អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​ជាង​ ៥០០កន្លែងនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រុមការងារ​បច្ចេកទេស​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចុះ​ត្រួតពិនិត្យ​សំណង់​ជាង​ ៥០០កន្លែងនៅ​ខេត្ត​ព្រះសីហនុ​ ក្នុងចំណោម​នោះ​ បាន​រក​ឃើញ​ការដ្ឋាន​ ១៤កន្លែង​ គ្មាន​គុណភាព​ ត្រូវ​រុះរើ​សំណង់​ចេញ​ និង​ ៧០ការដ្ឋាន​ផ្សេងទៀត​ ត្រូវ​ធ្វើ​កោសល​វិ​ច្ច័​យពី​ក្រុមហ៊ុន​ឯកជន​ ដើម្បី​បញ្ជាក់​ពី​គុណភាព​សំណង់​ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ខុសឆ្គង​បន្ត​ទៀត​ ។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះ​សីនុ​ នៅក្នុង​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​កាលពី​ថ្ងៃទី​ ២៦​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ក្រុមការងារ​បាន​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​ ត្រូវ​រុះរើ​សំណង់​ចេញ​ ហើយ​យើង​ក៏​មានការ​សោក​ស្តាយ​ផង​ដែរ​ ព្រោះ​នេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់​ខ្វះ​គុណភាព​ មាន​ហានិភ័យ​ខ្ពស់​ មិន​អាច​ឱ្យ​សាងសង់​បន្ត​ទៀត​បាន​ ។

លោក​គួច​ ចំរើន​ បន្ត​ថា​ ក្រុមការងារ​របស់ក្រ​សួង​ដែនដី​ អាជ្ញាធរ​ខេត្ត​ បាន​អញ្ជើញ​អ្នកម៉ៅការ​សាងសង់​ចូលរួម​កិច្ចប្រជុំ​ សំដៅ​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ដោយ​តម្រូវ​ឱ្យ​ អ្នកម៉ៅការ​ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​ ​អ្នកម៉ៅការ​សាងសង់​ សុំច្បាប់​អនុញ្ញាត​តាម​ លក្ខណ​បច្ចេកទេស​ ​អគារ​សំ​ណង់​ធំៗ​ ត្រូវ​មាន​អាង​ប្រព្រឹត្តិ​កម្ម​ត្រឹមត្រូវ​ នៅ​តាម​ការដ្ឋាន​របស់​ខ្លួន​ ប្រសិនបើ​សំណង់​ណា​មិនបាន​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ នោះ​រដ្ឋបាល​ខេត្ត​ និង​មន្ត្រី​ជំនាញ​ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ ។

លោក​អភិបាលខេត្ត​រូប​នេះ​ បាន​បញ្ជាក់​ថា​ រាល់​ម្ចាស់ការ​ដ្ឋាន​ណា​ដែល​មិនបាន​សហការ​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការចូលរួម​កិច្ចប្រជុំ​ ផ្សព្វផ្សាយ​ អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​ នឹង​ចុះ​ផ្អាក​ការដ្ឋាន​ទាំងនោះ​ ជា​បណ្តោះអាសន្ន​ ។

លោក​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ដែល​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ​ បាន​ព្រមាន​ថា​ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​វិស័យ​សំណង់​ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​ ត្រូវ​ទទួលខុសត្រូវ​ក្នុង​កិច្ចសន្យា​ ចំពោះ​ការខូចខាត​បង្កឡើង​ដោយ​សំណង់​ ។ ទទួលខុសត្រូវ​លើ​គំនូរ​ប្លង់​ សោភ័ណភាព​ ជ្រើសរើស​សម្ភារៈ​ ការ​ជ្រើសរើស​បច្ចេកវិទ្យា​ ។

ត្រួតពិនិត្យ​ការដ្ឋាន​ឱ្យ​បាន​ម៉ត់ចត់​ ចៀសវាង​ការ​ធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ ។ លោក​បន្ត​ថា​ ពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​ចំនួន៤​ ក្នុង​នោះ​មាន​ – ១ កាតព្វកិច្ច​ និង​លក្ខខណ្ឌ​ចំ​បងៗ​ដែល​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ សិក្សា​គម្រោង​ប្លង់​ ត្រូវ​គោរព​ និង​អនុវត្ត​ – ២ កាតព្វកិច្ច​ និង​លក្ខខណ្ឌ​ចំបង​ដែល​ក្រុមហ៊ុន​ប្រកប​ ការងារ​សាងសង់​ និង​ក្រុម​ជាងសំណង់​ ត្រូវ​គោរព​ និង​អនុវត្ត​ – ៣ ម្ចាស់​សំណង់​ទទួលខុសត្រូវ​ចាត់ចែង​ – ៤ វិធានការ​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ចំពោះ​ម្ចាស់​សំណង់​ ។

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀង​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​កន្លងទៅ​នេះ​ បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ ដើម្បី​ចុះ​ត្រួត​ពិ​និ​តការដ្ឋាន​សំណង់​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​ ជាពិសេស​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​សំណង់​អគារ​រីក​លូតលាស់​ច្រើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នំា​កន្លងមក​នេះ​ សំដៅ​ដល់​ការគ្រប់គ្រង​សំណង់​ឱ្យ​មានគុណ​ភាព​ សុវត្ថិភាព​ និង​ស្តង់ដារ​អន្តរជាតិ​៕

ចំណេះដឹង​! តើ​អត្ថ​ប្រយោជន៍​នៃ​ការ​ជួញដូរ​ភាគហ៊ុន​មាន​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​ការ​ជួញដូរ​ភាគហ៊ុន​ ការទិញ​លក់​មិន​ត្រូវ​បាន​យល់ដឹង​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​នៅឡើយ​ ដោយសារ​វា​ជា​វិស័យ​ថ្មី​មួយ​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​។

នៅពេល​នេះ​គេហទំព័រ ​Propertyarea.asia ​សូម​លើកយក​ចំណេះដឹង​ថ្មី​មួយទៀត​ ដើម្បីឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​បាន​
សិ​ក្សា​​ស្វែងយល់​ពី​វិស័យ​ថ្មី​មួយ​នេះ​។ នោះ​គឺ​អត្ថ​ប្រយោជន៍​នៃ​ការ​ជួញដូរ​ភាគហ៊ុន​។

នៅពេល​ដែល​វិនិយោគិន​ម្នាក់​ទិញ​ភាគហ៊ុន​ ពី​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​ណាមួយ​ គាត់​នឹង​ទទួល​បាន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ផ្នែក​ នៅក្នុង​ក្រុមហ៊ុន​នោះ​។ គាត់​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ លើ​គោលនយោបាយ​នៃ​ក្រុមហ៊ុន​នោះ​ ឬចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ភិបាល​នៅក្នុង​ក្រុមហ៊ុន​ ព្រមទាំង​ចូលរួម​ទទួល​ នូវ​ការចែក​រំលែក​ភាព​ជោគជ័យ​ ឬបរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជាដើម​។

