សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើឲ្យ​ចិន​ អាមេរិក​ខាតបង់​ទឹកប្រាក់​ចំនួន​ ៤១ពាន់​លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ យោង​តាម​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ របស់​សហរដ្ឋអាមេរិក​បាន​ឲ្យដឹង​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ បាន​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​ខាតបង់​គិតជា​ទឹកប្រាក់ ៤១ពាន់​លាន​ដុល្លារ​ ក្នុង​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

ទិន្នន័យ​នាំចេញ​របស់​អាមេរិក​បាន​បង្ហាញថា​ ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ ដោយ​ធ្លាក់ចុះ ៣ភាគរយ​ ស្មើនឹង​ទឹកប្រាក់២៣ពាន់​លាន​ដុល្លារ​។ ចំណែក​ការនាំចេញ​របស់​ប្រទេស​ចិន​ ទៅកាន់​អាមេរិក​បាន​​
ធ្លា​ក់​ចុ១៤ភាគរយ​ដែល​ស្មើនឹង​ទឹកប្រាក់១៨ពាន់​លាន​ដុល្លារ​។

ភាព​តានតឹង​ពាណិជ្ជកម្ម​ បាន​កើនឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំមុន​នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ លោក​Donald​ Trump​ បាន​បង្កើន​ពន្ធ​ឡើង​ដល់២៥​ ភាគរយ​ លើ​ទំនិញ​របស់​ចិន​ដែល​មាន​ចំនួន៨១៨ប្រភេទ​ទំនិញ​ និង​បាន​បន្ថែម​ការ​កើនឡើង​ដល់​បញ្ជី​រ នៅក្នុង​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​កើនឡើង​កាលពី​ឆ្នាំមុន​។

លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​នឹង​មិន​បន្ថែម​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ ដែល​នៅសល់​ពី​ប្រទេស​ចិន​ បន្ទាប់ពី​ជួប​ជាមួយ​លោក​ស៊ី​ ជី​នភី​ង ប្រធានាធិបតី​ចិន​នៅក្នុង​កិច្ចប្រជុំ​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ខែមុន​។

លោក​ប្រធានាធិបតី​អាមេរិក​ Trump​ មិន​ត្រឹមតែ​បាន​និយាយ​ថា​ លោក​នឹង​មិន​ដាក់​ពន្ធគយ​បន្ថែម​ទៀត​ទេ​ ប៉ុន្តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​មាន​ពាណិជ្ជកម្ម​តិចតួច​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន ​Huawei​ ផង​ដែរ​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ថា​ ការ​ប៉ាន់ប្រមាណ​តម្លៃ​ខាតបង់​នៃ​សង្គ្រាម​អាមេរិក​ និង​ចិន​អាច​មាន​ទំហំ​ទឹកប្រាក់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដោយ​ផលិតផល​សរុប​ក្នុង​ស្រុកលើ​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​យឺតយ៉ាវ​ ដូចជា​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ​ ២០០៨​៕

រដ្ឋាភិបាល​ថៃ​នឹង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ភ្ជាប់​ជាមួយ​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​

1

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពី​គម្រោង​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ ដ៏​ធំ​មួយ​ដែល​នឹង​តភ្ជាប់​ប្រទេស​កម្ពុជា​ សឹង្ហ​បូរី​ និង​ចិន​ ក្នុង​គោលបំណង​បង្កើត​មជ្ឈមណ្ឌល​លក​ណ្តា​លក្នុង​តំបន់​។

ការសាងសង់​គម្រោង​នេះ​បាន​ និង​កំពុង​ដំណើរការ​ ហើយ​រដ្ឋាភិបាល​នឹង​ប្រកាស​អំពី​ការ​អំពាវនាវ​ឲ្យ​មានការ​ដេញថ្លៃ​ ខណៈ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ កំពុង​រីកចម្រើន​។ នេះ​បើ​យោង​តាម​អនុរដ្ឋ​មន្រ្តី​ក្រសួង​ដឹកជញ្ជូន​ថៃ​ លោក​ Pailin​ Chuchottaworn​។

គម្រោង​នេះ​ នឹង​មិន​ត្រឹមតែ​រួមបញ្ចូល​ការ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​នឹង​រួមបញ្ចូល​ទាំង​ផ្លូវដែក​បួន​ ដែល​ប្រើ​រថភ្លើង​ល្បឿន​លឿន​ Shinkansen​ ផង​ដែរ​។

លោក​អនុរដ្ឋ​មន្ត្រី​បាន​និយាយ​ថា​ “ប្រជាជន​ថៃ​នឹងអាច​យក​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ ពី​ស្ថានីយ​រថភ្លើង​នៅ​បាងកក​ទៅកាន់​ទីក្រុង​ប៉េកាំង​ និង​សឹង្ហ​បូរី​នា​ពេល​អនាគត​”។

បណ្តាញ​ដឹកជញ្ជូន​ទំនើប​នេះ​ នឹង​គ្រប​ដណ្តប់​ចម្ងាយផ្លូវ​ជាង៣​,០០០គីឡូម៉ែត្រ​ និង​ចំណាយ​ជាង៦៧ពាន់​លាន​ដុល្លារ​។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ដែល​មាន​មហិច្ឆតា​ខ្ពស់​នឹង​ភ្ជាប់​ទីក្រុង​បាងកក​ ទៅ​ឈៀង​ម៉ៃ​ ឡាវ​ កម្ពុជា​ និង​ប្រទេស​ម៉ាឡេស៊ី​។

ស្ថានីយ៍​កណ្តាល​នៅ​ទីក្រុង​បាងកក​ គ្រោង​នឹង​ក្លាយជា​រដ្ឋ​ធំ​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់​។

ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់​រដ្ឋាភិបាល​ថៃ​ នឹង​ផ្តល់​នូវ​គម្លាត​មួយ​សម្រាប់​ផែនការ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​ ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​សម្រាប់​តំបន់​មេគង្គ​ ប៉ុន្តែ​ការ​ធ្វើ​គម្រោង​ជា​ដៃគូ​អាច​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ពន្លឿន​ការ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ថៃ​។

ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​រាប់ពាន់​លាន​ដុល្លារ​ ដែល​វិនិយោគ​នៅក្នុង​ផ្លូវ​ហាយ​វ៉េ​ការ​ សាងសង់​ស្ពាន​ និង​អាកាសយាន​ដ្ឋាន​ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​ និង​ជា​ដៃគូ​ជាមួយ​ប្រទេស​ថៃ​ ក្នុងរយៈពេល​វែង​ដោយសារតែ​ទីតាំង​កណ្តាល​របស់​ខ្លួន​។

កាលពី​ឆ្នាំមុន​អង្គភាព​អាជីវកម្ម​ចិន​ បាន​វិនិយោគ​ជិត៣​,៨ពាន់​លាន​ដុល្លារ​ ទៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​។ ទុន​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ភាគច្រើន​នៃ​ការ​វិនិយោគ​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ផ្តោត​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ ដែល​មានតម្លៃ ២​,០៨ពាន់​លាន​ដុល្លារ​ ដែល​នឹង​ក្លាយជា​ច្រករបៀង​សំខាន់​សម្រាប់​ការនាំចេញ​ និង​នាំចូល​៕

វិធានការណ៍​ក្តៅ​៖ គណៈកម្មការ​ឆ្នេរ​ចុះ​រុះរើ​សំណង់​មិន​រៀបរយ​នៅ​ឆ្នេរ​អូ​ត្រេ​សខេត្ត​ព្រះសីហនុ​

0

ដោយ ​ម៉ៃ​ វីរៈ​

ព្រះ​សី​ហនុៈ​ ជា​ការ​ចាត់​វិធានការណ៍​ក្តៅ​មួយ​ គណៈកម្មការ​គ្រប់គ្រង​តំបន់ឆ្នេរ​របស់​ខេត្ត​បាន​ចុះ​រុះរើ​សំណង់​ ដែល​ធ្វើ​គ្រោង​ដែក​នៅ​លើ​តំបន់ឆ្នេរ​អូរត្រេះ១ក្រុង​ព្រះសីហនុ​។

ក្រុមការងារ​គណៈកម្មការ​ឆ្នេរ​ថ្នាក់​ខេត្ត​ បាន​ចុះ​រុះរើ​សំណង់​ដែល​ធ្វើ​ គ្រោង​ដែក​នៅ​លើ​ទីតាំង​ដី​តំបន់ឆ្នេរ​អូរត្រេះ១ក្រុង​ព្រះសីហនុ​នា​រសៀល​ថ្ងៃទី៨​ កក្កដា​នេះ​។

មន្ត្រី​ជំនាញ​លោក​បញ្ជាក់​ថា​ កន្លងមក​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​សាងសង់​ទេ​ និង​ទុក​រយៈពេល​ឱ្យ​រុះរើ​ចេញរួច​មក​ហើយ​ ប៉ុន្តែ​ម្ចាស់​សំណង់​នៅតែ​លួច​បន្ត​ធ្វើការ​សាងសង់​ ទើប​នៅ​រសៀល​ថ្ងៃទី៨​ ខែកក្កដា​ឆ្នាំ២០១៩​ នេះ​ក្រុមការងារ​ចម្រុះ​សម្រេច​ដឹកនាំ​កម្លាំង​ចុះ​យក​គ្រឿងចក្រ​ដើម្បីឲ្យ​ចេញ​តែម្ដង​៕

វិភាគ​៖ តើ​ចិន​ប្រើ​យុទ្ធសាស្ត្រ​អ្វី​ក្នុង​ការ​វាយបក​ពីការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​-ចិន​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​ស្តី​ពី​ ការ​តំឡើង​ពន្ធគយ​ ទីក្រុង​ប៉េកាំង​បាន​និង​កំពុង​ប្រើប្រាស់​វិស័យ​មួយចំនួន​ ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន​ដាក់ទណ្ឌកម្ម​ និង​ផ្តល់​រង្វាន់​ដល់​ប្រទេស​មួយចំនួន​ដែល​ជា​សម្ព័ន្ធ​ដូចជា​ប្រទេស​កម្ពុជា​ដើម​។

កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​ បាន​បង្កើត​ឡើង​រវាង​សហរដ្ឋអាមេរិក​ ចិន​នៅ​ឯកិច្ចប្រជុំ​កំពូល​ G20​ មិន​ត្រូវ​បាន​ផ្តល់​ភាព​ជឿជាក់​ក្នុង​តំបន់​អាស៊ី​ ​ខណៈ​គ្មាន​ការកំណត់​ពេល​ជាក់​លា​ក់​ក្នុង​ចចារ​ រវាង​ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ទាំងពីរ​នោះ​ទេ​ ។ ភាគី​ទាំងពីរ​ នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​សង្គ្រាម​សេដ្ឋកិច្ច​ត្រជាក់​ ដើម្បី​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ទៅលើ​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដទៃ​។

ភ្ញៀវ​ទេសចរណ៍​ប្រទេស​ចិន​ទៅកាន់​បណ្តា​ប្រទេស​នានា​ និង​តំបន់​នៅតែ​ជា​ឧបករណ៍​ប្រើប្រាស់​ ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ ឬផ្តល់​រង្វាន់​ដល់​ប្រទេស​នានា​។ យោង​តាម​វិទ្យាស្ថាន​ទេសចរណ៍​ចិន ​(CTA​) បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើដំណើរ​ទៅកាន់​ក្រៅប្រទេស​ មាន​ចំនួន​ប្រមាណ១៤០លាន​នាក់​ កើនឡើង​ប្រមាណ ១៤ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

