ព្រមាន : ធនាគារជាតិប្រាប់ពលរដ្ឋឲ្យដាក់ពាក្យប្តឹងក្នុងករណីមានការមិន ទទួលប្រាក់រៀល

0

ដោយ : វុត្ថា
ភ្នំពេញ : ធានាគារជាតិនៃកម្ពុជា បានប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទូទៅដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមិនទទួលប្រាក់រៀលពីម្ចាស់អាជីវកម្មណាមួយនៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា“ការពុំព្រ​ម​ទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់”។
យោងតាមច្បាប់ជាធរមានក្នុងករណី ដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ប្រជាពលរដ្ឋកម្ពុជា អាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរណ៍ណែនាំរទេនោះ ក្រដាសប្រាក់និងកាក់ ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅកម្ពុជា និងមានតេជានុភាពធ្វើការប្រើប្រាស់ដោយសេរី គ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាក់ ក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល”។
មាត្រាទី៦៤ បានចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ”៕

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជ្រើសរើស CBRE Cambodiaជាភ្នាក់ងារ ជួលផ្តាច់មុខ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Eastland Development បានសម្រេចជ្រើសរើសក្រុមហ៊ុន CBRE Cambodia ជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ។


គំរោងនេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ East Commercial Center ជាគំរោងការិយា​ល័យ និងអាផាតម៉ិនទំនើបលើកតំបូងនៅទីក្រុងភ្នំពេញរបស់ Yue Tai Group ដែលមាន​ផ្ទៃក្រឡាទំហំ១៥,០០០ម៉ែត្រការ៉េ។
លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុ​ប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារ​ការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិង​សាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនា​ញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមាន​គោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។
លោកបន្តថា “យើងជឿជាក់ថាការយល់ដឹងផ្នែកបច្ចេកទេសរបស់ CBRE Cambodia និងក្រុមជំនាញផ្នែកផ្តល់សេវាកម្មការិយាល័យ នឹងជួយបំពេញនូវចក្ខុវិស័យ​របស់ East Commercial Center”។
នាយករងនិងជាប្រធានសេវាកម្មការិយាល័យ ប្រចាំក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានប្រសាសន៍ថា គំរោងនេះតំណាងឲ្យភាពបត់បែននិងទាក់​ទាញ និងចំណាប់អារម្មណ៍របស់អាជីវកម្មក្នុងស្រុក ជាពិសេសចំពោះក្រុមហ៊ុននិងសហគ្រិនដែលកំពុងដំណើរការ និងមានភាពរីកចម្រើន។ លើសពីនេះគំរោងនេះនឹងមានការ ​ផ្តល់សេវាកម្មអាផាតម៉ិន សម្រាប់ប្រជាជនក្នុងស្រុក។
លោកបន្តថា “ខណៈពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ កំពុងបន្តមានភាពរ៉ឹងមាំ ទីតាំង និងការផ្តល់សេវាកម្មការិយាល័យដែលមានគុណភាពខ្ពស់ គឺមាន​សារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុន CBRE Cambodia”៕

អាស៊ានដាក់ចេញនូវវិធានការណ៍៥ដើម្បីជំរុញភាពប្រសើរឡើងនៃទេសចរណ៍ក្នុងតំបន់

0

ដោយ : វុត្ថា
ភ្នំពេញ : បណ្តាប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញនូវប្រធានបទចំនួន៥ដើម្បីឆ្ពោះទៅការសម្រេចរួមគ្នា ក្នុងការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេ​សចរណ៍អាស៊ាន។


