សូត្រមាសលើកដំបូងពីមជ្ឈមណ្ឌលស្រាវជ្រាវសូត្របានផលិតចេញហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : សូត្រមាសលើកតំបូង ត្រូវបានផលិតចេញដោយកសិករក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីដំណើរការបង្កាត់ពូជ ទទួលបានជោគជ័យនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេ​ញ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រជាលើកដំបូង នៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ កក្កដាកន្លងមកថា ផលិតផលសូត្រលើកដំបូ​ងត្រូវបានផលិតចេញរួចហើយ ដោយសិល្បករ និងសហគ្រិនក្នុងខេត្តកំពង់ស្ពឺ។ លោកបន្តថា ដំនើរការផលិតសូត្រនៅកម្ពុជាមានលក្ខណៈជាប្រពៃណី ប៉ុន្តែមិនសូវទទួលបាន​ជោគជ័យនោះទេ ហេតុនេះទើបយើងបង្កើតមជ្ឈមណ្ឌលនេះឡើង ដោយប្រើប្រាស់ធន​ធានមនុស្សដែលទទួលការបណ្តុះបណ្តាលពីប្រទេសថៃ។


លោកបន្តថា “យើងចង់ឲ្យដំនើរការនេះមាននិរន្តរភាព តាមរយៈមនុស្សដែលមាន ​3H ដែល H1 គឺ Head សំដៅដល់អ្នកមានការគិតពិចារណាច្បាស់លាស់ H2 គឺសំដៅលើអ្នកមានឆន្ទៈនិងក្តីស្រលាញ់ច្បាស់លាស់ និង H3 គឺសំដៅដល់ការប្រើប្រាស់ដៃដើម្បីបង្កើ​តសកម្មភាព និងមានការប្តេជ្ញាចិត្តខ្ពស់”។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា នៅកម្ពុជាបាននាំចូលសូត្រ ៣០០តោន និង​មានតម្លៃ ៣០លានដុល្លារដើម្បីយកមកប្រើប្រាស់ ដើម្បីផលិតជារបស់ប្រើប្រាស់នានា ខណៈការផលិតក្នុងស្រុកធ្វើបានប្រមាណ១ភាគរយប៉ុណ្ណោះ។ លោកបន្តថា យើងចង់ឲ្យការងារនេះមាននិរន្តរភាព និងមានអ្នកផលិត មានអ្នកស្រាវជ្រាវច្បាស់លាស់ ដើម្បីធ្វើឲ្យ​ការផលិតសូត្រពីលក្ខណៈគ្រួសារ ទៅជាការផលិតមួយមានលក្ខណៈឧស្សាហកម្ម និងអាចកាត់បន្ថយការនាំចូលពីបរទេស។


លោកបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានក្រុមការងារនិងយុវជន វ័យក្មេងប្រមាណ៤០នាក់ ដែលពួកគេទទួលបានការបណ្តុះបណ្តាលពីប្រទេសថៃ ចុះអប់រំនិងបណ្តុះបណ្តាលកសិករគំរូនៅតាមបណ្តាខេត្ត ដើម្បីឲ្យពួកគេមានចំណេះដឹងជាមូលដ្ឋាន និងអាចធ្វើឲ្យដំណើរការផលិតរបស់ពួកគេទទួលបានជោគជ័យ ហើយកសិករទាំង​នោះនឹងក្លាយជាជនបង្គោល ដើម្បីបណ្តុះបណ្តាលអ្នកដទៃទៀត ដែលចង់ផលិតសូត្រយកធ្វើជាមុខរបរ ដែលអាចធ្វើឲ្យជីវភាពពួកគេមានភាពប្រសើរឡើង៕

អស្ចារ្យ : ជប៉ុននឹងវិនិយោគបង្កើតសួនសត្វសាហ្វារីដ៏ធំមួយនៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ: រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្រុមហ៊ុនជប៉ុនដើម្បីរៀបចំវិនិយោគបង្កើតសួនសត្វដ៏ធំមួយនៅតំបន់ព្រៃភាគខាងជើងប្រទេស នៅក្នុងទឹកដីនៃខេត្តព្រះវិហារ។


លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD.ស្តីពី «ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃកាលពីថ្ងៃទី២៨ កក្កដាកន្លងមកថា គុណតម្លៃសំខាន់បំផុតបីចំណុចនៃការវិនិយោគនេះដែលរាជបណ្ឌិត្យសភាកម្ពុជា មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដូចជា ទី១  – ទេសចរណ៍ធម្មជាតិ មានសត្វ និង ព្រៃឈើ ទី២ – ទេសចរណ៍វប្បធម៌ មានឡស្លដែកដែលបន្សល់ទុកមកតាំងពីសម័យមុនអង្គរ និងវប្បធម៌ជនជាតិកួយខេត្តព្រះវិហារ
ទី៣ – ទេសចរណ៍សិប្បនិម្មិត ក្នុងនោះនឹងមានបង្ហាញជាលក្ខណៈទេសចរណ៍បែបផលិតផល មានន័យថាអ្នកទេសចរនឹងបានឃើញទាំងតម្លៃធម្មជាតិ ជាមួយនឹងផលិត​ផលផ្សេងៗ ដែលផលិតនៅក្នុងតំបន់ឧទ្យានដោយផ្ទាល់ ហើយនៅឧទ្យានអាចនឹងមានខ្សែរ៉ត សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ទស្សនាតំបន់សួនសត្វ និង ព្រៃធម្មជាតិដ៏ស្រស់បំព្រងផងដែរ។


លោក គីណូស៊ិតា សូរី ប្រធានក្រុមហ៊ុន B.M. Nature Safari Co. LtD. បានបង្ហា​ញពីឆន្ទៈក្នុងការថែរក្សាសម្បត្តិធម្មជាតិ ហើយលោកបានបន្ថែមថា នៅពេលនេះយើងនៅមានពេលវេលា ក្នុងការថែរក្សាការពារព្រៃធម្មជាតិ សត្វព្រៃ ដូច្នេះយើងត្រូវរួមសហការគ្នា ដើម្បីជំរុញឱ្យព្រៃឈើនិងសត្វព្រៃនានាបន្តមានវត្តមានបន្តទៀត។ លោកនឹងនាំយកបច្ចេកវិទ្យាទំនើបរបស់ជប៉ុនមកជម្រុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាននេះ ឱ្យត្រូវកម្រិតស្តង់ដាល្អ និងធំបំផុតមិនធ្លាប់មានពីមុនមកនៅកម្ពុជា ហើយកន្លងមកក្រុមហ៊ុនបានសហការបង្កើតសួនសត្វប្រភេទនេះ នៅបណ្តាប្រទសជាច្រើន ពិសេសនៅទ្វីបអាហ្រ្វីករួចហើយដែរ។
ទន្ទឹមគ្នានោះដែរ ក្រុមការងារឧទ្យានឫស្សីត្រឹប ដឹកនាំដោយលោក សូត្រ សំណាង បានបង្ហាញពីភាពជឿជាក់លើលទ្ធភាព និងឆន្ទៈរបស់ក្រុមហ៊ុនជប៉ុន B.M. Nature Safari Co. LtD. ដែលមានបទពិសោធន៍ ក្នុងការបង្កើតសួនសត្វសាហ្វារីជាង១០០ប្រទេសមកហើយ ពិសេសនៅតំបន់អាហ្រ្វិក ហើយអ្នកដែលទទួលផលច្រើនពីការអភិរក្សសត្វព្រៃទាំងនេះ គឺប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។
លោក សូត្រ សំណាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឈប់បរបាញ់សត្វ កាប់ព្រៃ និងដុតព្រៃរានយកដី តែងាកមកជួយការពារ និងថែរក្សាព្រៃវិញ នោះពួកគាត់នឹងទទួលបានផលពីការអភិរក្សយូរអង្វែងតកូនតចៅ៕

អាគារខុនដូ ដ៏ទំនើបកម្ពស់17ជាន់ តំលៃ7 លានដុល្លារ នឹងបង្អួតរូបរាងនៅកណ្តាលក្រុងព្រះសីហនុ 

0

ដោយ : រ៉ាវី

ភ្នំពេញ : ខណៈពេលដែលតម្រូវការទីផ្សារ ខុនដូ និងសណ្ឋាគារ ផ្ទះសំណាក់ នៅក្រុងព្រះសីហនុនៅតែមានការកើនឡើងខ្ពស់ ក្រុមហ៊ុនក្នុងស្រុក ដែលល្បីឈ្មោះលើការវិនិយោគសង់បុរី ផ្ទះល្វែង ពុះដីឡូត៍លក់នៅរាជធានីភ្នំពេញ RN VIP បានប្រកាសបោះទុនជាង៧លានដុល្លារ ជាមួយនឹងការចាប់ផ្តើមដំណើរការបុកគ្រឹះសាងសង់ផងដែរ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។

