ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កើនឡើង៥ភាគរយ​ ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​អាស៊ី​៖​ ​ទំហំ​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ២០១៩នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង៥ភាគរយ​ ​បើ​ទោះបី​បន្ត​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​-​អាមេរិក​ ​រួម​ជាមួយនឹង​បញ្ហា​នៅ​សហភាព​អឺរ៉ុប​ជុំវិញ​នៃ​ការ​ច​ចារ​ដកខ្លួន​ចេញ​របស់​ចក្រភព​អង់គ្លេស​យ៉ាង​ក្តី​។​

​លោក​ ​Stuart​ ​Crow​ ​ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​JLL​ ​Asia​ ​Pacific​ ​បាន​ប្រាប់​សារព័ត៌មាន​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​
​វិ​ស័យ​អល​ចន​ទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​ ​នៅតែ​បន្ត​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នក​វិនិយោគ​ដដែល​ ​ហើយនឹង​ទទួលផល​ប្រយោជន៍​ច្រើន​ ​និង​ចំណូល​ខ្ពស់​លើ​វិស័យ​មួយ​នេះ​។​ ​

​លោក​បន្ត​ថា​ ​តម្រូវការ​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅតែ​បន្ត​កើនឡើង​ខ្លាំង​ ​ព្រោះ​វា​មូលដ្ឋាន​គ្រឹះ​ភូមិសាស្ត្រ​ដែល​មានការ​រីកចម្រើន​ខ្លាំង​ ​ហើយ​តំបន់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មាន​ចំនួន​ប្រជាពលរដ្ឋ​កើន​ដល់៤០០​ ​លាន​នាក់​នៅក្នុង​ឆ្នាំ២០២៧​ ​ខណៈ​ចំនួន​មនុស្ស​ចាប់ពី​វ័យ៦៥ឆ្នាំ​ឡើង​ ​នឹង​កើន១៤៦​ ​លាន​នាក់​ក្នុងរយៈពេល១០ខាងមុខនេះ​។​ ​

​លោក​បន្ថែម​ថា​ ​សម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម​អិ​ឡិក​ត្រូ​និក​ ​(​E​-​commerce​)​ ​ក្នុង​តំបន់​នេះ​ ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ​ក៏​នឹង​កើន​ដល់១.៦​ ​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២១​។​

​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ ​JLL​ ​Asia​ ​Pacific​ ​បាន​បង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ ​ការ​កើនឡើង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ប៉ា​ហ្វិ​ក​ ​ដោយសារ​កត្តា​ចំនួន៥​ ​រួមមាន​ ​ទី១​ ​ការ​កើ​ឡើង​នៃ​ចំ​នួន​ប្រ​ជ​ជន​ ​ដែល​ធ្វើអោយ​តម្រូវ​ការ​អល​ចន​ទ្រព្យ​ ​ក៏​មានការ​កើនឡើង​ដូចគ្នា​ ​ទី២​ ​ការ​កើនឡើង​នៃ​ចំនួន​ពាណិជ្ជកម្ម​ដែល​ធ្វើ​តម្រូវការ​នៃ​អគារ​ជួល​ ​និង​ការិយាល័យ​ធ្វើការ​ ​ទី៣​ ​ការ​កើនឡើង​លើ​វិស័យ​ដឹកជញ្ជូន​ ​(​Logistic​)​ ​និង​ ​ឃ្លាំង​ស្តុក​ទំនិញ​។​

​ទី៤​ ​ការ​កើន​នៃ​ធនាគារ​ដែល​អាច​ផ្តល់​ប្រាក់​កម្ចី​ផ្សេង​ៗ​ ​យក​ទៅ​បង្កើត​អាជីវកម្ម​ ​និង​ពាណិជ្ជកម្ម​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទាំង​ទ្វីបអាស៊ី​អាមេរិក​ ​និង​អឺរ៉ុប​ ​និង​ទី៥​ ​គោលនយោបាយ​នៃ​ការបង្កើត​ឡើង​នូវ​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​ជាច្រើន​របស់​ប្រទេស​នៅក្នុង​ប្រទេស​ទាំងនោះ​៕​

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​រៀបចំ​ទីក្រុង​ថ្មី​មួយ​នៅក្នុង​ខេត្តសៀមរាប​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​ ​កំពុង​ចាប់ផ្តើម​សិក្សា​ផែនការមេ​ដើម្បី​រៀបចំ​ទីក្រុង​ថ្មី​មួយ​នៅក្នុង​ខេត្តសៀមរាប​ ​និង​រៀបចំ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ដើម្បី​ផ្តល់​ជា​លំនៅ​ដ្ឋាន​ទី២​ ​សំរាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ ​ថោង​ ​ខុន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី១៩​ ​មេសា​កន្លងមក​ថា​ ​ក្នុង​ផែនការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ ​និង​ផលិតផល​ទេសចរណ៍​ ​រដ្ឋាភិបាល​បាន​និង​កំពុង​សិក្សា​ផែនការមេ​ ​ដែល​ចំណាយ​រយៈពេល៦ខែ​ ​ដើម្បី​រៀបចំ​ទីក្រុង​ថ្មី​មួយ​នៅក្នុង​ខេត្តសៀមរាប​ ​និង​តំបន់​ទេសចរណ៍​បែបជា​ផ្ទះ​ទី២សំរាប់​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​។​ ​លោក​បន្ត​ថា​ ​គំរោង​ ​Second​ ​Home​ ​ឬ​ផ្ទះ​ទី២សំរាប់​ភ្ញៀវ​ទេសចរណ៍​នេះ​ ​អាច​រៀបចំ​បាន​នៅ​ទូទាំង​ប្រទេស​ ​សំរាប់​ទីតាំង​ដែល​មាន​ភាព​សមស្រប​ ​ដែល​អាច​ទទួល​និង​ផ្តល់​សេវា​សន្តិសុខ​ ​និង​បដិសណ្ឋារ​កិច្ច​ជូន​ភ្ញៀវ​ទេសចរណ៍​បាន​ល្អ​។​

