CVEA​ រៀបចំ​វេទិកា​ស្ដី​អំពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA​) នឹង​បង្កើត​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​បណ្តា​ភ្នាក់ងារ​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ក៏ដូចជា​បណ្តាសា​ធា​រណៈ​ជន​ទូទៅ​ដែល​មានបំណង​ស្វែងយល់​ពី​វិស័យ​មួយ​នេះ​។

ជា​ការចូលរួម​លើកកម្ពស់​ការយល់​ដឹងពី​វិស័យ​អចលនវត្ថុ​ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ទូទៅ​ ឱ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) នឹង​រៀបចំ​វេទិកា​ស្តីអំពី​ “ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ​ចាប់ពី​ម៉ោង ១​: ៣០​ រសៀល​ ដល់ម៉ោង៥ល្ងាច​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ កម្ពុជា​-កូរ៉េ​ (CKCC​) ដោយមាន​ការចូលរួម​ពី​វាគ្មិន​សំ​ខាន់​ៗដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ និង​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៥​ មិថុនា​នេះ​ថា​ វេទិកា​ដែល​នឹង​ប្រា​រព្វ​នៅ​ថ្ងៃខាងមុខ​នេះ​ស្ដីពី​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ប្រកប ដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ គឺ​ពិតជា​មាន​សារសំខាន់​បំផុត​។

​លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​វេទិកា​នេះ​ គឺ​រៀបចំឡើង​ដោយ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) ក្រោម​ការ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ដែល​ជាស​មា​ជិ​ក ក៏ដូចជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​វិស័យ​រួមគ្នា​ផង​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ការរៀបចំ​ និង​បង្កើត​ឱ្យ​មាន​វេទិកា​នេះ​ឡើង​ គឺ​ក្រោម​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង​ ក្នុង​វិស័យ​អចលនទ្រព្យ​ទៅដល់​បណ្តា​ក្រុមហ៊ុន​ ដែល​ទើបតែ​ចាប់ផ្តើម​បង្កើត​ឡើង​ថ្មី​ ក៏ដូចជា​បណ្តា​ភ្នាក់ងារ​អចលនទ្រព្យ​ផង​ដែរ​”។

​លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​បណ្តា​បងប្អូន​សាធារណៈ​ជន​ទូទៅ​ ដែល​ចង់​ស្វែងយល់​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក៏អាច​ចូលរួម​បាន​ដែរ​ ដោយ​គ្រាន់តែ​ចូលរួម​ជួយឧបត្ថម្ភ​ជា​វិភាគទាន​សម្រាប់​ជួល​ទីតាំង​ និង​ថ្លៃ​អាហារសម្រន់​តែប៉ុណ្ណោះ​។

សម្រាប់​អ្នក​ដែល​បាន​ចូលរួម​ ក្រៅពី​អាច​ចោទសួរ​នូវ​ចម្ងល់​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ ក៏​នឹង​ទទួល​បានការ​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ ទី១​ – ការ​ទទួល​បាន​ព័ត៌មាន​ និង​ទំនាក់ទំនង​ល្អជា​មួយ​ភ្នាក់ងារ​អចលនវត្ថុ​ ទី២​ របៀប​ប្រើប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​ ទី៣​ ការវាយតម្លៃ​អចលនវត្ថុ​មុន​ពេល​វិនិយោគ​ ទី៤​ ការ​កសាង​ទំនុកចិត្ត​ រវាង​ភ្នាក់ងារ​អចល​ទ្រព្យ​ និង​វិនិយោគិន​ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ​គម្រោ​ងធំៗ​

សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ចូលរួម​សូម​អញ្ជើញ​ទំនាក់ទំនង​ ដើម្បី​ជាវ​ជា​សំបុត្រ​ចូលរួម​សម្រាប់​សមាជិក​ CVEA​ ១៥​ ដុល្លារ​/សំបុត្រ​។ សម្រាប់​សាធ​រណៈ​ជន​ទូទៅ​ ២០​ ដុល្លារ​/សំបុត្រ​។ តម្លៃ​សំបុត្រ​រួមបញ្ចូល​អាហារសម្រន់​ ១ ពេល​

ទំនាក់ទំនង​លេខទូរស័ព្ទ​៖ 010​ 510​ 250​ | 017​ 615​ 894​ 069​ 211​ 268​ | 016​ 899​ 030​ ​ឬ Online​ Register​ Click​ Link​: http​://tiny.cc​/cvea​-registration​៕

សេវា​រថភ្លើង​ប្រចាំថ្ងៃ​ថ្មី​រវាង​បាងកក​ និង​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ​នៅដើម​ខែក្រោយ

0

​ដោយ​ ម៉ា​ណេត​

បាងកក​៖ សេវា​រថភ្លើង​ប្រចាំថ្ងៃ​ថ្មី​រវាង​បាងកក​ និង​ស្ថានីយ​ព្រំដែន​បា​នក្លុង​លឹ​កនៅ​ខេត្ត​សា​កែង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​ ១ ខែកក្កដា​ នេះ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

លោក​ Worawut​ Mala​ អ្នកគ្រប់គ្រង​ស្តីទី​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​ បាន​កាសែត​បាង​កកប៉ុសិ៍​តនៅ​ថ្ងៃនេះ​ថា​ នឹង​មានការ​ដាក់ឲ្យ​ដំណើរ​រថភ្លើង​ចំនួន​ ៤ ដង​ក្នុង​មួយថ្ងៃ​។រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៥​ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពីទី​ក្រុង​បាងកក​ទៅ​តំបន់​ Aranyaprathet​ និង Klong​ Luk​ នៅ​ម៉ោង​ ៥ និង​ ៥៥​នាទី​ ហើយ​មកដល់​ស្ថានីយ​នៅ​ម៉ោង​ ១១​ព្រឹក​។

រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៩​ នឹង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​លើ​ផ្លូវ​តែមួយ​ដោយ​ចាកចេញ​ពីទី​ក្រុង​បាងកក​នៅ​ម៉ោង​ ១ និង​ ៥ នាទី​ទៅដល់​ព្រំដែន​នៅ​ម៉ោង​ ៥ និង​ ២៧​ ល្ងាច​។ ជាមួយនឹង​ការ​ដឹក​អ្នកដំណើរ​ត្រឡប់មកវិញ​ រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៨០​ នឹង​ចាកចេញ​ពី​ស្ថានីយ៍​កក្លុង​លឹ​ក (ផ្សារ​រុង​ក្លឺ​) នៅ​ម៉ោង​ ៦ និង៥៨​ នាទី​ព្រឹក​ ហើយ​មកដល់​ក្រុង​បាងកក​នា​ម៉ោង​ ១២​ និង៥​ នាទី​យប់​ ហើយ​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​ ២៧៦​ នឹង​ចាកចេញ​ពី​ស្ថានីយ​ព្រំដែន​នៅ​ម៉ោង​ ១ និង៥៣​ រសៀល​មកដល់​បាងកក​នៅ​ម៉ោង​ ៧ និង៤០​ យប់​។

លោក​ Worawut​ បាន​ថ្លែង​ថា​ កាលពីដើម​ខែ​ ថៃ​ និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ដំណើរការ​សេវា​រថភ្លើង​ដែល​តភ្ជាប់​ប្រទេស​ទាំងពីរ​។ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​របស់​ប្រទេស​ថៃ​បាន​ផ្តល់​កក្បាលរថភ្លើង​ដែល​ប្រើ​ម៉ាស៊ូត​ចំនួន​ ៤ គ្រឿង​ និង​បាន​បើក​ស្ថានីយ​ព្រំដែន​បា​នក្លុង​លឹ​កនៅ​ថ្ងៃទី​ ២២​ ខែមេសា​។

លោក​បាន​ព្យាករណ៍​ថា​ សេវាកម្ម​ថ្មីនេះ​នឹងអាច​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ថៃ​ និង​បរទេស​ដែល​ចង់​ឆ្លងកាត់​ព្រំដែន​។មន្ត្រី​ផ្លូវដែក​ម្នាក់​បាន​និយាយ​ថា​ ថ្លៃ​សំបុត្រ​ធ្វើដំណើរ​ពេញ​រវាង​ទីក្រុង​បាងកក​ និង​ស្ថានីយ​បា​នក្លុង​លឹ​ក នឹង​មានតម្លៃ​ ៤៩​ បាត​ (ប្រហែលជា​ ៦,០០០​ រៀល​) ក្នុង​ការ​ធ្វើដំណើរ​ជើង​។

សេវា​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​បញ្ចប់​កាលពី​ ៤៥​ ឆ្នាំមុន​ អំឡុង​សង្រ្គាម​ដែល​កើត​ចេញពី​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕

កម្ពុជា​រំពឹង​ថា​នឹង​មានការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​បន្ថែម​ទៀត​

0

ដោយ​ រ៉ា​ណាត​

ភ្នំពេញ​៖ យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩ខាងមុខនេះ​បណ្តា​អ្នក​វិនិយោគ​ចិន​នឹង​ចូល​មក​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ដែល​ផ្តោត​ទៅលើ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប្រទេស​ចិន​មកកាន់​កម្ពុជា​។

នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​និង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​ពីសំណាក់​ក្រុមហ៊ុន​ចិន​ធំ​លើ​ផ្នែក​ទេសចរណ៍​គណៈប្រតិភូ​មក​ពី​ខេ​ត្ត​ជឺ​ជាំ​ងប្រទេស​ចិន​បាន​បង្ហាញ​ពី​គោលបំណង​ចង់​បង្កើន​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ជា​ផ្លូវការ​នៅ​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ​។

លោក​ចាង​សឺ​ស្ស៊ី​ (Zhang​ Zexi​) អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេ​ត្ត​ជឺ​ជាំ​ងដែល​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​តំណាង​អ្នក​វិនិយោគ​ចិន​បាន​បញ្ជាក់​ថា​“នៅ​ខេ​ត្ត​ជឺ​ជាំ​ងសម្បូរទៅដោយ​ប្រជាជន​ច្រើន​ហើយ​គ្រាន់តែ​នៅក្នុង​ឆ្នាំ២០១៨​ទេសចរ​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ងបាន​ចេញ​ដើរកម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន​២លាន៨សែន​នាក់​ក្នុង​នោះ​មក​កម្ពុជា​ប្រមាណ៨ម៉ឺន​នាក់​”។

