មន្រ្តី​ទេសចរណ៍​អាស៊ាន​ដាក់ចេញ​ផែនការ​ជំរុញ​ការ​លើក​កំពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់

0

ដោយ​នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​ នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បាន​រួមគ្នា​ដាក់ចេញ​នូវ​ផែនការ​ជំរុញ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន​ ស្របតាម​ផែនការ​របស់​ខ្លួន​។

ក្នុង​កិច្ចប្រជុំ​លើក​ទី៦​ នៃ​ក្រុមការងារ​ទីផ្សារ​ទេសចរណ៍​អាស៊ាន​ នៅ​ខេត្តសៀមរាប​ នា​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​លោក​ថោង​ រដ្ឋ​សក្តិ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ក្រសួង ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ មន្រ្តី​ជាន់ខ្ពស់​អាស៊ាន​បាន​ពិភាក្សា​ អំពី​កិច្ចសហការ​ទេសចរណ៍​ក្នុង​តំបន់​ ដើម្បី​ជំរុញ​ទេសចរណ៍​អាស៊ាន​ ស្របតាម​ចក្ខុវិស័យ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ ជាគោល​ដៅ​គុណភាព​កម្រិត​ពិភពលោក​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ស្របតាម​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ ឆ្នាំ២០១៧​-២០២០​។

ប្រទេស​សមាជិក​អាស៊ាន​បាន​ផ្តោត​ជាចម្បង​ លើ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ បណ្តាញ​សង្គម​ កិច្ចសហការ​រួមគ្នា​លើ​ការរៀបចំ​ព្រឹ​តិ្ត​ការណ៍​ទេស​ចរ​ណ៍​ផ្សេង​ៗ ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​ដៃគូ​សំ​ខាន់​ៗក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាដើម​។

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​កញ្ចប់​ ខ្សែ​ទស្សនកិច្ច​បែប​វប្បធម៌​ បេតិកភណ្ឌ​ ម្ហូបអាហារ​ ធម្មជាតិ​ជាដើម​ នៅក្នុង​គេហទំព័រ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​។

នៅ​ឆ្នាំ២០១៨កន្លងទៅ​ តំបន់​អាស៊ាន​បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ ១៣០លាន​នាក់​ ក្នុង​កំណើន ៨.៤​% ក្នុង​នោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​ (Intra​-ASEAN​ Travelers​) ប្រមាណ ៤០​%៕

អគារ​ការិយាល័យ​ជួល​នៅ​ក្រុង​បាងកក​នឹង​កើន​ដល់​ ១០លាន​ម៉ែត្រការ៉េ​នៅ​ឆ្នាំ២០២២​

0

ដោយ​ Donald​ Lee​

បាងកក៖​ ក្រុមហ៊ុន​ CBRE​ ថៃ​បាន​ព្យាករណ៍​ថា​ ការិយាល័យ​ជួល​នៅ​បាងកក​នឹង​មាន​កើនឡើង​ដល់១០លាន​ម៉ែត្រការ៉េ​នៅ​ត្រឹម​ឆ្នាំ​ ២០២២​ ខណៈ​ក្រុមហ៊ុន​ពី​ហុងកុង​ជាច្រើន​ កំពុង​ផ្លាស់​ប្តូរ​ទីតាំង​ទៅកាន់​រាជធានី​ថៃ​នេះ​ ដើម្បី​ដាក់ជា​មូលដ្ឋាន​ប្រតិបត្តិ​ការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

បច្ចុប្បន្ន​នេះ​ ការិយាល័យ​ជួល​នៅ​ទីក្រុង​បាងកក​ មាន​ទំហំ ៨​,៩៥លាន​ម៉ែត្រការ៉េ​នៅក្នុង​ទីក្រុង​បាងកក​ដែល​មាន​ចំនួន​ជាង៨លាន​នាក់​។

លោក​ Roongrat​ Veeraparkkaroon​ ទីប្រឹក្សា​របស់​ CBRE​ បាន​និយាយ​ថា​ ការ​ផ្គត់ផ្គង់​ថ្មី​ ដែល​ទើបនឹង​សាងសង់​ទាំង​គម្រោង​សាងសង់​ និង​អគារ​ការិយាល័យ​ដែល​មាន​ទំហំ​ជាង២លាន​ម៉ែត្រការ៉េ​ ដែល​នឹង​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ២០២២​ នឹង​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ដល់ទី​ផ្សារ​នេះ​។