ភ្ញៀវ​ទេសចរ​ចិន​មាន​សក្ដានុពល​ ក្នុង​ការបង្កើត​ការ​រីកចម្រើន​ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ដែល​ទទួល​ប្រាក់ចំណូល​អតិបរមា​រហូតដល់១២0ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ ទៅដល់​ប្រទេស​ចំនួន១៥៧ជាពិសេស​នៅ​អាស៊ី​អាគ្នេយ៍​។

ឧទាហរណ៏​មួយ​អំពី​របៀប​ដែល​ទីក្រុង​ប៉េកាំង​ ប្រើប្រាស់​ទេសចរណ៍​ចិន​ទៅក្រៅ​ប្រទេស​ជា​ឧបករណ៍​ ដ៏​មាន​ឥទ្ធិពល​មួយ​ ដែល​អាច​មើលឃើញ​នៅក្នុង​ឧទាហរណ៍​ថ្មី​ៗចំនួន​ពីរ​ ដែល​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​រវាង​ប្រទេស​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​។

កាលពី​ខែមុន​ ខណៈ​មានការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ​រដ្ឋាភិបាល​ចិន​បាន​ចេញផ្សាយ​ការព្រមាន​មួយ​ស្តី​ពី​ ការ​ធ្វើដំណើរ​ទៅ​កាល​សហរដ្ឋអាមេរិក​ ដើម្បី​ធ្វើកូដកម្ម​ជា​យុទ្ធសាស្ត្រ​ដល់​វិស័យ​ទេសចរណ៍​សំ​ខាន់​ៗ នៅក្នុង​សេដ្ឋកិច្ច​អាមេរិក​។ ការ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើដំណើរ​ដ៏​មាន​ឥទ្ធិពល​នេះ​ គឺជា​សកម្មភាព​ផ្លូវការ​ដ៏​សំខាន់​បំផុត​របស់​ទីក្រុង​ប៉េកាំង​ ក្រោយពី​បាន​ផ្តល់​ដំបូន្មាន​ដល់​ភ្នាក់ងារ​ទេសចរណ៍​ ដើម្បី​បង្អាក់​ការ​ធ្វើ​ដំនើ​ររបស់​សហរដ្ឋអាមេរិក​។

ផល​ប៉ះពាល់​កើត​ឡើង​ភ្លាម​ៗ នៅក្នុង​ប្រទេស​សហរដ្ឋអាមេរិក​។ ទេសចរណ៍​ចិន​ទៅ​សហរដ្ឋ​អា​មេ​រិច​បាន​ធ្លាក់ចុះ​ជិត​៦ភាគរយ​ ដល់ទៅ៣លាន​នាក់​ដែល​ជា​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មាន​ចំនួន​ទាប​ បំផុត​ចាប់តាំងពី​ឆ្នាំ២00៣​ ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរ​អាមេរិក​។

ការវាយប្រហារ​ទន់ភ្លន់​ ដែល​បាន​រៀបចំ​ប្រកបដោយ​ប្រកដប្រជា​ នៃ​សេដ្ឋកិច្ច​ប្រទេស​មួយផ្សេងទៀត​ បាន​ផ្តល់​ផលប្រយោជន៍​ដល់ទី​ក្រុង​ប៉េកាំង​។ រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ដោយ​មិន​មានការ​ប្រឈមមុខ​ដាក់គ្នា​ទាំងស្រុង​ ដោយ​ណែនាំ​ដល់​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឱ្យ​កំណត់​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទាំងនោះ​ ដោយ​មិន​បង្ហាញ​ពី​អរិភាព​។

នៅ​ឆ្នាំ២0១៧កូរ៉េ​ខាងត្បូង​ បាន​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លរបស់​អាម៉េរិក​ ដែល​ប្រទេស​ចិន​ បាន​បញ្ចុះបញ្ចូល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ គឺ​ដើម្បី​បំបាក់​ទឹកចិត្ត​ ជា​ការ​ឆ្លើយតប​ទីក្រុង​ប៉េកាំង​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​បង្អាក់​ដល់​ដំណើរ​របស់​ទេសចរណ៍​នៅ​ប្រទេស​នេះ​។ ក្នុងរយៈពេល​ប៉ុន្មាន​ខែក្រោយ​មក​ទៀត​ ភ្ញៀវ​ទេសចរ​ចិន​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ធ្លាក់ចុះ​ខ្លាំង​រហូតដល់៥0ភាគរយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ​។ ស្រប​ពេល​ជាមួយនឹង​ការ​ធ្វើដំណើរ​ទៅ​កូរ៉េ​ខាងត្បូង​ រដ្ឋាភិបាល​បាន​ហាមឃាត់​ការ​ចាក់​ផ្សាយ​រៀង​កូរ៉េ​នៅ​តាម​ទូរ​ទស្ស​ និង​រៀបចំ​ប្រគុំ​តន្រ្តី​ផ្សេង​ៗ។

ផ្ទុយទៅវិញ​ ទីក្រុង​ប៉េកាំង​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ ដល់​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​ ដោយ​ណែនាំ​អ្នកធ្វើ​ដំណើរ​ឱ្យ​បង្កើន​ការ​ធ្វើដំណើរ​ ទៅកាន់​បណ្តា​ប្រទេស​ទាំងនោះ​ ដោយ​បាន​បង្កើន​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​នានា​របស់​ខេត្ត​របស់​ខ្លួន​ ហើយ​ថែមទាំង​បង្កើត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ដែល​ជា​សម័ន្ធ​មិត្ត​ផង​ដែរ​។

