អ្នកជំនាញ​អះអាង​ថា​ ការ​វិនិយោគ​លើ​ខុន​ដូ​នៅតែ​បន្ត​ផ្តល់​សក្តា​នុ​ពល​ដល់​អ្នកទិញ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​អះអាង​ថា​ ផល​ចំណេញ​ត្រ​លប់់​ (return​ of​ Investment​) ក្នុង​ការ​វិនិយោគ​លើ​ខុន​ដូ​អាច​ទទួល​បាន ១០ភាគរយ​ ក្នុង​មួយឆ្នាំ​ ដោយ​ពឹងផ្អែក​លើ​ទីតាំង​ និង​គុណភាព​គម្រោង​អភិវឌ្ឍន៍​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia ​អ្នកនាង​អាន​ សុធី​តា​ បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ កាល​សប្តាហ៍​មុន​ថា​ ផល​ចំណេញ​ត្រឡប់មកវិញ​ក្នុង​ការ​វិនិយោគ​លើ​ខុន​ដូ​ នៅតែ​បន្ត​មាន​សក្កា​នុ​ពល​ដល់​អ្នក​វិនិយោគ​ខុន​ដូ​ ដោយ​អាច​ទទួល​បាន​ដល់ទៅ ១០ភាគរយ​ជា​ធម្យ​មក្នុង​មួយឆ្នាំ​ នៅ​កម្ពុជា​ខណៈ​ប្រទេសជិតខាង​កម្ពុជា​ទទួល​បានផល​ចំណេញ​ទាប​ជាង​នេះ​។

ទាក់ទង​នឹង​ការ​ទទួល​បានផល​ចំណេញ​ត្រឡប់​វិញ​ខ្ពស់​ វា​ពឹងផ្អែក​លើ​អ្នក​អភិវឌ្ឍន៍​ជ្រើសរើស​ទីតាំង​បាន​ល្អ​ គុណភាព​សំណង់​ល្អ​ ដូច្នេះ​ធ្វើឲ្យ​អ្នកទិញ​មានទំនុក​ចិត្ត​ ហើយ​អ្វី​សំខាន់​គឺ​គាត់​ (អ្នក​អភិវឌ្ឍន៍​) ដាក់​លក់​តម្លៃ​សមរម្យ​មួយ​ ហើយ​អ្នកទិញ​អាច​ទទួល​បាន​តម្លៃ​មួយ​ក្នុង​ការ​ទទួល​បានផល​ចំណេញ​ពី​វិនិយោគ​របស់​ពួកគាត់​ (អ្នកទិញ​)។នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​រូប​នេះ​។

សម្រាប់​រយៈពេល​ខ្លី​ខាងមុខ​ ទីផ្សារ​ខុន​ដូ​ អ្នកនាង​អាន​ សុធី​តា​ “អ្វី​ដែល​ខ្ញុំ​មើលទៅ​ ៣ឆ្នាំទៅ​មុខ​ទៀត​ ទីផ្សារ​ខុន​ដូ​នឹង​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​គ្នា​ ហើយ​អ្នក​អភិវឌ្ឍន៍​នឹង​មិន​អាច​កំណត់​តម្លៃ​លក់​ ក្នុង​ទីផ្សារ​ស្រេចតែចិត្ត​បាន​ដូច​កាលពីមុន​ទេ​”។

អ្នកនាង​បាន​បន្ត​ថា​ ឧទាហរណ៍​កាលពី​ឆ្នាំ៥មុន​ តម្លៃ​លក់​ត្រូវ​បាន​កំណត់​ដោយ​អ្នក​អភិវឌ្ឍន៍​ ដោយសារ​មិន​មានការ​ផ្គត់ផ្គង់​គ្រាប់​គ្រាន់​ និង​មិន​មាន​អ្នកប្រកួត​ប្រជែង​ជាមួយ​គាត់​ ប៉ុន្តែ​បច្ចុប្បន្ន​វា​មាន​ភាព​ផ្សេងគ្នា​ ដោយមាន​អ្នក​វិនិយោគ​ពី​ប្រទេស​ជាច្រើន​ឬមាន​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​វិនិយោគ​ដែរ​ ដោយមាន​ភាព​ល្អិតល្អន់​ ដើម្បី​ធ្វើ​គម្រោង​គាត់​ទទួល​បាន​ជោគជ័យ​។

គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ​ វត្តមាន​សំណង់​ខុន​លំ​ដាប់​ស្ដ​ង់​ដា​សរុប​ចំនួន១៤៥គម្រោង​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​ក្នុង​នោះ​មាន​គម្រោ​ងថ្មី​ៗចំនួន១៣​ ទើបតែ​បាន​ដាក់​ចូល​ទីផ្សារ​ក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ ពុំ​មាន​អ្វី​ប្រែ​ប្រែ​លនោះ​ទេ​ សម្រាប់​ឆ្នាំ២០១៩នេះ​ ពោល​គឺ​សកម្មភាព​នៃ​ការសាងសង់​ ក៏ដូចជា​ទីផ្សារ​លក់ដូរ​នៅតែ​មាន​សភាព​រឹង​មុំា​ដដែល​។

