រដ្ឋបាល​រាជធានី​ភ្នំពេញ​កំណត់ពេល​សម្រាប់​ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​បឹង​ជើងឯក​​ចូលរួម​សហការ​

0

​ដោយៈ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ទុក​រយៈពេល១ខែ​ ​ដើម្បីឲ្យ​ម្ចាស់​ក្បាលដី​ពាក់​ព័ន្ធ​នឹង​បឹង​ជើងឯក​ចូលរួម​សហការ​ ​ដើម្បីឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ ​និង​កំណត់​ព្រំ​ដី​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌមានជ័យ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​រួម​ជាមួយនឹង​ម្ចាស់​កាន់កាប់​ក្បាលដី​មួយចំនួន​ទៀត​។​ ​

​យោង​តាម​សេចក្ដីប្រកាស​ ​ដែល​ចេញ​ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៥​ ​ខែកក្កដា​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​មាន​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណៈកម្មការ​ ​និង​ក្រុមការងារ​ជំនាញ​ចុះ​វាស់វែង​ព្រំ​ដី​បឹង​ជើងឯក​ ​ជា​លទ្ធផល​រហូតមកដល់​ពេលនេះ​ ​ក្រុមការងារ​បាន​ចុះ​អនុវត្ត​បាន​មួយ​ជំហាន​ធំ​ ​និង​គ្រោង​បញ្ចប់​នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​

​នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​លើកឡើង​ថា​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សូមជម្រាប​ដំណឹង​ដល់​សាធារណៈ​ជន​ ​និង​អង្គភាព​នានា​ដែល​ពាក់ព័ន្ធ​នឹង​ក្បាលដី​ដែល​ស្ថិតនៅ​ក្នុង​បឹង​ជើងឯក​ ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា​ ​ក្រុមការងារ​បច្ចេកទេស​ ​និង​ជំនាញ​បាន​ចុះ​វាស​វែង​ ​និង​កំណត់​ព្រំ​ដី​ក្នុង​បឹង​ជើងឯក​ចាប់តាំងពី​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩មក​ម៉្លេះ​។​ ​

​ការ​ចុះ​វាស់វែង​ត្រូវ​បាន​កំណត់​ជា៣ចំណុច​ដូចជា​ ​ទី១​ ​ចុះ​ស្វែងរក​ចំណុច​ព្រំ​ដី​ទំហំ១៩០ហិ​ក​តា​ ​ដែល​ត្រូវ​បម្រុងទុក​សម្រាប់​អភិវឌ្ឍ​ ​និង​ស្វែងរក​ចំណុច​ព្រំ​ដី​អ្នកកាន់កាប់​នៅ​លើ​ផ្ទៃដី​ទំហំ១៩០ហិ​ក​តា​ ​ដែល​ត្រូវ​បម្រុងទុក​សម្រាប់​អភិវឌ្ឍ​ដូចគ្នា​។​ ​

​ទី២​ ​ចុះ​ស្វែងរក​ចំណុច​ព្រំ​ដី​ផ្ទៃ​បឹង​ជើងឯក​ទំហំ១៨១ហិ​ក​តា​ ​ដែល​ត្រូវ​រក្សាទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​និង​ទី៣​ ​ចុះ​សិក្សា​ ​និង​វាស់វែង​កំណត់​និយាមកា​ ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​ទីតាំង​បឹង​ជើងឯក​។​ ​

​យ៉ាងណាក៏ដោយ​ជា​លទ្ធផល​រហូតមកដល់​ពេលនេះ​ ​ក្រុមការងារ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​នោះ​ទេ​ ​ដោយសារតែ​ម្ចាស់​កាន់​ក្បាលដី​ពាក់ព័ន្ធ​មួយចំនួន​ ​មិន​ចូលរួម​សហការ​។​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​ក៏បាន​ប្រកាស​ទុក​រយៈពេល៣០ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីប្រកាស​ ​រហូតដល់​ថ្ងៃទី១៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ជាកំហិត​ ​ដែល​តម្រូវ​ឱ្យ​ម្ចាស់​កាន់​ក្បាលដី​ ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ ​ដើម្បី​ឈាន​ដល់​សេចក្ដីសម្រេច​បញ្ចប់​។​ ​

​សូម​អាន​សេចក្ដីប្រកាស​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​មានខ្លឹមសារ​លម្អិត​ដូច​ខាងក្រោម​នេះ​ ​៖​


អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ​២៦លាន​អឺ​រ៉ូ​សំរាប់​អនុវត្តន៍​​គម្រោង​ចំនួន៣​

0

​ដោយ​ វុត្ថា

​ភ្នំ​ពេញៈ​ ​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​តាមកម្ម​វិធី​កែទម្រង់​ចំនួន៣មាន​ថវិកា​ចំនួន២៦.៨​ ​លាន​អឺ​រ៉ូ​ដល់​កម្ពុជា​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី១៥​ ​ខែកក្កដា​កន្លងមក​ ​លោក​ ​George​ ​Edgar​)​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ ​ពិភាក្សា​អំពី​ការ​អនុវត្ត​កម្មវិធី​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ជាមួយ​ ​ដោយ​បាន​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​ ​និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​។​ ​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​តាម​ការ​ ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ ​ឥត​សំណង​តាមកម្ម​វិធី​កែទម្រង់​នី​មួយ​ៗ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​សហភាព​អឺរ៉ុប​ ​ការវាយតម្លៃ​នៃ​ការ​អនុវត្ត​ក្របខណ្ឌ​ឆ្នាំ២០១៨​ ​មាន​ជា​លទ្ធផល​ ​ទី១​ ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី៣​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ​ ​២០១៩​ ​ចំនួន៤,៣លាន​អឺ​រ៉ូ​។​ ​ទី២​ ​ភាពជា​ដៃគូ​កំណែទម្រង់​វិស័យ​អប់រំ​ឆ្នាំ២០១៨​-​២០២១​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ២០១៩​ ​ចំនួន១៧.៥​ ​លាន​អឺ​រ៉ូ​ ​និង៣​ ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប័ន្​ន​ ​(​ផ្នែក​នេសាទ​)​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ២០១៩​ ​ចំនួន៥.០​ ​លាន​អឺ​រ៉ូ​ ​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប​ ​ចំពោះ​ជំហរ​បន្ត​គាំទ្រ​ ​និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល​នានា​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​សម្រេច​បាន​។​ ​

