រដ្ឋាភិបាល​ចាប់ផ្តើម​សាងសង់​ដែន​អន្តរជាតិ​​ស្ទឹង​បត់​-​បាន​ណង​អៀន​​ធំ​ថ្មី​មួយទៀត​នៅ​ក្បែ​ស្ពាន​ស្ទឹង​បត់​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ធំ​ថ្មី​មួយទៀត​នៅ​ក្បែ​ស្ពាន​ស្ទឹង​បត់​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ឆ្លងកាត់​ ​ខណៈ​ស្ថានីយ៍​នៅ​ច្រក​ប៉ោយប៉ែត​មាន​ភាព​មមាញឹក​ខ្លាំង​ ​និង​ការ​កកស្ទះ​ខ្លាំង​។​

​លោក​ស៊ុន​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ​២២​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ន​ថា​ការសាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​សាងសង់​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥វិញ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ​ ​២៦.៤២លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​សាងសង់​អគារ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ ​និង​ផ្លូវ​តភ្ជាប់​,​ ​សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​,​ ​ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ ​«​ឃ្លាំង​ ​និង​ទីលាន​កុង​តែ​ន័រ​»​,​ ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​ ​និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បានឱ្យ​ដឹង​ថា​ ​ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មីនេះ​ ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​ ​២៤ខែ​ ​ដោយ​គិត​ចាប់ពី​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​។​ ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ថ្មីនេះ​ ​គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ ​និង​ដើម្បី​ ​ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​គម្រោង​សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ធ្វើឡើង​ខណៈ​ដែល​ច្រកព្រំដែន​ប៉ោយប៉ែត​-​អ​រញ្ញ​ប្រ​ថេ​ត​ ​មានការ​ឆ្លងកាត់​ទំនិញ​ ​និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាង​ខ្លាំង​ ​ហើយ​ពេលខ្លះ​មានការ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។​ ​ការ​កកស្ទះ​នៅ​ច្រក​នាំចេញ​ ​នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​ ​គម្រោង​នេះ​ជា​ការ​ឆ្លើយតប​យ៉ាង​ប្រាកដ​ទៅ​នឹង​ភាព​មមាញឹក​នៃ​ចរាចរណ៍​ដឹកជញ្ជូន​ ​ដែល​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ឡើយ​ ​តែ​ថែមទាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ​។​

​បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​ ​និង​ការ​តភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ​ដាក់​ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយ​ ​ជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង​ ​ជា​មជ្ឈមណ្ឌល​ស្តុក​ ​និង​ចែកចាយ​ទំនិញ​ ​និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​បង្កើត​ជា​សក្តា​នុ​ពល​រូប​វ័ន្ត​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ដល់​ ​គម្រោង​វិនិយោគ​នានា​ក្នុង​ស្រុក​ ​និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​៕​

អ្នកជំនាញនិយាយពីភាពល្អប្រសើរនៃវិស័យអចលនទ្រព្យក្រោយស្ថាបនាផ្លូវល្បឿន

0

ដោយៈរ៉ាណេត

ភ្នំពេញៈ ជាមួយនឹងគម្រោងជាក់លាក់នៃការស្ថាបនាផ្លូវល្បឿនលឿន តភ្ជាប់រវាងរាជធានីភ្នំពេញ- ក្រុងបាវិត ខេត្តស្វាយរៀងនាពេលខាងមុខ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងពីភាពល្អប្រសើរ និងសក្ដានុពលនៃវិស័យអចលនទ្រព្យនៅក្នុងទីក្រុងដែលស្ថិតនៅជាប់តំបន់ព្រំដែនមួយនេះ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រ​សា​សន៍ប្រាប់តាមរយៈទូរស័ព្ទ កាលពីពេលកន្លងទៅថ្មីៗនេះថា ភ្ជាប់ជាមួយនឹងគម្រោងស្ថា​ប​នាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងបាវិត វិស័យអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ នឹងកាន់តែមានភាពល្អប្រសើរមិនចាញ់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះទេ។

លោកបានបញ្ជាក់ទៀតថា ក្រុងបាវិតត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ដែលបច្ចុប្បន្នទីក្រុងនេះ បានទាក់ទាញការវិនិយោគយ៉ាងច្រើន និងមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង រួមមានដូចជាទីក្រុងរណបចំនួនពីរ គឺទីក្រុងរណប ហេង ហេង និង ទីក្រុងរណប Empire World ដែលបាន និងកំពុងសាងសង់យ៉ាងសកម្ម។

លោកបន្តទៀតថា “ទីក្រុងបាវិតបច្ចុប្បន្នមានស្ថានភាពដូចគ្នា ទៅនឹងទីក្រុងព្រះសីហនុកាលពី ២-៣ ឆ្នាំមុន ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកបណ្តើរៗ ហើយតម្លៃដីធ្លីក៏នៅមានភាពសមរម្យអាចវិនិយោគបាន ប៉ុន្តែរយៈពេល២-៣ឆ្នាំខាងមុខទៀត តម្លៃដីធ្លីនៅក្រុងបាវិតនឹងកើនឡើងខ្ពស់ដូចក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ”។

