ដំណឹងល្អ! ភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ កំពុងស្វែងរកសេវាកម្មពីក្រុមហ៊ុនស្របច្បាប់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា បច្ចុប្បន្នភ្នាក់ងារអចល​ទ្រព្យដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមករកសេវាកម្មជាមួយក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ បន្ទាប់ពីការប្រកាសរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុក​ម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រីតាំង ហួរបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កក្កដានេះថា ក្រុមភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ ឬមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមកស្វែងរកសេវាកម្ម និងសហការជា​មួយក្រុមហ៊ុនស្របច្បាប់ ដោយសារអ្នកទិញអចលនទ្រព្យ ឬអ្នកវិនិយោគធំៗបានងាក​ចេញពីពួកគេ ដោយសារការធ្វើការមិនច្បាស់លាស់ និងគ្មានទំនុកចិត្ត។

លោកស្រីបន្តថា “ម្ចាស់អចលនទ្រព្យ និងអ្នកវិនិយោគនានាបានងាកមកប្រើប្រាស់ ក្រុមហ៊ុនស្របច្បាប់កាន់តែច្រើន ដោយសារក្រុមហ៊ុនមានអាជ្ញាប័ណ្ណច្បាស់លាស់ មិនបំប៉ោងតម្លៃ និងធ្វើការប្រកបដោយក្រមសីលធ៌ម និងវិជ្ជាជីវៈច្បាស់លាស់”។លោកស្រីបន្តថា “ហេតុនេះអ្នកមិនមានអាជ្ញាប័ណ្ណ ហើយចង់ធ្វើការផ្នែកនេះ គួរចូលរួមសិក្សាជំនា​ញនេះ ដែលសហការរៀបចំរវាងសមាគម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបានចំណេះដឹង និងអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណស្របច្បាប់បាន”។

លោកស្រីតាំង ហួរបានបន្តថា នៅពេលប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋនិងអ្នកវិនិយោគជាតិ អន្តរជាតិនឹងមិនស្វែងរកសេវាកម្ម ឬផ្តល់សេវាកម្មដល់ភ្នាក់ងារអចល​នទ្រព្យមិនស្របច្បាប់ទៀតនោះទេ ដូចនៅម៉ាឡេស៊ី សាំងហ្កាពួរ និងអាមេរិកជាដើម គេមិ

នប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យស្របច្បាប់នោះទេ។ លោកស្រីបន្តថា ការផ្តល់សេវាកម្មមិនមានវិជ្ជាជីវៈ គ្មានក្រមសីលធ៌មច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត្ត នឹងមិនអាចឈរជើងបាននៅក្នុងទីផ្សារ ដែលកំពុងមានភាពរីកចម្រើននេះនោះទេនាពេលអនាគត៕

ស្វែងយល់ពីអាស៊ាន! អ្នកវិនិយោគជប៉ុនឈានជើងចូលវិនិយោគអចលនទ្រព្យក្នុងទីក្រុងហូជីមិញ

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចុះផ្សាយដោយសារព័ត៌មាន VnExpress បានអោយដឹងថា អ្នកវិនិយោគិនជប៉ុនជាច្រើន កំពុងឈានជើងចូលក្នុងទីផ្សារអចនលទ្រព្យលំនៅដ្ឋានទីក្រុងហូជីមិញ។

បើតាមក្រុមហ៊ុន Jones Lang LaSalle (JLL) Vietnamបានឲ្យដឹងថា អ្នកវិយោគជប៉ុន បានបោះទុនវិយោគទៅលើគំរោងអចនលទ្រព្យលំនៅដ្ឋានចំនួន៩ ក្នុងទីក្រុងហូជីមិញ។ ទោះជាមានការហូរចូលនូវអ្នកវិនិយោគជប៉ុនច្រើនឡើងក៏ដោយ ក៏អ្នកវិនិយោគសឹង្ហបុរី នៅតែរក្សាជាអ្នកវិយោគធំជាងគេ ក្នុងទីក្រុងដ៏ធំមួយនេះដោយវិនិយោគទៅលើគម្រោងចំនួន១០។ ចំណែប្រទេសជប៉ុន និងតៃវ៉ាន់វិនិយោគត្រឹមតែ៩គម្រោងប៉ុណ្ណោះ។

