កម្ពុជា​-កូរ៉េ​សហការ​គ្នា​ផ្តល់​វិញ្ញាបនបត្រ​អាគារ​បៃតង​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ និង​សាធារណៈ​រដ្ឋ​កូរ៉េ​ បាន​ចាប់ផ្តើម​សហការ​គ្នា​រៀបចំ​បច្ចេកទេស​ និង​ការអនុវត្ត​សកម្មភាព​រួមគ្នា​ លើ​គម្រោង​រៀបចំ​គោលការណ៍​ណែនាំ​ និង​ការ​ផ្តល់​វិញ្ញាបនបត្រ​អាគារ​បៃតង​នៅ​កម្ពុជា​ (Guidelines​ and​ Certification​ for​ Green​ Buildings​ in​ Cambodia​)។

ក្នុង​កិច្ចប្រជុំ​ដំបូង​ នៃ​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​វិស្វកម្ម​ស៊ីវិល​ និង​បច្ច​កវិទ្យា​សំណង់​អគារ​កូរ៉េ​ (Korea​ Institute​ of​ Civil​ Engineering​ and​ Building​ Technology​-KITC​) និង​មន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ផ្តោត​លើ​គោលបំណង​ ដើម្បី​ពិនិត្យមើល​សកម្មភាព​រួម​ក្នុង​គម្រោង​ ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ចសហការ​ និង​កិច្ចសន្យា​ ចែករំលែក​ចំណេះដឹង​ពីសា​ធារ​ណរដ្ឋ​កូរ៉េ​លើ​ការរៀបចំ​ស្តង់ដារ​ និង​ដំណើរការ​រៀបចំ​ស្ថាប័ន​ផ្តល់​វិញ្ញាបនបត្រ​កម្ម​។

សម្រាប់​សកម្មភាព​បន្ទាប់​ ភាគី​ទាំងពីរ​នឹង​រៀបចំ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ និង​កិច្ចសន្យា​លើ​ការអនុវត្ត​គម្រោង​ ដោយ​ខាង​ KICT​ នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​លើ​ការរៀបចំ​គោលការណ៍​ណែនាំ​ និង​ការ​រៀប​ចំ​វិញ្ញប​នប​ត្រ​កម្ម​ និង​រៀបចំ​កិច្ចប្រជុំ​នៅ​កម្ពុជា​។

គម្រោង​នេះ​បាន​ទទួល​ហិរញ្ញប្បទាន​ជំនួយ​ ពី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​ តាមរយៈ​មូល​និធី​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​កូរ៉េ​ (MKCF​) ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​នៃ​អគ្គលេខាធិការ​ដ្ឋាន​ ក.ជ.អ.ច​.៕

អាសន្ន​៖ ទីផ្សារ​លំនៅ​ដ្ឋាន​អាមេរិក​បាន​ និង​កំពុង​ប្រឈម​ការ​ដាំ​ក្បាល​ចុះ​

0

ប្រែ​សម្រួល​ មនុ​

ភ្នំ​ពេញៈ​ ទិន្នន័យ​ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ ត្រូវ​បាន​លើកឡើង​ជា​សំណួរ​ថា​ តើ​ភាព​រ៉ឹង​មាំ​ នឹង​នៃ​វិស័យ​លំនៅ​ដ្ឋាន​របស់​អាមេរិក​អាច​ប្រឈម​ ឬធន់​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សាកល​យ៉ាងដូច​ម្តេច​។

ទោះជាយ៉ាងណា​ក៏ដោយ​វិនិយោគិន​នៅ​អាមេរិក​ កំពុង​បង្ហាញ​ពី​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​អចលនទ្រព្យ​អាមេរិក​។វិនិយោគិន​អចលនទ្រព្យ​ លោក Grant​ Cardone​ បាន​ប្រាប់​សារព័ត៌មាន​សេដ្ឋកិច្ច​ Yahoo​ Finance​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “ទីផ្សារ​ផ្ទះ​ត្រូវ​បាន​ធ្លាក់ចុះ​នៅ​អាមេរិក​ ហើយ​វា​នឹង​មិន​ត្រលប់​មកវិញ​ទេ​”។

ការវាយតម្លៃ​ម៉ត់ចត់​របស់​លោក Cardone​ បាន​ធ្វើឡើង​ ដោយសារ​ការ​លក់​ផ្ទះ​ថ្មី​បាន​ធ្លាក់ចុះ៧,៨ភាគរយ​កាលពី​ខែមុន​ ដែល​ជា​ការ​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ ក្នុងរយៈពេល៥ខែ​ ខណៈ​ការ​លក់​ផ្ទះ​ក្នុង​គម្រោ​ងចាស់​ៗ ទទួល​បាន​កំណើន​តែ១,១ភាគរយ​។ វិនិយោគិន​បាន​សន្មត​ថា​ ទីផ្សារ​នេះ​បាន​បាត់បង់​អ្នកទិញ​ដែល​មាន​សក្តា​នុ​ពល​។

លោកCardone​ បាន​និយាយ​ថា​ “អ្នកទិញ​ដែល​មាន​សក្តា​នុ​ពល​ គឺជា​ធាតុ​ដ៏​មានតម្លៃ​បំផុត​តែមួយគត់​របស់​សហគ្រិន​ ដើម្បី​មានលទ្ធភាព​ក្នុង​ការ​គ្រប់​សាច់ប្រាក់​”។

លោក​បាន​និយាយ​ថា​ និន្នាការ​នៃ​សេដ្ឋកិច្ច​កំពុង​ផ្លាស់​ប្តូរ​ ហើយ​ប្រជាជន​មាន​លុយ​ច្រើន​ មិន​ផ្តោត​លើ​ការ​វិនិយោគ​លើ​ការ​ធ្វើឲ្យ​ជីវិត​ប្រសើរ​ឡើង​ទេ​ ពួកគេ​ចង់តែ​វិនិយោគ​លើ​អចលនទ្រព្យ​ ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​នា​ពេល​អនាគត​។

