គ្មាន​ចិន​គ្មាន​បញ្ហា​ទេ​? អាមេរិក​ ជប៉ុន​បាន​ព្រមព្រៀង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កាន់តែ​មាន​កំ​ដៅ​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោ​កស៊ីន​ហ្សូ​ អាបេ​ បាន​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ G-7 ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ Biarritz​ ប្រទេស​បារាំង​កាលពី​ចុង​សប្តាហ៍​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ ជប៉ុន​ថ្មី​ នឹង​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​កសិកម្ម​សំ​ខាន់​ៗរបស់​អាមេរិក​ ទៅកាន់​ជប៉ុន​ដូចជា​សាច់គោ​អាមេរិក​ ស្រូវសាលី​ សាច់​ជ្រូក​ និង​ផលិតផល​ពោត​។ ជា​ថ្នូរ​នឹង​ការយល់ព្រម​លោក​ Trump​ មិនព្រម​ដំឡើង​ពន្ធ​លើ​រថយន្ត​ជប៉ុន​ចូល​អាមេរិក​ទេ​។

លោក​ Trump​ បាន​គំរាម​ដំឡើង​ពន្ធ​លើ​វិស័យ​រថយន្ត​ជប៉ុន​ ចាប់តាំងពី​ខែ​ កញ្ញា​ ឆ្នាំមុន​។

លោក​ Trump​ បាន​និយាយ​ថា​ “យើង​បាន​និង​កំពុង​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ជប៉ុន​ជាយូរមកហើយ​។ ហើយ​យើង​បាន​ឯកភាព​ជាគោល​ការណ៍​”។ លោក​បន្ថែម​ថា​ “កិច្ច​ព្រមព្រៀង​ថ្មី​នឹង​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​”។

ក្រុម​អ្នកសេដ្ឋកិច្ច​បាន​និយាយ​ថា​ ជប៉ុន​ត្រូវ​បាន​គំរាម​ក្នុង​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ដែល​រួមមាន​ ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ បន្ទាប់ពី​ចិន​មិនបាន​បន្ត​ទិញ​សណ្តែកសៀង​អាមេរិក​ បន្ទាប់ពី​ការចរចា​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ពន្ធគយ​ទាំងស្រុង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

លោកនាយក​រដ្ឋមន្រ្តី​ អាបេ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “ទាក់ទង​ទៅ​នឹង​ការទិញ​ពោត​អាមេរិក​ ដែល​មាន​សក្តា​នុ​ពល​នៅ​ជប៉ុន​ឥឡូវនេះ​ យើង​កំពុង​ជួបប្រទះ​សត្វល្អិត​ចង្រៃ​លើ​ផលិតផល​កសិកម្ម​មួយចំនួន​។ហើយ​យើង​ត្រូវការ​ដើម្បី​ទិញ​ផលិតផល​កសិកម្ម​មួយចំនួន​”។

យោង​តាម​ក្រសួង​កសិកម្ម​អាមេរិក​បាន​ឲ្យដឹង​ថា​ អំឡុង​ពេល​ការ​កើតឡើង​នូវ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ចិន​បាន​លុបចោល​រាល់​ការនាំចូល​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ដែល​ធ្វើឲ្យ​កសិករ​នៅសល់​សណ្តែកសៀង​ក្នុង​ស្តុក​រាប់​សិប​តោន​។

ការទិញ​សណ្តែកសៀង​របស់​ចិន​មាន​ចំនួន៦០ភាគរយ​ នៃ​ការនាំចេញ​សណ្តែក​របស់​អាមេរិក​ដែល​មានតម្លៃ​ ៥,៩ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ធ្វើ​ជំរឿន​របស់​អាមេរិក​។

កាលពីមុន​ ចិន​បាន​យល់ព្រម​ទិញ​សណ្តែកសៀង​រាប់​លាន​តោន​ ពី​សហរដ្ឋអាមេរិក​តាម​ការ​ស្នើសុំ​ពិសេស​ ពីរ​ដ្ឋ​បាល​របស់​ប្រធានាធិបតី​អាមេរិក​ Trump​។

ការបញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​របស់​ចិន​ អាច​នឹង​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​ របស់​លោក​ Donald​ Trump​ នៅ​ឆ្នាំក្រោយ​ ប្រសិនបើ​ប្រទេស​ជប៉ុន​ មិនបាន​យល់ព្រម​នាំចូល​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នោះ​ទេ​។

ប្រជាសាស្ត្រ​សំខាន់​នៅក្នុង​មូលដ្ឋាន​ អ្នកបោះឆ្នោត​របស់​លោក​ Trump​ គឺ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​របស់​អាមេរិក​។

លោក​ Ichiro​ Fujisaki​ អតីត​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​អាមេរិក​ បាន​និយាយ​កាន់​កាសែត ​Japan​ Times ​ដែល​មាន​ដ្ឋាន​នៅ​ទីក្រុង​តូក្យូ​ថា​ “ប្រសិនបើ​អ្នក​និយាយ​ថា​ ឈ្នះ​ឈ្នះ​ វា​ជា​អក្សរ​ធំ​សម្រាប់​អាមេរិក​ និង​អក្សរ​តូច​មួយ​“ ឈ្នះ​” សម្រាប់​ជប៉ុន​”។

ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បាន​បន្ថែម​ថា​ ផលប្រយោជន៍​សេដ្ឋកិច្ច​តែមួយគត់​ ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ សម្រាប់​ជប៉ុន​គឺថា​អាមេរិក​ នឹង​មិន​ដាក់​ពន្ធ​ និង​ការ​រឹតត្បិត​ការនាំចូល​លើ​វិស័យ​រថយន្ត​ដ៏​សំខាន់​របស់​ជប៉ុន​ទេ​៕

អភិបាលខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជំនាញ​ចាប់ផ្តើម​បង្ហោះ​ត្រូ​នដើម្បី​សិក្សា​ពី​ប្រព័ន្ធ​ប្រឡាយ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ អភិបាលខេត្ត​ព្រះសីហនុ​ បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​ ដែល​ទទួល​សាងសង់​ចាប់ផ្តើម​បង្ហោះ​ត្រូ​ន (ឧបករណ៍​ថត​ពីលើ​អាកាស​) ពិនិត្យ​ស្ថានភាព​និង​ទីតាំង​អូរ​ ប្រឡាយ​ ងាយស្រួល​ក្នុង​ការអនុវត្ត​តាម​ផែនការមេ​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៧​ ខែសីហា​ ព្រឹកមិញ​នេះ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន​ បាន​ទទួល​ជួបពិភាក្សា​ការងារ​ និង​ពិនិត្យ​លើ​ការ​ធ្វើ​បទ​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​របស់​ក្រុមហ៊ុន​ បង្ហោះ​ត្រូ​ន ដើម្បី​សិក្សា​ និង​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​ អូរ​ ប្រឡាយ​ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ចុះ​អនុវត្ត​ផែនការ​គ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​ និង​រំដោះ​ជំនន់​ទឹកភ្លៀង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ សោម​ មិថុនា​រត្ន័​ ប្រធាន​ក្រុមហ៊ុន​ KCC​ Cambodia​ Co​ Ltd​ ដែល​ទទួល​បាន​គម្រោង​ចុះ​សិក្សា​ពី​លទ្ធភាព​ ក្នុង​ការសាងសង់​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ និង​រំដោះ​ទឹកភ្លៀង​ បាន​លើកឡើង​ថា​ ដោយសារតែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​មានការ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក​ ក្រុមហ៊ុន​ផ្តោត​ជា​សំខាន់​ទៅលើ​បញ្ហា​ទឹកភ្លៀង​ សណ្ឋានដី​ កំពស់​ទឹកសមុទ្រ​ ដែល​មាន​វិសាលភាព​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ដូច្នេះ​ត្រូវ​មាន​ទិន្នន័យ​ពី​សណ្ឋានដី​ គម្រោង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក​បន្ត​ថា​ “យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ និង​ទិន្នន័យ​ឱ្យ​សុក្រឹត​ ត្រូវ​សិក្សា​ពី​សណ្ឋានដី​ ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​អូរ​ ប្រឡាយ​ទឹកភ្លៀង​ ទឹក​កខ្វក់​ និង​ទឹក​ស្អាត​ សិក្សា​ផ្អែកលើ​វិទ្យាសាស្ត្រ​ និង​មជ្ឈមណ្ឌល​វិភាគ​”។ លោ​បាន​បន្ត​ទៀត​ថា​ “ត្រូវ​មានការ​បណ្តុះបណ្តាល​ និង​ធ្វេី​បច្ចុ្បន្ន​ភាព​ទិន្នន័យ​ ម្យ៉ាងទៀត​កា​របង្ហោះ​ដ្រូ​ននេះ​ប្រើ​ពេល​ប្រហែល​ ១២សប្តាហ៍​ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​លើ​ផ្ទៃដី ៥.០៨០ហិ​កតា​ ក្នុង​ក្រុង​ព្រះសីហនុ​”។

លោក​ គួច​ ចំរើន​ទទួលស្គាល់​ពី​ការ​លើកឡើង​របស់​ក្រុមហ៊ុន​ ដែល​មាន​គោលបំណង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ សិក្សា​លើ​ប្រព័ន្ធ​អូរ​ ប្រឡាយ​ ដាក់​លូ​រំដោះ​ទឹកភ្លៀង​ និង​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​ ដើម្បី​កែ​លម្អ​សោភ័ណភាព​ បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

​លោក​បាន​លើកឡើង​ថា​ “បញ្ហា​ប្រឈម​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​បច្ចុប្បន្ន​ ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​ក្រសួង​មួយចំនួន​កំពុង​យកចិត្ត​ទុកដាក់​ ក្នុង​ការ​ដោះស្រាយ​សភាពការណ៍​ នៃ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ សម្រាប់​ខេត្ត​ព្រះសីហនុ​”៕

ក្រុម​ហ៊ុន​ធំៗ​ចំនួន​បី​នឹង​សាងសង់​ “ទីក្រុង​នាគ​” នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​នា​ពេល​ខាងមុខ​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ នឹង​សាងសង់​ទីក្រុង​ថ្មី​មួយ​នៅ​ភាគ​ខាងត្បូង​ រាជធានី​ភ្នំពេញ​ ដោយ​ប្រសិ​ទ្ឋ​នាម​ទីក្រុង​ថ្មីនេះ​ជា​ “ទីក្រុង​នាគ​”។

គំរោង​នេះ​នឹង​សហការ​រៀបចំឡើង​ដោយក្រុម​ហ៊ុន ​ING​ Holding ​ជាមួយ​ក្រុមហ៊ុន​ Causeway​ Bay​ Group​ និង​ក្រុមហ៊ុន​ SINO​ Bay​ Construction​ Investment​ ដែល​មាន​មូលដ្ឋាន​ទីក្រុង​ ហុងកុង​។

យោង​តាម​ការ​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ទាំង​បី​ ដែល​បាន​ចេញផ្សាយ​នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីក្រុង​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី២៦​ សីហា​កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ ទីក្រុង​រណប​តំបន់​បឹងទំពុន​ និង​ជើងឯក​ ឬហៅ​ថា​អ៊ឹ​ង ស៊ី​ធី​ (ING​ City​) ដែល​ជាទី​តាំង​គម្រោង​ទីក្រុង​នាគ​ត្រូវ​អភិវឌ្ឍ​ គឺជា​តំបន់​មានការ​រីកចម្រើន​ខ្លាំង​ខាង​វិស័យ​ធុរកិច្ច​ចម្រុះ​ និង​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ មាន​ភាព​ពេញលេញ​សំបូរ​បែបជា​ទីក្រុង​ មាន​សុវត្ថិភាព​ និង​បរិស្ថាន​ល្អ​ប្រសើរ​ជាមួយ​សួនច្បារ​ និង​លំហ​របៃ​តង​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។

កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​នេះ​ នឹង​ចងសម្ព័ន្ធ​ក្រុមហ៊ុន​កម្ពុជា​ និង​ក្រុង​ហុងកុង​ ដើម្បី​រួម​កម្លាំង​អភិវឌ្ឍ​ទីក្រុង​នាគ​ នៅក្នុង​តំបន់​បឹងទំពុន​ និង​ជើងឯក​ លើ​ផ្ទៃដី៥.៤ហិ​កតា​ តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ២០២០​។ គម្រោង​នេះ​នឹង​ពង្រីក​គ្រប​ដណ្តប់​លើ​ផ្ទៃដី​រហូតដល់២៥ហិ​កតា​។

លោក​ឧក​ញ៉ា​អ៊ឹ​ង ប៊ុ​នហូវ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ អាយ​អិន​ជី​ ហូល​ឌីង​ បាន​មានប្រសាសន៍​ថា​ «ក្រុមហ៊ុន​អាយ​អិន​ជី​ ហូល​ឌីង​ បាន​ទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ការពង្រីក​ទីក្រុង​មក​ភាគ​ខាងត្បូង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ទីក្រុង​ អ៊ឹ​ង ស៊ី​ធី​ (ING​ ​City​)។

លោក​ឧកញ៉ា​បញ្ជាក់​ថា​ «ចក្ខុវិស័យ​របស់​យើង​ ចង់​ឲ្យ​ភ្នំពេញ​មាន​ភាព​សំបូរ​បែប​រួមផ្សំ​ដោយ​ហាងទំនិញ​ ការិយាល័យ​ធ្វើការ​ និង​ទីកន្លែង​សំរាក​លំ​ហែរ​កំសាន្ត​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​បរិស្ថាន​ល្អ​ប្រសើរ​បំផុត​”។

ដោយ​បាន​សង្កេតឃើញ​ពី​ភាព​ជោគជ័យ​ នៃ​ធុរកិច្ច​របស់​ក្រុមហ៊ុន​ខូស​វ៉េ​បេ​ គ្រុប​ លើ​ទីតាំង​ចំនួន១០៩​ កន្លែង​ក្នុង​ប្រទេស​ចិន​ និង​ទ្វីបអាស៊ី​ យើងខ្ញុំ​ពិតជា​មាន​សេចក្តី​រំភើប​ចំពោះ​សម្ព័ន្ធភាព​ និង​កិច្ចការ​ដែល​ក្រុមហ៊ុន​យើង​នឹង​ធ្វើ​រួមគ្នា​ ដើម្បី​បង្កើត​ឡើង​នូវ​ភាព​អស្ចារ្យ​សំរាប់​ទីក្រុង​ អ៊ឹ​ង ស៊ី​ធី​ និង​រាជធានី​ភ្នំពេញ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Causeway​ Bay​ Group​ លោក ​Chen​ Zhi​ បាន​មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​ នឹង​រួមចំណែក​កសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ជា​ការ​ឆ្លើយតប​នឹង​ភាព​រីក​ចំរើន​ដ៏​ខ្លាំងក្លា​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​កើនឡើង​ នៃ​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ Zhuang​ Xiongming​ អគ្គនាយក​ ក្រុមហ៊ុន​ SINO​ Bay​ Construction​ Investment​បាន​មានប្រសាសន៍​ថា​ គម្រោង​ទីក្រុង​នាគ​នេះ​ ជា​គម្រោង​ដ៏​សំខាន់​ដែល​រួមគ្នា​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ អាយ​អិន​ជី​ ហូល​ឌីង​ ក្រុមហ៊ុន​ ខូស​វ៉េ​បេ​ គ្រុប​ និង​ ក្រុមហ៊ុន​ ស៊ី​ណូ​ បេ​ ខន់​ស្ត្រាក់​សិន​ អ៊ី​នវេ​សមេន​។

លោក​បន្ត​ថា​ “ទីក្រុង​នេះ​នឹង​ត្រូវ​រចនា​ឡើងជា​មួយ​គំនិត​រចនា​បែប​សកល​ និង​រួមបញ្ចូល​ប្រព័ន្ធ​ Habitat​-Building​ ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​នូវ​គំរូ​នៃ​ការរស់នៅ​ប្រកបដោយ​គុណភាព​ ពោរពេញ​ដោយ​រស្មី​ព្រះអាទិត្យ​ ភ្លៀង​ ភាព​កក់ក្តៅ​ និង​សេចក្តី​រីករាយ​”៕

ក្រុមហ៊ុន​បច្ចេកវិទ្យា​សឹង្ហ​បូរី​គ្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​គ្រប់គ្រង​ទីក្រុង​ឆ្លាតវៃ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ៖​ ក្រុមហ៊ុន​បច្ចេកវិទ្យា​សឹង្ហ​បូរី​ PLMP​ Fintech​ គ្រោង​នឹង​ពង្រីក​បច្ចេកវិទ្យា​ blockchain​ ក្នុង​ការគ្រប់គ្រង​ទី​ឆ្លាតវៃ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា ​blockchain​ របស់​សឹង្ហ​បូរី​ PLMP​ Fintech​ នឹង​នាំមក​នូវ​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​មួយ​នៅ​សប្តាហ៍​ក្រោយ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​បច្ចេកវិទ្យា​ Creatanium​ Blockchain​ Smart​ City​ ដែល​នៅ​ជាយក្រុង​ភ្នំពេញ​។ បច្ចេកវិទ្យា​ blockchain​ មានន័យថា​ កំណត់ត្រា​ប្រតិបត្តិ​ការ​ក្នុង​ប្រពន្ធ័​បណ្តាញ​ឌីជីថល​ដែល​គ្មាន​អាជ្ញាធរ​កណ្តាល​។

