ស្វាគមន៍ដើមឆ្នាំ២០២៥ លោកអ្នកឧកញ៉ាលី ហួរបើកការដ្ឋានសាងសង់បុរីវិមានភ្នំពេញគំរោងទី១៧

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ គាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងស្ថានភាពទីផ្សារលំនៅដ្ឋានប្រសើរឡើង លោកអ្នកឧកញ៉ាលី ហួរបានបើកការ ដ្ឋានសាងសង់គំរោងបុរីវិមានភ្នំពេញ ផាឡេស គំរោងទី១៧ ស្ថិតនៅបណ្តោយផ្លូវ៥៩៨ ជិតកែងផ្លូវភ្លោះ៣៤២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គំរោងនេះ ស្ថិតក្រោមក្រុមហ៊ុន លី ហូរ ឌីវេឡុបម៉ិន វិមានភ្នំពេញ។
គម្រោងថ្មីរបស់បុរីវិមានភ្នំពេញនេះ មានលក្ខណៈពិសេសខុសពីគម្រោងដទៃរបស់ខ្លួន ដោយហេតុថា គម្រោងនេះសាងសង់វីឡាចំនួនតិច គឺត្រឹមតែ ១៧ខ្នងប៉ុណ្ណោះ ដែលវីឡានីមួយៗអាចមានតម្លៃចន្លោះចាប់ពី ៣លានដុល្លារអាមេរិកឡើងទៅ។

 


លោកអ្នកឧកញ៉ា លី ហួរ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងថ្មីនេះនាព្រឹកថ្ងៃទី១៥ មករាថា គម្រោងនេះគឺត្រូវបានគិតគូរជាយូរមកហើយ និងមានលក្ខណៈពិសេសជាច្រើនផ្តល់ជូនអតិថិជនរបស់ខ្លួន ដោយនឹងផ្តល់នូវឯកជនភាព ដល់ម្ចាស់វីឡាទាំងអស់ ស្របពេលដែលគម្រោងនេះ មិនមានបើកឱ្យចរាចរណ៍ឆ្លងកាត់នោះទេ លុះត្រាតែមានការណាត់ជួប ជាមួយម្ចាស់គេហដ្ឋានណាមួយតែម្តង។
លោកអ្នកឧកញ៉ាបានបន្តថា គម្រោងនេះ នឹងផ្តល់នូវប្រណិតភាពដល់ម្ចាស់វីឡាទាំងអស់។
គម្រោងទី១៧ របស់បុរីវិមានភ្នំពេញ ផាឡេស នេះមានវីឡាចំនួន ២ប្រភេទ ដែលក្នុងនោះមានវីឡា ផាឡេស រាងអក្សរ I និងវីឡា ផាឡេស រាងអក្សរ L ហើយប្រភេទវីឡានីមួយៗ មានជាមួយទីធ្លារសួនខាងក្រៅផ្ទះធំទូលាយ មានចំណតរថយន្ត ទីធ្លារក្នុងរបងផ្ទះ បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់គេងចំនួន៩ បន្ទប់ទឹកចំនួន១០ បន្ទប់ទទួល ទានអាហារចំនួន១ និងកន្លែងចំអិនអាហារចំនួន ៣ផងដែរ។ ក្រៅពីនេះ ប្រភេទវីឡានីមួយ ក៏មាននូវ វ៉េរង់ដា បន្ទប់សិក្សា ឃ្លាំង និងបន្ទប់ផ្សេងៗទៀត ដែលនឹងផ្តល់ជូនម្ចាស់វីឡាទាំងអស់ នូវផាសុកភាពក្នុងការរស់នៅ។
នេះជាការបើកទំព័រឆ្នាំថ្មី2025នេះ! សម្រាប់បុរី វិមានភ្នំពេញ គម្រោងទី១៧ គឺជាគម្រោងលំនៅឋានប្រភេទវីឡាទោល ខ្នាតធំស្កឹមស្កៃ ទំនើប ស៊ីវិល័យ និងប្រណិតបំផុត ដែលមានទំហំដីចាប់ពី 35m x 39m ឡើងទៅ និងទំហំផ្ទះចាប់ពី 22.5m x18m មានកំពស់៣ជាន់(១៥៥១ម៉ែត្រការ៉េ ស្ថិតក្នុងទីតាំងដ៏ល្អបំផុតនៅលើវិថី ឯ.ឧ ជាសុផារ៉ា ជាតំបន់ហ៊ុព័ទ្ធជុំវិញដោយផ្សារទំនើប ហាងទំនិញតូចធំ សាលារៀនជាតិ អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នរដ្ឋជាច្រើន៕