​លោក​ឧបនាយក​រដ្ឋមន្រ្តី​នឹង​ជំរុញ​ ​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ឯកសារ​គាំទ្រ​សម្រាប់​ការ​ ​បន្ត​បើក​ផ្តល់​ថវិកា​ឆ្នាំ​ ​២០១៩​ ​ក្នុង​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៩នេះ​៕​

អ្នកជំនាញ​៖ វិស័យ​ដីធ្លី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​និង​តំបន់​ជុំវិញ​កាន់តែ​មាន​សក្ដានុពល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ចាប់តាំងពី​ដើមឆ្នាំ២០១៩​ វិស័យ​ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ តំបន់​ភ្នំ​រាប​ ក៏ដូចជា​តំបន់​នៅ​ជុំវិញ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​និង​ភាព​ទាក់ទាញ​ក្នុង​វិនិយោគ​ ជាពិសេស​ក្រោយពេល​មាន​គម្រោង​និង​សកម្មភាព​អភិវឌ្ឍ​នៅ​តំបន់​ទំនប់​កប់​ស្រូវ​ តំបន់​បឹង​តា​មោឃ​ និង​តំបន់​ផ្លូវ៥១​ ដែល​ធ្វើ​ឱ្យ​តម្លៃ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

ភាព​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​នៅ​តំបន់​ភ្នំ​ប្រសិទ្ធិ​ ភ្នំ​រាប​ និង​តំបន់​ជុំវិញ​ ក៏​មាន​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ចូល​ទៅ​ធ្វើការ​អភិវឌ្ឍ​ជា​បន្ត​ទបន្ទាប់​ ដែល​ភាគច្រើន​ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​។

នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​របស់​ក្រុមហ៊ុន​ អចលនទ្រព្យ​ភ្នំ​រាប​ លោក​ ពៅ​ ចាន់​ថន​ ដែល​កំពុង​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ គម្រោង​នៅក្នុង​តំបន់​នេះ​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ត្រឹម​រយៈពេល​មិនដល់​មួយឆ្នាំ​ផង​ ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ជោគជ័យ​ លើ​ការ​លក់​រហូតដល់៤គម្រោង​។ លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​គម្រោង​ទី៥​ និង​ទី៦​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ភ្នំ​រាប​ជិត​បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​កំពុងតែ​រៀប​ដំណើរការ​គម្រោង​ថ្មី​បន្ត​ទៀត​។

លោក​ថា​ “ការ​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​ទាំងនេះ​ មិនមែន​ពឹងផ្អែក​តែ​ទៅលើ​ជំនាញ​ក្នុង​លក់​តែមួយមុខ​នោះ​ទេ​ ប៉ុន្តែ​ក៏​ព្រោះតែ​ទីតាំង​អំណោយផល​ មាន​ភាព​ទាក់ទាញ​ ទើប​អតិថិជន​ ក៏ដូចជា​អ្នក​វិនិយោគ​ចាប់អារម្មណ៍​”។

លោក​បន្ត​ថា​ ពេលនេះ​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​នៅ​តាមផ្លូវ១៣០​ ចេញពី​ផ្សារ​ព្រែកព្នៅ​ឆ្ពោះទៅ​កាន់​តំបន់​ភ្នំ​ប្រសិទ្ធ​មិន​មាន​ទៀត​នោះ​ទេ​ ព្រោះ​តម្លៃ​បាន​ឡើង​ខ្ពស់​រហូតដល់​ប្រមាណ​ជាង៣០០ដុល្លារ​រួច​ទៅ​ហើយ​។ ការ​ពុះ​ដី​ឡូ​តិ៍​គឺ​មានតែ​នៅ​តំបន់​ផ្នែក​ខាងក្នុង​ ឆ្ងាយ​ពី​ផ្លូវ​ធំ​ ឬមិន​មែន​ជាទី​ប្រជុំជន​ ដែល​មានតម្លៃ​ប្រមាណ​ជិត១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​ ហើយ​តម្លៃ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​បន្តិចទៀត​។

អគ្គនាយក​ក្រុមហ៊ុន​ EASY​ PROPERTY​ INVESTMENT​ ​លោក​ ម៉ម​ សិរី​បញ្ញា​ ​ក៏បាន​មានប្រសាសន៍​ទទួលស្គាល់​ ពី​សក្ដានុពល​នៃ​តំបន់​ខាងលើ​នេះ​ផង​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ បាន​ចាប់ផ្តើម​កម្រើក​តាំងពី​ប្រមាណ២ឆ្នាំមុន​មក​ម៉្លេះ​ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មានសន្ទុះ​ខ្លាំង​ជាង​ពេលមុន​។

​លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​តំបន់​ជុំវិញ​មាន​ភាព​ខុសគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​ទីតាំង​ ទំហំ​ និង​សណ្ឋានដី​”។ លោក​បន្ត​ទៀត​ថា​ “ពេលនេះ​ក្រៅពី​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ក៏​មាន​អ្នក​អភិវឌ្ឍ​កម្រិតមធ្យម​មួយចំនួន​តូច​ ចាប់ផ្តើម​ធ្វើសកម្មភាព​សាងសង់​សំណង់​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចាប់ពី១០​-២០ល្វែង​ជា​បណ្តើរ​ៗហើយ​ ដែល​ទាំងនេះ​ក៏​ជា​កត្តា​មួយ​ជួយ​គៀង​គរ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​ទៅ​ចូលរួម​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តំបន់​នេះ​បន្ថែម​ទៀត​”។

នៅក្នុង​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ តំបន់​ភ្នំ​រាប​ និង​តំបន់​ផ្លូវ៥១​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​រូបភាព​ខុសប្លែក​ពីគ្នា​ ដែល​តម្រូវ​តាម​ស្ថានភាព​ និង​ភាព​ជាក់ស្ដែង​នៃ​កម្រិត​តម្រូវការ​របស់​អតិថិជន​។ ជាក់ស្ដែង​ដូចជា​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ដែល​ស្ថិតនៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ មានតម្លៃ​ចាប់ពី​ជាង៣ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ដោយឡែក​ចំពោះ​លំនៅ​ដ្ឋាន​ស្ថិតនៅ​តំបន់​ផ្លូវ៥១​ អាច​មានតម្លៃ​ចាប់ពី​ជាង៤ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ សក្ដានុពល​នៃ​តំបន់​ទាំងនេះ​ ក្រៅពី​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ គឺ​មួយភាគធំ​ទទួល​ឥទ្ធិពល​ពី​គម្រោង​អភិវឌ្ឍ​ នៃ​តំបន់​ទំនប់​កប់​ស្រូវ​ គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​វត្តមាន​របស់​បណ្តា​សំណង់​រោងចក្រ​ និង​ឃ្លាំង​ ដែល​ទើបតែ​ទៅ​តាំងនៅ​តំបន់​ជាប់​ផ្លូវ៥១​។

លោក​បាន​បញ្ជាក់​ថា​ “អ្វី​ដែល​កាន់​ជួយ​ជំរុញ​ឱ្យ​តំបន់​ទាំងនេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារ​មាន​ប្រព័ន្ធ​ហេដ្​រចនាសម្ព័ន្ធ​មាន​ភាពល្អ​ប្រសើរ​ខ្វាត់ខ្វែង​ ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ពី​តំបន់​ទាំងនេះ​ទៅកាន់​រាជធានី​ភ្នំពេញ​ ជាពិសេស​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ទៅកាន់​ផ្លូវ​សំ​ខាន់​ៗមួយចំនួន​ទៀត​ដូចជា​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥​ ដែល​សុទ្ធតែ​ជា​ផ្លូវ​បម្រើ​ដល់​ការ​ដឹកជញ្ជូន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “យ៉ាង​យូរ​ត្រឹម​រយៈពេល៥ឆ្នាំខាងមុខ​នេះ​ តំបន់​ភ្នំ​ប្រសិទ្ធ​នឹង​ពោរពេញ​ ទៅ​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​ជាក់ជា​មិនខាន​”៕

កូរ៉េ​ខាងត្បូង​ត្រូវការ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ ការបង្កើត​ និង​ការពង្រីក​ភាពជា​ដៃគូ​ជាមួយ​សមាជិក​សំ​ខាន់​ៗ នៃ​បណ្តា​ប្រទេស​អាស៊ាន​ គឺជា​ការ​ចាំបាច់​សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​ខ្លួន​។

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​ លោក​ Yoon​ Soon​-gu​ ​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ការចូលរួម​ជាមួយ​អាស៊ាន​មិនមែន​គ្រាន់តែ​ជា​ជម្រើស​ទេ​ ប៉ុន្តែ​ជា​ផ្លូវ​មួយ​ដែល​ឥឡូវ​យើង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ដល់​យើង​។ លោក​បន្ត​ថា​ បើ​មិន​មានការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ចាប់​យក​តំបន់​នេះ​ទេ​ ប្រទេស​ដូចជា​កូរ៉េ​ខាងត្បូង​ មិន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ទេ​”។

ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ ទទួលរង​ការ​ធ្លាក់ចុះ​ប្រចាំត្រីមាស​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​ ប្រទេស​នេះ​កំពុង​បង្កើន​យុទ្ធ​សាស្រ្ត​ វិនិយោគ​ទ្វេដង​ក្នុង​តំបន់​អាស៊ាន​។

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ និង​កំពុង​ព្យាយាម​ងើបឡើង​វិញ​ចាប់តាំងពី​ដើមឆ្នាំ​។ អត្រា​អត់​ការងារ​ធ្វើ​បាន​ឈាន​ដល់កម្រិត​ខ្ពស់​បំផុត​ក្នុង៩ឆ្នាំ​ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​វិបត្តិ​ សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ២០០៨មក​។

ភាពយឺត​យ៉ាវ​នេះ​ គឺជា​លទ្ធផល​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន​ ដោយមាន​ការ​ធ្លាក់ចុះ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក​។

