អាមេរិក​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល​បាន​នាំ​ផលិតផល​ចេញពី​ប្រទេស​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​: រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន​ចិន​ ដែល​បាន​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ (SSEZ​) ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​ ដែល​ជា​ការ​បញ្ជៀស​ការ​ដាក់​ពន្ធ​ពាណិជ្ជកម្ម​ របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ លើ​ទំនិញ​របស់​ចិន​។

លោក​ Arend​ Zwartjes​ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ Reuters​ នៅ​ថ្ងៃនេះ​ថា​ ក្រសួង​សន្តិសុខ​អាមេរិក​ (Department​ of​ Homeland​ Security​) បាន​ត្រួតពិនិត្យ​ និង​ពិន័យ​ដល់​ក្រុមហ៊ុន​មួយចំនួន​របស់​ចិន​សម្រាប់​ការ​គេចវេស​ការ​បង់ពន្ធ​ ក្នុង​ការនាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​កម្ពុជា​។

ក្រោម​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP ​របស់​សហរដ្ឋអាមេរិក​ ប្រទេស​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅ​អាមេរិក​ដោយ​ឥត​គិត​ពន្ធ​ ខណៈ​ដែល​ការនាំចេញ​ទំនិញ​របស់​ចិន​ទៅ​អាមេរិក​បាន​និង​កំពុង​កើនឡើង​តម្លៃ​ ដោយសារ​ការដំឡើង​ពន្ធ​ពីសំណាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​។

លោក​ Trump​ កាលពី​ខែមុន​បាន​បញ្ជា​ ឱ្យ​ដំឡើង​ពន្ធ​នាំចូល​ចំនួន២៥ភាគរយ​លើ​ទំនិញ​របស់​ចិន​ ដែល​មានតម្លៃ ២០០​ពាន់​លាន​ដុល្លារ​ ហើយ​បាន​គំរាម​បង្កើនផលិតផល​បន្ថែម​ទៀត​ដែល​មានតម្លៃ ៣០០ពាន់​លាន​ដុល្លារ​។

ឧស្សាហកម្ម​កាត់ដេរ​ ជា​ឧស្សាហកម្ម​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​មានតម្លៃ ៧ពាន់​លាន​ដុល្លារ​ ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​៕

រដ្ឋាភិបាល​ជប៉ុន​បន្ត​ចូលរួម​លើក​កំពស់​សេវា​សាធារណៈ​នៅ​ក្រុងភ្នំពេញ​ដោយ​ផ្តល់​រថយន្តក្រុង​ចំនួន៨០គ្រឿង​បន្ថែម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រគល់​រថយន្តក្រុង​ចំនួន៨០គ្រឿង​ បន្ថែម​ទៀត​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចូលរួម​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

រហូតមកដល់​ពេលនេះ​ រថយន្តក្រុង​សម្រាប់​ដឹក​អ្នកដំណើរ​សាធារណៈ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​រហូតដល់ ២៣៥​គ្រឿង​ ដែល​កំពុងតែ​រត់​ចរាចរណ៍​នៅ​លើ​ផ្លូវ​សំ​ខាន់​ៗចំនួន១៣ខ្សែ​ ខណៈ​ដែល​ចំនួន​អ្នកដំណើរ​តាម​រថយន្តក្រុង​ មានការ​កើនឡើង​ជាប្រចាំ​ប្រមាណ​ជាង២​-៣ ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។

