អ្នកជំនាញប្រាប់ពីវិធីវិនិយោគទិញ លក់អចលនទ្រព្យឆាប់ទទួលបានផលចំណេញ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: ការវិនិយោគលើវិស័យអចលនទ្រព្យ មិនសុទ្ឋតែទទួលបានផលចំណេញទេ តែអ្នកវិនិយោគសុទ្ឋតែចង់ទទួលបានផលចំណេញ ហេតុនេះសំណួរនៅត្រង់ថាតើវិនិ​យោគបែបណា ដើម្បីទទួលបានផលចំណេញ?។

គេហទំព័រPropertyarea.asia សូមលើកយកសម្តីរបស់អ្នកជំនាញអចលនទ្រព្យកម្រិតអន្តរជាតិនៅកម្ពុជាមកចែករំលែក ដើម្បីឲ្យលោកអ្នកត្រិះរិះពិចារណា និងធ្វើជាមូលដ្ឋានមុនសម្រេចចិត្តវិនិយោគ។


អ្នកជំនួញអន្ដរជាតិ​ CIPS​ និងជាសមាជិកនៃសមាគមន៍​ NAR និងជាទីប្រឹក្សាអច​លនទ្រព្យអ្នកឯកទេសខាងពាណិជ្ជកម្មនិងលំនៅដ្ឋាន លោកអ៊ិន ស៊ីថាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីថ្ងៃទី១៦ ធ្នូកន្លងមកថា ជាទូទៅអ្នកទិញនៅពេលដែលគាត់ធ្វើការវិនិយោគលើអចលនទ្រព្យ អ្នកវិនិយោគតែងតែធ្វើការប្រៀបធៀបថាទុន(លុយ)ដែលពួកគាត់យកទៅវិនិយោគលើដីធ្លីនោះ គឺមកពីអាជីវកម្មរបស់គាត់ រឺក៏តាមរយៈការសន្សំប្រាក់នៅធនាគារមួយណាចំណេញជាង និងមានសុវត្ថិភាពជាង។ ជាធម្មតាការវិនិយោគលើអច​លនទ្រព្យជាជម្រើសទី២ រឺទី៣របស់ពួកគាត់ បន្ទាប់ពីអាជីវកម្មជាដែលជាជម្រើសទី១ របស់គាត់បានជោគជយ័។

លោកបន្តថា “បើតាមបទពិសោធនិងការយល់ដឹងរបស់ខ្ញុំ អ្នកវិនិយោគលអចលនទ្រព្យ(ទិញ លក់) គឺក្នងគោលបំណងដូចខាងក្រោម ដូចជា ១.សំរាប់ការស្នាក់នៅផ្ទាល់ខ្លួន ២.សំរាប់ដាក់ជួលបន្ត និងទី៣.សំរាប់ដាក់លក់បន្ត”។

លោកបន្តថា មិនមែនតែគ្រប់ការវិនិយោគលើវិស័យអចលនទ្រព្យ សុទ្ធតែបានចំណេញនោះទេ និងវាជាការវិនិយោគមួយដែលប្រើពេលវេលាយូរអង្វែង និងមានហានិភ័យខ្ពស់ប្រសិនការព្យាករណ៏នៅក្នុងការលក់ចេញមិនត្រូវ ដោយតំលៃដែលបានទិញវាថ្លៃ ទីតាំងដែលបានទិញពុំស្ថិតក្នុងតំបន់សក្តានុពល និងបណ្ណ័កម្មសិទ្ធិនៅក្នុងការកាន់កាប់មិនច្បាស់លាល់”។


ឆ្លើយតបទៅនិងសំនួរខាងលើ តើធ្វើដូចម្តេចទើបធ្វើការវិនិយោគ(ទិញ លក់) លើអចលនទ្រព្យបានចំណេញលឿន លោកអ៊ិន ស៊ីថាបានពន្យល់ថា អ្នកវិនិយោគអចលនទ្រព្យត្រូវធ្វើការសំខាន់ៗមួយចំនួន ដូចជា ទី១ ត្រូវប្រើប្រាស់សេវាកម្មអចលទ្រព្យដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់។

ហេតុផល គឺដោយសារក្រុមហ៊ុនអចលនទ្រព្យមានការទុកចិត្តពីសំណាក់ម្ចាស់ផ្ទះ និងអតិថិជន និងទទួលរាល់ការចាត់ចែងលក់ជួល សុទ្ធតែមានការប្រឹក្សាយោបល់ និងទទួលសិទ្ធិចាត់ចែងលក់ជួលច្បាស់លាស់មុនពេលដាក់លក់រឺជួល(មិនមែនចេះតែទទួលការចាត់ចែងលក់ ជួល ដោយតលៃថ្លៃជាងទីផ្សារនោះទេ)។

