តំបន់ជ្រោយចង្វារ នឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់

0

ដោយ រ៉ាវី

ដោយសារតែកំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ជាប់ជាប្រចាំ ក្រោមការសម្រុកវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកជំនួញបរទេស ក៏ដូចជាក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើន ជាពិសេស លើវិស័យអចលនទ្រព្យពីសំណាក់ក្រុមហ៊ុនចិន បានជំរុញឱ្យផ្ទៃដីក្នុងតំបន់រាជធានីភ្នំពេញមានភាពចង្អៀត និងកើនឡើងនូវតម្លៃ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគផ្នែកសំណង់លំនៅដ្ឋានបែបប្រណីតជាច្រើនងាកទៅចាប់អារម្មណ៍នៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទិសខាងកើតរាជធានីភ្នំពេញវិញ ។

ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ ៦A សំណង់គ្រប់ប្រភេទបានលេចចេញរូបរាងព្រោងព្រាត ជាពិសេស សំណង់លំនៅដ្ឋានបែបប្រណីតតែម្ដង ដែលក្នុងនោះរួមមានដូចជា ៖ សំណង់បុរី សុភមង្គល, បុរី The Mekong Royal , បុរី ប៉េងហួត, បុរីពិភពថ្មី , បុរី អរគីដេ វីឡា , បុរី The Flora, និងបុរី វិមានភ្នំពេញ ជាដើម ។ បន្ថែមពីនេះ នៅមានគម្រោងសំណង់ផ្សេងៗមួយចំនួនទៀត ដែលសង់ឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal  បានលើកឡើងថា វាជារឿងធម្មតា នៅពេលដែលតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗដូចជាសំណង់ខុនដូ អាផាតមិន ជាដើមនោះ តំបន់ដែលើស្ថិតនៅជាប់ក្រុង គឺមានតម្រូវការខ្ពស់ ។ ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែនបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេស លើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។ លោកឧកញ៉ាបានបន្ថែមទៀតថា កាលពីប៉ុន្មានឆ្នាំមុន ដីនៅតំបន់ជ្រោយចង្វារមានភាពទាបនៅឡើយ ពោលគឺប្រមាណ១០០០ ទៅ ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់ រហូតដល់២៥០០ ទៅដល់៣៥០០ដុល្លារក្នុងមួយម៉ែត្រ។

លោកឧកញ៉ាបានបន្តទៀតថា ៖ ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់ពិសេស ដែលអំណោយផលលើវិស័យសំណងលំនៅដ្ឋាន ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានវត្តមានអគារធំៗ និងខ្ពស់ៗ មិនក្រោម ១៥-២០ ជាន់ ប្រៀបដូចជាតំបន់ កៅលន់ ដែលស្ថិតនៅជ្រោយម្ខាងនៃក្រុងហុងកុងយ៉ាងដូច្នោះដែរ ។ ដោយឡែកសម្រាប់អ្នកវិនិយោគលើវិស័យដីធ្លីនាពេលនេះ ក៏អាចនៅមានឱកាសក្នុងការទទួលបានភាគលាភនៅឡើយ ខណៈដែលតម្លៃដីនៅតំបន់ជ្រោយចង្វារអាចហក់ឡើងកាន់តែខ្ពស់ក្នុងពេលអនាគត់៕

គំរោងអចលនទ្រព្យធំមួយលេចឡើងនៅកណ្តាលក្រុងមង្គលបុរី

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គំរោងវិនិយោគលើដីឡូត៍ និងលំនៅដ្ឋានដ៏ធំមួយកំពុងចាប់ផ្តើមនៅក្រុងមង្គលបុរី ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងអគ្គនាយកធនាគារស្រូវបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយសា​រតំបន់នោះប្រជាពលរដ្ឋច្រើន និងមានជីវភាពធូរធារកើនឡើងជាប្រចាំ ដែលធ្វើឲ្យតម្រូវការដីឡូត៍ និងលំនៅដ្ឋានតម្លៃមធ្យមមានការកើនឡើង។លោកបន្តថា គំរោងនេះមានផ្ទៃដីជាង៤០ហិកតា ដែលបាននិងកំពុងពុះដីឡូត៍លក់ និងសាងសង់ផ្ទះក្នុងតម្លៃចន្លោះពី៣០,០០០ទៅ ៤០,០០០ដុល្លារសម្រាប់លក់។

