កម្ពុជា​-ម៉ាឡេស៊ី​នឹង​ចុះ​អនុស្សរណៈ​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ក្នុង​អំឡុង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចុងឆ្នាំ​នេះ

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ កម្ពុជា​និង​ភាគី​ម៉ាឡេស៊ី​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU​) ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយគ្នា​ជា​ផ្លូវការ​ នៅពេល​ដែល​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ នា​អំឡុង​ចុងឆ្នាំ២០១៩​ ខាងមុខនេះ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​លោក​ Eldeen​ Husaini​ BINMOHDHASHIM​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការបង្កើត​ក្រុមការងារ​ពិសេស​កម្ពុជា​-ម៉ាឡេស៊ី​ ដើម្បី​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​រួមមាន​ ការ​ផ្លាស់​ព័ត៌មាន​ទេសចរណ៍​ ការ​ផ្សព្វផ្សាយ​​ពី​វិស័យ​ទេសចរណ៍​ ការជំរុញ​ការ​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​ Eldeen​ Husaini​ BINMOHDHASHIM​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​ បាន​ស្នើសុំ​កិច្ចសហការ​ពី​ភាគី​កម្ពុជា​ ០៤ចំនុច​៖ ទី១​-ការជំរុញ​វិស័យ​ទេសចរណ៍​សុខាភិបាល​ ដោយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ ភ្ជាប់​ជាមួយ​ដំណើរ​ទេសចរណ៍​ (ដោយ​ម៉ាឡេស៊ី​នឹង​ផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស​) ទី២​-ការជំរុញ​ទេសចរណ៍​វាយកូនគោល​ (Golf​ Tourism​) ដោយ​កីឡា​ប្រភេទ​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​ម៉ាឡេស៊ី​ ហើយ​ម៉ាឡេស៊ី​ក៏​ចាប់អារម្មណ៍​ការ​និយម​លេង​នៅ​កម្ពុជា​ផង​ដែរ​។

ទី៣​-រៀបចំ​ពិធី​ពិព័រណ៍​ម្ហូបអាហារ​បែ​បមូ​ស្លី​មនៅ​កម្ពុជា​ ឬហៅ​ថា​ Food​ Festival​ និង​ទី៤​- ស្នើ​ភាគី​កម្ពុជា​បង្កើន​ការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ម៉ាឡេស៊ី​ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ​ និង​ការរៀបចំ​សេវាកម្ម​ម្ហូបអាហារ​ហា​ឡាល់​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​គាំទ្រ​ និង​ឯកភាព​ចំពោះ​សំណើ​ទាំងនេះ​ ហើយក៏​បាន​អញ្ជើញ​ភាគី​ម៉ាឡេស៊ី​ចូលរួម​សន្និសីទ​ស្តី​ពី​ម្ហូបអាហារ​ (Conference​ on​ Gastronomy​) ដែល​នឹង​ធ្វើឡើង​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៩​ ខាងមុខ​ និង​បាន​លើកឡើង​ពី​បំណង​រៀបចំ​ឱ្យ​មានដំណើរ​កម្សាន្ត​ឆ្លងដែន​តាម​ម៉ូតូ​ ដែល​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ ដែល​អាច​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ ដោយ​អាច​ធ្វើដំណើរ​ឆ្លង​ពី​កម្ពុជា​ទៅ​ថៃ​ ហើយ​បន្ត​ទៅកាន់​ម៉ាឡេស៊ី​៕

រដ្ឋបាល​ក្រុងភ្នំពេញ​ចាប់ផ្តើម​តម្លើង​អំពូល​ LED​ ឆ្លាតវៃ​នៅ​តាម​មហាវិថី​សហ​ព័ន្ឋរុស្សី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​ក្រុងភ្នំពេញ​បាន​ចាប់​ផ្តើម​ម្លើង​អំពូល​ LED​ ឆ្លាតវៃ​ Smart​ Light​ នៅ​តាម​បណ្តោយ​មហាវិថី​ សហ​ព័ន្ឋរុស្សី​ ដើម្បី​ប្រែ​លក្លាយ​ទីក្រុង​ភ្នំពេញ​ជាទី​ក្រុង​វៃឆ្លាត​ ឬ Smart​ City​ ។យោង​តាម​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​អំពូល​ឆ្លាតវៃ​ ជា​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​ ដែល​អាច​គ្រប់គ្រង​ និង​បញ្ជា​រកា​របំ​ភ្លឺ​តាម​ដងផ្លូវ​ដោយ​ប្រព័​ន្ឋ​ស្វ័យប្រវត្តិ​ កាំ​ពន្លឺ​ច្បាស់​ និង​ប្រើ​ថាមពល​អស់​តិច​ ។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​កម្ពុជា​កាលពី​កន្លងទៅ​នេះ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ស្ដីពី​ការបង្កើត​ “វេទិកាសាធារណៈ​ ឯកជន​ ស្ដីពី​ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​ កម្ពុជា​-ជប៉ុន​ ” គឺ​បង្ក​លក្ខណៈ​ដល់​ក្រុមហ៊ុន​ជប៉ុន​ និង​ក្រុមហ៊ុន​កម្ពុជា​ចាប់ដៃ​គូ​វិនិយោគ​រួមគ្នា​ លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ ការ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ ពាណិជ្ជកម្ម​ សេវាកម្ម​ ឧស្សាហកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ បរិស្ថាន​ទីក្រុង​ ការរៀបចំ​ទីក្រុង​នឹង​រួមចំណែក​ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ (Smart​ Cities​)។