លោក វ៉ន វណ្ណៈ ម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោមភាគហ៊ុនធំ២នាក់ប្រចាំក្រុមហ៊ុនបានអះអាងថា ហេតុផលដែលក្រុមហ៊ុនបានងាកពីការវិនិយោគលើគម្រោងសង់បុរីនៅរាជធានីភ្នំពេញ ហើយបោះទុនសង់អគារកម្ពស់ខ្ពស់ដើម្បីរំលេចជាសណ្ឋាគារ និងខុនដូរកម្រិតអន្តរជាតិនេះ គឺដោយសារតែលោកមើលឃើញថាសក្ដានុពលនៅខេត្តព្រះសីហនុ មានតម្រូវការខ្ពស់ ទាំងផ្នែកស្នាក់នៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៅមិនគ្រប់គ្រាន់។ លោកថា គម្រោងសង់ខុនដូ និងសណ្ឋាគារបស់ក្រុមហ៊ុន VIP នេះ គ្រាន់តែតម្លៃដីដែលបានទិញនៅចំកណ្ដាលទីប្រជុំជនមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរង្វង់មូលតោពីរនេះ គឺមានតម្លៃជាង២លានដុល្លារហើយ ខណៈដែលការសាង់សង់ស្ថិតក្នុងតម្លៃនៃការប៉ាន់ស្មាននៅឡើយ គឺប្រហែលជាអស់ជាង៧លានដុល្លារ សរុបទាំងទិញដី។


លោក ហម រ៉ន ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន RN VIP មួយរូបដែរក៏បានថ្លែងដែរថា គម្រោងទាំងមូលនឹងចំណាយការសាងសង់ក្នុងរយៈពេល១៨ខែ ប៉ុន្តែវានឹងអាចរួចរាល់មុនផែនការ ដោយសារតែលោកបានកុងត្រាជាមួយស្ថាបត្យករជាតិ និងអន្តរជាតិ ដែលមានឯកទេសច្បាស់លាស់ក្នុងការសាងសង់។ ក្នុងនោះសូម្បីតែការដេគ័រទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ក៏ត្រូវបានបញ្ចូលដោយរចនាបទបែបខ្មែរ និងបែបទាន់សម័យពីបរទេស ដើម្បីអោយមានភាពទាក់ទាញផងដែរ។

លោកថា ក្រោយការសាងសង់ក្រុមហ៊ុននឹងទទួលបានអគារមួយដែលមានទាំងភោជនីយដ្ឋាន ខុនដូស្នាក់នៅ និង Sky Bar នៅផ្នែកខាងលើកម្ពស់១៧ជាន់ ដោយមានបន្ទប់ស្នាក់នៅប្រហែលជាជាង២០០បន្ទប់។ លោកថា នេះគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុននឹងបន្តវិនិយោគលើគម្រោងអគារខុនដូ និងសណ្ឋាគារបែបនេះបន្តទៀត ដោយអាចនឹងខេត្តព្រះសីហនុដដែល ក៏ដូចជានៅខេត្តផ្សេងទៀតដែលមានតម្រូវការអគាខុនដូដូចគ្នានេះ។


ជាមួយនឹងវត្តមានអាគារដ៏ទំនើបមួយនេះ ម្ចាស់ក្រុមហ៊ុនវិនិយោគបានអះអាងថាអគារទាំងមូលក្រោយការសង់រួច នឹងមិនជួលផ្ដាច់មុខឲ្យជនបរទេស ដូចអគារផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុនោះទេ ដោយលោកបានប្រកាសថានឹងទុកជួលដោយផ្ទាល់ឲ្យពលរដ្ឋខ្មែរ និងភ្ញៀវដែលជួលមកស្នាក់នៅ ដោយមិនផ្ដាច់មុខអោយជនបរទេសនោះទេ៕

 

សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក ប៉ះពាល់ដល់ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន

0

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានរាការណ៍ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកកំពុងតែរងផលប៉ះពាល់ដល់ការវិនិយោគដោយផ្ទាល់ពីប្រទេសចិនក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្មសហរដ្ឋអាមេរិកដោយបានធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ។

សារព័ត៌មាន Bloomberg បានដកស្រងពីរបាយការណ៍របស់ ក្រុមហ៊ុន Cushman & Wakefield ដែលបានចេញផ្សាយនៅសប្តាហ៍នេះថា វិនិយោគអចលនទ្រព្យចិនមានចំនួន ៨១ លានដុល្លារ បានធ្លាក់ចុះ ៩៥ ភាគរយ។