ការ​ជួញដូរ​ភាគហ៊ុន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន​ ដូចជា​៖

​(ក) ឱកាស​វិនិយោគ​ និង​ប្រាក់ចំណេញ​

ជំនួស​ឱ្យ​ ឬបន្ថែម​លើ​ការ​បើក​អាជីវកម្ម​ដោយខ្លួនឯង​ ការ​កាន់កាប់​ភាគហ៊ុន​ផ្តល់​ឱ្យ​វិនិយោគិន​ នូវ​ឱកាស​ក្នុង​ការចូលរួម​ចំណែក​ក្នុង​អាជីវកម្ម​មួយ​ ដែល​មិន​តម្រូវ​ឱ្យ​មាន​ជំនាញ​ និង​បទពិសោធន៍​ពាក់ព័ន្ធ​ ឬការ​តាមដាន​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឡើយ​។ ទន្ទឹម​នឹង​នេះ​ ប្រាក់ចំណេញ​ពី​ការ​ជួញដូរ​ និង​ភាគលាភ​ទទួល​បាន​ពី​ការ​កាន់កាប់​ភាគហ៊ុន​ អាច​មាន​ចំនួន​ច្រើនលើស​ផល​វិនិយោគ​ដទៃទៀត​។

(ខ) លទ្ធភាព​ក្នុង​ការ​វិនិយោគ​ដោយ​វិ​និ​យោ​គិ​នតូច​ៗ

ផ្សារភាគហ៊ុន​អនុញ្ញាត​ឱ្យ​វិនិយោគិន​ ដែល​មាន​ប្រាក់​តិចតួច​ អាច​ក្លាយជា​ម្ចាស់ ​(មួយ​ផ្នែក​) នៃ​ក្រុម​ហ៊ុន​ធំៗ​ និង​ទទួល​បានផល​ចំណេញ​ដូច​វិនិយោគិន​ជា​អ្នកមាន​ និង​ជា​ស្ថាប័ន​ផង​ដែរ​ ទៅតាម​សម​មាត្រ​ភាគហ៊ុន​ដែល​ពួកគេ​កាន់កាប់​។

(គ) ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​

• ​មិន​មាន​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ពេល​ជួញដូរ​ភាគហ៊ុន​

• ​មិន​មាន​ពន្ធ​លើ​ចំណេញ​មូលធន​(capital​ gain​)

• ​មិន​មាន​ពន្ធ​លើ​ភាគលាភ​សម្រាប់​និវេសន​ជន​កម្ពុជា​ ចំណែក​អនិវេសន​ជន​ ពន្ធ​លើ​ភាគលាភ​ត្រូវ​បន្ថយ​មក​ត្រឹម៧​% (ពីអ​ត្រា​ដើម​ ១៤​%)។

(ឃ) ពិពិធ​កម្ម​នៃ​សំណុំ​វិនិយោគ​ និង​ចំណូល​បន្ថែម​

ក្រៅពី​ប្រភព​ចំណូល​ចម្បង​ដូចជា​ប្រាក់ខែ​ ឬប្រាក់ចំណេញ​ពី​អាជីវកម្ម​ និង​ប្រាក់ចំណូល​បន្ថែម​ផ្សេងទៀត​ ក្នុង​ទម្រង់​ជា​ការប្រាក់​ ដែល​បាន​ពី​ការ​ដាក់​ប្រាក់សន្សំ​មានកាល​កំណត់​ ចំ​ណួ​លពី​ការជួល​ ឬចំណេញ​ពីអ​ចលនទ្រព្យ​។

លោកអ្នក​អាច​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​សំណុំ​វិនិយោគ​ និង​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​។ បន្ថែម​ពីលើ​នេះ​ ថ្លៃ​សេវា​សម្រាប់​ការ​ជួញដូរ​មូលបត្រ​មានកម្រិត​ទាប​ ដោយ​ស្ថិត​ក្នុងរង្វង់ ០​,៥% នៃ​តម្លៃ​ជួញដូរ​តែប៉ុណ្ណោះ​៕

រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ប្រកាស​ទីតាំង​រដ្ឋធានី​ថ្មី​នៅក្នុង​តំបន់​ព្រៃ​បរ​ណេ​អូ​

0
រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសទីតាំងរដ្ឋធានីថ្មីនៅក្នុងតំបន់ព្រៃបរណេអូ
រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសទីតាំងរដ្ឋធានីថ្មីនៅក្នុងតំបន់ព្រៃបរណេអូ

ដោយ​ Donald​ Lee​

ឥណ្ឌូ​នេ​ស៊ីៈ​ រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ បាន​ប្រកាស​ពីទី​តាំង​ថ្មី​នៃ​រដ្ឋធានី​នៅ​ខេត្ត​ Kalimantan​ នៃ​ខាងកើត​នៅ​តំបន់​ព្រៃ​បរ​ណេ​អូ​ (Borneo​) កាលពី​ថ្ងៃច័ន្ទ​កន្លងមក​នេះ​។

រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសទីតាំងរដ្ឋធានីថ្មីនៅក្នុងតំបន់ព្រៃបរណេអូ

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko​ Widodo​ បាន​និយាយ​ថា​ លោក​បាន​ជ្រើស​រើស​យក​តំបន់​ Bukit​ Soeharto​ នៅ​ខេត្ត​ East​ Kalimantan​ ដើម្បី​ធ្វើជា​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូ​នេ​ស៊ី​។

ទីតាំង​រដ្ឋធានី​ថ្មីនេះ​ ត្រូវ​ចំណាយ​រយៈពេល​ពីរ​ម៉ោង​ពីទី​ក្រុង​ហ្សាការតា​ តាមរយៈ​ជើងហោះហើរ​។

ការ​ផ្លាស់​ប្តូរ​ទីតាំង​រដ្ឋធានី​នេះ​ គឺ​ដោយសារតែ​ចំនួន​ប្រជាជន​ច្រើនពេក​ នៅ​ហ្សាការតា​ ការ​កកស្ទះ​ចរាចរណ៍​ និង​ទឹកជំនន់​ដែល​បណ្តាល​ឱ្យ​សេដ្ឋ​កិ​ច្ច​ឥណ្ឌូ​នេ​ស៊ី​ខាតបង់​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ​។