ទិន្នន័យ​លំនៅ​ដ្ឋាន​ ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​យ៉ាងហោចណាស់​មួយ​ផ្នែក​ ត្រូវ​បាន​គាំទ្រ​ដោយ​អត្រា​ការប្រាក់​ទាប​ ដែល​មិន​មានការ​កើនឡើង​នៅឡើយ​។

ទោះ​យ៉ាងណាក៏ដោយ​ លោក Cardone​ បាន​និយាយ​ថា​ “អចលនទ្រព្យ​គឺជា​កន្លែង​តែមួយគត់​” ដែល​លោក​ចង់​វិនិយោគ​លុយ​នា​ពេលឥឡូវនេះ​។ ខ្ញុំ​ទិញ​អចលនទ្រព្យ​ដែល​បង្កើត​ចំណូល​។លោក​បន្ត​ថា​ “ខ្ញុំ​ជួល​កន្លែង​ដែល​ខ្ញុំ​រស់នៅ​ ហើយ​ខ្ញុំ​ជា​ម្ចាស់ទ្រព្យ​សម្បត្តិ​ដែល​បង្កើត​ចំណូល​ដល់​ខ្ញុំ​។ ខ្ញុំ​នឹង​ទិញ​តែ​អចលនទ្រព្យ​ ប្រសិនបើ​វាប​ង្កើត​លំហូរ​សាច់ប្រាក់​សម្រាប់​ខ្ញុំ​”។

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​ឲ្យដឹង​ថា​ ទីផ្សារ​មួយ​ដែល​នៅតែ​ត្រូវ​បាន​គេ​ចាត់ទុកថា​មានតម្លៃ​ថ្លៃ​ពេក​ នោះ​គឺ​ការ​កើនឡើង​តម្លៃ​ជួល​ដែល​មានកម្រិត​ខ្ពស់​ ក្នុងរយៈពេល៥០ឆ្នាំ​ ដោយមាន​ប្រជាជន​អាមេរិក ៣៦,៦​ភាគរយ​កំពុង​ធ្វើអាជីវកម្ម​នេះ​៕

តម្លៃ​ដីធ្លី​នៅ​តំបន់​ផ្លូវ៥១​ កំពុង​កើនឡើង​ខ្លាំង​ ខណៈ​រោងចក្រ​សហគ្រាស​នឹង​ទៅកាន់​តំបន់​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ និង​តំបន់​ជុំវិញ​កំពុង​មាន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ជាមួយ​នឹង​កំនើន​តម្លៃ​ហក់​ឡើង​ស្ទើរ​មិន​គួរឲ្យ​ជឿ​។

សកម្មភាព​នៃ​ការអភិវឌ្ឍន៍​នៅ​តាមផ្លូវ​ជាតិ​លេខ៥១នេះ​ បាន​និង​កំពុងតែ​កើនឡើង​ជាបន្តបន្ទាប់​ ជាពិសេស​វត្តមាន​របស់​ឃ្លាំង​ស្តុក​ទំនិញ​ និង​គម្រោង​រោងចក្រ​ សហគ្រាស​នានា​នឹង​ចាកចេញ​ពី​រាជធានី​ ឆ្ពោះទៅ​កាន់​តំបន់​នេះ​នា​ពេល​ខាងមុខ​ ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​រហូតដល់៥០ភាគរយ​ និង​តំបន់​ខ្លះ​បាន​កើនឡើង​ក្នុង​កម្រិត​ទ្វេរ​ដង​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២៨​ មិថុនា​កន្លងមក​ថា​ ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​ផ្លូវ៥១​ និង​តំបន់​ជុំវិញ​ កំពុងតែ​មាន​សកម្មភាព​ល្អ​ប្រសើរ​។ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ ជា​តំបន់​មាន​សក្តា​នុ​ពល​ទៅលើ​ការសាងសង់​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ និង​ឧស្សាហ​កម្ម​ផ្សេង​ៗ។

លោកស្រី​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​ ដែល​ស្រប​ទៅ​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​ ដែល​តម្រូវ​ឱ្យ​វិស័យ​ទាំងអស់​ខាងលើ​នេះ​ចាកចេញ​ពី​ក្រុង​ និង​នៅ​ជិត​ផ្លូវជាតិ​សំ​ខាន់​ៗមួយចំនួន​ក្នុង​ការ​ដឹកជញ្ជូន​ ដូចជា​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៥​ ដែល​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំ​ពង​ផែ​ក្រុង​ព្រះសីហនុ​”។

អនុប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចលនទ្រព្យ​កម្ពុជា​ ទទួលបន្ទុក​ផ្នែក​វាយតម្លៃ​អចលនវត្ថុ​ លោក​ចក់​ ស៊ី​ណាត​ បាន​ទទួលស្គាល់​នូវ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​នៅ​តំបន់​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​មាន​សកម្មភាព​អភិវឌ្ឍន៍​ គឺ​ទាមទារ​ឱ្យ​មាន​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ដែល​កត្តា​មួយ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ផ្លូវ៥១​ មាន​ក្នុង​ចន្លោះ​ពី​ ២៥​-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​តែប៉ុណ្ណោះ​ ហើយ​ចំពោះ​ដី​ដែល​មាន​ស្ថានភាព​ល្អ​មានតម្លៃ​ត្រឹម​ប្រមាណ៥០​-៦០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​ពេលនេះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​ទីតាំង​ដដែល​បាន​កើនឡើង​ខ្ពស់​ ដែល​គិតជា​មធ្យមភាគ​ ក្នុង​ចន្លោះ​ពី​ ៣៥​-៥០​ ភាគរយ​ ខណៈ​ដែល​សកម្មភាព​នៃ​តម្រូវការ​ប្រើប្រាស់​ដី​កាន់តែ​មាន​ច្រើន​។