ស្របពេលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានរយៈពេលពីរថ្ងៃដោយ​ចាប់ផ្តើមកាលពីថ្ងៃទី២០ ដល់២១ មិថុនានេះ អង្គសន្និសីទបានយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់ រួមមាន ទី១ បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក ទី២ ការងារ និងកំណើនសេដ្ឋកិច្ច ៖ តើវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងដូចម្តេចក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយនិរន្តរភាព។
ទី៣ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត។ ទី៤ ការទទួលស្គាល់គុណវុឌ្ឍិអាស៊ានជា គោលដៅអនាគត នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងទី៥ កិច្ចពិភាក្សាអំពី ASEAN MRA-TP វិថីឆ្ពោះទៅកាន់ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឈមណ្ឌលអាស៊ាន-ចិន, មជ្ឈមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ៧០០នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ក្នុងពិធីបើកសន្និ​សីទនេះថា សន្និសីទអន្តរជាតិរយៈពេល២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងអាស៊ានMRA-TP នេះជាទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន សំដៅចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។


លោករដ្ឋមន្រ្តីថោង ខុនក៏បានលើកពីការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (Artificial Intelligence) នាយុគសម័យបដិវត្តឧស្សាហកម្ម៤.០នេះ បានធ្វើឲ្យការងារមួយចំនួនហួសសម័យ (Obsolete) ហើយតម្រូវការការងារ និងជំនាញនៅលើទីផ្សារមានការប្រែប្រួល ទន្ទឹមនឹងការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណាដើម្បីត្រៀមខ្លួនសម្រា​ប់ជំនាញអនាគត ក្នុងនោះទាមទារឲ្យមានការរៀបចំកម្មវិធីសិក្សាមួយ មានភាពរស់រវើក ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត៕

ដំណឹងល្អ : សណ្ឋាគារលំដាប់ពិភពលោក ROSEWOOD បើកសម្ភោធហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : សណ្ឋាគារលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ROSEWOOD បានបើកសម្ភោធជាផ្លូវការនៅរាជធានីភ្នំពេញ ដែលអ្នកជំនាញក្នុងវិស័យនេះបានសម្តែងការអបអរសាទរ ដោយរំពឹងថាសណ្ឋាគារនេះនឹងនាំភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
សណ្ឋាគារនេះស្ថិតនៅជាន់ទៅ២៣ ដល់ជាន់ទី៣៩នៃអាគារវឌ្ឍនៈកាពីតាល់ ដែ​លជា Landmark មួយសម្រាប់ក្រុងភ្នំពេញ។
យោងតាមការប្រកាសព៌តមានរបស់ក្រុមហ៊ុន ROSEWOOD បានឲ្យដឹងថា សណ្ឋា​គារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែប VIP ចំនួ​ន ៣៧ បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយ​គន់ទេ​ស​ភាពក្រុងភ្នំពេ​ញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពល​សម្រាប់វិស័យទេសច​រណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការ​មកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេ​សនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែ​មានភាពប្រសើរឡើង។
សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។


សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា “ឧស្សាហកម្មសណ្ឋាគារ​ក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមាន​ការកើនឡើង”។ អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភា​ពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើ​ដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់”។
បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។
Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចល នទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood & Resorts នៅខេត្ត​សៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែ​ងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និង​ការសម្លឹ​ង​មើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិ​យាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែ​មានភាពទាក់ទាញ។
លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម”។
លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេស​ចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត”។លោកបន្តថា “យើង​គួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តង​ហើយម្តងទៀត”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ស្រដៀងគ្នាថា នៅពេលណាមានការវិនិយោគធំៗ និងម៉ាកសញ្ញាល្បីវាៗបែប
នេះចូលមក វានឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ដោយអាចនឹងទាក់ទាញការវិនិយោ គពីបរទេស និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើន។ នេះជាសណ្ឋាគារដែ​លមានមូលដ្ឋាននៅអាមេរិក ហេតុនេះនៅពេលពួកគេចូលមក ពួកគេនឹងចូលរួមផ្សព្វ​ផ្សា​យពីកម្ពុជា ហើយការប្រកួតប្រជែងនៅក្នុងទីផ្សារជារឿងធម្មតា នៅពេលមានផលិតផល​កាន់តែច្រើន។
លោកស្រីបន្តថា “នៅក្នុងទីផ្សារសេរីការប្រកួតប្រជែងជារឿងធម្មតា ហើយវាបង្ហា ញពីភាពរីកចម្រើន ទើបមានការប្រកួតប្រជែងក្នុងវិស័យនេះ”។លោកស្រីបន្ថែមថា “ស្តង់​ដាសណ្ឋាគារនៅកម្ពុជា ចាប់ពីកម្រិតផ្កាយ៤ដល់ផ្កាយ៥ មានភាពល្អប្រសើរ និងល្បីឈ្មោះនៅកម្រិតអន្តរជាតិផងដែរ”៕