ទីក្រុង​ឆ្លាតវៃ​ក្រុមហ៊ុន​ PLMP​ Fintech​ ជា​ការ​អភិវឌ្ឍ​ដ៏​ធំ​មួយ​ដែល​នឹង​ត្រូវ​ដាក់ចេញ​ជា​បី​ដំណាក់កាល​នៅក្នុង​តំបន់​រដ្ឋបាល​ និង​សេដ្ឋកិច្ច​ពិសេស​គងពិសី​ ដែល​មានផ្ទៃ​ក្រឡា​ជាង១លាន​ម៉ែត្រក្រឡា​ ដោយ​បាន​ទទួល​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សា​ភិបាល​រដ្ឋាភិបាល​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ជា​គម្រោង​សហប្រតិបត្តិ​ការ​កសិកម្ម​ និង​ឧស្សាហកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​-ចិន​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​។

ក្នុងចំណោម​តំបន់​ស្នូល​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ឧទ្យាន​កណ្តាល​ និង​មូលដ្ឋាន​ស្បៀងអាហារ​ និង​កសិកម្ម​មួយ​ភាគ​ប្រាំ​ នៃ​ផ្ទៃដី​ត្រូវ​បាន​បម្រុងទុក​សម្រាប់​ក្រុមហ៊ុន​ PLMP​ Fintech​ សម្រាប់​ការស្ថាបនា​ និង​គ្រប់គ្រង​តំបន់​ដី​លំនៅ​ដ្ឋាន​ដែល​មាន​ខុន​ដូ​ខុន​ដូ​ ផ្ទះ​ជាប់គ្នា​ ផ្ទះ​ផ្តាច់​ខ្លួន​ និង​លំនៅ​ដ្ឋាន​ជាច្រើន​សម្រាប់​អ្នកជំនាញ​ និង​ជនបរទេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។

តំបន់​នេះ​ក៏​នឹង​រួមបញ្ចូល​ទាំង​ផ្ទះ​ហាង​លក់ទំនិញ​ និង​ផ្សារ​ទំនើប​ផង​ដែរ​ ដើម្បី​ផ្សារ​អាជីវកម្ម​ជាមួយនឹង​តំបន់​នេះ​។

លោក​ Peter​ Lim​ អ្នក​យុទ្ធ​សាស្រ្ត​នៃ​ក្រុម​ហ៊ុម​ PLMP​ Fintech​ បាន​ពន្យល់​ថា​ “យើង​មាន​ទីក្រុង​ ប្រជាជន​ និង​សកម្មភាព​អាជីវកម្ម​ ដែល​ជាប់​ទាក់ទង​នឹង​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​អនុវត្ត​ដំណោះស្រាយ​ជា​ដោយ​បច្ចេកវិទ្យា​ blockchain​ រាប់​ចាប់ពី​ការគ្រប់គ្រង​អចលនទ្រព្យ​ តាមរយៈ​កិច្ចសន្យា​ឆ្លាត​ រហូតដល់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​”។ លោក​បន្ថែម​ថា​ “សូម្បីតែ​បច្ចេកវិទ្យា​ល្អ​បំផុត​តែឯង​គឺ​មិន​គ្រប់គ្រាន់​ទេ​ ក្នុង​ការ​នាំ​ចក្ខុវិស័យ​ទៅជា​ការពិត​។ នេះ​ជា​មូលហេតុ​ដែល​គម្រោង​បែបនេះ​ជាច្រើន​ បាន​បរាជ័យ​ក្នុង​ការ​បង្ហាញ​ចេញ​ជា​ក្រដាស​”។

នៅពេល​ដំណើរការ​សាងសង់​ ក្រុមហ៊ុន​ PLMP​ Fintech​ កំពុង​សម្លឹង​មើល​ការពង្រីក​បន្ថែម​នូវ​បច្ចេកវិទ្យា​ Creatanium​ blockchain​ របស់​ខ្លួន​លើ​តំបន់​លំនៅ​ដ្ឋាន​ និង​ពាណិជ្ជកម្ម​ ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ដែល​មានដំណើរ​ការកែច្នៃ​ និង​ផ្ទេរ​ផលិតផល​កសិកម្ម​ជា​រៀងរាល់ថ្ងៃ​ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​តាមដាន​សុវត្ថិភាព​ និង​ស្តង់ដារ​តម្លៃ​ ដែល​ទទួល​បាន​តាមរយៈ​វេទិកា​ពាណិជ្ជកម្ម​ទំនិញ​ ដែល​ក្រុមហ៊ុន​សឹង្ហ​បូរី​បាន​អភិវឌ្ឍន៍​ដោយ​ជោគជ័យ​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

មីយ៉ាន់ម៉ា​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ ៣៥០០លាន​ដុល្លារ​អាមេរិក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មាន​ទឹកប្រាក់​ជាង​ ៣,៥ ពាន់​លាន​ដុល្លារ​តាមរយៈ​ក្រុមហ៊ុន​ចំនួន២២៤​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​គណៈកម្មការ​វិនិយោគ​មីយ៉ាន់ម៉ា​ (MIC​)ក្នុង​ចន្លោះ​រយៈពេល១០ខែ​ ដែល​គិត​ត្រឹម​ថ្ងៃទី​ ៣១​ ខែកក្កដា​ក្នុង​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន​ ២០១៨​-២០១៩​។

យោង​តាម​តួលេខ​ចេញផ្សាយ​ដោយ​អគ្គនាយក​វិនិយោគ​ និង​រដ្ឋបាល​ (DICA​) របស់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី២៦​ ខែសីហា​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែតុលា​ឆ្នាំ​ ២០១៨​ ដល់​ថ្ងៃទី​ ៣១​ ខែកក្កដា​ឆ្នាំនេះ​ វិស័យ​ដឹកជញ្ជូន​និង​គមនាគមន៍​បាន​ទាក់ទាញ​ការ​វិនិយោគ​ច្រើនជាង​គេ​ ដោយមាន​ទុន​វិនិយោគ​ជាង១​,៥ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់មក​វិស័យ​ផលិតកម្ម​មាន​ចំនួន​ជាង​ ១,១៤​ ពាន់​លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​ដដែល​បន្ត​ថា​ ការ​វិនិយោគ​បរទេស​ក៏បាន​ហូរ​ចូលក្នុង​វិស័យ​កសិកម្ម​ បសុសត្វ​និង​ជលផល​ ថាមពល​ប្រេង​និង​ឧស្ម័ន​ សណ្ឋាគារ​និង​ទេសចរណ៍​ អចលនទ្រព្យ​ ឧស្សាហកម្ម​ និង​ផ្នែក​សេវាកម្ម​ផ្សេងទៀត​។ តែបើ​យោង​តាម​តួលេខ​របស់​ DICA​ នេះ​ថា​ក្នុងរយៈពេល១០ខែ​កន្លងមក​នេះ​ វិស័យ​រ៉ែ​និង​សំណង់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ មិន​ទទួល​បាន​លំហូរ​វិនិយោគ​បរទេស​ច្រើន​នោះ​ទេ​។