មានប្រសាសន៍​នៅក្នុង​កម្មវិធី​ទទួល​រថយន្តក្រុង​ ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន៨០គ្រឿង​ និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​ ចំណតរថយន្ត​ក្រុង​ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី១៩​ មិថុនា​នេះ​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ចំនួន​រថយន្តក្រុង​មានការ​កើនឡើង​ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំនើរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​គម្រោង​រៀបចំ​សណ្តាប់​ធ្នាប់​ និង​រៀបចំ​បណ្តាញ​ផ្លូវ​មួយចំនួន​សម្រាប់​តែរ​ថយន្ត​ក្រុង​ចរាចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ “ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នេះ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​ តាម​រយៈ​​មធ្យោបាយ​សាធារណៈ​មួយ​នេះ​ ឱ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្តក្រុង​កាន់តែ​ល្អ​ លឿន​ជាង​មុន​ និង​មាន​សុវត្ថិភាព​ខ្ពស់​ ភាព​ទាក់ទាញ​អ្នក​ជិះ​បាន​កាន់​ច្រើន​នឹង​កើតមាន​ ដែល​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ផ្ទាល់​ខ្លួន​សម្ដៅ​ដល់​ការ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មានប្រសិទ្ធភាព​”។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ខិតខំ​កែ​លម្អ​យ៉ាងណា​ឱ្យ​សេវា​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​នេះ​ធ្វើដំណើរ​ទៀតទាត់​ ដោយមាន​ផ្លូវ​អាទិភាព​ និង​ផ្លូវ​ឯកទិស​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកបើកបរ​គោរព​ពេលវេលា​ទៀងទាត់​ ទាក់ទាញ​អ្នកធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​អាច​បង្វែរ​ពី​ការ​ធ្វើដំណើរ​ដោយ​ឯកជន​ មក​ធ្វើដំណើរ​រួម​តាមរយៈ​រថយន្តក្រុង​។ ចំណុច​នេះ​ បើ​ធ្វើ​បាន​ហើយ​គួបផ្សំ​នឹង​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​ការរៀបចំ​បញ្ហា​សណ្តាប់​ធ្នាប់​គ្រប់​ខណ្ឌ​ទំាង១៤​ នឹងអាច​សម្រេច​បានការ​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​ជួយ​សន្សំសំចៃ​ថវិកា​របស់​ប្រជាពលរដ្ឋ​ ទីក្រុង​ក៏​មាន​សណ្តាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​៕

ក្រុមហ៊ុន​សំណង់​ប្រទេស​កូរ៉េ​ចំនួន២៥​ ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ ​តាមរយៈ​ការសម្រប​សម្រួល​ និង​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ (KOTRA​) ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​ចំនួន២៥នឹង​បើក​កិច្ចពិភាក្សា​ការងារ​ និង​ស្វែងរក​ឱកាស​វិនិយោគ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។

នៅក្នុង​វេទិកា​នៃ​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​ឱកាស​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​កិច្ចសហការ​វិនិយោគ​ភាពជា​ដៃ​ រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​កូរ៉េ​ទាំង២៥​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ ភ្នំពេញ​ នៅ​ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង ១០ព្រឹក​ រហូតដល់​ដល់ម៉ោង៥ល្ងាចស្អែក​នេះ​ ក្រោម​ប្រធានបទ​ «Cambodia​-Korea​ Construction​ Road​ Show​ 2019​» តាមរយៈ​សមាគម​សំណង់​កម្ពុជា​ (CCA​)។

តាមរយៈ​វេទិកា​មួយ​នេះ​ បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​កូរ៉េ​ទាំង២៥​ មានឱកាស​បង្ហាញ​ពី​ផលិតផល​នានា​របស់​ខ្លួន​ មកកាន់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​នានា​នៅ​កម្ពុជា​ ដើម្បី​អាច​មានឱកាស​ទទួល​បាន​ចំណែក​ទីផ្សារ​ ឬចាប់​ដៃ​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​ កំពុងតែ​មានសន្ទុះ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​។

នៅពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កូរ៉េ​ ដែល​កំពុង​វិនិយោគ​ និង​មានដំណើរ​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សរុប​ច្រើនជាង១៦០០​ ក្រុមហ៊ុន​លើ​គ្រប់​វិស័យ​ដែល​ក្នុង​នោះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​ដើរតួ​ឈានមុខ​គេ​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​បង្ហាញ​នូវ​ក្ដី​សាទរ​ និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ សាងសង់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។ លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ និង​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ប្រទេស​កូរ៉េ​មាន​បច្ចេកវិទ្យា​ខ្ពស់​ នៅពេល​ដែលគេ​ចូល​មកកាន់​កម្ពុជា​ ក្រៅពី​អាច​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​បន្ថែម​លើ​សេដ្ឋកិច្ច​កម្ពុជា​ យើង​ក៏អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម​ថ្មី​ៗពី​វិស័យ​មួយ​នេះ​”។

