ស្វែងយល់ពីអាមេរិក៖ ទីក្រុង Chicago គ្រោងសាងសង់អគារខ្ពស់លំដាប់ទី២

0

ដោយ : វុត្ថា
ភ្នំពេញ : ទីក្រុង Chicago របស់សហរដ្ឋអាមេរិក កំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ដោយគ្រោងនឹងសាងសង់អគារខ្ពស់កប់ពពកមួយទៀត នៅក្បែអគារប្រវត្តិសាស្ត្រ Tribune Tower ។


អគារនេះគឺជាអគារខ្ពស់លំដាប់ទី២ នៅក្នុងក្រុង ហើយត្រូវបានគូប្លងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះ គឺ Adrian Smith + Gordon Gill ។ អគារដែលនឹងសាងសង់នេះ មានកំពស់៤៣៣ម៉ែត្រ ដែលទាបជាងអគារ Willis Tower (អតិត អគារ Sear Tower) ដែលគូប្លង់ដោយក្រុមហ៊ុន Skidmore Owings & Merrill នៅក្នុងឆ្នាំ១៩៧៣។


ស្ថាបករ លោក Gordon Gill មកពីស្ថាបត្យករក្រុមហ៊ុន Adrian Smith + Gordon Gill បានរចនាប្លង់អាគារខ្ពស់ថ្មីនេះ ជាផ្នែកមួយនៃគម្រោងធំជាងមុន ដែលរួមមានការជួសជុលអគារTribune Tower និងអគារនៅជុំវិញ។

អគារនេះនឹងត្រូវគេសាងសង់ឡើងកំពស់៩៦ជាន់ ដោយបូកបញ្ចូលទាំងចំណតរថយន្ត អាហារដ្ឋាន ហាងលក់ទំនិញ និងសណ្ឋាគារជាដើម។ លើសពីនេះទៀតអគារនេះមានផ្ទះល្វែសម្រាប់ជួលចំនួន៤៣៩ និងខុនដូចំនួន១២៥យូនីតនៅលើកំពូលនៃអគារ។

ផ្នែកខាងកើតនិងខាងលិច នៃអគារមានលង្ហិនមានពណ៌ត្នោត ដែលត្រូវបានរចនាឡើង ដើម្បីបិទផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្ររបស់ Tribune Tower ។


សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក គឺក្រុមហ៊ុន Golub & Co ដែលកំពុងធ្វើការជាមួយក្រុមហ៊ុន CIM Group ដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាន ឱ្យដឹងថា ការសាងសង់អគារនេះ មានគោលបំណង «ចូលរួមកិច្ចសន្ទនាប្រកបដោយការចុះសម្រុង»ជាមួយនឹងអគារនេះ។

អគារនេះត្រូវគេរំពឹងថានឹងសាងសង់បញ្ចប់ និងដាក់អោយដំណើរការជាផ្លូវការនៅនៅក្នុងឆ្នាំ២០២០ខាងមុខនេះ តែយ៉ាងណាក៏ដោយគេមិនបានបង្ហាញពីការចំណាយថវិកាអស់ប៉ុន្មានទេ ចំពោះការសាងសង់អគារខ្ពស់កប់ពពកមួយនេះ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ ចំណូលចរន្តថវិកាជាតិកើនដល់ទឹកប្រាក់ ៤៥៦០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំណូលចរន្តថវិកាជាតិរបស់រដ្ឋាភិបាល បានបង្ហាញសញ្ញាវិជ្ជមានដោយ​រយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលថវិកានេះបានកើនពី ២២៦៤លានដុល្លារ ដល់ចំនួនជាង ៤៥៦០លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុប និងធនាគារពិភពលោកប្រចាំកម្ពុជាលោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ជាលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១៣​-២០១៨ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដងមានប្រមាណ ២២៦៤លានដុល្លារ ដល់ប្រមាណ ៤៥៦០លានដុល្លារអាមេរិក។

ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធផលជាវិជ្ជមាន ដោយអនុញ្ញាត្តឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលនៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងតាមរយៈចំណាយ វិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈមានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតប្រជាពលរដ្ឋ។

