តោះ​ទៅ​មើល​តម្លៃ​អចលនទ្រព្យ​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៥​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កំពុង​លេចឡើង​ ជាមួយ​នឹង​កំនើន​សេដ្ឋកិច្ច​របស់​ខ្លួន​ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​បាន​កើនឡើង​ជាប្រចាំ​ ហេតុនេះ​តើ​អចលនទ្រព្យ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​មានតម្លៃ​បែប​ណា​?។

ថ្ងៃនេះ​ Propertyasia.area​ បង្ហាញ​ពី​តម្លៃ​អចលនទ្រព្យ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៥​ ខណៈ​តម្លៃ​អចលនទ្រព្យ​ក្នុងចំណោម​ប្រទេស​ទាំង៥​ គឺ​តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហបុរី​មានតម្លៃ​ថ្លៃជាង​គេ​ ធៀប​នឹង​ប្រទេស​ចំនួន ៤ទៀត​។

តម្លៃ​ម៉ែត្រការ៉េ​លំនៅ​ដ្ឋាន​ដែល​បាន​បោះពុម្ព​ដោយ​ ក្រុមហ៊ុន ​Global​ Property​ Guide​។ លក្ខណៈ​សម្បត្តិ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អឥតខ្ចោះ​ ដោយមាន​កន្លែង​ល្អ​ៗ ហើយ​ត្រូវ​បាន​តុបតែង​លម្អ​ឡើងវិញ​ ឬកែច្នៃ​ឡើងវិញ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​។

តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហបុរី​គិតជា​មធ្យម ១៣​,៧៤៨​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ចំណែក​នៅ​ប្រទេស​ហ្វីលីពីន​វិញ​ មានតម្លៃ​គិតជា​មធ្យម ៣​,៩៥២ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

រី​ឯតម្លៃ​អចលនទ្រព្យ​នៅ​មីយ៉ាន់ម៉ា​វិញ​ អចលនទ្រព្យ​មានតម្លៃ​គិតជា​មធ្យម​ ៣,៤៤១ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

តើ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ និង​ចំនួន​ប្រជាជន​ច្រើនជាង​គេ​ក្នុង​តំបន់​អាស៊ាន​ គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អចលនទ្រព្យ​មានតម្លៃ​ដូចម្តេច​ដែរ​?។

យោង​តាម​ការស្រាវជ្រាវ​ខាងលើ​បាន​បង្ហាញថា​ តម្លៃ​អចលនទ្រព្យ​នៅ​ឥណ្ឌូ​នេ​ស៊ី​គិតជា​មធ្យម៣​,៨២៣​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ចំណែក​ប្រទេស​កម្ពុជា​វិញ​ ដែល​មានការ​រីកចម្រើន​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​បង្ហាញថា​ តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​គិតជា​មធ្យម២​,៩១៣​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ការវាយតម្លៃ​នេះ​រួម​បញ្ជូល​ទាំង​តម្លៃ​អាគារ​ និង​តម្លៃ​ដី​នៅ​តាម​ទីក្រុង​សំ​ខាន់​ៗដែល​ជា​រាជធានី​ និង​រដ្ឋធានី​របស់​ប្រទេស​និ​មួយ​ៗ។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​តំបន់​អះអាង​ថា​ វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​នៃ​ការ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ និង​រីកចម្រើន​បន្ថែម​ទៀត​ ដែល​បណ្តា​អ្នក​វិនិយោគ​កំពុងតែ​សម្លឹង​ ដើម្បី​ចាប់​យក​ឱកាស​។

នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​អចលនទ្រព្យ​ មិនមែន​រីកចម្រើន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ក៏​ពុង​តែ​ពង្រីក​សក្ដានុពល​ដែរ​។ ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​កើតឡើង​ស្ទើរ​ទូទាំង​ប្រទេស​ ប៉ុន្តែ​គ្រាន់តែ​តំបន់​ខ្លះ​មានការ​រីកចម្រើន​លឿន​ ឬយឺត​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “ការ​អភិវឌ្ឍ​លឿន​ និង​មានសន្ទុះ​ខ្លាំង​យើង​ឃើញ​មាននៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះ​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ជាដើម​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ កំពត​ កែប​ កំពង់ចាម​ ត្បូងឃ្មុំ​ ក៏​កំពុងតែ​មាន​ភាព​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ និង​លូតលាស់​ល្អ​ វា​គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ធ្វើជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​”។

លោកស្រី​ Aliwassa​ Pathnadabutr​ នាយក​គ្រប់គ្រង​ CBRE​ Thailand​ បាន​ថ្លែង​ថា​តម្លៃ​ជាមធ្យម​សម្រាប់​ដី​និង​ខុន​ដូ​នៅ​ឆ្នាំនេះ​ នឹង​ធ្លាក់ចុះ​បន្ទាប់ពី​បាន​កើនឡើង​ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​។

លោកស្រី​មានប្រសាសន៍​ថា​ “តម្លៃ​ខ្ពស់​បំផុត​នៅក្នុង​តម្លៃ​មួយ​ម៉ែត្រការ៉េ​សម្រាប់​ប្លង់​កាលពី​ឆ្នាំមុន​»។ តម្លៃ​ខ្ពស់​បំផុត​នៅតែ​មានតម្លៃ​ 3,1​ លាន​បាត​ (ជាង​ ១០​ ម៉ឺន​ដុល្លារ​) ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​លើ​ផ្លូវ​ Lang​ Suan​ ដែល​ទទួល​បាន​នៅ​ឆ្នាំ​ ២០១៧​។ វា​នឹង​មានការ​កែតម្រូវ​តម្លៃ​នៅ​ឆ្នាំនេះ​”។

ក្នុងអំឡុងឆ្នាំ​ ២០១៥​-២០១៨​ តម្លៃ​ដី​ជាមធ្យម​នៅ​ទីក្រុង​បាងកក​បាន​កើនឡើង​ ១២​,៥ ភាគរយ​ក្នុង​មួយឆ្នាំ​ធៀប​នឹង​ ៧ ទៅ​ ៨ ភាគរយ​ក្នុង​មួយឆ្នាំ​នៅក្នុង​អំឡុង​ពេលមុន​។

