លោកជំទាវ​លឹម​ ឈី​វហូប្រាប់​ពី​វិធីសាស្ត្រ​បង្កើន​ទ្រព្យ​

0

ដោយ​ គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ លោកជំទាវ​លឹម​ ឈី​វហូ​អគ្គនាយក​ក្រុម​ហ៊ុន​អ៊ែ​តវូដ​គ្រុប​បាន​បង្ហើប​ពី​វិធី​សាស្រ្ត​បង្កើន​ទ្រព្យ​ ក្នុង​វិស័យ​អចលនទ្រព្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ខណៈ​វិស័យ​នេះ​កំពុង​មាន​ភាព​រីកចម្រើន​។

លោកជំទាវ​ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ក្នុង​ពេល​ដែល​វិស័យ​សំណង់​និង​អចលនទ្រព្យ​កំពុង​រីកចម្រើន​បែបនេះ​ ប្រជាពលរដ្ឋ​ខ្មែរ​អាច​បង្កើន​ទ្រព្យ​តាមរយៈ​ការទិញ​ដី​ឡូត៍​ ឬទិញ​ផ្ទះល្វែង​ ដោយសារ​បច្ចុប្បន្ន​ អ្នក​អភិវឌ្ឍន៍​បុរី​នានា​មិនបាន​តម្រូវឲ្យ​បង់ប្រាក់​កក់​នោះ​ទេ​ ហេតុនេះ​ប្រជាពលរដ្ឋ​ ជា​អ្នកធ្វើការ​អាច​សន្សំ​បង់លុយ​បង់​រំលស់​ រយៈពេល៥ទៅ១០ឆ្នាំ​ ពួកគាត់​នឹងអាច​សន្សំ​លុយ​បាន​យក​ទៅ​វិនិយោគ​បន្ថែម​ហើយ​។

លោកជំទាវ​លឹម​ ឈី​វហូបា​នប​ន្ត​ថា​ អ្នកធ្វើការ​ដែល​មាន​ប្រាក់ខែ៥០០ដុល្លារ​ បូក​ជាមួយ​ប្តី​ឬប្រព​ន្ឋ​បាន៣០០បន្ថែម​ទៀត​ ពួកគេ​អាច​សន្សំ​លុយ​បង់​រំលស់​បាន​ហើយ​។ ភ្លេច​ៗខ្លួន​ ពួកគេ​បាន​លុយដុំ​ សំរាប់​ពង្រីក​ការ​វិនិយោគ​ ព្រោះ​ពេល​បង់​ផ្ទះ​ឬដី​ឡូត៍​ចប់​តម្លៃ​ផ្ទះ​ និង​ដី​របស់​ពួកគេ​ឡើងថ្លៃ​ហើយ​អាច​លក់​ចេញ​ យក​លុយ​ទៅ​វិនិយោគ​បន្ត​បាន​។

លោកជំទាវ​បន្ត​ថា​ “សូម​ចាយវាយ​ត្បិតត្បៀត​ កុំ​ខ្ជះខ្ជាយ​ ព្រោះ​បើ​យើង​ចាយ​ត្បិតត្បៀត​ យើង​អាច​សន្សំ​លុយ​បាន​ច្រើន​ និង​មាន​ឳកាស​វិនិយោគ​ផ្ទះ​ឬដី​ឡូត៍​ ដើម្បី​ស្វែងរក​ផល​ចំណេញ​បាន​ ព្រោះ​គ្មាន​អ្នកណា​កើតមាន​មានស្រាប់​ច្រើន​នោះ​ទេ​ ម្នា​ក់់ៗ​បាន​លុយ​មក​ពី​ការ​សន្សំ​និង​ចាយវាយ​ត្បិតត្បៀត​៕

ចំណេះដឹង​! អ្វី​ជា​ការ​វិនិយោគ​?មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ តាមន័យ​សេដ្ឋកិច្ច​ពាក្យ​ថា​ “វិនិយោគ​”គឺជា​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដើម្បី​បង្កើត​មូលធន​ មាន​ដូចជា​ទ្រព្យ​ ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ និង​ចាំបាច់​ ។ ការ​វិនិយោគ​នេះ​មាន​គោលដៅ​ផង​ដែរ​ដើម្បី​បង្កើត​តម្លៃ​នៃ​បេតិកភណ្ឌ​។

តាមន័យ​នេះ​ ការ​វិនិយោគ​មាន​ដូចតទៅ​៖

ការបង្កើត​ជា​សហគ្រាស​ បរទេស​ដែល​មាន​ បុត្រ​សម្ព័ន្ធ​ ការិយាល័យ​តំណាង​ និង​សាខា​។

  • ការទិញ​សហគ្រាស​ដែល​មាន​រួចជាស្រេច​
  • ចូលដើមទុន​សម្រាប់​សហគ្រាស​បង្កើត​ថ្មី​
  • ចូលដើមទុន​សម្រាប់​សហគ្រាស​ដែល​មាន​ស្រាប​។

