តើសណ្ឋាន និងទីតាំងដីបែបណាដែលមិនគួរវិនិយោគ

0

ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ អ្នកជនាញផ្នែកអចលនទ្រព្យ ពិសេសជាអ្នកជំនាញផ្នែកទិញលក់ដីធ្លីបានប្រាប់ពី​លក្ខខ័ណ្ឌដីមួយចំនួន ដែលអ្នកវិនិយោគមិនគួរទិញនោះទេ ដោយសារវាពិបាកក្នុងការ​លក់ចេញ។

​លោកកាង សុធីអគ្គនាយកនៃក្រុមហ៊ុន Century21 Land Station Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ធ្នូនេះថា ការវិនិយោគដីធ្លីអ្នកណា​ក៏ចង់លក់ឆាប់ដាច់ និងទទួលបានផលចំណេញលឿនដែរ ប៉ុន្តែលក្ខខ័ណ្ឌទីតាំង សណ្ឋា​នដីពិតជាកត្តា​សំខាន់ ដើម្បីឲ្យដីរបស់ខ្លួនលក់ឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់។

​ទីតាំងនៅជុំវិញ​វត្តអារ៉ាម
​លោកកាង សុធីបានឲ្យដឹងថា ទោះជាប្រជាជនខ្មែរនិយមទៅធ្វើបុណ្យនៅវត្តអារ៉ាមក្តី តែទីតាំងដីដែលនៅក្បែរវត្តអារ៉ាម ទាំងខាងមុខខាងក្រោយ និងជាប់របងវត្ត ពិតជាដីមិនងាយលក់ចេញនោះទេ ទោះជាដីនោះមានតម្លៃទាបជាងទីផ្សារក៏ដោយ។លោកបន្តថា ដីនៅតាមជុំ​វិញវត្តអារ៉ាម ពិតជាមិនងាយទាក់ទាញការចាប់អារម្មណ៍ច្រើននោះទេ និងមិនងាយលក់ចេញបានឡើយ។

​ប្រហែលពួកគេមិនចង់មានសម្លេងរំខាន នៅពេលមានកម្មវិធីបុណ្យទាននានា ក៏ដូចជាបញ្ហាហុងស៊ុយផងដែរ។

​ដីមានផ្នូរឬម៉ុងខ្មោចនៅក្បែរ
​ជាទូទៅមនុស្សណាក៏ស្លាប់ដែរ តែពេលស្លាប់ពួកគេនឹងក្លាយជាខ្មោច ហេតុនេះទី​តាំងដីដែលនៅក្បែរផ្នូរខ្មោច ឬចេតិយ មិនគួរទិញនោះទេ ដោយសារមនុស្សមិនចូលចិត្ត​ផ្នូរ ឬម៉ុងខ្មោចនោះឡើយ។

ការទិញដីមានទីតាំងបែបនេះ ពិតជាពិបាកលក់ចេញ និងមិនងាយបានផលចំណេញ។

​រាងឬសណ្ឋានដី
​រាងឬសណ្ឋានដីក៏មានសារៈសំខាន់ ដើម្បីទាក់ទាញអ្នកទិញបន្ត ឬអ្នកវិនិយោគផងដែរ ព្រោះបើរាងដីមិនសមស្រប និងមានសណ្ឋានវៀច ពិតជាមិនធ្វើឲ្យដីនោះងាយលក់នោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដែរ។

​លោកកាង សុធីបានឲ្យដឹងថា ដើម្បីដឹងពីរាងឬសណ្ឋានដីណាមួយ សូមកុំមើលនឹងភ្នែកទទេ តែត្រូវសុំប្លង់ម្ចាស់ដីយកមកមើល ទើបយើងអាចដឹងថារាងឬសណ្ឋានដីនោះមានលក្ខណៈដូចម្តេច។

​ការខ្ចីប្រាក់ពីធនាគារ
​ការខ្ចីប្រាក់ឬឥណទានពីធនាគារជារឿងគួរឲ្យប្រុងប្រយ័ត្នមួយ ព្រោះអ្នកវិនិយោគឬទិញដីធ្លី ត្រូវសិក្សាលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហា​ហិរញ្ញវត្ថុនៅពេលដីជាប់គាំង ឬលក់មិនចេញ។

​លោកកាង សុធីបានបញ្ជាក់ថា ដីធ្លីនៅតំបន់ណាមួយអាចជាប់គាំងមួយរយៈ និង​កញ្រ្ជោលតម្លៃឡើងខ្ពស់ភ្លាមៗ ហើយតម្លៃដីធ្លីមិនកើនឡើងគ្រប់តំបន់នោះទេ ហេតុនេះការសិក្សាពីចរន្តសាច់ប្រាក់របស់យើង បើសិនជារកឃើញថា លំហូរសាច់ប្រាក់របស់យើង​មិនរលូន និងមិនធានាបាននូវការជាប់គាំងណាមួយ មិនគួរប្រើប្រាស់ឥណទានពីធ​នាគារដើម្បីវិនិយោគទិញដីធ្លីនោះទេ៕