គម្រោង​អភិវឌ្ឍន៍​ការិយាល័យ​ថ្មី​ភាគច្រើន​ នឹង​មាន​បំពាក់​នូវ​គ្រឿងបរិក្ខារ​ថ្មី​ដែល​មាន​ភាពល្អ​ប្រសើរ​ ខណៈ​ការប្រកួត​ប្រជែង​កើនឡើង​ ដោយសារតែ​ក្រុមហ៊ុន​ថ្មី​របស់​ហុងកុង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​វិនិយោគ​ការិយាល័យ​ជួល​លំដាប់​ A។

ការិយាល័យ​ជួល​នៅ​ហុងកុង​ មានតម្លៃ​ថ្លៃជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការិយាល័យ​ជួល​ នៅ​ក្រុង​បាងកក​ជាមួយ​តម្លៃ​ទាប​ ទីតាំង​កណ្តាល​ និង​ការសាងសង់​មានគុណ​ភាពល្អ​ប្រសើរ​។

លើស​ពីនេះ​ទៅទៀត​ ភាព​ចលាចល​ផ្នែក​នយោបាយ​ នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ជាទី​ក្រុង​ ដែល​បាន​ទស្សនា​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​ បាន​បិទ​អាជីវកម្ម​នៅក្នុង​ទីក្រុង​នេះ​ ដែល​ធ្វើឲ្យ​អាជីវកម្ម​ទាំងនោះ​ ទទួលរង​ការបាត់បង់​ប្រាក់​រាប់​លាន​ដុល្លារ​។ កាលពី​សប្តាហ៍​មុ​នប៉ូ​លីស​ បាន​បាញ់កាំភ្លើង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ទៅកាន់​ក្រុម​អ្នក​តវ៉ា​ នៅពេល​ដែល​មនុស្ស​ជិត​កន្លះ​ លាន​នាក់​បាន​ចូលរួម​បាតុកម្ម​នៅ​តាមផ្លូវ​ហុងកុង​។

ក្រុង​បាងកក​ដែល​ជាទី​ក្រុង​ ដែល​បាន​ទស្សនា​ច្រើនជាង​គេ​បំផុត​ទីពីរ​ របស់​ពិភពលោក​ បាន​ទទួលការ​កែលំអ​ជាចាំបាច់​ ក្នុង​វិស័យ​អចលនទ្រព្យ​កាលពី​ប៉ុន្មាន​ខែមុន​។ ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ធ្វើ​ចរាចរ​សាធារណៈ​ បាន​បង្កើន​តម្លៃ​ដីធ្លី​នៅ​ទូទាំង​ទីក្រុង​នេះ​។

ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​នេះ​បាន​កើតឡើង​កាលពី​ខែមុន​ នៅពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​គម្រោង​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ដ៏​ធំ​មួយ​ ដែល​នឹង​ភ្ជាប់​ប្រទេស​ទៅ​ប្រទេស​ចិន​ សិង្ហបុរី​ ម៉ាឡេស៊ី​ កម្ពុជា​ និង​ឡាវ​។

សមាសភាគ​សំខាន់​មួយ​នៃ​ទុន​វិនិយោគ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៦៧ពាន់​លាន​ដុល្លារ​ នឹង​ត្រូវ​បាន​បង្កើត​ឡើងជា​មជ្ឈមណ្ឌល​រថភ្លើង​ល្បឿន​លឿន​ នឹង​ក្លាយជា​តំបន់​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ធ្វើឲ្យ​ទីក្រុង​បាងកក​ជា​មជ្ឈមណ្ឌល​កណ្តាល​នៃ​តំបន់​មេគង្គ​។ តម្លៃ​ដីធ្លី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ខ្ពស់​នៅ​ជុំវិញ​តំបន់​ Bang​ Sue​ នៃ​ទីក្រុង​បាងកក​បន្ទាប់ពី​ការដំឡើង​ស្ថានីយ​កណ្តាល​៕

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ អាមេរិក​កើន​ដល់​ជិត​ ២ពាន់​លាន​ដុល្លារ​ក្នុងរយៈ​ពេល ៤ខែ​នៃ​ឆ្នាំនេះ​

