តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​កើនឡើង​ដល់​ ៨០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​

0

ដោយ រ៉ា​ណេត​

ភ្នំ​ពេញ៖ នៅ​រាជធានី​ភ្នំពេញ​តម្លៃ​ដី​បាន​កើនឡើង​ជាប្រចាំ​ ដោយ​តំបន់​ដែល​មាន​អចលនទ្រព្យ​ថ្លៃជាង​គេ​ស្ថិត​នៅ​ក្ន​ងខ័ណ្ឌ​ចំការមន​ និង​ខ័ណ្ឌ​ដូនពេញ​ ដែល​អចលនទ្រព្យ​នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខ័ណ្ឌ​ទាំងពីរ​ មានតម្លៃ​រហូតដល់ ១០០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ដោយឡែក​ថ្ងៃនេះ​ យើង​ទៅ​មើ​លត​ម្លាំ​ដីធ្លី​នៅ​តាម​បណ្តោយ​តីរវិថី​ព្រះស៊ីសុវត្ថិ​ (ផ្លូវ​មាត់ទន្លេ​) វិញ​មានតម្លៃ​ថ្លៃ​កម្រិត​ណា​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ថា​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២០​ ខែមិថុនា​ នេះ​ថា​ តំបន់​ខាងលើ​នេះ​បាន​ក្លាយជា​ទីតាំង​ដ៏​ល្អដាច់គេ​ក្នុងនាម​ជាទី​កន្លែង​សម្រាប់​ការ​លំ​ហែរ​កាយ​ ដើរកម្សាន្ត​ ដែល​បណ្តាជន​បរទេស​ចូលចិត្ត​បំផុត​ (Prime​ Location​)។

លោក​បន្ត​ថា​ ដោយសារតែ​តំបន់​ទាំងនេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​អំណោយផល​ដល់​ការរស់នៅ​ បច្ចុប្បន្ន​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដីធ្លី​ផង​ដែរ​ គឺ​មានកម្រិត​ខ្ពស់​ ដែល​ទាប​បំផុត​ត្រឹម៦០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​មាន​ទីតាំង​ខ្លះ​ អាច​មានតម្លៃ​រហូតដល់​ប្រមាណ៧០០០​-៨០០០​ ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជុំវិញ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដែល​ពោរពេញ​ទៅ​សក្ដានុពល​ អំណោយផល​ដល់​ការ​ប្រកប​មុខ​ជំនួញ​ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ ជាពិសេស​ផ្នែកការ​ផ្គត់ផ្គង់​ចំណីអាហារ​ ភេសជ្ជៈ​ ពេល​រាត្រី​តែម្ដង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​ប្រភេទ​អាជីវកម្ម​ទាំងនេះ​ ក៏​មានការ​ផ្គត់ផ្គង់​ទៅលើ​វិស័យ​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ផង​ដែរ​ ដែល​ភាគច្រើន​ជនបរទេស​ចម្រុះ​ជាតិសាសន៍​ចូលចិត្ត​ និង​និយម​នៅ​តំបន់​ទាំងនេះ​ជាងគេ​”។

​លោក​ម៉ាន់​ ច័ន្ទ​ឌី​បាន​បញ្ជាក់​ទៀត​ថា​ ដោយសារតែ​វា​ជាទី​តាំង​ដ៏​ល្អ​ បច្ចុប្បន្ន​ក្រៅពី​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ កំពុងតែ​ធ្វើការ​វិនិយោគ​ក្នុង​រូបភាព​កម្រិត​តូច​ និង​មធ្យម​នោះ​ ក៏​មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Yuetai​ Group​ កំពុង​តែ​រៀបចំ​ដំណើរការ​សាងសង់​សំណង់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រោម​គម្រោង​ Phnom​ Penh​ Harbour​ ដែល​មាន​ចំនួន​អគារ​ធំៗ​រហូតដល់​ប្រមាណ ២២អគារ​។

នាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​,.Ltd​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ នៅ​តំបន់​នេះ​ពិតជា​មាន​ភាពល្អ​ប្រសើរ​ និង​មាន​សក្ដានុពល​ខ្លាំង​ ប៉ុន្តែ​បើ​មានការ​រៀបចំ​ឱ្យ​មាន​សណ្តាប់​ និង​ស្រស់​ស្អាត​ជាង​នេះ​ រឹតតែ​អាច​ទាក់ទាញ​កាន់តែ​ខ្លាំង​។ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ វា​មាន​ភាព​អំណោយផល​ទាំង​ការរស់នៅ​ ទាំង​វិស័យ​ទេសចរណ៍​ ហើយក៏​អាស្រ័យផល​ជាច្រើន​ដល់​ការ​ធ្វើអាជីវកម្ម​។

លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ក្រៅពី​ការ​ប្រកប​អាជីវកម្ម​នៅ​តាម​ផ្ទះ​ដែល​បង្កើត​ជា​រូបភាព​ភោជនីយដ្ឋាន​ ឬជា​កន្លែង​ស្នាក់នៅ​ ក៏​មាន​គម្រោ​ងធំៗ​មួយចំនួន​កំពុងតែ​អភិវឌ្ឍ​ផង​ដែរ​ ដូចជា​ គម្រោង​អា​ផា​តមិន​ គម្រោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ​ ខណៈ​ដែល​ផ្ទះ​និង​បណ្តា​សំណង់​អាគារ​ ដែល​បន្សល់ទុក​កាលពី​សម័យ​បារាំង​ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​ប្រែក្លាយ​ទៅជា​ទីតាំង​ សម្រាប់​ជួល​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ជា​បណ្តើរ​ៗរួច​ទៅ​ហើយ​នោះ​៕

រដ្ឋាភិបាល​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ចិន​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ និង​ឡសម្ងួត​ដើម្បី​ជំរុញ​នាំចេញ​អង្ករ​ឱ្យ​បាន​ ១លាន​តោន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ស្តី​ពី​ គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​ពី​ប្រទេស​ចិន​ជាមួយ​ក្រុមហ៊ុន​ CITIC​ Construction​ Co​.,Ltd​ក្នុង​ការ​សាង​សង​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ និង​ឡសម្ងួត​ ដើម្បី​ជំរុញ​នាំចេញ​អង្ករ​ឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចេញផ្សាយ​នៅ​ថ្ងៃ​ ២០​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​បាន​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលដៅ​ដើម្បី​ជួយ​ដល់​កសិករ​ធុរជន​ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ ព្រមទាំង​រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ របស់​រាជរដ្ឋាភិបាល​លើ​ការជំរុញ​នាំ​អង្ករ​ឱ្យ​បាន១លាន​តោន​ក្នុង​មួយឆ្នាំ​ តារ​មយៈ​ការសាងសង់​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ​ និង​ការ​ដាក់​ឱ្យ​អនុវត្ត​យន្តការ​យក​ស្រូវ​ អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចី​ពី​ធនាគារឯកជន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ “គម្រោង​នេះ​ធ្វើឡើង​ដើម្បី​ទក់​ស្កាត់​កុំឱ្យ​ឈ្មួញ​ទុច្ចរិត​ អាច​ឆ្លៀង​ឱកាស​បង្ខូច​ថ្លៃ​ស្រូវ​ ក៏ដូចជា​ដើម្បី​ជួយ​ឱកសិករ​ទុក​ស្រូវ​បាន​យូរ​ អាច​លក់​ស្រូវ​បាន​តាម​ថ្លៃ​សស​រម្យ​ និង​មានលទ្ធភាព​តទួល​បាន​ឥណទាន​ពេល​​ត្រូវការ​ចាំបាច់​ តាមរយៈ​ការ​យក​ស្រូវ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ​”។ សេចក្តី​ប្រកាស​ដដែល​បាន​បន្ត​ថា​ “គម្រោង​នេះ​មិន​មាន​សេវា​កិនស្រូវ​ទេ​ ដើម្បី​ការពារ​កុំ​ឱ្យុំា​មកា​រប្រ​កួត​ប្រជែង​ជាមួយ​រោងម៉ាស៊ីន​កិច្ច​ស្រូវ​ក្នុង​ស្រុក​”។

បន្ទាប់ពី​គម្រោង​នេះ​ ដាក់​ឱ្យ​ប្រតិបត្តិ​ការ​ កសិករ​ និង​រោងម៉ាស៊ីន​កិនស្រូវ​ នឹង​មាន​ឡសម្ងួរ​ ឃ្លាំង​ស្តុក​ និង​ទុន​បង្វិល​បន្ថែម​ព្រមទាំង​ជួយ​បន្ថយ​ចំណាយ​ (ថ្លៃដើម​) ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ដល់​ដំណាក់កាល​លក់​អង្ករ​។