លោកស្រី​ Aliwassa​ បាន​ថ្លែង​ថា​ “នៅ​ឆ្នាំនេះ​កំណើន​តម្លៃ​ដី​មធ្យម​នឹង​កើនឡើង​ពី​ ០ ទៅ៥ភាគរយ​”។

សម្តេច​តេជោ​៖ ការ​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុ​មន​ហ៊ុន​ចិន​ជា​ចំណែក​មួយ​យ៉ាង​ធំ​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​អះអាង​ថា​ វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ និង​ការ​បណ្តាក់​ទុន​វិនិយោគ​ដោយ​ផ្ទាល់​របស់​ក្រុ​មន​ហ៊ុន​ចិន​ គឺជា​ចំណែក​មួយ​យ៉ាង​ធំ​ និង​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

សម្ដេច​ តេជោ​ បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​កាលពីដើម​សប្តាហ៍​នេះ​ថា​ តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​បាន​ទទូច​ និង​ព្យាយាម​គៀង​គរ​ឱ្យ​មាន​ក្រុមហ៊ុន​ និង​បណ្តា​អ្នក​វិនិយោគ​ចិន​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​សហការ​ធ្វើជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។ សម្ដេច​បន្ត​ទៀត​ថា​ “រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ​ បាន​ព្យាយាម​គៀង​គរ​អ្នក​វិនិយោគ​ចិន​ឱ្យ​ចូល​ទៅកាន់​ប្រទេស​របស់​ខ្លួន​ ខណៈ​ដែល​កម្ពុជា​កំពុងតែ​ដើរ​នៅ​លើ​ផ្លូវ​មួយ​នេះ​។

សម្ដេច​បាន​បន្ត​ទៀត​ថា​ “កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ស្ទើរគ្រប់​វិស័យ​ ជាពិសេស​ លើ​វិស័យ​សំណង់​ ហើយ​យើង​នៅតែ​ស្វាគមន៍​ និង​ទទូច​សុំ​ឱ្យ​មានការ​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​”។

វត្តមាន​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ស្ទើរគ្រប់​វិស័យ​ ដែល​ក្នុង​នោះ​រួមមាន​ ដូចជា​ វិស័យ​កាត់ដេរ​ វិ​ស័យ​កសិ​កឧស្សាហកម្ម​ វិស័យ​ទេសចរណ៍​ ការ​ផ្គត់ផ្គង់​ទៅលើ​វិស័យ​ថាមពល​ ជាពិសេស​វិស័យ​សំណង់​បាន​ និង​កំពុង​ឈានមុខ​គេ​ ខណៈ​ដែល​ទុន​វិនិយោគ​សរុប​ គិតជា​មធ្យម​ក្នុង​ចន្លោះ​ប្រមាណ​ជិត២ពាន់​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​។

យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​បាន​បញ្ជាក់​ថា​ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ជាង​ពាក់កណ្តាល​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ខណៈ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​ពី​ឆន្ទៈ​រីករាយ​ស្វាគមន៍​ និង​ទទូច​ឱ្យ​មានការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​សាទរ​ និង​គាំទ្រ​ទៅលើ​គោលការណ៍​របស់​ប្រមុខ​រាជ​រដ្ឋា​បាល​កម្ពុជា​។ លោក​បន្ត​ថា​ ប្រទេស​មួយ​ដែល​អាច​មាន​ភាព​រីកចម្រើន​ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ គឺ​ត្រូវ​ពឹង​អាស្រ័យ​ទៅលើ​លំហូរ​ចូល​ នៃ​ចំនួន​អ្នក​វិនិយោគ​បរទេស​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ “ថៃ​ជា​ប្រទេស​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ ហើយក៏​ជា​ប្រទេស​ដែល​រីកចម្រើន​ជឿនលឿន​ និង​អភិវឌ្ឍ​រួច​ទៅ​ហើយ​នោះ​ ក៏​នៅតែ​ព្យាយាម​អូសទាញ​អ្នក​វិនិយោគ​ចំរុះ​ជាតិសាសន៍​ ជាពិសេស​ក្រុមហ៊ុន​ចិន​ឱ្យ​ចូល​ទៅកាន់​ប្រទេស​របស់​ខ្លួន​ដែរ​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ ការ​វិនិយោគ​នៅក្នុង​ប្រទេស​មួយ​មិនបាន​ត្រូវ​បាន​ធ្វើឡើង​ ដោយមាន​ការប្រកាន់ពូជ​សាសន៍​នោះ​ទេ​ មានន័យថា​ នៅពេល​ដែល​មានការ​បណ្តាក់​ទុន​ធ្វើជំនួញ​រួម​ គឺជា​ចំណុច​វិជ្ជមាន​មួយ​ដែល​ជួយ​ជំរុញ​ ឱ្យ​ប្រទេសជាតិ​ទាំងមូល​មានការ​អភិវឌ្ឍ​”៕

វិធានការណ៍​ក្តៅ​៖ អភិបាលក្រុង​ភ្នំពេញ​ជំរុញ​ខណ្ឌ​ទាំង១៤ចុះ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង១៤ចាត់វិធានការ​ទប់ស្កាត់​សំណង់​ គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួ​ន។