នៅក្នុងចំណោម​គម្រោង​ខុន​ដូ​ ដែល​កំពុងតែ​បន្តដំណើរ​ការសាងសង់​ទាំងអស់​ គម្រោង​ធំ​ដែល​ត្រូវ​បាន​ធ្វើការ​ចាប់អារម្មណ៍​ និង​នៅ​លំដាប់​កំពូល​ រួមមាន​ចំនួន៧គម្រោង​ រួមមាន​គម្រោង​ R&​F City​ គម្រោង​ Arakawa​ Residence​ គម្រោង​ Urban​ Village ​គម្រោង​ Booyoung​ Town​ គម្រោង​ La​ Vista​ One​ គម្រោង​ Park​ Land​ Condo​ និង​ គម្រោង​ The​ Peak​ ដោយ​គម្រោង​នី​មួយ​ៗ ភាគច្រើន​ត្រូវ​បាន​បែងចែក​ចេញ​ជាច្រើន​ដំណាក់កាល​ក្នុង​ការសាងសង់​៕

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ សិក្សា​បញ្ចប់​ដោយក្រុម​ហ៊ុន​ចិន​ ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​

0
ផ្លូវក្រវ៉ាត់ក្រុងទី៤ សិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន ខណៈក្រុមហ៊ុននេះកំពុងកសាង ផ្លូវក្រវ៉ាត់ក្រុងទី៣
រូបភាពតំណាង

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រីជំនាញ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ គំរោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤បាន​បញ្ចប់​រួចហើយ​ ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ ខណៈ​ក្រុមហ៊ុន​នេះ​ កំពុង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ នា​ពេល​បច្ចុប្បន្ន​។

រូបភាពតំណាង

លោក​ វ៉ា​ ស៊ី​មសូរី​យ៉ា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២៦​ ខែសីហា​ ឆ្នាំ​ ២០១៩នេះ​ថា​ ក្រុមហ៊ុន​នេះ​ បាន​សិក្សា​គម្រោង​ផ្លូ​វប្រ​វ៉ាត់​ក្រុង​ទី៤នេះ​ បាន​បញ្ចប់​រួចហើយ​ និង​បាន​បញ្ចូន​ផែនការ​សិក្សា​ មកដល់​ក្រសួង​ តែ​ក្រសួង​ត្រូវការ​ពេលវេលា​ពិនិត្យ​ និង​សិក្សា​ឡើងវិញ​មុននឹង​សម្រេច​ជា​ផ្លូវការ​ថា​ នឹង​ចាប់ផ្តើម​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅពេល​ណា​នោះ​។

លោក​បន្ត​ថា​ “ការពិនិត្យ​និង​សិក្សា​ឡើងវិញ​នេះ​ នឹង​ប្រើ​ពេលវេលា​យូរ​ ព្រោះ​អ្វី​ៗមិន​អាច​ធ្វើ​ទៅ​លឿន​បានទេ​ យើង​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី​ ហើយ​នៅពេល​ក្រសួង​សិក្សា​ចប់​ ក្រសួង​នឹង​ប្រកាស​ជា​ផ្លូវការ​ហើយ​”។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​ខ្សែ​ កាល​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៤ បាន​នឹង​កំពុង​សិក្សា​សាងសង់​ឆាប់​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​មាន​ភាព​ងាយស្រួល​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ បាន​និង​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ របស់​ចិន​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ប្រវែង​ជាង​៥២​គីឡូម៉ែត្រ​ ក្រោម​ការ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។

ការស្ថាបនា​ផ្លូវ​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូតដល់​ទៅ២៧ម៉ែត្រ​ សម្រាប់​ទីប្រជុំជន​ និង​ សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ២៥ម៉ែត្រ​ នឹង​ប្រើ​រយៈពេល៤២ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។

រូបភាពតំណាង

ចំពោះ​គំរោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី​តំបន់​ណា​ និង​បញ្ចប់​នៅ​តំបន់​ណា​គេហទំព័រ​Propertyarea.asia​ នឹង​ធ្វើ​បច្ចុប្បន្នភាព ​(update​) ជូន​នៅពេល​ក្រោយ​ទៀត​៕

ភេសជ្ជៈ​ដ៏​ល្បីឈ្មោះ​ DAKASI​ Tea​ បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​ក្រុង​ព្រះសីហនុ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុ៖ យ៉ាង​យូរ​នៅ​ត្រឹម​ចុងខែ​តុលា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​ វត្តមាន​ក្រុមហ៊ុន​ តែ​ទឹកដោះគោ​ គជ់​ ដា​កា​ស៊ី​ ខេម​បូ​ឌា​ (DAKASI​ Tea​ Cambodia​) នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ព្រះសីហនុ​ តាមរយៈ​ផ្សារ​ទំនើប​ដ៏​ធំ​និង​លើកដំបូង​គេ​បង្អស់​ Furi​ Times​ Square​។