លោក​បាន​បញ្ជាក់​ថា​“ភ្ញៀវ​ទេសចរ​ចិន​នៅក្នុង​ខេ​ត្ត​ជឺ​ជាំ​ងនឹង​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត​ហើយ​នៅពេល​រដូវ​ត្រ​ជា​ក់​ម្ដង​ៗពួកគេ​ចូលចិត្ត​ស្នាក់នៅ​តំបន់​លម្ហែ​កាយ​ខណៈ​ដែល​កម្ពុជា​គឺជា​គោលដៅ​របស់​ពួកគេ​”។លោក​បាន​បន្ថែម​ទៀត​ថា​“ជា​ការសម្រួល​ដល់​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-ចិន​នៅ​ដំណាច់​ចុងឆ្នាំ២០១៩ខាងមុខនេះ​នឹង​មានការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមកកាន់​កម្ពុជា​”។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ​វណ្ឌី​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៥​ខែមិថុនា​ឆ្នាំ២០១៩ព្រឹកមិញ​នេះ​ដោយ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​និង​ការ​ស្វាគមន៍​ចំពោះ​គោល​បំណង់​នៃ​ការ​បង្កើន​ភាណ​ល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង២​។លោក​បាន​បន្ត​ទៀត​ថា​“ ទេសចរណ៍​ចិន​កម្ពុជា​គឺ​បាន​ឈានមុខ​គេ​រួច​ទៅ​ហើយ​ជាក់ស្ដែង​នៅ​ត្រឹម​រយៈពេល​៤ខែ​ដើមឆ្នាំ​២០១៩​នេះ​មាន​ចំនួន​ប្រមាណ​ជិត៩០ម៉ឺន​នាក់​”។លោក​បាន​បន្ត​ទៀត​ថា​“ទេសចរណ៍​ចិន​មកកាន់​កម្ពុជា​មាន២ប្រភេទ​គឺ​ទេសចរណ៍​រយៈពេល​វែង​និង​ទេសចរណ៍​រយៈពេល​ខ្លី​ហើយ​នៅក្នុង​វិស័យ​មួយ​នេះ​ក៏​មានការ​វិនិយោគ​ពីសំណាក់​ជនជាតិ​ចិន​ផង​ដែរ​ដូចជា​វិស័យ​ភោជនីយដ្ឋាន​សណ្ឋាគារ​និង​កន្លែង​កម្សាន្ត​ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​“ប្រសិនបើ​គោល​បំណង់​នៃ​ការ​បង្កើន​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​បណ្តា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​ចិន​មកកាន់​កម្ពុជា​វា​គឺជា​រឿង​ល្អ​ដែល​ជម្រុ​ញឱ្យ​ចំនួន​ទេសចរណ៍​ចិន​កាន់តែ​ច្រើន​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​“បច្ចុប្បន្ន​នេះ​វិស័យ​អាកាសចរណ៍​រវាង​កម្ពុជា​-ចិន​ដែល​ហោះហើរ​ត្រង់​មាន​ប្រមាណ​៧-៨រួច​ទៅ​ហើយ​ប៉ុន្តែ​បើ​មាន​ចំនួន​បន្ថែម​ទៀត​គឺ​កាន់តែ​ល្អ​ទាំង​វិស័យ​ទេសចរណ៍​ក៏ដូចជា​បង្កើន​ការ​វិនិយោគ​ផង​ដែរ​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មាន​រហូតដល់​ទៅ​ប្រមាណ១០០កុ្រ​មហ៊ុន​”៕

បណ្ឌិ​តគីម​ ហ៊ា​ង៖ តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​ ឬចុះ​អាស្រ័យ​លើ​កក្តា​ទាំង ៥នេះ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាទូទៅ​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​បានដឹង​ និង​ទទួលស្គាល់​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​រីកចម្រើន​យ៉ាង​ល្អ​ប្រសើរ​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ជាប់​ជាប្រចាំ​ ខណៈ​ដែល​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​មាន​កំណើន​។

ហេតុអ្វីបានជា​កម្ពុជា​មាន​ភាព​ទាក់ទាញ​ ការ​វិនិយោគ​លើ​វិស័យ​លើ​មួយ​នេះ​កាន់តែ​ច្រើន​? តប​ទៅ​នឹង​ចម្ងល់​មួយ​នេះ​ អ្នកជំនាញ​បាន​ពន្យល់​ជាមួយនឹង​ការ​លើកយក​ហេតុផល​មក​បញ្ជាក់​ដូច​ខាងក្រោម​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Keller​ Williams​ Cambodia​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មាន​មូលហេតុ​ និង​កត្តា​សំ​ខាន់​ៗចំនួន៥​ ដែល​ធ្វើ​ឱ្យ​ដីធ្លី​ឡើងថ្លៃ​។

ទី១​ កត្តានយោបាយ​៖​ គឺ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កើនឡើង​ ព្រោះ​បើសិនជា​ប្រទេស​យើង​គ្មាន​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ ក៏​មិន​មាន​អ្នក​វិនិយោគ​ចូល​មក​ដែរ​ ហើយ​ដី​ក៏​មិន​ឡើងថ្លៃ​ដែរ​។

ទី២​ កត្តា​សេដ្ឋ​កិ​ច្ច៖​ សេដ្ឋកិច្ច​ពិតជា​មាន​សារៈសំខាន់​ ព្រោះ​បើ​សេដ្ឋកិច្ច​មិន​កើនឡើង​ ប្រជាពលរដ្ឋ​ក៏​មិន​មាន​ប្រាក់ចំណូល​កើនឡើង​ដែរ​ ហើយ​អ្នក​វិនិយោគ​បើ​ពួកគេ​មិន​អាច​រក​ផល​ចំណេញ​បាន​ ពួកគេ​ក៏​មិន​មក​វិនិយោគ​នោះ​ដែរ​។

ទី៣​ កត្តា​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​មូល​ដ្ឋាន៖​ តាមធម្មតា​ នៅពេល​តំបន់​ណាមួយ​គ្មាន​សកម្មភាព​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ទេ​ តម្លៃ​ដីធ្លី​ក៏​មិន​ឡើងថ្លៃ​នោះ​ដែរ​។ ផ្ទុយទៅវិញ​ បើសិនជា​តំបន់​ណាមួយ​នោះ​មាន​សកម្មភាព​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ផុសផុល​ តម្លៃ​ដីធ្លី​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​មិនខាន​។