តាមន័យ​គតិ​យុត្ត​ពាក្យ​ថា​ វិនិយោគ​ជា​ប្រតិបត្តិ​ការប្រើ​ប្រាស់​នូវ​ឧបករណ៍​គតិ​យុត្ត​ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ក្នុង​សង្គម​ដំណើរការ​បាន​ល្អ​។ វា​អាច​ជា​កា​រន​ង្កើត​ឡើង​ តាមរយៈ​ប្រើប្រាស់​ទុន​ ឬហ៊ុន​ដែល​ជាដើម​ទុន​សម្រាប់​បង្កើត​គ្រោង​សេដ្ឋកិច្ច​ ដែល​បាន​ផ្តល់​ឲ្យ​អ្នកវិនិយោគទុន​បាន​ទួល​នូវ​ផល​ចំណេញ​ ក្នុង​គម្រោង​របស់​អ្នក​វិនិយោគ​ទាំងនោះ​។

តាមច្បាប់​អន្តរជាតិ​ពាក្យ​ថា​ ការ​វិនិយោគទុន​គឺជា​ការ​ជាប់​កិច្ចសន្យា​ រវាង​វិនិយោគិន​បរទេស​ និង​វិនិយោគិន​ខ្មែរ​ លើទឹក​ដី​ណាមួយ​តាម​កិច្ច​ព្រមព្រៀង​ជាមុន​ ទោះ​នៅ​ទីណា​ក៏ដោយ​ដោយ​អនុលោម​តាមច្បាប់​ និង​បញ្ញា​ត្តិ​របស់​ភាគី​ចុះ​កិច្ចសន្យា​។

ការ​វិនិយោគ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​ សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​មួយ​ដែល​កំពុង​មានការ​អភិ​វឌ្ឈ​ន៍​ ក៏ដូចជា​ប្រទេស​អភិ​វឌ្ឈ​ន៍​ដែរ​។ ក្នុង​វិស័យ​ឯកជន​ត្រូវ​បាន​ចាត់ទុក​លើ​ការ​វិនិយោគ​យ៉ាង​សំខាន់​ ជាមួយ​វិស័យ​សាធារណៈ​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​លើ​គ្រប់​វិស័យ​ ក្នុង​គោលបំណង​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ ឲ្យបាន​រីក​ចំរើន​ជាបន្តបន្ទាប់​ ។

ម្យ៉ាងវិញទៀត​ សារៈសំខាន់​នេះ​បាន​ជួយ​ ផ្តល់​ការងារ​ដល់​ពលរដ្ឋខ្មែរ​គ្រប់រូប​ និង​ជួយ​លើ​កតម្កើន​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ ដើម្បីឲ្យ​មាន​ជីវភាព​ថ្កុំ​ថ្កើ​នដូច​អរិយ​ប្រទេស​ក្នុង​ពិភពលោក​ នា​ពេល​បច្ចុប្បន្ន​ ដូចជា​ប្រទេស​ សឹង្ហ​បូរី​ ជាដើម​៕

តោះ​អាន​សារ​ដ៏​រំជួលចិត្ត​របស់​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សារ​របស់​ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​អ៊ុ​ជិ​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនចំពោះ​ប្រជាជន​កម្ពុជា​ នា​ឱកាស​បញ្ចប់​បេ​សកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា​”។

ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​បន្តិច​ ដែល​ជម្រាប​ជូន​ថា​ នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​ក្នុងឋានៈជា​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ពេលវេលា​ពិតជា​ដើរលឿន​។ ប្រមាណ៣ឆ្នាំ​កន្លង​ផុត​ទៅ​ ក្រោយពេល​ខ្ញុំ​និង​ភរិយា​បាន​មកដល់​រាជធានី​ភ្នំពេញ​ នា​ឆ្នាំ២០១៦​។ ៣ឆ្នាំនេះ​ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំងពីរ​។ ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​ និង​កម្ពុជា​ ក៏​មានសន្ទុះ​ឈានទៅមុខ​យ៉ាង​ខ្លាំង​ផង​ដែរ​។ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី​ ការ​វិនិយោគ​ផ្ទាល់​ និង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ ក៏​មាន​កំណើន​ខ្ពស់​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេង​ៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​ រដ្ឋាភិបាល​ជប៉ុន​ ដែល​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ ដូចជា​ការ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វា​រជាដើម​។

ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ​ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​ កម្ពុជា​ រវាង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អាបេ​ និង​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំនួន៣លើក​ក្នុងរយៈពេល៣ឆ្នាំ​កន្លងទៅ​នេះ​។ ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ​ ដែល​សម្តេច​តេជោ​បានសម្រេច​ចិត្ត​បំពេញ​ទស្សនកិច្ច​ ទៅកាន់​ប្រទេស​ជប៉ុន​ជា​រៀងរាល់​ឆ្នាំ​។ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ចូលរួម​ចំណែក​ ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​បាន​បន្ត​ផ្តល់​ជំនួយ​ដល់​កំណែទម្រង់​ ការបោះឆ្នោត​ ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំមុន​ យើង​បាន​ចាប់ផ្តើម​កម្មវិធី​ ដើម្បី​អញ្ជើញ​យុវជន​កម្ពុជា​ ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ មក​ពី​ស្ថាប័ន​នានា​ទៅ​ស្វែងយល់​ពី​បទពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។

ម្យ៉ាងវិញទៀត​ ខ្ញុំ​ផ្ទាល់​ក៏​ទទួល​បានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ដែរ​ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​។ ជាក់ស្តែង​ ទំព័រ​ហ្វេ​សប៊ុ​ករបស់​ស្ថានទូត​ជប៉ុន​ បាន​ទទួលការ​គាំទ្រ​ និង​មតិ​យោ​បល់​ល្អ​ៗជាច្រើន​។

