កម្ពុជាឈានទៅរកឯករាជ្យភាពអគ្គសនីដោយខ្លួនឯង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយកំនើននៃការវិនិយោគវិស័យថាមពើអគ្គិសនី ប្រទេសកម្ពុជាកាន់តែមានឯករាជ្យភាព លើការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយខ្លួនឯង១០០ភាគរយនាពេលខាងមុខនេះ។

ប្រធាអាជ្ញាធរអគ្គីសនីកម្ពុជា លោកទី នរិន្ទ បានលើកឡើងក្នុងសន្និបាត បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គីសនីកម្ពុជាកាលពីថ្ងៃម្សិលម៉ិញថា ក្នុងរយៈពេលមួយឆ្នាំ រឺ២ឆ្នាំទៀត ពេលដែលកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ ថាមពលដោយខ្លួនឯងបាន១០០ភាគរយ កម្ពុជានឹងផ្លាស់ប្ដូរពីការពឹងផ្អែកថាមពលអគ្គីសនីពីប្រទេសជិតខាង មកជាការធ្វើពាណិជ្ជកម្មវិញ។ ឯកឧត្តមបន្ថែមថា ការកែប្រែពីការពឹងផ្អែកទៅជាការធ្វើពាណិជ្ជកម្មថាមពលអគ្គីសនីជាមួយប្រទេសជិតខាង មានន័យថាប្រទេសកម្ពុជាមានជម្រើសទិញ រឺមិនទិញថាមពលអគ្គីសនី បើសិនជាវាមានតម្លៃថ្លៃ រឺថោក។

លោកបន្តថា ក្នុងឆ្នាំ២០១៧កម្លាំងថាមពលអគ្គីសនី ដែលផលិតក្នុងស្រុកបានកើនឡើងដល់៨១,៤ភាគរយ ធៀបនឹង៧៧,៩ភាគរយកាលពីឆ្នាំ២០១៦ ហើយកម្លាំងថាមពលអគ្គីសនី ដែលទិញពីប្រទេសជិតខាងវិញមានការធ្លាក់ចុះពី២២ភាគរយនៅឆ្នាំ២០១៦ មកត្រឹមតែ១៨,៦ភាគរយនៅឆ្នាំ២០១៧។

លោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា កម្ពុជាមានការរីកចំរើនថាមពលអគ្គីសនីយ៉ាងឆាប់រហ័ស ជាពិសេសកម្ពុជាបានដើរលឿនជាងការសិក្សារបស់ធនាគារពិភពលោក។ ក្រុមអ្នកសិក្សាក្នុងក្របខណ្ឌគម្រោងធនាគារពិភពលោក កាលពីឆ្នាំ ២០០៦បានសិក្សាថា នៅឆ្នាំ ២០២០ ភូមិទាំងអស់នៅកម្ពុជា នឹងមានអគ្គីសនីប្រើប្រាស់ពីប្រភពអគ្គីសនីផ្សេងៗ និងដល់ឆ្នាំ២០៣០ យ៉ាងហោចណាស់៧០ភាគរយ នៃលំនៅដ្ឋានទាំងអស់នៅកម្ពុជា នឹងមានអគ្គីសនីមានគុណភាពដូចអគ្គីសនីពីបណ្ដា​ញជាតិ ប៉ុន្តែកម្ពុជាបានវិវត្តិមុនការទស្សទាយ ដោយត្រឹមចុងឆ្នាំ២០១៧ ការផ្គត់ផ្គង់ថាមពលអគ្គីសនី បានគ្របដណ្ដប់លើភូមិចំនួន៨១,៦ភាគរយនៃភូមិទាំងអស់ និងបានផ្គត់ផ្គង់ដល់លំនៅដ្ឋានចំនួន៦៨,៦៤ភាគរយនៃលំនៅដ្ឋានទាំងអស់នៅកម្ពុជា។

លោកបន្តថា “យ៉ាងហោចណាស់៩៨ភាគរយ នៃភូមិទាំងអស់នៅកម្ពុជានឹងមានអគ្គីសនីប្រើប្រាស់នៅចុងឆ្នាំ២០២០ ចេញពីប្រភពអគ្គីសនីរបស់បណ្ដា​ញជាតិ ដែលមានតម្លៃទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមានគុណភាព”។លោកបន្តថា “នៅឆ្នាំ២០២០ខាងមុខ យ៉ាងហោចណាស់ក៏មានលំនៅដ្ឋានជាង៨៥ភាគរយ អាចទទួលបានការភ្ជាប់ចរន្តអគ្គីសនីដើម្បីប្រើប្រាស់ផងដែរ៕

អាជីពភ្នាក់ងារអចលនទ្រព្យ នឹងមានតម្លៃដូចអាជីពមេធាវី និងវេជ្ជបណ្ឌិត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការជ្រើសរើសអាជីពមួយ ដែលមានគុណតម្លៃពិតជាមានសារៈសំខាន់ណាស់ ក្នុងជីវិតរបស់យើង ដោយសារអាជីពនិមួយៗវាកំណត់នូវគុណតម្លៃក្នុងសង្គម និងឆាកជីវិត។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃម្សិលម៉ិញនេះថា“អាជីពនេះនឹងមានអនាគតល្អ នឹងមានគុណតម្លៃដូចជា​អាជីពមេធាវី និងអាជីពជាវេជ្ជបណ្ឌិត ព្រោះអ្នកនៅក្នុងអាជីពនេះត្រូវធ្វើការជាមួ​យទាំងអ្នកទិញ និងអ្នកលក់ ហើយអ្នកណាក៏ត្រូវការលំនៅដ្ឋានដែរ”។អ្នកនាងបន្តថា “អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។