លោកLe Thi Trang ប្រធានសេវាកម្មពិគ្រោះយោបល់ និងស្រាវជ្រាវអចលនទ្រព្យនៃក្រុមហ៊ុនJLLបានឲ្យដឹងថា ប្រទេសសឹង្ហបុរី និងតៃវ៉ាន់ បាននិងកំពុងវិនិយោគលើវិស័យអចនលទ្រព្យ ក្នុងទីក្រុងហូជីមិញអស់រយៈពេលយូណាស់មកហើយ និងបានវិនិយោ​គទៅលើកគម្រោងអចនលទ្រព្យធំជាច្រើនផងដែរ។

លោកបន្តថា “វិនិយោគិនជប៉ុន បាននិងកំពុងមានសកម្មភាពលេចធ្លោខ្លាំងលើវិស័យអចលនព្រទ្យក្នុងរយៈពេល៤ឆ្នាំនេះ ដែលធ្វើអោយកំណើតអចលនទ្រព្យមានការលូតលាស់ខ្លាំងក្នុងទីក្រុងហូជីមិញ”។

បើតាមអោយដឹងពីនាយកដ្ឋានផែនការ និងវិនិយោគរបស់ទីក្រុងហូជីមិញបានឲ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេរួចទៅហើយ ដែលបានចុះទុនវិនិយោគដោយផ្ទាល់បរទេស (FDI) ក្នុងប្រទេសវៀតណាម ដែលមានទឹកប្រាក់រហូតដល់៤៨៧លានដុល្លារ ដែលបានហូរចូលមកកាន់ប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ៦ខែ ឆ្នាំ២០១៨នេះ។

អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ DKBA Vietnam បានអោយដឹងថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន កំពុងសញ្ញាវិជ្ជមានលើការវិនិយោគលើវិស័យអចលនទ្រព្យ ជាងប្រទេសណាៗទាំងអស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី។

លោកSu Ngoc Khoung ប្រធានក្រុមហ៊ុនវិនិយោគSavills Vietnamបានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន បានផ្តោតសំខាន់ខ្លាំងទៅលំនៅដ្ឋានជាងវិយោគទៅលើការិយាល័យ និងសណ្ឋាគារ ព្រោះថា លំនៅដ្ឋានកំពុងតែមានតម្រូវការកើនឡើងពីសហគមន៍ជប៉ុនក្នុងទីក្រុងហូជីមិញ៕

តំបន់ច្រាំងទន្លេសាប នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ: មិនយូរទៀតនោះទេ តំបន់ច្រាំងតាមដងទន្លេក្នុងរាជធានីភ្នំពេញ នឹងក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះលំដាប់ពិភពលោក ក្រោមការវិនិយោគដោយក្រុមហ៊ុនចៀន ឈឹងថៃ ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងសាងសង់នៅលើដីដែលជាអតីតកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង16ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន ​របស់កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ថា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ 32 អនក្រ.បក ចុះថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី។

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្មចំរុះ The City Gate»នេះ រួមមាន ទី១ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម ទី២

មជ្ឈមណ្ឌលសិល្បៈ ទី៣ ទីធ្លាសម្ដែងវប្បធម៌សិល្បៈ ទី៤ ទីធ្លាសម្រាប់បាញ់ទឹកទី៥ របាំទឹក និងផ្សារអណ្ដែតទឹក ទី៦ សួនកំពង់ផែ ទី៧ ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ ទី៨ មជ្ឈមណ្ឌលទេសចរណ៍ ទី៩ រាជធានីភ្នំពេញដ៏ឆ្លាតវៃ ទី១០ ការិយាល័យបច្ចេកវិទ្យា  ទី១១ អគារស្នាក់នៅរួមបែបវប្បធម៌ ទី១២ អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ  និងទី១៣ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាលបែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា កិច្ចសន្យាជួលនេះ មានរយៈពេល50ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដងចំនួន16,5លានដុល្លារអាមេរិក សម្រាប់រយៈពេល50ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន10%។

សេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញបានសង្កត់ធ្ងន់ថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ៕

ARENA នឹងនាំអ្នកជំនាញដីធ្លីជុំវិញពិភពលោកមកកាន់ក្រុងភ្នំពេញ

0
  • ដោយគង់ សូរិយា

ភ្នំពេញ ស្ថាប័នARENAសហរដ្ឋអាមេរិក នឹងនាំអ្នកជំនាញដីធ្លីមកពីជុំវិញពិភពលោកមកកាន់ទីក្រុងភ្នំពេញ ក្នុងកំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៅ​ទីក្រុងភ្នំពេញនាខែសីហាខាងមុខនេះ។

លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថកម្ពុជា និងជាប្រធានប្តូរវេននៃសមាគមARENA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កក្កដានេះថា កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៤ដល់២៥ សីហាខាងមុខនេះ ដោយសមាគមនឹងជ្រើសរើស អ្នកចូលរួមប្រមាណ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជាសមាគមទទួល គឺអាចមានអ្នកចូលរួមច្រើនជាងនេះ តែដោយសារចំនួនមានកំណត់ ទើបសមាគមជ្រើសរើសយកចំនួនសមាជិកចូលរួមប៉ុណ្ណឹង។

លោកបន្តថា “កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ នឹងតម្រូវឲ្យអ្នកចូលរួមបង់ប្រាក់១៥០ដុល្លារអាមេរិកក្នុងម្នាក់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស”។លោកបន្តថា “រហូតមកទល់ពេលនេះមានជនបរទេសមក ពីជុំវិញពិភពលោក៣៦០នាក់ហើយបានចុះឈ្មោះចូលរួម និងជនជាតិខ្មែរប្រមាណ២៥០នាក់ទៀតនឹងអនុញ្ញាត្តឲ្យចូលរួម ក្នុងកិច្ចប្រជុំលំដាប់ពិភពលោកនេះ”។

អ្នកជំនាញដីធ្លីមកពីអាស៊ាន អាស៊ី សហរដ្ឋអាមេរិក និងបណ្តាអ្នកជំនាញដីធ្លីមកពីអឺរ៉ុបនឹងចូលរូមព្រឹត្តិការណ៍កម្រមាននេះ។ កិច្ចប្រជុំនេះនឹងរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ទីក្រុងភ្នំពេញ។

លោកគីម ហ៊ាងបានបន្តថា អ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងទទួលបានចំណេះដឹង ទាក់ទងនឹងវិស័យដីធ្លី ការទិញលក់ និងអាចស្វែងរកដៃគូពាណិជ្ជកម្ម ឬដៃគូសហការវិនិ​យោគរបស់ពួកគេផងដែរ ហើយនេះជាឳកាសសំខាន់ដែលអាចបង្ហាញមុខមាត់កម្ពុជា ពិ

សេសការរីកចម្រើនរបស់កម្ពុជា ទាក់ទាញការវិនិយោគមកកម្ពុជា និងជាការបង្ហាញពីកិត្តិនាម និងកិត្យា​នុភាពកម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕

វគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ដែលមានការទទួលស្គាល់ជាសាកលនឹងចាប់ផ្តើមនៅកម្ពុជាជាលើកដំបូង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ដែលមានការទទួលស្គាល់ជាសា​កល និងមានតម្លៃខ្ពស់មិនធ្លាប់មាននៅកម្ពុជា នឹងចាប់ផ្តើមជាលើកតំបូងនៅទីក្រុងភ្នំពេ​ញ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កក្កដានេះថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយសមាគម និងស្ថាប័នCIPSរបស់អាមេរិក និងបង្រៀនដោយគ្រូមកពីសហ​រដ្ឋអាមេរិក និងរៀនជាភាសាអង់គ្លេស។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមអាចចូលរួមមានកម្រិត ដោយវគ្គនេះទទួលយកតែសិក្ខាកាម៣០រូបប៉ុណ្ណោះ  ហើយអ្នកសិក្សាវគ្គនេះត្រូវរៀនពី៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ។

លោកបន្តថា “វគ្គបណ្តុះបណ្តាលនេះមានតម្លៃ១២០០ដុល្លារនៅប្រទេសថៃ តែ​នៅ​កម្ពុជាសមាគមយកតែ៧៥០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារសមាគមមានថវិកាគាំទ្របន្ថែម”។លោកបន្តថា “ក្រោយចប់ការបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនបត្រសិក្ខកាមដែលបញ្ចប់ការសិក្សាវគ្គនេះ គឺនឹងក្លាយជាអ្នកជំនាញអចលនទ្រព្យដែលមានការទទួ​លស្គាល់ជាសាកល”។

លោកគីម ហ៊ាងបានបន្តថា ទោះជាយ៉ាងណារហូតមកទល់ពេលនេះ សិក្ខាកាមចុះឈ្មោះចូលរៀនវគ្គនេះបានពេញអស់ហើយ និងមិនអាចទទួលអ្នកចូលរួមដទៃទៀតទេ ប៉ុន្តែករណីអ្នកណាម្នាក់មានភាពយឺតយ៉ាវ នឹងត្រូវដកចេញហើយដាក់អ្នកថ្មីជំនួស។លោ​កបន្តថា អ្នកចុះឈ្មោះចូលរៀនវគ្គនេះបានពេញអស់ហើយ ប៉ុន្តែសម្រាប់អ្នកណាមានភា

ពយឺតយ៉ាវ សមាគមនឹងដកចេញហើយអនុញ្ញាត្ត ឲ្យអ្នកចង់ចូលរួមពិតប្រាកដចូលរៀន។ វគ្ពបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមពីថ្ងៃទី២០ដល់២៥ សីហាខាងមុខនេះ។

នៅកម្ពុជាមិនទាន់មានអ្នកជំនាញអចលនទ្រព្យ បានសិក្សាវគ្គនេះច្រើននោះទេពីមុនមក គឺមានតែលោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Realty និងអ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia ប៉ុណ្ណោះដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ជាសាកលបែបនេះ៕

ហេតុផលចំនួន៣ បានធ្វើឲ្យការវិនិយោគតំបន់ឧស្សាហកម្មកើនឡើងខ្លាំង

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការមកដល់នៃអ្នកវិនិយោគអន្តរជាតិ បានធ្វើឲ្យការវិនិយោគតំបន់ឧស្សា​ហកម្ម និងតម្រូវការប្រើប្រាស់ឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេស បាន​កើនឡើងខ្លាំងនៅដើមឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបានបញ្ចប់របាយការ​ណ៍របស់ខ្លួននៅដំណាច់ត្រីមាសទី២ឆ្នាំនេះបានរកឃើញថា គិតត្រឹមរយៈពេល៥ខែ​ដើមឆ្នាំនេះ តំបន់ឧស្សាហកម្មបានកើនឡើងរហូតដល់២៦កន្លែង ដែលមានទំហំផ្ទៃក្រឡាសរុ​បចំនួន២៤ម៉ឺនម៉ែត្រការ៉េ។ តម្លៃជួលឃ្លាំង ឬរោងចក្រ ដែលបានសាងសង់ចប់រួចរាល់ មានតម្លៃជួលរហូតដល់៣,២ ទៅ២,១ដុល្លារក្នុងមួយម៉ែត្រការ៉េ។