សេណារីយ៉ូសង្រ្គាមពាណិជ្ជកម្មនៃប្រទេសទាំងពីរបានទទួលរងផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ។ផលិតផលភាគច្រើនបំផុតនឹងទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ប៉ុន្តែវិស័យឧស្សាហកម្មនឹងត្រូវរងគ្រោះខ្លាំងជាងគេមិនធ្លាប់មានពីមុន និងពិបាកបំផុតសម្រាប់ពេលវេលានេះ ។

របាយការណ៍របស់ក្រុមហ៊ុន Cushman & Wakefield បន្ថែមថា តម្លៃអចលនទ្រព្យពាណិជ្ជកម្មបានធ្លាក់ចុះទៅលើផលិតផល និងទីតាំងភូមិសាស្ត្រ។ ទីក្រុងធំក្នុងពិភពលោក បានទទួលលំហូទុនវិយោគពីបរទេសយ៉ានច្រើននោះ ក៏នឹងអាចធ្លាក់ចុះទៅវិញដោយការមានត្រួតពិនិត្យ និង អនុវត្តច្បាប់របស់ប្រទេសទាំងនោះ។

លោក Xi Jinping ប្រធានាធិបតីនៃប្រទេសចិន បានចេញសេក្តីបំរាមប្រឆាំងទៅនឹងការការពារ
និយមនៅឯពិធីបើកកិច្ចប្រជុំ BRICS នៅក្នុងទីក្រុង Johannesburg កាលពីពេលថ្មីៗនេះ។

លោក Xi និយាយថា យើងគួរតែមានភាពម៉ឺងម៉ាត់ក្នុងការបដិសេធនូវគោលការណ៍ឯកតោភាគី។ សង្រ្គាមពាណិជ្ជកម្មសកលគួរតែត្រូវបានបដិសេធពីព្រោះគ្មានអ្នកឈ្នះ។ ឯកតោភាគីនិយមនិង ការការពារនិយមកំពុងកើនឡើងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាយ៉ាងធ្ងន់ធ្ងរចំពោះពហុភាគីនិយម។ ប្រទេសចិននឹងបន្តអភិវឌ្ឍខ្លួនឯងដោយបើកទ្វារចំហរគ្រប់ពេល៕

​ខេត្តសៀមរាបមានសណ្ឋាគារប៉ុន្មាន? ចង់ដឹងទេ

0

ដោយ : គង់ សូរិយា
ភ្នំពេញៈ ស្របពេលកំណើនទេសចរជាតិ អន្តរជាតិកើនឡើងជារៀងរាល់ឆ្នាំ បានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារលំដាប់ប្រណីត នៅខេត្តសៀមរាបកើនឡើងជាលំដាប់។
តើខេត្តសៀមរាបមានសណ្ឋាគារប៉ុន្មាននាពេលនេះ?

បើយោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបបានរកឃើញថា សណ្ឋាគារ​ប្រណីតនៅ​ខេត្ត​សៀមរាប បាន​កើន​ឡើង​ពី​ ៥,៩៨៧ ​បន្ទប់ កាលពី​ឆ្នាំ​មុន​ដល់ ៦,៧០៩ ​បន្ទប់ នៅ​ឆ្នាំ​ ២០១៧ ​នេះ​សណ្ឋាគារ​កម្រិត​ផ្កាយ​៤ បាន​កើន​ពី៨,១៣២បន្ទប់ ដល់​៨,៩៦២​ បន្ទប់​នៅ​ឆ្នាំនេះ ប៉ុន្តែ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ បាន​ថយ​ចុះ​នូវ​ចំនួន​បន្ទប់​ដែល​កាលពី​ឆ្នាំ​មុន​មាន​ចំនួន៦,៦៩៩ ​បន្ទប់ ធ្លាក់​មក​នៅ​ត្រឹម ៦,១៣១​ បន្ទប់​កាលពីដំណាច់ឆ្នាំមុន ​។
ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ការ​ថមថយ​នូវ​ចំនួន​បន្ទប់​កម្រិត​ផ្កាយ​៥ នេះ មួយ​ផ្នែក​ដោយ​សារ​ការ​ផ្អាក​នូវ​ដំណើរការ​សណ្ឋាគារ​មួយ​ចំនួន និង​សណ្ឋា​គារ​មួយ​ចំនួន​ទំនង​ជា​បាន​បញ្ចុះ​កម្រិត​ផ្កាយ​របស់​ពួក​គេ​។
នាយក​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​ រៀលធី​គ្រុប លោក ប៉ែន សុខគា បាន​ថ្លែងថា​ ​ចំនួន​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ មាន​ការ​កើន​ឡើង​ច្រើន​ធៀប នឹង​ខេត្ត​សៀមរាប ដោយ​យើង​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួ​ន​សណ្ឋាគារ​ថ្មីៗ​ កាន់​តែ​ច្រើន​មាន​ភ្ញៀវ​ចម្រុះទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​និង​ប្រតិភូ​ នានា​។
លោក​បន្ត​ថា “ទោះ​ជា​​យ៉ាង​ណា យើង​សង្កេត​ឃើញ​ថា អ្នក​វិនិយោគ​សាងសង់​សណ្ឋាគារ​ភាគ​ច្រើន​នៅ​កម្ពុជា ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​»​។ លោក​បន្ត​ថា«​ការ​វិនិយោគ​លើ​វិស័យ​នេះ ​មិន​មាន​ផល​ចំណេញ​ខ្លាំង​នោះ​ទេ តែ​មិន​សូវមាន​ហានិភ័យ​ឡើយ ដោយ​សារ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន បន្ត​កើន​ឡើង​»​។
ប្រធានសមាគមសណ្ឋាគារ លោក ឌិន សុមេធារិទ្ឋ បានថ្លែងស្រដៀងគ្នាថា ទីផ្សារសណ្ឋាគារមិនមានអ្វីប្រែប្រួលនោះទេ ដោយសារការប្រកួតប្រជែងកើនឡើង ហើយការមកដល់របស់ភ្ញៀវទេសចរកើនឡើង ក៏មិនបានជួយឲ្យអត្រា​ប្រើប្រាស់បន្ទប់សណ្ឋាគារកើនឡើងគួរឲ្យកត់សំគាល់ទេ ដោយសារការផ្គត់ផ្គង់​កើនឡើងខ្ពស់។
លោកបន្តថា “ទីផ្សារនេះកំពុងធ្វើឲ្យអ្នកវិនិយោគសណ្ឋាគារតូចៗ បង្ខំចិត្ត​បិទទ្វារ ដោយសារការប្រកូតប្រជែង និងកង្វះជំនាញពីអ្នកទាំងនោះ”។
រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន បាន​ថ្លែង​ថា ការ​កើន​ឡើង​នូវ​ភ្ញៀវ​ទេសចរ ក៏​មាន​បញ្ហា​ប្រឈម​ថ្មី​កើន​ឡើង​ផង​ដែរ ពិសេស​នៅ​តំបន់​ឆ្នេរ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា និង​រៀបចំ​ផែនការ​ច្បាស់​លាស់ ទើប​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ លោក​បន្ត​ថា ​“​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ក្នុង​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ដើម្បី​ធ្វើ​បាន​យើង​ត្រូវ​មាន​ប្លង់​មេ​ច្បាស់លាស់​មួយ​រៀបចំ​តំបន់​ អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់​លាស់​ថា តំបន់​​ណា​ជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​តំបន់​ណា​ជា​តំបន់​ឧស្សាហកម្ម តំបន់​ណា​ជា​តំបន់​ឆ្នេរ​ជាដើម​»​៕

ក្រុមហ៊ុនតៃវ៉ាន់បោះទុន១០០លានដុល្លារសាងសង់សណ្ឋាគារកំពស់៥០ជាន់ នៅក្រុងភ្នំពេញ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ : ក្រុមហ៊ុនមួយមានមូលដ្ឋាននៅកោះតៃវ៉ាន់ គ្រោងបោះទុនវិនិយោគ ១០០លាន ដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារប្រណីតកម្រិតផ្កាយ៥ នៅក្នុងសង្កាត់​ទន្លេ​បាសាក់រាជធានីភ្នំពេញ។

