្យលំនៅដ្ឋាន ដូចជា អាផាតមុិន ខុនដូ ឬវីឡា ដែលត្រូវបានអភិវឌ្ឍន៍ ធ្វើទីផ្សារ ឬត្រូវបានគ្រប់គ្រងរួមគ្នារវាងបណ្តាអ្នកអភិវឌ្ឍន៍ជាមួយនឹងបណ្តាក្រុមហ៊ុនសណ្ឋាគារល្បីៗ។

ក្នុងន័យនេះ ក្រុមហ៊ុនសណ្ឋាគារផ្តល់អាជ្ញាបណ្ណដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីអាចប្រើប្រាស់ឈ្មោះម៉ាកយីហោសណ្ឋាគាររបស់ខ្លួន ដោយកំណត់ស្តង់ដារនៃការរចនា និងសេវាកម្ម ព្រមទាំងមើលការខុសត្រូវលើសន្តិសុខ និងគ្រឿងបរិក្ខារនានា៕ប្រភព: Edgeprop៕

ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកដាំក្បាលចុះដល់ដំណាក់កាលវិបត្តិដ៏លំបាកបំផុតមួយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Reuters បានចុះផ្សាយថា ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកបានដាំក្បាលចុះដល់ដំណាក់កាលដ៏លំបាកបំផុតមួយ ខណៈអត្រាការិយាល័យទំនេរក្នុងប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

ការដាំក្បាលចុះកាន់តែជ្រៅទៅក្នុងវិបត្តិបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាម្ចាស់អគារការិយាល័យ និងធនាគារ ដែលបានផ្តល់ហិរញ្ញប្បទានដល់ពួកគេ។យុទ្ធសាស្ត្រនៃការបំពេញការងារពីចម្ងាយ ដោយមិនចាំបាច់ជួលការិយាល័យ បានធ្វើឱ្យទីផ្សារដាំក្បាលចុះ។

យោងតាមទិន្នន័យថ្មីពីក្រុមហ៊ុន Moody’s Analytics បានឱ្យដឹងថា អត្រាការិយាល័យទំនេរទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់២០,៧ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥។ អត្រានេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន។

កំណើននៃអត្រាការិយាល័យទំនេរបាននិងកំពុងជះផលប៉ះពាល់ដល់តម្លៃជួលការិយាល័យ និងប្រាក់ចំណូលរបស់បណ្តាធនាគារជាច្រើននៅសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រាក់កម្ចីដល់ម្ចាស់អគារពាណិជ្ជកម្មនានា។

អត្រាការិយាល័យទំនេរនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានកើនឡើងដល់២៧,៧ភាគរយនៅត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំ២០១៩ ក្នុងរង្វង់ត្រឹមតែ៨,៦ភាគរយ។

តំបន់ពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់សហរដ្ឋអាមេរិកក៏កំពុងប្រឈមមុខជាមួយនឹងការចាកចេញនៃអ្នកជួលផងដែរ។ ជាក់ស្តែង អត្រាការិយាល័យទំនេរនៅទីក្រុងញូវយ៉កបានស្ថិតក្នុងរង្វង់ជិត២៣ភាគរយ៕ប្រភព: Reuters៕

បណ្តាក្រុមហ៊ុនអចលនទ្រព្យបរទេសសម្រុកឈានជើងចូលទីផ្សារសណ្ឋាគារក្នុងប្រទេសហ្វីលីពីន

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចបរទេសនឹងគ្របដណ្តប់ចំណែកភាគច្រើននៃការផ្គត់ផ្គង់សណ្ឋាគារថ្មីនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្តទាក់ទាញក្រុមអ្នកវិនិយោគ។

យោងតាមរបាយការណ៍ព្យាករណ៍ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានបង្ហាញថា បណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចបរទេសនឹងគ្របដណ្តប់ចំណែក៥៦ភាគរយនៃការផ្គត់ផ្គង់បន្ទប់សណ្ឋាគារថ្មីសរុបចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៧។

លោក Joey Bondoc ប្រធានទទួលបន្ទុកលើផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា “យើងសង្កេតឃើញថា បណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចបរទេសកំពុងពង្រីកខ្លួនឥតឈប់ឈរក្នុងប្រទេសហ្វីលីពីន”។