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-ចិនប្តេជ្ញាបង្កើនពាណិជ្ជកម្មដល់៦ពាន់លានដុល្លារ នាឆ្នាំ២០២០

0

ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទ្វេរភាគីឲ្យឈានដល់៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ខាងមុខ ស្របតាមផែនការថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនាពេលកន្លងមក។


នៅក្នុងសេចក្តីប្រកាសព័តមានរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នៅរាជធានីភ្នំពេញ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ភាគីទាំងពីរ បានអបអរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧កន្លងទៅ ដែលសម្រេចបានប្រមាណ៥,៨០០លានដុល្លារអាមេរិក គឺកើនឡើង២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៤,៧៦០លានដុល្លារ។
ភាគីទាំងពីបានរំលេចអំពីវឌ្ឍនភាពសំខាន់ៗ នៃវិស័យពាណិជ្ជកម្មទ្វេភាគីលើការ​ងារទាក់ទងនឹងបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្មការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដែលរួមមាន៖ ផ្លែឈើ និងផលដំណាំផ្សេងទៀត។ ភាគីចិននឹងពិចារណាក្នុងការបង្កើនការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្ម។


លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្ល​ងមកតែងជួយគាំទ្រ ការអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា និងបានកៀងគរវិនិយោគិនឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានសន្យានឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាល៕

ភ្ញាក់ផ្អើល! មនុស្ស១៨លាននាក់ដើរកំសាន្តនៅផ្នៅផ្សារទំនើប​ AEON MALL​ ក្នុងមួយឆ្នាំ

0

ដោយគង់ សូរិយា
​ភ្នំពេញ: អគ្គនាយកក្រុមហ៊ុនផ្សារទំនើបដ៏ធំនៅកម្ពុជាបានអះអាងថា មនុស្សចំនួន​១៨លាននាក់បានដើរកំសាន្តនៅផ្នៅផ្សារទំនើប​AEON MALL1កាលពីឆ្នាំមុន ជាចំនួនដ៏ច្រើន និងលើសការរំពឹងទុក។

​អគ្គនាយកផ្សារទំនើបAEON MALLលោកSheichi Chibaបានថ្លែងឲ្យដឹងក្នុងពិធីបើកសម្ភោធផ្សារទំនើបនេះនាព្រឹកថ្ងៃទី២០ មិថុនានេះថា ចំនួនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសរហូតដល់១៨លាននាក់ បានដើរកំសាន្តនៅផ្សារទំនើបទី១របស់យើង ហើយយើងរំពឹងថា ប្រជាជនកាន់តែច្រើនមកកាន់ផ្សារទំនើបទី១ និងទី២បន្ថែមទៀត ដោយសារទស្សនវិស័យរបស់ផ្សារទំ​នើបAEON MALLនាំមកនូវភាពភ្ញាក់ផ្អើល ភាពរីករាយ និងកាន់តែរំភើប។

​លោកបន្តថា “ផ្សារទំនើបAEON MALL2 ដែលវិនិយោគនៅកម្ពុជា មានភាពទំនើបជាង ប្រណីតជាងផ្សារទំនើបAEON MALLនៅប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី”។

ទាក់ទងនឹងគំរោងផ្សារទំនើបAEON MALL3 លោកSheichi Chibaមិនទាន់បង្ហើបឲ្យដឹងថាសាងសង់នៅពេលណា និងគ្រោងបោះទុនវិនិយោគប៉ុន្មានលានដុល្លា​រនៅឡើយទេ។