តាមរយៈ​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ​ ​ក្រុមហ៊ុន ​CITI​ Construction​ Co​., Ltd​ និង​ក្រុមហ៊ុន​ ហ្គ្រីន​ត្រេ​ដ នឹង​ធ្វើការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ចំនួន១២កន្លែង​ ដែល​មាន​សមត្ថភាព​ស្តុក​សរុប​ ៨២៧​,០០០​ តោន​ និង​ឡសម្ងួត​ចំនួន ១០​កន្លែង​ ដែល​មាន​សមត្ថភាព​ សម្ងួត​ស្រូវ​បាន ១៣​,០០០​តោន​ក្នុង​មួយថ្ងៃ​ នៅក្នុង​ខេត្តពោធិ៍សាត់​ បាត់ដំបង​ តាកែវ​ បន្ទាយ​មានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម​ ព្រៃវែង​ កណ្តាល​ កំពង់ស្ពឺ​ និង​ខេត្ត​ព្រះសីហនុ​។

ជាមួយនឹង​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​ រដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថា​ កម្ពុជា​ នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​៕

ប្រធានាធិបតី​អាមេរិក​ចាប់ផ្តើម​បង្កើត​សង្គ្រាម​រូបិយប័ណ្ណ​ជាមួយ​ទ្វីបអឺរ៉ុប​

0

ដោយ​ Donald​ Lee

ភ្នំពេញ​៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald​ Trump​ បាន​ស្តី​បន្ទោស​ប្រទេស​អឺរ៉ុប​ក្នុង​ការរៀបចំ​រូបិយប័ណ្ណ​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រាក់​ដុល្លារ​ដើម្បី​បង្កើន​តម្លៃ​នាំចេញ​របស់​សហរដ្ឋអាមេរិក​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការប្រកួត​ប្រជែង​លើ​ការ​ចំណាយ​នៃ​សេដ្ឋកិច្ច​អាមេរិក​។

យោបល់​របស់​លោក​ Trump​ ឆ្លើយតប​ទៅ​ប្រធាន​ធនាគារ​កណ្តាល​អ៊ឺ​រ៉ុប​ Mario​ Draghi​ ដោយ​និយាយ​ថា​ គាត់​មាន​ឆន្ទៈ​កាត់បន្ថយ​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ក្រោមសូន្យ​ នៅពេល​ដែល​សេដ្ឋកិច្ច​អឺរ៉ុប​ចាប់ផ្តើម​ធ្លាក់ចុះ​។

ការកាត់បន្ថយ​អត្រា​ការប្រាក់​នឹង​កាត់បន្ថយ​អត្រា​ប្តូរ​ប្រាក់​អឺ​រ៉ូ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ដោយ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​នូវ​អត្ថ​ប្រយោជន៍​លើ​ទីផ្សារ​ពិភពលោក​។ ការរៀបចំ​រូបិយប័ណ្ណ​ដោយ​រដ្ឋាភិបាល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការប្រើ​ប្រាស់​ការនាំចេញ​ដើម្បី​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​។

លោក​ Trump​ បាន​និយាយ​ថា​ “លោក​ Mario​ Draghi​ ទើបតែ​បាន​ប្រកាស​ពី​ការជំរុញ​បន្ថែម​ទៀត​ដែល​អាច​ធ្វើ​បាន​ដែ​លភ្លាមៗ​នោះ​ធ្វើឲ្យ​ប្រាក់​អឺ​រ៉ូប្រឆាំង​ធ្លាក់ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​ដោយធ្វើ​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ ប្រកួតប្រជែង​នឹង​សហរដ្ឋអាមេរិក​។

លោក​បាន​សរសេរ​ថា​ “ពួកគេ​បាន​ទទួលយក​រឿង​នេះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​រួម​ជា​ មួយ​ប្រទេស​ចិន​ និង​ប្រទេស​ដទៃទៀត​”។ រដ្ឋាភិបាល​អាម៉េរិក​បាន​ស្នើ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​បណ្តា​ប្រទេស​ដែល​ពួកគេ​ជឿជាក់​ថា​កំពុង​ប្រើប្រាស់​ និង​គ្រប់គ្រង​រូបិយប័ណ្ណ​របស់​ខ្លួន​ដោយធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។

នៅក្នុង​ខែ​ ឧសភា​ ប្រទេស​សិង្ហបុរី​ អ៊ីតាលី​ និង​អៀរឡង់​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ក្នុងចំណោម​ប្រទេស​ចំនួន​ ២១​ ដែល​ខ្លួន​បាន​និយាយ​ថាត្រូវ​បាន​ធ្វើឲ្យខូច​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​។ តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​មានកម្រិត​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជាស​កល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ទីផ្សារ​បើកចំហ​។

លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក​ទម្លាក់​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អាមេរិក​ ខណៈ​ដែល​វា​បាន​ធ្លាក់ចុះ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។ លោក​ Brad​ Setser​ សមាជិក​ក្រុមប្រឹក្សា​អាមេរិក​ស្តី​ពី​ទំនាក់ទំនង​បរទេស​បាន​ចេញ​របាយការណ៍​មួយ​កាលពី​សប្ដាហ៍​មុន​ដោយ​និយាយ​ថា​ ការ​ប្រឆាំង​នឹង​អន្តរាគមន៍​រូបិយប័ណ្ណ​របស់​រដ្ឋាភិបាល​បរទេស​គួរតែ​ជាអាទិភាព​កំពូល​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​៕

តើ​សេដ្ឋីនី​អចលនទ្រព្យ​លំដាប់​លេខ១​ នៅ​អាស៊ី​មាន​សម្រស់​ដ៏​ផូរផង់​ជា​នរណា​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មហាសេដ្ឋី​ភាគច្រើន​នៅក្នុង​ពិភពលោក​ គឺជា​បុរស​ភេទ​ ដែល​បាន​កាន់កាប់​លើ​មុខ​ជំនួញ​ និង​ក្រុមហ៊ុន​ជាច្រើន​ ដោយ​មិនសូវ​សម្បូរ​សេដ្ឋីនី​ច្រើន​នោះ​ទេ​ ។

គេហ​ទំ​ព័ត៌មាន​អចលនទ្រព្យ​ propertyarea.asia​ នឹង​ណែនាំ​ឱ្យ​ស្គាល់​សេដ្ឋ​នី​ អល​ចន​ទ្រព្យ​មួយ​រូប​ ដែល​មាន​សម្រស់​ផូរផង់​គឺ​លោកស្រី​ Yang​ Huiyan​ ដែល​បាន​និង​កំពុង​កាន់កាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន​។

លោកស្រី​ Yang​ Huiyan​ គឺជា​ស្រ្តី​ជើងខ្លាំង​ផ្នែក​អភិវឌ្ឍ​អចលនទ្រព្យ​របស់​ចិន​ដ៏​ល្បីល្បាញ​ និង​មាន​ភាគហ៊ុន​ប្រមាណ​ ៥៧ភាគរយ​នៅក្នុង​ក្រុមហ៊ុន​ Country​ Garden​ Holding​ ផង​ដែរ​។ លោកស្រី​ Yang​ Huiyan​ កើត​នៅក្នុង​ឆ្នាំ​ ១៩៨១​ ដែល​បច្ចុប្បន្ន​មាន​អាយុប្រមាណ​ ៣៨ឆ្នាំ​ បាន​ទទួល​កេរ្តិ៍មរតក​ពី​ឪពុក​របស់​លោកស្រី​ គឺ​លោក​ Yang​ Guoqiang​ នៅក្នុង​ឆ្នាំ​ ២០០៧​ ដែល​ធ្វើ​ឱ្យ​លោកស្រី​ក្លាយជា​ស្ត្រី​ដែល​មានទ្រព្យ​ច្រើនជាង​គេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​។

ឪពុក​របស់​លោកស្រី​ បាន​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ ឈ្មោះថា​ Country​ Garden​ នៅក្នុង​ឆ្នាំ​ ១៩៩៧​ ហើយ​បាន​ផ្ទេរ​ភាគហ៊ុន​ទៅ​ឱ្យ​លោកស្រី​ប្រមាណ​ ៧០ភាគរយ​មុន​ពេល​ដាក់​លក់​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ជា​សាធារណៈ​ (IPO​) ។

