ក្រសួងសេដ្ឋកិច្ច! សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំនើនក្នុងរង្វង់៧ភាគរយរយៈពេល២ឆ្នាំទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ដោយសារ​ស្ថា​នភាពម៉ាក្រូសេដ្ឋកិច្ចឆ្នាំ​២០១៧ មានស្ថិរភាពល្អប្រសើរ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹ​ងថា​នឹងនៅបន្ត​កំ​ណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៨នេះ ដោយសារកំលាំងចលករទ្រទ្រង់​សេដ្ឋកិច្ចនៅតែមានភាពរ៉ឹងមាំ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ក្របខណ្ឌគោល​នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀប​ចំ​សេ​ចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​២០១៩ ​បានឲ្យដឹងកាលពីម្សិលម៉ិញ​នេះថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៧ មានស្ថិរភាពល្អគឺការបន្ត​សម្រេច​បានកំនើ​ន​ប្រមាណ៧ភាគរយ ដោយគាំទ្រដោយកំណើនរឹងមាំនៃវិស័យសំណង់ ការបន្តកំណើននៃ​វិស័យកាត់ដេរ និងវិស័យកសិកម្ម ជាពិសេសការងើបឡើងវិញខ្លាំងលើវិស័យទេសចរណ៍ រួមជាមួយវិស័យលក់ដុំ និងលក់រាយ ។

ជាមួយនឹងកំនើនល្អប្រសើរនៃវិស័យទាំងនេះ ក្រសួងសេដ្ឋកិច្ចរំពឹងថានៅឆ្នាំ២០១៨ និង​ឆ្នាំ​២០១៩ សេដ្ឋកិច្ចកម្ពុ​ជា​ត្រូវបានរំពឹងថា នឹងនៅបន្តកំណើនក្នុងរង្វង់៧ភាគរយ ដែល​ទ្រទ្រង់ដោយមូលដ្ឋានកំណើនស្រ​ដៀងឆ្នាំ​២០១៧ ក្នុងនោះវិស័យកសិកម្ម នឹងបន្តសម្រេចកំ​ណើនយឺតក្នុងរង្វង់១,៨ភាគរយ ដោយឡែកអនុវិស័យដំណាំក៏ត្រូវបានរំពឹងថា មានកំណើន​ប្រមាណ២,២ភាគរយ ព្រោះកត្តាអកាសធាតុអំណោយផល និងភាពប្រសើរឡើងនៃ​ប្រ​ព័​ន្ធ​ធារាសាស្រ្ត ព្រម​ទាំងការបន្តកើនឡើងថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ចំណែកវិស័យឧស្សាហកម្មកម្ពុជា នឹងរក្សា​បានកំណើនរឹងមាំ ក្នុងអត្រា​កំណើនប្រ​ចាំឆ្នាំរង្វង់១០ភាគរយនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០១៩ ដែលគាំទ្រដោយភាពរឹងមាំនៃ​វិស័យសំណង់ និងបន្តកំណើនវិស័យកាត់​ដេរ។ ដោយឡែកវិស័យសំណង់បន្តការរីកចម្រើន នៅក្នុងកំណើនអត្រាកំណើ​នប្រមាណ​១៦,៧ភាគរយ ក្នុងឆ្នាំ២០១៨ និង១៧,៩ភាគរយនៅឆ្នាំ២០១៩។

របាយការណ៍នេះបានព្យាករណ៍ថា វិស័យនេះនឹងនៅរក្សាបានកំណើនក្នុងរង្វ​ង់៥ភា​គ​រយ​​ក្នុងឆ្នាំ​២០១៨ និងឆ្នាំ​២០១៩។ រីឯវិស័យផ្សេងៗទៀតត្រូវបានរំពឹងថា នូវរក្សាបានកំណើ​ន​ល្អដដែលក្នុងរង្វង់១១,៩ភាគរយ ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើន​ខ្ពស់​ក្នុងរង្វង់ប្រមាណ៧ភាគរយផងដែរ។ វិស័យទេសចរណ៍ ក៏ត្រូវបានរំពឹងងើបឡើង ក្នុងអត្រា​កំនើ​ន​៤,៥ភាគរយ វិស័យលើកដុំនិងលក់រាយមានកំណើនរឹងមាំក្នុងអត្រា៧,២ភាគរយ។

ចំណែកអតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រង​បាន ដែលវានឹងមាន​កំនើន​ក្នុងអត្រា៣,៤ភាគរយក្នុងឆ្នាំ២០១៨ និង៣,១ភាគរយនៅ​ក្នុង​ឆ្នាំ​២០១៩។ ចំពោះវិស័យអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រា​ក់​ដុល្លារ ត្រូវរំពឹងមានស្ថិរភាពក្នុងឆ្នាំ​២០១៨ និងឆ្នាំ២០១៩ គឺរក្សាក្នុងរង្វង់៤០៥០រៀល ក្នុងមួយដុល្លារអាមេរិកផងដែរ។

លោកបណ្ឌិតម៉ី កល្យាណប្រធានវិទ្យាកម្ពុជាសិក្សាការអភិវឌ្ឍន៍បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ប៉ុន្តែដើម្បីសម្រេចបានកំណើន៧ភាគ​រយបន្តទៀត ទាមទារឲ្យយើងខិតខំប្រឹងប្រែងច្រើន ព្រោះបើយើងមិនខិតខំទេ យើងមិនអាច​រក្សាបានកំនើនបែបនេះទេ។លោកបន្តថា នៅពេលសេដ្ឋកិច្ចយើងកាន់តែធំ កំណើនអាចថម​ថយបន្តិច ប៉ុន្តែមិនមែនមានន័យថាថយចុះទេ គឺយើងនៅតែរក្សាបានកំនើននិងប្រាក់កាន់តែ​ច្រើន ផ្ទុយទៅវិញបើយើងខិតខំហើយរក្សាបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត ជាអ្វី​ដែលយើងត្រូវទះដៃអបអរសាទរទាំងអស់គ្នាហើយ។

