ក្រម​ហ៊ុន​យក្ស​ចិន​នឹង​វិនិយោគ​ប្រព័ន្ធ​កំចាត់​ទឹក​ខ្វក់​នៅ​ខេត្ត​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Beijing​ Construction​ Group​ Co​.,Ltd​ (BUCG​) របស់​ប្រទេស​ចិន​ នឹង​សាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ នៅ​ទីក្រុង​ព្រះសីហនុ​ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ក្រុង​ប្រកបដោយ​ភាព​រលូន​ ប្រសិទ្ធភាព​ និង​គុណភាព​ខ្ពស់​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​សិក្ខាសាលា​ស្តី​ពី​ “ការសិក្សា​ផែនការមេ​ និង​សិ​មិទ្ធ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ ប្រព័ន្ធ​ទឹក​កខ្វក់​ នៅ​ទីក្រុង​ព្រះសីហនុ​” នៅ​ថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ពិភពលោក​ដែល​បាន​មាន​បទ​ពិសោធ​ក្នុង​សាង​ហេ​ដ្ឋា​រចន​សម្ព័ន្ធ​ធំៗ​ ដូចជា​ប្រព័ន្ធ​លូ​ ផ្លូវ​ថ្លល់​ និង​អាង​ចម្រោះ​ជាដើម​នៅ​តាម​បណ្តា​ប្រទេស​នានា​ ទើប​ក្រសួង​ការ​ជ្រើសរើស​ក្រុមហ៊ុន​នេះ​ សិក្សា​ផែនការមេ​មុន​ធ្វើការ​សាងសង់​។

លោក​បន្ត​ថា​ បន្ថែម​ពីនេះ​ ទៀត​ ក្រសួងសេដ្ឋកិច្ច​ នឹង​ហិរញ្ញវត្ថុ​បានឱ្យ​ក្រុមហ៊ុន​មួយទៀត​មក​ពី​ប្រទេស​សឹង្ហ​បុរី​ Asia​ Infrastructures​ មក​ជួយ​មើល​ និង​តាមដាន​បន្ថែម​ទៀត​លើ​ការ​សាង​សង​នេះ​ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​កាន់តែ​ត្រឹមត្រូវ​ និង​គ្រប់ជ្រុងជ្រោយ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ដើម្បី​គ្រប់គ្រង​នូវ​អាង​ចម្រោះ​ប្រព័ន្ធ​ទឹក​កខ្វក់​ នៅ​ទីក្រុង​ព្រះសីហនុ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា​ នៅក្នុង​ក្រុង​ព្រះសីហនុ​នេះ​ មាន​អាង​សម្រស់ទឹក​ខ្វក់​ដែល​បាន​កសាង​ប្រាក់កម្ចី​ពី​ធនា​គារ​ពភិ​វឌ្ឍន៍​អាស៊ី​ (ADB​) ត្រូវ​បាន​សាងសង់​ចប់​នៅក្នុង​ឆ្នាំ​ ២០១៦​ នៅ​លើ​ទំហំដី​ ១៦​ ហិ​កតា​ ហើយ​កន្លែង​ដែល​បាន​ធ្វើ​នេះ​ គឺ​អាច​ទទួល​បាន​ ១០០​ ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​ សម្រាប់​សម្រស់ទឹក​ខ្វក់​មុ​ននឹងហូ​ទៅកាន់​សមុទ្រ​។

លោក​បន្ថែម​ថា​ តែ​ដោយសារ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​មាន​ទាំង​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​តូច​ ធំ​ ខុន​ដូ​ ផ្ទះសំណាក់​ កំពុង​កើតឡើង​ជាបន្តបន្ទាប់​ បញ្ហា​សំណល់រឹង​រាវ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ដោះស្រាយ​ជាចាំបាច់​នូវ​ប្រព័ន្ធ​អាង​ច្រោះ​ទឹក​កខ្វក់​ ដើម្បី​បញ្ចៀស​នឹង​កាត់​ បន្ថយ​ការ​បំពុលបរិស្ថាន​ទឹកសមុទ្រ​ និង​ឆ្នេរខ្សាច់​។

លោក​បន្ថែម​ថា​ ហើយ​អាង​ចម្រោះ​ប្រមាណ​ ១៦​ ហិ​កតា​នេះ​ មិន​អាច​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ទាំងនេះ​នោះ​ទេ​ ដែល​តម្រូវ​ឱ្យ​មានការ​ដោះស្រាយ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ហើយ​ផែនការមេ​នេះ​ នឹង​ចូលរួម​ដោះស្រាយ​បាន​ប្រមាណ​ ៤០០០០​ ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​នៅក្នុង​ឆ្នាំ​ ២០២១​ ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ សម្រាប់​ក្រុង​ព្រះសីហនុ​ត្រូវ​កា​អាង​ចម្រោះ​ និង​ ប្រព័ន្ធ​ទឹក​កខ្វក់​ មាន​ ៤កន្លែង​ ទើប​អាច​ទ្រទ្រង់​បាន​នូវ​ចំនួន​ទឹកដែល​ចេញទៅ​កាន់​សមុទ្រ​៕

កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​លើស​កម្ម​ភាព​សេដ្ឋកិច្ច​នានា​ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់