ឥណ្ឌូនេស៊ីកំពុងបោះជំហានពីឋានៈជាតួអង្គសំខាន់នៅក្នុងតំបន់អាស៊ាន ទៅជាប្រទេសមានឥទ្ធិពលជាសកល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចអនុម័តឱ្យប្រទេសឥណ្ឌូនេស៊ីចូលជាសមាជិកក្នុងក្រុមប្រទេស BRICS នាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលជាសកលរបស់ប្រទេសឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ។នេះ​បើ​យោងតាម​សេដ្ឋវិទូ​ចិនលោក Song Qinghui។

សេដ្ឋវិទូរូបនេះអះអាងថា ​សមាជិកភាព​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ការបោះជំហាន​យ៉ាងសំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការ​ចូល​រួម​ចំណែកកាន់​តែ​ច្រើន​ក្នុង​កិច្ចការ​ពិភពលោក។

បើតាមលោក Song ការបើកចំហទីផ្សារទៅកាន់បណ្តាប្រទេស BRICS នឹងក្លាយជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលផលិតផលរបស់ឥណ្ឌូនេស៊ីអាចនាំចេញទៅកាន់បណ្តាប្រទេស BRICS នោះកំណើនសេដ្ឋកិច្ចនឹងកើនឡើង។

ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី១នៅតំបន់អាស៊ាន និងជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតក្នុងពិភពលោក ប្រទេសឥណ្ឌូនេស៊ីមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងតំបន់រួចទៅហើយ។

ទោះជាយ៉ាងណា លោក Song បានចង្អុលបង្ហាញថា ឥទ្ធិពលលើឆាកអន្តរជាតិរបស់ឥណ្ឌូនេស៊ីមិនទាន់ត្រូវគ្នានឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឡើយ។

លោកអះអាងថា “តាមរយៈការចូលរួមជាមួយអង្គការ BRICS ឥណ្ឌូនេស៊ីមានគោលបំណងបង្កើនឥទ្ធិពល និងសំឡេងរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ”។

ថ្វីត្បិតឥណ្ឌូនេស៊ីជាប្រទេសមានឥទ្ធិពលក្នុងតំបន់អាស៊ានយ៉ាងណាក្តី ប៉ុន្តែ វិស័យឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីដើរយឺតជាងបណ្តាប្រទេសសមាជិក BRICS ផ្សេងទៀត ដូចជាប្រទេសចិន និងរុស្ស៊ី។

លោក​ Song Qinghui បន្ត​ថា​ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​ពឹងផ្អែក​លើ​សេវាកម្ម និង​ឧស្សាហកម្ម​ជា​ចម្បង ហើយបើប្រៀបធៀបទៅនឹងប្រទេសរុស្ស៊ី និងប្រទេសចិន វិស័យឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីមានការអភិវឌ្ឍន៍តិចតួចណាស់។

លោកបានពន្យល់បន្ថែមទៀតថា ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីជាប្រភពផលិតរ៉ែនីកែលដ៏សំខាន់មួយ ឋានៈរបស់ប្រទេសនេះនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោកនៅតែស្ថិតក្នុងកម្រិតទាប។

លោកជឿជាក់ថា “សមាជិកភាពរបស់ឥណ្ឌូនេស៊ីនៅក្នុងក្រុមប្រទេស BRICS នឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាប្រទេសជាសមាជិករបស់ប្លុកនេះ ជាពិសេសនៅក្នុងវិស័យដូចជាការអភិវឌ្ឍន៍ឧស្សាហកម្មជាដើម”។

លោក Song បានលើកឡើងថា “នៅក្នុងវិស័យកែច្នៃរ៉ែនីកែល ប្រទេសចិនអាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយប្រទេសឥណ្ឌូនេស៊ីក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ឧស្សាហកម្មនីកែលរបស់ខ្លួន”។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​អាច​ជួយ​ឥណ្ឌូនេស៊ី​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ឧស្សាហកម្ម​របស់​ខ្លួន។