លោកបន្តថា កម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរ“ប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការ” ទៅជា“ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចេញ និងវិមជ្ឈការ” ស្របតាមការលានុវត្តន៍ជាអន្តរជាតិ ហើយកម្មវិធីកែទម្រង់នេះ ត្រូវបានដាក់ចេញដោយរចនាតាមអភិក្រមជាខឿនចំនួន៤ និងត្រូវបានរៀបចំអនុវត្តជា៤ដំណាក់កាលផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសកម្ពុជាទទួ​លបានកំណើនសេដ្ឋកិច្ចអត្រាជាមធ្យម៧,៦ភាគរយ ចាប់ពីឆ្នាំ១៩៩៤-២០១៥ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី៦នៅលើពិភពលោក  ហើយកម្រិតអត្រាភាពក្រីក្រធ្លាក់ចុះពី៤៧,៨ភាគ​រយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបផងដែរ។

ឯកអគ្គរដ្ឋទូត នៃស្ថានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgarបានថ្លែងថា ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ដោយចីរភាព បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ តាមរយៈធនាគារពិភពលោក លើគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ប្រទេសជាដៃគូចំនួន១០រួមមាន កម្ពុជា, ឡាវ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ុង-ហ្គោលី, ទីម័រខាងកើត, វៀតណាម និងដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ៕

ចង់ដឹងទេ! ហេតុអីក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនមកវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មានចម្ងល់ជាច្រើនពីការចូលមកដល់កម្ពុជា នៃក្រុមហ៊ុនលំដាប់យក្សរបស់ចិនមកវិនិយោគនៅកម្ពុជា ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះបានប្រាប់ថា កត្តាសំខាន់ចំនួន៤បានទាក់ទាញក្រុមហ៊ុនទាំងនោះចូលមកកាន់ទីក្រុងភ្នំពេញ។

លោក RAYSON ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនយក្សមួយក្នុងចំណោម​យក្សទាំង១០នៅប្រទេសចិន R& F Properties បានមានប្រសាសន៍ឲ្យដឹង កាលពីដើមស ប្តាហ៍នេះថា មានមូលហេតុសំខាន់ៗចំ​នួន៤ ដែលក្រុមហ៊ុននេះសម្រេចចិត្តមកវិនិយោគ​នៅកម្ពុជា ទី១ គោលនយោបាយផ្លូវសូត្រ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសមានលក្ខខ័ណ្ឌពិសេស ដែលទទួលបានផលប្រយោជន៍ពីគំរោងនេះ ទី២ ទំនាក់ទំនងដ៏ល្អ និងរ៉ឹងមាំរវាងមេដឹកនាំកម្ពុជា ពិសេសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន ទី៣ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសកម្ពុជា និងទី៤ ស្ថិរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា។

លោកបន្តថា “ប្រទេសកម្ពុជា គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលយើងបានមកវិនិយោគ បន្ទាប់ពីប្រទេសភូមា។ ហេតុផលដែលយើងមកទីនេះ គឺដោយសារគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសដែលមានលក្ខណៈពិសេស ដែលកំពុងទទួលផលប្រយោជន៍ពីគោលនយោបា​យ​នេះ”។

R&F PROPERTIES បាននិងកំពុងចាប់ផ្តើមគំរោង R&F CITY នៅមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ព្រោះយើ​ង​ចង់ផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រាប់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដែលមកវិនិយោគ និងធ្វើការនៅប្រទេសកម្ពុជា។ គំរោងនេះមានអាគារសរុបចំនួន២០ និងមានកំពស់៣៣ជាន់ ដែលនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយទំហំទឹកប្រាក់នៃការវិនិយោគគំរោងនេះ មានច្រើនជាង​២ពាន់លានដុល្លារអាមេរិក។

លោក RAYSON បានបន្តថា គំរោងនេះមានផ្ទះចំនួន៥២៣២យូនីត មានរួមបញ្ចូលនូវក្លឹបកីឡាទំហំ៣២០០ម៉ែត្រ និងផ្ទះបែបអាជីវកម្ម៣៨ និងសួនច្បារដ៏ធំមួយ។ គំរោងនេះបានចាប់ផ្តើមលក់ហើយ ដោយយើងផ្តោត ទីផ្សារនៅប្រទេសចិន និងជនបរទេសដទៃទៀត និងនៅកម្ពុជា ប៉ុន្តែយើងផ្តោតជាពិសេសលើអតិថិជនចិន ដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។