0

​ដោយ​ ប៊ី​

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​ និង​សប្ប​កម្ម​ ឲ្យដឹង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​លើស​កម្ម​ភាព​សេដ្ឋកិច្ច​នានា​ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ខណៈ​កម្ពុជា​ជំរុញ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ និង​ការ​វិនិយោគទុន​បរទេស​នៅ​កម្ពុ​ជា​ដើម្ពីលើ​កស្ទួយ​ដល់​សកម្មភាព​នាំចេញ​។

កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​លើស​កម្ម​ភាព​សេដ្ឋកិច្ច​នានា​ និង​ជំរុញ​ការនាំចេញ​ឲ្យបាន​ច្រើន​ ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ដែល​ប្រកបដោយ​និ​រន្ដ​ភាព​ និង​អភិវឌ្ឍន៍​ផលិតផល​ដែល​បន្ថែម​ លើ​តម្លៃ​ឲ្យ​កាន់តែ​ខ្ពស់​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សុន​ សេង​ហួត​ អនុរដ្ឋ​លេខាធិការ​ ក្រសួង​ឧស្សាហកម្ម​ និង​សប្ប​កម្ម​។

ការ​លើកឡើង​បែបនេះ​ របស់​ឯកឧត្តម​ សុន​ សេង​ហួត​ ធ្វើឡើង​ក្នុង​ឱកាស​ ដែល​លោក​អញ្ជើញ​ចូលរួម​ ក្នុង​កម្មវិធី​ «ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​អន្ដរ​ជាតិ​កម្ពុជា​ ឆ្នាំ២០១៩​» នៅ​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​។

លោក​ សុន​ សេង​ហួត​ បាន​ថ្លែង​ឲ្យដឹង​ថា​ ជា​ការពិត​ណាស់​ការរៀបចំ​វេទិកា​ក្នុងថ្ងៃនេះ​ នឹង​ជំរុញ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ និង​ជំរុញ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ និង​ការ​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​ ពិសេស​លើកស្ទួយ​ដល់​សកម្មភាព​នាំចេញ​ និង​នាំចូល​ព្រមទាំង​បង្កើត​ឱកាស​ សម្រាប់​បណ្ដា​ឧស្សាហករ​ និង​ឱកាស​ធុរ​កិ​ច្ច​ថ្មី​ៗ។

លោក​ បញ្ជាក់​ថា​ “ការ​តាំងពិព័រណ៍​នេះ​ ជា​វេទិកា​ល្អ​បំផុត​ និង​មានប្រយោជន៍​សម្រាប់​បណ្ដា​ផលិតករ​ ពាណិជ្ជករ​ និង​ធរ​ជន​កម្ពុជា​”។

លោក​ បន្ដ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់ទុក​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ជាស​សរ​ដ៏​រឹងមាំ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។លោក​ បាន​បន្ថែម​ថា​ “ផ្នែក​ឧស្សាហកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ នៅពេលអនាគត​របស់​កម្ពុជា​។

បណ្ដាល​ឧស្សាហកម្ម​ធុន​តូច​ និង​មធ្យម​ជា​ចំណុច​សំខាន់​ ដើម្បី​ផ្ដោត​លើក​ការអភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ពិសេស​ឧស្សាហកម្ម​គ្រឿងម៉ាស៊ីន​ ដែល​កំពុង​បម្រើការ​ដល់​ផលិតកម្ម​នានា​នោះ​ ត្រូវ​បាន​ចាត់ទុកថា​ ជា​តួនាទី​សំខាន់​សម្រាប់​កម្ពុជា​ ក្នុង​ការ​ទ្រទ្រង់​ពាណិជ្ជកម្ម​សេរី​ និង​ចំណុច​នានា​នៃ​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​”។

លោក​ ងួន​ ម៉េ​ងតិច​ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ឲ្យដឹង​ថា​ កម្មវិធី​តាំងពិព័រណ៍​នេះ​រៀបចំឡើង​ជា​លើក​ទី៨ហើយ​ និង​ជា​វេទិកា​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​គ្រប់​ដណ្ដប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ដូចជា​៖ ជ័រ​ប្លាស្ទិក​ និង​កៅស៊ូ​ ផ្នែក​បោះ​ពុម្ភ​ និង​វេច​ខ្ចប់​ ផ្នែក​កែច្នៃ​ម្ហូបអាហារ​ ផ្នែក​កសិ​កកម្ម​ ផ្នែក​អគ្គិសនី​ និង​ការ​បំភ្លឺ​ ផ្នែក​គ្រឿងបន្លាស់​ជាដើម​។

លើស​ពីនេះ​នឹង​មានការ​បង្កើត​ទំនាក់ទំនង​ ជូន​អ្នកចូលរួម​ទស្សនា​ទាំងអស់​ ដើម្បី​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​រោងចក្រ​ ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​នា​ពេល​អនាគត​។

លោក​ បន្ថែម​ថា​ “ខ្ញុំ​ជឿជាក់​ថា​យើង​អាច​សហការ​គ្នា​ ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ ដែល​បាន​បង្កើត​រួមគ្នា​នា​ពេល​កន្លងមក​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រុមហ៊ុន​ Yorkers​ Trade​ &​ Marketing​ Service​ Co​,.Ltd​ បាន​សហការ​ជាមួយគ្នា​យ៉ាង​ជិត​ស្និត​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។