អ្នកនាង Grace Rachny Fong បានបានបន្តថា ហេតុនេះអ្នកចង់ធ្វើជាភ្នាក់​ងារអចលនទ្រព្យ ដែលមានគុណតម្លៃខ្ពស់ និងទទួលជោគជ័យត្រូវប្រកាន់ខ្ជាប់​នូវកត្តាសំខាន់ៗជាច្រើនរួមមាន សុច្ចរឹតភាព ភាពស្មោះ​ត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការ​ដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចល​ន​ទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះ​ត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។ អ្នក​នាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភា ព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។

ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយ​ពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ​ងអាជីពនេះ។ អ្នកនាង Grace Rachny Fong បញ្ជាក់ឲ្យដឹង៕

លោកឧកញ៉ា លី ហួរ ត្រៀមប្រឡូកពេញទំហឹងលើវិស័យធានារ៉ាប់រង

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ស្របពេលទីផ្សារធានារ៉ាប់រងកាន់តែមានភាពប្រសើរ ដោយសារ​ការកើនឡើងនូវចំណូលប្រជាពលរដ្ឋ លោកឧកញ៉ាលី ហួរបានសម្រេចចូលប្រ​ឡូកក្នុងវិស័យធានារ៉ាប់រង ដោយសហការជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៥នៅលើពិភពលោក។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៤ មករា​នេះថា លោក នឹងចាប់ផ្តើមពិធីបើកសម្ភោធក្រុមហ៊ុនធានារ៉ាប់រងលី ហួរនៅថ្ងៃទី២៩ មករាខាងមុខនេះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការហើយ ដោយផ្តោត​លើអតិថិជនចម្រុះ និងធ្វើលើ២៥រាជធានី ខេត្តទូទាំងប្រទេស។លោកបន្តថា​ វាជាក្រុមហ៊ុនខ្នាតធំមួយ ដែលត្រូវចំណាយទុនចុះបញ្ជីររហូតដល់៧លានដុល្លារ តាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបន្តថា “ដោយសារក្រុមហ៊ុនលី ហួរគ្រុបមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋ​ច្រើន ទើបខ្ញុំបង្កើតក្រុមហ៊ុននេះឡើង ដើម្បីទ្រទ្រង់ក្រុមហ៊ុនទាំងនោះ និងចាប់​យកទីផ្សារដទៃទៀត ដែលជាទីផ្សារកំពុងមានការរីកច្រើន”។លោកបន្តថា “ក្រុម​ហ៊ុនលី ហួរធានារ៉ាប់រង នឹងផ្តោតលើអតិថិជនចម្រុះទាំងការធានារ៉ាប់រងសុខភា​ព យានយន្ត ការដឹកជញ្ជូន ការធានារ៉ាប់រងលើអចលនទ្រព្យជាដើម”។

លោកឧកញ៉ា លី ហួរបានបន្តថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ហេតុនេះ ទើបលោកសម្រេចបើកក្រុមហ៊ុនលី ហួរអ៊ីនសួរិននេះឡើង ដើម្បីឆ្លើយ​តបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជា​មួយ ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិចំនួន៥ ដើម្បីសហប្រតិបត្តិការគ្នានៅលើទីផ្សារអន្តរជាតិ ព្រោះវាជាច្បាប់តម្រូវផង និងជាលក្ខខ័ណ្ឌតម្រូវឲ្យមានផង ដោយ​សារការធានារ៉ាប់រង ត្រូវធ្វើឡើងជាលក្ខណៈបណ្តាញអន្តរជាតិ។

កំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋ ព្រមទាំងការយល់ដឹងរបស់​ប្រជាពលរដ្ឋប្រសើរជាងមុន បានធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្តរជាតិជា​ច្រើនបានឈានជើងមកកាន់ទីផ្សារកម្ពុជាជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

បុរីវិមានភ្នំពេញចាប់ផ្តើមដំណើរការគំរោងទី៨ស្របពេលទីផ្សារបុរីនៅតែល្អប្រសើរ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារបុរីកំពុងមានភាពល្អប្រសើរ លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ បានសម្រេចបើកការដ្ឋានសាងសង់គំរោងទី៨ នៃបុរីវិមានភ្នំពេញ ដែលមានផ្ទៃដីប្រមាណ២០ហិកតា។

មានប្រសាសន៍បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់គំរោងថ្មីនេះ លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មករានេះថា គំរោងទី៨ នៃបុរីវិមានភ្នំពេញ ត្រូវបានជ្រើសរើសដាក់ឈ្មោះ “ភូមិរុងរឿង” ដើម្បីផ្តល់ឲ្យអ្នក​ស្នាក់នៅមានភាពជោគជ័យ និងរុងរឿងក្នុងឆាកជីវិត។ គំរោងនេះមានផ្ទះចំនួនជាង៦០០ ដែលភាគច្រើនជាប្រភេទផ្ទះវីឡាកូនកាត់ និងវីឡាទោល ដោយលក់ក្នុងតម្លៃចាប់ពីជាង១៨ម៉ឺនដុល្លារឡើងទៅ។