ទី២ សិទ្ឋិកាន់កាប់អចលនទ្រព្យរបស់ម្ចាស់អចលនទ្រព្យ ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ថា តើអ្នកលក់ពិតជាម្ចាស់អចលនទ្រព្យរឺអត់ អាចផ្ទេរសិទ្ធិបានអត់ និងមានបញ្ហាផ្សេងៗអត់? ទី៣ ជួយចាត់ចែងការលក់ជួលបន្តរអោយអតិថិជន ក៏ដូចជាម្ចាស់អចលនទ្រព្យ និងទី៤ កត្តាសំខាន់នៅក្នុងការទិញលក់ដីធ្លី ដែលលក់មិនចេញគឺកត្តាតំលៃតែមួយគត់ និងមានតែក្រុមហ៊ុនសេវាកម្មអចលទ្រព្យ ដែលមានច្បាប់អាជីវកម្មនិងជំនាញច្បាស់លាស់ទេ ដែលអាចផ្តល់ជូនអ្នកទិញនូវជម្រើស អចលនទ្រព្យជាច្រើនដែលអតិជនត្រូវការ៕

ក្រុមហ៊ុនសាងសង់នៅកម្ពុជាកើនឡើងដល់១០៤៣ហើយ

0

​ភ្នំពេញ:​ ដោយសារការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឲ្យក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់នៅកម្ពុជា បានកើនឡើងដល់១០៤៣ក្រុមហ៊ុនហើយនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនសមាជិកក្រុមហ៊ុនធំជាងគេ៥០០នៅលើពិភពលោកបានចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុន4SEASONS, SINO, Manhard, ក្រុមហ៊ុនកំពុងសាងសង់អាគារGold Tower42ជាដើម។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា បច្ចុ​ ប្បន្នមានក្រុមហ៊ុនធំៗ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់យក្សទាំង៥០០នៅលើ​ពិភពលោកប្រមាណ៩០ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជារួចហើយ។


វិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់បានរីកចម្រើន ដោយកើនឡើងអាគារ​ខ្ពស់ ពិសេសខុនដូដែលជាលំនៅដ្ឋានបែបសហកម្មសិទ្ឋកាន់តែច្រើន ដោយសារកម្ពុជាបានអនុម័តច្បាប់បែបសហកម្មសិទ្ឋកាលពីឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាច​មានសិទ្ឋទិញឬកាន់កាប់ផ្ទះ នៃអាគារសហកម្មសិទ្ឋចាប់ពីជាន់ទី១ឡើងទៅបាន៕

សម្តេចតេជោបង្ហើបពីគំរោងសាងសង់ព្រលានយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤នៅក្នុងខេត្តកោះកុង

0

ដោយគង់ សូរិយា

ភ្នំពេញ: សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង ពីគំរោងកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣ នៅក្នុងខេត្តកោះកុង និងតភ្ជាប់ពីខេត្តផ្សេងទៅកាន់​ខេត្តនេះ និងគំរោងពង្រីកព្រលានយន្តហោះនៅក្រុងព្រះសីហនុ។

​ក្នុងឳកាសអញ្ជើញចូលរួមបើកដំណើរការ ពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនារាត្រីថ្ងៃទី១៥ ធ្នូនេះសម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា ផ្លូវជាតិលេខ៤៨ភ្ជាប់និងបំបែកចេ​ញពីផ្លូវជាតិ៤ទៅកាន់ខេត្តកោះកុង នឹងត្រូវពង្រីកជា៤គន្លង ដោយមានសួនច្បារចំកណ្តាល។ សម្តេចបន្តថា សូមជំរាបបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពោធិសាត់ និងកោះ​កុងឲ្យបានជ្រាបផងដែរថា ផ្លូវចេញពីខេត្តបាត់ដំបង កាត់ខេត្តពោធិសាត់មកកាន់ខេត្តកោះ​កុងនឹងធ្វើនាពេលខាងមុខនេះ។

​ជាមួយគ្នានេះសម្តេចបានបង្ហើបពីគំរោង សាងសង់ព្រលានយន្តហោះសម្រាប់យន្ត​ហោះក្នុងស្រុកនៅក្នុងគំរោងតារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនចិន និងគំរោងពង្រីកព្រលានយន្តហោះក្រុងព្រះសីហនុ ដើម្បីអនុញ្ញាត្តឲ្យយន្តហោះធំៗចុះចតបានផង​ដែរ។

​គំរោងសាងសង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនTianjing Union Development Group បានប្រកាសធ្វើជាយូរមកហើយ ប៉ុន្តែគំរោងនេះបានស្ងប់ស្ងាត់មួយរយៈ ទើបពេល​នេះព៌តមានពីព្រលានយន្តហោះនេះ បានបង្ហាញច្បាស់លាស់ហើយ បន្ទាប់ពីការ​ប្រ​កាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕

ឆ្នាំ 2019 តម្លៃ​រថយន្ត​មួយ​ទឹក​ឡើង​កប់​តែម្ដង…

0

ភ្នំពេញ ៖ កាលពី​ឆ្នាំ 2018 រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ការដំឡើង​អត្រាពន្ធ​នាំចូល​រថយន្ត​មួយ​ទឹក​ម្ដង​រួចហើយ ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​បាន​ហក់​ឡើងថ្លៃភ្លាមៗបើ​ប្រៀប​កាលពី​ឆ្នាំ2017 ។ ហើយថ្មីៗនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ជាថ្មី​ម្ដងទៀត​ដោយ​ធ្វើការ​តម្លើង​ពន្ធ​បន្ថែម​លើ​ការ​នាំចូល​ម្ដងទៀត។

ការ​តម្លើង​អត្រាពន្ធ​នាំចូល​នេះ ត្រូវបាន​ឃ្លាំង​លក់ និង​ទិញ​រថយន្ត អ៊ែ 168 R168 Automobile Dealer បង្ហាញ​យ៉ាង​ដូច្នេះ​ថា ៖ រថយន្ត​មួយ​ទឹក​ខ្លះ​នឹង​ឡើងថ្លៃ​កប់​ទៀតហើយ ដោយ​រថយន្ត​ខ្លះ​នឹង​ដាច់​ពូជ លែង​ហ៊ាន​នាំចូល​ដូចជា ប្រភេទ អា​ឆ្លាម នៅ​ដើមឆ្នាំ 2019 នេះ ដោយសារ​ការ​តម្លើង​ពន្ធ​នាំចូល។

សេចក្ដីសម្រេច បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​តម្លើង​ពន្ធ​នាំចូល​រថយន្ត​មួយ​ទឹកនឹង​ឡើងថ្លៃ​បន្តទៀត​នៅ​ដើមឆ្នាំ 2019 ខាងមុខនេះ។

ឃ្លាំង​លក់ និង​ទិញ​រថយន្ត សរសេរ​បន្តទៀតថា អត្រាពន្ធ​ឡើង​បែបនេះ នឹងធ្វើ​ឲ្យ​រថយន្ត​មួយចំនួន​ដូចជា ៖

រថយន្ត LEXUS RX300 ចាប់ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2003 (ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 16300$។ រថយន្ត​ប្រភេទ​នេះ អាច​ដែល​ប្រឈមមុខ​ការឈប់​នាំចូល ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​រថយន្ត និង​សេវាផ្សេងៗរថយន្ត​មួយ ថ្លៃដើម​លើសពី 20000$-25000$ !
រថយន្ត TOYOTA HIGHLANDER V6 ចាប់ពី​ឆ្នាំ 2001ដល់​ឆ្នាំ 2003 (ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 16300$។ ហើយ​រថយន្ត​ប្រភេទ​នេះ អាច​ដែល​ប្រឈមមុខ​ការឈប់​នាំចូល​ដូចគ្នា ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 20000$-25000$ !

រថយន្ត LEXUS RX330 ឆ្នាំ 2004  (ឡើង​ប្រហែល 6400$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 17400$ នោះ​នឹងត្រូវ​បង់​រហូតដល់ 23800$ ។ សរុប​ថ្លៃ​ដឹក​ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 30000$-40000$ !

រថយន្ត TOYOTA CAMRY ចាប់ពី​ឆ្នាំ 2002 ដល់​ឆ្នាំ 2004 (ឡើង​ប្រហែល 4000$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 9100$ នោះ​នឹងត្រូវ​ឡើង​បង់​រហូតដល់ 13000$ ។ ជា​ប្រភេទ​ដែល​ប្រឈមមុខ​នឹង​ដាច់​ពូជ ! ព្រោះ​សរុប​ថ្លៃ​ដឹក​ថ្លៃ​រថយន្ត និង​សេវាផ្សេងៗ រថយន្ត​មួយ​ថ្លៃដើម​លើសពី 19000$-22000$ !

លោក សាន ថូ ដែលជា​អ្នក​ប្រកប​អាជីវកម្ម​នាំចូល និង​ទិញ-លក់​ប្រភេទ​រថយន្ត​មួយ​ទឹក​នៅ​ម្តុំ​ផ្លូវ​អូរ​បែកក្អម​បាន​លើកឡើងថា ការ​រឹតបណ្តឹង និង​ការ​តម្លើង​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ខាងលើនេះ ទំនងជា​រដ្ឋាភិបាល​មានបំណង​ចង់​លើកកម្ពស់​សោភ័ណភាព លុបបំបាត់​ប្រភេទ​រថយន្ត​ស៊េរីចាស់ៗ ហើយ​ជំរុញឱ្យមាន​ការប្រើប្រាស់​នូវ​ប្រភេទ​រថយន្ត​ថ្មី​វិញ។ បែបនេះ វា​ជា​រឿង​ល្អប្រសើរ​មួយបែប។ ប៉ុន្តែ​វា​ក៏​ជា​ហានិភ័យ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូច​ដូចជា​រូបខ្ញុំ ក៏​ដូច​អតិថិជន​មួយចំនួន​ដែលមាន​មិនទាន់មាន​លទ្ធភាព​ក្នុង​ការទិញ​រថយន្ត​ថ្មី​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ។