ក្រុមហ៊ុន​ Country​ Garden​ រកចំណូល​បាន​ពី​ការ​លក់​ភាគហ៊ុន​បាន​ចំនួន​ ១.៦ពាន់​លាន​ដុល្លារ​អាមេរិក​ ឬស្មើនឹង​ចំណូល​របស់​ក្រុមហ៊ុន​ Google​ កាលពី​ឆ្នាំ​ ២០០៤​ នៅក្នុង​សហរដ្ឋអាមេរិក​ ។ យោង​តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្តី​ Forbes​ របស់​សហរដ្ឋអាមេរិក​កាលពី​ខែមិថុនា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​ថា​ លោកស្រី​ Yang​ មាន​លុយ​ប្រមាណ​ ២១,២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។

រូបភាពបច្ចុប្បន្ន

ទស្សនាវដ្តី​នេះ​បន្ត​ថា​ លោកស្រី​គឺជា​អនុ​ប្រធានៃ​គណៈកម្មាធិការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ Country​ Garden​ Holding​ ហើយ​បាន​ជួយ​លក់​ភាគហ៊ុន​ថ្មី​បាន​ចំនួន​ ៤១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅក្នុង​ឆ្នាំ​ ២០១៤​ ។ ​

លោកស្រី​បាន​បញ្ចប់​ការសិក្សា​ និង​បាន​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ (Bachelor​ of​ Art​/Science​) ពីសា​កល​វិទ្យាល័យ​ Ohio​ State​ University​ ៕

ស្ត្រី​ជើងខ្លាំង៣រូប​ និ​យាយ​ពី​យុទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ គង់ សូរិយា

ភ្នំពេញ​៖ ស្ត្រី​កម្ពុជា​ មិនមែន​ជា​ស្ត្រី​ដែល​គ្រាន់តែ​វិល​ជុំវិញ​ចង្ក្រាន​នោះ​ទៀត​ទេ​ ប៉ុន្តែ​ក្នុង​ដើម​សតវត្សរ៍​ទី២១នេះ​ ស្ត្រី​វ័យក្មេង​ជាច្រើន​បាន​អភិវឌ្ឍន៍​ខ្លួន​ពួកគេ​ ក្លាយជា​អ្នកដឹកនាំ​តាម​ស្ថាប័ន​នានា​ ពិសេស​វិស័យ​ឯកជន​ក៏​កាន់តែ​លេច​វត្តមាន​ស្ត្រី​កាន់តែ​ច្រើន​ ដែល​បង្ហាញខ្លួន​ជាមួយ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។

ស្ត្រី​ជើងខ្លាំង​ទាំង​បី​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ គឺ​លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិ​កកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ អ្នកនាង​ Grace​ Rachny​ Fong​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Century21​ Cambodia​ និង​អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ ពួកគេ​សុទ្ឋ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​ខ្លួន​ និង​ក្រុមហ៊ុន​របស់​ពួកគេ​រហូត​សម្រេច​បាន​ ជោគជ័យ​គួរឲ្យ​មោទនភាព​។

លោកស្រី​តាំង​ ហួរ​មាន​អតីតកាល​ជា​ក្មេង​ដើរ​ទូល​នំ​លក់​ ឆ្លងកាត់​បទពិសោធន៍​ការងារ​រាប់​ជំពូក​ និង​មានមុខ​ជំនួញ​ជាច្រើន​ ហើយក៏​ធ្លាប់​បរាជ័យ​ជាច្រើន​ក្នុង​មុខ​ជំនួញ​ផង​ដែរ​ ប៉ុន្តែ​ស្ត្រី​រូប​នេះ​មិនដែល​លះបង់​ការ​តស៊ូ​នោះ​ឡើយ​។ ទីបំផុត​ស្ត្រី​រូប​នេះ​ទទួល​បាន​ជគជ័យ​យ៉ាង​គួរឲ្យ​មោទនភាព​ ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ Co​, Ltd​។

លោកស្រី​ តាំង​ ហួរ​ បាន​លើកឡើង​ពី​ទស្សនវិស័យ​ និង​ការដឹកនាំ​ជីវិត​របស់​ខ្លួន​ថា​ គ្មាន​ជោគជ័យ​ណា​កើតឡើង​ ដោយ​គ្មាន​ការ​តស៊ូ​នោះ​ទេ​ ហើយ​គ្មាន​ឆាកជីវិត​រ៉ឹង​មាំ​ណា​ មិន​ឆ្លងកាត់​ការ​លំបាក​នោះ​ទេ​ ទស្សនវិជ្ជា​នេះ​ គឺ​បីដូច​ជា​ឆាកជីវិត​ស្ត្រី​រូប​នេះ​ផង​ដែរ​។

ពេលនេះ​លោកស្រី​បាន​មក​ឈរ​នៅ​ទីតាំង​មួយ​ខ្ពស់​ជាង​មុខ​ សកម្ម​ជាង​មុន​ និង​មាន​កិត្តិយស​ច្រើនជាង​មុន​នៅក្នុង​សង្គម​។ការងារ​ធ្វើជំនួញ​ និង​ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ​ មិនមែន​ជា​ការងារ​សាមញ្ញ​ពេក​នោះ​ទេ​ ហើយក៏​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ដោយ​ស្រួល​ឡើយ​ ព្រោះ​ការងារ​នេះ​ ជា​ការងារ​ត្រូវ​ធ្វើជា​មួយ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ និង​អ្នកមាន​អំណាច​នៅក្នុង​សង្គម​ ហេតុនេះ​ការ​កសាង​ទំនុកចិត្ត​ជា​រឿង​សំខាន់​បំផុត​។

ប៉ុន្តែ​ការ​មាន​ផែនការ​ និ​ងយុទ្ឋ​សាស្ត្រ​ច្បាស់លាស់​ បាន​ធ្វើឲ្យ​លោកស្រី​តាំង​ ហួរ​អាច​ដឹកនាំ​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ បាន​ដោយ​ជោគជ័យ​។ ​

លោកស្រី​បន្ត​ថា​ “ខ្ញុំ​អស់សង្ឃឹម​ និង​តែងតែ​ផ្តល់​កំលាំង​ចិត្ត​ដល់​ខ្លួនឯង​ មិនដែល​រុញរា​ឡើយ​ ហើយ​ការងារ​អ្វីក៏ដោយ​ យើង​មិន​អាច​ធ្វើ​ត្រឹមតែ​ដោយ​ក្តី​ស្រលាញ់​នោះ​ទេ​ តែ​យើង​ត្រូវ​មាន​ភាព​ប៉ិនប្រសព្វ​ផង​ដែរ​។លោកស្រី​បន្ត​ថា​“យើង​ត្រូវ​មាន​ជំនាញ​ និង​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​ឲ្យអស់​។

លោកស្រី​តាំង​ ហួរ​មា​នយុទ្ឋ​សាស្ត្រ​និង​គោលដៅ​របស់​ខ្លួន​ច្បាស់លាស់​ ដោយ​លោកស្រី​បាន​បញ្ជាក់​ថា​ “ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ យើង​ត្រូវ​ដាក់​ផែនការ​ឲ្យ​ចំ​ទិសដៅ​ ចំ​ផលិតផល​ ចំ​គំរោង​លុយ​ និង​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​។

លោកស្រី​បន្ត​ថា​ “យើង​ក៏​ត្រូវ​ដឹងចិត្ត​អតិថិជន​ អាច​ជួយការ​ងារ​អតិថិជន​ និង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ និង​និយាយ​អ្វី​ឲ្យ​ពិត​ ដើម្បីឲ្យ​គេ​ផ្តល់​ទំនុកចិត្ត​។ លោកស្រី​បន្ត​ថា​ “ពេលណា​យើង​មាន​អតិថិជន​មករ​កយើង​ ក្រុមហ៊ុន​យើង​សម្បូរ​អតិថិជន​ មានន័យថា​យើង​ទទួល​បាន​ជោគជ័យ​ហើយ​..សើច​…។