លោកបានបន្ថែមថា “ចំពោះដំណើរការឧស្សាហកម្ម ប្រទេសរុស្ស៊ីអាចជួយឥណ្ឌូនេស៊ីក្នុងការពង្រីក និងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោក”៕ប្រភព: Jakarta Globe៕

Industrial real estate likely to boom in ’25, residential property tipped to remain flat

0

Industry forecasting for the Cambodian real estate sector suggests that the coming year will see similar conditions to those experienced in 2024, with prices likely to remain steady.

However, there is a silver lining, with demand for some types of real estate, particularly industrial sites, expected to improve.

In response to questions from The Post during the “Fearless Forecast 2025” event organised by real estate industry giant CBRE Cambodia on the morning of January 14, Kinkesa Kim, managing director of the firm, tipped that demand for residential, office buildings, shopping malls and commercial centres will improve slightly.

However, she believed prices are likely to stay the same. She added that she expects the most positive note to be an increased demand for real estate in the industrial sector.

“I believe that industrial sites will see growth ahead of other sectors and will have a long-term future. This trend is not just for Cambodia, but also for neighbouring countries like Vietnam, Thailand and Malaysia,” she said.

She noted that foreign investment has gradually picked up since the end of 2024, with increased demand for land to build factories and special economic zones, among others. She attributed this growth to ongoing tensions between global economic powers, particularly the US and China.

Sam Soknoeun, president of
the Global Real Estate Association and chairman of the SAM SN Group, commented that both 2024 and 2025 saw significant demand for real estate solely for industrial purposes, such as land for building factories, industrial parks, special economic zones or warehouses.

“The real estate situation in
2025 could be better than 2024, particularly in terms of land for the industrial sector.

However, for residential real estate, it may remain the same as in 2024, largely due to an oversupply,” he added.
The real estate sector in 2025 will not yet recover to the level seen in 2019, he warned.

To help stimulate the growth of the real estate sector, On December 31, 2024, the Ministry of Economy and Finance announced specialised tax exemptions for the year of 2025.

The new regulations aim to
encourage increased purchases from development companies, including residential complexes or condominiums.

Source: Phnom Penh Post

ក្រុមភ្ញៀវទេសចរណ៍ចិនសម្រុកលុបចោលការកក់សណ្ឋាគារ និងជើងហោះហើរទៅកាន់ប្រទេសថៃក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមភ្ញៀវទេសចរណ៍ចិនជាច្រើនបានសម្រេចលុបចោលការកក់សណ្ឋាគារ និងជើងហោះហើរទៅកាន់ប្រទេសថៃក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខ ដោយសារក្តីព្រួយបារម្ភអំពីសុវត្ថិភាព។

កាលពីសប្តាហ៍មុន លោក Eason Chan តារាចម្រៀង និងជាតារាសម្តែរបស់ហុងកុង បានលុបចោលកម្មវិធីប្រគុំតន្ត្រី ដែលគ្រោងរៀបចំនៅក្នុងប្រទេសថៃ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះអ្នកគាំទ្រជនជាតិចិនដែលមកទស្សនាប្រទេសនេះ។

ជាមួយគ្នានោះ ការិយាល័យសន្តិសុខរបស់ទីក្រុងហុងកុងបានបញ្ជូនក្រុមការងារទៅកាន់ប្រទេសថៃក្នុងសប្តាហ៍នេះ ដើម្បីតាមដានករណីពលរដ្ឋ​ហុងកុងត្រូវ​បាន​គេ​ល្បួង​ឱ្យ​ធ្វើការខុសច្បាប់។

លោកស្រី Prachoom Tantiprasertsuk ប្រធានផ្នែកទីផ្សារនៃសមាគមសណ្ឋាគារថៃ (THA) បានលើកឡើងថា សណ្ឋាគារនៅតាមគោលដៅសំខាន់ៗ ដែលផ្តោតជាសំខាន់ទៅលើក្រុមភ្ញៀវទេសចរណ៍ចិនចាប់ផ្តើមទទួលបានសំណើលុបចោលការស្នាក់នៅ ជាពិសេសនៅទីក្រុងបាងកក។