លោកឧកញ៉ាបានបន្តថា “ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ដោយបច្ចុ​ប្បន្ននៅតែមានតម្រូវការខ្ពស់ សម្រាប់លំនៅដ្ឋានមានតម្លៃមធ្យម និងក្រោមមធ្យម ប៉ុន្តែ​កា​រវិនិយោគបុរីនិមួយៗ វាអាស្រ័យលើទីតាំង និងតំបន់ជាក់លាក់”។ លោកបន្តថា “បើយើងវិនិ​យោគលើលំនៅដ្ឋានមានតម្លៃទាប គួរស្ថិតនៅតំបន់ណា និងវិនិយោគលើបុរីមាន​តម្លៃមធ្យម និងតម្លៃខ្ពសគួរស្ថិតនៅតំបន់ណា ដើម្បីធ្វើឲ្យគំរោងនោះទទួលបានជោគជ័យ”។

លោកឧកញ៉ាលី ហួរបានបន្តទៀតថា ដោយសារបុរីវិមានភ្នំពេញ ផ្តោតលើគុណភាពសំណង់ សោភ័ណភាព កេរ្ត៍ឈ្មោះ ព្រមទាំងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានទីតាំល្អប្រសើរ ជាតំបន់ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មព័ទ្ឋជុំវិញ ទើបធ្វើឲ្យគំរោងនេះទទួលបានជោគជ័យតាមការចង់បានរបស់យើង។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម ​បានថ្លែងថា ទីផ្សារបុរីពិតជាបន្តមានភាពល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច និងការកើនឡើ​ងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសលក្ខខ័ណ្ឌទទួលបានឥណទានកាន់​តែងាយស្រួលជាងមុន បានធ្វើឲ្យប្រជាពលរដ្ឋមានលទ្ឋភាពទិញលំនៅដ្ឋាន​កា​ន់តែច្រើន ហើយបុរីដែលមានកេរ្ត៍ឈ្មោះល្អ ដូចជា បុរីប៉េង ហួត បុរីវិមានភ្នំពេញជាដើម នៅតែទទួលបានជោគជ័យក្នុងការអភិវឌ្ឍគំរោងរបស់ពួកគេ។

លោកបន្តថា “ទីផ្សារទិញលក់លំនៅដ្ឋាននៅតាមបុរីនានា ដែលក្រុមហ៊ុន​របស់លោកមានឯកទេសធ្វើការងារនេះ នៅតែលក់បានច្រើន ពិសេសលំនៅដ្ឋាន​ថ្មីៗ ក៏ដូចជាលំនៅដ្ឋានទី២ ដែលអ្នកវិនិយោគទិញ ដើម្បីលក់បន្តយកប្រាក់​ចំណេញ”៕

រដ្ឋាភិបាលកម្ពុជាវិនិយោគ ៣០លានដុល្លា សំរាប់ផលិតកម្មបន្លែក្នុងស្រុក

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាចំនួន៣០លានដុល្លារអាមេរិក សម្រាប់ការផលិតបន្លែក្នុងស្រុក ជាមួយនឹងគោលដៅដាក់ចេញចំនួន៩០.០០០តោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងការកាត់បន្ថយការនាំចូលពីបរទេស។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាបាននាំចូលបន្លែពី២០០ ទៅ ៤០០ តោនក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង២០០លានដុល្លារក្នុងមួយឆ្នាំៗ។

លោកបន្តថា “ការនាំចូលភាគច្រើនគឺមកប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដើម្បីផ្គត់ផ្គន់តម្រូវការក្នុងទីផ្សារក្នុងស្រុក។  ការនាំចូលបន្លែមនេះ ត្រូវបានគេមើលឃើញថា បន្លែមួយចំនួនធំបានផ្ទុកនូវសារធាតុគីមីដែលធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះថា កុំអោយប្រជាពលរដ្ឋប្រើប្រាស់បន្លែ ដែលមានផ្ទូកនូវសាធារតុគីមី ។ ការណ៍នេះ បានធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បន្លែ ដោយពួកគេលើកឡើងថា តើធ្វើដូចម្តេចទើបដឹងថា បន្លែមានផ្ទុកសារធាតុគីមី ឬមិនមាន?  បើអជ្ញាធរពាក់ព័ន្ធមិននឹងអើពើចំពោះសុខភាពពលរដ្ឋផងនោះ។

ជាមួយគ្នានេះ អ្នកប្រើប្រាស់បន្លែ ក៏បានចោទប្រកាន់ខ្លាំងៗ ទៅលើអាជ្ញាធរនៅតាមព្រំដែន ដែលមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងអោយគេនាំចូលមកលក់ក្នុងទីផ្សារក្នុងប្រទេសកកម្ពុជា៕