អ្នកនាង​ Grace​ Rachny​ Fong​ មាន​ឆាកជីវិត​កំសត់​មិនចាញ់​ លោកស្រី​តាំង​ ហួរ​ឡើយ​ អ្នកនាង​ Grace​ Rachny​ Fong​ បច្ចុប្បន្ន​ជា​នាយិកា​ប្រតិបត្តិ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Century21​ Cambodia​ មាន​អតីតកាល​ជា​ក្មេង​ទូល​ផ្លែឈើ​លក់​តាម​ភូមិ​ ធ្លាប់​ញ៉ាំបាយ​ជាមួយ​អំបិល​ និង​ជា​ក្មេងស្រី​មិន​ចេះនិយាយ​ស្តី​ម្នាក់​ ប៉ុន្តែ​ការ​អត់ធ្មត់​ និង​បន្ត​អភិវឌ្ឍ​ខ្លួនឯង​ ដោយ​យក​ការសិក្សា​ជាគោល​ដៅ​ចម្បង​ក្នុង​ជីវិត​ បាន​ធ្វើឲ្យ​ស្ត្រី​រូប​នេះ​ ក្លាយជា​គ្រូបង្វឹក​ផ្នែក​អចលនទ្រព្យ​អាជីព​ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ ហើយ​កាលពី​ពេល​ថ្មី​ៗនេះ​ អ្នកនាង​ Grace​ Rachny​ បាន​ទទួល​វិញ្ញាបនបត្រ​ ទទួលស្គាល់​ជា​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​។

ក្នុងចំណោម​បងប្អូន៤នាក់​ វាសនា​បាន​បន្សល់​តែ​អ្នកនាង​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រស់រាន​បន្ទាប់ពី​របប​ប៉ុល​ ពត​ ហើយ​បាន​ចាកចេញ​ពី​ស្រុកកំណើត​មកកាន់​ក្រុងភ្នំពេញ​ ជាមួយ​ឪពុកមា​ក្នុង​កំឡុង​ដើម​ទសវត្សរ៍​ទី៩០​ និង​បន្ត​សិក្សា​នៅ​ទីក្រុង​ ដែល​ទើប​បើកចំហ​សេដ្ឋកិច្ច​នា​ពេលនោះ​។

ក្នុង​របប​ប៉ុល​ ពតក្មេងស្រី​រូប​នេះ​រៀន​រស់​តាម​កាលៈទេសៈ​ ដោយពេល​ខ្លះ​មិន​មាន​អ្វី​បរិភោគ​បាយ​ ក្រៅពី​អំបិល​ឡើយ​។អ្នកនាង​ Grace​ Rachny​ Fong​ បាន​និយាយ​ក្នុង​ភាព​ជឿជាក់​ថា​ “ឆ្លងកាត់​លំបាក​ទាំងអស់​នោះ​ បាន​ធ្វើឲ្យ​ខ្ញុំ​រឹងមាំ​ និង​អាច​ដោះស្រាយ​បាន​គ្រប់​បញ្ហា​កើតឡើង​ ទោះ​បញ្ហា​នោះ​លំបាក​បែប​ណា​ក្តី​ គឺ​ខ្ញុំ​តែង​អាច​រក​មធ្យោបាយ​ដោះស្រាយ​បាន​ជានិច្ច​។

អ្នកនាង​ Grace​ បាន​អភិវឌ្ឍន៍​ខ្លួនឯង​ជាមួយនឹង​ការងារ​ និង​ការសិក្សា​មិន​ចេះ​ហត់នឿយ​ ដោយសារ​អ្នកនាង​យល់ឃើញ​ថា​ ​ការសិក្សា​តាមរយៈ​ការ​អាន​សៀវភៅ​ សិក្សា​ពី​មនុស្ស​ជំ​វិញ​ខ្លួន​ ព្រមទាំង​ភាព​ជូ​ចត់​ក្នុង​ជីវិត​នា​អតីតកាល​ មិន​ត្រឹមតែ​អាច​ឲ្យ​ Grace​ Rachny​ អាច​ក្រោកឈរ​ដោយ​រ៉ឹង​មាំ​ដោយខ្លួនឯង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏អាច​ឲ្យ​ស្ត្រី​រូប​នេះ​មាន​ឱកាស​ចែករំលែក​ចំ​នេះ​ដឹង​ បទពិសោធន៍​ដល់​អ្នកដទៃ​ទៀត​បាន​យ៉ាងច្រើន​ និង​ប្រកដ​ដោយ​ទំនុកចិត្ត​ខ្ពស់​។

អ្នកនាង​ Grace​ Rachny​ បាន​ផ្តល់​ទស្សន​របស់​ខ្លួន​ថា​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ យើង​ត្រូវ​រៀនសូត្រ​កុំ​ឈប់​ និង​មិន​ត្រូវ​ហត់នឿយ​នឹង​ការសិក្សា​នោះ​ទេ​ ធ្វើបែប​នេះ​ទើប​យើង​អាច​អភិវឌ្ឍន៍​ខ្លួនឯង​បាន​។ អ្នកនាង​បន្ត​ថា​ ក្រៅពី​ការ​បណ្តុះបណ្តាល​ ដោយ​ផ្ទាល់​នៅ​លក្រៅ​ប្រទេស​ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​សៀវភៅ​លើកទឹកចិត្ត​ ​អាន​កាសែត​ មើល​ទូរទស្សន៍​ រៀន​ពី​មនុស្ស​ជំ​វិញ​ខ្លួន​។

អ្នកនាង​បន្ត​ថា​ “ស្ត្រី​ទាំងឡាយ​ចូល​ប្រឡូក​ក្នុង​សង្គម​ សិក្សា​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​យកគុណ​តម្លៃ​របស់​ខ្លួន​ជួយ​ដល់​សង្គម​វិញ​។

អ្នកនាង​អាន​ សុធី​តា​ឆ្លងកាត់​ឆាកជីវិត​ ជាមួយ​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះខាត​ អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ CBRE​ Cambodia​ ក៏បាន​ឆ្លងកាត់​ការ​លំបាក​មិន​តិច​នោះ​ទេ​ ដោយពេល​មួយ​នោះ​អ្នកនាង​បាន​ទៅ​ធ្វើការ​រោងចក្រ​ ដើម្បី​សន្សំ​លុយ​រៀន​នៅ​មហាវិទ្យាល័យ​ពេលយប់​ដោយខ្លួនឯង​។

ស្ត្រី​វ័យក្មេង​រូប​នេះ​ បាន​រៀន​ជំនាញ​ផ្នែក​ Accounting​ ប៉ុន្តែ​បែរជា​ក្លាយជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ដោយសារ​អ្នកនាង​ធ្វើការ​មិន​ប្រកាន់ខ្លួន​ មិន​គិត​ពី​ពេលវេលា​ឈប់សម្រាក​ និង​តែងតែ​អភិវឌ្ឍន៍​ខ្លួនឯង​ជាមួយ​ចំ​នេះ​ដឹង​ផ្សេង​ៗ ពិសេស​ការងារ​លើ​វិស័យ​អចលនវត្ថុ​នានា​។

ចាប់ផ្តើម​ការងារ​ពី​បុគ្គលិក​សាមញ្ញ​ រហូត​ក្លាយជា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​ តើ​អ្នកនាង​មាន​វិធីសាស្ត្រ​អភិ​វឌ្ឈ​ន៍​ខ្លួនឯង​យ៉ាងដូច​ម្តេច​? ​អ្នកនាង​សុធី​តា​បាន​និយាយ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ថា​ “ខ្ញុំ​តែងតែ​ចាត់ទុក​ក្រុមហ៊ុន​ខ្ញុំ​ធ្វើការ​ជា​ក្រុមហ៊ុន​របស់​ខ្លួន​ និង​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​។

អ្នកនាង​បន្ថែម​ថា​ “ជាមួយគ្នា​នេះ​ យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ គោរព​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​ និង​ធ្វើការងារ​ដោយ​ទឹកចិត្ត​ចេញពី​បេះដូង​។ ទោះជា​ការងារ​រវល់​ និង​ហត់នឿយ​បែប​ណាក៏ដោយ​ ក៏​ស្ត្រី​រូប​នេះ​នៅតែ​បន្ត​ការសិក្សា​រហូតដល់​បច្ចុប្បន្ន​នេះ​ ដើម្បី​ពង្រីក​ការយល់​ដឹង​ និង​អាច​ជួយ​ពង្រឹង​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ថែមទៀត​។

ក្នុងនាម​ជា​នាយិកា​ប្រចាំ​ប្រទេស​ អ្នកនាង​ត្រូវ​មាន​ជំនាញ​គណនេយ្យ​ ដើម្បី​គ្រប់គ្រង​ចំណូល​ចំណាយ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ ហើយ​ត្រូវ​មាន​ជំនាញ​លក់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ការ​លក់​របស់​យើង​សម្រេច​តាម​ផែនការ​ និង​ជំនាញ​គ្រប់គ្រង​មនុស្ស​ ដែល​អ្នកនាង​មាន​អារម្មណ៍​ថា​ ពិបាក​ជាងគេ​។