លោកបន្តថា “ក្រៅពីពុះដីឡូត៍លក់ ក្រុមហ៊ុនរបស់លោកក៏ជួយសាងសង់ផ្ទះជូនម្ចាស់ដីក្នុងតម្លៃសមរម្យផងដែរ ស្របតាមស្ថានភាពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ”។លោកបន្តថា “ខេត្តបន្ទាយមានជ័យ កំពុងមានការរីកចម្រើនយ៉ាងលឿន ដោ​យសារការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ”។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំទុនវិនិយោគក្នុងគំរោងនេះនៅឡើយ ដោយលោកអះអាងថា គំរោងនេះធ្វើឡើងជាដំណាក់កាលៗ ហេតុនេះពិបាកក្នុងការប្រើប្រាស់ប្រភពទុនជាក់លាក់។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកឲ្យដំនើរការខ្សែរថភ្លើងថ្មីមួយ ដោយចាកចេញពីក្រុងប៉ោយប៉ែត មកកាន់ក្រុងសិរីសោភ័ណ្ឌ និងបានតភ្ជាប់ពីក្រុងសិរីសោភ័ណមកកាន់ ក្រុងបាត់ដំបង។

ការតភ្ជាប់ការដឹកជញ្ជូន និងធ្វើដំណើរតាមផ្លូវរថភ្លើងនេះ នឹងជួយធ្វើឲ្យសកម្មភាព ណាណិជ្ជកម្មកាន់តែរសរវើកនៅក្នុងទឹកដីភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលជាខេត្តមានទីតាំងជាប់នឹងប្រទេសថៃ៕

Hutton CPL ទទួលសិទ្ឋលក់គំរោងខុនដូតម្លៃជាង ១០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ទីបំផុតក្រុមហ៊ុន KHCN ដែលជាអ្នកអភិវឌ្ឍន៍​ខុនដូ SEA GATE SUITE នៅខេត្តព្រះសីហនុ បានប្រគល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុនអចលនទ្រព្យ Hutton CPL។

នាយកប្រតិបត្តិក្រុមហ៊ុន Hutton CPL លោកសុត វីរៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ ឧសភានេះថា ការសម្រេចចិត្តជ្រើសរើសយកគំរោងខុនដូប្រណីតនេះមកលក់ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើ​ម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណា​ត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។

គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុន KHCN Investment &Development Co, Ltd។

លោកបន្តថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់   រយៈពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។

គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូ Sea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

លោកសុត វីរៈបានបន្តថា ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយាន​យន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគ​ចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

អស្ចារ្យ! OCIC គ្រោងបង្កើតកោះមាសដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់កោះនរា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្នុងផែនការប្រកបដោយមហិច្ឆតាមួយ ក្រុមហ៊ុនOCICគ្រោងរៀបចំកោះសប្បនិម្មិតមួយ”កោះមាស” ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ។

យោងតាមប្រភពព៌តមានច្បាស់ការណ៍ ពីសាលាក្រុងភ្នំពេញបានឲ្យដឹងនាព្រឹកថ្ងៃទី៤ ឧសភានេះថា ដោយសារតំបន់កោះពេជ្របានក្លាយជាតំបន់ដ៏ទាក់ទាញ និងជាតំបន់​ដែលមានការអភិវឌ្ឍលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចង្អៀតរួចទៅហើយ ទើបក្រុមហ៊ុននេះបានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីចាក់ដីនៅតំបន់កោះនរាចូលក្នុងទន្លេ​ប្រមាណ៤០០ម៉ែត្រ និងមានបណ្តោយរង្វង់ពីរគីឡូម៉ែត្រ ដើម្បីកសាងកោះសប្បនិម្មិត​មួយ គឺកោះមាស។

