ដំ​ណឹ​ងល្អ​៖ អតិថិជន​ទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​កៀនស្វាយ​ ផាក​ អាច​បង់​រំលស់​រហូត​ ដល់៩០ភាគរយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ឱកាស​នៃ​ការ​បើក​លក់​គម្រោង​បុរី​កៀនស្វាយ​ ផាក​ របស់​ក្រុមហ៊ុន​ KFA​ Property​ Co​,.Ltd​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ រាល់​អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ និង​ការ​ផ្តល់​ជូន​នូវ​លក្ខខណ្ឌ​ក្នុង​ការទិញ​ និង​បង់​រំលស់​រហូតដល់៩០ភាគរយ​ក្នុងរយៈពេល២០ឆ្នាំ​។

មានប្រសាសន៍​ក្នុងឱកាសនៃ​ការ​បុក​គ្រឹះ​ សាងសង់​បុរី​កៀនស្វាយ​ ផាក​ កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ នៅក្នុង​ឱកាស​នៃ​ការប្រកាស​លក់​នេះ​ ក្រុមហ៊ុន​មាន​កញ្ចប់​ពិសេស​សម្រាប់​អតិថិជន​ចំនួន២៧នាក់​ដំបូង​ផង​ដែរ​ ជាមួយនឹង​ការ​ទទួល​បាន​ទឹកប្រាក់​នៃ​ការ​បញ្ចុះតម្លៃ​ចំនួន១០០០ដុល្លារ​ភ្លាម​ៗ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ អតិថិ​ទាំងអស់​នឹង​ទទួល​បាន​ជម្រើស​ជាច្រើន​ដែល​ផ្តល់​ដោយក្រុម​ហ៊ុន​ ហើយ​ក្រៅពី​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ អតិថិជន​បង់​ត្រឹម១០ភាគរយ​ដំបូង​ នឹង​ក្លាយជា​ម្ចាស់​លំនៅឋាន​ដ៏​ទាន់សម័យ​ ដែល​បំពាក់​ទៅ​ដោយ​សម្ភារៈ​បរិ​ក្ខា​យ៉ាង​ប្រណីត​ ទំនើប​ មានគុណ​ភាព​ខ្ពស់​នាំចូល​មក​ពី​បរទេស​។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ពិសេស​ នៃ​ការទិញ​ដោយ​បង់​រំលស់​ផង​ដែរ​ថា​ “សម្រាប់​ការទិញ​ និង​ក្លាយជា​ម្ចាស់​លំនៅ​ដ្ឋាន​ក្នុង​បុរី​ កៀនស្វាយ​ ផាក​ គឺ​គ្រាន់តែ​បង់​ត្រឹម១០ភាគរយ​ដំបូង​ ហើយ​នៅសល់៩០ភាគរយ​ អតិថិជន​អាច​បង់​រំលស់​រហូតដល់២០ឆ្នាំ​នៅក្នុង​អត្រា​ការប្រាក់​ដ៏​សមរម្យ​”។

លោក​បន្ត​ថា​ “អ្វី​ដែល​រឹតតែ​បង្កើន​ការ​ទុកចិត្ត​ និង​ផ្តល់​ភាព​ងាយស្រួល​ រាល់​អតិថិជន​ទាំងអស់​អាច​ធ្វើការ​បង់​រំលស់​ ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ ឬអាច​បង់​រំលស់​ជាមួយ​ធនាគារ​ក៏បាន​ ជាមួយនឹង​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ប្លង់​រឹង​”។

បុរី​កៀនស្វាយ​ ផាក​ មាន​ទីតាំង​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​តំបន់​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​នៅ​ជាយក្រុង​ ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​អំពិល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ចម្ងាយ​ប្រមាណ ២៥គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ ។

សម្រាប់​ព័ត៌មាន​លម្អិត​អាច​ទំនាក់ទំនង​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១៧​ ៧៩​ ៦៦​ ៣៣​ / ០៧៧​ ៩៩​ ៧៨​ ៨៨​៕

ក្រសួង​សេដ្ឋ​កិ​ច្ច​ចាប់ផ្តើម​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចាប់ពី​ខែកក្កដា​ខាងមុខនេះ​

0

ដោយ ​វណ្ណា​រ៉ា​

ភ្នំ​ពេញៈ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ចាប់ផ្តើម​អនុវត្តន៍​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​សិទ្ធិ​អចលនទ្រព្យ​ តាម​ការ​កែសម្រួល​បែងចែក​ភូមិសាស្ត្រ​ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ថ្មី​ សំដៅ​កាត់បន្ថយ​កម្រិត​លម្អៀង​ លើ​តម្លៃ​ពន្ធ​ប្រថាប់ត្រា​នេះ​ ចាប់់​ពី​ខែកក្កដា​ខាងមុខនេះ​។

ពាក់ព័ន្ធ​នឹង​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នូវ​ឧប​សម្ព័ន្ធ​ស្ដីពី​ ការបែងចែក​ភូមិ​សា​ស្ដ្រ និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​បាន​និង​កំពុង​អនុវត្ត​អស់​រយៈពេល​ជិត ១០ឆ្នាំ​ កន្លងមក​ធ្វើការ​កែសម្រួល​ឡើងវិញ​ ឱ្យ​ស្របតាម​ការ​រីកចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

ការកំណត់​ពន្ធ​ប្រថាប់ត្រា​ថ្មី​ បើ​តាម​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ស្តី​ពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​សិទ្ធ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ នៅ​ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រសួង​នឹង​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​សិទ្ធ​អចលនទ្រព្យ​ ឬដីធ្លី​ ដោយ​កែសម្រួល​បែងចែក​ភូមិសាស្ត្រ​ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ថ្មី​ សំដៅ​កាត់បន្ថយ​កម្រិត​លម្អៀង​ លើ​តម្លៃ​ពន្ធ​ប្រថាប់ត្រា​នេះ​ ដើម្បី​ជៀសវាង​ភាព​លំអៀង​ខុស​នឹង​តម្លៃ​ទីផ្សារ​ច្រើន​ គឺ​ធ្វើ​យ៉ាងណា​ធានា​ដល់​សមធម៌​នៃ​ការ​បង់ពន្ធ​ឱ្យ​បាន​ល្អ​ប្រសើរ​។

