ហេតុអ្វីបានជា​អ្នកជំនួញ​ត្រូវការ​ទីប្រឹក្សា​ច្បាប់​?

0

ដោយ​ វុត្ថា

ភ្នំ​ពេញៈ​ ទីប្រឹក្សា​ច្បាប់​ គឺជា​សេវាកម្ម​មួយ​នៃ​ផ្នែក​សេវាកម្ម​ប្រឹក្សា​ដោះស្រាយ​វិវាទ​ និង​ច្បាប់​ពាណិជ្ជកម្ម​របស់់​ការិយាល័យ​មេធាវី​ អូ​វី​ធី​ ឡាយ​អិន​ “អូ​វី​ធី​ ច្បាប់​” ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​របស់​សហគ្រាស​ ឬក្រុមហ៊ុន​ពាណិជ្ជកម្ម​។

យោង​តាម​អត្ថបទ​របស់​លោក​សន្ធាន​ករ​ អ៊ូច​ វុធ្ធី​ ​ប្រធានប្រតិបត្តិ​នៃ​ការិយាល័យ​មេធាវី​ អូ​វី​ធី​ ឡាយ​អិន​ “អូ​វី​ធី​ ច្បាប់​” កម្ពុជា​ពន្យល់​ថា​ វា​ជា​សេវាកម្ម​មួយ​អាច​ជួយ​ដល់​សហគ្រាស​ពាណិជ្ជកម្ម​ទាំងនោះ​ តាមរយៈ​ការ​ផ្តល់​យោបល់​ច្បាប់​លើ​បញ្ហា​សំ​ខាន់​ៗ នៃ​កិច្ចការ​ជំនួញ​ ដែល​រួមមាន​៖ (១) ប្រតិបត្តិ​ការ​ជំនួញ​ និង​អភិបាលកិច្ច​សហគ្រាស​ (២) កិច្ចសន្យា​ និង​លិខិត​ស្នាម​ផ្សេង​ៗ និង ​(៣) របៀប​នៃ​ការ​ដោះស្រាយ​វិវាទ​ដែល​សមស្រប​ ។ ដូច្នេះ​ តើ​ការ​ផ្តល់​យោបល់​ លើ​ផ្នែក​ទាំង នោះ​​មាន​សារៈ​ប្រយោជន៍​ដូចម្តេច​ខ្លះ​?

ទី១​) ទីប្រឹក្សា​ច្បាប់​ផ្តល់​យោបល់​លើ​ប្រតិបត្តិ​ការ​ជំនួញ​និង​អភិបាលកិច្ច​

សហគ្រាស​ ប្រតិបត្តិ​ការ​ជំនួញ​គឺជា​កិច្ចការ​ដែល​សហគ្រាស​ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនុវត្ត​ដើម្បី​ដំណើរការ​អាជីវកម្ម​ដើម្បី​ទទួល​បាន​ជោគជ័យ​។ ក៏ប៉ុន្តែ​ករណី​ខ្លះ​សហគ្រាស​ ឬក្រុមហ៊ុន​ទាំងនោះ​ ក៏អាច​ជួប​ការ​បរាជ័យ​ ដោយសារតែ​ការប្រតិបត្តិ​នូវ​អាជីវកម្ម​ មិន​ស្របច្បាប់​ផង​ដែរ​។

ឧទាហរណ៍​ អាជីវកម្ម​ទិញ​ដីស​មុទ្រ​សំរាប់​លក់​ ឬសំរាប់​វិនិយោគ​លើ​គំរោង​អ្វីមួយ​នា​ពេល​ខាងមុខ​។ ប្រតិបត្តិ​ការ​អាជីវកម្ម​បែបនេះ​ គឺជា​ការ​ចំណាយ​ប្រាក់​ប្រឈម​នឹង​ការបាត់បង់​ទាំងស្រុង​ ពីព្រោះ​ថា​ដីស​មុទ្រ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ដែល​រដ្ឋាភិបាល​មាន​សិទ្ធិ​ដកហូត​មកវិញ​បាន​ ដោយសារ​ តែ​ការ​លក់​- ទិញ​នោះ​ជា​អំពើខុស​ច្បាប់​។

ទី២)​ ទីប្រឹក្សា​ច្បាប់​ផ្តល់​យោបល់​លើ​បញ្ហា​កិច្ចសន្យា​ និង​លិខិតស្នាម​សំ​ខាន់​ៗ

កិច្ចសន្យា​និង​លិខិតស្នាម​ ជា​អាយុជីវិត​ និង​បេះដូង​របស់​អាជីវកម្ម​ ពីព្រោះ​អាជីវកម្ម​អាច​ប្រព្រឹត្តទៅ​បាន​អាស្រ័យ​ នឹងេ​សេចក្តី​សម្រេច​របស់​ម្ចាស់​ និង​ថ្នាក់ដឹកនាំ​អាជីវកម្ម​ និង​កិច្ច​ព្រមព្រៀង​ទាំង​ ឡាយ​ដែល​បាន​បង្កើត​ឡើង​ មិនថា​តែ​នៅ​ក្ន​ងប្រតិបត្តិ​ការ​ជំនួញ​ ឬនៅ​ក្នុង​សហគ្រាស​ខ្លួន​ផ្ទាល់​ទេ​ ដូចជា​ កិច្ចសន្យា​អាជីវកម្ម​ កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​ ឬលក្ខ​និ្ត​កៈ​ក្រុមហ៊ុន​ កំណត់ហេតុ​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល​ កំណត់ហេតុ​មហាសន្និបាត​ម្ចាស់​ហ៊ុន​ ឬឯកសារ​មាន​លក្ខណៈ​គតិ​យុត្ត​ដទៃទៀត​ ដែល​ជា​ប្រយោជន៍៍​របស់​អាជីវកម្ម​ ។ល។

​ឯកសារ​ទាំងនេះ​ ប្រៀបបានទៅ​នឹង​អាវុធ​មុខ​ពីរ​ ដែល​អាច​ជួយ​ឲ្យ​ចំណេញ​ ឬទទួល​បាន​ប្រយោជន៍​ផង​ ហើយក៏​អាច​ធ្វើឲ្យ​ជួប​នូវ​ការខាតបង់​ឬអន្តរធាន​ផង​ដែរ​។