ខ្ញុំ​ និង​ភរិយា​ នឹង​ចាកចេញ​ពីទី​ក្រុងភ្នំពេញ​សប្តាហ៍​ក្រោយនេះ​ ក៏ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​ នឹង​ត្រលប់​មកកាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជាថ្មី​នា​ថ្ងៃ​អនាគត​។ រាជធានី​ភ្នំពេញ​ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ ជាមួយ​នឹង​ព្រលា​នយន្តហោះ​ថ្មី​ អា​គារ​ខ្ពស់​ៗជាច្រើន​ ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​ សាធារណៈ​ថ្មី​។ ខ្ញុំ​ក៏អាច​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​និយាយ​ភាសាខ្មែរ​។

ជាចុងក្រោយ​ ខ្ញុំ​សូមជូនពរ​ ប្រជាជន​កម្ពុជា​ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​សូមឲ្យ​ទំនាក់ទំនង​ជប៉ុន​ និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕

ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់​ទី១​ កំពុង​ពន្លឿន​ការសាងសង់​តែ​ការ​បញ្ចប់​អាច​យឺត​ជាង​ផែនការ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការសាងសង់​ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់​ខ្សែ​ទី១​ រហូតមកដល់​ពេលនេះ​ទើបតែ​សម្រេច​បាន​ប្រមាណ ៤០​ភាគរយ​តែប៉ុណ្ណោះ​ ខណៈ​ដែល​តាម​គម្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩ខាងមុខនេះ​អាច​យឺត​ជាង​ផែនការ​។

ក្រុម​វិស្វករ​ជំនាញ​ដែល​កំពុង​ស្ថិត​ នៅក្នុង​គម្រោង​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​ខ្សែ​ទី១ខាងលើ​នេះ​ បាន​បង្ហើប​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បង្ហាញ​ឈ្មោះ​នា​ព្រឹក​ថ្ងៃទី២៣​ សីហា​នេះ​បាន​ឲ្យដឹង​ថា​ មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ លទ្ធផល​នៃ​ការសាងសង់​ហាក់​មាន​សភាព​យឺត​ ជាង​ផែនការ​ដែល​បាន​គ្រោងទុក​ ពោល​គឺ​ទើបតែ​សម្រេច​ប្រមាណ ៤០ភាគរយ​តែប៉ុណ្ណោះ​។ អ្នកជំនាញ​បន្ត​ទៀត​ថា​ “ដូច​បានឃើញ​ស្រាប់ហើយ​ ពេលនេះ​ទិដ្ឋភាព​ជាក់ស្ដែង​ គឺ​ក្រុមការងារ​ជំនាញ​កំពុង​បញ្ចប់​ការ​សង់​សសរ​មេ​ សម្រាប់​ទម្រ​ស្ពាន​ ដែល​ទាំងអស់​មាន​ចំនួន៥កន្លែង​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​នេះ​ក្រុម​វិស្វករ​និង​ជាងជំនាញ​សង់​សសរ​មេ​ សង់​បណ្តាញ​បង្ហូរទឹក​ ដាក់​ប្រពន្ធ​លូ​ជា​បណ្តើរ​ៗផង​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ដូចជា​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ខាងមុខនេះ​ ប៉ុន្តែ​ដោយសារតែ​មាន​ឧបសគ្គ​រាំងស្ទះ​មួយចំនួន​ ដូចជា​កក្តា​អាកាសធាតុ​ មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំងពេក​ ក៏ដូចជា​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្បែរ​តំបន់​សាងសង់​ដែល​អាច​រំខាន​គ្រឿងចក្រ​ជាដើម​”។

ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​ អ្នកជំនាញ​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ការ​បញ្ចប់​ការសាងសង់​គម្រោង​ទី១ទាំងស្រុង​ យ៉ាងហោចណាស់​ត្រូវ​ចំណាយពេល​ប្រមាណ៦ខែ​ ពោល​គឺ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ខាងមុខនេះ​ មិន​អាច​បញ្ចប់​បាន​នោះ​ទេ​។

នៅក្នុង​គម្រោង​សាងសង់​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ស្ពាន​អាកាស​ក្បាលថ្នល់​ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​មហា​ ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង៧៧ម៉ែត្រ​។ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់​ និង​ពី​គល់​ស្ពាន​ ដល់​ស្ពាន​អាកាស​ចាស់១២៣ម៉ែត្រ​ សរុប២០០ម៉ែត្រ​។ ស្ពាន​នេះ​មាន​ទទឹង៧​,៥ម៉ែត្រ​ ពី​មហាវិថី​ព្រះមុនីវង្ស​ បត់ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។

ការសាងសង់​ខ្នែង​ស្ពាន​អាកាស​ខ្សែ​ទី១នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​ការ​កកស្ទះ​ចរាចរណ៍​ នៅត្រង់​ចំណុច​គល់​ស្ពាន​ និង​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ ក៏ដូចជា​តំបន់​ច្បារអំពៅ​ ដែល​តែងតែ​កើតមាន​ជាប្រចាំ​នា​ពេល​បច្ចុប្បន្ន​នេះ​។

បន្ថែម​ពីនេះ​ នៅក្នុង​ការចូលរួម​កាត់បន្ថយ​ការ​កក់​ស្ទះ​នៅ​តំបន់​ច្បារអំពៅ​ ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ ក៏បាន​មាន​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​ចំនួន​មួយ​ខ្សែ​ ដោយ​តភ្ជាប់​ពី​ចំណុច​ផ្សារ​ PH​ ECO​ MALL​ ចេញ​មក​ផ្លូវជាតិ​លេខ១​ (ម្ដុំ​បឹង​ស្នោ​រ) ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕

ឧកញ៉ា​សៀ​ រិទ្ធី​បង្ហើប​គន្លឹះ​ចំនួន៣​ ដើម្បី​ទទួល​បាន​ចំណេញ​ពី​ការ​វិនិយោគ​លើ​ដីធ្លី​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ លោក​ឧកញ៉ា​សៀ​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Group​ ដែល​បាន​វិនិយោគ​លើ​អាគារ​ខុន​ដូ​ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​បង្ហើប​ពី​យុទ្ធ​សាស្រ្ត​ក្នុង​ការ​វិនិយោគ​លើ​ដីធ្លី​ ដើម្បី​ទទួល​បានផល​ចំណេញ​ខ្ពស់​។

លោក​ឧកញ៉ា​បាន​ថ្លែង​ឲ្យដឹង​នៅ​ពេល​ថ្មី​ៗនេះ​ថា​ លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​តំបូង​ជា​ ក្រុមហ៊ុន​បែប​ Logistic​ ដែល​បាន​និង​កំពុង​បន្ត​ ប៉ុន្តែ​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ពិសេស​ការ​វិនិយោគ​លើ​ដីធ្លី​ ដែល​ធ្វើឲ្យ​លោក​ក្លាយជា​អ្នកមាន​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ ដើម្បី​ទិញ​ដីធ្លី​ទទួល​បានផល​ចំណេញ​ខ្ពស់​ ត្រូវ​ឈរ​លើក​ត្តា​ចំនួន​បី​ ទី១​ វិនិយោគ​នៅ​តំបន់​ដែល​ស្ថិត​ក្នុង​ ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ ទី២​ ត្រូវ​ដឹងមុន​គេ​ និង​ទិញ​មុន​គំរោង​អភិវឌ្ឍន៍​ចាប់ផ្តើម​ ព្រោះ​បើ​ទិញ​នៅ​តំបន់​គេ​ដឹង​គ្រប់គ្នា​ហើយ​ យើង​មិន​ទទួល​បានផល​ចំ​ ណេញ​ច្រើន​នោះ​ទេ​ និង​ទី៣​ ទិញ​ដី​ដែល​មិន​មាន​បញ្ហា​ ព្រោះ​បើ​ទិញ​កន្លែង​មាន​បញ្ហា​ យើង​នឹង​មានរឿង​ឈឺក្បាល​ជាច្រើន​ត្រូវ​ដោះស្រាយ​។

នៅពេល​សួរ​ថា​ តើ​លោក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី​ ឬយ៉ាងណា​? លោក​ឧកញ៉ា​សៀ​ រិទ្ធី​បាន​ថ្លែង​ថា​ “បាទ​ ខ្ញុំ​ក្លាយជា​អ្នកមាន​ដោយសារ​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​”។

លោក​ឧកញ៉ា​សៀ​ រិទ្ធី​ បច្ចុប្បន្ន​បាន​និង​កំពុង​ក្លាយជា​អ្នក​វិនិយោគ​អចលនទ្រព្យ​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​ ដោយសារ​គំរោង​ The​ Bridge​, The​ PeAk​ ទទួល​បាន​ជោគជ័យ​ខ្លាំង​ និង​មកំ​ពុង​វិនិយោគ​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​មួយទៀត​ឈ្មោះ​ The​ Palm​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដែល​គម្រោង​ទាំង​បី​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១​,០០០​លាន​ដុល្លារ​អាមេរិក​៕

អាកាសចរណ៍​អូស្ត្រាលី​នឹង​សាកល្បង​យន្តហោះ​ដែល​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​ហោះ​ត្រង់​ទៅ​អាមេរិក​

0

ដោយ​ Donald​ Lee​

ស៊ីដនី​: ក្រុមហ៊ុន​អាកាសចរណ៍​ Qantas​ ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំជាង​គេ​នៅ​អូស្ត្រាលី​ គ្រោង​នឹង​សាកល្បង​ដែន​កំណត់​ការ​ធ្វើដំណើរ​របស់​មនុស្ស​ ដោយ​ហោះហើរ​ផ្ទាល់​ពីទី​ក្រុង​ញូ​វយ៉​ក និង​ឡុងដុង​ទៅ​ស៊ីដនី​ ដែល​ជា​ជើង​ហោះហើរ​នឹង​ប្រវែង​វែង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។

មុន​ពេល​គ្រោង​ចាប់ផ្តើម​សេវាកម្ម​ហោះហើរ​ ក្រុមហ៊ុន​ Qantas​ នឹង​ធ្វើការ​ហោះហើរ​ចំងាយ​ឆ្ងាយ​ចំនួន៣ជើង​ ដើម្បី​សង្កេតមើល​សុខុមាលភាព​របស់​បើកបរ​យន្តហោះ​ និង​អ្នកដំណើរ​។

ជើងហោះហើរ​នេះ​ នឹង​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ី​ង 787​-9s ថ្មី​ នៅក្នុង​ការស្រាវជ្រាវ​ ដែល​មានឈ្មោះ​ថា​ “Project​ Sunrise​ “។ ការស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​ តុលា​ វិច្ឆិកា​ និង​ ធ្នូ​ឆ្នាំនេះ​។