លោកបន្តថា “យើងក៏ផ្តោតលើអតិថិជនជាជនជាតិខ្មែរ ព្រោះខ្ញុំគិតថានាពេលអនាគត​ប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅខុនដូឬអាផាតម៉ិនផងដែរ ព្រោះនៅប្រទេសចិនប្រជា​ជនចិនចូលចិត្តរស់នៅតាមអាផាតម៉ិន ដោយសារអាផាតម៉ិន និងខុនដូផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងមានជីវិតបែបស៊ីវិល័យ”។

តម្លៃផ្ទះនៅក្នុងគំរោងនេះ លក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។

លោក RAYSON បានបន្តថា “យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើនេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជា និងចំនួនអ្នកវិនិយោគកាន់តែច្រើននឹងចូលមកវិនិ​យោគកម្ពុជា”។

ជាមួយគ្នានេះ អ្នកវិនិយោគចិនជាច្រើនចង់វិនិយោគនៅក្រៅប្រទេស ដែលពួកគេចង់ស្វែងរកប្រាក់ចំណេញ ហើយទីផ្សារកម្ពុជាជាទីផ្សារដ៏ជោគជ័យ និងទាក់ទាញមួយ ហើយទីក្រុងភ្នំពេញជាកន្លែងមួយដ៏ទាក់ទាញ។ ទោះបីខេត្តព្រះសីហនុ និងសៀមរាបមានសក្តានុពល ប៉ុន្តែខេត្តទាំងពីរមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋ និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅដូចទីក្រុងភ្នំពេញទេ៕

តោះទៅមើលទីតាំងផ្សារទំនើបចំនួន១២ ដែលបើកដំណើរការនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅឆ្នាំ២០១៨នេះ អ្នកជំនាញអចលនទ្រព្យបានហៅថា “ជាឆ្នាំនៃផ្សារទំនើប” ដោយសារឆ្នាំនេះផ្សារទំនើបតូច ធំចំនួន១២ នឹងបើកដំណើរការនៅក្នុងត្រីមាស​បន្តបន្ទាប់។

តោះទៅមើលទីតាំង ទំហំ និងឈ្មោះផ្សារទំនើបចំនួន១២ ដែលបើកដំណើរការនៅឆ្នាំនេះ។

/ ផ្សារបែបសហគមន៍ EDEN GARDEN

ផ្សារទំនើបនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh City Center) ក្នុងតំបន់បឹងកក់ ស្ថិតនៅលើផ្លូវ City Center Blvd ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ ៥០០០ម៉ែត្រការ៉េ។

/ ផ្សារសហគមន៍ THE PARK

ផ្សារបែបសហគមន៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខបុរីប៉េង ហួត ស្ថិតក្នុងសង្កាត់ឬស្សីស្រស់ ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ៤៥៨១ម៉ែត្រការ៉េ។

/ ផ្សារទំនើប AEON MALL2

ផ្សារទំនើបនេះ ជាផ្សារធំជាងគេដែលនឹងបើកដំណើរការ នៅត្រីមាសទី២ឆ្នាំនេះ ផ្សារនេះស្ថិតនៅលើផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុងពោងពាយ ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។ ផ្សារនេះមានទំហំរហូតដល់៧០៥០០ម៉ែត្រការ៉េ។ វាជាផ្សារទំនើបលំដាប់អន្តរជាតិ ដែលមានទំហំធំជាងផ្សារទំនើប AEON MALL1។

/ ផ្សារទំនើប PRINCE CENTRAL PLAZA

ផ្សារទំនើបនេះ ស្ថិតនៅក្នុងអាគារ Prince Plaza ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្សារនេះមានទំហំ៨១០០ម៉ែត្រការ៉េ។ Prince Plaza ជាគំរោងដែលប្រើប្រាស់ចម្រុះ សម្រាប់បរិបទនៃទស្សនវិស័យអភិវឌ្ឍន៍ថ្មីនៅរាជធានីភ្នំពេញ។

/ Midtown Mall

ផ្សារទំនើបនេះស្ថិតនៅលើបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ៤៨៨១ម៉ែត្រការ៉េ និងគ្រោងបើកដំនើរការនៅខែធ្នូ ឆ្នាំ២០១៨នេះ។

