រដ្ឋាភិបាល​ឡាវ​ចាត់វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​បរទេស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​ឡាវ​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​របស់​ខ្លួន​បាន​ចេញ​វិធានការ​ក្តៅ​ចំពោះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បរទេស​ទាំងឡាយ​ណា​ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​ត្រឹមត្រូវ​។

យោង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ រាល់​គម្រោង​អាជីវកម្ម​របស់​ជនបរទេស​ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការចុះបញ្ជី​ត្រឹមត្រូវ​ និង​អាជ្ញាប័ណ្ណ​ នឹង​ត្រូវពិន័យជាប្រាក់​ចំនួន​ ១0លាន​ឡាវ​ ស្មើ​ប្រហែល​ ១១៥៣ដុល្លារ​អាមេរិក​ និង​អាច​ឈាន​ទៅ​ផ្អាក​ដំណើរ​អាជីវកម្ម​ទាំងស្រុង​។

សេចក្តី​ណែនាំ​នេះ​បន្ត​ថា​ រាល់​ម្ចាស់​គម្រោង​អាជីវកម្ម​ត្រូវ​បាន​តម្រូវ​ឱ្យទៅ​ចុះបញ្ជី​សហគ្រាស​ និង​ដាក់ពាក្យសុំ​អាជ្ញាប័ណ្ណ​ធ្វើអាជីវកម្ម​ក្នុងរយៈពេល​ ៩០ថ្ងៃ​ ហើយ​បន្ទាប់មក​ ទើប​អាច​បន្ត​ប្រតិបត្តិ​ការ​ឡើងវិញ​បាន​។ សេចក្តី​ណែនាំ​នេះ​បន្ត​ថា​ ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ណា​មិនបាន​គោរព​តាម​សេចក្តី​ណែនាំ​នេះ​ នឹង​ត្រូវពិន័យជាប្រាក់​ និង​បិត​អាជីវកម្ម​ចោល​ទាំងស្រុង​ រួច​បញ្ជូន​សំណុំ​ឯក​ទៅ​ក្រសួង​-ស្ថាប័ន​មានសមត្ថកិច្ច​ ចាប់​វិធានការ​តាមផ្លូវ​ច្បាប់​ និង​អាច​បណ្តេញ​ចេញ​នូវ​ម្ចាស់​អាជីវកម្ម​ជា​ជនបរទេស​ទាំងអស់​ទៅ​ប្រទេស​ដើមកំណើត​ខ្លួន​វិញ​។

ជាមួយគ្នា​នេះ​ សម្រាប់​ជនបរទេស​ដែល​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​អ្នក​ទៃ​ក្នុង​ការ​ធ្វើអាជីវកម្ម​ក៏​នឹង​ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ​។

កាសែត​ Daily​ Vientiane​ Times​ បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​ រដ្ឋាភិបាល​ឡាវ​មាន​វិធានការ​ក្តៅ​បែបនេះ​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ជា​ញឹកញាប់​ថា​មាន​ជនបរទេស​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ឡាវ​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍​ និង​ធ្វើអាជីវកម្ម​ខុសច្បាប់​ជាច្រើន​។

ក្រសួង​បាន​ព្រមាន​ថា​ ជនបរទេស​ដែល​កំពុង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្រៅពី​ដែន​កំណត់​នៃ​អាជ្ញាប័ណ្ណ​ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​ បើមិនដូច្នោះទេ​នឹង​ត្រូវពិន័យជាប្រាក់​ចំនួន​ ៣ លាន​លុយ​ឡាវ​ស្មើនឹង​ប្រហែល​ ៣៤៦​ ដុល្លារ​អាមេរិក​ ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​លើក​ទីពីរ​ដង​ឡើង​ទៅ​នឹង​ត្រូវពិន័យជាប្រាក់​បន្ថែម​ ៥ លាន​លុយ​ឡាវ​ ស្មើ​ប្រហែល​ ៥៧៦​ ដុល្លារ​អាមេរិក​។

អ្នក​ដែល​ចង់​ដំណើរការ​អាជីវកម្ម​ក្រៅពីនោះ​ ត្រូវ​មានការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ ។ទោះជាយ៉ាងណា​ក៏ដោយ​ជនបរទេស​អាច​ដាក់ពាក្យសុំ​ធ្វើអាជីវកម្ម​ស្របច្បាប់​ក្នុងករណី​អាជីវកម្ម​របស់​ខ្លួន​ស្ថិតនៅ​ក្នុង​បញ្ជី​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ជនបរទេស​នៅក្នុង​ប្រទេស​ឡាវ​។

អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​ដែល​ទុក​សម្រាប់​ប្រជាជន​ឡាវ​នឹង​ត្រូវ​បាន​និរទេស​។អាជ្ញាធរ​ក៏បាន​ព្រមាន​ដល់​អ្នក​ដែល​ផ្តល់​ទីតាំង​ទៅ​ឱ្យ​ជនបរទេស​ដើម្បី​ធ្វើអាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​ក៏​នឹង​ត្រូវ​ដាក់ទណ្ឌកម្ម​តាមច្បាប់​ផង​ដែរ​។

ក្រសួង​ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ខេ​ត្ដ​ធ្វើការ​ជាបន្ទាន់​ជាមួយ​ការិយាល័យ​ស្រុក​ដើម្បី​ចុះ​ពិនិត្យ​ និង​អនុវត្ត​សេចក្តី​ណែនាំ​ទាំងនេះ​ឱ្យ​បាន​ច្បាស់លាស់​៕

ស្រីលង្កា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​

0

ដោយ​ វុត្ថា​

ស្រីលង្កា​៖ ធនាគារពិភពលោក​ (World​ Bank​) បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ស្រីលង្កា​មានការ​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ មក​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​។

ក្នុង​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញ​របាយការណ៍​ចុងក្រោយ​នេះ​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា​ ប្រទេស​ស្រីលង្កា​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ ដែល​មនុស្សម្នាក់​មាន​ចំណូល​ប្រមាណ​ ៤,០៦០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ​២០១៩​ នេះ​ ។