ទី៤​ កត្តា​ប្រជា​សា​ស្ត្រ៖​ ជា​ធម្មតា​ តម្លៃ​ដីធ្លី​មិន​កើនឡើង​នៅ​ទីវាល​រហោស្ថាន​ឬស្ងប់ស្ងាត់​ និង​គ្មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ទេ​ បើ​ទោះជា​កើនឡើង​ក៏​មិន​កើនឡើង​នៅក្នុង​កម្រិត​មួយ​ទាប​ដែរ​ ព្រោះថា​ទីណា​មាន​មនុស្ស​ច្រើន​ សកម្មភាព​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នឹង​កើនឡើង​នៅ​តំបន់​នោះ​ ហើយ​ពេលណា​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​ តម្លៃ​ដីធ្លី​ក៏​កើនឡើង​ផង​ដែរ​។

ទី៥ កត្តា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ៖ ជា​ការពិត​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ព្រោះ​តំបន់​ណាមួយ​មិន​មាន​ ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់​នោះ​ទេ​ សកម្មភាព​ពាណិជ្ជកម្ម​នឹង​មិន​មាន​ភាព​ប្រសើរ​នោះ​ដែរ​។ ជាក់ស្តែង​ផ្លូវជាតិ​លេខ៦​A ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៣​ ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ពង្រីក​សកម្មភាព​ នៃ​ការអភិវឌ្ឍន៍​បាន​កើនឡើង​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តាម​តំបន់​ទាំងនេះ​មានការ​កើនឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក​៕

ក្រុមហ៊ុន​អន្តរជាតិ​ដែល​គ្រោង​បោះទុន​ ២៥០លាន​ដុល្លារ​គ្រោង​ដាំ​ដើមឈើ១លាន​ដើម​នៅ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​

0

​ដោយ​ វុត្ថា​

សៀម​រា​បៈ​ ក្រុមហ៊ុន​អា​កា​ឌី​យ៉ា​លែន​ ឯ.ក​ ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​កោះ​សង្សារ​នា​ពេល​កន្លងមក​ គ្រោង​ដាំ​ដើមឈើ​ប្រមាណ១លាន​ដើម​ តំបន់​អភិវឌ្ឍន៍​មួយ​កន្លែង​ នៅ​ទីតាំង​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​បន្ទាយស្រី​ ឃុំ​ខ្នារស​ណ្តាយ​ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។

នៅក្នុង​ជំនួប​ជាមួយ​លោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ លោក​ឡរី​ ហាន់​ធ័រ​ តំណាង​ក្រុមហ៊ុន​បាន​ស្នើសុំ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​គាំទ្រ​ដល់​គម្រោង​នេះ​ ហើយ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ខ្លួន​ ក្រុមហ៊ុន​នឹង​ជួយការ​ពារ​បរិស្ថាន​ អភិរក្ស​ធនធាន​ធម្មជាតិ​ ដាំ​ព្រៃ​លិច​ ជួយ​អភិវឌ្ឍន៍​សហគមន៍​លើ​វិស័យ​អប់រំ​ សុខភាព​ និង​ធ្វើការ​ដាំដុះ​ព្រៃឈើ​នៅ​ជុំវិញ​តំបន់​នោះ​ឡើងវិញ​ ឲ្យបាន​ចំនួន១លាន​ដើម​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​អា​កា​ឌី​យ៉ា​ ឯ.ក​ គឺជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ក្នុង​ការអភិវឌ្ឍន៍​គម្រោង​កោះ​សង្សារ​នា​ពេល​កន្លងមក​។

លោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​សៀមរាប​ បាន​សម្តែង​ការ​សាទរ​ចំពោះ​ក្រុមហ៊ុន​ អា​កា​ឌី​យ៉ា​លែន​ ឯ.ក​ ដែល​បាន​ជ្រើសរើស​យក​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​យើង​នេះ​ ធ្វើជា​ទីតាំង​វិនិយោគ​ ដោយ​គម្រោង​នេះ​នឹង​ជួយ​លើ​កម្ពស់ជីវភាព​បងប្អូន​នៅ​មូលដ្ឋាន​ តាម​រយ:ការ​ផ្តល់​ការងារ​ធ្វើ​ ជាពិសេស​គឺ​ការ​ការពារ​បរិស្ថាន​នៅ​ជុំវិញ​តំបន់​អភិវឌ្ឍន៍​។

លោក​ Rory​ Hunter​ អគ្គនាយក​ និង​សហ​ស្ថាបនិក​Song​ Saa​ Collectives​ បាន​ធ្លាប់​បាន​ឲ្យដឹង​ថា​ ការប្រកាស​វិនិយោគ​គម្រោង​ថ្មី​មួយទៀត​ នៅ​ក្នុ​ខេត្តសៀមរាប​តម្លៃ​ ២៥០លាន​ដុល្លារ​ ស្ថិតនៅ​លើ​ទំហំដី១២៥ហិ​កតា​នេះ​ ក្រោយពី​មើលឃើញ​ខេត្ត​មួយ​នេះ​ កំពុង​មាន​សក្ក​ដានុ​ពល​ទេសចរណ៍​ កំណើន​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ និង​វិស័យ​អចលនទ្រព្យ​ល្អ​ប្រើ​សើរ​។

លោក​បន្ត​ថា​ “គម្រោង​ថ្មីនេះ​មានឈ្មោះ​ថា​ Song​ Saar​ Reserve​ នឹង​វិយោគ​ទៅជា​កន្លែង​បដិសណ្ឋារ​កិច្ច​ ផ្តល់​នូវ​កន្លែង​ស្នាក់នៅ​និង​កន្លែង​កម្សាន្ត​នានា​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​”។