​លោក​បន្ត​ថា​ ​“​វិស័យ​ឯកជន​ដែល​មាន​ដី​ចាប់ពី​ ​១០០ហិ​ក​តា​ឡើង​ ​អាច​រៀបចំផ្ទះ​ទី២សំរាប់​ភ្ញៀវ​ទេសចរណ៍​ ​ហើយ​ពួកគេ​អាច​លើក​ពី​គំរោង​អភិវឌ្ឍន៍​របស់​ពួកគេ​ ​ដា​ក់​ជូន​រ​ ​ដ្ឋា​ភិបាល​សម្រេច​”​។​ ​លោក​បន្ត​ថា​ ​“​រដ្ឋាភិបាល​នឹង​ជួយ​វិស័យ​ឯកជន​តាមរយៈ​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ដូចជា​ទឹក​ ​ភ្លើង​ ​ផ្លូវ​ ​ហើយ​វិស័យ​ឯកជន​ជា​អ្នក​បោះទុន​លើ​ការ​វិនិយោគ​ផ្ទាល់​”​។​
​ទាក់ទង​នឹង​ផែនការ​រៀបចំ​ទីក្រុង​ថ្មី​ ​នៅ​ខេត្តសៀមរាប​ ​លោក​រដ្ឋមន្រ្តី​មិនទាន់​បញ្ជាក់ឲ្យដឹង​ពីទី​តាំង​ ​ទំហំ​ទុន​វិនិយោគ​ ​និង​ពេលវេលា​ដែល​ត្រូវ​ធ្វើ​នៅឡើយ​ទេ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ក្រោយ​ការសិក្សា​ចប់​រយៈពេល ៦ខែ​ ​ទើប​យើង​អាច​ដឹងពី​ផែនការ​លំអិត​។​

​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​មិនទាន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលនិវត្តន៍​ ​មកកាន់​កម្ពុជា​បាន​ច្រើន​នៅឡើយ​ទេ​ ​ព្រោះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​ការរៀបចំ​មិនទាន់​បាន​ល្អ​ប្រសើរ​ ​ប៉ុន្តែ​បើសិនជា​យើង​រៀបចំ​បាន​ល្អ​ប្រសើរ​ ​ទាំង​សេវាកម្ម​បដិសណ្ឋារ​កិច្ច​ ​ទាំង​សន្តិសុខ​ ​អនាម័យ​ ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ ​កម្ពុជា​ពិតជា​មាន​សក្តា​នុ​ពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រភេទ​នេះ​បាន​ច្រើន​។​

​លោក​បន្ត​ថា​ ​“​នៅ​ប្រទេសជិតខាង​កម្ពុជា​ ​ពិសេស​ប្រទេស​ថៃ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​បាន​ច្រើន​ ​ដោយសារ​ពួកគេ​រៀបចំ​បាន​ល្អ​ ​លើ​សេវាកម្ម​ពាក់​ព័ន្​ឋ​នឹង​វិស័យ​នេះ​”​៕​

ដំណឹងល្អ​៖​ ​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ទូរថភ្លើង​ ​៤គ្រឿង​ដល់​កម្ពុជា​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ ​និង​ប្រគល់​ទូរថភ្លើង​ចំនួន៤គ្រឿង​ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​នៅ​ស្ថានីយ៍​រថភ្លើង​នា​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​មុន​ពេល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ ​នឹង​អញ្ជើញ​ជិះ​រថភ្លើង​រួមគ្នា​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​រថភ្លើង​ចំនួន៤ទូ​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដោយ​រាជរដ្ឋាភិបាល​ថៃ​មក​កម្ពុជា​ ​បាន​បញ្ជូន​មក​ស្ថានីយ​ប៉ោយប៉ែត​ ​កាលពី​ព្រឹក​ទី១៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដើម្បី​សាកល្បង​ ​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ​មុននឹង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ជិះ​រថភ្លើង​ពី​ស្ថានីយ​បាន​ខ្ល​ង​លឹ​ក​របស់​ថៃ​មកកាន់​ស្ថានីយ​ប៉ោយប៉ែត​ ​។​

​រថភ្លើង​មួយ​ខ្សែ​នេះ​មាន​ចំនួន៤ទូ​ ​និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា៣២០នាក់​។​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​។​ ​កិច្ចប្រជុំ​នេះ​ ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួងការបទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​កងយោធពល​ខេមរភូមិន្ទ​ ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​ ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ​និង​អ​ជ្ញា​ធរ​ពាក់ព័ន្ធ​។​

​នៅ​ថ្ងៃច័ន្ទ​ទី២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​បាន​ឯកភាព​គ្នា​គ្រោង​នឹង​រៀបចំ​កម្មវិធី​ ​ក្រោម​អធិបតីភាព​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ដែល​មាន​របៀបវារៈ​សំ​ខាន់​ៗ​ ​ដូច​ខាងក្រោម​ ​ដូចជា​ ​ទី១​-​ ​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​ ​មិត្តភាព​កម្ពុជា​-​ថៃ​ ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ ​ទី​ ​២​-​ ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ទី​ ​៣​-​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​ ​លើ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ​និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង​ ​(​DMU​)​ ​អំណោយ​របស់​រាជរដ្ឋាភិបាល​ ​ព្រះរាជាណាចក្រ​ថៃ​ ​ជូន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទី៤​-​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ប្រទេស​ទាំងពីរ​ ​នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បាន​ខ្ល​ង​លឹ​ក​ ​មក​ស្ថានីយ​ប៉ោយប៉ែត​៕​