លោកបន្តថា “បើមើលពីសូចនាករ ដែលជាកំលាំងចលករជំរុញសេដ្ឋកិច្ចរបស់យើង​ ខ្ញុំគិតថាសុខភាពសេដ្ឋកិច្ចរបស់យើង នៅតែ​មានភាពល្អប្រសើរសម្រាប់រយៈពេលវែង​បន្ត​ទៀត”៕

តោះទៅមើលសក្តានុពលអចលនទ្រព្យក្នុងខេត្តកំពង់ចាម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុងកំពង់ចាមហាក់ដូចជាគេបំភ្លេចចោលយូរហើយ ដោយសារប្រជាជនខេត្តនេះបានធ្វើចំណាកស្រុកច្រើន ដើម្បីស្វែងរកឧត្តមភាពក្នុងជីវិត ខណៈសក្តានុពលរបស់ខេត្តមិនទាន់ទាញយកមកប្រើប្រាស់ឲ្យអស់សក្តានុពលនៅឡើយ។ ជាខេត្តទើបបានបំបែកជាពីរ ក្នុងអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ខេត្ត​កំពង់ចាម នៅតែត្រូវគេមើលឃើញថា ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចមួយ​ក្នុងចំណោម ខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត។

លោកសៀវ សុផលអតីតភ្នាក់ងារលក់ផ្តាច់មុខបុរីពិភពថ្មីបានថ្លែងឲ្យដឹងតាមទូរ ​ស័ព្ទកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលរបស់ខេត្ត និងជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានជីវភាពធូរធារ ទើបលោកឧកញ៉ាហុង ពីវអគ្គនា យកបុរីពិភពថ្មីបានសម្រេចសាងសង់បុរី ដែលមានលក្ខណៈជាមជ្ឈមណ្ឌលពាណិជ្ជកម្មជា​លើកតំបូងក្នុងក្រុងកំពង់ចាម។

បុរីពិភពថ្មីក្នុងក្រុងកំពង់ចាម សាងសង់លើទំហំដី៣.៥ហិកតា  ដែលមានទីតាំងនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម។

លោកសៀវ សុផលបានបន្តថា គំរោងបុរីពិភពថ្មីសាងសង់ផ្ទះប្រភេទអាជីវកម្មសុទ្ឋ ដែលមានផ្ទះចំនួន២៧០ល្វែង និងលក់ក្នុងតំលៃចាប់ពី៦៨ ០០០ដល់១៨ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក។លោកបន្តថា ខ្ញុំជឿថាគំរោងនេះ នឹងទទួលបានជោគ ជ័យ ដោយសារលោកឧកញ៉ាហុង ពីវអ្នកវិនិយោគគំរោងនេះមានកេរ្ត៍ឈ្មោះល្អ ដែលមានការទទួលស្គាល់ ពីប្រជាពលរដ្ឋជាច្រើនលើគុណភាព សោភ័ណភាពបុរីពិភពថ្មី ដែលបាននិងកំពុងទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន Century21 Cambodia ដែលបានចុះទៅកាន់ខេត្តនេះកាលពីសប្តាហ៍មុនបានថ្លែងថា ដំណើររបស់លោក ដើម្បីពិនិត្យពីគំរោងរបស់អ្នកទិញ Franchise របស់ក្រុមហ៊ុន Century21 នៅខេត្តកំពង់ចាម និងបានឆ្លៀតពេលចុះពិនិត្យទីតាំងរបស់គំរោងនេះ ដែលលោកគ្រោងនឹងបើកសាខា ភោ​ជនីយដ្ឋាន Park Cafe នៅតំបន់នេះ ដោយសារលោកមើលឃើញសក្តានុពលរបស់ខេត្តកំពង់ចាម ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចផងដែរ។

លោកបន្តថា “ខ្ញុំមានគំរោងទិញលំនៅដ្ឋានក្នុងបុរីនេះ ដោយសារវាជាតំបន់មាន​សក្តានុពល និងអាចរកប្រាក់ចំណេញបាន”។លោកបន្តថា “កំពង់ចាមជាក្រុង​មិនទាន់មានការកែច្នៃច្រើននៅឡើយ ជាខេត្តល្អសម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេ​ស ព្រោះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះចំណាយពេលជាង១ម៉ោង​ប៉ុណ្ណោះ”។

ទោះជាយ៉ាងណាលោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Founda tion Appraisals បានថ្លែងឲ្យដឹងផងដែរថា ការអភិវឌ្ឍបុរីនៅក្រុងកំពង់ចាម ដែលជាចំណុចបេះដូងនៃទីក្រុងនេះ មានសក្តានុពល៥០លើ៥០ ដោយសារក្រុងកំពង់ចាមមានមនុស្សរស់នៅតិច និងជាខេត្តទើបបំបែកជាពីរ ដែលធ្វើឲ្យខេត្តនេះអស់ច្រកសេដ្ឋកិច្ច ភ្ជាប់ជាមួយប្រទេសជិតខាងទាំងអស់ ដូច្នេះសក្តានុពលរបស់​ខេត្តហាក់មានកម្រិត។

លោកបន្តថា “ការវិនិយោគបុរីនៅក្រុងកំពង់ចាម អាចធ្វើតូចល្មម មិនគួរធ្វើធំ​ដូចរាជធានីភ្នំពេញទេ ព្រោះរាជធានីភ្នំពេញជាតំបន់ពហុសេដ្ឋកិច្ច និងមានកំណើន​ប្រជាពលរដ្ឋច្រើន”។លោកបន្តថា “ប្រសិនជានិយាយពីទីតាំងបុរីពិភពថ្មី ក្នុងក្រុងកំ​ពង់ចាម វាជាទីតាំងល្អ មិនមានហានិភ័យនោះទេ ប៉ុន្តែអ្វីសំខាន់ត្រូវមើលថា តើទិញ ហើយមានអ្នកជួលឬអត់ តែប្រសិនជាទិញសម្រាប់រស់នៅឬធ្វើអាជីវកម្មខ្លួនឯងជាការល្អ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ការវិនិយោគបុរីឬអចលនវត្ថុនៅក្នុងខេត្តនានាក្រៅពីរាជធានីភ្នំពេញ ជាការលើកកំពស់មុខមាត់ប្រទេស និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចរបស់ខេត្ត ប៉ុន្តែប្រសិនជាមានបុរីណាមួយធ្វើហើយ សូមកុំទៅប្រកួតប្រជែងជា​មួយគាត់អី ដើម្បីកុំឲ្យមានហានិភ័យក្នុងការវិនិយោគ ព្រោះសក្តានុពលនៅតាម​បណ្តាខេត្តមួយចំនួនដូចជាកំពង់ចាម ត្បូងឃ្មុំឬខេត្តតាកែវនៅមានកម្រិតនៅឡើយ។