ការ​ធ្វើ​បច្ចុប្បន្នភាព​ឧប​សម្ព័ន្ធ​ស្តី​ពី​ ការបែងចែក​ភូមិសាស្ត្រ​ នឹង​ត្រូវ​ធ្វើឡើង​ដោយមាន​វិសាលភាព​អនុវត្តន៍​ ចំពោះ​ការផ្ទេរ​សិទ្ធិ​ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ​ដែល​ជា​សំណង់​ឬដីធ្លី​ នៅ​គ្រប់​រាជធានី​ខេត្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នោះ​ការកំណត់​ពន្ធ​ប្រថាប់ត្រា​ និង​តម្លៃ​អចលនទ្រព្យ​មាន​ដីធ្លី​ និង​សំណង់​ មិនមែន​ការដំឡើង​ពន្ធ​នោះ​ឡើយ​ ពោល​គឺ​ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការបែងចែក​ភូមិសាស្ត្រ​ និង​តម្លៃ​អចលនទ្រព្យ​ឱ្យ​សមស្រប​ទៅតាម​ការ​វិ​វត្ដ​ រីកចម្រើន​។ ចំណែក​អត្រាពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​នៅតែ​រក្សា ៤​%ដដែល​៕

រដ្ឋាភិបាល​ប្រកាសអនុវត្ត​ន៍​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ២០១៨​-​២០៣០​

0

ដោយ ​រ៉ា​ណេត​

​ភ្នំ​ពេញៈ​ ​ស្ថាប័ន​ថ្នាក់​ជាតិ​ ​ថ្នាក់ក្រោម​ជាតិ​ ​និង​ដៃគូ​អភិវឌ្ឍន៍​បាន​ប្រកាស​ផ្សព្វផ្សាយ​អភិវឌ្ឍន៍​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​និង​ជំរុញ​ឱ្យ​ការអនុវត្ត​ធ្វើឡើង​ឱ្យ​មានប្រសិទ្ធភាព​ ​និង​តម្លាភាព​ខ្ពស់​ ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ២០១៨​-​២០៣០​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​បាន​លើកឡើង​ក្នុង​ពិធី​នា​ព្រឹក​ថ្ងៃទី២៧​ ​មិថុនា​កន្លងមក​ថា​ ​ការ​អភិវឌ្ឍ​បៃតង​ ​ដែល​ជា​គំរូ​អភិវឌ្ឍន៍​ ​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​និង​និរន្តរភាព​ ​បរិស្ថាន​ ​និង​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការ​អភិវឌ្ឍ​បៃតង​របស់​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​ទីក្រុង​ ​គឺជា​ទីកន្លែង​ប្រមូល​ផ្តុំ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ ​ជំរុញ​ការបង្កើត​ការងារ​ ​និង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​។​ ​

​ប៉ុន្តែ​ទីក្រុង​ក៏​ជា​កន្លែង​ដែល​មាន​ធនធាន​ ​ដូចជា​ ​ទឹក​ ​ថាមពល​ ​និង​ធន​ធាន​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ប្រើប្រាស់​ ​ដោយ​ឧស្សាហកម្ម​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​ ​

​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​បាន​បញ្ជាក់​ថា​ ​“​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ជំរុញ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​និង​ការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​ ​នៅក្នុង​អាទិភាព​គោ​លន​យោ​ ​បាយ​របស់​ខ្លួន​ ​សម្រាប់​ឱកាស​ពន្លឿន​កំ​ណើន​សក្តា​នុ​ពល​បន្ថែម​ទៀត​ ​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​ ​និង​ជំរុញ​ឱ្យ​មាន​ឱ​កាស​ផ្សេង​ៗ​ពី​វិស័យ​កាត់ដេរ​ ​ទេសចរណ៍​ ​និង​វិ​ស័យ​អច​ ​លន​ទ្រព្យ​ ​និង​សំណង់​”​។​ ​លោក​បាន​គូសបញ្ជាក់​ថា​ ​“​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ ​ដើម្បី​ធ្វើជា​គំរូ​ដល់ទី​ក្រុង​សក្តា​នុ​ពល​ផ្សេង​ៗ​ទៀត​ជាបន្តបន្ទាប់​”​។​

​លោក​ហួត​ ​ហៃ​ ​អភិបាលរង​រាជធានី​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ថា​ ​ខណៈ​ដែល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​មានការ​រីកចម្រើន​ខ្លាំង​ ​ហើយ​មាន​ប្រជាជន​ចូល​មក​រស់នៅ​ ​និង​ប្រកបរបរ​ចិញ្ចឹមជីវិត​កាន់តែ​ច្រើន​ ​វា​ពិតជា​មាន​សារៈសំខាន់​ដែល​រាជធានី​ភ្នំពេញ​ ​ត្រូវតែ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រជាពលរដ្ឋ​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ផលវិបាក​ទាំង​វិជ្ជមាន​ ​និង​អវិជ្ជមាន​នៃ​ការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័យ​នៃ​វិស័យ​ ​នគរូបនីយកម្ម​ ​ដែល​បាន​ជះឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​រួមមាន​៖​ ​ការ​កកស្ទះ​ចរាចរណ៍​ ​ទឹក​កខ្វក់​ ​និង​ការ​កើនឡើង​នៃ​បរិមាណ​សំរាម​ក្នុង​រាជធានី​ជាដើម​”​។​ ​