ចង់​ជោគជ័យ​លើ​អាជីវកម្ម​ដាច់ខាត​ត្រូវ​អនុវត្ត​ចំណុច​ទាំង​ ​៩នេះ​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​នៅ​លើ​ទីផ្សារ​នៃ​ការ​ធ្វើជំនួញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​លោកអ្នក​ចាំបាច់​ត្រូវតែ​មាន​ភាព​បត់បែន​តាម​កាលៈទេសៈ​ ​និង​មានចំណេះ​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ផែនការអាជីវកម្ម​ជាមុន​។​ ​មាន​មនុស្សជា​ច្រើន​បាន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ ​ហើយក៏​បិទទ្វារ​ទៅវិញ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​ដោយសារតែ​ពួ​គេ​ទាំងនោះ​គិតថា​ ​ការ​បើ​អាជីវកម្ម​ ​ឬ​ផ្តើម​ធ្វើជំនួញ​ជា​រឿង​ងាយស្រួល​ដូច​បើកទ្វារ​ការិយាល័យ​ ​សំខាន់​ឱ្យ​តែ​មាន​លុយ​ដំណើរការ​ ​។​ ​តាមពិត​ទៅ​ការ​រកលុយ​ក្នុង​អាជីវកម្ម​ ​គឺ​មាន​ភាព​ពិបាក​ជាង​អ្វី​ៗ​ដែល​ពួ​គ​បាន​គិត​ ​។​

​ជា​ការចូលរួម​ចំណែក​ចែក​ជា​គំនិត​ ​និង​ ​ដឹង​ខ្លី​ៗ​ក្នុង​ការបង្កើត​អាជីវកម្ម​ ​គេហទំព័រ​ ​Propertyarea.asia​ ​សូម​លើកយក​គន្លឹះ​ខ្លះ​ដែល​អ្នក​ជោគជ័យ​ ​លើ​អាជីវកម្ម​បាន​ចារទុក​ជា​តម្រា​ ​មក​បង្ហាញ​លោកអ្នក​ ​ដើម្បី​ចាប់​អនុវត្ត​ ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លូន​ ​ដែល​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​នោះ​រួមមាន​ដូចជា​ ​៖

​ត្រូវ​មានការ​រៀបចំផែនការ​មុន​ ​

​ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​លោក​ ​អ្នក​ត្រូវ​មានការ​រៀបចំផែនការ​ទុកមុន​អោយ​បាន​រួចរាល់​។​ ​ជាពិសេស​រៀបចំ​រចនាសម្ព័ន្ធ​ ​និង​ជួយ​អ្នក​ឱ្យ​បំពេញភារកិច្ច​តាម​ផែនការ​ ​ហើយ​បន្ត​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​។​ ​វិធី​ល្អ​ក្នុង​ការ​ធ្វើ​ដូច្នេះ​ ​គឺ​បង្កើត​បញ្ជី​រកា​រងា​រ​ ​ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​។​ ​នៅពេល​អ្នក​បញ្ចប់​ធាតុ​និ​មួយ​ៗ​ ​សូម​ពិនិត្យមើល​ចំពោះ​បញ្ជី​ទាំងនោះ​ឡើងវិញ​។​ ​

​បន្ត​កត់ត្រា​អោយ​លម្អិត​ ​

​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ទាំងអស់​ ​ត្រូវ​មានកំណត់​ត្រា​ឲ្យបាន​ ​លម្អិត​ ​និង​ជាក់លាក់​។​ ​កំណត់ត្រា​លំអិត​នេះ​ហើយ​ ​ដែល​អាច​ឲ្យ​អ្នក​នឹង​ដឹង​ថា​តើ​ជំនួញ​ត្រូវ​ចំណាយ​ហិរញ្ញវត្ថុ​ប៉ុន្មាន​ ​និង​អ្វី​ដែល​អ្នក​អាច​ប្រឈម​។​ ​គ្រាន់តែ​ដឹងរឿង​នេះ​ ​ផ្តល់​ឱ្យ​អ្នក​នូវ​ពេលវេលា​ ​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ ​ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​។​

​ធ្វើការវិភាគ​ក្នុង​ការប្រកួត​ប្រជែង​ ​

​ការប្រកួត​ប្រជែង​បង្កើត​បាន​លទ្ធផល​ល្អ​បំផុត​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​អ្នក​មិន​អាច​ខ្លាច​រៀន​ ​និង​រៀន​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកនោះ​ឡើយ​។​ ​យ៉ាងណាមិញ​ ​ពួកគេ​អាច​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ ​ដែល​អ្នក​អាច​អនុវត្ត​នៅក្នុង​អាជីវកម្ម​របស់​អ្នក​ ​ដើម្បី​រក​ប្រាក់​បាន​ច្រើន​។​

​ត្រូវ​យល់ដឹង​ពី​ហានិភ័យ​ ​និង​ពានរង្វាន់​ ​

​គន្លឹះ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ ​គឺ​ការ​ទទួលយក​ហានិភ័យ​ ​ដែល​បាន​គណនា​ ​ដើម្បី​ជួយ​អាជីវកម្ម​របស់​អ្នកឲ្យ​បាន​លូតលាស់​។​ ​សំណួរ​ល្អ​មួយ​ដែល​ត្រូវ​សួរ​គឺ​ ​“​តើ​អ្វីទៅ​ដែល​ជា​ការ​ធ្លាក់ចុះ​?​”​ ​ប្រសិនបើ​អ្នក​អាច​ឆ្លើយសំនួរ​នេះ​ ​បាន​អ្នក​នឹង​ដឹងពី​សេ​ណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​។​ ​ចំណេះដឹង​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​យក​ប្រភេទ​នៃ​ហានិភ័យ​ ​ដែល​បាន​គណនា​ ​អាចប​ង្កើត​ពានរង្វាន់​យ៉ាង​សម្បើម​។​

