រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ឱ្យ​ឥណ្ឌនេ​ស៊ី​បោះទុន​វិនិយោគ​រោងចក្រ​ផលិត​កង់នៅ​កម្ពុជា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ស្នើ​ឱ្យ​ភា​គី​ឥណ្ឌូ​នេ​ស៊ី​ និង​ក្រុមហ៊ុន​ផលិត​កង់​ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាល​ពេល​ខាងមុខនេះ​ ។

លោក​រដ្ឋមន្ត្រី​ នៅក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​ ក្នុងឱកាសនៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើក​ទី៧​ ស្ដីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ នាទី​ក្រុង​ហ្សឺណែវ​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ជម្រាប​ជូន​ពី​វិធានការណ៍​របស់​កម្ពុជា​ ដើម្បី​ជួយ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ថ្លៃ​ភស្ដុ​ភារ​ពាណិជ្ជកម្ម​។

សម្រាប់​វិស័យ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ឧបករណ៍​កីឡា​ ជាពិសេស​ឧស្សាហកម្ម​ទោចក្រយាន​ លោក​រដ្ឋមន្ត្រី​បាន​ពិភាក្សា​រួចហើយ​ជាមួយ​ភា​គី​ឥណ្ឌូ​នេ​ស៊ី​ ហើយនឹង​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃខាងមុខ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​គាំទ្រ​ដល់​ការផលិត​កង់​ ដើម្បី​ផលិត​គ្រឿង​បង្គុំ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ ដោយ​មិន​ចាំបាច់​នាំចូល​ពី​បរទេស​។

លោក​បន្ត​ថា​ ការ​ធ្វើ​ដូចនេះ​ នឹង​បង្កើត​ឱកាស​ថ្មី​ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ច្បាប់​នៃ​ប្រភព​ដើម​ទំនិញ​ ព្រមទាំង​បង្កើត​ការងារ​ បង្កើត​តម្លៃបន្ថែម​ក្នុង​ឧស្សាហកម្ម​ក្នុង​ស្រុក​ និង​ពង្រឹង​ផលិតភាព​ និង​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​កម្មន្ដសាល​នៅ​កម្ពុជា​។

លោក​ប៉ាន​ សូ​រស័​ក្តី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ជួប​ពិ​ភក្សា​ធុរជន​បរទេស​មួយ​ក្រុម​រួមមាន​ តំណាង​របស់​សហព័ន្ធ​ឧស្សាហកម្ម​សម្ភារ​កីឡា​ពិភពលោក​ (World​ Federation​ of​ the​ Sporting​ Goods​ Industry​ – WFSGI​), ក្រុមហ៊ុន​ផលិត​ទោចក្រយាន​ Specialized​ និង​ក្រុមហ៊ុន​ VF​ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើក​ទី៧​ ស្ដីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ នាទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ និង​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទាំង​បី​គាំទ្រ​ឧស្សាហកម្ម​កម្ពុជា​ ឲ្យ​រឹតតែ​ខ្លាំង​បន្ថែម​ទៀត​ ដោយ​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​មាន​លក្ខណៈ​ទូលំទូលាយ​ និង​ទទួល​បានការ​អនុគ្រោះ​ផង​ដែរ​៕

អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់ ​ហាក់​គ្មាន​សកម្មភាព​សាងសង់​

1

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ហាក់​គ្មាន​សកម្មភាព​សាងសង់​ ខណៈ​អគារ​នេះ​ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​កាលពីដើម​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។

អគារ​របស់​ក្រុមហ៊ុន​ Royal​ Group​ នេះ​ កំ​ពុង​ហុំ​ព័ទ្ធ​ដោយ​របង​ដែល​បង្ហាញ​ពី​ទ្រង់ទ្រាយ​នៃ​អាគារ​ និង​ចាក់សោ​បិត​ជិត​ ព្រមទាំង​គ្មាន​គ្រឿងចក្រ​សំណង់​សាង​សង់​ផ្សេង​ៗនៅក្នុង​នៃ​អគារ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​ បោះទុន​ទឹកប្រាក់​ចំនួន​ ២៣០លាន​ដុល្លារ​ សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ និង​បាន​ប្រកាស​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ មានឈ្មោះ​ថា​ Royal​ One​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​, អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

នៅក្នុង​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ នេះ​ មាន​ដូចជា​ ខុន​ដូ​, ផ្សារ​ទំនើប​, សណ្ឋាគារ​,ក្លឹប​កំសាន្ត​, ក្លឹប​ហាត់ប្រាណ​, ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។ លោក​ឧកញ៉ា​ គិត​ ធាង​ ជា​ប្រធាន​ក្រុមហ៊ុន​ Royal​ One​ និង​ជា​អនុប្រធាន​សម្ព័ន្ធ​ Royal​ Group​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ក្នុង​នោះ​ ៦ជាន់ក្រោម​ដី​ និង​ ៦២ជាន់លើ​អាកាស​ស្មើនឹង​ ២៣០ ម៉ែត្រ​ សាងសង់​លើ​ផ្ទៃដី​ទំហំ​ ៤,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាង​សង​ចំនួន៥ឆ្នាំ​។ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​នឹង​ចូលរួម​ចំណែក​ នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