​ជាមួយគ្នា​នេះ​ ​លោកស្រី​ ​Karolien​ ​Casaer​ ​អ្នកតំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​ (​GGGI​)​ ប្រចាំ​កម្ពុជា​ ​បាន​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ខ្លះ​ៗ​ទៅលើ​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​ជុំវិញ​ពិភពលោក​ ​ហើយក៏​បាន​បង្ហាញ​ពី​ដំណោះស្រាយ​ដែល GGGI​ ​បាន​ណែនាំ​ទៅដល់​ ​ ​បណ្តា​រដ្ឋ​ជាស​មា​ជិ​ក​ទាក់ទង​ទៅ​នឹង​វិស័យ​ជាច្រើន​ ​ដូចជា​ ​សំណង់​អគារ​បៃតង​ ​ការ​ដឹកជញ្ជូន​ដោយ​ប្រើ​ថាមពល​ស្អាត​ ​និង​ការ​ថែរក្សា​អនាម័យ​ ​(​ទឹក​កខ្វក់​)​ ​ជាដើម​។​ ​

​លោកស្រី​ក៏បាន​គូសបញ្ជាក់​ពី​គ​ម្រោ​ង​ខ្លះ​ៗ​ ​នៅក្នុង​ខេត្តសៀមរាប​ ​កែប​ ​និង​ខេត្តបាត់ដំបង​ ​ដែល GGGI​ ​បាន​និង​កំពុងធ្វើការ​ជាមួយ​រដ្ឋបាល​ក្រុង​ទាំងនោះ​ ​និង​សហគមន៍​ធុរកិច្ច​ក្នុង​ស្រុក​ស្តី​ពី​ ​ដំណោះស្រាយ​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់​ ​និង​អនាម័យ​។​ ​

​លោកស្រី​បាន​សង្កត់ធ្ងន់​ទៅលើ​កាលានុវត្ត​ភាព​ ​ដែល​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​អាច​ជួយ​ដល់​ប្រជាជន​ ​និង​វិស័យ​ឧស្សាហកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ឱកាស​ក្នុង​ការបង្កើត​ការងារ​ ​ការ​វិនិយោគ​បៃតង​ ​និង​ការ​កើនឡើង​នូវ​សុខភាព​សាធារណៈ​ ​និង​សុខុមាលភាព​របស់​ប្រជាជន​។​ ​

​សេ​ណា​រី​យូ​ឧស្សាហកម្ម​បៃតង​ដែល GGGI​ ​និង NCSD​ ​បាន​បង្កើត​កាលពី​ឆ្នាំ​មុ​នប​ង្ហាយ​ឱ្យ​ឃើញថា​ ​ការណែនាំ​ឱ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​ ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាច​បន្ថែម​លើ​ផលិតផល​ក្នុង​ស្រុក​ ​បាន​ប្រមាណ២,៧ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​ត្រឹម​ឆ្នាំ២០៣០​ ​និង​បង្កើត​ឱកាស​ការងារ​បាន​ជាង​កន្លះ​លាន​នាក់​ ​ខណៈ​ដែល​ការកាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ ​និង​កា​បំពុលបរិស្ថាន​៕​

សម្ដេច​តេជោ​៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​អត្រា​ ៧,១ភាគរយ​ក្នុង​ឆ្នាំ២០១៩​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​សម្រេច​បាន​អត្រាកំណើន៧​,១ភាគរយ​ដែល​គាំទ្រ​ដោយ​កំណើន​រឹងមាំ​នៃ​ឧស្សាហកម្ម​ និង​កំណើន​នៃ​កំណើន​នៃ​វិស័យ​សេវាកម្ម​ បើ​ទោះជា​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្តី​។

មានប្រសាសន៍​ក្នុង​ឱកាស​ប្រារព្ធ​ខួប៦៨ឆ្នាំ​ថ្ងៃកំណើត​ គណបក្សប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី២៨​ មិថុនា​នេះ​នាទី​ក្រុង​កោះ​ពេជ្រ​ សម្ដេច​តេជោ​មានប្រសាសន៍​បន្ត​ថា​ “នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​ នេះ​ រាល់​សកម្មភាព​សេដ្ឋកិច្ច​កំពុង​ដំណើរការ​យ៉ាង​ល្អ​”។

សម្តេច​បន្ត​ថា​ ជាក់ស្តែង​រយៈពេល៤ខែ​ដើមឆ្នាំ​ គម្រោង​វិនិយោគ១១៥គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ៤ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ ធៀប​នឹង​រយៈពេល​ដូចគ្នា២០១៨​ ដែល​មាន​គម្រោង៨១គម្រោង​ និង​ទុន​វិនិយោគ ៨៦៣លាន​ដុល្លារ​។ ការនាំចេញ​ផលិតផល​កាត់ដេរ​នៅតែ​មាន​កំណើន​ខ្ពស់​។ ការ​នាំ​អង្ករ​ចេញ​សម្រេច​បាន​ជាង​ ២១​ ម៉ឺន​តោន​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​ កើនឡើង៨​,៣ ភាគរយ​ ហើយ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក៏​នៅតែ​បន្ត​កំណើន​ខ្ពស់​។

ជាមួយគ្នា​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ២​,៤លាន​នាក់​ កើនឡើង១១​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គា្ន​ក្នុង​ឆ្នាំមុន​។

កាលពី​ពេល​ថ្មី​ៗនេះ​ ធនាគារពិភពលោក​ក៏បាន​ថ្លែង​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧​,៥ភាគរយ​នៅក្នុង​ឆ្នាំ២០១៨​ ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​។