​ជា​អ្នកមាន​គំនិត​ច្នៃប្រឌិត​ ​

​ត្រូវ​ស្វែងរក​វិធី​ដើម្បី​កែ​លម្អ​អាជីវកម្ម​របស់​អ្នក​ ​និង​ធ្វើ​ឱ្យ​វា​លេចធ្លោ​ចេញពី​ការប្រកួត​ប្រជែង​អាជីវកម្ម​។​ ​សូម​ទទួលស្គាល់​ថា​ ​អ្នក​មិនដឹង​អ្វី​គ្រប់យ៉ាង​ហើយ​បើកចំហ​ចំពោះ​គំ​និ​ត​ថ្មី​ៗ​និង​វិធី​សា​ស្ត្​រថ្មីៗ​ចំពោះ​អាជីវកម្ម​របស់​អ្នក​។​

​ត្រូវ​ផ្តោត​អារម្មណ៍​

​ពាក្យចាស់​លោក​ថា​ ​“​គ្មាន​ផ្ទះ​ណា​ត្រូវ​បាន​សាងសង់​រួចរាល់​ ​ក្នុងរយៈពេល​មួយថ្ងៃ​ទេ​”​។​ ​ក្នុង​ន័យ​នេះ​ ​អ្នកធ្វើ​អាជីវកម្ម​មួយ​មិន​មានន័យថា​ ​អ្នក​នឹង​រក​ប្រាក់​បា​នភ្លាមៗ​នោះ​ទេ​។​ ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ឱ្យ​មនុស្ស​ដឹង​ថា​ ​អ្នកជា​នរណា​ ​ដូច្នេះ​ចូរ​បន្ត​ផ្ដោត​អារម្មណ៍​លើ​ការសម្រេច​បាន​នូវ​គោលដៅ​នេះ​។​

​រៀបចំ​ការ​លះបង់​

​ការ​ឈានមុខ​គេ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ ​គឺជា​ការងារ​ដ៏​លំបាក​បំផុត​។​ក្នុងករណី​ជាច្រើន​ ​អ្នក​ត្រូវ​ចំណាយពេល​ច្រើនជាង​ពេល​ ​ដែល​អ្នកធ្វើការ​ឱ្យ​អ្នក​ ​ដទៃ​។​ ​ជា​លទ្ធផល​អ្នក​ត្រូវតែ​ធ្វើការ​លះបង់​ដូចជា​ ​ចំណាយពេល​តិច​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​ ​ដើម្បី​ទទួលជោគជ័យ​។​

​ត្រូវ​ផ្តល់​សេវា​ដ៏​ល្អ​ប្រសើរ​ជាងគេ​ ​

​មាន​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ជាច្រើន​ ​ដែល​ភ្លេច​ថា​ការ​ផ្តល់​សេវា​អតិថិជន​ដ៏​ល្អ​ជាងគេ​ ​គឺ​មាន​សារៈសំខាន់​ណាស់​។​ ​ប្រសិនបើ​អ្នក​ផ្តល់​នូវ​សេវាកម្ម​ល្អ​ប្រសើរ​ ​សម្រាប់​អតិថិជន​របស់​អ្នក​ ​ពួកគេ​នឹង​មាន​ទំនោរ​ចង់​មករ​ក​អ្នក​នៅពេល​ ​ដែល​ពួកគេ​ត្រូវការ​អ្វីមួយ​ ​ជំនួស​ឱ្យ​ការចូលរួម​ប្រកួត​របស់​អ្នក​។​

​ត្រូវ​មាន​ស្ថេរ​ភាព​ ​

​ភាព​ស្រុះស្រួល​គ្នា​គឺជា​សមាសធាតុ​ដ៏​សំខាន់​ ​ក្នុង​ការ​រកលុយ​ក្នុង​ជំនួញ​។​ ​អ្នក​ត្រូវតែ​បន្ត​ធ្វើអ្វី​ដែល​ចាំបាច់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ខាងក្នុង​ ​និង​ខាងក្រៅ​។​ ​នេះ​នឹង​បង្កើត​ជា​ទម្លាប់​វិជ្ជមាន​ ​ដែល​នឹង​ជួយ​អ្នករក​លុយ​ក្នុងរយៈពេល​វែង​ ​បាន​ដោយ​ស្រួល​៕​

លោក​ច្រឹក​ ​សុ​ខ​នីម​៖​ ​ពេល​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​ប្រកួតប្រជែង​អ្នក​វិនិយោគ​​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ ​៤​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ស្រប​ពេល​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​ ​ការ​វិនិយោគ​កើនឡើង​ ​ហានិភ័យ​ក៏​កើតមាន​ព្រមគ្នា​ផង​ដែរ​ ​ហេតុនេះ​ក្នុង​បរិបទ​ប្រកួតប្រជែង​កាន់តែ​តានតឹង​នេះ​ ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​លើក​អនុសាសន៍​មួយចំនួន​ ​ដើម្បី​អាច​ឈរជើង​រ៉ឹង​មាំ​ក្នុង​វិស័យ​នេះ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នា​រសៀល​ថ្ងៃទី១៩​ ​មេសា​កន្លងមក​ថា​ ​នៅពេល​ក្រុមហ៊ុន​អចលនទ្រព្យ​កើនឡើង​ ​ការ​វិនិយោគ​កើនឡើង​ ​ធ្វើឲ្យ​ការប្រកួត​ប្រជែង​ក៏​កើនឡើង​ ​ហើយ​ហានិភ័យ​ក៏​មាន​ចំពោះមុខ​ផង​ដែរ​ ​ហេតុនេះ​អ្នក​វិនិយោគ​ឬ​អ្នកធ្វើការ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ​ ​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​សំខាន់​ចំនួន៤​ ​ដូចជា​ ​ត្រូវ​មានចំណេះ​ដឹង​ ​បទពិសោធន៍​ច្រើន​មុន​ ​ដើម្បី​ទទួ​លបានលទ្ឋ​ផល​រំពឹង​ទុក​ខ្ពស់​ជាង​មុន​ ​ទី២​ ​ពេល​មាន​បញ្ហា​ ​ការស្វែងរក​អ្នកជំនាញ​ជា​រឿង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់​ ​ដោយសារ​អ្នកជំនាញ​មានបទពិសោធន៍​ ​និង​បណ្តាញ​ច្រើនជាង​។​