របាយការណ៍ដដែលបានបង្ហាញថា តម្រូវការសេវាកម្មជួលនានានៅតាមតំបន់ឧស្សាហកម្មបន្តកើនឡើងខ្ពស់ អាស្រ័យលើផែនការនៃគំរោង ហេដ្ឋារចនាសម្ព័ន្ឋ ទីតាំ​ង និងគោ​លដៅនៃការវិនិយោគ។

នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា កំណើននៃការវិនិយោគតំបន់ឧស្សាហកម្មកើនឡើង ដោយសារកត្តាបីសំខាន់ ទី១ កម្ពុជាជាគោលដៅនៃការវិនិយោគផ្នែកឧស្សាហកម្ម ទី២ កំលាំងពលកម្មនៅកម្ពុជាមាន​តម្លៃទាប ធៀបជាមួយប្រទេសថៃ គឺកម្ពុជាអាចទាបជាង២ដង និងទី៣ ការអនុគ្រោះពន្ឋ និងច្បាប់វិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាកម្ពុជា​ក៏មានបញ្ហាប្រឈមរបស់ខ្លួនផងដែរ ទាក់​ទងនឹងតម្លៃទឹក និងអគ្គិសនីនៅថ្លៃជាងប្រទេសជិតខាង”។ អ្នកនាងបន្ថែមថា “យ៉ាងណាខ្ញុំគិតថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហាទាំងនេះបាន សម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ដោយសារបច្ចុប្បន្ន​រដ្ឋាភិបាលបាននិងកំពុងវិនិយោគវារីអគ្គិសនី និងរោងចក្រអគ្គិសនីជាច្រើន”។

អគ្គនាយកក្រុមហ៊ុន Camtop Property Groupលោកខាត់ សុវណ្ណបានថ្លែងឲ្យ​ដឹងកាលពីពេលថ្មីៗនេះផងដែរថា តម្រូវការឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេស និងតាមតំបន់ជាយក្រុង​នានាពិតជាបានកើនឡើង ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។ លោកបន្តថា កំនើននៃការផ្គត់ផ្គង់ឃ្លាំង ឬរោងចក្រនៅក្នុងទីក្រុងត្រូវបានកាត់បន្ថយ ដោយនិន្នាការនេះបានងាកទៅតំបន់ជាយក្រុង ហើយការ​វិនិយោគឃ្លាំង និងរោងចក្រសម្រាប់ជួលដែលមានស្តង់ដា កាន់តែមានភាពទាក់ទាញនិងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។

លោកបន្តថា “ការវិនិយោគឃ្លាំងឬរោងចក្រសម្រាប់ជួល ពិតជាបានងាកទៅជាយក្រុងភ្នំពេញ ពិសេសនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ និងបណ្តាខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ សម្រាប់តភ្ជាប់ជាមួយកំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា”៕

អំណាចនៃការទិញកើនឡើងបាន ធ្វើឲ្យទំហំផ្សារទំនើបកើនឡើងយ៉ាងគំហុក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អំណាចនៃការទិញ ដោយសារប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង បានធ្វើឲ្យទំហំផ្សារទំនើបកើនឡើងយ៉ាងខ្ពស់នៅដំណាច់ត្រីមាសទី២ ឆ្នាំ២០១៨នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE  Cambodia ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨នេះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ទំហំផ្សារទីផ្សារទំនើបក្នុងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់៤៣ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨។ ការកើនឡើងនៃការផ្គត់ផ្គង់ផ្សារទំនើបនេះ កើតឡើងស្របពេល មានវត្តមានផ្សារទំនើប អេអនទី២ ក្នុងខណ្ឌសែនសុខ ដែលមានផ្ទៃក្រឡារហូតដល់៨៥ ០០០ម៉ែត្រក្រឡា។ ក្រៅពីវត្តមានផ្សារទំនើបអេអន២ ក៏មានវត្តមាន Prince Central Plaza និងការបើកទ្វារបស់ THE Bridge ផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីវត្តមានផ្សារទំនើបធំៗដែលបានបើកលក់ទាំងនេះ ក៏មានគម្រោងផ្សារទំនើបធំៗជាច្រើនទៀត នឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ ២០១៨នេះផងដែរ។ ក្នុងនោះមានដូចជាMidtown Mall , The Bridge និង The Olympia Mall   ដែលនឹងបន្ថែមទំហំប្រមាណជា៥៥ ០០០ម៉ែត្រក្រឡាថែមទៀត។

