កម្ពុជា​នឹង​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​របស់​ចិន​មួយ​ដែល​មាន​ប្រជាជន​ជិត ១០០លាន​នាក់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការ​រឹត​ចំណង់​ និង​បន្តឹង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ជិតស្និទ្ធ​ និង​ស៊ីជម្រៅ​ រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ ប្រចាំ​នៅក្នុង​ខេត្ត​ហឺ​ណាន​ ប្រទេស​ចិន​ ដែល​ជា​ខេត្ត​ដ៏​ធំ​មួយ​មាន​ចំនួន​ប្រជាជន​រស់នៅ​ជិត ១០០លាន​នាក់​។

មានប្រសាសន៍​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​-ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​របស់​កម្ពុជា​-ចិន​ គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​កិច្ចសហការ​ជា​ដៃគូ​ ក្នុង​ការ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ប៉ុន្តែ​នៅតែ​ព្យាយាម​ជំរុញ​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ផ្លែផ្កា​កាន់តែ​ល្អ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះ​វិស័យ​វិនិយោគ​ និង​ទេសចរណ៍​នោះ​ទេ​ តាមរយៈ​រដ្ឋាភិបាល​ចិន​ បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​ជាច្រើន​ ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​”។ លោក​បន្ត​ទៀត​ថា​ “ដើម្បី​ធ្វើ​ឱ្យ​កិច្ច​ទំនាក់ទំនង​ និង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ កម្ពុជា​ចាំបាច់​ត្រូវការ​ភាគី​ចិន​ជួយ​បន្ថែម​លើ​គ្រប់​វិស័យ​ទៀត​”។

នៅក្នុង​កិច្ច​ជំនួប​ខាងលើ​នេះ​ កម្ពុជា​បាន​ស្នើសុំ​ភាគី​ចិន​ ដែល​មាន​លោក​ Ma​ Jian​ អគ្គនាយក​នៃ​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សព្រ​លាន​យន្តហោះ​ក្រុង​ Zheng​ zhou​ (Zheng​ zhou​ Airport​ Economic​ Zone​-ZAEZ​) នៃ​ខេត្ត​ហឺ​ណាន​ ប្រទេស​ចិន​ ជា​តំណាង​ រួមា​ន៤ចំណុច​សំ​ខាន់​ៗរួមមាន​ ​ទី១​ – ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ពី​ខេត្ត​ហឺ​ណា​នមក​កម្ពុជា​ ទាំង​ផ្នែក​ដឹកជញ្ជូន​អ្នកដំណើរ​ (passengers​) និង​ទំនិញ​ (Cargos​)។

ទី២​ – អាស្រ័យ​ដោយ​ខេត្ត​ហឺ​ណាន​ ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​រហូត​ប្រមាណ​ ១០០លាន​នាក់​អង្គប្រជុំ​ក៏​ឯកភាព​ និង​ទទួលស្គាល់​ភាព​ចាំបាច់ក្នុង​ការជំរុញ​ និង​ពិនិត្យ​លទ្ធភាព​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ហឺ​ណាន​។

ទី៣ ​- ការពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ នៃ​សក្តា​នុ​ពល​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ខេត្ត​ហឺ​ណាន​ ជាពិសេស​ត្រៀម​សហការ​រៀបចំ​ពិធី​បិទ​ព្រឹត្តិ​ការណ៍​ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​ កម្ពុជា​-ចិន​ ផង​ដែរ​។

ទី៤​- ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​នៅ​ថ្ងៃ​អនាគត​ នឹង​ជំរុញ​ឲ្យ​មានការ​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​កម្ពុជា​ និង​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សព្រ​លាន​យន្តហោះ​ក្រុង​ Zhengzhou​ (ZAE​)របស់​ខេត្ត​ហឺ​ណាន​៕