បើ​តាម​ក្រសួង​ជំនាញ​ដដែល​ បាន​បន្ត​ថា​ ជប៉ុន​ជួយ​គាំទ្រ​បង្កើត​ទីក្រុង​ឆ្លាតវៃ​ ( Smart​ Cities​) នៅ​ប្រទេស​កម្ពុជា​ ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​ ក្រុង​បាត់ដំបង​ និង​ក្រុង​សៀមរាប​ ដែល​ជាទី​ក្រុង​គំរូ​។ ជប៉ុន​ជួយ​គាំទ្រ​ និង​រួមចំណែក​ដល់​ការរៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ ( Smart​ Cities​) អាស៊ាន​-ជប៉ុន​ និង​ការបង្កើត​វេទិកាសាធារណៈ​ ឯកជន​ ស្តី​ពី​ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​អាស៊ាន​ – ជប៉ុន​នា​ពេល​ខាងមុខ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ដែនដី​កម្ពុជា​ នៅ​ពាក់កណ្តាល​ខែមីនា​ ឆ្នាំ២០១៩​ ជប៉ុន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​ ដំឡើង​ផ្កាយរណប​គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​អចិន្រ្តៃយ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បម្រើ​ដល់​ការងារ​វាស់វែង​ និង​ផលិត​ផែនទី​។

រាជរដ្ឋាភិបាល​យល់ព្រម​ជាគោល​ការណ៍​ កាលពី​ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ជូន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) អាស៊ាន​-ជប៉ុន​ និង​ការបង្កើត​វេទិកាសាធារណៈ​ ឯកជន​ ស្ដីពី​ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​អាស៊ាន​-ជប៉ុន​។

ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) អាស៊ាន​-ជប៉ុន​ គឺជា​គំនិត​ផ្តួច​ផ្តួ​មរ​បស់​ភាគី​ជប៉ុន​ ហើយ​ទីក្រុង​ទាំង៣របស់​កម្ពុជា​ គឺ​រាជធានី​ភ្នំពេញ​ ក្រុង​សៀមរាប​ និង​ក្រុង​បាត់ដំបង​ ដែ​សស្ថិ​តក្នុង​គម្រោង​នេះ​៕

ក្រសួងបរិស្ថាន​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ ១៩នៅក្នុង​ខេត្ត​ចំនួន​ ៤

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រសួងបរិស្ថាន​ទទួលស្គាល់​ជា​ផ្លូវការ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ ១៩​ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ក្រចេះ​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​បរិស្ថាន​កាល​ខែមករា​ ឆ្នាំ​ ២០១៩​ ស្តី​ពី​ការ​ទទួលស្គាល់​សហគមន៍​តំបន់ការពារ​ធម្មជាតិ​របស់ក្រ​សួង​បរិ​ ស្ថាន​ សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​ ១៩​ នោះ​រួមមាន​ ខេត្ត​ស្ទឹងត្រែង​មាន​ ៥ សហគមន៍​គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ផ្អាវ​ ទាល់​ អន្លង់ភេ​ គីរី​សុខសាន្ត​ និង​អន្លង់ជ្រៃ​។

ខេត្តកំពង់ធំ​មាន​ ២ សហគមន៍​គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ក្បាល​ដូន​ក្រី​ និង​កងមាស​។ ខេត្តព្រះវិហារ​ មាន​ ៨ សហគមន៍​ គឺ​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ប្រាសាទភ្នំ​ក្រៀល​ ប្រាសាទ​ឈើទាល​កោង​ ស្រែ​វាល​ ភ្នំ​ជ្រាប់​ត្រី​ក្សាន្ត​ ភ្នំ​ល្អាង​ ភូមិ​ពើក​ ព្រៃ​កំ​រ៉ែង​ បង្ក​នសែន​ជ័យ​។

ខេត្តក្រចេះ​មាន​ ៤ សហគមន៍​រួមមាន​សហគមន៍​តំបន់ការពារធម្មជាតិ​កំពង់​ក្បឿង​ អង្គរ​ឥន្ទ​ ឥន្ទ​ជ័យ​ កំពង់ដំរី​៕

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​នឹង​សាងសង់​អគារ​កប់​ពពក​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លើកដំបូង​នៅ​ខេត្ត​កំពង់ចាម​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​យក្ស​មួយ​មក​ពី​ប្រទេស​ចិន​ គ្រោង​នឹង​សាងសង់​អគារ​កប់​ពពក​និង​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​ ជាលើកដំបូង​នៅក្នុង​ទីរួមខេត្ត​កំពង់ចាម​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ Yue​ Tai​ Group​ Shanghai​ ​ខណៈ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​នេះ​បាន​នឹង​កំ​ពុង​ឈួស​ឆាយដី​ ដើម្បី​ត្រៀម​សាងសង់​នា​ពេល​ខាងមុខ​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ ដែល​នឹង​ត្រូវ​ផ្ទេរ​ដំណែង​ទៅកាន់​ខេត្ត​ព្រះសីហនុ​នា​ពេល​ខាង​មុ​ខឆាប់​ៗនេះ​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ​មកដល់ពេលនេះ​ ខេត្ត​មិនទាន់​បាន​ទទួ​លនូវព៌​តមាន​ជាក់លាក់​ពី​គម្រោង​សាងសង់​អគារ​នេះ​ជាក់លាក់​នៅឡើយ​ទេ​ តែ​ឃើញ​ក្រុមហ៊ុន​នេះ​បាន​នឹង​កំពុង​ធ្វើសកម្មភាព​ពិត​ប្រកដ​មែន​នៅក្នុង​ទឹក​ដី​កំ​ង់​ចាម​នេះ​។