1

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-អាមេរិក​ នៅតែ​មាន​លក្ខណៈ​វិជ្ជមាន​ មិន​មាន​សញ្ញាណ​ថមថយ​ឡើយ​ ខណៈ​ភាគី​ទាំងពីរ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ធុរកិច្ច​ និង​វិនិយោគ​ រាប់​ចាប់តាំងពី​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ រហូតដល់​សេវាកម្ម​បច្ចេកវិទ្យា​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា​ គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ​ សម្រេច​បាន​ទឹកប្រាក់ ១​,៦៥៦លាន​ដុល្លារ​ កើនឡើង ២៣​,៧១​%ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ២០១៨​។

នៅក្នុង​កិច្ចពិភាក្សា​រវាង​ លោក​ Alexander​ Feldman​ រួម​ជាមួយ​តំណាង​សា​ជីវ​កម្ម​ធំៗ​របស់​អាមេរិក​ មាន​ដូចជា​ ConocoPhillips​, Ford​, General​ Electric​ (GE​), Chevron​, Coca​-Cola​, Facebook​, Amazon​ Web​ Service​, Oracle​, Google​, Master​ Card​ និង​ Visa​ Card​ ជាមួយ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ កាលពី​រសៀល​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩​ ​; សុទ្ធតែ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា​ និង​មានបំណង​បណ្តាក់​ទុន​បន្ថែម​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

យ៉ាងណាក៏ដោយ​ ការអនុវត្ត​ស្តង់ដារ​រថយន្ត​អាស៊ាន​ នីតិវិធី​នាំចូល​សម្ភារ​បរិ​ក្ខា​ពេទ្យ​ និង​គ្រឿងម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​ ការទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ផលិតផល​កូ​កា​-កូឡា​ឆ្លងដែន​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ គឺជា​របៀបវារៈ​ដែល​បាន​លើកឡើង​ដោយ​ភាគី​អាមេរិក​។

លោក​រដ្ឋមន្ត្រី​ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ US​-ABC​ និង​តំណាង​សាជីវកម្ម​ទាំងអស់​ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​កំណែទម្រង់​នានា​ ដើម្បី​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ និង​ការពារ​អត្ថ​ប្រយោជន៍​ជូន​វិស័យ​ឯកជន​ ដែល​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ ពី​ប្តេជ្ញា​ចិត្ត​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការ​បន្ត​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​។ បន្ថែម​លើស​នោះ​លោក​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​US​-ABC​ ពី​ភាព​ដឹកនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ នៅក្នុង​ការចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ និង​ដៃគូ​ រួមមាន​ អាស៊ាន​ +១, អាស៊ាន​ +៣ និង​អាស៊ាន​ +៦ ព្រមទាំង​កិច្ចប្រឹងប្រែង​លុបបំបាត់​របាំង​ពន្ធគយ​ និង​គោលនយោបាយ​គាំពារ​និយម​ ជាដើម​។

កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-អាមេរិក​ សម្រេច​បាន​ ៤,២៦៤លាន​ដុល្លារ​ គឺ​បាន​កើនឡើង​ប្រមាណ២៣​%ធៀប​នឹង​ឆ្នាំ២០១៧​៕

រដ្ឋមន្ត្រី​សាធារណៈ​ការ​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ជាថ្មី​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ស៊ុន​ ចាន់​ថុល​ បាន​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ជាថ្មី​ ដែល​គំរោង​នេះ​នឹង​សាងសង់​នា​ពេល​ខាងមុខ​។

លោក​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ធុរកិច្ច​អាមេរិក​ អាស៊ាន​កាលពី​ថ្ងៃទី៨​ កក្កដា​កន្លងមក​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ នា​ពេល​ខាងមុខ​ ហើយនិង​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ទោះជាយ៉ាងណា​លោក​ស៊ុន​ ចាន់​ថុ​លមិ​នប​ញ្ជា​ក់​ពី​ពេលវេលា​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​នា​ពេលណា​នៅឡើយ​ទេ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​តភ្ជាប់​ជាមួយនឹង​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ប្រទេស​ចិន​ និង​ជា​ផ្លូវ​តភ្ជាប់​តំបន់​អាស៊ាន​ តាមរយៈ​ការ​តភ្ជាប់​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​តាមផ្លូវ​ជាតិ​លេខ៥​ ដែល​បាន​និង​កំពុង​ពង្រីក​ដោយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​។ផ្លូវ​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ១​ តាមរយៈ​ផ្លូវ​ល្បឿន​លឿន​ ដែល​នឹង​សាងសង់​នា​ពេល​ខាងមុខ​។

ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ កំឡុង​ពេល​សម្តេច​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ ប្រធាន​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ បាន​លើកឡើង​ពី​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ផង​ដែរ​។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ក្នុង​កំឡុង​ពេល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ មិនា​ ឆ្នាំ ២០១៩ កន្លងមក​នេះ​ និង​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ទៅកាន់​ព្រំដែន​ឡាវ​នា​ពេល​អនាគត​ផង​ដែរ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ត្រូវ​បាន​សិក្សា​ដោយ​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA​) ដែល​បាន​សិក្សា​បញ្ចប់​លើ​គំរោង​ផ្លូវ​ប្រវែង១៦០គីឡូម៉ែត្រ​ ដោយ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ឆ្លងកាត់​ខេត្តកណ្តាល​ ព្រៃវែង​ និង​ឆ្ពោះទៅ​កាន់​ព្រំដែន​បាវិត​ ក្នុង​ខេត្តស្វាយរៀង​។ គំរោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​រហូតដល់៣៨០០លាន​ដុល្លារ​អាមេរិក​៕

ក្រសួងការងារ​ និង​អង្គការ​ GIZ​ ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​តម្លៃ​ ៦លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​អង្គការ​ GIZ​ របស់​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្ដីពី​ការអនុវត្ត​កម្មវិធី​ “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​” (GIZ​, FABRIC​) នៅ​កម្ពុជា​។

លោ​កអ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​ការ​អញ្ជើញ​ជា​អធិបតីភាព​ជា​សាក្សី​ ក្នុង​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០១៩បាន​ថ្លែងអំណរគុណ​ដល់​អង្គការ ​GIZ​ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា​ ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា​ ជាពិសេស​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​កន្លងមក​ និង​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​ GIZ​ ក៏ដូចជា​ការ​ជួយ​របស់​រដ្ឋា​ភិ​បាល​អាល្លឺ​ម៉ង​ មកដល់​កម្ពុជា​ពិសេស​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​បណ្ឌិត​ Guenter​ Riethmacher​ នាយក ​GIZ ​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ ភាគី GIZ ​ពេញចិត្ត​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ នូវ​ការ​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​គម្រោង​អោយ​ទទួលជោគជ័យ​បន្ថែម​ទៀត​ និង​សន្យា​បន្ត​កិច្ចការ​ងារ​នេះ​បន្ថែម​ទៀត​ទៅលើ​គម្រោង​ដើម្បី​ឈាន​សម្រេច​បាន​ភាព​ជោគជ័យ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្ដីពី​ការអនុវត្ត​កម្មវិធី​“គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​” (GIZ​, FABRIC​) នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​ ចាប់ពី​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៩​ ដល់​ថ្ងៃទី៣១​ មីនា​ ឆ្នាំ២០២១​ ដែល​មាន​ថិ​វកា​ គិតជា​ទឹកប្រាក់​សរុប​ចំនួន​ ៦លាន​អឺ​រ៉ូ​ សម្រាប់​ប្រទេស​បង់ក្លាដេស​, កម្ពុជា​, ចិន​, មីយ៉ាន់ម៉ា​, ប៉ាគីស្ថាន​ និង​វៀតណាម​។

គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ រួមមាន​ ទី១​ គាំទ្រ​ដល់​បណ្តា​ស្ថាប័នរដ្ឋ​ និង​ឯកជន​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​កិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ថ្នាក់​ជាតិ​ និង​កម្រិត​សហគ្រាស​ គ្រឹះស្ថាន​ ដើម្បី​ពង្រឹង​អនុលោម​ភាព​តាម​បទដ្ឋាន​សង្គម​ និង​ការងារ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​ ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អនុសញ្ញា​អន្តរជាតិ​នានា​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេនឌ័រ​នៅកន្លែង​ធ្វើការ​។

ទី២​ ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​គម្រោង​ GIZ​, FABRIC​ ដល់​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ តម្លាភាព​ ប្រសិទ្ធភាព​ និង​ទទួល​បានការ​ជឿជាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ទី៣​ ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ​ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដែល​ ធ្វើការ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​៕