ជា​ការ​ឆ្លើយតប​ លោក​ប្រធានាធិបតី​ Moon​ Jae​-in​ បាន​បង្កើន​ការ​វិនិយោគ​ទ្វេដង​លើ​វិស័យ​សេដ្ឋកិច្ច​ ដែល​រីកចម្រើន​ឆាប់រហ័ស​ក្នុង​តំបន់​អាស៊ាន​ ដូចជា​ ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ ដែល​ចុងក្រោយ​បង្អស់​នៅ​លើ​ពិភពលោក​ នៅតែ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​។

លោក​ Yoon​ មានប្រសាសន៍​ថា​ “តំបន់​មេគង្គ​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​យ៉ាងហោចណាស់៦ភាគរយ​ជាទី​ផ្សារ​មួយ​ ដែល​មាន​ប្រជាជន​ប្រមាណ២៥០លាន​នាក់​ដែល​មាន​ប្រជាជន​វ័យក្មេង​ភាគច្រើន​ ហើយ​ដើម្បី​ធ្វើឲ្យ​ងាយ​យល់​ សក្តា​នុ​ពល​សម្រាប់​តំបន់​នេះ​គឺ​អស្ចារ្យ​”។

នៅ​ឆ្នាំនេះ​ ក្រុមហ៊ុន​ផលិតកម្ម​ ក្រុមហ៊ុន​សំណង់​ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង​ បាន​បង្កើត​សាខា​យ៉ាងច្រើន​នៅ​កម្ពុជា​ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្រ្ត​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។

ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​ ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​គឺ​មាន​ទំហំ​ធំ​ផង​ដែរ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៨៥លាន​ដុល្លារ​ក្នុងរយៈពេល ៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ ២១​,៦លាន​ដុល្លារ​ កើនឡើង៤​,៣៨ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្រទេស​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី២​ បន្ទាប់ពី​ចិន​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

​រហូតមកដល់​ពេលនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន២១២​ គម្រោង​ដែល​មានតម្លៃ ៤​,៥៦​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ជាង៣០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ឲ្យ​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​។

លើស​ពីនេះ​ទៅទៀត​ សារៈសំខាន់​នៃ​អាស៊ាន​ទៅ​កូរ៉េ​ខាងត្បូង​ មិន​អាច​ត្រូវ​បាន​ប៉ាន់ប្រមាណ​បាន​ឡើយ​។

អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២​ របស់​កូរ៉េ​ខាងត្បូង​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់ ១៦០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ភាគី​ទាំងពីរ​រំពឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​នឹង​កើន​ដល់២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​។

អ្នកទេសចរ​កូរ៉េ​ដែល​ធ្វើដំណើរ​ទៅ​ និង​មក​ពី​តំបន់​អាស៊ាន​ បាន​ឈាន​ដល់​ជាង​ ១០លាន​នាក់​កាលពី​ឆ្នាំមុន​ ខណៈ​និស្សិត​អាស៊ាន​មក​សិក្សា​នៅ​កូរ៉េ​ខាងត្បូង​ជិត​ទ្វេដង​រហូតដល់ ៣២​,៥៧៤​ នាក់​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​កត់សម្គាល់​ថា​ កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រំពឹង​ថា​ នឹង​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅលើ​តំបន់​អាស៊ាន​ក្នុងរយៈពេល​វែង​ ជាពិសេស​នៅពេល​ដែល​បែកចែក​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​បាន​និង​កំពុង​បន្ត​ធ្វើឲ្យ​រង្គោះរង្គើ​ដល់ទី​ផ្សារ​ពិភពលោក​ និង​រុញច្រាន​សេដ្ឋកិច្ច​សកលលោក​ទៅ​រក​ការ​ធ្លាក់ចុះ​។

លោក​ Yoon​ បាន​និយាយ​ថា​ “កូរ៉េ​ខាងត្បូង​បាន​ព្យាយាម​ស្ថាបនា​ កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ស្វែងរក​មូលដ្ឋាន​គ្រឹះ​ ដែល​រដ្ឋាភិបាល​បន្ត​នៅ​អនាគត​នៅ​សេអ៊ូល​ អាច​គ្រប់គ្រង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​បាន​ខ្ជាប់ខ្ជួន​”៕

កម្ពុជា​ និង​ម៉ូណាកូ​ចាប់ផ្តើម​ភ្ជាប់ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ម៉ូណាកូ​ បាន​បង្កើត​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយគ្នា​ហើយ​កាលពី​ទី១១ខែកក្កដា​ ឆ្នាំ​២០១៩កន្លងមក​នេះ​ ក្នុង​គោលបំណង​ជំរុញ​ការយោគយល់​គ្នា​ទៅវិញទៅមក​ ដើម្បី​ពង្រឹង​បំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវា​ប្រជាជន​ទាំងពីរ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ ការបង្កើត​ទំនាក់ទំនង​ការ​ទូ​តរ​វា​ប្រទេស​ទាំងពីរ​បានឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ ដោយ​ឈរ​លើ​គោលបំណង​ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ និង​ច្បាប់អន្តរជាតិ​ ជាពិសេស​ក្នុង​គោលបំណង​គោរព​ និង​លើកកម្ពស់​សន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​សមភាព​រវាង​រដ្ឋ​ និង​រដ្ឋ​ អធិបតេយ្យ​ភាពជា​តិ​ ឯករាជ្យ​ភាព​ កិច្ច​ព្រមព្រៀង​អន្តរជាតិ​ បូរណភាពទឹកដី​ និង​ការ​មិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ដទៃ​។

កម្ពុជា​ និង​ម៉ូណាកូ​ សម្រេច​ង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​តទៅ​ ដោយ​អនុលោម​តាមច្បាប់​បទ​បញ្ញ​ញ្ញ​ត្តិ​នៃ​អនុសញ្ញា​ទីក្រុង​វី​យ៉ែន​ ស្តី​ពី​ទំនាក់ទំនង​ការទូត​ ចុះ​ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​ ១៩៦១​។