តំលៃដីក្នុងក្រុងកំពង់ចាម សម្រាប់តំបន់ពាណិជ្ជកម្មស្របតាមផ្លូវជាតិលេខ៧ មានតំលៃចន្លោះ១៥០០ទៅ២៥០០ដុល្លារ និង​ដីលំនៅដ្ឋាន ដីឡូត៍ក្នុងទីក្រុងនេះមានតំលៃចន្លោះពី២០០ ទៅ៥០០ដុល្លារប៉ុណ្ណោះក្នុង​មួយម៉ែត្រការ៉េ។លោកនួន រិទ្ឋីបញ្ជាក់​ឲ្យដឹង។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate បានថ្លែងថា សម្រាប់បច្ចុប្បន្ននេះ មិនថាតែក្រុងកំពង់ចាមនោះទេ គឺយើងឃើញមានអ្នកវិនិ​យោគក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍វិនិយោគនៅតាមបណ្តាខេត្តនានាផងដែរ ប៉ុន្តែសម្រាប់ខេត្តកំពង់ចាម នៅតែជាខេត្តមានសក្តានុពលសេដ្ឋកិច្ច បន្ទាប់ពីសៀម​រាប កំពង់សោម ព្រោះខេត្តនេះមានប្រជាពលរដ្ឋច្រើន ហើយជីវភាពប្រជាពលរដ្ឋ​ក៏​មានភាពល្អប្រសើរផងដែរ។

លោកបន្តថា “ប្រសិនជាមានការអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម នៅក្នុងតំបន់ពាណិ​ជ្ជកម្មរបស់ខេត្ត មិនមានបញ្ហានោះទេ ដោយសារខេត្តនៅសល់ផ្ទះបន្សល់ទុកពីជំនាន់មុនច្រើន ហើយក៏មានតំលៃថ្លៃដែរ ដូច្នេះការមានជម្រើសថ្មីជារឿងល្អប្រសើរ”។

លោកហោ ធារិទ្ឋប្រជាពលរដ្ឋរស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់​ចាមបានថ្លែងថា តំលៃអចលនទ្រព្យក្នុងក្រុងកំពង់ចាម ស្ថិតនៅក្នុងសភាពទ្រឹងក្នុងឆ្នាំនេះ ប៉ុន្តែសក្តានុពលរបស់ខេត្តនៅតែមាន ដោយសារជីវភាពរបស់ពួកគេកាន់តែ​មានភាពប្រសើរឡើង បើទោះជាមានប្រជាជនចំណាកស្រុកច្រើនក៏ដោយ ប៉ុន្តែពួកគេតែងតែចេញចូលទៅមកនៅក្នុងខេត្ត។លោកបន្តថា ការវិនិយោគបុរីពិភពថ្មីនៅក្រុងនេះ មានប្រជាពលរដ្ឋចាប់អារម្មណ៍ច្រើន ប៉ុន្តែប្រជាពលរដ្ឋពួកគេមិនទិញគំរោងនោះទេ ទាល់តែសាងសង់ផ្ទះរួចទើបពួកគេទិញ ដោយសារកាលពីប៉ុន្មានឆ្នាំមុន មានអ្នកមកវិនិយោគប្រមូលប្រាក់រួច ក៏មិនបានសាងសង់លំនៅដ្ឋានតាមការសន្យា ដែលធ្វើឲ្យប្រជាពលរដ្ឋរាងចាល។

លោកបន្តថា “ការលក់បុរីពិភពថ្មីអាចទទួលបានជោគជ័យ តែអាចមានល្បឿ​នយឺត ដោយសារប្រជាពលរដ្ឋមានជីវភាពធូរធារក្នុងខេត្ត បានទិញលំនៅដ្ឋានច្រើន​នៅក្រុងភ្នំពេញរួចទៅហើយ”។លោក​បន្តថា “តំលៃដាក់ចេញរបស់បុរីនេះ ហាក់ខ្ពស់បន្តិច ធៀបនឹងចំណូលប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះបើគិតចំណូលរបស់អ្នកធ្វើការក្នុងខេត្ត មិនខ្ពស់នោះទេ ធៀបជាមួយអ្នកធ្វើការនៅរាជធានីភ្នំពេញ”៕

រដ្ឋមន្ត្រីពាណិជ្ជកម្មនិយាយពីធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា ការកសាងធនធានមនុស្ស និងការពង្រឹងសមត្ថភាពទាំងនៅក្នុងក្របខណ្ឌមន្ត្រីរាជការ និងវិស័យឯកជនជាកត្តាសំខាន់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោ​យនិរន្តភាព។

លោករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី១) ចំនួន ៦១នាក់ និងពិធីបើកវគ្គបណ្តុះបណ្តាល អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ នាំចូល (ជំនាន់ទី២) ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួ​ងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លោកប៉ាន សូរស័ក្តិបានស្នើពួកគេប្រើប្រាស់ចំណេះដឹងថ្មីៗ ដើម្បីចូលរួមជំរុញសកម្មភាពពាណិជ្ជកម្មជាតិ ជាពិសេសទាញយកអត្ថប្រយោជន៍អតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផ្តល់ដោយប្រទេសនានា។