ជាមួយនឹង​កិច្ច​បើក​ដំណើរការ​លក់​ ក្នុង​ជំ​ហ៊ាន​ដំបូង​របស់​ផ្សារ​ទំនើប​ដ៏​ធំ​ ដែល​ជា​ម្ចាស់​ពានរង្វាន់​រចនា​ម៉ូដ​ដ៏​ស្រស់​ស្អាត​ប្រចាំឆ្នាំ២០១៩​ Furi​ Times​ Square​ នៅ​ចុងខែ​តុលា​ ឆ្នាំ២០១៩​ នេះ​ ក្រុមហ៊ុន​តែ​ទឹកដោះគោ​ គជ់​ ដ៏​ល្បីឈ្មោះ​ DAKASI​ Tea​ ដែល​មាន​ប្រភព​មក​ពី​កោះ​តែ​វ៉ាន់​ និង​កំពុង​សាយភាយ​កេរ្តិ៍​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ នឹង​បង្ហាញខ្លួន​ ដើម្បី​បំពេញ​ទៅតាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ ជាពិសេស​ស្រទាប់​យុវវ័យ​តែម្ដង​។

នាយិកា​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​តែ​ទឹកដោះគោ​ គជ់​ DAKASI​ Tea​ ប្រចាំ​នៅ​កម្ពុជា​ អ្នកនាង​ ឡេង​ លី​ណា​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ ក្រុង​ព្រះសីហនុ​ ជាទី​ផ្សារ​គោលដៅ​របស់​ក្រុមហ៊ុន​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

អ្នកនាង​បាន​រំលឹក​ឱ្យ​ដឹង​ថា​ “ តែ​ទឹកដោះគោ​គជ់​ ដា​កា​ស៊ី​ មាន​ប្រភព​ដើម​នៅ​កោះ​តៃវ៉ាន់​ ប៉ុន្តែ​ត្រូវ​បាន​នាំចូល​មកកាន់​កម្ពុជា​ជិត៥ឆ្នាំ​ហើយ​ ដោយ​បាន​ពង្រីក​សាខា​បាន​ចំនួន៣ទីតាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នកនាង​បាន​បន្ត​ថា​ “ការ​បើក​ក្នុង​ផ្សារ​ទំនើប​ Furi​ Toimes​ Square​ ជា​សាខា​ទី​ ៤របស់​ក្រុមហ៊ុន​ ហើយ​ខ្ញុំ​មាន​ក្ដី​រំពឹង​ប្រកបដោយ​ភាព​ជឿជាក់​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់​”។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ “អ្នក​រស់នៅ​ក្រុង​ព្រះសីហនុ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មានកម្រិត​ជីវភាព​ធូរ​ធា​ជាង​មុន​ ហើយក៏​ជាទី​តាំង​ប្រមូល​ផ្តុំ​ ទៅ​ដោយ​បណ្តា​អ្នក​វិនិយោគ​ចំរុះ​ជាតិសាសន៍​ ជាពិសេស​ជនជាតិ​ចិន​ ដែល​ធ្លាប់​បាន​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​របស់​ ដា​កា​ស៊ី​ តាំងពី​យូរណាស់​មក​ហើយ​ ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ដ៏​ទំនើប​ ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នេះ​នឹង​កាន់តែ​ជួយ​បង្កើន​ភាព​ទាក់ទាញ​ខ្លាំង​”។

នាយិកា​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ ដែល​អភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប​ Furi​ Times​ Square​ អ្នកនាង​លឹម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​។

កញ្ញា​បន្ត​ទៀត​ថា​ ការ​កោតសរសើរ​ទាំងនេះ​ ដោយសារ​ផ្សារ​ទំនើប​ Furi​ Times​ Square​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អឥតខ្ចោះ​ ទាំង​ផ្នែក​ទីធ្លា​នៅ​ខាងក្នុង​ និង​រូបរាង​ខាងក្រៅ​ ហើយ​ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​ នៃ​ការ​លក់​មាន​ភាព​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ ហើយ​ទីតាំង​នៃ​គម្រោង​នេះ​ស្ថិតនៅ​តំបន់​ដែល​មាន​សក្ដានុពល​ល្អ​។

អ្នកនាង​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយ​សារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​។ អ្នកនាង​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”៕

ធនាគារ​កណ្តាលវៀ​តណាម​ ព្រមាន​ពី​ហានិភ័យ​នៃ​សញ្ញាប័ណ្ណ​សាជីវកម្ម​អចលនទ្រព្យ​

0

ដោយ ​វុត្ថា​

ហាន់​ណូយ​៖ ធនាគារ​កណ្តាល​វៀតណាម​ (SBV​) បាន​ណែនាំ​ដល់​ធនាគារ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ខ្លួន​ ឱ្យ​មានការ​គ្រប់គ្រង​ហានិភ័យ​ឱ្យ​បាន​ល្អ​ប្រសើរ​ ក្នុង​ការ​វិនិយោគ​សញ្ញាប័ណ្ណ​សាជីវកម្ម​ ជាពិសេស​សញ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារ​រដ្ឋ​នៃ​ប្រទេស​វៀតណាម​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ធនាគារ​មួយចំនួន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​សមាមាត្រ​នៃ​ការ​វិនិយោគ​មានកម្រិត​ខ្ពស់​ហើយ​កំពុង​បន្ត​កើនឡើង​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ចំនួន​ទឹកប្រាក់​នៃ​ការ​វិនិយោគ​សញ្ញាប័ណ្ណ​នៅក្នុង​ក្រុមហ៊ុន​សំណង់​ និង​អចលនៈ​ទ្រព្យ​នៅ​តាម​ធនាគារ​មួយចំនួន​មាន​ចំនួន​ដ៏​ច្រើន​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​ធនាគារ​ ខណៈ​ដែល​ទីផ្សារ​អចលនៈ​ទ្រព្យ​មិនទាន់​មាន​ភាពរឹងមាំ​នៅឡើយ​ហើយ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​នៅតែ​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​។