ប្រទេស​ម៉ូណាកូ​មាន​ប្រជាជន​ចំនួន ៣៨​, ៨៩៧នាក់​ និង​ផលទុនជាតិ​សរុប​សំរាប់​មនុស្ស​ម្នា​ក់ៗ​ក្នុង១ឆ្នាំ ១៨៥​ ៣៩៦ដុល្លារ​ និង​មាន​ទីក្រុង​ឈ្មោះ​ម៉ូណាកូ​។ ប្រទេស​នេះ​ជា​ប្រទេស​តូចជាង​គេ​បំផុត​លំដាប់​ទី២នៅ​លើ​ពិភពលោក​ បន្ទាប់ពី​បុរី​វ៉ាទីកង់​។ នេះ​បើ​តាម​តួលេខ​ឆ្នាំ២០១៨​៕

ក្រសួងទេសចរណ៍​ដាក់​ឱ្យ​ប្រើប្រាស់​ App​ «Kingdom​ of​ Wonder​» លើកដំបូង​ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​

0

ដោយ​នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ ក្រសួងទេសចរណ៍​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ឬហៅ​ថា​ Mobile​ Application​ (App​) ថ្មី​លើកដំបូង​ដែល​មានឈ្មោះ​ថា​ «Kingdom​ of​ Wonder​» ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ តាម​ប្រព័ន្ធ​ឌីជីថល​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​លោក​ គុជ​ បញ្ញា​សាបាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្ដីពី​ ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ នា​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ បានឱ្យ​ដឹង​ថា​ គោលបំណង​នៃ​សិក្ខាសាលា​ គឺ​ដើម្បី​បង្កើន​ការយល់​ដឹង​ និង​ចែករំលែក​បទពិសោធន៍​ដល់​ភាគី​ពាក់ព័ន្ធ​ ក្នុង​វិស័យ​ទេសចរណ៍​ ស្តី​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ ក៏ដូចជា​ការ​ប្រែក្លាយ​សេវាកម្ម​នានា​ក្នុង​វិស័យ​ទេសចរណ៍​ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​និន្នាការ​ថ្មី​នៃ​សាកលលោក​ នា​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម៤.០​។

លោក​បន្ត​ថា​ និន្នាការ​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ ទទួល​បានការ​ពេញនិយម​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាជន​ ក៏ដូចជា​ទេសចរ​ជុំវិញ​ពិភពលោក​ ដោយ​គិត​ត្រឹម​ឆ្នាំ២០១៨​ មាន​អ្នកប្រើ​ប្រាស់​រហូតដល់ ៤.១ពាន់​លាន​នាក់​ ក្នុង​នោះ​ Facebook​ មាន​អ្នកប្រើ​ប្រាស់​ចំនួន​ ២.៣២ពាន់​លាន​នាក់​ និង​ YouTube​ មាន​អ្នកប្រើ​ប្រាស់​ចំនួន ១.៨ពាន់​លាន​នាក់​។

ដូច្នេះហើយ​បាន​ជា​ក្រសួងទេសចរណ៍​កម្ពុជា​ រៀបចំ​ឱ្យ​មានកម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ «Kingdom​ of​ Wonder​» នេះ​ឡើង​ ដើម្បី​ដាក់​ឱ្យ​ទេសចរ​ជាតិ​-អន្តរជាតិ​ទាញ​យក​ (Download​) ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ iOS​ (App​ Store​) និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ (Play​ Store​) ដោយ​ឥតគិតថ្លៃ​។

កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ «Kingdom​ of​ Wonder​» គឺ​ជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ ដែល​រួមមាន​គោលដៅ​ទេសចរណ៍​ ព្រឹត្តិ​ការណ៍​ទេសចរណ៍​ផែនទី​ទេសចរណ៍​ ជើងហោះហើរ​ អាកាសធាតុ​ ភោជនីយដ្ឋាន​ កន្លែង​ស្នាក់នៅ​ មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​ និង​ព័ត៌មាន​សំ​ខាន់​ៗដទៃទៀត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការស្វែងរក​ព័ត៌មាន​ និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មានបំណង​ទស្សនា​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

អនុរដ្ឋ​លេខាធិការ​បាន​រូប​នេះ​បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​ ក៏ដូចជា​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ ចូលរួម​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ និង​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន​ ជាពិសេស​ប្រែក្លាយ​សេវាកម្ម​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ឱ្យ​ស្របតាម​និន្នាការ​ថ្មី​នៃ​សាកលលោក​។

តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ​ខាងលើ​ ក្រសួងទេសចរណ៍​រំពឹង​ថា​ ទេសចរ​ជាតិ​-អន្តរជាតិ​ និង​ក្រុមហ៊ុនទេសចរណ៍​ទាំងអស់​មាន​ភាព​ងាយស្រួល​ ក្នុង​ការស្វែងរក​ពត៌មាន​ទេសចរណ៍​ ដើម្បី​សម្រេច​នូវ​កំណើន​ទេសចរ​អន្តរជាតិ​ ៦.៦លាន​នាក់​ ក្នុង​ឆ្នាំ២០១៩​ និង​ជាង៧លាន​នាក់​នៅ​ឆ្នាំ២០២០​៕