រដ្ឋមន្រ្តីពាណិជ្ជកម្មសន្យាជំរុញបង្កើនការនាំចេញអង្ករ

0

ដោយ វ៉ាវី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាន សូស័ក្តិបានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងប្តេជ្ញា​ពង្រឹង​សង្វាក់តម្លៃអង្ករកម្ពុជា ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ស្របពេលទីផ្សារអង្ករកម្ពុជាកាន់តែធ្វើពិពិធកម្មកើន​ឡើង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងក្នុងពិធីបិទវេទិកាស្រូវ អង្ករលើកទី៦កាលពីម្សិលម៉ិញថា លោក​នឹងខិត​ខំ​សហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើកិច្ចការចំពោះ​មុខជាច្រើនទៀត ទាក់ទងនឹងការអភិវឌ្ឍខ្សែសង្វាក់តម្លៃអង្កររបស់កម្ពុជា រួមមានការពង្រឹងបច្ចេកទេសផលិត និងកែច្នៃ​អង្កររបស់កម្ពុជា ការកាត់បន្ថយតម្លៃនាំចេញ និងដោះស្រាយបញ្ហាប្រឈមនានា និងការពង្រីកទីផ្សារឲ្យបានជាអតិបរិមា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

លោកប៉ាន សូស័ក្តិក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​អភិ​វឌ្ឍសង្វាក់តម្លៃអង្ករ តាម​រយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាដំណាក់កាលទី១ នៃកម្មវិធី​ពង្រឹ​ង​ក្រប​ខណ្ខសមាហរណកម្ម (EIF) រាប់ចាប់ពីការប្រើប្រាស់គ្រាប់ពូជ ដែលមានគុណភាព ទៅជាការផលិត និងកែច្នៃអង្ករ ដើម្បី​ផ្គត់ផ្តង់ទីផ្សារក្នុងស្រុក និងនាំចេញដោយជោគជ័យជាង៤៤ពាន់តោនកាលពីឆ្នាំ២០១៣ ព្រមទាំងធ្វើឲ្យអង្ករកម្ពុជាឈ្នះ​ពានរង្វាន់អង្ករ​គុណភា​ពលំដាប់ពិភពលោក ចំនួន៣ឆ្នាំជាប់គ្នា។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់​បន្ថយថ្លៃដើមផលិត កែច្នៃ និងនាំចេញអង្ករ តាមរយៈការលុបចោលកម្រៃសេវានានា ការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យ​ប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការសម្រួលការចុះបញ្ជីម៉ាកវិញ្ញាតកម្មទំនិញអង្ករឈ្មោះ «ម្លិះអង្គរ» ជា​ដើម។ បន្ថែមលើនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សហព័ន្ធស្រូវអង្ករ ចូលរួមឲ្យបានកាន់តែសកម្ម​ក្នុងកិច្ច​ការផ្សព្វផ្សាយម៉ាកអង្ករកម្ពុជា និងការជំរុញការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិទាំងបច្ចុប្បន្ន និងអនាគត។

ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃផលិតផលកសិកម្មចំនួន៥ប្រភេទ រួមទាំងស្រូវអង្ករ ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យ​អនុវត្តន៍គម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅថាAIMSកាលពីខែឧសភា ឆ្នាំ២០១៧ សំដៅពង្រឹ​ង​សមត្ថ​ភា​ព និងបច្ចេកទេសដាំដុះរបស់ប្រជាកសិករ ក្នុងការផលិតស្រូវឲ្យមានគុណភាព និងទិន្នផលខ្ពស់ និងតភ្ជាប់សមាគមក​សិករជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាទីផ្សារទាំងក្នុង និងក្រៅប្រទេស៕

តើចិនដើរតួនាទីយ៉ាងដូចម្តេចក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ វិនិយោគិនចិនកាន់តែកើនច្រើនឡើង បានចូលមកវិនិយោគនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ដោយពួកគេមកវិនិយោគលើវិស័យជាច្រើន នៅក្នុងប្រ​ទេសកម្ពុជា ក្នុងចំណោមនោះគេមើលឃើញថា វិស័យសំណង់គឺជាគោលដៅថ្មីរបស់របស់វិនិយោគិនចិនដែលចាប់អារម្មណ៍ខ្លាំង។

ជាក់ស្តែងគម្រោងសំណង់អគារខ្ពស់ៗកប់ពក នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនដូចខេត្តព្រះសីហនុជាដើម បានសរសេរផ្ទាំងប៉ាណូជាអក្សចិនធំៗ យ៉ាងព្រោងព្រាតនោះបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ការណ៍នេះ ត្រូវបានគេមើលឃើញថា វិនិយោគិនចិននៅពីក្រោយនៃការរីកចម្រើនសំណង់អគារនានាក្នុងប្រទេសកម្ពុជា។ នេះក៏ដោយសារតែមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន មានទំនាក់ទំនងល្អ និងយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលចិនរហូតមក។