លោក​បន្ត​ថា​ “ក្រុមហ៊ុន​នេះ​បាន​ស្នើសុំ​សាងសង់​សំណង់​គំរូ​មួយ​ តែ​មិនមែន​ជា​អគារ​កំពស់​ប្រមាណ ១២៩.៦ម៉ែត្រ​នោះ​ទេ​ ​ តែ​នៅ​ក្នុង​មហិ​ច្ឆិ​តា​របស់​ក្រុមហ៊ុន​នេះ​ ពិតជា​មានការ​សង​សង់​អគារ​ខ្ពស់​កប់​ពក​មែន​ តែ​មិនទាន់​មានការ​ស្នើសុំ​ច្បាប់​សាងសង់​ជា​ផ្លូវការ​នៅ​ឡើង​ទេ​”។

តែ​យ៉ាងណាក៏ដោយ​ លោក​គួច​ ចំរើន​ មិន​អាច​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​វិនិយោគ​និង​ទំហំដី​នៃ​ការសាងសង់​ ឬអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ថា​មាន​ប៉ុន្មាន​ហិ​កតា​នោះ​ តែ​លោក​បញ្ជាក់​គឺ​មាន​ទំហំ​ធំ​ស្ថិតនៅ​ក្នុង​ក្រុង​កំពង់ចាម​។

លោក​ គួច​ ចំរើន​បញ្ជាក់​ទៀត​ទៀត​ថា​ នៅក្នុង​គម្រោង​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​នឹង​សាងសង់​ Water​ Park​ មួយទៀត​ តែ​មិនទាន់​បានសម្រេច​ផ្តល់​លិខិតអនុញ្ញាត​ជា​ផ្លូវការ​នៅឡើយ​ទេ​ តែ​បាន​ដាក់ជា​គោល​ការ​ឱ្យ​ក្រុមហ៊ុន​យក​ទៅ​គិត​គូ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ល្អិតល្អន់​ ដោយ​ផ្តល់​ការរចនា​ឱ្យ​បាន​ច្បាស់លាស់​ពី​ការសាងសង់​ និង​គិត​ពី​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ដល់​អ្នក​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​នៅ​ទីនេះ​ផង​ដែរ​។

ក្រុមហ៊ុន​ Yue​ Tai​ Group​ Shanghai​ បាន​និង​កំពុង​សាង​សង់់​បុរី​ជាលើកដំបូង​នៅក្នុង​ទីក្រុង​កំពង់ចាម​ ដោយក្រុម​ហ៊ុន​នេះ​កំពុង​សាងសង់​ទីក្រុង​រណប​មួយ​ នៅក្នុង​ទីក្រុង​នេះ​ ស្ថិតនៅ​លើ​ផ្ទៃដី​ជាង៤០ហិ​កតា​៕

ក្រុមហ៊ុន​រ៉ែ​ដ៏​ធំ​របស់​អូស្ត្រាលី​បោះទុន​វិនិយោគ ១៦០លាន​ដុល្លារ​រ៉ុ​ករ​ករ៉ែ​មាស​នៅ​ខេត្តមណ្ឌលគិរី​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​: ក្រុមហ៊ុន​រុករក​រ៉ែ​ Emerald​ Resources​ ដែល​ចុះបញ្ជី​នៅ​ប្រទេស​អូស្រ្តាលី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ទុន​វិនិយោគ​បន្ថែមចំនួន​ជិត១៦០លាន​ដុល្លារ​ សម្រាប់​គម្រោង​រុករក​រ៉ែ​មាស​នៅ​មណ្ឌលគិរី​។

ទឹកប្រាក់​នេះ​ជា​ការ​ផ្តល់​ទុន​ពី​ក្រុមហ៊ុន​ Sprott​ Private​ Resources​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ហិរញ្ញប្បទាន​រុករក​រ៉ែ​នៅ​ប្រទេស​កាណាដា​ បាន​យល់ព្រម​លើ​ការ​វិនិយោគ៦០លាន​ដុល្លារ​ សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​មណ្ឌលគិរី​ដែល​ហៅថា​ “គម្រោង​អូរ​រ៉ែ​មាស​ខ្វាវ​”ជា​ជំ​ហ៊ាន​ដំបូង​ និង​បាន​សន្យា​ផង​ដែរ​ថា​នឹង​វិនិយោគ​ ទឹកប្រាក់​បន្ថែមចំនួន១០០​ លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នេះ​នា​ពេល​អនាគត​។

លោក​ Morgan​ Hart​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Emerald​ បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​ “ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ Emerald​ របស់​ក្រុមហ៊ុន​ Sprott​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​ គឺ​ធ្វើតាម​ដំណើរការ​បច្ចេកទេស​ហ្មត់ចត់​ដែល​បង្ហាញ​ពី​លក្ខណៈ​រឹងមាំ​នៃ​គម្រោង​”។

លោក​បាន​បន្ថែម​ថា​ “វា​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ក្លាយជា​អ្នក​ផលិត​មាស​សម័យ​ទំនើប​ដ៏​ទំនើប​ដំបូង​គេ​”។

ការសិក្សា​លទ្ធភាព​នៃ​ការរុករក​រ៉ែ​មាស​នៅ​មណ្ឌលគិរី​ កាលពី​ឆ្នាំ២០១៧​ បាន​រក​ឃើញ​ថ្ម​ដែល​ផ្ទុក​ដោយ​រ៉ែ​មាស​មាន​ចំនួន១៤​,៣លាន​តោន​។