ការនាំចេញ​របស់​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ និង​មុខទំនិញ​ធ្វើដំណើរ​ ដែល​ទាំងអស់​នេះ​ មាន​ជាង​ពីរ​ភាគ​បី​នៃ​មុខទំនិញ​នាំចេញ​សរុប​ ជា​កំណត់ត្រា​កំណើន​ខ្ពស់​ប្រាំ​ឆ្នាំ​ជាប់គ្នា​ហើយ​ ដោយ​វា​កើន​បាន១៧​,៦ភាគរយ​ក្នុង​ឆ្នាំ២០១៨​ ប្រៀបធៀប​ជាមួយ ៨​,៣ភាគរយ​ក្នុង​ឆ្នាំ២០១៧​។

វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​សរុបគ្នា​មក​មាន​ចំណែក៦០ភាគរយ​ នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ២០១៨​។ ការផលិត​សម្ភារ​ផ្គត់ផ្គង់​ការសាងសង់​ ដែក​គ្រឿង​សង្ហា​រឹម​ និង​ផលិត​ផលប្ល៉ាស្ទ៊ី​កក៏​មានការ​កើនឡើង​យ៉ាង​លឿន​ដែរ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​៕

រដ្ឋាភិបាល​ចាប់ផ្តើម​ប្រកាស​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ដា​ក់​ឲ្យ​អនុវត្តន៍​នូវ​ប្រព័​ន្ឋ​បញ្ជរ​តែមួយ​ជាតិ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​លើក​កំពស់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

អគ្គបណ្ឌិត​សភា​ចារ្យ​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញប្រកាស​ថ្មី​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី២៥​ មិថុនា​ ស្តី​ពី​ការ​ដាក់ឲ្យ​អនុវត្ត​ជំហាន​ដំបូង​ ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ ក្នុង​គោលបំណង​លើកកម្ពស់​បន្ថែម​ទៀត​ នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។

សេចក្តី​ប្រកាស​ថ្មីនេះ​ មាន​គោលដៅ​កំណត់​នីតិវិធី​នៃ​ការ​ស្នើសុំ​ និង​ការ​ចេញ​អាជ្ញាប័ណ្ណ​ វិញ្ញាបនបត្រ​ឬលិខិតអនុញ្ញាត​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ សម្រាប់​បម្រើ​ឲ្យ​ប្រតិបត្តិ​ការនាំចេញ​ នាំចូល​ និង​ឆ្លងកាត់​ទំនិញ​។

ប្រកាស​នេះ​ មាន​វិសាលភាព​អនុវត្ត​ ចំពោះ​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ វិញ្ញាបនបត្រ​ ឬលិខិតអនុញ្ញាត​ពាក់ព័ន្ធ​និង​ករណី​ដូច​ខាងក្រោម​៖

* ទំនិញ​ហាមឃាត់​ និង​ជាប់​កម្រិត​កំណត់​

* ទំនិញ​ស្ថិត​ក្នុង​កាតព្វកិច្ច​នៃ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

* ទំនិញ​ស្ថិត​ក្នុង​កាតព្វកិច្ច​នៃ​ការអនុវត្ត​អនុសញ្ញា​ ឬកិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេងទៀត​

* ផលិតផល​តេល​សិលា​ និង​ទំនិញ​នៃ​អគារ​លក់ទំនិញ​រួច​ពន្ធ​

* ទំនិញ​ទទួល​បានការ​លើកលែង​ពន្ធអាករ​របស់ក្រ​សួង​-ស្ថាប័ន​ បេសកកម្ម​ការទូត​ បេសកកម្ម​កុងស៊ុល​បរទេស​ និង​អង្គការ​ជាតិ​-អន្តរជាតិ​

* ទំនិញ​ទទួលការ​លើកលែង​ពន្ធអាករ​ផ្សេងទៀត​ តាមច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​៕

CREA​ សហការ​ជាមួយ​ CBFA​ ដើម្បី​លើក​កំពស់​អចលនទ្រព្យ​ និង​ធុរកិច្ច​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​ពិភាក្សា​ជាមួយ​សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា ​(CBFA​) ដើម្បី​សហការ​គ្នា​លើ​ការជួល​អចលនទ្រព្យ​ និង​លើក​កំពស់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

លោក​ឃាង​ ពុទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ថ្នាក់ដឹកនាំ​សមាគម​នេះ​ និង​សមាជិក​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​សមាគម​ខាងលើ​ កាលពី​ថ្ងៃទី២៧​ មិថុនា​កន្លងមក​នេះ​។

លោក​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ គោលបំណង​នៃ​ជំនួប​នេះ​ ដើម្បី​សហការ​គ្នា​លើ​ការ​រក​ទីតាំង​ជួល​អចលនទ្រព្យ​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​មាន​ភាព​រីកចម្រើន​ និង​ជំរុញ​ឲ្យ​មានការ​នាំ​ចូ​លនូវសិទ្ធ​អាជីវកម្ម ​(franchise​ ) មក​កម្ពុជា​។

លោក​បន្ត​ថា​ សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា​ចង់​ធ្វើ​យ៉ាងណា​គៀង​គរ​ការ​វិនិយោគ​ ការ​ផ្សព្វផ្សាយ​ពី​ការ​ទិញ​សិទ្ឋ​អាជីវកម្ម​ ដើម្បី​ជំរុញ​ការ​លើក​កំពស់​ធុរកិច្ច​ និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ ព្រោះ​កាលណា​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ច្រើន​ ពួកគេ​នឹង​មាន​ប្រាក់ចំណូល​ និង​ជួយ​ជំរុញ​ដល់​កំនើន​សេដ្ឋកិច្ច​របស់​យើង​៕

ការធ្វើអាជីវកម្មបច្ចេកវិទ្យា5Gក្រុមហ៊ុនHuawei មិនទទួលរងផលប៉ះពាល់ពី ការដាក់ទណ្ឌកម្មអាមេរិក