គំរោងនេះមានឈ្មោះ GALAXY ដែលមានកំពស់៥០ជាន់ និងស្ថិតនៅខាងក្រោយ​អាគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព៌តមានពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គំរោងនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលរួចហើយ និងសាងសង់នៅពេលឆាប់ៗនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។ វានឹងជាសណ្ឋាគារខ្ពស់ជាងគេ១នៅទីក្រុងភ្នំពេញ នៅពេលគំរោងនេះសាងសង់ចប់ ដោយវាមានកំពស់រហូតដល់២០០ម៉ែត្រ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹង​កាលពី​ពេលថ្មីៗនេះ ដោយបានស្វាគមន៍ចំពោះគម្រោងវិនិយោគដ៏ធំនេះ ខណៈទីផ្សារ​សណ្ឋា​គារ​កំពុងរីកចម្រើននៅកម្ពុជា ដោយសារការចូលមកដល់នៃភ្ញៀវទេសចរណ៍អ​ន្តរជាតិ។លោកបន្តថា ទីផ្សារសណ្ឋាគារនៅរាជធានីភ្នំពេញមានភាពល្អប្រសើរ បើធៀបនឹងខេត្ត​សៀមរាប ដោយសាររាជធានីភ្នំពេញ មានភ្ញៀវចម្រុះទាំងអ្នកទេសចរ ទាំងអ្នកមកចូលរួមប្រជុំ និងអ្នកជំនួញនានា។

លោកបន្តថា “ទោះជាទីផ្សារមានការប្រកួតប្រជែងក្តី តែការវិនិយោគសណ្ឋាគារ​ដែល​មានជំនាញ និងស្តង់ដានៅតែទទួលបានជោគជ័យនៅកម្ពុជា”៕

សម្តេចតេជោ : ខ្ញុំនឹងនាំប្រទេសចេញពីភាពក្រីក្រហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

0

ដោយ : គង់ សូរិយា

ភ្នំពេញ : សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា សម្តេចនឹងនាំ​ប្រទេស​ចេញពីភាពក្រីក្រ ហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ។

ថ្លែងក្នុងពិធីបិទយុទ្ឋនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី២៧ កក្កដា នៅចំពោះមុខ​អ្នកគាំទ្រគណបក្សចំនួន២៥ម៉ឺននាក់សម្តេចតេជោហ៊ុន សែនបានថ្លែងថា នៅដំណា​ក់​កាលចុងក្រោយនេះ កំនើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែអត្រាភាព​ក្រីក្រ​បានធ្លាក់ចុះជាបន្តបន្ទាប់។ យើងនឹងមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីទេ យើង​ត្រូវ​ការ​ពារសន្តិភាព សន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយយើងទាំ​ងអស់គ្នាត្រូវ​ការពារសន្តិភាព។

សម្តេចបន្តថា “រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តបញ្ចុះតម្លៃ​អគ្គិសនីថែមទៀត ហើយប្រាក់ចំណេញដែលបានមកពីការបញ្ចុះតម្លៃអគ្គិសនី នឹង​ក្លាយ​ទៅជាអត្ថប្រយោជន៍សម្រាប់ការដំឡើងប្រាក់ឈ្នួលដល់កម្មករ”។

ជាមួយនឹងទំនុក​ចិត្តលើជ័យជំនះក្នុងការបោះឆ្នោត សម្តេចបានអំពាវនាវឲ្យរោងចក្រ សហគ្រាសត្រៀមរៀបចំការបើកប្រាក់ខែជូនកម្មករ និយោជិតរៀងរាល់២​សប្តាហ៍ម្តង។

តម្លៃអគ្គិសនី និងការដឹកជញ្ជូនខ្ពស់ ព្រមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រ​ឈ​មធំជាងគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានរដ្ឋាភិ​បាលបាននិងកំពុងគិតគូរដោះស្រាយហើយ។

ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥បានដាក់ទិសដៅ​សំខាន់ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំតំបន់ឧស្សាហកម្ម ការ​បណ្តុះបណ្តាលជំនាញ ការបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ឋនៈ និងការបណ្តុះបណ្តាល​ធនធាន​មនុស្សជំនាញ ដើម្បីផ្លាស់ប្តូរទីផ្សារពលកម្មពីអតិពលកម្ម ទៅជាការប្រើ​ប្រាស់​កំលាំងពលកម្មជំនាញ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​ថ្លែងថា គោលនយោបាយដោះស្រាយបញ្ហាតម្លៃអគ្គិសនី ថ្លៃទឹក តម្លៃដឹកជញ្ជូនខ្ពស់នៅតែជា​បញ្ហា​ប្រឈម ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបណ្តើរៗហើយ ប៉ុន្តែ​លទ្ឋផលជាក់ស្តែងមិនអាចមើលឃើញភ្លាមៗនោះទេ ដោយសារវាត្រូវការពេលវេលា​ក្នុង​ការសាងសង់ និងរៀបចំគោលនយោបាយនានា។

