ដំណឹង​ល្អ! អឺរ៉ុប​គ្រោង​ផ្តល់​ជំនួយឥតសំណង ១១៥លាន​អឺរ៉ូ​ដល់​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា សហភាព​អឺ​រុ​ប​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន១១៥លាន​ដុល្លារ ដើម្បី​ជួយ​លើ​គំរោង​អាទិភាព​បី​នៅ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។

ក្នុងជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី១៧ ធ្នូ​កន្លងមកនេះ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ចំពោះ​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នានា ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល ជាមួយ​សហភាព​អឺរ៉ុប។

លោក​បន្តថា “ឈរលើ​ស្មារតី​នេះ​សហភាព​អឺរ៉ុប​នឹង​បន្ត​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ កម្ពុជា​បន្ថែមទៀត។

ជំនួយ​នេះ​នឹង​ប្រើប្រាស់​លើ​កម្មវិធី​អាទិភាព​ចំនួន៣ គឺ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចំនួន ២២ លាន​អឺរ៉ូ បន្ថែម, កម្មវិធី​ជំរុញ​កំណើន​វិស័យ ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (លើ​ផ្នែក​នេសាទ) ចំនួន ៨៧លាន​អឺរ៉ូ និង​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី៣ចំនួន៦លាន​អឺរ៉ូ​ផងដែរ។

លោក​អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំ​បោះ​សហភាព​អឺរ៉ុប ដែល​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ថែ​ម​ទៀត ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ ចំពោះ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ខិតខំ​សម្រេចបាន។ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ការគាំទ្រ​ជាគោលការណ៍ ចំពោះ​សំណើ​កម្មវិធី​ទាំង៣នេះ ព្រមទាំង​បាន​សន្យា​ជួយ​សម្របសម្រួល និង​សហការ​រៀបចំ​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ចុះហត្ថលេខា​កិច្ច​ព្រម​ព្រៀ​ឱ្យទាន់​ដើមឆ្នាំ ២០១៩ខាងមុខនេះ៕

ការសិក្សាថ្មី! ចំនួនអាផាតម៉ិននឹងកើនច្រើនជាងទ្វេរដងចន្លោះឆ្នាំ២០១៨-២០៣០

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន Vtrust Appraisal បានរកឃើញថា ចំនួនអាផាតម៉ិននៅកម្ពុជាបច្ចុប្បន្នមានចំនួន៩០២១យូនីត ប៉ុន្តែចំនួននេះនឹងកើន ឡើ​ងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

លទ្ឋផលការសិក្សារបស់ក្រុមហ៊ុននេះ ដែលបាននិងកំពុងបង្ហាញនៅសណ្ឋាគារ​ Raffle Le Royal នាព្រឹកថ្ងៃទី១៨ ធ្នូនេះបានឲ្យដឹងថា ក្រុងភ្នំពេញមានអាផាតម៉ិនចំនួន៣៥៥គំរោង និងស្មើចំនួន៩០២៥យូនីត។ ការព្យាករណ៍របស់ក្រុមហ៊ុននេះបានឲ្យដឹងថា ចំនួនអាផាតម៉ិននឹងកើនដល់២៨០០០យូនីតនៅត្រឹមឆ្នាំ២០៣០ ជាការកើនឡើងក្នុង​សេនារីយោធម្មតា បើពិនិត្យមើលពីចំនួននៃការផ្គត់ផ្គង់បច្ចុប្បន្ន។

នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បានមានប្រ​សាសន៍ក្នុងសេចក្តីប្រកាសព៌តមាន ដែលត្រូវបានចែកចាយដល់បណ្តាញអ្នកសារព៌តមាននាព្រឹកថ្ងៃទី១៨ ធ្នូនេះថា ការផ្គត់ផ្គង់អាផាតម៉ិនមានកំនើន១០ភាគរយប្រចាំឆ្នាំ ឬស្មើនឹង១៥៨០យូនីតប្រចាំឆ្នាំ ចាប់ពីពេលបច្ចុប្បន្នដល់ឆ្នាំ២០៣០ ។