លោក​ ឃួ​ងស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ផ្ញើរ​លិ​ខិមួ​យផ្ញើរ​ទៅកាន់​អភិបាលខណ្ឌ​ទាំង​ ១៤​ កាលពី​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ណែនាំ​ជាប្រចាំ​ ដល់​រដ្ឋបាល​ខណ្ឌ​ ឱ្យ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​នូវ​រាល់​សំណង់​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ “ទោះបីជា​មានការ​ណែនាំ​ ជាច្រើនលើក​ច្រើន​សារ​រួចហើយ​ក៏ដោយ​ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​សង្កេតឃើញ​ថា​ សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​អនុញ្ញាត​សាងសង់​នៅតែ​កើតឡើង​ ជាបន្តបន្ទាប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​”។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​ ដូចនេះ​ដើម្បី​គ្រប់គ្រង់​ការសាងសង់​គ្រប់​ប្រភេទ​ឱ្យ​ស្របតាម​ប្លង់​គោល​រាជធានី​ភ្នំពេញ​ បទដ្ឋាន​គន​រូ​បនីយ​បញ្ញត្តិ​ និង​លក្ខណៈ​បច្ចេកទេស​សំណង់​នោះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ស្នើ​អភិបាលខណ្ឌ​ត្រូវ​ខិតខំ​ទប់ស្កាត់​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ឱ្យ​ខាន​តែ​បាន​ និង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ក្នុង​ន័យ​រឹត​បន្តឹង​ការគោរព​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ក៏ដូចជា​ការធានា​បាន​នូវ​សុវត្ថិភាព​ និង​គុណភាព​ជូន​ប្រជាពលរដ្ឋ​។

លោ​កឃួង​ ស្រេង​បាន​បន្ថែម​ថា​ ក្នុងករណី​ដែល​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​នៅតែ​កើតមាន​ ហើយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ និង​បង្ក​ព្យសនកម្ម​ដល់អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ លោក​អភិបាលខណ្ឌ​ត្រូវ​ទទួល​នូវ​ពិន័យ​រដ្ឋបាល​ ទៅតាមច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​ មន្ត្រី​រាជការ​ស៊ីវិល​ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងទៅ​ នៅមុខ​គំនរ​សំណង់​បាក់​រលំ​ក្នុង​ក្រុង​ព្រះសីហនុ​ កន្លងមក​នេះ​ បាន​ដាក់កំហិត​ និង​ចាត់វិធានការ​ក្ដៅ​ទៅលើ​ការអនុវត្ត​ច្បាប់​សាងសង់​ និង​ការគ្រប់គ្រង​សំណង់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

សម្ដេច​តេជោ​បាន​បញ្ជាក់​ថា​ “ច្បាប់​សាងសង់​សំណង់​នានា​ ត្រូវតែ​យក​មក​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ គ្មាន​ការលើកលែង​ គ្មាន​ការយោគយល់​ និង​គ្មាន​ការសម្រប​សម្រួល​នោះ​ឡើយ​”។ សម្ដេច​បញ្ជាក់​ថា​ “ច្បាប់​មាន​ត្រូវតែ​យក​មក​អនុវត្តន៍​ឱ្យ​មានប្រសិទ្ធភាព​។ អាជ្ញាធរ​ក្នុង​តំបន់​រាប់​ចាប់​គិត​ពី​ថ្នាក់​ស្រុក​ ឬខេត្ត​ឡើង​ទៅ​ ដែល​មិន​អាច​មាន​សិទ្ធិ​អំណាច​ ក្នុង​ការទប់ស្កាត់​ការសាងសង់​ខុសច្បាប់​ បានន័យ​ថា​គ្មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​”។

សម្ដេច​តេជោ​បាន​សង្កត់ធ្ងន់​ថា​ “បើសិនជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​រូប​ណា​ គ្មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ និង​អនុវត្ត​តាមច្បាប់​បាន​នោះ​ទេ​ ត្រូវ​ចុះចេញ​ឬនឹង​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ជាបន្ទាន់​”៕

ទីផ្សារ​ខុន​ដូ​របស់​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ និង​ដង្ហោយ​រក​ការសង្គ្រោះ​ពី​អ្នក​វិនិយោគ​ចិន​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

បាង​កកៈ​ ទីផ្សារ​ខុន​ដូ​នៅ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​រង​វិបត្តិ​ ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ កំពុង​កើតឡើង​នៅ​ក្រុង​បាងកក​ ដែល​បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មាន​ក្តី​សង្ឃឹមលើ​ការ​លក់​បាន​យូនី​តបន្ថែម​ពី​អ្នកទិញ​បរទេស​ ជាពិសេស​ចិន​ដែល​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​មួយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អ្នក​អភិវឌ្ឍន៍​ខុន​ដូ​មិន​អាច​បញ្ឈប់​បានទេ​ នៅពេល​ដែល​ពួកគេ​ចាប់ផ្តើម​សាងសង់​ មិន​ដូច​អ្នក​អភិវឌ្ឍ​ផ្ទះ​ដាច់ដោយឡែក​ និង​ផ្ទះ​លែ្វ​ងនោះ​ទេ​។ ម្យ៉ាងវិញទៀត​ អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​គ្រោង​សាងសង់​ គម្រោង​របស់​ពួកគេ​ជា​ដំណាក់កាល​ ហើយ​អាច​ពន្យារពេល​ដំណាក់កាល​ថ្មី​ ប្រសិនបើ​តម្រូវការ​ទីផ្សារ​ទន់ខ្សោយ​។ ទីក្រុង​បាងកក​មាន​ចំនួន​ ប្រហែល​ពាក់កណ្តាល​នៃ​ខុន​ដូ​នៅក្នុង​ប្រទេស​នេះ​ ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​កំពុង​ក្លាយជា​បញ្ហា​សម្រាប់​ទីក្រុង​បាងកក​។

ទីក្រុង​បាងកក​ មាន​ខុន​ដូ​យូនី​តសរុប​ចំនួន ៥៩១​,១៣៨​ ​នៅ​ដំណាច់ឆ្នាំ​ ២០១៨​។ ហើយ​មកទល់​បច្ចុប្បន្ន​ខុន​ដូ​ចំនួន៩០​,០០០យូនី​ត ផ្សេងទៀត​កំពុង​ត្រៀម​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ចំនួន​ខុន​ដូ​ដែល​មិនទាន់​បាន​លក់​ចេញ​មាន​ចំនួន​សរុប​ប្រមាណ៤៨​,០០០​ គិត​ត្រឹម​ខែឧសភា​ ហើយ​ចំនួន​នេះ​ទំនងជា​នឹង​កើនឡើង​បន្ថែម​ទៀត​ នៅពេល​អគារ​ជាច្រើន​ត្រូវ​បាន​សាងសង់​បញ្ចប់​។