មុននេះ អតិថិជន​ដែល​គាត់​មាន​ជីវភាព​មធ្យម និង​មាន​លុយ​ត្រឹម​ជាង1ម៉ឺន​ដុល្លារ គាត់​អាច​ទិញ​រថយន្ត​ដែលមាន​គុណភាព​សមល្មម និង​អាច​ប្រើប្រាស់​បានជា​លក្ខណៈ​គ្រួ​សារបាន។ ប៉ុន្តែ ក្រោយពេល​មានការ​តម្លើង​ពន្ធ គឺ​តម្លៃ​រថយន្ត​ដែល​ធ្លា​ប់លក់​ត្រឹម​ជាង1ម៉ឺន​ដុល្លារ ត្រូវ​ឡើងដល់​ជាង2ម៉ឺន​ដុល្លារ​ឯណោះ ដូច្នេះ​វា​ជា​ភាពលំបាក​ទាំង​អ្នក​ប្រកប​អាជីវកម្ម​រាយរង​ដូចជា​ខ្ញុំ​ផង ហើយក៏​ជា​ភាពលំបាក​ចំពោះ​អតិថិជន​ផងដែរ ។

គួរ​រំលឹក​ផងដែរ​ថា សម្រាប់​តារាង​បង់ពន្ធ​នេះ អាច​មានន័យថា ប្រភេទ​រថយន្ត​មួយចំនួន​ដែលមាន​ឆ្នាំ​ផលិត​ក្រោម​ឆ្នាំ 2006 នឹងត្រូវ​គិត​ពន្ធ​ស្មើ​ឆ្នាំ 2006 ទាំងអស់។ ការប្រែប្រួល​អត្រាពន្ធអាក​រ​នេះ អាចធ្វើ​ឲ្យ​តម្លៃ​រថយន្ត​លក់​តាម​ហាង និង​ក្រុមហ៊ុន​មានការ​កើនឡើង ប៉ុន្តែ​ហាង​មួយចំនួន​អាច​នៅ​រក្សា​តម្លៃ​ដូច​មុន ព្រោះ​ជា​ទំនិញ​ទិញ​ចូល​មុន​ការកំណត់​អាករ​ថ្មី ខណៈ​រថយន្ត​នាំចូល​ក្រោយ​ខែមករា​ឆ្នាំ 2019 គឺ​តម្លៃ​ថ្លៃ​ជាង​មុន ៕

អាជ្ញាធរខេត្ត​មណ្ឌលគិរី​កំពុង​រៀបចំ​ផែនការ​វិនិយោគ​លើ​ទេសចរណ៍ធម្មជាតិ

0

ដោយ​វុត្ថា

ភ្នំពេញ៖ ក្នុង​គៅ​ល​ដៅ​បង្កើន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​ខេត្ត អាជ្ញាធរខេត្ត​មណ្ឌលគិរី តាមរយៈ​មន្ទីរ​បរិស្ថាន​ខេត្ត កំពុង​រៀបចំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​លើ​ទំហំ​ផ្ទៃដី​មិន​លើសពី១០ហិកតា) នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពូ​ត្រំ សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។

គំរោង​នេះ​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្រោម​ការគាំទ្រ​អភិបាលក្រុង​សែន​មនោ​រម្យ អង្គការ WCS និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកលេង​កម្សាន្ត​ខេត្ត​មួយ​នេះ​កាន់តែច្រើន​បន្ថែមទៀត។

លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ទីតាំង​ស្នើសុំ​វិនិយោគ​កាល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ​នេះ​ដោយបាន​គាំទ្រ និង​ឯកភាព​លើ​គម្រោង​ស្នើសុំ អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ពីព្រោះ​គម្រោង​នេះ​បាន​ជួយ​រួមចំណែក​ដល់​កិច្ចការងារ​អភិរក្ស​ធនធានធម្មជាតិ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ខេត្ត ដែល​សម្បូរ​ទៅដោយ​សម្រស់​ធម្មជាតិ ដ៏​មាន​សក្ដានុពល​គួរ​ឲ្យ​ទាក់ទាញ​មួយ​នេះ។

លោក​បន្តថា “គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​សហគម​ន៍​មូលដ្ឋាន តាមរយៈ​អេកូ​ទេសចរណ៍​ដែលជា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង។ តែ​យ៉ាងណាក៏ដោយ​លោក​មិនបាន​បង្ហាញ ពី​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​តំបន់​នេះ​នោះទេ។

កិច្ចប្រជុំ​នេះ​ផងដែរ ក៏បាន​ផ្ដោត​សំខាន់ និង​គិតគូរ​ជាពិសេស​ទៅដល់​អត្ថប្រយោជន៍​រប​ស់​សហគមន៍​មូលដ្ឋាន ដែល​នឹងត្រូវ​ទទួលបាន​ពី​ការស្នើ សុំ​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​អេកូ​ទេសចរណ៍​នេះ​ផងដែរ៕

ចំណេះដឹង​ថ្មី! មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​អ្នក​ត្រូវ​ដឹង​ពី​រឿង​អ្វីខ្លះ?