ទី៣)​ ទីប្រឹក្សា​ច្បាប់​ផ្តល់​យោបល់​លើ​របៀប​ដោះស្រាយ​វិវាទ​ដែល​សមស្រប​

​វិវាទ​ពាណិជ្ជកម្ម​អាច​កើតមាន​ច្រើន​ប្រភេទ​ តាំងពី​ក្នុង​ក្រុមហ៊ុន​ រហូតដល់​ប្រតិបត្តិ​ការ​អាជីវកម្ម​ ។ ឧទាហរណ៍ៈ​ វិវាទ​ម្ចាស់​ហ៊ុន​ និង​អភិបាល​ ឬអភិបាល​ និង​អភិបាល​ វិវាទ​កិច្ចសន្យា​អាជីវកម្ម​រវាង​អាជីវកម្ម​សាមី​ និង​ក្រុម​ហ៊ុន​ផ្សេង​ទ់ៀ​ត។ល។ ហើយ​ដំណោះស្រាយ​វិវាទ​ក៏​មាន​យន្តការ​ច្រើន​ឆ្លើយតប​ផង​ដែរ​ ដូចជា​ យន្តការ​ចរចា​ សន្ធានកម្ម​ ឬការសម្រុះសម្រួល​ មជ្ឈត្ត​ការ​ និង​តុលាការ​ ជាដើម​ ។ល។ ការ​ចេះ​ជ្រើសរើស​យន្តការ​ដោះស្រាយ​វិវាទ​ណាមួយ​បាន​ត្រឹមត្រូវ​ អាច​ធ្វើឲ្យ​អាជីវកម្ម​កាត់បន្ថយ​បាន​នូវ​ភាព​ស្មុគ្រ​ស្មាញ​ ចំណេញ​ប្រាក់កាស​ ពេលវេលា​ និង​រក្សា​បាន​ទំនាក់ទំនង​ ដែល​ជា​កត្តា​សំខាន់​នាំឲ្យ​អាជីវកម្ម​កាន់តែ​រីក​ចំរើន​ទៅមុខ​ផង​ដែរ​។

ផ្ទុយទៅវិញ​ ការយល់​ដឹង​មិនបាន​គ្រប់គ្រាន់​ ជាហេតុ​ធ្វើឲ្យ​ការ​ជ្រើសរើស​របៀប​នៃ​ការ​ដោះស្រាយ​វិវាទ​ មិន​ឆ្លើយតបទៅនឹង​ប្រភេទ​វិវាទ​ ដែល​កើតឡើង​ឡើយ​ ហើយក៏​ជាហេតុ​នាំឲ្យ​អន្តរាយ​ដល់​អាជីវកម្ម​ទាំងមូល​ក៏​ថា​បាន​។

សរុប​សេចក្តី​មក​ អាជីវកម្ម​ដែល​មាន​ទីប្រឹក្សា​ច្បាប់​ប្រចាំ​ នឹង​ធ្វើឲ្យ​ដំណើរការ​មាន​ភាព​ប្រសើរ​ ពីព្រោះ​តែ​ការ​ផ្តល់​យោបល់​នៃ​សេវាកម្ម​នេះ​ នឹង​ជួយ​ជំរុញ​អាជីវកម្ម​ឲ្យ​ប្រកបដោយ​ភាព​ស្របច្បាប់​លើ​ផ្នែក​ប្រតិបត្តិ​ការ​ជំនួញ​ និង​អភិបាលកិច្ច​សហគ្រាស​ពាណិជ្ជកម្ម​ខ្លួន​ លើ​ភាព​ត្រឹមត្រូវ​នៃ​កិច្ចសន្យា​ និង​លិខិត​ស្នាម​ចំា​បាច់​ និង​ទុកចិត្ត​លើ​បៀប​ជ្រើសរើស​យក​យន្តការ​ដោះស្រាយ​វិវាទ​ដែល​ស័ក្តិសម​ និង​ចំណេញ​ប្រយោជន៍​ដល់​អាជីវកម្ម​។

ការប្រើ​សេវាកម្ម​នេះ​ជា​ការ​វិនិយោគទុន​មួយ​ដ៏​តិចតួច​ តែ​ទទួល​បានផល​ប្រយោជន៏​ច្រើន​ ហើយ​អាច​ធ្វើឲ្យ​អាជីវកម្ម​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ក្តី​បារម្ភ​ ដែល​ម្ចាស់​សហគ្រាស​ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​គួរ​ពិចារណា​ជា​ប្រយោជន៍​៕

លោក​មុំ​ វ៉ារិន​ អះអាង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នា​ពេលនេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មនុស្សជា​ច្រើន​បានសម្រេច​ចិត្ត​ឈាន​ចូល​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដោយសារ​ពួកគេ​មើលឃើញ​ឳកាស​រីកចម្រើន​ និង​ផល​ចំណេញ​ពី​វិស័យ​នេះ​ ហើយ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​សុទ្ឋ​តែ​អះអាង​ស្រដៀងគ្នា​ថា​ វិស័យ​នេះ​នៅ​មានការ​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​។

អគ្គនាយក​ក្រុមហ៊ុន​ មុំ​ វ៉ារិន​ អ៊ិ​នវេ​សម៉ិ​ន (Mom​ Varin​ Investment​) ដែល​ទើប​តែចាប់ផ្តើម​ដំណើរការគម្រោង​ថ្មី​មួយ​ ដែល​ជា​បុត្រ​សម្ព័ន្ធ​មានឈ្មោះ​ថា​ Property​ Investment​ &​ Development​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ ការ​ចំណាយធនធាន​ ដើមទុន​ និង​ពេលវេលា​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នា​ពេលនេះ​ គឺជា​ការសម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​បំផុត​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ក្លាយទៅជា​ចំណុច​មួយ​ដែល​មានការ​ចាប់អារម្មណ៍​ និង​វិនិយោគ​ជាច្រើន​ រាប់ទាំង​បណ្តា​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ និង​ក្រុមហ៊ុន​មក​ពីក្រៅ​ស្រុក​ផង​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “ការចាប់អារម្មណ៍​ទាំងអស់​នេះ​ ក៏​ព្រោះតែ​កម្ពុជា​ គឺជា​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ ដែល​តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ដី​យ៉ាងច្រើន​ឥតគណនា​”។

លោក​បន្ត​ថា​ នៅពេល​មាន​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​កាន់តែ​ច្រើន​ វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ដោយ​ស្វ័យប្រវត្តិ​ ដែល​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក​ មុំ​ វ៉ារិន​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ យ៉ាងណាក៏ដោយ​ នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​បាន​បង្កើត​ឡើង​ ហើយ​ភាគច្រើន​គឺ​បង្កើត​ឡើង​តាម​គ្នា​ និង​បម្រើ​ផ្នែក​សេវា​ដូចគ្នា​ ដែល​ធ្វើ​ឱ្យ​កើតមាន​ការប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​រួម​ ហើយ​ជា​ធម្មតា​ នៅពេល​ដែល​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ហានិភ័យ​ និង​ភាព​រីកចម្រើន​ ស្ថិតនៅ​ទន្ទឹមគ្នា​។