បន្ថែម​ពីនេះ​ ធនាគារពិភពលោក​ក៏បាន​ព្យាករណ៍​ផង​ដែរ​ ពី​សេដ្ឋកិច្ច​ប្រទេស​ស្រីលង្កា​នឹង​កើនឡើង​ប្រមាណ​ ៣.៥​ ភាគរយ​ សម្រាប់​ឆ្នាំនេះ​ ។

ធនាគារពិភពលោក​ (World​ Bankd​) បាន​សរសេរ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​បែកចែក​ជា​ចំណាត់ថ្នាក់​ប្រាក់ចំណូល​ជា​ ៤ ក្រុម​រួមមាន​ ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ ប្រាក់ចំណូល​មធ្យម​កម្រិត​កណ្តាល​ ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ និង​ប្រាក់ចំណូល​ទាប​។

ធនា​ការ​ពិភពលោក​ បាន​ធ្វើការ​ចំណាត់ថ្នាក់​ប្រាក់ចំណូល​របស់​ប្រទេស​នៅក្នុង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ ដោយ​ផ្តោត​លើក​ត្តា​មួយចំនួន​រួមមាន​ ប្រាក់ចំណូល​ជាតិ​ក្នុង​ស្រុក​របស់​មនុស្សម្នាក់​ ដែល​អាច​ផ្លា​សប្តូ​រពី​កំណើន​សេដ្ឋកិច្ច​ ​អតិផរណា​ អត្រា​ប្តូរ​ប្រាក់​ និង​ចំនួន​ប្រជាជន​។

ស្ថិត​ក្រោម​ចំណាត់ថ្នាក់​ប្រភេទ​ថ្មី​ ប្រទេស​ស្រីលង្កា​ស្ថិតនៅ​ក្នុង​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិតខ្ពស់​មាន​ប្រទេស​ចំនួន​ ៥៩​ ផ្សេងទៀត​ដែល​រួមមាន​ប្រទេស​ចិន​ សហព័ន្ធ​រុស្ស៊ី​ អាហ្វ្រិក​ខាងត្បូង​ ថៃ​ ម៉ាឡេស៊ី​ ម៉ិកស៊ិកូ​ ហ្វីជី​ គុយបា​ និង​ប្រេស៊ីល​។

ប្រទេស​អាហ្សង់ទីន​ ហ្សកហ្ស៊ី​ និង​កូ​សូ​វ៉ូ​ ក៏​ត្រូវ​បាន​គេ​កែ​លម្អ​ថ្មី​ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ​។

យោងទៅតាម​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក​ ប្រទេស​ចំនួន​ ៣១​ ដែល​មាន​ប្រាក់ចំណូល​ទាប​ហើយ​ប្រទេស​ចំនួន​ ៤៧​ មាន​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិតទាប​។ ប្រទេស​ចំនួន​ ៨០​ នៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​ចាត់ទុកជា​ក្រុម​សេដ្ឋកិច្ច​ដែល​មាន​ចំណូល​ខ្ពស់​៕

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ជំរុញ​បង្កើន​សក្តា​នុ​ពល​តំបន់ឆ្នេរ​កម្ពុជា​

0

ដោយ ​ម៉ាណេត

កំពត​៖ កំពត​មាន​ឆ្នេរ​ដ៏​វែង​ស្រាស់​ស្អាត​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាទូទៅ​ថា​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ពិភពលោក​។ ទោះជាយ៉ាងណា​ក៏ដោយ​ វិស័យ​ទេសចរណ៍​ត្រូវ​បាន​ផ្តោត​យ៉ាង​ខ្លាំង​លើ​តំបន់​ប្រសាទ​អង្គរ​។ ដើម្បី​ពង្រីក​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​វិស័យ​ទេសចរណ៍​ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​តំបន់ឆ្នេរ​។

លោក​ សុខ​ សុគន្ធ​ អគ្គនាយករង​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ ថា​ “រដ្ឋាភិបាល​កំពុងធ្វើការ​លើ​គោល​នយោបាយ​ថ្មី​ៗដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅកាន់​គោល​ដៅ​ផ្សេង​ៗទៀត​ជាពិសេស​តំបន់ឆ្នេរ​ និង​តំបន់​ភាគ​ឦសាន​”។ លោក​ បន្ត​ថា​ “ខ្ញុំ​គិតថា​ តំបន់ឆ្នេរ​សមុទ្រ​មាន​សក្តា​នុ​ពល​ដ៏​ធំធេង​សម្រាប់​កំណើន​ទេសចរណ៍​”។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គឺជា​អ្នកគាំទ្រ​សំខាន់​នៃ​គោលនយោបាយ​ពិពិធ​កម្ម​នេះ​។ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​នៅ​តាម​មហា​អនុ​តំបន់​មេគង្គ​សម្រាប់​គម្រោង​ប្រកប​ដោយ​បរិ​យា​ប័ន​នេះ​គឺ​នឹង​ជួយ​ក្រសួងទេសចរណ៍​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ខេ​ត្ដ​កំពត​ ខេ​ត្ដ​កែប​ និង​កោះកុង​។

ការសាងសង់​កំពង់ផែ​ដឹក​អ្នកដំណើរ​តាម​សមុទ្រ​នៅ​កំពត​កំពុង​ដំណើរការ​សាងសង់​។វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បម្រើភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​ ៣៦០,០០០​ នាក់​រាប់បញ្ចូល​ទាំង​ វៀតណាម​ និង​ថៃ​ នៅពេល​វា​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២០​។

លោក​សយ​ ស៊ី​ណុល​ ប្រធាន​មន្ទី​ទេសចរណ៍​កំពត​ បាន​មានប្រសាសន៍​ថា​ “ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​នឹង​លើកកម្ពស់​វិស័យ​ទេសចរណ៍​តាមផ្លូវទឹក​ដែល​ភ្ជាប់​អ្នកទេសចរ​មក​ពី​ប្រទេសជិតខាង​”។ លោគ​ បន្ត​ថា​ “ខ្ញុំ​គិតថា​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តកំពត​នឹង​កើនឡើង​ដោយ​នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​។

ការ​អភិវឌ្ឍ​នេះ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ផ្តល់​ឱកាស​រក​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​រួម​ទាំង​ស្ត្រី​។កែប​គឺជា​តំបន់ឆ្នេរ​ខ្សាច់​តូចបំផុត​របស់​កម្ពុជា​។ ទីផ្សារ​ក្តាម​ដែល​មាន​ប្រជាប្រិយ​ភាព​មាន​អ្នកលក់​ ៣០០​ នាក់​និង​ចំនួន​អ្នកទេសចរ​ ១,៨​ លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​។