សេចក្តី​ជូនដំណឹង​ដែល​បន្ថែម​ថា​ លើស​ពីនេះ​ធនាគារ​មួយចំនួន​ក៏បាន​វិនិយោគ​លើ​មូលបត្រ​បំណុល​ជាមួយនឹង​គោលបំណង​​ផ្សេងទៀត​ដូចជា​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​អ្នក​ចេញ​ដែល​មាន​ហានិភ័យ​ខ្ពស់​។

ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធនាគារ​និង​កំណត់​ហានិភ័យ​ក្នុង​ការ​វិនិយោគ​សញ្ញាប័ណ្ណ​សាជីវកម្ម​ក្រោម​ការណែនាំ​ SBV​ បាន​តម្រូវ​ឱ្យ​ធនាគារ​ពិនិត្យមើល​បទបញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន​ទាក់ទង​នឹង​ការវាយតម្លៃ​ និង​នីតិវិធី​អនុម័ត​លើ​ការ​វិនិយោគ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដើម្បី​ធានា​ថា​វា​ស្របតាម​ ច្បាប់​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ដែរ​ឬទេ​។

SBV​ ក៏បាន​ណែនាំ​ធនាគារពាណិជ្ជ​កម្ម​កុំឱ្យ​ទិញ​មូលបត្រ​បំណុល​ក្រុមហ៊ុន​ដែល​មាន​គោលបំណង​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ក្រុមហ៊ុន​ដែល​ចេញ​ឱ្យ​ស្រប​តាម​បទ​ញ្ញា​ត្តិ​ច្បាប់​របស់​ប្រទេស​។ យោង​តាម​គណៈកម្មការ​មូលបត្រ​រដ្ឋការ​ចេញ​មូលបត្រ​បំណុល​សាជីវកម្ម​សរុប​ក្នុងរយៈពេល​ ៦ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ឈាន​ដល់​ចំនួន​ ៦០​ កោដិ​ដុង​ ស្មើនឹង​ ២,៥៨​ ពាន់​លាន​ដុល្លារ​ ។

ក្នុង​ខែមិថុនា​ និង​កក្កដា​មាន​អ្នក​ចេញ​ប័ណ្ណ​ភាគហ៊ុន​ចំនួន​ ៤៤​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន​ ១៧​ ធនាគារ​ចំនួន​ ៨ និង​ក្រុមហ៊ុន​មូលបត្រ​ចំនួន​ ២ ។ ក្រុមហ៊ុន​ចំនួន​ ១៧​ ទៀត​ដែល​ចេញ​មូលបត្រ​បំណុល​គឺ​មក​ពី​វិ​ស័យ​ផ្សេង​ៗគ្នា​។

ឧបនាយក​រដ្ឋមន្រ្តី​វៀតណាម​ លោក​ VĐìng​ askednh​ Huệ​ កាលពី​កន្លងទៅ​ក៏បាន​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ជាង​មុន​លើ​ការ​ចេញ​មូលបត្រ​បំណុល​ក្រុមហ៊ុន​ដើម្បី​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ និង​ភាគហ៊ុន​មានដំណើរ​ការត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​។

លោក​ Huệ​ បាន​ស្នើសុំ​ទៅ​ក្រសួងហិរញ្ញវត្ថុ​គណៈកម្មការ​មូលបត្រ​រដ្ឋ​និង​ធន​គារ​ SBV​ ត្រួតពិនិត្យ​ទីផ្សារ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដោយ​ប្រុងប្រយ័ត្ន​ និង​បង្កើត​ផែនការ​អភិវឌ្ឍន៍​សម្រាប់​ទីផ្សារ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដែល​ត្រូវ​មាន​ដែន​កំណត់​ប្រាក់កម្ចី​ និង​លក្ខខណ្ឌ​ត្រឹមត្រូវ​៕

ធនាគារ​ SME​ ដែល​មាន​ទុន​ ១០០លាន​ដុល្លារ​ នឹង​ចេញដំណើរ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ( SMEs​) គឺជា​សរសៃឈាម​យ៉ាង​សំខាន់​នៅក្នុង​ចរន្ត​នៃ​កិច្ច​ដំណើរការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ដែល​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​វិស័យ​មួយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ ១០០​ លាន​ដុល្លារ ដើម្បី​បង្កើត​ធនាគារ​ក្នុង​គោលដៅ​ជួយ​គាំទ្រ​ និង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​លើកកម្ពស់​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រួម​ជាមួយនឹង​ពិធី​បិត​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​ ពិព័រណ៍​ឧស្សាហកម្ម​ សម្លៀកបំពាក់​ &​ វាយនភ័ណ្ឌ​ កម្ពុជា​ – អន្តរជាតិ​ កាលពី​រសៀល​ថ្ងៃទី២៥​ ខែសីហា​ ម្សិលមិញ​នេះ​ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​ លោក​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​មានប្រសាសន៍​ថា​ “ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​ផ្តល់​ថវិកា​ ចំនួន​ ១០០លាន​ដុល្លារ​ សម្រាប់​ការបង្កើត​ធនាគារ​ (SME​s) ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន”។