លោក​ស៊ី​ណាត​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដី​នៅពេល​នេះ​ មិនទាន់​ដល់កម្រិត​កំពូល​នៅឡើយ​នោះ​ទេ​ វា​នៅ​មានឱកាស​អាច​ឡើង​បន្ត​ទៀត​ ដែល​ផ្តល់​ភាពល្អ​ប្រសើរ​សម្រាប់​អ្នក​វិនិយោគ​”។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ តំបន់​ស្ថិតនៅ​ជាប់​ផ្លូវ៥១​ លែង​ស្ថិតនៅ​ក្នុង​ភាព​ឯកា​ទៀតហើយ​ ព្រោះ​ជា​ធម្មតា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ កំណើន​ប្រជាសាស្ត្រ​តែង​មានការ​កើនឡើង​ ជាពិសេស​នៅ​តាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តែម្ដង​”។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាកចេញ​ពី​តំបន់​កណ្តាល​ក្រុង​មកដល់​តំបន់​ជាយក្រុង​ហើយ​”។លោក​បន្ត​ទៀត​ថា​ “នៅពេល​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ជាក់ស្ដែង​ពេលនេះ​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​ កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ដែល​វា​ក៏​នឹង​ជម្រុ​ញវិសាលភាព​នៃ​ការ​អភិវឌ្ឍ​នឹង​ពង្រីក​ទៅដល់​តំបន់​ខាងលើ​នេះ​ ស្រប​ពេល​ដែល​គម្រោង​សំណង់​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ធំៗ​មួយចំនួន​ទៀត​កំពុងតែ​បាញ់​ឆ្ពោះទៅ​កាន់​ផ្លូវ៥១នេះ​ផង​ដែរ​”៕

ចំណេះដឹង​! តើ​ត្រូវ​គណនា​ប្រាក់​ពន្ធ​អចលនទ្រព្យ​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១១​ បាន​បង្ហាញ​ជា​រួម​មួយ​ ក្នុង​ការ​គណនា​ប្រាក់​ពន្ធ​ដោយ​យក​តម្លៃ​អចលនទ្រព្យ​ សរុប​គុណ​ឲ្យ៨០ភាគរយ​ ដក​នឹង១០០លាន​រៀល​រួច​គុណ​នឹង០​,១ភាគរយ​។

ឧទាហរណ៍​ អ្នកមាន​ដី​ទំហំ១៥ម​ x ៣០ម​ ឬ៤៥០​ ម៉ែត្រការ៉េ​ ហើយ​នៅ​លើ​ដី​នោះ​មានផ្ទះ​ល្វែង​ទំហំ ៥ម​x២០ម​ ឬ១០០ម៉ែត្រការ៉េ​ចំនួន២ជាន់​។ បន្ទាប់ពី​វាយតម្លៃ​ ឬផ្នែក​លើ​តារាងតម្លៃ​របស់ក្រ​សួង​បង្ហាញថា​ ដី​ក្នុង​តំបន់​នោះ​មានតម្លៃ៣០០ដុល្លារ​/ម៉ែត្រការ៉េ​ ផ្ទះល្វែង​ជាន់ផ្ទាល់ដី​ មានតម្លៃ២៥០ដុល្លារ​/ម៉ែត្រការ៉េ​ ផ្ទះ​ជាន់ទី​មួយ​មានតម្លៃ២០០ដុល្លារ​/ម៉ែត្រការ៉េ​ និង​ជាន់ទី២មានតម្លៃ១៧០ដុល្លារ​/ម៉ែត្រការ៉េ​។

សូម​មើល​របៀប​គណនា​មាន​ដូចតទៅ​

• ​តម្លៃ​ដី​សរុប​ គឺ៤៥០​ x ៣០០​ ដុល្លារ​ = ១៣៥​,០០០​ ដុល្លារ​

• ​ផ្ទះ​ជាន់ផ្ទាល់ដី​ គឺ១០០​ x ២៥០​ ដុល្លារ​ = ២៥​,០០០​ ដុល្លារ​

• ​ផ្ទះ​ជាន់ទី១​ គឺ១០០​ x ២០០​ ដុល្លារ​ = ២០​,០០០​ ដុល្លារ​

• ​ផ្ទះ​ជាន់ទី​ ២ គឺ១០០​ x ​១៧០​ ដុល្លារ​ = ១៧​,០០០​ ដុល្លារ​

យើង​បាន​តម្លៃ​អចលនទ្រព្យ​សរុប​ = ១៣៥​,០០០​ + ២៥​,០០០​ + ២០​,០០០​ + ១៧​,០០០​ = ១៩៧​,០០០​ ដុល្លារ​

ប្រាក់​ពន្ធ​ត្រូវ​បង់​គឺ​ ​(១៩៧​,០០០​ ដុល្លារ​ x ៨០​% – ២៥​,០០០​ ដុល្លារ​) x ០,១% = ១៣២​,៦ ដុល្លារ​។

ដូចនេះ​ ប្រាក់​ពន្ធ​ដែល​អ្នក​ត្រូវ​បង់​គឺ​ ១៣២​,៦ ដុល្លារ​ ឬ ៥៣០​,៤០០​ រៀល​៕

ក្រុមហ៊ុន​យក្ស​ Prince​ ចាប់ផ្តើម​សាងសង់​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ដើម្បី​ត្រៀម​កិច្ចប្រជុំ​អាស៊ាន២០២២​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​យក្ស​ចិន​ Prince​ Real​ Estate​ Group​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ គម្រោង​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ឆ្នាំ២០២២​ខាងមុខ​។

ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ២៧ខែមិថុនា​ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​នឹង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ជាប់​ឆ្នេរ​អូរ​ឈើទាល​ដែល​មានផ្ទៃ​ក្រឡា​អភិវឌ្ឍន៍​សរុប​ជាង១២០.០០០ម៉ែត្រការ៉េ​។

តែ​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​នេះ​ មិនបាន​ប្រកាស​ពី​ទុន​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​នេះ​ទេ​។ គម្រោង​នេះ​បាន​រួមបញ្ចូល​គ្នា​ នូវ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែល​រំពឹង​ថា​ នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី៣១ខែឧសភា​ឆ្នាំ២០២២​។