លោក​ង៉ែត​ ជូ​ បាន​បន្ត​ថា​ “វា​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក្នុង​ការ​ចាប់ដៃ​ធ្វើជំនួញ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ធ្វើជា​ដៃគូ​វិញ​”៕

ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​ចិន​កំពុង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​

0

ដោយ​ វុត្ថា​

ពិភពលោក​៖ មហាសេដ្ឋី​អចលនទ្រព្យ​ចិន​បាន​ និង​កំពុង​គ្រប​ដណ្តប់៥០ភាគរយ​នៃ​មហាសេដ្ឋី​ពិភពលោក​អចលនទ្រព្យ​ពិភពលោក​ ដោយ​ប្រទេស​នេះ​មាន​មហាសេដ្ឋី​អចលនទ្រព្យ​រហូតដល់​ចំនួន១៣៩រូប​ នៃ​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​សរុប២៣៩រូប​ ដែល​ធ្វើ​ឱ្យ​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​ចិន​ បាន​វ៉ា​ដាច់​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​សហរដ្ឋអាមេរិក​។

យោង​តាម​ការ​ឱ្យ​ដឹងពី​គេហទំព័រ​ Hurun​ Global​ Real​ Estate​ List​ បាន​ចុះផ្សាយ​ថា​ មហាសេដ្ឋី​អចលនទ្រព្យ​សហរដ្ឋអាមេរិក​មាន​ចំនួន ២៦រូប​ ​និង​តាម​ពីក្រោយ​ដោយ​ប្រទេស​អង់គ្លេស​ដែល​មាន​ចំនួន១៧រូប​។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រទេស​ចិន​វិញ​ គឺ​គ្រាន់តែ​នៅ​ទីក្រុង​ហុងកុង​ មាន​មហាសេដ្ឋី​អចលនទ្រព្យ​រហូតដល់​ចំនួន ២៥រូប​រួច​ទៅ​ហើយ​។

លោក​ Rupert​ Hoogewerf​ ប្រធាន​ និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Hurun​ បានឱ្យ​ដឹង​ថា​ ការ​រីក​ចំរើន​នៃ​ការ​ធ្វើ​នគរូបនីយកម្ម​នៅ​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​មានការ​ផ្ទុះឡើង​ នូវ​អ្ន​កមាន​លទ្រព្យសម្បត្តិ​ច្រើន​ នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែល​ជា​លទ្ធផល​ប្រទេស​ចិន​ មាន​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ច្រើន​បំផុត​ នៅ​លើ​ពិភពលោក​រហូតដល់​សព្វថ្ងៃ​នេះ​។

ក្រុម​អ្នក​អភិវឌ្ឍន៍​ជនជាតិ​ចិន​ចំនួន៤រូប​ បាន​ដណ្ដើមយក​នូវ​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​តារាង​មហាសេដ្ឋី​អចលនទ្រព្យ​ពិភពលោក​ ដែល​មាន​រួមមាន​លោក​ Xu​ Jiayin​ ម្ចាស់​ក្រុម​ Evergrande​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ Shenzhen​ ជាប់​ចំណាត់ថ្នាក់​លេខ១​ ដោយមាន​លុយ​សរុប​ចំនួន៣៧ពាន់​លាន​ដុល្លារ​។

លោក​ Li​ Ka​-shing​ ម្ចាស់​ក្រុមហ៊ុន​ Cheung​ Kong​ Holdings​ របស់​ហុងកុង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ដែល​លោក​មាន​លុយ​សរុប​ចំនួន២៩ពាន់​លាន​ដុល្លារ​។

លោក​ Lee​ Shau​ Kee​ ម្ចាស់​ក្រុមហ៊ុន​ Henderson​ Development​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​លេខ៣​ ដែល​មាន​ទឹកប្រាក់២៧ពាន់​លាន​ដុល្លារ​។ និង​លោកស្រី​ Yang​ Huiyan​ ម្ចាស់​ក្រុមហ៊ុន​ Garden​ Country​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Foshan​បាន​ជាប់​ចំណាត់ថ្នាក់​ទី៤​ មាន​លុយ​ប្រមាណ​ចំនួន២៣ពាន់​លាន​ដុល្លារ​ ហើយ​លោកស្រី​ គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ស្ត្រី​តែម្នាក់​គត់​ ដែល​ស្ថិតនៅ​លំដាប់​តារាង​កំពូល​ទាំង១០​។