តម្លៃ​មាស​បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​ក្នុង​សប្តាហ៍​នេះ​ ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ នៅពេល​វិនិយោគិន​បាន​បង្កើន​ការ​វិនិយោគ​ លើ​មាស​របស់​ខ្លួន​ចំ​ពេល​ដែល​ភាព​តានតឹង​សេដ្ឋកិច្ច​ និង​នយោបាយ​សកល​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ តម្លៃ​មាស​បាន​កើនឡើង១០ភាគរយ​ក្នុងរយៈពេល៤សប្តាហ៍​ចុងក្រោយ​នេះ​ ដែល​តម្លៃ​មាស​ស្មើនឹង​ប្រមាណ ១​,៤០០​ដុល្លារ​ក្នុង​មួយ​អោន​ជាលើកដំបូង​ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ២០១៣​ ហើយ​តម្លៃ​អាច​មាស​នឹង​ឡើង​ដល់​ ១,៥០០​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) នៅ​ចុងឆ្នាំ​នេះ​។

ការ​វិនិយោគ​លើ​មាស​ត្រូវ​បាន​ចាត់ទុកថា​ ជា​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ ក្នុងអំឡុងពេល​នៃ​ភាព​ចលាចល​សេដ្ឋកិច្ច​ និង​នយោបាយ​៕

អន្តរក្រសួង​គាំទ្រ​គំរោង​ផ្សារ​ទំនើប​ Noro​ Mall​ និង​ឲ្យ​អ្នក​វិនិយោគ​គោរព​លើ​បទដ្ឋាន​មួយចំនួន​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមការងារ​អន្តរក្រសួង​របស់​រដ្ឋាភិបាល​ បាន​គាំទ្រ​ការ​វិនិយោគ​ផ្សារ​ទំនើប​ Noro​ Mall​ ដែល​ស្ថិតនៅ​លើ​ផ្លូវ​នរោត្តម​ សង្កាត់​បឹងកេងកង១​ ដែល​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។

យ៉ាងណាក៏ដោយ​កិច្ចប្រជុំ​អន្តរក្រសួង​ដឹកនាំ​ដោយ​ នេត្រ​ ភក្រ្តា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ដំបូង ​(IESIA​) លើ​គម្រោង​បង្កើត​ផ្សារ​ទំនើប​ ណូ​រ៉ូម៉​ល ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ក្នុង​ភូមិ៨​ សង្កាត់​បឹងកេងកង​ទី១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ របស់​ក្រុមហ៊ុន​ NORO​ MALL​ CO​., LTD​. (ម្ចាស់​គម្រោង​)។

កិច្ចប្រជុំ​នេះ​បាន​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​នេះ​ ព្រោះ​គម្រោង​នេះ​ចូលរួម​ចំណែក​បង្កើន​សេដ្ឋកិច្ច​ជាតិ​ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ផ្តល់​នូវ​សោភ័ណភាព​ទីក្រុង​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ត្រូវ​គោរព​បទដ្ឋាន​មួយចំនួន​ដូចជា​ ទី១​ ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​បច្ចេកទេស​ និង​ទំហំ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​ទឹក​កខ្វក់​ឡើងវិញ​ ដើម្បី​ធានា​ថា​គុណភាព​សំណល់​ទឹក​កខ្វក់​ ដែល​បញ្ចេញ​ចុងក្រោយ​ចូល​ប្រព័ន្ធ​លូ​សាធារណ​: ស្ថិតនៅ​ក្រោម​ស្តង់ដារ​របស់ក្រ​សួង​បរិស្ថាន​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្តុក​ សំណល់​ទឹក​កខ្វក់​ពី​គម្រោង​ទាំងមូល​ ព្រមទាំង​ត្រូវ​ញែក​ឱ្យ​ដាច់​ពីគ្នា​រវាង​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ និង​ទឹកភ្លៀង​។

ទី២​ ក្រុមហ៊ុន​ត្រូវ​គ្រប់គ្រង​សំណល់រឹង​ (សំរាម​ និង​សំណល់​សំណង់​) ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ដោយ​ត្រូវ​មាន​ទីតាំង​ស្តុក​សមស្រប​ ចៀសវាង​ទុកដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ឬទី​សាធារណ​: និង​នៅ​ដំណាក់កាល​ប្រតិបត្តិ​គម្រោង​ ក្រុមហ៊ុន​ត្រូវ​មាន​ធុងសំរាម​តាម​ជាន់​នី​មួយ​ៗ ដោយ​ត្រូវ​ញែក​សំរាម​ទៅតាម​ប្រភេទ​ ទី៣​ ក្រុមហ៊ុន​ត្រូវ​គិតគូរ​អំពី​ការពង្រីក​បន្ថែម​នូវ​ចំនួន​ចំណតរថយន្ត​ ដោយ​ចៀសវាង​ការ​ចត​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​ដែល​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​មហាវិថី​ព្រះ​នរោត្តម​ ទី៤​ ក្រុមហ៊ុន​ត្រូវ​គោរពច្បាប់​ការងារ​ដោយមាន​ការចុះបញ្ជី​ ប.ស.ស​។

ទី៥​ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ពង្រឹង​សន្តិសុខ​សាធារណ​: ទី៦​ ក្រុមហ៊ុន​ត្រូវ​ចូលរួម​នៅក្នុង​សកម្មភាព​អនាម័យ​បរិស្ថាន​ និង​ការ​ដាំ​ដើមឈើ​ដើម្បី​បង្កើន​ផ្ទៃ​បៃតង​ និង​ទី៧​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​គម្រោង​ទាំងមូល​ (ដូចជា​ ប្រព័ន្ធ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​ទឹក​កខ្វក់​ និង​ចំណតរថយន្ត​) និង​កែសម្រួល​របាយការណ៍​ IESIA​ នេះ​ ឡើងវិញ​ទៅតាម​មតិ​អង្គប្រជុំ​ដែល​បាន​លើកឡើង​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ ឯកឧត្តម​ លោក​ លោកស្រី​តំណាង​អគ្គនាយក​ដ្ឋាន​ និង​អគ្គលេខាធិការ​ដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​ តំណាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តំណាង​ក្រុមហ៊ុន​ NORO​ MALL​ CO​., LTD​. (ម្ចាស់​គម្រោង​) និង​ក្រុមហ៊ុន​ទីប្រឹក្សា​ RTM​ GREEN​ CONSULTANCY​ CO​., LTD​. ផង​ដែរ​៕

តើ​ Mark​ Zuckerberg​ ចាប់ផ្ដើម​ពង្រីក​អាជីវកម្ម​ Facebook​ ដោយ​របៀបណា​?