ទី​ក្រុងហូជីមិញ​ចាប់ផ្តើម​មាន​វិបត្តិ​លំនៅ​ដ្ឋាន​

0

ដោយ​ Donald​ Lee​

ហូជីមិញ​៖ ទី​ក្រុង​ធំៗ​ពីរ​នៅ​វៀតណាម​កំពុង​ប្រឈម​នឹង​កង្វះខាត​លំនៅ​ដ្ឋាន​ បន្ទាប់ពី​មន្រ្តី​ផែនការ​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ការ​អនុម័ត​គម្រោង​អគារ​ខុន​ដូរ​ហូត​ដល់​ឆ្នាំ​ ២០២០​ ហើយ​ទាមទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ទាំងអស់​ត្រូវ​មានការ​អនុញ្ញាត​សាងសង់​សំណង់​ មុន​ពេល​ចាប់ផ្តើម​ការ​លក់​។

យោង​តាម​របាយការណ៍​របស់​ភ្នាក់ងារ​អចលនទ្រព្យ​ Jones​ Lang​ LaSalle​ (JLL​) បាន​ឲ្យដឹង​ថា​ ការ​រឹត​បន្តឹង​នេះ​បាន​បង្ក​ឲ្យ​មាន​កង្វះខាត​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូជីមិញ​ ខណៈ​តម្រូវការ​កើនឡើង​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ មានតែ​លំនៅ​ដ្ឋាន​ចំនួន​ ៤,១០០​ ប៉ុណ្ណោះ​ដែល​អាច​រកបាន​នៅ​ទីក្រុង​ហូជីមិញ​នៅ​ឆ្នាំនេះ​ដែល​ធ្វើឲ្យ​មាន​កង្វះខាត​លំនៅ​ដ្ឋាន​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​។

របាយការណ៍​របស់​ភ្នាក់ងារ​ JLL​ ព្យាករ​ណ៍ថា​ ការ​ធ្លាក់ចុះ​ការ​ផ្គត់ផ្គង់​ខុន​ដូ​ នឹង​មាន​ពី​ ១៨,០០០​ ទៅ​ ២៨,០០០​ យូនី​ត​ដែល​ជា​កង្វះខាត​យ៉ាង​ខ្លាំង​ បើ​ធៀប​នឹង​ឆ្នាំមុន​។ ការ​ថយ​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ និង​ការ​កើនឡើង​នៃ​តម្រូវការ​បាន​ធ្វើឲ្យ​តម្លៃ​ខុន​ដូ​នៅក្នុង​ទីក្រុង​ហូជីមិញ​មានការ​កើនឡើង​។

តម្លៃ​ជាមធ្យម​សម្រាប់​ខុន​ដូ​បាន​កើនឡើង​ជាង​ ២០​ ភាគរយ​ស្មើនឹង​ ២,០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ឆ្នាំនេះ​។ តម្លៃ​សម្រាប់​ខុន​ដូ​ប្រណីត​បាន​កើនឡើង​ជាង​ ៥០​ភាគរយ​ជាមធ្យម​ស្មើនឹង​ ៤,៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ Vietnam​ បាន​ឲ្យដឹង​ថា​ ការទិញ​លក់​អចលនទ្រព្យ​នៅ​ទីក្រុង​ហូជីមិញ​បាន​ធ្លាក់ចុះ​ជិត​ ៥០ភាគរយ​ នៅ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០១៩​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ។

ក្រុមហ៊ុន​ CBRE​ បាន​កត់សម្គាល់​ថា​ ការ​ថយ​ចុះ​នៃ​ការទិញ​លក់​ ភាគច្រើន​គឺ​ដោយសារតែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​និយ័ត​កម្ម​ និង​ទាមទារ​ពេលវេលា​ច្រើន​ក្នុង​ការ​ទទួល​បានការ​អនុម័ត​ពី​អាជ្ញាធរ​មូលដ្ឋាន​៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ CTIS​ ថ្មី​ ផ្តោត​សំខាន់​លើ​វិស័យ​អទិ​ភាព​ចំនួន​ពីរ​

0

ដោយ ម៉ាណេត

(ហ្សឺណែវ​)៖ ការ​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​ ដើម្បី​គាំទ្រ​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ និង​ចក្ខុវិស័យ​ឆ្នាំ២០៣០​ និង​ការ​កៀងគរ​ប្រភព​ជំនួយ​ថ្មី​ដើម្បី​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ តាមរយៈ​សេវាកម្ម​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ គឺជា​វត្ថុបំណង​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ថ្មី​ ឆ្នាំ២០១៩​-២០២៣​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាសាកល​ ស្ដីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (AfT​) លើក​ទី៧​ ដែល​រៀបចំឡើង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) កាលពី​រសៀល​ថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​លើកឡើង​ពី​វឌ្ឍនភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​សារៈសំខាន់​នៃ​ AfT​ ដែល​បាន​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ពី​ ៥៣​% ក្នុង​ឆ្នាំ២០០៤​ មក​នៅ​ក្រោម​ ១០​% កាលពី​ឆ្នាំ២០១៨​។

ឯកឧត្តម​រដ្ឋមន្ត្រី​ ប៉ាន​ សូរ​ស័ក្តិ​ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ WTO​ ដែល​បាន​សហការ​រៀបចំ​វេទិកា​ថ្លែង​សុន្ទរកថា​គន្លឹះ​ សម្រាប់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាសាកល​ នូវ​ឯកសារ​ CTIS​ ជំនាន់​ទី៤​ ឆ្នាំ២០១៩​-២០២៣​។