0

ប្រែសម្រួលដោយ មនុប៊ី

សៀងហៃៈ បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Huawei មិនបានរងផលប៉ះពាល់ដោយការដាក់ក្រុមហ៊ុនចិន ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកនោះទេ ខណៈការបញ្ជាទិញការអភិ​វឌ្ឍន៍សម្រាប់ឧបករណ៍បណ្តាញបច្ចេកវិទ្យា5G កំពុងដំណើរការធម្មតា។ នេះបើយោងតាមសម្ដីរបស់របស់ប្រធានក្រុមហ៊ុន លោក Ken Hu។

ក្រុមហ៊ុនHuawei ទទួលបានកិច្ចសន្យាពាណិជ្ជកម្មចំនួន៥០ សម្រាប់ឧបករណ៍ឥត​ខ្សែជំនាន់ទី៥ ជាមួយនឹងប្រទេសចំនួន៣០ក្រៅពីប្រទេសចិន ចាប់តាំងពីខ្លួនបានចាប់​ផ្តើមទទួលការបញ្ជាទិញកាលពីឆ្នាំមុន។

ក្នុងចំណោមប្រទេសទាំង៣០ មានប្រទេសចំនួន២៨ មកពីបណ្តាប្រទេសនៅអឺរ៉ុបដូចជា អង់គ្លេស និង អេស្ប៉ាញ១១ ប្រទេសមកពីមជ្ឈិមបូព៌ា និង៦ប្រទេសមកពីទីផ្សារអាស៊ីប៉ាស៊ីហ្វិក រួមទាំងកូរ៉េខាងត្បូង។

ក្រុមហ៊ុនផលិតសម្ភារៈទូរគមនាគមន៍ចិននេះ បាននាំចេញសរុបនៃស្ថានីយបច្ចេកវិទ្យា5Gមានកើនជាងបីដងចាប់តាំងពីខែ កុម្ភៈ ដែលស្មើនឹង១៥០,០០០ស្ថានីយ។

លោកHuបានព្យាករណ៍ថា ចំនួនសរុបនៃនាំចេញអាចនឹងឈានដល់៥០០,០០០ស្ថានីយនៅចុងឆ្នាំ ២០១៩។ លោកបន្តថា ការរីកចម្រើននេះកើតឡើង បើទោះបីជាមានការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះបណ្តាប្រទេសផ្សេងទៀត មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនHuawei និងឧបករណ៍ដែលផលិតនៅប្រទេសចិន ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា5Gរបស់ពួកគេដោយអះអាងថា មានហានិភ័យផ្នែកសន្តិសុខជាតិ។

ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យា4G ដែលមានស្រាប់នៅក្នុងភាគច្រើននៃអឺរ៉ុប
និងអាស៊ីបានភ្ជាប់ឧបករណ៍អេឡិចត្រូនិករបស់Huawei រួចហើយ ហើយវាមានតម្លៃថោកជាងឧបករណ៍ប្រកួតប្រជែងពីគូប្រជែងអ៊ឺរ៉ុប ដូចជា ក្រុមហ៊ុនអេឡិចត្រូនិក Ericsson និងក្រុមហ៊ុន Nokia។

កាលពីខែឧសភា ក្រុងវ៉ាស៊ីនតោន បានហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យនាំចេញបច្ចេកវិទ្យាទៅអោយក្រុមហ៊ុនHuawei ។ នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការស្មាតហ្វូន របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន ដែលពឹងផ្អែកលើប្រព័ន្ធប្រតិ​បត្តិការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Google។

ក្រុមហ៊ុនHuaweiរំពឹងថា ការចេញលក់ស្មាតហ្វូន ទូទាំងពិភពលោករបស់ខ្លួននឹងធ្លាក់ចុះ៤០លានគ្រឿងនៅក្នុងឆ្នាំ២០១៩ ដែលស្មើនឹងប្រហែល២០ភាគរយនៃចំនួនលក់សរុបកាលពីឆ្នាំមុន។

លោក Hu បាននិយាយថា ក្រុមហ៊ុនរំពឹងថា ផលប៉ះពាល់លើប្រតិបត្តិការបច្ចេកវិទ្យា 5G របស់ខ្លួននឹងមិនអាចកើតឡើងទេ។ ក្រុមហ៊ុនHuaweiត្រូវបានជឿថា កំពុងឆ្លើយតបដោយការធ្វើពិពិធកម្មការវិនិយោគធនធាន និងការបង្កើតស្តុកខ្លួន។
លោកបានថ្លែងថា “យើងអាចធានាឲ្យបានពេញលេញ នូវការផ្គត់ផ្គង់នៃស្ថានីយមូលដ្ឋានសម្រាប់កិច្ចសន្យា ដែលយើងបានចុះហត្ថលេខា ហើយកិច្ចសន្យាដែលយើងនឹងចុះហត្ថលេខាទៅមុខ”។

លោក Hu ក៏បានបញ្ជាក់ផងដែរថា បើទោះជាមានការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុន Huawei ក្រុមហ៊ុនមិនមាន”បញ្ហាផ្លូវច្បាប់” ដែលបន្តការទិញពីអ្នកផ្គត់ផ្គង់របស់ជប៉ុន។ ក្រុមហ៊ុនធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនជប៉ុនជាង១០០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Sony និង Toshiba Memory៕

ប្រភព សារព័ត៌មាន Nikkei

អ្នកជំនាញនិយាយថា​ ផ្លូវជាតិលេខ១​ កាន់តែមានសក្តានុពលខ្លាំង

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១ និងការអភិវឌ្ឍនៅតំបន់នេះនឹងកាន់តែមានសក្តានុពល ដោយសារគំរោងវិនិយោគធំៗបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះ។


នាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៧ មិថុនាកន្លងមកថា ស្ថានភាពអភិ​វឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់តាមបណ្តោយផ្លូវជាតិលេខ១ នៅពេលបច្ចុប្បន្ននេះ មិនមែនដូចកាលពីឆ្នាំមុននោះទេ។