​ទី៣​ ​ត្រូវ​មានដៃ​គូ​សហការ​ល្អ​ ​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ ​ឬ​ទិញ​គំរោង​ដែលគេ​មិនទាន់​ចេញ​លក់​ ​ដែល​យើង​អាច​រក​ផល​ចំណេញ​បាន​ ​និង​ទី៤​ ​មាន​ប្រភព​ទុន​ច្បាស់លាស់​ ​ដើម្បី​យើង​អាច​ប្រមូល​ទិញ​អចលនទ្រព្យ​នៅពេល​មាន​បញ្ហា​ ​ហើយ​យើង​លក់​ចេញ​វិញ​នៅពេល​ទីផ្សារ​មាន​ភាពល្អ​ប្រសើរ​។​

​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​បន្ត​ថា​ ​“​ក្នុង​ស្ថានភាព​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​ ​និង​ការប្រកួត​ប្រជែង​កើនឡើង​ ​ទាមទារ​ឲ្យ​អ្នក​វិនិយោគ​ឬ​ធ្វើការ​ក្នុង​វិស័យ​នេះ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​”​៕​

រដ្ឋាភិបាល​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ដោយ​មិន​តម្រូវឲ្យ​​មាន​រោងចក្រ​ ​និង​កាស៊ីណូ​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ​ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​កាស៊ីណូ​នៅ​ទីក្រុង​នេះនោះ​ទេ​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង​ ​ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៩​ ​មេសា​នេះ​ថា​ ​កន្លងមក​រដ្ឋាភិបាល​បាន​គិត​បែបនេះ​ ​និង​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ ​ដើម្បី​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ​ជា​តំបន់​ទេសចរណ៍​បែ​តង​ ​ពិសេស​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ដើម្បី​បំរើ​វិស័យ​ទេសចរណ៍​ឲ្យបាន​ល្អ​ប្រសើរ​ ​ដើម្បី​ផ្តល់​សេវាកម្ម​និង​បដិសណ្ឋារ​កិច្ច​កាន់តែ​ល្អ​សំរាប់​ភ្ញៀវ​ទេសចរ​ណ៍​។​

​លោក​បន្ត​ថា​ ​“​ហេតុនេះ​ទើប​រដ្ឋាភិបាល​ ​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​ការ​វិនិយោគ​លើ​កាស៊ីណូ​នៅក្នុង​ខេត្ត​នេះនោះ​ទេ​”​។​

​លោក​ ​កែន​ ​សត្ថា​ ​អភិបាលនៃគណអភិបាលខេត្ត​កែបបាន​មានប្រសាសន៍​ឲ្យដឹង​ ​នា​ពេល​កន្លងមក​ថា​ ​ខេត្ត​កែប​ ​ជា​ខេត្ត​មាន​លក្ខណៈ​ពិសេស​មួយ​ ​ដែល​មាន​ឧទ្យាន​កណ្តាល​ក្រុង​ ​និង​ទទួល​បាន​ពានរង្វាន់​អាស៊ាន​ ​ជាទី​ក្រុង​ស្អាត​ ​ដែល​មាន​ខ្យល់​ស្អាត​ ​ទឹក​ស្អាត​និង​ដី​ស្អាត​។  ​លោក​បន្ត​ថា​ ​ខេត្ត​កែប​បាន​និង​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ ​ហើយ​អាជ្ញាធរ​បាន​និង​កំពុង​ខិតខំ​រក្សា​ព្រៃឈើ​ ​ដើម្បី​ផ្តល់​បរិយាកាស​ល្អ​ប្រសើរ​ដល់​ការរស់នៅ​ ​ក៏ដូចជា​ការ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​។​

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ឆាយ​ ​ស៊ីវ​លី​នបាន​មានប្រសាសន៍​ដោ​យស្ម្តែង​ការ​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ ​ដែល​មិន​តម្រូវឲ្យ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​កាស៊ីណូ​ ​ខណៈ​កន្លងមក​លោកស្រី​បាន​លើក​បញ្ហា​នេះ​ ​និង​សំណូមពរ​រដ្ឋាភិបាល​មិន​ឲ្យ​មាន​កាស៊ីណូ​នៅក្នុង​ខេត្ត​តូច​ច្រឡឹង​នេះ​។​

​លោកស្រី​បន្ត​ថា​ ​“​ពេល​ចូល​ទៅដល់​ខេត្ត​កែប​ ​យើង​ហាក់​មាន​អារម្មណ៍​ពិសេស​មួយ​ ​ដែល​មិន​ចង់​ឲ្យ​យើង​ត្រលប់​មកវិញ​ ​ដោយសារតែ​បរិយាកាស​អំណោយផល​ ​ពិសេស​បរិស្ថាន​និង​ខ្យល់អាកាស​បរិសុទ្ឋ​”​៕​

CDC​ ​អនុម័ត​គំរោង​វិនិយោគ​រោងចក្រ​កែច្នៃ​ក្រដាសកាតុង​តម្លៃ​ ​៥,១លាន​ដុល្លារ​​នៅ​ខេត្ត​ព្រះសីហនុ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ ​“​KAMFOR​ ​RECYCLE​ ​PULP​ ​AND​ ​PAPER​ ​CO​.​,​LTD​.​”​ ​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាសកាតុង​ ​តម្លៃ៥,១លាន​ដុល្លារ​ ​នៅ​ខេត្ត​ព្រះសីហនុ​។​