លោក​បាន​បន្ត​ទៀត​ថា​ “មកដល់ពេលនេះ​ ការសិក្សា​អំពី​សមិទ្ធិ​លទ្ធភាព​ ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការ​ អាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ធនាគា​ ត្រូវ​បាន​ និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​លេចចេញ​ជារូបរាង​នៅ​ចុងឆ្នាំ២០១៩​ ខាងមុខ នេះ​”។

ពាក់ព័ន្ធ​នឹង​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ កាលពី​ចុង​មីនា​ កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​រៀបចំ​វិធាន​ និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្តន៍​តាមដាន​វិ​ឌ្ឍ​នភា​ព និង​វាយតម្លៃ​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ន៍​និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុងករណី​ចាំបាច់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​ ។

វិស័យ​ SMEs​ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ដែល​ប្រៀបបានទៅ​នឹង​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ជួយ​ដល់​ផលិតផល​សរុប​ក្នុង​ស្រុក​មាន​កំណើន​ល្អ​ ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង​ ៣២,៨​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨​ ពោល​គឺ​លឿន​ជាង​ផែនការ​ដែល​បាន​គ្រោងទុក​រហូតដល់​ប្រមាណ​ជិត​ ៥ ឆ្នាំ​ ៕

ក្រសួង​ពាណិជ្ជកម្ម​ ដាក់ចេញ​គោលការណ៍​ ៤ចំណុច​ និង​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ ជា​ការ​លើកកម្ពស់​ និង​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ សិប្បកម្ម​នានា​នៅ​កម្ពុជា​ ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ចេញ​នូវ​ផែនការ​ពង្រឹង​ច្បាប់​ការពារ​កម្មសិទ្ធិ​បញ្ញា​ រួម​ជាមួយនឹង​ការ​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន៤ចំណុច​ ដើម្បី​ឱ្យ​មានប្រសិទ្ធភាព​នៃ​ការអនុវត្ត​អភិបាលកិច្ច​ល្អ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​ថា​ ក្រសួង​បាន​ពង្រឹង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ និង​យន្តការ​ត្រួតពិនិត្យ​ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន​ទាំងមូល​ តាមរយៈ​ច្បាប់​ចំនួន៣​ ដែល​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ថ្មី​។

លោក​បាន​បន្ត​ទៀត​ថា​ច្បាប់​ចំនួន៣​ ដែល​ត្រូវ​បាន​កំណត់​រួមមាន​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​ ច្បាប់​ស្ដីពី​ការប្រកួត​ប្រជែង​ និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើ​ប្រាស់​ ដែល​ច្បាប់​ទាំងអស់​នេះ​ បាន​អនុម័ត​រួចហើយ​ដោយ​គណៈរដ្ឋ​មន្ត្រី​ ហើយ​បាន​បញ្ជូន​ទៅដល់​រដ្ឋសភា​ ដើម្បី​ធ្វើការ​អនុម័ត​ នៅពេល​បើក​បវេសនកាល​ឡើងវិញ​។

នៅក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ​ និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ​សំ​ខាន់​ៗរបស់ក្រ​សួង​ពាណិជ្ជកម្ម​ ក៏ដូចជា​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​ និង​ក្រសួង​កំពុង​បន្ត​អនុវត្ត​ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បាន​ដាក់​គោលការណ៍​ និង​ស្នើ​ដល់​មន្ត្រី​ធ្វើ​កិច្ចការ​សំ​ខាន់​ៗចំនួន៤បន្ថែម​ទៀត​ ។

ការ​ដាក់ចេញ​នូវ​គោលការណ៍​ទាំង៤នេះ​ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ រួមមាន​ដូចជា​៖

១) ខិតខំ​ពង្រីក​ចំណេះដឹង​ទាំង​កម្រិត​ជំនាញ​ និង​ភាសាបរទេស​
២) សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​
៣) បញ្ចៀស​ដាច់ខាត​ការ​យក​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​វិស័យ​ឯកជន​ និង ​
៤) សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-ខេត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​អង្គភាព​របស់​ខ្លួន​។

ក្រៅពី​សំណើ​ខាងលើ​ លោក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​ការចូលរួម​អនុវត្ត​យុទ្ធ​សា​ស្រ្ដកំ​ណែ​ទម្រង់​វិមជ្ឈការ​ និង​វិស​ហម​ជ្ឈ​ការ​ ដែល​បាន​អនុម័ត​កាលពី​ខែមិថុនា​ ឆ្នាំ២០០៥​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ប្រកប​ដោយ​បរិ​យា​ប័ន​ (ការចូលរួម​ពី​គ្រប់​ភាគី​) រវាង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ធានា​ការ​អភិវឌ្ឍ​សង្គម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