ព្រលា​នយន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ថ្មី​មួយទៀត​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ 9Air​ បាន​ចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ខេត្ត​ Guangzhou​ មក​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​ថ្មី​មួយទៀត​ ខណៈ​ព្រលា​នយន្តនេះ​ ទើបតែ​ទទួលស្វាគមន៍​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​ Air​ Asia​ មក​ពី​ក្រុង​បាន​កក​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី​ៗនេះ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សបុ​ក Cambodia​ Airports​ នៅ​ថ្ងៃទី​ ៩ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាកាសចរ​ណ 9Air​ បាន​ចាប់ផ្តើម​ហោះហើរ​ត្រង់​នៅ​ថ្ងៃនេះ​ ពី​ ខេត្ត​ Guangzhou​ របស់​ប្រទេស​ចិន​ មកកាន់​ព្រះលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ៣ជើង​ក្នុង​មួយ​សប្តាហ៍​ រៀងរាល់ថ្ងៃ​ចន្ទ​ ថ្ងៃពុធ​ និង​ថ្ងៃសុក្រ​។

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ទើបតែ​ទទួលស្វាគមន៍​ជើងហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​ Air​ Asia​ របស់​ប្រទេស​ថៃ​ជាលើកដំបូង​ កាលពី​ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដែល​ក្លាយជា​ជើងហោះហើរ​អន្តរជាតិ​ទី៤​ មកកាន់​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​ចិន​ ម៉ាឡេស៊ី​ និង​វៀតណាម​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) ធ្លាប់​បានឱ្យ​ដឹង​ថា​ ការ​បង្កើន​ជើងហោះហើរ​ត្រង់​ពី​បណ្តា​ខេត្ត​នានា​ របស់​ប្រទេស​ចិន​មកកាន់​កម្ពុជា​ គឺជា​រឿង​ល្អ​ប្រសើរ​បំផុត​ ក្នុង​ការ​បង្កើន​ភ្ញៀវ​ទេសចរណ៍​ចិន​មកកាន់​កម្ពុជា​ឱ្យ​មាន​ចំនួន​ច្រើនឡើង​។

លោក​បន្ត​ថា​ “វា​ជា​ចំណែក​មួយ​ដែល​ជួយ​ជំរុញ​បង្កើន​វិស័យ​សេដ្ឋកិច្ច​ តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ដល់​ប្រទេស​ទាំងពីរ​ផង​ដែរ​”។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជាច្រើន​ បាន​ហូរ​ចូល​ទៅកាន់​ខេត្ត​ព្រះ​ហនុ​ តាម​គោលនយោបាយ​របស់​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​នពីង​ (ផ្លូវ​ និង​ខ្សែក្រវាត់​) ដែល​ធ្វើ​ឱ្យ​ជនជាតិ​ចិន​កាន់កាប់​មុខ​ជំនួញ​ប្រមាណ ៩០ភាគរយ​ លើ​វិស័យ​អាកាសចរណ៍​ សណ្ឋាគារ​ កាស៊ីណូ​ ភោជនីយដ្ឋាន​ និង​ហាង​ម៉ាស្សា​ជាដើម​ ហើយ​បាន​ប្រែក្លាយ​ខេត្ត​មាត់សមុទ្រ​របស់​កម្ពុជា​កម្ពុជា​មួយ​នេះ​ មានសន្ទុះ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​៕

កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G​ ជា​លើក​ទី១​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ធ្វើតេស្ត​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ដោយ​ផ្ទាល់​លើ​បច្ចេកវិទ្យា​ 5G​ ដំបូងបង្អស់​ក្នុង​កម្ពុជា​កាលពី​ម្សិលមិញ​។

ការ​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​នេះ​មានឈ្មោះ​ថា​ “ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​សម្រាប់​អនាគត​នៃ​ការ​តភ្ជាប់​និង​ការរស់នៅ​បែប​ឌីជីថល​”។