កាសែត The New York Time បានសរសេរថា ចិនមកវិនិយោគនៅកម្ពុជាជាការលាងលុយកខ្វក់ ជាការសរសេរមួយដែលអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំសុន្ទរី កាលពីពេលថ្មីៗនេះបានច្រានចោលភ្លាមៗ ចំពោះបញ្ហានេះដោយ លោកបានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹងពីប្រភពទុនវិនិយោគរបស់បរទេសនៅកម្ពុជា រាប់ទាំងអ្នកវិនិយោគចិន។ ការវិនិយោគរបស់ចិន នៅកម្ពុជា គឺមិនមែនជាការលាងលុយកខ្វក់ ដូចការចុះផ្សាយនោះឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គម្រោងសាងសង់សំណង់ក្នុងប្រទេសកម្ពុជា បានកើនឡើង២២ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះគម្រោងភាកច្រើន គឺជាគម្រោងសាងសង់របស់វិនិយោគិនចិន។  ជាមួយគ្នានេះក្រសួងបានផ្តល់គម្រោងសាសង់៣.០៥២គម្រោង និងមានផ្ទៃក្រឡាសរុបប្រមាណ ១០លានម៉ែតការ៉េ។

អ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនបានឲ្យដឹងថា អ្នកអភិវឌ្ឍន៍គំរោ ​​ងសំណង់ភាគច្រើនគឺជាជនជាតិចិន ហើយអ្នកដែលទិញក៏ជនជាតិចិនតែមិនសម្រាប់រស់នៅឡើយ គឺទិញយកទៅវិនិយោគបន្ត។ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ចំនួនវិយោគិនចិនប្រមាណជា ៣០ ភាករយដែលបានមកវិនិយោគក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនដ៏ធំរបស់ចិន Prince Real Estate and Yue Tai Group នឹងសម្ពោធគម្រោងរបស់ខ្លួន ដាក់លក់ក្នុងទីផ្សារក្នុងតំលៃពី ២២,០០០ដុល្លារ ទៅ៩០.០០០ដុល្លារក្នុងមួយយូនីត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា គំរោងវិនិយោគរបស់ចិនភាគច្រើនជាគំរោងធំៗ ដែលមានលំនៅដ្ឋា​នច្រើន និងជាគំរោងមិនសូវបានគិតគូពីភាពបៃតងនោះទេ ហើយគំរោងទាំងនោះភាគច្រើនផ្តោតលើអតិថិជនចម្រុះ ទាំងជនជាតិចិន និងជនជាតិខ្មែរ ក៏ដូចជាជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “ការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទំនាក់ទំនងល្អរវាង​រដ្ឋាភិបាលប្រទេសទាំងពីរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគរបស់ចិននៅកម្ពុជា ជារឿងល្អដែលផ្តល់ផលប្រយោ​ជន៍ច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្តែលោកបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិ​បាល គួរចាប់យកទីផ្សារផ្សេងទៀត ជាជាងចាប់យកតែទីផ្សារចិន ព្រោះបើចិនមានបញ្ហា កម្ពុជានឹងមានបញ្ហា ប៉ុន្តែបើយើងមានទីផ្សារច្រើន ទោះបីចិនមានបញ្ហា យើងនឹងមិនប្រឈមមុខនឹងបញ្ហានោះទេ។

លោកបានលើកឧទាហរណ៍ប្រៀបធៀបថា “ការពឹងផ្អែកចិនតែមួយ ប្រៀប​បីដូចជាយើងដកដង្ហើមដោយប្រើរន្ឋច្រមុះតែមួយ ដូច្នេះបើរន្ឋច្រមុះនោះស្ទះទៀត យើងនឹងមានបញ្ហា”។លោកបន្តថា “ផ្ទុយទៅវិញ បើយើងដកដង្ហើមដោយ​ប្រើរន្ឋច្រមុះពីរ ទោះបីរន្ឋច្រមុះមួយស្ទះ ក៏នៅមានរន្ឋមួយទៀតសម្រាប់ដកដង្ហើមដែរ”៕

កិច្ចសន្យាទិញលក់ ចំណុចដែលត្រូវដឹង ដើម្បីបញ្ចៀសហានិភ័យ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខណៈពេលដែលកម្ពុជាស្ថិតនៅក្នុងសភាពជាប្រទេសកំពុងអភិវឌ្ឍនៅលើវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា សកម្មភាពវិនិយោគលើវិស័យនេះបានកើតឡើងស្ទើរគ្រប់ទិសទី និងគ្រប់ទ្រង់ទ្រាយ។ ដោយឡែកចំពោះការវិនិយោគក្នុងទ្រង់ទ្រាយធំដែលមានអ្នកតំណាងវិនិយោគិន និងអ្នកតំណាងក្រុមហ៊ុនទិញលក់ដែលមានក្រុមអ្នកច្បាប់ ឬមេធាវី ជាអ្នករៀបចំឯកសារពាក់ព័ន្ធនានា វាមិនចោទជាបញ្ហានោះទេ។ ផ្ទុយទៅវិញ ហានិភ័យ និងភាពស្មុគស្មាញជាច្រើនតែងបានកើតឡើងចំពោះការវិនិយោគក្នុងសណ្ឋានទ្រង់ទ្រាយតូច និងមធ្យម ដែលជាការព្រមព្រៀងរវាងអ្នកវិនិយោគ ជាមួយម្ចាស់ដីផ្ទាល់ ដោយសារការរៀបចំឯកសារនានាទាំងភាពស្រពិចស្រពិល ពុំមានអ្នកច្បាប់ ។

ចង់ដឹងទេថា តើធ្វើដូចម្តេចខ្លះ ដើម្បីរៀបចំឯកសារនៃកិច្ចសន្យាទិញ-លក់ដីធ្លី ឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ ?