បច្ចុប្បន្ននេះ ស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ គឺមានល្បឿនលឿនលើសពីការរំពឹងទុក។
លោកបានបន្តទៀតថា “បើគិតចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅរហូតម្ដុំបុរីប៉េងហួត គឺមានភាពរីកចម្រើនខ្លាំង”។ លោកបន្តទៀតថា “នៅតំបន់នេះ ក្រៅពីមានការកកើតនូវមណ្ឌលពាណិជ្ជកម្ម និងវិស័យលំនៅដ្ឋានកម្រិតខ្ពស់របស់ក្រុមហ៊ុន ប៉េង ហួត ក៏មានគម្រោងមជ្ឍមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដូចជាជាគម្រោងខុនដូរជាដើមកំពុងតែមានសកម្មភាពសាងសង់”។

លោកវ៉ា វីរៈបានបន្តទៀតថា អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ផ្លូវជាតិលេខ១ មានគម្រោងអភិវឌ្ឍទីក្រុងសិប្បនិម្មិត របស់ក្រុមហ៊ុនOCICមួយបន្ថែមទៀត ដែលកាន់តែជួយជំរុញឱ្យតំបន់មួយនេះកាន់តែមានសក្ដានុពល។ លោកបន្តទៀតថា ដោយឡែ​កចំពោះតំបន់ផ្សេងទៀត ដែលស្ថិតនៅតានបណ្តោយផ្លូវជាតិលេខ១ ក៏មានតម្រូវការ និងសក្ដានុពលផងដែរ។

លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ មានក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងតែបោះជំហ៊ានវិនិយោគលើវិស័យលំនៅឋាននៅតំបន់នេះ ជាពិសេសក្រុមហ៊ុនចិន The Prince ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំប្រចាំនៅកម្ពុជា ក៏មានវត្តមាននៅតំបន់ខាងលើនេះផងដែរ”។

ជាមួយគ្នានេះអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលកំពុងបោះទុនវិនិយោគ និងអភិវឌ្ឍបុរី កៀនស្វាយ ផាក លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ផ្លូវជាតិ១នាពេលនេះ កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែសកម្មភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងគំហុក បានធ្វើឱ្យតម្លៃដីនៅតំបន់ទាំងនេះ មានការកើឡើងយ៉ាងខ្លាំង។

លោកឧកញ៉ាបន្តថា ដោយសារល្បឿននៃការអភិវឌ្ឍនៅតំបន់នេះ បានធ្វើឲ្យតម្លៃដីធ្លីនៅនៅតាមបណ្តោយផ្លូវនេះមានកំនើនជាប្រចាំ។ ជាក់ស្តែងបើគិតចាប់ពីចំណុចគល់ស្ពានច្បារអំពៅរហូតដល់ម្តុំបុរីប៉េងហួត តម្លៃដីអាចចាប់ពី២០០០ ទៅ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចាប់ពីតំបន់ម្ដុំបឹងស្នោ រហូតដល់តំបន់ផ្លូវបំបែករោងចក្រស្រាបៀរថៃហ្គ័រ អាចមានតម្លៃក្នុងចន្លោះ ១៥០០-២០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ដោយឡែកចាប់ពីតំបន់ផ្លូវបំបែក ចូលរោងចក្រស្រាបៀរថៃហ្គ័ររហូតដល់ផ្សារគរគី អាចមានតម្លៃក្នុងចន្លោះ ២៥០-៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើនៅតំបន់ទីប្រជុំជនផ្សារគឺមានតម្លៃថ្លៃ។ ប៉ុន្តែបើចាប់ពីតំបន់ផ្សារគគីរហូតដល់ផ្លូវបំបែកចូលទៅតំបន់ពុទ្ធមណ្ឌល (ផ្លូវលេខ១១៦) ដែលស្ថិតនៅក្នុឃុំឈើទាល ស្រុកកៀនស្វាយ គឺមានតម្លៃជាង១០០ដុល្លារឡើងទៅ ហើយវានឹងបន្តកើនឡើងបន្ថែមទៀត។

លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តំបន់នេះនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញជាច្រើន ដែលរួមមានដូចជា ការសង់សំណង់លំនៅដ្ឋានតម្លៃមធ្យម សំណង់បុរី មណ្ឌលកម្សាន្តកែច្នៃ ជាដើម ហើយអ្នកវិនិយោគមួយចំនួន ក៏កំពុងវិនិយោគដោយផ្ទាល់ជាមួយការពុះដីឡូត៍ផងដែរ។ លោកឧកញ៉ាបន្តថា ជាក់ស្ដែង ពេលនេះគម្រោងបុរី កៀនស្វាយ ផាក បានចាប់បុកគ្រឹះដំណើរការសាងសង់ ហើយនៅថ្ងៃខាងមុខនេះ នឹងមានគម្រោងសាងសង់សំណង់លំនៅឋានកម្រិតមធ្យម និងក្រោមមធ្យមបន្តទៀត៕

ក្រុមហ៊ុន​យក្ស​កូរ៉េ​ ចិន​ និង​ជប៉ុន​កំពុង​សាង​សង់មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រជែង​ឥទ្ធិពល​គ្នា​នៅក្នុង​តំបន់​ទឹកថ្លា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​យក្ស​កូរ៉េ​ ចិន​ និង​ជប៉ុន​បាន​និង​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន៣​ បាន​នឹង​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​ នៅក្នុង​ទឹកថ្លា​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ លើ​ការសាងសង់​អគារ​ពាណិជ្ជកម្ម​។

ក្រុមហ៊ុន​យក្ស​ទាំង៣នោះ​រួមមាន​ ក្រុមហ៊ុន​ Prince​ Group ​របស់​ចិន​ក្រុមហ៊ុន​ Arakawa​ របស់​ជប៉ុន​ និង​ក្រុមហ៊ុន​ BOOYOUNG​ TOWN​ របស់​កូរ៉េ​។