​លោក​ថា​ “អ្នក​ដែល​មាន​ឥទ្ធិពល​ល្អ​ អាច​ទទួល​បាន​ភាគលាភ​នៅ​លើ​ទីផ្សារ​នៅពេល​ទទួល​បាន​ភាព​ជោគជ័យ​ លើ​ការ​ប្រកួត​ប្រជែង​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចាញ់​ក្នុង​ការប្រកួត​ប្រជែង​នឹង​បាត់បង់​ចំណែក​ទីផ្សារ​”។

នៅក្នុង​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ មាន​ភាព​ធំ​ទូលាយ​ និង​មាន​ច្រើន​ផ្នែក​ ដែល​ក្រៅពី​ការវាយតម្លៃ​ ការ​ផ្តល់​ប្រឹក្សា​ ការ​ធ្វើជា​ភ្នាក់ងារ​ក្នុង​ការទិញ​ លក់​ និង​ជួល​ វា​នៅ​មាន​ផ្នែក​ជាច្រើន​ទៀត​ដែល​គួរតែ​មានការ​ចាប់អារម្មណ៍​ ចៀសវាង​ការ​ធ្វើជំនួញ​ជាន់​ជើង​គ្នា​ក្នុង​ផ្នែក​តែមួយ​។

លោក​មុំ​ វ៉ារិន​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ Property​ Investment​ &​ Development​ ហាក់​ដើរ​លើ​គន្លង​ផ្លូវ​មួយ​ខុស​ ពី​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ ដែល​កំពុង​មានដំណើរ​ការ​នៅពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ត​ថា​ “កុំ​ឃើញ​ក្រុមហ៊ុន​គេ​រីកចម្រើន​ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​ដូចជា​គេ​ដែរ​នោះ​។ ខ្ញុំ​ធ្វើការ​វិនិយោគ​ដោយ​ដើមទុន​ និង​ថវិកា​ផ្ទាល់​ ហើយ​មិនមែន​ដេក​ទន្ទឹងរង់ចាំ​ព្រេងសំណាង​នោះ​ទេ​”៕

អ្នក​វិនិយោគ​អចលនទ្រព្យ​ចាប់ពី​តម្លៃ​ជាង ១លាន​ដុល្លារ​ឡើង​នឹង​ទទួល​បាន​លិខិតឆ្លងដែន​ពី​សហភាព​អឺរ៉ុប​

0

ដោយ​ Donald​ Lee​

ប្រទេស​សាយ​ព្រឺ​សៈ​ អ្នក​វិនិយោគ​អចលនទ្រព្យ​ចិន​ បាន​និង​កំពុង​ប្រមូលផ្ដុំ​នៅ​ប្រទេស​ Cyprus​ ដែល​ជាស​មា​ជិ​ករបស់​សហភាព​អឺរ៉ុប​ ជា​ប្រទេស​កោះ​មួយ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ ខណៈ​ប្រទេស​នេះ​កំពុង​ផ្តល់​លិខិតឆ្លងដែន​ ដល់​វិនិយោគិន​អចលនទ្រព្យ​ដោយ​នឹង​ផ្តល់​សិទ្ធិ​កាន់កាប់​ និង​សិទ្ធិ​ជា​ពលរដ្ឋ​នៅ​អឺរ៉ុប​។

កម្មវិធី​វិនិយោគ​របស់​ប្រទេស ​Cyprus​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៣​ នឹង​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ និង​គ្រួសារ​របស់​ពួកគេ​ទទួល​បាន​លិខិតឆ្លងដែន​ ពី​ប្រទេស​នេះ​ ប្រសិនបើ​ពួកគេ​ទិញ​អចលនទ្រព្យ​ ដែល​មានតម្លៃ​លើស១​,១៤​ លាន​ដុល្លារ​។

ដំណើរការ​នេះ​ ក៏​តម្រូវ​ឱ្យ​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​បរិច្ចាគ​ប្រាក់​ ៨៥​,០០០ដុល្លារ​ដល់​មូលនិធិ​ លើកកម្ពស់​ការស្រាវជ្រាវ​នៃ​ប្រទេស​ Cyprus​ ​និង​សាជីវកម្ម​អភិវឌ្ឍន៍​ដីធ្លី​។

ប្រទេស​នេះ​ក៏​ផ្តល់​សិទ្ធ​រស់នៅ​អចិន្រ្តៃយ៍​ ដល់​អ្នក​វិនិយោគ​ដែល​ទិញ​អចលនទ្រព្យ​ថ្មី​ដែល​មានតម្លៃ ៣៤០​,០០០ដុល្លារ​។ ទិដ្ឋាការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ និង​គ្រួសារ​របស់​គាត់​ធ្វើដំណើរ​ទូទាំង​សហភាព​អឺរ៉ុប​ដោយ​គ្មាន​ការ​ដាក់កម្រិត​។

លោក​ Nicolai​ Caraseni​ អគ្គនាយក​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ប្រទេស​នេះ​បាន​និយាយ​ថា​ “ការ​ចំណាយ​ទាប​ដោយ​មិន​មាន​ការិយាធិបតេយ្យ​ អាកាសធាតុ​មាន​ពន្លឺថ្ងៃ​ និង​រយៈពេល​ខ្លី​រហូត​ត្រឹម៦ខែ​ សម្រាប់​ការ​ទទួល​បាន​លិខិតឆ្លងដែន​ ធ្វើ​ប្រទេស​ Cyprus​ ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ល្អ​បំផុត​”។

លោក​បាន​បន្ថែម​ថា​ “ជាមួយនឹង​លិខិតឆ្លងដែន​ Cyprus​ អ្នក​វិនិយោគ​អាច​ផ្លាស់ទី​ទៅ​រស់នៅ​ចក្រភព​អង់គ្លេស​ ស្វ៊ី​ស ឬបណ្តា​ប្រទេស​អ៊ឺ​រ៉ុប​ចំនួន២៨ទៀត​”។

យោង​តាម​អង្គការ​តម្លាភាព​អន្តរជាតិ​ Transparency​ International​ បាន​ឲ្យដឹង​ថា​ គំនិត​ផ្តួចផ្តើម​លិខិតឆ្លងដែន​ និង​លំនៅ​ដ្ឋាន​បាន​ចាក់​បញ្ចូល​ជិត​ទុន​ ៦ ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៣មក​។

វិស័យ​អចលនទ្រព្យ​នៅ ​Cyprus​ បាន​កើនឡើង៣៤ភាគរយ​នៅក្នុង​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ​បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ដីធ្លី​នៃ​ប្រទេស​ Cyprus​។ ការ​ជួញដូរ​អចលនៈ​ទ្រព្យ​មាន​ចំនួន​សរុប​ជាង១​,៦ ពាន់​លាន​ដុល្លារ​នៅចន្លោះ​ខែ​ មករា​ និង​ឧសភា​៕