ក្រុមហ៊ុន​ធំ​មួយ​របស់​អាមេរិក​ផ្តល់​ប្រឹក្សា​ផ្នែក​ប្រតិបត្តិ​ការ​ដល់​ក្រុមហ៊ុន​ចិន​ក្នុង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​ Huntson​ Andrews​ Kurth​ LLPបាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ក្រុមហ៊ុន​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​ប្រឹក្សា​ ផ្នែក​ប្រតិ​បតិ្តការ​ដល់​ក្រុមហ៊ុន​ China​ Road​ and​ Bridge​ Corporation​ ក្នុង​ការអភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ដែល​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​។

ក្រុមហ៊ុន​ China​ Road​ and​ Bridge​ Corporation​ ជា​ក្រុមហ៊ុន​សំណង់​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ដែល​បាន​ផ្តល់​ហិរញ្ញវត្ថុ​លើ​កិច្ច​ព្រមព្រៀង​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​ ៣១​ ខែ​ ឧសភា​ឆ្នាំ​ ២០១៩លើ​ការ​សាង​សង់​ផ្លូ​វល្បឿន​លឿន​ ដែល​មាន​ទឹ​កន​ប្រាក់​ជិត២០០០លាន​ដុល្លារ​អាមេរិក​នេះ​។

គម្រោង​នេះ​គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​ សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ឈាន​ដល់​ការ​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​នេះ​នៅ​ឆ្នាំ២០១៩​។ គម្រោង​នេះ​នឹង​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​កំពង់ផែ​សមុទ្រ​ជ្រៅ​តែមួយគត់​របស់​ប្រទេស​កម្ពុជា​។ ការស្ថាបនា​ត្រូវ​បាន​រំពឹង​ថា​នឹង​ចំណាយពេល​បួន​ឆ្នាំ​ដើម្បី​បញ្ចប់​។

លោក​ Kirk​ A. Lovric​ ជា​ដៃគូ​ផ្នែក​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ពិភពលោក​របស់​ក្រុមហ៊ុន​ Hunton​ Andrews​ Kurth​ ជា​ដៃគូ​ និង​បាន​ដឹកនាំ​ក្រុមហ៊ុន​ Hunton​ ក្នុង​ផ្តល់​យោបល់​ដល់​ក្រុមហ៊ុន​ China​ Road​ and​ Bridge​ Corporation​ អស់​រយៈពេល៣ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា​ “វា​ពិតជា​ផ្តល់​កិត្តិយស​សម្រាប់​ក្រុមហ៊ុន​ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​មួយ​ ដែល​មាន​ទំហំ​ធំធេង​ដែល​រំពឹង​ថា​ នឹង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ (កម្ពុជា​)”។

កាលពី​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៩​ ឆាប់​ៗខា​មុខ​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចូលរួម​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​ ព្រះសីហនុ​ មួយ​ខ្សែ​នេះ​។

លោក​វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹង​ជញ្ជូន​បាន​មានប្រសាសន៍​ ថា​ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​ ព្រះសីហនុ​ ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន​ នឹង​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​អាច​បើក​បាន​ ក្នុង​ល្បឿន​ចន្លោះ​ ៩០​-១៦០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​ក្រុមហ៊ុន​នឹង​មាន​ដាក់​គំនូស​សញ្ញា​ កំណត់​ល្បឿន​នៅ​លើ​គន្លង​ផ្លូវ​នី​មួយ​ៗ ដើម្បី​ឱ្យ​អ្នកបើកបរ​ដឹងពី​ល្បឿន​ដែល​ត្រូវ​បើក​។ ដូច្នេះ​ប្រសិនបើ​អ្នកបើកបរ​បើក​មិន​គ្រប់​ល្បឿន​ ដែល​បាន​កំណត់​ពួកគេ​នឹង​ទទួលរង​នូវ​ការ​ផាកពិន័យ​។

លោក​បន្ត​ថា​ “វា​ជា​ផ្លូវ​ល្បឿន​លឿន​ ហេតុនេះ​ការ​បើកបរ​តាម​គំនូស​សញ្ញា​បង្ហាញ​ពិតជា​មាន​សារសំខាន់​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នានា​ ក៏ដូចជា​កាត់បន្ថយ​ផល​រំខាន​ពី​អ្នកបើកបរ​ផ្សេងទៀត​” ។ លោក​បន្ត​ថា​ “ផ្លូវ​នេះ​នឹង​មាន​ចំណត់​ឈប់​សំចត​ចំនួន៣កន្លែង​ មជ្ឈមណ្ឌល​ថែទាំ​យានយន្ត​មួយ​កន្លែង​ ស្ពាន​អាកាស​ចំនួន៧​”។

ក្រុមហ៊ុន​ Hunton​ Andrews​ Kurth​ មានបទពិសោធន៍​លើ​ការរៀបចំ​កិច្ចសន្យា​ទាំងស្រុង​សម្រាប់​ គម្រោង​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​ (PPP​) ។ ក្រុមហ៊ុន​នេះ​បាន​តំណាង​ឱ្យ​អ្នក​ផ្តល់​ប្រាក់កម្ចី​លើ​គម្រោង​ អ្នក​អភិវឌ្ឍ​ អ្នក​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ អ្នកឧបត្ថម្ភ​ និង​រដ្ឋាភិបាល​នៅ​ទូទាំង​អាហ្វ្រិក​ អាស៊ី​ អាមេរិកឡាទីន​ និង​អាមេរិក​ស្តី​ពី​ ប្រតិបត្តិ​ការ​ PPP​ និង​បញ្ហា​គម្រោង​ផ្សេងទៀត​អស់​រយៈពេល​ជាង២០ឆ្នាំ​មក​ហើយ​។