«ចំពោះ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ឆ្នាំ២០១៩​-២០២៣​ កម្ពុជា​នៅតែ​ជា​ប្រទេស​ទទួលផល​នាំមុខ​គេ​ ក្នុង​ការអនុវត្ត​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (EIF​)។ ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទីបី​នេះ​ គឺ​មាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ នៃ​រាជរដ្ឋាភិបាល​ អាណត្តិ​ទី៦​» ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​គូសបញ្ជាក់​។

សូមជម្រាប​ថា​ កន្លងមក​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ កម្ពុជា​បាន​គោរព​គោលការណ៍​ និង​តម្លៃ​ដែល​ទ្រទ្រង់​ដោយ​អង្គការ​ WTO​ តាមរយៈ​សកម្មភាព​ដូច​ខាងក្រោម​៖

– ឆ្នាំ២០១៧​ កម្ពុជា​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការពិនិត្យ​ឡើងវិញ​ គោលនយោបាយ​ពាណិជ្ជកម្ម​ លើក​ទី២​ ទៅតាម​កាតព្វកិច្ច​របស់​ខ្លួន​។

– បាន​រៀបចំ​បង្កើត​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ប្រចាំ​នៅ​អង្គការ​ WTO​។

– បាន​បំពេញភារកិច្ច​ ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ភិបាល​របស់​កម្មវិធី​ EIF​ តំណាង​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អាស៊ី​។

សមិទ្ធផល​ទាំងអស់​នេះ​ ជា​សក្ខីភាព​ដែល​បាន​មក​ពី​ការចូលរួម​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដ៏​មាន​ឥទ្ធិពល​ ដែល​មាន​អង្គការ​ WTO​ ជា​បង្អែក​។

តាមរយៈ​ភាព​ជោគជ័យ​របស់​កម្ពុជា​ ក៏​ជា​ភស្ដុ​តាង​ដែល​បញ្ជាក់​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​បើកទូលាយ​ រួមផ្សំ​ជាមួយ​គោលនយោបាយ​អភិបាលកិច្ច​ល្អ​ ជាពិសេស​ការ​គាំទ្រ​ធុរកិច្ច​ នឹង​បង្កើត​ផល​វិជ្ជមាន​ប្រកបដោយ​ចីរភាព​ ចំពោះ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​៕

រដ្ឋាភិបាល​ដាក់ចេញ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនាន់​ទី៤​ ឆ្នាំ២០១៩​-២០២៣​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់ផ្តើម​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា២០១៩​-២០២៣​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​វិវឌ្ឍ​សេដ្ឋកិច្ច​សកល​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ពង្រឹង​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា២០១៩​-២០២៣​ កម្ពុជា​នៅតែ​ជា​ប្រទេស​ទទួលផល​នាំមុខ​គេ​ ក្នុង​ការអនុវត្ត​កម្មវិធី​ EIF​។ ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទីបី​នេះ​ ត្រូវ​បាន​រៀបចំ​ជួន​ពេល​ជាមួយនឹង​ការ​ដាក់ឲ្យ​ប្រើប្រាស់​ នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​អាណត្តិ​ទី៦នៃ​រាជរដ្ឋាភិបាល​។

លោក​បន្ត​ថា​ គោលបំណង​ទីមួយ​នៃ​យុទ្ធសាស្ត្រ​ CTIS​ ២០១៩​-២០២៣​ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​ សម្រាប់​គាំទ្រ​ដល់​ការ​ចាកចេញ​របស់​កម្ពុជា​ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ចក្ខុវិស័យ២០៣០​។ បញ្ហា​ប្រឈម​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ និង​អន្តរ​វិស័យ​ នឹង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ដែល​ជា​ទិសដៅ​វិនិយោគ​របស់​ប្រទេស​ដទៃ​ ព្រមទាំង​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​ ដែល​មានបំណង​ធ្វើការ​ផលិត​សម្រាប់​នាំចេញ​។

ហេតុ​ដូចនេះ​ ការ​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​នឹង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​រំពឹង​ទុក​ លើ​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធគយ​។ ជាមួយ​នោះ​ដែរ​ កម្ពុជា​ត្រូវ​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ជាអាទិភាព​ ជាពិសេស​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ កាត់បន្ថយ​ចំណាយ​សម្រាប់​ប្រកប​ធុរកិច្ច​ តាមរយៈ​ការ​កាត់​បន្ថយ​ចម្លៃ​នៃ​អគ្គិសនី​ និង​ថ្លៃ​ភស្ដុ​ភារ​ពាណិជ្ជកម្ម​។ ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយតបទៅនឹង​ការ​ប្រឈម​ខាងលើ​ នៅដើម​ឆ្នាំ២០១៩​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​សម្រាប់​អនុ​វត្ត​ភ្លាម​ៗ ដែល​អាច​នឹង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ និង​កាត់​បន្ថយ​ថ្លែ​ពាណិជ្ជកម្ម​។

លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​បន្ថែម​ថា​ គោលបំណង​ទីពីរ​ គឺ​ត្រូវ​ចាប់​យក​ប្រភព​ថ្មី​សម្រាប់​កំណើន​ ដូចជា​សេវាកម្ម​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ (IR​ ៤.០​)។ កម្ពុជា​ត្រូវតែ​ចាប់​យក​ និង​ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​ថ្មី​សម្រាប់​កំណើន​នេះ​ គ៏​ដូចជា​ទី​ផ្សា​រថ្មីៗ​ ទោះបីជា​មាន​ ឬគ្មាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ក៏ដោយ​ ដើម្បី​បង្កើត​ការ​ងា​រថ្មីៗ​សម្រាប់​ប្រជាជន​។ ប្រភព​ថ្មី​សម្រាប់​កំណើន​ទាំងនេះ​ នឹងអាច​ផ្តល់​ជា​ឬសគ​ល់​ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​របស់​កម្ពុជា​ទៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់​ និង​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ផលិតផល​ និង​សេវា​កម្ម​ថ្មី​ៗ ក៏ដូចជា​ជំរុញ​ដល់​ផលិតករ​ឲ្យ​ស្រាវជ្រាវ​ ពី​ធាតុ​ចូល​ពិសេស​ និង​ទំនើប​ ព្រមទាំង​ការ​ផ្តល់​យោបល់​ប្រកបដោយ​វិជ្ជាជីវៈ​ផង​ដែរ​។

លោក​បន្ត​ថា​ យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ក្នុង​ ២០១៩​-២០២៣​ គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ ក្នុង​ការ​ពន្លឿន​ការ​ប្រែក្លាយ​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​។ ដើម្បីឲ្យ​កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​ កម្ពុជា​មិន​ត្រឹមតែ​ត្រូវ​មានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ត្រូវ​បង្កើន​ស្ថាប័ន​ ជំនាញ​ និង​បទបញ្ញត្តិ​។

ជាមួយនឹង​យុទ្ធ​សាស្រ្ត​ សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនាន់​ទី៤​ កម្ពុជា​នឹង​បន្ត​រក្សា​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ​ នឹង​សម្រេច​បាន​នូវ​គោលដៅ​ទាំងអស់​ ដែល​បាន​កំណត់​នៅក្នុង​យុទ្ធ​សាស្រ្ត​។ យុទ្ធ​សា​ស្ដ្រនេះ​ ផ្តល់​នូវ​ទិសដៅ​ច្បាស់លាស់​ សម្រាប់​ការអនុវត្ត​ន៍​សកម្មភាព​គោលនយោបាយ​ រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​។

លោក​ប៉ាន​សូរ​សក្តិ​ក៏បាន​ពាវ​នាវ​ ដល់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​គាំទ្រ​ដល់​ការអនុវត្ត​ន៍​យុទ្ធ​សាស្រ្ត​ សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនាន់​ថ្មីនេះ​ ដើម្បី​ធ្វើឲ្យ​អត្ថ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ នឹង​សម្រេច​បាន​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​សមភាព​។

CTIS​ ជំនាន់​ទី៤​ ឆ្នាំ២០១៩​-២០២៣​ ផ្តោត​លើ​ចំនុច​សំខាន់​ចំនួន​ពីរ​ចំណុច​ ១.ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​វិវត្ត​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC​) និង​ ២.ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី​ ជាពិសេស​សេវាកម្ម​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ (Industrial​ Revolution​ 4.0​)៕

ចំណេះដឹង​! តើ​ថ្លៃ​សេវា​ និង​កម្រៃជើងសា​ទិញ​អចលនទ្រព្យ​មានតម្លៃ​ប៉ុន្មាន​?

1

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​ញៈ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ច្បាប់​ស្តី​ពី​ថ្លៃ​សេវា​ និង​កម្រៃជើងសា​វិជ្ជាជីវៈ​ សម្រាប់​ការ​ផ្តល់​សេវាកម្ម​វាយតម្លៃ​ និង​សេវាកម្ម​អចលនវត្ថុ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ នៅក្នុង​ប្រទេស​កម្ពុជា​ទូទាំង​គ្រប់​ខេត្ត​ក្រុង​។

យោង​តាម​ឧប​សម្ព័ន្ធ​នៃ​ការប្រកាស​លេខ​ ៧៦១​.សហវ.ប្រក​ ចុះ​ថ្ងៃទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ រូបមន្ត​នៃ​ការ​គណនា​ និង​មូលដ្ឋាន​នៃ​ការកំណត់​ថ្លៃ​សេវា​ និង​កម្រៃជើងសា​វិជ្ជាជីវៈ​សម្រាប់​ការ​បំពេញ​សេវាកម្ម​វាយតម្លៃ​ និង​សេវាកម្ម​អចលនវត្ថុ​ដែល​ត្រូវ​ទិញ​លក់​ត្រូវ​បាន​កំណត់​ដូចជា​៖ សម្រាប់​ក្រុមហ៊ុន​វាយតម្លៃ​។ តម្លៃ​អចលនទ្រព្យ​ដូចជា​ដីធ្លី​និង​ផ្ទះសម្បែង​ដែល​ទិញ​ ឬលក់​ មានតម្លៃ​ស្មើនឹង១០០​,០០០ដុល្លារ​ ឬក្រោម​នេះ​ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ០​,១៧០​ % ឬ អប្ប​បរិមា​ស្មើនឹង១៧០​ ដុល្លា​។

– ១,០០០​,០០១​ – ៥,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ០​,០៥​0%

– ៥,០០០​,០០១​ – ១០​,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​ ០,០៣០​%។

– លើស​ពី​ ១០​,០០០​,០០០ដុល្លា​ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​ ០,០២៥​% ។

សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ​ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនវត្ថុ​ ដែល​ផ្តល់​សេវាកម្ម​ទាក់ទង​ដូចជា៖

១. ការទិញ​ និង​លក់​ អចលនវត្ថុ​ ដូចជា​ដីធ្លី​និង​ផ្ទះសម្បែង​

ចំពោះ​ការទិញ​ និង​លក់​ទាំងអស់​ ត្រូវ​បាន​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ​អប្ប​បរិមា៣​% ក្នុងរយៈពេល​ដែល​មិនកំណត់​។