ក្រុម​ហ៊ុន​រំ​ពឹ​ថា​ នៅពេល​សាងសង់​រួចរាល់​ គម្រោង​នេះ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ខ្នាត​ធំ​ ដែល​មាន​នូវ​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ សណ្ឋាគារ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​មុខងារ​ជាច្រើន​ផ្សេងទៀត​។ ទន្ទឹម​នឹង​នេះ​ គម្រោង​នេះ​ក៏​ជាទី​តាំង​សម្រាប់​ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២ផង​ដែរ​។

សម្តេ​តេជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្លាប់​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នឹង​ជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ​ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ ២០២២ខាងមុខ​ ខណៈ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​នេះ​។

ជាមួយគ្នា​នេះ​អាជ្ញាធរ​កម្ពុជា​ បាន​នឹង​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) ពង្រីក​ផ្លូវ​រត់​ប្រវែង​ដល់៣៣០០ម៉ែត្រ​ របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ចប់​មុន​ឆ្នាំ២០២២​ ដើម្បី​អាច​ធ្វើ​ឱ្យ​យន្តហោះ​ខ្នាត​ធំ​របស់​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ ២០២២​ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. ជា​ក្រុមហ៊ុន​ជំនួញ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​យ៉ាងច្រើន​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិស័យ​ទូរគមនាគមន៍​ និង​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៥​ ដោយ​បាន​សាង​សាង​អគារ​ជាច្រើន​ប្រភេទ​ ដូចជា​សណ្ឋាគារ​ អគារ​ស្នាក់នៅ​ ផ្ទះល្វែង​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន១៣ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុងរយៈពេល១០ឆ្នាំ​ ក្រុមហ៊ុន​ Prince​ Real​ Estate​ Cambodia​ Group​ គ្រោង​នឹង​វិនិយោគ​នូវ​ទឹកប្រាក់ ៦ពាន់​លាន​ដុល្លារ​ លើ​ផ្ទៃដី​ទំហំ​ជាង ៤០០ហិ​កតា​ ដើម្បី​អភិវឌ្ឍ​គម្រោង​អគារ​ចម្រុះ​បណ្តុំ​នូវ​អគារ​លំនៅ​ដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ស្មើនឹង​ទំហំ​អភិវឌ្ឍន៍​សរុប​ជាង៦លាន​ម៉ែត្រការ៉េ​ នៅក្នុង​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​៕

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ជួយ​ឃ្លាំមើល​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ខណៈ​ក្រុមហ៊ុន​ចិន​ថា​ខ្លួន​ស្របច្បាប់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​អាមេរិក​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​កំណត់​ក្រុមហ៊ុន​ចិន​ ដែល​ព្យាយាម​គេចវេះ​ពន្ធគយ​ពី​អាមេរិក​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ លោកស្រី​ Emily​ Zeeberg​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​សារ​អេ​ឡិច​ត្រូ​និច​កកាលពី​សប្តាហ៍​មុន​ថា​ យើង ​(សហរដ្ឋអាមេរិក​) សូម​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ពិនិត្យមើល​យ៉ាង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​អភិបាលកិច្ច​ និង​ការ​អនុលោម​ ទៅតាមច្បាប់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បាន​បន្ថែម​ថា​ “សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ចោទប្រកាន់​ ចំពោះ​ការ​គេចវេស​ពី​កាតព្វកិច្ច​ពន្ធ​ និង​ប្រើប្រាស់​គ្រប់​ឧបករណ៍​ច្បាប់​ដែល​អាច​រកបាន​ ដើម្បី​រារាំង​អ្នក​រំលោភ​លើច្បាប់​គយ​ និង​ច្បាប់​របស់​សហរដ្ឋអាមេរិក​”។

រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​ចងក្រង​ឯកសារ​ពីរ​ករណី​ចាប់តាំងពី​ឆ្នាំ២០១៧របស់​ក្រុមហ៊ុន​ចិន​ ដោយ​ប្រើប្រាស់​​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ជា​ចំណុច​ឆ្លងកាត់​មួយ​ ដើម្បី​ផ្លាស់​ប្តូរ​ប្រភព​ដើម​នៃ​ការនាំចូល​ទៅ​សហរដ្ឋអាមេរិក​។ វា​បាន​កត់សម្គាល់​ថា​ មន្រ្តី​អាមេរិក​បាន​រក​ឃើញ​ក្រុមហ៊ុន​ចិន​ ដែល​ព្យាយាម​នាំចេញ​សារធាតុ​ glycine​ និង​បំពង់​ដែក​ ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​ចិន​តាមរយៈ​តំបន់​សេដ្ឋកិច្ច​នេះ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​ “ក្នុងករណី​ទាំងពីរ​នេះ​ មន្រ្តី​អាមេរិក​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅនឹង​កន្លែង​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ហើយ​បាន​កំណត់​ថាបើ​ទោះបីជា​តំណាង​ឲ្យ​កម្ពុជា​ក៏ដោយ​ ក៏​ទំនិញ​ដែល​ត្រូវ​ចោទសួរ​ពី​ប្រភព​ដើម​របស់​ចិន​នៅពេល​នាំចូល​ទៅ​សហរដ្ឋអាមេរិក​”។

អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​បដិសេធ​ថា​ ក្រុមហ៊ុន​ចិន​មិន​ត្រូវ​បាន​ពិន័យ​ទេ​ ឬត្រូវ​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើខុស​ណា​មួយ​ដឡើយ​។

លោក​ Cao​ Jianjiang​ អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ​បាន​និយាយ​ថា​ “យើង​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ដែល​បណ្តាល​មក​ពីរ​បាយ​ការណ៍​មិន​ពិត​ខាងលើ​”។