ការសិក្សានេះបានរកឃើញថា ខ័ណ្ឌចំការមន មានចំនួនអាផាតម៉ិនច្រើនជាងគេ ដែលរហូតដល់២៣០គំរោង ស្មើនឹង៥៨២០យូនីត និងគ្របដណ្តប់៦៤ភាគរយនៃ​ចំណែ​កផ្គត់ផ្គង់ទីផ្សារទាំងមូល។ ខ័ណ្ឌជាប់លំដាប់ទី២គឺខ័ណ្ឌទួលគោក ដែលអាផាត​ម៉ិននៅក្នុងខ័ណ្ឌនេះ គ្របដណ្តប់១៦ភាគរយនៃចំណែកទីផ្សារទាំងមូល និងខ័ណ្ឌ៧មករានិងខ័ណ្ឌដូនពេញ មានអាផាតម៉ិនចំនួន៦៣៥ និង៥៩០យូនីតរៀងៗគ្នា។ នៅក្នុងដំណា​ច់ត្រីមាសទី៤នេះ អាផាតម៉ិនចំនួន៧៦០០យូនីតត្រូវបានជួល ស្មើនឹងអត្រាគ្របដណ្តប់​ការប្រើប្រាស់សរុប៨៤ភាគរយនៅទូទាំងរាជធានីភ្នំពេញ។

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមអាផាតម៉ិនទាំងនោះ អាផាតម៉ិន១បន្ទប់គេងមានការផ្គត់ផ្គង់ច្រើនជាងគេក្នុងទីផ្សារ ស្មើនឹង៥៥ភាគរយនៃអាផាតម៉ិនសរុប​។ អាផាតម៉ិន២បន្ទប់គេងស្មើនឹង៣៤ភាគរយនៃចំណែកទីផ្សារសរុប៕

អ្នកជំនាញបង្ហាញពីផ្នែកដែលលេចធ្លោក្នុងវិស័យអចលនទ្រព្យឆ្នាំ២០១៩

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ នៅសល់រយៈពេល១៣ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០១៩នឹងចូលមកដល់ វាក៏ជាពេលត្រូវសម្លឹងទៅមុខ ពិសេសពិនិត្យមើលលើដំណើរវិវត្តន៍នៃវិស័យសំណង់ និងអច​លនទ្រព្យកម្ពុជា។
​វិស័យសំណង់ និងអចលនទ្រព្យ មានផ្នែកខុសៗគ្នាជាច្រើន ដូចជា ផ្នែកដីធ្លី ខុនដូ អាផាតម៉ិន អាគារការិយាល័យ សណ្ឋាគារជាដើម។

​តើផ្នែកណាមួយនៃវិស័យនេះ មានភាពរីកចម្រើនខ្លាំងជាងគេ? អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមការព្យាករណ៍តម្លៃដីធ្លីនឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ ហើយទំនោរនៅក្នុងផ្នែកនេះ នឹងមានការកើនឡើងខ្ពស់ឬកើនឡើងក្នុងកម្រិតទាប អាស្រ័​យលើតំបន់និមួយៗ។

ចំនែកផ្នែកខុនដូ នឹងមានការកើនឡើងនូវការផ្គត់ផ្គង់កាន់តែច្រើន ធៀបនឹងឆ្នាំ២០១៨នេះ ប៉ុន្តែតម្រូវការក៏រំពឹងមានសញ្ញាវិជ្ជមានផងដែរ។

​ដោយសារការចូលមកដល់នៃអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន តម្រូវការអាគារ​ការិយាល័យ និងអាផាតម៉ិននឹងសម្រេចបានកំនើនសមស្របមួយផងដែរ។