សណ្ឋាគារ​ម៉ាឡេស៊ី​មួយ​ជាប់​កំណត់ត្រា​ជា​សណ្ឋាគារ​ធំជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៩​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សណ្ឋាគារ​ First​ World​ Hotel​ របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ជាប់​កំណត់ត្រា​ពិភពលោក​(Guinness​ World​ Records​) ដែល​ធំជាង​គេ​នៅ​លើ​ពិ​លោក​ក្នុងចំណោម​សណ្ឋាគារ​ផ្សេងទៀត​ក្នុង​ឆ្នាំ​ ២០១៩នេះ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​Forbes​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ សណ្ឋាគារ​ First​ World​ Hotel​ នេះ​ មាន​បន្ទប់​សរុប​ចំនួន ៧​,៣៥១បន្ទប់​ ដែល​មាន​អគារ​ ២ក្នុង​នោះ​ មាន​បន្ទប់​ស្តង់ដារ​ចំនួន ៣​,១៦៤បន្ទប់​ ក្នុង​នោះ​បន្ទប់​ប្រណីត​មាន​ចំនួន២៩២​ បន្ទប់​។ បន្ទប់​គ្រែ​បី​ល្អ​ជាងគេ​មាន​ចំនួន៦៤៩បន្ទប់​ និង​បន្ទប់​ប្រណិត​ខ្ពស់​មាន​ចំនួន​ ៤៨០​ បន្ទប់​ និង​ក្លិប​ចំនួន ១៣៦បន្ទប់​។

សារព័ត៌មាន​បន្ថែម​ថា​ នៅ​ឆ្នាំ២០១៥​ សណ្ឋាគារ​ First​ World​ Hotel​ បាន​ពង្រីក​អគារ​ទី២​ ដោយ​បាន​ផ្តល់​ជូន​បន្ទប់​សរុប​ថ្មី​ចំនួន១​,២៨៦​ ដែល​ជាមធ្យម​ បន្ទប់​និ​មួយ​ៗមាន​ទំហំ១៧០ហ្វី​តការ៉េ​។ សណ្ឋាគារ​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ​ នូវ​ផ្លា​ហ្សា៥០០​,០០០​ ហាង​លក់រាយ​ និង​កន្លែង​បរិភោគ​អាហារ​ និង​កន្លែង​សួន​កម្សាន្ត​នៅក្នុង​អាគារ​ផង​ដែរ​។

សណ្ឋាគារ​ដែល​បំបែក​ឯតទគ្គកម្ម​ពិភពលោក​នេះ​ ត្រូវ​បាន​ជ្រើសរើស​ជាប់​ក្នុង​កំណត់ត្រា​ មុន​ពេល​បើក​សម្ពោធ​នូវ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​ Mecca​ ប្រទេស​អារ៉ាប់រួម​ ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ ដោយមាន​អគារ​ចំនួន១២ កំពស់៤៥​ ជាន់​បន្ទប់គេង​ ១០​,០០០​បន្ទប់​ភោជនីយដ្ឋាន​ចំនួន៧០​ ដែល​នឹង​ជាប់​កំណត់ត្រា​ជា​សណ្ឋាគារ​ធំជាង​គេ​លើ​ពិភពលោក​ជំនួស​សណ្ឋាគារ​នៅ​ម៉ាឡេស៊ី​នេះ​។

កំណត់ត្រា​ពិភពលោក​កំពុង​ត្រូវ​បាន​បំបែក​ជា​រៀងរាល់​ឆ្នាំ​ ជាមួយនឹង​តម្រូវការ​ពី​អ្នកធ្វើ​ដំណើរ​សម្រាប់​បទពិសោធន៍​ និង​ទិសដៅ​របស់​ពួកគេ​ ហើយ​អ្នក​អភិវឌ្ឍន៍​ក៏​កំពុងតែ​បង្កើត​អ្វី​ដែល​ល្អ​បំផុត​ និង​ថ្មី​ៗ ដើម្បី​ទាក់ទាញ​ទេស​ចរ​ណ៍​ទំា​ងនោះ​។

ប្រទេស​ចិន​ និង​ទី​ក្រុង​ឌូ​បៃ​កំពុង​ឈានមុខ​គេ​ ក្នុង​បញ្ជី​បំបែក​កំណត់ត្រា​ពិភពលោក​ច្រើនជាង​គេ​៕

វិស័យ​ទេសចរណ៍​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ ៤​,៣៧៥លាន​ដុល្លារ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ ៤​,៣៧៥លាន​ដុល្លារ​ ស្មើនឹង ១២.៧​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង៦២ម៉ឺន​នាក់​ ស្មើនឹង១៣​% នៃ​ការងារ​សរុប​។