ប្រភពដដែលបានបន្តថា កោះមាសនឹងមានការអភិវឌ្ឍស្រដៀងគ្នានឹងកោះពេជ្រ ផងដែរ ដោយសារការរីកចម្រើនក្រុងភ្នំពេញ ស្របពេលសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ  រយៈពេលវែងរបស់កម្ពុជា។

ទោះជាយ៉ាងណាមន្រ្តីរូបនោះ មិនទាន់បង្ហើបឲ្យដឹងពីគម្រោងនេះនឹងចាប់ផ្តើមនៅពេលណា និងចំណាយទុនវិនិយោគប៉ុន្មានរយលានដុល្លារនៅឡើយទេ។

ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ Propertyarea.asia លោកលាងគង់ យិន ដែលតាមដាន​ដំណើរវិវត្តន៍រីកចម្រើន ក្នុងវិស័យអចលនវត្ថុកម្ពុជាបានថ្លែងថា ការអភិវឌ្ឍន៍បែបនេះ ពិតជារឿងល្អប្រសើរណាស់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ហើយការជ្រើសរើសទីតាំងនៅជាប់មាត់ទន្លេ ឬមាត់សមុទ្រគឺជាការជ្រើសរើសត្រឹមត្រូវ ព្រោះប្រទេសណាក៏ដោយ ក៏ពួកគេនិយមកសាងទីក្រុងរបស់ខ្លួននៅជាប់មាត់ទន្លេឬសមុទ្រផងដែរ ដោយសា​រទន្លេ និងសមុទ្រជាតំបន់មានទេសភាពស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ឋ ជាទីពេញនិយមសម្រាប់ការរស់នៅរបស់ប្រជាជាតិនិមួយៗ។

ទោះជាយ៉ាងណាលោកជំរុញឲ្យក្រុមហ៊ុននេះ គួរមានការសិក្សាពីបរិស្ថាន និងលំហូរទឹកឲ្យបានច្បាស់លាស់ ដើម្បីបង្ការការបាក់ច្រាំងនៅផ្នែកណាមួយនៃក្រុងភ្នំពេញ៕

អ្នកជំនាញប្រាប់ពីវិធីសាស្រ្តចំនួន៦ ដែលគួរខ្ចីឥណទានដើម្បីចាប់ផ្តើមអាជីវកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ពីហេតុផលល្អៗ៦យ៉ាង ដែលអ្នកគួរចេះខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគ (រកស៊ី) ចាប់ពីពេលមានការងារធ្វើដំបូង។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានមានប្រសាសន៍ឲ្យដឹងលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន​ទាក់ទងនឹងការប្រើប្រាស់ ឬខ្ចីឥណទានយកមកចាប់ផ្តើមអាជីវកម្មឬរកស៊ីថា គួរតែធ្វើក្រោមហេតុផលសំខាន់ៗចំនួន៦ ដូចជា ទី១ ធ្វើអោយអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុ: ពេលមានបំណុលជាប់ខ្លួនអ្នកនឹងយល់ថាអ្នកមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ ដូច្នេះអ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។

ទី២ ធ្វើអោយអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ: ពេលខ្ចីប្រាក់មកវិនិយោគអ្នកតែងខ្វល់ខ្វាយ ពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជាសួរខ្លួនឯងថាតើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើនជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណាអាចទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញអោយអ្នកបំពេញការងារដោយមិនខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។ ទី៣ ធ្វើអោយអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រម៉ៃសំរាប់ជីវិត ជារើយៗ ជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវ ថាតើអ្នកចង់ធ្វើអ្វីអោយពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នកប្រហែលជាអាចដកបទពិសោធន៍ជីវិតបានច្រើន អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រម៉ៃសំរាប់ជីវិតទៀតផង។ ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ច ជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។

ទី៤ ធ្វើអោយអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និង រិះគិតពីដំណោះស្រាយ៖ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណាដើម្បីបានប្រាក់មកវិនិយោគ? តើជំរើសនីមួយៗមានហានិភ័យអ្វីខ្លះប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។