ជាឧទាហរណ៍​ ​អាជ្ញាធរ​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​ បាន​រៀបចំ​សមាគម​ទេសចរណ៍​យ៉ាងសកម្ម​ ដើម្បី​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនទេសចរណ៍​កម្ពុជា​ ហើយ​បាន​អនុម័ត​ការហោះហើរ​ដោយ​ផ្ទាល់​ពីទី​ក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។

វិស័យ​ទេសចរណ៍​ គឺជា​សសរ​ស្តម្ភ​ដ៏​សំខាន់​មួយ​ នៃ​សរសរ​ស្តម្ភ​សេដ្ឋ​កិ​ច្ច​ធំៗ​ទាំងបួន​របស់​កម្ពុជា​។

អ្នកវិភាគ​របស់​ក្រុមហ៊ុន ​Merril​ Lynch​ មក​ពី​ធនាគារ​ Bank​ of​ America​ បានឱ្យ​ដឹង​ថា​ អ្នកទេសចរ​ចិន​បាន​ជ្រើសរើស​​ចូល​មក​កម្ពុជា​ ដោយសារតែ​ការ​លើកទឹកចិត្ត​របស់​ទីក្រុង​ប៉េកាំង​ ក្នុង​ការ​ធ្វើដំណើរ​ទេសចរណ៍​ ដើម្បី​ជំរុញ​ភ្ញៀវ​ទេសចរ​មកកាន់​ប្រទេស​។

បន្ទាប់ពី​ការ​បំពេញ​ទស្សនកិច្ច​ប្រកប​ ដោយ​ភាព​ជោគជ័យ​របស់​មន្រ្តី​កម្ពុជា​ទៅកាន់​ទីក្រុង​ប៉េកាំង​អាជ្ញាធរ​ចិន​បាន​ចេញ​កម្មវិធី​ជាច្រើន​ ដើម្បី​បង្កើត​ការ​រីកចម្រើន​ផ្នែក​ទេសចរណ៍​ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងចំណោម​គំនិត​ផ្តួច​ផ្តើម​ផ្សេង​ៗទៀត​៕

ឥណ្ឌូ​នេ​ស៊ី​បាត់បង់​ដី​ស្មើនឹង​ទំហំ​ទីក្រុង​ភ្នំពេញ​ដោយសារ​ការ​កើនឡើង​កំពស់​ទឹកសមុទ្រ​

0

ដោយ​ យុទ្ធ​

ហ្សាការតាៈ​ ការ​កើនឡើង​កម្ពស់​ទឹកសមុទ្រ​ និង​កាប់​បំផ្លាញ​ព្រៃកោងកាង​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អស់​រយៈពេល១៥ឆ្នាំ​កន្លងមក​ បាន​ជន់​លិច​ឆ្នេរសមុទ្រ​ និង​ធ្វើឲ្យ​មានការ​បាត់បង់​ដី​ដែល​ស្ទើរ​ស្មើរ​នឹង​ទំហំ​ទីក្រុង​ភ្នំពេញ​។

តំបន់ឆ្នេរ​សមុទ្រ​ប្រហែល ៣០​,០០០ហិ​កតា​ បាន​បាត់បង់​អស់​រយៈពេល១៥ឆ្នាំ​មក​ហើយ​ ដោយសារ​ការ​កាប់ឆ្ការ​ព្រៃកោងកាង​អស់​ជាច្រើន​ឆ្នាំ​មក​។ នេះ​បើ​យោង​តាម​អង្គភាព​ផ្នែក​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​។ តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​សំណឹក​ដី​គឺ​តំបន់​ Central​ Java​ តំបន់​East​ Java​ និង​តំបន់ ​Southeast​ Sulawesi​។

យោងទៅតាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យដឹង​ថា​ ការបាត់បង់​ឆ្នេរសមុទ្រ​ គឺ​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឲ្យ​កាន់តែ​អាក្រក់​ឡើង​ ដោយក្រុម​ហ៊ុន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដែល​កំពុង​ឈូស​ឆាយ​ដើម​កោងកាង​ នៅ​តាម​ឆ្នេរសមុទ្រ​ដើម្បី​បង្កើត​ស្រះ​ចិញ្ចឹម​ត្រី​។

នៅក្នុង​ករណី​ដ៏​អាក្រក់​បំផុត​នេះ​ តំបន់​ខ្លះ​បានឃើញ​ភូមិ​ទាំងមូល​លិច​ចូលក្នុង​សមុទ្រ​។ ឧទាហរណ៍​ក្នុងរយៈពេល២០ឆ្នាំ​កន្លងមក​ តំបន់​ Demak​ តំបន់​ Central​ Java​ ភូមិ​ Bedono​, Rejosari​ និង​ Timbulsloko​ លិច​ចូលក្នុង​សមុទ្រ​។

​អ្នកជំនាញ​បរិស្ថាន​បាន​វាយតម្លៃ​ថា​ មូលហេតុ​ចម្បង​ដោយសារតែ​មនុស្ស​អ្នកបង្កើត​ ជាពិសេស​ដោយសារ​ឥទ្ធិពល​នៃ​ការសាងសង់​កំពង់ផែ​ និង​ការសាងសង់​គម្រោង​ឧស្សាហកម្ម​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយ​ ដែល​កើតមានឡើង​ ខណៈ​ ប្រជាជន​ជាង១៥០លាន​នាក់​ ស្មើនឹង ៦០ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​រស់នៅ​លើ​បន្ទាត់​ឆ្នេរ​ដែល​ងាយ​រងគ្រោះ​។ លើស​ពីនេះ​ទៀត​ ៨០ភាគរយ​ នៃ​តំបន់ឧស្សាហកម្ម​ទាំងអស់​ត្រូវ​បាន​ធ្វើ​នៅ​តាម​តំបន់ឆ្នេរ​ ដែល​អាច​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​៕

ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​ចំនួន១០​ នឹង​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បណ្តា​ក្រុម​ធំៗ​របស់​សហរដ្ឋអាមេរិក​ តាមរយៈ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ US​-ASEAN​ នឹង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ទាំងនេះ​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​រួចហើយ​។

ក្រុម​ហ៊ុន​ធំៗ​ទាំងនោះ​មាន​ដូចជា​ ក្រុមហ៊ុន​ General​ Electric​ (GE​) ក្រុមហ៊ុន​ Chevron​ ក្រុមហ៊ុន​ Cisco​ ក្រុមហ៊ុន​ Coca​-Cola​ ក្រុមហ៊ុន​ ConocoPhillips​ ក្រុមហ៊ុន​ Facebook​ ក្រុមហ៊ុន​ Ford​ ក្រុមហ៊ុន​ Visa​ ក្រុមហ៊ុន​ Oracle​ ក្រុមហ៊ុន​ RMA​ Group​ បាន​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ​Alexander​ Feldman​ ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដឺ​កនាំ​គណៈប្រតិភូ​មក​ពី​ក្រុមហ៊ុន​អាមេរិក​ទាំងនេះ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ថ្ងៃទី៨​ ខែកក្កដា​នេះ​ បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ នេះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​(ដៃគូ​អាស៊ាន​) និង​សហរដ្ឋអាមេរិក​ និង​ដើម្បី​ជំរុញ​ការ​ វិនិយោគ​អាមេរិក​បន្ថែម​ទៀត​មក​កម្ពុជា​។

លោក​បន្ត​ថា​ “ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ គឺជា​អង្គការ​តស៊ូ​មតិ​មួយ​សម្រាប់​សាជីវកម្ម​អាមេរិក​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​)”។ លោក​បន្ត​ថា​ “ក្រុមប្រឹក្សា​នេះ​ដើរតួ​ជា​សំឡេង​មួយ​នៃ​វិស័យ​ ឯកជន​របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទៅវិញទៅមក​ រវាង​សហរដ្ឋអាមេរិក​ និង​អាស៊ី​អាគ្នេយ៍​”។

លោក​ Alexander​ Feldman​ បន្ថែម​ថា​ សមាជិក​គណៈប្រតិភូ​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការចូលរួម​ និង​ផែនការ​សកម្មភាព​របស់​ខ្លួន​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ សុវត្ថិភាព​ចរាចរណ៍​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​មានការ​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​បាន​បង្ហាញ​ពី​ការ​ស្ម័គ្រចិត្ត​ក្នុង​ការចូលរួម​សកម្មភាព​ ទំនួល​ខុសត្រូវ​សង្គម​ ដែល​អាច​កើត​ចេញពី​ការ​ធ្វើវិនិយោគ​ (CSR​) ផង​ដែរ​។

លោក​ ស៊ុន​ ចាន់​ថុល​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​ អំពី​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ ការសិក្សា​គម្រោង​ Monorail​ ផ្លូវ​រថភ្លើង​ក្រោម​ដី​ និង​គម្រោង​ AGT​ ជាដើម​ និង​គម្រោង​កំពុង​បន្ត​ ក្នុង​កិច្ចការ​ងារ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ ការសិក្សា​ដើម្បី​រៀបចំ​បទដ្ឋាន​សម្រាប់​កំណត់​អាយុកាល​នៃ​ការប្រើ​ប្រាស់​យានយន្ត​ បទដ្ឋាន​បច្ចេកទេស​សម្រាប់​យានយន្ត​ ត្រូវ​ប្រើប្រាស់​នៅ​កម្ពុជា​ ការជំរុញ​ការប្រើ​ប្រាស់​យានយន្ត​ប្រើ​ថាមពល​អគ្គិសនី​ និង​ការ​គាំពារ​បរិស្ថាន​ ក្រោម​កិច្ចសហការ​ជា​ពី​ UNDP​។

លោក​រដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​អំពី​ ការរៀបចំ​នីតិវិធី​និង​ប្រព័ន្ធ​ចុះបញ្ជី​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដែល​មាន៨ខ្ទង់​ និង​ការ​ដេញថ្លៃ​ជា​សាធារណៈ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ នា​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​4.0​ ជាមួយ​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ ជាមួយ​គ្រឹះស្ថាន​ជា​ដៃគូ​ផង​ដែរ​ ក្នុង​គោលបំណង​ បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ​ កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ កាត់បន្ថយ​ពេលវេលា​ លុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​។

ជាមួយគ្នា​នេះ​ លោក​ទេស​រដ្ឋមន្រ្តី​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ បណ្តា​ក្រុមហ៊ុន​សហគ្រាស​ របស់​សហរដ្ឋអាមេរិក​ទាំងនេះ​បង្កើត​ និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ សេនាធិការ​ក្រសួង​ ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​មួយ​កម្រិត​ទៀត​៕

ជ្រៃធំ​កាន់តែ​មាន​សក្តា​នុ​ពល​ ខណៈ​វា​នឹង​ក្លាយជា​ទីក្រុង​កាស៊ីណូ​ថ្មី​មួយទៀត​នៅ​តាម​ព្រំដែន​