លោក​ ស្រី​ អាន​ ធីតា​ នាយិកា​នៃ​ក្រុមហ៊ុន​ CBRE​ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​គម្រោង​នេះ​ បាន​អោយ​ដឹង​ដែរ​ថា​ ក្រុមហ៊ុន​ប្រកាស​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​នេះ​ គឺជា​គម្រោង​ទី២​ បន្ទាប់​កោះ​សង្សារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ស្នាដៃ​ និង​ ការគ្រប់គ្រង​ល្អ​ ពី​អ្នក​វិនិយោគ​បរទេស​ជាច្រើន​មក​ពី​តំបន់​អឺរ៉ុប​ និង​អាស៊ី​ ហើយ​នេះ​គឺជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​ប្រែក្លាយ​កោះ​ទៅជា​កន្លែង​ទេសចរណ៍​ល្អ​ស្អាត​បែបនេះ​។

លោកស្រី​បន្ត​ថា​ ការអភិវឌ្ឍន៍​នូវ​គម្រោង​ថ្មី​នៅក្នុង​តំបន់​បឹង​ ដែលគេ​ហៅថា​ បឹង​ឈូក​បន្ទាយស្រី​ នា​ខេត្តសៀមរាប​នេះ​ ត្រូវ​បាន​ពិនិត្យ​រួចរាល់​ហើយ​ សម្រាប់​ដាក់​លក់​អោយ​អ្នក​វិនិយោគ​ជាតិ​ និង​បរទេស​អោយ​មក​សហការ​វិនិយោគ​តំបន់​នេះ​។

បើ​តាម​ការ​រំពឹង​ក្នុងរយៈ៣​ ទៅ៥ឆ្នាំខាងមុខ​ គម្រោង​នេះ​ នឹង​អា​ចេញ​ជារូបរាង​ ជា​ Luxury​ Resort​ ដែល​ទាក់ទាញ​ និង​ធ្វើអោយ​ទីក្រុង​សៀមរាប​ក្លាយជា​ ចំណាប់​អារម្មណ៍​ទេសចរណ៍​បន្ថែម​ទៀត​៕

ប្រមុខ​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ក្ដៅ​លើ​ការអនុវត្ត​គំរោង​សាងសង់​នានា​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ​មហ​សសេ​នា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ដាក់កំហិត​ និង​ចាត់វិធានការ​ក្ដៅ​ទៅលើ​ការអនុវត្ត​ច្បាប់​សាងសង់​ និង​ការគ្រប់គ្រង​សំណង់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

មានប្រសាសន៍​នៅក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​ កាលពី​រាត្រី​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩​ កន្លងទៅ​ នៅមុខ​គំនរ​សំណង់​បាក់​រលំ​ក្នុង​ក្រុង​ព្រះសីហនុ​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ម៉ឺងមាត់​ថា​ ច្បាប់​សាងសង់​សំណង់​នានា​ ត្រូវតែ​យក​មក​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ គ្មាន​ការលើកលែង​ គ្មាន​ការយោគយល់​ និង​គ្មាន​ការសម្រប​សម្រួល​នោះ​ឡើយ​។

​សម្ដេច​បញ្ជាក់​ថា​ “ច្បាប់​មាន​ត្រូវតែ​យក​មក​អនុវត្តន៍​ឱ្យ​មានប្រសិទ្ធភាព​។អាជ្ញាធរ​ក្នុង​តំបន់​រាប់​ចាប់​គិត​ពី​ថ្នាក់​ស្រុក​ ឬខេត្ត​ឡើង​ទៅ​ ដែល​មិន​អាច​មាន​សិទ្ធិ​អំណាច​ ក្នុង​ការទប់ស្កាត់​ការសាងសង់​ខុសច្បាប់​ បានន័យ​ថា​គ្មាន​លទ្ធភាព​ក្នុង​ការគ្រប់គ្រង​”។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ “បើសិនជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​រូប​ណា​ គ្មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ និង​អនុវត្ត​តាមច្បាប់​បាន​នោះ​ទេ​ ត្រូវ​ចុះចេញ​ឬនឹង​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ជាបន្ទាន់​”។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ព្រឹត្តិ​ការណ៍​នៃ​សោកនាដកម្ម​មួយ​នេះ​ជា​បទពិសោធន៍​ដ៏​តក់ស្លុត​ ប៉ុន្តែ​ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅតែ​រីករាយ​ស្វាគមន៍​ចំពោះ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ ជាពិសេស​ក្រម​ហ៊ុន​ចិន​ ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ផង​ដែរ​។

សម្តេច​បាន​បន្ត​ទៀត​ថា​ ការ​ស្វាគមន៍​នូវ​ការ​ចូល​មក​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ជានិច្ច​ ហើយ​ច្បាប់​នៅ​កម្ពុជា​ក៏​ត្រូវតែ​អនុវត្ត​”។

ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​សម្រេច​ និង​ទទួលខុសត្រូវ​ទៅលើ​សមត្ថកិច្ច​នៃ​ការអនុញ្ញាត​ និង​គ្រប់គ្រង​ការសាងសង់​សំណង់​នានា​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកណ្តាល​ លោក​ វ៉ាន់​ វ៉ា​ត បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា​ ច្បាប់​ និង​បទដ្ឋាន​គតិ​យុត្ត​ ត្រូវ​បាន​បែងចែក​ជា៣ដំណាក់កាល​ ដែល​ជា​ចំណុះ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។លោក​បន្ត​ថា​ តាម​គោលការណ៍​នៃ​ ក៏ដូចជា​បទដ្ឋាន​គតិយុត្តិ​ត្រូវ​បាន​បែងចែក​ និង​ចាត់ចែង​ទំហំ​នៃ​ការទទួលខុសត្រូវ​ រួម​ជាមួយនឹង​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ត្រឹម​ថ្នាក់​ស្រុក​ (ការិយាល័យ​) ថ្នាក់​ខេត្ត​ (មន្ទីរ​) និង​រា​ធានី​ភ្នំ​ (ក្រសួង​ធ្វើ​រោប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​)”។