ជា​រៀងរាល់២ឆ្នាំ​ម្ដង​យើង​បាន​រៀបចំ​កម្មវិធី​ តាំងពិព័រណ៍​ដ៏​អស្ចារ្យ​នេះ​ ដើម្បី​ធានា​ឲ្យ​មាន​លំហូរ​ធុរកិច្ច​ និង​វិនិយោគ​ប្រកបដោយ​និ​រន្ដរ​ភាព​”។

លោក​ បាន​បន្ដ​ថា​ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ធុរកិច្ច​ជន​ទាំងអស់​ ចូលរួម​ឲ្យបាន​សកម្ម​ និង​ស្វែងរក​ដៃគូ​ឲ្យ​មាន​អត្ថ​ប្រយោជន៍​ និង​ផ្លែផ្កា​នៅពេលអនាគត​។ ក្នុងនាម​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ខ្ញុំ​នឹង​បន្ដ​ផ្សព្វផ្សាយ​ពី​ វិស័យ​ឧស្សាហកម្ម​យាន​យន្ដ​ ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​នេះ​ ដល់​សមាជិក​សមាជិក​ការ​ ឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​”៕

អានបន្ត៖ រយៈពេល៧ខែ​ដើមឆ្នាំ២០១៩ កម្ពុជា​ធ្វើការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារបរទេស​ជាង ២,៥លាន​តោន

សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​កម្ពុជា​ គ្រោង​បើក​ការិយាល័យ​បន្ថែម​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​អះអាង​ថា​ សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា​ កំពុង​មាន​គម្រោង​បើក​សាខាសមាគម​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ដើរតួ​ជា​ស្ពាន​សម្រាប់​តភ្ជាប់​សហគ្រាស​ចិន​ និង​កម្ពុជា​ឱ្យ​បាន​កាន់តែ​ងាយស្រួល​។

លោក​ Wang​ Wentian​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​ លោក​ គួច​ ចម្រើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២២​ ខែសីហា​ ឆ្នាំ​ ២០២៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ចិន​ នឹង​លើកទឹកចិត្ត​សហ​គ្រា​សល្អៗ​ជាច្រើន​ក្នុង​ប្រទេស​ចិន​ ឱ្យមក​វិនិយោគ​មុខរបរ​ក្នុង​ខេត្ត​ព្រះសីហនុ​ បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កំពង់ផែ​ដែល​ជា​ចំនុច​សំខាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ ជំរុញ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍន៍​កាន់តែ​ល្អ​ប្រសើរ​។

លោក​ឯកអគ្គ​រដ្ឋទូត​បន្ត​ថា​ “ឆ្នាំ២០១៩​ ជា​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចិន​ និង​កម្ពុជា​ នគរបាល​ទាំងពីរ​ប្រទេស​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ ដើម្បី​រួមគ្នា​បង្រ្កាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​រយៈ​អ៊ិ​នធើ​ណេត​អន​ឡាញ​ ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​ជន​បង្ក​បទល្មើស​។ល។ សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​និង​សហការ​ពេញទំហឹង​ពីសា​លា​ខេត្ត​ព្រះសីហនុ​”។

លោក​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​បន្ត​ថា​ “ភាគី​ចិន​សូម​កោតសរសើរ​យ៉ាង​ខ្ពស់​ និង​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​តាម​រយៈ​អ៊ិ​នធើ​ណេត​អន​ឡាញ​គ្រប់ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​លោក​យល់ថា​ នេះ​មិន​ត្រឹមតែ​រក្សា​អត្ថ​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​សុខុមាលភាព​ទំនាក់ទំនង​ចិន​និង​កម្ពុជា​នោះ​ទេ​ ទន្ទឹម​នឹង​នេះ​ ក៏បាន​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ជូន​ប្រទេស​កម្ពុជា​ ជាពិសេស​បាន​ចូលរួម​អភិវឌ្ឍ​សុខុមាលភាព​សង្គម​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​”។

លោក​ គួច​ ចម្រើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ឯកភាព​នូវ​ការវាយតម្លៃ​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ដែល​បាន​លើកឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​រយៈ​អ៊ិ​នធើ​ណេត​អន​ឡាញ​។

លោក​បន្ត​ថា​ “ការ​ហាមឃាត់​ធ្វើអាជីវកម្ម​ល្បែងភ្នាល់​តាម​រយៈ​អ៊ិ​នធើ​ណេត​អន​ឡា​ញបាន​ជួយ​កែ​លម្អ​សន្តិសុខ​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​ភាព​វិជ្ជមាន​ បាន​ជួយ​បន្សុ​តមជ្ឈដ្ឋាន​នៃ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​យ៉ាង​ល្អ​ប្រសើរ​អាច​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ចូល​មក​កម្សាន្ត​និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​អាច​សម្រេច​បាន​សុខុមាលភាព​សេដ្ឋកិច្ច​ និង​បន្ត​រក្សា​ការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​”។

លោក​អភិបាលខេត្ត​បន្ថែម​ថា​ “សាលាខេត្ត​ព្រះសីហនុ​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​ភាគី​ចិន​ក្នុង​កិច្ចការ​បង្រ្កាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​រយៈ​អ៊ិ​នធើ​ណេត​អន​ឡា​ញល្មើសច្បាប់​ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​វិនិយោគ​សហគ្រាស​និង​ជា​តំបន់​ទេសចរណ៍​។ ក៏​សូមស្វាគមន៍​សហគ្រាស​ចិន​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​”៕