ជាមួយនឹង​ឧបករណ៍​អេ​ឡិច​របស់​ក្រុមហ៊ុន​ Huawei​ ដែល​ប្រើ​ដោយ​បច្ចេកវិទ្យា​ 5G​ លោក​ Thomas​ Hundt​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart​ Axiata​ បាន​ថ្លែង​ថា​ “ទិសដៅ​សំខាន់​របស់​យើង​គឺ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក​ និង​បច្ចេកវិទ្យា​បែប​ឌីជីថល​ដ៏​ពិសេស​ ដែល​នេះ​ជា​មូលហេតុ​ដែល​យើងខ្ញុំ​បាន​នឹង​កំពុង​បន្ត​វិនិយោគ​ជាមធ្យម​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ៧០​ ទៅ​ ៨០លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ ដើម្បី​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ចល័ត​កាន់តែ​មាន​ល្បឿន​លឿន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ Thomas​ បាន​ថ្លែង​ថា​ “សូម​មាន​ជំនឿ​ចិត្ត​ចុះ​ថា​ យើងខ្ញុំ​នឹង​តែ​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ 4.5G​ របស់​យើងខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ និង​ដំណាលគ្នា​ផង​ដែរ​ យើងខ្ញុំ​ក៏​ត្រៀមខ្លួន​សម្រាប់​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ពិសេស​បច្ចេកវិទ្យា​ 5G​។ ”ការ​ដាក់​បង្ហាញ​សាកល្បង​ផ្ទាល់​នៃ​បច្ចេកវិទ្យា​ 5G​ នេះ​ បាន​បង្ហាញ​ពី​លទ្ធភាព​ជាច្រើន​សម្រាប់​ពេល​អនាគត​ ដែល​អាច​តម្រង់​ទិ​សម​ជ្ឍ​ដ្ឋាន​នានា​ជាច្រើន​តាមរយៈ​ការ​ផ្លាស់​ផ្តូរ​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ពិសេស​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម​ និង​សេដ្ឋកិច្ច​។

ក្រុមហ៊ុន​អន្តរជាតិ​ដែល​គ្រោង​នឹង​ដាក់​ ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ 5G​ នេះ​ គឺ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានការ​កើនឡើង​ជាច្រើន​នា​បំណាច់​ឆ្នាំនេះ​។ ក្នុង​នោះ​ផង​ដែរ​ឃើញថា​ឧបករណ៍​ដែល​អាច​ប្រើ​បច្ចេកវិទ្យា​ 5G​ បាន​ គឺ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​កាន់តែ​ច្រើន​ឡើង​ៗ។ យើងខ្ញុំ​រំពឹង​ថា​ ការ​ចាប់ផ្តើម​ដាក់ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ 5G​ នៅក្នុង​ប្រទេស​កម្ពុជា​គឺ​នឹង​ផ្តោត​ជា​សំខាន់​ដំបូង​នៅ​តាម​ទីកន្លែង​ដែល​មាន​អ្នកប្រើ​ប្រាស់​ច្រើន​ (hotspots​) នៃ​បណ្តា​រាជធានី​ក្រុង​សំ​ខាន់​ៗ ក្នុងរយៈពេល​ពីរបី​ឆ្នាំ​ដំបូង​។

លោក​ Thomas​ បាន​បន្ថែម​ថា​ “ដូចដែល​បាន​បង្ហាញ​តាមរយៈ​ការសាកល្បង​ដោយ​ផ្ទាល់​នេះ​ ក្រុមហ៊ុន​ Smart​ បាន​និង​កំពុង​ពិនិត្យ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​បច្ចេកវិទ្យា​ទំនើប​នេះ​ ហើយ​យើងខ្ញុំ​ក៏បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ឲ្យបាន​ថា​ យើងខ្ញុំ​នឹង​មាន​ភាព​រួចរាល់​ ក្នុង​ការ​វិវឌ្ឍ​ខ្លួន​ទៅកាន់​បច្ចេកវិទ្យា​ 5G​ នេះ​ ។

លោក​ បាន​បន្ថែម​ថា​ “វិស័យ​ទូរគមនាគមន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​មាន​សក្តា​នុ​ពល​ និង​ឱកាស​ដ៏​ល្អ​បំផុត​ ក្នុង​ការ​ដាក់ឲ្យ​ដំណើ​ការ​បច្ចេកវិទ្យា​ 5G​ ដំបូង​គេ​បង្អស់​នៅក្នុង​អាស៊ាន​។ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ជានិច្ច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធានា​ឲ្យបាន​ថា​គោលនយោបាយ​ពាក់ព័ន្ធ​នានា​ នឹង​ត្រូវ​បាន​រៀបចំឡើង​ មាន​ភាព​សមស្រប​ទៅ​នឹង​គោលបំណង​រួម​”។