0

ដោយ​ វល័​ក្ខ​

អាមេរិក​៖ នៅដើម​ឆ្នាំ​ ២០០៤​ បណ្ដាញ​សង្គម​ Facebook​ ទទួល​បាន​ជោគជ័យ​នៅក្នុង​ដំណាក់កាល​ដំបូង​ ពោល​គឺ​ចាប់ផ្ដើម​អ្នកប្រើ​ប្រាស់​មក​ពី​សកលវិទ្យា​ ល័យ​ធំៗ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​ និង​កាណាដា​។ នៅពេល​នោះ​ហើយដែល​លោក​ Mark​ Zuckerberg​ សហ​ស្ថាបនិក​ និង​ជា​មេធំ​របស់​ Facebook​ ត្រូវ​ អនុវត្ត​ផែ​កការណ៍​បន្ត​។

ត្បិត​តែ​ Facebook​ មាន​មនុស្សជា​ច្រើន​ចាប់ផ្ដើម​ចុះឈ្មោះ​ប្រើប្រាស់​ពិតមែន​ ប៉ុន្តែ​វា​មិន​អាច​រីក​ធំជាង​ជាង​នេះ​បាន​នោះ​ទេ​ បើសិនជា​គ្មាន​លុយ​ ក្នុង​ការ​ វិនិយោគ​នោះ​ ហេតុនេះ​ហើយ​ទើប​លោក​ Mark​ Zuckerberg​ ត្រូវ​រក​ជំនួយ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​។

នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០០៤​ លោក​ Mark​ Zuckerberg​ បាន​ជួប​ជាមួយ​លោក​ Peter​ Thiel​ ដែល​ជា​សហ​ស្ថាបនិក​ និង​ជា​មេធំ​របស់​ PayPal​ ដើម្បី​សូម​ការណែនាំ​ ក៏ដូចជា​ ហិរញ្ញវត្ថុ​។

ជំនួប​មេធំ​រវាង​ក្រុមហ៊ុន​ទាំងពីរ​បាន​លេចចេញ​ជា​ផ្លែ​ផ្ដា​គឺ​លោក​ Peter​ Thiel​ យល់ព្រម​បោះទុន​វិនិយោគ​នូវ​ទឹកប្រាក់​ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ ជា​ថ្នូរ​ មកវិញ​គឺ​ លោក​ទទួល​បាន​ភាគហ៊ុន​ Facebook​ ចំនួន​ ១០.២ភាគរយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ Facebook​ ក៏បាន​តែងតាំង​លោក​ Peter​ Thiel​ ជា​ក្រុមប្រឹក្សា​ភិបាល​ ទៀតផង​។

ក្រោយពី​ទទួល​បានការ​វិនិយោគ​ជា​លុយ​សុទ្ធ​ និង​ការ​ប្រឹក្សា​យោបល់​ផ្នែក​យុទ្ធសាស្ត្រ​ពី​លោក​ Peter​ Thiel​ មក​ បណ្ដាញ​សង្គម​ Facebook​ ចាប់ផ្ដើម​ រីក​ ដុះដាល​ និង​ធំធាត់​ឡើង​យ៉ាង​ឆាប់រហ័ស​ ដោយ​នៅ​ចុងឆ្នាំ​ ២០០៤​ ចំនួន​អ្នកប្រើ​បាន​កើនឡើង​ដល់​ ១.៥លាន​នាក់​។

ក្នុងនាម​ជា​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់​ផង​នោះ​ លោក​ Peter​ Thiel​ បាន​ព្យាយាម​គៀង​គរ​ក្រុម​អ្នក​វិនិយោគ​ និង​អ្នកជំនួញ​ជាច្រើន​ឱ្យមក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ Facebook​ ព្រោះ​លក់​បាន​មើលឃើញ​ថា​ អនាគត​ ទៅមុខ​ អ្នកប្រើ​ Facebook​ នឹង​កើនឡើង​ខ្លាំង​ នៅពេល​នោះ​ហើយដែល​ Facebook​ នឹងអាច​ប្រមូល​លុយ​មកវិញ​បាន​ច្រើន​ផង​ដែរ​។

«ខ្ញុំ​គិតថា​ការ​វិនិយោគ​របស់ខ្ញុំ​នៅពេល​នេះ​គឺជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​មួយ​ ហើយ​ខ្ញុំ​រំពឹង​ថា​វា​នឹង​ទទួល​បាន​ផ្លែ​ផ្ដា​ដ៏​ច្រើន​សន្ធឹក​នៅពេលអនាគត​។ លុយ​ដែល​ខ្ញុំ​ចំណាយ​ ខ្ញុំ​ត្រូវតែ​យក​មកវិញ​ ហើយ​យក​ច្រើនជាង​ការ​ចំណាយ​ រាប់​លាន​ ដង​»។