២. ការជួល​អចលនវត្ថុ​

ការជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​ក្រោម១ឆ្នាំ​ កម្រៃ​សេវា​វិជ្ជាជីវៈ​អាច​កំណត់​ទៅ​បាន​តាម​កិច្ច​ព្រមព្រៀង​ រវាង​ភាគី​ទាំងសងខាង​គឺ​អ្នកជួល​ និង​ម្ចាស់​អចលនវត្ថុ​។ ការជួល​អចលនវត្ថុ​រយៈពេល១ឆ្នាំ​ កម្រៃ​សេវា​វិជ្ជាជីវៈ​ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ​ ១ ខែ​។

ការជួល​អចលនទ្រព្យ​លើស​ពី១ឆ្នាំ​កម្រៃ​សេវា​វិជ្ជាជីវៈ​ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ១ខែ​ បូករួម​នឹង​ចំនួន២៥​% បន្ថែម​ ទៅតាម​សមាមាត្រ​នៃ​ការជួល​តាម​ឆ្នាំ​នី​មួយ​ៗ៕

អគារ​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទូទាំង​ប្រទេស​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ និង​ត្រួតពិនិត្យ​ឡើងវិញ​

1

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្ដី​ព្រួយបារម្ភ​ទៅលើ​បច្ចេកទេស​សាងសង់​ គុណភាព​សំណង់​ រួម​ជាមួយនឹង​សំណង់​ខុសច្បាប់​នៅ​កម្ពុជា​ បាន​ក្លាយទៅជា​ប្រធានបទ​មួយ​ដ៏​ក្ដៅ​គគុ​គ ដែល​រាជរដ្ឋាភិបាល​កំ​ពុងេ​ជម្រុ​ញ និង​រឹ​តបណ្តឹង​ឱ្យ​មានការ​អនុវត្ត​ ទៅតាម​គោលការណ៍​ច្បាប់​ឱ្យ​ខាង​តែ​បាន​នៅ​ទូទាំង​ប្រទេស​។

អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បទដ្ឋាន​គតិយុត្តិ​ និង​ច្បាប់​ពាក់ព័ន្ធ​លើ​ការសាងសង់​រាល់​សំណង់​នានា​គឺ​មាន​រួចរាល់​ និង​គ្រប់រូប​ភាព​ ធានា​ដល់​គុណភាព​ ផាសុកភាព​ និង​សុខ​សុវត្ថិភាព​ យ៉ាង​ត្រឹមត្រូវ​ ប៉ុន្តែ​ការគោរព​ និង​អនុវត្ត​ហាក់​នៅ​មាន​ភាព​ធូរ​លុង​។

លោក​បន្ត​ទៀត​ថា​ “ជាក់ស្ដែង​ដូចជា​សំណង់​អគារ​កម្ពស់៧ជាន់​ នៅ​ក្រុង​ព្រះសីហនុ​ ដែល​សាងសង់​គ្មាន​ច្បាប់​ត្រឹមត្រូវ​ និង​ខុស​បច្ចេកទេស​ បាន​បន្សល់ទុក​នូវ​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​”។

បច្ចុប្បន្ន​សំណង់​ដែល​មាន​កំពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១​,៣២៩អគារ​ ហើយ​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​បែប​បុរី​មាន​ចំនួន២៥៨ទីតាំង​ ដោយ​មិនរាប់​បញ្ចូល​សំណង់​លំនៅ​ដ្ឋាន​រាយប៉ាយ​នៅ​តាម​តំបន់​នោះ​ទេ​។

លោក​ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពីសំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ ជា​អ្នកទទួល​បន្ទុក​ បច្ចុប្បន្ន​ក្រុម​មន្ត្រី​ជំនាញ​បាន​ខិតខំ​ និង​ត្រួតពិនិត្យ​ទៅលើ​គ្រប់​គម្រោង​សាងសង់​សំណង់​ទូទាំង​ប្រទេស​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ផែនការ​នៃ​ការ​រឹ​តបណ្តឹង​អនុវត្ត​ និង​គោរព​តាម​គោលការណ៍​ច្បាប់​ ក៏ដូចជា​បទដ្ឋាន​គតិយុត្តិ​លើ​ការសាងសង់​សំណង់​ គឺ​ត្រូវ​ធ្វើឡើង​ទៅ​តា​មតំ​ណា​ក់​កាល​ ដែល​ត្រូវ​បាន​កំណត់​ និង​ដាក់ចេញ​ដោយ​ក្រសួង​”។

លោក​បាន​បន្ត​ទៀត​ថា​ គ្រប់ការ​សាងសង់​សំណង់​ទាំងអស់​ តម្រូវ​មាន​លិខិតស្នើ​សុំ​មកកាន់​អជ្ញា​ធរ​ថ្នាក់​មូលដ្ឋាន​ ស្រុក​ ខេត្ត​ និង​ក្រសួង​ ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​។លោក​បន្ត​ទៀត​ថា​ នៅក្នុង​លិខិតស្នើ​សុំ​តម្រូវ​មាន​ភ្ជាប់​ជាមួយ​គំរូ​ប្លង់​គម្រោង​សំណង់​ លិខិតបញ្ជាក់​ពី​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទទួល​សាងសង់​ មាន​លិខិតបញ្ជាក់​ពី​កិច្ចសន្យា​ជាមួយ​កម្មករ​សាងសង់​ ព្រមគ្នា​ជាមួយនឹង​លិខិត​វាយតម្លៃ​ស្ដីពី​ ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​ ហើយ​បន្ថែម​ពីនេះ​នៅ​មាន​លិខិតបញ្ជាក់​មួយចំនួន​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​។