អ្នកនាង​ធីតា​បាន​បន្ត​ថា​ “ការគ្រប់គ្រង​មនុស្ស​ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ជាងគេ​ ដោយសារ​ក្រុមហ៊ុន​មាន​បុគ្គលិក​ច្រើន​នាក់​ និង​មាន៦ជនជាតិ​ ដែល​ត្រូវ​ធ្វើការ​ជាមួយ​។ អ្នកនាង​បន្ត​ថា​ “ក្នុង​តួនាទី​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ ហើយ​មាន​តួនាទី​ដឹកនាំ​មនុស្ស​ជាង៤០នាក់​ គឺ​ធម្មតា​មាន​អត្ត​ចរិ​ក៤០ប្រភេទ​ ហេតុនេះ​យើង​ត្រូវ​ប្រាកដ​ថា​ ពួកគេ​អាច​ធ្វើការងារ​ជា​ក្រុម​និង​សម្រេច​គោលដៅ​បាន​។

វិធី​សា​ស្ត្រដើម​ម្បី​ដឹកនាំ​ក្រុមហ៊ុន​ និង​ដឹកនាំ​បុគ្គលិក​ក្រុមហ៊ុន​ធ្វើការ​ដោយ​ទទួលខុសត្រូវ​ និង​សម្រ​ចបា​នតាម​ផែនការ​របស់​ពួកគេ​ មិនមែន​ជា​ការ​ងាយ​ឡើយ​។ ដំណោះស្រាយ​បញ្ហា​នេះ​ អ្នកនាង​ធីតា​បាន​លើកឡើង​ថា​ “យើង​ត្រូវ​រួមចំណែក​ជោគជ័យ​ និង​លំបាក​ជាមួយ​បុគ្គលិក​ ហើយ​យើង​ត្រូវ​ផ្តល់​ការងារ​ល្អ​ និង​ចំណូល​ពី​ការងារ​សមរម្យ​សម្រាប់​បុគ្គលិក​។

អ្នកនាង​បន្ត​ថា​ “លើស​ពីនេះ​យើង​ត្រូវ​ផ្តល់​បរិយាកាស​ការងារ​ល្អ​ និង​ពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ ដោយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ទាំង​ក្នុង​និង​ក្រៅប្រទេស​”៕

ក្រុមហ៊ុន​យក្ស​របស់​ស្វីស​គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​នៅ​កម្ពុជា

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​លំដាប់​ពិភពលោក​ Buhler​ ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​ទី​ក្រុង​ហ្សូ​រិច​ នៃ​ប្រទេស​ស្វីស​ គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​ (សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ​ និង​ធ្វើ​ពិព​ធិ​កម្មការ​នាំចេញ​ផលិតផល​សម្រេច​ ទៅកាន់​ទីផ្សារ​សាកល​ ប្រកបដោយ​និរន្តរភាព​។

នៅក្នុង​ជំនួប​ជាមួយ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ David​ Wang​ ប្រធាន​ក្រុមហ៊ុន​ Buhler​ Group​ Asia​ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​អំពី​សាវ​តា​ និង​ផលិតផល​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ មាន​ដូចជា​ អាហារ​កែច្នៃ​ពី​គ្រាប់​ធុញ្ញជាតិ​, ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​សម្ភារៈ​បច្ចេកវិទ្យា​។

លោក​ David​ Wang​ បន្ត​ថា​ បេសកកម្ម​របស់​ក្រុមហ៊ុន​ Buhler​ ផ្តោត​សំខាន់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ ដើម្បី​កែច្នៃ​ផលិតផល​, បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នកប្រើ​ប្រាស់​, និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម​ ហើយ​នៅ​កម្ពុជា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡសម្ងួត​ទំនើប​ចំនួន​ ១០ទីតាំង​ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ ១០​ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ​ ១លាន​តោន​ និង​អាច​សម្ងួត​ស្រូវ​ ១៣ពាន់​តោន​ ក្នុង​មួយថ្ងៃ​ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ក្តី​សាទរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ Buhler​ ដែល​មាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា​ (CTIS​) និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ (IDP​) ព្រមទាំង​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា​ នៅពេល​ការសាងសង់​បញ្ចប់​ គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។

លើស​ពីនេះ​ ឡសម្ងួត​ទាំងអស់​ ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​-ពាណិជ្ជកម្ម​ជាតិ​ ដែល​នឹង​រួមចំណែក​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​៕

ប្រធាន​ CREA​ បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការបង្កើត​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ វា​មិនមែន​ជា​រឿង​ដែល​លំបាក​ខ្លាំង​ណាស់ណា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ការ​ចេះ​រៀបចំផែនការ​គ្រប់គ្រង​ និង​ដឹកនាំ​ក្រុមហ៊ុន​ទាំងមូល​ ឱ្យ​មានដំណើរ​ការ​ទៅមុខ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចល​នទ្រព្យ​ ស្លឹករឹត​ រៀល​ធី​ គ្រុប​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ថា​ ការគ្រប់គ្រង​ និង​ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ឱ្យ​មានដំណើរ​រលូន​ និង​រីកចម្រើន​បាន​ ម្ចាស់​ក្រុមហ៊ុន​ ឬជា​អ្នកគ្រប់គ្រង​មាន​វិធីសាស្ត្រ​ជាច្រើន​ និង​ផ្សេង​ៗពីគ្នា​។ លោក​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​ ហាក់​មាន​ភាព​ងាយស្រួល​ក្នុង​ការបង្កើត​ ដោយ​ចំណាយ​ដើមទុន​តិច​ ប៉ុន្តែ​អាច​មានឱកាស​ទទួល​បានផល​ចំណេញ​ច្រើន​ នៅពេល​ដែល​អាច​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​បានសម្រេច​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្ញុំ​បើក​តាំង​អំឡុង​ឆ្នាំ២០១៥​ ដែល​រហូតមកដល់​ពេលនេះ​ យើង​ទទួល​បាន​លទ្ធផល​ប្រសើរ​ច្រើន​ ជាពិសេស​មានការ​ជឿជាក់​ពីសំណាក់​ដៃគូ​វិនិយោគ​នានា​”។ លោក​បន្ត​ទៀត​ថា​ “កក្តា​ដែល​អាច​នាំ​ឱ្យ​ក្រុមហ៊ុន​មួយ​ទទួល​បាន​លទ្ធផល​ល្អ​ ឬជោគជ័យ​ទៅ​បាន​ សំខាន់​បំផុត​នោះ​គឺ​ធនធានមនុស្ស​”។

លោក​ ឃាង​ ពុទ្ធី​ បាន​ពន្យល់​ថា​ “ធនធានមនុស្ស​គឺ​មានការ​បូក​ផ្សំ​ឡើង​ពី​ខ្លួនឯង​ដែល​ជា​អ្នកបង្កើត​ជំនួញ​ រួម​ជាមួយ​បុគ្គលិក​ដែល​បម្រើការ​ងារ​យ៉ាងសកម្ម​ ហើយក៏​ត្រូវ​មានការ​សិក្សា​បន្ថែម​ពីសង្គម​ និង​មនុស្ស​ដែល​រីកចម្រើន​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​អ្នក​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​”។ លោក​បន្ត​ថា​ “នៅក្នុង​ការ​ធ្វើជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ការ​ជឿជាក់​ ភាព​ស្មោះត្រង់​ និង​ការ​ទទួល​បាន​ទំនុកចិត្ត​ គឺ​សំខាន់​បំផុត​ដែល​យើង​ត្រូវតែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ ព្រោះ​ការ​កសាង​ទំនុកចិត្ត​ពីអ​តិថិ​ជន​គឺជា​កក្តា​សំខាន់​បំផុត​”។