ចិនគ្រោងពង្រីកមហិច្ឆតាអភិវឌ្ឍន៍ខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

0

ដោយវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបានប្តេជ្ញាកៀងគរអ្នកវិនិយោគលើគ្រប់វិស័របស់ខ្លួនយមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបងឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត តបតាមការស្នើសុំពីមន្ត្រីជាន់ខ្ពស់របស់ខេត្តបាត់ដំបងនៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១៨ ខែធ្នូ ម្សិលមិញនេះ។


លោក ងួន រតនៈ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូកំណែទម្រង់ និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកលោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ បានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើការកែច្នៃកសិផលទៅជាផលិតផលសម្រេចតាមបែបទំនើបដើម្បីនាំចេញលក់បានថ្លៃ និងសម្រួលការនាំចេញផលិតផលឱ្យបានលឿនប្រកបដោយគុណភាពនិឥងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

លោក បានលើកឡើងពីសក្តានុពលនិងប្រជាជនកម្ពុជារស់នៅខេត្តបាត់ដំបង ដែលភាគច្រើនបានប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត នៅលើទឹកដីខេត្តបាត់ដំបងមានធនធានធម្មជាតិជាច្រើន ហើយត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ហើយបានផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង។


លោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ បានរីករាយនិងទទួលសំណូមពររបស់លោកអភិបាលខេត្តបាត់ដំបងយកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបងឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។


លោកអភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តបាត់ដំបងកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តបាត់ដំបងមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ៕

កម្ពុជា​នាំ​ត្រី​ចេញ​ចន្លោះ​ពី ៦០០០ ទៅ ៧០០០តោន​ក្នុង​មួយឆ្នាំ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា កម្ពុជា​អាចមាន​ល​ទ្ឋ​ភាព​នាំចេញ​ផល​នេសាទ(ត្រី) ចន្លោះ​ពី៦០០០ទៅ៧០០០តោន​ក្នុង​ឆ្នាំ២០១៨នេះ ដែលមាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នឹង​ឆ្នាំមុន។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​ជលផល ក្រសួងកសិកម្ម លោក​អេង ជា​សាន្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៨ ធ្នូ​កន្លងមក​ថា​ការនាំចេញ​ត្រី​ពី​កម្ពុជា​អាច​ស្ថិតក្នុង​សភាព​ទ្រឹង តែ​កម្ពុជា​បាន​នាំចូល​ផល​ត្រី​មកពី​ក្រៅប្រទេស​មាន​កំនើន​ជាង​ការនាំចេញ ដោយ​កម្ពុជា​នាំចូល​ត្រី​ប្រមាណ១ម៉ឺន​តោន។

លោក​បន្តថា “ការណ៍​ដែល​កម្ពុជា​មិនមាន​កំណើន​ឡើង​នៃ​ការនាំចេញ និង​មាន​តម្រូវការ​នាំចូល​ខ្លះ​នោះ គឺ​ដោយសារ​ចំនួន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មាន​កំនើន​ឡើង​ខ្លាំង និង​មាន​តម្រូវ​សាច់​ត្រី​ច្រើន​នៅ​កម្ពុជា។

លោក​អេង ជា​សាន្ត បញ្ជាក់ថា រាល់​ផល​ត្រី ដែល​កម្ពុជា​បាន​បើក​អោយមាន​ការនាំចេញ​និង​នាំចូល​នេះ គឺជា​ប្រភេទ​ត្រី​ដែល​បណ្តា​ប្រទេសនីមួយៗ មិន​មានពូជ​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រី​មិនមាន​នៅក្នុង​ប្រទេស​រប​ស់​ពួកគេ។ ដើម្បី​បង្កើន​ការ​ផលិតផល​ត្រី​សម្រាប់​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក​ផង និង​ការនាំចេញ​ផង សហភាព​អឺរ៉ុបថ្មីៗនេះ​បាន​សម្រេចចិត្ត គ្រោង​ផ្តល់​ថវិកា​ជំនួយ​ប្រមាណ៨៧លាន​អឺរ៉ូ ដែល​ស្មើ​ប្រមាណ១០០លាន​ដុល្លា​អាមេរិក មកដល់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​អនុវត្ត​កម្មវិធី​ការគ្រប់គ្រង​ធនធាន​ជលផល​នៅ​កម្ពុជា​ឆ្នាំ២០១៩ ឆ្នាំ២០២៣ ។

គម្រោង​ជំនួយ​នេះ ជាការ​រួមចំនែក​ក៏​នឹង​ធានា​ការអភិរក្ស​ត្រី​ជិត​ផុត​ពូជ ជួយ​សហគម​នេសាទ​បង្កើន​ជីវភាព​ក្នុងការ​ការពារ​ធនធាន ដើម្បីអោយ​មាន​និរន្ត​ភាព​ក្នុង​ការប្រមូល​ផល  និង​ផ្តល់​ការកែច្នៃ​ត្រី​រក្សាទុក​បានយូរ និង​ជម្រុញ​កែច្នៃរ​ផល​ត្រី​អោយមាន​គុណភាព និង​អនាម័យ​ចាប់ពី​ក្នុង​ទឹក​រហូតដល់​តុ​បាយ៕

តើ​វិមាន​ឈ្នះ ឈ្នះៗមាន​ភាព​ពិសេស​យ៉ាងដូចម្តេច?