/ ផ្សារទំនើប THE OLYMPIA MALL

ផ្សារទំនើបលំដាប់អន្តរជាតិនេះ ស្ថិតក្នុងគំរោង OLYMPIA CITYដែលជាគំរោងអភិវឌ្ឍន៍ដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ ផ្សារនេះស្ថិតនៅលើផ្លូវហ្សានដឺហ្គោល សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

ផ្សារទំនើបនេះមានទំហំដ៏ធំផងដែរ ដោយមានផ្ទៃក្រឡារហូតដល់១៥០៨១ម៉ែត្រ​ការ៉េ និងគ្រោងបើកដំណើការនៅខែ ធ្នូ ឆ្នាំនេះ។

/ ផ្សារទំនើប THE COMMUNE

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវ៣៤៧ និងផ្លូវលេខ៣៤៩ ស្ថិតក្នុងសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ។ នេះជាគំរោងអភិវឌ្ឍន៍ចម្រុះ ដែលផ្សារនេះមានទំហំរហូត​ដល់៨១២៨ម៉ែត្រការ៉េ។

/ ផ្សារទំនើប THE HERITAGE WALK

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្សារទំនើបនេះនឹងបើកដំនើរការនៅត្រីមាសទី២ឆ្នាំនេះ។ ផ្សារទំនើបបែបសហគមន៍នេះមានទំហំ១៤០០០ម៉ែត្រការ៉េ។

/ ផ្សារទំនើប WB ARENA

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌ​មានជ័យ។ ផ្សារទំនើបនេះជាផ្សារបែបសហគមន៍ ដែលផ្តល់សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការកំសាន្ត។

១០/ ផ្សារទំនើប DOWNTOWN93

ផ្សារទំនើបនេះស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានការិយាល័យធ្វើការ និងអាផាតម៉ិន។ ផ្សារទំនើបនេះស្ថិតនៅលើផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំ​ការមក ក្រុងភ្នំពេញ។

ផ្សារទំនើបបែបសហគមន៍នេះ មានទំហំសរុបចំនួន៦៩៨០ម៉ែត្រការ៉េ និងគ្រោងបើកដំណើការក្នុងត្រីមាសទី២ឆ្នាំនេះ។

១១/ ផ្សារទំនើប THE BRIDGE  

ផ្សារទំនើបលំដាប់អន្តរជាតិនេះ ស្ថិតក្នុងគំរោង THE BRIDGE ដែលជាគំរោងអភិវឌ្ឍន៍ចម្រុះ។ ផ្សារនេះស្ថិតនៅលើមហាវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក ក្រុងភ្នំពេញ។

ផ្សារទំនើបលំដាប់អន្តរជាតិនេះ មានទំហំ១៩៣៤០ម៉ែត្រការ៉េ។ ផ្សារនេះស្ថិតនៅក្នុងតំបន់ដើរកំសាន្ត តំបន់លំនៅដ្ឋាននិងជាតំបន់ពាណិជ្ជកម្មរស់រវើក។

១២/ ផ្សារទំនើប DIAMOND TWIN TOWER

ផ្សារទំនើបនេះ ស្ថិតនៅលើផ្លូវសុភមង្គល ក្នុងទីក្រុងកោះពេជ្រ ខ័ណឌចំការមក ក្រុងភ្នំពេញ។ ផ្សារទំនើបនេះស្ថិតនៅក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលរួមមានខុនដូ ការិយាល័យជាដើម។

ផ្សារទំនើបក្នុងគំរោងនេះមានទំហំ១៥៦៤០ម៉ែត្រការ៉េ និងគ្រោងបើកដំនើរការនៅត្រីមាសទី២ឆ្នាំនេះ៕

កម្ពុជាទទួលចំណូល៥៧លានដុល្លារពីការនាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ

0

ដោយ ​៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូល៥៧លានដុល្លារអាមេរិក លើការនាំចេញជ័រ កៅស៊ូប្រមាណជិត៤ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ នៅដំណាច់ត្រីមាសទី១​ឆ្នាំនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និង នេសាទបានឱ្យដឹងនាព្រឹកថ្ងៃទី២ ឧសភានេះថា នៅត្រីមាសទី១ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន៣៩.០០០តោន គឺកើនឡើងតិចតួចបើ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងតម្លៃជាង១,៤០០ដុល្លារក្នុង១តោន។

លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មបានអះ​អាងថា ការកើនឡើងនេះគឺដោយសារតែកម្ពុជា បានពង្រីកផ្ទៃដីដាំកៅស៊ូក្នុងប្រទេស​ច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជ័រកៅស៊ូនៅក្រៅប្រទេស ដែលធ្វើ​ឱ្យ​ទិន្នផលផលិតរបស់យើងបានច្រើន។ លោកបានបញ្ជាក់ថា ទីផ្សារអន្តរជាតិនាំចេញ​សំខាន់ៗ របស់កម្ពុជា រួមមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ក្នុងនោះ​វៀតណាមជាទីផ្សារធំជាងគេរបស់កម្ពុជា។

គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបមានប្រមាណ៤៣ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនប្រមាណ១៧ម៉ឺនហិកតា ស្មើនឹង៣៩ភាគរយនិងផ្ទៃដី​ថែទាំ​​កៅស៊ូមានជាង២៦ម៉ឺនហិកតា ស្មើជិត៦១ភាគរយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយនៅក្នុងខេត្តសានស៊ី បានចុះហត្ថលេខា លើ​អនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីទិញកៅស៊ូ​ពីកម្ពុជាលើកដំបូងនៅឆ្នាំ២០១៨ ដែលមានចំនួន៣០០,០០០តោន៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច ៖ កម្ពុជាកំពុងកែលម្អរបន្ថែននូវបរិយាកាសធុរកិច្ចនៅកម្ពុជា

1

ដោយ ​៖ គង់ សូរិយា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បាន​ថ្លែងថា កម្ពុជាកំពុងកែលំអរបរិយាកាសធុរកិច្ចបន្ថែមទៀត ដើម្បីទាក់ទាញអ្នក​វិនិយោគ​អន្តរជាតិមកវិនិយោគកាន់តែច្រើននៅកម្ពុជា។

ក្នុងជំនួបជាមួយលោក Tatsuo YAMAZAKI អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បានមានប្រសាសន៍ថា ជប៉ុននៅតែជាដៃគូប្រតិបត្តិការ​ឈានមុខគេ និងជាដៃគូអភិវឌ្ឍន៏ដ៏សំខាន់របស់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិ​បត្តិការ​អភិវឌ្ឍន៏ផ្លូវការ ដែលកិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកធ្វើឲ្យកម្ពុជា​ទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសបានក្លាយទៅជា​ប្រទេសមាន​ចំណូលមធ្យមកម្រិ​តទាប និងមានគោលដៅប្រាកដនិយម ដើម្បីឈានឆ្ពោះទៅ​ជា​ប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់​នៅឆ្នាំ២០៥០។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាលគាំទ្រធុរកិច្ច ដោ​យបាន និងកំពុងខិតខំបន្ថែមទៀត ក្នុងការកែលម្អ និងរៀបចំបរិយាកាសធុរកិច្ច​អំណោយផលគាំទ្រវិនិយោគគិនទាំងអស់ ឲ្យអ្នកមកបណ្តាក់ទុនវិនិយោគ”។

លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលជប៉ុន បានបំពេញតួនាទីយ៉ាងសំខាន់ចូល​រួមវិភាគទានយ៉ាងធំធេង ដល់ការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា  នៅក្នុងរយៈពេល​ជាង ២០ឆ្នាំមកនេះ គឺចាប់តាំងពីកិច្ចការបង្រួបបង្រួមជាតិកម្ពុជាការស្តារឡើងវិញ និងរហូតដល់ដំណាក់កាល នៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Tatsuo YAMAZAKI  បានទទួល​ស្គាល់​ពី​កា​រ​រីក​ចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងកត្តាសុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចរឹងមាំ​ក្នុងរង្វង់៧ភាគរយក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

លោកបញ្ជាក់ថា  ផ្អែកលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍទាំងនេះ លោកក៏ដូចជា​អ្នក​វិនិ​យោគិន​ជប៉ុន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការមកដាក់ទុន​វិនិយោគ​នៅកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរ​ខ្លាំង​និងមា​ន​បរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្ត​អ្នកវិនិយោ​គ​បរទេសទាំងអស់ មិនថាតែជប៉ុនឲ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បី​ចំណែក​ធ្វើឲ្យសេដ្ឋកិច្ច កម្ពុជាកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត៕