ក្រៅពីនេះ ប្រយោជន៍បន្ថែមដែលទទួលបានការស្ថាបនា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅក្រុងបាវិត នេះ គឺបានផ្តល់ចំណេញយ៉ាងច្រើន ទាំងវិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យដឹកជញ្ជូន»។

លោកឃាង ពុទ្ឋីបានបញ្ជាក់ថា “ផ្លូវល្បឿនលឿនមួយខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងនាមជាផ្លូវសេដ្ឋកិច្ចលើការដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនឹងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន ដែលកាន់តែផ្តល់ឱកាសចំណេញសម្រាប់អ្នកវិនិយោគ ហើយក៏ផ្តល់ផលចំណេញដល់បណ្តាប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្ថិតនៅជិត និងក្បែរគម្រោងសា​ងសងសង់ផ្លូវល្បឿនលឿននេះផងដែរ”។

នៅក្នុងប្លង់គោលនៃការអភិវឌ្ឍន៍ទីក្រុងបាវិត ត្រូវបានរៀបចំ និងបែងចែកផែនការប្រើប្រាស់ដីយ៉ាងច្បាស់លាស់ រវាងតំបន់ឧស្សាហកម្ម តំបន់កសិកម្ម តំបន់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនសាធារណៈ និងតំបន់សេដ្ឋកិច្ចពិសេស។

គម្រោងស្ថាបនាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសិក្សាលម្អិតដោយក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Coporation CRBC) ដែលជាក្រុមហ៊ុនកំពុងសាសង់ផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ នាពេលបច្ចុប្បន្ន៕

ការវិនិយោគលើគំរោងអចលនទ្រព្យបែបលំហែរកាយកើនឡើងនៅកម្ពុជា

0

​ដោយស៊ីវ ម៉េង

​ភ្នំពេញ ៖ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។


ជាក់ស្តែងគំរោងជាច្រើនបានលេចឡើង ដូចជា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ ភូមិឋានសំណាង គំរោងវិនិយោកគRelax Resort វិនិយោគរបស់ក្រុមហ៊ុន Macau Legend Development Limited ដែលមាន​​​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង ដែលក្រុមហ៊ុននេះ​​បាន​ទិញ​ភាគហ៊ុន​ទាំង​​អស់​របស់​​​​ក្រុមហ៊ុនHowing Enterprises ​នៅ​​​​កម្ពុជា​​ក្នុង​តម្លៃ៩០​លាន​ដុល្លារ ​ក្នុង​គោល​​បំណង​​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​​ (IR)​ នៅ​ខេត្ត​សៀម​រាប​​។​

ប្រធាន​នាយក​ប្រតិបត្តិ​ Macau Legend Development លោក Chow Kam Fai បាន​ឲ្យ​ដឹង​​​ថា ការ​ទិញ​ដី​នេះ​​មាន​បំណង​​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​នៅ​ខេត្ត​សៀមរាប​ ​ដែល​អាច​ឲ្យ​​ក្រុមហ៊ុន​ចូល​រួម​​ និង​ទទួល​នូវ​​អត្ថ​ប្រយោជន៍​ពី​ឧស្សា​ហ​កម្ម​ទេសចរណ៍​ដែល​កំពុង​រីក​​ ចម្រើន​​របស់​​កម្ពុជា​។​ លោក​ឲ្យ​ដឹងបន្ត​​ថា​ “​​ក្រុម​ប្រឹក្សា​ភិបាល​​​​ចាត់​ទុក​ថា លក្ខខណ្ឌ​​នៃ​ការ​ទិញ​លក់​​នេះ​ត្រឹម​ត្រូវ​ និង​សម​ហេតុផល​ ហើយ​ការ​ទិញ​នេះ​ស្ថិត​​ក្នុង​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគទុនិក​ទាំង​អស់​​របស់​ខ្លួន​”។​ មកពីទីក្រុងម៉ាកាវ ដែលគ្រោងវិនិយោគរមណីយដ្ឋាន​ សមាហរណកម្មបែបវិស្សមកាលលើផ្ទៃដី១២០០ហិកតា នៅខេត្តសៀមរាប និងគំរោងជាច្រើនទៀតនៅជាយក្រុងភ្នំពេញ។

​​ជាមួយគ្នានេះ លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតា នឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។

លោកបន្តថា “ដោយសារយើងមើលឃើញប្រជាពលរដ្ឋ កាន់តែច្រើនបានចាកចេ​ញ​ពីទីក្រុងនៅចុងសប្តាហ៍ ដើម្បីស្វែងរកកន្លែងសំរាកកាយ និងលំហែរចុងសប្តាហ៍ ទើប​យើងវិនិយោគគម្រោងនេះឡើង”។ លោកបន្តថា “គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)”។