លោកស្រីបានបន្តថា ផលប៉ះពាល់លើភ្ញៀវទេសចរណ៍ជាក្រុម លេចចេញឡើងកាន់តែច្បាស់ ដោយសារក្រុមហ៊ុនទេសចរណ៍នានាអាចលុបចោលការកក់សណ្ឋាគារ និងសំបុត្រយន្តហោះរបស់ពួកគេ ខុសផ្ទុយពីភ្ញៀវទេសចរណ៍ឯករាជ្យ ដែលបានកក់ទុកហើយ មិនអាចដកប្រាក់វិញបាននោះទេ។

លោកស្រី Prachoom បានបន្តទៀតថា បច្ចុប្បន្ននេះ សមាគមសណ្ឋាគារថៃ (THA) កំពុងតាមដានស្ថានការណ៍នៅតាមសណ្ឋាគារនានាទូទាំងប្រទេស ហើយយើងនឹងអាចព្យាករណ៍ពីផលប៉ះពាល់បានកាន់តែច្បាស់លាស់។

មុនពេលផ្ទុះកក្រើកករណីជួញដូរមនុស្សលើតារាសម្តែងចិនលោក Wang Xing សណ្ឋាគារនានានៅក្នុងប្រទេសថៃ បានទទួលការកក់ទុកយ៉ាងច្រើនសម្រាប់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។

ត្រង់ចំណុចនេះ លោកស្រី Prachoom បានគូសបញ្ជាក់ថា មុនពេលផ្ទុះករណីខាងលើ សណ្ឋាគារនៅទីក្រុងបាងកកទទួលបានអត្រានៃការស្នាក់នៅចាប់ពី៧០ភាគរយទៅ៨០ភាគរយ ខណៈសណ្ឋាគារនៅរមណីយដ្ឋានកោះភូកេតទទួលបានអត្រានៃការស្នាក់នៅចាប់ពី៨០ភាគរយទៅ៩០ភាគរយ។

ដោយឡែក លោក Nuntaporn Komonsittivate ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air បានលើកឡើងថា យើងសង្កេតឃើញមានការលុបចោលជើងហោះហើរមួយចំនួនធំពីសំណាក់ក្រុមភ្ញៀវទេសចរណ៍ចិន។

ជាក់ស្ដែង ប្រតិបត្តិករទេសចរណ៍ ដែលបានរៀបចំជើងហោះហើរពិសេសទៅកាន់កោះភូកេតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ បានសម្រេចចិត្តលុបចោលកម្មវិធីរបស់ពួកគេវិញ ដោយសារតម្រូវការរបស់ក្រុមភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។

យ៉ាងណាមិញ ការកក់ពីសំណាក់អ្នកដំណើរជាលក្ខណៈបុគ្គលម្នាក់ៗនៅតែមិនផ្លាស់ប្តូរ ដោយសារផែនការរបស់ពួកគេមានភាពបត់បែនជាងមុន៕ប្រភព: Bangkok Post ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគប្រកាន់ជំហរប្រុងប្រយត្ន័ មុនពេលចេញផ្សាយនូវទិន្នន័យអតិផរណាតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៨ភាគរយដល់២.៦៧៥ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣ភាគរយដល់២៦៩០,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួនជាង៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចដល់១០៩,២៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,២៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៨ភាគរយដល់៣០,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២៦ភាគរយដល់៩៤៦,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៤ភាគរយដល់៩៤៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

អ្នកជំនាញសេដ្ឋកិច្ចៈការសម្រេចបានកំណើនវិនិយោគដោយសារសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកបណ្ឌិតឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ គឺជាការបង្ហាញពីកត្តាវិជ្ជមាន ទាំងផ្នែកសេដ្ឋកិច្ច និងឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

    លោកមានប្រសាសន៍បែបនេះ សំដៅដល់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង។

តាមរយៈការអនុម័តគម្រោងវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើតឱកាសការងារ បានប្រមាណ៣២ម៉ឺនកន្លែងលើគម្រោងជិត៥០០ គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤។

លោកបណ្ឌិតបានបញ្ជាក់ថា “សញ្ញាណល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧”។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ ជាពិសេសយុវជន គោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ លោកបណ្ឌិតបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននេះ យ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។