លោកបានបន្តទៀតថា កម្ពុជាបានប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ និងប្រទេសដៃគូចំនួន៦ទៀត និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ព្រមទាំងចរចាក្រោមក្របខ័ណ្ឌអង្គការពា​ណិជ្ជកម្មពិភពលោក (WTO) សំដៅដករបាំងពាណិជ្ជកម្ម សម្រាប់ផលិតផលនាំចេញពីកម្ពុជា ដែលនឹងជួយសម្រួលការធ្វើពិពិធកម្មវិស័យនាំចេញ និងការអភិវ​ ឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យោងតាមទិន្ន័យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់កម្ពុជាកាលពីឆ្នាំ២០០៧​មានទឹកប្រាក់៣,៥២៥លានដុល្លារ ហើយបានកើនឡើងដល់១១,១៤២លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ក្នុងនោះផលិតផលនាំចេញមានដូចជា ទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអេឡិចត្រូនិក ទោចក្រយានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ និងទំនិញកសិកម្មរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយស្រស់ និងប្រេងឆៅ៕

ហុងកុងទទួលបានអតិរេកសារពើពន្ធពីការរីកចំរើនអចលនទ្រព្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋបាលពិសេសក្រុងហុងកុងត្រូវបានព្យាករថា ខ្លួននឹងទទួលបានអតិរេកថវិកាចំនួន១៦៨ពាន់លានយ៉េន ដែលស្មើរនឹង៣០,៨ ពាន់លានដុល្លារពីសារពើពន្ធរយៈពីរឆ្នាំ២០១៧ ២០១៨ ដោយសារតែមានការរីកចំរើនក្នុងទីផ្សារអចលនទ្រព្យ និងផ្សារហ៊ុននៅក្នុងប្រទេសចិន។ នេះ បើយោងតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនគណនេយ្យ PwC ដែលយកមកចុះផ្សាយដោយ Bloomberg។

ប្រាក់ចំណូលខ្ពស់ជាងការរំពឹងទុក ពីការលក់ដីធ្លី និងពន្ធលើអចលនទ្រព្យផ្សេងទៀត បានរុញច្រានសារពើពន្ធរបស់រដ្ឋាភិបាលបានកើនឡើង១០ដង ធៀបនឹងការព្យាករកាលពីមុនមានត្រឹមតែ១៦,៣ពាន់លានយ៉េន។ អតិរេកនេះតំណាងឱ្យ៨,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ហុងកុង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដែលជាតួលេខខ្ពស់បំផុតប្រចាំត្រីមាស សម្រាប់ហុងកុងគិតចាប់តាំងពីឆ្នាំ១៩៩៩មក។

ប្រធានប្រតិបត្តិរបស់ទីក្រុងហុងកុង លោកស្រី Carrie Lam បានច្រានចោលផែនការសម្រាប់ការចំណាយច្រើន ទោះជាអ្នកវិភាគបានដាក់សំណើលើមធ្យោ​បាយសមធម៌សម្រាប់ការចំណាយ។

វិទ្យាស្ថានពន្ធដារហុងកុងបានស្នើឡើង ឲ្យទីក្រុងរដ្ឋបាលពិសេសហុងកុ អាចប្រើអតិរេកនេះ ដើម្បីលុបចោលពន្ឋផ្នែកខ្លះ សម្រាប់អ្នកទិញផ្ទះលើកដំបូង ដែលចង់ទិញអចលនទ្រព្យនៅក្រោម ៦លានដុល្លារហុងកុង។ អ្នកផ្សេងទៀត ដូចជា ក្រុមហ៊ុន PwC បានអំពាវនាវឱ្យរដ្ឋាភិបាល ពង្រីកប្រាក់ឈ្នួលពន្ធ និងបង្កើនការកាត់បន្ថយប្រាក់ឧបត្ថម្ភកុមារ។

លោក Mahamoud Islam សេដ្ឋវិទូនៅ Euler Hermes បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloombergថា រដ្ឋាភិបាលអាចប្រើប្រាស់គោលនយោបាយ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

លោកបានបន្ថែមថា “ការវិនិយោគភ្លាមៗ អាចជាការជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដោយផ្តោតលើការដាក់ទីក្រុងនេះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវរបស់ចិន”។

លេខាធិការហិរញ្ញវត្ថុហុងកុងលោក Paul Chan បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះផងដែរថា ចំពោះតម្រូវការរយៈពេលវែង គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា គឺជាវិស័យមួយដែលយើងនឹងពិចារណាឱ្យបានម៉ត់ចត់ ព្រោះវានឹងជួយដល់ឧស្សាហកម្មជាច្រើន ក្នុងការបង្កើនការប្រកួតប្រជែងរបស់ខ្លួន៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចថាកម្ពុជាកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចល្អ

0

ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ លោកអូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបាន និងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយ​ផល រួមទាំងការលើកទឹកចិត្ត បន្ថែមទៀតដល់អ្នកវិនិយោគិនបរទេស។

ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានថ្លែងក្នុងជំនួប ជាមួយលោក Jun ARI នាយកគ្រប់គ្រងទូទៅនៃសាជីវកម្ម Mitsubishiជប៉ុនកាលពីម្សិលម៉ិញនេះថា កម្ពុជាអាចរក្សាក្នុងកំណើនសេដ្ឋកិច្ចបានល្អ អាស្រ័យមានការចូលរួមចំណែកពីវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាដៃគូយ៉ាងសំខាន់មិនអាចកាត់ថ្លៃបាន ជាក់ស្តែងក្រុមហ៊ុន Mitsubishi ដែលបានដំណើ​រការនៃសាជីវកម្មនៅកម្ពុជា ក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាមួយផ្នែកផងដែរ។

លោកបន្តថា កម្ពុជាមានគោលនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោ​គិនបរទេសឲ្យមកបណ្តាក់ទុនកាន់តែច្រើន”។ លោកបន្តថា “កម្ពុជាក៏មានគោ​​ល​នយោបាយអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ដើម្បីអនុវត្តនូវបរិយាកា​សធុរកិច្ចអំណោយផល ដែលជាការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពជឿជាក់”។