ការ​បង្ហាញ​សាកល្បង​កាលពី​ថ្ងៃច័ន្ទ​ បាន​សបញ្ជាក់​ពី​ភាពជា​អ្នកនាំ​មុខ​គេ​ជានិច្ច​របស់​ក្រុមហ៊ុន​ Smart​ នៅក្នុង​ វិស័យ​ បន្ទាប់ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​មួយ​នេះ​ គឺជា​អ្នក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ បច្ចេកវិទ្យា 4G​ ក្នុង​ឆ្នាំ​ 2014​ និង​បន្តបន្ទាប់​ដោយ​បច្ចេកវិទ្យា​ 4G​+ នៅ​ឆ្នាំ​ 2016​ និង​បច្ចេកវិទ្យា​ 4G​+ ជាមួយ​ HD​ Voice​ (VoLTE​) នៅ​ឆ្នាំ​ 2017​ និង​ 4.5G​ នៅ​ឆ្នាំ​ដដែល​៕

អាមេរិក​ គ្រោងនាំ​ក្រុមហ៊ុន​អភិវឌ្ឍ​ថាមពល​អគ្គិសនី​មកកាន់​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ជា​ការ​ឆ្លើយតបទៅនឹង​ភាព​ប្រឈម​នៃ​កង្វះខាត​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដែល​រាជ​ធា​រដ្ឋាភិបាល​កំពុងតែ​មានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នា​ពេលនេះ​ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​ក្រុមហ៊ុន​ជំនាញ​ផ្នែក​អភិវឌ្ឍ​ និង​ផលិត​ថាមពល​អគ្គិសនី​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្តី​ពី​ចក្ខុវិស័យ​ថាមពល​ឆ្នាំ២០២០​ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Michael​ Newbill​ បាន​លើកឡើង​ថា​ ជា​ការចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​ចង់​ណែនាំ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ផលិត​ថាមពល​អគ្គិសនី​ពី​ហស​រដ្ឋ​អាមេរិក​មក​ធ្វើការ​វិនិយោគ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា​ផង​ដែរ​។

ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​អគ្គនាយក​អគ្គិសនី​កម្ពុជា​ លោក​ កែវ​ រតនៈ​ បាន​ឡើង​ថ្លែង​បទ​បង្ហាញ​ពី​ភាព​ប្រឈម​នៅក្នុង​ការ​បំពេញ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​ចេះតែ​មានការ​កើន​ឥត​ឈប់​ឈ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​គំហុក​លើ​គ្រប់​វិស័យ​ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​តែម្ដង​។

ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូត​មក​ ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា​ ជាពិសេស​នៅ​តំបន់​ទីប្រជុំ​រាជធានី​ ក្រុង​ តែម្ដង​ មាន​ភាព​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជា​ខ្លាំង​ រហូត​រាជរដ្ឋាភិបាល​បានសម្រេច​ប្រកាស​ស្វែងរក​បណ្តា​ក្រុមហ៊ុន​ក្នុង​ និង​ក្រៅ​ស្រុក​នានា​ចូលរួម​មក​វិនិយោគ​ជា​ដៃគូ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។

ជា​លទ្ធផល​រហូតមកដល់​ពេលនេះ​ រួមមាន​ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ ក្រុមហ៊ុន​ចិន​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុង​ចាប់​ដំណើរការ​កសាង​រោងចក្រ​នៅ​ក្រុង​ព្រះសីហនុ​ ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួន​ទៀត​ដែល​កំពុង​រៀបចំ​ដំណើរការ​។

បន្ថែម​ពីនេះ​ នៅ​មាន​ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកា​សប​ញ្ជារ​ទិញ​ពី​ប្រទេស​ហ្វាង​ឡង់​ និង​ប្រទេស​អាល្លឺម៉ង​ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​បាន​រហូតដល់​ទំហំ​ ៤០០មេ​ហ្គា​វ៉ាត់​ ​សម្រាប់​ត្រៀម​ផ្គត់ផ្គង់​ការប្រើ​ប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ៕