លោក​បាន​បន្ត​ទៀត​ថា​ “រាល់​គម្រោង​សាងសង់​សំណង់​ ដែល​ស្ថិតនៅ​ក្រោម​ទំហំ​ ៥០០​ ម៉ែត្រការ៉េ​ ការទទួលខុសត្រូវ​ និង​សេចក្ដីសម្រេច​អនុញ្ញាត​ជា​បន្ទុក​របស់​ថ្នាក់​ស្រុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង​រឹង​) ជាពិសេស​ពិនិត្យ​ឱ្យ​ច្បាស់​ថា​សំ​ណើរ​សាងសង់​សំណង់​ មិន​ប៉ះពាល់​ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក្នុង​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនា​គត់​”។

លោក​បាន​បន្ត​ទៀត​ថា​ “ រាល់​គម្រោង​សាងសង់​សំណង់​ ដែល​ស្ថិតនៅ​ក្រោម​ទំហំ​ ៣០០០​ ម៉ែត្រ​កា​រ៉​ សេចក្ដីសម្រេច​និង​អនុញ្ញាត​របស់​ថ្នាក់​ខេត្ត​ ដែល​ជា​សេ​នា​ធិ​កា​ទទួលបន្ទុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង​រឹង​)និង​ពិនិត្យ​ឱ្យ​ច្បាស់​ថា​សំ​ណើរ​សាងសង់​សំណង់​មិន​ប៉ះពាល់​ ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក្នុង​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត​។

​លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តបាន​បន្ថែម​ថា​ ចំពោះ​ជាង​សាងសង់​ ឬក្រុមហ៊ុន​ទទួល​ម៉ៅការ​ត្រូវតែ​មាន​អជ្ញា​ប័ណ្ណ​អាជីវកម្ម​ និង​ជំនាញ​យ៉ាង​ត្រឹមត្រូវ​។ ចំពោះ​រាល់​គម្រោង​សាងសង់​សំណង់​អគារ​នានា​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​លើស​ពី៣០០០ម៉ែត្រការ៉េ​ឡើង​ទៅ​ ក្រៅពី​មាន​ឯកសារ​ និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នានា​ដូចដែល​បាន​បញ្ជាក់​ខាងលើ​នេះ​ ការសម្រេច​ និង​ផ្តល់​សិទ្ធិ​ក្នុង​ការ​សាង​សង់់​ ឬអភិវឌ្ឍ​សំណង់​ជា​បន្ទុក​របស់​ថ្នាក់​រាជធានី​ ដែល​ជា​សិទ្ធិ​អំណាច​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​៕

IMF​ ព្រមាន​អំពី​ការ​កើនឡើង​នូវ​ហានិភ័យ​រយៈពេល​មធ្យម​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​

0

ដោយ​ វុត្ថា​

វ៉ា​ស៊ី​តោ​នៈ​ ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ពី​ការ​កើនឡើង​នូវ​ហានិភ័យ​រយៈពេល​មធ្យម​ ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ដោយ​បាន​កត់សម្គាល់​ថា​ មានការ​ផ្លាស់​ប្តូរ​ភ្លាម​ៗនៃ​លក្ខខណ្ឌ​ទីផ្សារ​ហិរញ្ញវត្ថុ​ នា​ពេល​ថ្មី​ៗនេះ​ ឬការ​ប៉ះទង្គិច​កាន់តែ​ខ្លាំង​ឡើង​នៃជ​ម្លោះ​ពាណិជ្ជកម្ម​។

ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ IMF​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​បាន​បញ្ចប់​ការពិគ្រោះ​យោបល់​មាត្រា​ទី៤​ ប្រចាំឆ្នាំ​របស់​ខ្លួន​ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ថា​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ហាក់ដូចជា​មាន​សុខភាព​ល្អ​ ប៉ុន្តែ​ភាព​ងាយ​រងគ្រោះ​នៅក្នុង​ក្រុមហ៊ុន​ ដែល​មាន​អានុភាព​ខ្លាំង​ហើ​យស​ក្តានុ​ពល​ នៅក្នុង​ប្រព័ន្ធ​មិនមែន​ធនាគារ​ត្រូវ​បាន​លើក​កំពស់​ដោយ​ស្តង់ដារ​។

ក្រុមប្រឹក្សា​នេះ​បាន​កត់សម្គាល់​ថា​ សមាមាត្រ​បំណុល​សាធារណៈ​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​របស់​សហរដ្ឋអាមេរិក​ ស្ថិត​លើ​ផ្លូវ​ដែល​គ្មាន​និរន្តរភាព​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ក្នុងរយៈពេល​មធ្យម​ ដោយសារ​កំណើន​នៃ​ការ​ចំណាយ​ចំពោះ​ការ​កើនឡើង​នៃ​អាយុ​របស់​មនុស្ស​។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ពីរបី​ថ្ងៃមុន​ បន្ទាប់ពី​សេចក្តី​សន្និដ្ឋាន​ដែល​រៀបរាប់​ពី​លទ្ធផល​បឋម​ នៃ​ការពិគ្រោះ​យោបល់​នោះ​បាន​និយាយ​ថា​ ការពិគ្រោះ​យោបល់​ បាន​ផ្តោត​លើ​គោលនយោបាយ​ដែល​ត្រូវការ​ ដើម្បី​ដោះស្រាយ​ហានិភ័យ​ទាំងនេះ​ថែរក្សា​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​គាំទ្រ​ ដល់​កំរិត​ជីវភាពរស់នៅ​សម្រាប់​ប្រាក់ចំណូល​ទាប​និង​មធ្យម​ គ្រួសារ​ និង​កសាង​ឡើងវិញ​នូវ​ចន្លោះ​សារពើពន្ធ​។