ដំណឹងល្អៈរដ្ឋាភិបាលបង្កើនទំហំចំណាយដើម្បីពង្រីកការអភិវឌ្ឍជាតិ

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋ ក្នុងរង្វង់ជិត២៣នៃផលទុនជាតិសរុប(ផសស)នៅឆ្នាំ២០១៩ខាងមុខ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិជាតិ ដែលជារបត់ថ្មីមួយ​ដើម្បីរុញកម្ពុជាឆ្ពោះទៅមុខកាន់តែលឿនថែមទៀត។
ក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃការរៀបចំសេចក្តីព្រាងស្តីពី ហិរ​ញ្ញ​វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបា​លនឹងចំណា​យថវិកានៅក្នុងឆ្នាំ២០១៩ ក្នុងរង្វង់ជាង ២៤% នៃ ផសស ដោយសេចក្តីត្រូវការចំណាយថវិកាសរុបថ្នាក់ជាតិក្នុងចំនួនជាង២៣ភាគរយ និងចំណាយសរុបថវិការថ្នាក់ក្រោយជាតិជិត២ភាគរយ ព្រមទាំងរួមការបញ្ចូលឧបត្តម្ភធន ដល់ថ្នាក់ក្រោមជាតិ ០,៧៣ភាគរយនៃផសស។ ចំណែកចំណាយថវិការរដ្ឋក៏ត្រូវកំណត់ក្នុង កម្រិតជិត១៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបផងដែរ។


ក្នុងគំរោងចំណាយទាំងនោះ ការចំណាយសម្រាប់បន្ទុកបុគ្គលិក មានសមាមាត្រស្មើជាង៤៧ភាគរយ នៃចំណូលចរន្តនៃថវិការរដ្ឋ ត្រូវប្រមាណជាង៧ភាគរយនៃផសស នឹងការផ្តោតទៅលើការងារអទិភាព ក្នុងការបង្កើនបៀរវត្សជូនមន្រ្តី រាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់បង្កើនផលិតភាពការងារ និងពង្រី​កការផ្តល់សេវាសាធារណៈ។ ចំណែកចំណាយក្រៅបន្ទុកបុគ្គលិក មានសមាមាត្រស្មើជាង៥២ភាគរយ នៃចំណាយចរន្តថវិការរដ្ឋ ត្រូវប្រមាណជាង៨ភាគរយនៃ ផសស ដោយផ្តោតសំខាន់លើតម្រូវការចំណាយសម្រាប់ការកែទម្រង់នានា និងការអនុវត្តន៍គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយគាំពារសង្គមជាដើម។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ចំណែកវិស័យអទិភាពមួយចំនួន រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិកាជាតិ ទៅតាមវិស័យដូចជា វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណជិត២ភាគរយនៃផសស មានការថយចុះជិត៥ភាគរយ បើធៀបច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៨ ដោយសារក០១៩ារថវិកា ថយចុះជិត៥ភាគរយ ជិត ងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា  ការចំណាយថវិកាសម្រាប់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតថយចុះក្នុងឆ្នាំ២០១៩។ ចំណែកវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណជិត៤ភាគរយ នៃផសស ដោ​យមានកំណើនជិត១១ភាគរយ បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៨។ វិស័យសង្គមកិច្ច គ្រោងចំណាយជាង៥ភាគរយ នៃផសស និងវិស័យសេដ្ឋកិច្ចក៏ត្រូវបានគ្រោងចំណាយ ១,៣០ភាគរយ នៃផសស និងមានកំណើន៣,៨ភាគរយបើធៀបនឹងច្បាប់ឆ្នាំ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលគ្រោងចំណា​យលើមូលធនដល់ប្រមាណ៨ភាគរយ នៃផសស ក្នុងគោលដៅជួយទ្រទ្រង់ផលិតភាពក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចេនាសម្ព័ន្ធ និងជម្រុញក្នុងកំណើនសេដ្ឋកិច្ច ៕