នេះ​ជា​សំដី​របស់​លោក​ Peter​ Thiel​ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សម្ភាសន៍​មួយ​ ក្រោយពេល​លោក​បោះទុន​វិនិយោគ​ ៥០ម៉ឺន​ដុល្លារ​លើ​ក្រុមហ៊ុន​ Facebook​។

នៅ​ខែឧសភា​ ឆ្នាំ​ ២០១២​ បណ្ដាញ​សង្គម​ Facebook​ បាន​បោះផ្សាយ​មូលបត្រ​ថ្លៃដើម​ (IPO​) ទៅកាន់​ទីផ្សារ​ភាគហ៊ុន​ ដោយ​ទទួល​បាន​ជាង​ ១០០ពាន់​ លាន​ដុល្លារ​អាមេរិក​ (៣៨ដុល្លារ​ក្នុង​មួយ​ហ៊ុន​) ​ខណៈនោះ​ផង​ដែរ​ លោក​ Peter​ Thiel​ ក៏បាន​លក់​ភាគហ៊ុន​មួយចំនួន​ និង​ទទួល​បាន​ ប្រាក់​ ៦៣៨​ លាន​ដុល្លារ​អាមេរិក​ ហើយ​បើ​តាម​ការ​ប៉ាន់ប្រមាណ​ បើសិនជា​នៅពេល​នោះ​ លោក​ Peter​ Thiel​ ​លក់​ភាគហ៊ុន​ទាំងអស់​ លោក​អាច​ទទួល​បាន​ជាង​ ១ពាន់​លាន​ ដុល្លារ​អាមេរិក​។

នៅពេល​នេះ​ បណ្ដាញ​សង្គម​ Facebook​ មាន​អ្នកប្រើ​ប្រាស់​រហូតដល់​ជាង​ ២៣០០លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ ហើយ​កាលពី​ឆ្នាំ​ ២០១៨​ រក​ប្រាក់ចំណូល​បាន​ជាង​ ៥៥ពាន់​លាន​ដុល្លារ​អាមេរិក​៕

ឥណ្ឌា​មានបំណង​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​ និង​បច្ចេកវិទ្យា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​បាន​បង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​ និង​យុវជន​ដែល​បោះបង់​ការសិក្សា​ លើ​វិស័យ​ទេសចរណ៍​ សុខាភិបាល​និង​ បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ជំនាញ​មួយ​ច្បាស់លាស់​ និង​មានការ​ងារ​ធ្វើ​សមរម្យ​។

លោក​ អ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​លោក​ Rajneesh​ Kanotra​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន​ Centum​ Learning​ Ltd​ កាលពី​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​ស្វាគមន៍​ចំពោះ​គោលបំណង​ក្នុង​ការបង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ ដោយសារ​នេះ​ជា​ការចូលរួម​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ឥណ្ឌា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

លោក​បន្ថែម​ថា​បន្ត​ថា​ «ខ្ញុំ​ពិតជា​ចង់ឱ្យ​ឥណ្ឌា​មាន​វត្តមាន​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) នៅ​កម្ពុជា​ណាស់​»។

លោក​ Rajneesh​ Kanotra​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន​ Centum​ Learning​ Ltd​ បានឱ្យ​ដឹង​ដែរ​ថា​ ក្រុមហ៊ុន​ Centum​ Learning​ Ltd​ នេះ​ ពិតជា​បាន​ដំណើរការ​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អភិវឌ្ឍន៍​ជំនាញ​យ៉ាង​ជោគជ័យ​ រយៈពេល៧ឆ្នាំ​មក​ហើយ​ ដោយ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ ទាំង​នៅ​ប្រទេស​ឥណ្ឌា​ នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។

លោក​ថា​ ក្រុមហ៊ុន​មាន​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបង្កើត​គម្រោង​អភិវឌ្ឍន៍​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​កម្រិតមធ្យម​សិក្សា​បឋមភូមិ​ (អនុវិទ្យាល័យ​) និង​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៩​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​ និង​ទទួល​បានការ​ងារ​ធ្វើ​សមរម្យ​ ក្នុង​នោះ​មាន​ដូចជា​ជំនាញ​បច្ចេកវិទ្យា​ ទេសចរណ៍​ សុខាភិបាល​ ហិរញ្ញវត្ថុ​ជាដើម​។

លោក​រដ្ឋមន្ត្រី​ អ៉ិ​ត សំ​ហេង​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គោលបំណង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ថា​ និង​ចាត់​ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ឱ្យធ្វើ​ការពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នានា​ ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​ខាងលើ​នេះ​លេចជារូបរាងឡើង​ និង​ផ្ដល់​ផ្លែផ្កា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ១០លាន​នាក់​ ហើយ​អា​ត្រា​នៃ​កម្លាំង​ពលកម្ម​ដែល​ចូលក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​មិនដល់​កន្លះ​លាន​នាក់​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី​ កម្ពុជា​ក៏​នៅតែ​មិន​អាច​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​ពួកគេ​គ្រប់គ្នា​នៅឡើយ​ដែរ​ ដែល​ទាមទារ​ឱ្យ​មានដៃ​គូ​សហការ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​។

គោលបំណង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ គឺ​ស្រប​ទៅ​នឹង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​សហការ​បន្ថែម​ ។កម្ពុជា​-ឥណ្ឌា​ ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​បុរាណកាល​មក​ ហើយ​បច្ចុប្បន្ន​ស្ថានភាព​ប្រជាសាស្ត្រ​ ការគោរព​ប្រតិបត្តិ​សាសនា​ ទំនៀមទម្លាប់​ ការរស់នៅ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ឥណ្ឌា​ក៏​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ដែរ​៕