អ្នកចូលរួម​គម្រោង​នេះ​ នឹង​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ត្រួតពិនិត្យ​សុខភាព​ ដើម្បី​មើល​ថា​តើ​ការហោះហើរ​ដ៏​វែង​នេះ​ នឹង​ប៉ះពាល់​ដល់​រាងកាយ​មនុស្ស​យ៉ាងដូច​ម្តេច​។ ការ​ធ្វើតេស្ត​នេះ​ នឹង​ត្រូវ​ធ្វើឡើង​ស្រប​ជាមួយនឹង​សាកល​វិទ្យាល័យ​ស៊ីដនី​ និង​សាកល​វិទ្យាល័យ​ Monash​។

ក្រុមហ៊ុន​ Qantas​ បាន​ឲ្យដឹង​ថា​ “អ្នកដំណើរ​នៅ​កាប៊ីន​ភាគច្រើន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ Qantas​ នឹង​ត្រូវ​បាន​បំពាក់​ជាមួយ​ឧបករណ៍​បច្ចេកវិទ្យា​ និង​ចូលរួម​នៅក្នុង​បទពិសោធន៍​ជាក់លាក់​ នៅ​ដំណាក់​កាល​ផ្សេង​ៗគ្នា​ នៃ​ការហោះហើរ​ប្រមាណ១៩ម៉ោង​”។

អ្នក​វិទ្យាសាស្ត្រ​ និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ នឹង​តាមដានមើល​ដំណេក​របស់​អ្នកដំណើរ​ ការ​ទទួលទាន​ចំណីអាហារ​ និង​ភេសជ្ជៈ​ ពន្លឺ​ ចលនា​រាងកាយ​ និង​ការកម្សាន្ត​ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​ដល់​សុខភាព​ សុខុមាលភាព​ និង​ពេលវេលា​រាងកាយ​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Qantas​ Group​ លោក ​Alan​ Joyce​ បាន​មានប្រសាសន៍​ថា​ “ការហោះហើរ​មិនឈប់​ពី​ឆ្នេរ​ខាងកើត​នៃ​អូស្រ្តាលី​ ទៅកាន់​ទី​ក្រុង​ឡុងដ៍​ និង​ញូ​វយ៉​ក ពិតជា​ឈានមុខ​គេ​ក្នុង​វិស័យ​អាកាសចរណ៍​ ដូច្នេះ​យើង​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការងារ​ងារ​ទាំងអស់​ដើម្បី​ធ្វើ​វា​ឲ្យបាន​”៕

អនុរដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​សន្យា​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អនុរដ្ឋ​មន្ត្រីការបរទេស​ជប៉ុន​បាន​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​ចំា​ក្នុង​ការ​ជួយ​ផ្តល់​កិច្ច​សម្រួល​រាល់​ការ​វិនិយោគ​ទាំងអស់​ដល់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។

លោក​ Norikzu​ Suzuki​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុ​ន នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​អាហារ​ថ្ងៃត្រង់​ ជាមួយ​លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​លើកទឹកចិត្ត​ឱ្យ​រាជ​រដ្ឋា​ ភិបាល​កម្ពុជា​ជំរុញ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ បម្រើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន​ ជាពិសេស​ ច្រក​ស្ទឹ​កបត់​ នៃ​ខេត្ត​បន្ទាយមានជ័យ​ សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ជប៉ុន​បន្ថែម​ទៀត​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា​ កម្ពុជា​មានការ​ព្យាយាម​ និង​ការ​តាំងចិត្ត​របស់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ ដល់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ ក្នុង​ក្របខណ្ឌ​វិធានការ​កំណែទម្រង់​មុត​ស្រួច​ទាំង១៧ចំណុច​ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​ឪកាស​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ នៅ​ថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅក្នុង​ពិធី​បើក​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ កាលពី​ខែមីនា​ឆ្នាំ២០១៩​ កន្លងមក​នេះ​បាន​ប្រកាស​ដាក់ចេញ​នូវ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​របស់​កម្ពុជា​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែមទៀត​។

សម្តេច​តេជោ​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​នេះ​ បាន​និង​កំពុងធ្វើការ​កែទម្រង់​យ៉ាង​មុត​ស្រួច​ និង​ស៊ីជម្រៅ​សំដៅ​កែ​លម្អ​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ថ្លៃ​លើ​ការ​ធ្វើ​ធុរកិច្ច​ មាន​ជាអាទិ៍​គឺ​ រាជរដ្ឋាភិបាល​បាន​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ ប្រភព​ដើម​ទំនិញ​ (CO​) ការ​កែសម្រួល​មុខងារ​ និង​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ ការរំសាយ​អង្គភាព​កាំសាប​ ការកាត់បន្ថយ​ថ្លៃ​ Scan​ កុងតឺន័រ​ និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ពិសេស​ការ​កែ​លម្អ​សេវា​អ្នកជាប់ពន្ធ​ ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​វិធានការណ៍​សំ​ខាន់​ៗជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ថែមទៀត​។

សម្តេច​តេជោ​បន្ថែម​ថា​ ការកែទម្រង់​បែបនេះ​ មិនមែន​ដោយសារតែ​ហេតុផល​រឿង​ (EBA​) នោះ​ទេ​ ប៉ុន្តែ​ការកែទម្រង់​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​ខ្លួនឯង​នា​ពេល​ខាងមុខ​ ដែល​ជា​ភាព​ចាំបាច់​ដើម្បីឲ្យ​កម្ពុជា​ អាច​លក់​ផលិតផល​ដោយមាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទូលំទូលាយ​ ជាពិសេស​គឺ​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​។