រដ្ឋាភិបាល​កម្ពុជា​ ក៏បាន​បដិសេធ​ការចោទប្រកាន់​របស់​អាមេរិក​ផង​ដែរ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក​ សៀង​ ថៃ​បាន​ថ្លែង​ថា​ ការចោទប្រកាន់​នេះ​គឺជា​គ្មាន​មូលដ្ឋាន​។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ “ទាក់ទង​នឹង​ករណីនេះ​ មន្រ្តី​ជំនាញ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​ក្រុមហ៊ុន​”។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​កត់សម្គាល់​ដែល​ធ្វើឡើង​ដោយ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​គឺ​គ្មាន​មូលដ្ឋាន​ទេ​៕

ផ្សារ​ទំនើប​ Phnom​ Penh​ Mega​ Mall​ តម្លៃ​ ១០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​ដាក់​ជួល​នៅ​ខែក្រោយ​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ Phnom​ Penh​ Mega​ Mall​ តម្លៃ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ គ្រោង​នឹង​ចាប់ផ្តើម​ដាក់​ជួល​នៅក្នុង​ខែក្រោយ​នេះ​ ខណៈ​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ ២០២០ខាងមុខនេះ​។

លោកស្រី​អាន​ សុ​ធិ​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ថ្លែងប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ផ្សារ​មួយ​នេះ​កំពុងតែ​រៀបចំ​តុប​តែ​ទាំង​ខាងក្រៅ​ និង​ខាងក្នុង​ដើម្បី​ដាក់​ជួល​នៅ​ខែក្រោយ​នេះ​។ លោកស្រី​បន្ត​ថា​ ផ្សារ​ទំនើប​នេះ​ នឹង​បើក​ស្វាគមន៍​អតិថិជន​ជួល​នៅ​ខែកក្កដា​ខាងមុខនេះ​ហើយ​ ដែល​ផ្សារ​នេះ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ខាងមុខនេះ​។

លោកស្រី​បន្ត​ថា​ ​“ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ​ មាន​ទំហំផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង ៤០​,០០០ម៉ែត្រការ៉េ​ ហើយនឹង​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​រយៈពេល​ ៩ ខែ​ទៅមុខ​ទៀត​ ពោល​គឺ​នៅក្នុង​អំឡុង​ឆ្នាំ២០២០​ ខាង​មុន​នេះ​”។

ក្រោយ​ពន្យារ​ការសាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​ ចាប់តាំងពី​ឆ្នាំ២០១២​ បាន​ស្ថិត​ក្នុង​ស្ថានភាព​រអាក់រអួល​នៃ​គម្រោង​សាងសង់​ ដែល​ផ្សារ​នេះ​គ្រោង​សម្រេច​បើក​ដំណើរការ​អាជីវកម្ម​នៅ​ឆ្នាំ២០១៦​ ឬដើមឆ្នាំ​ ២០១៧​ តែ​គំរោង​បើ​កដំនើ​រកា​រផ្សារ​នេះ​ត្រូវ​បាន​ពន្យារពេល​ទៅវិញ​។

ដំបូង​ឡើយ​ផ្សារ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ Parkson​ Mall​ ដែល​ជា​ផ្សារ​ល្បីឈ្មោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយសារតែ​នាយក​ផ្សារ​ទំនើប​ Parkson​ Mall​ គ្រោង​ជួល​ផ្សារ​នេះ​ចំនួន៥ជាន់​ ដើម្បី​ដំណើរការ​ផ្សារ​របស់​ខ្លួន​ ប៉ុន្តែ​ក្រោយមក​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​។ ដូច្នេះ​ប្តូរ​ឈ្មោះ​ពី​ Parkson​ Mall​ ទៅជា​ Phnom​ Penh​ Mega​ Mall​ ។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Hasson​ (Cambodia​) Development​ Co​, Ltd​ លោក​ ROFY​ OTHSMAN​ ដែល​បាន​វិនិយោគ​ផ្សារ​ទំ​នប​នេះ​បាន​ឲ្យដឹង​ថា​ ផ្សារ​ទំនើប​នេះ​មាន​កំពស់៩ជាន់​នេះ​ មាន​ទំហំ ៤០​,០០០ម៉ែត្រការ៉េ​ និង​មាន​លក់ទំនិញ​ចម្រុះ​ ដែល​លោក​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​ និង​ការ​គាំទ្រ​ពីអ​តិថិ​ជន​។

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ភ្នំពេញ​មេ​ហ្គាម៉​ល មាន​សមត្ថភាព​អាច​ផ្ទុក​រថយន្ត​ចំនួន១​,៥០០គ្រឿង​ និង​ម៉ូតូ​ចំនួន ៣​,០០០ គ្រឿងក្នុង​ចំណត​យានយន្ត​របស់​ខ្លួន​។

លោក​ Rofy​ Othsman​ បាន​បន្ត​ថា​ “ប្រជាជន​កម្ពុជា​នឹង​រីករាយ​ជាមួយនឹង​បទ​ពិ​ សោ​ធបែប​ថ្មី​ ដែល​មាន​ផលិតផល​ជាច្រើន​ម៉ាក​មក​ពីក្រៅ​ប្រទេស​ ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​ប្រជាជន​ក្នុង​ស្រុក​ ដោយ​ពួកគេ​អាច​សន្សំ​ពេលវេលា​ និង​ប្រាក់កាស​ក្នុង​ការ​ដើរ​ផ្សារ​បែប​បរទេស​ ដែល​បាន​ឈានជើង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាងមុខ​”៕

កូរ៉េ​ខាងត្បូង​បង្កើន​ទំហំ​វិនិយោគ​ដ៏​ធំ​មកកាន់​កម្ពុជា​ និង​តំបន់​អាស៊ាន​ ខណៈ​សេដ្ឋកិច្ច​សាកល​ធ្លាក់ចុះ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ បាន​ធ្លាក់ចុះ​កាលពី​ត្រីមាស​មុន​នេះ​ បើ​គិត​ចាប់តាំងពី​វិ​បត្ដិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​ វា​កំពុង​បង្កើន​យុទ្ធ​សាស្រ្ត​វិនិយោគ​ទ្វេដង​នៅក្នុង​តំបន់​អាស៊ាន​។