​ការមកដល់ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានធ្វើឲ្យផ្សារទំនើបក្នុងស្រុកជាច្រើន ប្រឈមមុខនឹងបញ្ហា ដូចជាផ្សារទំនើបCITY MALL ផ្សារទំនើបដទៃទៀតបានស្ងប់ស្ងាត់អតិថិជន ហើយស្តង់នៃផ្សារទំបនើបមួយចំនួនបានបិទទ្វារជាច្រើន។


​លោកលាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia ដែលតែងតែតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានមានប្រសាសន៍ថា ភាពជោគជ័យនៃផ្សារទំនើបរបស់ជប៉ុន មិនមែនកើតឡើងដោយចៃដន្យនោះទេ ផ្ទុយទៅវិញអ្នកវិនិយោគជប៉ុនមុនមកវិនិ​យោគនៅកម្ពុជា ពួកគេបានសិក្សាច្បាស់លាស់ណាស់លើប្រពៃណី ចំណង់ចំណូលចិត្ត​របស់ប្រជាពលរដ្ឋខ្មែរ សិក្សាពីស្ថានភាពទីផ្សារ និងអំណាចនៃការទិញកើនឡើង និងអ្វី ដែលផ្សារទំនើបក្នុងស្រុកមិនទាន់បំពេញបាននៅឡើយ។
​លោកបន្តថា “ការសិក្សាលើមូលដ្ឋានប្រពៃណី ចំណូលចិត្តនិងអំណាចនៃទីផ្សារបានធ្វើឲ្យក្រុមហ៊ុននេះរកឃើញមូលដ្ឋានមួយ ដែលពួកគេត្រូវបំពេញ ហេតុនេះការទទួ​លបានជោគជ័យរបស់ពួកគេ ឈរលើមូលដ្ឋានមានលក្ខណៈវិទ្យាសាស្រ្តមួយ”៕

អស្ចា្យ! ក្រុមហ៊ុនចិនមួយគ្រោងបោះទុនជាង១ពាន់លានដុល្លារបង្កើតតំបន់កំសាន្តលំដាប់ពិភពលោកនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ: ខេត្តព្រះសីហនុនឹងមិនមានតែទឹកសមុទ្រខៀវស្រងាត់ ដើម្បីងូតនោះទេ តែខេត្តនេះនឹងមានភាពទាក់ទាញថែមទៀត ដោយក្រុមហ៊ុនSV Interationalនឹងបោះទុនជាង១ពានលានដុល្លារ ដើម្បីសាងសងរមណីយដ្ឋាន Wisney Resort Cityលំដាប់ពិភពលោកមួយនៅខេត្តនេះ​។ 

គម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន​ Wisney Resort Cityដែលមានទីតាំងនៅក្រុងព្រះសីហនុ នៃខេត្ដព្រះសីហនុ ត្រូវបានសម្ភោធជាផ្លូវការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្យ ក្រោមវត្តមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

គំរោងនេះនឹងវិនិយោគរួមគ្នាដោយក្រុមហ៊ុនSV Internationalដែលមានមូលដ្ឋាន​នៅប្រទេសចិន និងSMC Internationalដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

តាមគំរោងប្រកាសដោយថ្នាក់ដឹកនាំក្រុមហ៊ុននេះបានឲ្យដឹងថា គម្រោងដ៏ធំរួមមារមណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារជាដើម នឹងបដិសណ្ឋារកិច្ចនៅក្រុងព្រះសីហនុ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងទុនវិនិយោគសរុបរហូតដល់ទៅជាងមួយពាន់លានដុល្លា គម្រោងនេះពិតជាទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនថែមទៀត។ នេះក៏ការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជាដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ៧ភាគរយជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។ ដោយឡែក វិស័យទេសចរណ៍ ក៏កំពុងរីកចំរើនយ៉ាងខ្លាំង។ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលត្រូវបានស្ដារឡើងវិញឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នានៅពាសពេញប្រទេស  ធ្វើឲ្យការធ្វើដំណើរនិងដឹកជញ្ជូន កាន់តែងាយស្រួល។

លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាការពិត ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈម ច្រើនដូចជា៖ កង្វះធនធានមនុស្ស ខ្វះរមណីយដ្ឋានកំសាន្ត      ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម។

ទោះជាយ៉ាងនេះក្តី ក្រោយការបើកទូលាយទីផ្សារ និងការស្វាគមន៍ ការវិនិយោគពីបរទេសរបស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងខ្លាំងក្លា ជាពិសេសវិស័យទេសចរណ៍។ ជាក់ស្តែង យើងឃើញការសាងសង់រម្មណីយដ្ឋាន សណ្ឋាគារ និងកាស៊ីណូនៅក្រុងព្រះសីហនុ ពិតជាមានសន្ទុះខ្លាំងក្លាណាស់។ ចំណែកវិស័យអចលនទ្រព្យ ដីធ្លី និងផ្ទះសម្បែង ក៏មានការលូតលាស់និងមានទីផ្សារយ៉ាងល្អ។

លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនបានបន្តថា ការសម្រេចចិត្តបើករម្មណីយដ្ឋាននៅទីនោះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជាតារះទិសភាគនីរតី នៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយសក្តានុពល ផ្នែកឧស្សាហកម្ម និងទេសចរណ៍ ជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត មានកំពង់ផែរអន្តរជាតិ និងមានអាកាសយានដ្ឋានអន្តរជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា។ ដូច្នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនពិតជាចេញចូល និងស្នាក់នៅក្រុងព្រះសីហនុនេះច្រើន និងចូលសម្រាក និងកំសាន្តនៅទីនេះច្រើនជាមិនខាន៕

រដ្ឋាភិបាលកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋគម្រោងអភិវឌ្ឍលំនៅសម្រាប់អ្នកមានជីវភាពមធ្យម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋាន ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក្រោ មមធ្យម ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមានលំនៅដ្ឋានរស់នៅសមរម្យ និងប្រកបដោយ​សេចក្តីថ្លៃថ្នូរ។

លោកសំ វង្សី ប្រធានអង្គភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងសិក្ខាសាលាផ្សព្វផ្សា​យស្តីពី ការដាក់សំណើរគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះថា ដើម្បីជៀសវាងការរៀបចំឯកសារគំរោងមិនត្រឹមត្រូវ និងការជៀសវាងការខាតពេលវេលា នៅក្នុងដំណាក់កាលនៃការរៀបចំឯកសារ គឺត្រូវបង្ហាញសមត្ថភាពអ្នកសំណើរគម្រោង មានលក្ខណៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ រួមមានឯកសារទស្សនទាន បញ្ជីគម្រោ​ងសក្តានុពល គម្រោងលំអិតលើផ្នែកបច្ចេកទេស និង ព៌តមានលំអិតអំពីគម្រោង មុននឹងចាប់ផ្តើមសាងសង់គម្រោងនោះឡើង ។

លោកបន្តថា “ក្រុមហ៊ុននោះត្រូវជានីតិបុគ្គល ដែលបានចុះបញ្ជីរនៅកម្ពុជា នឹងត្រូវអនុញ្ញាត្តិសាងសង់លំនៅឋានយ៉ាងតិច១០០ឯកតាឡើង ត្រូវមានទីធ្លា និងបរិស្ថានល្អត្រឹមត្រូវ មានទីផ្សារ ឬមជ្ឍមណ្ឌលផ្សេងៗ”។្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋានដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក លោកបន្តថា “គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលមានលំនៅដ្ឋានចាប់ពី១០០ឯកតា ត្រូវមានទីតាំងចម្ងាយ២០គីឡូ​ម៉ែត្រពីរាជធានី ក្រុងនឹងត្រូវលក់ក្នុងតម្លៃចន្លោះពី១៥,០០០ដុល្លារ ទៅដល់៣០,០០០ដុល្លារងាមេរិក។