លោកបណ្ឌិតឈាង វណ្ណារិទ្ឋបញ្ជាក់បន្ថែមថា បើទោះបីប្រទេសកម្ពុជាមានកំណើន នៃការវិនិយោគល្អនៅឆ្នាំ២០២៤ ក៏ប៉ុន្តែកម្ពុជានៅតែត្រូវធ្វើបន្ថែមទៀត លើការវិនិយោគលើវិស័យផ្សេងៗទៀត ជាពិសេ​សក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ខេត្តដ៏ទៃទៀតផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៣២ម៉ឺនកន្លែង។

ការអនុម័តគម្រោងវិនិយោគនេះ មានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក២៧គម្រោង៕

អ្នកជំនាញចាប់ផ្តើមមើលឃើញសញ្ញាវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យនៅដើមឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម សម្រាប់ទីផ្សារអចលនទ្រព្យនៅដើមឆ្នាំ២០២៥នេះ។

    អគ្គនាយកក្រុមហ៊ុនAdvance Realty លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សម្រាប់ទីផ្សារនៅដើមឆ្នាំនេះ មានចំណុចខ្លះមានភាពប្រសើរជាងឆ្នាំ២០២៤ ប៉ុន្តែមានចំណុចខ្លះនៅតែមានសភាពដូចឆ្នាំមុន ដោយសារកំលាំងចលករពីខាងក្រៅ និងខាងក្នុងមិនទាន់មានការប្រែប្រួលជាដុំកំភួន។

    លោកបន្តថា “ទីផ្សារជួលអចលនទ្រព្យបែបពាណិជ្ជកម្មកើនឡើង ប៉ុន្តែសម្រាប់ទីផ្សារជួលលំនៅដ្ឋាន នៅមានសភាពយឺតយ៉ាវនៅឡើយ”។ លោកបន្តថា “សម្រាប់ទីផ្សារទិញលក់ មានសញ្ញាគួរឲ្យកត់សំគាល់ចំនួន៣ គឺលំនៅដ្ឋានតម្លៃសមរម្យ មានចំណុចវិជ្ជមានធៀបជាមួយឆ្នាំចាស់ ដោយសារគោលនយោបាយធំពីរ គឺការទម្លាក់អត្រាការប្រាក់ និងការលើកលែងពន្ឋពីរដ្ឋាភិបាល”។

    លើសពី​នេះ ប្រមុខរដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះ។

    ចំណែកលោកស៊ា ឆៃលីនអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារវាហាក់ដូចជាលឿនពេក ក្នុងការវិភាគពីរឿងនេះ ប៉ុន្តែយើងសង្កេតឃើញសញ្ញាមួយចំនួន ដោយអ្នកទិញលក់យកចំណេញបានបន្តធ្លាក់ចុះ តែការទិញសម្រាប់ប្រើប្រាស់នៅតែបន្តមាន។

    លោកបន្តថា “ចំណុចវិជ្ជមាន គឺអ្នកដែលអាចតស៊ូបានរហូតមកទល់ពេលនេះ ពួកគាត់អាចទម្លាក់តម្លៃបន្ថែមទៀត ពិសេសការទម្លាក់អត្រាការប្រាក់ធ្លាក់ចុះ ពួកគេអាចទិញអចលនទ្រព្យ សម្រាប់ការទុកជួលបាន”។

លោកស៊ា ឆៃលីបបានបន្តថា អ្នកទិញផ្ទះឬអចលនទ្រព្យ ដែលអាចជួលបាន ពួកគេអាចមានឱកាសរកផលចំណេញ នៅក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ៕

សម្តេចធិបតីនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីននៅខែកុម្ភៈខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការ​បរទេស។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រៀមសម្រាប់ទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនៅសាធារណរដ្ឋហ្វីលីពីន នៅខែកុម្ភៈ ឆ្នាំ២០២៥៕