  • ការពិនិត្យឯកសារដី

បន្ទាប់ពីបានធ្វើការពិនិត្យទៅលើស្ថានភាព និងព្រមព្រៀងទិញលក់រវាងភាគីទាំងសងខាងរួចរាល់ហើយនោះ អ្វីដែលភាគីជាអ្នកទិញត្រូវពិនិត្យមុនគេ គឺឯកសារសម្គាល់ដែលជាប្រភេទបណ្ណកាន់កាប់របស់ម្ចាស់ដីថាតើជាប្រភេទ ប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ) ឬ ជាប្រភេទ ប្លង់ទន់ (វិញ្ញាបនបត្រសម្គាល់ការកាន់កាប់អចលនវត្ថុ) ?  ក្នុងករណីដែលម្ចាស់ដែលជាអ្នកលក់មាន​ប្លង់រឹង មានន័យថា គាត់​គឺ​ជា​កម្មសិទ្ធិករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់។ ក្នុង​ករណីនេះ គេ​អាច​មាន​ការ​ទុក​ចិត្ត​ច្រើន​ជាង ពីព្រោះ​ ប្លង់រឹង​ គេ​អាច​ដឹងច្បាស់​អំពី​ទំហំ និង​ទីតាំង​របស់​ដី ព្រមគ្នាជាមួយ​ឈ្មោះ​របស់​ម្ចាស់ដី ហើយក៏​ងាយស្រួលក្នុង​ការ​ផ្ទៀងផ្ទាត់​ប័ណ្ណ​ប្រភេទនេះ ជាមួយ​នឹង​បញ្ជី ដែល​ចុះ​នៅ​អាជ្ញាធរ​សុរិយោដី។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​អ្នក​លក់​​មាន​ត្រឹមតែ​​ ប្លង់​ទន់ មានន័យថា គាត់​គ្រាន់តែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។ គាត់​មិនទាន់​ជា​ម្ចាស់កម្មសិទ្ធិ​ពេញ​លេញនោះទេ។ ចំណុចនេះ អ្នកទិញ​គួរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ក្នុង​ការ​ទិញ​ដី​ប្រភេទ​នេះ។

  • មើលពីភាពជាក់ស្ដែងនៃដី

ក្រោយពីពិនិត្យឃើញច្បាស់ពីប្រភេទបណ្ណបញ្ជាក់កម្មសិទ្ធិ​រួចរាល់ លោកអ្នកដែលជាអ្នកទិញ ត្រូវមើលពីស្ថានភាពជាក់ស្ដែងរបស់ដី ដូចជា ស្ថិតនៅជាចំណីផ្លូវ ឬស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាដែលត្រូវពង្រីកផ្លូវនៅថ្ងៃខាងមុខដែរឬទេ។ ពិនិត្យមើលព្រំដីដែលនៅជាប់ជាមួយដីអ្នកជិតខាង តើមានបង្គោល​ចំណាំព្រំដី ឬទេ បើមិនមានត្រូវធ្វើការវាស់វែងមុនពេលធ្វើកិច្ចសន្យា ដោយមានអជ្ញាធរនៅជាមួយដើម្បីធ្វើជាអ្នកដឹងឮ ព្រមគ្នាជាមួយនឹងម្ចាស់ដីដែលនៅជាប់ព្រំផងដែរ។ ធ្វើដូចនេះ គឺដើម្បីកុំឱ្យកើតមានវិវាទជាមួយអ្នកជិតខាងទៅថ្ងៃក្រោយ ។

  • សាកសួរ និងតាមដានប្រវត្តិដី

ក្រៅពីមានការពិនិត្យ និងអនុវត្តដូចបានរៀបរាប់ខាងលើនេះ អ្នកទិញត្រូវដឹងឱ្យបានច្បាស់ពីប្រវត្តិដី ដូចជា តើ​​ដីនេះ​​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំ​ ឬ​​​ជួល ឬ​ប្រវាស់​ ជាមួយបុគ្គលផ្សេងដែរឬទេ? តើ​ដី​នេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សេចក្តី​សម្រេច​របស់​តុលាការ ដែល​ហាម​មិន​ឱ្យ​លក់ ឬ​ក៏​​ជា​កម្មវត្ថុ ដែល​ត្រូវ​តុលា​ការ​រឹបអូស ដែរ​ឬទេ? ប្រសិន​បើ​មាន គេ​ត្រូវ​តែ​ដោះបន្ទុក​នេះ​ឱ្យ​ជ្រះ​ស្រឡះ​រួចរាល់ជាមុន​សិន មុន​នឹងធ្វើ​កិច្ចសន្យា​ទិញ-លក់ ។

ដោយឡែកចំពោះនីតិវិធីធ្វើកិច្ចសន្យាទិញ-លក់ ត្រូវបានធ្វើឡើងឱ្យត្រូវនឹងទ្រង់ទ្រាយនៃច្បាប់ដូចជា ៖ ជាដំបូងត្រូវពិនិត្យមើលថា តើ​​​អ្នក​ចុះ​កិច្ចសន្យា​នេះ មាន​សិទ្ធិ​គ្រប់គ្រាន់ក្នុង​ការ​ចុះ​ដែរឬទេ? គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ៖ តើ​​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូបវ័ន្តបុគ្គល ឬ​ក៏​ជា​នីតិ​បុគ្គល (ក្រុមហ៊ុន ឬ​អង្គការ)?