លោក Jun ARII នាយកគ្រប់គ្រងទូទៅនៃសាជីវកម្ម Mitsubishi បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ លើការរៀបចំបរិយាកាសវិនិយោគកាន់តែប្រសើរឡើង និងបានជំរុញឲ្យបេស​កកម្មការងាររបស់លោក ពិសេ​សសាជីវកម្ម មីតស៊ូប៊ីស្សី ទទួលបានជោគជ័យដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អ៊ិល ស៊ីលោកអ៊ិន ចាន់នីបាន​ថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជា ពិតជាមានភាពកាន់តែល្អប្រសើរ ដោយកម្ពុជាមានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋវិនិយោគ១០០ភាគរយនៅប្រទេសរបស់ខ្លួន ច្បាប់ពន្ឋរបស់កម្ពុជាមិនមានភាពស្មុគ្រស្មា​ញ និងការផ្ទេរសាច់ប្រាក់ចេញដោយមិនកាត់ពន្ឋ សុទ្ឋតែជាផ្នែកសំខាន់ៗដែល​បានទាក់ទាញអ្នកវិនិយោគអន្តរជាតិឲ្យមកវិនិយោគនៅកម្ពុជា។

លោកបន្តថា “មិនមានប្រទេសច្រើនទេ ដែលអនុញ្ញាត្តឲ្យជនបរទេសវិនិយោគ១០០ភាគរយ បើកក្រុមហ៊ុននៅប្រទេសរបស់ខ្លួន”៕

ស្វែងយល់ពីមហាយក្សចិន ៖ តើចិនតភ្ជាប់បណ្តាញផ្លូវដែកដើរទៅមុខដូចម្តេចក្នុងគំរោងផ្លូវសូត្រ

0

ដោយ វុត្ថា

ភ្នំពេញ៖ តើចិនតភ្ជាប់បណ្តាញគមនាគមន៍យ៉ាងដូចម្តេ​ច ពិសេសខ្សែរថភ្លើងឆ្លងកាត់តំបន់ ដើម្បីពង្រីកគោលនយោបាយផ្លូវសូត្រ (ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)របស់ខ្លួន។

តាមការពិតបណ្តាញដឹកជញ្ជូនតាមផ្លូវដែករបស់ចិន កំពុងបោះជំហានទៅមុខ និងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញឆ្លងដែនថ្មី ចាប់តាំងពីរដ្ឋាភិបាលនៃប្រ​ទេ​សចិនដាក់ឲ្យដំណើរគោលនយោបាយ ផ្លូវមួយ និងខ្សែក្រវ៉ាត់ (Belt and Road Initiative) កាលពីឆ្នាំ២០១៣។

យោងតាមសាជីវកម្មផ្លូវដែករបស់ប្រទេសចិនបានឱ្យដឹងថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៧រថភ្លើងដឹកទំនិញជាង២០គ្រឿង បានរត់ជារៀងរាល់ថ្ងៃរវាងតំបន់អាស៊ីកណ្តាល និងប្រទេសចិន ហើយចាប់តាំងពីឆ្នាំ២០១៣ មកប្រទេសចិនបានដាក់ដំណើរការតភ្ជាប់ បណ្តាញពាណិជ្ជកម្មជាង៥០ជាមួយបណ្តាប្រទេ​សនៅអាស៊ីកណ្តាល និងអឺរ៉ុបដើម្បីបង្កើនពាណិជ្ជកម្ម និងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច។

ប្រធានាធិបតីនៃប្រទេសចិន លោក Xi Jinping បាននិយាយកាលពីកន្លងទៅថា “យើងសូមស្វាគមន៍គ្រប់ប្រទេសទាំងអស់ នៅតាមបណ្តោយផ្លូវទាំងនៅក្នុងតំបន់អាស៊ី មិត្តភក្រ និងដៃគូទាំងអស់នៅក្នុងពិភពលោក ចូលរួមជាមួយគោលនយោបាយ Belt and Road Initiative (BRI) សម្រាប់តភ្ជាប់សេដ្ឋកិច្ច ដើម្បីទទួលបានការផលប្រយោជនស្មើរៗគ្នា”។

លោកប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះបានបន្តថា BRI នឹងជួយប្រទេ​សនានា ឱ្យរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងបង្កើតផែនការបន្ថែមដោយគ្មានចេត​នានៃការជំនួសយន្តការ ឬគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ BRI បានក្លាយទៅជាការពិតដោយ គិត

ត្រឹមខែធ្នូឆ្នាំ២០១៧ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ​បត្តិការជាង១០០ជាមួយបណ្តាប្រទេសចំនួន៨៦ និងអង្គការអន្តរជាតិនានាជាច្រើនទៀត៕

តើតំបន់ភាគពាយ័ព្យមានសក្តានុពលយ៉ាងដូចម្តេចលើវិស័យអចលទ្រព្យ

0

ដោយដួង ចន្រ្ទា

ភ្នំពេញ៖ ខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាងកកប្រទេសថៃ ទំនងវាមិនត្រឹមតែជាការស្រម័យទេ ព្រោះបណ្តាញផ្លូវដែកដែលចាស់ទ្រុឌទ្រោម និងខូចខាតដោយសារសង្រ្គាមនេះ បាននិងកំពុងជុសជុលឡើងវិញ​ហើយ ដើម្បីភ្ជាប់បណ្តាញផ្លូវដែកពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាងកកប្រទេសថៃ។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋនេះ ជាផ្នែកមួយនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលនយោបាយផ្លួវសូត្រ(ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)នៃមហាយក្សចិន ហើយប្រទេសកម្ពុជា និងប្រទេសថៃកំពុងចាប់ផ្តើមធ្វើការជាមួយគ្នាកាន់តែសកម្មជាងមុន ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឲ្យសហគមន៍សេដ្ឋកិច្ច សង្គម វប្បធ៌មអាស៊ានកាន់តែរសរវើក។

លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការតភ្ជាប់ផ្លូវដែករវាងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតបានបញ្ចប់កាលពី ខែកុម្ភៈកន្លងមកនេះ។ ចំណែកការសាងសង់​ផ្លូវពីក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ មកកាន់ក្រុងបាត់ដំបង និងឆ្ពោះ ពីក្រុងបាត់ដំបងមកកាន់ ជាយរាជធានីភ្នំពេញអាចបញ្ចប់ចុងឆ្នាំនេះ ឬឆ្នាំ២០១៩​ខាងមុខនេះ។