លោក Bondoc បានបញ្ជាក់បន្ថែមថា “វិស័យទេសចរណ៍ និងការធ្វើដំណើរកំសាន្តនៅហ្វីលីពីនមានសក្តានុពលខ្ពស់ ដោយសារការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍បរទេស និងការធ្វើទំនើបកម្មព្រលានយន្តហោះនៅទូទាំងប្រទេស”។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានឱ្យដឹងបន្តថា អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារជាមធ្យម(Occupancy Rate) កាលពីឆមាសទី១ ឆ្នាំនេះ នៅតំបន់រដ្ឋធានីម៉ានីលរក្សាបានស្ថិរភាពក្នុងរង្វង់៦៤ភាគរយ៕ប្រភព: Inquirer.Net៕

ការ​លក់​លំនៅដ្ឋាននៅប្រទេស​ចិន​​បន្តដាំក្បាលចុះនៅខែសីហា ខណៈប្រសិទ្ធភាពនៃវិធានការជំរុញសេដ្ឋកិច្ចថយចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា ការ​លក់​លំនៅដ្ឋាននៅប្រទេស​ចិន​បាន​បន្តដាំក្បាលចុះកាលពី​ខែ​សីហា បើទោះ​បីជា​តម្លៃ​ផ្ទះបាន​ធ្លាក់​ចុះថោកយ៉ាងណាក្តី ខណៈវិធានការមួយចំនួនរបស់អាជ្ញាធរចិនហាក់ពុំមានប្រសិទ្ធភាពគ្រប់គ្រាន់។

ទំហំទឹកប្រាក់សរុប ដែលទទួលបានពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ សម្រេចបានចំនួន២០៧ពាន់លានយ័ន។ ទំហំទឹកប្រាក់នេះបង្ហាញពីការដាំក្បាលចុះ១៧,៦ភាគរយ​បើធៀប​នឹង​ឆ្នាំ​មុន បន្ទាប់ពីបានដាំក្បាល​ចុះ២៤ភាគរយ​នៅខែ​កក្កដា។

គិតត្រឹមខែសីហា ឆ្នាំ២០២៥ ការលក់លំនៅដ្ឋាននៅក្នុងប្រទេសចិនបានដាំក្បាលចុះក្នុងរយៈពេល៦ខែជាប់ៗគ្នា។

វិបត្តិលំនៅដ្ឋាន​របស់​ប្រទេស​ចិន​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ។ ការធ្លាក់ចុះនៃតម្លៃផ្ទះក៏ជាសញ្ញាមួយ ដែលបង្ហាញថា វិធានការជំរុញសេដ្ឋកិច្ចកាលពីឆ្នាំមុនកំពុងបាត់បង់ប្រសិទ្ធភាព ដោយបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាបរិត្តផរណា។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការដាក់ចេញវិធានការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីស្តារទីផ្សារលំនៅដ្ឋាន។ កាលពីខែសីហា អាជ្ញាធររបស់រដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ បានបន្ធូរបន្ថយច្បាប់ទិញផ្ទះ។

កាសែត The Securities Daily បានរាយការណ៍ ដោយដកស្រង់សម្តីរបស់អ្នកជំនាញមួយរូបថា វិធានការថ្មីអាចនឹងត្រូវបានដាក់ចេញបន្ថែមទៀតនៅដើមខែកញ្ញានេះ ខណៈអាជ្ញាធរចិនកំពុងរៀបចំពន្លឿនគម្រោងជួសជុលកែលម្អទីក្រុង៕ប្រភព: Bloomberg៕

រដ្ឋបាលខេត្តបាត់ដំបងកំពុងរៀបចំផ្លូវថ្មើជើងនិងផ្លូវសម្រាប់ជិះកង់នៅប្របមាត់ស្ទឹងសង្កែ

ដោយៈ ម៉ាណា

    បាត់ដំបងៈ អភិបាលនៃអណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ អញ្ជើញដឹកនាំក្រុមការងារ នៃមន្ទីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពការរៀបចំផ្លូវថ្មើជើង និងផ្លូវជិះកង់តាមបណ្តោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង។

ការចុះត្រួតពិនិត្យទីតាំងសួនសិល្បៈ ស្ថិតនៅផ្លូវលេខ១ ក្រុងបាត់ដំបង ដែលបានិងកំពុងស្ថាបនាធ្វើផ្លូវថ្មើរជើង និងផ្លូវជិះកង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធ តុបតែងដើមឈើ ដើម្បីលើកសោភ័ណភាពក៏ដូចជាសម្រស់ទីក្រុងបាត់ដំបង។

ជាមួយនឹងការចុះពិនិត្យនេះ លោកអភិបាលខេត្តបានចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ ដែលជន់ឡើងដល់កម្រិតហានិភ័យ។ ក្នុងស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់ នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង៕