បន្ថែម​ពីនេះ​ លោក​ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​ការងារ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាពិសេស​ការចរចា​ទាញ​យក​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ពី​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ និង​ពហុភាគី​ ព្រមទាំង​បាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​សមិទ្ធផល​ការងារ​ទាំងឡាយ​ ដែល​កើត​ចេញពី​វប្បធម៌​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​ ទាំង​នៅក្នុង​ក្រសួង​ និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ ក៏ដូចជា​សាខា​កាំកុងត្រូល​រាជធានី​-ខេត្ត​ផង​ដែរ​ ៕

អាមេរិក​-ចិន​ចាប់ដៃ​គ្នា​បង្កើត​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

សាកល​វិទ្យាល័យ​ញូ​វយ៉​ក-សៀងហៃ​ (NYU​ Shanghai​ ) បាន​សហការ​គ្នា​បង្កើត​វិទ្យាស្ថាន​សិក្សា​ថ្មី​មួយ​ នៅក្នុង​ទីក្រុង​សៀងហៃ​ ជាមួយ​សាលា​ជំនាញ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ញូ​វយ៉​ក ដើម្បី​ផ្តោត​លើ​ការស្រាវជ្រាវ​ទីផ្សារ​អចលនទ្រព្យ​ នៅ​ក្នុ​ប្រទេស​ចិន​ និង​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​ផ្សេង​ទៀង​ដែល​កំពុង​រីកចម្រើន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Xihau​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ វិទ្យាស្ថាន​សម្រាប់​ទីក្រុង​ និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កំពុង​រីកចម្រើន​(The​ Institute​ for​ Cities​ and​ Real​ Estate​ in​ Emerging​ Markets​) មាន​គោលដៅ​ ដើម្បី​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការអប់រំ​វិជ្ជាជីវៈ​ និង​ការស្រាវជ្រាវ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ និង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ នឹង​ផ្តល់​នូវ​កម្មវិធី​បណ្តុះបណ្តាល​ប្រតិបត្តិ​រយៈពេល​ខ្លី​នៅ​ទីក្រុង​សៀងហៃ​ ដែល​នឹង​ចាប់ផ្តើម​នៅ​និទាឃរដូវ​និទាឃរដូវ​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

សារព័ត៌មាន​នេះ​បន្ត​ថា​ វិទ្យាស្ថាន​នេះ​ក៏​មាន​ផែនការ​ ដើម្បី​រៀបចំ​សន្និសីទ​ឧស្សាហកម្ម​ប្រចាំ​តំបន់​ឈានមុខ​គេ​ប្រចាំឆ្នាំ​ស្តី​ពី​ អចលនទ្រព្យ​នៅ​ប្រទេស​ចិន​។ កម្មវិធី​សិក្សា​ថ្នាក់អនុបណ្ឌិត​ប្រតិបត្តិ​ នៃ​វិទ្យាសាស្ត្រ​ផ្នែក​អចលនទ្រព្យ​សញ្ញាប័ត្រ​អចលនទ្រព្យ​ ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​នៅ​ទីក្រុង​សៀងហៃ​ ទីក្រុង​ញូ​វយ៉​ក និង​បណ្តាញ​សកលវិទ្យាល័យ​ NYU​ ផ្សេងទៀត​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

វិទ្យាស្ថាន​នេះ​ នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​រួមគ្នា​ដោយសា​កល​វិទ្យាល័យ​ NYU​ Shanghai​ និង​ NYUSPS​ Schack​ Institute​ of​ Real​ Estate​ ដែល​មានការ​ទទួលស្គាល់​ជាស​កល​ក្នុង​ការអប់រំ​ និង​ស្រាវជ្រាវ​អចលនទ្រព្យ​ ដែល​បង្ហាញ​ពី​ភាពជា​ដៃគូ​ដំបូង​របស់​វិទ្យាស្ថាន​ Schack​ នៅ​ប្រទេស​ចិន​។

ព្រឹទ្ធបុរស​បណ្តោះអាសន្ន​នៃ​សកល​វិទ្យា​ល NYUSPS​ លោក​ Susan​ Greenbaum​បាន​មានប្រសាសន៍​ថា​ “នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ ដើម្បី​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ ក្នុង​ការ​ដាក់​ឱ្យ​ដំណើ​ការសិក្សា​ស្រាវជ្រាវ​នេះ​ ព្រោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​កំពុង​រីកចម្រើន​។

លោក​បន្ត​ថា​ យើង​មាន​ក្តី​រំភើប​ចំពោះ​ឱកាស​ ដែល​បាន​ចូលរួម​ជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​នេះ​ នៅក្នុង​វិស័យ​ជាច្រើន​ ដោយ​រាប់​ចាប់តាំងពី​ការអភិវឌ្ឍន៍​ និង​សំណង់​រហូតដល់​និរន្តរភាព​ បច្ចេកវិទ្យា​អចលនទ្រព្យ​ ដែល​កំពុង​រីកចម្រើន​របស់​ប្រទេស​ចិន​៕