0

ភ្នំពេញ៖ ការសាងសង់​វិមាន​ឈ្នះ ឈ្នះ បានបញ្ចប់​និង​ត្រៀម​សម្ភោ​ធ​នៅ​ដំណាច់​ឆ្នាំនេះ ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ ដែល​វា​ជា​និម្មិត​រូប​បញ្ចប់​នូវ​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា។

ការបញ្ចប់​នូវ​ទឹកភ្នែក គំនរ​ឆ្អឹង​រាប់លាន​រាយប៉ាយ​ទូទាំងប្រទេស ជា​រឿង​រីករាយ​មួយ ដើម្បី​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រជាជាតិ​កម្ពុជា។

វិមាន​ឈ្នះ ឈ្នះ

វិមាន​ដែល​តំណាង​ឲ្យ​សុខសន្តិភាព និង​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​បាន​សាងសង់​លើ​ផ្ទៃដី១៥ហិកតា កំពស់៤៥ម៉ែត្រ ដែល​ជាការ​រំលឹក​ទៅដល់​ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨កម្ពុជា​បញ្ចប់​សង្គ្រាមស៊ីវិល និង​ទទួលបាន​សន្តិភាព ទាំងស្រុង។

វិមាន​នេះ​បានរៀបចំ​ចម្លាក់​ស្តីពី​ការចងចាំ ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប៉ុល ពត​និង​ចម្លាក់​ស្តីពី​ដំណើរ​ជាតិ​កម្ពុជា នា​ទសវត្សរ៍​ឆ្នាំ១៩៨០ និង​ដើម​ទសវត្សរ៍​ទី៩០ ដាក់​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ខាងក្រៅ​វិមាន។

គោលបំណង​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ

យោងតាម​ឯកសារ​របស់​ក្រសួងការពារជាតិ និង​អ្នកដឹកនាំ​កសាង​វិមាន​នេះ​បាន​ឲ្យ​ដឹងថា ការកសាង​វិមាន​ឈ្នះ ឈ្នះ​មាន​គោលបំណង​ចម្បងសំខាន់ៗចំនួន​បី ដូចជា ទី១ គឺជា​ការ​រំឭក​ដឹងគុណ​និង​ចង់បង្ហាញ​នូវ គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ​ឈ្នះ ឈ្នះ? តើ​នយោបាយ​ឈ្នះ ឈ្នះ មានការ​អនុវត្ដ​ន៍​និង​ដំណើរការ​បែបណា? នៅទីណា? អ្នកណាខ្លះ? មាន​បញ្ហា​ប្រឈម ពុះពារ​ក្នុងការ​ឆ្លងកាត់ នៅក្នុង​ដំណាក់កាល​នៃ​ការដាក់ចេញ​សម្រាប់​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ​តាមរបៀប​ណា? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ​ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ ពុះពារ ដឹកនាំ​ក្នុងដំណាក់កាលនីមួយៗបែបណា? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​ន្ដ ស្រមៃ និង​កាន់តែ​មិនមែនជា​ការជួយជ្រោមជ្រែង​ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង​គឺ​ខុស​អំពី ក្នុងអំឡុង​កាលដែល​មាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក​នៅក្នុង​កម្ពុជា​របស់​យើង ។

ទី២ ក្រៅពី​ការសម្ដែង​នូវ​ភាព​កតញ្ញូ ការដឹង​រំឭក​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ និង​អ្នកដឹកនាំ​ដែល​បាន​បង្កើត គឺជា​ការរៀបចំ​ទីតាំង​ដែល​បង្ហាញ​នូវ​សមិទ្ធផល​ទទួល​ដោយ​សន្ដិភាព និង​ការអភិវឌ្ឍន៍​ក្នុង​មាតុភូមិ​កម្ពុជា​របស់​យើង ជាពិសេស​បំផុត​ក្នុង​រយៈពេល​តែ២០ឆ្នាំក្រោយ​នយោបាយ​ឈ្នះ ឈ្នះ បានបញ្ចប់​សង្គ្រាម​ទាំងស្រុង​និង​បានទទួល​សន្ដិភាព។ ន័យ​នេះ​ចង់​បញ្ជាក់ថា សមិទ្ធផល​និង​ការអភិវឌ្ឍន៍​ទាំងអស់​បានមកពី​ណា? ចេញ​មកពី​នរណា​ឲ្យ​ពិតប្រាកដ? លទ្ធផល​ដែល​កំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់ ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការ​វិវឌ្ឍន៍​បែបនេះ។

ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្ម របស់​សង្គម​កម្ពុជា​ក្នុងដំណាក់កាល​នេះ​និង​ជា​ដំណាក់​កាលដែល​យើង​ឲ្យ​ឈ្នោះ​ថា សម័យកាល​តេ​ជោ​សែន​ក៏​ថា​បាន ហើយ​ភស្ដុតាង​ទាំងអស់នេះ​តើ​មាន​ពិត​ឬទេ? វិស័យ​នានា​ដែលមាន តើ​ពិតប្រាកដ​ឬទេ? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា…ន័យ​ចំណុច​ទី២នេះ​គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា​ដោយ​លទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ។