ជា​បទពិសោធន៍​ និង​ជា​វិធីសាស្ត្រ​របស់ខ្ញុំ​ គឺ​តែង​អនុវត្ត​នូវ​វិធី​មួយ​ គឺ​គោលដៅ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​ បានន័យ​ថា​ ខ្ញុំ​ក៏​ទទួល​បានផល​ចំណេញ​ ដៃគូ​វិនិយោគ​ ក៏ដូចជា​អតិថិជន​របស់ខ្ញុំ​ បុគ្គលិក​របស់ខ្ញុំ​ក៏​ទទួល​បានផល​ចំណេញ​ដូចគ្នា​ ព្រោះ​យើង​មិន​អាច​ចំណេញ​តែម្នាក់ឯង​ទុក​ឱ្យដៃ​គូ​សហការ​ជួប​ភាព​ខាតបង់​នោះ​ឡើយ​។ បើ​យើង​លក់​ផ្ទះ​ឱ្យ​គេ​ គឺ​ត្រូវលក់​ក្នុង​តម្លៃ​មួយ​សមរម្យ​ស្របតាម​តម្លៃ​ទីផ្សារ​ លក់​ក្នុងរយៈពេល​មួយ​ដ៏​ខ្លី​ ដែល​អាច​ឱ្យ​ម្ចាស់​ទទួលយក​បាន​ ដោយឡែក​បើ​យើង​ទិញ​ផ្ទះ​ឱ្យ​អតិថិជន​ ក៏​ត្រូវ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ ក្នុងរយៈពេល​ខ្លី​ និង​មាន​ទីតាំង​ល្អ​។នេះ​បញ្ជាក់ឲ្យដឹង​។

​លោក​បន្ត​ទៀត​ថា​ ចំពោះ​បុគ្គលិក​ដែល​បម្រើការ​ងារ​ជាមួយ​យើង​ក៏ដូចជា​គ្នា​ នៅពេល​ក្រុមហ៊ុន​ទទួល​បាន​ភាគលាភ​ ដូច្នេះ​ពួកគាត់​ត្រូវតែ​ទទួល​បាន​អត្ថ​បប្រយោជន៍​បន្ថែម​ដូចជា​ការ​លើកទឹកចិត្ត​តាមរយៈ​តម្លើង​ប្រាក់បៀវត្សរ៍​ ការ​ទទួល​បានការ​បណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ ក៏ដូចជា​ការ​ទទួល​បានការ​ធានា​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ​។

លោ​កពុទ្ឋី​បាន​បន្ត​ទៀត​ថា​ “នៅពេល​យើង​មានចំណេះ​ដឹង​ទូលាយ​ យើង​អាច​សម្លឹង​មើលក្នុង​វិស័យ​មួយ​នេះ​បាន​ច្រើន​ ហើយ​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​ក៏​យើង​អាច​មានលទ្ធភាព​ច្រើន​ដែរ​”៕

កម្ពុជា​មាន​ប្រជាពលរដ្ឋ​ដែល​កំពុង​បំពេញការងារ​ប្រមាណ១០លាន​នាក់​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១០លាន​នាក់​ កំពុង​ពេញ​កំលាំង​ និង​កំពុង​បំពេញការងារ​នៅ​ក្នុង​ប្រព័​ន្ឋ​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័​ន្ឋ​។

លោក ​ម៉ម​ វណ្ណៈ ​រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​លោក​ ​Paolo​ Carlini​ អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​អន្តរជាតិ​ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) ដែល​បាន​ចុះ​មក​វាយតម្លៃ​លើ​យុទ្ធ​សាស្រ្ត​ និង​ផែនការ​សកម្មភាព​ក្នុង​ការ​ប្រែក្លាយ​ «អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុវត្ត​ចាប់ពី​ឆ្នាំ២០១៤​-២០១៨ កាលពីដើម​សប្តាហ៍​នេះ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ ធ្វើ​ឱ្យ​អត្រា​មានការ​ងារ​ធ្វើ​ស្មើនឹង ៩៩.៣​% នៃ​កម្លាំង​ពលកម្ម​សរុប​មាន​ប្រមាណ​ ១០លាន​នាក់​ ក្នុង​នោះ​កម្មករ​និយោជិត​សេដ្ឋកិច្ច​ ក្នុង​ប្រព័ន្ធ​ជិត ១.៥លាន​នាក់​ កម្មករ​និយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ២.៤លាន​នាក់​ វិស័យ​កសិកម្ម​ជាង ៤លាន​នាក់​។ ពលករ​ធ្វើការ​ក្រៅប្រទេស១.២លាន​នាក់​ និង​មន្រ្តី​សាធារណៈ​ប្រមាណ៥០ម៉ឺន​នាក់​។

លោក​បន្ត​ថា​ គោលនយោបាយ​ជាតិ​ស្តី​ពី​ មុខរបរ​ និង​ការងារ​ (NEP​ 2015​-2025​) គោលដៅ​ ១.៣​ លើកកម្ពស់​ការងារ​សមរម្យ​ និង​មាន​ផលិតភាព​ការងារ​ខ្ពស់​ តាមរយៈ​ការ​បង្ក​លក្ខណៈ​ឱ្យ​មានការ​ប្រែក្លាយ​កម្មករ​និយោជិត​ និង​អង្គភាព​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​ ដោយ​ធានា​បាន​នូវ​ការ​កែ​លម្អ​ និង​រក្សា​បាន​នូវ​ជីវភាពរស់នៅ​ក្នុង​កំឡុង​ពេល​នៃ​ដំណើរការ​ប្រែក្លាយ​នេះ​។

ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ (២០១៦​-២០២៥​) ក៏បាន​គ្រប​ដណ្តប់​លើ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​របប​ថែទាំ​សុខភាព​សង្គម​ ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ក្នុង​ដំណាក់កាល​ដំបូង​ បន្ទាប់មក​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្វែរ​ទៅជា​របប​កាតព្វកិច្ច​ យោងទៅតាម​ស្ថានភាព​ជាក់ស្តែង​។

ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិនបាន​រើសអើង​ ឬបែងចែក​រវាង​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬក្នុង​ប្រព័ន្ធ​ទេ​ ពោល​គឺ​ច្បាប់​នេះ​មាន​វិសាលភាព​គ្រប​ដណ្តប់​ចំពោះ​គ្រប់​កម្មករ​និយោជិត​ទាំងអស់​ ដែល​មាន​ទំនាក់ទំនង​ការងារ​ (Employment​ Relationship​) ជាមួយ​និយោជក​។

​ទាក់ទង​ការ​ចុះ​វាយតម្លៃ​របស់​មន្រ្តី​ILO​នេះ​ ផ្តោត​សំខាន់​លើ​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័​ន្ឋ​ មក​ជា​សេដ្ឋកិច្ច​ក្នុង​ប្រព័​ន្ឋ​សម្រាប់​ទស្សនវិស័យ​រយៈពេល​មធ្យម​មួយ​។ ការវាយតម្លៃ​របស់​ក្រុមការងារ​នាយកដ្ឋាន​បច្ចេកទេស​ (Evaluation​ Department​ of​ the​ ILO​) នា​ពេលនេះ​ មាន​គោលបំណង​សំ​ខាន់​ៗដូចជា​ ទី១​ ដើម្បី​ដឹង​អំពី​ភាព​ស៊ីចង្វាក់​គ្នា​ ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​នៃ​យុទ្ធ​សាស្រ្ត​ សកម្មភាព​ និង​ការ​អន្តរាគមន៍​របស់​ ILO​ ដើម្បី​ឆ្ពោះទៅ​ប្រែក្លាយ​ពី​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅជា​អ្នកសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។

ទី២​ ជំរុញ​ការចែក​រំលែក​ ចំណេះដឹង​ និង​បទ​ពិសោធ​ន៍​ល្អ​ៗ ជាមួយ​សមាជិក​ ILO​ និង​ដៃគូ​របស់​ខ្លួន​។ ទី៣​ ចែករំលែក​ការ​អនុ​វត្ត​ល្អ​ៗ ដើម្បី​ជា​ជំនួយ​ក្នុង​ការសម្រេច​ចិត្ត​ ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។ ទី៤​ ការ​ធ្វើដំណើរ​មក​កម្ពុជា​នៃ​ក្រុមការងារ​នាយកដ្ឋាន​បច្ចេកទេស​ (Evaluation​ Department​ of​ the​ ILO​) គឺជា​ករណី​សិក្សា​ (Case​ Study​) ដែល​ជាផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការវាយតម្លៃ​ ដូចដែល​បាន​កំណត់​ក្នុង​ Timeframe​ របស់​ខ្លួន​។