ប្រសិន​បើ​ជា​រូបវ័ន្តបុគ្គល គេ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដី​ដែល​គាត់​លក់​នេះ ជា​ទ្រព្យ​ឯកជន​របស់​គាត់ ឬ​ក៏​ជា​ទ្រព្យ​រួម ដែល​មាន​ម្ចាស់​ផ្សេង​ទៀត។ ប្រសិន​បើ​ជា​ទ្រព្យ​រួម គាត់​មិន​អាច​ចុះ​​កិច្ចសន្យា​លក់​តែ​ឯងបានទេ គឺ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​លក់ ពី​សំណាក់​ម្ចាស់ផ្សេង​ទៀត។ ប្រសិន ​បើ​ជា​នីតិបុគ្គល គេ​ត្រូវ​ពិនិត្យ​​មើល​ថា តើ​អ្នក​មក​ចុះ​កិច្ចសន្យា បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល (អង្គការ) ឬ​ក៏​ម្ចាស់​ភាគហ៊ុន (ក្រុមហ៊ុន) ដែរ​ទេ? សម្រាប់​អ្នក​លក់ គឺ​ត្រូវ​ពិនិត្យ​មើល​ថា តើ​អ្នកទិញ មាន​សញ្ជាតិ​ខ្មែរ ដែរ​ឬទេ ពីព្រោះ​ថា តាម​ច្បាប់​កម្ពុជា ជនបរទេស​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ។ បើ​សិន​ជា​ ពិនិត្យ​ទៅ​ឃើញ​ថា គូភាគី​​ពិត​ជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ គេ​ត្រូវ​និយាយ​ពី​ទម្រង់​​នៃ​កិច្ចសន្យា​ម្តង។

ប្លង់រឹង (ដីកម្មសិទ្ធិ)

ដោយឡែក ​​​​បើ​ការទិញដូរ​នេះ​ធ្វើ​ឡើង​លើ​ដី​​កម្មសិទ្ធិ មានន័យថា អ្នក​លក់​គឺ​ជា​កម្មសិទ្ធិករ​ កាន់ “ប្លង់រឹង” ការ​ចុះ​កិច្ចសន្យា ត្រូវ​​ធ្វើ​ឡើង​តាម​ទម្រង់បែបបទ ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​ក្រសួង​សុរិយោដី ដែល​គេ​ហៅ​ថា “លិខិត​លក់​ផ្តាច់”។ អ្នក​ទិញ និង​អ្នក​លក់​ ដោយ​ច្បាប់​តម្រូវ​ឲ្យ​មាន​សាក្សី​ម្នាក់​1​ផង​នោះ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់ ដោយ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក/ខ័ណ្ឌ។ បន្ទាប់​មក គេ​ត្រូវ​យក​កិច្ចសន្យា​នេះ ទៅ​អាជ្ញាធរ​សុរិយោដី ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​សិទ្ធិ (កាត់ឈ្មោះ)។ ដំបូង ភាគី​ទាំង​ពីរ​ត្រូវ​​យក​កិច្ចសន្យា​លក់ ទៅ​ឲ្យ​​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ដើម្បី​ពិនិត្យ​មើល​ថា តើ​កិច្ចសន្យា​នេះ​ពិត​ជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ។ បើ​សិន​ជា​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ពិនិត្យ​មើល​ឃើញ​ថា ត្រឹមត្រូវ​ហើយ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង ជា​អ្នក​​ពិនិត្យ​មើល​​ចុងក្រោយ មុននឹងធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ។ មុននឹង​​មន្ទីរសុរិយោដី ​ចុះបញ្ជី​ផ្ទេរសិទ្ធិ អ្នកទិញ​ត្រូវ​ទៅ​បង់​ពន្ធ​ជាមុនសិន (4%​នៃ​តម្លៃដី)។ បន្ទាប់​ពី​បាន​បង្កាន់​ដៃ​​ពន្ធ​ហើយ ទើប​មន្ទីរ​សុរិយោដី ចារ​លើ​ប្លង់ដីនេះ​ថា អ្នកទិញ​នឹង​ក្លាយ​ទៅ​ជា​ម្ចាស់ដី ចាប់​ពី​ពេលនេះ​តទៅ។

ប្លង់ទន់ (ដី​​ភោគៈ)

សម្រាប់ ​ដី​ភោគៈ ឬ ដី​ប្លង់ទន់ មិនមាន​នីតិវិធី​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​នៅ​អាជ្ញាធរ​សុរិយោដី​ទេ ពីព្រោះ​ថា ដីនេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ ដូច្នេះ មិនទាន់​មាន​ចុះ​នៅ​ក្នុង​បញ្ជី​រដ្ឋបាលដីធ្លីនៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយទេ។ កិច្ចសន្យា​ទិញ-លក់​ដី​ប្រភេទ​នេះ ច្បាប់​តម្រូវ​ឲ្យ​មាន​​ការចុះ ដោយ​មាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ទៅ​ដល់​អាជ្ញាធរ​សុរិយោដី​ទេ។ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង នៅ​កន្លែង​ខ្លះ កិច្ចសន្យា​លក់ដី​ភោគៈ គេ​ធ្វើ​ដោយ​មាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់តែ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​កន្លែង​ខ្លះ​ទៀត គេ​ធ្វើ​នៅ​ឃុំ/សង្កាត់​ហើយ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក/ខ័ណ្ឌ​​ជួយ​ដឹង​ឮ​មួយ​ដំណាក់​ទៀត។ ការ​ដឹង​ឮ​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់ គឺ​កាន់តែ​មាន​សុវត្ថិភាពចៀសផុតពីហានិភ័យ ៕