ជាមួយគ្នានេះអ៊ុង លុយណា អនុប្រធានប្រចាំការនៃក្រុមការងារបច្ចេកទេស ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ រាជរដ្ឋាភិបាលចង់ឲ្យប្រជាប្រពលរដ្ឋ ដែលពុំទាន់មានផ្ទះសម្បែងមានលំនៅឋានមួយរស់នៅសមរម្យ គឺការជម្រុញបត់បែនទៅតាមជំហ៊ានរីកចម្រើន ក៏ដូចជាការកាត់បន្ថយសេវាសាធារណៈឲ្យកាន់តែប្រសើរ ការកាត់បន្ថយអសន្តិសុខ ការពង្រីកវប្បធម៌ សាមគ្គីធម៌ឲ្យកាន់តែទូលាយផងដែរ។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឯកឧត្តម រស់ សីលវ៉ាបានលើកឡើងថា គោលបំណងនៃគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយ។

លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយនេះ គឺសំដៅរួមចំណែកទ្រទ្រង់ដល់សកម្ម​ភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចន្ទល់កំណើនសេដ្ឋកិច្ច ព្រមទាំងក្លាយជាផ្នែកមួយនៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោលនយោបាយសម្រា​ប់គាំទ្រការអនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍប្រទេសរយៈពេលវែង”៕

ធ្វើដូចម្ដេច ទើបអាចទិញអចលនទ្រព្យទទួលបានចំណេញ ?

0

ចំណេះដឹងខ្លីៗ

ភ្នំពេញ ៖ ជាទូទៅ ចំពោះការទិញអចលនទ្រព្យតែងត្រូវបានគេរំពឹងថា នឹងអាចទទួល​បាន​ផល​ចំណេញនាពេលខាងមុខ ប៉ុន្តែប្រសិនបើអ្នកទិញមិនចេះពីរបៀប​នៃការទិញ​វិញ ក្រៅពីមិនបានចំណេញ ថែមទាំងប្រឈមនឹងភាពខាតបងក៏មានដែរ។ បើដូច្នេះ តើគួរទិញអចលនទ្រព្យយ៉ាងដូចម្ដេចទើបមិនជួបហានិភ័យ និងអាចទទួលបាន​ចំណេញ​ច្រើននៅពេលអនាគត់?

អ្នកជំនាញបានក្រើនរំលឹក និងផ្តល់ជាគន្លឹះយ៉ាងដូច្នេះថា ប្រសិនបើចង់ចំណេញ​នៅ​លើ​ការវិនិយោគវិស័យអចលនទ្រព្យលុះត្រាតែអ្នកទិញត្រូវមានភាពវ័យឆ្លាត និងចេះ​ក្តាប់​ឱកាសមាសឱ្យបាន ។

ទិញអចលន្រព្យដែលកំពុងជាប់បំណុល ៖ ម្ចាស់បំណុលដែលបានលង់ខ្លួនយក​អចលនទ្រព្យ​ទៅ​បញ្ចាំដើម្បីខ្ចីលុយពីធនាគារ ឬពី​ឯកជន នោះមានន័យថា ពួកគាត់​កំពុង​តែផុងខ្លួនទៅក្នុងស្ថានភាពអាក្រក់ ខណៈ​ដែល​​គ្មានលទ្ធភាពបង់ នោះម្ចាស់​បំណុល​អាចនឹងរឹបអូសអចលនទ្រព្យ​ដែលជាទ្រព្យ​បញ្ចាំនោះទៅប្រកាសលក់បន្ទាន់​ក្នុងតម្លៃមួយទាបជាងទីផ្សារ ឬម៉្យាងទៀតកូន​បំណុល​​ដែលជាម្ចាស់ អាចសុំឱ្យម្ចាស់​បំណុលស្វែងរអតិថិជនមកទិញទ្រព្យ​បញ្ចាំរបស់​ខ្លួនក្នុងតម្លៃថោក។ ប្រការនេះ អ្នកអាច​មានឱកាសទិញបានអចលនទ្រព្យ​ដែលមាន​តម្លៃ​ថោក សម្រាប់លក់ចេញ​វិញនៅពេលអនាគត់ក្នុងតម្លៃខ្ពស់ ដែលអាចទទួលបាន​ចំណេញច្រើន ។