លោកបន្តថា “កម្ពុជាកំពុងវិវត្តន៍ទៅមុខជាវិជ្ជមាន ហើយខ្ញុំជឿថាកម្ពុជានឹងក្លាយជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមការចង់បានរបស់​រដ្ឋាភិបាល”៕

ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group កំពុងគ្រងអាណាចក្រអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយនឹងកាតប្រកាសបោះទុនវិនិយោគ រហូតដល់៥០០០លានដុល្លារនៅកម្ពុជា ក្នុងឳកាសខួបបីឆ្នាំដែលក្រុមហ៊ុននេះ ឈានជើងចូលទីផ្សារកម្ពុជាPrince Real Estate Group កំពុងគ្របគ្រងអាណាចក្រជំនួញជាច្រើននៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងសង់អគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន១៣ ទីតាំងនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Prince Real Estate បានសហការជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនផងដែរ ដើម្បីអនុវត្តសាងសងគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះរួមមាន Diamond One, Prince Central Plaza និង Prince Modern Plaza ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនបានសាងសង់ នូវគម្រោងអចលនទ្រព្យលើរទំហំដីទំហំ១ ហិកតា ដែលមានឈ្មោះថា Diamond One ដើម្បីទាក់ទាញប្រជាជនក្នុងស្រុក និងប្រជាជនចិនដោយក្នុងនោះមាន សណ្ឋាគារ Prince Modern Plaza កម្ពស់ ២៧ ជាន់គឺជាគម្រោងលំនៅដ្ឋានមួយ សម្រាប់យុវជននៅតាមទីប្រជុំជន ខណៈដែលអគារកម្ពស់៣៧ជាន់ Prince Central Plaza គឺជាអគារខុនដូដ៏ធំមួយស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

នៅខេត្តព្រះសីហនុក្រុមហ៊ុននេះ បាននិងកំពុងដំណើរការរួមមាន Prince Plaza Center, Modern Plaza,Prince Club Project,Prince Time Hotel និង Koh Ta Kiev។ ជាមួយគ្នានោះ ក្រុមហ៊ុននេះក៏កំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ក្រុហ៊ុន Prince Real Estate នឹងអនុវត្តគម្រោងធំ ៗ ចំនួនបីទៀតនៅឆ្នាំនេះគឺ Prince Cullinan Bay និង Prince City Center នៅក្រុងព្រះសីហនុ និg Prince International Plaza ក្នុងរាជធានីភ្នំពេញ។ គម្រោងឆ្នេរខ្សាច់ Cullinan Bay ត្រូវបានរចនាឡើងជាកន្លែងលំហែកម្សាន្តលើទំហំផ្ទៃដី ២,៦ ហិកតា ។ គម្រោង Prince City Centre នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានខ្នាតអន្តរជាតិសាងសង់លើទំហំដី ១៦ ហិកតា ខណៈដែលគម្រោង Prince International Plaza នឹងត្រូវបានសាងសង់លើផ្ទៃដី ២.៨ ហិចតាហើយត្រូវបានគេរចនាឡើងជាចំណុចកណ្តាលទីប្រជុំជន។

នាពេលអនាគត ក្រុមហ៊ុន Prince Real Estate មានបំណងសាងសង់គម្រោងជាច្រើន និងនាំមកនូវការវិនិយោគបន្ថែមទៀតពីប្រទេសចិន ខណៈទំនាក់ទំនងរវាងកម្ពុជានិងចិនល្អប្រសើរ។ គោលដៅរបស់ក្រុមហ៊ុន Prince Real Estat សម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ នឹងអនុវត្តគម្រោងអោយឈានដល់ទំហំផ្ទៃ ៥លានម៉ែត្រការ៉េនៃតំបន់អភិវឌ្ឍន៍ និងទាក់ទាញអតិថិជនអោយបាន ២០០.០០០ នាក់ និងសមាជិក Prince Club ចំនួន៥០០,០០០ នាក់៕

ភ្ញាក់ផ្អើលៈកាសែតភ្នំពេញប៉ុស្ត៍ត្រូវបានក្រុមហ៊ុន Prince Real Estate Group ទិញយក

0

ដោយ វុត្ថា

ភ្នំពេញ៖ សារព័ត៌មាន AEC News Today បានចុះផ្សាយនៅលើគេហទំព័របស់ខ្លួនថា កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ទៅអោយ ក្រុមហ៊ុនអចនលទ្រព្យដ៏ធំរបស់ចិន ប្រចាំនៅកម្ពុជា គឺ Prince Real Estate Group ដែលមានលោកQiu Guoxing ជាអ្នកគ្រប់គ្រងដោយផ្ទាល់។