១) គម្រោង​ BOOYOUNG​ TOWN​

គម្រោង ​BOOYOUNG​ TOWN ​ដែល​ស្ថិតនៅ​តាម​មហាវិថី​សហ​ព័ន្ឋរុស្ស៊ី​ បា​នដំនើ​រកា​រទៅមុខ​ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​ដ៏​ធំ​នេះ​ បានសម្រេច​បោះទុន​វិនិយោគ​ជាង ១៦០លាន​ដុល្លារ​ ដើម្បី​សាងសង់​អាគារ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ (ខុន​ដូ​) និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ និង​សា​លពិព៌​ណក្នុង​ដំណាក់កាល​ទី១ របស់​ខ្លួន​។

តំណាង​ក្រុមហ៊ុន​ BOOYOUNG​ TOWN ​ប្រចាំ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសា​សន៍ឲម្យ​ដឹង​ថា​ គំរោង​សាងសង់​ដំណាក់កាល​ទី១នេះ​ រួមមាន​អាគារ​ខុន​ដូ​ និង​ផ្សារ​ទំនើប​កំពស់២៣ជាន់​ចំនួន៤អាគារ​ ដែល​មានផ្ទះ​សរុប​ចំនួន ១៤៧៤យូនី​ត។ គំរោង​ដំណាក់កាល​ទី១នេះ​ គ្រោង​ចំណាយ​ទឹកប្រាក់១៦០លាន​ដុល្លារ​អាមេរិក​។ លោក​បន្ត​ថា​ ផ្សារ​ទំនើប​ក្នុង​គំរោង​នេះ​មាន​ចំនួន៣ជាន់​ និង​ទំហំ៤៧​,០០០ម៉ែត្រការ៉េ​។ ផ្សារ​ទំនើប​ដ៏​ធំ​នេះ​ ផ្តោត​លើ​សេវាកម្ម​ចម្រុះ​ទាំង​ហាង​លក់ទំនិញ​ មជ្ឈមណ្ឌល​វប្ប​ធ៌ម​ ការ​កំសាន្ត​ មន្ទីរពេទ្យ​ សាលារៀន​ និង​ហាង​ថែរក្សា​សម្ឆស្ស​ជាដើម​។

២) គំរោង​ Prince​ International​ Plaza​

គំរោង​របស់​ក្រុមហ៊ុន​យក្ស​របស់​ចិន​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ ស្ថិតនៅ​ទល់​មុខគ្នា​នឹង​គំរោង ​BOOYOUNG​ TOWN ​ដែល​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ហើយ​គំរោង​ទាំងពីរ​នេះ​ហាក់​កំពុង​ប្រជែង​គ្នា​ចាប់​យក​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​ និង​បង្ហាញ​ឥទ្ឋិ​ពល​ក្នុងនាម​ជា​ប្រទេស​យក្ស​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​។

គម្រោង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ និង​ពហុមុខ​ងារ​ទំហំ​ជាង២០ម៉ឺន​ម៉ែត្រការ៉េ​ ស្ថិតនៅ​តាម​បណ្តា​យម​ហា​វិថី​សហព័ន្ធ​រុស្សី​ កណ្តាល​រាជធានី​ភ្នំពេញ​ របស់​ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត (ខេម​បូ​ឌា​) គ្រុប​ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង់​សាង​ជា​ផ្លូវការ​ហើយ​ នា​ព្រឹក​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​។

ព្រីនស៍​ អ៊ី​នធើ​ណា​សិន​ណល​ ផ្លា​ហ្សា​ គឺជា​គម្រោង​ខ្នាត​ធំ​ ដែល​ជា​អគារ​ចម្រុះ​ និង​ពហុមុខ​ងារ​បែប​ច្រកចេញ​ចូល​តែមួយ​ ដែល​មាន​ទំហំ​ សរុប​រហូតដល់២០ម៉ឺន​ម៉ែត្រការ៉េ​ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ដែល​ជា​ចំណុចប្រសព្វ​គ្នា​ រវាង​ខណ្ឌ​សែនសុខ​ ខណ្ឌទួលគោក​ និង​ខណ្ឌមានជ័យ​ ដែល​កំពុង​មានសន្ទុះ​អភិវឌ្ឍន៍​ខ្លាំងក្លា​ និង​ប្រកប​ដោយសក្តានុពល​បំផុត​ នៅ​រាជធានី​ភ្នំពេញ​។

គម្រោង​នេះ​ មាន​អគារ​ការិយាល័យ​ចំនួន២​ និង​អគារ​ខុន​ដូ​ ចំនួន ៣ស្មើនឹង ៤០០ជាង​យូនី​ត ហើយនឹង​បញ្ចប់​ការសាង​សង់​នៅ​ចុងឆ្នាំ ២០២០នេះ​។

គម្រោង​នេះ​ នឹង​នាំមក​នូវ​ទម្រង់​អភិវឌ្ឍន៍​ថ្មី​ សម្រាប់​រាជធានី​ភ្នំពេញ​ ដោយ​រួមមាន​៖ អគារ​ការិយាល័យ​លំដាប់ ៥​A មជ្ឈមណ្ឌល​ទិញទំនិញ​ និង​អគារ​ស្នាក់នៅ​រួម​លំដាប់​ផ្កាយ​ -ល- ដែ​លប​ណ្តុំ​នូវ​មុខងារ​ដូចជា​៖ ធុរកិច្ច​ ការទិញ​ទំនិញ​ ភោជនីយដ្ឋាន​ កន្លែង​កម្សាន្ត​ និង​លំហែកាយ​ ជា​តំបន់​ជីវិត​រស់នៅ​បែប​ថ្មី​ ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ​ ផាសុកភាព​ សុវត្ថិភាព​ និង​ល្អដាច់គេ​ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​អនាគត​៕