អ៊ុយរ៉ូហ្កាយ បង្ហាញបំណងជូនដល់វិស័យប្រពៃណីកម្ពុជា

0

ភ្នំពេញ៖ ប្រទេសអ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅក្នុងទ្វីបអាមេរិចខាងត្បូង បានបង្ហាញចេតនាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗផ្នែកកសិកម្មដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម សំដៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ (Elsa Nury Bauzan Benzano) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអ៊ុយរ៉ូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីបច្ចេកវិទ្យាទំនើបៗរបស់អ៊ុយរ៉ាហ្គាយ ដែលមានអត្ថប្រយោជន៍សម្រាប់វិស័យប្រពៃណី (វិស័យកសិកម្ម) និងបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចអ៊ុយរ៉ាហ្គាយ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ លើសពីនេះ លោកជំទាវបានស្នើឲ្យកម្ពុជា ពិចារណាប្រើប្រាស់សក្តានុពលកំពង់ផែ Montevideo ជាច្រកពាណិជ្ជកម្ម ដើម្បីនាំចេញទំនិញទៅចែកចាយនៅក្នុងទីផ្សារអាមេរិកខាងត្បូង ដែលមានប្រជាជនជាង ៤០០លាននាក់ ដោយពុំចាំបាច់បង់ពន្ធកំពង់ផែ។

ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ ដែលបានផ្តល់ព័ត៌មានល្អៗដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយរ៉ាហ្គាយ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការពេញចិត្តទាំងស្រុង ចំពោះសំណើរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើកិច្ចសហការជាមួយស្ថានទូតអ៊ុយរ៉ាហ្គាយ លើគម្រោងអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្មនេះ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលទ្ធផលនៃការប្រឹងប្រែងចរចាបើកទីផ្សារថ្មីៗ និងការការនាំចេញទៅកាន់ទីផ្សារសំខាន់ៗនៅក្នុងតំបន់ និងពិភពលោក ដែលមានកំណើនប្រមាណជាង ១៨% ក្នុងចន្លោះឆ្នាំ២០១៦ ដល់ ២០១៧៕

វីឡាប្រណីត​សម្រាប់​អភិជន​ តម្លៃ​ជាង​110​លានដុល្លារ ​ចាប់​ផ្ដើម​សាង​សង់​ហើយ

0

ដោយ ៖ រាវី

ភ្នំពេញ ៖ បន្ទាប់ពី​បានប្រកាស​លក់​គម្រោង​សំណង់​លំនៅដ្ឋាន​បែប​វីឡា​ប្រណីត​លក្ខណៈ Resort សម្រាប់​អភិជន មានតម្លៃ​វិនិយោគ​រហូតដល់​ទៅ 110 លាន​ដុល្លារ ដែលមាន​ឈ្មោះថា The Palms របស់​កំពូល​អ្នកវិនិយោគ​អចលនទ្រព្យ លោក​ឧកញ៉ា សៀ រឹទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ1 បានចាប់ផ្តើម​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​ដើម្បី​អនុវត្ត​ការសាងសង់​ហើយ ក្រោម​វត្តមាន​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ​នឹង​បណ្ដា​អ្នកជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ជាតិ-អន្តរជាតិ ជាច្រើន​នាក់ ។

ផ្អែក​តាម​ការ​ឱ្យដឹងពី​សំណាក់​អ្នកជំនាញ​ផ្នែក​លក់​គម្រោង​ដ៏​មហិមារ​មួយ​នេះ​បាន​លើកឡើងថា ៖ គម្រោង​បុរី​លំនៅដ្ឋាន The Palms ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ​ផាម នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កា​ឡូ។ ហើយ​វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​ផ្ទះ​និមួយៗមាន​ជណ្តើរយន្ត​ផងដែរ ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​សាងសង់​ចំនួន​៣,៧ហិកតា។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើ​ល ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់៤៥ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែលមាន​ឈ្មោះថា The Peak។ ហើយ​គម្រោង​ទាំងពីរ​នេះ ទទួលបាន​ការគាំទ្រ​និង​មាន​ភាពជោគជ័យ​យ៉ាងខ្លាំង។

គួរបញ្ជាក់​ផងដែ​ថា លោក​ឧកញ៉ា សៀ រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group បានបញ្ជាក់​ផងដែរ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palms  នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភា្ជ​ប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។ លោក​បានបង្ហាញ​ពី​ក្ដី​ជឿជាក់​យ៉ាង​ដូច្នេះ​ថា «អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ»៕