ទី៥ ធ្វើអោយអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្រ័ និងសង្គមល្អ: អ្នកបានខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នា ពេលគេនិយាយពីការទិញទូរសព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏មិននិយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៏ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។

និងចំណុចទី៦ ធ្វើអោយអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង: ខ្ចីប្រាមកវិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំបានបទពិសោធន៏ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។ មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភក្រ័ប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរអោយអាណិត ព្រោះឮតែត្អូញត្អែថាធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕

អ្នកជំនាញហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃផ្សារទំនើប

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃឧស្សា​ហកម្ម”ផ្សារទំនើប”ដោយសារនៅឆ្នាំនេះ ផ្សារទំនើបតូចធំប្រមាណ១៣នឹងបើកដំនើរការ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIAបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារបែបសហគមន៍ និងផ្សារទំនើបស្តង់ដាអន្តរជាតិចំនួន១២ នឹងបើកដំណើរការនៅទីក្រុងភ្នំពេញភាគច្រើន ដែលធ្វើឲ្យចំនួនផ្សារកាន់តែច្រើនមាននៅទីក្រុងនេះ និងធ្វើឲ្យស្ថានភាពប្រកួតប្រជែងមានការកើនឡើង ប៉ុន្តែចំនួនផ្សារដែលបើកដំនើរការពីមុនមក និងបើកបន្ថែមនៅឆ្នាំនេះ មិនទាន់លើសតម្រូវការនោះទេ ផ្ទុយទៅវិញបើផ្សារទំនើបថ្មីៗផ្គត់ផ្គង់ច្រើនបែបនេះ នឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវ​ការ។

អ្នកនាងបន្តថា “ផ្សារបែបសហគមន៍ និងផ្សារទំនើបធំៗមួយចំនួនដែលបើកនៅឆ្នាំនេះ វាមិនលើសតម្រូវការទេ ដោយអ្នកវិនិយោគបានជ្រើសរើសទីតាំង និងចាប់យកចំណែកអតិថិជនខុសៗគ្នា”។ អ្នកនាងបន្ថែមថា “អំណាចទិញនៅកម្ពុជាកំពុងមានការកើនឡើង ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺផ្សារបែបសហគមន៍ដែលលក់ចំណីអាហារ និងភេសជ្ជៈជាផ្សារឬជាមុខទំនិញដែលមានតម្រូវការច្រើនជាងគេ”។

ផ្សារទំនើបអន្តរជាតិដែលគ្រោងបើកដំនើរការនៅឆ្នាំនេះ មានដូចជា ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON MALL2 , THe BRIDGE Commercial, The Prince Central Plaza, Phnom Penh Mega Mall និងផ្សារបែបសហគមន៍ជាច្រើនទៀតដូចជា​ផ្សារបែបសហគមន៍ THE PARK, THE COMMUNE, WB ARENA, HERITAGE WALK ក្នុង​ខេត្តសៀមរាបជាដើម។

នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោកប៉ែន សុខគាបានថ្លែងថា កំនើននៃផ្សារទំនើបនៅកម្ពុជា ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហើយជំរុញឲ្យកំលាំងទិញមានការ​កើនឡើង កំនើនប្រជាសាស្រ្តនៅក្នុងទីក្រុង ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបជាដើម។

លោកបន្តថា “កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាភាពទាក់ទាញមួយរបស់កម្ពុជា ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ”៕