ចាប់ពី​ឆ្នាំ១៩៨៨​-១៩៨៩​ ដល់​ថ្ងៃទី៣១​ ខែកក្កដា​ នៃ​ឆ្នាំ​សារពើពន្ធ២០១៨​-២០១៩​ នេះ​ មាន​សហគ្រាស​សរុប​ចំនួន១.៧៧៩​ ត្រូវ​បាន​អនុញ្ញាត​វិនិយោគ​ជាមួយ​ទឹកប្រាក់​ជាង៨១​,២ពាន់​លាន​ដុល្លារ​អាមេរិក​រហូតមកដល់​ពេលនេះ​។

ក្នុងអំឡុងពេល​នេះ​ វិស័យ​ប្រេង​ និង​ឧស្ម័ន​ ថាមពល​ និង​ផលិតកម្ម​របស់​ប្រទេស​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ជា​វិស័យ​កំពូល​ទាំង​បី​ ជាមួយនឹង​ការ​វិនិយោគ​បរទេស​ភាគច្រើន​។ តំបន់ ​Yangon​ មានការ​ទាក់ទាញ៦០ភាគរយ​ នៃ​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ បន្ទាប់មក​គឺ​តំបន់​ Mandalay​ ទទួល​បាន៣០ភាគរយ​ ហើយ​លំហូរ​ទុន​ដទៃទៀត​បាន​ហូរ​ចូល​ទៅ​ក្នុង​តំបន់​ និង​បណ្តា​រដ្ឋ​មួយចំនួន​ទៀត​នៅ​មីយ៉ាន់ម៉ា​៕

KOICA​ បន្ត​គាំទ្រ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ដែល​តម្លៃ១០,១លាន​ដុល្លារ​ នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ (KOICA​)បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ ដែល​មាន​សមត្ថភាព​ខ្ពស់​ដល់ទៅ៥១០KVA​ និង​កែ​លម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ កម្ពុជា​ (Cambodia​-CATC​)។

ការ​បន្ត​គាំទ្រ​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​របស់​កម្ពុជា​ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​ធនធានមនុស្ស​ក្នុង​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​នៅ​កម្ពុជា​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ KOICA​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

គោលបំណង​នៃ​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ ដែល​មាន​កំលាំង​ខ្លាំង​នេះ​ ដើម្បី​ផ្គត់ផ្គង់​កំលាំង​អគ្គីស​នី​ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់​នៅក្នុង​ អាគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ ដែល​រួមមាន​ សកម្មភាព​បង្រៀន​ ជំនួយ​ក្នុង​សកម្មភាព​បង្រៀន​ ឧបករណ៍​ជំនួយ​ចរាចរណ៍​(NAVAID​) បរិ​ក្ខា​ឧបករណ៍​វាស់​ប្រេកង់​ខ្ពស់​ (VOR​) ឧបករណ៍​វាស់​ចម្ងាយ​ (DME​) ឧបករណ៍​ប្រព័ន្ធ​ចុះចត​ (ILS​) ការ​ត្រួតពិនិត្យ​ចរាចរណ៍​តាមអាកាស​ (ATC​) ឧបករណ៍​សុវត្ថិភាព​អាកាសចរ​(AVSEC​) ព្រមទាំង​សម្រាប់​ការរៀបចំ​កម្មវិធី​ផ្លូវការ​នានា​ ក្នុងករណី​ដាច់​ចរន្ត​អគ្គិសនី​របស់​រដ្ឋ​។

សកម្មភាព​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ទឹក​ក្នុង​សួនច្បារ​ នៅក្នុង​អគារ​នេះ​រួមមាន១​)-ការ​តំឡើង​ឧបករណ៍​សប់​សម្ពាធ​ទឹក​ឲ្យ​ហូរ​ខ្លាំង​ ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ទឹក​នៅក្នុង​សួនច្បារ​។ ២)-ការ​តំឡើង​បំពង់​ទឹក​ថ្មី​ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​លំហូរ​ទឹក​នៅក្នុង​សួនច្បារ​។

គោលបំណង​នៃ​សកម្មភាព​ទាំងនេះ​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ សិស្ស​ និង​គ្រូ​ ក្នុង​ការ​ជួយ​ថែរក្សា​បរិស្ថាន​រៀន​ ដែល​មាន​ផាសុ​ខភាព​ តាមរយៈ​ពណ៌​ធម្មជាតិ​នៃ​ស្មៅ​ ផ្កា​ និង​ដើមឈើ​ ហើយ​សួន​នេះ​ជួយ​បន្ធូរ​ នូវ​ភាព​តានតឹង​ពី​ការ​បង្រៀន​និង​ការរៀនសូត្រ​។ លើស​ពីនេះ​ទៅទៀត​ វា​អាច​ក្លាយជា​ទីធ្លា​ សម្រាប់​រៀន​ ដែល​សិក្ខាកាម​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​។

គម្រោង​សាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ នៅ​រាជធានី​ភ្នំពេញ​នេះ​ គឺជា​កម្មវិធី​ផ្តល់​ឲ្យ​កម្ពុជា​ ក្រោម​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ ឥត​សំណង​របស់​ទីភ្នាក់ងារ​កយកា​ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ១០,១​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រួមបញ្ចូល​ទាំង​ការសាងសង់​កន្លែង​បង្រៀន​ និង​ការ​បណ្តុះបណ្តាល​និស្សិត​អាកាសចរ​ ដោយ​គ្រូ​ជនជាតិ​កូរ៉េ​។

គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៨​ ហើយ​បច្ចុប្បន្នKOICAកំពុង​អនុវត្ត​ ការ​គាំទ្រ​បន្ថែម​ទៀត​ ស្របតាម​សំណើ​បន្ថែម​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​រួមមាន​ការ​ផ្តល់​ម៉ាស៊ីនភ្លើង​ថ្មី​ និង​ការ​កែ​លម្អ​ប្រព័ន្ធ​ទឹក​សួនច្បារ​៕

ក្រុមហ៊ុន​ Disneyland​ នៅ​ហុងកុង​គ្រោង​ពង្រីក​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ខណៈ​ទីក្រុង​នេះ​កំពុង​ប្រឈម​ភាព​អនាធិបតេយ្យ​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ហុងកុង​ Disneyland​ បាន​ប្រកាស​ផែនការ​ធ្វើ​ឱ្យ​កាន់់​តែ​មាន​ភាព​ទាក់ទាញ​ នូវ​កន្លែង​ឧទ្យាន​បន្ថែម​ទៀត​ ខណៈ​ដែល​តំបន់​ជុំវិញ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ ដោយ​ភាព​វឹកវរ​ពី​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​ស។

ឧទ្យាន​ Disneyland​ ដែល​ជា​ឧទ្យាន​ធំជាង​គេ​នៅ​ហុងកុង​ នឹង​ដំឡើង​ភាព​ទាក់ទាញ​បន្ថែម​ដែល​ហៅថា​ “Frozen​” និង​ជំនួស​ប្រាសាទ​ដ៏​ល្បីល្បាញ​ដោយ​រចនា​សម្ព័​នដែ​លមាន​ឈ្មោះថា​ “ប្រាសាទ​នៃ​វេទមន្ត​វេទមន្ត​” (Castle​ of​ Magical​ Dreams​) ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ថ្មី​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយក្រុម​ហ៊ុន​ Disney​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ Disney​ បាន​ឲ្យដឹង​ថា​ “ប្រាសាទ​នៃ​វេទមន្ត​វេទមន្ត​នឹង​ឈរ​ជា​ពន្លឺ​នៃ​ភាព​ក្លាហាន​ ក្តី​សង្ឃឹម​ និង​លទ្ធភាព​ទាញ​យក​ការ​លើកទឹកចិត្ត​ពី​រឿង​របស់​ Disney​ ទាំង១៣ដែល​មាន​រូប​ព្រះនាង​ និង​វីរបុរស​”។

ការប្រកាស​នេះ​បាន​ធ្វើឡើង​ ខណៈ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ជា​មួយ​ប៉ូលី​ស។

កាលពី​ចុង​សប្តាហ៍​ មនុស្ស៨៦នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​មន្រ្តី​ប៉ូលី​សម្នាក់​បាន​បាញ់​ព្រមាន​ទៅលើ​អាកាស​ជាលើកដំបូង​ នៅក្នុង​ការ​តវ៉ា​រយៈពេល១២សប្តាហ៍​នេះ​។

អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ថា​ ការធ្វើអន្តរាគមន៍​ផ្នែក​យោធា​អាច​នឹង​កើតមាន​ ប្រសិនបើ​ការ​ធ្វើបាតុកម្ម​នៅតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​មណ្ឌល​ហិរញ្ញវត្ថុ​សំខាន់​បំផុត​មួយ​នេះ​។

ប្រជាជន​រាប់​លាន​នាក់​បាន​នាំគ្នា​ ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ហុងកុង​ក្នុងរយៈពេល​ជាង១២សប្តាហ៍​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​បំពាន​ស្វ័យភាព​ពិសេស​របស់​ចិន​ដែល​បាន​ផ្តល់​នៅក្នុង​ការសាកល្បង​“រដ្ឋ​ មួយ​ ប្រព័ន្ធ​ពីរ​”របស់​រដ្ឋាភិបាល​ចិន​។

ការ​តវ៉ា​បាន​ចាប់ផ្តើម​ នៅពេល​រដ្ឋបាល​ហុងកុង​ ដែល​គាំទ្រ​ដោយ​ចិន​បាន​ស្នើ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ប្រជាជន​ហុងកុង​ ទៅកាន់​តុលាការ​ចិន​នៅ​លើ​ដីគោក​។ ដើម្បី​ធ្វើ​ឱ្យ​ក្រុម​បាតុករ​ស្ងប់ស្ងាត់​ រដ្ឋបាល​ហុងកុង​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​ Carrie​ Lam​ បាន​ព្យួរ​ច្បាប់​នេះ​ ប៉ុន្តែ​មិនទាន់​បាន​ដក​វា​ទាំងស្រុង​ទេ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ បាន​ពណ៌នា​ពី​កន្លែង​កើតហេតុ​នៅក្នុង​ទីក្រុង​ហុងកុង​ថា​ជា​“ តំបន់​សង្គ្រាម​” ហើយ​បាន​និយាយ​សំដៅ​ទៅ​ក្រុម​អ្នក​តវ៉ា​ថា​ជា​“ ភេរវ​ករ​” ដែល​ធ្វើ​ឱ្យ​អ្នកវិភាគ​មួយចំនួន​ជឿ​ថា​ ចិន​កំពុង​ត្រៀម​បញ្ជូន​កងទ័ព​ដែល​ប្រមូល​បាន​នៅ​តាម​ព្រំដែន​ហុងកុង​ក្នុង​ទីក្រុង​សិន​ជិន​៕