ចំណែកឯទំហំនៃការជួលវិញ ហាក់នៅមានស្ថេរភាព នឹងនរ មិនមានការកើនឡើងរឺថយចុះនោះទេសម្រាប់ត្រីមាសទី២នេះ ។ រីឯទីតាំងទំនេរវិញហាក់មានការធ្លាក់ចុះប្រមា​ណក្រោម១០% ដោយគេមើលឃើញថា ក្នុងទីតាំងផ្សារទំនើបអេអនទាំងពីរសឹងតែមានការជួលពេញទាំងអស់។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែ​ង​ថា ការកើនឡើងនូវទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើននូវជីវ​ភាពរបស់ប្រជាពលរដ្ឋ និងកម្ពុជាជាទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិដែលពួកគេមើលឃើញឳកាស​ច្រើននៅទីនេះ។ អ្នកនាងបន្តថា អំណាចនៃការទិញបានកើនឡើងនៅកម្ពុជា កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាមូលហេតុនៃការទាក់ទាញក្រុមហ៊ុនថ្មីៗជាច្រើនចូលមកកាន់ទីផ្សារនេះ។

អ្នកនាងបន្តថា “ឆ្នាំនេះទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ បានកើនឡើងច្រើន ប៉ុន្តែមិនទាន់លើសតម្រូវការទេ ដោយសារផ្សារទាំងនោះមានទីតាំង និងចាប់យកអតិថិជនគោលដៅផ្សេងៗគ្នា”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានថ្លែងថា ការរីកចម្រើននៃសេដ្ឋកិច្ច ដែលបានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយបានធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារមួយ មានភាពទាក់ទាញអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន ហើយ​នឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ដោយសារសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងរយៈពេលវែងបន្តទៀត។

លោកបន្តថា “ខ្ញុំជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ដែលនឹងជំរុញកំនើនប្រាក់ចំណូលប្រជាពលរដ្ឋបន្ថែ​មទៀត ហើយពេលណាប្រាក់ចំណូលកើនឡើង កំលាំងទិញនៅទីផ្សារនឹងកើនឡើងជាស្វ័យប្រ​វត្តិ”៕  

៦ខែដើមឆ្នាំ២០១៨ សំណង់លំនៅដ្ឋានកើនឡើងដល់ចំនួន ១,៧៤២គម្រោង

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះបីជាសកម្មភាពនៃការសាងសង់ហាក់មានភាពថមថយបន្តិចបន្តួច បើប្រៀបទៅនឹងឆ្នាំកន្លងទៅដោយសារវឌ្ឍនភាពក្នុងវិស័យនេះក៏ពិតមែន ប៉ុន្តែបើផ្អែកតាមសូចនាករសំខាន់ៗដូចជា ការនាំចូលនូវសម្ភារសំណង់គ្រប់ប្រភេទ និងការបញ្ចេញឥណទានចំពោះវិស័យសំណង់ ក៏ដូចជាគម្រោងវិនិយោគនានានៅតែបង្ហាញពីកំណើនដដែល។