0

ដោយៈ​ រ៉ា​ណេត​

កណ្តា​លៈ​ ជាមួយនឹង​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​អចលនទ្រព្យ​ ស្រប​ពេល​ដែល​ប្លង់​មេ​របស់​ថ្នាក់​ខេត្ត​ត្រូវ​បាន​រៀបចំ​ និង​ចុះហត្ថលេខា​សម្រេច​រួចរាល់​នោះ​ តំបន់​ជ្រៃធំ​បាន​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​ ខណៈ​តំបន់់​នេះ​នឹង​ក្លាយជា​ទីក្រុង​កាស៊ីណូ​ថ្មី​មួយទៀត​ នៃ​តំបន់​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ វៀតណាម​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត ដែល​ជា​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ រៀបចំ​ប្លង់​គោល​ក្រុង​តាខ្មៅ​ និង​បណ្តា​ស្រុក​នានា​ទូទាំង​ខេត្តកណ្តាល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃទី៨​ កក្កដា​នេះ​ថា​ ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​នៅក្នុង​ស្រុក​កោះធំ​ ជាពិសេស​តំបន់​ជ្រៃធំ​តែម្ដង​ ​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព​។

លោក​បាន​បញ្ជាក់​ថា​ “ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗ ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ​ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​នៅក្នុង​សំដៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​”។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ តាម​ប្លង់​គោល​ តំបន់​ច្រក​ជ្រៃធំ​ត្រូវ​បាន​បែកចែក​ជា​តំបន់​ប្រើប្រាស់​ដី​ផ្សេង​ៗ ដាច់ដោយ​ឡែក​ពីគ្នា​យ៉ាង​ច្បាស់​ ដើម្បី​មាន​សោភ័ណភាព​ និង​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​តំបន់​ឱ្យ​បាន​ប្រសើរ​។ ក្រៅពី​បង្កើត​ជា​ច្រក​ទ្វារ​អន្តរជាតិ​ បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ ធ្វើជា​ឃ្លាំង​រក្សាទុក​ទំនិញ​ ក៏ដូចជា​ទីកន្លែង​ផ្លាស់ប្ដូរ​ទំនិញ​ រវាង​ កម្ពុជា​ វៀតណាម​ វា​ក៏​ត្រូវ​បាន​បែងចែក​ជា​តំបន់​លំនៅ​ដ្ឋាន​ និង​ជា​មណ្ឌល​កម្សាន្ត​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​តំបន់​ដែល​នឹង​ត្រូវ​អភិវឌ្ឍ​ជា​តំបន់​កម្សាន្ត​ ឬជា​មជ្ឈមណ្ឌល​កម្សាន្ត​ចំរុះ​ រួមមាន​តំបន់​កាស៊ីណូ​ ផ្សារ​ទំនើប​ ក៏​មាន​តំបន់​កម្សាន្ត​លើទឹក​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​កាន់តែ​អស្ចារ្យ​សម្រាប់​តំបន់​ច្រក​ជ្រៃធំ​ ពេលនេះ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ត្រូវ​បាន​កសាង​រួចរាល់​ស្ទើរ​ទាំងស្រុក​ ដូចជា​ផ្លូវ​លេខ២១​B ​ចេញពី​ក្រុង​តាខ្មៅ​ តភ្ជាប់​ទៅ​តំបន់​វត្ត​ព្រៃ​ស្បូវ​ ហើយ​បន្ត​ទៅ​តំបន់​អភិ​វឌ្ឍ​គៗ​ជិត​រួច១០០ភាគរយ​ហើយ​ ដែល​ទាំងអស់​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ​ផង​ដែរ​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ នៃ​តំបន់​ច្រក​ជ្រៃធំ​ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បង្ហើប​ប្រាប់​ថា​ ពេលនេះ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅក្នុង​តំបន់​ដែល​កំពុង​អភិវឌ្ឍ​ ក៏ដូចជា​តំបន់​ក្បែរ​ខាង​មានការ​កើនឡើង​ខ្ពស់​ ខណៈ​ដែល​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ធ្វើជា​តំបន់​ពាណិជ្ជកម្ម​កំពុងតែ​មាន​ភាព​ផុសផុល​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ខេត​ អឹ​ព្រេហ្សល​ (KAT​ APPRAILSAL​) អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ មានតម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។ អ្នកនាង​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ក្នុង​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គឺ​មានតម្លៃ​ខ្ពស់​រហូតដល់​ពី៣០០ទៅ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា​ “សម្រាប់​តម្លៃ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ដែល​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​ ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី​ ១២០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ដី​ស្ថិតនៅ​តំបន់​ចំការ​ ឬស្រែ​ក្បែរ​តំបន់​កំពុង​មានការ​អភិវឌ្ឍ​ បាន​បន្ត​ឡើង​រហូតដល់​ប្រមាណ​ ៣០​-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

នៅ​ក្នុង​មជ្ឍ​មណ្ឌល​កម្សាន្ត​ចំរុះ​នានា​ ដូចជា​ ទីកន្លែង​កម្សាន្ត​លេងល្បែង​តាម​ online​ ត្រូវ​បាន​គេ​ជួល​ក្នុង​តម្លៃ​ចាប់ពី​ ៣០​-៣៥​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ បើ​ទោះជាយ៉ាងណា​ អ្នកនាង​បាន​សង្កត់ធ្ងន់​ថា​ នៅ​ថ្ងៃខាងមុខ​ ក្រោយពេល​ការ​អភិវឌ្ឍ​បាន​បញ្ចប់​លេចចេញ​ជារូបរាង​ពិតប្រាកដ​ តម្លៃ​ទាំងអស់​នេះ​នឹង​បន្ត​ឡើង​មួយ​កម្រិត​ទៀត​។

អភិបាលខេត្ត​កណ្តាល​លោក​ម៉ៅ​ ភិរុណ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ អាជ្ញាធរ​ខេ​តនឹង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ឋ័ន្ឋ​ នៅ​តំបន់​ជ្រៃធំ​មាន​លក្ខណៈ​ពិសេស​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​មកកាន់​តំបន់​នេះ​ ព្រោះ​ការ​អភិវឌ្ឍ​ទាមទារ​ឲ្យ​មានការ​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​ ទើប​អ្នក​វិនិយោគ​មានការ​ចាប់អារម្មណ៍​ ក្នុង​ការសម្រេច​ចិត្ត​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​៕