ទី៥​ ក្រុមការងារ​បច្ចេកទេស​ ILO​ ក៏​ស្នើសុំ​ជួបពិភាក្សា​ជា​លក្ខណៈ​បច្ចេកទេស​ជាមួយ​នាយកដ្ឋាន​ពេទ្យ​ការងារ​ និង​ ប.ស.ស​ ដែល​ជា​អង្គភាព​ពាក់ព័ន្ធ​ទៅ​នឹង​ការពង្រីក​ការ​ផ្តល់​សេវា​ទៅដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ទី៦​ បន្ទាប់ពី​បញ្ចប់​ការវាយតម្លៃ​នេះ​ ក្រុមការងារ​បច្ចេកទេស​នឹង​រៀបចំ​របាយការណ៍​ ដើម្បី​ដាក់​ឱ្យ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​ (GB​) នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​៕

ហេតុអ្វី​តំបន់​ទួលគោក​កាន់តែ​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​ខុន​ដូ​កាន់តែ​ច្រើន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ខណ្ឌ​ទួលគោក​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ លើ​អាគារ​សហ​កម្ម​សិទ្ធិ (ខុន​ដូ​) ដោយសារ​តំបន់​នេះ​បាន​ប្រែក្លាយ​ពី​តំបន់​លំនៅ​ដ្ឋាន​មក​ជា​តំបន់​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​កាន់តែ​រស់រវើក​។

ជាមួយនឹង​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ គម្រោង​ខុន​ដូ​ថ្មី​មួយ​ គឺ​ខុន​ដូ​ HCN​ Mall​ and​ Residence​ ដែល​បោះទុន​វិនិយោគ​ដោយ​វិនិយោគិន​ខែ្មរ​ និង​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ និង​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ២០២០ ខាងមុខ​ ពិសេស​គម្រោង​នេះ​បាន​និង​កំពុង​ទទួល​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ច្រើន​។

កញ្ញា​ ឃិន​ លីដា​ តំណាង​ផ្នែក​លក់​នៃ​គម្រោង​ខុន​ដូ​ HCN​ Mall​ and​ Residence​ បាន​ឲ្យដឹង​កាលពី​រសៀល​ថ្ងៃទី១៩​ មិថុនា ​កន្លងមក​ថា​ HCN​ Mall​ and​ Residence​ របស់​យើង​មាន​កម្ពស់​ចំនួន ២៣ជាន់​ ដែល​វា​នឹង​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ ដោយ​ចាប់ពី​ជាន់ទី១ដល់ទី៤​ វា​ជា​ផ្សារ​ទំនើប​ ដែល​មាន​រោងភាពយន្ត​ និង​កន្លែង​លក់​អីវ៉ាន់​ ហើយ​ជាន់ទី៥​ ជា​កន្លែង​សម្រាប់​កីឡា​ ដែល​មាន​អាងហែលទឹក​ធំ​ កន្លែង​ហាត់ប្រាណ​ ស្ទីម​ និង​សោ​នា​ និង​ចាប់ពី​ជាន់​ពី៦​ ឡើង​ទៅ​ ជា​យូនី​តខុន​ដូ​សុទ្ធ​។ គម្រោង​នេះ​មានផ្ទះ​សរុប​ចំនួន ៧២០​យូនី​ត។

ជាមួយនឹង​ការ​អភិ​វឌ្ឈ​ដោយ​ទំនួល​ខុសត្រូវ​ ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​ ក៏​យកចិត្ត​ទុកដាក់​លើ​ចំណតរថយន្ត​ ដែល​មាន​ធំ​ទូលាយ​សម្រាប់​អតិថិជន​ផង​ដែរ​។

គម្រោង​ខុន​ដូ​ HCN​ Mall​ and​ Residence​ ចាប់ផ្តើម​សង់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៨​ ហើយ​បច្ចុប្បន្ន​នេះ​គម្រោង​នេះ​ សាងសង់​បាន​ទី​ជាន់១៤​ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ​ ហើយ​គម្រោង​នេះ​នឹង​ប្រគល់​បន្ទប់​ជូន​អតិថិជន​ ខែធ្នូ​ ឆ្នាំ​ ២០២០​។ ខណៈ​ផ្សារ​ទំនើប​ក្នុង​គម្រោង​នេះ​រំពឹង​ថា​ នឹង​បើក​ដំណើរការ​ពាក់កណ្តាល​ឆ្នាំក្រោយ​។

កញ្ញា​ លីដា​បាន​ឲ្យដឹង​ទៀត​ថា​ “យើង​មាន​ប្រភេទ​បន្ទប់​ជា​ Studio​ Room​ និង ​Two​ Bedroom​ ហើយ​តម្លៃ​ចាប់ពី១​,១០០​ ដុល្លារ​ក្នុង​មួយ​ម៉ែ​តការ៉េ​ អាស្រ័យ​លើ​ប្រភេទ​បន្ទប់​ និង​ទីតាំង​របស់​បន្ទប់​”។ កញ្ញា​បាន​បន្ត​ថា​ “បច្ចុប្បន្ន​យើង​ដាក់​លក់​ខុន​ដូ​ចាប់​ជាន់ទី​ ៦ទៅ​ជាន់ទី១៧​ ស្មើ៤៤០យូនី​ត ហើយ​យើង​ទើបតែ​បាន​ចាប់ផ្តើម​លក់​កាលពី​ខែ​ មេសា​ ឆ្នាំ​ ២០១៩​ នេះ​ ខណៈ​អ្នកទិញ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ព្រោះ​យើង​យក​ជនជាតិ​ខ្មែរ​ជា​អតិថិជន​ទិសដៅ​របស់​យើង​ ហើ​តម្លៃ​ដាក់​លក់​ និង​ការ​បង់ប្រាក់​គឺ​ស្របតាម​អ្នក​នៅ​ស្រុក​ច្រើន​”។

គម្រោង​ខុន​ដូ​ HCN​ Mall​ and​ Residence​ ស្ថិតនៅ​លើ​ផ្លូវ៥១៦​ សង្កាត់​បឹងកក់​ ១ ខណ្ឌ​ ទួលគោក​ ភ្នំពេញ​។

កញ្ញា​លីដា​បាន​ឲ្យដឹង​ទៀត​ថា​ សម្រាប់​ទីតាំង​នេះ​ អតិថិជន​ដើរមើល​គម្រោ​ងផ្សេង​ៗច្រើន​ តែ​គាត់​ជ្រើសរើស​គម្រោង​យើង​។ ហើយ​ហេតុផល​របស់​គាត់​ឃើញ​ចំណតរថយន្ត​យើង​ច្រើន​ សំណង់​របស់​យើង​សាងសង់​ឡើងជា​រៀងរាល់ថ្ងៃ​ ហើយ​តម្លៃ​របស់​យើង​សមរម្យ​ជាងគេ​បើ​ធៀប​គម្រោ​ងៗ​ក្នុង​តំបន់​នេះ​ ហើយ​ទីតាំង​របស់​យើង​ជាប់​ផ្លូវ​ធំ​ និង​ជិត​ ផ្សារ​ទំ​បនើប​ TK​។ ពិសេស​ជាង​នេះ​ទៀត​ យើង​មានការ​ផ្តល់​ជួន​គ្រឿង​សង្ហា​រឹម​មួយ​ឈុត​ក្នុង​នោះ​រួមមាន​ ទូទឹកកក​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីនបោកខោអាវ​ និង​ទូរទស្សន៍​ដែល​នឹង​រៀបចំ​រួចរាល់​សម្រាប់​អតិថិជន​។

ជាមួយគ្នា​នេះ​លក្ខ​ខ​ណ្ឌ​បង់ប្រាក់​របស់​អតិថិជន​ ទិញ​គម្រោង​នេះ​មាន​ភាព​ងាយស្រួល​ ដោយក្រុម​ហ៊ុន​តម្រូវឲ្យ​អតិថិជន​បង់​មុន​ត្រឹមតែ ២៥ភាគរយ​ទេ​ ហើយ​អត្រា​ការប្រាក់​យើង​ត្រឹមតែ ០.៨៣​ ភា​គរយ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ភាគច្រើន​គម្រោ​ងផ្សេង​ៗដែល​អាគារ​របស់​គេ​សាងសង់​ជិត​បញ្ចប់​ គេ​តម្រូវឲ្យ​បង់ប្រាក់​មុន៤០ភាគរយ​។

កញ្ញ​លីដា​បាន​ថ្លែង​ “នា​ពេល​ខាងមុខនេះ​ការ​រស់​នៅក្នុង​ខុន​ដូ​ នឹង​កាន់តែ​ពេញនិយម​ ដោយសារតែ​ដី​ក្នុង​ទីក្រុង​ពិបាក​ រក​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ ប្រជាជន​ផ្លាស់​ប្តូរ​មក​រស់នៅ​ខុន​ដូ​ ដោយ​ចំណេញពេលវេលា​ ជិត​កន្លែង​ការងារ​ និង​មិន​កកស្ទះ​ចរាចរណ៍​”។