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ខណៈ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ បាន​ឈាន​ដល់កម្រិត​ខ្ពស់​បំផុត​ ក្នុងរយៈពេល៩ឆ្នាំ​ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​សកល​ ក្នុង​ឆ្នាំ​ ២០០៨​។

ភាពយឺត​យ៉ាវ​នេះ​ គឺជា​ផលវិបាក​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ ដោយ​កំ​ពុង​ប្រ​ឈប​ នឹង​ការ​ធ្លាក់ចុះ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​។

ជា​ការ​ឆ្លើយតប​ លោក​ប្រធានាធិបតី​ Moon​ Jae​-in​ បាន​បង្កើន​ការ​វិនិយោគ​ទ្វេដង​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស​ រួមមាន​កម្ពុជា​ផង​ដែរ​ ដែល​ជា​ប្រទេស​ដែល​នៅ​សេសសល់​ចុងក្រោយ​បង្អស់​ នៅ​លើ​ពិភពលោក​នៅតែ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​។

លោក​ Joo​ Hyung​ Chul​ ប្រធាន​គណកម្មា​ធិការ​រៀបចំ​គោលនយោបាយ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ស្តី​ពី​ គោលនយោបាយ​ថ្មី​ខាងត្បូង​នៅ​ឯវេ​ទិ​ការ​កូរ៉េ​- អាស៊ាន​ និង​ឥណ្ឌា​នៅ​សប្តាហ៍​នេះ​បាន​និយាយ​ថា​ “សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ប្រឈមមុខនឹង​ការ​ការពារនិយម​សកល​ ជម្លោះ​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​រវាង​អាមេរិក​ និង​ប្រទេស​ចិន​”។

លោក​បាន​បន្ថែម​ថា​ យុទ្ធសាស្ត្រ​គោលនយោបាយ​ថ្មី​ភាគ​ខាងត្បូង​ របស់​ប្រធានាធិបតី​ គឺ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ខ្លួន​ និង​ធានា​ឲ្យ​មានការ​ប្រកួតប្រជែង​ នៅក្នុង​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​។

កូរ៉េ​ខាងត្បូង​បានឃើញ​ពីអ​តិ​រេ​កពាណិជ្ជកម្ម​ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩៣​,៤ពាន់​លាន​ដុល្លារ​ជាមួយ​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​កាលពី​ឆ្នាំមុន​។ យោង​តាម​របាយការណ៍​របស់​ធនាគារ​កណ្តាល​បាន​ឲ្យដឹង​ថា​ ភាគច្រើន​នៃ​ការនាំចេញ​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​បន្ទះ​ឈៀ​បកុំព្យូទ័រ​ និង​វាយនភណ្ឌ​។ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កូរ៉េ​ និង​តំបន់​អាស៊ាន​ បាន​កើនឡើង​ដល់១៦០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​ ដែល​ច្រើនជាង​ទ្វេដង​នៃ​ឆ្នាំ​មុន​ៗ។

ក្រុមហ៊ុន​ផលិតកម្ម​ សំណង់​ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ កំពុង​បង្កើន​សាខា​នៅ​កម្ពុជា​ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។

នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​ វិនិយោគិន​កូរ៉េ​ខាងត្បូង​មួយ​ក្រុម​បាន​មកដល់​កម្ពុជា​ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ ថាមពល​ ជីវ​បច្ចេកវិទ្យា​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ គ្រឿងសំអាង​ អាហារ​សរីរាង្គ​ និង​ឧស្សាហកម្ម​ អាកាសចរណ៍​។

ផែនការ​វិនិយោគ​ត្រូវ​បាន​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ការិយាល័យ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងត្បូង​។

លើស​ពីនេះ​ទៅទៀត​ ក្រុមហ៊ុន​សម្ភារៈសំណង់​កូរ៉េ​ជិត៨០ក្រុមហ៊ុន​ ក៏បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ភ្នំពេញ​នៅ​ខែ​នេះ​ ដែល​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​រៀបចំ​ព្រឹត្តិ​ការណ៍​ ដើម្បី​ជំរុញ​ការផ្គូផ្គង​អាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ ខាន់​ សុផល​ អគ្គនាយក​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ថ្លែង​ថា​ “ថ្វីបើ​ការ​វិនិយោគ​របស់​ចិន​ ស្ថិត​លំដាប់​កំពូល​លើ​វិស័យ​សំណង់​របស់​ប្រទេស​យើង​ ក៏​យើង​ស្វាគមន៍​វិនិយោគិន​ដទៃទៀត​ដូចជា​ កូរ៉េ​ខាងត្បូង​ផង​ដែរ​។ ជាមួយនឹង​ការប្រកួត​ប្រជែង​ជាច្រើន​ វា​នឹង​ផ្តល់​ជូន​នូវ​ជម្រើស​កាន់តែ​ច្រើន​ ដែល​មានគុណ​ភាព​ និង​បច្ចេកវិទ្យា​ថ្មី​នៃ​សម្ភារ​សំណង់​ “។

នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ចំនួន៥​ បាន​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ចេញ​ដោយ​សេវា​គ្រប់គ្រង​ហិរញ្ញវត្ថុ​ (FSS​) ដែល​ជា​និយ័ត​ករ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

យោង​តាម​របាយការណ៍​បាន​ឲ្យដឹង​ថា​ ធនាគារ​ឧស្សាហកម្ម​កូរ៉េ​ធនាគារ​ ធនាគរ​ Woori​ ធនាគារ​ Daegu​ ធនាគារ​ Nonghyup​ និង​ Kookmin​ បាន​បង្កើត​សាខា​ខ្លួន​នៅ​កម្ពុជា​។

សារៈសំខាន់​របស់​កូរ៉េ​ខាងត្បូង​ ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទំហំ​ធំ​។ ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ទី២​ បន្ទាប់​បី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​នាំ​នូវ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន២១២​ ដែល​មានតម្លៃ៤​,៥៦​ ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ជិត៣០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ដោយ​ផ្តល់​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​។