​យោង​តាម​ការ​ចុះផ្សាយ​ហ្វេ​សបុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី១៩​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាសកាតុង​ ​(​ពី​ក្រ​ដាស​ចាស់​ៗ​ប្រមូល​ទិញ​ក្នុង​ស្រុក​)​ ​និង​ផលិត​កេស​កាតុង​ ​របស់​ក្រុមហ៊ុន​ ​“​KAMFOR​ ​RECYCLE​ ​PULP​ ​AND​ ​PAPER​ ​CO​.​,​LTD​.​”​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង​ ​ឃុំ​វាលរេញ​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ ៥,១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ១៨២កន្លែង​។​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ធ្លាប់​បាន​មានប្រសាសន៍​ស្វាគមន៍​រាល់​ក្រុមហ៊ុន​ទាំងអស់​ដែល​មាន​គោល​បំណង​ចង់​ ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​ ​កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​គំហុក​។​ ​ម្យ៉ាងទៀត​ការ​អភិវឌ្ឍ​រមែង​មានផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ ​អនាម័យ​មួយចំនួន​ផង​ដែរ​ ​ហេតុនេះ​ក្រុមហ៊ុន​ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​រាល់​គម្រោង​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​ ​មិនថា​ការ​វិនិយោគ​ ​លើ​អគារ​ពាណិជ្ជកម្ម​សណ្ឋាគារ​ ​ខុន​ដូ​ ​រោងចក្រ​ ​សហគ្រាស​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ ​នានា​ក្នុង​ខេត្ត​ ​រដ្ឋបាល​ខេត្ត​នឹង​ទទួលស្វាគមន៍​ ​និង​ជួយ​សម្របសម្រួល​ ​ដើម្បី​ឱ្យ​ដំណើរការ​វិនិយោគ​នៅ​ខេត្ត​នេះ​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​មានសន្ទុះ​កើនឡើង​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​”​។​ ​

​ខេត្ត​ព្រះសីហនុ​ ​បាន​ក្លាយជា​ប៉ូល​សេដ្ឋ​កិ​ច្ច​ទ២របស់​កម្ពុជា​ ​ដែល​ទទួល​បានការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ ​និង​បាន​រួមចំណែក​យ៉ាងសកម្ម​ ​ព្រមទាំង​សម្រេច​បាន​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ​ដូចជា​ ​វិស័យ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​កសិកម្ម​ទេសចរណ៍​ ​អប់រំ​ ​សុខាភិបាល​ ​បរិស្ថាន​ ​អភិវឌ្ឍន៍​ជន​ ​បទ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សំណង់​ ​ហើយ​បាន​បង្កើត​ឱកាស​ការងារ​ជូន​ ​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​៕​

រំលឹក​ឡើងវិញ​៖​ ​តើ​វេទិកា​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ផ្តល់​ប្រយោជន៍អ្វី​ខ្លះ​​ដល់​សេដ្ឋកិច្ច​កម្ពុជា​?​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ ​និង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ២០៣០​ ​និង​ជា​ប្រទេស​មាន​ចំណូល​កម្រិតខ្ពស់​នៅ​ត្រឹម​ឆ្នាំ២០៥០​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេ​ញនូល​គោលនយោបាយ​រួម​មួយ​ដោយមាន​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ ​និង​ជិតស្និទ្ធ​ពីសំណាក់​វិស័យ​ឯកជន​ក្រោយ​កម្មវិធី​ ​«​វេទិកា​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​»​។​

តាមរយៈ​កម្មវិធី​នេះ​ ​តើ​កម្ពុជា​នឹង​ទទួល​បានអ្វី​ខ្លះ​ ​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​?​

​អគ្គនាយក​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group​ ​លោក​ឧកញ៉ា​ ​សៀ​ ​រឹ​ទ្ធី​ ​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​ជួបជុំគ្នា​ ​ពិភាក្សា​គ្នា​ ​តែងតែ​រក​ដំណោះស្រាយ​បាន​ ​ហើយ​ការ​ជួបជុំគ្នា​កាន់តែ​ញឹកញាប់​ ​កាន់តែ​បង្កើន​ទំនាក់ទំនង​គ្នា​កាន់​តែ​​ជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​មានការ​យល់ចិត្ត​គ្នា​ថា​ ​គួរតែ​ដើរតាម​ផ្លូវ​ណា​ ​ដើម្បី​ឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ​។​ ​

​លោក​បន្ត​ថា​ ​“​តាមរយៈ​វេ​ទិ​ការ​មួយ​នេះ​ ​រាជរដ្ឋាភិបាល​ ​នឹង​ផ្តល់​ជា​មធ្យោបាយ​ក្នុង​ជួយ​សម្របសម្រួល​ណាមួយ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​វិស័យ​ឯកជន​ ​ដែល​ជា​ប្រយោជន៍​រួម​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មាន​កំណើន​ ​និង​ភាពល្អ​ប្រសើរ​”​។​ ​

​ជាមួយគ្នា​នេះ​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​វេទិកា​នី​មួយ​ៗ​តែងតែ​យក​ធាតុ​ចូល​ពី​វិស័យ​ឯកជន​ ​ដូច្នេះ​ដើម្បី​កំណត់​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ត្រូវ​ដាក់ចេញ​ដើម្បី​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជា​រឿង​ដែល​ល្អ​បំផុត​។​ ​

ជាក់ស្ដែង​ក្នុងរយៈពេល២០ឆ្នាំ​ ​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៩​ ​រហូតមកដល់​ពេលនេះ​ ​រដ្ឋាភិបាល​បាន​ខិតខំ​ ​និង​ព្យាយាម​ដោះស្រាយ​ជាច្រើន​ជូន​ដល់​វិស័យ​ឯកជន​ ​ហើយក៏​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ល្អ​ៗ​ ​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ទាំង​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នេះ​គឺជា​សារសំខាន់​ ​និង​ជា​ប្រយោជន៍​យ៉ាង​សំខាន់​នៃ​វេទិកា​មួយ​នេះ​។​

​លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ​កន្លងមក​ប្រសិទ្ធភាព​នៃ​ការងារ​ ​គឺ​សហប្រធាន​ដែល​មាន​វិស័យ​ឯកជន​ម្នាក់​ ​និង​រដ្ឋមន្ត្រី​ពី​ផ្នែក​រដ្ឋាភិបាល​ម្នាក់​ ​ដែល​ក្នុង​នោះ​មាន១០ក្រុម​ ​គឺ​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​ជាមួយ​ថ្នាក់​រដ្ឋមន្ត្រី​។​ ​ការ​លំបាក​របស់​វិស័យ​ឯកជន​ ​មុន​ពេល​ឈាន​ចូល​ដល់​សម្ដេច​ ​គឺ​ត្រូវ​ដោះស្រាយ​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​សិន​ ​ប្រសិនបើ​ដោះស្រាយ​បាន​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​គឺ​យើង​បញ្ចប់​ត្រឹមហ្នឹង​តែម្ដង​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ផល​លំបាក​ ​និង​ដោះស្រាយ​មិនបាន​ទើប​បញ្ជូន​ដល់​សម្ដេច​។​ ​

​លោក​បន្ត​ថា​ ​“​វេទិកា​នេះ​ហើយដែល​ជួយ​សោះ​ស្រាយ​នូវ​ផល​លំបាក​នានា​ ​របស់​វិស័យ​ឯកជន​បាន​ច្រើន​បំផុត​ ​រវាង​ក្រសួង​ពាក់ព័ន្ធ​រហូតដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​វះកាត់​”​។​ ​

​ថ្មី​ៗ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​ចាត់វិធានការ​កែប្រែទម្រង់​ដ៏​មុត​ស្រួច​ ​និង​ស៊ីជម្រៅ​ ​សម្ដៅ​កែ​លម្អ​នៃ​ការ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​ ​ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ ​ការកាត់បន្ថយ​ថ្លៃ​នៃ​ការ​ធ្វើ​ធុរកិច្ច​ ​ដូចជា​ការ​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ ​ការ​កែសម្រួល​នូវ​មុខងារ​ ​និង​តួនាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​ចេញចូល​ ​ការរំសាយ​អង្គភាព​កាំសាប​ ​ការ​កាត់​បន្ថយ​ថ្លៃ​ស្កែ​នកុង​ទី​ណ័រ​ ​និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ​ការ​កែ​លម្អ​សេវា​ជាប់​ព័ន្ធ​ ​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​រួម​ជាមួយនឹង​វិធានការ​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ ​ដែល​ប្រយោជន៍​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​ ​នៃ​ការផលិត​របស់​កម្ពុជា​មានការ​ចុះថោក​ ​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​បណ្តា​ធុរជន​នៅ​កម្ពុជា​ ​ទទួល​បាន​នូវ​ផល​ចំណេញ​ ​ហើយ​មានលទ្ធភាព​ក្នុង​ការ​បង់ពន្ធ​សម្រាប់​ចូល​ទៅកាន់​ទីផ្សារ​របស់​ពួកគេ​៕​

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន​ ​Prince​ ​បោះទុន​វិនិយោគ​ ​៤ពាន់​លាន​ដុល្លារ​​ក្នុងរយៈពេល​ ​៤ឆ្នាំ​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ ​Prince​ ​Real​ ​Estate​ ​Group​ ​បាន​បោះទុន៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ក្នុងរយៈពេល៤ឆ្នាំ​ដែល​បាន​ចាប់ផ្តើម​ពីឆ្នាំ២០១៥ដល់​ឆ្នាំ២០១៩នេះ​។​

​លោក​ ​លី​ ​មីន​ ​អគ្គនាយក​ក្រុ​មហ៊ុ​នព្រីនស៍​រៀល​អ៊ី​ស្ទេ​ត​ ​គ្រុប​ ​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ជា​ការពិត​ណាស់​ ​វត្តមាន​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ ​រៀល​ ​អ៊ី​ស្ទេ​ត​ ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេលនេះ​ ​គឺ​កើត​ចេញពី​គោលនយោបាយ​ ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ ​របស់​ចិន​ ​ដែល​បាន​បើកឱកាស​ ​និង​លើក​ទឹក​ ​ចិត្ត​ឱ្យ​មានការ​វិនិយោគ​ជាច្រើន​ពី​វិនិយោគិន​ចិន​ ​មកកាន់​ប្រទេស​កម្ពុជា​។​ ​វត្តមាន​ជាង៤ឆ្នាំ​នៅ​កម្ពុជា​ ​ក្រុ​មហ៊ុ​នព្រីនស៍​ ​រៀល​អ៊ី​ស្ទេ​ត​ ​គ្រុប​ ​បាន​ពង្រីក​ក្រុមហ៊ុន​ជា​បុត្រ​ ​សម្ព័ន្ធ​របស់​ខ្លួន​រហូតដល់៣០ក្រុមហ៊ុន​ ​និង​បាន​ពង្រីក​ទំហំ​វិនិយោគ​កើន​ដល់៤ពាន់​លាន​ដុល្លារ​ ​គិត​ត្រឹម​ត្រីមាស​ទី១ឆ្នាំ២០១៩នេះ​។​

​លោក​បាន​បញ្ជាក់​ថា​ ​“​ការ​រស​ម្រេច​បោះទុន​វិនិយោគ​ ​លើ​គម្រោង​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ​ដោយសារ​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ការ​រីកចម្រើន​យ៉ាង​លឿន​ ​នៃ​កំណើត​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​”​។ ​លោក​បន្ត​ថា​ ​“​វិស័យ​សំណង់​ ​បាន​នឹង​កំពុង​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​វិស័យ​នេះ​ ​ក៏​កំពុង​ទាមទារ​ឱ្យ​មានការ​បំពេញបន្ថែម​ឱ្យ​បាន​ច្រើន​ផង​ដែរ​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​”​។​ ​