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ (ខុន​ដូ) ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មិនទាន់បាន​យល់ដឹង​លំអិត​នៅឡើយ ហេតុនេះ​ដើម្បី​ទិញ​លំនៅដ្ឋាន​ក្នុង​ខុន​ដូ មិនមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត អ្នកមាន​បំណង​ចង់​ទិញ​ខុន​ដូ​ត្រូវ​ស្វែងយល់​ពី​បញ្ហា​ពាក់​ព័​ន្ឋ​មួយចំនួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​សម្រង់​ចំណេះដឹងខ្លះៗ ដើម្បី​ផ្តល់ជូន​អ្នកអាន និង​អ្នក​ចង់​ទិញ​ខុន​ដូ​ជ្រាប​ពី​បញ្ហា​នេះ​មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ។

ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ

ខុន​ដូ​ជា​ផ្នែក​ថ្មី​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​បាននិងកំពុង​រីកចម្រើន​យ៉ាងខ្លាំង បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ស្តីពី សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ ទិញ​អាគារ​បែបនេះ​ចាប់ពី​ជាន់​ទី១ឡើងទៅ។ អ្នករស់នៅ​តាម​ខុន​ដូ មិនអាច​ចិញ្ចឹមសត្វ និង​ជួសជុល​លំនៅដ្ឋាន​របស់ខ្លួន ឬ​បង្ក​សម្លេង​រំខាន​ណាមួយ​ដល់​អ្នកជិតខាង​នោះទេ ដោយសារ​វា​ជាការ​រស់នៅ​បែប​សហគមន៍​លើ​អាគារ​រួម។

ការបង់ប្រាក់

អ្នករស់នៅ​ខុន​ដូ​ត្រូវ​បង់ប្រាក់​ជាប្រចាំ ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អាគារ ដែល​ការបង់ប្រាក់​នេះ​មានតម្លៃ​ចន្លោះ​ពី០,៥០ ទៅ១ដុល្លារ​អាមេរិក(អាស្រ័យ​លើ​គំរោង)និមួយ។ ការបង់ប្រាក់​នេះ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ចំណាយ​ទៅលើ​សេវាកម្ម​គ្រប់គ្រង​អាគារ​ទាំងមូល​និង​សេវាកម្ម​អនាម័យ សន្តិសុខ​ជាដើម។

ការទិញ​ធានារ៉ាប់រង

តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍ តែង​ទិញ​សេវាកម្ម​ធានារ៉ាប់រង​អាគារ​ខុន​ដូ​របស់ខ្លួន ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនបាន​ទិញ​នោះទេ ហេតុនេះ​អ្នកមាន​បំណង​ចង់​រស់នៅ​ខុន​ដូ ត្រូវ​សិក្សា​ពី​អ្នក​អភិវឌ្ឍន៍​គំរោង​នោះ​ថា បាន​ទិញ​ធានារ៉ាប់រង​ឬទេ? ព្រោះ​តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍​តែងតែ​ទិញ​សេវា​ធានារ៉ាប់រង ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនបាន​ទិញ​នោះទេ។

ការ​មាន​សេវាកម្ម​ធានារ៉ាប់រង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​ពេល​មាន​ហានិភ័យ​កើតឡើង ឧទាហរណ៍​មាន​ករណី​អគ្គិភ័យ​ឆេះ​អាគារ អ្នកវិនិយោគ​នឹង​ទទួលបាន​សំណង​វិញ ហើយ​អ្នកទិញ​ខុន​ដូ​ក៏​ទទួលបាន​សំណង​ផងដែរ។ករណី​អាគារ​ខុន​ដូ​ឆេះ​អស់ ការសាងសង់​ឡើងវិញ​នឹងធ្វើ​ឡើងវិញ​អាស្រ័យ​លើ​ការចចា និង​ការឯកភាព​រួម​របស់​ម្ចាស់​ចំណែក​កម្ម​សិ​ទ្ឋ​និមួយ។

ជាមួយគ្នានេះ​អ្នកទិញ​ខុន​ដូ ក៏​គួរ​សិក្សា​ពី​ប្រ​ព័​ន្ឋ​សុវត្ថិភាព ការសិក្សា​ពី​ចំណត​យានយន្ត សិក្សា​ពី​ជណ្តើរយន្ត និង​ជណ្តើរ​សង្គ្រោះ​ករណី​មាន​អគ្គិភ័យ ឬ​ហេតុការណ៍​ណាមួយ​កើតឡើង​ផងដែរ៕