លោក​ Joko​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃច័ន្ទ​កន្លងមក​ថា​ “ហ្សាកាតា​បាន​ទទួលបន្ទុក​ដ៏​ច្រើន លើស​លប់​ ដែល​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​ ពាណិជ្ជកម្ម​ ហិរញ្ញវត្ថុ​ អាជីវកម្ម​ និង​សេវាកម្ម​ក៏ដូចជា​ការ​ធ្វើ​ជា​ព្រលា​នយន្តហោះ​ និង​កំពង់ផែ​សមុទ្រ​ធំ​បំផុត​របស់​ប្រទេស​”។

ការ​ផ្លាស់​ប្តូរ​ទីតាំង​រដ្ឋធានី​ទៅ​តំបន់​ព្រៃ​ Borneo​ ដែល​មិនទាន់​មានការ​អភិវឌ្ឍ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល​៥ឆ្នាំ​។

រដ្ឋមន្រ្តី​ក្រសួងផែនការ​អភិវឌ្ឍន៍​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ លោក​ Bambang​ Brodjonegoro​ បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​គម្រោង​ និង​ការ​ដឹក​ជញ្ចូ​នខា​ងដឹកនាំ​ដ៏​ធំ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ដំណាក់កាល​ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​នៅ​ឆ្នាំ​ ២០២០​-២០២១​ និង​ការ​កសាង​ការិយាល័យ​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០២២​-២០២៤​ ៕

ក្រុង​ព្រះសីហនុ​ចាប់ផ្តើម​រំដោះ​យក​ប្រឡាយ​ពី​ការរំលោភ​បំពាន​របស់​ប្រជាជន​ដើម្បី​អនុវត្តន៍​ផែនការ​គ្រប់គ្រង​ទឹក​កខ្វក់​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ នៅក្នុង​គម្រោង​នៃ​ការគ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​ និង​ទឹកជំនន់​ទឹកភ្លៀង​ រដ្ឋាភិបាល​បាន​គ្រោង​ចំណាយ​ថវិការ​រហូតដល់១៧០លាន​ដុល្លារ​ ដើម្បី​ស្ដារ​និង​ធ្វើ​ឱ្យ​ក្រុង​ព្រះសីហនុ​ទាំងមូល​លែង​ជួប​ហា​នី​ភ័យ​។

ប៉ុន្តែ​អ្វី​ដែល​កំពុងតែ​ជា​បញ្ហា​ចោទ​នៅពេល​នេះ​ គឺ​ការ​រក​ដំណោះស្រាយ​ដើម្បី​រំដោះ​យក​ប្រឡាយ​ និង​អូរ​មួយចំនួន​ដែល​កំពុងតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ ដំណោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ និង​ជា​ផល​លំបាក​មួយចំនួន​ក្នុង​ការ​រំដោះ​យក​ប្រឡាយ​ និង​អូរ​ដែល​ជា​បណ្តាញ​បង្ហូរទឹក​កខ្វក់​ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​ កំពុងតែ​អាស្រ័យ​ជា​លំនៅ​ដ្ឋាន​ជាច្រើន​រយ​គ្រួសារ​ ខណៈ​ដែល​ចំនួន​ប្រជាជន​សរុប​ ដែល​កំពុងតែ​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​មាន​ប្រមាណ៣០ម៉ឺន​នាក់​។

លោក​ គួច​ ចំរើន​ បាន​មានប្រសាសន៍​ថា​ “យើង​បាន​ធ្វើ​ច្រើន​រួចមក​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្តារ​ប្រឡាយ​ និង​អូរ​មួយចំនួន​ ដោយ​ការប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​”។ លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​ជា​បញ្ហា​លំបាក​ក្នុង​ការ​ដោះស្រាយ​នោះ​ គឺ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​កំពុង​ តែ​រស់នៅ​លើ​តំបន់​ប្រឡាយ​តែម្ដង​”។

លោក​ថា​ ការ​លុប​ប្រឡាយ​គឺ​ត្រូវ​បាន​ធ្វើឡើង២របៀប​ គឺ​ការ​លុប​ដោយ​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ និង​ការ​លុប​ពីសំណាក់​មនុស្ស​មួយចំនួន​ទាំង​បំពាន​ ដែល​យើង​ហៅថា​រំលោភបំពាន​ច្បាប់​។ ជា​ធម្មតា​ ម្ចាស់​កម្មសិទ្ធិ​ដី​គឺ​ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ ដែល​យើង​ជា​អជ្ញា​ធរ​មិន​អាច​ហាម​គាត់​បាន​នោះ​ទេ​ ព្រោះ​ការ​អភិវឌ្ឍ​ត្រូវ​បាន​ធ្វើ​ងនៅ​លើ​ដី​កម្មសិទ្ធិ​របស់​គេ​តែប៉ុណ្ណោះ​”។

លោក​អភិបាលខេត្ត​ព្រះសីហនុ​បាន​បន្ត​ថា​ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ គណៈកម្មាធិការ​ឆ្នេរ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយនឹង​អជ្ញា​ធរ​ដែនដី​ បាន​ធ្វើការ​ចុះ​ពិនិត្យ​នូវ​ស្ថាន​ការ​ជាក់ស្ដែង​ ហើយ​ថែមទាំង​បាន​ប្រើប្រាស់​និយាម​ការដែល​គ្រប់គ្រង​ដោយ​មន្ត្រី​សូរិ​យោ​ដី​។ នៅ​តំបន់​ខ្លះ​គឺ​មានការ​រំលោភ​ទៅលើ​ផ្ទៃ​អូរ​ ប្រឡាយ​ ដែល​អជ្ញា​ធរ​បាន​កាត់​ទុក​ ដូច្នេះ​ក្រុមការងារ​កំពុងតែ​ធ្វើសកម្មភាព​កាប់ដី​ កាយ​ និង​ស្តារ​ឡើងវិញ​។

លោក​ គួច​ ចំរើន​ បាន​បញ្ជាក់​ថា​ ការ​ដោះស្រាយ​ និង​ស្ដារ​យើង​ត្រូវតែ​ធ្វើ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ពិចារណា​នៅចំពោះមុខ​ បញ្ហា​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​ទៅ​តាំងទីលំនៅ​ដ្ឋាន​នៅ​តំបន់​ទាំងនោះ​ ដែល​យើង​ក៏​ត្រូវតែ​ពិនិត្យ​ និង​ដោះស្រាយ​ដោយសន្តិវិធី​ ដោយ​ត្រូវ​ពិចារណា​ទាំង​កម្រិតជីវភាព​របស់​ពួកគាត់​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​ត្រូវតែ​គិតគូរ​ទៅលើ​ផល​លំបាក​ ក្នុង​ការស្វែងរក​ទីតាំង​ជម្រក​របស់​ពួកគាត់​ ដែល​រហូតមកដល់​ពេលនេះ​ មាន​រហូតដល់​ជាង២០០គ្រួសារ​ ហើយ​មានតែ១១គ្រួសារ​តែប៉ុណ្ណោះ​ ដែល​យល់ព្រម​រុះរើ​ និង​ចាកចេញ​ពី​តំបន់ហាមឃាត់​ទាំងនេះ​”។