​រយៈពេល​ជាង៤ឆ្នាំ​របស់​ ​ក្រុមហ៊ុន​ ​ព្រីនស៍​ ​រៀល​ ​អ៊ី​ស្ទេ​ត​ ​គ្រុប​នៅ​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ ​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​ជាង៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទៅលើ​គម្រោង​អគារ​ខុន​ដូ​ធំៗ​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដោយ​ ​ក្នុង​នោះ​ ​គ​ម្រោ​ង​ធំៗ​ចំនួន​បី​ ​បាន​នឹង​កំពុង​លេច​ជា​រូប​រាង​បណ្ដើរ​ៗ​ហើយ​ក្នុង​ ​រាជធានី​ភ្នំពេញ​ ​និង​បី​គ​ម្រោ​ង​ធំៗ​ទៀត​ ​ក៏បាន​នឹង​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។​ ​

​លោក​លី​ ​មីន​បាន​បន្ដ​ទៀត​ថា​ ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុងរយៈពេល១០ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​នឹង​បង្កើន​ទុន​វិនិយោគ​ឱ្យ​បាន២០ពាន់​លាន​ដុល្លារ​ ​បន្ថែម​ទៀត​ក្នុង​ឧស្សាហកម្ម​សំណង់​ ​នៅ​កម្ពុជា​ ​ខណៈ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ដី​ទុក​ ​សម្រាប់​ធ្វើការ​វិនិយោគ​ទាំង​នៅ​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះសីហនុ​ ​និង​សៀមរាប​ ​ជាច្រើន​ទីតាំង​ផង​ដែរ​។​ ​បន្ថែម​ពីលើ​ក​នេះ​ ​លោក​ក៏​លើកឡើង​ថា​ ​ក្រៅពី​វិនិយោគ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ​ព្រីនស៍​ ​រៀល​ ​អ៊ី​ស្ទេ​ត​ ​ក៏បាន​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​ ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ ​នៅ​កម្ពុជា​ ​ផង​ដែរ​ ​ដោយ​អំណោយ​នោះ​ ​បាន​មក​ពី​ចំណែក​លក់​ខុន​ដូ​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត​សុក​ ​ស៊ី​ផា​ណា​ ​ទីប្រឹក្សា​រដ្ឋាភិបាល​ ​និង​ជា​អ្នកជំនាញ​ផ្នែក​ច្បាប់​ ​បាន​មានប្រសាសន៍​ថា​ ​“​គោលនយោបាយ​មួយ​នេះ​ ​ពិតជា​បាន​ជំរុញ​ឱ្យ​ ​វិនិយោគិន​ចិន​ ​បាន​ ​បោះទុន​ ​ដោយ​ផ្ទាល់​មកកាន់​ប្រទេស​កម្ពុជា​ ​តួយ៉ាង​ ​ដូចជា​មានការ​អភិវឌ្ឍ​យ៉ាង​សម្បើម​ទៅ​ ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ថាមពល​”​។​

​ជា​លទ្ធផល​គោលនយោបាយ​ ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​នេះ​ ​បាន​នាំ​ឱ្យ​មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន​ចម្ងាយ​ប្រមាណ​១៩០​គីឡូម៉ែត្រ​ ​ដែល​តភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ ​មកកាន់​ក្រុងភ្នំពេញ​ ​ខណៈ​ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​កំណើន​ច្រើន​ឡើង​ៗ​៕​

រដ្ឋាភិបាល​ចាប់ផ្តើម​រៀប​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ចាប់ផ្តើម​រៀប​គោលនយោបាយ​ ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ​ដែល​ជា​ជន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជា​តិ​ឪ្យ​កាន់តែ​រឹង​មុំា​ ​និង​និរន្ត​ភាព​ ​និង​ដោយ​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មានកម្រិត​ ​បើ​ធៀប​នឹង​ប្រទេសជិតខាង​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិញ្​ញ​វត្ថុ​ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​១៩​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់​ ​សំដៅលើ​កម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ជាពិសេស​ទេស​បែប​វប្បធម៌​ ​និង​ធម្មជាតិ​ ​ដែល​ជា​ផលិតផល​ឈានមុខ​គេ​របស់​កម្ពុជា​។​

​ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ ​ក្នុង​ការ​លើ​កស្ទួល​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ​ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ​និង​ទេសចរណ៍​វៃឆ្លាត​ ​(​Smart​ ​Tourism​)​ជាដើម​។​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បន្ត​ថា​ ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ ​គឺជា​បទដ្ឋាន​ ​នៃ​សេវា​ទេសចរណ៍​ឲ្យ​ស្រប​ទៅតាម​ស្តង់ដារ​អាស៊ាន​ ​ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ​ជា​ការ​គិត​គូ​ថ្មី​សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុ​ ​ស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​តាមរយៈ​ការ​បង្កើន​ចំនួន​ ​និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។​ ​

​ជាមួយគ្នា​នេះ​ ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​ ​ការ​ធ្វើដំណើរ​ ​បដិសណ្ឋារ​កិច្ច​ ​និង​ឧស្សាហកម្ម​ម្ហូបអាហារ​ជាដើម​។​ ​វិធានការ​ខាងលើ​ត្រូវ​គាំទ្រ​ដោយ​អភិក្រម៤​ ​ដែល​ជាគោល​ការណ៍​គ្រឹះ​ ​នៃ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​រួមមាន​ ​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ ​ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ ​និង​ការសម្រប​សម្រួលការ​ធ្វើដំណើរ​ ​និង​ដឹក​ជ​ញ្ជូញ​ទេសចរណ៍​។​

​រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី១៨​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩ម្សិលមិញ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​ ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាក្រោម​អធិបតីភាព​លោក​ ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ ​បាន​គាំទ្រ​ចំពោះ​វិធានការ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​៕​