ជាមួយគ្នានេះ ក្រុមហ៊ុនA2A Town Cambodiaក៏បានវិនិយោគរមណីយដ្ឋាននិងផ្ទះលំហែរកាយចុងសប្តាហ៍នៅរមណីយដ្ឋានគិរីរម្យផងដែរ ដែលគម្រោងនេះរួមមានផ្ទះស្នាក់នៅច្រើនប្រភេទ ទីលានបោះតង់ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ និងគំរោងទីលានវាយកូនហ្គោលជាដើម។

នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនA2A Town Cambodiaលោកហ៊ិន សុជាតិ បានមានប្រសាសន៍ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យគំរោងនេះ​ដំណើរការ ខណៈការសាងសង់ផ្ទះសម្រាប់លំហែរកាយលក់ ទទួលបានអតិថិជនភាគច្រើនជាជនជាតិជប៉ុន ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។លោកបន្តថា ក្នុងចំណោមផ្ទះលំហែរកាយ ដែលសាងសង់សម្រាប់លក់ប្រមាណ៨០ផ្ទះ រហូតមកទល់ពេលនេះលក់អស់បានប្រមាណ៦០ទៅ៧០ភាគរយហើយ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការវិនិយោគលើគំរោងអចលនទ្រព្យបែបរមណីយដ្ឋាន ពិតជាបាន​និងកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមស្វែងរកពេលវេលាលំហែរ ព្រោះប្រាក់ចំណូលពួកគេកើនឡើង។លោកបន្តថា យើងអាចចាត់ទុកជាផលិតផលថ្មីក្នុងវិស័យនេះនៅកម្ពុជា តែមិនមែនជារឿងថ្មីនៅបណ្តាប្រទេសនានានោះទេ។

លោកបន្តថា “ការវិនិយោគបែបនេះក៏ជាផ្នែកមួយ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមរបស់កម្ពុជាផងដែរ ហើយជាការជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕

រយៈពេល៥ឆ្នាំកម្ពុជាទទួលការវិនិយោគផ្ទាល់ពីបរទេសជាង២៣ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣-២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគពីបណ្ដាក្រុមហ៊ុន ក្នុងស្រុក និងបរទេសសរុបប្រមាណជា ៩៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួន២៣.៤៨០លានដុល្លារអាមេរិក។

ទុនវិនិយោគនេះ មានទំហំប្រមាណ៤.០០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើ​យមានសក្ដានុពលបង្កើតការងារថ្មី ជូនប្រជាពលរដ្ឋជាមធ្យមប្រមាណ២១៩ពាន់នាក់ក្នុងមួយឆ្នាំ។ របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេល៥ឆ្នាំខាងលើនេះ (ឆ្នាំ២០១៣-២០១៧)ទុនវិនិយោគផ្ទាល់ពីបរទេស ជាមធ្យមប្រចាំឆ្នាំមានប្រមាណជា៤០% នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយៗ។

របាការណ៍ដដែលបានបន្តថា នៅក្នុងឆ្នាំ២០១៨ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជិត៧០% នៃទុនវិនិយោគសរុបដែលបានកត់ត្រានៅ ក.អ.ក. ដែលនេះបានឆ្លុះបញ្ចាំងពីភាពកាន់តែជឿទុកចិត្តរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការវិនិយោគនេះក៏រំពឹងថា នឹងបន្តកើនឡើងនាឆ្នាំបន្តបន្ទាប់។ កំណើននៃការវិនិយោគនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់សហគ្រាសក្នុងស្រុកក្នុងការកសាងភាពជាដៃគូ ជាមួយក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង និងការតភ្ជាប់ទៅនឹងទីផ្សារតំបន់ និងសកល។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមា​នប្រសាសន៍ថា កម្ពុជាបានក្លាយជាប្រទេសមួយ ស្ថិតក្នុងគោលដៅនៃការវិនិយោគពីបរ​ទេស ដោយសារកត្តាសន្តិភាព និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងកំនើនជាង៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ អ្នកនាងបន្តថា បើនិយាយពីវិស័យអចលនទ្រព្យវិញ កម្ពុជានៅមានឳកាសចំណេញ ដោយសារជាទីផ្សារថ្មីដែលអ្នកវិនិយោគអាចរកផលចំណេញពីការវិនិយោគ(Return of Investment)ប្រមាណ៧ភាគរយប្រចាំឆ្នាំ ខណៈប្រទេសក្នុងតំបន់អ្នកវិនិយោគមានឳកាសចំណេញទាបជាងនេះ។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិលស៊ីធ្លាប់បានមាន​ប្រសាសន៍ថា កម្ពុជាមានភាពទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាសំខាន់ៗចំនួន៤ ដូចជា ទី១ ការក្សាបាននូវស្ថេរភាពនយោបាយ ទី២ ការរក្សាបាននូវស្ថេរភាព​សង្គម ទី៣ កំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរ៉ឹងមាំ និងទី៤ច្បាប់វិនិយោគរបស់កម្ពុជាមាន​ភាពបើកចំហ ដោយរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋវិនិយោគ១០០ភាគ​រយ និងច្បាប់ពន្ឋរបស់កម្ពុជាមិនមានលក្ខណៈស្មុគ្រស្មាញ។