លោក​គួច​ ចំរើន​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​គ្រោង​ចំណាយ​ថវិកា​រហូតដល់១៤០លាន​ដុល្លារ​ ក្នុង​ការអនុវត្ត​ផែនការ​គ្រប់គ្រង​ទឹក​កខ្វក់​ រួម​ជាមួយនឹង​ថវិការ​ប្រមាណ២៥លាន​ដុល្លារ​ទៀត​ សម្រាប់​អនុវត្ត​ផែនការ​សាងសង់​បណ្តាញ​បង្ហូរទឹក​ភ្លៀង​ ប៉ុន្តែ​គម្រោង​ទាំងអស់​នេះ​អាច​ធ្វើ​ទៅ​បាន​ ក៏​ត្រូវ​មានការ​ដោះស្រាយ​នូវ​ទីតាំង​ជម្រក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាមុន​ដែរ​៕

តើ​ការ​ធ្វើ​មូលដ្ឋានីយកម្ម​មានន័យ​ដូចម្តេច​?

0

ដោយ ​ម៉ា​ណេត​

ភ្នំ​ពេញៈ​ ដោយសារ​មាន​ពាក្យ​បច្ចេកទេស​មួយចំនួន​ ដែល​ប្រើប្រាស់​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​គេហទំព័រ​Propertyarea.asia ​សូម​លើកយក​ពាក្យ​មួយចំនួន​ មក​ពន្យល់​ ដើម្បីឲ្យ​លោក​ អ្នកអាន​បាន​សិក្សា​ស្វែងយល់​។

ថ្ងៃនេះ​យើង​លើកយក​ពាក្យ​ថ្មី​មួយ​មក​ធ្វើការ​ពន្យល់​ គឺ​ពាក្យ​ការ​ធ្វើ​មូលដ្ឋានីយកម្ម​មានន័យថា​ ដំណើរការ​នៃ​ការ​ធ្វើ​ឱ្យ​អ្វី​ដែល​មាន​ភាព​សមស្រប​ ឬឆ្លើយតប​នឹង​ថ្នាក់​មូលដ្ឋាន​ ហើយ​សកម្មភាព​សំ​ខាន់​ៗ របស់​ការ​ធ្វើ​មូលដ្ឋានីយកម្ម​ សំដៅ​ទៅ​ថ្នាក់​មូលដ្ឋាន​ជាជាង​ថ្នាក់​ជាតិ​ ឬអន្តរជាតិ​។

ឧទាហរណ៍​៖ នៅក្នុង​យុគសម័យ​ នៃ​ការ​រីកចម្រើន​ខាង​ផ្នែក​ឌីជីថល​ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ គឺ​មាន​សារៈសំខាន់​ណាស់​ ដើម្បីឲ្យ​យីហោ​នៅតែ​អាច​ស្ថិតនៅ​បាន​។ ព័ត៌មាន​ពេលនេះ​ សំដៅ​ទៅលើ​ព័ត៌មាន​ស៊ីជម្រៅ​ ជាមួយនឹង​ប្រធានបទ​ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អ​។

​វា​ក៏​សំដៅ​ទៅលើ​ការ​រួមបញ្ចូល​នូវ​ព័ត៌មាន​ខ្លី​ ទៅ​ក្នុង​សារ​នៃ​យីហោ​ សម្រាប់​ការ​ទទួល​បាន​ព័ត៌មាន​ យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា​ វា​សំដៅ​ទៅលើ​ការ​ធ្វើ​មូលដ្ឋានីយកម្ម​ព័ត៌មាន​ ដែល​អាច​ឲ្យ​វា​មាន​ជាប់​ទំនាក់ទំនង​ និង​ទទួល​បានការ​ចូលរួម​ ពី​អ្នកប្រើ​ប្រាស់​៕

អ្នកជំនាញ​អះអាង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​រយៈពេល​វែង​បន្ត​ទៀត​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទន្ទឹម​នឹង​មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយនឹង​ចិន​ នឹង​ប៉ះ​ពាល់​ដល់​បវិស័យ​អចលនទ្រព្យ​កម្ពុជា​ក្តី​ ប៉ុន្តែ​អ្នកជំនាញ​និង​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថា​ មិនថា​ពេលនេះ​ឬក្នុងរយៈពេល​ ៣-៤ ឆ្នាំខាងមុខ​ទៀត​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​។

អគ្គនាយក​ក្រុមហ៊ុន​អចន​ទ្រព្យ​អន្តរជាតិ​ Century21​ Imperial​ Realty​ លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ បើ​ទោះជា​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​ទាំង២​ នៅតែ​បន្ត​យ៉ាងណាក្ដី​ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហាក់​មិន​មានការ​រង​ឥទ្ធិពល​នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​ភាគច្រើន​ សំដៅ​ទៅលើ​ការនាំចេញ​ នាំចូល​នូវ​បណ្តា​ផលិតផល​នានា​ រវាង​ប្រទេស​មហាអំណាច​ទាំង២​ ដែល​វា​មិន​មាន​មែន​ជា​អចលនទ្រព្យ​នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “និយាយ​ពី​ចំណុច​អវិជ្ជមាន​ ជា​ការពិត​គឺ​តែងតែមាន​ ប៉ុន្តែ​វា​មិន​ទទួលរង​នូវ​ឥទ្ធិពល​ដោយ​ផ្ទាល់​នោះ​ទេ​ ហើយ​បើ​កម្ពុជា​អាច​ទទួលរង​នូវ​ភាពអាក្រក់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ទៀត​ដែរ​”។

​លោក​ Ken​ Lo ​បាន​បញ្ជាក់​ថា​ ជា​ធម្មតា​ នៅពេល​ដែល​ក្រុមហ៊ុន​មួយ​មាន​ភាព​ប្រឈម​ទៅ​នឹង​បញ្ហា​កត្តា​ភូមិសាស្ត្រ​ និង​នយោបាយ​ ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​ គឺ​ពួកគេ​រមែង​ស្វែងរក​ដំណោះស្រាយ​ ឬស្វែងរក​ទីតាំង​ផ្សេង​ ដែល​មាន​ភូមិសាស្ត្រ​អំ​ណោ​ យផល​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ក្នុង​នោះ​កម្ពុជា​ក៏អាច​ទទួល​បាន​ឱកាស​បន្ថែម​ពី​បណ្តា​ក្រុមហ៊ុន​ទាំងអស់​នោះ​ក៏​ថា​បាន​។