ចំណេះដឹង​! តើ​រដ្ឋាភិបាល​មាន​គោលនយោបាយ​អ្វីខ្លះ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​យ៉ាង​សំខាន់​ ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគទុន​ពី​បរទេស​ ពិសេស​ផ្តោត​ទៅលើ​វិ​ស័យឹ​ឯកជន​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​សេដ្ឋកិច្ច​ជាតិ​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​បាន​ចាក​ឬសយ៉ាង​ជ្រៅ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​រហូតដល់​អនាគតកាល​។

កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិ​វឌ្ឈ​ន៍​ ដែល​ត្រូវការ​ជាចម្បង​ គឺ​ការ​វិនិយោគទុន​ក្នុង​វិស័យ​ឯកជន​ពី​បរទេស​ ក្នុង​គោល បំណង​បង្កើន​នូវ​ថវិកាជាតិ​ ជៀសវាង​ការ​សុំ​ជំនួស​ពី​បរទេស​។ ដោយ​យល់ឃើញ​ថា​ ការ​វិនិយោគទុន​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​ រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែទម្រង់​ តម្រូវ​ទៅតាម​សេចក្តី​ត្រូវការ​របស់​វិនិយោគិន​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ ដើម្បី​ទាក់ទាញ​ និង​ការពារ​វិនិយោគិន​នៅ​កម្ពុជា​ ឲ្យ​កាន់តែ​មានសន្ទុះ​ច្រើនឡើង​ជាង​ពេលមុន​។

ការ​ធ្វើ​កម្រែ​ទម្រង់​នេះ​ ស្របតាម​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ១៩៩៤​ បាន​បង្កើត​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា ​(CDC​) ដែល​ជា​ស្ថាប័ន​មួយ​យ៉ាង​សំខាន់​បំផុត​ សម្រាប់​អ្នក​វិនិយោគ​ងាយស្រួល​ ទំនាក់ទំនង​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ ហៅថា​ច្រកចេញ​ចូល​តែមួយ​។

តាមរយៈ​ច្បាប់​វិនិយោគ​ឆ្នាំ១៩៩៤​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​ក្របខ័ណ្ឌ​គតិយុត្តិ​ បាន​ផ្តល់​ប្រតិកម្ម​ដូចគ្នា​ រវាង​វិនិយោគិន​បរទេស​ និង​ពលរដ្ឋខ្មែរ​ លើកលែងតែ​ប្រតិកម្ម​លើ​កម្មសិទ្ធិ​ដីធ្លី​។

វា​ជា​កិច្ចការពារ​គតិ​យុត្ត​ និង​ វេទិកា​ពិគ្រោះ​យោបល់​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​វិស័យ​ឯកជន​៕

ឧកញ៉ា​លឹម​ ហេង​៖ ក្រុមហ៊ុន​ចិន​ និង​អាមេរិក​ជាច្រើន​នឹង​មកកាន់​កម្ពុជា​នា​ពេល​ខាងមុខ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ បណ្តា​ក្រុមហ៊ុន​ចិន​ និង​អាមេរិក​ជាច្រើន​ទៀត​ នឹង​មកកាន់​កម្ពុជា​ ដើម្បី​បន្ត​កិច្ច​ដំណើរការ​សង្វាក់​ផលិតកម្ម​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដើម​របស់​ខ្លួន​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង២នៅតែ​បន្ត​ភាព​រាំ​រ៉ៃ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​ថា​ ពេលនេះ​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​យ៉ាង​សំខាន់​ របស់​បណ្តា​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ជាច្រើន​ ជាពិសេស​ ក្រុមហ៊ុន​របស់​ចិន​ និង​អាមេរិក​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​បាន​ក្លាយជា​ប្រទេស​ជម្រើស​មួយ​ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដែល​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​សម្លឹង​ និង​ជ្រើសរើស​ជាគោល​ដៅ​ចូល​មក​វិនិយោគ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “តាម​ការ​មើលឃើញ​ជាក់ស្ដែង​ ក្រុមហ៊ុន​ដែល​នឹង​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ គឺ​ក្រុមហ៊ុន​ចិន​ និង​អាមេរិក​ ដើម្បី​គេច​ចេញពី​ហានិភ័យ​ ដែល​បណ្តាល​មក​ពី​សំពាធ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​”។