ក្រុមហ៊ុន​យក្ស​ចិន​បោះទុន​វិនិយោគ​ប្រមាណ​ ២ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ៤ឆ្នាំ​

1

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Real​ Estate​ Group​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បស់​ចិន​ បានឱ្យ​ដឹង​ថា​ ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន​ក្នុង​ឆ្នាំ២០១៥​ មកដល់​បច្ចុប្បន្ន​ ដែល​មាន​រយៈពេល​ ៤ឆ្នាំ​មកនេះ​ ខ្លួន​បាន​វិនិយោគ​ជា​ទឹកប្រាក់​សរុប​ចំនួន​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ និង​មាន​ដី​បម្រុង​ចំនួន​ ១២០០ហិ​កតា​ ដែល​អាច​អភិវឌ្ឍ​បាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ ២០លាន​ម៉ែត្រការ៉េ​។

ក្រុមហ៊ុន​ Real​ Estate​ Group​ បាន​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​លំដាប់​ខ្ពស់​នៅ​កម្ពុជា​ និង​ជា​អ្នកបង្កើត​ និមិត្តសញ្ញា​នៃ​ទីក្រុង​ភ្នំពេញ​។

ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ Real​ Estate​ Group​ នឹង​បន្ត​បណ្តាក់​ទុន​វិនិយោគ​រហូតដល់​ ៦ពាន់​លាន​ដុល្លារ​អាមេរិក​ និង​យក​ប្រទេស​កម្ពុជា​ជា​តំបន់​យុទ្ធសាស្ត្រ​គោល​ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​សម្រេច​ឲ្យបាន​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក​ លី​ ម៉ិញ​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​កន្លងមក​នេះ​ថា​ថា​ ក្នុងរយៈពេល​ ១០ឆ្នាំខាងមុខ​នេះ​ ក្រុមហ៊ុន​នឹង​យក​ប្រទេស​កម្ពុជា​ជាទី​តាំង​យុទ្ធសាស្ត្រ​ស្នូល​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដោយក្រុម​ហ៊ុន​ នឹង​បន្ត​ពង្រីក​វិសាលភាព​ក្រុមហ៊ុន​ ទៅកាន់​ប្រទេស​សឹង្ហ​បុរី​ ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។

លោក​បន្ត​ថា​ “Prince​ នឹង​ក្លាយ​ខ្លួន​ទៅជា​ក្រុមហ៊ុន​មួយ​ ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ខណៈ​លោក​មើលឃើញ​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិតនៅ​ចំកណ្ដាល​នៃ​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. បាន​សាងសង់​អគារ​ជាច្រើន​ប្រភេទ​ ដូចជា​សណ្ឋាគារ​ អគារ​ស្នាក់នៅ​ ផ្ទះល្វែង​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​របស់​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ មាន​សាខា​ចំនួន១៣​ ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ Prince​ Real​ Estate​ នេះ​ បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផង​ដែរ​ រួមមាន Diamond​ One​, Prince​ Central​ Plaza​ និង​ Prince​ Modern​ Plaza​ ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​៕

វិស័យអចលនទ្រព្យនៅប្រទេសជប៉ុនកំពុងជួបប្រទះបញ្ហាប្រឈមជាថ្មី

0

ដោយ Donald Lee

ក្រុងតូក្យូ៖ វិស័យអចលនទ្រព្យរបស់ជប៉ុនបានឈានដល់កម្រិតខ្ពស់បំផុត ហើយត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងគំហុក ខណៈដែលកម្រិតបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឈានដល់កម្រិតខ្ពស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់មួយនេះ។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុសកល Standard and Poor’s (S & P) ។

ក្រុមហ៊ុន S&P បានឲ្យដឹងថា “ទីផ្សារអចលនទ្រព្យរបស់ជប៉ុនកំពុងកើនដល់កម្រិតកំពូល ហើយត្រៀមនឹងធ្លាក់ចុះវិញ”។

របាយការណ៍ស្រាវជ្រាវហិរញ្ញវត្ថុបានបន្ថែមថា “ទោះបីជាលក្ខខណ្ឌក្នុងទីផ្សារជួលការិយាល័យមានលក្ខណៈរឹងមាំក៏ដោយ ក៏វាបង្ហាញពីសញ្ញានៃការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ជាពិសេសក្នុងចំណោមក្រុមហ៊ុនផលិតកម្ម”។

ធនាគារជប៉ុនក្នុងស្រុកបានបង្កើនប្រាក់កម្ចីយ៉ាងច្រើនដល់អ្នកអភិវឌ្ឍន៍ដែលកំពុងស្វែងរកមូលនិធិសម្រាប់គម្រោងកែច្នៃឡើងវិញដ៏ធំ និងការទិញភាគហ៊ុនរបស់ក្រុមហ៊ុន នៅពេលតម្រូវការប្រាក់កម្ចីរបស់សាជីវកម្មបានថយចុះ។

ប៉ុន្តែខណៈដែលសេដ្ឋកិច្ចរបស់ជប៉ុនបានឈានដល់កម្រិតជិតដល់វិបត្តិសេដ្ឋកិច្ច អ្នកវិភាគជឿជាក់ថា ធនាគារអាចដាក់កម្រិតលើការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ និងបង្កើនចំណាយផ្នែកបំណុលសម្រាប់ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Mitsubishi Estate Co. , ក្រុមហ៊ុន Mitsui Fudosan Co. , ក្រុមហ៊ុន Sumitomo Realty & Development Co. និង Nomura Real Estate។