ទឹក​កខ្វក់​ប្រមាណ​ ១០០​ ម៉ែត្រគុប​បាន​ហូរ​ចូល​ដោយ​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​ដោយធ្វើ​ឲ្យ​បរិយាកាស​ឆ្នេរសមុទ្រ​ខូចខាត​។ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ គម្រោង​ខាងលើ​បាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ដែល​តភ្ជាប់​ភោជនីយដ្ឋាន​ទៅកាន់​ប្រព័ន្ធ​លូ​ទឹក​។

លោក​លួង​ គឹ​មគួន​ ម្ចាស់​ភោជនីយដ្ឋាន​កែប​ បាន​ថ្លែង​ថា​ “មុន​ពេល​ដែល​អាជ្ញាធរ​បាន​ដំឡើង​ប្រព័ន្ធ​លូ​ទឹក​ ខ្ញុំ​មិន​មាន​អតិថិជន​ទេ​ ដោយសារតែ​ទឹក​កខ្វក់​”។លោក​ បន្ត​ថា​ “បន្ទាប់ពី​ប្រព័ន្ធ​អនាម័យ​ត្រូវ​បាន​តម្លើង​ គ្មាន​កាកសំណល់​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ ហើយ​គ្មាន​ក្លិន​ទេ​។ ឥឡូវនេះ​ខ្ញុំ​មាន​អតិថិជន​យ៉ាងតិច​ ២០​ នាក់​ជា​រៀងរាល់ថ្ងៃ​”។ វា​ក៏បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​រចនាសម្ព័ន្ធ​ទីផ្សារ​ក្តាម​ បាន​កសាង​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​និ​ ងបង្គន់​និង​បាន​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផ្លូវ​ថ្មើ​ជើង​។

មន្ត្រី​គម្រោង​ជាន់ខ្ពស់​ម្នាក់​នៅ​ ADB​ បាន​បញ្ជាក់​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចង់​ធ្វើឲ្យ​ប្រាកដ​ថា​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​នៅក្នុង​តំបន់​ទេសចរណ៍​នេះ​ និង​ដើម្បី​ធានា​ថា​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​មាន​សមត្ថភាព​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​មាន​ដូចជា​ការ​រិច​រិល​នៃ​បរិស្ថាន​ និង​បេតិកភណ្ឌ​វប្បធម៌​ដែល​អាច​បណ្តាល​មក​ពី​វិស័យ​ទេសចរណ៍​ដែល​មិន​មានការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​។

មនុស្ស​ជាង​ ២៧០០​ នាក់​រួម​ទាំង​ស្រ្តី​បាន​ទទួល​ប្រយោជន៍​ពី​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ផ្តល់​សេវា​ការ​លើកកម្ពស់​ទីផ្សារ​ និង​បដិសណ្ឋារ​កិច្ច​។ ពួកគេ​ភាគច្រើន​មានការ​ងារ​ និង​ចំណូល​ល្អ​។គម្រោង​នេះ​គាំទ្រ​ដល់​យុទ្ធ​សាស្រ្ត​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ផ្លាស់​ប្តូរ​ទីប្រជុំជន​មិនសូវ​មាន​ប្រជាជន​រស់​ ទៅជា​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ និង​ប្រកប​ដោយ​បរិ​យា​ប័ន​៕

រដ្ឋាភិបាល​គ្រោង​ចំណាយ​ជិត​ ១៣ពាន់​លាន​ដុល្លារ​លើ​ផែនការ​អភិ​វឌ្ឈ​ន៍​រយៈពេល​បី​ឆ្នាំ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ នៅក្នុង​ផែនការ​ដែល​បាន​ដាក់ចេញ​ និង​ប្រកាស​ដោយ​ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ បាន​បញ្ជាក់​ថា​ នៅក្នុង​ផែនការ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ ខាងមុខនេះ​ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត ១៣ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ទៅលើ​គម្រោង​ប្រមាណ​ជិត៦០០គម្រោង​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ លោក​ ឆាយ​ ថន​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ នៅក្នុង​ផែនការ​ ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ ថវិកា​សម្រាប់​គ្រោង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ទៅលើ​កម្មវិធី​វិនិយោគ​សាធារណៈ​ ដែល​ហៅ​កាត់​ថា​ ក.វ.ស​ គឺ​មាន​ចំនួន​ ១២,៧៨០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​គម្រោង​ចំនួន​ ៥៨៧​ គម្រោង​នៅ​ទូទាំង​ប្រទេស​។

មានប្រសាសន៍​នៅក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ ឆ្នាំ​រំកិល​ ២០២០​–២០២២​ នា​ព្រឹក​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ឆាយ​ ថន​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ បាន​លើកឡើង​ថា​ “សម្រាប់​ផែនការ​ ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ គឺ​មាន​គម្រោង​សរុប​ចំនួន​ ៥៨៧​គម្រោង​ ដែល​មាន​តម្រូវ​ថវិកា​សរុប​ចំនួន​ ១,២៧៨០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “នៅក្នុងចំណោម​គម្រោង​ទាំងនេះ​ បរិមាណ​ថវិកា​សម្រាប់​គម្រោង​កំពុង​ដំណើរការ​ចំនួន​ ១៥៣គម្រោង​ ដែល​មាន​តម្រូវការ​ថវិកា​ចំនួន​ ៤,៩០៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​គម្រោង​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ​.) មាន​ចំនួន​ ៤៣៤​ គម្រោង​ ដែល​មាន​តម្រូវ​ថវិកា​ចំនួន​ ៧,៨៧៤​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​បរិមាណ​ថវិកា​ដែល​បាន​សន្យា​ផ្តល់​មាន​ចំនួន​ ៥,៦៣៦.៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ (ពី​រាជរដ្ឋាភិបាល​មាន​ចំនួន​ ៤៧៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ដៃគូ​អភិវឌ្ឍន៍​មាន​ចំនួន​ ៥,១៦៣.២​ លាន​ដុល្លារ​អាមេរិក​) និង​តម្រូវការ​ថវិកា​បន្ថែមចំនួន​ ៧,១៤៣.៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​”។