ទិញអចលនទ្រព្យនៅពេលដែលត្រូវការលក់បន្ទាន់ ៖ គួរទិញអចលនទ្រព្យណាដែល​គេកំពុងត្រូវការលក់ ហើយគួរលក់ចេញវិញនៅពេល​ដែលគេត្រូវការទិញ។ នៅពេល​ដែល​គេត្រូវការលក់ មានន័យថា គេប្រាកដជាត្រូវការ​លុយជាចាំបាច់ ដូច្នេះគេអាច​លក់នៅក្នុងតម្លៃមួយថោក ឬទាបជាងតម្លៃទីផ្សារ​យ៉ាង​ប្រាកដ។ ខណៈនេះ អ្នកអាច​ទិញ​បានយ៉ាងស្រួល និងមានឱកាសទទួលបាន​ចំណេញ​ខ្ពស់នៅពេលថ្ងៃអនាគត់។​ ការលក់អចលទ្រព្យបន្ទាន់ អាចជាអ្នកមាន​តម្រូវ​ការផ្លាស់ប្ដូរលំនៅដ្ឋាន អ្នកដែលមាន​វិបត្តិបំណុល អ្នកដែលត្រូវការលុយដើម្បីទិញ​អចលនទ្រព្យនៅទីតាំងថ្មីដែលគិតថា​ល្អជាងជាដើម ។

ទិញអចលនទ្រព្យដែលមិនទាន់កែច្នៃ ៖ អចលនទ្រព្យដែលមិនទាន់កែច្នៃ រួមមាន​ដូចជា ផ្ទះចាស់ៗ ដីបឹង ដីប្រឡាយ ដីលិច​ទឹក ដីព្រៃ …ដែលមើលទៅមិនទាន់គួរជាទី​ចាប់អារម្មណ៍ និងមានបរិយាកាសមិនល្អ និងមិនសូវមានមនុស្សរស់នៅជុំវិញជាដើម។ អចលនទ្រព្យប្រភេទនេះ មិនទាន់មាន​តម្លៃខ្ពស់នោះទេ ដោយសារតែវាមិនទាន់​សោភ័ណភាព។ ទាំងអស់នេះ អ្នកអាចទិញ​វាយកមកកែច្នៃ កែលម្អបន្ថែម ដូចជាកាប់​ឆ្កា​ព្រៃ ចាកដីបន្ថែម តុបតែងលម្អឱ្យក្លាយ​ជា​លំនៅដ្ឋានគួរជាទីរស់នៅ ហើយធ្វើការ​លក់​ចេញវិញក្នុងតម្លៃមួយដែល​អាចប្រកួត​ប្រជែង​នៅលើទីផ្សារបាន នោះអ្នកនឹង​ទទួល​បានចំណេញកប់ក្តោងយ៉ាងប្រាកដ។