មហាសេដ្ឋី​អចលនទ្រព្យ​ ដែល​មាន​លុយ​ច្រើនជាង​គេ​បំផុត​នៅ​សហរដ្ឋអាមេរិក​ គឺ​លោក​ Donald​ Bren​ ប្រធាន​និង​ជា​ម្ចាស់​តែមួយគត់​ក្រុមហ៊ុន​អភិវឌ្ឍន៍​Irvine​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​ មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន១៧ពាន់​លាន​ដុល្លារ​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៨២​ ដោយមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន៣ពាន់​លាន​ដុល្លារ​។

យោង​តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ លោក​ Adam​ Neumann​ ពាណិជ្ជករ​ជនជាតិ​អ៊ីស្រាអែល​ កាន់​អាមេរិក​ជា​សហ​ស្ថាបនិក​ នៃ​ក្រុមហ៊ុន​ចែកចាយ​ការិយាល័យ​ WeWork​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​តែមួយគត់​ ដែល​មាន​អាយុ​ក្រោម៤០ឆ្នាំ​ ដែល​មាន​ ទ្រព្យសម្បត្តិ​សុទ្ធ​ មាន​ប្រមាណ​ចំនួន៦​,៥ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើន​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំមុន​។ ចំណូល​ថវិកា​របស់​ក្រុមហ៊ុន​លោក​ បាន​កើនឡើង​ទ្វេដង​ក្នុងរយៈពេល​ដូចគ្នា​រហូតដល់៤២ពាន់​លាន​ដុល្លារ​៕

ក្រុមអ្នកជំនាញ​ថា​ខ័ណ្ឌ​ឬស្សី​កែវ​មាន​សក្ដានុពល​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រៅពី​ខណ្ឌ​មួយចំនួន​ដែល​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ដូចជា​ខណ្ឌដូនពេញ​ ខណ្ឌទួលគោក​ ខណ្ឌ​បឹងកេងកង​ ខណ្ឌ​សែនសុខ​ និង​ខណ្ឌ៧មករា​ ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ទៅលើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ពេលនេះ​ខណ្ឌឫស្សីកែវ​ក៏​កំពុងតែ​ពង្រីក​សក្ដានុពល​ជាបន្តបន្ទាប់​ ពិសេស​ការ​អភិវឌ្ឍ​សំខាន់​គែ​ផ្តោត​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​។

ឫស្សីកែវ​ ជា​ខណ្ឌ​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ដែល​កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​បន្ទាប់ពី​ខណ្ឌ​សែនសុខ​។ ខណ្ឌ​នេះ​មាន​សង្កាត់​ចំនួន​ចំនួន៦​ ដូចជា​ សង្កាត់​ទួលសង្កែ​ ស្វាយប៉ាក​ គីឡូ​លេខ​ប្រាំមួយ​ ឫស្សីកែវ​ ច្រាំងចំរេះ​ ១ និង​ច្រាំងចំរេះ២​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Lucky​ Realty​ Co​,.Ltd​ លោក​ ឌិត​ ចណ្ណា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី១៩​ មិថុនា​នេះ​ថា​ ខណ្ឌឫស្សីកែវ​ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ មាន​ភាពល្អ​ប្រសើរ​ក្នុង​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ លោក​បន្ត​ថា​ យើង​ឃើញ​រួចហើយ​ សម្រាប់​ខណ្ឌ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ដែល​មាន​ភាព​រីកចម្រើន​ខ្លាំង​នោះ​គឺ​ខណ្ឌ​សែនសុខ​ ប៉ុន្តែ​ពេល​វា​បាន​ជម្រុ​ញសក្ដានុពល​មកដល់​ខណ្ឌឫស្សីកែវ​ផង​ដែរ​។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ “ខណ្ឌឫស្សីកែវ​មាន​ភាពល្អ​ប្រសើរ​ និង​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិត​សមរម្យ​តែម្ដង​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​តំបន់​ដែល​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​ លើ​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ចាប់ពី​តំបន់​ទួលសង្កែ​ ហើយ​វា​ក៏​កំពុងតែ​រីក​បន្ត​ទៅ​ទិសខាងជើង​”។ លោក​បាន​បន្ត​ទៀត​ថា​ “ នៅ​តំបន់​នេះ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ និង​មាន​វិសាលភាព​ធំ​ទូលាយ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ខណ្ឌឫស្សីកែវ​ សម្បូរទៅដោយ​រោងចក្រ​ ប៉ុន្តែ​ក្រោយពេល​អនុវត្ត​តាម​ក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ ដែល​ត្រូវ​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​។ ទីតាំង​ដែល​ធ្លាប់តែ​ជា​រោងចក្រ​នោះ​ នឹង​ជំនួស​ដោយ​ការ​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​។

​លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដី​ខណ្ឌ​ឬស្សី​កែវ​មានការ​កើនឡើង​រង្វង់៧ភាគរយ​ដើមឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំមុន​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​មួយ​នេះ​បាន​ជម្រុ​ញឱ្យ​តម្លៃ​ដីធ្លី​ មានការ​កើនឡើង​ដល់​ប្រមាណ​ជាង​ ២,០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ស្ថិត​តាមផ្លូវ​ធំ​ និង​ទាប​ជាង​នេះ​ដែល​អាស្រ័យ​ទៅតាម​ទីតាំង​ នៃ​ទីប្រជុំជន​ និង​ស្ថានភាព​ដី​ ខណៈ​តម្លៃ​លំនៅឋាន​អាច​មានតម្លៃ​រហូតដល់ ៣០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង​”៕

ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ចប់​ការសាងសង់​ពហុ​កីឡដ្ឋាន​តម្លៃ​ ៩១លាន​ដុល្លារ​នៅ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ ​វុត្ថា​

ឥណ្ឌូ​នេ​ស៊ី​៖​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ឲ្យដឹង​ថា​ ខ្លួន​នឹង​បញ្ចប់​ការ​សាង​សាង់​នូវ​ពហុ​កីឡដ្ឋាន​អន្តរជាតិ​ ដែល​មានតម្លៃ៩១លាន​ដុល្លារ​នៅ​ចុងឆ្នាំ​ ២០១៩​ នេះ​ ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់​ និង​ត្រៀម​ប្រកួត​កីឡា​ថា្នក់​ជាតិ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​។

យោង​តាម​សារព័ត៌មាន​នៅក្នុង​ស្រុក​ចុះផ្សាយ​នៅ​ទី១៩​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ ការសាងសង់​ពហុ​កីឡដ្ឋាន​ដែល​មានឈ្មោះ​ Papua ​នេះ​ ស្ទើរតែ​ជិត​រួចរាល់​ ១០០​% ហើយ​រហូតមកដល់​ពេលនេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

សារព័ត៌មាន​ដដែល​បន្ត​ថា​ នេះ​ជា​កីឡដ្ឋាន​ដ៏​សំខាន់​ និង​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​សមត្ថភាព​ផ្ទុក​កៅអី​បាន​ចំនួន​ជិត៤០​,០០០​ ដែល​ជា​ប្រភេទ​កៅអី​ស្តង់ដារ​អន្តរជាតិ​។

លោក​ Joko​ Widodo​ ប្រធានាធិបតី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យដឹង​ថា​ ពហុ​កី​ឡដ្ឋា​ជាតិនេះ​ នឹង​ត្រូវ​រៀបចំ​ការប្រកួត​កីឡា​ជាតិ​ឆ្នាំ២០២០ខាងមុខនេះ​ ហើយ​ការសាងសង់​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។

បើ​តាម​លោក​ Widodo​ បានឱ្យ​ដឹង​ថា​ ការ​ចំណាយ​លើ​ការសាងសង់​នូវ​ពហុកីឡាដ្ឋាន​ជាតិ​ទទួល​បាន​ថវិ​កា​ពី​មូ​និធិ​តំបន់​ (Regional​ Fund​) ខណៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទទួល​បាន​ពី​ថវិកា​ថ្នាក់​ជាតិ​ (State​ Budgets​) ។