បច្ចុប្បន្ន​នេះ​គម្រោ​ងធំៗ​នៅ​កម្ពុជា​ ដែល​មានតម្លៃ​ទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​កំពុងតែ​មាន​សកម្មភាព​ និង​ដំណើរ​ជា​ធម្មតា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ គម្រោង​របស់​ក្រុមហ៊ុន​ Yuetai​ Group​ របស់​ចិន​ គម្រោង​អភិវឌ្ឍ​ Booyoung​ Town​ របស់​កូរ៉េ​ខាងត្បូង​ ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ១​,១ពាន់​លាន​ដុល្លារ​ គម្រោង​របស់​ក្រុមហ៊ុន​ The​ Prince​ និង​គម្រោង​អភិវឌ្ឍ​សំណង់​អគារ​ភ្លោះ​របស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​មាន​កម្ពស់​រហូតដល់៥៦៨ម៉ែត្រ​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង៣ពាន់​លាន​ដុល្លារ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ គម្រោង​អភិវឌ្ឍន៍​ វិស័យ​សំ​ណង់​ធំៗ​នៅ​កម្ពុជា​មួយចំនួន​ធំ​ នៅតែ​បន្ត​មាន​សកម្មភាព​ ហើយ​វា​នៅតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​មិនទាន់​មាន​ក្ដី​ព្រួយបារម្ភ​នៅឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​សកម្មភាព​សាងសង់​ ឬផ្អាក​របស់​គម្រោង​មួយចំនួន​ គឺជា​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែល​កាន់​គម្រោង​ ដោយ​យើង​មិន​អាច​មើលឃើញ​ ឬដឹង​ច្បាស់​នោះ​ទេ​ ព្រោះ​គម្រោង​នី​មួយ​ៗគឺ​ត្រូវ​បាន​ធ្វើឡើង​ទៅតាម​ដំណាក់កាល​ និង​ការកំណត់​របស់​ម្ចាស់​គម្រោង​”។

លោក​បន្ត​ទៀត​ថា​ “ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ក្ដី​ព្រួយបារម្ភ​ ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​មួយ​នេះ​ វា​នៅ​មិនទាន់​ឃើញ​មាន​ចំណុច​អវិជ្ជមាន​នៅឡើយ​។ លោក​បាន​បន្ត​ទៀត​ថា​ យើង​ទទួលស្គាល់​ថា​ វិស័យ​សំណង់​មួយភាគធំ​នៅ​កម្ពុជា​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ ប៉ុន្តែ​យើង​មិន​ពឹងផ្អែក​ទាំងស្រុង​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅតែ​បន្ត​ ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​រក្សា​បាន​នូវ​ស្ថេរ​ភាព​ ក្នុង​វិស័យ​អចលនទ្រព្យ​ដដែល​ ដរាបណា​វិបត្តិសេដ្ឋកិច្ច​លោក​លើក​ទី៣មិនទាន់​កើតមាន​”។ លោក​បន្ថែម​ថា​ “ផ្ទុយទៅវិញ​កម្ពុជា​អាច​មានឱកាស​ទាញ​បាន​ប្រយោជន៍​បន្ថែម​ទៀត​ ពី​ប្រទេស​ចិន​ក៏អាច​ថា​បាន​ដែរ​ នៅពេល​ដែល​ក្រុមហ៊ុន​ចិន​មួយចំនួន​បង្វែរ​គោលដៅ​វិនិយោគ​មកកាន់​តំបន់​អាស៊ី​”។

តាម​របាយការណ៍​ដែល​បង្ហាញ​ ដោយ​អ្នកជំនាញ​ស្រាវជ្រាវ​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ក្រៅពី​គម្រោ​ងធំៗ​ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​ នៅ​មាន​គម្រោង​សំណង់​ R&​F City​ គម្រោង​ Arakawa​ Residence​ គម្រោង​ Urban​ Village​ គម្រោង​ La​ Vista​ One​ គម្រោង​ Park​ Land​ Condo​ និង​គម្រោង​ The​ Peak​ ដោយ​គម្រោង​នី​មួយ​ៗភាគច្រើន​ ត្រូវ​បាន​បែងចែក​ចេញ​ជាច្រើន​ដំណាក់កាល​ក្នុង​ការសាងសង់​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ជំលោះ​សេដ្ឋកិច្ច​រវាង​ប្រទេស​មហាអំណាច​ទាំង២​ នេះ​ កម្ពុជា​អាច​ទទួលរង​នូវ​ឥទ្ធិពល​ផង​ដែរ​ ប៉ុន្តែ​មានកម្រិត​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​ជា​ប្រទេស​មួយ​ដែល​តូច​ ហើយ​បើ​រង​ឥទ្ធិ​លក៏​មានកម្រិត​តិចតួច​ និង​ដោយប្រយោល​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ គឺ​កំពុងតែ​ស្ថិតនៅ​ក្នុង​ដំណាក់​ដំបូង​ ដែល​ប្រៀបបានទៅ​នឹង​ការ​បុក​គ្រឹះ​យ៉ាង​ដូច្នោះ​ ហើយ​ពេល​បន្ទាប់​គឺ​ស្វែងរក​ទីផ្សារ​គោលដៅ​”។

លោក​ហុង​ វណ្ណៈ​បាន​បន្ត​ទៀត​ថា​ ទីផ្សារ​គោលដៅ​របស់​ពួកគេ​មិនមែន​សំដៅ​តែ​ជនជាតិ​ចិន​នោះ​ទេ​ ដែល​វា​អាច​ជា​ជនជាតិ​ក្នុង​ស្រុក​ និង​អតិថិជន​ដែល​ជា​ជនជាតិ​ដទៃទៀត​។ នៅ​ក្នុង​តំណា​ក់​កាល​នេះ​ ប្រសិនបើ​កម្ពុជា​ចេះ​ឆ្លៀតឱកាស​ គឺ​អាច​ទទួល​បានផល​ពី​វិស័យ​ពាណិជ្ជកម្ម​ ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន​ និង​អាមេរិក​ ក៏​កំពុង​សម្លឹង​មើល​ភូមិសាស្ត្រ​គោលដៅ​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​ ធ្វើជា​ទីតាំង​សម្រាប់​កិច្ច​បន្តដំណើរ​ការ​សង្វាក់​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ដើម​របស់​ខ្លួន​៕

រដ្ឋាភិបាល​គ្រោង​រៀបចំ​កោះសេះ​ដែល​មានផ្ទៃ​ដី៥០០ហិ​កតា​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​