​ជាមួយគ្នានេះ អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិលោកវ៉ា វីរៈនាយកប្រតិបត្តិនៃក្រុមហ៊ុនCentury21 Fortuna Investmentបានសម្តែងសុទិដ្ឋិនិយមផងដែរថា ដោយ​សារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ លោកនៅតែមាន​សុទិដ្ឋិនិយមក្នុងវិស័យនេះ ដែលនឹងបន្តមានភាពរីកចម្រើនខ្លាំងថែមទៀត ពិសេសតម្លៃដីធ្លីនឹងបន្តហក់ឡើងមួយកម្រិតទៀត នៅក្នុងទីក្រុង ជាយក្រុង និងបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដូចជា ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុងជាដើម។

​លោកបន្តថា “ចរន្តទិញលក់ដីធ្លីនឹងមានការកើនឡើង ហេតុនេះតម្លៃដីធ្លីនឹងសម្រេ​ចបានកំនើនខ្ពស់បន្ថែមទៀត”។

​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ ប៉ុន្តែផ្នែកសំខាន់ៗនៅក្នុងវិស័យនេះនៅតែសម្រេចបានកំនើនសមរម្យមួយ ដូចជាផ្នែកលំនៅដ្ឋាននឹងអាចសម្រេចបាន១០ទៅ១៥ភាគរយ តម្លៃដីធ្លីអាចហក់ឡើង​ដល់១៥ភាគរយ តម្រូវការការិយាល័យអាចសម្រេចបានកំនើន១៥ទៅ២០ភាគរយ។ ចំ​នែកខុនដូ នឹងមានការផ្គង់ផ្គង់ចូលទីផ្សារច្រើន ហេតុនេះតម្លៃនឹងមិនកើនឡើងនោះទេ តែតម្រូវការអាចកើនក្នុងចន្លោះ៥ទៅ៧ភាគរយ។

​លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដោយសារតម្លៃសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ជាមូលដ្ឋានដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យនេះ”។លោកបន្តថា កំនើនក្នុងវិស័យនេះ មានសុខភាពល្អជាងមុន ទោះជាអត្រាតម្លៃស្ថិតក្នុង​កំនើនមធ្យមក្តីសម្រាប់ឆ្នាំ២០១៩ខាងមុខ”៕

ចង់ដឹងទេតើស្ថានទូតនៅកម្ពុជាប៉ុន្មានប្រើប្រាស់លុយខ្មែរយើង

0

​ដោយគង់ សូរិយា
​ភ្នំពេញ: ក្នុងចំណោមស្ថានទូតនៃបណ្តាប្រទេសជាមិត្តជាង៣០ ដែលបានមានវត្ត​មាននៅកម្ពុជា គឺមានតែស្ថានទូតជប៉ុនមួយប៉ុណ្ណោះ ដែលបានទទួលយករូបិយប័ណ្ណ​កម្ពុជា(រៀល)ក្នុងការបង់វីសាដល់ស្ថានទូតនេះ។

​លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍​ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ ធ្នូកន្លងមកថា ក្នុងចំណោមទូតនៃបណ្តាប្រទេស​ជាមិត្តកម្ពុជា មានតែស្ថានទូតជប៉ុនមួយប៉ុណ្ណោះ បានទទួលយកលុយរៀលរបស់យើង ដើម្បីទូទាត់លើសេវាកម្មផ្សេងៗជាមួយប្រជាជនកម្ពុជា។

ចំណែកស្ថានទូតប្រទេសជាមិត្ត និងប្រទេសជិតខាងកម្ពុជា ពួកគេមិនយកលុយរៀលទេ ពួកគេយកតែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។

​លោកបន្តថា “ការទទួលយកលុយរៀលពីស្ថានទូតជប៉ុននៅកម្ពុជា ឆ្លុះបញ្ចាំងពីពួកគេឲ្យតម្លៃអត្តសញ្ញាណកម្ពុជា ឲ្យតម្លៃលើប្រជាជនកម្ពុជា និងឲ្យតម្លៃលើរូបិយប័ណ្ណ​កម្ពុជា”។

​ភ្ញៀវទេសចរណ៍ជប៉ុន ដែលបានមកទស្សនាកម្ពុជាបានកើនឡើងខ្ពស់ ដោយតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ឆ្នាំនេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរណ៍ជប៉ុន៣០ម៉ឺននាក់ ដោយសារការភ្ជាប់ជើងហោះហើរត្រង់ របស់អាកាសចរណ៍ជបុនANAមកកាន់ទីក្រុងភ្នំពេញ។