សម្តេច​តេជោ​ថា​ “នៅពេល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការកែទម្រង់​នេះ​ នឹង​ធ្វើអោយ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ នឹង​មានឱកាស​រឹតតែ​ប្រសើរ​ឡើង​ ដែល​នឹង​ផ្ដល់​នូវ​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​សម្រាប់​វិនិយោគិន​ និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​”។

ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​បាន​កើន​លើស១ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​ កើនឡើង១៦​,៨​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ជប៉ុន​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៧៩២លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩កើនឡើង៣៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ខណៈ​ការនាំចូល​កម្ពុជា​ ពីជ​ប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ២៥៦លាន​ដុល្លារ​៕

ធនាគារ​កូរ៉េ​បាន​ប្រាក់ចំណេញ​សុទ្ធ ១៣៧លា​នវ៉ុ​នក្នុង​ឆមាស​ទីមួយ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​ឯកទេស​ ខេ​ប៊ី​ ដេ​ហាន​ (KDSB​) ដែល​ជា​ក្រុមហ៊ុន​បុត្រ​ធនាគារ​របស់​ក្រុមហ៊ុន​ KB​ Kookmin​ Card​ បាន​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​ ១១៤​,០០០​ ដុល្លារ​ (១៣៧​ លា​នវ៉ុន​) សម្រាប់​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ បន្ទាប់ពី​សាខា​ខ្លួន​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​កាសែត​ Korea​ Times​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

នេះ​គឺជា​ជោគជ័យ​ដ៏​លេចធ្លោ​មួយ​ សម្រាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កើត​ឡើង​ ជា​ការ​បណ្តាក់​ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ LVMC​ Holdings​ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​រថយន្ត​ និង​អចលនទ្រព្យ​។

ធនាគារ​ KDSB​ ទទួល​បាន​ប្រាក់ចំណេញ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ កើនឡើង​ដល់​ជាង​ ២,៩ លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំនេះ​កើនឡើង៣ដង​ ធៀប​នឹង​រយៈពេល៤ខែ​ បន្ទាប់ពី​ការ​បើក​សាខា​នៅ​ខែកញ្ញា​ឆ្នាំ២០១៨​។ តួលេខ​ខាងលើ​មាន​ចំនួន៨៩៨​,០០០​ ដុល្លារ​ក្នុងរយៈពេល​ពី​ខែ​ កញ្ញា​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​។

ការ​ទទួល​បានផល​ចំណេញ​នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​យុទ្ធសាស្ត្រ​ធ្វើ​មូលដ្ឋានីយកម្ម​របស់​លោក ​Lee​ Dong​-cheol​ ក្នុង​ការបម្រើ​ដល់​សេចក្តី​ត្រូវការ​ ជាក់លាក់​របស់​ប្រជាជន​កម្ពុជា​។

លោក​ Lee​ បាន​ដាក់ចេញ​នូវ​យុទ្ធ​សាស្រ្ត​ទីផ្សារ​មួយ​ ដែល​លោក​ចាត់ទុកថា​ ជា​វិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ក្នុង​ការធានា​អតិថិជន​ថ្មី​ដែល​ត្រូវការ​ហិរញ្ញប្បទាន​ ក្នុង​ការ​ទទួ​លាប​រថយន្ត​ដែល​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​។

កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុមហ៊ុន​សាំង​ស៊ុង​យ៉ុង​ និង​ Ford​ បាន​ជួយ​ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​កម្មវិធី​ហិរញ្ញ​ប្ប​ទាន​ផ្សេង​ៗ ជាមួយនឹង​អត្រា​ការ​ប្រា​ក់​ផ្សេង​ៗគ្នា​ ដែល​ស្របតាម​តម្រូវការ​របស់​អតិថិ​ជន​ផ្សេង​ៗគ្នា​។

បទពិសោធន៍​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​រថយន្ត​ បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ KB​ Card​ ពង្រីក​ទៅ​ក្នុង​អាជីវកម្ម​ទាក់ទង​នឹង​កម្ចី​អចលនទ្រព្យ​ ដែល​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។

ការពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​ទ្រព្យសម្បត្តិ​ ​យ៉ាង​ឆាប់រហ័ស​សម្រាប់​ក្រុមហ៊ុន​នេះ​ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

មន្ត្រី​ក្រុមហ៊ុន​ KB​ Kookmin​ Card​ បាន​និយាយ​ថា​ “ការ​ផ្តោត​អារម្មណ៍​របស់​យើង​គឺ​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​អាជីវកម្ម​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​”។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ “យើង​គ្រោង​នឹង​ពង្រីក​អាជីវកម្ម​របស់​យើង​ទៅ​ប្រទេសជិតខាង​ដូចជា​ មីយ៉ាន់ម៉ា​ និង​ឡាវ​។ បទពិសោធន៍​របស់​យើង​នៅក្នុង​ទីផ្សារ​កម្ពុជា​នឹង​ជួយ​ឱ្យ​យើង​ធ្វើ​បាន​ល្អ​ប្រសើរ​”។

សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់ ៧​,១៦ប៊ី​លា​នដុ​លា្ល​រអា​មេ​រិក​ ដោយ​កើនឡើង
៦​,៨០ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី១​ ឆ្នាំ២០១៩នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។