ទោះបីជា​មាន​លទ្ធផល​វិជ្ជមាន​ពី​ម៉ាក្រូ​សេដ្ឋកិច្ច​ក្តី​ ក៏​ក្រុមប្រឹក្សា​ប្រតិបត្តិ​បាន​និយាយ​ថា​ អត្ថ​ប្រយោជន៍​ពី​ការ​រីកចម្រើន​អស់​រយៈពេល​មួយ​ទសវត្សរ៍​នេះ​ មិន​ត្រូវ​បាន​គេ​ចែករំលែក​ឱ្យ​បាន​ទូលំទូលាយ​ តាមដែល​ពួកគេ​អាច​ធ្វើ​បាន​នោះ​ទេ​។ ដោយ​ជម្រុ​ញឱ្យ​រដ្ឋាភិបាល​អាមេរិក​ ដោះស្រាយ​ការ​កើនឡើង​វិសមភាព​ប្រាក់ចំណូល​ និង​បង្កើន​លទ្ធផល​សង្គម​។

គណៈកម្មាធិការ​ប្រតិបត្តិ​របស់ ​IMF​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​សហរដ្ឋអាមេរិក​ធ្វើការ​ប្រកបដោយ​ការស្ថាបនា​ និង​សហការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ និង​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​នៅក្នុង​លក្ខណៈ​មួយ​ ដែល​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​មាន​ស្ថិរភាព​និង​តម្លាភាព​ជាង​មុន​៕

រដ្ឋាភិបាល​កំពុង​រៀបចំ​អភិវឌ្ឍ​ទីក្រុង​ថ្មី​មួយ​នៅ​ជើងភ្នំ​បូកគោ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំផែនការ​ថ្មី​មួយ​ ដើម្បី​រៀបចំ​តំបន់​ជើងភ្នំ​បូកគោ​ជាទី​ក្រុង​ថ្មី​មួយ​នា​ពេល​ឆាប់​ៗខាងមុខនេះ​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។

ស្ថាប័ន​អន្តរក្រសួង​រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងបរិស្ថាន​ ក្រសួងទេសចរណ៍​ និង​អភិបាលខេត្ត​ព្រះសីហនុ​ និង​អភិបាលខេត្ត​កំពត​បាន​បើក​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​ ដើម្បី​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ដោយ​នៅ​ក្បែរ​នឹង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុង​ហ៊ុន​សុខា​។

ឧបនាយក​រដ្ឋមន្រ្តី​ លោក​ ជា​ សុ​ផា​រ៉ា​ដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ដែល​នឹង​រៀបចំ​នា​ពេល​ខាងមុខនេះ​។

ទោះជាយ៉ាងណា​កិច្ចប្រជុំ​នេះ​ នឹង​មិន​បញ្ជាក់​ថា​ទីក្រុង​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ឃុំ​ណា​ និង​គ្រោង​ចាប់ផ្តើម​នៅពេល​ណា​នៅឡើយ​ទេ​៕

កូរ៉េ​ជួយ​កម្ពុជា​បន្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ​នៅ​កម្ពុជា​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ក្រសួងការងារ​និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ជួយ​កម្ពុជា​លើ​ការ​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង​ «ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​ ឬហៅ​ថា​ PES​ System​» ក្រោម​គម្រោង​ Korea​-Cambodia​ WorkNet​ ដំណាក់កាល​ទី២​ (២០១៩​-២០២០​)។

នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​លោក​ ​; អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​នេះ​ធ្វើឡើង​ ដើម្បី​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។លោក​ថា​ នា​ពេល​កន្លងមក​កម្ពុជា​-កូរ៉េ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ និង​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ ដោយ​ភាគី​កូរ៉េ​បាន​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទីនោះ​ជាបន្តបន្ទាប់​ រហូ​តដល់់​ពេល​បច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​ បាន​កើន​ដល់​ប្រមាណ​ជិត៦ម៉ឺន​នាក់​។

លោក​បន្ត​ថា​ តាមរយៈ​ការ​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​ ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​កន្លងមក​ឃើញថា​ ពលករ​កម្ពុជា​នៅ​ទីនោះ​ ពិតជា​បាន​រស់នៅ​យ៉ាង​សុខសប្បាយ​ មានការ​គិតគូរ​យ៉ាង​ត្រឹមត្រូវ​ និង​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់​ថែមទៀត​ ដែល​ជួយ​ជំរុញ​ជីវភាពរស់នៅ​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

ពាក់ព័ន្ធ​នឹង​គម្រោង​ «ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​ ឬហៅ​ថា​ PES​ System​» នេះ​ ត្រូវ​បាន​លោ​កអ៉ិ​ត សំ​ហេង​ គាំទ្រ​ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ និង​បាន​ស្នើ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំងពីរ​ភាគី​ ខិតខំ​ធ្វើការងារ​ឱ្យ​បាន​ជិតស្និទ្ធ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​សម្រាប់​ប្រទេសជាតិ​ទាំងពីរ​ កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​។

លោក​ យ៉ាង​ ស៊ុង​ជុន​ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ នៃ​ក្រសួងការងារ​កូរ៉េ​ ក៏បាន​កោតសរសើរ​សមត្ថភាព​ការងារ​របស់​ពលករ​កម្ពុជា​ ដែល​តែងតែមាន​ភាព​ឧស្សាហ៍​ព្យាយាម​ ចេះ​អត់ធ្មត់​នឹង​ការងារ​ ព្រមទាំង​មាន​អត្តចរិត​ល្អ​ចំពោះ​អ្នក​រួមការ​ងារ​ថែមទៀត​។ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​ នៅតែ​បន្ត​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ពាក់ព័ន្ធ​នឹង​គម្រោងការ​អភិវឌ្ឍន៍​ ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​នេះ​ដែរ​វា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ សម្រាប់​ជា​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងពីរ​៕