ពហុ​កីឡដ្ឋាន​ជាតិ​ Papua​ Bangkit​ Stadium​ ដែល​ជិតនឹង​សាងសង់​បញ្ចប់​នេះ​ ត្រូវ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន១.៣​ Rp​ (លុយ​ឥណ្ឌូ​នេ​ស៊ី​) ស្មើនឹង ៩១លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​ហើយ​វា​នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ដ៏​ធំ​បំផុត​ និង​ខ្នាត​អន្តរជាតិ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ពហុ​កីឡដ្ឋាន​នេះ​ សាងសង់​ឡើង​ស្រប​ស្តង់ដារ​ FIFA​ ដែល​មាន​ទីលាន​ទាត់​បាត់​ និង​ទីលាន​កី​ឡផ្សេងទៀត​ រួម​ជាមួយនឹង​កន្លែង​ហ្វឹកហាត់​កីឡា​ជាច្រើន​ផង​ដែរ​៕

សម្តេច​តេជោ​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នៅ​ចុង​សប្តាហ៍​នេះ

0

​ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ចាប់ពី​ថ្ងៃទី​ ២២​ ដល់​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នៅ​ទីក្រុង​បា​កក​ ប្រទេស​ថៃ​ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ច័ន្ធអូ​ចា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៩​ ខែមិថុនា​ ឆ្នាំ​ ​២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នេះ​ ក្រោម​មូលបទ​ “ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​” នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពង្រឹង​កុងសង់ស៊ីស​ ក្នុងចំណោម​សមាជិក​អាស៊ាន​ ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មី​ៗ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឱ្យ​អាស៊ាន​ឈាន​ទៅកាន់​កម្រិតខ្ពស់​ថែមទៀត​ ប្រកបដោយ​ចីរភាព​ និង​មានការ​តភ្ជាប់​ដោយ​រលូន​។

ស្រប​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ នេះ​ សម្តេ​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​កម្មវិធី​មួយចំនួន​ដូចជា​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន​ និង​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាំ​ស៊ាន​។

ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ នេះ​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នឹង​ចូលរួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ កិច្ចប្រជុំ​លើក​ទី១៩​ របស់​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-សន្តិសុខ​អាស៊ាន​ និង​កិច្ចប្រជុំ​លើក​ទី២៣​ របស់​ក្រុម​ប្រឹ​ក្សា​សម្រប់​សម្រួល​អាស៊ាន​ ដែល​កិច្ចប្រជុំ​ទាំងនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​ ២១​-២២​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។

មានការ​រំពឹង​ទុក​ថា​ លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នេះ​ នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការជំរុញ​ដំណើរការ​កសាង​សហគមន៍​ និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅក្នុងចំណោម​បញ្ហា​ផ្សេង​ៗទៀត​ ដើម្បី​សម្របសម្រួល​ឱ្យ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​ យូរអង្វែង​ក្នុង​តំបន់​ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕

ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ បោះទុន​ ៥៥លាន​ដុល្លារ​សាងសង់​ឧទ្យាន​ Angkor​ Water​ park​ ក្នុង​ក្រុងភ្នំពេញ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ឧទ្យាន​ទឹក​ដ៏​ធំ​មួយ​ដែល​មាន​ទំហំ​ទុន​វិនិយោគ៥៥លាន​ដុល្លារ​ នឹង​ត្រូវ​រៀបចំឡើង​នៅក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ (LYP​ Group​) របស់​លោក​ឧកញ៉ា​លីយ៉ុង​ផាត់​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ គម្រោង​ហៅថា​សួន​ទឹក​អង្គរ​ (Angkor​ Water​ Park​) ដែល​អភិវឌ្ឍ​ដោយ​ដោយក្រុម​ហ៊ុន​ White​ Water​ Group​ មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​គ្រោង​នឹង​បើក​នៅ​ចុងឆ្នាំ​នេះ​។