លោក​ អឿ​ សុធា​រ័ត្ន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​ “នៅក្នុង​ត្រីមាស​នេះ​ មិន​ខុសពី​ឆ្នាំ​មុន​ៗនោះ​ទេ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី២​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​ បាន​កើនឡើង
៩​,០៣ភាគរយ​ ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

លោក​បន្ត​ថា​ ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ២០១៨​ ក្នុង​ចន្លោះ​ពី៥ភាគរយ​ទៅ៧ភាគរយ​ក្នុង​ត្រីមាស​នី​មួយ​ៗ។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី៦ភាគរយ​ទៅ៨​ ភាគរយ​។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី៣០ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង​បី​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិតទាប១.១៩​ ភាគរយ​”៕

អតីត​ផ្សារ​កុង​ទី​ណ័រ​ដំបូង​គេ​នៅ​ក្បែរ​កោះ​ពេជ្រ​ កំពុង​ប្រែក្លាយ​ជា​ផ្សារ​ទំនើប​

0

ដោយ វុត្ថា

ភ្នំពេញ​៖ ផ្សារ​ទំនើប​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ The​ One​ Mall​ នឹង​ដាក់​ឱ្យ​ដំណើរ​នៅ​ចុងឆ្នាំ២០១៩​ នេះ​នៅក្នុង​តំបន់​កោះ​ពេជ្រ​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​ថ្មី​ និង​ភាព​សម្បូរ​បែប​ដល់​អ្នក​ដែល​ចូលចិត្ត​ដើ​ទិញទំនិញ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ Chris​ Wong​ អគ្គនាយក​ក្រុមហ៊ុន​ The​ One​ Mall​ Management​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ ថា​ The​ One​ Mall​ ​ដែល​កំពុង​សាង​សង់​នេ​មាន​កម្ពស់​បី​ជាន់​ និង​ស្ថិត​ក្នុង​ដំណាក់កាល​ នៃ​ការសាងសង់​មាន​ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១​ ផ្លូវរដ្ឋ​សភា​ សង្កាត់​ទន្លេបាសាក់​ ដែល​ជាទី​ប្រជុំជន​ប្រមូល​ផ្តុំ​ ទៅ​ដោយសា​លា​រៀន​ សណ្ឋាគារ​ និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​សាងសង់​បញ្ចប់​ The​ One​ Mall​ នឹង​ក្លាយជា​ផ្សារ​ទំនើប​មួយ​ ដែល​មាន​ភាព​លេចធ្លោ​ និង​ទាក់ទាញ​បំផុត​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ នឹង​ផ្តល់​ជូន​នូវ​ការ​លក់ទំនិញ​គ្រប់មុខ​ជាច្រើន​ប្រភេទ​ រួម​ទាំង​ ផលិតផល​ម៉ា​កល្បី​ៗក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​របៀបរបប​រស់នៅ​ ក្នុង​ភាព​ស៊ីវិល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ព្រមទាំង​បទពិសោធន៍​ នៃ​ការកម្សាន្ត​យ៉ាង​សម្បូរ​បែប​ មួយ​កម្រិត​ទៀត​ ដល់​សាធារណជន​ទាំងឡាយ​។

លោក​ថា​ “ផ្សារ​ទំនើប​The​ One​ បាន​ប្រមូល​ផ្តុំ​នូវ​ការ​លក់ទំនិញ​ រាយ​ដោយ​ផ្អែកលើ​បទពិសោធន៍​ និង​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ទីក្រុង​ ហើយក៏​បាន​ផ្តល់​ជូន​នូវ​ឱកាស​រួមគ្នា​មួយ​ សម្រាប់​អ្នកលក់​ទំនិញ​រាយ​ទាំងឡាយ​ ដើម្បី​លក់​ផលិតផល​ ម៉ា​កល្បី​ៗរបស់​ពួកគាត់​ផង​ដែរ​”។

លោក​ថា​ តាមរយៈ​កិច្ចសហការ​ ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​មួយ​ ដែល​មានបទពិសោធន៍​ យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​នេះ​ យើង​រំពឹង​ថា​ នឹង​សម្រេច​បានការ​ផ្តល់​ជូន​ នូវ​ការ​លក់ទំនិញ​រាយ​គ្រប់​ប្រភេទ​ ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​ ដែល​អតិថិជន​តែងតែ​ប្រាថ្នា​ចង់បាន​”។

លោក​ Chris​ Wong​ បាន​បន្ត​ទៀត​ថា​ ការសម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​ និង​ស៊ីវិល័យ​ នៅ​កណ្តាល​ទីក្រុង​មួយ​នេះ​ ជា​ការ​ឆ្លើយតបទៅនឹង​ទម្លាប់​ ក្នុង​ការ​ចំណាយ​លើ​តម្រូវការ​ ឥត​ឈប់ឈរ​របស់​ប្រជាជន​កម្ពុជា​ ដែល​មានការ​កើនឡើង​ជាលំដាប់​ ស្រប​ពេល​ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​ សម្រាប់​មនុស្សម្នាក់​ក៏​មាន​កំណើន​គួរឲ្យ​កត់សម្គាល់​ ជាមួយគ្នា​នេះ​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៀតសោត​ ក៏​មាន​ស្ថិរភាព​ផង​ដែរ​។