ទី៣ គោលបំណង​ដ៏​សំខាន់​គឺជា​ការចែករំលែក ការ​ផ្ដល់នូវ​ការសិក្សា​ជាទី​កន្លែង​មួយ ដែល​អាច​ធ្វើជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្វេងយល់ និង​ខិតខំ​បង្កើត​នូវ​ចក្ខុវិស័យ​ក្នុង​ការបន្ដ​ស្ថានភាព​ដែលមាន​បែបនេះ​តទៅ​អនាគត។ ដូច្នេះ​ដើម្បី​ចែករំលែក​ធ្វើជា​មូលដ្ឋាន​ឲ្យ​ការងាយយល់ ងាយ​ចាំ ងាយ​ឃើញ ងាយ​ធ្វើ​ការវិភាគ​និង​ក្នុងការ​ចែករំលែក​បន្ដ​គឺជា​ការរៀបចំ ស្ថាបនា​កសាង​រូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់​រូបរាង​និង​ទីកន្លែង​ទាំងអស់នេះ​ឲ្យ​មាន​ភាពសាមញ្ញ និង​មាន​ភាព​ទាក់ទាញ​និង​ឲ្យ​មាន​ស្ថានភាព​ដែល​ក​ន្ទ្រា​ក់​អារម្មណ៍ គំនិត ជាពិសេស​នៅក្នុង​សម័យ​ឌីជីថល ឬ​សម័យ​ដែល​ត្រូវការ​ពេលវេលា​ខ្លី​សម្រាប់​បង្កើន​ប្រសិទ្ធិភាព​ការងារ​នេះ។

ដូចនេះ​ការរៀបចំ​ភូមិសាស្ដ្រ​នៅទីនេះ ទោះបី​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង​ដែលមាន​អាគារ​និង​តម្កល់ នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វីដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព​និង​គំនូរ រូបថត សម្ភារៈ​រហូត ដល់​គ្រឿង​យោធ​បក​រណ៍​នានា​និង​មាន​ទីកន្លែង​គួបផ្សំ​ទៅដោយ​ធម្មជាតិ​ដែលជា​អត្តសញ្ញាណ​ទាំង​ដើមឈើ ដើម​ផ្កា​និង​ការ​បំបែក​ឯក​ត្ដ​កម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​ម៉ា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើនជាងគេ នំអន្សម​ដែល​ធំជាងគេ ។ល។ នេះ​គឺជា​គោលបំណង​សាមញ្ញ​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ ប៉ុន្ដែ​ចេញពី​ភាពសាមញ្ញ​ទាំងបី​នេះ ពិតណាស់​អាច​ផ្ដល់​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ទាំង​អ្នកចេះដឹង​ជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជន​សាមញ្ញ ពាណិជ្ជករ ទេសចរ ក្នុង​និង​ក្រៅប្រទេស​និង​ជាតិ​សាសន៍​ដ៏​ទៃ​ផងដែរ ។ យើង​មាន​ទីកន្លែង​មួយ​ដែល​ក្លាយជា​អត្ដ​សញ្ញាណ​នៃ​ប្រវត្តិសាស្ដ្រ​ស្ដីអំពី ការបញ្ចប់​សង្គ្រាម​ទទួលបាន​សន្ដិភាព សម្រេចបាន​នូវ​សមិទ្ធផល​អភិវឌ្ឍន៍​ស​ង្គ​ម និង​អាច​និយាយថា មិន​ធ្លាប់​មាននៅ​ទីកន្លែង​បែបនេះ។

យើង​មាន​អាគារធំៗទំនើប យើង​មាន​គ្រឹះស្ថាន​នានា និង​ទីកន្លែង​ដែល​បំពាក់​ទៅដោយ​ភាពស្រស់​បំព្រង​ឆើតឆាយ ប៉ុន្ដែ​នៅទីនេះ​ពិតជា​ទីឋាន​មួយ​ដែលមាន​លក្ខណៈ​ខុសពី​កន្លែង​ទាំងអស់នេះ ហើយ​ជាទី​បំពេញ​នៃ​ចន្លោះប្រហោង​មួយ​នៃ​ប្រវត្តិសាស្ដ្រ​ដើម្បី​ឲ្យ​កាន់តែ​ជាក់​ស្ដែងឡើង និង​មាន​ភស្ដុតាង​ពិតប្រាកដ​សម្រាប់​មនុស្ស​ជាតិ​ទាំង ក្នុង​និង​ក្រៅប្រទេស​តទៅ​អនាគត​ផងដែរ។ ច្បាស់​ណាស់​ថា ម​ហិ​ច្ច​តា​ដ៏​ធំ​ចេញពី​ភាពសាមញ្ញ​នេះ​ពិតជា​មិនទាន់​គ្រប់គ្រាន់ ដូច្នេះ​ព្រឹ​ត្ដិ​ការណ៍​ថ្ងៃទី២៩ ដែលជា​ទិវា​ខួប២០ឆ្នាំ​នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ និង​ការសម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក្នុងដំណាក់កាល​មួយ​នេះ គឺ​នឹង​បើក​សគរាជ​ថ្មី ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​សម្រាប់​ជាតិ​យើង សម្រាប់​មនុស្ស​គ្រប់គ្នា​គ្រប់​ទីកន្លែង​ទទួល​បន្ថែមទៀត​ជាមួយ​សមិទ្ធផល​ដ៏​ច្រើន​ដែល​យើង​បានទទួល​រួចមកហើយ។