ការសិក្សាថ្មីរកឃើញស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៥មានសភាពដូចម្តេច?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ នឹងជួបប្រទះលក្ខខណ្ឌស្រដៀងគ្នា ទៅនឹងស្ថានភាពក្នុងឆ្នាំ២០២៤ ដោយតម្លៃអចលនទ្រព្យលំនៅដ្ឋានត្រូវបានគេរំពឹងថា អាចបន្តស្ថិតនៅទ្រឹង។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានសង្កេតឃើញនូវទិដ្ឋភាពវិជ្ជមានមួយចំនួន លើតម្រូវការប្រភេទអចលនទ្រព្យមួយចំនួន ជាពិសេសផ្នែកអចលនទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង។

នៅក្នុងព្រឹត្តិការណ៍“Fearless Forecast”ប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើង ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia នៅថ្ងៃទី១៤ ខែមករា លោកស្រី គឹម គិនកេសា អគ្គនាយិកាក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការលំនៅដ្ឋាន អគារការិយាល័យ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងបង្ហាញសញ្ញាប្រសើរឡើងជាងមុនបន្តិច។

ទោះ​ជា​យ៉ាង​ណាក្តី លោកស្រីជឿ​ជាក់ថា តម្លៃ​អចលនទ្រព្យអាចបន្តស្ថិតក្នុងសភាពទ្រឹង​ដដែល។

អ្នកជំនាញរូបនេះរំពឹងថា ការកើនឡើងនៃតម្រូវការអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្ម នឹងក្លាយជាទិដ្ឋភាពវិជ្ជមានបំផុត នៃទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំនេះ។

លោកស្រីបានថ្លែងក្នុងព្រឹត្តិការណ៍“Fearless Forecast” ថា“ខ្ញុំ​ជឿ​ជាក់​ថា ផ្នែក​អចលនទ្រព្យឧស្សាហកម្ម ​នឹង​​ស្ទុះងើបឡើងវិញ​ មុន​ផ្នែក​ផ្សេង​ទៀត ហើយ​ផ្នែកនេះនឹង​មាន​អនាគត​វែង​ឆ្ងាយ”។លោកស្រីបន្ថែមថា “និន្នាការ​នេះ​ពុំមែន​កើតឡើង​ តែ​នៅក្នុងប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​វាក៏​កើតឡើងនៅតាមបណ្តា​ប្រទេស​ជិត​ខាង​ដូច​ជា វៀតណាម ថៃ និង​ម៉ាឡេស៊ី​ផង​ដែរ”។

លោកស្រីបានកត់សម្គាល់ថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា បានកើនឡើងជាបណ្តើរៗចាប់តាំងពីចុងឆ្នាំ២០២៤ ជាមួយនឹងការកើនឡើង នៃតម្រូវការដីសម្រាប់សាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស។

លោក​ស្រី​បាន​វាយតម្លៃថា “​កំណើន​នេះ​បណ្តាលមកពី​ភាព​តានតឹង​ ដែល​កំពុង​កើនឡើង​ រវាង​បណ្តាប្រទេសមហា​អំណាច​សេដ្ឋកិច្ច​នៅលើពិភពលោក ជា​ពិសេស​ជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋ​អាមេរិក និង​ប្រទេសចិន”។

អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group បានសម្តែងមតិថា ទាំងឆ្នាំ២០២៤ និងឆ្នាំ២០២៥ គេសង្កេតឃើញមានតម្រូវការច្រើន សម្រាប់ផ្នែកអចលនទ្រព្យឧស្សាហកម្ម ដូចជាដីសម្រាប់សាងសង់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឬឃ្លាំងជាដើម។

អ្នកឧកញ៉ាបង្ហាញសុទិដ្ឋិនិយមថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥ អាចមានភាពល្អប្រសើរជាងឆ្នាំ២០២៤ ជាពិសេសទាក់ទងនឹងដីធ្លី សម្រាប់បម្រើដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា”។

ទោះបីជាយ៉ាងណាក្តី ស្ថានភាពទីផ្សារអចលនទ្រព្យលំនៅដ្ឋានអាចនឹងស្ថិតនៅទ្រឹងដដែល ដូចស្ថានភាពកាលពីឆ្នាំ២០២៤កន្លងទៅ ដោយសារតែការផ្គត់ផ្គង់ លើសតម្រូវការនៅតែជាបញ្ហាចម្បង។