ភ្ញៀវទេសចរណ៍ជប៉ុន ក៏ស្ថិតក្នុងចំណោមភ្ញៀវជាប់ក្នុងចំណោម Top Ten ដែលជាប្រទេសមានភ្ញៀវមកទស្សនាកម្ពុជាច្រើនជាងគេផងដែរ។

​លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាស​ន៍លើកឡើងស្រដៀងគ្នាថា ស្ថានទូតជប៉ុនជាស្ថានទូត ដែលបានចាប់ផ្តើមទទួលយកប្រាក់រៀលរបស់យើង តាំងពីដើមមករហូតមកទល់ពេលនេះ ហើយនេះជាការឲ្យតម្លៃមួ
យពីមិត្តជប៉ុនចំពោះជាតិសាសន៍របស់យើង ក៏ដូចជាឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ៕

ស្វែងយល់ពីអាស៊ី! តើទីក្រុងណាខ្លះដែលមានតម្លៃលំនៅដ្ឋានថ្លៃជាងគេក្នុងទ្វីបអាស៊ី?

0

ដោយវុត្ថា
ភ្នំពេញ: តម្លៃអចលនទ្រព្យផ្នែកលំនៅដ្ឋាន នៅតែមានតម្លៃខ្ពស់នៅតាមបណ្តាទីក្រុងនានាន ស្ថិតក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដោយក្នុងនោះតម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង នៅតែរក្សាបានដំណែងមានតម្លៃលំនៅដ្ឋានខ្ពស់បំផុត ពោលគឺឈរនៅលំដាប់លេខរៀងទី១ក្នុងំណោមទីក្រុងផ្សេងទៀត។


យោងតាមរបាយការណ៍ប្រចាំឆ្នាំ Wealth Report របស់ក្រុមហ៊ុនJulius Baer ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ថា តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុងមានតម្លៃរហូតដល់៥៤,៣០៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពោលកើនឡើង៥.២៦ ភាគរយបើធៀបនឹងឆ្នាំកន្លងទៅ។

ចំណែកតំលៃលំនៅដ្ឋានអចលនទ្រព្យ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនវិញ ហាក់មានការធ្លាក់ចុះបន្តិចពោល គឺធ្លាក់ចុះប្រហែល១.១៨ភាគរយ បើធៀបនឹងឆ្នាំទៅ ដោយ​តម្លៃលំនៅដ្ឋានក្នុងទីក្រុងនេះស្ថិតក្នុងតម្លៃ៤០.៨៧៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ទីក្រុងសឹង្ហបុរី ឈរនៅលំដាប់លេខរៀងទី៣ ដែលតម្លៃលំនៅដ្ឋានមានចំនួន២៦,៥២៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលគឺកើនឡើង៦.៨៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។


ទីក្រុងសៀងហៃ ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី៤ ដែលមានតម្លៃ លំនៅដ្ឋានមានចំនួន២៥,៤៤២ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលកើនឡើង១៩.០៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកទីក្រុង តៃប៉ិ កោះតៃវ៉ាន់វិញ តំលៃអចលនទ្រព្យលំនៅដ្ឋានមានតម្លៃ ២២.៨១៧ ដុល្លារ ក្នុងមួយម៉ែត្រការ៉ ពោលគឺ៥.២៤ ភាគរយ ដែលធ្វើអោយទីក្រុងនេះ ឈរនៅលេខរៀងទី៥ នៅក្នុងតំបន់អាស៊ី។


រីឯទីក្រុងសេអ៊ូល ប៉ុមបៃ បាងកក ហ្សាកាតា មានីល និងកូឡាឡាំពួ បានឈរនៅលើកំពូលតារាងលំដាប់ទី១១៕