លោក​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ឱ្យ​ដឹង​នៅក្នុង​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ «ការអភិវឌ្ឍន៍​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ ៤.០​» កាលពី​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ ស្របតាម​ចក្ខុវិស័យ​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ក្នុង​វិស័យ​ទេសចរណ៍២០១៧​-២០២៥​ នៅ​ឆ្នាំ២០២០​ ក្រសួងទេសចរណ៍​ ត្រូវ​ជំរុញ​ឲ្យ​អ្នកជំនាញ​យ៉ាងតិច៥០​% ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់​ដា​ជាតិ​ និង​អាស៊ាន​ តាមរយៈ​ការ​បណ្តុះបណ្តាល​ ឬការវាយតម្លៃ​សមត្ថភាព​។

នៅ​ឆ្នាំ២០២៥​ ត្រូវ​សម្រេច​ឲ្យបាន​យុទ្ធនាការ​ «បុគ្គលិក​ម្នាក់​ ជំនាញ​មួយ​» ពោល​គឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​ ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​។

លោក​បន្ថែម​ទៀត​ថា​ “ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ ក្នុង​វិស័យ​ទេសចរណ៍​ បាន​និង​កំពុង​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​ទេសចរ​ ដែល​ទាមទារ​ជាចាំបាច់​ ក្នុង​ការ​បណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​”។

លោក​បញ្ជាក់​ថា​ ទាំងនេះ​សុទ្ធតែ​ជា​បច្ចេក​វិទ្យា​ថ្មី​ៗ ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ហើយ​បាន​ក្លាយទៅជា​កត្តា​ចម្បង​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ ប្រកបដោយ​ការប្រកួត​ប្រជែង​ខ្ពស់​។លោក​ថា​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​ភារកិច្ច​ចម្បង​ ដែល​មិន​អាច​មើល​រំលង​បាន​ ក្នុង​ការ​ឆ្លើយតប​នូវ​កំណើន ២ខ្ទង់​ នៃ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​ ហើយក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ធ្វើ​យ៉ាង​ដើរ​ឱ្យ​ទាន់​ការ​រីកចម្រើន​របស់​ពិភពលោក​នា​សម័យ​ទំនើប​នេះ​៕

ផ្សារហ៊ុន​អាមេរិក​ដាំ​ក្បាល​ចុះ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ដំឡើងថ្លៃ​ពន្ធ​ហើយ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ចាកចេញ​ពី​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទីផ្សារ​អាមេរិក​បាន​ដួល​រលំ​កាលពី​ថ្ងៃសុក្រ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ទាំងអស់​ និង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ចាកចេញ​ពី​ប្រទេស​ចិន​។

ក្រុមហ៊ុន​ Dow​ Jones​ Industrial​ Average​ ក្រុមហ៊ុន​ S&​P 500​ និង​ក្រុមហ៊ុន​ Nasdaq​ Composite​ ធ្លាក់ចុះ​ជាង​ពីរ​ភាគរយ​កាលពី​ថ្ងៃសុក្រ​ បន្ទាប់ពី​ការ​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ Trump​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple​ Inc​ បាន​ធ្លាក់ចុះ​ជិត៥ភាគរយ​ ដោយសារតែ​ការពឹងផ្អែក​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​មាន​មូលដ្ឋាន​នៅ​ចិន​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “ប្រទេស​របស់​យើង​បាន​ខាតបង់​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ពួកគេ​បាន​លួច​កម្មសិទ្ធិ​បញ្ញា​របស់​យើង​ ក្នុង​អត្រា​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ហើយ​ពួកគេ​ចង់​បន្ត​ទៀត​”។

លោក​ Trump​ បាន​សរសេរ​ថា​ “ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នោះ​កើតឡើង​ទេ​! យើង​មិន​ត្រូវការ​ចិន​ទេ​” ។

លោក ​Trump​ បាន​បញ្ជា​ឱ្យ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ៣០ភាគរយ​សម្រាប់​ទំនិញ​ចិន​ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង​ដាក់​ពន្ធ៥ភាគរយ​លើ​កញ្ចប់​ទំនិញ​ផ្សេងទៀត​ មានតម្លៃ​ចាប់ពី៣០០ពាន់​លាន​ដុល្លារ​ ស្មើនឹង១៥ភាគរយ​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​។

ការដំឡើង​ពន្ធ​របស់​ចិន​លើ​ទំនិញ​អាមេរិក​កើតឡើង​ បន្ទាប់ពី​មានការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ នឹង​សងសឹក​ ប្រសិនបើ​អាមេរិក​ដាក់​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ៣០០ពាន់​លាន​ដុល្លារ​៕