អបអរ​សារ​ទរ! គម្រប់​ខួប​មួយឆ្នាំ​របស់​បុរី​ទេសចរណ៍​ខេត្តសៀមរាប

0

សៀមរាប៖ បុរី​ទេសចរណ៍​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ លើ​វិស័យ​លំនៅដ្ឋាន​និង​លំនៅដ្ឋាន​អាជីវកម្ម មាន​សួនច្បារ មាន​ផ្សារ និង​សាលារៀន ដែល​ធំជាងគេ និង​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ក្នុង​ខេត្តសៀមរាប ដែល​អភិវឌ្ឍន៍​ផ្ទាល់​ពី​សម្ព័ន្ធ​ដោយ​សហគ្រាស​កាណាឌីយ៉ា លើ​ផ្ទៃដី​សរុប​ប្រមាណ៦៥ហិកតា ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ (ជាប់​ផ្សារ Makro ខេត្តសៀមរាប) ស្ថិតក្នុង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

ដើម្បី​អបអរ​សារ​ទរ​គម្រប់​ខួប​មួយឆ្នាំ នៃ​ការបើក​លក់​ជា​ផ្លូវការ​របស់​បុរី ទេសចរណ៍ ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បាន​គាំទ្រ​យ៉ាងខ្លាំង​មកកាន់​គម្រោង ក្រុមហ៊ុន​ក៏បាន​រៀបចំ​នូវ​ការផ្ដល់ជូន​ពិសេស សម្រាប់​ឱកាស​នេះ​ផងដែរ នោះ​គឺ​ទូរស័ព្ទ iPhone XS Max ចំនួន​មួយគ្រឿង និង​ការបញ្ចុះ​តម្លៃ​រហូតដល់៣ភាគរយ ដោយ​អតិថិជន​គ្រាន់តែ​ធ្វើការ​ជ្រើសរើស​ផ្ទះ ដែល​លោកអ្នក​ពេញចិត្ត និង​កក់​ប្រាក់​ចាប់ពី​ថ្ងៃទី១៥    ខែធ្នូ ឆ្នាំ2018 រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។

សម្រាប់​ជម្រើស​ក្នុងការ​បង់ប្រាក់ អតិថិជន​អាច​ជ្រើសរើស​ជាការ​បង់ប្រាក់​ផ្ទាល់​ជាមួយ​បុរី ឬ​ទទួល​ឥណទាន​ពី​ធនាគារ​កាណាឌីយ៉ា ក.អ រហូតដល់៩០ភាគរយ និង​បង់​រំលស់​ដោយ​គ្មាន​ការប្រាក់​សម្រាប់​ឆ្នាំ​ទី១ ។

គួរបញ្ជាក់​ផងដែរ​ថា គម្រោង​បុរី​ទេសចរណ៍​បានចាប់ផ្ដើម បើក​លក់​ជា​ផ្លូវការ​សម្រា​ប់​ផ្ទះល្វែង​វគ្គ​ទី១ ក្នុង​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយ​តម្រូវការ​មាន​កើនឡើង​ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​ផង​នោះ ទើប​ធ្វើអោយ​គម្រោង​ដំណើរការបាន​យ៉ាង​ល្អ និង​បាន​បើក​លក់​ជា​ផ្លូវការ​នូវ​ផ្ទះល្វែង​វគ្គ​ទី៥ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ។ សម្រាប់​ផ្ទះល្វែង ដែល​អាច​ប្រកប​អាជីវកម្ម​បាន​វគ្គ​ទី៥នេះ រួមមាន៣ប្រភេទ​ផ្ទះ ដែលមាន​ទំហំ 4ម x 14ម,  4.2ម x 14ម, 4.2ម x 12ម ដែលមាន​កំពស់​ពីរ​ជាន់ E0, E1 និង​មាន​តំបូល​តេ​រ៉ា​ស ដែល​សាកស​ម្យ​បំផុត​សម្រាប់​គ្រួសារ និង​ការជួបជុំនានាៗ ដោយមាន​តម្លៃ​ចាប់ពី $63,000ដុល្លារ​តែប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មកកាន់​ការិយាល័យ​ផ្នែក​លក់ នៃ​បុរី​ទេសចរណ៍ ខេត្តសៀមរាប ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយ​ប្រមាណ៣គីឡូម៉ែត្រ​ពី​ផ្សារលើ(ឆ្ពោះទៅ​រាជធានី​ភ្នំពេញ) និង​ជាប់​ជាមួយ​ផ្សារ​ម៉ាក្រូ​បោះ​ដុំ​ថៃ ខេត្តសៀមរាប ឬ​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ 077 266 209៕

សករាជនៃអាស៊ីៈបណ្តាប្រទេសនានាប្រកួតប្រជែងគ្នាបង្អួតអគារខ្ពស់ដើម្បីបង្កើន កិត្យានុភាពរបស់ខ្លួន