អស្ចារ្យ! ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៤ បាន​ផ្លាស់​ប្តួ​រ​មុខមាត់​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មុខមាត់​កម្ពុជា​ពិសេស​ទីក្រុង​ភ្នំពេញ បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដោយសារ​បច្ចុប្បន​ន្ន​នេះ មាន​ក្រុមហ៊ុន​យក្ស​ចិន​ប្រមាណ៤ ទៅ៥ក្រុមហ៊ុន​ប៉ុណ្ណោះ​បាននិងកំពុង​រួមចំណែក​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា។

ក្រុមហ៊ុនធំៗទាំងនោះ​រួមមាន ទី១ Prince Real Estate Group ដែល​បាននិងកំពុង​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ ដូចជា Diamond Condo នៅ​ទីក្រុង​កោះ​ពេជ្រ គំរោង Prince Plaza និង​គំរោង Prince Modern Plaza នៅតាម​មហាវិថី​ព្រះ​នរោត្តម គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សណ្ឋាគារ​កំពស់៦០ជាន់​នៅ​ទល់មុខ​Prince Plaza និង​គំរោង​ជាច្រើន​ទៀត ដែល​បាននិងកំពុង​ចាប់ផ្តើម​នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ​រហូតដល់ ៥០០០លាន​ដុល្លារ​អាមេរិក។

ទី២ ក្រុមហ៊ុន GREEND Land GROUP ដែល​បានប្រកាស​កាលពី​ឆ្នាំមុន ដើម្បី​បោះទុន​វិនិយោគ៧០០០លាន​ដុល្លារ​បន្ថែមទៀត​នៅ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ទិញ​អាគារ​ចំនួន​បី​នៅក្នុង​គំរោង The RIVIERA ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ។ ជាមួយគ្នានេះ​ក្រុមហ៊ុន​នេះ ក៏បាន​វិនិយោគ​លើ​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀតផង​ដែរ។

ទី៣ ក្រុមហ៊ុន R&F Properties បាននិងកំពុង​វិនិយោគ​សាងសង់ R&F City នៅលើ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន ដែលមាន​ទុនវិនិយោគ​រហូតដល់​ជាង ២០០០លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អាគារ​ចំនួន២០ និង​មាន​កំពស់៣៣ជាន់ ដែលមាន​ផ្ទះ​សរុប​ចំនួន​ជាង ៥២០០០យូ​នី​ត ក្លឹប​កីឡា និង​សួនច្បារ​ស្រស់បំព្រង​មួយ​នៅក្នុង​គំរោង​នេះ។

ក្រុមហ៊ុន R&F Properties ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ទាំង១០នៅ​ប្រទេស​ចិន ដែល​បាននិងកំពុង​រៀបចំ​គំរោង​វិនិយោគ​ថ្មី​មួយទៀត នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន ក្រុងភ្នំពេញ។

ទី៤ ក្រុមហ៊ុន SINO PLAZA ក៏​ជា​ក្រុមហ៊ុន​យក្ស​មួយ​របស់​ប្រទេស​ចិន​ផងដែរ ដែល​ក្រុមហ៊ុន​នេះ មិន​ត្រឹម​មាន​ជំនាញ​លើ​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នោះទេ តែ​ជា​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​និង​ល្បីល្បាញ​នៅ​ប្រទេស​ចិន​ផងដែរ។

ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​ធំ​មួយ នៅលើ​ទីតាំង​អតីត​ផ្សារ​បឹងត្របែក ដែលមាន​អាគារ​ចំនួន៦កំពុង​សាងសង់ ដោយ​អាគារ​និមួយៗមាន​កំពស់៤៥ជាន់។ គំរោង​នេះ​ក្រៅពី​មាន​ខុន​ដូ​ប្រណីត ក៏​រួមបញ្ចូល​នូវ​សេវាកម្ម​កំសាន្ត ក្លឹប​ហាត់ប្រាណ ផ្សារ​ទំនើប និង​កា​រិ​លាយ​ល័យ​សម្រាប់​ជួល​ផងដែរ។

ទី៥ ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុន​ចិន​ដ៏​ធំ កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ដើម្បី​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា ចិន​នៅក្នុង​រណប​តេ​ជោ​មរកត ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ផងដែរ។

គេហទំព័រ Propertyarea.asia នឹង​ផ្តល់​បច្ចុប្បន្នភាព​ក្រុមហ៊ុន​យក្ស​ចិន​ជាច្រើន​ទៀត ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​នាពេលឆាប់ៗនេះ៕