រដ្ឋាភិបាល​កំពុង​រៀប​ផែនការ​ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​នឹង​កំពុង​រៀបចំផែនការ​មេ​ ដើម្បី​អភិវឌ្ឍន៍​ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ (IDP​) ឆ្នាំ២០១៥​-២០២៥​។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បានឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ ​រាជរដ្ឋាភិបាល​តម្រូវ​ឱ្យ​រួមបញ្ចូល​នូវ​ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​ជាច្រើន​ក្នុង​ផែនការមេ​ដោយ​ឈរ​លើ​គោលការណ៍​សំ​ខាន់​ៗ ដូចជា​ តំបន់​ដែល​មាន​នូវ​បច្ចេកវិទ្យា​វ័យ​ឆ្លាត​ បរិក្ខារ​ សម្រាប់​រស់នៅ​លំដាប់​ពិភពលោក​ (World​ Class​ Facility​) បរិស្ថាន​បៃតង​ តំបន់ឧស្សាហកម្ម​ និង​ជា​ប៉ូល​ សេដ្ឋកិច្ច​ដ៏​សំខាន់​ ដើម្បី​បម្រើ​ឱ្យ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ក្នុង​តំបន់​ និង​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែល​មាន​ ជំនាញ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ទំនើប​ និង​នវានុវត្តន៍​។

លោក​បន្ដ​ថា​ ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​មួយទៀត​គឺ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ខ្សែក្រវាត់​បៃតង​ កសិ​ កម្ម​និង​តំបន់​លំនៅឋាន​ ព្រមទាំង​គិតគូរ​ដល់​ការ​ផ្គត់ផ្គង់​សេវា​សាធារណៈ​ដែល​មានគុណ​ភាព​ ស្តង់ដារ​ខ្ពស់​។

ទន្ទឹម​នេះ​ ដោយមាន​ការចូលរួម​សហការ​សម្របសម្រួល​ និង​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (United​ Nations​ Industrial​ Development​ Organization​) ហៅ​កាត់​ថា​ UNIDO​ កិច្ចប្រជុំ​បាន​អញ្ជើញលោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ SIMA​) នាយក​វិទ្យាស្ថាន​នគរ​រូប​នី​យក​ម្ម​ និង​ឌី​សាញ​ស៊ិន​ជិន​ (Urban​ Planning​ and​ Design​ Institute​ of​ Shenzhen​ ហៅ​កាត់​ថា​ UPDIS​) ប្រទេស​ចិន​ដឹកនាំ​ក្រុមការងារ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​លទ្ធផល​នៃ​ការសិក្សា​បឋម​ពី​គម្រោង​ផែនការមេ​នេះ​។

ជាមួយគ្នា​នេះ​ វិទ្យាស្ថាន​ UPDIS​ បាន​ចែក​ រំលែក​ពី​បទពិសោធន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​នា​បណ្តា​ប្រទេស​ជាច្រើន​ដែល​រៀបចំ​និង​អនុវត្ត​ដោយ​វិទ្យាស្ថាន​ UPDIS​ ក្នុង​នោះ​មាន​ ដំណើរការ​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​ស៊ិន​ជិន​ ប្រទេស​ចិន​ ដែល​បាន​ប្រែក្លាយ​ពីអ​តី​តតំបន់​ភូមិ​នេសាទ​ មក​ជាទី​ក្រុង​មួយ​ដ៏​ស្រស់​ត្រកាល​ និង​មាន​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​ ទំនើប​ប្រកបដោយ​នវានុវត្តន៍​ខ្ពស់​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​ទីក្រុង​វ័យ​ឆ្លាត​ (SMART​ CITY​)។

ជាមួយគ្នា​នេះ​ ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ស៊ិន​ជិន​នេះ​ គឺ​មានការ​គិតគូរ​យ៉ាង​ល្អិតល្អន់​ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​, ការរៀបចំ​សំណង់​អគារ​, តំបន់​លំនៅឋាន​, ការកំណត់​តំបន់ឧស្សាហកម្ម​, តំបន់ការពារបរិស្ថាន​។ល។ ដែល​រៀបចំ​បាន​យ៉ាង​មាន​របៀបរៀបរយ​ និង​មាន​លក្ខណៈ​ច្នៃប្រឌិត​ខ្ពស់​ប្រកបដោយ​សោភណភាព​ និង​ផាសុ​ខភាព​គួរ​ឱ្យ​ចង់​រស់នៅ​៕

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ចំនួន​ ៣ នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​ជាប់​គាំង​

0

ដោយ​ វឌ្ឍនា

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ចំនួន​ ៣ នៅក្នុង​រាជធានី​ភ្នំពេញ​ ហាក់​គ្មាន​សកម្មភាព​សាងសង់​ នឹង​ឈាន​ទៅ​រក​ភាព​ជាប់​គាំង​ ខណៈ​គម្រោង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​កំពុង​ដំណើរ​សាងសង់​។

១) គំរោង​អគារ​ D.I.Riviera​


គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ ជិត​ទន្លេប្រសព្វ​ទាំង​បី​ គឺ​ទន្លេមេគង្គ​ ទន្លេសាប​ និង​ទន្លេបាសាក់​ ដែល​អាច​គយគន់​ទេសភាព​ទន្លេ​បាន​យ៉ាង​ច្បាស់​ពីលើ​ជាន់​នី​មួយ​ៗនៃ​អគារ​។

គម្រោង​ខុន​ដូ​ D.I.Riviera​ ចំនួន​ ២ នៅ​ខាងមុខ​ មួយ​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ ហើយ​មួយទៀត​ កំពុង​សាងសង់​ប៉ុន្តែ​គម្រោង​អគារ​ ៣នៅ​ខាងក្រោយ​ដែល​មាន​កំពស់​ ៣៨​ ជាន់​ដែល​មាន​អាងហែលទឹក​ប្រវែង​ ២០០​ ម៉ែត្រ​គឺ​បាន​ជាប់​គាំង​ រួម​ជាមួយ​ផ្សារ​ទំនើប​មួយ​ផង​ដែរ​។