អ្នក​អភិវឌ្ឍន៍​ដែល​បាន​ចុះបញ្ជី​ គឺជា​អ្នក​ជំរុញ​ដ៏​សំខាន់​នៃ​ទីផ្សារ​ខុន​ដូ​ ហើយ​វា​ជា​ការ​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការបញ្ឈប់​ការសាងសង់​។ ពួកគេ​ប្រឈម​នឹង​សម្ពាធ​ក្នុង​ការ​រីកចម្រើន​ជា​រៀងរាល់​ឆ្នាំ​ ទាំង​ប្រាក់ចំណូល​ និង​ប្រាក់ចំណេញ​។ ខណៈ​ពេល​ដែល​ពួកគេ​បន្ត​បើក​ដំណើរការ​គម្រោង​ថ្មី​ ដែល​ពួកគេ​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទិញ​ ពួកគេ​ក៏​ចំណាយពេល​ថែមទៀត​ ដើម្បី​ព្យាយាម​លក់​ចេញ​ខុន​ដូ​យូនី​ត។

ប៉ុន្តែ​អំណាច​នៃ​ការទិញ​របស់​ថៃ​ បាន​ធ្លាក់ចុះ​អស់​រយៈពេល៥ឆ្នាំ​មក​ហើយនិង​មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅឡើយ​ទេ​។ ប្រជាជន​ថៃ​ជាច្រើន​នៅតែ​មានការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​ និង​ថា​តើ​រដ្ឋាភិបាល​ថ្មី​ អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​វិល​ត្រលប់​មករ​កភាព​ប្រសើរ​ឡើងវិញ​បាន​ដែរ​ឬទេ​។ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​កំពុង​ស្វែងរក​អ្នកទិញ​ដែល​មានអំណាច​ទិញ​ខ្ពស់​នៅក្នុង​ប្រទេស​ដទៃ​ ជាពិសេស​ចិន​នៅ​ហុងកុង​ និង​ចិន​ពី​តំបន់​ផ្សេង​ៗទៀត​។

យោង​តាម​ធនាគារ​ថៃ​បាន​ឲ្យដឹង​ថា​ អ្នកទិញ​បរទេស​មក​ពី​ហុងកុង​ និង​ចិន​មាន​ចំនួន៤៣ភាគរយ​ នៃ​ចំនួន​ទឹកប្រាក់៩២​,១៦ពាន់​លាន​បាត​ ដែល​ត្រូវ​បាន​ផ្ទេរ​ពី​បរទេស​ដោយ​ជនបរទេស​ទាំងអស់​ដើម្បី​ទិញ​ខុន​ដូ​នៅ​ថៃ​ក្នុង​ឆ្នាំ២០១៨​។

ប៉ុន្តែ​អ្នកទិញ​ជនជាតិ​ចិន​នា​ពេល​ថ្មី​ៗនេះ​ មានការ​ព្រួយបារម្ភ​អំពី​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​នឹង​ត្រូវ​ចំណាយ​។ តម្លៃ​ប្រា​ក់យ័ន​ធៀប​នឹង​ប្រាក់​បាត​បាន​ថយ​ចុះពី១០ភាគរយ​ ទៅ១២​ ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ២០១៧​។ វា​មិនមែន​ជា​ការ​ធ្លាក់ចុះ​ដ៏​ធំ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​ ចំ​ពោះ​រ៉ូប៊ឺ​តរុស្ស៊ី​កាលពី​មួយ​ទសវត្សរ៍​មុន​ ប៉ុន្តែ​វា​គ្រប់គ្រាន់​ ដើម្បី​ធ្វើបាត់​បង់​ទំនុកចិត្ត​អ្នកទិញ​ជនជាតិ​ចិន​មួយចំនួន​។

ការ​ព្រួយបារម្ភ​របស់​ពួកគេ​គឺថា​ ប្រសិនបើ​ពួកគេ​ទិញ​អី​ឡូវ​នេះ​ ហើយ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ខុន​ដូ​យូនី​ត ដែល​សាងសង់​រួចរាល់​ក្នុងរយៈពេល​មួយ​ឬ ពីរ​ឆ្នាំខាងមុខ​ លុយ​យ័ន​អាច​ធ្លាក់ចុះ​ជាង​មុន​អាស្រ័យ​លើ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​កំពុង​កើត​។

ដូចគ្នា​ដែរ​ អ្នកទិញ​ជនជាតិ​ចិន​ភាគច្រើន​ នៅក្នុង​ប្រទេស​ថៃ​កំពុងតែ​សម្លឹង​មើល​ការទិញ​អគារ​ខុន​ដូ​នៅ​ប្រទេស​ថៃ​ សម្រាប់​ការ​វិនិយោគ​តែប៉ុណ្ណោះ​ ដូច្នេះ​ប្រសិនបើ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មានកម្រិត​ទាប​នោះ​ ពួកគេ​ជាច្រើន​ប្រហែលជា​មិន​ចង់​ផ្ទេរ​ខុន​ដូ​យូនី​តរបស់​ពួកគេ​ទេ​។ ក្នុង​ន័យ​នេះ​អ្នក​អភិវឌ្ឍន៍​ ដែល​បាន​ផ្សព្វផ្សាយ​ទីផ្សារ​ដល់​អ្នកទិញ​ជនជាតិ​ចិន​ ត្រូវតែ​មាន​ភាព​ត្រឹមត្រូវ​អំពី​ផល​ចំណេញ​ ទទួល​បាន​ពី​ការ​វិនិយោគ​ ដែល​រំពឹង​ទុក​ ហើយ​មិន​ត្រូវ​សន្យា​មិន​ពិត​ណាមួយ​ឡើយ​។