តាមគម្រោងសម្តេចហ៊ុន សែននឹងជិះរថភ្លើងចេញពីក្រុងសិរីសោភ័ណ ទៅចាប់ដៃគ្នាជាមួយនាយករដ្ឋមន្រ្តីប្រាយុទ្ឋ ចាន់អូចានៅព្រំដែនមិត្តភាពកម្ពុជា ថៃប៉ោយប៉ែតនៅក្នុងឆ្នាំនេះ ប៉ុន្តែគំរោងនេះទំនងជាពន្យាពេលដោយសារការស្តារ និងស្ថាបនាផ្លូវរថភ្លើងឡើងវិញមិនចប់តាមពេលវេលាកំណត់។

តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុលបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងសិរីសោភ័ណ្ឌ ទៅកាន់ក្រុងប៉ោយប៉ែត នឹងដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកលី បូរិនអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ពិភពលោកកំពុងងាកមកប្រើប្រាស់ការដឹកជញ្ជូនតាមរថភ្លើង ព្រោះអាចដឹកទំនិញធុនធ្ងន់បាន និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរ ព្រោះការដឹកជញ្ជូនតាមរថភ្លើងមួយលើក ស្មើនឹងការដឹកជញ្ជូនតាមរថយន្តស្មើ១០០ ទៅ២០០ឡា​ន”។

លោកបន្តថា “រហូតមកទល់ពេលនេះ ប្រទេសថៃបានផ្តល់ក្បាល និងទូរថភ្លើងជូនយើង​ហើយ រង់ចាំតែពេលកម្ពុជាសាងសង់ផ្លូវរថភ្លើងរួចប៉ុណ្ណោះ”។

ក្រៅពីការតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃ កម្ពុជាខ្លួនឯងក៏បាននិងកំពុ​ងស្តារពង្រីកផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតផងដែរ។

លោកឈឹម ផល្លាប្រធានាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ៥ ពីតំបន់ព្រែកក្តាមទៅកាន់ក្រុងប៉ោយប៉ែត នឹងត្រូវពង្រីកទំហំ២៣ម៉ែត្រ ដែលអាចឲ្យរថយន្តបើកបានពីរ​ខ្សែម្ខាងៗ ព្រោះផ្លូវនេះមានសួនច្បារពុះចំកណ្តាលទ្រូវផ្លូវ។

ផ្លូវនេះនឹង​សាងសង់ជាបីដំណាក់កាល ដោយដំណាក់កាលទី១ នឹងចាប់  ផ្តើមពី​ក្រុងបាត់ដំបងទៅកាន់ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដំណាក់កាលទី២ ចេញពីតំបន់ព្រែមក្តាម ក្នុងស្រុកពញ្ញាលឺខេត្តកណ្តាលទៅកាន់ខេត្តពោធិសាត់ និងដំណាក់កាលទី៣ ចាប់ផ្តើមពីខេត្តពោធិសាត់ដល់ក្រុងបាត់ដំបង និងពីសរីសោភ័ណដល់ ក្រុងប៉ោយប៉ែត។

លោកឈឹម ផល្លាបន្តថា “ការសាងសង់ផ្លូវនេះ នឹងបញ្ចប់នៅឆ្នាំ២០២​១​ខាងមុខនេះ”។លោកបន្តថា “វាជាផ្លូវដ៏មានសារៈសំខាន់ ព្រោះផ្លូវនេះជាផ្លូវតភ្ជាប់រវាងប្រទេសថៃ មកកាន់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម”។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានថ្លែងថា រដ្ឋាភិបាលគ្រោងរៀបចំតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមបណ្តោយផ្លូវនេះ ព្រោះកម្ពុជាស្ថិតនៅចំណុចកណ្តាលរវាងប្រទេសធំពីរក្នុងតំបន់គប្រទេសវៀតណាម និងប្រទេសថៃ។

ថ្នាក់ដឹកនាំខេត្តនៅតាមបណ្តោយផ្លូវ ស្ថិតនៅតំបន់ភូមិភាគពាយ័ព្យនេះកំពុងរីករាយនឹងមនុញ្ញផលនេះ។

លោកងួន រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា ការតភ្ជាប់ផ្លូវដែកនេះ បានផលប្រយោជន៍ច្រើនណាស់ ព្រោះបណ្តាញផ្លូវនេះនឹងជួយសម្រាលកា​រដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៥ និងអាចដឹកជញ្ជូនកម្រិតធ្ងន់បានច្រើន កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអាចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកបន្តថា កាលពីជំនាន់ទសវត្សរ៍ទី៨០ បើធ្វើដំណើរពីក្រុងបាត់ដំបង មកកាន់រាជធានីភ្នំពេញត្រូវដេកផ្លូវរហូតដល់ពីរយប់។

លោកបន្តថា “ប្រសិនជារថភ្លើងដាក់ដំណើរការ អាចរត់ក្នុងល្បឿនលឿន នឹងមានមនុស្សធ្វើដំនើរច្រើន ហើយខេត្តនឹងទទួលបានផលប្រយោជន៍ច្រើនពីការឆ្លងកាត់នេះនាពេលអនាគត”។

លោកសន សៀបស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាន​ថ្លែងថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នាតំបន់ភូមិភាគពាយ័ព្យគឺក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត ជាតំបន់មានសក្តានុពលនិងទាក់ទាញជាងគេ។ ចំណែ​កក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ។លោកបន្តថា ក្រុងបាត់ដំបង ជាក្រុងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍលំដាប់ទី៤ បន្ទា​ប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដូច្នេះប្រសិនជាមានខ្សែ​រថភ្លើងភ្ជាប់ជាមួយភូមិភាគនេះ វាជួយសម្រួលការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មជាមួ​យ​ប្រទេសថៃកាន់តែរសរវើកថែមទៀត។