គម្រោង​នេះ​ត្រូវ​បាន​ទិញ​ដោយ​ ​Green​ Land​ Group​ របស់​ប្រទេស​ចិន​។

២) គម្រោង​អគារ​ Sino​ Plaza​

គម្រោង​អគារ​ Sino​ Plaza​ ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ខុន​ដូ​មាន​ចំនួន​ ៤ អគារ​មាន​កំពស់​ ៤៥​ ជាន់​ ហើយ​ការ​សាង​សង​នូវ​គម្រោង​នេះ​ត្រូវ​បាន​ជាប់​គាំង​តាំងពី​ចុងឆ្នាំ​រហូតមកដល់​ពេលនេះ​ ។ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​បញ្ចប់​ការ​សង​សង់​នៅ​ត្រឹម​ជាន់ទី​ ៣១​ នៃ​កម​ពស់​អគារ​គំ​ពស់​ អគារ​ ៤៥​ ជាន់​។

គម្រោង​អគារ​នេះ​ ជា​ អគារ​ពាណិជ្ជកម្ម​ និង​គម្រោង​ខុន​ដូ​ ថ្មី​ដែល​មាន​កំពស់​រហូតដល់​ទៅ៤៥ជាន់​ ដែល​ជា​ការ​វិនិយោគ​ របស់​វិ​និ​យោ​គគិន​ ជនជាតិ​ចិន​ ស្ថិតនៅ​ក្បែរ​ផ្សារ​ទំនើប​ផ្លា​ហ្សា​បឹងត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

៣) គម្រោង​ Downtown93​

គម្រោង​ Downtown93 នេះ​ ជា​ប្រភេទ​ ផ្សារ​ទំនើប​ និង​ការិយាល័យ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ ក្រុងភ្នំពេញ​ ។គម្រោង​នេះ​ត្រូវ​បាន​ជាប់​គាំង​ ដោយហេតុថា​ ក្រុមហ៊ុន​បាន​ព័ទ្ធ​របង​ជុំវិញ​នៅ​ខាងមុខ​នៃ​អគារ​នេះ​ ដែល​តាមពិត​គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរការ​កាលពីដើម​ឆ្នាំ​កន្លងមក​នេះ​៕

តម្លៃ​មាស​កើនឡើង​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​ អំឡុង​ពេល​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ តម្លៃ​មាស​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​សប្តាហ៍​នេះ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​ ៦ ឆ្នាំ​ចុង​នេះ​ នៅពេល​វិនិយោគិន​បាន​បង្កើន​ការទិញ​មាស​របស់​ខ្លួន​ ចំ​ពេល​ដែល​មាន​ភាព​តានតឹង​សកលលោក​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​ និង​ភាព​តានតឹង​ផ្នែក​យោធា​រវាង​អាមេរិក​និង​ អ៊ីរ៉ង់​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ថា​ តម្លៃ​មាស​អាច​ឡើង​ដល់​ ១,៥០០​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) នៅ​ចុងឆ្នាំ​នេះ​។

តម្លៃ​មាស​បាន​កើនឡើង​ ១០​ ភាគរយ​ ក្នុងរយៈពេល​ ៤ សប្តាហ៍​ចុងក្រោយ​នេះ​រហូតដល់​ជាង​ ១,៤០០​ ដុល្លារ​ក្នុង​មួយ​អោន​ជាលើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០១៣​។

ការទិញ​មាស​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ភាព​ចលាចល​សេដ្ឋកិច្ច​ និង​នយោបាយ​។ លោហៈ​ធាតុ​មានតម្លៃ​ពិតប្រាកដ​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ដែល​មិន​មានការ​គាំទ្រ​ជុំវិញ​ពិភពលោក​។

ធនាគារ​កណ្តាល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ក៏បាន​ទិញ​មាស​ផង​ដែរ​នៅ​តាម​អត្រាកំណើន​ដែល​មិនធ្លាប់​បានឃើញ​រាប់​ទសវត្ស​មក​ហើយ​។ យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​ បាន​ឲ្យដឹង​ថា​ ទុនបម្រុង​មាស​របស់​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ ៦៥១,៥​ តោន​ដែល​កើនឡើង​ ៧៤​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ធនាគារ​កណ្តាល​របស់​ចិន​បាន​ទិញ​មាស​នៅ​ឆ្នាំនេះ​ដោយ​បាន​ចាក់​បញ្ចូល​មាស​បន្ថែម​ជិត​ ៧៣,៨៦​ តោន​ទៅ​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​។ យោង​តាម​របាយការណ៍​មួយ​ពី​ធនាគារ​កណ្តាល​ចិន​ បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​ ទុនបម្រុង​ជា​មាស​របស់​ប្រទេស​នេះ​មានតម្លៃ​ ៧៩,៨៣​ ពាន់​លាន​ដុល្លារ​។

យោង​តាម​លោកស្រី​ Helen​ Lau​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Argonaut​ Securities​ បាន​ឲ្យដឹង​ថា​ អាជ្ញាធរ​ចិន​កំពុង​ស្វែងរក ​«ការ​ធ្វើ​ពិពិធ​កម្ម​»ដោយ​មិន​ពឹង​លើ​ទុនបម្រុង​ជា​ប្រាក់​ដុល្លារ​។ អ្នកជំនាញ​ខាង​ជួញ​ដូ​ បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ទៅ​រក​ការ​រក្សា​មាស​ទុក​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គឺ​ដើម្បី​ពង្រីក​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​ដែល​គិតជា​ទឹកប្រាក់​ចំនួន​ ៣,១​ ពាន់​ពាន់​លាន​ដុល្លារ​ដែល​ជា​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​ ដោយ​រំពឹង​ថា​ ធនាគារ​កណ្តាល​អាមេរិក​ និង​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​ដែល​នឹង​ធ្វើ​ឱ្យប្រាក់​ដុល្លារ​ និង​ប្រាក់​អឺ​រ៉ូ​ចុះ​ខ្សោយ​។ប្រទេស​រុស្ស៊ី​ក៏បាន​បន្ថែម​មាស​ជិត​ ២៧៤​ តោន​ជា​ទុនបម្រុង​របស់​ខ្លួន​កាលពី​ឆ្នាំមុន​ផង​ដែរ​។

ក្នុងរយៈពេល​ ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ប្រទេស​រុស្ស៊ី​បាន​បន្ថែម​មាស​ ៧៨​ តោន​ជា​ទុនបម្រុង​របស់​ខ្លួន​។ក្រុម​អ្នកវិភាគ​វិនិយោគ​បាន​បារម្ភ​ពីជ​ម្លោះ​ពាណិជ្ជកម្ម​ដែល​បាន​ចាប់ផ្តើម​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ហើយនឹង​ធ្វើឲ្យខូច​ដល់​ការ​រីកចម្រើន​ និង​ជំរុញ​ឲ្យ​អតិថិជន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅជា​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ប្រពៃណី​។

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​កើតឡើង​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ​ នៅពេល​ដែល​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​ត្រូវ​បាន​វាយប្រហារ​នៅក្នុង​ឈូងសមុទ្រ​អូម៉ង់​ ហើយ​ក្រោយមក​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​ដែល​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ទាំងពីរ​៕