កម្ពុជា​នឹង​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ដា​ណាង​ជាលើកដំបូង​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​៖ ជា​ការជំរុញ​ និង​សម្រួល​ដល់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ជា​ពិ​សេ​សប​ង្ករ​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​ នៅ​ដំណាច់​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ការហោះហើរ​ត្រង់​ពី​ខេត្ត​ដា​ណាង​ ប្រទេស​វៀតណាម​ ​មករា​ជធានី​ភ្នំពេញ​ នឹង​ត្រូវ​តភ្ជាប់​។

នៅ​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​ កាលពី​ល្ងាច​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ Cambodia​ Angkor​ Air​ ដែល​ដឹកនាំ​ដោយ​លោក​អគ្គនាយក​ក្រុមហ៊ុន​។

ការ​ជួបពិភាក្សា​នេះ​ គឺ​ដើម្បី​សុំ​ការ​គាំទ្រ​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​ ចំពោះ​គម្រោង​បើក​ការហោះហើរ​ត្រង់​ជាលើកដំបូង​ ពី​រាជធានី​ភ្នំពេញ​ទៅមក​ខេត្ត​ដា​ណាង​ នៃ​ប្រទេស​វៀតណាម​ នា​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ជាមួយនឹង​ការ​អបអរសាទរ​ចំពោះ​គម្រោង​តភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​ លោក​ ថោង​ ខុន​ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​ឱ្យ​បាន​ល្អ​ ពីព្រោះ​ Cambodia​ Angkor​ Air​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជាតិ​ រួម​ជាមួយ​នឹង​ការ​គិតគូរ​លើ​ការ​បង្កើន​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗរបស់​ចិន​បន្ថែម​ទៀត​ ពិសេស​តំបន់​ណា​ដែល​កម្ពុជា​មាន​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ​ ដូចជា​ ខេត្ត​ស៊ី​អាន​ (ឆាង​អាន​) ខេត្ត​ឆុង​ឃីង​ ទីក្រុង​សៀងហៃ​ ខេត្ត​ក្វាង​ចូវ​ និង​ទីក្រុង​ប៉េកាំង​ជាដើម​ ពីព្រោះ​កន្លែង​ដែល​មាន​ស្ថាន​អគ្គ​កុងស៊ុល​ ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុង​ការ​សុំ​ទិដ្ឋ​ការ​មក​កម្ពុជា​។

ចំពោះ​សំណើ​ខាងលើ​នេះ​ លោក​អគ្គនាយក​ក្រុមហ៊ុន​ក៏បាន​ទទួលយក​ទៅ​ពិចារណា​ជាមុន​សិន​ ដើម្បី​រៀបចំ​ឱ្យ​មានការ​សិក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​បន្ថែម​ទៀត​។បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ Cambodia​ Angkor​ Air​ ក៏​មាន​ជើងហោះ​ហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​ខេត្ត​ដា​ណាង​រួចមក​ហើយ​។

ក្រៅពីនោះ​ ក្រុមហ៊ុន​បាន​និង​កំពុង​បើក​ការហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុង​ប៉េកាំង​ ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្តសៀមរាប​ ពី​ខេត្តសៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម​។

ខេត្ត​ដា​ណាង​ គឺជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ធំ​របស់​វៀតណាម​ ដូច្នេះ​ទីនោះ​នឹង​សម្បូរ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​​ទីបី​ច្រើន​ ដែល​អាច​បន្ត​ការហោះហើរ​ត្រង់​មក​ទស្សនា​កម្ពុជា​ ហើយ​ការ​តភ្ជាប់​នេះ​ក៏​ជា​ការ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​នៅ​ភ្នំពេញ​ ឬហោះហើរ​ត្រង​ពី​ភ្នំពេញ​ទៅ​ដា​ណាង​ផង​ដែរ​។

អ្វី​ដែល​សំខាន់​ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទីបី​ ឱ្យ​បាន​កាន់តែ​ច្រើន​។ក្រោយពី​មានការ​រិះគន់​ចំពោះ​បញ្ហា​ពន្យារពេល​ និង​លុបចោល​ជើងហោះហើរ​ ក្រុមហ៊ុន​បាន​កែសម្រួល​សេវាកម្ម​របស់​ខ្លួន​ល្អ​ប្រសើរ​ច្រើនឡើង​វិញ​ហើយ​ ចាប់ពី​ដើមឆ្នាំ២០១៩នេះ​មក​ ហើយ​លោក​អគ្គនាយក​ ហ័ង​ ម៉ាញ់​ទួន​ ក៏បាន​ប្ដេជ្ញា​ពង្រឹងគុណភាព​សេវា​ដឹក​អ្នកដំណើរ​របស់​ខ្លួន​ផង​ដែរ​៕

តើ​ប្រព័ន្ធ​ឌីជីថល​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​សត​វត្យ​ទី២១ មានគុណ​ប្រយោជន៍​ដូចម្តេច​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ Digital​ Marketing​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ ដ៏​មាន​ប្រជាប្រិយ​ភាព​ ក្នុង​ការប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​មុខ​ជំនួញ​ផ្សេង​ៗ ដែល​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​ក៏​មានការ​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​។

ដោយ​មើលឃើញ​ពី​សារសំខាន់​ និង​ភាព​ចាំបាច់ក្នុង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Digital​ Marketing​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​លក់​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​) បាន​បង្កើត​វគ្គ​បណ្តុះ​ជំនាញ​ខ្លី​ក្រោម​ប្រធានបទ​ «ជំនាញ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​សតវត្សរ៍​ទី២១​» ដើម្បី​ចូលរួម​លើ​កម្ពស់​ ជំរុញ​ការ​លក់​ឱកយកាន់​តែ​ប្រសើរ​។

វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​មានការ​ចូលរួម​បង្ហាញ​ពីសំណាក់​អ្នកជំនាញ​ផ្សព្វផ្សាយ​វិស័យ​អចលនទ្រព្យ​ចំនួន​ ២រូប​ គឺ​ លោក​ហាក់​ គី​មថុង​ ប្រធាន​ផ្នែក​ទីផ្សារ​ Century​21​ Dream​ Property​ រួម​ជាមួយ​លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​ realestate.com.kh​។

ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Dream​ Property​ លោក​ ហាក់​ គី​មថុង​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២២​ ខែសីហា​កន្លងមក​ថា​ កម្មវិធី​បណ្តុះបណ្តាល​មួយ​នេះ​ គឺ​មាន​សារសំខាន់​ និង​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​អចលនទ្រព្យ​ ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។

លោក​បាន​បន្ត​ទៀត​ថា​ “ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ ឬបណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ គឺ​មាន​សារៈសំខាន់​ណាស់​ ដែល​វា​អាច​ជួយ​យើង​បាន​ច្រើន​ និង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​ដោយ​សមស្រប​”។ លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ មាន​មនុស្សជា​ច្រើន​ ដែល​កំពុងតែ​យក​បណ្តាញ​មួយ​នេះ​ ធ្វើជា​ប្រយោជន៍​ ប៉ុន្តែ​លទ្ធផល​ដែល​ជោគជ័យ​ គឺ​មាន​មនុស្ស​តិចណាស់​ ដោយសារតែ​ការប្រើ​ប្រាស់​មិន​ត្រូវ​បច្ចេកទេស​”។

លោក​ហាក់​ គី​មថុង​បាន​បន្ត​ទៀត​ថា​ “សម្រាប់​អ្នក​ដែល​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗស្ដីពី​ ការយល់​ដឹង​ស៊ីជម្រៅ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ឌីជីថល​ ជាពិសេស​បាន​យល់​ច្បាស់​ ពី​របៀប​ប្រើ​ដើម្បី​ណែនាំ​ពី​ផលិតផល​ ជាពិសេស​គឺ​ការជំរុញ​ផលិតផល​អចលនទ្រព្យ​របស់​ខ្លួន​ ទៅដល់​ដៃ​អតិថិជន​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​ លោក​ ខាត់​ បូរ៉ា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា​ ជានិច្ចកាល​សាលា​អចលនទ្រព្យ​កម្ពុជា​ តែងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​បណ្តុះបណ្តាល​ជំនាញ​ និង​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​ថ្មី​ទៅដល់​អ្នក​ដែល​កំពុងតែ​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។ លោក​បន្ត​ទៀត​ថា​ យើង​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ក្នុង​ពេល​ដ៏​ខ្លី​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ត្រូវ​មានការ​ចូលរួម​ពីសំណាក់​អ្នក​ពាក់ព័ន្ធ​ជា​សំខាន់​ផង​ដែរ​ ជាពិសេស​អ្នក​ផ្សព្វផ្សាយ​ និង​ការ​លក់​បន្ទាប់ពី​ម្ចាស់​គម្រោង​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​ផង​ដែរ​”។

វគ្គ​បណ្តុះបណ្តាល​ពី​ជំនាញ​ខាងលើ​នេះ​ នឹង​ត្រូវ​ធ្វើឡើង​រយៈពេល២ថ្ងៃ​ គឺ​ថ្ងៃទី១៧​-១៨​ ខែសីហា​ ឆ្នាំ២០១៩​ នៅ​ភោជនីយដ្ឋាន​ទន្លេ​បា​សាក២​ ចាប់ពី​ម៉ោង​ ៨ៈ៣០នាទី​ព្រឹក​ ដល់ម៉ោង​ ៥០០ល្ងាច​។ ជំនាញ​សំ​ខាន់​ៗដែល​នឹង​ត្រូវលើ​កយក​មក​បង្ហាញ​រួមមាន​ ទី១​ ចង់​បង្កើន​ការ​លក់​អចលនទ្រព្យ​តាមរយៈ​ Facebook​ និង​ Facebook​ Messenger​ ឱ្យ​មាន​លទ្ធផល​ខ្ពស់​មែនទេ​? ទី២​ ចង់​ទទួល​បាន​វិធីសាស្ត្រ​ និង​គន្លឹះ​ពិ​សេស​ៗ ដើម្បី​ផ្សព្វផ្សាយ​ការ​លក់​អចលនទ្រព្យ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ជាង​មុន​មែនទេ​?។