ទិញអចលនទ្រព្យដែលមានទីតាំងឆ្ងាយពីទីប្រជុំជន ៖ ចំណុចនេះ អ្នកអាចចំណាយ​ពេល​យូរបន្តិចក្នុងការទទួលបានចំណេញ ។ អចលនទ្រព្យ ដែលមានទីតាំងនៅឆ្ងាយ តែងមានតម្លៃថោក ហើយនឹងអាចកើនតម្លៃថ្លៃទ្វេដងនៅពេលដែលគម្រោងអភិវឌ្ឍ​រីកសាយភាយទៅដល់ ។ អចលនទ្រព្យដែលស្ថិតនៅតំបន់ក្រុងវាមានតម្លៃថ្លៃ​ខ្ពស់​ណាស់​ទៅហើយ ដែលអាចនិយាយបានថាតម្លៃឡើងកប់ពិដាន និងមិនអាចបន្ត​ឡើង​ទៀតបាននោះទេ។ ដូច្នេះការទិញអចលនទ្រព្យនៅឆ្ងាយពីក្រុងបន្តិចអាច​នៅសល់​គម្លាយ និងទទួលបានចំណេញច្រើន ប៉ុន្តែក៏មិនគួរទិញទីតាំងដែលស្ថិតនៅ​ឆ្ងាយពី​ក្រុង ឬទីប្រជុំជនពេកនោះដែរ ពីព្រោះការពង្រីកគម្រោងអភិវឌ្ឍមិនអាចឈានទៅ​ដល់ក្នុងពេលដ៏ខ្លីនោះទេ ។ ភាគច្រើន អ្នកវិនិយោគនៅលើវិស័យអចលនទ្រព្យ​តែង​ប្រើវិធីសាស្ត្រ ដូចជា មានលុយតិចទិញដីនៅជាយក្រុង ឬជាយតំបន់ទីប្រជុំជន លុះនៅ​ពេលដែលអាចលក់ទទួលបានចំណេញកើនធនធានច្រើន នោះគេនឹងវិល​ត្រឡប់​ចូលមកវិនិយោគនៅក្នុងតំបន់ក្រុងវិញ និងបន្តពង្រីកវិសាលភាពនៅតាម​តំបន់មួយចំនួនទៀតដែលមានសក្ដានុពល និងស្ថិតនៅក្បែរក្រុងជាដើម ៕

សម្តេចតេជោ៖ ខេត្តតាកែវ មានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ទុកខេត្តតាកែវ ជា​ខេត្តមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ហើយសម្តេចរំពឹងថា ក្រោយពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួចនឹងមានរោងចក្រកាន់តែច្រើនវិនិយោគក្នុងខេត្តនេះ។

សម្តេចបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង១៧,០០០នាក់ មកពីបណ្តារោងចក្រនានាក្នុងខេត្តនេះ នាព្រឹកថ្ងៃទី២០ មិថុនានេះថា ខេត្តតាកែវមាន​សក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាសនា​នា។ សម្តេចបានកត់សំគាល់ផងដែរថា ខេត្តតាកែវបច្ចុប្បន្នមានភាពខុសប្លែកពីខេត្តនេះ​កាលពីទសវត្សរ៍ទី៨០ ហើយជំនួបជាមួយកម្មករ និយោជិតនាព្រឹកថ្ងៃនេះ ជាការបង្ហាញពី​ការរីកចម្រើនរបស់ខេត្ត។

សម្តេចបានបន្តទៀតថា “សម្តេចពិតជាសប្បាយរីករាយ ដែលគោលនយោបាយពង្រាយរោងចក្រ មកតាមបណ្តាខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ”។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសិក្សាពង្រីកផ្លូវជាតិលេខ២ ចាប់ពីពីរគន្លងរថយន្ត ទៅ៤គន្លងរថយន្តនាពេលអនាគត ប៉ុន្តែការសិក្សាបញ្ចប់នៅពេលណា និងបើកការ​ដ្ឋានសាងសង់ផ្លូវការមិនទាន់ចាប់ផ្តើមនៅឡើយទេ។

អភិបាលខេត្តតាកែវលោកអ៊ូច ភាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីនេះថា ខេត្តតាកែវកំពុងមានការរីកចម្រើនផ្នែកឧស្សាហកម្ម ដោយបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណ១៤០ ផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តជាង៤០,០០០នាក់ និងផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ៨លានដុល្លារអាមេរិកក្នុងមួយខែ។

លោកបន្តថា “តាមរយៈការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា និងគោលនយោបាយរបស់រដ្ឋាភិបាល លោកសង្ឃឹមថាខេត្តនេះនឹងមានភាពរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀត”។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្លាស់ប្តូរទីផ្សារពលកម្មពី អតិពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់កំលាំងពលកម្មជំនាញ ដែលទាញទាញនិបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន៕