លេខ​ទូ​រស័ទ្ទ​ទំនាក់ទំនង​៖ 015 45 51 68​, 017 45 51 68​, 066​ 45 51 68​។

​ខណ្ឌ​ទួលគោក​ បាន​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កាលពី៥ឆ្នាំមុន ​ដោយសារ​ខណ្ឌ​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ផ្លូវ​ធំ​ទូលាយ​ លក្ខខណ្ឌ​ភូមិ​សាស្រ្ត​ល្អ​ ដែល​ធ្វើឲ្យ​បច្ចុប្បន្ន​មាន​គម្រោងវិនិយោគ​លើ​អាគារ​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចន្លោះ៣០ទៅ៤០គំរោង​បាន​និង​កំពុង​បើក​បើក​ដំណើរការ​ និង​សាងសង់​។

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​អាន​ សុធី​តា​បាន​មានប្រសាសន៍​ថា​ កាលពី​ឆ្នាំមុន​តម្លៃ​ដី​នៅ​ខ័ណ្ឌ​ទួលគោក​ បាន​កើនឡើង​រហូតដល់៥៨ភាគរយ​ ជា​កំណើន​ខ្ពស់​ជាង​បណ្តា​ខ័ណ្ឌ​ដទៃទៀត​ ដោយសារ​តំបន់​ទួលគោក​បាន​ប្រែក្លាយ​ពី​តំបន់​លំនៅ​ដ្ឋាន​ មក​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​ ពិ​សេ​សកំនើ​នប្រ​ជា​ជន​ និង​ជនបរទេស​កាន់តែ​ច្រើន​ចូល​ទៅ​រស់នៅ​តំបន់​នេះ​។

អ្នកនាង​បន្ត​ថា​ “ទីផ្សារ​ខុន​ដូ​នៅ​តំបន់​នេះ​ ចាប់ផ្តើម​មានការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ ខណៈ​តម្រូវការ​បាន​និង​កំពុង​កើនឡើង​ជាប្រចាំ​ ពិសេស​ចំនួន​អ្នក​រស់នៅ​ខុន​ដូ​ក្នុងចំណោម​ប្រជាជន​ខ្មែរ​បាន​កើនឡើង​ផង​ដែរ​៕

ចំណេះដឹង​! តើ​គម្រោង​វិនិយោគ​បែប​ណា​ទើប​ទទួល​បានការ​លើកលែង​ពន្ធគយ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អនុលោម​តាមច្បាប់​ស្តី​ពី​ វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានតែ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទេ​ ដែល​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​នេះ​។

គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហៅ​កាត់​ថា​ គ. ល. គ មានន័យថា​គម្រោង​វិនិយោគ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ ចុះបញ្ជី​ជាស្ថាពរ​។ ដើម្បី​ទទួលស្គាល់​ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈ​ សម្បត្តិ​គ្រប់គ្រាន់​ អ្នក​វិនិយោគ​ត្រូវ​ដាក់​សំណើ​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក​) ឬ អនុ​គណៈកម្មាធិការ​វិនិយោគ​ ខេត្ត​ រាជធានី​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​។

តាមពិត​គម្រោង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​មាន​បី​ប្រភេទ​ ដូចជា​ ១)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បម្រើ​ទីផ្សារ​ក្នុង​ស្រុក​ ២)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បម្រើ​ឲ្យ​ការនាំចេញ​ ៣)គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ជា​ឧស្សាហកម្ម​គាំទ្រ​។

យោង​តាម​អនុលោម​តាម​អនុក្រឹត្យ​លេខ១១១​ អន​ក្រ.បក​ ស្តី​ពី​ការអនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​បានការ​ លើកលែង​ពន្ធគយ​ទាំងស្រុង​ ឬជា​ភាគ​ផ្អែកលើ​ប្រភេទ​នី​មួយ​ៗនៃ​គម្រោង​ដូច​ខាងក្រោម​ ដូចជា​ ទី១​ ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បម្រើ​ទីផ្សារ​ក្នុង​ស្រុកៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​មិន​ បម្រើ​ឲ្យ​ការនាំចេញ​។

គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​សម្ភារ​បរិក្ខារ​ ផលិតកម្ម​ និង​សម្ភារ​សាងសង់​តែប៉ុណ្ណោះ​។ ក្នុងករណី​ដែល​គម្រោង​ប្រភេទ​នេះ​មានលទ្ធភាព​នាំចេញ​នូវ​ផ្នែក​ណាមួយ​ នៃ​ផលិតផល​ដែល​ផលិត​បាន​ដោយ​ផ្ទាល់​ ឬបាន​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​នាំចេញ​ បរិមាណ​ធាតុ​ចូល​ផលិតកម្ម​ ដែល​បាន​បង់ពន្ធ​នាំចូល​រួច​ យក​ទៅ​ផលិត​បម្រើការ​នាំចេញ​ដោយ​ផ្ទាល់​ ឬដោយប្រយោល​នោះ​ត្រូវ​បាន​ទទួលការ​លើកលែង​ពន្ធគយ​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​។

ទី២​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បម្រើ​ឲ្យ​ការ​នាំ​ចេ​ញៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​បាន​លក់​ ឬបាន​ផ្ទេរ​សមាមាត្រ​ណាមួយ​ នៃ​ផលិតផល​របស់​ខ្លួន​ទៅ​ឲ្យ​អ្នកទិញ​ ឬ អ្នកទទួល​នៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​សម្ភារ​បរិក្ខារ​ ផលិតកម្ម​ សម្ភារ​សាងសង់​ និង​ធាតុ​ចូល​ផលិតកម្ម​។

ដោយឡែក​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​ គ្រប់គ្រាន់​បម្រើ​ឲ្យ​ការនាំចេញ​ ដែល​ស្ថិតនៅ​ក្រោម​យន្តការ​ភណ្ឌាគារ​ផលិតកម្ម​ ក្រោម​ការគ្រប់គ្រង​ របស់​គយ​ ការលើកលែង​ពន្ធគយ​ត្រូវ​អនុវត្ត​ទៅតាមច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​របស់​យន្តការ​នោះ​។

​ធាតុ​ចូល​ផលិតកម្ម​ដែល​កែច្នៃ​ហើយ​មិនបាន​នាំចេញ​ ត្រូវ​បង់ពន្ធ​គយ​និង​អាករ​ឡើងវិញ​លើ​ធាតុ​ចូល​ ផលិតកម្ម​នា​ពេល​នាំចូល​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​។

ទី៣​ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដែល​ជា​ឧស្សាហកម្ម​គាំ​ទ្រៈ​ សំដៅ​ដល់​ គ.ល.គ​ ដែល​ផលិតផល​របស់​ខ្លួន១០០ ​(មួយ​រយ​) ភាគរយ​ត្រូវ​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្ម​នាំចេញ​ ជំនួស​វត្ថុធាតុដើម​ ឬសម្ភារ​បន្ទាប់បន្សំ​ដែល​តែងតែ​នាំចូល​។ គម្រោង​ប្រភេទ​នេះ​ ត្រូវ​បាន​លើកលែង​ពន្ធគយ​លើ​ការនាំចូល​ សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារ​សាងសង់​ និង​ធាតុ​ចូល​ផលិតកម្ម​។

ប៉ុន្តែ​ក្នុងករណី​ដែល​គម្រោង​ទាំងនេះ​ មិនបាន​ធ្វើការ​ផ្គត់ផ្គង១០០​ (មួយ​រយ​) ភាគរយ​ នៃ​ផលិតផល​ដែល​ផលិត​បាន​ទៅដល់​ឧស្សាហកម្ម​នាំចេញ​ ឬនាំចេញ​ដោយ​ផ្ទាល់​ទេ​នោះ​ គម្រោង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទាំងនោះ​ ត្រូវ​បង់ពន្ធ​និង​អាករ​ឡើងវិញ​ លើ​ធាតុ​ចូល​ផលិតកម្ម​នា​ពេល​នាំចូល​នូវ​បរិមាណ​ ដែល​មិនបាន​ផ្គត់ផ្គង់​ឲ្យ​ឧស្សាហកម្ម​នាំចេញ​ ឬ នាំចេញ​ដោយ​ផ្ទាល់​ ក្រោយពី​ការ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំត្រីមាស​៕