សូម​ចូលរួមចំណែក​ដើម្បី​កសាង​បន្ដទៀត និង​អធិដ្ឋាន​រួមគ្នា​ឲ្យ​សន្ដិភាព​នៅលើ​ទឹកដី​រប​ស់​យើង​បាន​ឋិត​ឋេ​រ​ចីរកាល ជាមួយ​អត្ដ​សញ្ញាណ និង​ព្រលឹង​នយោបាយ​ឈ្នះ ឈ្នះ​ដែលមាន​នេះ៕

អស្ចារ្យៈស៊ុយអ៊ែតប្រទេសសាងសង់អាគាររមួលមុនគេនៅលើពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ: តើប្រទេសណាអាចសាងសង់អាគាររមួល បានមុនគេនៅលើពិភពលោក? ជាសំណួរមួយដែលគ្រប់គ្នាចង់ដឹងមែនទេ? ការពិតមិនមែនបណ្តាប្រទេសទើបរីកចម្រើន​នៅអាស៊ីទេ តែជាប្រទេសស្ថិតក្នុងសភាពអឺរ៉ុប គឺស៊ុយអ៊ែត ជាប្រទេសសាងសង់អាគារ​រមូលឬវិលបានមុនគេនៅលើពិភពលោក។

ថ្ងៃនេះគេហទំព័រPropertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច សូមនាំលោកអ្នកទៅកាន់ប្រទេសស៊ុយអ៊ែតថា តើប្រទេស​នេះមានសំណង់ស្ថាបត្យកម្មអស្ចារ្យបែបណានិងសាងសង់អាគាររមួលរបស់ខ្លួននៅឆ្នាំណា យើងស្វែង​យល់ទាំងអស់គ្នា។

ស្ថាបត្យករពោរពេញដោយនវានុវត្តន៍ បានសាងសង់អគារTurning Torso ដែលជាអាគារដែលមានភាពរមួលទី១នៅលើលោក។

វាគឺជាអគារលំនៅដ្ឋានខ្ពស់កប់ពពកក្នុងប្រទេសSwedenឬ ស៊ុយអ៊ែតនិងជាអគារខ្ពស់ជាងគេ នៅក្នុងទីក្រុងScandinavia ស្ថិតនៅក្នុងតំបន់Malmo ។ អគារនេះ ត្រូវបានគេសាងសង់ឡើង និងជាសហកម្មសិទ្ធប្រតិបត្តិករជាមួយក្រុមហ៊ុន HSB

អគារដ៏អស្ចារ្យ នេះ ត្រូវបានគេចាត់ទុកថា ជាអគារខ្ពស់កប់ពពកមានរាង​រមួលទី១ ក្នុងពិភពលោក ដែលគូប្លង់ដោយស្ថាបត្យករជនជាតិអេស្បាញ វិស្វករសំណង់ ដោយលោក Santiago Calatrava

អគារដែលកំពស់ប្រមាណជា១៩០ម៉ែត្រ និង៥៤ជាន់នេះ មានអាផាតមិនចំនួន១៤៧យូនីត និងត្រូវបានគេបើកឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០០៥។

អគារនេះបានទទួលរង្វាន់កាលពីឆ្នាំ ២០១៥ (10 Year Award) ពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអគាខ្ពស់ (CTBUH)  និងទទួលបានពានរង្វាន់មេដាយមាស Emporis Skyscraper Award ផងដែរ កាលពីឆ្នាំ២០០៥ ជាអគាររមួលទី១ក្នុងពិភពលោក ។

អគារនេះ ត្រូវបានគេសាងសង់ឡើងកាលពីឆ្នាំ ២០០១ និងបញ្ចប់នៅក្នុងឆ្នាំ២០០៥ សម្រាប់បំរើសកម្មភាពពាណិជ្ជកម្ម និងអាផាតម៉ិនជួលជាដើម៕

លោកច្រឹក សុខនីមៈវិនិយោគលើដីចង់បានចំណេញច្រើនត្រូវទិញនៅជាយក្រុង

0

ដោយវុត្ថា

ភ្នំពេញ: លោក ច្រឹក សុខនីម អគ្គនាយក្រុមហ៊ុន Century 21 Mekong ដែលទើបជាប់ជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានផ្តល់យោបល់ដល់​អ្នកចង់រកស៊ីវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្តគឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូលកំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះកំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុចប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាងដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។  