យោងតាមរបាយការណ៍ក្រសួងដែនដី និងសំណង់ ដែលត្រូវបានគណនាដោយស្ថាប័នពាក់ព័ន្ឋបង្ហាញថា បរិមាណនៃការនាំចូលសម្ភារសំណង់មានកំណើនប្រមាណជា ២៧% នៅឆមាសទី១ ឆ្នាំ២០១៨នេះ។ កំណើនវិនិយោគក្នុងវិស័យសំណង់ វាគឺជាសូចនាករមួយទៀតដែលបង្ហាញពីភាពរីកចម្រើននៃវិស័យនេះ ដែលបានកើនឡើង១៤% ដល់ប្រមាណ ១.៧៤២គម្រោង ដែលក្នុងនោះសំណង់លំនៅដ្ឋានបានរួមចំណែកដល់ទៅ៨៥% នៃគម្រោងសាងសង់សរុបកំពុងដំណើរការ។

កំណើននៃសំណង់លំនៅដ្ឋាន គឺដោយសារតែសំណង់ថ្មីៗ ភាគច្រើនផ្តោតលើសំណង់ដែលមានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជន ដែលមានចំណូលមធ្យមនិងទាប។ កំណើននេះសម្រេចបានដោយសារវិនិយោគិនបន្តមានទំនុកចិត្ត មកលើស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសចាប់តាំងពីពេលដែលកម្ពុជា ឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងចាប់ពីឆ្នាំ២០១៥មក រួមជាមួយ ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម ក្នុងវិស័យសំណង់ដូចជាការសម្រួលសេវានិងពេលវេលា និងការស្នើសុំគម្រោងសាងសង់ជាដើម៕

ស្វែងយល់ពីអាស៊ាន! ទីផ្សារអចលនទ្រព្យប្រទេសប្រុយណេកំពុងដាំក្បាលចុះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារកណ្តាលប្រទេសប្រុយណេ   បានចេញផ្សាយសន្ទស្សន៍នៃតម្លៃអចលនទ្រព្យលំនៅដ្ឋាន (Residential Property Price Index (RPPI) ពីស្ថានភាពអចលនទ្រព្យក្នុងប្រទេសនេះ កំពុងដាំក្បាលចុះនៅដើមឆ្នាំ២០១៨នេះ។

យោងតាមទិន្នន័យពីសន្ទស្សន៍បានបង្ហាញថា តម្លៃលំនៅដ្ឋាននៅទូទាំងខណ្ឌទាំងបួនប្រទេសរបស់ប្រ៊ុយណេ មានតម្លៃចំនួន១៨៤.០០០ដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១នៃឆ្នាំ ២០១៨ ។ តម្លៃនេះត្រូវបានធ្លាក់ចុះ១១ភាគរយ ពីតម្លៃអចលនទ្រព្យលំនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៧ និងធ្លាក់ចុះ៦ភាគរយក្នុងត្រីមាសទី៤។ទិន្នន័យដដែលបាន​ឲ្យដឹងថា តាមប្រភេទអចលនទ្រព្យលំនៅឋាន ដែលបានបញ្ជាទិញលំនៅដ្ឋានជាមធ្យមភាគខ្ពស់បំផុតមានតម្លៃ BND ២៩៩,000  ផ្ទះជាន់កណ្តាលមានតម្លៃ BND ២៦០,000  ផ្ទះល្វែងមានតម្លៃ BND ២០៥,000 ផ្ទះផ្ទាល់ដីមានតម្លៃ BND ១៨៥,000 និងតម្លៃដីមានចំនួន BND ៨២, 000 ។

សន្ទស្សន៍នៃការទិញលំនៅដ្ឋានក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ដែលផ្អែកលើទិន្នន័យ​កាលពីឆ្នាំ២០១៥ យកមកធ្វើជាឆ្នាំមូលដ្ឋានត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៨៧,៣ភាគរយ ដែលថយចុះ២,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះ៧,៧ភាគរយនៅត្រីមាសទីមួយ។

សន្ទស្សន៍វាយតម្លៃនេះ ត្រូវបានគេបោះពុម្ពផ្សាយជារៀងរាល់ត្រីមាសម្តង ដោយសហការជាមួយអាជ្ញាធរសម្រាប់គ្រប់គ្រងអគារ និងឧស្សាហកម្មសំណង់ Authority for Building Control and Construction Industry ស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ប្រទេសប្រុយណេ។