ឧទ្យាន​ទឹក​នេះ​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន៦ហិ​កតា​ ហើយនឹង​ត្រូវ​ស្ថិតនៅ​ក្បែរ​សួនសត្វ​ Safari​ World​ LYP​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ LYP​ Group ​បានឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​នេះ​នឹង​មាន​ទំហំ​ធំជាង​សួន​ទឹក​របស់​ក្រុមហ៊ុន​ Cartoon​ Network​ នៅក្នុង​ទីក្រុង​ Pattaya​ ប្រទេស​ថៃ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ​LYP​ GROUP​ ធ្លាប់​បាន​ថ្លែង​ថា​ សួន​ទឹក​កម្សាន្ត​ Angkor​ Water​ Park​ នេះ​ ទទួល​សិទ្ធិ​សាងសង់​ដោយក្រុម​ហ៊ុន​ វ៉ា​យ វ៉​តធើ​ (White​ Water​) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ ផ្នែកការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែម្តង​។ លោក​បន្ត​ថា​ ដោយសារតែ​មើលឃើញ​ថា​ នៅ​រាជធានី​ភ្នំពេញ​ ខ្វះ​កន្លែង​កម្សាន្ត​កម្រិត​ស្តង់ដារ​អន្តរជាតិ​បែបនេះ​ ហើយ​ទើប​ក្រុមហ៊ុន​លោក​សម្រេចចិត្ត​សាងសង់​សួន​ទឹក​កម្សាន្ត​ដ៏​ធំជាង​គេ​មួយ​នេះ​ឡើង​ ដើម្បី​ផ្តល់​សេវាកម្ម​កំសាន្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​កន្លែង​កំសាន្ត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ​។

លោក​ ហូ​ វណ្ឌី​ អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ឲ្យដឹង​ដែរ​ថា​ បន្ទាប់ពី​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​មួយ​នេះ​ សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ២០១៩នេះ​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពីក្រៅ​ស្រុក​ មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​ បន្ថែម​ពីនេះ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ នឹង​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​ផង​ដែរ​ជាពិសេស​យុវជន​ ព្រោះ​នេះ​ជា​គម្រោង​ដ៏​ធំ​ និង​ទី១របស់​បក​ម្ពុ​ជា​។

លោក​បន្ត​ថា​ “នៅពេល​មាន​ភ្ញៀវ​មកលេង​កាន់តែ​ច្រើន​ នឹង​ធ្វើឲ្យ​សេវ​កម្ម​ផ្សេង​ជាច្រើន​ទៀត​នឹង​កើតឡើង​ផង​ដែរ​ សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​”។

សួន​កម្សាន្ត​ចុងក្រោយ​របស់​ក្រុមហ៊ុន​ LYP​ Group​ ដែល​មានឈ្មោះ​ថា​ Safari​ World​ មានតម្លៃ១០លាន​ដុល្លារ​ និង​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៨​៕

តើ​ប័ណ្ណ​កម្ម​សិទ្ធិ​នៃ​ខុន​ដូ​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មាន​ចម្ងល់​ជាច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ទិញ​ខុន​ដូ​ និង​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់​ លើ​អាគារ​បែប​សហ​កម្ម​សិទ្ឋ​នេះ​។ តើ​ក្រោយពេល​ទិញ​ខុន​ដូ​ អាច​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ ឬប្លង់​ ដូច​ការទិញ​ដី​ និង​ទិញ​ផ្ទះ​ដែរ​ឬទេ​ ហើយ​មាន​សុពលភាព​កក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ប៉ុន្មាន​ឆ្នាំ​?។

​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​ខុន​ដូ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​ គឺ​អតិថិជន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​បែងចែក​ជា២ករណី​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “សម្រាប់​អ្នកទិញ​ អាច​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ដែល​ចេញ​ និង​ទទួលស្គាល់​ដោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បន្ទាប់ពី​សំណង់​ខុន​ដូ​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ជាស្ថាពរ​”។

ប័ណ្ណ​កម្មសិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​ ក៏​ត្រូវ​បាន​បែងចែក​ចេញពី​គ្នា​ចំនួន២ករណី​ផង​ដែរ​ រវាង​សិទ្ធិ​ជា​ម្ចាស់​ផ្តាច់​មុខ​ និង​សិទ្ធិ​ជា​ម្ចាស់​មាន​ពេលកំណត់​”។ ប័ណ្ណ​កម្មសិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​ផ្ដាច់មុខ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ចំពោះ​ខុន​ដូ​ទាំងឡាយ​ណា​ ដែល​អ្នក​អភិវឌ្ឍន៍​បាន​ទិញ​ផ្តាច់​មុខ​ពី​ម្ចាស់ដី​ ដោយ​មិន​មានការ​កំណត់​រយៈពេល​សង់​ត្រឡប់​ (Freehold​)។