សារព័ត៌មាននេះបានចុះផ្សាយថា ត្រឹតែ២ខែ បន្ទាប់ពីអ្នកជំនួញជនជាតិម៉ាឡេស៊ី លោក Sivakuma S Ganapathy បានទិញកាសែតភ្នំពេញប៉ុស្តិ៍ ពីលោក Bill Clough ជនជាតិអូស្ត្រាលី កាសែតដ៏ល្បីនេះក៏ត្រូវបានលក់បន្តទៅឲ្យក្រុមហ៊ុនចិន Prince Real Estate Group  ដែលមានប្រាក់រាប់ពាន់លានដុល្លារ វិនិយោគលើវិស័យអនទ្រព្យក្នុងប្រទេសកម្ពុជា។

កាសែតនេះបានដកស្រងពីប្រភពគួរអោយទុកចិត្តថា “កាសែតដែលមានវ័យចំ​ណា​ស់២៦ ត្រូវបានលក់ទៅអោយក្រុមហ៊ុនចិន Prince Real Estate Group  ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់កម្ពុជា” ។ សារព័ត៌មាននេះបានបញ្ជាក់ថា បើសិនជាការលក់មែននោះ កាសែតដែលចុះផ្សាយជាភាសាអង់គ្លេសដ៏ល្បីនេះ លែងមានទៀតហើយ ដោយជំនួយដោយភាសាចិន”។

អ្នកដែលស្និតជាមួយក្រុមហ៊ុន Prince Real Estate Groupបានប្រាប់សារព័ត៌មាន AEC News Today ថា ចិនកំពុងផ្តោតការពង្រីកទីផ្សាររបស់ខ្លួន ក្នុងប្រទេសកម្ពុជា ខណៈការបោះពុម្ភកែសែតភ្នំពេញប៉ុស្តិ៍នេះ ធ្លាក់ចុះការលក់មកសល់ត្រឹមតែ២០០០ច្បាប់ ក្នុងមួយថ្ងៃ ខណៈរបាយការណ៍មួយចំនួនបានអោយដឹងថា បុគ្គលិកដែលបំរើនៅរោងពុម្ភពេលនេះ ពួកគេធ្វើការតែ៣ទៅ៥ម៉ោងទេ។

ប្រភពស្និតនឹងកាសែតភ្នំពេញប៉ុស្តិ៍បានអោយដឹងថា កាសែតភ្នំពេស្តិ៍នៅពេលពេ​ល មិនមានថៅកែច្បាស់លាស់នោះទេ៕

ក្រសួងដែនដី ផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួនជាង១,៥០០គម្រោងក្នុងដំណាច់ឆមាសទី១

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨ទាំងសមត្ថកិច្ចក្រសួង និងរាជធានី ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន១, ៦៤៣ គម្រោង មានផ្ទៃក្រឡាសំណង់សុរប ៥, ៣៥២, ៤២២ម៉ែត្រការ៉េ មានតម្លៃប៉ានស្មាន២,១៥៣, ២១១,១១៨ ដុល្លារសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បង្ហាញនៅក្នុងបណ្តាញទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នៅក្នុងសប្តាហ៍នេះថា ទុនវិនិយោ​គរបស់វិស័យឯកជនមកពីបរទេស គឺមានចំនួន៨ប្រទេស ស្មើនឹងចំនួន២១គម្រោង មានផ្ទៃក្រឡាសំណង់សរុប៩២៨, ២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ៣៩៤, ៣៣២, ៣០០ ដុល្លារ។

របាយការណ៍បានគូសបញ្ជាក់ថា “កំណើននៃវិស័យសំណង់ ជាសូចនាករមួយទៀត បង្ហាញពីភាពរីកចម្រើនក្នុងវិស័យនេះ ដែលបានកើនឡើង១៤%ដល់ប្រមា​ណជា ១,៧៤២គម្រោង ក្នុងនោះសំណង់លំនៅដ្ឋានមានចំនួនច្រើនលើសលុប ដែលមានរហូតដល់ ៨៥% នៃគម្រោងសាងសង់សរុប”។

វិស័យសំណង់បានរួមចំណែក ជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងខ្លាំងនិងបានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយខែ៕