អ្នក​វិនិយោគ​ជប៉ុន​ចំណាយ​លុយរាប់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​នៅ​ KIT​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​ជប៉ុន​ ដែល​កំពុង​វិនិយោគ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ (KIT​) បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ផ្តល់​អាហារូបករណ៍​ ១០០ភាគរយ​ ដល់​និស្សិត​កម្ពុជា​ ដែល​បន្ទាប់ពី​បញ្ចប់​ការសិក្សា​និស្សិត​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ជាដើម​។

យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ករបស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរី​រម្យ​ ក៏ដូចជា​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​របស់​កម្ពុជា​បានឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ អាហារូបករណ៍​នេះ​ នឹង​ផ្តល់​ជូន​សិស្ស​បញ្ចប់់​ថ្នាក់​ទី១២​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៩​-២០២០​ នេះ​។

វិទ្យាស្ថាន​នេះ​ចាប់ផ្តើម​ប្រកាស​ផ្តល់​អាហារូបករណ៍​ជាថ្មី​ ដល់​សិស្សានុសិស្ស​កម្ពុជា​ ដែល​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៩​ ២០២០នេះ​ ដោយ​សិស្ស​ដែល​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជាប់​ នឹង​ទទួល​បាន​អាហារូបករណ៍ ១០០ ភាគរយ​ បូក​នឹង​សម្ភារៈ​សិក្សា​រហូតដល់​រយៈពេល ៤ឆ្នាំ​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ផ្ដល់​អាហារូបករណ៍​ចំពោះមុខ​វិទ្យា​ពីរ​មុខ​ ដោយ​ទីមួយ​គឺ​ វិស្វកម្ម​កុំព្យូទ័រ​ (Software​ Engineering​) និង​គ្រប់គ្រង​បដិសណ្ឋារ​កិច្ច​អន្តរជាតិ​ International​ Hospitality​ Management​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ ចង់​ធ្វើការ​ប្រឡង​យក​អាហារ​រូបករណ៍​អាច​ធ្វើការ​ ចូល​ទៅចុះ​ឈ្មោះ​តាម​តំណរ​លី​៖https​://goo.gl​/forms​/ly8zdI6Q18jaqqg03​ ។ ក្រោយពី​ចុះឈ្មោះ​រូច​រាល់​ហើយ​ បេក្ខជន​អាច​ទៅ​ស្ដាប់​សិក្ខាសាលា​ណែនាំ​ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ផ្ទាល់​តែម្ដង​ ហើយ​ចំណែក​ឯថ្ងៃ​ប្រឡង​វិញ​ នឹង​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃទី​ ២៩​ ខែ​មី​ថុនា​ឆ្នាំ២០១៩​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​។

សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ត្រូវ​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ​ ២០១៤មក​ម្លេះ​ ដោយមាន​កម្ម​វិ​ធី​សិក្សា​រដូចជា​៖ វិ​ស្វ​ករកុំព្យូ​ទរ័​ វិភា​គប្រពន្ធ័​កុំព្យូទ័រ​ បង្កើត​ប្រពន្ធ័​កុំព្យូទ័រ​ គណនេយ្យ​ និង​គ្រប់គ្រង​ រួម​ទាំង​បង្រៀន​ភា​សារ​អង់គ្លេស​ និង​ជប៉ុន​ផង​ដែរ​។

វិទ្យាស្ថាន​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​គិរីរម្យ​នេះ​ ត្រូវ​បាន​បង្កើត​ដោយ​អគ្គនាយក​ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ដែល​លោក​ជា​ជនជាតិ​ជប៉ុន​មានឈ្មោះ​ថា​ Takeshi​ Izuka​ ដើម្បី​ផ្ដល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​និស្សិត​កម្ពុជា​ ជាពិសេស​ទៅលើ​មុខ​វិទ្យាទាក់ទង​ទៅ​នឹង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​វិស្វកម្ម​កម្មវិធី​កុំព្យូទ័រ​ជាដើម​។

ជា​លទ្ធផល​នៃ​ការ​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​មួយ​នេះ​ និស្សិត​ជំនាន់​ទី១ទទួល​បាន​ឱកាស​ការងារ១០០​% ហើយ​មាន​និស្សិត​រហូតដល់​ទៅ​ ៧០​%បាន​ទៅ​ធ្វើការ​ដល់​ប្រទេស​ជប៉ុន​។