ដំណឹងល្អៈសម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់ពីរឆ្នាំខាងមុខ

0

ដោយគង់ សូរិយា

​​ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនឹងបន្តការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីជាបន្តបន្ទាប់ ដែលការបញ្ចុះតម្លៃអគ្គិសនីនេះចែកចេញជាប្រភេទផ្សេងគ្នា រវាងប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម និងអ្នកប្រើ ប្រាស់ច្រើន

មានប្រសាសន៍ក្នុងពិធីសម្ពោធវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ សម្តេចតេជោបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល មានគោលនយោបាយការប្រើប្រាស់អគ្គិសនីសម្រាប់អ្នកប្រើអស់ច្រើន មានតម្លៃថ្លៃជាងអ្នកប្រើអស់តិច ដែលនេះជាគោលនយោបាយគាំទ្រអ្នកក្រ សម្តេចបានបន្តថា ការប្រជុំនិយាយពីតម្លៃអគ្គិសនីនានារបស់មន្រ្តីពាក់ព័ន្ឋ ត្រូវតែជាការប្រជុំដើម្បី​រកវិធីបញ្ចុះតម្លៃអគ្គិសនី មិនមែនរកវិធីដើម្បីដំឡើងតម្លៃអគ្គិសនីនោះទេ។

ខណៈពេលប្រកាសពីការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី ក្នុងឆ្នាំ២០១៩-២០២០ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យអាជ្ញាធរអគ្គិសនីបន្តសិក្សាសម្រាប់ការបញ្ចុះតម្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២១២០២៥ ជាបន្តទៀត ដែលការណែនាំនេះគឺជាការណែនាំឱ្យសិក្សាដើម្បីបញ្ចុះថ្លែ មិនមែនណែនាំឱ្យសិក្សាដើម្បីដំឡើងថ្លៃនោះទេ។  

សម្តេចបានបន្តថា “ការលើកឡើងយ៉ាងដូច្នេះ គឺជាការបង្ការទៅដល់ក្រុអ្នក ដែលតែងតែមួ​ល​បង្កាច់បំភ្លៃការពិត ដើម្បីតែផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន

ការបញ្ចុះតម្លៃអគ្គិសនីជារឿងអបអរសាទរមួយ ប៉ុន្តែយ៉ាងណាតម្លៃអគ្គិសនីនៅកម្ពុជា​នៅតែមាន​តម្លៃថ្លៃធៀបជាមួយប្រទេសក្នុងតំបន់ ដោយសារកម្ពុជាមិនទាន់មានលទ្ឋភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិ​សនីគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅឡើយ ប៉ុន្តែតាមរយៈការវិនិយោគលើគំរោងរោងចក្រផលិតថាល​ពល​អគ្គិសនីនានា កម្ពុជានឹងមានឯករាជ្យភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯងនាពេលខាងមុខ។

សម្តេចតេជោហ៊ុន សែនបានបន្តថា នៅឆ្នាំ២០២០ខាងមុខ គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ ដែលនេះជាការខិតខំរបស់រដ្ឋាភិបាលកម្ពុជា។

ការបញ្ចុះតម្លៃអគ្គិសនីនៅកម្ពុជារបស់ប្រមុខរដ្ឋាភិបាល គឺឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលបានអនុម័តឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥កន្លងមកនេះ៕

សារ​ពីអ​គ្គ​នាយក​គេហទំព័រ​ ​Propertyarea.asia​

0

រយៈពេល១ឆ្នាំ​មកនេះ​ ​គេហទំព័រPropertyarea.asia​ ​និងFacebook​ ​Page​ ​របស់​យើងProperty​ ​Area​ ​Asiaបាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ចូល​រួម​ផ្តល់​ព៌​ត​មាន​ ​ចំណេះដឹង​ ​ផ្តល់​ជា​មូលដ្ឋាន​សម្រាប់​ការវិភាគ​ ​ពិចារណា​ ​សម្រាប់​ធ្វើការ​សម្រេចចិត្ត​ដល់​អ្នក​វិនិយោគ​នានា​ ​ដោយ​ឈរ​លើ​គុណ​តម្លៃ​នៃ​សារ​ព៌​ត​មាន​។​