Jc Airline ភ្ជាប់ការហោះហើរត្រង់ពីកម្ពុជាទៅសឹង្ហបុរី

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុន Jc Cambodia International Airline បានធ្វើការហោះហើរត្រង់ពីកម្ពុជា ទៅកាន់ប្រទេសសឹង្ហបុរី ខណៈប្រទេសកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងជាប្រទេសកំពុងមានការអភិវឌ្ឍន៍រីកចម្រើន។

នាយកគ្រប់គ្រងក្រុមហ៊ុន JC Cambodia International Airline លោកចាវ ហ្វីបានថ្លែងលើកឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរកាជើងហោះហើរថ្មី ពីកម្ពុជា ទៅប្រទេសសឹង្ហបុរីនៅព្រលានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៣ មករានេះថា កន្លងមកក្រុមហ៊ុនជេស៊ី មានជើងហោះហើរទៅកាន់ប្រទេសចិនជាច្រើន ដូចជាការហោះហើរទៅកាន់ ឆុងឈីង ហ៊ុយអាន តៃប៉ិ ហុងកុង។ ចំណែកការបើកសម្ពោធជើងហោះហើរថ្មីមួយនេះ គឺហោះហើរត្រង់ពីកម្ពុជាទៅប្រទេសសឹង្ហបុរី។

ក្រុមហ៊ុនJC Airline គ្រោងពង្រីកជើងហោះហើរទៅកាន់ ហាន់ចូវ ស៊ីអាន និងទៅកាន់ហុងកុងបន្ថែមទៀតផងដែរនាពេលខាងមុខនេះ។

លោកបន្តថា “ការពង្រីកជើងហោះហើរបន្ថែមទៀតនោះ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាជា ប្រទេសមួយមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង និងមានភ្ញៀ​វទេសចរណ៍ចេញចូលជាច្រើន”។លោកបន្តថា “ការពង្រីកសេវាហោះ​ហើរថ្មីមួយនេះ គឺជាការចូលរួមចំណែកក្នុងការទាក់ទាញបន្ថែម ទំាងអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិ និងជាការជួយសម្រួលដល់ធុរៈកិច្ចផ្សេងៗ ឲ្យបានទាន់ពេ​លវេលាផងដែរ”។

លោកលី យានប្រធានប្រតិបត្តិការហោះហើរ និងជាប្រធានអា​កាសយានិក នៃក្រុមហ៊ុនJc Airline  បានថ្លែងលើកឡើងថា អាកាសចរ Jc Airline  គឺជាអាកា​សចរក្នុងស្រុក ដែលមានគោលដៅជាចម្បង គឺការខិតខំប្រឹងប្រែងដើ​ម្បីជ្រើសរើសយកអាកាសយានិកកម្ពុជា មកបំរើការងារបន្ទាប់ពីក្រុមអាកាសយានិកមួយចំនួនបានបញ្ចប់ការសិក្សារួចរាល់។

លោកបន្តថា “ការផ្តល់ឳកាសការងារដល់ពួកគេ ដើម្បីឲ្យពួកគេបានចូលរួមអភិវឌ្ឍន៍ផ្នែកអាកាសចរនៅក្នុងស្រុក ជាពិសេពង្រឹងផ្នែកធនធានមនុស្សនៅកម្ពុជាឲ្យបានជាអតិបរិមាផងដែរ”៕

តើធ្វើដូចម្តេចដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងជោគជ័យ

0

ដោយគង់ សូរិយា

ភ្នំពេញ ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពនេះកំពុងទទួលបានជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។


នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនោះ ត្រូវមានគុណសម្បត្តិចំនួន ៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការដោយឆ្លាតវៃ។ អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។

អ្នកនាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភា ព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។
ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ
ងអាជីពនេះ។ អ្នកនាង Grace Rachny Fongបញ្ជាក់ឲ្យដឹង។


អ្នកនាងបន្ថែមថា “អាជីពនេះនឹងមានអនាគតល្អ នឹងមានគុណតម្លៃដូចជាអាជីពមេធាវី និងអាជីពជាវេជ្ជបណ្ឌិត ព្រោះអ្នកនៅក្នុងអាជីពនេះត្រូវធ្វើការជាមួយទាំងអ្នកទិញ និងអ្នកលក់ ហើយអ្នកណាក៏ត្រូវការលំនៅដ្ឋានដែរ។ អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។
អ្នកនាង Grace Rachny Fong បានទទូចថា “ប្រសិនជាចង់ចាប់អាជីពនេះឲ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជាជាងគិតបែបឆក់កណ្តៀត”៕