ទី៣​. ចង់​មាន​ជំនាញ​ដៅ​ទីតាំង​អចលនទ្រព្យ​ គូ​គំរោង​លើ​ផែនទី​ មើល​ស្ថានភាព​អលន​ទ្រព្យ​ តាម​ Google​ Earth​ Pro​ ដែរ​ឬទេ​? ទី៤​ ចង់​មាន​ជំនាញ​វាស់វែង​អចលនទ្រព្យ​លើ​ផែនទី​ និង​ការវាស់វែង​ដោយ​ផ្ទាល់​តាម​ទូរស័ព្ទ​ដៃ​ដែរ​ឬទេ​?។ ទី៥​ ចង់​មាន​ជំនាញ​ដាក់​អចលនទ្រព្យ​លើ​ផែនទី​ ការ​ថតរូប​ ឬវីដេអូ​លើ​ផែនទី​ និង​ការ​ធ្វើ​គម្រោង​អាទិភាព​លើ​ផែនទី​ ដែរ​ឬទេ​? និង​ទី៦​ ចង់​ឈានមុខ​គេ​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ដែរ​ឬទេ​?។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០៩៦​ ២៦០៥​ ៨៥៨​ / ០៨៥​ ៣១១​ ១៨៣​ /០១០​ ៣៨៦​ ៥៤៣​៕

ចំណេះដឹង​! តើ​អគារ​សហកម្មសិទ្ធិ​ និង​បុរី​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ ពិសេស​យុវជន​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ហាក់​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ទៅលើ​ការស្វែងរក​លំនៅឋាន​ផ្ទាល់ខ្លួន​ ដើម្បី​រស់នៅ​សាង​សុភមង្គល​គ្រួសារ​ និង​មានជីវិត​ដែល​ឯករាជ្យ​។ ក្នុង​នោះ​គេ​មើលឃើញ​ថា​ មាន​អ្នកខ្លះ​មាន​ចំណាប់​អារម្មណ៍​ ទៅលើ​ការទិញ​ផ្ទះនៅ​ក្នុង​បុរី​ រី​ឯអ្នកខ្លះ​ទៀត​បាន​សម្លឹង​ទៅលើ​ការរស់នៅ​ក្នុង​លំនៅឋាន​នៅក្នុង​អគារ​សហកម្មសិទ្ធិ​។

ភាព​ខុសគ្នា​រវាង​អគារ​សហកម្មសិទ្ធិ​ និង​ បុរី​

A) ​អគារ​សហកម្មសិទ្ធិ​

• ​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​

• ​ជា​អគារ​ឬសំណង់​ដែល​មានកម្ម​សិទ្ធិករ​ច្រើន​នាក់​

• ​មានការ​បែងចែក​ជា​ចំណែក​រួម​និង​ចំណែក​ឯកជន​

• ​ជនបរទេស​អាច​មានកម្ម​សិទ្ធិ​ លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​បាន​។

• ​សង់​អគារ​រួចរាល់១០០​%ត្រឹមត្រូវ​តាមច្បាប់​ ទើប​អាច​សុំ​ចុះបញ្ជី​ចំណែក​ឯកជន​បាន​។

• ​កម្មសិទ្ធិករ​កាន់​ប័ណ្ណ​សំគាល់​ម្ចាស់​ចំណែក​ឯកជន​

• ​ចុះបញ្ជី​នៅក្នុង​សៀវភៅ​គោល​បញ្ជី​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​

B) បុរី​

• ​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​បុរី​

• ​ជាទី​តាំង​ដែល​ត្រូវ​បាន​រៀបចំ​ជា​ឡូត៍​ ជា​សំណង់​លំនៅ​ដ្ឋាន​ ឬសំ​ណង់​ផ្សេង​ៗ

• ​មាន​ចែក​ដី​ជា​ឡូត៍​ ដី​ឡូត៍​លំនៅ​ដ្ឋាន​ ឬសំ​ណង់​ផ្សេង​ៗ ដែល​មានកម្ម​សិទ្ធិករ​ដោយ​ឡែ​កៗ​

• ​ជនបរទេស​មិន​អាច​មានកម្ម​សិទ្ធិ​លើ​ដី​ឡូត៍​នៅក្នុង​បុរី​ទេ​

• ​មិនកំណត់​ឲ្យ​មាន​សំណង់​ទេ​ ឲ្យតែ​មាន​ប្លង់​ក្បាលដី​ នោះ​អាច​សុំ​ចុះបញ្ជី​បាន​។

• ​កម្មសិទ្ធិករ​កាន់​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ ឬ ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​

• ​ចុះបញ្ជី​នៅក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​៕

អ្នកចូលរួម​ព្រួយបារម្ភ​ពី​វិទ្យុសកម្ម​ក្នុង​អាហារ​ និង​ទឹក​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ក្នុង​ការ​ប្រារព្ធ​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំក្រោយ​

0

ដោយ​ Donald​ Lee​

តូ​ក្យូៈ​ គណៈកម្មាធិការ​អូឡាំពិក​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចំណីអាហារ​ និង​ទឹក​អំឡុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​ នៅ​ទីក្រុង​តូក្យូ​ឆ្នាំ២០២០​ ដោយសារតែ​កម្រិត​វិទ្យុសកម្ម​កើនឡើង​ ដែល​បណ្តាល​មក​ពី​គ្រោះមហន្តរាយ​រោងចក្រ​ថាមពល​នុយ​ក្លេ​អ៊ែ​រហ្វូ​គូ​ស៊ី​ម៉ា​ក្នុង​ឆ្នាំ​ ២០១១​។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ នៅក្នុង​លិខិត​ជា​ផ្លូវការ​មួយ​ទៅកាន់​ អ្នក​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ថា​ បន្លែ​ដែល​ដាំ​នៅក្នុង​ខេ​ត្ត​ហ្វូ​គូ​ស៊ី​ម៉ា​ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​កីឡាករ​អូឡាំពិក​អំឡុង​ពេល​ប្រកួត​។