លោក​បន្ត​ទៀត​ថា​ “ក្រោយពេល​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ និង​បើក​ការដ្ឋាន​ ទើប​ម្ចាស់​គម្រោង​សំណង់​ ក៏ដូចជា​ក្រុមហ៊ុន​ទទួល​សាងសង់​អាច​ដំណើរការ​បាន​”។

ក្រោយ​ការ​ទទួល​បានច្បាប់​ និង​លិខិតអនុញ្ញាត​សាងសង់​ គ្រប់​ស្ថានភាព​ និង​តំណា​ក់​កាល​សាងសង់​ ម្ចាស់​គម្រោង​ អ្នក​អ្នកជំនាញ​ត្រូវ​ជូនដំណឹង​ ឬស្នើសុំ​មន្ត្រី​ជំនាញ​ពី​ស្ថាប័នរដ្ឋ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គុណភាព​ និង​បច្ចេកទេស​សាងសង់​រហូត​បញ្ចប់​ជាស្ថាពរ​។ ក្នុងករណី​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ច្បាប់​ដើម្បី​អាច​មាន​សិទ្ធិបន្ត​ការ​សា​សង់​។ ដោយឡែក​ប្រសិនបើ​មិន​មាន​លិខិតអនុញ្ញាត​ ហើយ​នៅតែ​បន្តសកម្មភាព​ អជ្ញា​ធរ​ និង​ក្រសួង​ នឹង​ចុះ​ផ្អាក​សកម្មភាព​ជាបន្ទាន់​ ហើយ​ម្ចាស់​នៅតែ​ព្យាយាម​ជំនះ​ នោះ​នឹង​ប្រើ​វិធានការ​តាម​ប្រព័ន្ធ​តុលាការ​។

លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “បើ​ទោះជា​សំណង់​ដែល​មានច្បាប់​ ប៉ុន្តែ​ក្រោយពេល​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​គ្មាន​គុណភាព​ ឬខុស​បច្ចេកទេស​ ដែល​អាច​បង្ក​ហានិភ័យ​ក្រោយ​ការសាងសង់​ ចាំបាច់​ត្រូវតែ​ផ្អាក​សកម្មភាព​សាងសង់​ទាំងស្រុង​ ឬអាច​រុះរើ​សំណង់​តែម្ដង​”៕

ម្ចាស់​អាជីវកម្ម​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​សិល្បៈ​ និង​ចិត្តសាស្ត្រ​និយាយ​ជា​សាធារណៈ​

0

ដោយ​ សារី​

ភ្នំ​ពេញៈ​ ម្ចាស់​អាជីវកម្ម​ទាំង​សមាជិក​ និង​មិនមែន​សមាជិក​ចំនួន១០០នាក់​ មក​ពង្រឹង​សមត្ថភាព​អំពី​ សិល្បៈ​និង​ចិត្ត​សា​ស្រ្ដនិយាយ​ពី​លោក​ អោម​ សេង​ បូរ៉ា​ស្ថាបនិក​ CEO​ Master​ Club​ ដើម្បី​ដឹកនាំ​បុគ្គលិក​ និង​អាជីវកម្ម​ឱ្យ​មានប្រសិទ្ធភាព​​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើជំនួញ​។

ចំនួន​សហគ្រិន​ខាងលើ​នេះ​ នឹង​កើនឡើង​បន្ថែម​ទៀត​នៅ​ថ្ងៃ​កម្មវិធី​បង្វឹក​ នា​ថ្ងៃទី៦​-៧កក្កដា​ ២០១៩​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២​។ ចំនួន​អ្នកចូលរួម​នេះ​អាច​ដូច​ទៅ​នឹង​កម្មវិធី​បង្វឹក​ជំនាញ​ “ភាពជា​អ្នកដឹកនាំ​ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​កម្រិត​កំពូល​” កាលពី​ថ្ងៃ១​-២ មិថុនា​កន្លងទៅ​ដែរ​ ដោយមាន​អ្នកចូលរួម​កើន​រហូតដល់​ ១១០នាក់​ ហើយ​សឹងតែ​គ្មាន​កន្លែង​អង្គុយ​។

អោម សេង បូរ៉ា CEO Master Clip

ការ​ឆក់​យក​បេះដូង​អ្នករក​ស៊ី​នៅ​កម្ពុជា​ ចូល​មក​ពង្រឹង​សមត្ថភាព​កាន់​ច្រើន​ឡើង​ៗនេះ​ ត្រូវ​បាន​ម្ចាស់​អាជីវកម្ម​ ដែល​ធ្លាប់​បា​នព​ង្រឹ​ងសមត្ថភាព​កន្លងមក​ និង​បន្ត​ចូលរួម​វគ្គ​នេះ​ឱ្យ​ដឹង​ថា​ ការ​បង្វឹក​របស់​លោកគ្រូ​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ ពិតជា​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ម្ចាស់​អាជីវកម្ម​ជាច្រើន​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​បាន​បង្កើន​សមត្ថភាព​ក្នុង​ការដឹកនាំ​ចាត់ចែង​កាន់តែ​ពូកែ​ជាង​មុន​ ព្រមទាំង​អាច​រំដោះខ្លួន​ឱ្យ​រួចផុត​ពី​អ្នកទោស​អាជីវកម្ម​។