សម្រាប់​លក្ខខណ្ឌ​ក្នុង​ការ​ប្រឡង​ បេក្ខជន​ត្រូវ​មាន​អាយុ​ចាប់ពី១៦ឆ្នាំ​ឡើង​ទៅ​ ប្រកបដោយ​សុខភាព​ល្អ​ ហើយ​ប្រឡងជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ដំណាក់កាល​ ដើម្បី​បាន​អាហារូបករណ៍​។ ការ​ប្រឡង​ត្រូវ​បាន​ប្រឡង​ទៅលើ​ IQ​ គណិតវិទ្យា​ និង​ភាសាអង់គ្លេស​ ហើយ​បេក្ខជន​ក៏​ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍​ផង​ដែរ​។

ទាក់ទង​សា​កសួរ​ព៌​តមាន​បន្ថែម​ សិស្ស​ និស្សិត​អាច​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល register​@kit.edu.kh​ ឬលេខទូរស័ព្ទ​ ០៧៨​ ៧៧៧​ ៣៨៤​ / ០៧៨​ ៧៧៧​ ៣៤៤​៕

លោក​ Trump​ បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ចាកចេញ​ពី​ចិន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​តានតឹង​

0

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ប្រធានាធិបតី​អាមេរិក​ លោក ​Donald​ Trump ​បាន​បញ្ជា​ដែល​មិនធ្លាប់​មាន​ពីមុន​មកដល់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ចិន​ ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ និង​ស្វែងរក​ទីតាំង​ផលិតកម្ម​ជំនួស​ឬត្រឡប់​មក​អាមេរិក​វិញ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “ក្រុមហ៊ុន​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង​ត្រូវ​បាន​បញ្ជា​ ឱ្យ​ចាប់ផ្តើម​ស្វែងរក​ជម្រើស​ជំនួស​ចិ​នភ្លាមៗ​រួម​ទាំង​ការ​នាំ​ក្រុមហ៊ុន​របស់​អ្នក​មក​ទីកន្លែង​ដើម​វិញ​ និង​ផលិត​ផលិតផល​របស់​អ្នក​នៅ​អាមេរិក​”។

ក្រុម​អ្នកជំនួញ​ និង​សមាគម​នៅ​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ថ្កោល​ទោស​ភ្លាម​ៗ ចំពោះ​មតិយោបល់​ដែល​ធ្វើ​ដោយ​លោក​ Trump​។

លោក​ David​ French​ អនុប្រធាន​សហព័ន្ធ​លក់រាយ​ជាតិ​អាមេរិក​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ “វា​មិន​អាច​ទៅរួច​ទេ​សម្រាប់​អាជីវកម្ម​ ក្នុង​ការរៀបចំ​ផែនការ​នា​ពេល​អនាគត​ក្នុង​បរិយាកាស​បែបនេះ​”។

លោក​ David​ French ​បន្ថែម​ថា​ “វិធី​សាស្រ្ត​រដ្ឋបាល​មិន​ដំណើរការ​ទេ​។ តើ​ទី​បញ្ចប់​នេះ​នៅ​ទីណា​?។

ក្រុម​អ្នកសេដ្ឋកិច្ច​និយាយ​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​របស់​លោក​ Trump​ កំពុង​បង្កើត​នៅក្នុង​ទីផ្សារ​ពិភពលោក​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

លោក​ Austan​ Goolsbee​ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ (Barack​ Obama​) មានប្រសាសន៍​ថា​ “មិន​មាន​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទេ​ ប្រសិនបើ​យើង​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​។ យើង​កំពុង​មាន​បញ្ហា​រួច​ទៅ​ហើយ​ ហើយ​ជិត​ឈាន​ដល់​វិបត្តិសេដ្ឋកិច្ច​”។

​ទីប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ​បាន​ព្រមាន​ថា​ “ប្រសិនបើ​យើង​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្ទុះឡើង​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ យើង​នឹង​មាន​វិបត្តិសេដ្ឋកិច្ច​ដោយ​គ្មាន​ការសង្ស័យ​ទេ​អំពី​បញ្ហា​នេះ​”៕

ក្រុមហ៊ុន​អចល​នព្រទ្យ​ធំៗ​ចំនួន២០​ នឹង​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​យល់ដឹង​អំពី​វិសាលភាព​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការចូលរួម​ចំណែក​នៅក្នុង​ការ​ជួយ​លើកកម្ពស់​ និង​ជំរុញ​កិច្ច​អភិវឌ្ឍ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ ក្រុមហ៊ុន​អចលនទ្រព្យ​ K H Land​ Co​,.Ltd​ គ្រោង​នឹង​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ស្ដីពី​ ការយល់​ដឹង​វិសាលភាព​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ចក្ខុវិស័យ​អចលនទ្រព្យ​នៅពេលអនាគត​ ក្រោម​ការចូលរួម​បង្ហាញ​ពី​បណ្តា​វាគ្មិន​ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​នេះ​។