0

ដោយ ​វុត្ថា​

កំពតៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​ និង​អាជ្ញាធរ​ខេត្តកំពត​គ្រោង​នឹង​រៀបចំ​កោះសេះ​ដែល​មានផ្ទៃ​ដី៥០០ហិ​កតា​ ជាគោល​ដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត​ ក្រៅពី​តំបន់​ទេសចរណ៍​សំ​ខាន់​ៗផ្សេងទៀត​នៅក្នុង​ខេត្ត​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នៅ​ខេត្តកំពត​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៦​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជំរុញ​ឱ្យ​អា​ជ្ញារ​ខេត្តកំពត​ ត្រូវ​រៀបចំ​គោលដៅ​ទេសចរណ៍​ថ្មី​នៅ​លើ​កោះសេះ​នេះ​ ឱ្យ​មានការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ ត្រូវ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​កោះសេះ​ ដើម្បី​រៀបចំ​ឱ្យ​មាន​កញ្ចប់​ទស្សនកិច្ច​ថ្មី​សម្រាប់​ខេត្តកំពត​។

លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​កោតសរសើរ​ ពី​សក្ដានុពល​ទេសចរណ៍​ដែល​មាននៅ​លើ​កោះសេះ​នេះ​ ពីព្រោះ​នៅ​ជិត​កោះត្រល់​ ក្បែរ​ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម​។ លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​រាល់​ការ​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ទាំងអស់​ ត្រូវ​មាន​ប្លង់​គោល​ និង​ប្លង់​មេ​អភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់លាស់​ មិន​អាច​ធ្វើ​ដោយ​គ្មាន​ការ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពីសំណាក់​អាជ្ញាធរ​ខេត្ត​ ឬរាជរដ្ឋាភិបាល​នោះ​ឡើយ​។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​បាន​បញ្ជាក់​ថា​ ការរៀបចំ​កោះសេះ​ ជាគោល​ដៅ​ទេសចរណ៍​ថ្មីនេះ​ គឺ​ដើម្បី​ឱ្យ​ទាន់ពេល​វេលា​នៃ​ការ​រៀប​ចចំ​បុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នៅ​ខេត្តកំពត​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​បាន​ទៅលេង​កម្សាន្ត​សម្បា​យរីករាយ​ ខណៈ​ពិធីបុណ្យ​នេះ​ នៅសល់​ពេល​តែ៤ខែ​ទៀត​នឹង​ឈាន​ចូល​មកដល់​ហើយ​នោះ​។

យោង​តាម​ Wikipedia​ បានឱ្យ​ដឹង​ថា​ កោះសេះ​ គឺជា​កោះ​មួយ​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ឈូងសមុទ្រ​ថៃ​ នៅ​ខាងក្នុង​ឧទ្យានជាតិ​រាម​ខេត្ត​ព្រះសីហនុ​ដែល​មាន​ចម្ងាយ១​,៥ គីឡូម៉ែត្រ​ខាងត្បូង​កោះ​ថ្មី​ និង​ប្រហែល៩គីឡូម៉ែត្រ​ ខាងត្បូង​ដី​សំខាន់​នៃ​ឃុំ​រាម​ខេត្ត​ព្រះសីហនុ​ និង​មាន​ចម្ងាយ៤.៣​ គីឡូម៉ែត្រ​ពី​កោះត្រល់​ ឬកោះ​ភូ​គុក​ ។

ជាមួយនឹង​គោលបំណង​ ដើម្បី​ធ្វើ​ឱ្យ​ខេត្តកំពត​មាន​សក្ដានុពល​ និង​កាន់តែ​មាន​ភាព​ទាក់ទាញ​ផង​នោះ​ លោក​ថោង​ ខុន​ បាន​កំណត់​យក​ខេត្តកំពត​ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​វិថី​ម្ហូបអាហារ​ (Food​ Street​) ជំរុញ​ឱ្យ​កសាង​ផ្លូវ​ដាក់ភ្លើង​បំភ្លឺ​ទៅកាន់​កំពង់ផែ​ទេសចរណ៍​ថ្មី​ រៀបចំ​ចាក់​ខ្សាច់​បង្កើត​ឆ្នេរ​កំពត​ថ្មី​ ​ពង្រឹងគុណភាព​សេវា​ដឹកជញ្ជូន​ទេសចរ​តាមផ្លូវ​ទឹ​ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅក្នុង​ខេត្តកំពត​ ត្រូវ​ពង្រឹង​សេវាកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ​ជាដើម​៕

អានបន្ត៖ ទូ​រទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ CNN​ ចុះផ្សាយ​ពី​កោះ​ស្អាត​ដូច​ឋានសួគ៌​ទាំង៧​ របស់​កម្ពុជា​

រដ្ឋាភិបាល​ចិន​អំពាវនាវ​ជាបន្ទាន់​ទៅកាន់​លោក​ Trump​ ដើម្បី​ឱ្យ​មាន​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ អ្នកតំណាង​ពាណិជ្ជកម្ម​ចិន​បាន​អំពាវនាវ​ជាបន្ទាន់​ទៅកាន់​មន្រ្តី​សេដ្ឋកិច្ច​អាមេរិក​ឱ្យ​ចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​ ខណៈ​ទីផ្សារ​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់ចុះ​ បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​- ចិន​ បាន​ឡើង​កំ​ដៅ​យ៉ាង​ខ្លាំង​កាលពី​ចុង​សប្តាហ៍​នេះ​។

បើ​យោង​តាម​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​។ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ “ចិន​បាន​ទាក់ទង​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​កំពូល​របស់​យើង​កាលពីយប់មិញ​ ហើយ​បាន​និយាយ​ថា​ “ សូម​វិលត្រឡប់​មក​តុ​ពិភាក្សា​វិញ​” ដូច្នេះ​យើង​នឹង​ត្រលប់​ទៅ​តុចរចា​វិញ​ ហើយ​ខ្ញុំ​គិតថា​ពួកគេ​ចង់​ធ្វើអ្វី​មួយ​”។

លោក​ Trump​ បាន​បន្ថែម​ថា​ “ពួកគេ​ត្រូវ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ប៉ុន្តែ​ពួកគេ​យល់ថា​ នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​ ហើយ​ខ្ញុំ​មានការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើបែប​នេះ​។ នេះ​គឺជា​ការ​វិវត្ត​វិជ្ជមាន​មួយ​សម្រាប់​ពិភពលោក​”។