លោក​ Park​ Yang​-woo​ រដ្ឋមន្រ្តី​ក្រសួង​កីឡា​របស់​កូរ៉េ​ខាងត្បូង​ បាន​និយាយទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​សេអ៊ូល​ថា​ “គ្មានអ្វី​ដែល​សំខាន់​ជាង​សុវត្ថិភាព​ទេ​”។

លោក​បាន​បន្ថែម​ថា​ “យើង​នឹង​ស្វែងរក​ការពិគ្រោះ​យោបល់​ ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ និង​អ្នកដទៃ​ទៀត​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អត្តពលិក​របស់​យើង​ និង​ធានា​ថា​ កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ នឹង​ត្រូវ​បាន​ធ្វើឡើង​ប្រកបដោយ​សុវត្ថិភាព​”។

អ្នក​អត្ថា​ធិប្បាយ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​ជាច្រើន​ នឹង​ត្រូវ​បាន​រៀបចំឡើង​នៅក្នុង​ខេ​ត្ត​ហ្វូ​គូ​ស៊ី​ម៉ា​ នៅ​រដូវ​ក្តៅ​ខាងមុខនេះ​។ ការ​បញ្ជូន​ភ្លើង​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ ក៏​នឹង​ចាប់ផ្តើម​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ដែរ​។

អ្នក​រៀបចំ​អូឡាំពិក​ជប៉ុន​ និង​រដ្ឋាភិបាល​ ក្នុង​តំបន់​ហ្វូ​គូ​ស៊ី​ម៉ា​បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​អនុវត្ត​តាម​គោលការណ៍​ ណែនាំ​សុវត្ថិភាព​ចំណីអាហារ​យ៉ាង​តឹង​រឹង​ និង​តាមដាន​កម្រិត​វិទ្យុសកម្ម​ក្នុង​អាហារ​ជាប្រចាំ​។

រដ្ឋា​ភិ​បាល​ហ្វូ​គូ​ស៊ី​ម៉ា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា​ “យើង​គ្រាន់តែ​ដឹក​ផលិតផល​បឋម​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​សុវត្ថិភាព​ តាមរយៈ​ការ​ត្រួតពិនិត្យ​ជាច្រើន​ដំណាក់កាល​នី​មួយ​ៗ ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ក្រុង​ និង​តំបន់​ផលិតកម្ម​ អ្នក​ផលិត​ អ្នក​ចែកចាយ​ និង​អ្នកលក់​រាយ​”៕

តើ​មូលនិធិ​វិនិយោគ​រួម​តាម​កិច្ចសន្យា​ និង​សង្គហ​ធន​តាម​កិច្ចសន្យា​មានន័យ​ដូចម្តេច​?

0

ដោយ​ ម៉ា​ណេត​

​ភ្នំ​ពេញៈ​ គេហទំព័រ​ Propertyarea.asia​ សូម​លើកយក​ពាក្យ​សំខាន់​ចំនួន​ពីរ​ទៀត​មក​ពន្យល់​ ដើម្បី​មិត្ត​អ្នកអាន​បាន​សិក្សា​ស្វែងយល់​។

មូលនិធិ​វិនិយោគ​រួម​តាម​កិច្ចសន្យា​ (Contractual​ corporate​ investment​ fund​) មានន័យថា​ មូលនិធិ​វិនិយោគ​បើក​មិនមែន​សាជីវកម្ម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លិខិត​ប្រគល់​អាណាព្យាបាល​ (Trust​ Deed​) ។

នៅ​ប្រទេស​អង់គ្លេស​ Contractual​ CIF​ ត្រូវ​បាន​គេ​ហៅថា​ Unit​ Trust​ ។ ភាគហ៊ុន​ចូលរួម​នៅក្នុង​មូលនិធិ​វិនិយោគ​រួម​ តាម​កិច្ចសន្យា​អាច​ត្រូវ​បាន​ទិញ​ និង​លក់​តាមរយៈ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទិញ​-លក់​មូលបត្រ​ (investment​ trust​) ទៅតាម​សមាមាត្រ​នៃ​តំលៃ​ទ្រព្យ​-សកម្ម​សុទ្ធ​ជាក់ស្ដែង​។

​សង្គហ​ធន​ តាម​កិច្ចសន្យា​ (Contractual​ Mutual​ Fund​) មានន័យថា​ សង្គហ​ធន​ធ្វើ​ប្រតិ​បត្ដិ​ការ​លើ​មូលដ្ឋាន​នៃ​កិច្ចសន្យា​ ដែល​តាមរយៈ​កិច្ចសន្យា​នេះ​ អ្នក​វិនិយោគ​ម្នាក់​យល់ព្រម​ធ្វើវិនិយោគ​ នូវ​ចំនួន​ទឹកប្រាក់​ថេរ​ជាប្រចាំ​ក្នុង​ចំនួន​ឆ្នាំ​ជាក់លាក់​មួយ​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ អនុញ្ញាត​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ចូល​ជួប​សម្ដែង​ការគួរសម​

0

ដោយ វល័ក្ខ

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅ​ថ្ងៃទី២២​ ខែសីហា​នេះ​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​យុវជន​កម្ពុជា​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ (SSEAYP​) ចូល​ជួប​សម្ដែង​ការគួរសម​នៅ​ទី​ស្តី​ការក្រ​សួង​។