0

ដោយវុត្ថា
ភ្នំពេញ: ស្របពេលសេដ្ឋកិច្ចក្នុងទ្វីបអាស៊ីកំពុងផ្ទុះឡើង និងក្លាយជាប៉ូលថ្មីនៃសេដ្ឋកិច្ចពិភពលោក ប្រទេសនានានៅក្នុងតំបន់នេះ កំពុងប្រណាំងប្រជែងគ្នាក្នុងការសងស់អគារខ្ពស់កប់ពពក ដើម្បីបង្ហាញពីអច្ឆរិយ និងសេដ្ឋកិច្ចរបស់ខ្លួនមិនថា ប្រទេសនៅក្នុងតំបន់អាស៊ី អារ៉ុប និង អាហ្វ្រិកឡើយ។

វត្តមានអាគារទាំងនោះ ត្រូវបានក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងលំនៅដ្ឋាទីប្រជុំ​ជន (Council on Tall Buildings and Urban Habitat) បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ៦៣ភាគរយនៃអគារខ្ពស់កប់ពពកគឺស្ថិតនៅក្នុងតំបន់អាស៊ី។

របាយការណ៍ដដែលបានសរសេរថា ភាគខាងកើតនៃតំបន់អាស៊ី បានក្លាយជាតំបន់ ដែលមានអគារខ្ពស់កប់ពកចំនួន៣៦,០០០ ដោយចាប់ពីកម្ពស់១៥០ម៉ែត្រឡើង ។ គ្រាន់តែប្រទេសចិនមាន អគារខ្ពស់កប់ពពកចំនួន២៣០៦អគារ ដែលរាប់ចាប់ពីកម្ពស់ពី១៥០ ម៉ែត្រឡើង និងជាប់ជាប្រទេសមានការសាងសង់អគារខ្ពស់ ច្រើនជាងបណ្តាប្រទេសដទៃទៀត។

បន្ទាប់ពីតំបន់អាស៊ី ទីកន្លែងដែលមានសាងសង់អគារខ្ពស់កប់ពពច្រើន គឺតំបន់អាមេរិកខាងជើង ដោយសហរដ្ឋអាមេរិកមានចំនួនអគារធំៗ និងខ្ពស់កប់ពពកចំនួន៩៤៣ ក្នុងចំណោមនោះ មានប្រហែលជា៧៨ភាគរយ មានខ្ពស់ប្រមាណ១៥០ឡើង និង១៩ ភាករយមានអគារខ្ពស់ចាប់ពី២០០ម៉ែត្រ ដល់៣០០ម៉ែត្រជាងប៉ុណ្ណោះ។

អ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ថា ក្នុងទ្វីបអាមេរិកទាំងមូលរាប់បញ្ចូលទាំង ទ្វីបអាម៉េរិកខាងជើង មានតែប្រទេសចំនួនពីរប៉ុណ្ណោះដែលមានអាគារខ្ពស់ច្រើនជាងគេ ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់តូចជាងគេ ខណៈតំបន់អាស៊ីមានប្រទេស ដែលបាននិងកំពុងសាងសង់អាគារខ្ពស់នៅតាមប្រទេសចំនួន១៨។

ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតនៅឆ្ងាយពីប្រទេសដទៃទៀត នៅពេលនិ​យា​យពីចំនួនអគារខ្ពស់ខ្ពស់កប់ពក។


ទោះជាយ៉ាងណា អគារដែលខ្ពស់បំផុតក្នុងពិភពលោក គឺនៅប្រទេសអារ៉ាប់រួម ដែលអាគារមានកំពស់ចាប់ពី៣០០ម៉ែត្រឡើង (suppertall) មានចំនួន៧,២ភាគរយ ក្នុងនោះមានអគារBurj Khalifa ស្ថិតនៅក្នុងទីក្រុងឌុបៃ ដែលមានកំពស់៨២៨ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេនៅលើពិភពលោក។

ប្រទេសចិនមានអាគារខ្ពស់កប់ពពកលំដាប់ទី២ នៅលើពិភពលោក ដូចជា អគារ Shanghai Tower មានកំពស់៦៣២ ម៉ែត្រ។ អគារ Abraj Al-Bait Towers នៅទីក្រុង Mecca ប្រទេសអារ៉ាប់ឈរនៅលំដាប់ទី៣មានកំពស់៦០១ម៉ែត្រ និងបន្ទាប់មកទៀត អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An មានកម្ពស់៥៩៩ម៉ែត្រ ស្ថិតនៅក្នុងប្រទេសចិន៕

តើខណ្ឌដង្កោមានសក្តានុពលដូចម្តេចក្នុងវិស័យអចលនទ្រព្យ

0

ដោយរ៉ាវី

​ភ្នំពេញ: ភាគខាងត្បូងក្រុងភ្នំពេញ បាននិងកំពុងមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័​យសំណង់ និងអចលនទ្រព្យ ដោយសារទឹកដីខ័ណ្ឌដង្កោនេះមានភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជាផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ៣៧១។