លោកបន្តថា “តំបន់ភូមិភាគពាយ័ព្យនឹងមានការរីកចំរើនខ្លាំង ខណៈតំលៃដីធ្លី​បានឡើងថ្លៃបន្តិចម្តងៗ ប្រកបដោយភាពលំនឹងរួចហើយ វាមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ”។លោកបន្តថា “ខ្ញុំមិននិយាយថា វានឹងក្លាយជាតារារះឡើងនៅភូមិភាគពាយ័ព្យឬយ៉ាងណានោះទេ ព្រោះតំបន់នេះមានសក្តានុពលលើកសិឧស្សាហកម្ម។វាមិនមានសក្តានុពលលើវិស័យទេសចរណ៍ ដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបនោះទេ”៕

អាកាសចរណ៍ចិន Ruili Airline ពង្រីកជើងហោះហើរមកកាន់ខេត្ដព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Ruili បានចាប់ផ្តើមបង្កើនជើងហោះហើរពីទីក្រុងគុនមីង មកកាន់ខេត្តព្រះសីហនុ ដែលធ្វើឲ្យវិស័យអាកាសចរណ៍នៅ​កម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមាន។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិនានេះថា ក្រុមហ៊ុន Ruilli Arline បានហោះហើរត្រង់មកពីខេត្តយូណាន ឆ្ពោះមកកាន់ខេត្តព្រះសីហនុ។ អាកាស​ចរណ៍នេះ នឹងហោះហើរបីលើកក្នុងមួយសប្តាហ៍មកកាន់ខេត្តនេះ ដែលធ្វើឲ្យព្រ​លានយន្តហោះអន្តរជាតិនេះ មានសកម្មភាពហោះហើរកាន់តែច្រើន។

លោកបន្តថា “បច្ចុប្បន្នបើគិតទាំងក្រុមហ៊ុនថ្មីនេះ ព្រលានយន្តហោះកង​កេងមានក្រុមហ៊ុនអាកាសចរណ៍៥ហើយ បានហោះត្រង់មកកាន់ខេត្តនេះ ហើយ​ចំនួននេះ មិនទាន់រាប់បញ្ចួលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈជួលនៅឡើយទេ”។

យោងតាមតាមសេចក្តីជូនដំណឹង ពីក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Ruili បច្ចុប្បន្ន កំពុងក្លាយជាក្រុមហ៊ុនអាកាសចរណ៍គំរូមួយ បន្ទាប់ពីបានចាប់តាំងពីពេលបើកជើងហោះហើរ នៅក្នុងស្រុកក្នុងរយៈពេ​ល៣ឆ្នាំមកនេះ។ ក្រុមហ៊ុននេះមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អាជ្ញាធរគ្រ​ប់​ជាន់នៃប្រទេសចិន រួមជាមួយការខិតខំប្រឹងប្រែងរបស់បុគ្គលិក នៃក្រុមហ៊ុនអាកាសចរណ៍ Ruili ផ្ទាល់ បានធ្វើឲ្យអាកាសចរណ៍ Ruili ព្យាយាមកសាងកេរ្តិ៍ឈ្មោះ​​របស់ខ្លួនបានល្អបំផុត នៅក្នុងខេត្តយូណាន មុនពេលក្រុមហ៊ុនបន្តបើកដំណើរការជើងហោះហើរទៅកាន់ក្រៅស្រុកជាបន្ថែម។

លោក Ma Zhanwei នាយកប្រតិបត្តិរង Yunnan Jingcheng Group និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា សម្រាប់ជើងហោះហើរពីទីក្រុងគុនមីងប្រទេសចិន មកកាន់ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាគឺ បានដំណើការនៅថ្ងៃទី25 ខែមីនា ឆ្នាំ 2018  ដោយជោគជ័យ។លោកបានចាត់ទុកជើងហោះហើរនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងគោលដៅស្វែងរកទីផ្សារឲ្យកាន់តែទូលាយ លើការផ្តល់សេវាជើងហោះហើរថ្មី ដើម្បីចូលរួមចំណែកដល់ការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការជួយសម្រួល ដល់ធុរៈកិច្ចផ្សេងៗរវាងប្រទេសទាំងពីរផងដែរ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការមកដល់នៃអាកាសចរណ៍កាន់តែច្រើន សុទ្ឋតែជាសញ្ញាវិជ្ជមានសម្រាប់ទី​ផ្សារទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា ព្រោះការហោះហើរត្រង់មិនត្រឹមតែ​នាំមកនូវភ្ញៀវទេសចរណ៍ទេ តែក៏នាំមកនូវពាណិជ្ជកម្មនិងការវិនិយោគផងដែរ។

លោកបន្តថា “ជាគំនិតខ្ញុំអាកាសចរណ៍មកពីទីណាក៏ដោយ ក៏យើងស្វាគ​មន៍ ហើយកាលណាមានអាកាសចរណ៍កាន់តែច្រើន កាន់តែល្អ យើងពិតជាស្វាគមន៍”៕

តើក្រុមហ៊ុនយក្សចិនមួយវិនិយោគអ្វីខ្លះនៅខេត្តកោះកុង?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group កំពុងផ្លាស់ប្តូរមុខមាត់នៃខេត្តកោះកុង ដែលជាខេត្តស្ថិតក្នុងតំបន់K4របស់កម្ពុជា ដើម្បីប្រែក្លាយខេត្តដែលជាប់ដែនទឹកជាមួយប្រទេសថៃនេះ ជាដែនដីនៃការវិនិយោគនិងពាណិ​ជ្ជកម្ម។

តើក្រុមហ៊ុនយក្សនេះ កំពុងធ្វើអ្វីនៅខេត្តកោះកុង? តាមប្រភពព៌តមានដែលគួរឲ្យទុកចិត្តបាន ក្រុមហ៊ុននេះកំពុងបានសាងសង់លំនៅដ្ឋានប្រណីត បែបលំហែរកាយមួយចំនួនរួចហើយ។ សណ្ឋាគារផ្កាយ៥ ទីលានវាយកូនហ្គោល បានបញ្ចប់ការសាងសង់ ហើយកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះរួមទាំង​មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ កំពុងសាងសង់យ៉ាងសកម្មផងដែរ។