ក្រុម​អ្នកវិភាគ​កត់សម្គាល់​ថា​ កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅលើ​តំបន់​អាស៊ាន​ក្នុងរយៈពេល​វែង​ ជាពិសេស​នៅពេល​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ ធ្វើឲ្យ​មានការ​រង្គោះរង្គើ​ទីផ្សារ​ពិភពលោក​ និង​រុញច្រាន​សេដ្ឋកិច្ច​សាកលលោក​ទៅ​រក​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។

​មេដឹកនាំ​ពិភពលោក​សង្ឃឹមថា​ ប្រធានាធិបតី​អាមេរិក​លោក​ Trump​ និង​មេដឹកនាំ​ចិន​លោក​ស៊ី​ ជី​នពីង​ អាច​ឈាន​ដល់​ការសម្រុះសម្រួល​ ដ៏​សមស្រប​មួយ​នៅ​កិច្ចប្រជុំ​មួយ​ដែលគេ​រំពឹង​ទុក​នៅ​កិច្ចប្រជុំ​កំពូល​ G20​ នៅ​សប្តាហ៍​នេះ​។

លោក ​Chua​ Hak​ Bin​ សេដ្ឋវិទូ​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន​ Maybank​ Kim​ Eng​ Research​ បាន​ថ្លែងប្រាប់​Bloomberg​ ថា​ “នៅពេល​ដំរី​ធំ​ពីរ​ប្រយុទ្ធ​គ្នា​ ស្មៅ​ដែល​នៅ​ជុំវិញ​ទាំងអស់​នឹង​ត្រូវ​បាន​ខូចខាត​។ ជោគវាសនា​នៃ​សេដ្ឋកិច្ច​សកល​នៅ​លើ​លោក​ Trump​ និង​ស៊ី​ឈាន​ដល់​ការ​ចរ​ចារ​ខ្លះ​នៅ​អូ​សា​កា​ និង​បិទ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន​មុន​ពេល​បញ្ចប់​ឆ្នាំនេះ​”។

លោក​បាន​បន្ថែម​ថា​ “ការ​បរាជ័យ​ក្នុង​ការ​ចាប់ផ្តើម​ឡើងវិញ​ នូវ​កិច្ចចរចា​ពាណិជ្ជកម្ម​នឹង​ជះឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​សកល​”៕

ទីផ្សារ​លំនៅឋាន​របស់​ជប៉ុន​រក្សា​បាន​នូវ​ស្ថិរភាព ​និង​បន្ត​កំនើន​

0

​ដោយ​ វុត្ថា

​ភ្នំ​ពេញៈ​ ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​ជប៉ុន​ ​នៅតែ​មាន​សុខភាព​ល្អ​ ​និង​ស្ថិរភាព​ល្អ​ប្រសើរ​ ​ដោយ​តម្លៃ​លំនៅឋាន​ក្នុង​ទីក្រុង​តូក្យូ​កើនឡើង​ប្រមាណ៣,០៤ក្នុង​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩នេះ​។​

​យោង​តាម​របស់​គេហទំព័រ​ ​Global​ ​Property​ ​Guide​ ​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តម្លៃ​មធ្យម​នៃ​ទីផ្សារ​ខុន​ដូ​ ​ដែល​មានស្រាប់​នៅ​ទីក្រុង​តូក្យូ​ ​បាន​កើនឡើង៣,0៤​%​ ​ក្នុង​កំឡុង​ពេល​មួយឆ្នាំ​រហូតដល់១ឆ្នាំ២០១៩​ ​ដោយ​បាន​កើនឡើង​ពី0,៦១​%​ ​ក្នុង​ត្រីមាស​ទី​ ​៤​ ​ឆ្នាំ​ ​២០១៨​។​ ​នៅក្នុង​អំឡុង​ត្រីមាស​នេះ​ដែរ​ ​តម្លៃ​ខុន​ដូ​បាន​កើនឡើង​២,៩៦ភាគរយ​។​

​ដូចគ្នា​នេះ​ដែរ​ ​តម្លៃ​មធ្យម​នៃ​ខុន​ដូ​ថ្មី​ ​នៅក្នុង​ទីក្រុង​តូក្យូ​បាន​កើនឡើង៣,៩ភាគរយ​នៅ​ត្រីមាស​ទី១​ ​ឆ្នាំ​ ​២០១៩​ ​ដែល​ជា​ការ​កើន​ឡើង​ពី​ច​ឆ្នាំ0,53​ ​ភាគរយ​ ​នៅក្នុង​ត្រីមាស​ទី៣​ ​ប៉ុន្តែ​មានការ​ធ្លាក់ចុះ​ពី​កំណើន១៣,៥៦​ ​ភាគរយ​កាលពីដើម​ឆ្នាំ​។​
​ចំណែក​ការ​លក់​ខុន​ដូ​ដែល​មានស្រាប់​ ​នៅ​ទីក្រុង​តូក្យូ​បាន​កើនឡើង៣,៨​ ​ភាគរយ​ដែល​មាន​ចំនួន១0,៣១៣​ ​យូនី​ត​ក្នុង​ត្រីមាស​ទី១​ ​ឆ្នាំ​ ​២០១៩​ ​ធៀប​នឹង​ឆ្នាំមុន​ ​ខណៈ​ការ​លក់​លំនៅឋាន​ ​ដែល​មានស្រាប់​នៅ​ទីក្រុង​តូក្យូ​បាន​កើនឡើង​៧,៤ភាគរយ​ ​ដោយមាន​ចំនួន​ ​៤,៩៤៨យូនី​ត​ក្នុង​មួយឆ្នាំ​។​ ​

​ដូចគ្នា​នេះ​ដែរ​ ​ការ​លក់​លំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន​ ​បាន​កើនឡើង៥,២​%​ ​ស្មើ​ ​នឹង​ចំនួន២១៥,៦១១យូនី​ត​ ​នៅក្នុង​ត្រីមាស​ទី១ឆ្នាំ​ ​២០១៩​ ​ធៀប​នឹង​ឆ្នាំមុន​។​