ក្ដី​រំពឹង​ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​ កើតមាន​បន្ទាប់ពី​មហា​ព្រឹត្តិ​ការណ៍​នៃ​ការ​តាំងពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​ឧស្សាហកម្ម​វាយ​ណភ័​ណ្ឌ​ កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​-អន្តរជាតិ​លើក​ទី៨​ ដែល​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​រយៈពេល៣ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ តាមរយៈ​មហា​ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ ជា​លទ្ធផល​យើង​ទទួល​បាន​ផ្លែផ្កា​ច្រើន​ ហើយ​ក្នុង​ឱកាស​មួយ​នេះ​ កម្ពុជា​បាន​បង្ហាញ​ពី​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​ជាច្រើន​ទៅកាន់​ បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​រាប់​រយ​ក្រុមហ៊ុន​ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ចូលរួម​ ក៏បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​គេ​ផង​ដែរ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​ក្រុមហ៊ុន​ដែល​បង្ហាញ​ ពី​គោលបំណង​ចូលខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា​ ជា​ក្រុមហ៊ុន​ដែល​មក​ពី​ប្រទេស​ចិន​ និង​មួយចំនួន​ទៀត​មក​ពី​អាមេរិក​ ដោយសារតែ​ក្រុមហ៊ុន​ទាំងនេះ​ បាន​និង​កំពុងតែ​ប្រឈម​ហានិភ័យ​ដែល​បណ្តាល​មក​ពី​សំពាធ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង២​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ការ​គេច​ចេញ​ហានិភ័យ​ ក្រុមហ៊ុន​ទាំងនោះ​អាច​នឹង​ផ្លាស់ប្ដូរ​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​ទាំង២​ ហើយ​ងាក​មកកាន់​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​ ជាពិសេស​កម្ពុជា​ ដែល​ជា​ប្រទេស​មាន​អំណោយផល​លើក​ត្តា​ភូមិសាស្ត្រ​ជាងគេ​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​៕

ទីផ្សារ​លំនៅ​ដ្ឋាន​អាមេរិក​ដាំ​ក្បាល​ចុះ ​ស្រប​ពេល​តម្លៃ​មាស​កំពុង​ហក់​ឡើង​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​ (ប្រភព​ Gold​ Price​)

ភ្នំ​ពេញៈ​ ទីផ្សារ​លក់​លំនៅ​ដ្ឋាន​អាមេរិក​ បាន​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ១២​,៨ភាគរយ​ក្នុង​ខែ​ កក្កដា​កន្លងមក​នេះ​។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ចេញ​ ផ្សាយ​កាលពី​ថ្ងៃ​ សុក្រ​។

លំនៅ​ដ្ឋាន​ថ្មី​ចំនួន ៦៣៥​,០០០ខ្នង​ ត្រូវ​បាន​លក់​នៅក្នុង​ខែកក្កដា​ ដោយមាន​ការ​ធ្លាក់ចុះ​ បើ​ធៀប​នឹង​ខែមិថុនា​ ដែល​ចំនួន​លក់​មាន​រហូតដល់៧២៨.០០០​ និង​ទាប​ជាង​ចំនួន៦៤៧​,០០០​ លំនៅ​ដ្ឋាន​ដែល​ត្រូវ​រំពឹង​ថា​នឹង​លក់​ចេញ​នៅ​កក្កដា​។

ទីផ្សារ​លំនៅ​ដ្ឋាន​ កំពុង​មើលឃើញ​ចុះ​ភាព​ខ្សោយ​នៅក្នុង​ការ​លក់​ និង​បច្ចុប្បន្ន​ក៏ដូចជា​ការ​សាង​សង​លំនៅ​ដ្ឋាន​ថ្មី​។ ជា​រួម​ស្ថានការណ៍​កាន់តែ​អា​ក្រ​ក់​ទៅៗ​ ដោយសារ​កង្វះ​ដីធ្លី​ និង​កម្លាំង​ពលកម្ម​ ដែល​មិន​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​តាម​ប្រភេទ​មួយចំនួន​។

តម្លៃ​លក់​មធ្យម​សម្រាប់​លំនៅ​ដ្ឋាន​ថ្មី​ បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម៣១២​ ៨០០​ ដុល្លារ​ក្នុង​ខែកក្កដា​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​ មេសា​។ ទោះ​យ៉ាងណា​នេះ​នៅតែ​ធ្លាក់ចុះ​ ៤.៥​% បើ​ប្រៀបធៀប​នឹង​ខែកក្កដា​ ឆ្នាំ​ ២០១៨​ ។

ស្រប​ពេលនេះ​ផង​ដែរ​ តម្លៃ​មាស​បាន​កើនឡើង​ខ្ពស់​ បន្ទាប់ពី​ទិន្នន័យ​ធ្លាក់ចុះ​នៃ​ការ​លក់​លំនៅ​ដ្ឋាន​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។ មាស​ត្រូវ​បាន​ជួញដូរ​ចុងក្រោយ​ក្នុង​តម្លៃ​ ១,៥២២.៥១​ ដុល្លារ​ក្នុង​អោន​(១០ក្រាម​)កើនឡើង១​,៦៨​ ភាគរយ​។ បច្ចុប្បន្ន​នេះ​មាស​កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​ឡើង​ដល់កម្រិត​ខ្ពស់​ប្រចាំថ្ងៃ​។

ទីផ្សារ​លំនៅ​ដ្ឋាន​អាមេរិក​ បាន​ដំណើរការ​មិនសូវ​ល្អ​ចាប់តាំងពី​ឆ្នាំ២០១៨​ ដែល​បាន​មើលឃើញ​ការដំឡើង​អត្រា​ការប្រាក់​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​។ ខណៈ​អត្រា​ការប្រាក់​លើ​ប្រាក់កម្ចី​ មាន​អត្រា​ថេរ​រយៈពេល ៣០ឆ្នាំ​បាន​ធ្លាក់ចុះ​ដល់៣​,៧៧​ ភាគរយ​៕