ផ្សារ​ទំនើប​ FURI​ Times​ Square​ ក្រុង​ព្រះសីហនុ​ប្រកាស​ផ្តល់​ឱកាស​ការងារ​រាប់​រយ​កន្លែង​ដល់​ប្រជាពលរដ្ឋ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​វត្តមាន​នៃ​ផ្សារ​ទំនើប​ដ៏​ធំ​ទាន់សម័យ​ លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ ក្រុមហ៊ុន​វិនិយោគ​FURI​ Times​ Square​ បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​សាធារណៈ​ទូទៅ​រាប់​រយ​កន្លែង​ ជាមួយ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជាង៣០ ដែល​ជា​ដៃគូ​សហការ​ជាមួយ​ផ្សារ​ទំនើប​មួយ​នេះ​។

នៅ​ត្រឹម​ក្នុង​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ដំណាក់​ដំបូង​ ជាមួយនឹង​ការ​នាំ​យក​មក​នូវ​មុខទំនិញ​ជាច្រើន​ដូចជា​ សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ គ្រឿង​អេ​ឡិក​ត្រូ​និច​ គ្រឿងសម្អាង​ សម្លៀកបំពាក់​ ភេសជ្ជៈ​ ចំណីអាហារ​ ដែល​មាន​ម៉ាក​សញ្ញា​ល្បី​ជាសាកល​រាប់​រយ​ប្រភេទ​ សម្ភារៈ​ក្មេង​លេង​ រួម​ជាមួយនឹង​មណ្ឌល​កម្សាន្ត​ដ៏​ទាន់សម័យ​លំដាប់​ពិភពលោក​ផង​ដែរ​។

ជាមួយនឹង​គម្រោង​បើក​សម្ពោធ​នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​ប្រកាស​ផ្តល់​ឱកាស​ការងារ​រាប់​រយ​កន្លែង​ និង​ច្រើន​ផ្នែក​ ដើម្បី​បម្រើការ​ងារ​ជា​បុគ្គលិក​នៅក្នុង​ផ្សារ​ទំនើប​ ក៏ដូចជា​បម្រើការ​ងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​អន្តរ​ជា​តិ​ផ្សេង​ៗជាច្រើន​ទៀត​ជាង៣០ក្រុមហ៊ុន​ ដែល​ជា​ដៃគូ​នៅ​ក្នុង​ផ្សរ​ទំនើប​មួយ​នេះ​។

សម្រាប់​បេក្ខភាព​ទាំង២ភេទ​ ដែល​ចង់​ក្លាយជា​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ ត្រូវ​មាន​អាយុ​ចាប់ពី១៨​ ទៅ៣៥ឆ្នាំ​ កម្រិត​វប្បធម៌​អាស្រ័យ​លើ​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​តាម​ផ្នែក​ និង​តួនាទី​ (មិន​មានបទពិសោធន៍​ក៏អាច​ដាក់ពាក្យ​បាន​ដែរ​)។

សម្រាប់​អត្ថ​ប្រយោជន៍​ដែល​ទទួល​បាន​រួមមាន​ ​ប្រាក់​បៀរ​វត្សរ៍​ប្រចាំខែ​ ទទួល​បានការ​បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​បន្ថែម​ពាក់ព័ន្ធ​នឹង​តួនាទី​ មានការ​លើកទឹកចិត្ត​ការងារ​ប្រចាំឆ្នាំ​ រួម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​ប្រយោជន៍​ផ្សេង​ៗបន្ថែម​ទៀត​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ ស្វែងរក​ការងារ​ធ្វើ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​012​ 999​ 183​ ,016​ 325​ 266​ E-mail​: hrm​@furi​-investment.com​ ៕

ក្រុមហ៊ុន​ចំនួន៣​ គ្រោង​វិនិយោគ​កែច្នៃ​សំរាម​ផលិត​អគ្គិសនី​ និង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​RIC​ NATURAL​ DEVELOPMEBT​ PLC​ និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​សឹង្ហ​បុរី​ និង​ម៉ាឡេស៊ី​មានបំណង​វិនិយោគ​ លើ​គម្រោង​កែច្នៃ​សំរាម​ផលិត​ថាមពល​អគ្គិសនី​ គម្រោង​ជីវ​ឥន្ធនៈ​ និង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​នៅ​ខេត្ត​ព្រះ​សហនុ​ ព្រោះ​ខេត្ត​ព្រះសីហនុ​ កំពុង​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​ច្រើនជាង​គេ​ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​បរទេស​។

លោក​ DATO​ MAH​ KASENG​ ក្រុមហ៊ុន​ RIC​ NATURAL​ DEVELOPMEBT​ PLC​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​ ២០១៩ម្សិលមិញ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក​ មាន​គម្រោង​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ ផលិត​ថាមពល​អគ្គិសនី​ ហើយ​ក្រុមហ៊ុន​កំពុង​ដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​ និង​កំពុង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចេញពី​សំរាម​នៅក្នុង​ប្រទេស​ឡាវ​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​ចង់​មក​ធ្វើការ​កែច្នៃ​សំរាម​ ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ ​ខេ​ត្ដ​ព្រះសីហនុ​ ព្រោះ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​កើនឡើង​ សំរាម​ក៏​វា​មានការ​កើនឡើង​ផង​ដែរ​ ទន្ទឹម​នឹង​ការកែច្នៃ​សំរាម​ ក៏​មាន​គម្រោង​វិនិយោគ​ជីវ​ឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយក្រុម​ហ៊ុន​ (ម៉ាឡេស៊ី​) និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​ដោយក្រុម​ហ៊ុន​ (ប្រទេស​សឹង្ហ​បុរី​)។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រោះ​សំរាម​នា​ពេល​បច្ចុប្បន្ន​ ក្នុង​មួយថ្ងៃ​មាន​ជាង ១.០០០តោន​ ហើយ​វា​នឹងអាច​កើនឡើង​បន្ថែម​ទៀត​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​សិក្សា​គម្រោង​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​ទីផ្សារ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ក្នុង​ការ​វិនិយោគ​កែច្នៃ​សំរាម​ ជា​ថាមពល​អគ្គិសនី​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ហើយ​មន្ត្រី​របស់​យើង​នឹង​ធ្វើការ​ពិភាក្សា​តាម​ជំនាញ​នី​មួយ​ៗ ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​ទាំង៣ខាងលើ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ត្រូវ​សិក្សា​អំពី​សំរាម​ ដើម្បី​ផលិត​ថាមពល​អគ្គិសនី១៥០មេ​ហ្កា​វ៉ាត់​ តើ​ត្រូវ​ប្រើប្រាស់​សំរាម​ប៉ុន្មាន​តោន​ ដើម្បី​យើង​មាន​មូលដ្ឋាន​ក្នុង​ការ​ប្រមូល​សំរាម​ និង​ឈាន​ទៅ​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ ផលិត​ថាមពល​អគ្គិសនី​ ពិសេស​ក្រុមហ៊ុន​ មាន​ប្រភព​សេដ្ឋកិច្ច​ក្នុង​ការសាងសង់​ រោងចក្រ​កែច្នៃ​សំរាម​ ។ ដោយឡែក​ចំពោះ​ក្រុមហ៊ុន​ជីវ​ឥន្ទ​នៈ​ ត្រូវ​សិក្សា​ទីផ្សារ​ ដើម្បី​ធ្វើការ​ក្រ​កួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​នានា​ នៅ​កម្ពុជា​ឱ្យ​មាន​តម្លាភាព​ និង​ការ​អភិវឌ្ឍ​ផែ​ទូក​ទេសចរណ៍​ទំនើប​ បន្ត​ពិភាក្សា​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​៕

រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​នៅ​កោះ​រ៉ុង​សន្លឹម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បានសម្រេច​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ លើ​ផ្ទៃដី​សរុប​ទំហំ ១០៦៦ហិ​កតា​ ដែល​មាន​ទីតាំង​ភូមិ​សាស្រ្ត​សង្កាត់​កោះ​រ៉ុង​សន្លឹម​ ខណ្ឌ​ព្រះសីហនុ​ ក្រុង​ព្រះសីហនុ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចប្រជុំ​អន្តរក្រសួង​ ដែល​ដឹកនាំ​ដោយ​លោក​សា​បូ​ អូ​ហ្សា​ណូ​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ ជាមួយនឹង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងធនធានទឹក​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មន្ត្រី​តំណាង​ CDC​ ​រួម​ជាមួយ​មន្ត្រី​អជ្ញា​ធរ​ កាលពី​ថ្ងៃទី​ ២៦​ ខែសីហា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ គម្រោង​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​នេះ​ ត្រូវ​បានសម្រេច​គាំទ្រ​ទាំងស្រុង​។

គម្រោង​អភិវឌ្ឍ​មួយ​នេះ​ជា​របស់​ក្រុមហ៊ុន​ KOH​ RONG​ SANLOEM​ ISLAND​ RESORTS​ CO​., LTD​. ដែល​ត្រូវ​បាន​សិក្សា​ និង​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ ស៊ី​។ ជា​លទ្ធផល​ នៃ​អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​ ទី១​.ជា​រួម​ អង្គប្រជុំ​មានការ​គាំទ្រ​សម្រាប់​គម្រោង​។ ទី២​. ក្រុមហ៊ុន​ត្រូវ​រក្សាទុក​ព្រៃកោងកាង​ទាំងអស់​ទៅតាម​សំណើ​របស់​រដ្ឋបាល​ជលផល​ ព្រោះ​ផ្ទៃដី​ព្រៃកោងកាង​ ហើយ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ត្រូវ​ធ្វើ​លិខិត​ជូនដំណឹង​ស្ដីពី​ គម្រោង​អភិវឌ្ឍន៍​ទៅ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ និង​តំបន់ឆ្នេរ​ ដើម្បី​ពិនិត្យ​ និង​មាន​មតិយោបល់​ជាមុន​សិន​។

ទី៣​.ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​រង់ចាំ​ការ​ឯកភាព​ និង​អនុញ្ញាត​ទៅលើ​ប្លង់​មេ​ស្ដីពី​ការសាងសង់​ពី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាមុន​សិន​ មុននឹង​ចាប់ផ្ដើម​សកម្មភាព​សាង​សង់​ផ្សេង​ៗ។ ទី៤​.ក្រុមហ៊ុន​ ត្រូវ​អនុវត្ត​ និង​គោរព​តាមច្បាប់​គ្រប់គ្រង​តំបន់​ការពារ​តំបន់ឆ្នេរ​។ ទី៥​.កិច្ច​គាំពារ​បរិស្ថាន​នៅ​តំបន់​កោះ​រ៉ុង​សន្លឹម​នេះ​ បញ្ហា​សំខាន់​គឺ​ការគ្រប់គ្រង​សំណល់រឹង​ និង​សំណល់រាវ​។

ដូចនេះ​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​គ្រប់គ្រង​សំណល់រឹង​ ពិនិត្យមើល​ទៅលើ​បទដ្ឋាន​បច្ចេកទេស​ទុកដាក់​ និង​ដឹកជញ្ជូន​ពី​កោះ​រ៉ុង​សន្លឹម​មក​ដីគោក​។ ចំពោះ​សំណល់រាវ​ យើង​គាំទ្រ​ឱ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​ ប៉ុន្ដែ​ក្នុង​ដំណាក់កាល​ដំបូង​ដែល​អាង​ប្រព្រឹត្ត​កម្ម​ធំមិន​ទាន់​សាងសង់​រួច​ ក្រុមហ៊ុន​ត្រូវ​មាន​អាង​ប្រព្រឹត្ត​កម្ម​ខ្នាត​តូច​ ដែល​ទទួលស្គាល់​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​មិន​ត្រូវ​បង្ហូរ​សំណល់រាវ​ចូល​សមុទ្រ​ដោយ​មិនបាន​ឆ្លងកាត់​អាង​ប្រព្រឹត្ត​កម្ម​ឡើយ​។

និង៦​. ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​គិតគូរ​អំពី​ការ​រៀប​ចំ​បណ្ណ័​ ប.ស.ស​ ជូន​បុគ្គលិក​ និង​កម្មករ​ក្នុង​គម្រោង​៕