ភាព​មិន​ច្បាស់លាស់​ដែល​បណ្តាល​មក​ពី​គោលនយោបាយ​ “អាមេរិក​ទីមួយ​” របស់​លោក​ Trump​ និង​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ដែល​កំពុង​បន្ត​ធ្វើ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​រាប់ពាន់​លាន​ដុល្លារ​ក្នុង​បាត់បង់​ប្រាក់ចំណូល​ ហើយ​សេដ្ឋកិច្ច​ប្រទេស​មួយចំនួន​បាន​ធ្លាក់ចុះ​ ឬកំពុង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​លទ្ធផល​មក​កត្តា​ខាងលើ​។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​អឺរ៉ុប​ អា​ឡឺម៉​ង់​បាន​រង​ផល​ប៉ះពាល់​នៅ​ត្រីមាស​ទី២​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​រថយន្ត​។

អ្នកវិភាគ​រំពឹង​ថា​ ការ​ធ្លាក់ចុះ​ផ្សេងទៀត​នឹង​កើតឡើង​ក្នុង​ត្រីមាស​ទី​ ៣ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អា​ឡឺម៉​ង់​ស្ថិត​ក្នុង​វិបត្តិសេដ្ឋកិច្ច​ជាយថាហេតុ​ បើ​ទោះបី​រដ្ឋាភិបាល​មាន​ផែនការ​បូម​លុយ​អឺ​រ៉ូ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក៏ដោយ​។

ប្រទេស​តួ​កគី​ អាហ្សង់ទីន​ អ៊ីរ៉ង់​ អាហ្វ្រិក​ខាងត្បូង​ និង​វេណេហ្ស៊ុយអេឡា​កំពុង​ស្ថិត​ ឬនឹង​ស្ថិត​ក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​ ដោយសារ​បញ្ហា​បំណុល​ នយោបាយ​ និង​ហិរញ្ញវត្ថុ​កំពុង​បន្ត​។

នៅក្នុង​ទ្វីបអាស៊ី​ រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​ព្យាករណ៍​ពី​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ដែល​មាន​កំណើន​ដល់​ជិត​សូន្យ​ភាគរយ​ ដោយ​ប្រទេស​នេះ​បាន​ក្លាយជា​គ្រោះថ្នាក់​មួយ​ក្នុងចំណោម​គ្រោះថ្នាក់​បំផុត​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សឹង្ហ​បូរី​បាន​អោយ​ដឹង​ថា​ សេដ្ឋកិច្ច​សឹង្ហ​បូរី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ពី​ ០.០​ ភាគរយ​ទៅ​ ១ភាគរយ​នៅ​ឆ្នាំនេះ​ ហើយ​ទំនងជា​ឈាន​ដល់​ការ​ធ្លាក់ចុះ​មួយទៀត​នៅក្នុង​ត្រីមាស​ទី​៣ ដែល​បង្ហាញថា​ វា​ជា​ការ​ធ្លាក់​ចូល​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​៕

ម៉ាឡេស៊ី​ និង​វៀតណាម​ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ដល់​ ១៥ពាន់​លាន​ដុល្លារ​

0

ដោយ​ វុត្ថា

​កូឡា​ឡាំ​ពួ​៖ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ លោក​បណ្ឌិត​ Mahathir​ Mohamad​ គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅក្នុង​ប្រទេស​វៀតណាម​នៅ​សប្តាហ៍​នេះ​ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ ដែល​មានស្រាប់​ រវា​ប្រទេស​ទាំងពីរ​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ដល់​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០២០ខាងមុខនេះ​។

ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ លោក​ Le​ Quy​ Quynh​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​កំណត់​គោលដៅ​របស់​ប្រទេស​ទាំងពីរ​ដើម្បី​សម្រេច​បាន​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ១៥​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២០​ ដូចដែល​បាន​ចែង​នៅក្នុង​ផែនការ​សកម្មភាព​វៀតណាម​ – ម៉ាឡេស៊ី​ ឆ្នាំ២០១៧​-២០១៩​។

លោក​បន្ត​ថា​ “នេះ​ជា​ដំណើរ​ទស្សនកិច្ច​សំខាន់​មួយ​ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ជួយ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ខ្ញុំ​ជឿជាក់​ថា​គោលដៅ​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ ១៥​ ពាន់​លាន​ដុល្លារ​អាមេរិក​នឹងអាច​សម្រេច​បាន​នៅ​ឆ្នាំ​ ២០២០​”។

លោក​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​បន្ថែម​ទៀ​ថា​ “ក្នុង​ឆ្នាំ​ ២០១៥​ យើង​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​ហើយ​ ឥឡូវនេះ​យើង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​ចាប់ពី​នយោបាយ​ដល់​ការ​ការពារ​ សន្តិសុខ​ ពាណិជ្ជកម្ម​ និង​ការអប់រំ​” ។

លោក​ឯកអគ្គ​រដ្ឋទូត​បន្ត​ថា​ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ចាប់តាំងពី​បាន​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ឆ្នាំ​ ១៩៧៣​ ប៉ុន្តែ​នៅតែ​មានឱកាស​ពង្រឹង​បន្ថែម​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។

លោក​ថា​ “បើ​និយាយ​អំពី​ការ​វិនិយោគ​វិញ​ ប្រទេស​វៀតណាម​អាច​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​កែច្នៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ខណៈ​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​អាច​វិនិយោគ​នៅក្នុង​រោងចក្រ​អចលនទ្រព្យ​ និង​អេ​ឡិច​ត្រូ​និច​” ។

បច្ចុប្បន្ន​ការនាំចេញ​សំខាន់​របស់​វៀតណាម​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​គឺ​អង្ករ​ កាហ្វេ​និ​ ងអេឡិចត្រូនិក​ ខណៈ​ដែល​ម៉ាឡេស៊ី​នាំចេញ​ប្រេង​ និង​ឧស្ម័ន​ និង​ផលិតផល​អេ​ឡិច​ត្រូ​និច​ទៅកាន់​ប្រទេស​វៀតណាម​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វៀតណាម​ – ម៉ាឡេស៊ី​នៅក្នុង​ឆ្នាំ​ ២០១៨​ មានតម្លៃ​ ១៣,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ឈរ​នៅ​លំដាប់​ទី​ ២ បន្ទាប់ពី​ប្រទេស​សិង្ហបុរី​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​។

ទន្ទឹម​នឹង​នេះ​ដែរ​ប្រទេស​ម៉ាឡេស៊ី​គឺជា​អ្នក​វិនិយោគ​ធំជាង​គេ​នៅ​ប្រទេស​វៀតណាម​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ និង​ជា​ប្រទេស​ទី​៨ ដែល​មានតម្លៃ​ប្រមាណ​ ១៣​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ភាគហ៊ុន​អាស៊ី​ដាំ​ក្បាល​ចុះ​ ខណៈ​លោក​ Trump​ ត្រៀមខ្លួន​ប្រកាស​អាសន្ន​ប្រឆាំង​នឹង​ចិន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ ​Donald​ Lee​