លោក​ជា​ សុ​ផា​រ៉ា​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ដើម្បី​ដោះស្រាយ​តាមច្បាប់​រាល់​សំណង់​ដែល​គ្មាន​ច្បាប់​

0

ដោយ​ វុត្ថា​

កំពង់សោម​៖ ឧបនាយក​រដ្ឋមន្រ្តី​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បញ្ជា​ឱ្យ​អជ្ញា​ធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ដើម្បី​ដោះស្រាយ​តា​ផ្លូវច្បាប់​ បន្ទាប់ពី​ពិនិត្យ​ឃើញ​ការដ្ឋាន​សំណង់​ណាមួយ​ ដែល​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២៥​ ខែមិថុនា​ ម្សិលមិញ​នេះ​ថា​ រាល់​សំណង់​ដែល​គ្មាន​ច្បាប់​ ចាប់ពី​ពេលនេះ​ទៅ​អាជ្ញាធរ​ត្រូវ​ដាក់​ ពាក្យ​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​ ដើម្បី​ដោះស្រាយ​តាមច្បាប់​។ នៅចំពោះមុខ​នេះ​ យើង​នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ រាល់​សំណង់​ទាំងអស់​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បន្ត​ថា​ “គណៈកម្មការ​នឹង​ចុះ​ធ្វើការងារ​ នេះ​ដោយ​ប្រាកដប្រជា​បំផុត​ និង​ព្រមទាំង​បាន​រំលឹក​ ម្ចាស់​សំណង់​ទាំងអស់​អោយ​ត្រៀម​ឯកសារ​ទាក់ទិន​នឹង​សំណង់​របស់​ខ្លួន​ និង​កុំ​មានទម្លាប់​ពេល​គណៈកម្មការ​ចុះទៅ​ហុច​ស្រោម​សំបុត្រ​។លោក​បន្ត​ថា​ ការ​បំពេញបេសកកម្ម​ គឺ​អនុវត្ត​តាម​ជំនាញ​ និង​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​ត្រឹមត្រូវ​ ដើម្បី​ទាក់ទាញ​វិនិយោគ​កាន់តែ​ធំ​កាន់តែ​ច្រើន​ កាន់តែ​ល្អ​ថែមទៀត​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ តាម​គោលបំណង​ និង​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ទាំង​មានការ​នឹងនរ​ចិត្ត​ ព្រោះ​គណៈកម្មការ​ចុះទៅ​ មិនមែន​បំភ័យ​បំភិត​ ដុតឲ្យ​ខ្លោច​រោល​ឱ្យ​ឆៅ​នោះ​ទេ​។ តែ​វា​គឺជា​ការ​គាំទ្រ​ឲ្យ​បងប្អូន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ធានា​បរិមាណ​ និង​គុណភាព​ កុំ​មានការ​ មន្ទិលសង្ស័យ​ និង​ភិតភ័យ​។

លោក​ថា​ “មុននឹង​ចាប់ផ្តើម​សាងសង់​ ត្រូវ​មានច្បាប់​អនុញ្ញាត​ លិខិត​បើក​ការដ្ឋាន​ជាដើម​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​ និង​ដាក់ពាក្យ​ប្តឹង​ទៅ​តុលា​នា​ពេលនេះ​ ​បន្ទាប់​បន្ទាប់ពី​មាន​ឧប្បទ្ទវ​ហេតុ​បាក់​រលំ​អាគារ​កំពស់ ៧ជាន់​ នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន៥៤នាក់​ កាលពី​រាត្រី​ទាប​ភ្លឺ​ថ្ងៃទី២២មិថុនា២០១៩កន្លង​ទៅ​ថ្មី​ៗនេះ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ គណៈកម្មការ​ចំនួន៨​ នឹង​ចុះ​ត្រួតពិនិត្យ​គុណភាព​និង​លក្ខណៈ​ បច្ចេកទេស​នៃ​សំណង់​ទាំងអស់​ ដែល​បាន​នឹង​កំពុង​សាងសង់​នៅ​លើទឹក​ដី​ក្រុង​ព្រះសីហនុ​៕

ក្រុមហ៊ុន​ជប៉ុន​ និង​ចិន​រួមគ្នា​សិក្សា​ដើម្បី​សាងសង់​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​

0

ដោយ​គង់​ សូ​រិយា​, វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ជប៉ុន​ និង​ចិន​កំពុង​សិក្សា​រួមគ្នា​លើ​ការសាងសង់​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាប់ផ្តើម​សាងសង់​នៅពេល​ខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៦​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​បាន​និង​កំពុង​សិក្សា​លើ​គំរោង​សាងសង់​ ខ្សែរថ​ភ្លើង​អាកាស​ធុន​ស្រាល​(AGT​) នៅ​រាជធានី​ភ្នំពេញ​ និង​ផ្លូវ​ក្រោម​ដី​ ខណៈ​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទស​ចិន​ដែល​ជា​ក្រុមហ៊ុន​របស់​ រដ្ឋាភិបាល​ចិន​បាន​ និង​កំពុង​សិក្សា​លើ​គំរោង​ស្រដៀងគ្នា​នេះ​ផង​ដែរ​ ប៉ុន្តែ​ការសិក្សា​បញ្ចប់​នៅពេល​ណា​លោក​មិនដឹង​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “វា​ជា​គំរោង​ផ្សេងគ្នា​ តែ​មាន​លក្ខណៈ​ស្រដៀងគ្នា​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ យើង​មិនដឹង​ថា​ការសាងសង់​ នឹងអាច​ធ្វើឡើង​នៅពេល​ណា​នៅឡើយ​ទេ​”។លោក​បន្ត​ថា​ “យើង​ចង់​ឲ្យ​មាន​ខ្សែរថ​ភ្លើង​អាកាស​ ឬក្រោម​ដី​សាងសង់​ឲ្យ​ចប់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​គំរោង​នេះ​អាច​ឆ្លើយតប​បាន​ទាន់ពេល​វេលា​ឬយ៉ាងណា​ឡើយ​”។

លោក​សូ​រិយា​បាន​បន្ត​ថា​ កន្លងមក​ក្រុមហ៊ុន​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​បាន​សិក្សា​ពី​ផ្លូវ​រថភ្លើង​អាកាស​ពីរ​ខ្សែ​រួចហើយ​ ដោយ​ចេញពី​ផ្លូវ​មុនី​រ៉េ​ត ឆ្ពោះទៅ​កាន់​តំបន់​ចោមចៅ​ ជាយក្រុង​ភ្នំពេញ​ និង​មាន​ខ្នែង១​ខ្សែ​តភ្ជាប់់​ជា​មួយ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ គំរោង​នេះ​មានផ្លូវ​ប្រវែង១២គីឡូម៉ែត្រ​។

ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ដែល​ជា​សហគ្រាស​សំណង់​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​ បាន​និង​កំពុង​សិក្សា​ដើម្បី​ចាប់ផ្តើម​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ Wang​ Wenzhong​ អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ ផ្លូវដែក​ចិន​ (CRCC​) បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វិសាលភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ របស់​ CRCC​ នៅក្នុង​ប្រទេស​ចិន​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ និង​បាន​សម្តែង​នូវ​សុឆន្ទៈ​ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ​ធ្វើឡើង​ ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ដែល​មានស្រាប់​ (ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ភ្នំពេញ​-ប៉ោយប៉ែត​) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ដែល​មានប្រសិទ្ធភាព​បំផុត​ អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​៕

វិភាគ​៖ តើ​ប្លុក​ពាណិជ្ជកម្ម​អាស៊ី​ថ្មី​អាច​ទប់ស្កាត់​វិបត្តិសេដ្ឋកិច្ច​នៅ​អាស៊ី​បាន​ដែរ​ឬទេ​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សមាជិក​បណ្តា​ប្រទេស​អាស៊ាន​ កំពុង​ត្រូវ​បាន​ជំរុញ​ឲ្យ​ធ្វើការ​ពន្លឿន​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ ដែល​នឹង​មិនរាប់​បញ្ចូល​អាមេរិក​រួម​ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​រាប់បញ្ចូល​ប្រទេស​ផ្សេង​ៗទៀត​ ដែល​មាន​ចំនួន​ប្រជាជន​ពាក់​កណ្តាល​នៃ​ពិភពលោក​ និង​មាន១ភាគ៣នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​បាន​ចាប់ផ្តើម​ដោយ​ចិន​បាន​ហៅថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) មាន១៦ប្រទេស​ រួមមាន​ បណ្តា​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់​ ចិន​ ឥណ្ឌា​ អូស្ត្រាលី​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។

នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​ យើង​នឹង​មានអំណាច​ចរចា​ និង​ជា​មូលដ្ឋាន​សម្រាប់​ចរចា​។ ដោយឡែក​នៅពេល​ដែល​យើង​រួមបញ្ចូល​គ្នា​ យើង​មាន​ប្រជាជន៦៥០លាន​នាក់​ ជា​ប្លុក​តំបន់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​”។

ការ​សង្កត់ធ្ងន់​លើ​ការ​ពន្លឿន​ប្លុក​ពាណិជ្ជកម្ម​សេរី​ បាន​កើតមានឡើង​នៅពេល​ដែល​ជម្លោះ​ទំនាស់​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើឲ្យ​អស្ថិរភាព​សេដ្ឋកិច្ច​អាស៊ី​។

ការនាំចូល​របស់​ចិន​ពី​សហរដ្ឋអាមេរិក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​កាលពី​ខែមុន​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការនាំចូល​ចិន​ពី​អាមេរិក​បាន​ធ្លាក់ចុះ២៧ភាគរយ​។ ១៦ភាគរយ​ពី​ប្រទេស​ជប៉ុន​ និង ១៨ភាគរយ​ពី​កូរ៉េ​ខាងត្បូង​។

ជម្លោះ​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​នឹង​ស្ថិតនៅ​ចំណុច​សំខាន់​បំផុត​នៃ​របៀបវារៈ​នៅ​កិច្ចប្រជុំ​ G20​ នៃ​សប្តាហ៍​នេះ​នៅក្នុង​ទីក្រុង​តូក្យូ​ដែល​នឹង​ចូលរួម​ដោយ​មេដឹកនាំ​នៃ​ប្រជាជាតិ​ដែល​មាន​ទំហំ​សេ​ដ្ឋ​កិ្ច​ជាង​ ៧៥​ ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

សូម្បីតែ​រដ្ឋមន្រ្តី​សឹង្ហ​បុរី​លោក​ Lee​ Hsien​ Loong​ បាន​និយាយ​ថា​ សមាជិក​អាស៊ាន​ត្រូវតែ​ “រំពឹង​ថា​នឹង​មានផល​វិបាក​មួយចំនួន​” ពីជ​ម្លោះ​ពាណិជ្ជកម្ម​ដែល​កើត​ពី​ការ​ថយ​ចុះ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​។ សេដ្ឋកិច្ច​សិង្ហបុរី​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​ល្បឿន​យឺតយ៉ាវ​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល១០ឆ្នាំ​ ហើយ​ទីភ្នាក់ងារ​ឥណទាន​អន្តរជាតិ​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ធ្លាក់​ចូលក្នុង​ឆ្នាំ២០២០​។

ខណៈ​ពេល​ដែល​ប្រទេស​សិង្ហបុរី​ ត្រូវ​បាន​រង​ការ​ផល​ប៉ះពាល់​ដោយ​ភាព​ចលាចល​សេដ្ឋកិច្ច​សកលលោក​ ប្រជាជាតិ​អាស៊ាន​ដទៃទៀត​បាន​ទទួលផល​ប្រយោជន៍​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ រោងចក្រ​មួយចំនួន​បាន​ចាក​ចេញ​ពី​ប្រ​ទេ​ សចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។ ទិន្នន័យ​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​បញ្ជាក់​រួច​ទៅ​ហើយ​ថា​ ប្រសិនបើ​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​នឹង​ចូលជាធរមាន​នោះ​ ក្រុមហ៊ុន​កាត់ដេរ​នៅក្នុង​ប្រទេស​ចិន​ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិត​ជំនួស​នៅ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​មីយ៉ាន់ម៉ា​។

ក្រុមហ៊ុន​ Steve​ Madden ​ដែល​ផលិត​ស្បែកជើង​ និង​កាបូប​របស់​អាមេរិក​នឹង​បង្កើ​ នផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​បាន​វិនិយោគ៩០ភាគរយ​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ Brooks​ Running​ Company​, Haier​ និង​ Jasan​ សុទ្ធតែ​មាន​គម្រោង​បង្កើន​ប្រភព​ផ្គត់ផ្គង់​នៅ​វៀតណាម​។

លោ​កអាល់​ប៊ើ​ត តាន់​ ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​និយាយ​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​កាន់តែ​រីក​ធំ​ឡើង​ៗ ក្រុមហ៊ុន​មួយចំនួន​មានការ​ចាប់អារម្មណ៍​ផ្លាស់​ប្តូរ​ពី​ចិន​មក​ប្រទេស​កម្ពុជា​”។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​ ដោយ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អាមេរិក​បាន​ឲ្យដឹង​ថា​ ការនាំចេញ​របស់​វៀតណាម​ ទៅកាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ជិត៤០ភាគរយ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ក្នុង​តំបន់​បាន​ព្រមាន​ថា​ ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​ មិនរាប់​បញ្ចូល​ប្រទេស​សឹង្ហ​បូរី​ អាច​ជា​រឿង​បណ្តោះអាសន្ន​មួយ​ ខណៈ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​លើ​ពិភពលោក​ បាន​ក្លាយជា​ប្រទេស​ដាក់ចេញ​នូវ​គោលនយោបាយ​ការពារនិយម​។