ប៉ុន្តែ​អ្នកទិញ​ជនជាតិ​ចិន​ នៅតែ​កំពុង​សម្លឹង​មើល​ការទិញ​ខុន​ដូ​ នៅក្នុង​ប្រទេស​ថៃ​ ជាពិសេស​នៅ​ទីក្រុង​បាងកក​ ដោយ​សារ​​តម្លៃ​អចលនទ្រព្យ​ នៅតែ​ទាប​ជាង​នៅ​ប្រទេស​ចិន​ ហើយ​អាច​រំពឹង​ថា​ ​នឹង​មានការ​កើនឡើង​តម្លៃ​នៅ​ពេល​អនាគត​។ ពួកគេ​រីករាយ​ក្នុង​ការរស់នៅ​ ធ្វើដំណើរ​ និង​ធ្វើការ​នៅ​បាងកក​ ដោយ​ផ្តល់​តម្លៃ​ទាប​នៃ​ការរស់នៅ​ និង​ភាព​ងាយស្រួល​ជាង​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន​៕

ប្រភព​៖ កាសែត​បាងកក​ប៉ុស្តិ៍​

ឥណ្ឌូ​នេ​ស៊ី​ចំណាយ​ប្រាក់​ជាង​ ៤ពាន់​លាន​ដុល្លារ​សាងសង់​រថភ្លើង​ល្បឿន​មធ្យម​

0

ដោយ​នៅ​ ស៊ី​វុត្ថា

ឥណ្ឌូ​នេ​ស៊ីៈ​ អាជ្ញាធរ​ទីក្រុង​ Jakarta​ នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គ្រោង​ចំណាយ​ប្រាក់​ជាង ៤០០០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​សាងសង់​ផ្លូវ​រត់​ភ្លើង​ល្បឿន​មធ្យម​ នៅ​ខែមិថុនា​ឆ្នាំ២០១៩នេះ​ បន្ទាប់ពី​ត្រូវ​បាន​សិក្សា​បុរេ​លទ្ធភាព​ម្តង​រួច​កាលពី​ឆ្នាំមុន​។

រដ្ឋបាល​ក្រុង​ Jakarta​ ​បាន​ផ្តល់​គម្រោង​សិក្សា​ផ្លូវ​រត់​ភ្លើង​មួយ​នេះ​ ទៅ​ឲ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) ដែល​ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់​។

លោក​ Shinichi​ Yamanaka​ តំណាង​ JICA​ ប្រចាំ​នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការសិក្សា​លើ​គម្រោង​មួយ​នេះ​ នឹង​ត្រូវ​ចំណាយពេល១ឆ្នាំ​កន្លះ​ ពោល​នឹង​បញ្ចប់​ជាស្ថាពរ​នៅក្នុង​ឆ្នាំ​ ២០២០ខាងមុខនេះ​។

លោក​បន្ត​ថា​ “ការសម្រេច​របស់ ​JICA​ នឹង​ក្លាយជា​ការ​វិនិយោគ​តិច​ឬច្រើន​ អាស្រ័យ​អាស្រ័យ​លើ​លទ្ធផល​នៃ​លទ្ធភាព​ការសិក្សា​”។

គម្រោង​ Jakarta​-Surabaya​ នឹង​ត្រូវ​បាន​គេ​កំណត់​ចំណាយ​ប្រហែល៦០ទ្រី​លាន​រូពី ​(លុយ​ឥណ្ឌូ​នេ​ស៊ី​) ដែល​ស្មើនឹង​ជាង ៤០០០លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ចំនួន​នេះ​នឹង​មានការ​ប្រែប្រួល​អាស្រ័យ​លើ​លទ្ធផល​នៃ​ការសិក្សា​ចុងក្រោយ​។

ថ្វីបើ​តួលេខ​វិនិយោគ​ត្រូវ​បាន​កំណត់​ក៏ដោយ​ ក៏​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​កំណត់​ទិសដៅ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​មធ្យម​នេះ​ ​ឲ្យ​សម្រេច​តាម​ផែនការ​តាម​ការកំណត់​ជាក់លាក់​។

តាម​ការ​គ្រោងទុក​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​មធ្យម​នេះ​ អាច​រត់​បាន៧២០​ គីឡូម៉ែត្រ​ ក្នុងរយៈពេល៥.៥ម៉ោង​ឬ១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

ចំណេះដឹង​! តើ​ SME​ ដែល​មានបំណង​ស្នើសុំ​ការ​លើកទឹកចិត្ត​ពន្ធដារ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អនុលោម​ទៅតាម​អនុក្រឹត្យ​ស្តី​ពី​ ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​) ក្នុង​វិស័យ​អាទិភាព​ និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការអនុវត្ត​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ណែនាំ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ ដែល​មានបំណង​ស្នើសុំ​ការ​លើកទឹកចិត្ត​ពន្ធដារ​ ត្រូវ​ដាក់ពាក្យ​ស្នើសុំ​មកកាន់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។

ការ​ដាក់ស្នើ​សុំ​ការ​លើកទឹកចិត្ត​ពន្ធដារ​នេះ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាងក្រោម​ដូចជា​ ១.ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ពន្ធ​អប្បបរមា​ ដូចជា​ ​លក្ខន្តិកៈ​របស់​សហគ្រាស​។លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ រួម​ទាំង​ប័ណ្ណ​ពន្ធប៉ាតង់​។ ផែនការអាជីវកម្ម​ និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​។

កិច្ចសន្យា​ ឬកិច្ច​ព្រមព្រៀង​ទិញទំនិញ​ ឬសេវាកម្ម​។ កិច្ចសន្យា​ការងារ​ និង​ផែនការ​ធនធានមនុស្ស​ និង​កិច្ចសន្យា​ជួល​ទីតាំង​ ឬវិញ្ញាបនបត្រ​បញ្ជាក់​ការ​កាន់កាប់​អចលនទ្រព្យ​ ដែល​ជាទី​តាំង​សម្រាប់​ប្រកប​អាជីវកម្ម​ នៅក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

២. ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​ ការ​លើកទឹកចិត្ត​សម្រាប់​ចំណាយ​ ដែល​អាច​កាត់កង​បាន​ ដូចជា​ លក្ខន្តិកៈ​របស់​សហគ្រាស​។ លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ រួម​ទាំង​ប័ណ្ណ​ពន្ធប៉ាតង់​។ ផែនការអាជីវកម្ម​ និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​។ កិច្ចសន្យា​ ឬកិច្ច​ព្រមព្រៀង​ទិញទំនិញ​ ឬសេវាកម្ម​ និង​កម្មវិធី​បណ្តុះបណ្តាល​ដល់​និយោជិត​៕