តាមរយៈ​ការ​មើលឃើញ​លទ្ធផល​ និង​គុណ​តម្លៃ​របស់​ក្លិប​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​មួយ​នេះ​ ដែល​បាន​ជួយ​ដល់​សហគ្រិន​កម្ពុជា​ និង​សមាជិក៨២៧នាក់​ នៅ​ទូទាំង​ប្រទេស​ឱ្យ​រីកចម្រើន​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ដែល​បាន​ចូល​មក​ពង្រឹង​សមត្ថភាព​ម្តង​ហើយ​ ជាប់ចិត្ត​ចង់​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ បានសម្រេច​ចិត្ត​ចូល​សមាជិក​ដោយ​ឥតងាករេ​ ជាមួយនឹង​ការ​ទទួល​បាន​ប្រយោជន៍​ទាំង៧​ ដែល​ជួយ​ឱ្យ​ចំណេញ​ទាំង​ពេល​វេលា​និង​ថវិកា​ ហើយ​ថែមទាំង​បាន​ណែនាំ​មិត្ត​ភ័ក្ត​ ជា​បន្ត​បន្ទាប់​ឱ្យមក​ចូលរួម​កម្មវិធី​បង្វឹក​របស់​ CEO​ Master​ Club​ ជាមួយគ្នា​ ដើម្បី​ភ្លក្ស​រស​ជា​តិ​ថ្មី​ៗ សម្រាប់​ការ​អភវិ​ឌ្ឍ​សមត្ថភាព​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ពូកែ​ និង​អគ្គនាយក​អាជីព​ប្រក​បដោយ​ភាព​ជោគជ័យ​។

អត្ថ​ប្រយោជន៍​សំខាន់​ទាំង៧​ ធុរកិច្ច​ជន​ទទួល​បាន​បន្ទាប់ពី​ចូលជាសមាជិក​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ រួមមាន​៖ ទី១​. រក​ឃើញ​ទេពកោសល្យ​ជោគជ័យ​ និង​សេចក្តី​សុខ​ពី​កំណើត​របស់​ខ្លួន​ដែល​មិនធ្លាប់​បានដឹង​ពីមុន​មក​តាមរយៈ​បច្ចេកវិទ្យា​ Brain​ Scan​។ ទី២​ ទទួល​បានការ​បង្វឹក​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​ អំពី​កម្មវិធី​ “ក្លាយជា​អគ្គនាយក​អាជីព​” ដើម្បី​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ចាកចេញ​ពី​ភាពជា​អ្នកទោស​អាជីវកម្ម​បាន​ឆាប់រហ័ស​ និង​កសាង​អាជីវកម្ម​ឱ្យ​មាន​ភាពរឹងមាំ​អាយុវែង​តជំនាន់​បាន​។

ទី៣​. ទទួល​បានការ​ប្រឹក្សា​យោបល់​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​ អំពី​បញ្ហា​ផ្ទាល់ខ្លួន​ គ្រួសារ​ និង​ អាជីវកម្ម​។ ទី៤​ អាច​បង្កើន​ការ​ផ្សព្វផ្សាយ​ និង​ការ​លក់​ផលិតផល​សេវាកម្ម​របស់​ខ្លួន​ ក្នុងចំណោម​សមាជិក​គ្រួសារ​CEO​ Master​ Club​ នៅ​ទូទាំង​ប្រទេស​។ ទី៥​. អាច​ទិញ​ផលិតផល​សេវាកម្ម​ក្នុង​តម្លៃ​ Discount​ ច្រើន​នៅក្នុងចំណោម​សមាជិក​គ្រួសារ​ CEO​ Master​ Club​ ទូទាំង​ប្រទេស​ ។ ទី៦​. មានឱកាស​វិនិយោគ​ជាច្រើន​នៅក្នុង​សម្ព័ន្ធ​សមាជិក​គ្រួសារ​ CEO​ Master​ Club​ និង​ទី៧​. ចាប់​យក​ឱកាស​លូតលាស់​រីកចម្រើន​ជោគជ័យ​បាន​លឿន​ជាង​អ្នករក​ស៊ី​ធម្មតា​ ចំណេញពេលវេលា​ មិន​ខាត​ជីវិត​រស់នៅ​ក្នុង​បញ្ហា​នៃ​ការ​រកស៊ី​ដែល​គ្មាន​ក្បួន​ច្បាស់លាស់​៕

កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ និង​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​បង្កើន​ពាណិជ្ជកម្ម​ឲ្យ​សម្រេច​បាន​ ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ មន្រ្តី​រដ្ឋាភិបាល​អាស៊ាន​ និង​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ថា​ គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​ ២០០​ ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​សម្រេច​បាន​នៅ​ចុងឆ្នាំ​ក្រោយ​។

បណ្តា​ប្រទេស​អាស៊ាន​ និង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​បាន​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​លើក​ទី​ ២៣​ រវាង​អាស៊ាន​-កូរ៉េ​ខាងត្បូង​នៅ​ប៊្រុយ​ណេ​ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ភាពជា​ដៃគូ​លើ​បញ្ហា​ពី​ការ​វិនិយោគ​បរទេស​ទៅ​ការពង្រីក​សេដ្ឋកិច្ច​ឌីជីថល​ និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​ខ្លួន​ដើម្បី​ពង្រីក​ការ​ធ្វើវិនិយោគ​ទុន​។