អនុប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​នៃ​ប្រទេស​ចិន​ និង​ជាស​មា​ជិ​កជាន់ខ្ពស់​ លោក​Ruan​ Zongse​ បាន​និយាយ​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ស្ថានទូត​ចិន​នៅ​ហ្សាកាតា​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​ការពារនិយម​មិនយូរ​ មិនឆាប់​នឹង​មាន​គោលបំណង​ផ្តោត​លើ​ការ​វិនិយោគ​នៅ​តំបន់​អាស៊ាន​។

លោក​ Zongse​ បាន​ថ្លែង​ទៀត​ថា​ “ពិត​ណាស់​ ប្រទេស​អាស៊ាន​អាច​ទទួល​បានផល​ប្រយោជន៍​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ ប៉ុន្តែ​វា​នឹង​មិន​មាន​ពេល​យូរអង្វែង​ទេ​។ ថ្ងៃនេះ​អ្នករងគ្រោះ​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ គឺ​ប្រទេស​ចិន​ ម៉ិកស៊ិកូ​ និង​កាណាដា​ ប៉ុន្តែ​ថ្ងៃស្អែក​អាច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​”។

លោក​បាន​បន្ថែម​ថា​ ការចរចា​រនិង​ការ​បញ្ចប់​របស់​ RCEP ​មាន​សារៈសំខាន់​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​ ហើយនឹង​បន្ត​លើកកម្ពស់​នយោបាយ​ពហុភាគី​នៅក្នុង​ការ​ប្រឈមមុខ​ នឹង​គោលនយោបាយ​ការពារនិយម​របស់​សហរដ្ឋអាមេរិក​។

លោក​ Roberto​ Azevedo​ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​ទទួលរង​ប៉ះពាល់​ ដោយ​ការ​រឹត​បន្តឹង​ថ្មី​នៅ​លើ​កម្រិតខ្ពស់​ជា​ប្រវត្តិសាស្ត្រ​មួយ​។ ក្នុង​ន័យ​នេះ​ លោក​ បាន​សង្កត់ធ្ងន់​លើ​គោលនយោបាយ​ការពារនិយម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​G20​ ។

លោក​បាន​បន្ថែម​ថា​ “នេះ​នឹង​មានផល​វិបាក​ ក្នុង​ការ​កើនឡើង​នូវ​ភាព​មិន​ច្បាស់លាស់​មួយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​”៕

ក្រុមហ៊ុន​ KrisEnergy​ ចាប់ផ្ដើម​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ទាញ​យក​ប្រេង​នៅ​ប្លុក​ A កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​ជា​ក្រុមហ៊ុន​ប្រេង​ ដែល​មាន​លក្ខណៈ​ឯករាជ្យ​ បាន​ប្រកាស​អំពី​ការ​ចាប់ផ្តើម​ការរុករក​ប្រេង​ ដោយ​ប្រើប្រាស់​រូបភាព​លម្អិត​នៃ​ភូមិសាស្ត្រ​មូលដ្ឋាន​ដើម្បី​កំណត់​ទីតាំង​ និង​ទំហំ​នៃ​តំបន់​ទឹក​ប្រេង​ ឬ (3D​ Seismic​ Survey​ ) ដែល​មាន​ទំហំ១​,២០០​ គីឡូម៉ែត្រ​ការ៉េ​ នៅក្នុង​តំបន់​សម្បទាន​ដី​កម្ពុជា​ក្នុង​ប្លុក ​A ដែល​ជា​កន្លែង​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​។

ក្រុមហ៊ុន​ Shearwater​ Geoservices​ Singapore​ Pte​ Ltd​ បាន​ទទួល​កិច្ចសន្យា​ក្នុង​ការ​រុក​រុក​តាមរយៈ​ក្រុមហ៊ុន​ KrisEnergy​ (Apsara​) ដែល​មានកម្ម​សិទ្ធិ​ទាំងស្រុង​ ហើយ​បាន​ដាក់​ពង្រាយ​នូវ​បច្ចេកវិទ្យា​ 3D​ Seismic​ Survey​ ដើម្បី​រុករក​ប្រេង​នៅ​កម្ពុជា​។

តំបន់​ដែល​មាន​ទំហំ​ប្រមាណ​ជា ២០០គីឡូម៉ែត្រ​ក្រឡា​ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​3D​ នឹង​ត្រូវ​ទទួល​បាន​សម្រាប់​តំបន់​អភិវឌ្ឍន៍​អប្សរា​ ដើម្បី​សិក្សា​ស្ថានភាព​ភូមិសាស្ត្រ​ និង​ស្ថានភាព​ខ្សាច់​ ដើម្បី​ជួយ​ក្នុង​ការ​បញ្ចប់​ការអភិវឌ្ឍន៍​ដើម្បី​ មុន​ពេល​ការ​ខួង​យក​ប្រេង​សម្រាប់​ការ​អភិវឌ្ឍ​ដំបូង​។

ចំណែក​ផ្ទៃដី​ប្រហែល ១​,០០០គីឡូម៉ែត្រ​ក្រឡា​ នឹង​ត្រូវ​ទទួល​បាន​នៅ​លើ​តំបន់​ដែល​មាន​សក្តា​នុ​ពល​ធំ​មួយ​នៅ​ភាគ​និរតី​ នៃ​តំបន់​ដីសម្បទាន​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ខ្សែបន្ទាត់​ដែល​អាច​មាន​ប្រេង​ ដើម្បី​បង្កើន​គុណភាព​ទិន្នន័យ​លើ​និន្នាការ​ដែល​ស្ថិតនៅ​ក្នុង​ផ្នែក​ខាងលិច​នៃ​កម្ពុជា​ប្លុក​ A។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​លោ​កម៉េ​ង ស័ក្តិ​ធា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​នេះ​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ទាញ​យក​ធនធាន​ប្រេង​ពី​បាតសមុទ្រ​កម្ពុជា​នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ប៉ុន្តែ​ការ​ចម្រាញ់​ដើម្បី​ទទួលយក​បាន​ដំណក់​ប្រេង​ដំបូង​នឹង​ទទួល​បាន​នៅ​ឆ្នាំ២០២០ខាងមុខនេះ​៕