ទី២​ ចំពោះ​ប័ណ្ណ​កម្មសិទ្ធិ​ ក្នុងនាម​ជា​ម្ចាស់​មាន​រយៈពេល​កំណត់​ គឺ​ត្រូវ​បាន​ធ្វើឡើង​ចំពោះ​ខុន​ដូ​ទាំងឡាយ​ណា​ ដែល​អ្នក​អភិវឌ្ឍ​សាងសង់​នៅ​លើ​ដី​ ដែល​មាន​កិច្ចសន្យា​ជួល​ (Leafehold​)”។ ហេតុនេះ​ ប្រសិនបើ​អ្នក​អភិវឌ្ឍ​សាងសង់​ខុន​ដូ​នៅ​លើ​បរិវេណ​ដី​ ដែល​ជួល​ក្នុងរយៈពេល ៥០ឆ្នាំ​ត្រូវ​សង​ត្រឡប់​ នោះ​បានន័យ​ថា​ សិទ្ធិ​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​អ្នកទិញ​ខុន​ដូ​ ក៏​ត្រូវ​បាន​កំណត់​ត្រឹម​រយៈពេល៥០ឆ្នាំ​ដូចគ្នា​។

កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ក្រើនរំលឹក​ផង​ដែរ​ថា​ មុន​ពេល​សម្រេចចិត្ត​ទិញ​ខុន​ដូ​ អ្នកទិញ​ត្រូវតែ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ពី​កាលកំណត់​សុពលភាព​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​ ដើម្បី​ចៀសវាង​ការ​ជួបនឹង​ហានិភ័យ​ដោយ​ប្រការ​ណាមួយ​៕

ភ្ញៀវ​ទេសចរ​ចិន​ទៅ​អូស្ត្រាលី​ធ្លាក់ចុះ​ ខណៈ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​កាន់តែ​ច្រើន​មក​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ វិស័យ​ទេសចរណ៍​អូស្ត្រាលី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ខណៈ​ភ្ញៀវ​ទេសចរ​ចិន​ ដែល​បាន​ចំណាយ​ថវិកា​ជិត៨ពាន់​លាន​ដុល្លារ​ ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​អូស្ត្រាលី​ប្រចាំឆ្នាំ​ បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​សម្រាប់​វិស្សមកាល​របស់​ពួកគេ​នៅ​។

ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន១៥ភាគរយ​ នៃ​ទីផ្សារ​ទេសចរណ៍​អូស្ត្រាលី​ទាំងមូល​ ហើយ​ជា​ភ្ញៀវ​ទេសចរ​ដែល​ចូលរួម​ ជំរុញ​ឲ្យ​ការ​រីក​ចំ​រើន​ថ្មី​ៗនៅក្នុង​វិស័យ​នេះ​។ របាយ​កា​រណ៍​ថ្មី​ៗដែល​ធ្វើ​ដោយ​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​ (ABS​) បាន​រក​ឃើញថា​ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ទៅ​ទស្សនា​អូស្ត្រាលី​ បាន​ធ្លាក់ចុះ​ប្រហែល៦ភាគរយ​ នៅក្នុង​ខែមេសា​ និង​បន្ត​ធ្លាក់ចុះ​ជាបន្តបន្ទាប់​។

ក្រុម​អ្នកវិភាគ​របស់​ធនាគារ​ America​ Merrill​ Lynch​ បាន​រាយការណ៍​ថា​ អ្នកទេសចរ​ចិន​កំពុង​ជ្រើសរើស​ មកកាន់​ប្រទេស​កម្ពុជា​យ៉ាងច្រើន​កើនឡើង ៣៧ភាគរយ​ នៅក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ​។

យោង​តាម​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ចិន​ជិត៨៨៧​,០៣៩នាក់​បាន​មកលេង​កម្ពុជា​ក្នុងរយៈពេល ៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។

យោង​តាម​រដ្ឋមន្ត្រី​ទេសចរណ៍​ លោក​ថោង​ ខុន​ បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​វិស័យ​ទេសចរណ៍​រកចំណូល​បាន​ប្រហែល ៤​,៣ពាន់​លាន​ដុល្លារ​៕