លោកបន្តថា “នៅពេលសម្រេចចិត្តវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគតែ​ងតែសម្លឹងមើលកត្តាសំខាន់ៗទាំងនេះ ហើយពេលពួកគេសិក្សាច្បាស់លាស់ហើយ ពួកគេនឹងមកវិនិយោគ”៕

តម្លៃដីធ្លីនៅខេត្តកោះកុងបន្តហក់ឡើងដោយសារកំនើននៃការវិនិយោគ

0

​ដោយគង់ សូរិយា

​ភ្នំពេញ: ស្របពេលការវិនិយោគកើនឡើង ពីអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោ គចិនបានធ្វើឲ្យតម្លៃដីធ្លី នៅតាមតំបន់មួយចំនួននៅខេត្តកោះកុង បន្តហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ។


​អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង លោកជឹង សុខម៉េងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយសារកំនើនវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក ពិសេសលោកឧកញ៉ាលី យ៉ុងផាត់បានវិនិយោគគំរោងជាច្រើន ពិសេសផែនការកសាង​ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គឺពង្រីកផ្លូវជាតិលេខ៤៨ជាបួនគន្លង កសាងផ្លូវពីសំឡូត ក្នុងខេត្តបាត់ដំបងតភ្ជាប់មកកាន់ខេត្តកោះកុង និងការសាងសង់គំរោងតារាសាគរ ពិសេសព្រលានយន្តហោះនៃគំរោងនេះ បានធ្វើឲ្យតម្លៃដីធ្លីនៅខេត្តនេះកើនឡើងខ្ពស់។

​លោកបន្តថា “ខ្ញុំគិតថាខេត្តកោះកុងនឹងមានការអភិវឌ្ឍមិនចាញ់ ខេត្តព្រះសីហនុនោះទេ ដោយសារបច្ចុប្បន្នព្រលានយន្តហោះ នៅក្នុងគំរោងតារាសាគរបានសាងសង់ទាំងយប់ទាំងថ្ងៃ”។

លោកបន្តថា “បើសិនជាក្រុមហ៊ុនBangkok Airway រៀបចំសាងសង់ព្រលានយន្តហោះក្នុងខេត្ត នឹងធ្វើឲ្យតម្លៃដីនៅក្នុងទីរួមខេត្តកើនឡើងបន្ថែមទៀត”។

​លោកបន្តថា ដីធ្លីនៅទីរួមខេត្តជុំវិញផ្សារទីរួមខេត្ត មានតម្លៃចន្លោះពី២៥០០ទៅ៣០០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតំបន់លំនៅដ្ឋានមានតម្លៃចន្លោះពី១០០ទៅ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្រៅពីទីរួមខេត្ត តំបន់បាក់ខ្លងមានតម្លៃ២០០ដុល្លារ នៅតាមផ្លូវតភ្ជាប់ ទៅកាន់ព្រំដែនថៃមានតម្លៃចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់កោះស្តេចដែលស្ថិតក្នុងតំបន់តារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group តម្លៃដីបានហក់ឡើងខ្ពស់ផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើ ញចូលរួមពិធីបុណ្យសមុទ្រជុំទី២នៅខេត្តកោះកុង បានសម្តែងមោទនភាពចំពោះការរីក​ចម្រើនរបស់ខេត្តនេះ ពិសេសកំឡុងពេលនោះសម្តេចប្រកាសពង្រីកផ្លូវជាតិលេខ៤៨ជា​បួនគន្លង និងសាងសង់ផ្លូវពីសំឡូត ក្នុងខេត្តបាត់ដំបង មកកាន់ខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ។

សម្តេចបន្តថា “សម្តេចកំពុងរកថវិកាសាងសង់ស្ពានតភ្ជាប់ពីថ្មបាំង នៅក្នុងខេត្តកោះកុង ដើម្បីចាប់ផ្តើមសាងសង់ផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យ មកកាន់ខេត្តកោះកុងជាប្រវត្តិសាស្រ្តនេះ”។

​អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ថា ការតភ្ជាប់ផ្លូវពីស្រុកសំឡូតមកកាន់ខេត្តកោះកុង មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះទេ តែជាការលើកកំពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ដោយប្រើប្រាស់ផ្លូវនេះសំរាប់ដឹកជញ្ជូនកសិផលពីភូមិភាគពាយ័ព្យ មកកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តនេះ ហើយបន្តដឹកទៅកាន់ប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។

​លោកបន្តថា “នេះការវិនិយោគដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ច ព្រោះដើម្បីសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាចាំបាច់”៕

តម្លៃអចលនទ្រព្យនៅតំបន់អ្នកលឿនក្រោយការសាងសង់ស្ពានមានសភាពបែបណា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ តំបន់អ្នកលឿងក្រោយពេលតភ្ជាប់ស្ពាត្សឹបាសា បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ដោយតម្លៃដីធ្លីបានកើនឡើងក្នុងកម្រិតមួយ ខណៈតំបន់ជុំវិញស្ពាននេះក្លាយជាតំបន់ដែលគេទៅហួស មកហួស ខុសពីតំបន់នេះកាលពីអតីតកាល ដែលអ្នកដំណើរត្រូវឆ្លងសាឡាង។