តាម​ការ​បញ្ជាក់​របស់​លោក​ ថុន​ បូរ៉ា​ អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេ​ អេច​ លែន​ ឯ.ក​ កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​បាន​ឲ្យដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី៣​ ខែកញ្ញា​ ខាងមុខនេះ​ក្រុមហ៊ុន​នឹង​មាន​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ បទពិសោធន៍​នៅក្នុង​ការ​ធ្វើជំនួញ​អចលនទ្រព្យ​ និង​ការ​ចេះ​វិភាគ​សិក្សា​ទៅលើ​ទិដ្ឋភាព​រួម​នៃ​វិស័យ​អចលនទ្រព្យ​ មុន​ពេល​សម្រេចចិត្ត​ចូលខ្លួន​វិនិយោគ​ ដើម្បី​អាច​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ និង​គេច​ផុត​ពី​ហានិភ័យ​។

នៅក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ​ខាងលើ​នេះ​ នឹង​មានការ​ចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ ភ្នាក់ងារ​អចលនទ្រព្យ​ រួម​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ទូទាំង​ប្រទេស​កម្ពុជា​សរុប​ជាង១៥០០នាក់​ ប្រសិនបើ​មិន​មានការ​កែប្រែ​នោះ​ទេ​ នឹង​វត្តមាន​ពីសំណាក់​លោក​អភិបាល​ នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ជា​អធិបតី​។

លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “គោលដៅ​ចម្បង​នៅក្នុង​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នា​ពេលនេះ​ គឺ​ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ មានបំណង​ចង់​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលាយ​ពី​ស្ថានភាព​ និង​វិសាលភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏ដូចជា​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​”។

​លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​អ្នកចូលរួម​នៅក្នុង​កម្មវិធី​ នឹង​ទទួល​បាន​ព័ត៌មាន​សំ​ខាន់​ៗជាច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ហេតុផល​នៃ​ការ​កើនឡើង​នៃ​អ្នក​វិនិយោគ​ ជាពិសេស​បានដឹង​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ទីផ្សារ​អចលនទ្រព្យ​យ៉ាង​ច្បាស់​ ក្រោម​ការ​ពន្យល់​ពីសំណាក់​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​ ដែល​នឹង​ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​សម្រាប់​ពន្យល់​ និង​បកស្រាយ​រាល់​ចម្ងល់​ពាក់ព័ន្ធ​នានា​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​លើកកម្ពស់​ចំណេះដឹង​បន្ថែម​។

កម្មវិធី​នៃ​មហា​ព្រឹត្តិ​ការណ៍​ “យល់ដឹង​ពី​វិសាលភាព​អចលនទ្រព្យ​ និង​ត្រៀមខ្លួន​លក់​គម្រោង​ ក្រុង​ថ្មី​ ដី​មាស​សំរោងលើ​” នឹង​ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង​ ៧ : ០០នាទី​ ដល់ម៉ោង១០​ : ៣០នាទី​ព្រឹក​។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​នេះ​ អាច​ធ្វើការ​ចុះឈ្មោះ​តាមរយៈ​បណ្តាញ​សារ​អេឡិចត្រូនិក​នៅ​ខាងក្រោម​៖ https​://docs.google.com​/forms​/d/e/1FAIpQLSehRlKu​9jm​6vyCta_LXeGDxOZO​3x8V1NJF​0cQ​3TaNCdQkOViw​/viewform​?usp​=pp_url​ ឬទូរស័ព្ទ​ Smart​: ០៨៦​ /០៨៧​ ៦៤៧​ ១៦៨​, Cellcard​: ០៦១​ / ០៨៩​ ៦៤៧​ ១៦៨​ , Metfone​: ០៦០​ / ០៩០​ ៦៤៧​ ១៦៨​៕

ដំណឹងល្អ​! រដ្ឋបាល​​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ បន្ថែម​ទៀត