បុរី​ កៀនស្វាយ​ ផាក​ ចាប់ផ្តើម​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៩​ បុរី​ កៀនស្វាយ​ ផាក​ របស់​ក្រុមហ៊ុន​ KFA​ Property​ Co​,.Ltd​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ បាន​ចាប់​ផ្តើម​ប្រា​រព្វ​ពិធី​បុក​គ្រឹះ​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​ ។

បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​លើកដំបូង​គេ​នៅក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ បាន​ចាប់ផ្តើម​បុក​គ្រឹះ​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ជា​ផ្លូវ​ការណ៍​ហើយ​ ក្រោម​វត្តមាន​របស់​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ និង​លោកជំទាវ​ ព្រមទាំង​បណ្តា​បុគ្គលិក​ជាច្រើន​នាក់​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​គម្រោង​មួយ​នេះ​ដោយ​ផ្ទាល់​បាន​មានប្រសាសន៍​ថា​ គម្រោង​បុរី​ កៀនស្វាយ​ផាក​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ និង​វិនិយោគ​ដោយក្រុម​ហ៊ុន​ KFA​ Property​ Co​ ., Ltd​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ នឹង​ក្លាយជា​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​ ប្រណីតភាព​ និង​មាន​ផាសុកភាព​ខ្ពស់​មុនគេ​នៅក្នុង​តំបន់​ជាយក្រុង​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ទៀត​ថា​ “នៅក្នុង​ជំ​ហ៊ាន​ដំបូង​របស់​ បុរី​ កៀនស្វាយ​ ផាក​ ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត៣ម៉ឺន​ម៉ែត្រការ៉េ​ និង​ដាក់​លក់​ចំនួន​ ១៦៨​ ល្វែង​ ហើយ​បញ្ជប់​ទាំង​ការសាងសង់​ទាំងស្រុង​ត្រឹម​រយៈពេល២៤ខែ​ ចែកចេញជា២វគ្គ​ (១វគ្គ​ រយៈពេល១២ខែ​) ហើយ​អតិថិជន​អាច​ទទួល​បាន​លំនៅ​ដ្ឋាន​ត្រឹម​រយៈ១២ខែ​តែប៉ុណ្ណោះ​បន្ទាប់ពី​បង់ប្រាក់​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ឱកាស​នៃ​ការប្រកាស​លក់​នេះ​ ក្រុមហ៊ុន​ក៏​មាន​កញ្ចប់​ពិសេស​សម្រាប់​អតិថិជន​ចំនួន២៧នាក់​ដំបូង​ផង​ដែរ​ ជាមួយនឹង​ការ​ទទួល​បាន​ទឹកប្រាក់​នៃ​ការ​បញ្ចុះតម្លៃ​ចំនួន​ ១០០០ដុល្លារ​ភ្លាម​ៗ”។ បច្ចុប្បន្ន​នេះ​ គម្រោង​បុរី​លំនៅ​ដ្ឋាន​ទាន់សម័យ​ និង​ទំនើប​ តម្លៃ​សមរម្យ​ កៀនស្វាយ​ ផាក​ បាន​ និង​កំពុង​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការរៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ បណ្តាញ​ទឹក​ស្អាត​ បណ្តាញ​អគ្គិសនី​ និង​បណ្តាញ​បង្ហូរទឹក​ស្របតាម​បទដ្ឋាន​ដែល​ក្រសួង​បាន​កំណត់​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “លំនៅ​ដ្ឋាន​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ការរស់នៅ​ ដោយសារតែ​វា​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​ ហើយដោយ​ឡែក​ចំពោះ​លំនៅ​ដ្ឋាន​ ក៏ដូចជា​បរិស្ថាន​ជុំវិញ​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​រៀបចំ​ធ្វើឡើង​គោរព​តាម​មាត្រដ្ឋាន​របស់ក្រ​សួង​ ទាំង​ការរៀបចំ​ធ្វើ​ផ្លូវ​ធំ​ដែល​មាន​ទំហំ១១ម៉ែត្រ​ និង​ផ្លូវ​ខាងក្នុង​មាន​ទំហំ៨ម៉ែត្រ​ ជាពិសេស​មានការ​បង្កើត​ជា​តំបន់​បៃតង​ រួម​ជាមួយ​ផ្សារ​បែប​ទំនើប​ក្នុង​តំបន់​ ដែល​មិនធ្លាប់​នោះ​ឡើយ​នៅក្នុង​តំបន់​កៀនស្វាយ​នេះ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​នឹង​មាន​ភាព​លេចធ្លោ​ក្នុង​ពេល​ដ៏​ខ្លី​ ដោយសារតែ​វា​មាន​វិសាលភាព​ផ្ទៃដី​នៅ​ទូលាយ​ តម្លៃ​នៅ​មានកម្រិត​ ហើយ​ជាពិសេស​ ជា​តំបន់​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ដែល​ក្រៅពី​មាន​កំពង់ផែ​ភ្នំពេញ​ មាន​តំបន់​សេដ្ឋ​ពិសេស​ មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អភិជន​ The​ Prince​ មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ រោងចក្រ​កាត់ដេរ​នោះ​ គឺ​ថែមទាំង​មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ខ្សែ​បណ្តាញ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​កម្ពុជា​ទៀតផង​”។