ប្រធានសមាគមនអ្នកជំនាញអ្នកចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះថា តំបន់អ្នកលឿងពេលនេះ ខុសពីប្រមាណ៣ឆ្នាំមុន។ បច្ចុប្បន្នតំបន់នេះ មានការអភិវឌ្ឍច្រើន ទាំងផ្នែកសំណង់លំនៅដ្ឋាន និងតំបន់សេដ្ឋកិច្ចផងដែរ ជាក់ស្ដែងដូចជាមានកំពង់ផែរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ឃ្លាំងផ្ទុកទំនិញ រួមជាមួយគម្រោងអភិវឌ្ឍធំៗមួយចំនួនទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលខាងមុខនេះ។

លោកបន្តទៀតថា បើយើងគិតចាប់ពីចំណូចគល់ស្ពានអ្នកលឿង ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ១ ឆ្ពោះមកកាន់រាជធានីភ្នំពេញ គឺមានភាពល្អប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែនៅតំបន់នេះមានមណ្ឌលពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍធំជាច្រើន ដែលស្ថិតនៅក្នុងប្លងគោលអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

លោកបន្តថា “ដោយសារតែភាពល្អប្រសើរទាំងនេះ បច្ចុប្បន្នបានជំរុញឱ្យមានតម្រូវការ និងតម្លៃដីធ្លីនៅទីនេះមានការកើនឡើង ដែលដីស្ថិតនៅជាប់ផ្លូវជាតិលេខ១ អាចមានតម្លៃចាប់ពី១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះនៅតំបន់ដែលមានលំនៅដ្ឋានច្រើន”។លោកបន្តថា “ដោយឡែកដីដែលស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ១ គឺនៅមានតម្លៃទាប ដែលភាគច្រលនជាប្រភេទដីលិចទឹក ឬជាប្រភេទដីបឹង ហើយម្ខាងទៀតជាតំបន់ជាប់ជ្រាំងមាត់ទន្លេ ដែលមិនសូវមានតម្រូវការនោះទេ”។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកជំនាញផ្នែកវិស័យអចលនទ្រព្យបានមានប្រសាសន៍ឱ្យដឹងផងដែរថា តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ នឹងមានភាពកាន់តែល្អប្រសើរ មិនចាញ់តំបន់ឯទៀត ដែលស្ថិតនៅជាប់ជាយក្រុងរាជធានីភ្នំពេញនោះឡើយ ខណៈបច្ចុប្បន្នកំពុងមានសក្ដានុពល និងភាពទាក់ទាញច្រើន ដែលផ្តល់ឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ជាពិសេស តំបន់ស្រុកកៀនស្វាយ និងស្រុកលើកដែក។

លោកឧកញ៉ាបានបន្តទៀតថា ហេតុផលដែលបណ្តាលឱ្យដីនៅតំបន់នេះ មានភាពទាក់ទាញ ក៏ព្រោះនៅតំបន់នេះ នឹងមានការអភិវឌ្ឍយ៉ាងលឿននាពេលអនាគត ដែលអាចនិយាយបានថា ជាតំបន់ពហុអភិវឌ្ឍ មានកំពង់ផែអន្តរជាតិ មានរោងចក្រ ជាតំបន់តភ្ជាប់ព្រុំដែនកម្ពុជា-វៀតណាម មានតំបន់កម្សាន្តកែច្នៃដ៏ធំ ជាពិសេសស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាភាពទាក់ទាញយ៉ាងសម្រាប់សម្រាប់អ្នកអភិវឌ្ឍ។

បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ក៏បានបង្ហាញពីគម្រោងផ្លាស់ប្ដូររោងចក្រ និងឃ្លាំងស្តុកទំនិញនានា ចេញពីរាជធានីទៅតាំងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សរុបទៅវាមានភាពល្អប្រសើរច្រើន ដែលអាចនឹងរីកចម្រើនខ្លាំងជាងតំបន់នានាដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ៕

ចរន្ត​នៃ​ការ​វិនិយោគ​លំនៅ​ដ្ឋាន ​និង​ដី​ឡូត៍​បាន​ងាក​ទៅ​តំបន់​ជាយក្រុង​កាន់តែ​ផុសផុល​

0

ដោយ ​គង់​ ​សូ​រិយា​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​របស់​រដ្ឋាភិបាល​កាន់តែ​ប្រសើរ​ឡើង​ ​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ ​បាន​ងាក​ទៅ​អភិវឌ្ឍ​គំរោង​លំនៅ​ដ្ឋាន​ ​បុរី​ ​និង​ដី​ឡូត៍​នី​តំបន់​ជាយក្រុង​កាន់តែ​ច្រើន​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​។​

ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​សុទ្ឋ​តែ​បាន​ទទួលស្គាល់​ថា​ ​តំបន់​ជាប់​ផ្លូវជាតិ​លេខ១​ ​បាន​និង​កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង​ជាងគេ​ ​លើ​ការសាងសង់​លំនៅ​ដ្ឋាន​ ​និង​មជ្ឈមណ្ឌល​កំសាន្ត​នានា​ ​ដោយសា​រដ្ឋាភិបាល​បាន​ ​និង​កំពុង​ដាក់ចេញ​នូវ​ផែនការ​ឲ្យ​បណ្តា​រោងចក្រ​ ​សហគ្រាស​នានា​ចាកចេញ​ពី​កណ្តាល​ក្រុង​ ​ហើយ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥១​ ​ដែល​ជា​តំបន់​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​ការ​តភ្ជាប់​ទៅកាន់​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗ​មាន​ភាព​ងាយស្រួល​ ​ដូចជា​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៣ជាដើម​។​

ដោយ​មើល​ឃើញ​សក្តា​នុ​ពល​នេះ​ ​ក្រុមហ៊ុន​ ​Victory​ ​Land​ ​បាន​ចាប់ផ្តើម​គំរោង​វិនិយោគ​លំនៅ​ដ្ឋាន​ជាលើកដំបូង​នៅ​លើ​ផ្លូវជាតិ​លេខ១​ ​ស្ថិតនៅ​ភូមិ​ចិន​កោះ​ ​ឃុំ​កៀនស្វាយ​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​ ​

គំរោង​នេះ​បាន​ផ្តោត​លើ​លំនៅ​ដ្ឋាន​ប្រណីត​ ​ដូចជា​វីឡា​កូនកាត់​ ​វីឡា​ប្រភេទ A​ ​និង​វីឡា​កូនកាត់​ប្រភេទ B​ ​ហ្សប​ហោស៍​ដែល​មាន​ការ​ឌី​សាញ​យ៉ាង​ប្រណីត​ ​ប្រកបដោយ​គុណភាព​ ​និង​សោភ័ណភាព​ ​ពិសេស​ជា​គំរោង​ដែល​ផ្តោត​លើ​ភាព​បៃតង​ ​ដោយ​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​ ​បាន​ទុក​ដី​សំរាប់​សួនច្បារ​លំ​ហែរ​សំរាប់​គ្រួសារ​និ​មួយ​ៗ​។

​គំរោង​លំនៅ​ដ្ឋាន​នៃ​ ​Victory​ ​Land​ ​បាន​ផ្តល់​នូវ​សេវា​សន្តិសុខ២៤ម៉ោង​ ​ជាមួយនឹង​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ធំ​ទូលាយ​ ​ដើម្បីឲ្យ​ខ្យល់អាកាស​ចេញចូល​ក្នុង​បរិវេណ​បុរី​កាន់តែ​មាន​ភាព​មនោរម្យ​ ​ក៏ដូចជា​ធ្វើឲ្យ​អ្នក​រស់នៅ​ក្នុង​បុរី​នេះ​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ផង​ដែរ​។​ ​

គំរោង​នេះ​បាន​ចាប់ផ្តើម​ពីដើម​ឆ្នាំ២០១៨​ ​និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំនេះ​ ​ជាមួយ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ចាប់ពី៧៨,៨០០​ ​ដល់​ជាង១២ម៉ឺន​ដុល្លារ​អាមេរិក​។​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​នេះ​ ​អាច​ធ្វើដំណើរ​ត្រឹម១០នាទី​ប៉ុណ្ណោះ​ ​ពី​ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ​ ​ខ័ណ្ឌ​ច្បារអំពៅ​ ​ក្រុងភ្នំពេញ​។

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Victory​ ​Land​ ​ក៏បាន​និង​កំពុង​ពុះ​ដី​ឡូត៍​លក់​នៅ​លើ​ផ្លូវជាតិ​លេខ៥១​ ​ដែល​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​មាន​ផ្សារ​សហគមន៍​ ​និង​មាន​គំរូ​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​ ​ដែល​អ្នកទិញ​ដី​អាច​សាងសង់​សំណង់​បាន​យ៉ាង​មាន​របៀបរៀបរយ​ ​និង​មាន​សោភ័ណភាព​ខ្ពស់​ផង​ដែរ​។​ ​

ពិសេស​ដី​ឡូត៍​ក្នុង​គំរោង​នេះ​ ​មា​នព័ទ្ឋ​ជុំវិញ​ដោយ​រោងចក្រ​ ​សហគ្រាស​ដែល​មានកម្ម​ករ​ ​និយោជិត​បំរើ​ការងារ​រាប់ពាន់​នាក់​ផង​ដែរ​។

​អតិថិជន​ចាប់អារម្មណ៍​ទិញ​ដី​ឡូត៍​ ​និង​លំនៅ​ដ្ឋាន​ ​Victory​ ​Land​ ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ​099​ ​770​ ​880​,​ ​098​ ​27​ ​37​ ​88​,​ ​011​ ​812​ ​888​៕​

 