គោលដៅ​ដំបូង​នៃ​ការ​ឈាន​ដល់​ ២០០​ ពាន់​លាន​ដុល្លារ​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​ផ្តួចផ្តើម​ក្នុង​ឆ្នាំ​ ២០១៤​។ កូរ៉េ​ខាងត្បូង​មាន​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៃ​ក្នុង​ទំហំ​ទឹកប្រាក់​ ៩៣,៤​ ពាន់​លាន​ដុល្លារ​ជាមួយ​បណ្តា​អាស៊ាន​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់​ធនាគារ​កណ្តាល​កូរ៉េ​ខាង​ត្យូង​ បាន​ឲ្យដឹង​ថា​ ភាគច្រើន​នៃ​ការនាំចេញ​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​គ្រឿង​កុំព្យូទ័រ​ និង​វាយនភណ្ឌ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ និង​តំបន់​អាស៊ាន​បាន​កើនឡើង​ដល់​ ១៦០​ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៧​ ដែល​ច្រើនជាង​ទ្វេដង​នៃ​ឆ្នាំមុន​ ហើយ​ត្រូវ​បាន​កំណត់​ថា​នឹង​ឈាន​ដល់​ ២០០​ ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​ ២០២០​។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Moon​ Jae​-in​ បាន​បង្កើន​ការ​វិនិយោគ​ទ្វេដង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ដែល​នៅ​ចុងក្រោយ​បំផុត​នៅក្នុង​ពិភពលោក​នៅតែ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​។

ក្រុមហ៊ុន​ផលិតកម្ម​ សំណង់​ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​កំពុង​បង្កើត​សាខា​នៅ​កម្ពុជា​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​ ៨៥​ លាន​ដុល្លារ​ក្នុងរយៈពេល​ ៤ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ ២១,៦​ លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ៤,៣៨​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ឧកញ៉ា​ លឹម​ ហេង​ បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​ដៃគូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ឧកញ៉ា​ បាន​មានប្រសាសន៍​ថា​ “កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​មាន​ភាព​ជិតស្និទ្ធ​ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​”។ការចូលរួម​របស់​កូរ៉េ​ខាងត្បូង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទំហំ​ធំ​។ កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទីពីរ​ បន្ទាប់​ចិន​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។

រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​លើ​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន​ ២១២​ ដែល​មានតម្លៃ​ ៤,៥៦​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ជិត​ ៣០០​ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ដោយ​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​៕

ទីផ្សារ​មូលប័ត្រ​កម្ពុជា​កំពុង​ពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគ្គនាយក​នៃ​គណៈ​កម្មា​ការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​.)ទីផ្សារ​មូលបត្រ​នា​ពេល​បច្ចុប្បន្ន​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​និង​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​នេះ​នា​ពេល​អនាគត​ជូន​ដល់​វិនិយោគិន​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ពិធី​ទទួល​បាន​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​របស់​ក្រុមហ៊ុន Cambodian​ Investors​ Capital​ Partners​ Plc.កាលពី​ថ្ងៃ​ ៤ម្សិលមិញ​នេះ​ លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​.) បានឱ្យ​ដឹង​ថា​ពិធី​ទទួល​បាន​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នា​ថ្ងៃនេះ​ ជា​សក្ខីភាព​មួយ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ក្នុង​ការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគ​រួម​ បន្ទាប់ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​ក្នុង​ឆ្នាំ​ ២០១២​ ទីផ្សារ​ឧប​ករណ៍​និ​ស្សន្ទ​ក្នុង​ឆ្នាំ​ ២០១៦​ និង​ទីផ្សារ​មូលបត្រ​បំណុល​នា​ចុងឆ្នាំ​ ២០១៨​។

លោក​បន្ត​ថា​ អត្ថិភាព​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នេះ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​មូលធន​ ក៏ដូចជា​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​មួយទៀត​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​នឹងជា​បច្ច័យ​មួយ​ថ្មី​ ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដើម្បី​ឱ្យ​ការបែងចែក​ធនធាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់​។

លោក​ សុខ​ ដារ៉ា​ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​កន្លងមក​នេះ​ថា​ ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ​ គឺជា​កម្មវត្ថុ​ យុទ្ធសាស្ត្រ​មួយ​ នៃ​វិស័យ​ហិរញ្ញវត្ថុ​ ដែល​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ខ្ពស់​ពី​រាជរដ្ឋាភិបាល​ ដោយមាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦​-២០២៥​។

លោក​បន្ត​ថា​ ជាក់ស្តែង​បច្ចុប្បន្ន​ ពាណិជ្ជករ​ និង​វិនិយោគិន​មានការ​យល់ដឹង​ពី​ការ​ ជួញដូរ​ មូលបត្រ​មានកម្រិត​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​ ដែល​នេះ​ ទល​ហី​ករណ៍​ជំរុញ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ទៀត​ លើ​ការ​បញ្ជ្រាប​ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ទីផ្សារ​មូលបត្រ​ ឲ្យបាន​ទូលំទូលាយ​ សុក្រឹតភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ដែល​អាច​ជួយ​ឲ្យ​សាធារណជន​ ក៏ដូចជា​វិ​និ​យោ​គគិន​ អាច​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ ឬជួយ​ដូរ​មូលបត្រ​ ប្រកបដោយ​ភាព​ជឿជាក់​និង​មានទំនុក​ចិត្ត​ចំពោះ​ទីផ្សារ​ មូលបត្រ​នៅ​កម្ពុជា​ ហើយក៏​ជាផ្នែក​មួយ​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ​៕