ជាមួយនឹង​ការ​ទទួល​បានការ​គាំទ្រ​យ៉ាង​លើសលុប​ ​បាន​ធ្វើឲ្យ​យើង​រឹតតែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ​ដើម្បី​ធ្វើ​យ៉ាងណា​ក្នុង​ការ​ផ្តល់​ព៌​ត​មាន​ប្រកបដោយ​វិជ្ជាជីវៈ​ ​ក្នុង​វិស័យ​សារ​គមនាគមន៍​នៅ​កម្ពុជា​ ​ដែល​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​។

​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល១ឆ្នាំ​មកនេះ​ ​គេហទំព័រ​របស់​យើង​ទទួល​បានការ​គាំទ្រ​លើស​ការ​រំពឹង​ទុក​ ​ដោយ​យើង​ទទួល​បាន​ចំនួន​អ្នកអាន​ចន្លោះ​ពី១០,០០០​ ​ទៅ២,០០០០នាក់​ជា​រៀងរាល់ថ្ងៃ​ ​និង​ចំនួន​អ្នក​ចែក​រំ​លែ​កព៌​ត​មាន​របស់​យើង​ ​រហូតដល់​ជិត៣០០០នាក់​ ​សម្រាប់​អត្ថបទ​ពេញនិយម​នានា​។

​យើង​បាន​និង​កំពុងធ្វើការ​ជាមួយ​ក្រុម​អ្ន​ក​សារ​ព៌​ត​មាន​ឆ្នើម​ៗ​ជាច្រើន​ ​ដែល​មានបទពិសោធន៍​ចាប់ពី១០ដល់២០ឆ្នាំ​។​ ​យើង​ដឹង​ច្បាស់​ណាស់​ពី​សារ​សំ​ខាន់​នៃព៌​ត​មាន​ ​ទើប​យើង​ឈរ​លើ​មូល​ដ្ឋាន​ផ្តល់​ព៌​ត​មាន​លឿន​ជាងគេ​ ​ព៌​ត​មាន​ពិត​ ​ទំនុកចិត្ត​ ​តុល្យភាព​ ​និង​ក្រម​សីល​ធ៌ម​ ​(​Fast​,​ ​Reliable​ ​Trust​,​ ​Balance​&​ ​ethic​)​ សម្រាប់​ផ្តល់​ជូន​មិត្ត​អ្នកអាន​នានា​។​

ចាប់តាំងពី​យើង​ដំណើរការ​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​ ​យើង​បាន​ធ្វើ​ឲ្យ​មាន​ឥទ្ឋិ​ពល​ដល់​វិ​ស័យ​សារ​ព៌​ត​មានOnlineនៅ​កម្ពុជា​ ​ដោយមាន​គេហទំព័រ​ជាច្រើន​បាន​លួច​ចំលង​ស្ទីល​នៃ​ការ​សរសេរ​របស់​យើង​ ​បាន​កូ​ពីព៌​ត​មាន​របស់​យើង​យក​ធ្វើជា​របស់​ខ្លួន​និង​បាន​លួច​ស្ទីល​នៃ​លំ​នាំ​ព៌​ត​មាន​របស់​យើង​ ​ដែល​នេះ​ជា​រឿង​គួរឲ្យ​មោទនភាព​ ​និង​ខកចិត្ត​។​

ហេតុនេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Propertyarea.asia​ ​យើង​សូម​បញ្ជាក់​ថា​ ​“​កា​រយ​កព៌​ត​មាន​របស់​យើង​ទៅ​កា​លៃ​ ​ឬ​បំពេញបន្ថែម​លើ​ចំណុច​ណាមួយ​ ​ដើម្បីឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​គេហទំព័រ​របស់​ខ្លួន​ ​យើង​សូម​បដិសេធ​មិន​ទទួលខុសត្រូវ​នោះ​ទេ​”​។