លោក​បាន​បន្ថែម​ថា​ “ដើម្បី​ឱ្យ​កម្មវិធី​វិនិយោគ​សាធារណៈ​ (ក.វ.ស​) ៣ឆ្នាំ​រំកិល​ មានគុណ​ភាព​ពិតប្រាកដ​សម្រាប់​អនុវត្ត​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ​.) ទាមទារ​នូវ​ការចូលរួម​របស់ក្រ​សួង​,ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ការរៀបចំ​ផ្តល់​ធាតុ​ចូល​ប្រកបដោយ​គុណភាព​សម្រាប់​ផ្ញើ​មក​ក្រសួងផែនការ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ស្របតាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​ ការ​សហការ​ផ្តល់​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ កម្មវិធី​វិនិយោគ​សាធារណៈ​ (ក.វ.ស​) ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ នេះ​ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​មុន​ៗ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​”៕

សំណង់​អគារ​ខ្ពស់​ៗចំនួន​ ១៥គម្រោង​ នៅ​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​អជ្ញា​ធរ​ផ្អាក​ការសាងសង់​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ មិនមែន​មានតែ​នៅ​ក្រុង​ព្រះសីហនុ​នោះ​ទេ​ ដែល​អាជ្ញាធរ​ចុះ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​អគារ​ខ្ពស់​ៗដែល​ខុសច្បាប់​ និង​ខុស​បច្ចេកទេស​នោះ​ នៅក្នុង​រាជធានី​ភ្នំពេញ​ ខណ្ឌឫស្សីកែវ​ ក៏​មាន​អគារ​ធំៗ​ និង​ខ្ពស់​ៗចំនួន១៥ទីតាំង​ ក៏​ត្រូវ​បាន​អជ្ញា​ធរ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​ផង​ដែរ​។

បន្ទាប់ពី​មានការ​ចុះ​ត្រួតពិនិត្យ​ទៅលើ​ល័ក្ខខ័ណ្ឌ​នៃ​ការសាងសង់​ស្របច្បាប់​ ព្រមគ្នា​ជាមួយនឹង​គុណភាព​សំណង់​នានា​ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ កាលពី​ម្សិលមិញ​នេះ​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ អជ្ញា​ធរ​បាន​ចុះ​ធ្វើការ​ផ្អាក​សកម្មភាព​សាងសង់​សំ​ណង់​ធំៗ​ និង​ខ្ពស់​ ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ ចំនួន១៥ទីតាំង​ នៅក្នុង​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

លោក​ ស៊ូ​ សោគន្ធ​ អភិបាលរង​ខណ្ឌឫស្សីកែវ​ បាន​លើកឡើង​ថា​ ការ​ផ្អាក​ការសាងសង់​ជា​បន្ទាន់​ភ្លាម​ៗ ដោយសារ​មន្ត្រី​ជុំ​នា​ញចុះ​អនុវត្ត​ត្រួតពិនិត្យ​ជាក់ស្ដែង​ផ្ទាល់​ បាន​រក​ឃើញ​ ថា​ការដ្ឋាន​សំណង់​និ​មួយ​ៗ សាងសង់​ខុស​បច្ចេកទេស​ ខ្លះទៀត​ ស្នើសុំ​ច្បាប់​សាងសង់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ឬក្រសួង​រៀបចំ​ដែនដី​ តែ​មិនទាន់​ទទួល​បានច្បាប់​ត្រឹមត្រូវ​នៅឡើយ​។

លោក​ ស៊ូ​ សោគន្ធ​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​ម្ចាស់​សំណង់​មិន​ស្ដាប់ការ​ណែនាំ​ ហើយ​នៅតែ​បន្ត​សាងសង់​ ត្រូវ​មាន​វិធានការ​តាមបែបបទ​រដ្ឋបាល​ និង​អាច​ឈាន​ដល់​ការ​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

ការដ្ឋាន​សំ​ណង់​ធំៗ​ និង​ខ្ពស់​ៗចាប់ពី​ ៥ជាន់ឡើង​ទៅ​ចំនួន​ ១៥កន្លែង​ ក្នុងចំណោម​ ១៦ទីតាំង​ ដែល​ត្រូវ​បាន​អជ្ញា​ធរ​ចុះ​ផ្អាក​សកម្មភាព​សាងសង់​ ស្ថិតនៅ​សង្កាត់​ច្រាំងចំរេះ​ទី១​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ សង្កាត់​ឫស្សីកែវ​ សង្កាត់​ទួលសង្កែ​ទី១​ និង​សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​។

ចំណាត់ការ​ និង​ការ​រឹ​តបណ្តឹង​ទៅលើ​ការ​ត្រួតពិនិត្យ​ទៅលើ​ច្បាប់​សាងសង់​សំណង់​អគារ​ខ្ពស់​ៗត្រូវ​បាន​យកចិត្ត​ទុកដាក់​បន្ទាប់​កើតមាន​ព្រឹត្តិ​ការណ៍​ និង​សោកនាដកម្ម​រលំ​បាក់​អគារ​កម្ពស់៧ជាន់​នៅ​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន២៨នាក់​ និង​រង​របួស​ចំនួន២៦នាក់​ ៕

រដ្ឋាភិបាល​គ្រោង​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​

0
រូបតំណាង

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ថ្លែង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​លាយ​ស៊ី​ម៉ង់​ត៍​មួយចំនួន​ដែល​កំពុង​ប្រតិបត្តិ​ការ​រកស៊ី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ខណៈ​ក្រុមហ៊ុន​ទាំងនេះ​ ត្រូវ​បាន​ពិនិត្យមើល​ឃើញថា​មិនបាន​គោរព​តាម​បទដ្ឋាន​ និង​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​ ជា​ សុ​ផា​រ៉ា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​កាលពី​ថ្ងៃទី៤ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ក្រុម​ងារ​របស់ក្រ​សួង​នឹង​ចុះ​ត្រួតពិនិត្យ​នៅ​រោងចក្រ​លាយ​ស៊ីម៉ងត៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​សង្ស័យ​ មិនបាន​គោរព​តាម​បទដ្ឋាន​ និង​បច្ចេកទេស​ត្រឹមត្រូវ​ ដែ​លប​ង្ករ​ឱ្យ​មាន​ហា​នី​ភ័យ​ដល់​អាគារ​សំ​ណង់​ផ្សេង​ៗដែល​យក​ទៅ​ប្រើប្រាស់​ តែ​យ៉ាងណាក៏ដោយ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​លាយ​ស៊ី​ម៉ង់​ត៍​ដែល​សង្ស័យ​ទាំងនោះ​ទេ​ ។