បុរី​ កៀនស្វាយ​ ផាក​ បាន​បង្ហាញខ្លួន​នៅក្នុង​តំបន់​ទីប្រជុំជន​ ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​គម្រោង​អភិវឌ្ឍ​ជាច្រើន​ ដែល​ក្រៅពី​អំណោយផល​ដល់​ការរស់នៅ​យ៉ាង​មាន​ផាសុកភាព​ ថែមទាំង​អាច​ប្រកប​អាជីវកម្ម​លក្ខណៈ​គ្រួសារ​បាន​យ៉ាង​ប្រសើរ​ថែមទៀត​ផង​។ សម្រាប់​អតិថិជន​ដែល​មានបំណង​ចង់​ក្លាយជា​ម្ចាស់​លំនៅឋាន​បែប​ទំនើប​ និង​ទាន់សម័យ​នៅក្នុង​បុរី​ កៀនស្វាយ​ ផាក​ អាច​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​លក់​ដែល​ស្ថិតនៅ​ភូមិ​ស្រែ​អំពិល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ឬអាច​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១៧​ ៧៩​ ៦៦​ ៣៣​ / ០៧៧​ ៩៩​ ៧៨​ ៨៨​

កម្ពុជា​ ចិន​គ្រោង​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ១០ពាន់​លាន​ដុល្លារ​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ និង​ចិន​ គ្រោង​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​ ១០​ ពាន់​លាន​ដុល្លារ​នា​ពេល​ខាងមុខ​។ នេះ​យោង​តាម​សារព័ត៌មាន​អន​ឡាញ​ Business​ Report​ ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

នៅក្នុង​ខែ​ មករា​ លោក​ ស៊ី​ ជី​នពីង​ (Xi​ Jinping​) ប្រធានាធិបតី​ចិន​បាន​ជួប​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​សម្រាប់​វេទិកា​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​វិនិយោគ​ចិន​-កម្ពុជា​ឆ្នាំ២០១៩នៅ​ទីក្រុង​ប៉េកាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​ជួប​ជាមួយ​លោក​ស៊ី​ ជី​នពីង​ ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ទ្វេភាគី​ ដែល​សម្តេច​បាន​ស្នើសុំ​ជំនួយ​បន្ថែម​ ​;ពី​ប្រទេស​ចិន​ដែល​ជា​ម្ចាស់​ជំនួយ​ និង​ជា​អ្នក​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​លោក​ ស៊ី​ ជី​នពីង​ បាន​ថ្លែង​ថា​ “ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​ ដើម្បី​បង្កើត​អនាគត​ដែល​បាន​ចែករំលែក​ ក្នុងចំណោម​សហគមន៍​នេះ​”។

ហេតុដូច្នេះ​បាន​នាំឲ្យ​លោក​ស៊ី​ ជី​នពីង​ អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​រក្សា​ការ​ផ្លាស់​ប្តូរ​កម្រិតខ្ពស់​របស់​ពួកគេ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ បាន​ដកស្រង់​ចេញពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​បង្ហាញថា​ លោក​ ស៊ី​ ជិន​ភីង​បាន​ប្រាប់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ចិន​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នយោបាយ​ សេដ្ឋកិច្ច​ និង​សន្តិសុខ​ជាមួយ​កម្ពុជា​។

ទោះបីជា​ប្រទេស​ទាំងពីរ​ បាន​មើលឃើញ​ពី​ការ​ជឿនលឿន​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ក៏ដោយ​ ក៏​លោក​ Hu​ Chunhua​ ឧបនាយក​រដ្ឋមន្ត្រី​ចិន​ បាន​សម្តែង​ក្តី​សង្ឃឹម​ សម្រាប់​ការ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​បន្ថែម​។

ដោយចង់​ជួយ​ដល់​កម្ពុជា​ ចិន​នឹង​ពង្រឹង​ការ​ផ្សារភ្ជាប់​ជាមួយ​ កម្ពុជា​ដោយ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ខ្លួន​ ដោយ​ការជំរុញ​រួមគ្នា​នូវ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ (BRI​)។

ប្រទេស​ចិន​ជឿជាក់​ថា​ ពួកគេ​កំពុង​គាំទ្រ​កម្ពុជា​ ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏បាន​ថ្លែង​ផង​ដែរ​ថា​ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​តូច​ៗជាច្រើន​ ដែល​កម្ពុជា​នឹង​ទទួល​បាន​ដូចជា​ការ​ទទួល​បាន​ផ្លូវ​ល្បឿន​លឿន​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ការ​ផ្តួច​គម្រោង​ផ្តើម​ទឹក​ស្អាត​ និង​ការ​ជួសជុល​ប្រាសាទ​ ដែល​ទាំងអស់​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ដោយ​ប្រទេស​ចិន​។

ទោះបីជា​យ៉ាងណាក៏ដោយ​ ប្រទេស​ចិន​សន្យា​ផ្ដល់​ជំនួយ៤ពាន់​លា​នយ័ន​ (៥៨៧​,៦លាន​ដុល្លារ​អាមេរិក​) ក្នុងរយៈពេល​បី​ឆ្នាំខាងមុខ​ ក្នុង​ការ​ជួយ​ជំនួយ​ក៏​ពិតមែន​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ដកចេញ​ពី​ក្រសួង​ការបរទេស​ចិន​ មិនបាន​និយាយ​អំពី​ជំនួយ​ហិរញ្ញវត្ថុ​ទេ​។

ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ ជា​រឿង​អាទិភាព​សម្រាប់​កម្ពុជា​ ក៏ដូចជា​ ប្រទេស​ចិន​មាន​បទ​ពិសោធ​សម្បូរ​បែប​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​ផ្អែកលើ​គម្រោង​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​។ ដូច្នេះ​វា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​។ បច្ចុប្បន្ន​នេះ​ភាគច្រើន​នៃ​ផ្លូវថ្នល់​ និង​ស្ពាន​ស្ថិតនៅ​កម្ពុជា​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​៕