សុខភាពក្នុងវិស័យវាយណភ័ណ្ឌមានភាពប្រសើរនៅដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រកាត់ដេរ និងផលិតស្បែកជើងប្រមាណ១៥ទៀតបានបើកដំនើរ​ការនៅឆ្នាំនេះ ស្របពេលវិស័យដែលតំណាងឲ្យការនាំចេញនេះ មានសុខភាពល្អប្រសើរ ដោយសារការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា លោកបណ្ឌិតកាំង ម៉ូនីកាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ឧសភានេះថា សុខភាពក្នុងវិស័យនេះមានសញ្ញាល្អប្រសើរនៅដើមឆ្នាំនេះ ដោយការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក និងមានរោងចក្រថ្មីៗប្រមាណ១៥បានបើកដំណើរ​ការនៅកម្ពុជា ពិសេសការអនុគ្រោះពន្ឋពីអាមេរិក តាមរយៈប្រព័ន្ឋGSPនឹងជួយទាក់ទាញ​អ្នកវិនិយោគជាច្រើនទៀត មកវិនិយោគនៅកម្ពុជា។

លោកបន្តថា “ប្រព័ន្ឋGSP មិនពាក់ព័នន្ឋសម្លៀកបំពាក់ និងស្បែកជើងទេ ប៉ុន្តែវាពាក់ព័ន្ឋនឹងទំនិញសម្រាប់ធ្វើដំណើរ ដូចជាកាបូប និងវ៉ាលីជាដើម”។លោកបន្តថា “ជាទ្រឹស្តីយើងរំពឹងលទ្ឋផលល្អប្រសើរ ចេញពីប្រព័ន្ឋGSPដែលបាន​អនុម័ត ដោយសហរដ្ឋអាមេរិក ព្រោះវាធ្វើឲ្យទីផ្សាររបស់យើងកាន់តែមានភាពទាក់ទាញ ដោយសារការនាំចេញមិនត្រូវតម្រូវឲ្យបង់ពន្ឋ”។

ជាមួយគ្នានេះកាលពីថ្ងៃទី៣ ឧសភាកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រ ដោយអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៤ទៀត បើកដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន១៦,៥៣លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា ​គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបើកដំនើរការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន “MASSFLAME ENERGY (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតជីវម៉ាសឥន្ធនៈ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០១កន្លែង។

ទី២ ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតប្រអប់ផ្លាស្ទិកគ្រប់ប្រភេទ និងបង្គុំសម្ភារៈបរិក្ខារអេឡិចត្រូនិក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ខេត្តបន្ទាយមានជ័យ, មានទុនវិនិយោគប្រមាណ ៣,៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧២កន្លែង។ ទី៣ ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតទឹកពិសាបរិសុទ្ធ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានទុនវិនិយោគចំនួន៥,១លា​ន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦២៨កន្លែង។

និងទី៤ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតផលិតផលប្រដាប់ដាក់បំពង់ទឹក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦កន្លែង៕

អស្ចារ្យ! មហាយក្សចិន កំពុងសាងសង់អគារមួយរាង្គស្រួចដូចគ្រាប់កាំភ្លើង

0

ក្រុមហ៊ុននាំចេញធនធានចិន China Resource Export Company បានសាងសង់អគារខ្ពស់កប់ពពករាង្គដូចក្បាលគ្រាប់ជិតរួចរាល់ហើយដែលគូប្លង់ដោយ ស្ថាបត្យករ លោក Kohn Pedersen Fox ។ បើតាមការជូនដំណឹងពីក្រុមហ៊ុន អគារនេះនឹងដាក់សម្ពោធអោយដំណើរការនៅចុងឆ្នាំ ២០១៨ នេះ ។

អគារខ្ពស់កប់ពពកមានកម្ពស់ ៤០០ ម៉ែត្រត្រូវបានគេស្គាល់ថា មានរូបរាង្គជាទំពាំងឬស្សី ឫ ដូចក្បាល់គ្រាប់ ។ នៅពេលសាងសង់បញ្ចប់អគារនេះនឹងក្លាយជាអាគារដែលខ្ពស់ជាងគេលំដាប់ទី ៣ នៅទីក្រុង Shenzhen ។ អគារនេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា China Resources Headquarters មានកំពស់ ៦៧ជាន់ ដែលរចនាដោយឡើងដោយ Kohn Pedersen Fox (KPF) នៅក្នុងទីក្រុង Shenzhen ។ អគារនេះមានកំពស់ ៥៩៩ម៉ែត្របច្ចុប្បន្ននេះគឺជាអាគារខ្ពស់ជាងគេលំដាប់ទី ៤ នៅលើពិភពលោក។