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាលរាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ បន្ថែម​ទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ទីតាំង​ផ្សេងគ្នា​ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​សបុ​កផ្លូវការ​នៅ​ថ្ងៃទី​ ២៤​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​កាន់តែ​រីក​ចំរើន​ ទីក្រុង​កាន់តែ​ស៊ី​វី​ល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​។

លោក​ ឃួ​ងស្រេង​សរសេរ​បន្ត​ថា​ គម្រោង​ទីមួយ​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ខាងកើត​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​ក និង​គម្រោង​ទីពីរ​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ខាងលិច​ផ្សារ​ដើម​គ។

លោក​អភិបាលក្រុង​មិនបាន​បញ្ជាក់​ពី​ទំហំ​តម្លៃ​លើ​ការ​ចំណាយ​លើ​គម្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ទាំងពីរ​នេះ​ និង​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​នេះ​ គឺជា​ដំណឹង​ដ៏​គួរ​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ឧស្សាហ៍​ធ្វើដំណើរ​នៅ​តំបន់​ទាំងពីរ​គម្រោង​នេះ​។

បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ៣ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ស្ថិតនៅ​ផ្សារ​ជំ​ពូ​វន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហេង​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​៕

ធនាគារ​កណ្តាល​ឥណ្ឌូ​នេ​ស៊ី​បន្ទាប​អត្រា​ការប្រាក់​ ខណៈ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​កំពុង​លង​បន្លាច​តំបន់​អាស៊ី​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​កណ្តាល​ឥណ្ឌូណេស៊ី​ បាន​ចូលរួម​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន​ដោយ​កាត់បន្ថយ​អត្រា​ការប្រាក់​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​មាន​ភាពយឺត​យ៉ាវ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​តែ​ការ​បន្ត​កើតមាន​។

ធនា​គារ​ឥណ្ឌូ​នេ​ស៊ី​បាន​ទម្លាក់​ការប្រាក់​របស់​ខ្លួន​ មក​នៅ​ត្រឹម៥​,៥ភាគរយ​ក្នុង​មួយឆ្នាំ​ ដើម្បី​រក្សា​សេដ្ឋកិច្ច​របស់​ខ្លួន​ ខណៈ​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច​ ដោយសារតែ​ការ​រំខាន​ដល់​ការនាំចេញ​ និង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ និង​ការវាយប្រហារ​ពន្ធគយ​រវាង​អាមេរិក​ និង​ចិន​។

លោក​ Perry​ Warjiyo​ ទេសាភិបាល​ធនា​គារ​ឥណ្ឌូ​នេ​ស៊ី​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ “នេះ​គឺជា​វិធានការណ៍​ ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ប្រមើល​មើល​ពី​លទ្ធភាព​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ដើម្បី​ធានា​សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​”។

ការកាត់បន្ថយ​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ព្រោះ​ខ្លួន​បាន​ទម្លាក់​អត្រា​ការប្រាក់​រួចហើយ​នៅក្នុង​ខែ​ កក្កដា​ បន្ទាប់ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​រយៈពេល​ពីរ​ឆ្នាំ​ដែល​បាន​បង្ហាញថា​ អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រីមាស​ទី២ធ្លាក់ចុះ​ដល់៥.០៥​ ភាគរយ​។

លោក​ Warjiyo​ បាន​បន្ថែម​ថា​ “ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាំងពីរ​ គឺ​សំដៅ​ជំរុញ​តម្រូវការ​ហិរញ្ញប្បទាន​ពីសា​ជីវកម្ម​ និង​គ្រួសារ​។ ការកាត់បន្ថយ​អត្រា​ការប្រាក់​នឹង​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ និង​បង្កើន​ការ​វិនិយោគ​ ដូច្នេះហើយ​វា​ជំរុញ​ឱ្យ​មាន​កំណើន​”។

ប្រទេស​ថៃ​ កូរ៉េ​ខាងត្បូង​ ហ្វីលីពីន​ ម៉ាឡេស៊ី​ នូវែ​លសេ​ឡង់​ និង​ឥណ្ឌា​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​ផង​ដែរ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

តាមរយៈ​ការ​ទម្លាក់​អត្រា​ការប្រាក់​ ធនាគារ​កណ្តាល​គ្រោង​ទាំងនេះ​នឹង​ជះឥទ្ធិពល​ដល់​ធនាគារពាណិជ្ជ​កម្ម​ នៅក្នុង​ប្រទេស​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ទាប​ និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែ​ច្រើន​ ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​ខ្លួន​៕