​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ប្រមាណ២.១​%​ ​ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ​ ​ដែល​កើនឡើង​ពី១.៦​%​ ​នៅក្នុង​ត្រីមាស​មុន​ ​ដោយសារ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​កើនឡើង​៕​

សភា​ពាណិជ្ជកម្ម​កម្ពុជា​ស្នើ​រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​ការប្រកួត​ប្រជែង​ប្រកបដោយ​តម្លាភាព​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទទូច​ និង​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ រៀបចំ​បង្កើត​ច្បាប់​គ្រប់គ្រង់​កា​រប្រ​កួត​ប្រ​ជែ​ប្រកបដោយ​តម្លាភាព​ ដើម្បី​ជួយ​សម្រួល​ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​មាន​លទ្ធភាព​ក្នុង​ការ​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៨​ មិថុនា​នេះ​ថា​ ការអនុវត្ត​គោលការណ៍​ទីផ្សារ​ស៊េរី​ បាន​ក្លាយទៅជា​ឧបសគ្គ​ និង​ជារ​នាំង​មួយ​សម្រាប់​បណ្តា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ការប្រកួត​ប្រជែង​គ្នា​នៅ​លើ​ទីផ្សារ​រួម​។

លោក​បន្ត​ទៀត​ថា​ “រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្តន៍​ នូវ​គោលនយោបាយ​បើក​ចំហរ​ជើងមេឃ​ ដើម្បី​អាច​គៀង​គរ​នូវ​ចំនួន​អ្នក​វិនិយោគ​អន្តរជាតិ​នានា​មកកាន់​កម្ពុជា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “គោ​លន​យោ​បាន​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​ជា​ខ្លាំង​ ដែល​បាន​ជួយ​ចូលរួម​លើកទឹកចិត្ត​ ដល់​បណ្តា​អ្នក​វិនិយោគ​ចូល​មកកាន់​កម្ពុជា​ និង​ពង្រីក​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​ជាប់​ជាប្រចាំ​ឆ្នាំ​ក្នុងរង្វង់​ជា៧ភាគរយ​”។

ប៉ុន្តែ​លោក​ឧកញ៉ា​លឹម​ ហេង​បាន​ថ្លែង​ថា​ នៅក្នុង​បរិបថ​នៃ​ការអនុវត្ត​គោលការណ៍​ទីផ្សារ​ស៊េរី​ ថ្វីត្បិតតែ​អាច​គៀង​គរ​នូវ​កំណើន​អ្នក​វិនិយោគ​បាន​កាន់តែ​ច្រើន​ ប៉ុន្តែ​វា​ក៏​ជះ​ឥទ្ធ​ពល​អវិជ្ជមាន​ដល់​បណ្តា​ក្រុមហ៊ុន​ ឬសហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ផង​ដែរ​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ លទ្ធផល​ក្រោយ​ការប្រកួត​ប្រជែង​គឺ​មាន​អ្នកឈ្នះ​ និង​អ្នក​ចាញ់​។ ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ដើមទុន​ច្រើន​ អាច​វាយ​ផ្តួល​ដៃ​គួរ​ប្រជែង​ប្រជែង​ ដែល​ជា​ក្រុម​ហ៊ុន​តូច​ៗបាន​ងាយស្រួល​។

លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ ក្រុមហ៊ុន​ធំ​ដែល​មាន​លុយ​ច្រើន​ ហើយ​លក់​ផលិតផល​ដូចគ្នា​ គេ​អាច​លក់​ក្នុង​តម្លៃ​មួយ​ទាប​ជាង​ទីផ្សារ​ រហូត​ធ្វើ​ឱ្យដៃ​គូប្រកួត​ប្រជែង​របស់​ខ្លួន​ដែល​មាន​លុយ​តិច​ ពិបាក​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ ហើយ​អាច​បិត​ទ្វារ​ក្នុងរយៈពេល​ខ្លី​ដោយសារតែ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ឈរជើង​។

​លោក​បា​នប​ន្តទ​ទៀត​ថា​ “នៅពេល​ក្រុមហ៊ុន​តូច​បិទទ្វារ​ ក្រុមហ៊ុន​ដែល​ធំ​អាច​លក់​តម្លើង​ថ្លៃ​វិញ​បាន​។ ការប្រកួត​ប្រជែង​ក្នុង​រូបភាព​បែបនេះ​ វា​ជារ​នាំង​ឧបសគ្គ​សំខាន់​របស់​បណ្តា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដែល​ទាម​ទា​សុំ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​រាជរដ្ឋាភិបាល​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ទៀត​ថា​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ ក៏ដូចជា​ជួយ​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ គឺ​ត្រូវ​មានការ​ការពារ​ពីសំណាក់​រដ្ឋាភិបាល​ជាចាំបាច់​។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ កាលពី​ពេល​កន្លងទៅ​ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ធ្វើរួច​ទៅ​ហើយ​ ដូចជា​ការកំណត់​តម្លៃ​ប្រេង​ឥន្ទ​នៈ​ ការកំណត់​តម្លៃ​បណ្តាញ​សេវា​ទូរស័ព្ទ​ជាដើម​។

លោក​បាន​បន្ត​ថា​ “ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ស៊េរី​ ក៏​ត្រូវតែ​មានការ​កំណត់​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​ ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​លទ្ធភាព​ដល់​ក្រុម​ហ៊ុន​តូច​ៗមានឱកាស​អាច​ចូលរួម​ប្រកួតប្រជែង​បាន​”។

ជា​ការចូលរួម​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ កាលពី​ពេល​កន្លងទៅ​នេះ​ តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​អនុគ្រោះ​ដល់​បណ្តា​សហគ្រាស​នានា​ ដែល​ស្ម័គ្រ​ចុះបញ្ជី​ស្របច្បាប់​ ក្រសួង​បាន​អនុញ្ញាត​មិន​យកពន្ធ​រហូតដល់៣ឆ្នាំ​បន្ទាប់ពី​ចុះបញ្ជី​៕