អគារដ៏អស្ចារ្យនេះ ត្រូវបានគេសាងសង់ឡើងដោយមានដំបូលកំពស់៦៨.៤ ម៉ែត្រនៅចំកណ្តាលនៃអគារដែលអាចអោយមើលឃើញទេសទេសភាពទីក្រុងទាំងមូលបាន។ អគារនេះស្ថិតនៅជិតឆ្នេរ Shenzhen ភាកខាងលិចនៃទីក្រុងដែលជាកន្លែងបណ្តុំដោយតំបន់ពាណិជ្ជកម្មនៅក្នុងទីក្រុង។

អគារនេះសាងសង់លើទំហំដី ២០០ហិកតា មានទាំងផ្សារទំនើប សារមន្ទីរ ឆាកសំដែង និងកន្លែងមើលភាយន្តជាដើម៕

ជំនាញប្រាប់ពីហានិភ័យ៥យ៉ាងដែលធ្វើឲ្យវិនិយោគអចលនទ្រព្យមិនបានជោគជ័យ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងនូវកត្តាចំនួ​ន៥ ដែលនាំឲ្យមានហានិភ័យ និងធ្វើឲ្យការវិនិយោគក្នុងវិស័យអចលនទ្រព្យ មិនទទួលបានជោគជ័យ។

លោក ង៉ែត ជូទី ប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានលើកឡើងក្នុងទំព័របណ្តាញទំនាក់ទំនងរបស់លោកថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា : ទី១- មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។
ទី២- វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣- ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
ទី៤- ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥- មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា៕

អស្ចារ្យ : ដ្ឋាភិបាលគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍នាគរាជនៅខេត្តព្រះសីហនុ

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុគ្រោង នឹងរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកំសាន្ត និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។


ទីតាំងដែលរដ្ឋាភិបាលគ្រោងបង្កើត ជាតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជនេះមានទំហំ២២១១ហិកតា មានទីតាំងនៅភូមិសាស្ត្របឹងកង្កែប និងតំបន់ពយម៉ាចូវ(ក្នុងភូមិគគីរឃុំបិតត្រាំង)នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចប្រជុំកាលពីពេលថ្មីនេះថា គោលដៅសំខាន់នៃការបង្កើតតំបន់ទេសចរណ៍នាគរាជនេះ ធ្វើឡើងដើម្បីបង្កើនឱ្យមានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានា មកពីជុំវិញពិភពលោក ចូលមកកំសាន្តនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។


លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា “ខេត្តព្រះសីហនុ អនា​គតនឹងមានភ្ញៀវមកច្រើន និងមានការអភិវឌ្ឍលឿនជាងគេ ដោយហេតុថាខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត”។ លោកបន្តថា “សម្រាប់ដំណាក់កាលនេះ ក្រុមការងារពិសេសេថ្នាក់ក្រសួង និងថ្នាក់ខេត្តព្រះសីហនុ នឹងចុះកំណត់ទីតាំងជាក់ស្តែងនៃទីតាំង គ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ ការរស់នៅ កាន់កាប់ដីធ្លីក្នុងតំបន់នោះរបស់ប្រជាជន និងសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីរកដំណោះស្រាយជូនពួកគាត់ ឱ្យទទួលបានផលប្រ​យោ​​ជន៍ដោយសមធម៌។


លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា កម្ពុជាគួរតែមានការវិនិយោគលើរមណីយដ្ឋានកែច្នៃបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ព្រោះការមានគោលដៅទេសចរណ៍ច្រើន និងមានរមណី​យដ្ឋានទេសចរណ៍ច្រើននឹងទាក់ទាញភ្ញៀវឲ្យស្នាក់នៅបានយូរ និងចំណាយប្រាក់ច្រើននៅទីនេះ។
លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក គួរវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឲ្យកាន់តែសម្បូរបែប និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន”៕