ចំណេះដឹង​! តើ​ការ​ផ្ទេរ​កម្ម​សិ​ទិ្ធ​អចលនទ្រព្យ​មាន​ទម្រង់​បែប​ណា​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ ជា​ការផ្ទេរ​ហានិភ័យ​ ហើយ​វា​អាស្រ័យ​តាម​ប្រភេទ​នៃ​កិច្ចសន្យា​នី​មួយ​ៗ។ ការផ្ទេរ​កម្មសិទ្ធិ​ សិទ្ធិ​លើ​កម្មវត្ថុ​ក្នុង​កិច្ចសន្យាលក់​ទិញ​ ត្រូវ​អនុវត្ត​ទៅតាម​គោល​កា​រណ៏​ទូទៅ​ដែល​បាន​កំណត់​ស្ដីពី​ ការបង្កើត​ ការផ្ទេរ​ និង​ការ​កែប្រែ​នូវ​សិទ្ធិ​ប្រត្យក្ស​ ដោយ​ការព្រមព្រៀង​។

បើ​កម្មវត្ថុ​នៃ​កិច្ចសន្យាលក់​ទិញ​ ជា​សិទ្ធិ​លើ​ទ្រ​ព្យស​ម្ប​ត្ត​ក្រៅពី​កម្មសិទ្ធិ​ ការផ្ទេរ​សិទ្ធិ​ទាំងនោះ​ ត្រូវ​អនុវត្ត​ទៅតាម​គោល​កា​រណ៏​ទូទៅ​ ដែល​ទាក់ទង​នឹង​ការផ្ទេរ​សិទ្ធិ​នី​មួយ​ៗនោះ​។ ប៉ុន្តែ​ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ គឺ​ត្រូវ​ធ្វើឡើង​នៅ​ក្រសួង​ដែល​មានសមត្ថកិច្ច​ ការផ្ទេរ​កម្មសិទ្ធិ​ត្រូវ​ចាត់ទុកជា​បានសម្រេច​ ចាប់ពី​ពេល​បាន​ចុះបញ្ជី​កិច្ចសន្យា​នោះ​នៅ​អង្គភាព​សុរិយោដី​។

ចំពោះ​អចលវត្ថុ​ ការផ្ទេរ​សិទ្ធិ​របស់​អ្នកលក់​ ឲ្យ​ទៅ​អ្នកទិញ​ទុកជា​ត្រឹមត្រូវ​ ហើយ​តតិយជន​ជំទាស់​មិនបាន​ លុះត្រាតែ​ធ្វើការ​ចុះបញ្ជី​តាម​បញ្ញត្តិ​របស់​ច្បាប់​ (មាត្រា១៣៥នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​)។ តាម​បទបញ្ញត្តិ​នៅក្នុង​មាត្រា​នេះ​ វា​មិនមែន​ជា​លក្ខខណ្ឌ​សុពលភាព​នៃ​កិច្ចសន្យាលក់​ទិញ​អចលនវត្ថុ​នោះ​ទេ​ តែ​វា​ជា​លក្ខ​ខណ្ខ​តតាំង​ចំពោះ​តតិយជន​តែប៉ុណ្ណោះ​ មានន័យថា​បើ​គូភាគី​ មិនបាន​ធ្វើការ​ចុះបញ្ជី​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ទេ​ គូភាគី​មិន​អាចយ​កសិទ្ធិ​របស់​ខ្លួន​ ដែល​មាន​ចំពោះ​អចលនវត្ថុ​នោះ​ ទៅ​តតាំង​ចំពោះ​អ្នក​ផ្សេងទៀត​បាន​ឡើយ​។ ដូចនេះ​ដើម្បី​អាច​តតាំង​ចំពោះ​តតិយជន​បាន​ គឺ​មានតែ​ការចុះបញ្ជី​តែមួយគត់​។

តាមច្បាប់​ភូមិបាល​ឆ្នាំ២០០១​ មាត្រា៦៥​ វាក្យ​ខ័ណ្ឌ១បាន​ចែងថា​ ការផ្ទេរ​កម្មសិទ្ធិ​ដែល​តតិយជន​ជំទាស់​លែង​បាន​ លុះត្រាតែ​កិច្ចសន្យា​ លក់​ទិញ​ អចលនវត្ថុ​នោះ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ជា​លាយ​ល័ក្ខ​អក្សរ​ តាម​ទម្រង់​លិខិតយថាភូត​ ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​អង្គភាព​សុរិយោដី​។

ដូចនេះ​ ការទិញ​លក់​អចលនទ្រព្យ​ មិនថា​ដី​ ឬផ្ទះ​ ចាំបាច់​តម្រូវឲ្យ​មានការ​ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​អចលនទ្រព្យ​ ទៅកាន់​អ្នកទិញ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេង​ៗ។ ជា​ការពិត​ថា​ បញ្ហា​ទាំងនេះ​អាច​មាន​លក្ខណៈ​ស្មុគស្មាញ​ ដែល​ពេលខ្លះ​គេ​ចាំបាច់​ត្រូវ​ស្វែងរក​អ្នកច្បាប់​ ឬក៏​មេធាវី​ ឬសារ​ការី​ ជា​ជំនួយ​ដើម្បី​ធានា​ឲ្យ​មាន​សុវត្ថិភាព​ខាង​ផ្លូវច្បាប់​ និង​ពន្យល់​បំភ្លឺ​ជុំវិញ​ចំនុច​សំ​ខាន់​ៗជា​មូលដ្ឋាន​ខ្លះ​ ដែល​ប្រជាពលរដ្ឋ​គួរតែ​ដឹង​៕