ក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនរបស់ប្រទេសជប៉ុនត្រូវបានចូលរួមនៅក្នុងការអភិវឌ្ឍ ការជួល ការគ្រប់គ្រងអចលនទ្រព្យ និងការលក់អគារស្នាក់នៅ និងអគារការិយាល័យនៅក្នុងប្រទេស។

ក្រុមហ៊ុន S&P បានឲ្យដឹងថា “ប្រសិនបើធនាគារបានកាត់បន្ថយប្រាក់កម្ចីរបស់ពួកគេទៅឲ្យក្រុមហ៊ុនអចលនទ្រព្យខណៈដែលស្ថានភាពហិរញ្ញវត្ថុកាន់តែយ៉ាប់យ៉ឺន ពួកគេអាចទាញតម្លៃអចលនទ្រព្យ និងបង្កើនចំណាយហិរញ្ញវត្ថុ។

ក្រុមហ៊ុន បន្ថែមថា វាអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អចលនទ្រព្យកាន់តែអាក្រក់ទៅៗ៕

តើ​ទីក្រុង​ណាខ្លះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​កកស្ទះ​ចរាចរណ៍​ខ្លាំង​បំផុត​

0

ដោយ​ ម៉ៃ​ វីរៈ​

អា​ស៊ានៈ​ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយជា​ប្លុក​សំខាន់​ថ្មី​ នែ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​ ដែល​ធ្វើឲ្យ​ប្រទេស​ក្នុង​តំបន់​នេះ​ជួប​បញ្ហា​ប្រឈម​នៃ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​អាក្រក់​ផង​ដែរ​។

បច្ចុប្បន្ន​មាន​ទីក្រុង​បី​នៅ​ស៊ី​អាគ្នេយ៍​ ដែល​ស្ទះ​ចរ​រា​ចណ៍​បំផុត​: ម៉ានីល​ជាទី​ក្រុង​ធំ​ទីពីរ​របស់​ហ្វីលីពីន​ ដែល​មាន​ប្រជាជន​រស់នៅ​ជាង​ 12​លាន​នាក់​។ ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​មួយ​នេះ​ ក៏​មិនចាញ់​ទី​ក្រុង​ផ្សេង​ៗឯទៀត​នៅក្នុង​តំបន់​អាស៊ី​ដែរ​។

លោក​ Daniel​ Fernando​ អភិបាលក្រុង​ម៉ានិល​ឡា​ បាន​ផ្ដល់​បទ​សំភាស​ន៍​មួយ​ទៅកាន់​ការសែត​ ABS​ news​ ថា​ ម៉ានីល​ជាទី​ក្រុង​ធំ​ទីពីរ​របស់​ហ្វីលីពីន​ ហើយ​ប្រជាជន​ក៏​ច្រើនណាស់​ដែរ​ បើ​និយាយ​ការ​កកស្ទះ​ចរាចរណ៍​វិញ​ គឺ​សឹងតែ​រាល់ពេល​ទាំងអស់​ទៅ​ហើយ​ មាន​ពេលខ្លះ​កកស្ទះ​ដល់ទៅ​ពីរបី​ម៉ោង​ឯនុះ​ ក៏ប៉ុន្តែ​ខាង​ក្រុង​ក៏​កំពុង​រក​វិធី​ក្នុង​ការ​ដោះស្រាយ​ភាព​កកស្ទះ​ទាំងអស់​នេះ​ហើយ​។

​ហ្សាការតា​គឺជា​ទីក្រុង​ ដែល​មាន​ភាព​ទា​ក់​ទាញ់​មួយ​នៅក្នុង​តំបន់​អាស៊ី​ ទាំង​សេដ្ឋកិច្ច​ វប្ប​ធម៌​ និង​កំ​សាន្ដ នេះ​បើ​តាម​ការ​ចុះផ្សាយ​ Indonesia​ point​។ ហ្សាការតា​ គឺជា​ទីក្រុង​ជាប់​លំដាប់ថ្នាក់​ទីពីរ​ ដែល​មាន​ភាព​កកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេរ​យ៍​។ ទីក្រុង​មួយ​នេះ​មាន​ប្រជាជន​រស់នៅ​ជាង​10​លាន​នាក់​បើ​គិ​ត្រឹម​ឆ្នាំ​2018​។

ចំណែក​បាងកក​របស់​ប្រទេស​ថៃ​ ក៏​ជាទី​ក្រុង​មួយ​ដែល​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ការសែត​ បាងកក​ប៉ុ​ស្ដិ៍​។

ការ​កកស្ទះ​នៅ​ទីក្រុង​បាងកក​ បាន​ចាប់​ផ្ថើម​ពី​ពេល​ប្រ​លឹម​រហូតដល់​ពាក់កណ្ដាល​រាត្រី​។

ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែល​ប្រចាំការ​នៅ​ប៉ុ​ស្ដិ៍​យាម​ ស្ថិតនៅ​តំបន់​ឡាំ​ផា​នី​បាន​និយាយ​ “ខ្ញុំ​បាន​មក​ប្រចាំ​នៅ​តំបន់​នេះ​ ប្រហែង​ជា​ជិត​10​ឆ្នាំ​មក​ហើយ​ អ្វី​ដែល​ខ្ញុំ​សម្គាល់​ឃើញ​គឺ​កំណើត​នៃ​យាន្ដយន្ដ​របស់​ប្រជាជន​ ក្នុង​ទីក្រុង​បាងកក​កាន់តែ​កើតឡើង​រាល់ថ្ងៃ​”។

រាជធានី​របស់​ប្រទេស​ថៃ​ នា​ពេល​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង​9លាន​នាក់​៕