រដ្ឋាភិបាល​នឹង​វិនិយោគ​ទឹកប្រាក់​ ១៧០លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ នៅ​ក្រុង​ព្រះសីហនុ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ប្រាប់​ថា​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ១៧០លាន​ដុល្លារ​ ដើម្បី​ដំណោះស្រាយ​ និង​បញ្ចៀស​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ភ្លៀង​ និង​ទឹក​កខ្វក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​គម្រោង​ប្រមូល​យក​ថវិកា​ពី​បណ្តា​ម្ចាស់​សណ្ឋាគារ​ អគារ​ពាណិជ្ជកម្ម​នានា​ ផ្ទះសំណាក់​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ និង​ប្រកប​អជីវ​កម្ម​នៅក្នុង​ក្រុង​ព្រះសីហនុ​។

មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ការសិក្សា​ផែនការមេ​ និង​សមិទ្ធ​លទ្ធភាព​គម្រោង​ អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ នៅ​ទីក្រុង​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ លោក​ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ ជា​យុទ្ធសាស្ត្រ​នៅក្នុង​ការគ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​នៅក្នុង​ក្រុង​ព្រះសីហនុ​ ក្រសួង​នឹង​ដាក់​វិធានការ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​ការ​ចូល​ជា​ថវិកា​ជាប់​ជាប្រចាំ​។

លោក​បន្ត​ទៀត​ថា​ “ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយនឹង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​អជ្ញា​ធរ​ដែនដី​ កំពុងតែ​សិក្សា​ពីរ​បៀ​បនៃ​ការ​ប្រមូល​ថវិកា​តាមរយៈ​ការ​ចំណាយ​ទៅលើ​ការប្រើ​ប្រាស់​ទឹក​ស្អាត​ ប៉ុន្តែ​យើង​នៅ​មិនទាន់​កំណត់​ថា​ ត្រូវ​បង់​ក្នុង​ទំហំប៉ុន្មាន​ឱ្យ​ប្រាដក​នៅឡើយ​នោះ​ទេ​”។

លោក​ ស៊ុន​ ចាន់​ថុ​លបា​នប​ញ្ជា​ក់​ថា​ ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ត្រូវ​បែងចែក​ជា​ផ្នែក​ផ្សេង​ៗជាច្រើន​ និង​ចំណាយ​ថវិកា​យ៉ាង​សន្ធឹក​សន្ធាប់​ប្រមាណ​ជាង១៧០លាន​ដុល្លារ​។

នៅក្នុង​ផែនការមេ​ត្រូវ​ធ្វើ​ប្រព័ន្ធ​អាង​ចម្រោះ​ សម្រាប់​ទឹកទំ​ហំ៤០​,០០០ម៉ែត្រគូប​ ដែល​ត្រូវ​ចំណាយ​ជាង៥០លាន​ដុល្លារ​។ កសាង​ប្រព័ន្ធ​លូ​បង្ហូរទឹក​លូ​មេ៤៥គីឡូម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ៤០លាន​ដុល្លារ​។ សាងសង់​បណ្តាញ​បង្ហូរទឹក​តូច​ចេញពី​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ ដែល​គ្រោង​ចំណាយ៨លាន​ដុល្លារ​។ ត្រូវ​បង្កើត​ប្រព័ន្ធ​បូមទឹក​កខ្វក់​បន្ថែម​ ដែល​គ្រោង​ចំណាយ​ប្រមាណ១៥លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹកភ្លៀង​វិញ​ ក៏​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ផង​ដែរ​ ដោ​យត្រូ​វា​សាងសង់​បណ្តាញ​ចំនួន២៥គីឡូម៉ែត្រ​ ដែល​តម្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ២៥លាន​ដុល្លារ​បន្ថែម​ទៀត​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ “ពេលនេះ​ក្រសួង​ជំនាញ​ និង​ពាក់ព័ន្ធ​កំពុងតែ​សិក្សា​លម្អិត​នៅឡើយ​ មិនទាន់​ដាក់ចេញ​នូវ​ផែនការ​ជាក់លាក់​នោះ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “ក្រោយពេល​គោលនយោបាយ​ត្រូវ​បាន​អនុម័ត​ និង​ដាក់ចុះ​ អជ្ញា​ធរ​តំបន់​ រួម​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ត្រូវតែ​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ទៅតាម​ការកំណត់​របស់​សេចក្ដីណែនាំ​ជាកំហិត​”៕