​យើង​បដិ​សេ​ធ​នូវ​ព៌​ត​មាន​មិន​ពិត​ ​និង​ការ​សរសេរ​ដើម្បី​បំពុលសង្គម​ជាដាច់ខាត​ ​ព្រោះ​យើង​យល់ថា​”​ការ​សរ​សេរ​ព៌​ត​មាន​មិន​ពិត​ ​និង​ដើម្បី​ផលប្រយោជន៍​បុគ្គល​ណា​ម្នាក់​ ​“​វា​ជា​ឧក្រិដ្ឋ​កម្ម​មួយ​”​។​សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​ ​និង​សូម​អរគុណ​សម្រាប់​ការ​អាន​ ​និង​ចែក​រំ​លែ​កព៌​ត​មាន​នានា​របស់​យើង​។​

​យើង​បាន​និង​កំពុង​ឈរ​លើ​វិថី​ ​សម្រាប់​ភាព​ជោគជ័យ​ទាំងអស់គ្នា​ ​ពិសេស​សូម​ថ្លែង​នូវ​អំណរគុណ​ដល់​អ្នក​អភិវឌ្ឍន៍​ ​និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នានា​ ​ដែល​បាន​គាំទ្រ​ចំពោះ​គេហទំព័រ​ ​និង Facebook​ ​Page របស់​យើង​ឲ្យ​ដំនើ​រកា​រយ៉ា​ងរ​លូន​។​

យើង​ស្វាគមន៍​នូវ​រាល់​មតិ​កែ​លំ​អរ​ ​ក្នុង​ន័យ​ស្ថាបនា​គ្រប់ពេលវេលា​។​

ដោយ​ក្តី​គោរព​ពី​លោ​ក​ យិន​ ​លាង​គង់​ ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Propertyarea.asia​៕

សូម​អរគុណ​!​

ទំហំទឹកប្រាក់វិនិយោគរបស់បារាំងបានកើនដល់ជាង១ពាន់លានដុល្លារអាមេរិក

0

ដោយវុត្ថា

ភ្នំពេញ: ជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជា បានកើនដល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ដែលតាមពីក្រោយការវិនិយោគរបស់អង់គ្លេសនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង លោកសីវ៉ង់ វ៉ាសឺម៉ង់ នាវិមានរដ្ឋសភាព្រឹកថ្ងៃទី ១៧ ខែធ្នូនេះបានឲ្យដឹងថា ទំហំទឹកប្រាក់វិនិយោគរបស់បារាំងនៅកម្ពុជាបានកើនឡើង ដល់ជាង១ពាន់លានដុល្លារអាមេរិក។ ជាមួយនេះ កម្ពុជាក៏បាននាំចេញអង្ករច្រើនក្នុងលំដាប់ទី២ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត៨ម៉ឺនតោន។

ជាមួយគ្នានេះ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា បារាំង ក្នុងនោះទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ ក៏កំពុងមានការរីកចំរើនជាលំដាប់ផងដែរ។ លោកបានសម្តែងនូវការ កោតសរសើរចំពោះកម្ពុជា ដែលនៅមានអ្នកនិយមប្រើប្រាស់ភាសាបារាំងច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

ជាការឆ្លើយតប សម្តេចហេង សំរិនបានហៅចំណងការទូតកម្ពុជា-បារំាងថា មានលក្ខណៈពិសេស កសាងឡើង ដោយអតីតប្រមុខដឹកនាំប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥២ គឺ១ឆ្នាំមុន កម្ពុជាប្រកាសឯករាជ្យជាផ្លូវការរបស់ខ្លួន និងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈររហូតមកដល់សព្វថៃ្ង។ សម្តេច ក៏បានជម្រាបជូនអនុប្រធានសភាបារាំងអំពីកិច្ចការសភាកម្ពុជាផងដែរថា  ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័តច្បាប់សរុប៥២៣ច្បាប់ ក្នុងនោះច្បាប់ចំនួន៥៣ គឺទាក់ទងនឹងគោលការណ៍សិទ្ធិមនុស្ស ហើយកាលពីសប្តាហ៍មុន រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយអនុម័តនូវវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយឲ្យកាន់តែមានភាពទូលំទូលាយ៕