ជាខ័ណ្ឌស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងកំពុងរៀបចំសិក្សាដោយសាលា​ក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជាតំបន់បៃតងផង និងដើម្បីកាត់បន្ថយនូវបញ្ហា​ចរាចរនាពេលអនាគតផង។

អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ធី បានលោកឡើងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។

លោកបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមា​ណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។

លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ ដែលស្ថិតតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ ។​

ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON 3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទី មកដល់កណ្តាលរាជធានីភ្នំពេញ ។

នាយកផ្នែកទីផ្សារនៃបុរីVIPលោកយ៉ែន សុខលីនមានទទួលស្គាល់ថា ដង្កោពិតជាខ័ណ្ឌមានការរីកចម្រើនលឿន ដោយសារ​គំ​រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេរចតេជោសាងសង់ចប់ បានធ្វើឲ្យតំបន់នេះរីកចម្រើនលឿន និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសគំរោងផ្សារទំនើបAEON MALL3កំពុងត្រៀមសាងសង់នៅតំបន់នេះនាពេ​លខាងមុខ។

លោកបន្តថា “ការរីកចម្រើននៃខ័ណ្ឌដង្កោ ដោយសារខ័ណ្ឌនេះមានសណ្ឋានដីល្អប្រសើរ ជាខ័ណ្ឌដែលនៅកៀកនឹងរាជធានីភ្នំពេញ និងជាតំបន់ថ្មីងាយស្រូលក្នុងការរៀប​ចំគម្រោង និងហេដ្ឋារចនាសម្ព័ន្ឋនានា”។លោកបន្តថា “ខ័ណ្ឌនេះមានហេដ្ឋារចនាសម្ព័ន្ឋពិសេ​សភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់បណ្តាញផ្លូវជាតិនានា ទើបខ័ណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគជាតិ និងអន្តរជាតិ”៕

អបអរសាទរៈ លោក ច្រឹក សុខនីម ជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

0

ដោយ : គង់ សូរិយា
ភ្នំពេញ : សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិងកំពុងធ្វើមហា​សន្និបាតរបស់ខ្លួន និងបោះឆ្នោតជ្រើសរើសប្រធានថ្មី សម្រាប់អាណត្តិទី៦ ដែលកាន់ដំ​ណែងចាប់ពីឆ្នាំ២០១៩ ២០២០។


បេក្ខជនបីរូប ដែលមានសក្តានុពលប្រហាក់ប្រហែលគ្នា និងមានសមត្ថភាពប្រហា​ក់ប្រហែលគ្នា បានឈរឈ្មោះជាប្រធានសមាគមនេះ មានដូចជា លោក ច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong លោកស៊ុត វីរៈអគ្គនាយកក្រុមហ៊ុន Hutton CPL និងលោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុន Towncity Real Estate។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាន​មានប្រសាសន៍រំលឹកពីប្រវត្តិ និងការដឹកនាំសមាគម ហើយបានមានប្រសាសន៍ថា លោកមានការពេញចិត្ត និងបេក្ខភាពបីរូប ដែលបានឈរឈ្មោះជាប្រធានសមាគមនេះ។
តាមរយៈការបោះឆ្នោតគាំទ្រ និងផ្តល់ទុកចិត្តពីសមាជិកសមាគមចំនួន៦៩នាក់ ដោយលោក ច្រឹក សុខនីមទទួលបានសម្លេងឆ្នោតចំនួន៣៤ លោក វ៉ន ចាន់ថនបាន២៥សម្លេង និងលោក ស៊ុត វីរៈបានចំនួន៧សម្លេង។

លទ្ឋផលដែលមានអ្នកបោះឆ្នោតផ្តល់សចក្តីទុកចិត្តច្រើនជាងគេ គឺបានជាប់ជាប្រធានសមាគមអ្នក​វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដោយស្វ័យប្រវត្តិ និងដឹកនសមាគមនេះសម្រាប់អាណត្តិថ្មី។
លោកនង ពិសិដ្ឋប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យបេក្ខភាពប្រធានសមាគមថ្មី ពង្រឹងសមត្ថភាពភាសាអង់គ្លេស សម​ត្ថភាពដឹកនាំ ដើម្បីរុញសមាគមនេះឲ្យបានរីកចម្រើនកាន់តែលឿនបន្ថែមទៀត។
សមាគមនេះបានផ្តួចផ្តើមឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្នុងពេល​នោះមានលោកគាត ឈន់ជាអ្នកដឹកនាំឬរដ្ឋមន្រ្តីក្រសួងនេះ។ ប្រធានសមាគមអាណត្តិទី១និងទី២ ដឹកនាំដោយលោក ស៊ឹង ប៊ុណ្ណា អាណត្តិទី៣ដឹកនាំដោយលោក ចេង​ ខេង អាណត្តិទី៤ ដឹកនាំដោយលោក សុខ ប៊ុន និងលោក គីម ហ៊ាង និងអាណត្តិទី៥ដឹកនាំដោយលោក គីម ហ៊ាង៕