លោក​បន្ត​ថា​ “រោងចក្រ​ផលិត​ស៊ីម៉ង់​មួយចំនួន​ យក​ខ្សាច់​សមុទ្រ​យក​មក​លាយ​ ​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ មាន​អាជីព​ច្បាស់លាស់​ គាត់​មាន​កេរ្តិ៍ឈ្មោះ​ ​គាត់​នៅតែ​រក្សា​កេរ្តិ៍ឈ្មោះ​របស់​គាត់​ ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​តម្លៃ​គាត់​ថ្លៃជាង​ តែ​សម្រាប់​អ្នក​ថោក​នោះ​ យក​ខ្សាច់​សមុទ្រ​យក​មក​លាយ​ សំណង់​បែបនេះ​គឺ​មិន​មានគុណ​ភាប​រឹង​មុំា​ និង​មានគុណ​ភាព​នោះ​ទេ​” ។

លោក​ឧប​នយ​ករ​ដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ “ចឹ​ងនៅ​ថ្ងៃខាងមុខ​នេះ​ នឹង​មានការ​បិត​រោងចក្រ​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ ហើយ​ខ្ញុំ​បាន​សំណូមពរ​ទៅ​វិទ្យាស្ថាន​បច្ចេកទេស​ គឺ​អោយ​គាត់​ធ្វើ​សេចក្តី​សណ្ឋាន​ហើយ​យើង​ទៅ​ឃ្លាំមើល​អាជីវកម្ម​រោងចក្រ​ទាំងនោះ​ក្នុងករណី​ដែល​ចាប់បាន​ហើយ​ត្រូវ​បិត​ចោល​ ​បើ​ទោះបី​មាន​អ្នកណា​មក​អន្តរាគមន៍​អី​ គឺ​មិន​អាច​ទៅរួច​ឡើយ​ ព្រោះ​ដើម្បី​ធាន​គុណភាព​”។

លោក​ជា​ សុ​ផា​រ៉ា​ បាន​ស្នើ​ដល់​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​ទាំងអស់​ ត្រូវ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​ធ្វើការ​ត្រួត​និត្យ​ឱ្យ​មាន​បច្ចេកទេស​ឱ្យ​បាន​ល្អ​មុន​មានការ​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​ខ្លួន​ ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​ទៅខាងមុខ​។

អគារ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ មានសន្ទុះ​រីកចម្រើន​យ៉ាង​ខ្លាំង​ទាំ​អគារ​ ខុន​ដូរ​ សណ្ឋាគារ​ បុរី​ ផ្ទះ​វីឡា​ និង​ផ្ទះល្វែង​ជាដើម​ ដែល​បណ្តាល​ឱ្យ​មានការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​យ៉ាងច្រើន​ តែ​សំណង់​អគារ​មួយចំនួន​មិនបាន​គោរព​តាម​បទដ្ឋាន​ និង​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ទេ​។

ប្រកា​នេះ​ អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បា​នប្រ​មាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​សំណង់​អគារ​មួយ​ណា​ដែល​រក​ឃើញថា​ មិន​មាន​បច្ចេកទេស​ និង​មានច្បាប់​សាងសង់​ត្រឹមត្រូវ​ តាមរយៈ​ការ​បិត​ ឬផ្អាក់​សំណង់​អាគារ​ផ្ទាល់​តែម្តង​៕

អ្នកជំនាញ​អចលនទ្រព្យ​និយាយ​ពី​វិធីសាស្ត្រ​ដើម្បី​ចាប់​អតិថិជន​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភ្នាក់ងារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​កើតមាន​យ៉ាង​ស្អេកស្កះ​ និង​កំពុងតែ​ព្យាយាម​ប្រកួតប្រជែង​គ្នា​ទៅតាម​លទ្ធភាព​ និង​ជំនាញ​របស់​ខ្លួន​ ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​។

ត្រឹមតែ​ការ​ព្យាយាម​ដើម្បី​ចាប់​យក​អតិថិជន​ មិន​គ្រប់គ្រាន់​នោះ​ទេ​ ដែល​អ្នកជំនាញ​ មានបទពិសោធន៍​ និង​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​នេះ​បញ្ជាក់​ថា​ វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ តែ​ភ្នាក់ងារ​អចលនទ្រព្យ​ ត្រូវការ​ចំណុច​មួយចំនួន​ទៀត​មក​បំពេញបន្ថែម​ នោះ​គឺ​ទំនុកចិត្ត​ និង​ភាព​ស្មោះត្រង់​។

អ្នកជំនាញ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា​ ដើម្បី​អាច​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ឬក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវ​ផ្តល់​សេវា​កម្ម​ផ្សេង​ៗ លើស​ពី​ការ​រំពឹង​ទុក​ទៅកាន់​អតិថិជន​របស់​ខ្លួន​ តាមរយៈ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ និង​មាន​ភាព​ស្មោះត្រង់​បំផុត​ ព្រមគ្នា​ជាមួយនឹង​ភាពរួស​រាយ​រាក់ទាក់​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Century​ 21​ Dream​ Property​ លោក​ គាម​ សៀ​កឡុង​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ភ្នាក់ងារ​អចលនទ្រព្យ​ ឬក្រុមហ៊ុន​អចលនទ្រព្យ​ ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​ មាន​ទាំង​ការ​រត់​ឯកសារ​ លិខិត​កក់​ប្រាក់​ កិច្ចសន្យា​ទិញ​-លក់​ និង​មាន​ទាំង​ប្រថាប់ត្រា​ពីសំណាក់​មេធាវី​ ដើម្បី​ឱ្យ​អតិថិជន​មាន​ភាព​កក់ក្តៅ​ និង​ការទិញ​លក់​របស់​គាត់​មាន​សុវត្ថិភាព​។