តាមប្រភពព៌តមានពីប្រភពគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ក្រុមហ៊ុនខាង​លើនេះបាន និងកំពុងប្រែក្លាយទឹកដីមួយផ្នែកនៃក្រុមបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ជាទីក្រុងទំនើបខ្នាតអន្តរជាតិមួយ ដោយរួមមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងសាងសង់នៅលើផ្ទៃសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដោយដាក់ឈ្មោះទីក្រុងនេះថា តារាសាគរ។

បច្ចុប្ប​ន្នក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលប្រមាណ៥០,០០០ហិកតា។

តាមគំរោងក្រុមហ៊ុននេះ គ្រោងចំណាយថវិកា៥០០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើទីក្រុង និងបង្កើតរមណីយដ្ឋានទេសចរណ៍ខ្នាតអន្តរជាតិនៅលើទឹកដីដ៏ស្រស់ស្អាតនេះ។

ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ អ្នកនាំពាក្យរដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី​វុត្ថាបានថ្លែងថា ការសាងសង់​ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ក្រុមហ៊ុននេះ បាននិងកំពុងចាប់ផ្តើម​ហើយ និងកំពុងចាប់ផ្តើមយ៉ាងសកម្មតាមផែនការរបស់ខ្លួន។

ទោះជាយ៉ាងណាលោក មិនបញ្ជាក់ព៌តមានលំអិតពីគំរោងនេះទេ ដោយ​សារក្រុមហ៊ុមវិនិយោគព្រលានយន្តហោះកម្ពុជា ដែលវិនិយោគដោយជនជាតិបារាំងនៅព្រលានយន្តហោះទាំងបីនៅកម្ពុជា កំពុងតែជជែកជាមួយរដ្ឋាភិបាល​លើបញ្ហានេះ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង វាជាជម្រើសថ្មីមួយទៀតសំ​រាប់វិស័យអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាអាចភ្ជាប់ជើងហោះហើរទៅកាន់ព្រលាននេះ និងអាចតភ្ជាប់ការហោះហើរជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកបន្តថា “ការអភិវឌ្ឍន៍ និងការមានជម្រើសច្រើន នឹងកាន់តែប្រសើរ​សម្រាប់កម្ពុជា ហើយយើងរំពឹងថាក្រុមហ៊ុននេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកា​សចរណ៍ថ្មីៗបន្ថែមទៀត មកកាន់ព្រលានយន្តហោះរបស់ខ្លួននាពេលខាងមុខ”៕​

អស្ចារ្យ! រយៈពេល៦ឆ្នាំវិស័យសំណង់ស្រូបយកទឹកប្រាក់ជិត ២៥ពាន់លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិស័យសំណង់បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជាយ៉ាងលឿន ស្ទើមិនគួរឲ្យជឿ ដោយរយៈពេលត្រឹម៦ឆ្នាំវិស័យនេះ បានស្រូបយកទឹកប្រាក់ជិត២៥ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់ នាព្រឹកថ្ងៃទី កាលពីថ្ងៃម្សិលម៉ិញលោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់បានបង្ហា​ញពីការរីកចម្រើននៃវិស័យសំណង់កម្ពុជា ដោយទឹកប្រាក់វិនិយោគលើវិស័យសំណង់ចាប់តាំងពីឆ្នាំ ២០១១រហូតដល់ឆ្នាំ២០១៧។

ក្នុងរយៈពេលពីឆ្នាំ៦ឆ្នាំ ការវិនិយោគលើវិស័យនេះមានចំនួន១៥,៧៨២គម្រោង ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២៤,៨៣៩លានដុល្លារអាមេរិក។

លោកឆាន់ សូរ្យផលបានបន្ថែមថា គិតត្រឹមរយៈពេល ១៧ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០០០មកដល់ឆ្នាំ ២០១៧ វត្តមានអាគារខ្ពស់ៗប្រណីតនៅកម្ពុជា មានចំនួនរហូតដល់៩៧៩អាគារបានសាងសង់ឡើង។ អគារខ្ពស់ៗប្រណីតទាំងនេះ រួមមាន អាគារដែលមានកំពស់ចាប់ពី៥ជាន់រហូតដល់៤០ជាន់ឡើងទៅ។ ក្នុងនោះអាគារ ដែលមានកំពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៥៧៩អាគារ ហើ​យអាគារដែលមានកម្ពស់១០ជាន់ដល់១៩ជាន់មានចំនួន២៩០អាគារ។ រីឯអាគារដែលមានកំពស់ចាប់ពី២០ជាន់ ដល់២៩ជាន់មានចំនួន៧០អាគារ ហើយអាគារដែលមានកំពស់ចាប់ពី៣០ ជាន់ដល់៣៩ជាន់មានចំនួន២៩អាគារ ជាពិសេសអាគារដែលមានកំពស់ ចាប់ពី៤០ជាន់ឡើងវិញមានចំនួន១១អាគារ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដា​ប់ពិភពលោក CBRE Cambodia បានថ្លែងថា វិស័យសំណង់បានរួមចំណែកដល់​កំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ហើយវិស័យនេះបានផ្លាស់ប្តូរមុខមាត់កម្ពុជា និងធ្វើឲ្យកម្ពុជាលេចឡើងកាន់តែខ្លាំងលើឆាកអន្តរជាតិ។

អ្នកនាងបន្តថា “ពីមុនគេមិនសូវស្គាល់កម្ពុជាទេ ប៉ុន្តែពេលនេះមនុស្សភាគច្រើនបានស្គាល់កម្ពុជានិងទី​ក្រុងភ្នំពេញ ដោយសារកំនើនវិនិយោគក្នុងវិស័យនេះ”។អ្នកនាងបន្តថា “ដោយសារកំនើនសេដ្ឋកិច្ច និងបរិយាកាសនយោបាយ​ល្អ បានធ្វើឲ្យកម្ពុជាស្ថិតក្នុងគោលដៅនៃការវិនិយោគបរទេស”។

លំហូរទុនវិនិយោគពីបរទេសសរុបកាលពីឆ្នាំ២០១៦ ២០១៧នៅកម្ពុជាមានទំហំខ្ពស់ជាងប្រទេសថៃ និងប្រទេសវៀតណាមដែលនៅជិតកម្ពុជា៕