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឪកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព

រហូតមកទល់ពេលនេះមានក្រុមហ៊ុនកូរ៉េជាង១៦០០កំពុងវិនិយោគនៅកម្ពុជា

0

ដោយគង់ សូរិយា
ភ្នំពេញ : រហូតមកទល់ពេលនេះ ក្រុមហ៊ុនកូរ៉េ ដែលបាន និងកំពុងបោះទុនវិនយោគនៅកម្ពុជាបានកើនឡើងដល់ជាង១៦០០ក្រុមហ៊ុនហើយ និងរំពឹងមានកំណើនខ្ពស់ថែមទៀត។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់អគ្គនាយកពន្ធដា។


ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋា​នពន្ធដា លោក គង់ វិបុល បានថ្លែងលើកឡើងនៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េ កាលពីពេលថ្មីៗនេះថា កិច្ចប្រជុំជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េនេះ គឺមានគោលបំណងពង្រឹងវប្បធម៌នៃការបង់ពន្ធ ជាមួយសមាគមអ្នករកស៊ីទទួលទានរបស់កូរ៉េ រួមជាមួយពង្រឹងនៃការផ្តល់សេវាដល់អ្នកជាប់ពន្ធឲ្យបានយល់ និងឈានទៅសហការជាមួយ KOTRA នៃសមាគមវិនិយោគកូរ៉េឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជម្រុញឲ្យអ្នកជាប់ពន្ធឬអ្នកវិនិយោគមកពីប្រទេសកូរ៉េ យល់ពីកាតព្វកិច្ច និងច្បាប់ស្តីពីសារពើពន្ធរបស់កម្ពុជា។

លោកបន្តថា “កំណើននៃអ្នកវិនិយោគកូរ៉េ ដោយសារកម្ពុជាមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់នៅលើវិស័យពន្ធដារជាច្រើន”។

ទាក់ទងនឹងការប្រមូលពន្ឋ លោក គង់ វិបុល បានបន្តថា អគ្គនាយកដ្ឋានពន្ធដារតែងតែគិតគូរជានិច្ច ដើម្បីពង្រឹងនៅក្នុងការព្វកិច្ចស្តីពីការបង់ពន្ធ និងការធ្វើឲ្យមានតម្លាភាពលើផ្នែកច្បាប់ និងការអនុវត្តន៍ច្បាប់នៅកម្ពុជា ជាពិសេសជម្រុញភាពទាក់ទាញអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ មកវិនិយោ​គនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើន ខណៈដែលប្រទេសយើងមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់នៅលើវិស័យពន្ធដារជាច្រើន។

លោកបន្តថា គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានអ្នកវិនិយោ​គ​ទុនកូរ៉េចំនួន ១៦៦៦ ក្រុមហ៊ុន ហើយកម្ពុជាបានប្រមូលពន្ធពីអ្នកវិនិយោគ បានចំនួន៥០លានដុល្លារក្នុងឆ្នាំ២០១៨នេះ។
បច្ចុប្បន្នក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគំរោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគសាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគំរោងជាច្រើនទៀត ហើយកាលពីមួយ​ទសវត្សរ៍មុនកូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕

ចិនសាងសង់អាគារកប់ពពកច្រើនបង្អូតពិភពលោកទៀតហើយ

0

ដោយ : វុត្ថា
ភ្នំពេញ : មហាយក្សចិនកំពុងបន្តភាពអស្ចារ្យរបស់ខ្លួន តាមរយៈការសាងសង់អាគារកប់ពពក និងខ្ពស់លំដាប់ទី១នៅប្រទេសរបស់ខ្លួន និងខ្ពស់ជាប់លំដាប់ទី២នៅក្នុងពិភពលោក ជាអ្វីដែលមហាយក្សនេះកំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ទៅកាន់ពិភពលោក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១នៅពេលអនាគត។


មជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកនេះ មានឈ្មោះ Shimao Shenzhen- Hong Kong International Centre ។ អគារខ្ពស់កប់ពពកនេះ មានកំពស់ប្រមាណជា ២,១៩១ ហ្វីតដែលស្មើរជិត ៧០០ ម៉ែត្រ ដោយវ៉ាដាច់អគារ Shanghai Tower ។ អគារដ៏អស្ចារ្យនេះ សាងសងនៅក្នុងទីក្រុង Shenzhen។
ទីក្រុងធំៗរបស់មហាយក្សចិនមានអគារខ្ពស់កប់ពពកជាច្រើន មានដូចជា អគារ Pin An Finance Centre ស្ថិតនៅក្នុងទីក្រុង Shenzhen អគារ CTF Finance Centre ស្ថិតនៅក្នុងទីក្រុង Guangzhou និងអគារ China Zun Tower ក្នុងទីក្រុង ប៉េកាំង។
អគារ Shimao Shenzhen-Hong Kong International Centre ត្រូវបានគេចាប់ផ្តើមសាងសង់កាលពីពេលថ្មីនេះ នៅក្នុងទីក្រុង Shenzhen នឹងក្លាយជាអគារខ្ពស់កប់ពពកលំដាប់ទី២ បន្ទាប់ពីសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ ដែលវាជាអាគារខ្ពស់ជាងអគារមួយឈ្មោះ Dubai One Tower ដែលកំពុងស្ថិក្នុងការសាងសង់ដូចគ្នាក្នុងទីក្រុង ឌុបៃ។
អគារដ៏អស្ចារ្យនេះជាកម្មសិទ្ធ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shimao Group ដែលបានវិនិយោគក្នុងទីក្នុងទំហំទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លារអាមេរិក។
អគារខ្ពស់កប់ពពកនេះ នឹងប្រើប្រាស់ចម្រុះដូចជា អាផាតម៉ិន សណ្ឋាគារ មជ្ឈមណ្ឌ​លផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលបង្កើតថ្មីក្នុងទីក្រុង Shenzhen៕

អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​សម្រាប់បណ្តា​ឆ្នាំ​ចំពោះមុខ

0
លោក គុយ វ៉ាត / លោក ច្រឹ​ក សុខ​នី​ម

ដោយ​វុត្ថា

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា នៅតែមាន​សុខភាព​ល្អប្រសើរ សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ជាពិសេស អគារ​អា​ផាត​ម៉ិ​ន និង​ខុន​ដូរ​នៅ​ក្នង​រាជធានី​ភ្នំពេញ នឹង​កើនឡើង​លើស​ទ្វេរ​ដង​នៅត្រឹម​ឆ្នាំ២០៣០ខាងមុខ។

យោងតាម​ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Vtrust Appraisal បាន​រកឃើញ​ដែល​បានធ្វើ​បទ​បង្ហាញ​នៅ​សណ្ឋាគារ Raffle Le Royal នា​ព្រឹក​ថ្ងៃទី១៨ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​នៅតែ​បន្ត​កើនឡើង​លើស​ទ្វេរ​ដង​នៅត្រឹម​ឆ្នាំ២០៣០ខាងមុខនេះ ខណៈ​អា​ផាត​ម៉ិ​ន​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន៩០២១យូ​នី​ត ស្មើនឹង៣៥៥គំរោង ប៉ុន្តែ​ចំនួន​អា​ផាត​ម៉ិ​ន​នឹង​កើន​ដល់២៨០០០យូ​នី​ត​នៅត្រឹម​ឆ្នាំ២០៣០ ជាការ​កើនឡើង​ក្នុង​សេនារីយោ​ធម្មតា បើ​ពិនិត្យមើល​ពី​ចំនួន​នៃ​ការផ្គត់ផ្គង់​បច្ចុប្បន្ន។

លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Vtrust Group បាន​មានប្រសាសន៍​ឲ្យ​ដឹងថា របាយ​ការ​ស្តីពី​អចលនទ្រព្យ​ដែល​ត្រូវ​បានបង្ហាញ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អចលន​មានតំណើ​ការល្អ និង​និរន្តរភាព ព្រមទាំង​ជួយ​ទាក់ទាញ​វិស័យផ្សេងៗទៀត​មានការ​រីកចម្រើន​ផងដែរ។

លោក​បន្តថា “រហូតមកទល់​ពេលនេះ យើង​មិនទាន់​ឃើញ​សញ្ញា​អ្វីមួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ដោយសារ​កម្ពុជា​នៅតែ​រក្សាបាន​កំនើនសេដ្ឋកិច្ច ពិសេស​ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​សង្គម​រយៈពេល​វែង​បន្តទៀត។

លោក ច្រឹ​ក សុខ​នី​ម អគ្គ​នាយ​ក្រុមហ៊ុន Century 21 Mekong ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​ដំណើរ​ល្អប្រសើរ​សម្រាប់​ឆ្នាំ២០១៩ខាងមុខនេះ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ជាពិសេស​នៅក្នុង​ក្រោម​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​កំណើន​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កំពុងតែ​រកស៊ី​ក្នុង​វិស័យនេះ​កាន់តែច្រើន ស្របទៅនឹង​ការសិក្សា​នេះ​បាន​រកឃើញថា ខ័​ណ្ឌ​ចំការមន​ខ័​ណ្ឌ​ទួលគោក ខ័​ណ្ឌ៧មករា និង​ខ័​ណ្ឌ​ដូនពេញ​ដែលមាន​ចំនួន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ។

របាយការណ៍​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ដំណាច់ត្រីមាស​ទី៤នេះ អា​ផាត​ម៉ិ​ន​ចំនួន៧៦០០យូ​នី​ត​ត្រូវបាន​ជួល ស្មើនឹង​អត្រា​គ្របដណ្តប់​ការប្រើប្រាស់​សរុប៨៤ភាគរយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អា​ផាត​ម៉ិ​ន​ទាំងនោះ អា​ផាត​ម៉ិ​ន១បន្ទប់​គេង​មានការ​ផ្គត់ផ្គង់​ច្រើនជាងគេ​ក្នុង​ទីផ្សារ ស្មើនឹង៥៥ភាគរយ​នៃ​អា​ផាត​ម៉ិ​ន​សរុប និង​អា​ផាត​ម៉ិ​ន២បន្ទប់​គេង​ស្មើនឹង៣៤ភាគរយ​នៃ​ចំណែក​ទីផ្សារ​សរុប៕