ភ្នំ​ពេញៈ​ ភាគហ៊ុន​អាស៊ី​បាន​ដាំ​ក្បាល​ចុះ​ នៅពេល​ចាប់ផ្តើម​ធ្វើការ​ជួញដូរ​នៅ​ថ្ងៃ​ ច័ន្ទ​នេះ​ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ បាន​និយាយ​ថា​ លោក​មាន​ ឆន្ទៈ​ប្រកាស​ស្ថានភាព​អាសន្ន​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​។

ផ្សារហ៊ុន​ហុងកុង​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ជាមួយនឹង​អា​ត្រា​ធ្លាក់ចុះ៣ភាគរយ​ បន្ទាប់មក​ គឺ​សៀងហៃ​ធ្លាក់ចុះ១​,៦ ភាគរយ​។ នៅ​ជប៉ុន​ ផ្សារហ៊ុន​ Nikkei​ ធ្លាក់ចុះ២​,៦ ភាគរយ​ ផ្សារហ៊ុន​របស់​កូរ៉េ​ខាងត្បូង​ Kospi​ ធ្លាក់ចុះ ១​,៦ភាគរយ​ និង​ផ្សារហ៊ុន​របស់​តៃវ៉ាន់​ Taiex​ ធ្លាក់ចុះ១​,៤ ភាគរយ​។

ការ​ធ្លាក់ចុះ​ផ្សារហ៊ុន​អាស៊ី​ស្របគ្នា​ នឹង​ទីផ្សារ​អាមេរិក​ដែល​មានការ​ធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន​ ជាង២ភាគរយ​កាលពី​ថ្ងៃសុក្រ​។

លោក​ Trump​ បាន​ធ្វើ​អត្ថា​ធិប្បាយ​ នៅ​ឯកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ G-7 ដែល​ធ្វើឡើង​នៅ​ប្រទេស​បារាំង​ថា​ លោក​អាច​នឹង​ប្រកាស​អំពី​ភាព​អាសន្ន​ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​។

លោក​ Trump​ នៅ​ឯទីក្រុង​ឆ្នេរ​ Biarritz​ ប្រទេស​បារាំង​បាន​និយាយ​ថា​ “ខ្ញុំ​អាច​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​”។

លោក​ Trump​បាន​បន្ថែម​ថា​ “តាមវិធី​ជាច្រើន​នេះ​គឺជា​ភាព​អាសន្ន​ នៅពេល​ពួកគេ​លួច​យក​ និង​លួច​ទ្រព្យសម្បត្តិ​បញ្ញា​ ដែល​មានតម្លៃ​តម្លៃ​ពី៣០០​ ទៅ៥០០ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​ ហើយ​ចំ​ពេល​ដែល​យើង​ខាតបង់​សរុប​ជិត​មួយ​ទី្រ​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​”។

កាលពី​ថ្ងៃសុក្រ​ ចិន​បាន​ប្រកាស​ថា​នឹង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មានតម្លៃ៧៥ពាន់​លាន​ដុល្លារ​វិញ​ ដោយ​តម្លើង​ពន្ធ​ពី៥​ ទៅ១០ភាគរយ​។ លើស​ពីនេះ​ ក្រសួងហិរញ្ញវត្ថុ​ចិន​បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​អនុវត្ត​ពន្ធ២៥ភាគរយ​លើ​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​របស់​អាមេរិក​។

នៅពេល​ទទួល​បាន​ព័ត៌មាន​អំពី​ពន្ធគយ​ចិន​ថ្មី​ ប្រធានាធិបតី​អាមេរិក​បាន​ឆ្លើយ​តប​ភ្លាម​ៗលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​។

លោក​Trump​បាន​សរសេរ​ថា​ “ប្រទេស​របស់​យើង​បាន​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ហើយ​ទឹកប្រាក់​ដ៏​ច្រើន​ដែល​បាន​ធ្វើ​ និង​លួច​បាន​ដោយ​ចិន​ពី​មេ​រិក​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​អស់​ជាច្រើន​ទសវត្សរ៍​នឹង​ត្រូវ​បញ្ឈប់​ហើយ​”។

ជាមួយនឹង​កំហឹង​របស់​លោក​ Trump​កាលពី​ចុង​សប្តាហ៍​ លោក​ក៏បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិក​នៅ​ចិន​ចាកចេញ​ ហើយ​ត្រលប់​មក​អាមេរិក​វិញ​ ឬរក​ប្រទេស​ផ្សេងទៀត​សម្រាប់​ការប្រើ​ជា​មូលដ្ឋាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

លោក​ Trump​ បាន​សរសេរ​ថា​ “ក្រុមហ៊ុន​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាប់ផ្តើម​ ស្វែងរក​ទីតាំង​វិនិយោគ​ផ្សេង​ជំនួស​ចិន​ជាបន្ទាន់​ ដោយ​នាំ​ក្រុមហ៊ុន​មក​អាមេរិក​វិញ​ និង​ផលិត​ផលិតផល​របស់​អ្នក​នៅ​អាមេរិក​”។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ក្រុម​អ្នកសេដ្ឋកិច្ច​និយាយ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​របស់​លោក​ Trump​ កំពុង​បង្កើត​នៅក្នុង​ទីផ្សារ​ពិភពលោក​។

លើស​ពីនេះ​ទៀត​ គោលនយោបាយ​ឯកោ​របស់​លោក​ Trump​ និង​ការ​មិន​ចង់​ធ្វើការ​រួមគ្នា​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ ជាពិសេស​នៅ​G-7 ដើម្បី​ដោះស្រាយ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រធានាធិបតី​អាមេរិក​ដទៃទៀត​ នៅពេល​ពួកគេ​ប្រឈមមុខនឹង​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។

អ្នក​សិក្សា​នៅ​ក្រុមប្រឹក្សា​ការបរទេស​លោក​ Stewart​ M. Patrick​ និយាយ​ជាមួយ​កាសែត​ Los​ Angeles​ Times​ ថា​ “នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ចុងក្រោយ​ទាំង​លោក​ George​ W. Bush​ និង​លោក​ Barack​ Obama​ អាច​បញ្ចុះបញ្ចូល​មនុស្ស​នៅ​លើ​ពិភពលោក​ដោយ​លើកឡើង​ថា​ មនុស្ស​គ្រប់គ្នា​នៅ​លើ​ទូក​សង្គ្រោះ​ជីវិត​ គួរតែ​ដើរ​ក្នុង​ទិសដៅ​តែមួយ​”។

លោក​បាន​បន្ថែម​ថា​ “ជាមួយ​លោក​Trump​សារ​ខាងលើ​ អាច​បង្ហាញថា​មនុស្ស​ទាំងអស់​គឺ​ត្រូវ​ធ្វើ​ដើម្បី​លោក​”៕