លោក​បន្ត​ថា​“បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ​ តាមរយៈ​ភ្នាក់ងារ​របស់​យើង​ យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​ចំណេញ​ដល់​អតិថិជន​នោះ​ តាមរយៈ​ការ​បង្ហាញ​អចលនទ្រព្យ​ល្អ​និង​មានតម្លៃ​ក្រោម​ទីផ្សារ​”។ លោក​បន្ត​ថា​ “បើ​យើង​ធ្វើ​បាន​បែបនេះ​ ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នក​ផ្សេង​ឱ្យមក​រក​សេវាកម្ម​របស់​យើង​”។

លោក​ គាម​ សៀ​កឡុង​ បាន​បន្ត​ទៀត​ថា​ “នៅពេល​អថិ​ជន​ណែនាំ​បន្ត​គា្ន​ នោះ​មានន័យថា​ គេ​មាន​ជំនឿ​ចិត្ត​មក​លើ​យើង​ ហើយ​ទទួល​បានផល​ច្រើន​ ប៉ុន្តែ​បើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង​ ប្រាកដ​ណាស់​ថា​ គេ​មិនសូវ​ទុក​ចិ​ត្ត​ខ្លំា​ងនោះ​ទេ​”។ លោក​បាន​ផ្តល់​យោបល់​បន្ថែម​ទៀត​ថា​ “ក្នុងនាម​ជា​អ្នក​ផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ​ យើង​ត្រូវ​មានចំណេះ​ដឹង​ឱ្យ​បាន​ជ្រៅជ្រះ​ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ​ កា​អនុវត្ត​ផ្ទាល់​ និង​ដឹងពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ ហើយ​ចំណេះដឹង​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​អតិថិជន​មានទំនុក​ចិត្ត​ និង​ជឿជាក់​លើ​យើង​”។

លោក​បន្ត​ថា​ បើ​យើង​មានចំណេះ​ដឹង​ទាប​ជាង​ពួកគាត់​ នៅពេល​ដែល​យើង​និយាយទៅ​អតិថិជន​ ​គាត់​នឹង​មិន​ទុកចិត្ត​យើង​នោះ​ទេ​ ជាពិសេស​យើង​ត្រូវ​ស្គាល់​អថិ​ជន​ជាគោល​ដៅ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​យើង​ធ្វើការ​ជាមួយ​អ្នកលក់​ ឬអ្នកទិញ​ផ្ទាល់​។ បើ​មិន​ស្គាល់​អតិថិជន​របស់​ខ្លួន​ច្បាស់​ទេ​ យើង​នឹង​បរាជ័យ​ តាមរយៈ​ការ​ធ្វើ​កិច្ចការ​មិន​ច្បាស់លាស់​៕

ក្រុមហ៊ុន​អឺ​រ៉ុប​ធំៗ​ចំនួន៦​ ចង់​វិនិយោគ​លើ​វិ​ស័យ​ធំៗ​ចំនួន​បី​នៅ​កម្ពុជា​

0

ដោយ​នៅ​ វឌ្ឍនា​

ទី​ក្រុង​ហ្សឺណែវៈ​ ក្រុម​ហ៊ុន​ធំៗ​ចំនួន៦នៅ​អឺរ៉ុប​ បាន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗចំនួន៣នៅ​កម្ពុជា​ គឺ​វិស័យ​សុខាភិបាល​ ថាមពល​ និង​វិស័យ​បច្ចេកវិទ្យា​ស្រប​ពេល​បដិវត្តន៍​ឧស្សាហកម្ម០​.៤បាន​ និង​កំពុង​រីកចម្រើន​នៅ​ទូទាំង​សាកលលោក​។

ក្នុង​ឱកាស​ជួប​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន៦នៅ​អឺរ៉ុប​ តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ ក៏បាន​លើកឡើង​ពី​ការ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ពិសេស​កំណើន​សេដ្ឋកិច្ច​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ជានា​យក​រដ្ឋមន្ត្រី​ ដែល​ធ្វើអោយ​ក្រុមហ៊ុន​របស់​ពួកគេ​ មានការ​ចាប់អារម្មណ៍​ចង់​មក​ធ្វើការ​វិនិយោគ​ទៅ​លើ​វិស័​សុខាភិបាល​ ជាពិសេស​មានបំណង​ចង់​កសាង​មន្ទីរពេទ្យ​ថ្មី​ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ជាពិសេស​ទៅទៀត​ពួកគាត់​ក៏​មានការ​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ថាមពល​ វិស័យ​បច្ចេកវិទ្យា​ផង​ដែរ​។

តំណាង​ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ថា​ ពួកគេ​បាន​រៀបចំ​គម្រោង​រួចហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ ដែល​គាត់​បាន​រៀបចំ​នូវ​គម្រោង​វិនិយោគ​ លើទឹក​ប្រាក់​ប្រមាណ​ប្រមាណ​ជា៤០លាន​ដុល្លារ​។ លើស​ពីនេះ​ទៅទៀត​ ពួកគេ​មានបំណង​ចង់​ចូលរួម​ក្នុង​ការ​បណ្ដុះបណ្ដាល​ និង​កសាង​សមត្ថភាព​លើ​វិស័យ​សុខាភិបាល​នេះ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ ដល់​តំណាង​ក្រុមហ៊ុន​ទាំងអស់​នេះ​បាន​មក​ជួប​សម្តេច​នា​ពេលនេះ​ ដែល​សម្ដេច​តែងតែ​ឆ្លៀតឱកាស​ជួប​ ទោះបីជា​មានការ​មមាញឹក​យ៉ាងណាក៏ដោយ​ ដើម្បី​កៀងគរ​អ្នក​វិនិយោគ​ ឬក្រុមហ៊ុន​ពី​បរទេស​ដើម្បី​មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្ដេច​តេជោ​ហ៊ុន​ សែន​បាន​មានប្រសាសន៍​ថា​ សម្ដេច​គាំទ្រ​រាល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ ដូចជា​មន្ទីរពេទ្យ​ជាដើម​នេះ​ មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​រួម​ទាំង​វិស័យ​ថាមពល​នេះ​។ សម្តេច​បាន​គូសបញ្ជាក់​ថា​កន្លងទៅ​នេះ​ ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅ​ឯក្រៅ​ប្រទេស​ដូចជា​ ប្រទេស​វៀតណាម​ ​ប្រទេស​ថៃ​ និង​ប្រទេស​សិង្ហបុរី​ជាដើម​។