ធនាគារកណ្តាលបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សន្ទស្សន៍នេះនឹងដើរតួនាទីមួយក្នុងការវាស់វែង ពីលទ្ធភាពទិញផ្ទះសម្រាប់ប្រជាពលរដ្ឋ។ បន្ថែមពីវាក៏អាចដើរតួនាទីជាសូចនាករម៉ាក្រូសេដ្ឋកិច្ច នៃកំណើនសេដ្ឋកិច្ចនិងស្ថេរភាពហិរញ្ញវត្ថុឬសូចនាករដើម្បីវាស់វែងហានិភ័យណាមួយកើតឡើង៕

ស្វែងយល់ពីអាស៊ាន! រដ្ឋាភិបាលម៉ាឡេស៊ី នឹងចេញគោលនយោបាយលំនៅដ្ឋានថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា​ខ្លួននឹងចេញ គោលនយបាយលំនៅដ្ឋានថ្មីមួយនៅចុងឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពឲ្យអ្នកមិនទាន់មានលំនៅដ្ឋាន អាចមានលទ្ឋភាពទិញលំនៅដ្ឋានបាន។

រដ្ឋមន្ត្រីលំនៅដ្ឋានលោក Zuraida Kamaruddin បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើគោលនយោបាយលំនៅដ្ឋាននេះ អោយរួចរាល់នៅក្នុងខែធ្នូចុងឆ្នាំ២០១៨នេះ ដើម្បីជួយដល់ប្រជាជនក្នុងស្រុក បានក្លាយជាម្ចាស់ផ្ទះបានលឿនបំផុត។ លោកបន្តថា គោលបំណងរបស់យើង គឺចង់ឃើញតម្លៃលំនៅដ្ឋានថោក និងធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពទិញបាន។

លោកបន្តថា ដូច្នេះយើងត្រូវតែមានការផ្លាស់ប្តូរគោលនយោបាយ ឲ្យបានសមស្របទៅតាមច្បាប់ ក្នុងន័យជួយសម្រួលដល់ហិរញ្ញវត្ថុ និងឆាប់បានក្លាយជាម្ចាស់លំនៅដ្ឋាន”។

រដ្ឋមន្ត្រីរូបនេះបានជួបជាមួយរដ្ឋមន្ត្រីមួយចំនួន ដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ធនាគារកណ្តាល និងភាគីពាក់ព័ន្ធនានាដើម្បីស្វែងរកលទ្ធភាព និងវិធានការផ្សេងៗដើម្បីគោលនយោបាយថ្មីនេះទទួលបានជោគជ័យ។

លោក Zuraida បាននិយាយថា “ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ នៅពេលស្ថិតក្រោមរដ្ឋាភិបាលថ្មី គោលយោបាយនឹងមានការផ្លាស់ប្តូរ និងកាន់តែមានភាពងាយស្រួលធ្វើជាម្ចាស់លំនៅដ្ឋានបានយ៉ាងឆាប់ ព្រោះថាគោលនយោបាយនេះ នឹងធ្វើអោយប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិលំនៅដ្ឋាន”។

លោករដ្ឋមន្ត្រីរូបនេះ ក៏មានគម្រោងទៅជួបមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់គម្រោង ឬផែនការលំនៅដ្ឋានសាធារណៈនេះឲ្យក្រសួងរដ្ឋាភិបាល និងលំនៅដ្ឋានពិនិត្យនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

គោលនយោបាយលំនៅដ្ឋានថ្មីនេះ ក៏ទទួលបាការគំាទ្រពីនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតសារជាថ្មី លោក Mahathir Mahamad និងបានអំពាវដល់ក្រុមប្រឹក្សាលំនៅដ្ឋានតម្លៃសមរម្យជាតិ រៀបចំគោលនយោបាយផងដែរ៕