ប្រតិភូខេត្តស៊ីឈួនមកសិក្សាស្វែឱកាសការវិនិយោគនៅក្នុងខេត្តសៀមរាប

0

ដោយ នៅ ស៊ីវុត្ថា

សៀមរាបៈ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈប្រជាមានិតចិនបាននិងកំពុងសម្លឹងមើល និងស្វែងរកឪកាសវិនិយោគលើវិស័យជាច្រើន នៅក្នុងខេត្តសៀមរាបជាពិសេសវិស័យទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក Xiang Qiongha ប្រធានប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា គោលបំណងនៃដំ​ណើរទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ គឺដើមី្បត្រួតពិនិត្យ ស្វែងយល់ពីការវិនិយោគ និង រកឱកាសឲ្យខេត្តស៊ីឈួន បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាត់មួយ ផ្លូវមួយឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា។

លោកបន្តថា ស៊ីឈួនជាខេត្ត មានសក្តានុពលលើវិស័យទេសចរណ៍ ដូចគ្នានឹង​ខេត្តសៀមរាបដែរ ដោយសារមានតំបន់ចំនួន៥ ត្រូវបានចុះបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្ត ហើយខេត្តស៊ីឈួន ជាខេត្តធំលំដាប់លេខ៣ នៃប្រទេសចិន ក្នុងវិស័យកសិកម្មប្រកបទៅដោយបច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់ ។

លោកបន្ថែមថា “ដូច្នេះនៅក្នុងឱកាសដ៏ល្អនេះ សូមសំណូមពរអភិបាលខេត្តសៀលមរាប ឲ្យបងប្អូនជាពាណិជ្ជករចិន បានចូលមកសិក្សាស្រាវជ្រាវ ស្វែងយល់ នៅខេត្តសៀមរាប ដើមី្បចូលមកបណ្តាក់ទុនវិនិយោគ ដើមី្បចាប់ដៃគ្នាជំរុញឲ្យដំណើរការក្នុងវិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងអប់រំ រវាងខេត្តទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើ​នពិសេសលើការបណ្តុះបណ្តាលនូវធនធានមនុស្ស”។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រៀមសហការគ្រប់ពេលវេលា ដើម្បីធ្វើឲ្យខេត្តយើងទាំងពីរ សៀមរាប-ស៊ីឈួន កាន់តែមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ខណៈដែលខេត្តសៀមរាប ក្រៅពីវិស័យទេសចរណ៍ ដែលជាវិស័យមានសក្ដានុពលដ៏ធំមួយរបស់កម្ពុជា ដោយសារមានប្រាង្គប្រាសាទបុរាណប្រវត្តិសាស្ត្ររាប់ពាន់ប្រាសាទ រួមជាមួយនឹងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតនោះ វិស័យកសិកម្ម ក៏ជាវិស័យនាំមុខផងដែរសម្រាប់ខេត្តសៀមរាប ដែលប្រជាពលរដ្ឋចំនួន៨០ភាគរយជាប្រជាកសិករ៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការសិក្សារៀបចំគម្រោងប្លង់តំបន់អភិវឌ្ឍន៍ចំនួនពីរ

0

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំគម្រោងប្លង់អភិវឌ្ឍន៍ចំនួនពីរ នៅរាជធានីភ្នំពេញ គឺតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូង នៃកិច្ចសហប្រតិបត្តិការរដ្ឋបាលរាជធានីភ្នំពេញ-សាលាក្រុងប៉ារីស និងប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុនING GROUP។

ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធប្រមូលមតិយោបល់មកពិភាក្សា និងសិក្សាឱ្យបានល្អិតល្អន់ មុននិងដាក់បញ្ចូលទៅក្នុងគម្រោងកសាងផ្លូវសាធារណៈ និងប្រព័ន្ធធារាសាស្រ្តថ្មីៗនៃរាជធានីភ្នំពេញ។

លោកបានស្នើឱ្យមន្រ្តីបច្ចេកទេស រួមសហការគ្នា ជាមួយមន្រ្តីពាក់ព័ន្ធបន្តសិក្សា ពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់បន្ថែមទៀត ពិនិត្យទៅលើគម្រោងប្លង់ទាំងពីរថា តើមួយណាមានផលប៉ះពាល់តិចជាង ដើម្បីយកមកពិនិត្យជាថ្មី មុននឹងអនុវត្តគម្រោងអភិវឌ្ឍន៍មួយនេះឱ្យទទួលបានជោគជ័យ។

លោកអភិបាលថា“រាល់ការអភិវឌ្ឈជៀសមិនផុតពីការប៉ះពាល់ ប៉ុន្តែត្រូវកាត់បន្ថយនូវផលប៉ះពាល់ទាំងនោះ ឱ្យនៅតិចតួចបំផុតតាមតែអាចធ្វើទៅបាន មិនមានន័យថា មានផលបះពាល់មិនអភិវឌ្ឍន៍នោះទេ គឺត្រូវកែសម្រួល ឬកាត់តម្រឹមឱ្យមានតម្លាភាព ពោលគឺយកប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល”។