អ្នកឧកញ៉ាសំ សុខនឿនបានព្រមានថា “វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥នេះ នឹងមិនទាន់ស្ទុះងើបឡើងវិញ ដល់កម្រិតក្នុងឆ្នាំ២០១៩ នៅឡើយទេ”។

ដើម្បីជួយជំរុញកំណើននៃវិស័យអចលនទ្រព្យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅដ្ឋាន និងផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយអនុវត្តន៍ពេញមួយឆ្នាំ២០២៥។

បទប្បញ្ញត្តិថ្មីនេះ មានគោលបំណងលើកទឹកចិត្ត ដល់ការបង្កើនការទិញផ្ទះ ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានា រួមទាំងអគារបុរីលំនៅដ្ឋាន ឬខុនដូ។ ទន្ទឹមគ្នានេះ ពលរដ្ឋដែលមានលំនៅដ្ឋានទី២ ឬបន្តបន្ទាប់ក៏ត្រូវទទួលបានការអនុញ្ញាត ឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចំនួន៧ម៉ឺនដុល្លារអាមេរិក។

ដោយឡែក ការទិញលំនៅដ្ឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ និងលំនៅដ្ឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន តែត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិកាន់កាប់ តាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធក៏ត្រូវទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាដូចគ្នាផងដែរ។

ក្រុមជំនាញនៅក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការលើកទឹកចិត្តដល់អ្នកទិញផ្ទះដំបូង តាមរយៈការលើកលែងពន្ធប្រថាប់ត្រាលើផ្ទះ ដែលមានតម្លៃក្រោម២១មុឺនដុល្លារ ផ្តល់អត្ថប្រយោជន៍ដល់អ្នកទិញ ដោយកាត់បន្ថយថ្លៃដើម និងជំរុញតម្លៃសមរម្យ។

គោលនយោបាយនេះលើកទឹកចិត្ត បុគ្គលកាន់តែច្រើនឱ្យឈានជើងចូលក្នុងទីផ្សារលំនៅដ្ឋាន ផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលការផ្លាស់ប្តូរ ពីការជួលទៅជាការទិញ។ ការណ៍នេះនឹងជួយជំរុញទីផ្សារលំនៅដ្ឋាន ប្រកបដោយបរិយាបន្ន និងជួយធ្វើឱ្យអត្រាកាន់កាប់ផ្ទះមានស្ថិរភាព។

ក្រុមហ៊ុន CBRE Cambodia អះអាងថា ការលើកទឹកចិត្តនេះនឹងពន្លឿនការផ្ទេរកម្មសិទ្ធិ សំដៅកាត់បន្ថយហានិភ័យនៃជម្លោះ ដែលអាចកើតមាន។ ការលើកលែងពន្ធទាំងនេះ ក៏នឹងផ្តល់ឱកាសដល់អ្នកអភិវឌ្ឍន៍ក្នុងការពន្លឿន កិច្ចខិតខំប្រឹងប្រែងនៅឆ្នាំ២០២៥ ដោយផ្តោតលើអ្នកទិញផ្ទះសម្រាប់គោលបំណងវិនិយោគ៕ប្រភព: CBRE៕

អ្នកស្រាវជ្រាវបង្ហាញសមិទ្ឋផលធំៗរបស់សម្តេតេជោចំនួន៩ចំណុច ក្នុងឱកាសខួប៤០ឆ្នាំនៃការកាន់អំណាចជានាយករដ្ឋមន្រ្តី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាអ្នកវិភាគ និងស្រាវជ្រាវ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញអំពី សមិទ្ធផលធំៗចំនួន៩ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី(១៤ មករា ១៩៨៥ – ១៤ មករា ២០២៥)។

លោកបានរៀបរាប់ថា ថ្ងៃនេះជាខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ខ្ញុំសូមឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា ដូចជា ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជា ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។

ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។

ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាងស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុំព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។

ទី៤- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទី៥- សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។

ទី៦- សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៍ឯកនយោ​បាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុត សម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទី៧- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេស ដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែង ខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។

ទី៨- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិ លើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុត ពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។

ទី៩- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពសាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា។ ជាពិសេស ទស្សនៈវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា វីរបុរសជាតិ” យ៉ាងពិតប្រាកដ៕