៣) គម្រោង​ Arakawa​

នៅ​ពីក្រោយ​គំរោង​ទាំងពីរ​នេះ​ ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន ​Arakawa​ ក៏​មិនណយ​ដែរ​ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​អាគារ​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​ចំនួន៥អាគារ​ផង​ដែរ​។

ក្រុមហ៊ុន​ Arakawa​ ដែល​មានឈ្មោះ​ល្បី​ តាមរយៈ​ការទិញ​យក​អា​គា​រប៊ូ​ឌីញ​ “ស”បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​ថ្មី​របស់​ខ្លួន​ ដោយ​គ្រោង​ចំណាយ​ទុន៧០លាន​ដុល្លារ​ ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​មានតម្លៃ​មធ្យម​នៅក្នុង​ក្រុងភ្នំពេញ​។

ក្រុមហ៊ុន​ Arakawa​ អភិវឌ្ឍន៍​គម្រោង​សាងសង់​ លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ លើ​ផ្ទៃដី​ទំហំ​ជាង ១៣​,៦៨០ម៉ែត្រក្រឡា​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ផ្សារ​ទឹកថ្លា​ នៅក្នុង​សង្កាត់​ទឹកថ្លា​ នា​ថ្ងៃទី៨ខែ​វិ​ច្ចិ​ការ​ខាងមុខនេះ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

ការសាងសង់​គំរោង​នេះ​នឹង​ត្រូវ​ចែក​ជា​ពីរ​ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ នឹង​សាង​សង​អគារ​ស្នាក់នៅ​រួម​ចំនួន១០ចែក​ជា៥ប្លុក​ ដោយ​ក្នុង១ប្លុក​មាន២អគារ​និង​មាន​កម្ពស់​ពី១៩ទៅ២៣ជាន់​ មាន​បន្ទប់​ស្នាក់នៅ​ប្រមាណ ២០០០​បន្ទប់​៕

ចំណេះដឹង! ចំណុចចំនួន៣ត្រូវសិក្សាមុនចូលហ៊ុនគ្នារកស៊ី​

0

ដោយ​ វុត្ថា​

ភ្នំពេញៈ ការជ្រើសរើសមនុស្សមកចូលហ៊ុនរកស៊ីជាមួយគ្នា គឺមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ពីព្រោះវាទាមទារនូវចំណេះដឹង និងភាពប៉ិនប្រសប់ខ្លាំងក្នុងការមើលមនុស្ស។ ប្រសិនបើជ្រើសរើសភាគហ៊ុនិក ឬដៃគូភាគហ៊ុនខុស នោះដំណើរការក្រុមហ៊ុននឹងបរាជ័យ ដែលធ្វើឲ្យខាតប្រាក់ចំណូលនិងពេលវេលាយ៉ាងច្រើន។

ជាមួយគ្នានេះ មុននឹងសម្រេចចិត្តរកស៊ីជាមួយមនុស្ស ដែលយើងស្គាល់ឬមិត្តភក្តិមុននឹងយើងសម្រេចចិត្តថាចូលរួមនោះ យើងគួរតែសិក្សានឹងដឹង៣ ចំណុចសំខាន់នេះជាមុនសិន។
ទី១) យើងត្រូវតែមានការពិភាក្សាគ្នាដោយបើកចំហរ
ការពិភាក្សាគ្នានេះ គួរធ្វើមុនពេលដែលយើងសម្រេចចិត្តចូលហ៊ុន នឹងបង្កើតមុខរបរនឹងរបៀបធ្វើការងារ និងគោលដៅឲ្យបានច្បាស់លាស់ជាមុនសិន ពិសេសហានិភ័យដែលនឹងជួបប្រទះ ។ ការពិភាក្សាគ្នានេះអាចធ្វើឲ្យម្ចាស់ហ៊ុនម្នាក់ៗ ដឹងពីចំណុចខ្លាំងនឹងចំណុចខ្សោយរបស់គ្នាទៅវិញមក ងាយស្រួលក្នុងការបែងចែកតួនាទីគ្នាធ្វើ។

ទី២) ត្រូវតែមានផែនការជាក់លាក់ណាមួយ

ជាទូទៅមុននឹងសម្រេចថាបើកមុខរបរមួយ ឬអាជីវកម្មយើងត្រូវមានផែនការច្បា​ស់លាស់ជាមុនសិន នឹងបែងចែកគ្នាក្នុងការទទួលខុសត្រូវក្នុងតួនាទីម្នាក់ៗ មានកាលវិភាគពេលវេលា ដើម្បីជម្រុញអាជីវកម្មឲ្យដើរទៅមុខកាន់តែលឿន។

ទី៣) ត្រូវរៀបចំលិខិតស្នាមឲ្យបានត្រឹមត្រូវ

យើងធ្វើបែបនេះមិនមែនមានន័យថា យើងមិនទុកចិត្តមិត្តភក្តិ ឬមនុស្សដែលយើងស្គាល់នោះទេ ក៏ប៉ុន្តែវាជួយការពារផលប្រយោជន៍របស់អ្នក និងដៃគូសហការយើងនៅពេលដែលមានរឿងអ្វីមួយកើតឡើង។ ការរត់ការឯកសារគឺត្រូវមានស្នាមមេដៃ ភាគីដែលបានចូលរួមវាជារឿងមួយ ដែលធ្វើឲ្យយើងកាន់តែមានទំនុកចិត្ត ក្នុងការរកស៊ីជាមួយគ្នាមួយកម្រិតទៀត ព្រោះយើងមិនចាំបាច់ខ្វាយខ្វល់ រឿងមិនទុកចិត្តគ្នាជៀសវាងការបាត់បង់មិត្តភាពនឹងខាត់បង់ទ្រព្យជាយថាហេតុ៕