នៅក្នុង​ជុំ​ជួប​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី ជា​ សុ​ផា​រ៉ា​ បាន​ផ្ដល់​ការ​សំណេះសំណាល​ និង​លើក​ទឹក​ដល់​ក្រុម​ប្រតិភូ​យុវជន​កម្ពុជា​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ ឱ្យធ្វើ​ជា​យុវជនគំរូ​សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​ក្មួយ​ៗទាំងអស់​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​កិ​ត្យនុ​ភាព​កម្ពុជា​លើ​ឆាត​អន្តរជាតិ​៕

តៃវ៉ាន់​ពន្លឿន​ទិដ្ឋាការ​ដល់​ជនភៀសខ្លួន​ហុងកុង​រាប់ពាន់​នាក់​ ខណៈ​ចិន​ហៅ​កោះ​នេះ​ថា​ជា​ជម្រក​ឧក្រិដ្ឋជន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រជាជន​ហុងកុង​ កំពុង​ភៀសខ្លួន​ចេញពី​ទឹកដី​ចិន​ទៅ​តៃវ៉ាន់​ ខណៈ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ បាន​ធ្វើ​ឱ្យ​រញ្ជួយ​ទីក្រុង​ហុងកុង​ អស់​រយៈពេល​ជាង១១សប្តាហ៍​។

យោង​តាម​ទីភ្នាក់ងារ​ជន​អន្តោប្រវេសន៍​ជាតិ​តៃវ៉ាន់​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​តៃវ៉ាន់​កំពុង​ពន្លឿន​ ការ​ដាក់ពាក្យសុំ​ទិ​ដ្ឋា​កា​របស់​ប្រជាជន​ហុងកុង​ជាង២០០០នាក់​ ដែល​បាន​ដាក់ពាក្យសុំ​នៅ​ឆ្នាំនេះ​។ ការ​ដាក់ពាក្យសុំ​បាន​កើនឡើង​ជិត ១៥​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី១នៃ​ឆ្នាំ​កន្លងទៅ​ ដោយសារ​ការ​តវ៉ា​កាន់តែ​មាន​កម្តៅ​ខ្លាំង​ ក្នុងរយៈពេល​ ២ ខែ​ចុងក្រោយ​នេះ​ ខណៈ​ការ​តវ៉ា​បាន​ក្លាយជា​អំពើ​ហិង្សា​។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ Tsai​ Ing​-wen​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ខែមុន​ថា​ លោកស្រី​គាំទ្រ​ក្រុម​បាតុករ​ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ហើយនឹង​បើកចំហ​ ដើម្បី​ផ្តល់​ការលើកលែង​ទោស​ និង​ការ​សុំ​សិទ្ធិជ្រកកោន​នៅ​តៃវ៉ាន់​។

រដ្ឋាភិបាល​ចិន​បាន​រិះគន់​ប្រធានាធិបតី​តៃវ៉ាន់​ ពី​បទ​ពាក់ព័ន្ធ​នឹង​ខ្លួន​នៅក្នុង​ភាព​វឹកវរ​ហុងកុង​ បន្ទាប់​ទទួល​ដំណឹង​ពី​ការ​អត្ថា​ធិប្បាយ​របស់​ប្រធានាធិបតី​តៃវ៉ាន់​។

លោក​Ma​ Xiaoguang​ អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ បាន​មានប្រសាសន៍​ថា​ “សូមឈប់​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ច្បាប់​ នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ បញ្ឈប់​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ហុងកុង​ និង​បញ្ឈប់​ឧក្រិដ្ឋជន​តាម​មធ្យោបាយ​ណាមួយ​”។

លោក​បាន​បន្ថែម​ “ពួកគេ​បាន​អះអាង​ជា​ចំហ​ថា​ នឹង​ផ្តល់​សិទ្ធិជ្រកកោន​ដល់​ក្រុម​អ្នក​តវ៉ា​ ធ្វើ​ឱ្យ​កោះ​តៃវ៉ាន់​ក្លាយជា​កន្លែង​ឧក្រិដ្ឋជន​លាក់ខ្លួន​។ តើ​កន្លែងណា​មាន​សុវត្ថិភាព​ និង​សុខុមាលភាព​សម្រាប់​ប្រជាជន​តៃវ៉ាន់​?។

រដ្ឋាភិបាល​ចិន​ប្រកាស​ជា​ផ្លូវការ​ថា​ កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​នៃ​ប្រទេស​ចិន​ ដែល​នឹង​ច្របាច់​បញ្ចូល​គ្នា​នា​ពេល​អនាគត​។ គណបក្ស​នយោបាយ​របស់​ប្រធានាធិបតី​ Tsai​ បាន​ឡើង​កាន់អំណាច​ក្នុង​ឆ្នាំ២០១៦​ ក្រោម​ប្រធានបទ​ថា​ កោះ​តៃវ៉ាន់​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដោយខ្លួនឯង​ មិនមែន​ស្ថិតនៅ​ក្រោម​គោលនយោបាយ​“ចិន​តែមួយ​” របស់​ទីក្រុង​ប៉េកាំង​ទេ​។

ជិត​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​ហុងកុង​ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ចាប់តាំងពី​មាន​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ ការ​ធ្វើ​បត្យាប័ន​ទៅកាន់​ស្ថាប័ន​នីតិប្បញ្ញត្តិ​កាលពី​ជាង​ពីរ​ខែមុន​៕