រដ្ឋាភិបាល​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ និង​ក្រោម​ដី​

1

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​នឹង​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​មេសា​ និង​ខែឧសភា​ ឆ្នាំ២០១៩​ កាលពី​ថ្ងៃទី​ ៨ ខែកក្កដា​ ម្សិលមិញ​នេះ​បាន​លើកឡើង​អំពី​ការសិក្សា​គម្រោង​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើង​ស្វ័យប្រវត្តិ​ (AGT​) ការសិក្សា​គម្រោង​ Monorail​ និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ​ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​សព្វថ្ងៃ​នេះ​ ។

ជាមួយគ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ បណ្ដុះបណ្ដាល​ ពង្រឹង​ការអនុវត្ត​ច្បាប់​ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ ការអប់រំ​តាម​សាលារៀន​ ការ​បំពាក់​ផ្លាក​សញ្ញា​ ភ្លើង​សញ្ញា​ គំនូស​សញ្ញា​ចរាចរណ៍​ និង​ចំណាំងផ្លាត​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ជំរុញ​ដល់​អាជ្ញា​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​ប្រើប្រាស់​ជាប់​បាន​យូរ​ និង​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ដូចជា​៖ ការ​ផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​តាម​គោលដៅ​កំពង់ផែ​ និង​ការ​បើក​បង្រៀន​បើកបរ​យានយន្ត​ដឹកទំនិញ​ដោយ​ឥតគិតថ្លៃ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) ចំនួន​ ៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អង្គការ​ JICA​ ក៏​សិក្សា​ផង​ដែរ​។ ខ្សែ​រត់​ភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល​ ១៨​ គីឡូម៉ែត្រ​ ដែល​រត់​លើ​ផ្លូវ​មួយចំនួន​ដូចជា​ មហា​វិ​ថី​ហ្សាល​ឌឺ​ហ្គោល​ មហាវិថី​ព្រះ​មុនី​រ៉េ​ត ផ្លូវ​លេខ២១៧​ ផ្លូវ​វេ​ងស្រេង​ឆ្ពោះ​ទៅ​ព្រលា​នយន្តហោះ​ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤​ និង​កប់​ស្រូវ​។ជាមួយគ្នា​នេះ​ ក្រសួង​ក៏បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ធ្វើការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

អភិបាលខេត្ត​កំពង់ស្ពឺ​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​

1

ដោយ​ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ លោក​ វ៉ី​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​Corinth​ នៃ​រដ្ឋ​ Texas​ ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ពី​អាមេរិក​មកកាន់​កម្ពុជា​ ពិសេស​ខេត្ត​កំពង់ស្ពឺ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ សហរដ្ឋអាមេរិក​ រយៈពេល១០ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃទី៣០​ ខែមិថុនា​ ដល់​ថ្ងៃទី១០ខែកក្កដា​ ឆ្នាំ២០១៩ខាងមុខ​ អភិបាលខេត្ត​រូប​នេះ​បាន​ជួប​ជាមួយ​ក្រុម​អ្នក​វិនិយោគ​របស់​អាមេរិក​ ដើម្បី​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​ ជាច្រើន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​អភិបាលខេត្ត​បន្ត​ថា​ “ក្រុមការងារ​បាន​ពន្យល់​ដល់​អ្នក​វិនិយោគ​អាមេរិក​អំពី​ ការ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​គ្រប់​ប្រទេស​ មក​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ភាព​កក់​ ក្តៅ​ និង​សុខសាន្ត​”។លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​មួយ​ដែល​ផលិត​សម្ភារ​ពេទ្យ​ និង​ឧបករណ៍​បច្ចេកទេស​សំណង់​ និង​បរិ​ក្ខា​អេ​ឡិច​ត្រូ​និច​ មាន​ចំណាប់​លើ​ការ​វិនិយោគ​មក​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ខ្លាំង​។

លោក​វ៉ី​ សំណាង​បាន​ឲ្យ​ទៀត​ដឹង​ថា​ គោលដៅ​នៃ​ដំណើរ​បំពេញភារកិច្ច​នេះ​ គឺ​ធ្វើឡើង​ដើម្បី​គៀង​គរ​អ្នក​វិនិយោគ​ និង​សិក្សា​បច្ចេក​ទេស​ផ្សេង​ៗពី​ប្រទេស​ជឿនលឿន​ ដើម្បី​នាំមក​នូវ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​៕