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​បើក​ដំណើរការ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ

0

ដោយ​ : រ៉ាវី

ភ្នំពេញ៖ ស្រប​ពេលដែល​ស្ថិរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​មាន​ភាព​ល្អប្រសើរ ពិសេស​ការកើនឡើង​នូវ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​បាន​បោះទុន​វិនិយោគ​សាងសង់ សណ្ឋាគារ​លំដាប់​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

ស្ថិតនៅក្នុង​ទីតាំង​ដ៏​ល្អ​នៃ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ផ្លូវ ១៤៣ កែងផ្លូវ ៣០៤ សង្កាត់អូឡាំពិក V Boutique Hotel បានបង្ហាញ​ខ្លួន​យ៉ាង​ជ​ង្គ្រឹង និង​ស្រស់ស្អាត សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ស្នាក់នៅ និង​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​កម្រិត​ផ្កាយ៤នៅ​កម្ពុជា ។

លោក ឈុន ឃុន នាយក​គ្រប់គ្រង​សណ្ឋាគារ V Boutique Hotel បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៨ ធ្នូ​នេះ​ថា សណ្ឋាគារ​មួយ​នេះ​ទើបតែ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាលពី​អំឡុង​ខែវិច្ឆិកា កន្លងទៅ​តែប៉ុណ្ណោះ ខណៈដែល​វេលា​បើក​ដំណើរការ​ជា​ផ្លូវ​ការណ៍​នឹងត្រូវ​ធ្វើឡើង​នៅត្រឹម​ថ្ងៃ​ទ​ទី១ ខែមករា ឆ្នាំ២០១ឆាប់ៗខាងមុខនេះ ដែល​យើង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ប្រុស ស្រី​ចំនួន​ជាង៣០នាក់។

លោក​បាន​បន្ថែមទៀតថា សណ្ឋាគារ​នេះ​មាន​កំពស់១០ជាន់ ស្មើនឹង៦០បន្ទប់ ដោយ​ត្រូវបាន​បែង​ចែកចេញជា៥ប្រភេទ​ផ្សេង​ពីគ្នា ជាមួយនឹង​តម្លៃ​ក្នុងការ​ស្នាក់នៅ​ចាប់ពី៦០ដុល្លារ​សហរដ្ឋអាមេរិក​ឡើងទៅ​ក្នុង​មួយ​យប់ ហើយ​នៅក្នុង​សណ្ឋាគារ​ក៏មាន​អាហារ​ដ្ឋា​ន​សម្រាប់​អតិថិជន​ផងដែរ ដែល​រាល់​អតិថិជន​អាចធ្វើ​ការ​កក់​បន្ទប់​ក្នុង​រយៈពេល២៤ម៉ោង​លើ២៤ម៉ោង។

លោក ឈុន ឃុន ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅត្រឹម​រយៈពេល​ជាង​មួយខែ​នៃ​ការបើក​ដំណើរការ​សាកល្បង​កន្ល​ង​ទៅនេះ ជា​លទ្ធផល​អតិថិជន​ដែល​ចូលមក​ទទួល​សេវា​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នេះ គឺមាន​ចម្រុះ​ជាតិ​សាសន៍ ដូចជា​ជនជាតិ​អឺរ៉ុប កូរ៉េ ចិន ហើយក៏​មាន​ជនជាតិខ្មែរ​ផងដែរ។

ជាមួយនឹង​ដំណើរការ​នៃ​ភាព​រីកចម្រើន លើ​វិស័យ​បដិសណ្ឋារកិច្ច​ចំពោះ​បណ្តា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​បាន​ជួយ​ជំរុញ​ឲ្យ​វិស័យនេះ កាន់តែ​មាន​ភាព​រីក​ច​ម្រើ​ម​ថែមទៀត។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន ក៏​ធ្លាប់​បានបញ្ជាក់​ផងដែរ​ថា វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ពិសេស​សណ្ឋាគារ​ចាប់ពី​កម្រិត​ផ្កាយ​បួន​ឡើង គឺមាន​គុណភាព​ល្អប្រសើ​រ និង​មាន​ភាពល្បីល្បាញ​នៅក្នុង​តំបន់ ដោយសារ​សណ្ឋាគារ​នៅ​កម្ពុ​ជាមាន​សេវាកម្ម​ល្អប្រសើរ និង​មានគុណ​ភាពល្អ​ជាង​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ។ លោកស្រី​បន្តថា ទន្ទឹមនឹង​ភាព​ប្រកួតប្រជែង​កើនឡើង បានធ្វើឱ្យ​អ្នកវិនិយោគ​សណ្ឋាគារ កាន់តែ​ពង្រឹងគុណភាព​សេវាកម្ម​របស់ខ្លួន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

លោកស្រី​បន្តថា “នៅពេល​មានការ​ប្រកួតប្រជែង​កើនឡើង មានន័យថា មាន​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​មួយ​នេះ” ៕