ជប៉ុនជួយបង្កើតមជ្ឈមណ្ឌលថែរទាំមនុស្សចាស់និងជម្រុញការវិនិយោគមកកាន់កម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោក Fumio Yamada ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃគណៈប្រតិភូសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA)បានជួយបង្កើតមជ្ឈមណ្ឌលថែរទាំមនុស្សចាស់ និងជួយជម្រុញការវិ​និយោគពីជប៉ុនមកកាន់កម្ពុជា។

លោកប្រធានហ្វូមីអូ យ៉ាម៉ាដាបានថ្លែងបែបនេះ ក្នុងពេលត្រូវបានអនុញ្ញាត្តឲ្យជួបសម្តែកការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២ កញ្ញា។

ក្នុងឱកាសនោះ លោកបានជម្រាបជូនអំពីសមាសភាពប្រធានអង្គការ JCIA ថ្មី ជូនលោកជំទាវរដ្ឋមន្ត្រី និងបានបង្ហាញជូនអំពីទិសដៅរបស់អង្គការJCIA ដែលជាដៃគូសហការ ដែលបានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពាធិ៍សែនជ័យ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់យុវជនកម្ពុជា ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ជួយបង្កើតមជ្ឍមណ្ឌលថែទាំមនុស្សចាស់ និងសេវាសង្គមផ្សេងៗ និងជម្រញការវិនិយោគពីជនជាតិជប៉ុនក្នុងវិស័យសង្គម និងឧស្សាកម្មនៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍លោក ហ្វូមីអូ យ៉ាម៉ាដា និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ជំនួបសំណេះសំណាល និងសម្តែងការគួរសមនៅក្រសួងពាណិជ្ជកម្មនារសៀលនេះ៕

អគ្គនាយកបុរីវិមានសំណាងចូលជាសមាជិកសមាគមសភា ពាណិជ្ជកម្មអាមេរិក

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អគ្គនាយកបុរី វិមានសំណាងលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានចុះឈ្មោះ ចូលជាសមាជិកសមាគមសភាពាណិជ្ជកម្មអាមេរិក ដើម្បីបង្ហាញពីការពង្រីកវិសាលភាព នៃអាជីវកម្មជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជា។

ពិធីចូលជាសមាជិក សមាគមសភាពាណិជ្ជកម្មអាមេរិក ប្រព្រឹត្តទៅនៅការិយាល័យបុរី វិមានសំណាង និងមានការចូលរួមដោយផ្ទាល់ពី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោក Casey Barnett ប្រធាន Amcham Cambodia រួមទាំងភ្ញៀវកិ​ត្តិយសជាច្រើនរូប។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបញ្ជាក់ថា “ការចូលជាសមា​ជិកនេះ ក្នុងគោលបំណងបង្ហាញ ពីការពង្រីកវិសាលភាពនៃអាជីវកម្មក្នុងវិស័យអចលនទ្រព្យ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាមួយនឹងអ្នកវិនិយោគិននៅសហរដ្ឋអាមេរិក និងកម្ពុជាឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត”។

លោកឧកញ៉ាបណ្ឌិតបានឲ្យដឹងទៀតថា ការចូលជាសមាជិកនេះផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ លើផ្នែកសំខាន់ៗរួមមាន៖ ជំរុញលើការធ្វើពាណិជ្ជកម្មរវាង បុរី វិមានសំណាង និងសហគមអ្នកវិនិយោគអាមេរិក ឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅកាន់តែខ្លាំង។

ជាមួយគ្នានេះ លោកCasey Barnett ប្រធានAmcham Cambodia បានកោតសរសើរគម្រោងអភិវឌ្ឍន៍របស់បុរី វិមានសំណា​ង ដែលមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាអគ្គនាយក ដោយបានរៀបចំ និងរចនានូវម៉ូតផ្ទះបែបក្លាសិកនេះឡើង អមជាមួយនឹងការរក្សាទុកនូវធម្មជាតិជាច្រើនក្នុងគម្រោង ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ជាពិសេសទីតាំងរបស់បុរី វិមានសំណាង ស្ថិតនៅទីប្រជុំជន ដែលហ៊ុំព័ទ្ធទៅដោយសាលារៀនអន្តរជាតិល្បីៗផងដែរ។

ជាងនេះទៅទៀត សមាគមសភាពាណិជ្ជកម្មអាមេរិក នឹងធ្វើការជួយជំរុញ ដើម្បីឲ្យសហគមអ្នកវិនិយោគអាមេរិក បានស្គាល់អំពីបុរី វិមានសំណាង កាន់តែច្បាស់និងច្រើនជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បីសាកសួរព័ត៌មានលម្អិត និងអាចទាក់ទងតាមលេខទូរស័ព្ទ៖011 62 6789 ៕