សិក្សា​បី​ចំណុច៣នេះ​ដើម្បី​ការទិញ​ លក់​ អចលនទ្រព្យ​មានឱកាស​ចំណេញ​ច្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​មនុស្សជា​ច្រើន​បាន​នាំគ្នា​ងាក​សម្លឹង​ ទៅលើ​ការ​ធ្វើជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ស្ទើរគ្រប់​រូបភាព​ ទាំង​ការ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​រហូតដល់​កម្រិតទាប​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​ដី​ឡូ​តិ៍​ ដែល​កំពុងតែ​ស្រូប​ទាញ​អ្នកជំនួញ​កម្រិតទាប​ និង​មធ្យម​ឱ្យ​ចូលរួម​ក្នុង​វិស័យ​មួយ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​លើក ឡើង​ថា​ មិនថា​ទោះជា​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​បែប​ណា​នោះ​ទេ​ នៅពេល​ដែល​អ្នក​បានដឹង​ និង​យល់​ច្បាស់​ពី​ចំណុច​សំ​ខាន់​ៗទាំង៣នេះ​ នោះ​ការ​ធ្វើជំនួញ​របស់​អ្នក​អាច​នឹង​ចៀស​ផុត​ពី​ហា​នី​ភ័យ​ និង​ខាតបង់​។ ផ្ទុយទៅវិញ​អាច​មានឱកាស​ខ្ពស់​ ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​ទៅលើ​ការ​វិនិយោគ​ថែមទៀត​ផង​។

លោក​ឧកញ៉ា​បន្ត​ថា​ “បើ​ចង់​រីកចម្រើន​ និង​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​អចលនទ្រព្យ​ ដូចជា​ការទិញ​ដី​ ឬផ្ទះ​ ដើម្បី​ទុក​លក់​បន្ត​យកចំណេញ​ ដាច់ខាត​ត្រូវតែ​ស្វែងយល់​ពី​ចំណុច​ទាំង៣ដូច​ខាងក្រោម​នេះ​។

សិក្សា​ពី​តម្លៃ​ទីផ្សារ​ក្នុង​ស្រុកៈ​ នេះ​ជា​កិច្ចការ​ដំបូង​ ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅក្នុង​តំបន់​នី​មួយ​ៗក្នុង​ប្រទេស​របស់​អ្នក​ ជាពិសេស​តំបន់​កំពុង​អភិវឌ្ឍន៍​ និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ឬទិញ​ ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។

អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ជាពិសេស​ត្រូវ​ដឹង​ថា​ ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​?

២- សម្លឹង​ឆ្ពោះទៅ​តំបន់​ជា​យក្រុងៈ​ ជា​ការពិត​ណាស់​ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ដូច្នេះ​ អ្នក​ត្រូវ​ដឹង​ថា​ បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​ នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​? នៅពេល​ដែល​អ្នកដឹង​ថា​ តំបន់​ជាយក្រុង​ណាមួយ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។

៣- តាមដាន​ព័ត៌មាន​ឱ្យ​បាន​លម្អិតៈ​ ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ ជាមួយនឹង​ស្ថាប័នឯកជន​ ឬរដ្ឋ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ លើ​វិស័យ​អចលនទ្រព្យ​ ព្រោះ​អ្នក​នឹង​ដឹង​ថា​ តំបន់​ណា​នឹង​ក្លាយជា​តំបន់​អភវិ​ឌ្ឍ​ន៍​ តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។

ម្យ៉ាងទៀត​ ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ អ្នក​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​៕

CLMVT​ ជា​មូលដ្ឋាន​នៃ​សង្វាក់​តម្លៃបន្ថែម​ថ្មី​សម្រាប់​អាស៊ី​

0

ដោយ ​នៅ​ វឌ្ឈ​នា​

ប្រទេស​ថៃៈ​ រដ្ឋមន្រ្តី​នៃ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ ចៅ​ប្រា​យ៉ា​ (CLMVT​) បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​លើកឡើង​នូវ​ទស្សនទាន​និង​ការ​ដាក់ចេញ​ផែនការ​ ដើម្បី​សម្រេច​ឲ្យបាន​នូវ​មូលដ្ឋាន​នៃ​សង្វាក់​ផលិតកម្ម​តម្លៃ​ថ្មី​សម្រាប់​អាស៊ី​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចូលរួម​វេទិកា​ កម្ពុជា​-ឡាវ​-មីយ៉ាន់ម៉ា​-វៀតណាម​-ថៃ​ (CLMVT​) ក្រោម​ប្រធានបទ​ CLMVT​ ជា​មូលដ្ឋាន​នៃ​សង្វាក់​តម្លៃបន្ថែម​ថ្មី​សម្រាប់​អាស៊ី​ “CLMVT​ Forum​ 2019​: CLMVT​ as​ the​ New​ Value​ Chain​ Hub​ of​ Asia​” នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ប្រា​យុទ្ធ​ ច័ន្ទ​ អូ​ឆា​ នាយក​រដ្ឋមន្រ្តី​ថៃ​ និង​មានការ​ចូលរួម​បណ្តា​ប្រទេស​ដែល​ជាស​មា​ជិ​ក។ គោលបំណង​ចម្បង​នៃ​វេទិកា​នេះ​ គឺ​ដើម្បី​បញ្ជាក់​អំ​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ឧបសគ្គ​នានា​នៅក្នុង​តំបន់​ CLMVT​។

រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​ប្រជាជន​សរុប​ក្នុង​តំបន់​ CLMVT​ មាន​ប្រមាណ២៦៧លាន​នាក់​ ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ស្មើនឹង​ ៥.១​% គិត​ត្រឹម​ឆ្នាំ២០១៨​ និង​លំហូរ​វិនិយោគ​បរទេស​ផ្ទាល់​ (FDI​) ស្មើនឹង៧.២​%។ ប្រទេស​ CLMVT​ មាន​លក្ខណៈ​ភូមិ​សាស្រ្ត​ និង​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ តម្រូវឲ្យ​ប្រទេស​សមាជិក​បង្កើន​ទំនាក់ទំនង​ល្អ​ និង​លើកយក​យន្តការ​ចាំបាច់​នានា​ ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់​ខ្លួន​ សំដៅ​ទាក់ទាញ​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ថែម​ទៀត​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ បណ្តា​ប្រទេស​ CLMVT​ គួរ​សហការ​គ្នា​ក្នុង​ការ​ដាក់ចេញ​នូវ​វិស័យ​ ដែល​ទទួលផល​ប៉ះពាល់​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ ព្រមទាំង​ពង្រឹង​សាមគ្គីភាព​នៅក្នុង​តំបន់ ​CLMVT​ ផ្អែកលើ​មូលដ្ឋាន​ឈ្នះ​ ឈ្នះ​ សំដៅ​ឆ្លើយតបទៅនឹង​តម្រូវ​ការ​ចំា​បាច់​ និង​សក្តា​នុ​ពលភាព​ នៃ​ប្រទេស​ជាស​មា​ជិ​កសំដៅ​ធ្វើ​ម្ចាស់​ពិតប្រាកដ​ លើ​ប្រជាជាតិ​ CLMVT​ ទាំងអស់​៕

ADB​ ផ្ដល់​កម្ចី​ ៦០លានដុល្លារ​ដល់​កម្ពុជា​ដើម្បី​បង្កើន​កំលាំង​ពលកម្ម​ជំនាញ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​យល់ព្រម​ផ្តល់​កម្ចី​ចំនួន ៦០លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើន​ជំនាញ​និង​ការប្រកួត​ប្រជែង​កម្លាំង​ពលកម្ម​ ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ពី​គំរូ​នៃ​កំលាំង​ពលកម្ម​ដែល​ជំនាញ​ទាប​ទៅជា​ពលកម្ម​ដែល​ជំនាញ​ខ្ពស់​។

ប្រាក់កម្ចី​មាន​គោលបំណង​ជួយ​ប្រទេស​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ និង​ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិក្ខារ​ និង​សម្ភារៈ​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ (TTIs​) ដែល​បាន​ជ្រើសរើស​នៅ​ទូទាំង​ប្រទេស​ ធ្វើអោយ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​ និង​ជំនាញ​របស់​គ្រូបង្វឹក​ TTI​ និង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​រដ្ឋាភិបាល​ និង​សហគមន៍​ធុរកិច្ច​ ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ផ្លាស់​ប្តូរ​។

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី១១០​ ក្នុងចំណោម​ប្រទេស១៤០ក្នុង​របាយការណ៍​ប្រកួតប្រជែង​សកល​ឆ្នាំ​ ២០១៨​ ដោយ​សារ​តែ​ការ​លំបាក​ក្នុង​អាជីវកម្ម​ក្នុង​ការស្វែងរក​បុគ្គលិក​ជំនាញ​ដើម្បី​បំពេញ​តួនាទី​បច្ចេកទេស​។ កម្មវិធី​អប់រំ​ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) របស់​ប្រទេស​នេះ​មិន​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ ដោយ​កម្មវិធី​សញ្ញាប័ត្រ​ភាគច្រើន​ផ្តោត​លើ​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម​។

អ្នកជំនាញ​ផ្នែក​អប់រំ​នៃ ​ADB​ ប្រចាំ​អាស៊ី​អាគ្នេយ៍​ លោកស្រី​ Yumiko​ Yamakawa​ បាន​មានប្រសាសន៍​ថា​ “ការ​មាន​កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់​ គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​មួយ​ដូចជា​ ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​​យ៉ាង​ឆាប់រហ័ស​ និង​កម្លាំង​ពលកម្ម​ដែល​កំពុង​កើនឡើង​”។

លោកស្រី​ “ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នឹង​ផ្តោត​ទៅលើ​ការ​លើកកម្ពស់​ជំនាញ​របស់​កម្មករ​ ដែល​ធ្វើការ​នៅក្នុង​វិស័យ​ដែល​មាន​កំណើន​ខ្ពស់​ ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​”។ លោក​បន្ត​ថា​ “យើង​ក៏​ធ្វើឲ្យ​ប្រាកដ​ថា​ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើន​ជំនាញ​របស់​កម្មករ​”។

គម្រោង​ជំនាញ​សម្រាប់​ភាព​ប្រកួតប្រជែង​ នឹង​ជួយ​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​ដែល​មាន​សមត្ថភាព​ ១៨​,០០០នាក់​ (ស្រ្តី​ ២៨​ ភាគរយ​) ដែល​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ និង​ជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​អាទិភាព​ចំនួន​បួន​ គឺ​វិស័យ​ផលិតកម្ម​ សំណង់​ អគ្គិសនី​ និង​អេ​ឡិច​ត្រូ​និច​។

ការ​ធ្វើបែប​នេះ​ នឹង​ត្រូវ​ធ្វើ​ដោយ​ពង្រឹង​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ចំនួន​ប្រាំ​កន្លែងនៅ​ទូទាំង​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កន្លែង​ហ្វឹកហ្វឺន​ថ្មី​ចំនួន១៦​ កន្លែង​ដែល​មាន​លក្ខណៈ​ឌីជីថល​ រួមបញ្ចូល​ទាំង​ការសន្សំសំចៃ​ថាមពល​ដូចជា​ កន្លែង​ស្នាក់​ដាច់ដោយឡែក​ និង​បង្គន់​អនាម័យ​សម្រាប់​ស្ត្រី​ ការ​ផ្តល់​ឧបករណ៍​បណ្តុះ​បណ្តា​កម្រិតខ្ពស់​ និង​ឧស្សាហកម្ម​ កសាង​សមត្ថភាព​គ្រូបង្វឹក​ និង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដែល​មាន​មូលដ្ឋាន​លើ​គុណសម្បត្តិ​ដល់​សិស្ស​ដែល​បាន​ជ្រើសរើស​។

វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ចំនួន​ប្រាំ​កន្លែង​ ដែល​បាន​កំណត់​សម្រាប់​គម្រោង​នេះ​ គឺ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​សួន​ TVET​ និង​វិទ្យា​ស្ថាន​ពហុ​បចេ្ច​កទេស​តេជោ​សែន​ស្វាយរៀង​។

លើស​ពីនេះ​ទៀត​ គម្រោង​នេះ​នឹង​ផ្តល់​នូវ​ឱកាស​បង្កើន​ជំនាញ​ សម្រាប់​កម្មករ​ដែល​មានស្រាប់​ដើម្បី​ដោះស្រាយ​កង្វះ​ជំនាញ​ និង​កង្វះ​ជំនាញ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​តាមរយៈ​កម្មវិធី​សិក្សា​ដែល​ផ្អែកលើ​ការងារ​។ កម្មវិធី​ផ្តល់​ប្រាក់កម្ចី​ដែល​មាន​មូលដ្ឋាន​លើ​ការងារ​ចំនួន១៨នឹង​ត្រូវ​បាន​អនុវត្តន៍​ ជា​ដៃគូ​ជាមួយ​អ្នក​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​នឹង​បង្កើន​សមត្ថភាព​បុគ្គលិក​ប្រហែល​ ៣៦០​ នាក់​។

មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​សាកល្បង​ ដែល​ជា​គំរូ​ច្នៃប្រឌិត​មួយ​ដើម្បី​បង្កើន​ និង​លើកកម្ពស់​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ នៅក្នុង​ការ​អភិវឌ្ឍ​ជំនាញ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ពង្រីក​។ គម្រោង​នេះ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ ដល់​សំណើ​បណ្តុះបណ្តាល​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​មូលនិធិ​នេះ​។ នេះ​នឹង​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​កម្មករ​យ៉ាងតិច​ ២,៥០០​ នាក់​ អភិវឌ្ឍ​សមត្ថភាព​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ​ និង​ផ្តល់​ការ​គាំទ្រ​សម្រាប់​ការបង្កើត​ទីភ្នាក់ងារ​អចិន្រ្តៃយ៍​ថ្មី​មួយ​ ដែល​នឹង​ត្រូវ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ ២០២៤​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្តេជ្ញា​ ក្នុង​ការ​សំរេច​បាន​នូវ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ប្រកបដោយ​ភាពរឹងមាំ​មាន​គ្រប់ជ្រុងជ្រោយ​ រឹងមាំ​ និង​មាន​និរន្ត​ភាព​ ខណៈ​ដែល​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​៕

រយៈពេល៦ឆ្នាំ​ ស៊ុយអែត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ១២៥លាន​ដុល្លារ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ គិត​ត្រឹម​រយៈពេល៦ឆ្នាំ​ គឺ​ចាប់ពី​ឆ្នាំ​ ២០១៤​-២០១៩​ រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុយអែត​ បាន​ផ្តល់​ហិរញ្ញ​វប្ប​ទាន​ឥត​សំណង​ប្រមាណ១២០០លា​នក្រោន​ ស្មើនឹង​ ១២៥លាន​ដុល្លារ​សហ​រដ្ឋា​អាមេ​រិក​សម្រាប់​ ដើម្បី​ចូ​លរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ របស់​ស៊ុយអែត​ជាមួយ​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០១៤​-២០១៨​ ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែសីហា​ ឆ្នាំ២០១៤​ ដោយ​ផ្តោត​លើ​វិស័យ​ចំនួន​ ៣ រួម​មាន​៖ ១) វិស័យ​អភិបាលកិច្ច​ សមភាព​យេនឌ័រ​ និង​សិទ្ធិមនុស្ស​ ២) វិស័យ​អប់រំ​ និង​ការងារ​ និង​ ៣) វិស័យ​បរិស្ថាន​ និង​ការប្រែប្រួល​អាកាសធាតុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ទន្ទឹម​នឹង​នេះ​ការអនុវត្ត​យុត្ត​សាស្ត្រ​នេះ​ ត្រូវ​បា​នព​ន្យា​ពេល​រហូតដល់​ចុងឆ្នាំ២០១៩​ ដោយ​ភាគី​ស៊ុយអែត​ បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ប្រមាណ ១២០០លា​នក្រោន​ សមមូល​នឹង​១២៥​លាន​​ដុល្លារ​អមេ​រិក​។

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​គណៈកម្មាធិការ​និ​តិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោកស្រី​ Maria​ Sargen​ ឯកអគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី២៥​ខែ​មិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​បន្ត​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​ស៊ុយអែត​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ជាមួយ​កម្ពុជា​ សម្រាប់​ឆ្នាំ២០២០​-២០២៤​ ក៏ដូចជា​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​លើ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​-ស៊ុយអែត​នា​ពេល​អនាគត​។

យុទ្ធសាស្ត្រ​ថ្មី​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ជាមួយ​កម្ពុជា​ ឆ្នាំ​ ២០២០​-២០២៤​ នឹង​បន្ត​អនុវត្ត​ និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ និង​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​ឆ្នាំ​ ២០១៤​-២០១៩​ ។ ដើម្បី​មាន​សង្ក​តិ​ភាពជា​មួយ​នឹង​ផែនការ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ រួមមាន​៖ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩​-២០២៣​ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦​-២០៣០​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ​ នឹង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រមូល​ធាតុ​ចូល​ និង​អនុសាសន៍​បន្ថែម​។

ជាមួយគ្នា​នេះ​យុទ្ធសាស្ត្រ​ថ្មីនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​ភាពជា​​ដៃគូ​ ឆ្នាំ​ ២០១៩​-២០២៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​ និង​ការជំរុញ​ភាពជា​ដៃគូ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​លទ្ធផល​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល៥ឆ្នាំ​ ២០២០​-២០២៤​ នា​ពេលនេះ​ គឺជា​សក្ខីភាព​ នៃ​ការ​ប្តេជ្ញា​បន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស៊ុយអែត​៕