សម្តេច​តេជោ​បាន​បញ្ជាក់​បន្ថែម​ថា​ ប្រសិនបើ​មាន​អ្នក​វិនិយោគ​ទៅ​ដាក់​ទុន​លើ​វិស័យ​សុខាភិបាល​នៅ​ឯប្រទេស​កម្ពុជា​នោះ​ វា​ជា​រឿង​ល្អ​ដោយសារ​អាច​ផ្ដល់​សេវា​ផ្នែក​សុខាភិបាល​នេះ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អាច​មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។ សម្តេច​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ដោយសារតែ​កម្ពុជា​ មាន​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន​ ដូច្នេះ​វិស័យ​សុខាភិបាល​ ដែល​បង្កើត​នៅ​ប្រទេស​កម្ពុជា​នោះ​ មិន​ត្រឹមតែ​សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ​ ក៏អាច​បំរើ​សេវាកម្ម​ផ្នែក​សុខាភិបាល​ ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ផង​ដែរ​។

លើស​ពីនេះ​ទៅទៀត​ សម្ដេច​តេជោ​បាន​សូមឲ្យ​ក្រុមហ៊ុន​អ្នក​វិនិយោគ​ទាំងអស់​ទៅ​សិក្សា​ ក៏ដូចជា​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​ជាក់ស្ដែង​ និង​ដើម្បី​អាច​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​តែម្ដង​ លើ​វិស័យ​ដែល​មានបំណង​ចង់​វិនិយោគ​នោះ​នោះ​ ជាពិសេស​លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។

​សម្ដេច​បាន​មានប្រសាសន៍​ថា​ “ប្រសិនបើ​អាច​ចាប់​ជា​ដៃគូ​ជាមួយ​សាលារៀន​ ដែល​មានស្រាប់​នៅ​ប្រទេស​កម្ពុជា​ទាំង​សាលា​រដ្ឋ​ និង​សាលា​ឯកជន​គឺ​កាន់តែ​ប្រសើរ​”៕

រដ្ឋមន្រ្តី​ក្រសួង​ដែនដី​៖ សំណង់​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​មិន​អនុញ្ញាត​ឱ្យ​សាងសង់

0
រូបភាពតំណាង

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ សំណង់​ដែល​មិនបាន​ទទួល​ច្បាប់​សាងសង់​ត្រឹមត្រូវ​ ពី​ក្រសួង​ ឬស្ថាប័ន​ដែល​មានសមត្ថកិច្ច​ នឹង​មិន​អនុញ្ញាត​សាងសង់​ជាដាច់ខាត​ ចាប់ពី​ពេលនេះ​តទៅ​។

លោក​ជា​ សុ​ផា​រ៉ា​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី៤ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ក្នុងករណី​ល្មើស​ទៅ​នឹង​វិធានការ​ច្បាប់​ ត្រូវតែ​មាន​វិធានការ​ជា​បន្ទាប់​ ដោយ​ពុំ​មានការ​លើកលែង​នោះ​ទេ​ ។ បើ​ទោះបី​មាន​ប្លង់​ស្ថាបត្យកម្ម​ និង​គ្មាន​គ្រឿង​បង្គុំ​សំណង់​ គ្មាន​វិស្វករ​ ប្រចាំ​នៅក្នុង​ការដ្ឋាន​សំណង់​ គ្មាន​ក្រុមហ៊ុន​សាងសង់​ ​ឬមាន​ក្រុមហ៊ុន​សាងសង់​ដែល​មិន​ចុះបញ្ជី​ គឺ​សង់​ទៅតាម​ចិត្ត​ និង​ទម្លាប់​ ដោយ​ខុស​ទៅ​នឹង​បច្ចេកទេស​ និង​ខ្វះ​គុណ​ភាព​ទក៏​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​ ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ដែល​អាច​កើតឡើង​នា​ពេល​ខាងមុខ​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ក្រសួង​បាន​បញ្ជូន​ក្រុមបច្ចេកទេស​ ដែល​មាន​កំលាំង​សមស្រប​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ ចំពោះមុខ​នៅ​ការ​រដ្ឋា​នសំណង់​ទាំងឡាយ​ ហើយ​បើ​ពិនិត្យ​ឃើញថា​ គ្មាន​ការអនុវត្ត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ក្នុង​សេចក្តី​សន្និដ្ឋាន​ដំបូង​ថា​ នឹង​ជួប​ហានិភ័យ​ នឹង​មាន​វិធានការ​ជាបន្ទាន់​នៅនឹង​កន្លែង​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បញ្ជាក់​ទៀត​ថា​ សំណង់​ដែល​បាន​សាងសង់​គ្មាន​ច្បាប់​ តែ​សំណង់​នោះ​ត្រូវ​បាន​ក្រុម​ត្រួតពិនិត្យ​មើលឃើញ​ថា​ មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​អាច​នឹង​មានការ​ពង្រឹង​បន្ថែម​នូវ​ភាព​រឹង​មុំា​បាន​ តែ​ទោះបី​យ៉ាងណាក៏ដោយ​ត្រូវ​អនុ​លោភ​តាម​គោល​ការណ​ច្បាប់​ជាចាំបាច់​ គឺ​ការសាងសង់​ត្រូវ​មានច្បាប់​អនុញ្ញាត​ តែ​សំណង់​ដែល​សាងសង់​ហួស​រួច​ ហើយនឹង​មានការ​ពិចារណា​ខ្លះ​ ដើម្បី​បើក​ច្រក​ឱ្យ​ម្ចាស់ដី​ ជាមួយនឹង​ ម្ចាស់​សំណង់​ស្វែងរក​ក្រុមហ៊ុន​ ឬមេធាវី​មក​ការពារ​ផលប្រយោជន៍​របស់​គាត់​ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់​ពី​ចំណុច​ខ្វះខាត​ និង​បច្ចេកទេស​ដែល​ត្រូវ​អនុលោម​តាម​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​“នៅពេល​ដែល​គាត់​ទទួល​បានការ​ស្រុះស្រួល​ ពិនិត្យ​ឃើញច្បាស់​ថា​ការសាងសង់​នេះ​ គឺ​មិន​អាច​ទទួល​ទទួល​បាន​ គឺ​គាត់​ត្រូវ​មាន​ម្ចាស់ការ​រុះរើ​ដោយខ្លួនឯង​ ហើយ​អនុវត្ត​ទៅលើ​ទម្រង់​ថ្មី​ ទៅ​លលើ​ទីតាំង​ចាស់​ដោយ​សំណង់​នេះ​ មិន​អាច​អនុវត្ត​តទៅទៀត​បាន​នោះ​ទេ​”។