លោកក៏បានស្នើឱ្យមន្រ្តីពាក់ព័ន្ធគិតគូជាពិសេស ដោយពិនិត្យលទ្ធភាពរកទីតាំង ឱ្យបានត្រឹមត្រូវ បម្រុងទុកសម្រាប់កសាងទ្វារទឹក និងស្ថានីយ៍បូមទឹក ដើម្បីកុំឱ្យមានការជន់លិចនៅក្នុងតំបន់ទាំងនោះ នាពេលអនាគត តាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋភិបាល។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានមានប្រសាសន៍ថា ការសិក្សាលើផែនការនេះ ធ្វើឡើងដើម្បីបន្ស៊ីគ្នាជាមួយប្លង់គោលអភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលការសិក្សានេះក៏រួមបញ្ចូលនៅតំបន់មួយចំនួននៅក្នុងគំរោងING ផងដែរ ព្រោះគំរោងទីក្រុងរណបING ក៏ស្ថិតនៅភាគខាងត្បូង។


ទោះជាយ៉ាងណាលោកមិនបញ្ជាក់នៅឡើយថា តើផែនការសិក្សានេះនឹងបញ្ចប់នៅពេលណា និងចំណាយថវិកាប៉ុន្មាននៅឡើយទេ៕

ជាថ្មីម្តងទៀត! រដ្ឋមន្ត្រីនទេសចរណ៍ស្នើ UNESCO ពន្លឿនការចុះបញ្ជីទីក្រុង៣ របស់កម្ពុជា ជាទីក្រុងបេតិកភ័ណ្ឌ

0

ដោយ ៖ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឱ្យអង្គការយូណេស្កូជួយពន្លឿនដំណើរការនៃការចុះបញ្ជីទីក្រុង៣ របស់កម្ពុជា រួមមានទីក្រុងបាត់ដំបង ទីក្រុងក្រចេះ និងទីក្រុងកំពត ឱ្យក្លាយជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងគោលដៅទេសចរណ៍បន្ទាប់បន្សំ (secondary tourist destinations) ខណៈកម្ពុជាមិនទាន់មានទីក្រុងណាមួយចុះបញ្ជីនៅឡើយ។


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបពិភាក្សាជាមួយលោក សាដាអ៊ូម៉ា អាឡាម នាយកអង្គការយូណេស្កូថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ម្សិលមិញបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញជាប់ជាប្រចាំ និងដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា អង្គការទេសចរណ៍ពិភពលោក UNWTO អង្គការយូណេស្កូ UNESCO មានកិច្ចសហការគ្នាយ៉ាងល្អ ជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ វប្បធម៌ នៅកម្ពុជាដោយជោគជ័យ។


លោក សាដាអ៊ូម៉ា អាឡាម នាយកអង្គការយូណេស្កូថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការរីករាយហើយសន្យានឹងខិតខំសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន អាជ្ញាធរអប្សារា ICC រដ្ឋបាលខេត្ត ក្រសួងស្ឋាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់សៀមរាមអង្គរ និងតំបន់ជុំវិញរួមមាន៖ ទីក្រុងបេតិកភណ្ឌសៀមរាប តំបន់ទន្លេសាប ព្រែកទាល់ តំបន់ក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ ជីវចម្រុះ ដ៏ទាក់ទាញយ៉ាងពិសេសមួយក្នុងតំបន់។
បន្ថែមពីនេះ លោក សាដាអ៊ូម៉ា អាឡាម ក៏បានផ្តល់យោបល់ល្អៗជាច្រើនទាក់ទងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ទីក្រុង តំបន់ទន្លេសាប ភ្នំគូលែន រហូតដល់តំបន់ប្រាសាទព្រវិហារ កោះកេរ បេងមាលា សំបូរព្រៃគុក ដែលអាចតភ្ជាប់ខ្សែទស្សនកិច្ចបេតិកភណ្ឌ មកដល់តំបន់អេកូទេសចរណ៍ នៅប៉ែកនិរតីរួមមាន៖ ព្រៃកោងកាង ជួរភ្នំក្រវាញ និងអេកូទេសចរណ៍នៅភូមិភាគឦសាន្ត ផងដែរ។


លោកបន្តថា សមិទ្ធផលជាច្រើន ដែលអង្គការយូណេស្កូបានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងអភិរក្សសម្បត្តិបេតិកភ័ណ្ឌអរូបិយ និងរូបិយ ជាពិសេសជំរុញវិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយវប្បធម៌។
លោក សាដាអ៊ូម៉ា អាឡាម មានការពេញចិត្តចំពោះទស្សនៈវិស័យរបស់លោករដ្ឋមន្រ្តីទេសចរណ៍ហើយសន្យាបន្តការសហការជាមួយគ្នារៀបចំកម្មវិធីរួមគ្នា ឬក៏វគ្គបណ្តុះបណ្តាល ដើម្បីជំរុញឱ្យមានការអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ អេកូទេសចរណ៍កម្ពុជាមួយប្រកបដោយនិរន្តរភាព ហើយបានប្រកាសគាំទ្រប្លង់មេអភិវឌ្ឍន៍សមាហរន្តកម្ម នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ ដែលរាជរដ្ឋាភិបាល កំពុងរៀបចំបច្ចុប្បន្ននេះ៕