លោក​ថា​ “ទាំងនេះ​ហើយដែល​ជា​កត្តា​បង្កើន​ឱកាស​ថ្មី​ៗជាច្រើន​ សម្រាប់​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។ តាមរយៈ​ការ​វិនិយោគ​របស់​យើង​នា​ពេលនេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ យើង​កំពុង​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​ នៅ​លើឆាកអន្តរជាតិ​ ក៏ដូចជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ ពី​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ របស់​ប្រទេស​កម្ពុជា​ផង​ដែរ​”។

លោក​ Wong​ មាន​សុទិដ្ឋិនិយម​ថា​ The​ One​ Mall​ នឹង​ទទួល​បានការ​ទាក់ទាញ​ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ពីសំណាក់​អតិថិជន​ចំពោះ​ផលិតផល​ម៉ា​កល្បី​ៗទាំងអស់​ ដែល​មាន​វត្តមាន​ជា​យូរណាស់​មក​ហើយ​ នៅ​កម្ពុជា​។ The​ One​ Mall​ ជា​ផ្សារ​ទំនើប​ដែល​ស័ក្តិសម​បំផុត​ សម្រាប់​សាធារណជន​ទាំងអស់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ និង​បទ​ពិសោធ​ន៍​ថ្មី​ៗ ប្លែក​ៗ សម្រាប់​ការកម្សាន្ត​លំហែកាយ​ និង​ទិញ​ផលិតផល​ម៉ា​កល្បី​ៗ ប្រកបដោយ​គុណភាព​ខ្ពស់​៕

ចិន​សន្យា​សងសឹក​ចំពោះ​ពន្ធ​ថ្មី​អាមេរិក​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​បង្ក​ការខាតបង់​រាប់ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ក្រុង​ប៉េកាំង​៖ ការរាប់​ថយក្រោយ​សម្រាប់​ពន្ធ​ថ្មី​របស់​អាមេរិក​លើ​ទំនិញ​ចិន​កំពុង​ធ្វើ​ឱ្យ​អ្នកសេដ្ឋកិច្ច​ និង​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​មានការ​ព្រួយបារម្ភ​ ខណៈ​ចិន​បាន​សន្យា​សងសឹក​ ប្រសិនបើ​កាតព្វកិច្ច​ពន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​។

រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ​មួយ​ថា​ ខ្លួន​នឹង​គ្មាន​ជំរើស​អ្វី​ក្រៅពី​ការ​ប្រឆាំង​នឹង​ពន្ធ​របស់​អាមេរិក​ដែល​មាន​គោលបំណង​ធ្វើបាប​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ធ្វើ​សម្បទាន​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ Gao​ Feng​ បាន​និយាយទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ប្រសិនបើ​អាមេរិក​រឹង​ចចេស​ជ្រើសរើស​យក​វិធី​ផ្ទាល់ខ្លួន​ នោះ​ចិន​គ្មាន​ជំរើស​ក្រៅពី​ចាត់វិធានការ​សងសឹក​ដែល​ចាំបាច់​”។ លោក​បាន​បន្ថែម​ថា​ “អាមេរិក​គួរតែ​ផ្លាស់​ប្តូរ​សកម្មភាព​ខុសឆ្គង​របស់​ខ្លួន​”។

នៅដើមខែនេះ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ប្រកាស​ថា​ ទំនិញ​ចិន​មានតម្លៃ​ ៣០០​ ពាន់​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​ដំឡើង​ពន្ធគយ​នៅ​ថ្ងៃទី​ ១ ខែ​ កញ្ញា​។

ក្រោយមក​លោក​ Trump​ បាន​កែប្រែ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ ហើយ​បាន​និយាយ​ថា​ ទំនិញ​ដូចជា​ស្មា​តហ្វូ​ន និង​ឧបករណ៍​វីដេអូ​ហ្គេម​នឹង​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ពន្ធ​ខែ​ កញ្ញា​ទេ​ ដែល​មិន​ធ្វើ​ឱ្យ​រំខាន​ដល់​រដូវ​ទិញទំនិញ​ថ្ងៃឈប់​សម្រាក​របស់​អាមេរិក​ដែល​ជា​រយៈពេល​ដ៏​សំខាន់​បំផុត​នៃ​ឆ្នាំ​សម្រាប់​អ្នកលក់​រាយ​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​នឹង​ត្រូវ​ដាក់​ពន្ធ​មកវិញ​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​។

ភាព​មិន​ច្បាស់លាស់​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ធ្វើ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាសាកល​រាប់ពាន់​លាន​ដុល្លារ​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត​ ៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ជាក់ស្តែង​ របាយការណ៍​ថ្មី​មួយ​របស់​សេដ្ឋកិច្ច​ទេសចរណ៍​ (Tourism​ Economics​) បាន​ប៉ាន់ស្មាន​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​អាមេរិក​ជាមួយនឹង​ការខាតបង់​ប្រាក់ចំណូល​ចំនួន​ ១១​ ពាន់​លាន​ដុល្លារ​ ខណៈ​ប្រជាជន​ចិន​ប្រមាណ​ ២ លាន​នាក់​នឹង​មិន​ធ្វើដំណើរ​ទៅ​អាមេរិក​នៅ​ចុងឆ្នាំ​ ២០២០​។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ចិន​គឺជា​ជនជាតិ​ដែល​ចំណាយ​ច្រើនជាង​គេ​ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​ទៅ​ទស្សនា​អាមេរិក​។ ទេសចរ​ជនជាតិ​ចិន​ជាមធ្យម​ចំណាយ​ជិត​ ៦.០០០​ដុល្លារ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​អាមេរិក​៕