ក្រុមហ៊ុន​នេះ​ ក៏បាន​ធ្វើការ​យ៉ាង​ទូលំទូលាយ​ជាមួយ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​រដ្ឋ​ផង​ដែរ​ ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ និង​កម្មវិធី​ដទៃទៀត​ដែល​ផ្តល់​ដោយ​ធនាគារពិភពលោក​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ ភ្នាក់ងារឥណទាន​ ភ្នាក់ងារ​នាំចេញ​ទ្វេភាគី​ ភ្នាក់ងារ​ធានារ៉ាប់រង​ហានិភ័យ​ និង​ភ្នាក់ងារ​ផ្តល់​ប្រាក់កម្ចី​ជាដើម​៕

ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​នៅ​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​សាកល្បង​នៅដើម​ឆ្នាំ២០២០​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ របស់​ក្រុមហ៊ុន​ម៉ុង​ ឬទ្ធី​ និង​ ក្រុមហ៊ុន​ជប៉ុន​ YAMAMOTO​ ROCK​ PRODOUCTS​ Co.Ltd​ ​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម្បី​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ម៉ុង​ឬទ្ធី​គ្រុប​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​នៅ​ថ្ងៃទី ១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ ​ថ្ងៃនេះ​យើង​ចាប់ផ្ដើម​អ៊ុត​បេ​ទីម​ នៅ​លើ​ផ្លូវ​រត់ប្រណាំង​រថយន្ត​ប្រវែង ២.២១៧ម៉ែត្រ​ ដែល​បាន​រួមគ្នា​បង្កើត​អោយ​មាន​ជា​លើកទីមួយ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែន​ជ័យ​ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​រវៀង​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយ​លោក​ Yamamoto​ Japan​ គំរោង​នេះ​ នឹង​ចាប់ផ្ដើម​ដំណើរការ​សាកល្បង​ដើមឆ្នាំ​ 2020​ខាងមុខនេះ​ ពេលនោះ​និង​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​ចូលរួម​ ព្រមទាំង​មាន​ព្រឹត្តិ​ការណ៍​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នោះ​។

ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយនឹង​ក្រុមហ៊ុន YAMAMOTO​ ROCK​ PRODOUCTS​ Co.Ltd​ កាលពីដើម​ខែមករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ បាន​ធ្វើពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ គំរោង​សហប្រតិបត្តិ​ការ​អាជីវកម្ម​ សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ២ពិភពលោក​ ជាលើកដំបូង​បំផុត​នៅ​លើទឹក​ដី​ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ប្រទេស​កម្ពុជា​។

គំរោង​កសាង​ទីលានកីឡា​យានយន្ត​នេះ​ មិនសូវ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ទេ​ តែ​វា​នឹងអាច​ធ្វើជា​ស្ពាន​ចម្លង​ ឲ្យ​រវាង​ទំនាក់ទំនង​ក្រុមកីឡា​ករ​នៃ​ប្រទេស​ទាំងពីរ​ រួម​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន​ ទៀត​នៅ​លើ​ពិភពលោក​ ដែល​ប្រជាជន​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​របស់​លោក​ Yamamoto​ ​មាន​ទីលានប្រណាំង​រថយន្ត​ដូច​ខាងលើ​នេះ​ មួយ​កន្លែងនៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​អាយុ​កាល ១៦ឆ្នាំ​រួចមក​ហើយ​ ។ យោង​តាម​បទពិសោធន៍​នេះ​ ក្រុមហ៊ុន​ទាំងពីរ​បាន​ឯកភាព​គា្ន​ ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​កាលពី​កន្លងមក​នេះ​៕

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួល​បានការ​ហើរ​ត្រង់​ថ្មី​មួយ​ពី​ខេត្ត​ហៃ​ណាន​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Hainan​ Airlines​ បាន​ផ្តើម​ការ​ហើរ​ត្រង់​ថ្មី​មួយ​រវាង​ទីក្រុង​ Haikou​ ខេត្ត​ហៃ​ណាន​ (Hainan​) និង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ស៊ិនហួរ​ បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

ជើងហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​ Hainan​ Airlines​ បាន​ចាកចេញ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Haikou​ នៅ​ម៉ោង៧​ និង២០នាទី​យប់​។ ម៉ោង​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ចន្ទ​ ជើងហោះហើរ​ដំបូង​នេះ​ គ្រោង​នឹង​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​នៅ​ម៉ោង៨​ និង២០នាទី​យប់​ ដែល​ដូច​ម៉ោង​ក្នុង​ស្រុកក្នុង​ថ្ងៃ​តែមួយ​។

ការហោះហើរ​ចំនួន​បី​ជើង​ ត្រូវ​បាន​កំណត់​ជា​រៀងរាល់​សប្តាហ៍​នៅ​ថ្ងៃច័ន្ទ​ ថ្ងៃពុធ​ និង​ថ្ងៃសុក្រ​។

ខេត្ត​ព្រះសីហនុ​ មាន​ឆ្នេរ​ល្បីល្បាញ​បំផុត​នៅ​កម្ពុជា​។ សេវាកម្ម​អាកាសចរណ៍​ថ្មីនេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ និង​វប្បធម៌​រវាង​ទីក្រុង​ទាំងពីរ​។

បច្ចុប្បន្ន​ ខេត្ត​ហៃ​ណា​នមានផ្លូវ​អាកាស​អន្តរជាតិ​ជាង៨០​ ហើយ​មាន​គោលបំណង​បង្កើន​ផ្លូវអាកាស​អន្តរជាតិ​ដល់១០០​ នៅ​ត្រឹម​ឆ្នាំ២០២០​។

នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយ​ចំនួន​ជើងហោះហើរ​បាន​កើនឡើង១៥ភាគរយ​ ហើយ​ចំនួន​អ្នកធ្វើ​ដំណើរ​ក៏​មានការ​កើនឡើង២៥ភាគរយ​។ នេះ​បើ​យោង​តាម​ អ្នកនាំពាក្យ​ និង​ជារ​ដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​។

ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន៤១៥១លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន២៦៣៨លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន១៥១៣លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (charter​ flight​)មាន​ចំនួន៧២៨លើក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​; ដោយ​បង្ហាញ​ពី​ភាព​សាទរ​ជាមួយនឹង​សិទ្ធ​ផល​ ដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ទទួល​បាន​នៅពេល​នេះ​។

លោកស្រី​បាន​បញ្ជាក់​ថា​ “ពេលនេះ​កម្ពុជា​ កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​”។

លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​ហោះហើរ​ កាន់តែ​មាន​ភាព​ទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នកជំនាញ​អន្តរជាតិ​នានា​ ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​ទទួលយក​ផលប្រយោជន៍​”៕

លំហូរ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​ ៣ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ ដល់​ទឹកប្រាក់​ជាង៣០០០លាន​ដុល្លារ​អាមេរិក​ នៅ​ត្រឹម​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩នេះ​ កើនឡើង ៥៧​,៧៥ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៦​ កក្កដា​នេះ​ថា​ ទំហំ​ទុន​វិនិយោគ​សរុប​ក្នុងរយៈពេល៦ខែ​ឆ្នាំនេះ​មាន​ចំនួន៣៣៩២លាន​ដុល្លារ​ និង​មាន​គម្រោង​ចំនួន២០៤៧​ និង​ស្ថិតនៅ​លើ​ទំហំផ្ទៃ​ដី​ប្រមាណ៧លាន​ម៉ែត្រការ៉េ​ ដែល​ក្នុង​នោះ​គម្រោង​សាងសង់​ចំនួន១៥៤​ ស្មើនឹង​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣.០៧​ ពាន់​លាន​ដុល្លារ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ដោយឡែក​គម្រោង​ចំនួន១៨៩៣​ ស្មើនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣១៨លាន​ដុល្លារ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​ ដែល​រួមមាន​រដ្ឋបាល​ខេត្ត​-ក្រុង​ ជា​សេ​នា​ធិ​កា​ទទួលបន្ទុក​។

អនុរដ្ឋ​លេខាធិ​កា​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​អាគារ​សំណង់​ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១៣២៩​ អាគារ​ ហើយ​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​បែប​បុរី​មាន​ចំនួន២៥៨ទីតាំង​ ដោយ​មិនរាប់​បញ្ចូល​សំណង់​លំនៅ​ដ្ឋាន​រាយប៉ាយ​នៅ​តាម​តំបន់​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​គ្រប់ការ​សាងសង់​សំណង់​ ឬអគារ​ទាំងអស់​ចាំបាច់​តម្រូវ​ឱ្យ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ មន្ទីរ​ ដែល​មានសមត្ថកិច្ច​ក្នុង​វិស័យ​មួយ​នេះ​”។

ជាមួយនឹង​របាយការណ៍​ ដែល​បង្ហាញ​ពី​ទិន្នន័យ​នៃ​ទំហំ​វិនិយោគ​ ក្នុង​វិស័យ​សំណង់​ខាងលើ​នេះ​ មាន​ទស្សនៈ​មួយចំនួន​លើកឡើង​ថា​ ទិន្នន័យ​ គឺ​គ្រាន់តែ​ជា​តូ​លេខ​នៃ​ទំហំ​វិនិយោគ​ ក៏​ដូច​គម្រោង​សំណង់​ ដែល​ត្រូវ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​តែប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្ដែង​ហាក់​មិន​សមស្រប​នោះ​ឡើយ​ អាស្រ័យ​ដោយ​គម្រោង​ខ្លះ​ គ្រាន់តែ​បាន​ស្នើសុំ​ និង​ទទួល​បាន​សិទ្ធិ​សាងសង់​ តែ​សកម្មភាព​នៅ​មិនទាន់​កើតមាន​នៅឡើយ​។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​សំណង់​ផង​ដែរ​បាន​មានប្រសាសន៍​សាទរ​ ជាមួយនឹង​លទ្ធផល​ដែល​បង្ហាញ​នៅក្នុង​របាយការណ៍​របស់ក្រ​សួង​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ គ្មានអ្វី​ដែល​អាច​ទុកចិត្ត​បាន​ជាង​របាយការណ៍​របស់ក្រ​សួង​នោះ​ទេ​ ហើយ​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ពោល​គឺ​គេ​បាន​មើលឃើញ​ និង​រំពឹង​ទុក​តាំងពី​ឆ្នាំ​កន្លងទៅ​ម៉្លេះ​។

​លោក​បន្ត​ទៀត​ថា​ “ការ​កើនឡើង​នូវ​វិស័យ​សំណង់​ ក៏ដូចជា​វិស័យ​ផ្សេងទៀត​ គឺ​ដោយសារតែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ មាន​ភាពល្អ​ប្រសើរ​ ដែល​បាន​ជំរុញ​និង​លើកទឹកចិត្ត​បណ្តា​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ការ​ទទួល​បានផល​ពី​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ ដែល​ជា​ប្រភព​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​កើនឡើង​គួរ​ជា​ទី​មោទន​”៕