ក្រុមការងារ​ក្រសួង​ នឹង​បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ទៅលើ​សំណង់​អគារ​មួយចំនួន​ទៀត​នៅ​ទូទាំង​ប្រទេស​ ដែល​សង្ស័យ​ថា​ មាន​ហានិភ័យ​ទៅ​ថ្ងៃមុខ​ ដើម្បី​ទប់ស្កាត់​នៅនឹង​កន្លែង​ ដើម្បី​បង្ការ​ហានិភ័យ​ជាថ្មី​ បន្ទាប់់​ពី​ការ​បាក់​រលំ​អាគារ​កំពស់៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មិថុនា​កន្លងមក​នេះ​ ដែល​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​ថ្លែង​ថា​ ស្រប​ពេល​មានការ​រឹត​បន្តឹង​លើច្បាប់​សាងសង់​ និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នានា​របស់​រដ្ឋាភិបាល​ ជា​ការ​រឹត​បន្តឹង​ សំដៅលើ​កកំពស់​សុវត្ថិភាព​ក្នុង​ការសាងសង់​ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ “ការ​រឹត​បន្តឹង​បទបញ្ញត្តិ​នេះ​ ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ និង​បង្កើន​ការ​ជឿជាក់​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​”។

សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​ ដោយ​រាប់​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩នេះ​ ដោយ​គិត​ត្រឹម​ខែឧសភា​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ៤៥​,២៦៥គម្រោង​ ដែល​ប៉ាន់ស្មាន​ទុន​វិនិយោគ​គិតជា​ទឹកប្រាក់​ជាង៤៤​,៥៧៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

ចំណេះដឹង​! នីតិវិធី​នៃ​ការ​ចាប់ផ្តើម​បង្កើត​គម្រោង​វិនិយោគ​ត្រូវ​ធ្វើ​ដូចម្តេច​?

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដើម្បី​បង្កើត​គម្រោង​វិនិយោគ​ចាំបាច់​ ត្រូវតែ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ ដល់​ អា​ជ្ជា​ធរមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បានដឹង​ជាមុន​ផង​ដែរ​ ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​លើ​គម្រោង​វិនិយោគ​នោះ​ឲ្យបាន​ត្រឹមត្រូវ​ ថា​តើ​តំបន់​វិនិយោគ​នោះ​មានការ​អនុញ្ញា​ត្តិ​ ឲ្យ​វិនិយោគ​ឬមិន​អនុញ្ញា​ត្តិ​នៅ​លើ​ដែនដី​កាន់កាប់​របស់​ខ្លួន​។

ដើម្បី​អាចប​ង្កើត​គម្រោង​វិនិយោគ​បាន​ត្រូវ​អនុវត្ត​វិធាន​ វិធាន​ទូទៅ​(ក)វិធាន​ពិសេស​(ខ) និង​បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​(គ)។

ក. វិធាន​ទូទៅ​

ជាទូទៅ​ដើម្បី​បង្កើត​ និង​ចុះបញ្ជី​វិនិយោគ​ ត្រូវ​អនុវត្ត​តាម​គោលការណ៍​អនុញ្ញាត​ និង​ប្រកាស​ជាមុន​។ អ្នកស្នើ​សុំ​ត្រូវ​ធ្វើការ​សុំ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​នីតិបុគ្គល​ជាមុន​សិន​ តាមច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម​ និង​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​។ វិនិយោគិន​ត្រូវ​រង​ចាំ​ការ​ចេញ​អជ្ញា​ប័ណ្ណ​ដើម្បី​ស្របតាម​គតិ​យិ​ត្ត​បាន​ត្រឹមត្រូវ​។ វិធាន​ទូទៅ​នេះ​អនុវត្ត​ចំពោះ​ការ​វិនិយោគ​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។

ខ. វិធាន​ពិសេស​

វិធាន​នេះ​សម្រាប់​អនុញ្ញាត​ ទៅលើ​គម្រោង​វិនិយោគទុន​ណា​ ដែល​មាន​លក្ខ​ណៈ​សម្ប​ត្ត​គ្រប់គ្រាន់​ ដែល​អាច​ចុះបញ្ជី​ លើ​គម្រោង​វិនិយោគ​បាន​ តាមរយៈ​ច្រកចេញ​ចូល​តែមួយ​ នៃ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​ (CDC​) ឬអនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​សម្រេច​ចុះបញ្ជី​លើ​គម្រោង​វិនិយោគ​ ដែល​មាន​ទុន​វិនិយោគ​ចាប់ពី២លាន​ដុល្លា​អាមេរិក​ចុះក្រោម​បាន​ត្រឹមត្រូវ​តាមច្បាប់​វិនិយោគ​ឆ្នាំ​ ១៩៩៤​។

គ. បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​

ការ​ដាក់ពាក្យសុំ​ និង​ការ​បង់ថ្លៃ​ត្រូវ​អនុវត្ត​តាម​គំរូ​ ដូច​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ២នៃ​អនុក្រឹត្យ​ស្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ និង​ត្រូវ​បង់ថ្លៃ​ចុះបញ្ជី​ និង​សេវា​ចំនួន៧លាន​រៀល​ ត្រូវ​បញ្ជាក់​ពី​សកម្មភាព​អនុវត្ត​គម្រោង​វិនិយោគ​ ដូចជា​ការលើកលែង​ពន្ធលើប្រាក់ចំណេញ​ និង​ការ​ស្នើសុំ​លើកទឹកចិត្ត​ផង​ដែរ​៕