រដ្ឋមន្រ្តីទេសចរណ៍ៈអ្នកទេសចរណ៍ជិត៤០ម៉ឺននាក់ចូលរួមកំសាន្តបុណ្យសមុទ្រ នៅខេត្តកោះកុង

0

ដោយវុត្ថា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤០ម៉ឺននាក់ បានចូលរួមកំសាន្តបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីចុង​សប្តាហ៍មុន។

លោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងតាមរយៈfacebook Pageរបស់ក្រសួងនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា អ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ៣៨ម៉ឺននាក់ទៅលេងកម្សាន្ត នៅក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ នៅខេត្តកោះកុងដែលបានប្រារពធ្វើចាប់ពីថ្ងៃទី១៤ដល់១៦ធ្នូកន្លងមកនេះ។

ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នៅខេត្តកោះកុង មានការអញ្ជើញចូលរួមជាអធិ​បតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា។

ក្នុងឳកាសនោះសម្តេចបានលើកឡើង ពីដំណើរវិវត្តន៍រីកចម្រើននៃខេត្តកោះកុង ដែលធ្លាប់កម្សត់កម្រ មកកាន់ខេត្តដែលមានការរីកចម្រើន និងទាក់ទាញក្រុមហ៊ុនវិនិយោ គជាតិ អន្តរជាតិធំៗមកកាន់ខេត្តនេះ៕

សម្តេចតេជោៈគ្មានគំរោងចិនណាមួយបានពន្យាពេលសាងសង់នៅកម្ពុជានោះទេ

0

ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះគ្មាន​គំរោងវិនិយោគរបស់ចិនណាមួយ បានប្រកាសឬពន្យាពន្យាពេលសាងសង់នៅកម្ពុជានោះទេ។

អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវវារីអគ្គិសនីសេសាន២នៅខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី១៧ ធ្នូនេះសម្តេចតេជោបានមានប្រសាសន៍បន្តថា រហូតមកទល់ពេ​លនេះ​ មិនមានគំរោងវិនិយោគណាមួយនៅកម្ពុជា បានប្រកាសពន្យាពេលនោះទេ ពិសេ​សផ្លូវមួយដែលជាជំនួយរបស់ចិន បានបន្តសាងសង់ក្នុងកំឡុងពេលកម្ពុជានិងពិភពលោ​កកំពុងជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបបញ្ហាតិចតួច ក្នុងកំឡុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលប្រធានាធិបតីដូណាល់ ត្រាំបានអនុវត្តន៍គោលនយោបាយគាំ​ពារនិយមរបស់ខ្លួន។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ យើងមិនឃើញមានគំរោងអចលនទ្រព្យណា​មួយរបស់ប្រទេសចិនបានពន្យាពេលសាងសង់នោះទេ គឺគំរោងទាំងនោះនៅតែដំណើរការធម្មតា មិនមានអ្វីប្រែប្រួលទេ។

អ្នកនាងបន្តថា “គំរោងដែលមានអ្នកវិនិយោគល្អនៅតែល្អ គំរោងដែលមានបញ្ហានៅតែមានបញ្ហា តែគំរោងរបស់ចិនមិនមានការពន្យាពេលនោះទេ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម​

បានមានប្រសាសន៍ថា ស្ថានភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅតែមានភាពវិជ្ជមាន និងនៅតែសម្រេចបានកំនើនបន្តទៀត ពិសេសគំរោងធំៗរបស់ចិននៅកម្ពុជា មិនមានជួបបញ្ហាអ្វីនោះទេ ពួកគេនៅតែបន្តដំណើរការជាធម្មតា។

លោកបន្តថា “ដោយ​សារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរ៉ឹងមាំ យើងគិតថាវិស័យអចលនទ្រព្យ នឹងសម្រេចបានកំនើនប្រមាណ១៥ភាគរយបន្ថែមទៀតនៅឆ្នាំ២០១៩ខាងមុខនេះ”៕